ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (១) ជំពូកទី៣
ចំណុចទីពីរ៖ ត្រូវស្គាល់ពីសភាពនៃប្រភេទមនុស្សនីមួយៗ ហើយដោះស្រាយការលំបាកផ្សេងៗទាក់ទងនឹងការចូលទៅក្នុងជីវិត ដែលពួកគេជួបប្រទះនៅក្នុងជីវិតជាក់ស្ដែងរបស់ពួកគេ (ផ្នែកទីមួយ)
អ្នកដឹកនាំក្លែងក្លាយមិនអាចមើលធ្លុះពីសភាពនៃប្រភេទមនុស្សម្នាក់ៗបានឡើយ
ទំនួលខុសត្រូវទីពីររបស់អ្នកដឹកនាំ និងអ្នកធ្វើការ គឺត្រូវស្គាល់សភាពរបស់មនុស្សគ្រប់ប្រភេទឱ្យបានច្បាស់ និងដោះស្រាយការលំបាកផ្សេងៗដែលទាក់ទងនឹងការចូលទៅក្នុងជីវិត ដែលពួកគេជួបប្រទះនៅក្នុងជីវិតពិតរបស់ពួកគេ។ តើអ្នកដឹកនាំក្លែងក្លាយបំពេញកិច្ចការនេះដោយរបៀបណា? តើពួកគេមានសមត្ថភាពសម្រាប់កិច្ចការនេះដែរឬទេ។ សូមយើងវែកញែកចំណុចនេះឱ្យល្អិតល្អន់។ ចំពោះការស្គាល់ពីសភាពរបស់មនុស្សគ្រប់ប្រភេទឱ្យបានច្បាស់ តើចំណុចនេះសម្រេចទៅបានដោយផ្អែកលើមូលដ្ឋានអ្វី? ចំណុចនេះសម្រេចទៅបានដោយផ្អែកលើមូលដ្ឋាននៃការយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលលាតត្រដាងពីនិស្ស័យពុករលួយ និងសារជាតិពុករលួយរបស់មនុស្សផ្សេងៗ។ ដើម្បីក្ដាប់ឱ្យបានពីសភាពរបស់មនុស្សផ្សេងៗ ដំបូង មនុស្សម្នាក់ត្រូវតែយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលលាតត្រដាងពីស្ថានភាពផ្សេងៗ និស្ស័យពុករលួយ និងសារជាតិពុករលួយរបស់មនុស្សជាមុនសិន ហើយយកមកផ្គូផ្គងនឹងខ្លួនឯង។ ប្រភេទនៃនិស្ស័យដែលព្រះជាម្ចាស់បានលាតត្រដាង សំដៅទៅលើមនុស្សក្នុងប្រភេទណាមួយ តើភាពជាមនុស្សរបស់ពួកគេមានលក្ខណៈបែបណា តើពួកគេមានលក្ខណៈសម្គាល់ និងការបើកសម្ដែងបែបណា ហើយតើពួកគេមានឥរិយាបថបែបណាចំពោះព្រះជាម្ចាស់ ចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចំពោះភារកិច្ចរបស់ពួកគេ។ សភាពទាំងនេះ ត្រូវតែផ្គូផ្គងជាមួយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយធ្វើបែបនេះ មនុស្សនឹងអាចក្ដាប់បានពីសភាពរបស់បុគ្គលម្នាក់ៗមិនខាន។ ហេតុដូច្នេះ ការស្គាល់ពីសភាពរបស់មនុស្សផ្សេងៗឱ្យបានច្បាស់ ដំបូងគឺសម្រេចទៅបានដោយផ្អែកលើមូលដ្ឋាននៃការយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការមានសមត្ថភាពយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្នកដឹកនាំក្លែងក្លាយគ្មានសមត្ថភាពយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ដូច្នេះ តើពួកគេអាចយល់ពីសេចក្ដីពិតដ៏ស្មុគស្មាញអំពីប្រភេទមនុស្សផ្សេងៗដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បានលាតត្រដាង ក៏ដូចជាសភាពផ្សេងៗ និងសារជាតិពុករលួយដែលត្រូវបានលាតត្រដាងបានដែរឬទេ? (មិនបានទេ។) ពួកគេមិនយល់ មិនដឹងពីទំនាក់ទំនងដែលពាក់ព័ន្ធនៅទីនេះទេ ហើយក៏មិនដឹងពីសេចក្ដីពិតដែលពាក់ព័ន្ធដែរ។ ដោយសារតែពួកគេគ្មានសមត្ថភាពយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូច្នេះ ការក្ដាប់បានពីសភាពរបស់មនុស្សផ្សេងៗ ដែលជាបញ្ហាគន្លឹះ និងបញ្ហាសំខាន់ គឺជាកិច្ចការដ៏លំបាក និងស្មុគស្មាញមួយសម្រាប់អ្នកដឹកនាំក្លែងក្លាយ។
តើអ្នកដឹកនាំក្លែងក្លាយក្ដាប់បានពីស្ថានភាពរបស់មនុស្សផ្សេងៗដោយរបៀបណា? ពួកគេគិតថា៖ «មនុស្សម្នាក់នេះមានចិត្តក្លៀវក្លា មនុស្សម្នាក់នោះមានចិត្តចង្អៀត មនុស្សម្នាក់នេះចូលចិត្តស្លៀកពាក់ឡូយឆាយ មនុស្សម្នាក់នោះមានសេចក្ដីជំនឿតិចតួច...»។ ពួកគេមើលតែបាតុភូតពីខាងក្រៅទាំងនេះប៉ុណ្ណោះ ប៉ុន្តែតើម្នាក់នោះមានឥរិយាបថចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចំពោះសេចក្ដីពិតយ៉ាងណាឱ្យប្រាកដ ហើយតើពួកគេមានសារជាតិធម្មជាតិជាអ្វីឱ្យពិតប្រាកដនោះ ពួកគេមិនដឹងឡើយ។ ឧទាហរណ៍៖ មនុស្សម្នាក់មានជំនឿពិតប្រាកដ និងមានសេចក្ដីក្លៀវក្លាក្នុងការបំពេញភារកិច្ចរបស់ខ្លួន ប៉ុន្តែការលំបាក និងចំណងគ្រួសាររបស់ពួកគេ ប៉ះពាល់ដល់លទ្ធផលនៃភារកិច្ចរបស់ពួកគេ។ អ្នកដឹកនាំក្លែងក្លាយ ពេលឃើញដូច្នេះ ក៏ចេះតែលាបពណ៌ពួកគេទាំងខុស ដោយនិយាយថា៖ «មនុស្សនេះគឺជាអ្នកមិនជឿ។ ពួកគេមិនអាចផ្ដាច់ខ្លួនចេញពីគ្រួសាររបស់ពួកគេបានទេ។ ពួកគេតែងតែគិតគូរពីកូនៗរបស់ពួកគេជានិច្ច។ ពួកគេមានប្រាក់សន្សំនៅផ្ទះ ប៉ុន្តែមិនថ្វាយជាតង្វាយទេ។ ដូច្នេះ មនុស្សនេះគឺជាមនុស្សដែលនាំបញ្ហាណាស់ ហើយមិនអាចយកមកប្រើសម្រាប់កិច្ចការសំខាន់ៗនាពេលអនាគតបានទេ»។ តាមពិតទៅ បញ្ហារបស់មនុស្សនេះមិនធ្ងន់ធ្ងរនោះទេ គឺគ្រាន់តែដោយសារតែពួកគេទើបតែជឿលើព្រះជាម្ចាស់បានមួយរយៈពេលខ្លី និងមានការយល់ដឹងតិចតួចអំពីសេចក្ដីពិត ទើបពួកគេមិនអាចមើលធ្លុះរឿងរ៉ាវជាច្រើនបាន។ ពួកគេមិនដឹងថាត្រូវប្រព្រឹត្តចំពោះគ្រួសារ និងកូនៗរបស់ពួកគេដោយរបៀបណា ឬមិនដឹងថាត្រូវ ចាត់ចែងទ្រព្យសម្បត្តិរបស់ពួកគេដោយរបៀបណាទេ។ ពួកគេកំពុងស្ថិតនៅក្នុងអំឡុងពេលនៃការអធិស្ឋាន និងការស្វែងរកនៅឡើយ ហើយមិនទាន់រកឃើញគោលការណ៍ និងវិធីសាស្រ្តអនុវត្តដែលត្រឹមត្រូវនៅឡើយទេ។ ពួកគេមានការតាំងចិត្តក្នុងការអនុវត្តសេចក្ដីពិត ប៉ុន្តែនៅពេលប្រឈមមុខនឹងចំណងគ្រួសារ និងការលំបាកនានា ពួកគេហាក់ទន់ខ្សោយបន្តិចបន្តួចជាបណ្ដោះអាសន្ន និងមិនសូវសកម្មខ្លាំងក្នុងការបំពេញភារកិច្ចរបស់ខ្លួនឡើយ។ ក៏ប៉ុន្តែ ពួកគេអាចបំពេញការងារដែលពួកជំនុំបានចាត់តាំងឱ្យពួកគេធ្វើដោយអស់ពីចិត្ត ដែលនេះគឺជារឿងមួយដែលមនុស្សភាគច្រើនមិនអាចធ្វើបានទេ។ ដោយវិនិច្ឆ័យតាមគុណសម្បត្តិ ភាពជាមនុស្ស និងឥរិយាបថរបស់ពួកគេចំពោះសេចក្ដីពិត ពួកគេគឺជាមនុស្សល្អម្នាក់។ ប៉ុន្តែអ្នកដឹកនាំក្លែងក្លាយមើលមិនឃើញបែបនេះទេ ពីព្រោះពួកគេមិនយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមិនដឹងពីរបៀបប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើជាខ្នាតដើម្បីវាស់ថាតើសារជាតិធម្មជាតិរបស់មនុស្សម្នាក់បែបណា ឬថាតើសភាពដែលមនុស្សណាម្នាក់កំពុងមាននោះគឺដោយសារតែសារជាតិធម្មជាតិរបស់ពួកគេ ឬជាភាពទន់ខ្សោយបណ្ដោះអាសន្ន ឬជាបញ្ហានៃកម្ពស់របស់ពួកគេឡើយ។ ពួកគេមិនអាចវាស់វែងរឿងទាំងនេះបានទេ។ ការលំបាកដែលមនុស្សប្រភេទនេះជួបប្រទះ គឺជាការលំបាកដែលកើតឡើងនៅក្នុងជីវិតពិត និងទាក់ទងនឹងការចូលទៅក្នុងជីវិត។ តើអ្នកដឹកនាំក្លែងក្លាយអាចដោះស្រាយបញ្ហាប្រភេទនេះបានដែរឬទេ? តើពួកគេអាចដោះស្រាយការលំបាករបស់មនុស្សទាំងនេះបានដែរឬទេ? (មិនបានទេ។) ដោយសារតែអ្នកដឹកនាំក្លែងក្លាយមិនអាចក្ដាប់បានច្បាស់ពីសភាពរបស់មនុស្សផ្សេងៗបានត្រឹមត្រូវ និងមិនអាចបែងចែកឱ្យបានត្រឹមត្រូវពីចំណុចល្អនិងចំណុចអាក្រក់នៃសារជាតិធម្មជាតិរបស់មនុស្សផ្សេងៗបាន ដូច្នេះ ពួកគេក៏មិនអាចដោះស្រាយការលំបាក និងបញ្ហារបស់មនុស្សផ្សេងៗឱ្យបានត្រឹមត្រូវដែរ។ ផ្ទុយទៅវិញ ពួកគេចាត់ទុកអ្នកណាដែលអាចរត់ចុះរត់ឡើង លះបង់ខ្លួន ស៊ូទ្រាំនឹងការលំបាក និងអាចលះបង់តម្លៃបាន តែមានគុណសម្បត្តិអន់ខ្សោយ និងខ្វះសមត្ថភាពក្នុងការយល់ដឹង ថាជាគោលដៅសំខាន់សម្រាប់ការបណ្ដុះបណ្ដាល ដោយផ្អែកតែទៅលើសេចក្ដីក្លៀវក្លាមួយមុខគត់ ហើយពួកគេប្រកបគ្នាដើម្បីដោះស្រាយការលំបាករបស់អ្នកទាំងនោះ នៅពេលដែលពួកគេជួបប្រទះការលំបាក។ ប៉ុន្តែសម្រាប់អ្នកមានគុណសម្បត្តិពិតប្រាកដ និងមានភាពជាមនុស្សល្អ នៅពេលដែលពួកគេជួបប្រទះការលំបាក និងមានភាពទន់ខ្សោយបន្តិចបន្តួច តើអ្នកដឹកនាំក្លែងក្លាយដោះស្រាយ និងចាត់ការការលំបាកទាំងនោះដោយរបៀបណា? នៅពេលដែលមនុស្សទាំងនេះប្រឈមមុខនឹងការលំបាក ហើយពួកគេគ្រាន់តែទន់ខ្សោយបន្តិចបន្តួចទៅតាមស្ថានភាពនោះ ដូច្នេះ ពួកគេគួរតែទទួលបានការជួយគាំទ្រ។ គួរតែប្រកបគ្នាអំពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ប្រាប់ពួកគេ មិនគួរទាត់ពួកគេចោលទាំងស្រុងនោះទេ ហើយរឹតតែមិនគួរលាបពណ៌ពួកគេទៅទៀត។ ប៉ុន្តែ តើអ្នកដឹកនាំក្លែងក្លាយដោះស្រាយការលំបាករបស់មនុស្សបែបនេះដោយរបៀបណា? ពួកគេនិយាយថា៖ «កិច្ចការរបស់ព្រះជាម្ចាស់បានឈានមកដល់ដំណាក់កាលបែបនេះហើយ តែអ្នកបែរជានៅជាប់ជំពាក់នឹងប្ដីរបស់អ្នក នឹងកូនៗរបស់អ្នកទៅវិញ។ អ្នកថែមទាំងឱ្យកូនរបស់អ្នកចូលរៀននៅសកលវិទ្យាល័យ និងដេញតាមអនាគតរបស់ពួកគេទៀត។ ដោយសារគ្រោះមហន្តរាយកាន់តែធ្ងន់ធ្ងរទៅៗ តើពិភពលោកនេះនៅមានអនាគតណាមួយទៀតឬ? អ្នកមិនអាចមើលថែសូម្បីតែជីវិតខ្លួនឯងផង តើអ្នកអាចខ្វល់ពីរឿងទាំងនោះបានយ៉ាងដូចម្ដេចទៅ? កិច្ចការរបស់ព្រះជាម្ចាស់ជិតចប់ហើយ ពេលវេលាបន្ទាន់ខ្លាំងណាស់! ប្រសិនបើអ្នកមិនលះបង់ខ្លួនអ្នកទាំងស្រុងទេ តើអ្នកនៅតែអាចត្រូវគេហៅថាជាភាវៈដែលព្រះបានបង្កើតមកបានដែរឬទេ? តើអ្នកនៅតែជាមនុស្សទៀតទេ?» តើនេះពិតជាការលំបាករបស់មនុស្សទាំងនេះមែនទេ? (មិនមែនទេ។) មូលហេតុដែលមនុស្សទាំងនេះហាក់ទន់ខ្សោយបន្តិចបន្តួច នៅពេលដែលពួកគេប្រឈមមុខនឹងការលំបាក គឺគ្រាន់តែដោយសារតែកម្ពស់ខាងវិញ្ញាណរបស់ពួកគេនៅតូចទាបប៉ុណ្ណោះ មិនមែនដោយសារតែពួកគេមិនស្រឡាញ់សេចក្ដីពិត ឬមិនសុខចិត្តបំពេញភារកិច្ចរបស់ពួកគេនោះទេ។ ហេតុដូច្នេះ អ្វីដែលអ្នកដឹកនាំក្លែងក្លាយនិយាយ មិនស៊ីគ្នានឹងសភាពរបស់ពួកគេទេ។ ច្បាស់ណាស់ថា នេះគឺជាការលាបពណ៌ខុស ដោយមិនបានក្ដាប់ឱ្យបានចំណុចស្នូល ឬចំណុចសំខាន់នៃសភាពរបស់ពួកគេ មិនបានយល់ពីអ្វីដែលពួកគេកំពុងគិតពិតប្រាកដ តើពួកគេជាមនុស្សប្រភេទណា ហើយតើគួរណែនាំ និងជួយពួកគេរបៀបណា ដើម្បីដោះស្រាយការលំបាករបស់ពួកគេ។ អ្នកដឹកនាំក្លែងក្លាយមិនដឹងពីរបៀបដោះស្រាយបញ្ហាទាំងនេះទេ។ ដូច្នេះ តើមនុស្សម្នាក់គួរដោះស្រាយបញ្ហាបែបនេះដោយរបៀបណា នៅពេលដែលវាកើតឡើង? អ្នកអាចនិយាយបានថា៖ «បញ្ហាដែលអ្នកកំពុងប្រឈមមុខ គឺជាបញ្ហាដែលមនុស្សជាច្រើនជួបប្រទះ។ អ្នកណាដែលអាចចាកចេញពីគ្រួសាររបស់ពួកគេបានដោយពិតប្រាកដ និងអាចលះបង់ខ្លួនទាំងស្រុងដើម្បីព្រះជាម្ចាស់បាន គឺមិនមែនធ្វើអ្វីតាមចិត្តនឹកឃើញមួយពេលទេ ប៉ុន្តែពួកគេបានត្រៀមខ្លួនជាយូរមកហើយ។ ទីមួយគឺ ពួកគេបានយល់ពីសេចក្ដីពិតគ្រប់គ្រាន់ ហើយមានការតាំងចិត្តយ៉ាងពិតប្រាកដក្នុងការកាត់ផ្ដាច់ចេញពីគ្រួសាររបស់ពួកគេ ដើម្បីលះបង់ខ្លួនទាំងស្រុងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយពួកគេអាចធានាបានថា ពួកគេនឹងមិនស្ដាយក្រោយនៅពេលក្រោយឡើយ ពោលគឺ ពួកគេបានគិតរួចស្រេចអស់ហើយ។ ជាងនេះទៅទៀត ក្នុងអំឡុងពេលនេះ ពួកគេក៏អធិស្ឋានទៅព្រះជាម្ចាស់សម្រាប់ការត្រៀមខ្លួន និងដើម្បីបើកផ្លូវទៅមុខ ហើយក្នុងពេលនោះដែរ ពួកគេបន្តបំពាក់បំប៉នខ្លួនគេដោយសេចក្ដីពិត ដោយអនុញ្ញាតឱ្យខ្លួនពួកគេយល់ពីសេចក្ដីពិតបានកាន់តែច្រើន និងមានការជឿជាក់កាន់តែច្រើនក្នុងការដាក់ចុះគ្រប់យ៉ាង