ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (១២) ជំពូកទី១

នៅក្នុងការជួបជុំលើកមុនរបស់យើង យើងបានប្រកបគ្នាអំពីបទគម្ពីរលេខ ១០ នៃទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ៖ «ថែរក្សាឱ្យបានល្អ និងបែងចែកសម្ភារៈផ្សេងៗនៅដំណាក់របស់ព្រះជាម្ចាស់ (ដូចជា សៀវភៅ ឧបករណ៍ផ្សេងៗ គ្រាប់ធញ្ញជាតិ ជាដើម ។ល។) ឱ្យបានសមស្រប ហើយធ្វើការត្រួតពិនិត្យ ថែទាំ និងជួសជុលជាប្រចាំ ដើម្បីកាត់បន្ថយការខូចខាត និងការខ្ជះខ្ជាយឱ្យបានតិចបំផុត ព្រមទាំងការពារកុំឱ្យមនុស្សអាក្រក់កាន់កាប់សម្ភារៈទាំងនោះ»។ ការប្រកបគ្នាអំពីបទគម្ពីរលេខ ១០ គឺផ្ដោតលើកិច្ចការដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែបំពេញ និងទំនួលខុសត្រូវដែលពួកគេគួរតែអនុវត្ត ទាក់ទងនឹងសម្ភារៈផ្សេងៗនៅដំណាក់របស់ព្រះជាម្ចាស់ ហើយក្នុងពេលជាមួយគ្នានោះ វាក៏បានលាតត្រដាងតាមរយៈការប្រៀបធៀប នូវការសម្ដែងចេញផ្សេងៗរបស់អ្នកដឹកនាំក្លែងក្លាយផងដែរ។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការបំពេញទំនួលខុសត្រូវដែលពួកគេគួរតែបំពេញ និងអាចបំពេញបាន នៅក្នុងកិច្ចការនីមួយៗនៅដំណាក់របស់ព្រះជាម្ចាស់ នោះពួកគេគឺជាអ្នកដឹកនាំ និងអ្នកធ្វើការដែលត្រូវតាមស្ដង់ដា។ ប្រសិនបើពួកគេមិនបំពេញទំនួលខុសត្រូវរបស់ខ្លួន ហើយមិនបានបំពេញកិច្ចការពិតប្រាកដណាមួយទេ នោះវាបញ្ជាក់យ៉ាងច្បាស់ថា ពួកគេគឺជាអ្នកដឹកនាំក្លែងក្លាយ។ ទាក់ទងនឹងបទគម្ពីរលេខ ១០ ជាការពិតណាស់ អ្នកដឹកនាំក្លែងក្លាយមិនបានបំពេញកិច្ចការបានល្អទេ ក្នុងការថែរក្សា និងបែងចែកសម្ភារៈផ្សេងៗនៅដំណាក់របស់ព្រះជាម្ចាស់ឱ្យបានសមស្រប។ សម្ភារៈទាំងនោះមិនត្រូវបានថែរក្សាបានល្អ ឬប្រហែលជាមិនត្រូវបានថែរក្សាទាល់តែសោះ ហើយអ្នកដឹកនាំក្លែងក្លាយគ្រប់គ្រងការបែងចែកសម្ភារៈមិនបានល្អដែលនាំឱ្យមានភាពច្របូកច្របល់។ ពួកគេប្រហែលជាមិនទាំងយកចិត្តទុកដាក់ចំពោះកិច្ចការនេះទាល់តែសោះផង។ ទោះបីជាវាជាកិច្ចការទូទៅក៏ដោយ ក៏វានៅតែជាទំនួលខុសត្រូវដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែបំពេញ និងជាកិច្ចការដែលពួកគេគួរតែធ្វើដែរ។ មិនថាតើពួកគេបំពេញកិច្ចការនេះដោយខ្លួនឯង ឬចាត់ចែងឱ្យមនុស្សដែលសមរម្យបំពេញវា ហើយថែមទាំងអនុវត្តការត្រួតពិនិត្យ ការពិនិត្យផ្ទៀងផ្ទាត់ ការតាមដាន និងផ្សេងៗទៀតក៏ដោយ ទោះក្នុងករណីណាក៏ដោយ កិច្ចការនេះគឺមិនអាចបំបែកចេញពីទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការបានឡើយ កិច្ចការនេះមានទំនាក់ទំនងដោយផ្ទាល់ជាមួយទំនួលខុសត្រូវទាំងនោះ។ ហេតុដូច្នេះហើយ នៅពេលនិយាយដល់កិច្ចការនេះ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការមិនបានថែរក្សាឱ្យបានត្រឹមត្រូវ និងបែងចែកឱ្យបានសមស្របនូវសម្ភារៈផ្សេងៗនៅដំណាក់របស់ព្រះជាម្ចាស់ទេ នោះពួកគេមិនបានបំពេញទំនួលខុសត្រូវរបស់ខ្លួនទេ ហើយពួកគេក៏មិនបានបំពេញកិច្ចការរបស់ខ្លួនបានល្អដែរ។ នេះគឺជាការសម្ដែងចេញមួយរបស់អ្នកដឹកនាំក្លែងក្លាយ។ នៅក្នុងការជួបជុំលើកមុន យើងបានធ្វើការលាតត្រដាង និងវែកញែកធម្មតាៗ អំពីការសម្ដែងចេញដែលអ្នកដឹកនាំក្លែងក្លាយបង្ហាញ នៅពេលចាត់ចែងកិច្ចការទូទៅនេះ ហើយយើងក៏បានលើកឧទាហរណ៍មួយចំនួនផងដែរ។ ប្រសិនបើនរណាម្នាក់ជាអ្នកដឹកនាំក្លែងក្លាយ នោះពួកគេមិនបានបំពេញទំនួលខុសត្រូវរបស់ខ្លួននៅក្នុងកិច្ចការនេះជាដាច់ខាត ហើយកិច្ចការដែលពួកគេធ្វើក៏មិនស្របតាមស្តង់ដារដែរ។ នេះក៏ព្រោះតែអ្នកដឹកនាំក្លែងក្លាយមិនដែលប្រឹងប្រែងធ្វើកិច្ចការពិតប្រាកដឡើយ នៅពេលដែលកិច្ចការត្រូវបានចាត់ចែងរួចហើយ ពួកគេក៏ឈប់ពាក់ព័ន្ធនឹងវា ហើយពួកគេមិនដែលតាមដាន ឬចូលរួមនៅក្នុងកិច្ចការនោះឡើយ។ ហេតុផលចម្បងមួយទៀតគឺថា អ្នកដឹកនាំក្លែងក្លាយមិនយល់ពីគោលការណ៍នៃកិច្ចការណាមួយដែលពួកគេធ្វើនោះទេ។ ទោះបីជាពួកគេមិននៅទំនេរក្នុងកិច្ចការរបស់ខ្លួនក៏ដោយ ក៏អ្វីដែលពួកគេធ្វើគឺមិនស្របនឹងគោលការណ៍ និងច្បាប់ដែលដំណាក់របស់ព្រះជាម្ចាស់តម្រូវដែរ ឬថែមទាំងផ្ទុយពីគោលការណ៍ទាំងស្រុងតែម្តង។ តើការផ្ទុយពីគោលការណ៍មានន័យដូចម្ដេច? អត្ថន័យរបស់វាគឺថា ពួកគេហ៊ានធ្វើរឿងអាក្រក់ដោយមិនខ្លាចញញើត ដោយផ្អែកលើការនឹកឃើញ ឆន្ទៈ និងអារម្មណ៍របស់ខ្លួនជាដើម។ ដូច្នេះ មិនថាមានរឿងអ្វីក៏ដោយ មានការសម្ដែងចេញចម្បងពីររបស់អ្នកដឹកនាំក្លែងក្លាយ នៅពេលនិយាយដល់ចំណុចនេះនៃទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ៖ ទីមួយគឺថា ពួកគេមិនធ្វើកិច្ចការពិតប្រាកដ ហើយទីពីរគឺថា ពួកគេមិនអាចចាប់យកគោលការណ៍បាន ដូច្នេះហើយពួកគេមិនអាចធ្វើកិច្ចការពិតប្រាកដបានទេ។ ទាំងនេះគឺជាការសម្ដែងចេញជាមូលដ្ឋាន។ នៅក្នុងការជួបជុំលើកមុន យើងបានប្រកបគ្នា និងលាតត្រដាងពីរបៀបដែលភាពជាមនុស្សរបស់អ្នកដឹកនាំក្លែងក្លាយសម្ដែងចេញ នៅក្នុងការចាត់ចែងកិច្ចការទូទៅប្រភេទនេះ។ សូម្បីតែជាមួយនឹងកិច្ចការដ៏សាមញ្ញតែមួយនេះក៏ដោយ ក៏អ្នកដឹកនាំក្លែងក្លាយមិនអាចបំពេញទំនួលខុសត្រូវរបស់ខ្លួនបានដែរ។ ពួកគេមានសមត្ថភាពក្នុងការបំពេញកិច្ចការនេះ ប៉ុន្តែពួកគេមិនធ្វើវា។ រឿងនេះគឺទាក់ទងនឹងចរិត និងភាពជាមនុស្សរបស់មនុស្សប្រភេទនេះ។ តើមានបញ្ហាអ្វីជាមួយនឹងភាពជាមនុស្សរបស់ពួកគេ? ចិត្តគំនិតរបស់ពួកគេមិនស្មោះត្រង់ ហើយចរិតលក្ខណៈរបស់ពួកគេក៏មិនល្អ។ យើងបានបញ្ចប់ការប្រកបគ្នារបស់យើងស្ទើរតែទាំងស្រុងអំពីទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ គោលការណ៍ទូទៅ និងការសម្ដែងចេញផ្សេងៗរបស់អ្នកដឹកនាំក្លែងក្លាយនៅត្រង់ចំណុចទីដប់ហើយ។ ថ្ងៃនេះ យើងនឹងបន្តប្រកបគ្នាពីចំណុចទីដប់មួយ នៃទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។

ចំណុចទីដប់មួយ៖ ជ្រើសរើសមនុស្សដែលគួរឱ្យទុកចិត្ត ដែលមានភាពជាមនុស្សស្របតាមស្ដង់ដារ ជាពិសេសសម្រាប់កិច្ចការនៃការចុះឈ្មោះជាប្រព័ន្ធ ការកត់បញ្ជី និងការថែរក្សាតង្វាយ។ ការពិនិត្យ និងផ្ទៀងផ្ទាត់ចំណូល និងចំណាយជាប្រចាំ ដើម្បីអាចកំណត់ពីករណីនៃការចាយវាយខ្ជះខ្ជាយ ឬគ្មានការសន្សំសំចៃ ក៏ដូចជាការចំណាយមិនសមស្របឱ្យបានភ្លាមៗ ដើម្បីបញ្ឈប់ទង្វើបែបនេះ ហើយទាមទារសំណងឱ្យបានសមរម្យ។ លើសពីនេះទៀត ការពារតាមគ្រប់មធ្យោបាយកុំឱ្យតង្វាយធ្លាក់ទៅក្នុងដៃរបស់មនុស្សអាក្រក់ ហើយក្លាយជាទ្រព្យសម្បត្តិរបស់ពួកគេ

តើតង្វាយជាអ្វី

ខ្លឹមសារនៃបទគម្ពីរលេខ ១១ នៃទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការគឺ៖ «ជ្រើសរើសមនុស្សដែលគួរឱ្យទុកចិត្ត ដែលមានភាពជាមនុស្សស្របតាមស្ដង់ដារ ជាពិសេសសម្រាប់កិច្ចការនៃការចុះឈ្មោះជាប្រព័ន្ធ ការកត់បញ្ជី និងការថែរក្សាតង្វាយ។ ការពិនិត្យ និងផ្ទៀងផ្ទាត់ចំណូល និងចំណាយជាប្រចាំ ដើម្បីអាចកំណត់ពីករណីនៃការចាយវាយខ្ជះខ្ជាយ ឬគ្មានការសន្សំសំចៃ ក៏ដូចជាការចំណាយមិនសមស្របឱ្យបានភ្លាមៗ ដើម្បីបញ្ឈប់ទង្វើបែបនេះ ហើយទាមទារសំណងឱ្យបានសមរម្យ។ លើសពីនេះទៀត ការពារតាមគ្រប់មធ្យោបាយកុំឱ្យតង្វាយធ្លាក់ទៅក្នុងដៃរបស់មនុស្សអាក្រក់ ហើយក្លាយជាទ្រព្យសម្បត្តិរបស់ពួកគេ»។ តើទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការនៅក្នុងកិច្ចការនេះមានអ្វីខ្លះ? តើកិច្ចការចម្បងដែលពួកគេត្រូវធ្វើ គឺជាអ្វី? (ការថែរក្សាតង្វាយឱ្យបានត្រឹមត្រូវ។) បទគម្ពីរលេខ ១០ គឺអំពីការថែរក្សា និងបែងចែកសម្ភារៈផ្សេងៗនៅដំណាក់របស់ព្រះជាម្ចាស់ឱ្យបានសមស្រប រីឯចំណុចនេះគឺអំពីការថែរក្សាតង្វាយឱ្យបានត្រឹមត្រូវ។ សម្ភារៈផ្សេងៗនៅដំណាក់របស់ព្រះជាម្ចាស់ និងតង្វាយសម្រាប់ដំណាក់របស់ព្រះអង្គ ប្រហាក់ប្រហែលគ្នា។ ប៉ុន្តែតើវាដូចគ្នាដែរឬទេ? (ទេ។) តើមានអ្វីខុសគ្នា? (តង្វាយសំដៅជាចម្បងលើប្រាក់កាស។) ប្រាក់កាស គឺជាផ្នែកមួយនៃតង្វាយ។ តើសម្ភារៈផ្សេងៗនៃដំណាក់របស់ព្រះ និងតង្វាយ មានលក្ខណៈខុសគ្នាពីធម្មជាតិរបស់វាដូចម្ដេច? តើសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាតង្វាយដែរឬទេ? តើម៉ាស៊ីនផ្សេងៗដែលប្រើសម្រាប់កិច្ចការ ជាតង្វាយដែរឬទេ? តើរបស់របរប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗដែលដំណាក់របស់ព្រះជាម្ចាស់ទិញ ជាតង្វាយដែរឬទេ? (ទេ។) ដូច្នេះ តើរបស់ទាំងនេះជាអ្វីទៅ? នៅដំណាក់របស់ព្រះជាម្ចាស់ រាល់សៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងរាល់ឧបករណ៍គ្រប់ប្រភេទដែលតម្រូវសម្រាប់កិច្ចការរបស់ខ្លួន ដែលដំណាក់របស់ព្រះជាម្ចាស់បានទិញដោយប្រាក់តង្វាយពីរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ រួមទាំងរបស់របរផ្សេងៗដូចជា កាមេរ៉ា ឧបករណ៍ថតសំឡេង កុំព្យូទ័រ និងទូរសព្ទដៃ ទាំងអស់នេះគឺជាសម្ភារៈនៅដំណាក់របស់ព្រះជាម្ចាស់។ លើសពីនេះទៅទៀត តុ កៅអី កៅអីវែង អាហារ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗទៀត ក៏ជាសម្ភារៈនៅដំណាក់របស់ព្រះជាម្ចាស់ដែរ។ សម្ភារៈទាំងនេះខ្លះត្រូវបានទិញដោយបងប្អូនប្រុសស្រី ហើយខ្លះទៀត ដំណាក់របស់ព្រះជាម្ចាស់ទិញដោយប្រើតង្វាយ ទាំងអស់នេះត្រូវបានចាត់ថ្នាក់ជាសម្ភារៈនៅដំណាក់របស់ព្រះជាម្ចាស់។ យើងបានប្រកបគ្នាអំពីប្រធានបទនេះនៅក្នុងការជួបជុំលើកមុនរបស់យើង។ ឥឡូវនេះ យើងនឹងបន្តពិនិត្យមើលរឿងដ៏សំខាន់មួយ ដែលយើងនឹងប្រកបគ្នាក្រោម បទគម្ពីរលេខ ១១ គឺ៖ តង្វាយ។ តើតង្វាយគឺជាអ្វីឱ្យពិតប្រាកដ? តើវិសាលភាពរបស់វាត្រូវបានកំណត់យ៉ាងដូចម្ដេច? មុនពេលយើងប្រកបគ្នាអំពីទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ចាំបាច់ត្រូវបញ្ជាក់ឱ្យបានច្បាស់អំពីសំណួរថាតើតង្វាយគឺជាអ្វី។ ទោះបីជាមនុស្សភាគច្រើនបានជឿលើព្រះយេស៊ូកាលពីមុន ហើយបានទទួលយកកិច្ចការដំណាក់កាលនេះអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ក៏សញ្ញាណរបស់ពួកគេអំពីតង្វាយនៅតែស្រពិចស្រពិលដែរ។ ពួកគេមិនច្បាស់ថាតើតង្វាយពិតជាអ្វីនោះទេ។ អ្នកខ្លះនឹងនិយាយថា តង្វាយគឺជាប្រាក់កាស និងសម្ភារៈដែលត្រូវបានថ្វាយដល់ព្រះជាម្ចាស់ រីឯអ្នកខ្លះទៀតនឹងនិយាយថា តង្វាយសំដៅជាចម្បងលើប្រាក់កាស។ តើការលើកឡើងមួយណាដែលត្រឹមត្រូវ? (អ្វីៗដែលបានថ្វាយដល់ព្រះជាម្ចាស់ មិនថាវាជាប្រាក់ ឬជារបស់អ្វីក៏ដោយ មិនថាធំ ឬតូចទេ នោះគឺជាតង្វាយ។) នោះគឺជាការសង្ខេបដ៏ត្រឹមត្រូវក្នុងកម្រិតមួយ។ ឥឡូវនេះ វិសាលភាព និងដែនកំណត់នៃតង្វាយ គឺច្បាស់លាស់ហើយ ចូរយើងកំណត់និយមន័យឲ្យបានត្រឹមត្រូវថា តើតង្វាយគឺជាអ្វីឲ្យពិតប្រាកដ ដើម្បីឲ្យមនុស្សគ្រប់គ្នាអាចយល់ច្បាស់ពីសញ្ញាណនេះ។

ទាក់ទងនឹងប្រធានបទស្ដីពីតង្វាយ ព្រះគម្ពីរបានកត់ត្រាថា ដើមឡើយព្រះជាម្ចាស់បានតម្រូវឱ្យមនុស្សថ្វាយតង្វាយមួយភាគដប់ដល់ព្រះជាម្ចាស់ នេះគឺជាតង្វាយ។ មិនថាចំនួនដែលបានថ្វាយនោះច្រើន ឬតិច ហើយមិនថារបស់ដែលបានថ្វាយនោះជាអ្វីទេ ទោះជាប្រាក់កាស ឬវត្ថុក៏ដោយ ឲ្យតែវាជាចំណែកមួយភាគដប់នៃចំណូលដែលបុគ្គលម្នាក់ទទួលបានដែលត្រូវថ្វាយ នោះពិតណាស់ វាជាតង្វាយ។ នេះគឺជាអ្វីដែលព្រះជាម្ចាស់បានតម្រូវពីមនុស្ស ហើយក៏ជាអ្វីដែលអ្នកជឿលើព្រះជាម្ចាស់គួរតែថ្វាយដល់ព្រះជាម្ចាស់ដែរ។ តង្វាយមួយភាគដប់នេះ គឺជាទិដ្ឋភាពមួយនៃតង្វាយ។ មនុស្សមួយចំនួនសួរថា «តើមួយភាគដប់នោះសំដៅតែលើប្រាក់កាសទេឬ?» មិនប្រាកដទេ។ ឧទាហរណ៍ ប្រសិនបើមនុស្សម្នាក់ប្រមូលផលគ្រាប់ធញ្ញជាតិពីដីដប់អា នោះមិនថាមានគ្រាប់ធញ្ញជាតិប៉ុន្មានទេ គ្រាប់ធញ្ញជាតិដែលបានពីដីមួយអា គួរតែត្រូវថ្វាយដល់ព្រះជាម្ចាស់នៅទីបំផុត។ មួយភាគដប់នេះគឺជាអ្វីដែលមនុស្សគួរតែថ្វាយ។ ដូច្នេះ សញ្ញាណនៃ «មួយភាគដប់» មិនមែនសំដៅតែលើប្រាក់កាសនោះទេ ដែលមិនត្រឹមតែមានន័យថានៅពេលមនុស្សរកប្រាក់កាសបានមួយពាន់រៀល ពួកគេត្រូវតែថ្វាយដល់ព្រះជាម្ចាស់មួយរយរៀលនោះឡើយផ្ទុយទៅវិញ វាសំដៅលើអ្វីៗទាំងអស់ដែលមនុស្សទទួលបាន ដែលគ្របដណ្ដប់លើអ្វីច្រើនទៀត រួមទាំងវត្ថុ និងប្រាក់កាសផងដែរ។ នេះគឺជាអ្វីដែលព្រះគម្ពីរបានថ្លែង។ ជាការពិតណាស់ សព្វថ្ងៃនេះ ដំណាក់របស់ព្រះជាម្ចាស់មិនអនុវត្តតាមព្រះគម្ពីរ ដោយតម្រូវយ៉ាងតឹងរ៉ឹងឱ្យមនុស្សថ្វាយមួយភាគដប់នៃអ្វីៗទាំងអស់ដែលពួកគេទទួលបាននោះទេ។ នៅទីនេះ ខ្ញុំគ្រាន់តែប្រកបគ្នា និងផ្សព្វផ្សាយអំពីសញ្ញាណ និងនិយមន័យនៃ «មួយភាគដប់» ប៉ុណ្ណោះ ដើម្បីឱ្យមនុស្សបានដឹងថា តង្វាយមួយភាគដប់គឺជាទិដ្ឋភាពមួយនៃតង្វាយ។ ខ្ញុំមិនមែនកំពុងអំពាវនាវឱ្យមនុស្សថ្វាយមួយភាគដប់នោះទេ ការដែលមនុស្សថ្វាយប៉ុន្មានគឺអាស្រ័យលើការយល់ដឹងផ្ទាល់ខ្លួន និងឆន្ទៈរបស់ពួកគេ ហើយដំណាក់របស់ព្រះជាម្ចាស់មិនមានសេចក្ដីតម្រូវបន្ថែមណាមួយទាក់ទងនឹងបញ្ហានេះឡើយ។

ទិដ្ឋភាពមួយទៀតនៃតង្វាយ គឺជារបស់ដែលមនុស្សថ្វាយដល់ព្រះជាម្ចាស់។ បើនិយាយឲ្យទូលំទូលាយទៅ ជាការពិតណាស់ នេះក៏រួមបញ្ចូលទាំងតង្វាយមួយភាគដប់ដែរ។ បើនិយាយឲ្យជាក់លាក់ទៅ ក្រៅពីតង្វាយមួយភាគដប់ អ្វីៗទាំងអស់ដែលមនុស្សថ្វាយដល់ព្រះជាម្ចាស់ សុទ្ធតែស្ថិតនៅក្នុងប្រភេទនៃតង្វាយ។ មានរបស់ផ្សេងៗជាច្រើនដែលយើងអាចថ្វាយដល់ព្រះជាម្ចាស់ ឧទាហរណ៍ អាហារ គ្រឿងបរិក្ខារ របស់របរប្រើប្រាស់ប្រចាំថ្ងៃ អាហារបំប៉នសុខភាព ព្រមទាំងគោ ចៀមជាដើម ដែលត្រូវបានថ្វាយនៅលើអាសនៈក្នុងអំឡុងសម័យសញ្ញាចាស់។ របស់ទាំងអស់នេះគឺជាតង្វាយ។ ថាតើរបស់អ្វីមួយជាតង្វាយឬអត់ គឺអាស្រ័យលើបំណងរបស់អ្នកថ្វាយ។ ប្រសិនបើអ្នកថ្វាយនិយាយថា របស់នេះត្រូវបានថ្វាយដល់ព្រះជាម្ចាស់ នោះមិនថាតើវាត្រូវបានប្រគល់ជូនព្រះជាម្ចាស់ដោយផ្ទាល់ ឬត្រូវបានដាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដើម្បីថែរក្សានោះទេ វានឹងត្រូវបានចាត់ចូលក្នុងប្រភេទនៃតង្វាយ ហើយមនុស្សមិនអាចប៉ះពាល់តាមតែអំពើចិត្តបានឡើយ។ ឧទាហរណ៍៖ នៅពេលដែលនរណាម្នាក់ទិញកុំព្យូទ័រទំនើបមួយ ហើយថ្វាយដល់ព្រះជាម្ចាស់ នោះវាក៏បានក្លាយទៅជាតង្វាយ។ នៅពេលដែលនរណាម្នាក់ទិញរថយន្តមួយថ្វាយព្រះជាម្ចាស់ នោះវាក៏បានក្លាយទៅជាតង្វាយ។ នៅពេលដែលនរណាម្នាក់ទិញអាហារបំប៉នសុខភាពពីរកំប៉ុង ហើយថ្វាយដល់ព្រះជាម្ចាស់ នោះកំប៉ុងទាំងនោះក៏បានក្លាយទៅជាតង្វាយ។ មិនមាននិយមន័យជាក់លាក់ និងច្បាស់លាស់ណាមួយអំពីវត្ថុដែលត្រូវបានថ្វាយដល់ព្រះជាម្ចាស់នោះទេ។ សរុបមក វាគឺជាវិសាលភាពដ៏ធំមួយ គឺជារបស់ដែលត្រូវបានថ្វាយដល់ព្រះជាម្ចាស់ដោយអស់អ្នកដែលដើរតាមទ្រង់។ មនុស្សខ្លះអាចនិយាយថា «ឥឡូវនេះ ព្រះជាម្ចាស់បានយកកំណើតជាមនុស្សនៅលើផែនដី ហើយរបស់ដែលបានថ្វាយដល់ទ្រង់គឺជាកម្មសិទ្ធិរបស់ទ្រង់។ ចុះបើទ្រង់មិនបានគង់នៅលើផែនដីវិញ? នៅពេលដែលព្រះជាម្ចាស់គង់នៅស្ថានសួគ៌ តើរបស់ដែលបានថ្វាយដល់ទ្រង់ មិនមែនជាតង្វាយទេឬ?» តើការលើកឡើងនេះត្រឹមត្រូវដែរឬទេ? (ទេ។) នេះមិនមែនផ្អែកលើថាតើព្រះជាម្ចាស់កំពុងស្ថិតនៅក្នុងអំឡុងពេលនៃការយកកំណើតជាមនុស្សឬអត់នោះទេ។ ទោះក្នុងករណីណាក៏ដោយ ឲ្យតែរបស់អ្វីមួយត្រូវបានថ្វាយដល់ព្រះជាម្ចាស់ នោះវាគឺជាតង្វាយ។ អ្នកផ្សេងទៀតអាចនិយាយថា «មានរបស់ជាច្រើនណាស់ដែលត្រូវបានថ្វាយដល់ព្រះជាម្ចាស់។ តើទ្រង់អាចប្រើប្រាស់របស់ទាំងនោះបានទេ? តើទ្រង់អាចប្រើប្រាស់របស់ទាំងអស់នោះបានទេ?» (រឿងនោះមិនពាក់ព័ន្ធនឹងមនុស្សឡើយ។) នោះគឺជាការលើកឡើងដែលត្រឹមត្រូវ និងចំចំណុច។ របស់ទាំងនេះត្រូវបានមនុស្សថ្វាយដល់ព្រះជាម្ចាស់។ របៀបដែលទ្រង់ប្រើប្រាស់របស់ទាំងនោះ និងថាតើទ្រង់អាចប្រើប្រាស់របស់ទាំងអស់នោះបានដែរឬទេ ហើយរបៀបដែលទ្រង់បែងចែក និងចាត់ចែងរបស់ទាំងនោះ គឺមិនពាក់ព័ន្ធនឹងមនុស្សឡើយ។ មិនចាំបាច់ខ្វល់ខ្វាយ ឬព្រួយបារម្ភអំពីរឿងនោះទេ។ សរុបមក ដរាបណានរណាម្នាក់ថ្វាយរបស់អ្វីមួយដល់ព្រះជាម្ចាស់ របស់នោះក៏ស្ថិតនៅក្រោមវិសាលភាពនៃតង្វាយដែរ។ វាគឺជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ ហើយវាមិនពាក់ព័ន្ធនឹងមនុស្សណាម្នាក់ឡើយ។ មនុស្សខ្លះអាចនិយាយថា «របៀបដែលលោកនិយាយនេះ ស្ដាប់ទៅហាក់ដូចជាព្រះជាម្ចាស់កំពុងទាមទារកម្មសិទ្ធិលើរបស់នោះដោយបង្ខំអ៊ីចឹង»។ តើនោះជាអ្វីដែលកំពុងកើតឡើងមែនទេ? (ទេ។) របស់នោះគឺជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ ដូច្នេះហើយទើបវាត្រូវបានហៅថាតង្វាយ។ មនុស្សមិនអាចប៉ះពាល់ ឬបែងចែកវាតាមតែអំពើចិត្តបានឡើយ។ មនុស្សខ្លះអាចសួរថា «តើនោះមិនមែនជាការខ្ជះខ្ជាយទេឬ?» ទោះបីជាអ៊ីចឹងក៏ដោយ ក៏វាមិនមែនជារឿងរបស់អ្នកដែរ។ អ្នកផ្សេងទៀតអាចនិយាយថា «នៅពេលដែលព្រះជាម្ចាស់គង់នៅស្ថានសួគ៌ ហើយមិនបានយកកំណើតជាមនុស្ស ទ្រង់មិនអាចគាប់ព្រះទ័យ ឬប្រើប្រាស់របស់ដែលមនុស្សថ្វាយដល់ទ្រង់បានទេ។ តើត្រូវធ្វើដូចម្ដេចទៅ?» រឿងនោះងាយស្រួលដោះស្រាយទេ៖ ដំណាក់របស់ព្រះជាម្ចាស់ និងពួកជំនុំ គឺនៅទីនោះដើម្បីចាត់ចែងរបស់ទាំងនេះស្របតាមគោលការណ៍។ អ្នកមិនចាំបាច់ខ្វល់ខ្វាយ ឬព្រួយបារម្ភអំពីរឿងនេះទេ។ សរុបមក មិនថារបស់អ្វីមួយត្រូវបានចាត់ចែងដោយរបៀបណានោះទេ ដរាបណាវាស្ថិតនៅក្នុងប្រភេទនៃតង្វាយ ដរាបណាវាត្រូវបានចាត់ថ្នាក់ជាតង្វាយ វាក៏លែងពាក់ព័ន្ធនឹងមនុស្សទៀតហើយ។ ហើយដោយសារតែរបស់នោះជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ មនុស្សមិនអាចធ្វើអ្វីតាមតែអំពើចិត្តរបស់ខ្លួនបានឡើយ។ ការធ្វើដូច្នេះ គឺមានផលវិបាក។ នៅក្នុងសម័យសញ្ញាចាស់ នៅពេលប្រមូលផលនារដូវស្លឹកឈើជ្រុះ មនុស្សបានថ្វាយរបស់គ្រប់ប្រភេទនៅលើអាសនៈ។ អ្នកខ្លះថ្វាយគ្រាប់ធញ្ញជាតិ ផ្លែឈើ និងដំណាំផ្សេងៗទៀត រីឯអ្នកខ្លះទៀតថ្វាយគោ និងចៀម។ តើព្រះជាម្ចាស់គាប់ព្រះទ័យនឹងរបស់ទាំងនោះទេ? តើទ្រង់សោយរបស់ទាំងនោះដែរឬទេ? (ទេ។) តើអ្នកដឹងដោយរបៀបណាថាទ្រង់មិនសោយ? តើអ្នកបានឃើញដែរឬទេ? នោះគឺជាសញ្ញាណរបស់អ្នក។ អ្នកនិយាយថា ព្រះជាម្ចាស់មិនសោយរបស់ទាំងនោះទេ ចុះបើទ្រង់សោយមួយម៉ាត់ តើវានឹងធ្វើឱ្យអ្នកមានអារម្មណ៍ដូចម្ដេចទៅ? តើវានឹងមិនស្របតាមសញ្ញាណ និងការនឹកស្រមៃរបស់អ្នកដែរឬទេ? តើមនុស្សខ្លះមិនជឿថា ដោយសារព្រះជាម្ចាស់មិនសោយ ឬមិនគាប់ព្រះទ័យនឹងរបស់ទាំងនោះ ទើបមិនចាំបាច់ថ្វាយទេឬ? តើអ្នករាល់គ្នាអាចប្រាកដយ៉ាងនេះដោយរបៀបណា? តើអ្នករាល់គ្នាពោលថា «ព្រះជាម្ចាស់មិនសោយរបស់ទាំងនោះទេ» ដោយសារអ្នកគិតថា ទ្រង់គឺជាព្រះកាយវិញ្ញាណ ហើយមិនអាចសោយបាន ឬដោយសារអ្នកគិតថា ព្រះជាម្ចាស់មានអត្តសញ្ញាណរបស់ទ្រង់ជាព្រះជាម្ចាស់ ទ្រង់មិនមែនជាសាច់ឈាម និងមិនអាចស្លាប់ ហើយទ្រង់មិនគួរនឹងគាប់ព្រះទ័យនឹងរបស់ទាំងនេះទេឬ? តើវាជាការគួរឱ្យអាម៉ាស់សម្រាប់ព្រះជាម្ចាស់ទេ ដែលទ្រង់គាប់ព្រះទ័យនឹងតង្វាយដែលមនុស្សថ្វាយដល់ទ្រង់នោះ? (ទេ។) ដូច្នេះ តើវាមិនស្របតាមសញ្ញាណរបស់មនុស្ស ឬក៏វាមិនស្របតាមអត្តសញ្ញាណរបស់ព្រះជាម្ចាស់? តើមួយណាឱ្យប្រាកដ? (មនុស្សមិនគួរពិភាក្សារឿងនេះទេ។) ត្រូវហើយ វាមិនមែនជារឿងដែលមនុស្សគួរខ្វល់ខ្វាយនោះទេ។ អ្នកមិនចាំបាច់សម្រេចចិត្តថា ព្រះជាម្ចាស់ត្រូវតែគាប់ព្រះទ័យនឹងរបស់ទាំងនោះ ឬថាទ្រង់មិនគួរនឹងគាប់ព្រះទ័យនឹងរបស់ទាំងនោះដែរនោះទេ។ ចូរធ្វើអ្វីដែលអ្នកគួរធ្វើ ចូរបំពេញភារកិច្ច និងទំនួលខុសត្រូវរបស់អ្នក ហើយចូរបំពេញកាតព្វកិច្ចរបស់អ្នក នោះគឺគ្រប់គ្រាន់ហើយ។ ពេលនោះ អ្នកនឹងបានបំពេញការងាររបស់អ្នកហើយ។ ចំណែកឯរបៀបដែលព្រះជាម្ចាស់នឹងចាត់ចែងរបស់ទាំងនោះ គឺជាការងាររបស់ទ្រង់។ ទោះបីជាព្រះជាម្ចាស់ចែករំលែករបស់ទាំងនោះជាមួយមនុស្ស ឬទុកឱ្យវារលួយខូច ឬទោះបីជាទ្រង់គាប់ព្រះទ័យនឹងរបស់ទាំងនោះបន្តិចបន្តួច ឬគ្រាន់តែទតមើលក៏ដោយ ក៏រឿងនេះមិនអាចរិះគន់បានឡើយ ហើយវាត្រឹមត្រូវ។ ព្រះជាម្ចាស់មានសេរីភាពរបស់ទ្រង់ នៅពេលនិយាយដល់របៀបដែលទ្រង់ចាត់ចែងបញ្ហាទាំងនេះ។ វាមិនមែនជារឿងដែលមនុស្សគួរខ្វល់ខ្វាយ ហើយក៏មិនមែនជារឿងដែលពួកគេគួរវិនិច្ឆ័យដែរ។ មនុស្សមិនគួរនឹកស្រមៃតាមតែអំពើចិត្តអំពីរឿងទាំងនេះឡើយ ហើយរឹតតែមិនគួរវិនិច្ឆ័យ ឬកាត់សេចក្ដីអំពីរឿងទាំងនេះតាមតែអំពើចិត្តទៀតផង។ តើឥឡូវនេះ អ្នកយល់ហើយឬនៅ? តើព្រះជាម្ចាស់គួរតែចាត់ចែងតង្វាយដែលមនុស្សថ្វាយដល់ទ្រង់ដោយរបៀបណា? (ទ្រង់នឹងចាត់ចែងតាមតែទ្រង់សព្វព្រះហឫទ័យ។) ត្រូវហើយ។ មនុស្សដែលយល់ពីរឿងនេះតាមរបៀបនោះ គឺមានហេតុផលធម្មតា។ ព្រះជាម្ចាស់នឹងចាត់ចែងរបស់ទាំងនេះតាមតែទ្រង់សព្វព្រះហឫទ័យ។ ទ្រង់អាចក្រឡេកមើលរបស់ទាំងនោះ ឬគ្រាន់តែមិនទតមើល ឬមិនយកព្រះទ័យទុកដាក់ទាល់តែសោះក៏បាន។ ចូរខ្វល់ខ្វាយតែពីការថ្វាយតង្វាយនៅពេលដែលដល់ពេលត្រូវថ្វាយ និងថ្វាយនៅពេលដែលអ្នកចង់ថ្វាយ ស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ និងពីការបំពេញទំនួលខុសត្រូវរបស់មនុស្សចុះ។ កុំខ្វល់ខ្វាយពីរបៀបដែលព្រះជាម្ចាស់ចាត់ចែង និងប្រព្រឹត្តចំពោះបញ្ហាបែបនេះឡើយ។ សរុបមក វាគ្រប់គ្រាន់ហើយ ប្រសិនបើអ្វីដែលអ្នកធ្វើគឺស្ថិតនៅក្នុងវិសាលភាពនៃសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ស្របតាមបទដ្ឋាននៃសតិសម្បជញ្ញៈ និងស្របតាមភារកិច្ច កាតព្វកិច្ច និងទំនួលខុសត្រូវរបស់មនុស្សជាតិ។ ចំណែកឯរបៀបដែលព្រះជាម្ចាស់ចាត់ចែង និងប្រព្រឹត្តចំពោះរបស់ទាំងនេះ គឺជាកិច្ចការផ្ទាល់របស់ទ្រង់ ហើយមនុស្សពិតជាមិនត្រូវវិនិច្ឆ័យ ឬកាត់សេចក្ដីអំពីរឿងនេះជាដាច់ខាត។ អ្នករាល់គ្នាបានប្រព្រឹត្តកំហុសដ៏ធំមួយក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ ខ្ញុំបានសួរអ្នករាល់គ្នាថា តើព្រះជាម្ចាស់គាប់ព្រះទ័យ ឬសោយរបស់ទាំងនេះដែរឬទេ ហើយអ្នករាល់គ្នាបាននិយាយថា ទ្រង់មិនសោយ ឬមិនគាប់ព្រះទ័យទេ។ តើកំហុសរបស់អ្នកគឺជាអ្វី? (ធ្វើការវិនិច្ឆ័យព្រះជាម្ចាស់។) គឺការកំណត់ដោយបំពាន និងការវិនិច្ឆ័យដោយមិនគិត ហើយនេះបញ្ជាក់ថា មនុស្សនៅតែមានការទាមទារពីព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេនៅឡើយ។ ចំពោះពួកគេ ការដែលព្រះជាម្ចាស់គាប់ព្រះទ័យនឹងរបស់ទាំងនេះគឺខុស ហើយការដែលទ្រង់មិនគាប់ព្រះទ័យក៏ខុសដែរ។ ប្រសិនបើទ្រង់គាប់ព្រះទ័យមែន ពួកគេនឹងនិយាយថា «ព្រះអង្គគឺជាព្រះកាយវិញ្ញាណ មិនមែនជាសាច់ឈាម និងមិនអាចស្លាប់ទេ។ ហេតុអ្វីបានជាព្រះអង្គគាប់ព្រះទ័យនឹងរបស់ទាំងនេះ? រឿងនេះពិតជាមិនអាចនឹកស្មានដល់សោះ!» ហើយប្រសិនបើព្រះជាម្ចាស់មិនយកព្រះទ័យទុកដាក់នឹងរបស់ទាំងនេះទេ នោះមនុស្សនឹងនិយាយថា «ពួកយើងបានខិតខំយ៉ាងលំបាកដើម្បីថ្វាយដួងចិត្តរបស់ពួកយើងដល់ព្រះអង្គ តែព្រះអង្គបែរជាមិនទាំងក្រឡេកមើលរបស់ដែលពួកយើងបានថ្វាយសោះ។ តើព្រះអង្គមានយកចិត្តទុកដាក់ចំពោះពួកយើងខ្លះដែរឬទេ?»។ នៅត្រង់ចំណុចនេះ ក៏មនុស្សនៅតែមានពាក្យនិយាយដែរ។ នេះគឺជាការខ្វះហេតុផល។ សរុបមក តើមនុស្សគួរមានឥរិយាបថបែបណាចំពោះបញ្ហានេះ? (មនុស្សត្រូវថ្វាយអ្វីដែលពួកគេគួរថ្វាយដល់ព្រះជាម្ចាស់ ហើយចំណែកឯរបៀបដែលព្រះជាម្ចាស់នឹងចាត់ចែងរបស់ទាំងនេះ មនុស្សមិនគួរមានសញ្ញាណ ឬការនឹកស្រមៃអំពីរឿងនេះទាល់តែសោះ ហើយក៏មិនគួរវិនិច្ឆ័យដែរ។) មែនហើយ នោះហើយគឺជាហេតុផលដែលមនុស្សគួរតែមាន។ នេះគឺពាក់ព័ន្ធនឹងរបស់ដែលគេថ្វាយដល់ព្រះជាម្ចាស់ ដែលក៏ជាទិដ្ឋភាពមួយនៃតង្វាយដែរ។ វត្ថុដែលគេថ្វាយដល់ព្រះជាម្ចាស់រួមបញ្ចូលនូវរបស់ជាច្រើនប្រភេទ។ នេះក៏ព្រោះតែមនុស្សរស់នៅក្នុងពិភពរូបិយ ហើយបន្ថែមពីលើប្រាក់កាស មាស ប្រាក់ និងគ្រឿងអលង្ការ ក៏នៅមានរបស់ជាច្រើនទៀតដែលពួកគេចាត់ទុកថាល្អ និងមានតម្លៃខ្លាំង ហើយនៅពេលដែលមនុស្សខ្លះនឹកគិតដល់ព្រះជាម្ចាស់ ឬពួកគេនឹកគិតអំពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ពួកគេសុខចិត្តថ្វាយរបស់ដែលពួកគេចាត់ទុកថាដ៏មានតម្លៃ និងវិសេសវិសាលដល់ព្រះជាម្ចាស់។ នៅពេលដែលរបស់ទាំងនេះត្រូវបានគេថ្វាយដល់ព្រះជាម្ចាស់ ពួកវាក៏ស្ថិតនៅក្នុងវិសាលភាពនៃតង្វាយដែរ ពោលគឺពួកវាក្លាយជាតង្វាយ។ ហើយនៅពេលជាមួយគ្នាដែលពួកវាក្លាយជាតង្វាយ វាក៏អាស្រ័យលើព្រះជាម្ចាស់ក្នុងការចាត់ចែងរបស់ទាំងនោះ ពេលនោះ មនុស្សមិនអាចប៉ះពាល់បានឡើយ វាមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់មនុស្ស ហើយក៏មិនមែនជាកម្មសិទ្ធិរបស់មនុស្សដែរ។ នៅពេលដែលអ្នកបានថ្វាយអ្វីមួយដល់ព្រះជាម្ចាស់ហើយ របស់នោះក៏ក្លាយជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ វាមិនមែនអាស្រ័យលើអ្នកក្នុងការចាត់ចែងវាទៀតទេ ហើយអ្នកក៏មិនអាចជ្រៀតជ្រែកក្នុងរឿងនេះបានទៀតដែរ។ មិនថាតើព្រះជាម្ចាស់ចាត់ចែង ឬប្រព្រឹត្តចំពោះរបស់នោះដោយរបៀបណានោះទេ វាមិនពាក់ព័ន្ធនឹងមនុស្សឡើយ។ វត្ថុដែលគេថ្វាយដល់ព្រះជាម្ចាស់ ក៏ជាទិដ្ឋភាពមួយនៃតង្វាយដែរ។ មនុស្សខ្លះសួរថា «តើមានតែប្រាក់កាស និងមាស ប្រាក់ និងគ្រឿងអលង្ការដ៏មានតម្លៃទេឬ ដែលអាចជាតង្វាយបាន? ឧបមាថានរណាម្នាក់ថ្វាយស្បែកជើងមួយគូ ស្រោមជើងមួយគូ ឬទ្រនាប់ស្បែកជើងមួយគូដល់ព្រះជាម្ចាស់ តើរបស់ទាំងនោះរាប់ជាតង្វាយដែរឬទេ?» ប្រសិនបើយើងផ្អែកតាមនិយមន័យនៃតង្វាយ មិនថារបស់អ្វីមួយនោះធំ ឬតូច ឬមានតម្លៃ ឬថោកយ៉ាងណានោះទេ ទោះបីជាវាជាប៊ិចមួយដើម ឬក្រដាសមួយសន្លឹកក៏ដោយ ឲ្យតែគេបានថ្វាយដល់ព្រះជាម្ចាស់ នោះវាគឺជាតង្វាយ។

មានទិដ្ឋភាពមួយទៀតនៃតង្វាយគឺ៖ វត្ថុដែលត្រូវបានថ្វាយដល់ដំណាក់របស់ព្រះជាម្ចាស់ និងពួកជំនុំ។ របស់ទាំងនេះក៏ស្ថិតនៅក្នុងប្រភេទនៃតង្វាយដែរ។ តើវត្ថុបែបនេះរួមមានអ្វីខ្លះ? ឧបមាថា នរណាម្នាក់បានទិញរថយន្តមួយ ហើយបន្ទាប់ពីបើកបរមួយរយៈ ពួកគេមានអារម្មណ៍ថាវាចាស់បន្តិចហើយ រួចពួកគេក៏ទិញរថយន្តថ្មីមួយទៀត ហើយបានថ្វាយរថយន្តចាស់នោះដល់ដំណាក់របស់ព្រះជាម្ចាស់ ដើម្បីឱ្យដំណាក់របស់ព្រះជាម្ចាស់អាចប្រើប្រាស់វានៅក្នុងកិច្ចការរបស់ខ្លួន។ ពេលនោះ រថយន្តនេះក៏ក្លាយជាកម្មសិទ្ធិរបស់ដំណាក់របស់ព្រះជាម្ចាស់។ របស់ដែលជាកម្មសិទ្ធិរបស់ដំណាក់របស់ព្រះជាម្ចាស់ គួរតែចាត់ថ្នាក់ជាតង្វាយ នេះគឺត្រឹមត្រូវហើយ។ ជាការពិតណាស់ គ្រឿងបរិក្ខារ និងឧបករណ៍មិនមែនជារបស់តែមួយគត់ដែលគេថ្វាយដល់ពួកជំនុំ និងដំណាក់របស់ព្រះជាម្ចាស់នោះទេ ក៏មានរបស់ផ្សេងៗទៀតដែរ។ វិសាលភាពនេះគឺធំទូលាយគួរសម។ មនុស្សខ្លះនិយាយថា «តង្វាយមួយភាគដប់ដែលមនុស្សថ្វាយនៃអ្វីៗទាំងអស់ដែលពួកគេទទួលបាន គឺជាតង្វាយ ហើយប្រាក់កាស និងវត្ថុដែលគេថ្វាយដល់ព្រះជាម្ចាស់ក៏ជាតង្វាយដែរ។ យើងគ្មានការជំទាស់ចំពោះការចាត់ថ្នាក់របស់ទាំងនេះជាតង្វាយទេ គឺគ្មានអ្វីគួរឱ្យសង្ស័យឡើយ។ ប៉ុន្តែហេតុអ្វីបានជាវត្ថុដែលគេថ្វាយដល់ពួកជំនុំ និងដំណាក់របស់ព្រះជាម្ចាស់ ក៏ស្ថិតនៅក្នុងប្រភេទនៃតង្វាយដែរ? រឿងនោះមិនសូវសមហេតុផលសោះ»។ ប្រាប់ខ្ញុំមក តើវាសមហេតុផលទេដែលរបស់ទាំងនោះត្រូវបានចាត់ថ្នាក់ជាតង្វាយ? (មែនហើយ។) ហើយហេតុអ្វីបានជាអ្នករាល់គ្នាពោលដូច្នេះ? (ពួកជំនុំកើតមានឡើងដោយសារតែមានព្រះជាម្ចាស់ ដូច្នេះអ្វីៗទាំងអស់ដែលគេថ្វាយដល់ពួកជំនុំក៏ជាតង្វាយដែរ។) និយាយបានល្អ។ ពួកជំនុំ និងដំណាក់របស់ព្រះជាម្ចាស់ គឺជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ ហើយពួកវាកើតមានឡើងដោយសារតែមានព្រះជាម្ចាស់។ ដោយសារតែមានពួកជំនុំហើយ ទើបមានកន្លែងសម្រាប់បងប្អូនប្រុសស្រីជួបជុំ និងរស់នៅ ហើយដោយសារតែមានដំណាក់របស់ព្រះជាម្ចាស់ហើយ ទើបបញ្ហាទាំងអស់របស់បងប្អូនប្រុសស្រីមានកន្លែងសម្រាប់ដោះស្រាយ ហើយបងប្អូនប្រុសស្រីក៏មានផ្ទះពិតប្រាកដមួយ។ ទាំងអស់នេះកើតមានឡើងដោយផ្អែកលើមូលដ្ឋាននៃការគង់នៅរបស់ព្រះជាម្ចាស់។ មនុស្សមិនមែនថ្វាយរបស់ដល់ពួកជំនុំ និងដំណាក់របស់ព្រះជាម្ចាស់ ដោយសារតែមនុស្សនៅក្នុងពួកជំនុំជឿលើព្រះជាម្ចាស់ និងជាសមាជិកនៃដំណាក់របស់ព្រះជាម្ចាស់នោះទេ នោះមិនមែនជាហេតុផលត្រឹមត្រូវទេ។ គឺដោយសារតែព្រះជាម្ចាស់ហើយ ទើបមនុស្សថ្វាយរបស់ដល់ពួកជំនុំ និងដំណាក់របស់ព្រះជាម្ចាស់។ តើរឿងនេះមានអត្ថន័យយ៉ាងដូចម្ដេច? តើអ្នកណានឹងថ្វាយរបស់ដល់ក្រុមជំនុំដោយងាយៗ ប្រសិនបើមិនមែនដោយសារតែព្រះជាម្ចាស់? បើគ្មានព្រះជាម្ចាស់ទេ ក្រុមជំនុំក៏មិនអាចកើតមានដែរ។ នៅពេលដែលមនុស្សមានរបស់ដែលពួកគេមិនត្រូវការ ឬលើសពីតម្រូវការ ពួកគេអាចបោះវាចោល ឬទុកចោលមិនប្រើប្រាស់។ របស់ខ្លះក៏អាចលក់បានដែរ។ វិធីសាស្ត្រទាំងអស់នេះអាចត្រូវបានប្រើដើម្បីដោះស្រាយជាមួយរបស់ទាំងនេះមែនទេ? ដូច្នេះ ហេតុអ្វីបានជាមនុស្សមិនដោះស្រាយជាមួយរបស់ទាំងនោះតាមវិធីទាំងនេះ ហេតុអ្វីបានជាពួកគេថ្វាយដល់ពួកជំនុំវិញ? តើមិនមែនដោយសារតែព្រះជាម្ចាស់ទេឬ? (មែនហើយ។) គឺដោយសារតែមានព្រះជាម្ចាស់ហើយ ទើបមនុស្សថ្វាយរបស់ដល់ពួកជំនុំ។ ដូច្នេះ អ្វីៗទាំងអស់ដែលគេថ្វាយដល់ពួកជំនុំ ឬដំណាក់របស់ព្រះជាម្ចាស់ គួរតែត្រូវបានចាត់ទុកជាតង្វាយ។ មនុស្សខ្លះនិយាយថា «ខ្ញុំថ្វាយរបស់របស់ខ្ញុំនេះដល់ពួកជំនុំ»។ ការថ្វាយរបស់នោះដល់ពួកជំនុំ គឺស្មើនឹងការថ្វាយដល់ព្រះជាម្ចាស់ ហើយពួកជំនុំ និងដំណាក់របស់ព្រះជាម្ចាស់មានសិទ្ធិអំណាចពេញលេញក្នុងការចាត់ចែងរបស់បែបនេះ។ នៅពេលដែលអ្នកថ្វាយអ្វីមួយដល់ក្រុមជំនុំ វាក៏លែងមានទំនាក់ទំនងអ្វីជាមួយអ្នកទៀតដែរ។ ដំណាក់របស់ព្រះជាម្ចាស់ និងក្រុមជំនុំនឹងបែងចែក ប្រើប្រាស់ និងចាត់ចែងវត្ថុទាំងនេះស្របតាមគោលការណ៍ដែលបានចែងដោយដំណាក់របស់ព្រះជាម្ចាស់។ ដូច្នេះ តើគោលការណ៍ទាំងនេះមកពីណា? គឺមកពីព្រះជាម្ចាស់។ ជាមូលដ្ឋាន គោលការណ៍សម្រាប់ការប្រើប្រាស់របស់ទាំងនេះគឺថា ពួកវាគួរតែត្រូវបានប្រើសម្រាប់ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងសម្រាប់ការផ្សាយកិច្ចការដំណឹងល្អរបស់ព្រះជាម្ចាស់។ ពួកវាមិនមែនសម្រាប់ការប្រើប្រាស់ផ្តាច់មុខរបស់បុគ្គលណាម្នាក់ឡើយ ហើយរឹតតែមិនមែនសម្រាប់ក្រុមមនុស្សណាមួយដែរ ប៉ុន្តែត្រូវប្រើសម្រាប់កិច្ចការផ្សាយដំណឹងល្អ និងសម្រាប់កិច្ចការផ្សេងៗរបស់ដំណាក់របស់ព្រះជាម្ចាស់។ ដូច្នេះ គ្មាននរណាម្នាក់មានឯកសិទ្ធិប្រើប្រាស់របស់ទាំងនេះឡើយ។ គោលការណ៍ និងមូលដ្ឋានតែមួយគត់សម្រាប់ការប្រើប្រាស់ និងការបែងចែករបស់ទាំងនេះ គឺត្រូវធ្វើឡើងស្របតាមគោលការណ៍ដែលតម្រូវដោយដំណាក់របស់ព្រះជាម្ចាស់។ នេះគឺសមហេតុផល និងត្រឹមត្រូវ។

ទាំងនេះគឺជានិយមន័យបីផ្នែកនៃតង្វាយ ដែលផ្នែកនីមួយៗគឺជានិយមន័យនៃទិដ្ឋភាពមួយនៃតង្វាយ និងជាទិដ្ឋភាពមួយនៃវិសាលភាពរបស់វា។ ឥឡូវនេះ អ្នករាល់គ្នាបានយល់ច្បាស់ហើយមែនទេ ថាអ្វីទៅជាតង្វាយ? (មែនហើយ។) កាលពីមុន មានអ្នកខ្លះបាននិយាយថា «របស់នេះមិនមែនជាប្រាក់កាសទេ ហើយអ្នកដែលបានថ្វាយក៏មិនបាននិយាយថាសម្រាប់ព្រះជាម្ចាស់ដែរ។ ពួកគេគ្រាន់តែនិយាយថាពួកគេថ្វាយវាប៉ុណ្ណោះ។ ដូច្នេះ វាមិនអាចសម្រាប់ឱ្យដំណាក់របស់ព្រះជាម្ចាស់ប្រើប្រាស់បានទេ ហើយរឹតតែមិនអាចថ្វាយដល់ព្រះជាម្ចាស់បានទៀតផង»។ ដូច្នេះហើយ ពួកគេមិនបានកត់ត្រាទុកឡើយ ហើយពួកគេបានប្រើប្រាស់របស់នោះដោយលួចលាក់តាមតែអំពើចិត្ត។ តើនោះសមហេតុផលទេ? (ទេ។) អ្វីដែលពួកគេបាននិយាយ គឺមិនសមហេតុផលទេ ហើយពួកគេក៏បាននិយាយទៀតថា «តង្វាយដល់ក្រុមជំនុំ និងដំណាក់របស់ព្រះជាម្ចាស់ គឺជាទ្រព្យសម្បត្តិរួម អ្នកណាក៏អាចប្រើបានដែរ» ដែលនេះគឺមិនសមហេតុផលយ៉ាងច្បាស់។ គឺដោយសារតែមនុស្សភាគច្រើនមានភាពស្រពិចស្រពិល និងមិនច្បាស់លាស់អំពីនិយមន័យ និងសញ្ញាណនៃតង្វាយហើយ ទើបមនុស្សអាក្រក់ថោកទាបខ្លះ និងមនុស្សខ្លះដែលមានចិត្តលោភលន់ និងបំណងប្រាថ្នាមិនត្រឹមត្រូវ ឆ្លៀតឱកាស ហើយគិតចង់ដណ្ដើមយករបស់ទាំងនោះ។ ឥឡូវនេះ អ្នកបានយល់ច្បាស់អំពីនិយមន័យ និងសញ្ញាណដ៏ត្រឹមត្រូវនៃតង្វាយហើយ អ្នករាល់គ្នានឹងមានការញែកដឹង នៅពេលដែលអ្នករាល់គ្នាជួបប្រទះនឹងព្រឹត្តិការណ៍ និងមនុស្សបែបនេះនៅពេលអនាគត។

គ្រោះមហន្តរាយបានកំពុងកើតឡើងជាបន្តបន្ទាប់នៅគ្រប់ទីកន្លែងកណ្តឹងរោទិ៍នៃគ្រាចុងក្រោយបានបន្លឺឡើងរួចហើយ។ សូមចុចលើប៊ូតុង ដើម្បីជួយអ្នកនិងក្រុមគ្រួសាររកឃើញវិធីទទួលបានការការពារពីព្រះជាម្ចាស់ នៅក្នុងគ្រោះមហន្តរាយ។

សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈ Messenger