ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (១) ជំពូកទី២
ចំណុចទីមួយ៖ ដឹកនាំមនុស្សឱ្យហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងយល់ពីព្រះបន្ទូលទាំងនោះ ព្រមទាំងដឹកនាំពួកគេឱ្យចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់
អ្នកដឹកនាំក្លែងក្លាយគ្មានគុណសម្បត្តិ និងសមត្ថភាពយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ
តើអ្នកដឹកនាំក្លែងក្លាយជានរណា? ពិតប្រាកដណាស់ គេគឺជាមនុស្សម្នាក់ដែលមិនអាចធ្វើកិច្ចការជាក់ស្ដែងបាន ជាមនុស្សម្នាក់ដែលមិនបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាអ្នកដឹកនាំ។ ពួកគេមិនបំពេញកិច្ចការពិតប្រាកដ ឬកិច្ចការសំខាន់ណាមួយឡើយ។ ពួកគេគ្រាន់តែមើលការខុសត្រូវលើកិច្ចការទូទៅមួយចំនួន និងកិច្ចការរាក់ៗមួយចំនួនប៉ុណ្ណោះ ជារឿងដែលគ្មានអ្វីពាក់ព័ន្ធនឹងច្រកចូលទៅក្នុងជីវិត ឬសេចក្ដីពិតឡើយ។ ទោះបីជាពួកគេបំពេញកិច្ចការនេះបានច្រើនប៉ុនណាក៏ដោយ ក៏គ្មានសារៈសំខាន់អ្វីក្នុងការបំពេញកិច្ចការនេះដែរ។ ហេតុនោះហើយទើបអ្នកដឹកនាំបែបនេះ ត្រូវបានកំណត់លក្ខណៈថាជាអ្នកដឹកនាំក្លែងក្លាយ។ ដូច្នេះ តើមនុស្សម្នាក់ត្រូវស្គាល់ពីអ្នកដឹកនាំក្លែងក្លាយពិតប្រាកដតាមរបៀបណា? សូមយើងចាប់ផ្ដើមការវិភាគវែកញែករបស់យើងក្នុងពេលនេះ។ ជាដំបូង ត្រូវតែបញ្ជាក់ឱ្យច្បាស់ថា ទំនួលខុសត្រូវទីមួយរបស់អ្នកដឹកនាំ ឬអ្នកធ្វើការ គឺដឹកនាំអ្នកដទៃក្នុងការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងប្រកបគ្នាអំពីសេចក្ដីពិតតាមរបៀបមួយដែលអ្នកដទៃអាចយល់ពីសេចក្ដីពិតនោះបាន និងចូលទៅក្នុងតថភាពសេចក្ដីពិត។ នេះគឺជាលក្ខណៈវិនិច្ឆ័យដ៏សំខាន់បំផុត ដែលត្រូវពិនិត្យមើលថាតើអ្នកដឹកនាំណាម្នាក់ជាអ្នកដឹកនាំពិត ឬក្លែងក្លាយ។ ត្រូវមើលថាតើពួកគេអាចដឹកនាំអ្នកដទៃក្នុងការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងយល់ពីសេចក្ដីពិតបានឬអត់ ហើយថាតើពួកគេអាចប្រើសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាបានដែរឬអត់។ នោះគឺជាលក្ខណៈវិនិច្ឆ័យតែមួយគត់ដែលត្រូវពិនិត្យមើលថាតើអ្នកដឹកនាំ ឬអ្នកធ្វើការណាម្នាក់មានគុណសម្បត្តិ និងសមត្ថភាពអ្វីខ្លះក្នុងការយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយថាតើពួកគេអាចដឹកនាំរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឱ្យចូលទៅក្នុងតថភាពនៃសេចក្ដីពិតបានដែរឬអត់។ ប្រសិនបើអ្នកដឹកនាំ ឬអ្នកធ្វើការណាម្នាក់មានសមត្ថភាពក្នុងការយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់បានត្រឹមត្រូវ និងយល់ពីសេចក្ដីពិត នោះពួកគេគួរតែដោះស្រាយសញ្ញាណ និងការស្រមើស្រមៃដែលមនុស្សមានអំពីសេចក្ដីជំនឿលើព្រះជាម្ចាស់ ផ្អែកតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយជួយមនុស្សឱ្យយល់ពីភាពជាក់ស្ដែងនៃកិច្ចការរបស់ព្រះជាម្ចាស់។ ពួកគេក៏គួរតែដោះស្រាយការលំបាកជាក់ស្ដែងដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់បានជួបប្រទះ ស្របតាមព្រះបន្ទូលរបស់ទ្រង់ ជាពិសេសពាក់ព័ន្ធនឹងទស្សនៈខុសឆ្គងដែលពួកគេមាននៅក្នុងសេចក្ដីជំនឿរបស់ពួកគេ ឬការយល់ខុសដែលពួកគេមានពាក់ព័ន្ធនឹងការបំពេញភារកិច្ចណាមួយផងដែរ។ ពួកគេក៏ត្រូវតែអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីដោះស្រាយបញ្ហាដែលបង្ហាញចេញនៅពេលមនុស្សជួបប្រទះនឹងការល្បងលនិងទុក្ខវេទនាផ្សេងៗគ្នា និងអាចដឹកនាំរាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់ឱ្យយល់ និងអនុវត្តសេចក្ដីពិត និងចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ទ្រង់។ ក្នុងពេលជាមួយគ្នានោះដែរ ពួកគេត្រូវតែវែកញែកឱ្យល្អិតល្អន់ពីនិស្ស័យពុករលួយផ្សេងៗរបស់មនុស្ស ផ្អែកតាមសភាពពុករលួយដែលបើកបង្ហាញតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីឱ្យរាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់អាចនឹងមើលឃើញថាតើសភាពមួយណាក្នុងចំណោមនោះដែលត្រូវនឹងពួកគេ ដើម្បីបានស្គាល់ពីខ្លួនពួកគេ ព្រមទាំងស្អប់និងបះបោរទាស់នឹងសាតាំង ហើយដោយហេតុនេះ ក៏អនុញ្ញាតឱ្យរាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់អាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនបាន យកឈ្នះលើសាតាំង និងថ្វាយសិរីល្អដល់ព្រះជាម្ចាស់ក្នុងអំឡុងការល្បងលគ្រប់ប្រភេទនេះ។ នេះគឺជាកិច្ចការដែលអ្នកដឹកនាំនិងអ្នកធ្វើការគួរតែធ្វើ។ នេះគឺជាការងារមូលដ្ឋាន សំខាន់ និងជាការងារស្នូលបំផុត។ ប្រសិនបើមនុស្សដែលធ្វើការជាអ្នកដឹកនាំមានសមត្ថភាពក្នុងការយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងមានគុណសម្បត្តិយល់ពីសេចក្ដីពិត ពួកគេនឹងមិនត្រឹមតែអាចយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអាចចូលទៅក្នុងតថភាពនៃព្រះបន្ទូលទាំងនោះបានប៉ុណ្ណោះទេ ពួកគេក៏នឹងអាចណែនាំ ដឹកនាំ និងជួយដល់ពួកអ្នកដែលត្រូវពួកគេដឹកនាំនោះឱ្យយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចូលទៅក្នុងតថភាពនៃព្រះបន្ទូលទាំងនោះផងដែរ។ ប៉ុន្តែ គុណសម្បត្តិដើម្បីយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងយល់ពីសេចក្ដីពិត គឺច្បាស់ណាស់ជាអ្វីដែលពួកអ្នកដឹកនាំក្លែងក្លាយខ្វះខាត។ ពួកគេមិនយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេមិនដឹងពីនិស្ស័យពុករលួយដែលមនុស្សបង្ហាញចេញនៅក្នុងកាលៈទេសៈផ្សេងៗ ដែលត្រូវបានលាតត្រដាងតាមរយៈព្រះបន្ទូលរបស់ទ្រង់ទេ ក៏មិនដឹងថាសភាពបែបណាដែលបង្កើតឱ្យមានការប្រឆាំង ការត្អូញត្អែរ និងការក្បត់នឹងព្រះជាម្ចាស់ ។ល។ និង ។ល។ ដែរ។ ពួកអ្នកដឹកនាំក្លែងក្លាយមិនអាចឆ្លុះបញ្ចាំងពីខ្លួនឯង ឬផ្សារភ្ជាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងខ្លួនឯងបានទេ ពួកគេគ្រាន់តែយល់ពីគោលលទ្ធិបន្តិចបន្តួច និងបទប្បញ្ញត្តិមួយចំនួនតាមរយៈន័យត្រង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ នៅពេលដែលពួកគេប្រកបគ្នាជាមួយអ្នកដទៃ ពួកគេគ្រាន់តែសូត្រព្រះបន្ទូលរបស់ទ្រង់ខ្លះៗ រួចពន្យល់ពីន័យត្រង់នៃព្រះបន្ទូលទាំងនោះប៉ុណ្ណោះ។ ហើយបែបនេះ ពួកគេគិតថា ពួកគេកំពុងប្រកបគ្នាអំពីសេចក្ដីពិត និងធ្វើការងារជាក់ស្ដែងហើយ។ ប្រសិនបើមាននរណាម្នាក់អាចអាន និងសូត្រព្រះបន្ទូលរបស់ព្រះជាម្ចាស់ដូចពួកគេបាន នោះពួកគេនឹងគិតថា អ្នកទាំងនោះជាមនុស្សដែលស្រឡាញ់ និងយល់ពីសេចក្ដីពិត។ អ្នកដឹកនាំក្លែងក្លាយ គ្រាន់តែយល់ពីន័យត្រង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ពួកគេមិនយល់ពីសេចក្ដីពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់សោះឡើយ ដូច្នេះហើយទើបពួកគេមិនអាចនិយាយអំពីការយល់ដឹងតាមរយៈបទពិសោធរបស់ពួកគេអំពីព្រះបន្ទូលទាំងនោះបាន។ ពួកអ្នកដឹកនាំក្លែងក្លាយគ្មានសមត្ថភាពក្នុងការយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ។ ពួកគេអាចយល់បានត្រឹមតែអត្ថន័យសើៗនៃព្រះបន្ទូលទាំងនោះប៉ុណ្ណោះ ប៉ុន្តែបែរជឿថា នោះគឺជាការយល់ដឹងពីព្រះបន្ទូលរបស់ទ្រង់ និងជាការយល់ពីសេចក្ដីពិតទៅវិញ។ នៅក្នុងជីវិតប្រចាំថ្ងៃ ពួកគេតែងតែបកស្រាយន័យត្រង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីទូន្មាន និងជួយអ្នកដទៃ ដោយជឿថាការធ្វើដូច្នេះ គឺជាការបំពេញការងារហើយ ហើយថាពួកគេកំពុងដឹកនាំមនុស្សឱ្យហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចូលទៅក្នុងតថភាពនៃព្រះបន្ទូលទាំងនោះហើយ។ តាមពិតទៅ ទោះបីជាពួកអ្នកដឹកនាំក្លែងក្លាយតែងតែប្រកបគ្នាជាញឹកញាប់ជាមួយអ្នកដទៃអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរបៀបនេះក៏ដោយ ក៏ពួកគេមិនអាចដោះស្រាយបញ្ហាពិតប្រាកដសូម្បីតែបន្តិចណាឡើយ ហើយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ក៏នៅតែមិនអាចអនុវត្ត ឬដកពិសោធន៍ព្រះបន្ទូលរបស់ទ្រង់បានដដែល។ មិនថាពួកគេចូលរួមការជួបជុំ ឬហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើនប៉ុនណានោះទេ ក៏ពួកគេនៅតែមិនយល់ពីសេចក្ដីពិត និងមិនមានការចូលទៅក្នុងជីវិតដដែល ហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេដែលអាចនិយាយអំពីការយល់ដឹងតាមរយៈបទពិសោធរបស់ពួកគេបានឡើយ។ ទោះបីជាមានមនុស្សអាក្រក់ និងអ្នកមិនជឿបង្កការរំខាននៅក្នុងពួកជំនុំក៏ដោយ ក៏គ្មាននរណាម្នាក់អាចស្គាល់ពីពួកគេបានដែរ។ នៅពេលដែលអ្នកដឹកនាំក្លែងក្លាយឃើញអ្នកមិនជឿ ឬមនុស្សអាក្រក់ម្នាក់បង្កការរំខាន ពួកគេមិនបានប្រើចំណេះដឹងដើម្បីបែងចែកមនុស្សទេ ប៉ុន្តែបែរជាបង្ហាញសេចក្ដីស្រឡាញ់ និងការដាស់តឿនទៅដល់មនុស្សទាំងនោះ ដោយសុំឱ្យអ្នកដទៃមានចិត្តអត់ឱន និងអត់ធ្មត់ចំពោះពួកគេ ដោយបណ្ដោយឱ្យមនុស្សទាំងនេះបន្តបង្កការរំខាននៅក្នុងពួកជំនុំទៀត។ ទង្វើនេះនាំឱ្យចំណុចនៃការងារនីមួយៗរបស់ពួកជំនុំ គ្មានផ្លែផ្កាអ្វីសោះ។ នេះគឺជាផលវិបាកពីការដែលអ្នកដឹកនាំក្លែងក្លាយមិនបានបំពេញការងារជាក់ស្ដែង។ ពួកអ្នកដឹកនាំក្លែងក្លាយមិនអាចប្រើសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាបានទេ ដែលគ្រប់គ្រាន់នឹងបង្ហាញថា ពួកគេគ្មានតថភាពសេចក្ដីពិតទេ។ នៅពេលដែលពួកគេនិយាយ ពួកគេគ្រាន់តែបន្លឺពាក្យពេចន៍ និងគោលលទ្ធិប៉ុណ្ណោះ ហើយអ្វីគ្រប់យ៉ាងដែលពួកគេប្រាប់អ្នកដទៃឱ្យអនុវត្ត គឺជាគោលលទ្ធិ និងបទប្បញ្ញត្តិ។ ឧទាហរណ៍៖ នៅពេលដែលនរណាម្នាក់កើតមានការយល់ខុសចំពោះព្រះជាម្ចាស់ ពួកអ្នកដឹកនាំក្លែងក្លាយនឹងនិយាយទៅកាន់ពួកគេថា៖ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានថ្លែងអំពីរឿងនេះគ្រប់យ៉ាងរួចហើយ៖ ទោះបីជាព្រះជាម្ចាស់ធ្វើអ្វីក៏ដោយ ក៏នោះគឺជាសេចក្ដីសង្គ្រោះរបស់មនុស្ស និងជាសេចក្ដីស្រឡាញ់ដែរ។ សូមមើលចុះ ព្រះបន្ទូលរបស់ទ្រង់ច្បាស់លាស់ និងជាក់លាក់ខ្លាំងប៉ុនណាទៅ។ តើអ្នកនៅតែអាចយល់ច្រឡំចំពោះទ្រង់បានដោយរបៀបណាទៀតទៅ?» ពួកអ្នកដឹកនាំក្លែងក្លាយផ្ដល់ការណែនាំបែបនេះទៅដល់មនុស្ស។ ពួកគេបន្លឺពាក្យពេចន៍ និងគោលលទ្ធិដើម្បីដាស់តឿនមនុស្ស ដើម្បីដាក់កំហិតលើពួកគេ និងធ្វើឱ្យពួកគេប្រកាន់ខ្ជាប់តាមបទប្បញ្ញត្តិ។ ធ្វើបែបនេះ គ្មានប្រសិទ្ធភាពសូម្បីតែបន្តិចណាឡើយ ហើយវាមិនអាចដោះស្រាយបញ្ហាណាមួយបានទេ។ ពួកអ្នកដឹកនាំក្លែងក្លាយ អាចនិយាយបានត្រឹមតែពាក្យពេចន៍ និងគោលលទ្ធិ ដើម្បីដឹកនាំមនុស្សប៉ុណ្ណោះ ដែលធ្វើឱ្យមនុស្សទាំងនោះគិតថា ការដែលអាចនិយាយពីគោលលទ្ធិបាន នោះមានន័យថា ពួកគេបានចូលទៅក្នុងតថភាពសេចក្ដីពិតហើយ។ ប៉ុន្តែ នៅពេលដែលមានការលំបាកធ្លាក់មកលើពួកគេ ពួកគេមិនដឹងត្រូវអនុវត្តបែបណាទេ ពួកគេគ្មានមាគ៌ាអ្វីឡើយ ហើយពាក្យពេចន៍ និងគោលលទ្ធិទាំងអស់ដែលពួកគេបានយល់ ក៏គ្មានបានការ។ តើនេះបង្ហាញពីអ្វី? វាបង្ហាញថា ការយល់ដឹងពីគោលលទ្ធិ គឺគ្មានប្រយោជន៍ ឬគ្មានតម្លៃអ្វីទាំងអស់។ រឿងតែមួយគត់ដែលពួកអ្នកដឹកនាំក្លែងក្លាយយល់ដឹង គឺគោលលទ្ធិ។ ពួកគេមិនអាចប្រកបគ្នាអំពីសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាបានទេ។ សកម្មភាពរបស់ពួកគេគ្មានគោលការណ៍អ្វីឡើយ ហើយនៅក្នុងជីវិតរបស់ពួកគេ ពួកគេគ្រាន់តែធ្វើតាមបទប្បញ្ញត្តិមួយចំនួនដែលពួកគេចាត់ទុកថាល្អប៉ុណ្ណោះ។ មនុស្សបែបនេះមិនមានតថភាពសេចក្ដីពិតទេ។ ហេតុនេះហើយបានជាពេលដែលពួកអ្នកដឹកនាំក្លែងក្លាយដឹកនាំមនុស្សឱ្យហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺគ្មានលទ្ធផលពិតប្រាកដអ្វីទេ។ ពួកគេអាចត្រឹមធ្វើឱ្យមនុស្សយល់ពីន័យត្រង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ហើយមិនអាចជួយពួកគេឱ្យទទួលបានការបំភ្លឺពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬដឹងថាពួកគេមាននិស្ស័យពុករលួយបែបណានោះទេ។ ពួកអ្នកដឹកនាំក្លែងក្លាយមិនដឹងថាមនុស្សមានសភាពបែបណាទេ ក៏មិនដឹងថាមនុស្សបង្ហាញចេញសារជាតិនិស្ស័យបែបណានៅចំពោះមុខស្ថានភាពជាក់លាក់ណាមួយដែរ មិនដឹងថាព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយណាដែលគួរតែយកមកប្រើដើម្បីដោះស្រាយសភាពខុសឆ្គង និងនិស្ស័យពុករលួយទាំងនេះ មិនដឹងថានៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់មាននិយាយអ្វីខ្លះអំពីរឿងទាំងនោះ មិនដឹងពីសេចក្ដីតម្រូវ និងគោលការណ៍នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬសេចក្ដីពិតនៅក្នុងព្រះបន្ទូលទាំងនោះទេ។ ពួកអ្នកដឹកនាំក្លែងក្លាយមិនយល់ពីតថភាពសេចក្ដីពិតទាំងនេះឡើយ។ ពួកគេគ្រាន់តែទូន្មានមនុស្សដោយនិយាយថា៖ «ចូរហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានច្រើនចុះ។ នៅក្នុងព្រះបន្ទូលទាំងនោះ គឺមានសេចក្ដីពិតហើយ។ អ្នកនឹងយល់មិនខាន នៅពេលដែលអ្នកបានអានព្រះបន្ទូលរបស់ទ្រង់កាន់តែច្រើន។ ប្រសិនបើអ្នកមិនយល់ព្រះបន្ទូលមួយចំនួន អ្នកគួរតែអធិដ្ឋាន ស្វែងរក និងសញ្ជឹងគិតអំពីព្រះបន្ទូលទាំងនោះឱ្យបានច្រើន»។ ពួកគេទូន្មានមនុស្សតាមរបៀបនេះឯង ហើយពួកគេមិនអាចដោះស្រាយបញ្ហាតាមរយៈការធ្វើដូច្នេះបានទេ។ មិនថានរណាម្នាក់ជួបប្រទះបញ្ហា ហើយមករកពួកគេទេ ពួកគេតែងនិយាយដដែលៗ។ បន្ទាប់មក បុគ្គលម្នាក់នោះនៅតែមិនស្គាល់ខ្លួនឯង នៅតែមិនយល់ពីសេចក្ដីពិតដដែល។ ពួកគេនឹងមិនអាចដោះស្រាយបញ្ហាជាក់ស្ដែងរបស់ខ្លួនឯងបានទេ ហើយក៏មិនដឹងថាត្រូវអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរបៀបណាដែរ ហើយពួកគេតែងប្រកាន់ខ្ជាប់តាមន័យត្រង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបទប្បញ្ញត្តិប៉ុណ្ណោះ។ នៅពេលនិយាយដល់គោលការណ៍សេចក្ដីពិតក្នុងការអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬតើពួកគេគួរតែចូលទៅក្នុងតថភាពណាខ្លះ ពួកគេនៅតែមិនយល់ដដែល។ នេះគឺជាអ្វីដែលកើតចេញពីកិច្ចការរបស់ពួកអ្នកដឹកនាំក្លែងក្លាយ ពោលគឺ គ្មានលទ្ធផលពិតប្រាកដសូម្បីតែមួយ។
ព្រះជាម្ចាស់តម្រូវឱ្យមនុស្សស្លៀកពាក់ឱ្យបានសមរម្យ និងថ្លៃថ្នូរ ដោយមានឥរិយាបថល្អរបស់ពួកបរិសុទ្ធ។ «ឱ្យបានសមរម្យ និងថ្លៃថ្នូរ ដោយមានឥរិយាបថល្អរបស់ពួកបរិសុទ្ធ» សរុបទាំងអស់ប្រាំបួនពាក្យ ប៉ុន្តែតើអ្នករាល់គ្នាយល់ពីអត្ថន័យនៃពាក្យទាំងនេះទេ? (តាមគោលលទ្ធិ យើងទាំងអស់គ្នាសុទ្ធតែដឹងថា ព្រះជាម្ចាស់តម្រូវឱ្យមនុស្សស្លៀកពាក់ឱ្យបានសមរម្យ និងថ្លៃថ្នូរ ដោយមានឥរិយាបថរបស់ពួកបរិសុទ្ធ ប៉ុន្តែនៅពេលស្លៀកពាក់ យើងមិនដឹងត្រូវវាស់វែងថាសមរម្យ ឬថ្លៃថ្នូរនោះយ៉ាងដូចម្ដេចទេ។) ចំណុចនេះនិយាយដល់បញ្ហានៃការយល់ដឹងពីសេចក្ដីពិតឬអត់។ ប្រសិនបើអ្នកមិនអាចវាស់វែងរឿងនេះបានទេ នោះវាបញ្ជាក់ថា អ្នកមិនយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ។ ដូច្នេះ តើការយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់មានន័យដូចម្ដេច? វាមានន័យថាជា ការយល់ដឹងពីលក្ខណៈវិនិច្ឆ័យសម្រាប់ភាពសមរម្យ និងភាពថ្លៃថ្នូរដែលព្រះជាម្ចាស់មានបន្ទូល ឬនិយាយឱ្យកាន់តែជាក់លាក់ទៀតនោះគឺ ពណ៌ និងម៉ូដសម្លៀកបំពាក់។ តើពណ៌ និងម៉ូដណាខ្លះដែលសមរម្យ និងថ្លៃថ្នូរ? អ្នកដែលមានសមត្ថភាពយល់ពីសេចក្ដីពិត ដឹងថាអ្វីដែលសមរម្យ និងថ្លៃថ្នូរ និងអ្វីដែលចម្លែក។ ទោះបីជាសម្លៀកបំពាក់ខ្លះសមរម្យ និងថ្លៃថ្នូរក៏ដោយ ក៏ប៉ុន្តែ វាមានម៉ូដចាស់ហួសសម័យ។ ព្រះជាម្ចាស់មិនសព្វព្រះទ័យនឹងអ្វីដែលចាស់ហួសសម័យនោះទេ ហើយទ្រង់មិនបានសុំឱ្យមនុស្សយកតម្រាប់តាមម៉ូដពីអតីតកាល ឬក្លាយជាពួកផារិស៊ីដ៏មានពុតត្បុតនោះទេ។ ពាក្យ «សមរម្យ និងថ្លៃថ្នូរ» ដែលព្រះជាម្ចាស់ចង់មានន័យគឺ ការមានលក្ខណៈជាមនុស្សធម្មតា មើលទៅថ្លៃថ្នូរ សមសួន និងមានកម្រិតខ្ពស់។ ព្រះជាម្ចាស់មិនបានសុំឱ្យមនុស្សស្លៀកពាក់សម្លៀកបំពាក់ចម្លែក ហើយក៏មិនមែនស្លៀកពាក់ខោអាវរហែករយ៉ៃដូចអ្នកក្រដែរ ប៉ុន្តែទ្រង់សុំឱ្យមនុស្សស្លៀកពាក់ឱ្យបានសមរម្យ និងថ្លៃថ្នូរ ដោយមានឥរិយាបថល្អរបស់ពួកបរិសុទ្ធ។ មនុស្សធម្មតា មានការយល់ដឹងបែបនេះ។ ប៉ុន្តែបន្ទាប់ពីបានឮដូច្នេះ អ្នកដឹកនាំក្លែងក្លាយក៏សប្បាយចិត្ត ដោយនិយាយថា៖ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រទាននូវព្រំដែនពីរបៀបស្លៀកពាក់ដល់យើង។ 'ឱ្យបានសមរម្យ និងថ្លៃថ្នូរ ដោយមានឥរិយាបថល្អរបស់ពួកបរិសុទ្ធ' ប្រសិនបើយើងប្រកាន់តាមពាក្យទាំងប្រាំបួននេះ នោះយើងថ្វាយសិរីល្អដល់ព្រះជាម្ចាស់ មិននាំសេចក្ដីអាម៉ាស់ដល់ទ្រង់ ហើយនឹងក្លាយជាមនុស្សដែលគេឱ្យតម្លៃខ្ពស់នៅក្នុងចំណោមពួកអ្នកមិនជឿ។ ដូច្នេះ តើអ្វីទៅដែលសមរម្យ និងថ្លៃថ្នូរ? គឺអ្នកត្រូវតែនិយាយ និងប្រព្រឹត្តដោយមានលក្ខណៈជាមនុស្ស ហើយត្រូវតែមានឥរិយាបថល្អរបស់ពួកបរិសុទ្ធ។ និយាយអំពីពួកបរិសុទ្ធវិញ ជាទូទៅគឺយើងសំដៅទៅលើពួកបរិសុទ្ធកាលសម័យបុរាណ។ ប្រសិនបើយើងចង់មានឥរិយាបថល្អរបស់ពួកបរិសុទ្ធ នោះយើងត្រូវតែយកតម្រាប់តាមម៉ូដរបស់ពួកបរិសុទ្ធសម័យបុរាណ ប៉ុន្តែប្រសិនបើអ្នកដើរចុះឡើងដោយពាក់សម្លៀកបំពាក់បុរាណ នោះមនុស្សនឹងគិតថាអ្នកឆ្កួតមិនខាន។ បែបនេះគឺមិនស្របតាមគោលការណ៍នៃការគោរពព្រះជាម្ចាស់ទេ ប៉ុន្តែគួរតែមានភស្តុតាងខ្លះៗនៃសម្លៀកបំពាក់ដែលពួកបរិសុទ្ធបានស្លៀកពាក់នៅពេលថ្មីៗនេះ ដែលយើងអាចកំណត់សម្គាល់បាន។ បរិយាកាសសង្គមកាលពីច្រើនទសវត្សរ៍មុន ប្រសើរជាងនេះ។ មនុស្សសាមញ្ញជាងនេះ ហើយស្លៀកពាក់បែបអភិរក្សនិយម និងត្រឹមត្រូវជាងនេះ។ ប្រសិនបើអ្នកស្លៀកពាក់តាមបទដ្ឋាននេះ នោះអ្នកនឹងសមរម្យ និងថ្លៃថ្នូរ ហើយមានឥរិយាបថល្អរបស់ពួកបរិសុទ្ធ។ នេះគឺជាមាគ៌ាសម្រាប់ការអនុវត្ត»។ ដោយបានដឹងថា មនុស្សនៅទសវត្សរ៍ឆ្នាំ ១៩៧០ និង ១៩៨០ ពាក់អាវស និងស្លៀកខោខៀវ គាត់ក៏បានប្រាប់បងប្អូនប្រុសស្រីថា៖ «ខ្ញុំបានឃើញពន្លឺនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយ។ មនុស្សនៅទសវត្សរ៍ឆ្នាំ ៧០ និង ៨០ ស្លៀកពាក់ឈុតសម្លៀកបំពាក់ដែលត្រឹមត្រូវ និងសាមញ្ញណាស់។ មិនអាចនិយាយថាពួកគេថ្លៃថ្នូរទេ ប៉ុន្តែវាហាក់ដូចជាស្របតាមសេចក្ដីតម្រូវនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាង ដូច្នេះ យើងនឹងស្លៀកពាក់តាមបទដ្ឋាននេះ»។ អ្នកដឹកនាំនោះ ក៏បាននាំមុខគេក្នុងការស្លៀកពាក់បែបនេះ ហើយគ្រប់គ្នាគិតថាវាមើលទៅល្អ សមរម្យ និងសាមញ្ញណាស់។ អ្នកដឹកនាំបាននិយាយថា៖ «ព្រះជាម្ចាស់បានមានបន្ទូលថា កុំឱ្យស្លៀកពាក់សម្លៀកបំពាក់ចម្លែក។ ដំបូងបង្អស់ ឡេវដែលមាននៅលើអាវត្រូវតែបិទរហូតដល់ក ហើយដៃអាវក៏ត្រូវតែបិទឡេវដែរ។ មិនត្រូវបញ្ចេញកដៃទេ អាវត្រូវតែតឺនុយដាក់ចូលក្នុងខោ ហើយត្រូវបិទបាំងគ្រប់យ៉ាងឱ្យជិត ដោយមិនបញ្ចេញដើមទ្រូង ឬខ្នងឡើយ។ មើលចុះ តើវាសមរម្យ និងថ្លៃថ្នូរប៉ុនណា! តើនេះមិនមែនសមរម្យ និងថ្លៃថ្នូរទេឬ ហើយតើវាមិនមែនស្របតាមឥរិយាបថល្អរបស់ពួកបរិសុទ្ធ ដូចដែលព្រះជាម្ចាស់តម្រូវទេឬ?» អ្នកដឹកនាំពេញចិត្តជាខ្លាំងចំពោះឈុតសម្លៀកដែលគាត់កំពុងស្លៀកពាក់នៅពេលនោះ ហើយក្នុងពេលជាមួយគ្នានោះ គាត់ក៏បានដាក់ការតម្រូវចំពោះអ្នកដទៃថា៖ «សម្លៀកបំពាក់របស់អ្នករាល់គ្នា ទំនើបខ្លាំងពេក ទាន់សម័យខ្លាំងពេកហើយ។ វានាំសេចក្ដីអាម៉ាស់ដល់ព្រះជាម្ចាស់ ហើយទ្រង់មិនសព្វព្រះទ័យនឹងសម្លៀកបំពាក់បែបនេះទេ។ សូមអ្នករាល់គ្នាប្រញាប់ទៅស្លៀកពាក់ដូចអ្វីដែលខ្ញុំកំពុងស្លៀកពាក់ចុះ ហើយសូមធ្វើឱ្យដូចខ្ញុំ!» មនុស្សដែលគ្មានការយល់ដឹង ក៏បានធ្វើត្រាប់តាម ដោយស្វែងរក និងស្លៀកពាក់ឈុតសម្លៀកបំពាក់ដែលគេហៅថាសមរម្យ និងថ្លៃថ្នូរ ដែលស្របតាមឥរិយាបថល្អរបស់ពួកបរិសុទ្ធនោះ ហើយមនុស្សភាគច្រើនថែមទាំងគិតថាវាល្អទៀតផង។ ប៉ុន្តែមនុស្សខ្លះមានអារម្មណ៍ខ្ពើមរអើមនៅក្នុងចិត្តចំពោះអ្វីដែលចាស់ហួសសម័យទាំងនេះ ហើយមានអារម្មណ៍ថា ការធ្វើបែបនេះគឺមិនសមរម្យទេ ហើយការយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់បែបនេះ គឺមានលក្ខណៈបំភ្លៃការពិត។ មនុស្សទាំងនេះ ទោះបីជាមិនអាចនិយាយឱ្យបានច្បាស់លាស់ថា ការស្ដាប់តាមអ្នកដឹកនាំនោះ ត្រូវឬខុស និងមិនហ៊ានធ្វើការសន្និដ្ឋានក៏ដោយ ក៏ពួកគេគាំទ្រគំនិតដែលមិនធ្វើអ្វីតាមគេទាំងងងឹតងងល់ដែរ។ ពួកគេជឿថាអ្វីដែលអ្នកដឹកនាំបាននិយាយ គឺមិនមែនសុទ្ធតែត្រឹមត្រូវទាំងស្រុងនោះទេ ហើយពួកគេមិនបានធ្វើតាមឡើយ។ មានតែពួកមនុស្សភ្លើ ពួកមនុស្សដែលខ្វះសមត្ថភាពក្នុងការយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងមិនបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយខ្លួនឯងប៉ុណ្ណោះ ដែលបានធ្វើតាមអ្វីដែលអ្នកដឹកនាំក្លែងក្លាយនោះបាននិយាយ និងបានធ្វើអ្វីដែលអ្នកដឹកនាំក្លែងក្លាយនោះប្រាប់ឱ្យធ្វើ មិនថាពួកនោះប្រាប់ឱ្យពួកគេធ្វើអ្វីនោះទេ។ ពួកគេបានដើរតាមអ្នកដឹកនាំក្លែងក្លាយនោះ ហើយយកតម្រាប់តាមគាត់ ដោយស្លៀកពាក់ដូចគ្នា នៅពេលចេញទៅក្រៅ។ នៅពេលណាដែលពួកគេចេញទៅក្រៅនៅក្នុងចំណោមហ្វូងមនុស្ស ពួកគេមានអារម្មណ៍ពេញចិត្តណាស់ ដោយគិតថា៖ «យើងជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយឈុតសម្លៀកបំពាក់របស់ខ្ញុំមានឥរិយាបថល្អរបស់ពួកបរិសុទ្ធច្រើនណាស់។ តើអ្នករាល់គ្នាកំពុងស្លៀកពាក់អ្វី? មានពណ៌ឆើតណាស់ ទំនើបណាស់ អាក្រក់មើលណាស់! សូមមើលមកពួកយើងចុះ យើងមិនបានបញ្ចេញអ្វីឱ្យឃើញទេ!» ពួកគេគិតថាខ្លួនពួកគេអស្ចារ្យណាស់។ អ្នកដឹកនាំក្លែងក្លាយមិនត្រឹមតែមិនបានដឹងថានេះគឺជាការបកស្រាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ខុសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគិតថា ខ្លួនកំពុងអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចូលទៅក្នុងតថភាពនៃព្រះបន្ទូលទាំងនោះទៀតផង។ នេះគឺជាអ្វីដែលពួកអ្នកដឹកនាំក្លែងក្លាយធ្វើ។ សូម្បីតែសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់សម្រាប់មនុស្សដែលសាមញ្ញបំផុត និងងាយយល់បំផុតបែបនេះក៏ដោយ ក៏ពួកអ្នកដឹកនាំក្លែងក្លាយមិនអាចយល់បានដោយពិតប្រាកដថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់សំដៅទៅលើអ្វី យល់ពីបទដ្ឋានដែលតម្រូវសម្រាប់ពួកគេ ឬគោលការណ៍នៃព្រះបន្ទូលទាំងនោះដែរ។ ដូច្នេះ តើពួកគេអាចយល់ពីអ្វីដែលព្រះជាម្ចាស់មានបន្ទូលអំពីនិស្ស័យពុករលួយរបស់មនុស្ស ឬអំពីសភាពគ្រប់បែបយ៉ាងរបស់មនុស្សបានដែរឬទេ? តើពួកគេអាចដឹងច្បាស់ថាអ្វីទៅជាសេចក្ដីពិតនៅទីនេះបានដែរឬទេ? ពិតណាស់ គឺមិនអាចទេ។
អ្នកដឹកនាំក្លែងក្លាយគ្មានសមត្ថភាពយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេគ្រាន់តែដឹងពីន័យត្រង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់អំពីអ្វីដែលព្រះជាម្ចាស់បានមានព្រះបន្ទូលប៉ុណ្ណោះ ប៉ុន្តែមិនបានយល់ពីសេចក្ដីពិតដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់សម្ដែងចេញ ពីអ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្ស ឬពីគោលការណ៍សេចក្ដីពិតអ្វីខ្លះដែលមនុស្សគួរតែយល់ដឹងនោះទេ។ ហេតុនេះ នៅពេលដែលពួកគេប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេគ្រាន់តែបកស្រាយតាមន័យត្រង់ខ្លះៗអំពីព្រះបន្ទូលទាំងនោះ និងប្រាប់មនុស្សអំពីបទប្បញ្ញត្តិខ្លះៗ និងច្បាប់ខ្លះៗ ដើម្បីអនុវត្តតាម ដោយប្រើចំណុចទាំងនេះដើម្បីបញ្ជាក់ថា ពួកគេក៏យល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបានបំពេញកិច្ចការផងដែរ។ អ្នកដឹកនាំក្លែងក្លាយខ្លះថែមទាំងគិតថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺច្បាស់លាស់រួចស្រេចទៅហើយ គ្រាន់តែថាមនុស្សតែងតែមិនហូប និងផឹកព្រះបន្ទូលទាំងនោះ ឬមិនបានខំប្រឹងប្រែងប៉ុណ្ណោះ។ ដោយមើលឃើញថា មនុស្សគ្រប់គ្នាមានសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងដៃ ពួកគេចាត់ទុកថា ការដឹកនាំមនុស្សឱ្យហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជារឿងមិនចាំបាច់នោះទេ។ ហេតុដូច្នេះហើយ នៅពេលដែលពួកគេឃើញមានបញ្ហាក្នុងអំឡុងពេលនៃការជួបជុំ ឬក្នុងពេលកំពុងបំពេញភារកិច្ចរបស់ខ្លួន ពួកគេគ្រាន់តែផ្ញើអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ខ្លះៗដែលពួកគេបានជ្រើសរើស ទៅឱ្យអ្នកទាំងនោះប៉ុណ្ណោះ ដោយប្រាប់ពួកគេដូចជាថា៖ «សូមអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះចុះ» «សូមអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះចុះ» ឬ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងបែបនេះអំពីទិដ្ឋភាពនេះ និងថ្លែងបែបនោះអំពីទិដ្ឋភាពនោះ»។ ពួកគេគ្រាន់តែផ្ញើអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលពួកគេបានជ្រើសរើសរួច ដោយប្រើរបៀបបញ្ចុះបញ្ចូលដើម្បីលើកទឹកចិត្តមនុស្សឱ្យអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយជឿជាក់ថា នេះគឺជារបៀបដឹកនាំមនុស្សឱ្យហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយថាពួកគេកំពុងបំពេញការងារក្នុងទំនួលខុសត្រូវជាអ្នកដឹកនាំហើយ។ បន្ទាប់ពីបានឃើញព្រះបន្ទូលទាំងនេះហើយ មនុស្សនិយាយថា៖ «ខ្ញុំក៏ធ្លាប់បានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះដែរ។ តើការដែលអ្នកប្រមែប្រមូលព្រះបន្ទូលទាំងនេះមកឱ្យខ្ញុំ មិនមែនជារឿងឥតប្រយោជន៍ទេឬអី?» ក៏ប៉ុន្តែ អ្នកដឹកនាំក្លែងក្លាយគិតថា៖ «ប្រសិនបើខ្ញុំមិនផ្ញើព្រះបន្ទូលទាំងនេះទៅឱ្យអ្នកទេ អ្នកមុខជារកមិនឃើញថា ព្រះបន្ទូលទាំងនេះមាននៅជំពូកណា ឬនៅទំព័រណាឡើយ។ អ្នកមិនទាំងដឹងសូម្បីថាតើព្រះជាម្ចាស់បានថ្លែងព្រះបន្ទូលទាំងនេះនៅក្នុងបរិបទអ្វីផង។ ក្នុងនាមជាអ្នកដឹកនាំម្នាក់ ខ្ញុំគួរតែទទួលយកនិងមានការទទួលខុសត្រូវបែបនេះ ក្នុងការផ្ញើព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅឱ្យអ្នក គ្រប់ពេលវេលា គ្រប់ទីកន្លែង»។ ដោយទឹកចិត្តស្រឡាញ់និងយកចិត្តទុកដាក់ អ្នកដឹកនាំក្លែងក្លាយខ្លះ បានផ្ញើអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់រហូតដល់ទៅដប់ទៅម្ភៃអត្ថបទក្នុងមួយថ្ងៃ ដើម្បីបង្ហាញថាពួកគេមានភក្ដីភាពចំពោះការងាររបស់ខ្លួន ថាពួកគេមានការប្ដេជ្ញាចិត្តក្នុងការដឹកនាំមនុស្សឱ្យចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ ត្រូវបានផ្ញើទៅឱ្យមនុស្សរួចហើយ ប៉ុន្តែ តើបញ្ហារបស់ពួកគេត្រូវបានដោះស្រាយដែរឬទេ? តើពួកគេបានបំពេញតួនាទីដែលអ្នកដឹកនាំគួរតែបំពេញដែរឬទេ? ពួកគេមិនបានបំពេញតួនាទីនេះជារឿយៗ ពីព្រោះប្រសិនបើមនុស្សអាចយល់ពីព្រះបន្ទូលទាំងនេះបានដោយខ្លួនឯងមែន ម្ល៉េះសមពួកគេមិនត្រូវការអ្នកដឹកនាំឡើយ។ អត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលអ្នកដឹកនាំក្លែងក្លាយបានផ្ញើទៅនោះ តាមពិត អ្នកណាដែលឧស្សាហ៍អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺបានដឹងច្បាស់ណាស់ ប៉ុន្តែ តើមនុស្សខ្វះខាតអ្វី? តើពួកគេមានការលំបាក និងបញ្ហាអ្វីខ្លះ? រឿងគឺនៅត្រង់ថា នៅពេលនិយាយដល់បញ្ហាដែលពាក់ព័ន្ធនឹងសេចក្ដីពិតទាំងនេះ នៅពេលប្រឈមមុខនឹងការលំបាក មនុស្សមិនអាចមើលធ្លុះដល់សារជាតិនៃបញ្ហាទាំងនេះបានឡើយ ក៏មិនដឹងថាត្រូវចាប់ផ្ដើមដោះស្រាយពីកន្លែងណា មិនដឹងថាត្រូវចូលទៅក្នុងសេចក្ដីពិតទាំងនេះដោយរបៀបណា ហើយអ្នកដឹកនាំក្លែងក្លាយក៏មិនដឹងដូចគ្នា។ ដូច្នេះ ចំពោះបញ្ហានេះ តើពួកគេបានបំពេញការទទួលខុសត្រូវរបស់ពួកគេហើយឬនៅ? តើពួកគេមានសមត្ថភាពក្នុងកិច្ចការដឹកនាំដែរឬទេ? ច្បាស់ណាស់ ពួកគេមិនបានបំពេញការទទួលខុសត្រូវនេះទេ។ ឧទាហរណ៍៖ នៅពេលដែលមនុស្សអានអំពីការធ្វើជាមនុស្សស្មោះត្រង់ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយសារអ្នកដឹកនាំក្លែងក្លាយមិនដឹងពីរបៀបហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយខ្វះគុណសម្បត្តិក្នុងការយល់ដឹង និងយល់ពីសេចក្ដីពិត ទើបពួកគេនិយាយថា៖ «សេចក្ដីតម្រូវរបស់ព្រះជាម្ចាស់មិនខ្ពស់នោះទេ។ ព្រះជាម្ចាស់សុំឱ្យយើងធ្វើជាមនុស្សស្មោះត្រង់ ហើយការធ្វើជាមនុស្សស្មោះត្រង់ គឺមានន័យថា ត្រូវនិយាយការពិត។ តើព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនបានថ្លែងប្រាប់គ្រប់យ៉ាងទេឬថា៖ «ចូរឱ្យការនិយាយស្ដីរបស់អ្នក មែនគឺមែន ទេគឺទេ» (ម៉ាថាយ ៥:៣៧)? ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺច្បាស់លាស់ណាស់! អ្នកគិតអ្វីនៅក្នុងចិត្តរបស់អ្នក ក៏និយាយវាចេញមក។ អ្វីៗគឺងាយស្រួលបែបនេះឯង! ហេតុអ្វីបានជាអ្នកធ្វើវាមិនបាន? ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាសេចក្ដីពិត យើងត្រូវតែអនុវត្តវា។ ការមិនអនុវត្ត គឺជាការបះបោរ ហើយតើព្រះជាម្ចាស់សង្គ្រោះអ្នកដែលបះបោរទាស់នឹងទ្រង់ដែរឬទេ? ទ្រង់មិនសង្គ្រោះអ្នកនោះឡើយ»។ ពេលបានឮដូច្នេះហើយ មនុស្សក៏ឆ្លើយតបវិញថា៖ «ពាក្យសម្ដីគ្រប់ម៉ាត់ដែលអ្នកបាននិយាយ គឺត្រឹមត្រូវហើយ ប៉ុន្តែពួកយើងនៅតែមិនដឹងថាត្រូវធ្វើជាមនុស្សស្មោះត្រង់តាមរបៀបណាដដែលហ្នឹង។ ពីព្រោះការនិយាយកុហកនេះ ជាច្រើនលើកច្រើនសា គឺធ្វើឡើងដោយមិនដឹងខ្លួន ឬជារឿងដែលមនុស្សណាម្នាក់ធ្វើឡើងនៅពេលដែលពួកគេគ្មានជម្រើសអ្វីផ្សេង ហើយការនិយាយកុហកសុទ្ធតែមានហេតុផលរបស់វា។ តើបញ្ហានេះគួរដោះស្រាយដោយរបៀបណា?» តើអ្នកដឹកនាំក្លែងក្លាយនឹងនិយាយបែបណា? «តើរឿងនេះមិនមែនងាយស្រួលដោះស្រាយទេឬ? តើព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនបានបញ្ជាក់ច្បាស់ហើយទេ? ការធ្វើជាមនុស្សស្មោះត្រង់ គឺដូចជាការធ្វើជាក្មេងម្នាក់អ៊ីចឹង។ អ្វីៗគឺងាយស្រួលបែបនេះឯង! មិនថាអ្នកមានអាយុប៉ុន្មាននោះទេ តើអ្នកមិនអាចធ្វើដូចជាកូនក្មេងបានទេឬ? ចូរមើលថាតើក្មេងៗមានអាកប្បកិរិយាបែបណា»។ អ្នកស្ដាប់ក៏រិះគិតថា៖ «អាកប្បកិរិយាចម្បងរបស់ក្មេង គឺស្លូតត្រង់ និងរពឹស លោតចុះលោតឡើង មិនទាន់ចាស់ទុំ និងមិនយល់ពីរឿងជាច្រើន។ ដោយសារអ្នកដឹកនាំបាននិយាយដូច្នេះ ហេតុនេះ ខ្ញុំនឹងធ្វើតាមរបៀបនេះ»។ នៅថ្ងៃបន្ទាប់ មនុស្សម្នាក់ ដែលមានអាយុខ្ទង់សាមសិប ឬសែសិបឆ្នាំ បានចងកំប៉ោយសក់ក្រងពីរនៅលើក្បាល ពាក់បូសក់ និងដង្កៀបពណ៌ផ្កាឈូក ពាក់អាវ ស្បែកជើង និងស្រោមជើងពណ៌ផ្កាឈូក ដោយតែងខ្លួនមួយឈុតសុទ្ធតែពណ៌ផ្កាឈូកតែម្ដង។ ពេលឃើញដូច្នេះ អ្នកដឹកនាំក៏និយាយថា៖ «ត្រូវហើយ! ត្រូវដើរឱ្យដូចជាកូនក្មេងជាងនេះទៀត ត្រូវលោតចុះលោតឡើង។ ត្រូវនិយាយស្លូតត្រង់ឱ្យដូចជាកូនក្មេងជាងនេះទៀត មានកែវភ្នែកដែលគ្មានសេចក្ដីអាក្រក់ និងមានស្នាមញញឹមនៅលើមុខរបស់អ្នក។ តើនេះមិនមែនជាការត្រឡប់ទៅរកអាកប្បកិរិយាជាកូនក្មេងវិញទេឬ? នេះគឺជាអាកប្បកិរិយារបស់មនុស្សស្មោះត្រង់ហើយ!» អ្នកដឹកនាំពេញចិត្តស្ដូក ចំណែកឯអ្នកដទៃមើលមកថា នេះគឺជាអាកប្បកិរិយាល្ងង់ខ្លៅ និងខុសប្រក្រតី។ អ្នកដឹកនាំក្លែងក្លាយនេះមិនត្រឹមតែដោះស្រាយបញ្ហានេះមិនបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមិនដឹងពីរបៀបស្វែងរកគោលការណ៍សេចក្ដីពិតទាល់តែសោះ ដោយដឹកនាំមនុស្សតាមមាគ៌ាខុសទំនងទៀតផង។ សូម្បីតែការពិតដ៏សាមញ្ញបំផុតនៃការធ្វើជាមនុស្សស្មោះត្រង់ ក៏អ្នកដឹកនាំក្លែងក្លាយមិនដឹងពីរបៀបស្វែងយល់វាឱ្យបានត្រឹមត្រូវសុទ្ធសាធដែរ ដោយចេះតែអនុវត្តបទប្បញ្ញត្តិទាំងងងឹតងងល់ ដោយយល់ខុសជ្រុលហួសហេតុ រហូតដល់ថ្នាក់ធ្វើឱ្យអ្នកដែលស្ដាប់ឮរឿងនេះខ្ពើមរអើមជាខ្លាំង។ អ្នកដឹកនាំក្លែងក្លាយ ធ្វើរឿងបែបនេះឯង។
អ្នកដឹកនាំក្លែងក្លាយយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរបៀបផ្សេងៗគ្នា ដោយបង្កើតបានជាទស្សនៈ ប្លែកៗ និងចម្លែកៗជាច្រើន។ ពួកគេក៏យកការអនុវត្ត និងការធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់មកធ្វើជាលេសដើម្បីទាមទារឱ្យអ្នកដទៃទទួលយក និងប្រកាន់តាមការយល់ដឹងរបស់ពួកគេ។ និយាយឱ្យខ្លីទៅ មនុស្សដូចជាអ្នកដឹកនាំក្លែងក្លាយទាំងនេះ តែងតែមានការយល់ដឹងរាក់កំផែល និងបំផ្លើសខុសទំនងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បើប្រើពាក្យខាងវិញ្ញាណដើម្បីកំណត់និយមន័យវិញ យើងនឹងនិយាយថា ពួកគេ «គ្មានការយល់ដឹងខាងវិញ្ញាណ»។ មិនត្រឹមតែការយល់ដឹងរបស់ពួកគេអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់បំផ្លើសខុសទំនងប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏តែងតែទាមទារឱ្យអ្នកដទៃធ្វើតាមគោលលទ្ធិ និងបទប្បញ្ញត្តិបំផ្លើសខុសទំនងទាំងនេះ ដូចជាពួកគេដែរ។ ក្នុងពេលជាមួយគ្នានេះ ពួកគេប្រើការយល់ដឹងបំផ្លើសខុសទំនងរបស់ខ្លួន ដើម្បីផ្ដន្ទាទោសពួកអ្នកដែលមានការយល់ដឹងត្រឹមត្រូវអំពីសេចក្ដីពិត។ អ្នកដឹកនាំក្លែងក្លាយទាំងនេះ ដែលគ្មានការយល់ដឹងខាងវិញ្ញាណ មិនពិនិត្យពិច័យ និងវិភាគព្រះបន្ទូលរបស់ព្រះជាម្ចាស់ដូចជាពួកទទឹងនឹងព្រះគ្រីស្ទធ្វើនោះទេ។ មើលពីសម្បកក្រៅ ហាក់ដូចជាពួកគេមានឥរិយាបថស្ដាប់បង្គាប់ចំពោះការហូបនិងផឹក និងព្រមទាំងការទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់អ៊ីចឹង។ ក៏ប៉ុន្តែ ដោយសារតែគុណសម្បត្តិអន់ខ្សោយរបស់ពួកគេ និងភាពគ្មានសមត្ថភាពក្នុងការយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទើបពួកគេចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រៀបដូចជាសៀវភៅសិក្សាដែរ ដោយជឿថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់អនុវត្តតាមតក្កវិជ្ជា «មួយបូកមួយស្មើពីរ ពីរបូកពីស្មើបួន»។ ពួកគេមិនដឹងថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិតទេ ហើយដើម្បីចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សម្នាក់ត្រូវតែយល់ថាតើសេចក្ដីពិតដែលបានថ្លែងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់សំដៅលើអ្វី និងថាតើសេចក្ដីពិតទាំងនេះពាក់ព័ន្ធនឹងសភាព និងខ្លឹមសារផ្សេងៗអ្វីខ្លះ។ នៅពេលដែលអ្នកដទៃយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរបៀបជាក់លាក់ និងជាក់ស្ដែង ពួកគេចាត់ទុកថា វាជារឿងរាក់កំផែល និងមិនគួរនឹងស្ដាប់សោះ ដោយនិយាយថា៖ «ខ្ញុំយល់រឿងនេះទាំងអស់ ខ្ញុំដឹងគ្រប់យ៉ាងអស់ហើយ។ អ្វីដែលអ្នកកំពុងនិយាយនោះ គឺមានពន្យល់យ៉ាងច្បាស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់រួចទៅហើយ ហេតុអ្វីបានជាអ្នកចាំបាច់ត្រូវនិយាយវាទៀត»។ តាមពិតទៅ ពួកគេមិនដឹងថា អ្វីដែលអ្នកដទៃកំពុងពិភាក្សានោះ គឺពាក់ព័ន្ធនឹងខ្លឹមសារជាក់លាក់ដែលទាក់ទងនឹងសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ។ ដោយសារតែអ្នកដឹកនាំក្លែងក្លាយទាំងនេះគ្មានការយល់ដឹងខាងវិញ្ញាណ ហើយគ្មានសមត្ថភាពយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទើបពួកគេគិតថា សេចក្ដីពិតទាំងអស់ប្រហាក់ប្រហែលនឹងគ្នាទេ ពោលគឺគ្មានភាពខុសគ្នាជាក់លាក់ណាមួយក្នុងចំណោមបញ្ហាដែលសេចក្ដីពិតបានលើកឡើងនោះទេ។ ពួកគេជឿថា ទោះបីជានិយាយអំពីរឿងទាំងនេះមិនឈប់ក៏ដោយ ក៏រឿងទាំងអស់នេះ មានសារជាតិជាបញ្ហាតែមួយទេ។ ជំនឿនេះបង្ហាញពីបញ្ហាដ៏ធ្ងន់ធ្ងរមួយ ហើយវាមុខជាធ្វើឱ្យបុគ្គលបែបនេះ មិនអាចយល់ពីសេចក្ដីពិតបានសោះឡើយ។
អ្នកដឹកនាំក្លែងក្លាយមិនអាចដឹកនាំមនុស្សឱ្យចូលទៅក្នុងតថភាពនៃសេចក្តីពិតបានឡើយ
ឥឡូវនេះ មានបុគ្គលដែលមានគុណសម្បត្តិល្អ និងមានសមត្ថភាពក្នុងការយល់ដឹង ដែលទទួលបានបទពិសោធខ្លះ និងច្រកចូលទៅក្នុងព្រះបន្ទូលជាមូលដ្ឋានគ្រឹះរបស់ព្រះជាម្ចាស់រួចហើយ ហើយក៏មានតថភាពសេចក្ដីពិតខ្លះដែរ ប៉ុន្តែពួកគេត្រូវការការណែនាំ និងការដឹកនាំជាក់លាក់ជាងនេះ ដើម្បីឱ្យច្រកចូលរបស់ពួកគេកាន់តែល្អិតល្អន់ និងកាន់តែលម្អិតជាងនេះទៀត។ មានតែពួកអ្នកដឹកនាំក្លែងក្លាយប៉ុណ្ណោះ ដែលមិនដឹងថាសេចក្ដីលម្អិតជាក់លាក់នៃសេចក្ដីពិតសំដៅលើអ្វី ឬហេតុអ្វីបានជានិយាយអំពីសេចក្ដីពិតនោះតាមរបៀបនេះ ដោយពួកគេគិតថា ធ្វើបែបនេះនាំឱ្យរឿងកាន់តែស្មុគស្មាញដោយមិនចាំបាច់ ឬគ្រាន់តែជាការលេងពាក្យពេចន៍ប៉ុណ្ណោះ។ ពួកគេមិនយល់ ក៏មិនដឹងពីរបៀបយល់ដឹង ឬដកពិសោធន៍ទិដ្ឋភាពផ្សេងៗដែលពាក់ព័ន្ធនឹងសេចក្ដីពិតដែរ។ ហេតុដូច្នេះ អ្វីដែលពួកគេអាចធ្វើបានបន្ទាប់ពីក្លាយជាអ្នកដឹកនាំ គឺគ្រាន់តែដឹកនាំមនុស្សឱ្យហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលគេតែងតែប្រកបគ្នាជាទូទៅប៉ុណ្ណោះ បន្ទាប់មកក៏និយាយអំពីគោលលទ្ធិខ្លះៗ រួចឈានដល់វិធីសាស្រ្តអនុវត្តខ្លះៗក្នុងការកាន់តាមបទប្បញ្ញត្តិ ហើយអ្វីដែលមនុស្សទទួលបានពីពួកគេ គឺគ្រាន់តែជាពាក្យពេចន៍ខាងវិញ្ញាណដែលរាក់កំផែល ព្រមទាំងពាក្យពេចន៍និងគោលលទ្ធិ បទប្បញ្ញត្តិ និងពាក្យស្លោកដែលគេនិយាយជាទូទៅតែប៉ុណ្ណោះ។ សម្រាប់អ្នកទាំងឡាយណាដែលជាអ្នកជឿថ្មី ការអធិប្បាយរបស់អ្នកដឹកនាំក្លែងក្លាយអាចល្មមទប់បានត្រឹមមួយឆ្នាំ ឬពីរឆ្នាំ ប៉ុន្តែបន្ទាប់បានមួយឆ្នាំឬពីរឆ្នាំហើយ អ្នកដែលបានចាប់ផ្ដើមយល់ពីសេចក្ដីពិតខ្លះៗ នឹងចាប់ផ្ដើមស្គាល់ពីឃ្លាប្រយោគ និងវិធីសាស្រ្តរបស់អ្នកដឹកនាំក្លែងក្លាយ។ ចំពោះពួកអ្នកដែលខ្វះសមត្ថភាពយល់ដឹងជាមូលដ្ឋានវិញ ទោះបីជាអ្នកដឹកនាំក្លែងក្លាយអធិប្បាយយ៉ាងណាក៏ដោយ ក៏ពួកគេគ្មានអារម្មណ៍អ្វីដែរ គ្មានការភ្ញាក់ខ្លួន ហើយក៏មិនដឹងថាអ្វីដែលអ្នកដឹកនាំទាំងនេះកំពុងអធិប្បាយ គឺគ្រាន់តែជាពាក្យពេចន៍ និងគោលលទ្ធិប៉ុណ្ណោះ ហើយអ្វីដែលពួកគេយល់ គឺគ្រាន់តែជាទ្រឹស្ដី ពាក្យស្លោក និងបទប្បញ្ញត្តិឥតខ្លឹមសារ ដែលមិនមែនជាសេចក្ដីពិតទាល់តែសោះ។ ផ្អែកលើលក្ខណៈសម្គាល់ទាំងនេះ តើអ្នកដឹកនាំក្លែងក្លាយអាចបំពេញការទទួលខុសត្រូវក្នុងការ «ដឹកនាំមនុស្សឱ្យហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយយល់ពីព្រះបន្ទូលទាំងនោះ ព្រមទាំងដឹកនាំពួកគេឱ្យចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់» បានដែរឬទេ? តើពួកគេអាចបំពេញតួនាទីនេះបានដែរឬទេ? តើពួកគេអាចបំពេញការទទួលខុសត្រូវរបស់ពួកគេបានដែរឬទេ? (មិនអាចទេ។) ហេតុអ្វីបានជាមិនអាច? តើអ្វីជាបញ្ហាសំខាន់? (មនុស្សបែបនេះ គ្មានការយល់ដឹងខាងវិញ្ញាណ និងមិនអាចយល់ដឹងពីសេចក្ដីពិតបានទេ។) ពួកគេគ្មានការយល់ដឹងខាងវិញ្ញាណ និងមិនអាចយល់ដឹងពីសេចក្ដីពិតបានទេ តែពួកគេនៅតែចង់ដឹកនាំអ្នកដទៃទៀត ពោលគឺរឿងនេះមិនអាចទៅរួចសោះឡើយ! ការរំពឹងឱ្យអ្នកដឹកនាំក្លែងក្លាយ ដឹកនាំមនុស្សឱ្យយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺប្រៀបដូចជាការព្យាយាមដឹកគោចូលរន្ធក្ដាមអ៊ីចឹង គឺវាមិនអាចធ្វើទៅបានឡើយ! យើងលើកឧទាហរណ៍អំពីការធ្វើជាមនុស្សស្មោះត្រង់មកនិយាយទៅចុះ៖ ព្រះបន្ទូលរបស់ព្រះជាម្ចាស់អំពីចំណុចនេះ គឺសាមញ្ញណាស់ ត្រឹមតែពីរបីប្រយោគប៉ុណ្ណោះ មិនស្មុគស្មាញអ្វីទេ។ អ្នកណាដែលធ្លាប់បានរៀនសូត្រខ្លះ ដឹងថាពាក្យទាំងនេះមានន័យយ៉ាងណាហើយ។ ប៉ុន្តែសម្រាប់អ្នកដឹកនាំក្លែងក្លាយវិញ ដើម្បីបញ្ជាក់ថា ពួកគេមានសមត្ថភាពបំពេញកិច្ចការនេះ និងអាចដឹកនាំមនុស្សបាន ពួកគេក៏ពន្យល់ពង្រីកបន្ថែមទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «តើសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ឱ្យមនុស្សធ្វើជាមនុស្សស្មោះត្រង់មានសារៈសំខាន់បែបណា? គឺព្រះជាម្ចាស់សព្វព្រះទ័យនឹងការធ្វើជាមនុស្សស្មោះត្រង់។ ពួកអ្នកមិនជឿមិនស្មោះត្រង់នោះទេ ពួកគេមិននិយាយការពិតឡើយ ហើយអ្វីដែលពួកគេនិយាយ សុទ្ធតែជាពាក្យកុហក និងពាក្យបោកប្រាស់ទាំងអស់។ ពិភពលោកទាំងមូលពោរពេញទៅដោយពាក្យកុហក។ ហេតុដូច្នេះ រឿងដំបូងគេដែលព្រះជាម្ចាស់ទាមទារ នៅពេលដែលទ្រង់យាងមកក្នុងពេលបច្ចុប្បន្ននេះ គឺឱ្យមនុស្សធ្វើជាមនុស្សស្មោះត្រង់។ ប្រសិនបើអ្នកមិនមែនជាមនុស្សស្មោះត្រង់ទេ ព្រះជាម្ចាស់នឹងមិនស្រឡាញ់អ្នកឡើយ។ ប្រសិនបើអ្នកមិនមែនជាមនុស្សស្មោះត្រង់ទេ អ្នកមិនអាចសង្គ្រោះបានឡើយ ហើយក៏មិនអាចចូលទៅក្នុងនគរព្រះបានដែរ។ ប្រសិនបើអ្នកមិនមែនជាមនុស្សស្មោះត្រង់ទេ អ្នកមិនអាចអនុវត្តសេចក្ដីពិតបានទេ ហើយច្បាស់ណាស់ គឺអ្នកជាមនុស្សបោកបញ្ឆោត។ ប្រសិនបើអ្នកមិនមែនជាមនុស្សស្មោះត្រង់ទេ អ្នកមិនត្រូវតាមស្ដង់ដាជាភាវៈដែលព្រះបានបង្កើតមកនោះទេ»។ ពេលនេះ តើអ្នករាល់គ្នាយល់ពីរបៀបធ្វើជាមនុស្សស្មោះត្រង់ហើយឬនៅ? (នៅទេ។) បន្ទាប់ពីបាននិយាយគ្រប់យ៉ាងនេះរួចហើយ អ្វីៗនៅតែមិនទាន់ច្បាស់ដដែល។ អ្នកជឿថ្មី ពេលឮដូច្នេះ ក៏មានអារម្មណ៍ថា ពាក្យសម្ដីទាំងនេះល្អប្រសើរណាស់ ជាពាក្យដែលពួកគេមិនធ្លាប់បានឮសោះ ក្នុងការជឿសាសនារយៈពេលម្ភៃ ឬសាមសិបឆ្នាំមកនេះ។ អ្នកខ្លះថែមទាំងនិយាយថា៖ «ពាក្យសម្ដីនេះពិតជាមានអំណាចណាស់ ប្រយោគនីមួយៗស័ក្តិសមនឹងពាក្យ 'អាម៉ែន' ណាស់។ សេចក្ដីអធិប្បាយនេះពិតជាល្អណាស់ វាពិតជាសេចក្ដីអធិប្បាយក្នុងយុគសម័យនៃនគរព្រះពិតមែន!» បន្ទាប់មក អ្នកដឹកនាំក្លែងក្លាយក៏បន្តទៀតថា៖ «ព្រះជាម្ចាស់សុំឱ្យយើងធ្វើជាមនុស្សស្មោះត្រង់ ដូច្នេះ តើយើងជាមនុស្សស្មោះត្រង់ហើយឬនៅ?» មនុស្សខ្លះក៏ពិចារណាអំពីរឿងនេះថា៖ «ដោយសារព្រះជាម្ចាស់កំពុងសុំឱ្យយើងធ្វើជាមនុស្សស្មោះត្រង់ ដូច្នេះមានន័យថា យើងមិនទាន់ជាមនុស្សស្មោះត្រង់នៅឡើយទេ»។ អ្នកខ្លះនៅស្ងៀម ដោយគិតក្នុងចិត្តថា៖ «ខ្ញុំគិតថា ខ្ញុំជាមនុស្សគ្មានល្បិចអ្វីទេ។ ខ្ញុំមិនដែលឈ្លោះជាមួយអ្នកដទៃ ហើយនៅពេលរកស៊ី ខ្ញុំមិនហ៊ានបោកប្រាស់នរណាម្នាក់ឡើយ។ ពេលខ្លះ បើខ្ញុំកេងចំណេញបានបន្តិចបន្តួច ខ្ញុំគេងមិនលក់ពេញមួយយប់។ តើខ្ញុំជាមនុស្សស្មោះត្រង់មែនទេ? ខ្ញុំគិតថាខ្ញុំជាមនុស្សគ្មានល្បិច ហើយតើនោះមិនមែនមានន័យដូចគ្នានឹងការធ្វើជាមនុស្សស្មោះត្រង់ទេឬ?» អ្នកផ្សេងទៀតនិយាយថា៖ «ធម្មជាតិខ្ញុំមិនចេះនិយាយកុហកទេ។ រាល់ពេលដែលខ្ញុំនិយាយអ្វីមិនពិត មុខខ្ញុំឡើងក្រហមហើយ ដូច្នេះ ខ្ញុំច្បាស់ជាមនុស្សស្មោះត្រង់ហើយ មែនទេ?» បន្ទាប់មក អ្នកដឹកនាំក្លែងក្លាយក៏បន្ថែមថា៖ «ទោះជាអ្នកជាមនុស្សស្មោះត្រង់ឬអត់ក៏ដោយ ដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់សុំឱ្យយើងធ្វើជាមនុស្សស្មោះត្រង់ ដូច្នេះ អ្នកចាំបាច់ត្រូវតែធ្វើជាមនុស្សស្មោះត្រង់ជាដាច់ខាត។ ប្រសិនបើអ្នកប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះអ្នកគឺជាមនុស្សស្មោះត្រង់ហើយ។ ពេលនោះ អ្នកនឹងបានរួចផុតពីការបោកបញ្ឆោត និងពីចំណងនៃឥទ្ធិពលខ្មៅងងឹតរបស់សាតាំង។ នៅពេលដែលអ្នកក្លាយជាមនុស្សស្មោះត្រង់ អ្នកនឹងចូលទៅក្នុងតថភាពនៃសេចក្ដីពិត អាចបំពេញភារកិច្ចរបស់អ្នកបាន និងអាចចុះចូលនឹងព្រះជាម្ចាស់បាន»។ ពេលនេះ តើអ្នករាល់គ្នាយល់ពីរបៀបធ្វើជាមនុស្សស្មោះត្រង់ហើយឬនៅ? (នៅទេ។) ប៉ុន្តែ អ្នកខ្លះសប្បាយចិត្តជាខ្លាំង៖ «ពាក្យសម្ដីទាំងនេះពិតជាមានអំណាចណាស់។ អាម៉ែន! គ្រប់ប្រយោគទាំងអស់ គឺសុទ្ធតែត្រឹមត្រូវ។ គ្មានពាក្យណាមួយដែលចេញមកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយផ្ទាល់នោះទេ ប៉ុន្តែគ្រប់ពាក្យទាំងអស់គឺជាការស្វែងយល់ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ការយល់ដឹងនេះអស្ចារ្យណាស់! ហេតុអ្វីបានជាខ្ញុំមិនអាចយល់ដឹងបែបនេះបាន? មើលទៅអ្នកដឹកនាំនេះ ពិតជាស័ក្តិសមនឹងតួនាទីនេះមែន