ដើម្បីលះបង់ខ្លួនថ្វាយព្រះជាម្ចាស់ទាំងស្រុង។ ការនេះទាមទារពេលវេលា ការអធិស្ឋាន ហើយពិតណាស់ គឺទាមទារការដឹកនាំ និងការចាត់ចែងពីព្រះជាម្ចាស់។ ប្រសិនបើអ្នកមានការតាំងចិត្តបែបនេះ ចូរកុំបារម្ភអី។ ចូរអធិស្ឋានទៅព្រះជាម្ចាស់ ហើយរង់ចាំដោយស្ងៀមស្ងាត់ នោះព្រះជាម្ចាស់នឹងធ្វើការចាត់ចែងសម្រាប់អ្នកមិនខាន។ ប្រសិនបើការអធិស្ឋាន និងការតាំងចិត្តរបស់អ្នក ស្របតាមព្រះរាជបំណងរបស់ព្រះជាម្ចាស់ និងទទួលបានការពេញព្រះទ័យពីព្រះជាម្ចាស់ ប្រសិនបើអ្នកត្រៀមខ្លួនរួចរាល់ ហើយអ្នកនឹងចុះចូលទោះបីជាព្រះជាម្ចាស់ធ្វើអ្វីក៏ដោយ ហើយមិនមានអារម្មណ៍ស្ដាយក្រោយ នោះព្រះជាម្ចាស់ច្បាស់ជានឹងបើកផ្លូវសម្រាប់អ្នកមិនខាន។ ក្នុងអំឡុងពេលនេះ អ្វីដែលមនុស្សគួរធ្វើ គឺត្រៀមខ្លួន និងរង់ចាំ។ រឿងតែមួយគត់ដែលពួកគេអាចធ្វើបានគឺ បំពាក់បំប៉នខ្លួនគេដោយសេចក្ដីពិត យល់ពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ និងអនុញ្ញាតឱ្យកម្ពស់របស់ពួកគេលូតលាស់បន្តិចម្ដងៗ។ នៅពេលដែលព្រះជាម្ចាស់រៀបចំមជ្ឈដ្ឋានផ្សេងៗ ប្រសិនបើអ្នកអាចជ្រើសរើសចុះចូលនឹងអធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់ដោយគ្មានការត្អូញត្អែរ នេះគឺជាការដែលមានកម្ពស់ហើយ ពោលគឺទោះបីជាព្រះជាម្ចាស់ធ្វើអ្វី ឬទ្រង់ចាត់ចែងយ៉ាងណាក៏ដោយ ក៏អ្នកនឹងអាចចុះចូលបានដែរ»។ តើអ្នកគិតយ៉ាងណាចំពោះការណែនាំបែបនេះ? (ជាការណែនាំល្អ។) ម៉្យាង អ្នកកំពុងបំពេញការទទួលខុសត្រូវរបស់អ្នក ដោយជួយមនុស្សឱ្យយល់ពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ ហើយក្នុងពេលជាមួយគ្នានេះ អ្នកមិនបង្ខំពួកគេឱ្យហួសពីសមត្ថភាពរបស់ពួកគេឡើយ ប៉ុន្តែប្រព្រឹត្តចំពោះពួកគេដោយយោងទៅតាមស្ថានភាពជាក់ស្ដែងរបស់ពួកគេ។ តើនេះមិនមែនជាការដោះស្រាយបញ្ហាដោយប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេឬ? តើវាមិនមែនជាការដោះស្រាយការលំបាកដែលមនុស្សជួបប្រទះនៅក្នុងជីវិតពិតដោយផ្អែកលើសភាពរបស់ពួកគេទេឬ? (មែនហើយ។)
ក្នុងការបំពេញភារកិច្ចរបស់ខ្លួន មនុស្សមួយចំនួនតែងតែបំពេញការងារបែបបង្គ្រប់កិច្ច និងគ្មានការទទួលខុសត្រូវសោះឡើយ ពួកគេតែងតែមានឫកធំដូចជាមន្ត្រី ក្រអឺតក្រទម រាប់ខ្លួនឯងជាសុចរិត ហើយមិនចេះសហការជាមួយគេឡើយ ហើយពួកគេបង្កការខូចខាតដល់កិច្ចការរបស់ពួកជំនុំ ដោយគ្មានអារម្មណ៍ស្ដាយក្រោយសូម្បីតែបន្តិចណាឡើយ។ នៅពេលឃើញស្ថានភាពបែបនេះ អ្នកដឹកនាំក្លែងក្លាយ ក៏ចាប់ផ្ដើមចាត់ការ និងដោះស្រាយបញ្ហានោះ ដោយនិយាយថា៖ «បុគ្គលម្នាក់នេះដើរតួយ៉ាងសំខាន់នៅក្នុងកិច្ចការនេះ។ មើលទៅហាក់ដូចជាគ្មាននរណាម្នាក់ដែលស័ក្តិសមអាចជំនួសគាត់បានឡើយ ដូច្នេះ យើងចាំបាច់ត្រូវប្រកបគ្នាជាមួយគាត់ ដើម្បីដោះស្រាយការលំបាករបស់គាត់»។ ក្នុងអំឡុងពេលប្រកបគ្នានោះ អ្នកដឹកនាំក្លែងក្លាយបានដឹងថា បុគ្គលនេះមិនចង់បំពេញភារកិច្ចរបស់ខ្លួនទាល់តែសោះ។ គាត់ចង់ដេញតាមអ្វីៗនៅខាងលោកិយ ចង់រកលុយពីអាជីពការងាររបស់ខ្លួន និងរស់នៅក្នុងជីវិតដ៏ល្អមួយ ហើយគាត់ចាត់ទុកថា ការតម្រូវឱ្យគាត់បំពេញភារកិច្ចរបស់ខ្លួន គឺជាការទាមទារពីគាត់ច្រើនពេកហើយ។ គាត់មានអារម្មណ៍ថា ការបំពេញភារកិច្ចរបស់ខ្លួននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ មានន័យថាត្រូវរវល់រាល់ថ្ងៃ មិនត្រឹមតែបំផ្លាញជីវិតគ្រួសារផ្ទាល់ខ្លួនរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យគាត់មិនអាចរក្សាទំនាក់ទំនងជាមួយសមាជិកគ្រួសារបានទៀតផង ហើយប្រសិនបើគាត់បំពានគោលការណ៍ នៅពេលបំពេញកំពុងភារកិច្ច នោះគាត់នឹងត្រូវទទួលរងការលួសកាត់មិនខាន។ គាត់យល់ថា ជីវិតបែបនេះគឺជូរចត់ពេកហើយ ហើយគាត់មិនចង់រស់នៅបែបនេះទេ។ បញ្ហាគឺច្បាស់ណាស់៖ អាកប្បកិរិយារបស់គាត់បង្ហាញថា គាត់គឺជាអ្នកមិនជឿ។ ប៉ុន្តែ តើអ្នកដឹកនាំក្លែងក្លាយដោះស្រាយបញ្ហានេះដោយរបៀបណា? អ្នកដឹកនាំក្លែងក្លាយគិតថា៖ «បុគ្គលនេះ គឺជាមនុស្សមានទេពកោសល្យម្នាក់នៅក្នុងចំណោមពួកអ្នកមិនជឿ។ មិនងាយរកបានមនុស្សដូចជាគាត់នោះទេ។ សភាពរបស់គាត់បានក្លាយជាបញ្ហារួចជាស្រេចទៅហើយ ខ្ញុំត្រូវតែប្រញាប់ទុកកិច្ចការដែលខ្ញុំរវល់ជាប់ដៃបំផុតចោលមួយឡែកសិន ដើម្បីទៅប្រកបគ្នាជាមួយគាត់ ដើម្បីជួយគាត់ដោះស្រាយបញ្ហានេះ។ តើត្រូវដោះស្រាយដោយរបៀបណា? ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺមានអំណាចបំផុត។ ជាដំបូង ខ្ញុំនឹងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរបីអត្ថបទឱ្យគាត់ស្ដាប់ ដើម្បីដោះស្រាយបញ្ហាដែលគាត់មិនចង់បំពេញភារកិច្ចរបស់ខ្លួន»។ អ្នកដឹកនាំក្លែងក្លាយប្រាប់គាត់ថា៖ «ឥឡូវនេះ ដោយសារគ្រោះមហន្តរាយបានមកដល់ហើយ មនុស្សមិនអាចរស់នៅក្នុងជីវិតល្អបានទៀតទេ។ អ្នកនៅតែចង់រកប្រាក់តាមរយៈអាជីពការងារ និងរស់នៅក្នុងជីវិតគ្រួសារដ៏សាមញ្ញមួយ ប៉ុន្តែមិនយូរប៉ុន្មាន ពិភពលោកទាំងមូលនឹងស្ថិតនៅក្នុងភាពវឹកវរ ហើយនឹងលែងមានគ្រួសារសាមញ្ញអ្វីទៀតហើយ។ តើអ្នកមើលមិនធ្លុះរឿងទាំងនេះទេឬ? អ្នកត្រូវតែអធិស្ឋានទៅព្រះជាម្ចាស់ឱ្យបានច្រើន។ ការអធិស្ឋានទៅព្រះជាម្ចាស់នឹងផ្ដល់សេចក្ដីជំនឿដល់អ្នកកាន់តែច្រើន។ អ្នកក៏ត្រូវការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានច្រើនផងដែរ។ បន្ទាប់ពីហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរបីដងហើយ បញ្ហារបស់អ្នក នឹងត្រូវដោះស្រាយមិនខាន»។ បន្ទាប់មក គាត់ក៏រកអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រាំ ឬដប់អត្ថបទ មកអាន និងប្រកបគ្នាជាមួយបុគ្គលនោះ។ បុគ្គលនោះក៏ឆ្លើយតបថា៖ «ឈប់ប្រកបគ្នាទៅ។ ខ្ញុំយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់នេះហើយ។ ខ្ញុំមានការអប់រំច្រើនជាងអ្នកទៅទៀត។ កុំអួតសម្ញែងអី»។ ការប្រកបគ្នាពេញមួយថ្ងៃ តែគ្មានដោះស្រាយបានអ្វីសោះ។ អ្នកដឹកនាំក្លែងក្លាយក៏គិតក្នុងចិត្តថា៖ «ខ្ញុំបានធ្វើកិច្ចការពួកជំនុំអស់រយៈពេលជាច្រើនឆ្នាំមកហើយ ខ្ញុំមិនជឿថា ខ្ញុំមិនអាចដោះស្រាយបញ្ហារបស់អ្នកបានទេ»។ នៅពេលល្ងាច គាត់ក៏ប្រញាប់បន្តការប្រកបគ្នាទៀតថា៖ «អ្នកត្រូវតែស្រឡាញ់ និងថ្វាយបង្គំព្រះជាម្ចាស់! អ្នកមានសង្ឃឹមចង់ក្លាយជាភាវៈដែលព្រះបានបង្កើតមក ដែលត្រូវតាមស្ដង់ដា។ ភារកិច្ចនេះមិនមែនងាយស្រួលនឹងទទួលបានមកនោះទេ។ អ្នកត្រូវតែឱ្យតម្លៃខ្ពស់ចំពោះឱកាសនេះ ពីព្រោះប្រសិនបើអ្នកខកខានឱកាសនេះ នោះនឹងគ្មានឱកាសផ្សេងទៀតឡើយ។ ដោយសារគុណសម្បត្តិ និងលក្ខខណ្ឌរបស់អ្នកល្អយ៉ាងនេះ ដូច្នេះ ការដែលអ្នកមិនបានបំពេញភារកិច្ចរបស់ខ្លួន តើមិនគួរឱ្យស្ដាយទេឬ? មនុស្សដែលមានទេពកោសល្យដូចជាអ្នក គួរតែត្រូវបានដំឡើងឋានៈ និងប្រើប្រាស់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ នៅទីនេះ អ្នកមានអនាគតល្អណាស់!» បុគ្គលនោះនិយាយថា៖ «ឈប់និយាយទៅ។ ប្រសិនបើអ្នកឱ្យខ្ញុំបំពេញភារកិច្ចរបស់ខ្ញុំ ខ្ញុំនៅតែប្រកាន់ឥរិយាបថដដែលទេ។ ប្រសិនបើខ្ញុំមិនត្រូវបានអនុញ្ញាតឱ្យបំពេញភារកិច្ចនេះទេ ខ្ញុំនឹងចាកចេញភ្លាម។ ខ្ញុំមិនមែនកំពុងសុំដើម្បីបានស្នាក់នៅទីនេះទេ!» អ្នកដឹកនាំក្លែងក្លាយខំប្រឹងរកពាក្យមកនិយាយអស់ហើយ ប៉ុន្តែមិនអាចបញ្ចុះបញ្ចូលបុគ្គលនេះបាន ឬដោះស្រាយបញ្ហារបស់គាត់បានទេ។ តើមកពីហេតុអ្វី? គឺដោយសារតែគាត់មើលមិនធ្លុះពីបញ្ហាឫសគល់របស់បុគ្គលនេះ។ នៅពេលបំពេញភារកិច្ចរបស់ខ្លួន បុគ្គលនេះធ្វើការបែបបង្គ្រប់កិច្ច នៅពេលណាខ្លួនចង់ធ្វើបែបនេះ បោកបញ្ឆោត នៅពេលណាដែលខ្លួនចង់បោកបញ្ឆោត ឬធ្វើការឱ្យតែរួចទីដៃ ប្រសិនបើខ្លួនចង់ធ្វើបែបនោះមែន។ មិនថាគាត់ធ្វើកិច្ចការអ្វីក៏ដោយ ក៏គាត់គ្មានការទទួលខុសត្រូវដែរ។ គាត់មិនព្រមចំណាយកម្លាំងបន្តិចបន្តួចបន្ថែមទៀត ឬនិយាយពីរបីម៉ាត់បន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាខ្លះៗទេ ដោយគាត់យល់ថា វាបង្កការលំបាក និងគួរឱ្យធុញទ្រាន់។ គាត់ដឹងយ៉ាងច្បាស់ពីរបៀបបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមស្ដង់ដា និងរបៀបប្រព្រឹត្តឱ្យបានសមរម្យ ប៉ុន្តែគាត់មិនព្រមអនុវត្តតាមរបៀបនេះទេ។ ទោះយ៉ាងនេះក្ដី ក៏គាត់នៅតែបន្តបំពេញភារកិច្ចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដដែល។ តើស្ថានភាពនេះមានលក្ខណៈបែបណា? តើមានបញ្ហាអ្វីនៅទីនេះ? (គាត់ចូលមកដោយមានបំណងចង់បានព្រះពរ និងធ្វើការដោះដូរ។) គាត់មកដោយមានក្ដីសង្ឃឹមបែបនេះ។ មនុស្សបែបនេះ គេហៅថា មនុស្សឆ្លៀតឱកាស។ គាត់និយាយថា៖ «ខ្ញុំបានឮថា ពិភពលោកនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ ថ្ងៃវិនាសបានមកដល់ហើយ ដូច្នេះ ខ្ញុំមិនចាំបាច់ទៅធ្វើការទៀតទេ។ យ៉ាងណា ខ្ញុំរកលុយបានច្រើនគ្រប់គ្រាន់ដែរហើយ។ ខ្ញុំក៏គួរតែមកដំណាក់របស់ព្រះជាម្ចាស់ដែរ ដើម្បីមានការធ្វើផង និងដើម្បីកក់កន្លែងមួយសម្រាប់ខ្លួនឯង ដើម្បីឱ្យខ្ញុំអាចមានសង្ឃឹមទទួលបានព្រះពរនៅពេលក្រោយផង»។ ដោយវិនិច្ឆ័យតាមឥរិយាបថ និងបំណងរបស់គាត់ក្នុងការបំពេញភារកិច្ចរបស់់ខ្លួន ជំនឿរបស់គាត់លើព្រះជាម្ចាស់ គឺជាការឆ្លៀតឱកាស។ គាត់បានមកដំណាក់របស់ព្រះជាម្ចាស់ ដើម្បីមកជ្រកស៊ី មិនមែនចេញពីសេចក្ដីជំនឿពិតនោះទេ។ ឥរិយាបថរបស់គាត់ នៅពេលបំពេញភារកិច្ចរបស់ខ្លួន គឺមើលស្រាលការងារខ្លាំងណាស់។ ដើម្បីប្រើគាត់ ពួកជំនុំត្រូវលួងលោម និងចរចាជាមួយគាត់ ហើយគាត់នៅតែបំពេញភារកិច្ចមិនបានល្អដដែល។ តើមនុស្សម្នាក់ដែលគ្មានសូម្បីតែសតិសម្បជញ្ញៈផងនោះ អាចបំពេញភារកិច្ចរបស់ខ្លួនបានដែរឬទេ? គាត់គ្រាន់តែជាជនឆ្លៀតឱកាស និងមកជ្រកស៊ីប៉ុណ្ណោះ គាត់គឺជាអ្នកមិនជឿ។ ដោយពិនិត្យទៅលើលក្ខណៈនៃទិដ្ឋភាពទាំងពីរនៃបញ្ហានេះ ក្នុងការព្យាយាមដោះស្រាយបញ្ហានេះ តើអ្នកដឹកនាំក្លែងក្លាយក្ដាប់បានពីសារជាតិនៃបញ្ហានេះទេ? (អត់ទេ។) ការដែលមើលមិនធ្លុះពីសារជាតិនៃបញ្ហានេះហើយ ទើបគាត់នៅតែចាត់ទុកបុគ្គលនេះថាជាអ្នកជឿពិតប្រាកដទៀត គ្រាន់តែថាគេជាមនុស្សម្នាក់ដែលខ្វះការយល់ដឹងពីសេចក្ដីពិត មានកម្ពស់តូចទាប មានភាពទន់ខ្សោយបណ្ដោះអាសន្ន និងត្រូវការការជួយគាំទ្រប៉ុណ្ណោះ។ ផ្អែកតាមទស្សនៈទាំងនេះ អ្នកដឹកនាំក្លែងក្លាយបានព្យាយាមប្រកបគ្នា និងជួយហើយ តែត្រូវបានគេប្រាប់វិញថា៖ «ឈប់និយាយទៅ។ គោលលទ្ធិដែលអ្នកបាននិយាយមកទាំងអម្បាលម៉ាននោះ គឺគ្មានប្រយោជន៍ឡើយ។ ខ្ញុំដឹងពីគោលលទ្ធិទាំងនោះហើយ ខ្ញុំយល់ច្រើនជាងអ្នកទៅទៀត។ តើអ្នកយល់ពីគោលលទ្ធិពិតប្រាកដបានប៉ុន្មានទៅ? តើអ្នកមានការអប់រំប៉ុនណាទៅ? ខ្ញុំបានអានសៀវភៅច្រើនជាងអ្នកហូបបាយទៅទៀត!» ធម្មជាតិរបស់បុគ្គលនេះបានបង្ហាញចេញមកហើយ មែនទេ? អ្នកដឹកនាំក្លែងក្លាយនៅតែជឿថា ខ្លួនកំពុងបំពេញកិច្ចការហើយ ដោយមិនដឹងថា តាមពិតបុគ្គលនេះ គឺជាអ្នកមិនជឿសោះ។ នៅពេលដែលពួកអ្នកមិនជឿបំពេញភារកិច្ចរបស់ខ្លួននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ សូម្បីតែការងាររបស់ពួកគេ ក៏មិនត្រូវតាមស្ដង់ដាដែរ។ តើគួរទុកមនុស្សបែបនេះនៅក្បែរទេ? (មិនគួរទេ។) ហេតុដូច្នេះ នេះគឺជាគោលការណ៍សម្រាប់ដោះស្រាយជាមួយមនុស្សប្រភេទនេះនៅក្នុងដំណាក់របស់ព្រះជាម្ចាស់៖ ប្រសិនបើពួកគេអាចបំពេញកិច្ចការបាន និងសុខចិត្តធ្វើការ ចូរទុកពួកគេចុះ។ ប្រសិនបើពួកគេមិនសុខចិត្តទេ ចូរប្រញាប់បោសសម្អាតពួកគេចេញ ដោយមិនចាំបាច់លើកទឹកចិត្តពួកគេឱ្យនៅ ឬដាស់តឿនពួកគេឡើយ។ តើអ្នកដឹកនាំក្លែងក្លាយដឹងពីគោលការណ៍នេះទេ? ពួកគេមិនដឹងទេ។ ពួកគេប្រព្រឹត្តដាក់មនុស្សស្លាប់ ដូចជាមនុស្សរស់ ដោយផ្ដល់អាហារ និងទឹកឱ្យពួកគេ។ តើនោះមិនមែនជារឿងល្ងង់ខ្លៅទេឬ? ពួកអ្នកដឹកនាំក្លែងក្លាយធ្វើរឿងល្ងង់ខ្លៅបែបនេះឯង។
អ្នកដឹកនាំក្លែងក្លាយមិនអាចដោះស្រាយការលំបាក និងបញ្ហានានា ដែលមនុស្សជួបប្រទះនៅក្នុងការចូលទៅក្នុងជីវិតរបស់ពួកគេបានឡើយ
នៅក្នុងស្ថានភាពផ្សេងៗ នៅពេលដែលមនុស្សខុសៗគ្នាបង្ហាញឱ្យឃើញពីសភាព និងលក្ខណៈសម្គាល់ផ្សេងៗ អ្នកដឹកនាំក្លែងក្លាយតែងតែមិនអាចក្ដាប់បានពីសារជាតិនៃការបើកសម្ដែងទាំងនេះទេ ហើយក៏មិនអាចដោះស្រាយបញ្ហាដែលកើតឡើងចេញពីការបើកសម្ដែងទាំងនោះបានដែរ។ ដោយសារពួកគេមិនយល់ពីសេចក្ដីពិត ដូច្នេះ ពួកគេលាបពណ៌ទាំងខុស និងប្រព្រឹត្តខុសឆ្គងផ្តេសផ្តាស ដោយច្រឡំអ្នកដែលទន់ខ្សោយបណ្ដោះអាសន្ន ឬអ្នកដែលមានភាពអវិជ្ជមានម្ដងម្កាល ថាជាពួកអ្នកមិនជឿ និងជាមនុស្សដែលក្បត់ព្រះជាម្ចាស់។ ចំណែកឯពួកអ្នកមិនជឿទាំងនោះដែលមើលពីសម្បកក្រៅទៅដូចជាមានអំណោយទានខ្លះ ដែលអាចធ្វើកិច្ចការងាយៗបាន និងខំប្រឹងបញ្ចេញកម្លាំងខ្លះ ត្រូវបានចាត់ទុកថាជាគោលដៅសំខាន់ដែលត្រូវជួយគាំទ្រ។ មនុស្សទាំងនេះមានអារម្មណ៍ខ្មាសអៀនក្នុងការនិយាយដោយត្រង់ពីការមិនចង់បំពេញភារកិច្ចរបស់ខ្លួន ប៉ុន្តែអ្នកដឹកនាំក្លែងក្លាយបែរជាមើលមិនធ្លុះពីចំណុចនេះ ហើយបន្តបញ្ចុះបញ្ចូលពួកគេឱ្យនៅបន្តទៀត។ អ្នកដឹកនាំក្លែងក្លាយមិនបានធ្វើអ្វីក្រៅពីប្រព្រឹត្តអំពើល្ងង់ខ្លៅនោះទេ។ មនុស្សអាក្រក់រំខានពួកជំនុំ ប៉ុន្តែពួកគេនៅតែខ្វាក់មិនឃើញរឿងនេះ ហើយមិនដោះស្រាយបញ្ហាដដែល។ តើនេះមិនមែនជាការប្រព្រឹត្តខុសខ្វះការយកចិត្តទុកដាក់ទេឬ? តើការប្រព្រឹត្តខុសខ្វះការយកចិត្តទុកដាក់របស់អ្នកដឹកនាំក្លែងក្លាយកើតឡើងដោយរបៀបណា? ពួកគេគ្មានសមត្ថភាពយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងមិនយល់ពីសេចក្ដីពិតឡើយ ដូច្នេះ នៅពេលប្រឈមមុខនឹងស្ថានភាពផ្សេងៗ ពួកគេមានតែបែរទៅរកគោលលទ្ធិសាមញ្ញនិងជាក់ស្ដែងបំផុតដែលពួកគេយល់ ដោយយកវាមកអនុវត្តម្ដងហើយម្ដងទៀត ដែលគ្មានអ្វីក្រៅតែពីបង្អាក់ និងបង្កការរំខានប៉ុណ្ណោះ។ ជាញឹកញាប់ ពួកគេមិនត្រឹមតែមិនអាចដោះស្រាយការលំបាកដែលមនុស្សជួបប្រទះក្នុងការចូលទៅក្នុងជីវិតបានទេ ហើយពួកគេមិនត្រឹមតែមិនអាចជួយគាំទ្រមនុស្សចេញពីភាពទន់ខ្សោយទៅជាភាពខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងធ្វើឱ្យមនុស្សមានសញ្ញាណ និងការយល់ខុសអំពីព្រះជាម្ចាស់ទៀតផង ដោយធ្វើឱ្យពួកគេគិតថា ពួកជំនុំកំពុងព្យាយាមអូសទាញពួកគេឱ្យបម្រើការ ដើម្បីទាញប្រយោជន៍ពីការបម្រើការងាររបស់ពួកគេ ហាក់ដូចជាដំណាក់របស់ព្រះជាម្ចាស់ខ្វះបុគ្គលដែលមានទេពកោសល្យ និងមិនអាចរកមនុស្សដែលស័ក្តិសមបានអ៊ីចឹង។ នេះគឺជាផលប៉ះពាល់អវិជ្ជមានដែលបង្កឡើងដោយកិច្ចការរបស់អ្នកដឹកនាំក្លែងក្លាយ។ តើរឿងនេះកើតឡើងដោយរបៀបណា? (អ្នកដឹកនាំក្លែងក្លាយមិនអាចយល់ដឹងពីសេចក្ដីពិត មិនយល់ពីសេចក្ដីពិតឡើយ ហើយនៅពេលដែលពួកគេជួបប្រទះនឹងស្ថានភាពផ្សេងៗ ពួកគេគ្រាន់តែអនុវត្តបទប្បញ្ញត្តិប៉ុណ្ណោះ។) ពួកគេមិនអាចយល់ដឹងស៊ីជម្រៅពីសេចក្ដីពិតបានទេ ពួកគេគ្រាន់តែអាចចងចាំពាក្យពេចន៍ និងគោលលទ្ធិងាប់ក្រឡាស្ដូកខ្លះប៉ុណ្ណោះ។ ពួកគេខ្វះការយល់ដឹងពិតប្រាកដតាមរយៈបទពិសោធ និងខ្វះការយល់ដឹងពីសេចក្ដីពិត។ ដូច្នេះ នៅពេលដែលបញ្ហាកើតឡើងពិតមែន ពួកគេអាចនិយាយបានត្រឹមតែឃ្លាសោះកក្រោះពីរបីឃ្លាប៉ុណ្ណោះ៖ «ស្រឡាញ់ព្រះជាម្ចាស់» «ធ្វើជាមនុស្សស្មោះត្រង់» «ត្រូវស្ដាប់បង្គាប់ និងចុះចូល នៅពេលប្រឈមមុខនឹងស្ថានភាពផ្សេងៗ» «បំពេញភារកិច្ចរបស់អ្នកឱ្យបានល្អ» «អ្នកចាំបាច់ត្រូវមានភាពស្មោះត្រង់» «អ្នកត្រូវតែបះបោរទាស់នឹងសាច់ឈាម» «អ្នកត្រូវលះបង់ខ្លួនដើម្បីព្រះជាម្ចាស់»។ ពួកគេប្រើគោលលទ្ធិ ពាក្យស្លោក និងសម្ដីឥតន័យខ្លឹមសារទាំងនេះ ដើម្បីតុបតែងខ្លួនឱ្យស្អាត ហើយពួកគេក៏បង្រៀនវាដល់អ្នកដទៃផងដែរ ដោយសង្ឃឹមថានឹងមានឥទ្ធិពល និងផលវិជ្ជមានទៅលើពួកគេ ប៉ុន្តែវាមិនសម្រេចបានផលអ្វីឡើយ ហើយក៏មិនបានផ្លាស់ប្ដូរអ្វីដែរ។ ហេតុដូច្នេះ អ្នកដឹកនាំក្លែងក្លាយគ្មានសមត្ថភាពសម្រេចកិច្ចការណាមួយបានឡើយ។ ដោយសារពួកគេមិនអាចសូម្បីតែដោះស្រាយការលំបាកផ្សេងៗដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ជួបប្រទះនៅក្នុងការចូលទៅក្នុងជីវិតបានផង ដូច្នេះ តើពួកគេអាចដឹកនាំពួកជំនុំបានល្អដោយរបៀបណាទៅ?
