ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៩) ជំពូកទី១

លក្ខខណ្ឌវិនិច្ឆ័យចំនួនពីរ ដើម្បីធ្វើការវិនិច្ឆ័យថាតើអ្នកដឹកនាំ និងអ្នកធ្វើការមានលក្ខណៈសម្បត្តិត្រូវតាមស្ដង់ដាឬអត់

សរុបទៅ ឥឡូវយើងបានប្រកបគ្នាចំនួនប្រាំបីអំពីទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ហើយទាក់ទងនឹងទំនួលខុសត្រូវទាំងប្រាំបីនេះ យើងបានវែកញែកពីការសម្ដែងចេញផ្សេងៗរបស់អ្នកដឹកនាំក្លែងក្លាយ។ តាមរយៈការវែកញែកពួកគេបែបនេះ ឥឡូវតើអ្នករាល់គ្នាមានការយល់ដឹងខ្លះអំពីអ្នកដឹកនាំក្លែងក្លាយដែរឬទេ? ប្រសិនបើអ្នកជាអ្នកដឹកនាំម្នាក់ តើអ្នកអាចជៀសវាងពីការប្រព្រឹត្តរបស់អ្នកដឹកនាំក្លែងក្លាយទាំងនេះបានដែរឬទេ? តើអ្នកអាចធ្វើកិច្ចការ និងបំពេញទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការដោយសតិ ផ្អែកលើទំនួលខុសត្រូវដែលយើងបានប្រកបគ្នានេះដែរឬទេ? តាមរយៈការប្រកបគ្នាអំពីទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អ្នករាល់គ្នាគួរតែដឹងក្នុងចិត្តហើយថា តើអ្នកដឹកនាំ និងអ្នកធ្វើការ គួរតែបំពេញកិច្ចការរបស់ខ្លួនដោយរបៀបណា តើមានសេចក្ដីលម្អិតអ្វីខ្លះដែលពាក់ព័ន្ធនឹងការបំពេញកិច្ចការនេះ តើពួកគេគួរតែអនុវត្តកិច្ចការបែបណា និងតើពួកគេគួរតែអនុវត្តការធ្វើជាអ្នកដឹកនាំ និងអ្នកធ្វើការដែលស្របតាមស្ដង់ដាដោយរបៀបណា។ ប្រសិនបើពួកគេមានគុណសម្បត្តិគ្រប់គ្រាន់ ប្រសិនបើពួកគេមានសមត្ថភាពការងារក្នុងកម្រិតជាក់លាក់មួយ ហើយពួកគេក៏មានបន្ទុកផងដែរ នោះពួកគេគួរតែអាចជៀសវាងពីការសម្ដែងចេញនូវការបង្ហាញទាំងនេះរបស់ពួកអ្នកដឹកនាំក្លែងក្លាយបាន។ ក៏ប៉ុន្តែ ប្រសិនបើពួកគេមានគុណសម្បត្តិ និងមានសមត្ថភាពការងារក្នុងកម្រិតជាក់លាក់មួយ ប៉ុន្តែពួកគេគ្មានបន្ទុកទេ តើពួកគេអាចធ្វើជាអ្នកដឹកនាំដែលស្របតាមស្ដង់ដា និងបំពេញទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការបានដែរឬទេ? (មិនបានទេ។) រឿងនេះពិបាកបន្តិចហើយសម្រាប់ពួកគេ។ ឧបមាថា អ្នកដឹកនាំម្នាក់មានបន្ទុក ហើយភាពជាមនុស្សរបស់ពួកគេក៏មិនអន់ដែរ ប៉ុន្តែពួកគេគ្រាន់តែមិនដឹងពីរបៀបបំពេញកិច្ចការរបស់ខ្លួនប៉ុណ្ណោះ។ មិនថាពួកគេទទួលបានការប្រកបគ្នាបែបណាទេ ពួកគេនៅតែមិនដឹងពីរបៀបអនុវត្ត និងចូលរួមក្នុងកិច្ចការជាក់លាក់ ហើយរកមិនឃើញគោលការណ៍ ឬទិសដៅដដែលហ្នឹង។ ពួកគេក៏មិនដឹងពីរបៀបផ្ដល់ការណែនាំសម្រាប់មុខជំនាញ ឬកិច្ចការជាក់លាក់ដែរ។ នៅពេលមានបញ្ហាកើតឡើង ពួកគេមើលមិនឃើញពីសារជាតិនៃបញ្ហាទាំងនោះទេ ហើយ ក៏មិនដឹងពីរបៀបដោះស្រាយបញ្ហាទាំងនោះដែរ។ ជាលទ្ធផល ពួកគេតែងតែអសកម្ម និងយឺតយ៉ាវជានិច្ចនៅក្នុងកិច្ចការណាមួយដែលពួកគេធ្វើ ឬនៅក្នុងបញ្ហាណាមួយដែលពួកគេដោះស្រាយ។ តើមនុស្សបែបនេះអាចបំពេញទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការបានដែរឬទេ? (មិនបានទេ។) តើនេះជាបញ្ហាបែបណាទៅ? ទោះបីជាមនុស្សប្រភេទនេះមានចិត្តខ្នះខ្នែង មានបន្ទុក និងចង់បំពេញកិច្ចការរបស់ខ្លួនក៏ដោយ ក៏ពួកគេមានគុណសម្បត្តិអន់ពេក គ្មានសមត្ថភាពការងារ និងមិនអាចទទួលខុសត្រូវលើកិច្ចការ ឬបំពេញកិច្ចការជាក់លាក់ ឬដោះស្រាយបញ្ហាជាក់លាក់បានដែរ។ ពួកគេគ្រាន់តែធ្វើបង្គ្រប់កិច្ចប៉ុណ្ណោះ នៅពេលដែលពួកគេចូលរួមក្នុងកិច្ចការណាមួយ ហើយពួកគេយឺតយ៉ាវ ស្ពឹកស្រពន់ និងអសកម្មជាខ្លាំង។ លទ្ធផលនៃរឿងនេះ គឺមានបញ្ហាជាច្រើនកើតឡើង ប៉ុន្តែពួកគេគ្មានសមត្ថភាពចាប់ផ្ដើមដោះស្រាយបញ្ហាទាំងនោះ ពួកគេមិនដឹងថាបញ្ហាទាំងនោះកើតចេញពីកន្លែងណា រឹតតែមិនដឹងពីរបៀបប្រកបគ្នាអំពីបញ្ហាទាំងនោះ និងដោះស្រាយបញ្ហាទាំងនោះ ហើយពួកគេថែមទាំងមិនអាចរាយការណ៍ពីបញ្ហាទាំងនោះទៅខាងលើ និងសុំការណែនាំពីពួកគេបានទៀតផង។ ហេតុដូច្នេះ ពួកគេគ្មានសមត្ថភាពបំពេញទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការបានឡើយ ហើយទោះបីជាពួកគេត្រូវបានជ្រើសរើសឱ្យធ្វើជាអ្នកដឹកនាំក៏ដោយ ក៏ពួកគេមិនមែនជាអ្នកដឹកនាំល្អដែរ ពោលគឺពួកគេជាអ្នកដឹកនាំក្លែងក្លាយ។

បន្ទាប់ពីបានប្រកបគ្នាអំពីទំនួលខុសត្រូវទាំងប្រាំបីរបស់អ្នកដឹកនាំ និងអ្នកធ្វើការរួចមក តើអ្នករាល់គ្នាអាចផ្ដល់និយមន័យជាមូលដ្ឋានមួយអំពីអ្នកដឹកនាំក្លែងក្លាយបានដែរឬទេ? តើគេគួរតែវិនិច្ឆ័យដោយរបៀបណាថាតើអ្នកដឹកនាំម្នាក់កំពុងតែបំពេញទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ឬថាតើគេ ជាអ្នកដឹកនាំក្លែងក្លាយ? នៅកម្រិតមូលដ្ឋានបំផុត គេត្រូវពិនិត្យមើលថាតើម្នាក់នោះមានសមត្ថភាពធ្វើកិច្ចការពិតប្រាកដឬអត់ ត្រូវមើលថាតើគេមានគុណសម្បត្តិនេះឬអត់។ ក្រោយមក