គាត់ពិតជាមានសមត្ថភាពធ្វើជាអ្នកដឹកនាំមែន!» មនុស្សដែលមានគុណសម្បត្តិ និងប្រាជ្ញាឈ្លាសវៃ បន្ទាប់ពីបានឮដូច្នេះហើយ ក៏ពិចារណាថា៖ «អ្នកមិនទាន់បានពន្យល់ថាតើមនុស្សស្មោះត្រង់ជាមនុស្សបែបណានៅឡើយទេ។ តើត្រូវធ្វើជាមនុស្សស្មោះត្រង់ពិតប្រាកដដោយរបៀបណា?» អ្នកដឹកនាំក្លែងក្លាយក៏បន្តទៀតថា៖ «ការធ្វើជាមនុស្សស្មោះត្រង់មានន័យថា មិននិយាយកុហក។ ឧទាហរណ៍៖ ប្រសិនបើពីមុនមកអ្នកធ្លាប់បានរួមរស់ជាមួយគ្នាដោយឥតបានរៀបការ ដូច្នេះ អ្នកត្រូវអធិស្ឋានទៅព្រះជាម្ចាស់ ហើយសារភាពថា អ្នកធ្លាប់បានរួមរស់ជាមួយគ្នាប៉ុន្មានដង និងជាមួយនរណា។ ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកមិនអាចមើលឃើញ ឬពាល់ព្រះជាម្ចាស់បាន អ្នកត្រូវតែសារភាពប្រាប់អ្នកដឹកនាំ ដោយបញ្ជាក់គ្រប់យ៉ាងឱ្យបានច្បាស់លាស់។ ការសារភាពដោយស្មោះអស់ពីចិត្ត គឺជាសេចក្ដីតម្រូវចាំបាច់បំផុតនៃការធ្វើជាមនុស្សស្មោះត្រង់។ បន្ថែមលើនេះ វាគឺជាការនិយាយដោយឥតលាក់លៀមចេញពីក្នុងចិត្តរបស់អ្នក ដោយមិនមានលាយឡំជាមួយការភូតភរនៅក្នុងរឿងណាមួយឡើយ។ អ្នកគិតយ៉ាងណាចំពោះរឿងអ្វីមួយ អ្នកមានបំណងបែបណា អ្នកបង្ហាញចេញសេចក្ដីពុករលួយអ្វីខ្លះ អ្នកស្អប់អ្នកណាខ្លះ ឬបានដាក់បណ្ដាសាអ្នកណាខ្លះនៅក្នុងចិត្ត អ្នកចង់ធ្វើបាបអ្នកណា ឬរៀបចំផែនការប្រឆាំងនឹងអ្នកណា អ្វីទាំងអស់នេះគួរតែសារភាពប្រាប់ទៅបុគ្គលទាំងនោះ។ ធ្វើបែបនេះ អ្នកនឹងក្លាយជាមនុស្សនិយាយដោយបើកចំហ និងឥតលាក់លៀម ដោយរស់នៅក្នុងពន្លឺហើយ។ ការធ្វើជាមនុស្សស្មោះត្រង់ គឺមានន័យបែបនេះឯង។ មនុស្សស្មោះត្រង់ត្រូវតែអាចលះបង់ភាពអត្មានិយមរបស់ខ្លួន។ ពួកគេត្រូវតែអាចបង្ហាញ និងវែកញែកផ្នែកដែលអាក្រក់បំផុត និងងងឹតបំផុតនៅក្នុងចិត្តរបស់ពួកគេ»។ ពេលឮដូច្នេះ តើពេលនេះ អ្នករាល់គ្នាយល់ពីរបៀបធ្វើជាមនុស្សស្មោះត្រង់ហើយឬនៅ? (នៅតែមិនយល់ដដែល។) ទោះបីជាបានស្ដាប់រួចហើយក៏ដោយ ក៏វាគ្រាន់តែគោលលទ្ធិដែលមនុស្សយល់ប៉ុណ្ណោះ មិនមែនជាការអនុវត្តជាក់លាក់ទេ។ ដោយអ្នកដឹកនាំក្លែងក្លាយមានការយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់បែបនេះ ទើបពួកគេដឹកនាំមនុស្សឱ្យហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរបៀបនេះ ហើយពួកគេក៏ប្រកបគ្នាតាមរបៀបនេះដែរ ដោយគិតថា ពួកគេយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើនជាងគេបំផុត មានសមត្ថភាពយល់ដឹងស៊ីជម្រៅពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអាចដឹកនាំមនុស្សឱ្យចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន។ តាមពិតទៅ អ្វីដែលពួកគេយល់បាន និងប្រកបគ្នានោះ គឺសុទ្ធតែជាគោលលទ្ធិ និងពាក្យស្លោកប៉ុណ្ណោះ ដែលមិនបានជួយអ្វីទាល់តែសោះដល់អ្នកដែលចង់ស្វែងរកតថភាពសេចក្ដីពិត និងចង់យល់ពីគោលការណ៍សេចក្ដីពិត។ ប៉ុន្តែ អ្នកដឹកនាំក្លែងក្លាយនៅតែជឿថា ពួកគេមានសមត្ថភាពយល់ដឹងដ៏អស្ចារ្យ មានការយល់ឃើញជ្រាលជ្រៅជាពិសេសចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងគ្រាន់បើជាងមនុស្សធម្មតា។ ពួកគេដើរអធិប្បាយគោលលទ្ធិ និងពាក្យស្លោកទាំងនេះនៅគ្រប់ទីកន្លែង ថែមទាំងបានប្រៀបធៀបជាមួយអ្នកដទៃទៀតផង ដោយតែងតែប្រើគោលលទ្ធិ និងពាក្យស្លោកទាំងនេះជាញឹកញាប់ក្នុងការឈ្លោះប្រកែកពាក្យសម្ដីគ្នា ហើយថែមទាំងឧស្សាហ៍ប្រើគោលលទ្ធិ និងពាក្យស្លោកទាំងនោះជាញឹកញាប់ ដើម្បីប្រៀនប្រដៅ លួសកាត់ វិនិច្ឆ័យ និងថ្កោលទោសអ្នកដទៃទៀតផង។ ពួកគេគិតថា ធ្វើបែបនេះ គឺពួកគេកំពុងបំពេញកិច្ចការ កំពុងនាំយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ចូលមកក្នុងជីវិតពិត និងកំពុងអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយ។ តើនេះមិនមែនជាបញ្ហាដែលបង្កការលំបាកស្មុគ្រស្មាញទេឬ? អ្នកដឹកនាំក្លែងក្លាយមិនអាចយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់បានទេ ពួកគេមិនអាចដឹកនាំមនុស្សឱ្យចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់បានទេ។ បន្ទាប់ពីបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ពួកគេអាចប្រកបគ្នាបានត្រឹមតែពាក្យពេចន៍ និងគោលលទ្ធិខ្លះៗប៉ុណ្ណោះ ហើយពួកគេបែរជាដើរអធិប្បាយ និងអួតសម្ញែងពីពាក្យពេចន៍និងគោលលទ្ធិទាំងនោះទៅវិញ។ ប៉ុន្តែតាមពិតទៅ ពួកគេមិនបានយល់ពីសេចក្ដីពិតណាមួយនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ឧទាហរណ៍៖ ពួកគេមិនយល់ពីពាក្យពេចន៍ខាងវិញ្ញាណដែលស្រដៀងគ្នា ឬការសម្ដែងចេញដែលស្រដៀងគ្នាមួយចំនួនទេ ហើយពួកគេក៏មិនបានដឹងពីភាពខុសគ្នារវាងពាក្យទាំងនោះ ឬដឹងពីរបៀបប្រើវាឱ្យស្របទៅតាមស្ថានភាពជាក់ស្ដែងដែរ។ ក្រៅពីការប្រកាន់តាមបទប្បញ្ញត្តិ និងការចេះតែនិយាយពាក្យពេចន៍ និងគោលលទ្ធិ ពួកគេខ្វះការយល់ដឹងពិតប្រាកដអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយក៏មិនបានអនុវត្តព្រះបន្ទូលទាំងនោះដោយពិតប្រាកដដែរ។ ដូច្នេះ ច្បាស់ណាស់ថា អ្នកដឹកនាំក្លែងក្លាយខ្លួនឯងផ្ទាល់ មិនយល់ពីសេចក្ដីពិតទេ ហើយពួកគេក៏គ្មានសមត្ថភាពដឹកនាំមនុស្សឱ្យយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចូលទៅក្នុងតថភាពនៃសេចក្ដីពិតដែរ។ យើងបានលើកយករឿងនេះមកបង្ហាញជាមួយនឹងឧទាហរណ៍អំពីការធ្វើជាមនុស្សស្មោះត្រង់។ អ្នកដឹកនាំក្លែងក្លាយ ដោយមិនដឹងថាត្រូវយល់ពីការពិតនៃការធ្វើជាមនុស្សស្មោះត្រង់តាមរបៀបណា ក៏បែរទៅជានិយាយពាក្យពេចន៍ និងគោលលទ្ធិ ហើយអធិប្បាយពាក្យស្លោក បំភាន់មនុស្សល្ងីល្ងើ និងមនុស្សមិនដឹងខ្យល់ទាំងនោះ ដែលគ្មានការយល់ដឹងខាងវិញ្ញាណ ធ្វើឱ្យពួកគេវង្វេងទិសដៅ។ បន្ទាប់ពីបានស្ដាប់ពាក្យពេចន៍ និងគោលលទ្ធិទាំងនេះហើយ ពួកគេថែមទាំងចាត់ទុកអ្នកដឹកនាំក្លែងក្លាយជានិមិត្តរូបពិសេសទៀតផង ហើយបន្ទាប់ពីបានដើរតាមពួកគេអស់ពេលជាច្រើនឆ្នាំរួមមក ចុងក្រោយ ពួកគេមិនយល់សូម្បីតែសេចក្ដីពិតសាមញ្ញបំផុត ដោយគ្មានច្រកចូលទាល់តែសោះ។ យើងនឹងបញ្ចប់ការប្រកបគ្នារបស់យើងពីចំណុចនេះនៅត្រឹមនេះចុះ។
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?