នៅពេលដែលមនុស្សជួបប្រទះការលំបាកផ្សេងៗក្នុងជីវិតពិត ហើយមិនដឹងថាត្រូវប្រឈមមុខនឹងការលំបាកទាំងនោះដោយរបៀបណា មិនដឹងថាត្រូវអនុវត្តសេចក្ដីពិតដោយរបៀបណា ពួកគេចាំបាច់ត្រូវស្វែងរកសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ មកដោះស្រាយបញ្ហាទាំងនេះ។ ប្រសិនបើមនុស្សម្នាក់ដែលមានកម្ពស់តូចទាប មិនដឹងពីរបៀបស្វែងរកសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមិនដឹងពីរបៀបស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលពាក់ព័ន្ធ ពួកគេគួរតែទៅរកអ្នកណាដែលយល់ពីសេចក្ដីពិត ដើម្បីប្រកបគ្នាដោះស្រាយបញ្ហានោះ ហើយក្នុងពេលជាមួយគ្នានោះដែរ ពួកគេក៏ត្រូវហ្វឹកហាត់ពីរបៀបស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលពាក់ព័ន្ធ និងរបៀបយល់ដឹងពីសេចក្ដីពិតឱ្យបានផងដែរ។ នេះមានន័យថា ពួកគេត្រូវស្វែងយល់តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ថាតើមានគោលការណ៍ និងបទដ្ឋានអ្វីខ្លះ ដែលព្រះជាម្ចាស់តម្រូវ អំពីបៀបដែលព្រះជាម្ចាស់កំណត់និយមន័យបញ្ហា និងអ្វីដែលទ្រង់តម្រូវទាក់ទងនឹងបញ្ហានោះ ហើយថាតើមានការពន្យល់លម្អិតជាក់លាក់ណាមួយដែរឬទេ។ ប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់អំពីប្រធានបទនេះ សាមញ្ញដែរទេ ដោយគ្រាន់តែរៀបរាប់ពីគោលការណ៍ ដោយពុំមានផ្ដល់ឧទាហរណ៍លម្អិតអ្វីទេនោះ ដូច្នេះ អ្នកគួរតែរៀនពិចារណា។ ប្រសិនបើអ្នកមិនអាចយល់តាមរយៈការពិចារណាបានទេ ចូរទៅរកមនុស្សបន្ថែមទៀតដើម្បីប្រកបគ្នាជាមួយពួកគេ ប្រកបគ្នានៅក្នុងការជួបជុំ ព្រមទាំងរាវរក និងស្វែងរកនៅក្នុងដំណើរការនៃការបំពេញភារកិច្ចរបស់អ្នក ដោយទទួលបានការបំភ្លឺ និងការស្រាយបំភ្លឺ រួចក៏បានយល់បន្តិចម្ដងៗពីសារជាតិនៃបញ្ហាដែលកំពុងកើតមាននោះ។ ចុងក្រោយ ចូលទៅក្នុងតាមគោលការណ៍នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីឈានដល់ការដោះស្រាយការលំបាកទាំងនេះ។ ឧទាហរណ៍៖ មនុស្សមួយចំនួនខ្ជិលច្រអូស ហើយមិនដែលអាចប្រមូលកម្លាំងដើម្បីបំពេញភារកិច្ចរបស់ខ្លួនបានឡើយ ប៉ុន្តែបើនិយាយពីការហូបចុក ផឹកស៊ី និងសប្បាយក្អាកក្អាយវិញ ពួកគេសប្បាយចិត្តណាស់ ហើយពោរពេញដោយកម្លាំង ហាក់ដូចជាមានកម្លាំងអ្វីបន្ថែមអ៊ីចឹង។ តើអ្នកដឹកនាំក្លែងក្លាយដោះស្រាយបញ្ហាបែបនេះដោយរបៀបណា? ពួកគេក៏មានវិធីសាស្ត្រផងដែរ គឺដាក់កិច្ចការឱ្យមនុស្សទាំងនេះធ្វើកាន់តែច្រើន ដោយមិនទុកពេលឱ្យពួកគេទំនេរឡើយ។ តើវិធីសាស្ត្រនេះអាចដោះស្រាយបញ្ហាបានទេ? មនុស្សមួយចំនួនមិនចង់ធ្វើសូម្បីតែកិច្ចការបន្តិចបន្តួចដែលបានដាក់ឱ្យពួកគេធ្វើផង។ ពួកគេគ្រាន់តែចង់ជ្រកស៊ី ដោយគិតថា ការដែលមិនធ្វើការងារអ្វីសោះ គឺល្អបំផុតហើយ! តើមនុស្សដែលខ្ជិលច្រអូសខ្លាំងមានបញ្ហាអ្វី? បញ្ហាគឺទាក់ទងនឹងសារជាតិធម្មជាតិរបស់ពួកគេ ទាក់ទងនឹងថាតើពួកគេស្រឡាញ់អ្វីដែលវិជ្ជមានដែរឬទេ ហើយក៏ទាក់ទងនឹងចំណូលចិត្ត និងការដេញតាមរបស់ពួកគេផងដែរ។ មានមនុស្សមួយចំនួនដែលមានគុណសម្បត្តិបន្តិចបន្តួច។ ប្រសិនបើពួកគេត្រឹមតែជាអ្នកដើរតាមធម្មតា ដោយគ្មានបន្ទុកអ្វីដាក់លើពួកគេទេ នោះពួកគេគ្មានកម្លាំងធ្វើកិច្ចការរបស់ខ្លួនឡើយ ហើយក៏មិនចាប់អារម្មណ៍នឹងការងារនោះដែរ។ ក៏ប៉ុន្តែ ប្រសិនបើភារកិច្ចនោះត្រូវតាមគុណសម្បត្តិរបស់ពួកគេ និងជាភារកិច្ចដែលពួកគេអាចធ្វើបាន ហើយពួកគេទទួលបានការចាត់តាំងឱ្យធ្វើជាអ្នកមើលការខុសត្រូវ ដោយអនុញ្ញាតឱ្យពួកគេមានតំណែងខ្លះ និងបំពេញការទទួលខុសត្រូវខ្លះ នោះពួកគេក៏មានការចាប់អារម្មណ៍លើការងារនោះ។ ពេលខ្លះ នៅពេលដែលពួកគេគ្មានការទទួលខុសត្រូវក្នុងកិច្ចការរបស់ខ្លួន ឬប្រែជាខ្ជិលច្រអូស ពួកគេអាចត្រូវបានលួសកាត់ ហើយពេលខ្លះទៀត ពួកគេអាចទទួលបានការលើកទឹកចិត្ត និងការសរសើរខ្លះ។ ដូច្នេះ មនុស្សដែលខ្វល់ពីរឿងមុខមាត់ទាំងនេះ ដែលចូលចិត្តឋានៈតួនាទី និងចូលចិត្តឱ្យគេបញ្ជោរនោះ ក៏មានកម្លាំងដើម្បីបំពេញភារកិច្ចរបស់ខ្លួន។ នៅពេលដែលពួកគេគិតចង់ខ្ជិល ពួកគេក៏គិតថា៖ «ដើម្បីឋានៈតួនាទី ដើម្បីបន្ទុកដែលខ្ញុំកំពុងរែកពុន ខ្ញុំត្រូវតែធ្វើឱ្យបានល្អ»។ តាមរបៀបនេះ ការខ្ជិលច្រអូសរបស់មនុស្សបែបនេះ អាចដោះស្រាយបានមួយផ្នែក។ នៅពេលដែលអ្នកដឹកនាំក្លែងក្លាយជួបប្រទះបញ្ហាប្រភេទនេះ ដែលទាក់ទងនឹងភាពជាមនុស្ស ឬសភាពដែលពាក់ព័ន្ធនឹងការចូលទៅក្នុងជីវិត ដែលកើតឡើងនៅក្នុងដំណើរការនៃការបំពេញភារកិច្ច ពួកគេយល់ថា វាពិបាក និងស្មុគ្រស្មាញក្នុងការដោះស្រាយណាស់។ ពួកគេមិនដឹងថាត្រូវដោះស្រាយសភាព និងបញ្ហាទាំងនេះដោយរបៀបណាទេ ក៏មិនដឹងថាត្រូវប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយណា ដើម្បីដោះស្រាយឱ្យចំគោលដៅដែរ។ ភាគច្រើន វិធីសាស្ត្ររបស់ពួកគេគឺ បញ្ចុះបញ្ចូល ឬលួងលោមមនុស្សឱ្យធ្វើឱ្យបានល្អ។ ប្រសិនបើការបញ្ចុះបញ្ចូល និងការលួងលោមមិនបានផលទេ ពួកគេក៏បែរទៅជាខឹងសម្បា និងលួសកាត់ពួកនោះ។ ប្រសិនបើការលួសកាត់ពួកនោះមិនបានផលទេ ពួកគេក៏អានព្រះបន្ទូលដ៏ម៉ឺងម៉ាត់របស់ព្រះជាម្ចាស់ពីរបីអត្ថបទ ដើម្បីជាការព្រមានឱ្យមនុស្សកែលម្អអាកប្បកិរិយារបស់ខ្លួន។ ប្រសិនបើធ្វើបែបនោះហើយនៅតែមិនបានផលទៀត ជម្រើសចុងក្រោយរបស់ពួកគេគឺ រៀបចំឱ្យនរណាម្នាក់ឃ្លាំមើល និងគ្រប់គ្រងពួកគេ។ ពួកគេមានបច្ចេកទេសតែពីរបីនេះប៉ុណ្ណោះសម្រាប់ប្រើប្រាស់ ហើយប្រសិនបើបច្ចេកទេសទាំងនេះមិនបានផលទេ ពួកគេក៏អស់ជម្រើសដែរ។
សរុបមក មិនថាអ្នកដឹកនាំក្លែងក្លាយប្រឈមមុខនឹងបញ្ហាអ្វីនៅក្នុងកិច្ចការរបស់ពួកគេក៏ដោយ ក៏ពួកគេមិនអាចមើលធ្លុះពីសារជាតិនៃបញ្ហានោះបានដែរ ពួកគេពិបាកនឹងក្ដាប់បានពីស្ថានភាព និងសាវតារពិតរបស់មនុស្សផ្សេងៗ ហើយរឹតតែមិនអាចមើលធ្លុះពីឫសគល់នៃបញ្ហាបានណាស់ ឬមិនដឹងថាត្រូវចាប់ផ្ដើមពីកន្លែងណាដើម្បីដោះស្រាយបញ្ហានោះឱ្យបានសមរម្យបំផុតនោះទេ។ ពួកគេខ្វះគោលការណ៍ និងវិធីសាស្ត្រទាំងនេះសម្រាប់ដោះស្រាយបញ្ហា ដូច្នេះ កិច្ចការរបស់អ្នកដឹកនាំក្លែងក្លាយមិនអាចដោះស្រាយបញ្ហាពិតប្រាកដបានទេ។ ពួកគេគ្រាន់តែអាចអធិប្បាយពីគោលលទ្ធិខ្លះៗ និយាយពីពាក្យស្លោកខ្លះៗ ធ្វើតាមបទប្បញ្ញត្តិខ្លះៗ និងធ្វើឱ្យតែបានៗប៉ុណ្ណោះ។ តើមនុស្សបែបនេះអាចមានសមត្ថភាពក្នុងកិច្ចការដឹកនាំរបស់ពួកជំនុំបានដោយរបៀបណាទៅ? មិនថាពួកគេហ្វឹកហាត់ប៉ុនណា ឬមិនថាពួកគេជឿប៉ុន្មានឆ្នាំបន្ថែមទៀតក៏ដោយ ក៏ពួកគេនឹងមិនមានសមត្ថភាពក្នុងកិច្ចការដឹកនាំរបស់ពួកជំនុំដែរ។ តើអ្នករាល់គ្នាធ្លាប់ជួបប្រទះករណីបែបនេះទេ? (នៅក្នុងពួកជំនុំរបស់យើង មានមនុស្សម្នាក់ដែលបំពេញភារកិច្ចទទួលភ្ញៀវ ដែលតែងតែនិយាយពាក្យវិនិច្ឆ័យ និងវាយប្រហារគេ ដែលប៉ះពាល់ដល់ការបំពេញភារកិច្ចរបស់យើង និងបង្កឱ្យមានការបង្អាក់ និងការរំខាន។ បន្ទាប់ពីយើងបានរាយការណ៍រឿងនេះទៅអ្នកដឹកនាំ គាត់គ្រាន់តែទទូចឱ្យយើងស្គាល់ខ្លួនឯង និងចុះចូលនឹងមជ្ឈដ្ឋានដែលព្រះជាម្ចាស់បានរៀបចំ ដោយមិនបានដោះស្រាយបញ្ហាពិតប្រាកដនោះទេ ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចការរបស់ពួកជំនុំ។ ទាល់តែមានការផ្លាស់ប្ដូរអ្នកដឹកនាំនោះចេញ ទើបបញ្ហានោះត្រូវបានដោះស្រាយ។) នេះគឺជាការលក្ខណៈសម្គាល់ធម្មតារបស់អ្នកដឹកនាំក្លែងក្លាយ។ នេះគឺជាប្រភេទអ្នកដឹកនាំក្លែងក្លាយទូទៅ ពោលគឺជាអ្នកដែលមិនអាចស្គាល់មនុស្សអាក្រក់ ឬពួកទទឹងនឹងព្រះគ្រីស្ទបាន នៅពេលដែលពួកគេជួបមនុស្សបែបនេះ ហើយប្រាប់អ្នកដទៃឱ្យចេះអត់ធ្មត់ និងអធ្យាស្រ័យ ឱ្យរៀនសូត្រពីបទពិសោធ និងស្ដាប់បង្គាប់មនុស្សអាក្រក់ ឬពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេមិនស្គាល់ពួកទទឹងនឹងព្រះគ្រីស្ទ ឬមនុស្សអាក្រក់ ហើយពួកគេក៏មិនបានធ្វើអ្វីចំពោះពួកនោះដែរ។ បន្ទាប់ពីមានការប្រកបគ្នាជាច្រើនអំពីលក្ខណៈដែលពួកទទឹងនឹងព្រះគ្រីស្ទសម្ដែងឱ្យឃើញ ពេលនេះ មនុស្សគ្រប់គ្នាដែលយល់ពីសេចក្ដីពិត ត្រូវតែអាចស្គាល់ពីពួកគេមួយចំនួនបាន។ ប៉ុន្តែ តើមនុស្សដូចជាអ្នកដឹកនាំក្លែងក្លាយ អាចយកការប្រកបគ្នានោះមកស្របគ្នាទៅនឹងការស្ដែងចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទបានដែរឬទេ? តើពួកគេអាចស្គាល់ពួកទទឹងនឹងព្រះគ្រីស្ទបានទេ? (អត់ទេ។) ហើយតើការដែលពួកគេមិនអាចស្គាល់ពីពួកទទឹងនឹងព្រះគ្រីស្ទនាំឱ្យមានរឿងអ្វីកើតឡើង? គឺអាចថា ពួកទទឹងនឹងព្រះគ្រីស្ទនឹងដណ្ដើមអំណាចពីពួកគេ ដែលពួកគេនឹងអនុញ្ញាតឱ្យពួកទទឹងនឹងព្រះគ្រីស្ទគ្រប់គ្រងពួកជំនុំ ហើយនៅទីបញ្ចប់ ក៏មិនអាចធ្វើអ្វីបានទាំងអស់ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទបង្កើតនគរឯករាជ្យមួយ។ ប្រសិនបើពួកគេមិនអាចស្គាល់ពីពួកទទឹងនឹងព្រះគ្រីស្ទបានទេ ពួកគេគ្មានវិធីណាដើម្បីចាត់ទុកពួកទទឹងនឹងព្រះគ្រីស្ទថាជាសត្រូវរបស់ពួកគេឡើយ គ្មានវិធីលាតត្រដាង ស្គាល់ និងបដិសេធពួកគេទេ។ ប្រសិនបើពួកគេមិនអាចស្គាល់ពួកទទឹងនឹងព្រះគ្រីស្ទបានទេ ពួកគេប្រហែលអាចចាត់ទុកពួកទទឹងនឹងព្រះគ្រីស្ទថាជាបងប្អូនប្រុសស្រីមិនខាន ដោយមានការអត់ធ្មត់ និងការអធ្យាស្រ័យដល់ពួកគេផង ដែលនាំឱ្យពួកទទឹងនឹងព្រះគ្រីស្ទឡើងកាន់អំណាចនៅក្នុងពួកជំនុំ និងគ្រប់គ្រងពួកជំនុំ។ ដូច្នេះ ផលវិបាកនៃការមិនអាចស្គាល់ពួកទទឹងនឹងព្រះគ្រីស្ទបាន គឺធ្ងន់ធ្ងរខ្លាំង រហូតនឹកស្មានមិនដល់។ អ្នកដឹកនាំក្លែងក្លាយមិនយល់ពីសេចក្ដីពិតទេ ពួកគេមិនស្គាល់ពីសារជាតិនៃមនុស្សប្រភេទផ្សេងៗឡើយ។ អ្វីគ្រប់យ៉ាងដែលពួកគេធ្វើគឺ អធិប្បាយពាក្យពេចន៍ និងគោលលទ្ធិ ហើយអនុវត្តតាមបទប្បញ្ញត្តិ មានសេចក្ដីស្រឡាញ់ចំពោះមនុស្សរាល់គ្នា ឱ្យមនុស្សគ្រប់គ្នាបានប្រែចិត្ត និងផ្ដល់ឱកាសឱ្យមនុស្សគ្រប់គ្នា មិនថាពួកគេជាមនុស្សបែបណាក៏ដោយ។ តើនេះមិនមែនជាលក្ខណៈរបស់គ្រូគង្វាលខាងសាសនាទេឬ? តើវាមិនមែនជាលក្ខណៈរបស់ពួកផារិស៊ីទេឬ? ពេលជួបពួកទទឹងនឹងព្រះគ្រីស្ទ ជាធម្មតា អ្នកដឹកនាំក្លែងក្លាយជ្រើសរើសការសម្របសម្រួល និងការចុះញ៉ម ហើយថែមទាំងរកលេស ឬហេតុផលដោះសាដើម្បីអះអាងថា នេះគឺជាការប្រព្រឹត្តចំពោះអ្នកដទៃដោយសេចក្ដីស្រឡាញ់ទៀតផង។ ពួកគេដឹងថានរណាម្នាក់មានបញ្ហា និងជាពួកទទឹងនឹងព្រះគ្រីស្ទ តែពួកគេមិនហ៊ានប្រឈមមុខនោះទេ ហើយក៏គ្មានសេចក្ដីក្លាហានដើម្បីស្គាល់ និងលាតត្រដាងពួកគេដែរ។ នេះឯងគឺជាទង្វើរបស់អ្នកដឹកនាំក្លែងក្លាយ។ ទោះបីជាបងប្អូនប្រុសស្រីខ្លះបានស្គាល់រួចហើយថា បុគ្គលនោះជាមនុស្សអាក្រក់ ឬជាពពួកទទឹងនឹងព្រះគ្រីស្ទក៏ដោយ ក៏អ្នកដឹកនាំក្លែងក្លាយនឹងនៅតែនិយាយថា៖ «យើងមិនអាចវិនិច្ឆ័យមនុស្ស ឬថ្កោលទោសពួកគេផ្ដេសផ្ដាសបានទេ។ បុគ្គលនោះមានសេចក្ដីក្លៀវក្លាក្នុងការលះបង់ខ្លួនឯង និងសុខចិត្តលះបង់យ៉ាងនេះ ពោលគឺគាត់មិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទ ឬជាមនុស្សអាក្រក់ទេ។ គ្រាន់តែដោយសារនរណាម្នាក់និយាយពាក្យសម្ដីគំរោះគំរើយពីរបីម៉ាត់ មិនមែនមានន័យថា គាត់ជាមនុស្សអាក្រក់ទេ មែនទេ?» អ្នកដឹកនាំក្លែងក្លាយមិនអាចមើលឃើញពីសារជាតិរបស់មនុស្ស ហើយក៏មិនអាចមើលឃើញពីផលវិបាកនៃសកម្មភាពរបស់ពួកទទឹងនឹងព្រះគ្រីស្ទដែរ ដោយនៅតែបង្ហាញសេចក្ដីស្រឡាញ់ ការអត់ឱន និងការអត់ធ្មត់ចំពោះពួកទទឹងនឹងព្រះគ្រីស្ទដដែល ហើយថែមទាំងលើកទឹកចិត្តពួកទទឹងនឹងព្រះគ្រីស្ទឱ្យឆ្លុះបញ្ចាំង ស្គាល់ខ្លួនឯង និងប្រែចិត្តដោយពិតប្រាកដទៀតផង។ មិនថាពួកទទឹងនឹងព្រះគ្រីស្ទព្យាយាមស្គាល់ខ្លួនឯងតាមរបៀបណាក៏ដោយ តើធម្មជាតិរបស់ពួកគេអាចផ្លាស់ប្ដូរបានទេ? តើពួកគេអាចស្គាល់ខ្លួនឯងដោយពិតប្រាកដបានទេ? មិនអាចជាដាច់ខាត។ ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទមើលពីសម្បកក្រៅទៅហាក់ដូចជាលះបង់របស់ខ្លះ និងលះបង់ខ្លួនបន្តិចបន្តួចក៏ដោយ ក៏នៅខាងក្នុងវិញ ពួកគេលាក់មហិច្ឆតា និងផែនការយ៉ាងធំ។ មូលហេតុដែលអ្នកដឹកនាំក្លែងក្លាយមិនអាចមើលធ្លុះមនុស្សបែបនេះថាជាពួកទទឹងនឹងព្រះគ្រីស្ទបាន គឺដោយសារតែអ្នកដឹកនាំក្លែងក្លាយមិនយល់ពីសេចក្ដីពិត ហើយពួកគេមិនអាចស្គាល់ពីមនុស្សប្រភេទផ្សេងៗបាន។ ពួកគេមិនអាចមើលធ្លុះពីសារជាតិធម្មជាតិនៃមនុស្សផ្សេងៗបាន ហើយក៏មិនដឹងពីរបៀបប្រព្រឹត្ត ឬដោះស្រាយជាមួយមនុស្សប្រភេទផ្សេងៗដែរ។ នៅពេលដែលពួកគេឃើញអ្នកដទៃលាតត្រដាងពីពួកទទឹងនឹងព្រះគ្រីស្ទ ពួកគេមិនហ៊ានចូលរួមទេ ហើយពួកគេរឹតតែខ្លាចក្នុងការចាត់វិធានការប្រឆាំងនឹងពួកទទឹងនឹងព្រះគ្រីស្ទទៅទៀត ដោយខ្លាចគេសងសឹក ប្រសិនបើពួកគេធ្វើឱ្យពួកទទឹងនឹងព្រះគ្រីស្ទអាក់អន់ចិត្ត។ វិធីសាស្ត្ររបស់ពួកគេចំពោះពួកទទឹងនឹងព្រះគ្រីស្ទ គឺមានត្រឹមតែការអធិប្បាយគោលលទ្ធិ និងការដាស់តឿនប៉ុណ្ណោះ។ ក្រៅពីមិនអាចស្គាល់មនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទបាន អ្នកដឹកនាំក្លែងក្លាយក៏មិនអាចដោះស្រាយបញ្ហាផ្សេងៗដែលកើតមាននៅក្នុងចំណោមរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់បានដែរ។ នេះបញ្ជាក់ថា អ្នកដឹកនាំក្លែងក្លាយគ្មានការយល់ដឹងពីសេចក្ដីពិតទាល់តែសោះ។ ពួកគេគ្មានសមត្ថភាពដោះស្រាយបញ្ហាជាក់ស្ដែង ហើយមិនអាចដឹកនាំរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ចូលទៅក្នុងតថភាពនៃសេចក្ដីពិតបានឡើយ។ មិនថាអ្នកដឹកនាំក្លែងក្លាយនិយាយ ឬធ្វើអ្វីក៏ដោយ អ្នកនឹងមិនដែលបានឮពីពាក្យពេចន៍ដែលមានពន្លឺណាមួយ ដែលកើតចេញពីការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ ហើយអ្នកនឹងរឹតតែមិនឃើញថាពួកគេមានតថភាពនៃសេចក្ដីពិតណាមួយទៀត។ ហេតុដូច្នេះ អ្នកដឹកនាំក្លែងក្លាយមិនបានផ្ដល់ប្រយោជន៍ ឬជំនួយណាមួយទាក់ទងនឹងការចូលទៅក្នុងជីវិតរបស់មនុស្សឡើយ កិច្ចការបន្តិចបន្តួចដែលពួកគេធ្វើ គឺពាក់ព័ន្ធនឹងការអធិប្បាយពាក្យពេចន៍ និងគោលលទ្ធិ ពោលពាក្យស្លោក និងធ្វើការឱ្យតែបានៗប៉ុណ្ណោះ។ ពួកគេបរាជ័យទាំងស្រុងក្នុងការបំពេញតួនាទីដែលអ្នកដឹកនាំគួរបំពេញ។
ការប្រកបគ្នារបស់យើងថ្ងៃនេះ មានតែប៉ុណ្ណេះទេ។ សូមជម្រាបលា!
ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?