គេគួរតែពិនិត្យមើលថាតើគេមានបន្ទុកក្នុងការបំពេញកិច្ចការនេះឱ្យបានល្អឬអត់។ សូមបំភ្លេចចោលសម្ដីដ៏ផ្អែមពីរោះរបស់ពួកគេ បំភ្លេចចោលគោលលទ្ធិដែលពួកគេហាក់មានការយល់ដឹងច្រើន ហើយមិនថាពួកគេមានទេពកោសល្យ និងអំណោយទានច្រើនប៉ុនណា នៅពេលដោះស្រាយបញ្ហាខាងក្រៅទេ សូមបំភ្លេចចោលចុះ ដ្បិតរឿងទាំងនេះមិនសំខាន់ឡើយ។ អ្វីដែលសំខាន់បំផុតគឺថា គេអាចអនុវត្តតាមចំណុចជាមូលដ្ឋានបំផុតនៃកិច្ចការពួកជំនុំបានត្រឹមត្រូវឬអត់ ថាតើគេអាចដោះស្រាយបញ្ហា ដោយប្រើសេចក្តីពិត និងថាតើគេអាចដឹកនាំមនុស្សចូលទៅក្នុងតថភាពសេចក្តីពិតបានឬអត់។ នេះគឺជាកិច្ចការជាមូលដ្ឋាន និងសំខាន់បំផុត។ ប្រសិនបើគេគ្មានសមត្ថភាពធ្វើតាមចំណុចនៃកិច្ចការពិតប្រាកដទាំងនេះទេ នោះមិនថាគេមានគុណសម្បត្តិល្អប៉ុនណា គេមានទេពកោសល្យពូកែយ៉ាងណា ឬអាចស៊ូទ្រាំនឹងទុក្ខលំបាក និងលះបង់ជាច្រើនយ៉ាងណាក៏ដោយ ក៏គេនៅតែជាអ្នកដឹកនាំក្លែងក្លាយដដែលហ្នឹង។ មនុស្សមួយចំនួននិយាយថា «កុំខ្វល់ឡើយ ដែលឥឡូវគេមិនអាចធ្វើកិច្ចការពិតប្រាកដណាមួយបាននោះ។ គេមានគុណសម្បត្តិល្អ ហើយគេមានសមត្ថភាព។ ប្រសិនបើបណ្ដុះបណ្ដាលគេមួយរយៈ នោះគេមុខជាអាចធ្វើកិច្ចការជាក់ស្ដែងបានមិនខាន។ ក្រៅពីនេះ គេមិនទាន់ធ្វើអ្វីមួយមិនល្អ ហើយពួកគេមិនទាន់ធ្វើអំពើអាក្រក់ បង្កការបង្អាក់ ឬការរំខានណាមួយនៅឡើយទេ។ ម្ដេចក៏អ្នកអាចនិយាយថា គេជាអ្នកដឹកនាំក្លែងក្លាយបានទៅ?» តើយើងអាចពន្យល់ចំណុចនេះដូចម្ដេចទៅ? មិនថាអ្នកមានទេពកោសល្យប៉ុនណា មិនថាអ្នកមានគុណសម្បត្តិ និងមានការអប់រំកម្រិតណា មិនថាអ្នកអាចប្រកាសពាក្យស្លោកបានច្រើនយ៉ាងណា ឬមិនថាអ្នកយល់ពីពាក្យពេចន៍ និងគោលលទ្ធិបានច្រើនបែបណាឡើយ ទោះបីជាអ្នករវល់ ឬនឿយហត់បែបណាក្នុងមួយថ្ងៃ ឬទោះបីអ្នកធ្វើដំណើរបានឆ្ងាយយ៉ាងណា ទោះបីជាអ្នកបានទៅសួរសុខទុក្ខពួកជំនុំបានច្រើនកន្លែង ឬអ្នកបានប្រថុយប្រថាន និងស៊ូទ្រាំរងទុក្ខបានច្រើនបែបណានោះទេ ពោលគឺរឿងទាំងអស់នេះមិនសំខាន់ឡើយ។ អ្វីដែលសំខាន់នោះគឺថាតើអ្នកកំពុងបំពេញកិច្ចការរបស់អ្នកដោយផ្អែកលើការរៀបចំចាត់ចែងការងារឬក៏អត់ ថាតើអ្នកកំពុងអនុវត្តតាមការរៀបចំចាត់ចែងទាំងនោះបានត្រឹមត្រូវឬក៏អត់។ ក្នុងអំឡុងពេលនៃការដឹកនាំរបស់អ្នក ថាតើអ្នកកំពុងចូលរួមក្នុងកិច្ចការជាក់លាក់នីមួយៗដែលអ្នកទទួលខុសត្រូវឬអត់ និងថាតើមានបញ្ហាជាក់លាក់ប៉ុន្មានដែលអ្នកបានដោះស្រាយយ៉ាងពិតប្រាកដ។ ថាតើមានមនុស្សប៉ុន្មាននាក់បានយល់ពីគោលការណ៍សេចក្ដីពិត ដោយសារតែការដឹកនាំ និងការណែនាំរបស់អ្នក ហើយថាតើកិច្ចការរបស់ពួកជំនុំបានរីកចម្រើន និងអភិវឌ្ឍបានខ្លាំងកម្រិតណា អ្វីដែលសំខាន់នោះគឺថាតើអ្នកសម្រេចបានលទ្ធផលទាំងនេះឬក៏អត់។ ទោះបីជាអ្នកជាប់ពាក់ព័ន្ធនឹងកិច្ចការជាក់លាក់អ្វីក៏ដោយ អ្វីដែលសំខាន់គឺថាតើអ្នកកំពុងតាមដាន និងដឹកនាំកិច្ចការជាប់ជាប្រចាំឬក៏អត់ ជាជាងធ្វើឫកធំ អស្ចារ្យ និងចាំតែចេញបញ្ជានោះ។ ក្រៅពីនេះ អ្វីដែលសំខាន់ផងដែរនោះគឺថាតើអ្នកមានការចូលទៅក្នុងជីវិតដែរឬអត់ ក្នុងពេលដែលអ្នកកំពុងបំពេញភារកិច្ចរបស់អ្នក ថាតើអ្នកអាចដោះស្រាយបញ្ហាស្របតាមគោលការណ៍បានដែរឬអត់ ថាតើអ្នកមានទីបន្ទាល់នៃការអនុវត្តសេចក្ដីពិតដែរឬអត់ ហើយថាតើអ្នកអាចចាត់ចែង និងដោះស្រាយបញ្ហាជាក់ស្ដែងដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ប្រឈមមុខបានដែរឬអត់។ ចំណុចទាំងនេះ និងចំណុចស្រដៀងគ្នាផ្សេងទៀត សុទ្ធតែជាលក្ខណៈវិនិច្ឆ័យដើម្បីវាយតម្លៃថាតើអ្នកដឹកនាំ ឬអ្នកធ្វើការម្នាក់បានបំពេញទំនួលខុសត្រូវរបស់ខ្លួនឬក៏អត់។ តើអ្នករាល់គ្នាគិតថា លក្ខណៈវិនិច្ឆ័យទាំងនេះជាក់ស្ដែងដែរឬទេ? ហើយយុត្តិធម៌ចំពោះមនុស្សដែរឬទេ? (មែនហើយ។) លក្ខណៈវិនិច្ឆ័យទាំងនេះយុត្តិធម៌ចំពោះមនុស្សគ្រប់គ្នា។ មិនថាអ្នកមានការអប់រំកម្រិតណា អ្នកនៅក្មេង ឬចាស់ អ្នកបានជឿលើព្រះជាម្ចាស់ប៉ុន្មានឆ្នាំ អ្នកមានអតីតភាពបែបណា ឬមិនថាអ្នកបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើនប៉ុនណានោះទេ ក៏គ្មានចំណុចណាមួយក្នុងចំណោមចំណុចទាំងនេះសំខាន់ដែរ។ អ្វីដែលសំខាន់នោះគឺថាតើអ្នកបំពេញកិច្ចការរបស់ពួកជំនុំបានល្អប៉ុនណា បន្ទាប់ពីត្រូវបានជ្រើសរើសជាអ្នកដឹកនាំ ថាតើអ្នកមានប្រសិទ្ធភាព និងប្រសិទ្ធផលកម្រិតណានៅក្នុងកិច្ចការរបស់អ្នក ហើយថាតើកិច្ចការនីមួយៗដំណើរការទៅមុខក្នុងលក្ខណៈរៀបរយ និងមានប្រសិទ្ធភាព ហើយមិនមានការយឺតយ៉ាវឬក៏អត់។ ទាំងនេះគឺជាចំណុចសំខាន់ៗដែលត្រូវធ្វើការវាយតម្លៃ នៅពេលដែលវាស់វែងថាតើអ្នកដឹកនាំ ឬអ្នកធ្វើការម្នាក់បានបំពេញ ឬមិនបានបំពេញទំនួលខុសត្រូវរបស់ខ្លួន។

តាមរយៈការប្រកបគ្នាដែលយើងទើបតែបានធ្វើនេះ ឥឡូវអ្នករាល់គ្នាមានការយល់ដឹង និងចំណេះដឹងច្បាស់លាស់ខ្លះហើយអំពីទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ក៏ដូចជាការលើកឡើងយ៉ាងត្រឹមត្រូវអំពីនិយមន័យ និងសារជាតិរបស់អ្នកដឹកនាំក្លែងក្លាយ។ លក្ខណៈវិនិច្ឆ័យជាមូលដ្ឋានបំផុតសម្រាប់វិនិច្ឆ័យថាតើមនុស្សម្នាក់ជាអ្នកដឹកនាំក្លែងក្លាយឬអត់ គឺត្រូវមើលថាតើពួកគេមានសមត្ថភាពបំពេញកិច្ចការពិតប្រាកដដែរឬអត់ ហើយបន្ទាប់មកត្រូវមើលថាតើពួកគេពិតជាធ្វើកិច្ចការពិតប្រាកដឬក៏អត់។ ទាំងនេះគឺជាលក្ខណៈវិនិច្ឆ័យចម្បងពីរ៖ មួយគឺសំណួរថាតើពួកគេមានសមត្ថភាពដែរឬអត់ ហើយមួយទៀតគឺសំណួរថាតើពួកគេព្រមសុខចិត្តធ្វើដែរឬអត់។ តើអ្នករាល់គ្នាអាចចងចាំចំណុចទាំងនេះបានដែរឬទេ? មនុស្សខ្លះនិយាយថា៖ «ខ្ញុំមិនមែនជាអ្នកដឹកនាំទេ ដូច្នេះហេតុអ្វីបានជាខ្ញុំត្រូវចងចាំអំពីចំណុចទាំងនេះ?» តើសម្ដីនេះត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ។) ហេតុអ្វីបានជាមិនត្រឹមត្រូវ? តាមរយៈការយល់ដឹងពីសេចក្ដីពិតទាំងនេះ ក្នុងទិដ្ឋភាពមួយ មនុស្សអាចស្គាល់ខ្លួនឯង ហើយក្នុងទិដ្ឋភាពមួយទៀត ពួកគេអាចស្គាល់ពីអ្នកដទៃពោលគឺទាំងនេះជាសេចក្ដីពិតដែលមនុស្សគួរតែយល់ដឹង និងគួរតែមាន ហើយបើមិនយល់ដឹងទេ គឺមិនបានឡើយ។ ជាបឋម អ្នកត្រូវតែវាស់វែងថាតើអ្នកមានគុណសម្បត្តិ និងសមត្ថភាពធ្វើជាអ្នកដឹកនាំដែរឬអត់ ដោយយោងទៅតាមទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ ប្រសិនបើអ្នកគ្មានចំណុចទាំងនេះទេ កុំចេះតែចង់ធ្វើជាអ្នកដឹកនាំនោះ។ ប្រសិនបើអ្នកគ្មានគុណសម្បត្តិធ្វើជាអ្នកដឹកនាំ ប៉ុន្តែនៅតែចង់ធ្វើជាអ្នកដឹកនាំ នោះគឺជាមហិច្ឆតាហើយ។ ពេលដែលអ្នកក្លាយជាអ្នកដឹកនាំភ្លាម អ្នកនឹងគ្មានសមត្ថភាពបំពេញកិច្ចការពិតប្រាកដឡើយ ហើយដោយចៀសមិនផុត អ្នកនឹងក្លាយជាអ្នកដឹកនាំក្លែងក្លាយមិនខាន។ មនុស្សខ្លះនិយាយថា៖ «ខ្ញុំមានគុណសម្បត្តិល្អ ហើយក្នុងចំណោមមនុស្សគ្រប់គ្នា ខ្ញុំក៏ជាមនុស្សឆ្នើមដែរ។ ខ្ញុំតែងមានគំនិត និងយោបល់ល្អៗប្រកបដោយភាពឈ្លាសវៃខ្លះដែរ។ ខ្ញុំមានតម្រិះក្នុងគ្រប់កិច្ចការដែលខ្ញុំធ្វើ ហើយខ្ញុំមានចំណេះដឹង ការយល់ឃើញដ៏ស៊ីជម្រៅ និងបទពិសោធដែលសម្បូរបែបគួរសម។ តើរឿងទាំងអស់នេះមិនមានន័យថា ខ្ញុំអាចធ្វើជាអ្នកដឹកនាំបានទេឬ?» ដូច្នេះ អ្នកក៏គួរតែវាស់វែងខ្លួនឯង ដើម្បីឱ្យឃើញថាតើអ្នកមានស្មារតីទទួលខុសត្រូវ និងមានបន្ទុកដែរឬអត់។ ប្រសិនបើអ្នកត្រឹមតែមានយោបល់លើរឿងខ្លះ គ្រាន់តែចង់ធ្វើរឿងផ្សេងៗ ហើយតែងតែមានមហិច្ឆតាធំ ប៉ុន្តែមិនអាចសម្រេចរឿងទាំងនោះដល់ទីបញ្ចប់បាន ហើយអ្នកមិនដឹងពីរបៀបខិតខំ និងលះបង់ មិនសុខចិត្តលះបង់អ្វីទាំងអស់ទេ ពោលគឺប្រសិនបើអ្នកតែងតែចង់ឱ្យស្រួលខួរក្បាល និងស្រួលចិត្តរបស់អ្នក ប្រសិនបើអ្នកចូលចិត្តភាពទំនេរ គ្មានកង្វល់ ចូលចិត្តជីវិតស្រណុកសុខស្រួល ហើយមិនចូលចិត្តខ្វល់ខ្វាយ ឬរវល់ច្រើន ហើយខ្លាចភាពនឿយហត់ និងការលំបាក ដូច្នេះ អ្នកមិនស័ក្តិសមធ្វើជាអ្នកដឹកនាំទេ ហើយអ្នកក៏នឹងមិនអាចរែកពន់ ឬបំពេញកិច្ចការជាអ្នកដឹកនាំបាននោះដែរ។

យើងទើបតែបានសន្និដ្ឋានពីលក្ខណៈវិនិច្ឆ័យចំនួនពីរ ដើម្បីវិនិច្ឆ័យថាតើអ្នកដឹកនាំម្នាក់ស្របតាមស្ដង់ដាឬក៏អត់ នោះគឺ៖ តើពួកគេមានសមត្ថភាពបំពេញកិច្ចការពិតប្រាកដដែរឬអត់ និងថាតើពួកគេធ្វើកិច្ចការពិតប្រាកដដែរឬអត់។ ប្រសិនបើមនុស្សយល់ពីលក្ខណៈវិនិច្ឆ័យទាំងពីរនេះ នោះពួកគេគួរតែយល់ច្បាស់ទាំងស្រុងថាតើពួកគេមានសមត្ថភាពធ្វើជាអ្នកដឹកនាំ ក៏ដូចជាមានសមត្ថភាពបំពេញកិច្ចការរបស់ពួកជំនុំបានល្អ បំពេញទំនួលខុសត្រូវរបស់ខ្លួនបានពេញលេញ និងស្របតាមស្ដង់ដាក្នុងនាមជាអ្នកដឹកនាំដែរឬអត់ បន្ទាប់ពីបានក្លាយជាអ្នកដឹកនាំម្នាក់។ ចំពោះអស់អ្នកដែលកំពុងបម្រើជាអ្នកដឹកនាំ និងអ្នកធ្វើការនាពេលបច្ចុប្បន្ននេះ តើឥឡូវនេះអ្នករាល់គ្នាមានមាគ៌ា និងគោលការណ៍ខ្លះៗអំពីរបៀបវាស់វែងថាតើអ្នកបានធ្វើកិច្ចការពិតប្រាកដខ្លះៗ និងបានបំពេញទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការហើយឬនៅ? តាមរយៈការប្រកបគ្នាអំពីទំនួលខុសត្រូវទាំងប្រាំបីនេះរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អ្នករាល់គ្នាគួរតែអាចវាស់វែងបានហើយថាតើពួកអ្នកដឹកនាំក្លែងក្លាយសម្ដែងចេញនូវការបង្ហាញអ្វីខ្លះ ហើយគួរសន្និដ្ឋានបានយ៉ាងច្បាស់ហើយថាតើអ្នកដឹកនាំ និងអ្នកធ្វើការគួរតែបំពេញកិច្ចការរបស់ខ្លួនដោយរបៀបណា ក៏ដូចជាថាតើនៅក្នុងកិច្ចការរបស់អ្នក អ្នកកំពុងខ្វះខាត មិនគ្រប់គ្រាន់ ឬមិនបានជាក់លាក់គ្រប់គ្រាន់នៅកន្លែងណា ហើយថាតើអ្នកគួរតែធ្វើកិច្ចការនោះដោយរបៀបណាចាប់ពីពេលនេះតទៅ ពោលគឺយ៉ាងហោចណាស់ អ្នកគួរតែមានការយល់ដឹងទាំងនេះខ្លះហើយ។ ប្រសិនបើអ្នករាល់គ្នាគ្មានការសន្និដ្ឋាន ឬការយល់ដឹងណាមួយទាក់ទងនឹងរបៀបធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការ ឬរបៀបបំពេញទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការទេ នោះមានន័យថា អ្នកមិនទាន់មានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីកាន់ការងារនោះឡើយ។ លើសពីនេះទៅទៀត ប្រសិនបើអ្នកច្របូកច្របល់ទាំងស្រុងអំពីរបៀបស្គាល់អ្នកដឹកនាំក្លែងក្លាយ នោះវារឹតតែបង្ហាញថា គុណសម្បត្តិរបស់អ្នកនៅអន់នៅឡើយទេ។ ក៏មានកាលៈទេសៈពិសេសមួយផងដែរ៖ សម្រាប់មនុស្សមួយចំនួន ទោះបីជាពួកគេបានស្ដាប់ការប្រកបគ្នាទាំងនេះក៏ដោយ ក៏ពួកគេគ្មានការប្ដេជ្ញាចិត្តដើម្បីខិតខំស្វែងរកសេចក្ដីពិត ឬដើម្បីបំពេញទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការដែរ ដ្បិតពួកគេមិនឱ្យតម្លៃ ឬយករឿងនេះទុកក្នុងចិត្តគេឡើយ។ ពួកគេគិតថា៖ «ខ្ញុំមិនខ្វល់ថាអ្នកណាជាអ្នកដឹកនាំក្លែងក្លាយនោះទេ។ យ៉ាងណាមិញ ប្រសិនបើខ្ញុំក្លាយជាអ្នកដឹកនាំ ខ្ញុំគ្រាន់តែធ្វើតាមអ្វីដែលខាងលើប្រាប់ខ្ញុំឱ្យធ្វើទៅបានហើយ។ ខ្ញុំមិនបាច់ខិតខំប្រឹងប្រែងច្រើន ឬចំណាយគំនិតច្រើននោះទេ»។ នៅពេលដែលពួកគេស្ដាប់សេចក្ដីអធិប្បាយ ពួកគេគ្រាន់តែស្ដាប់កែអផ្សុកឱ្យតែបានៗប៉ុណ្ណោះ ហើយពួកគេយល់ដឹងតិចតួចណាស់អំពីអត្ថន័យនៃសេចក្ដីអធិប្បាយនោះ ប៉ុន្តែពួកគេខ្ជិលច្រអូសខ្លាំងណាស់ក្នុងការសន្និដ្ឋានថាតើក្នុងសេចក្តីប្រកបគ្នានោះ មានសេចក្ដីពិត និងសេចក្ដីតម្រូវអ្វីខ្លះពីព្រះជាម្ចាស់ចំពោះមនុស្ស ហើយពួកគេក៏មិនព្រមសុខចិត្តទទួលយកសេចក្ដីទាំងនោះទុកក្នុងចិត្តគេដែរ។ ពួកគេគិតថា៖ «ដើម្បីឈ្វេងយល់ពីរឿងទាំងនេះ វាពិបាកខ្លាំងណាស់។ យ៉ាងណាមិញ ខ្ញុំតម្រូវពីខ្លួនឯងតែរឿងមួយគត់ ហើយនោះគឺមិនត្រូវធ្វើអំពើអាក្រក់ មិនត្រូវបង្កការបង្អាក់ និងការរំខាន ហើយមិនត្រូវធ្វើឱ្យខ្លួនឯងលេចធ្លោជាងគេនោះទេ ពោលគឺតែប៉ុណ្ណេះគឺគ្រប់គ្រាន់ហើយ។ វាសាមញ្ញណាស់! នេះគឺជាវិធីដ៏ល្អមួយដើម្បីរស់នៅ។ ខ្ញុំមិនទាមទារពីខ្លួនឯងខ្ពស់ឡើយ»។ នេះគឺជាទស្សនៈតែមួយគត់របស់ពួកគេ មិនថាពួកគេស្ដាប់សេចក្ដីអធិប្បាយបែបណា គឺគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរពួកគេបានឡើយ។ មិនថាអ្នកប្រកបគ្នាអំពីសេចក្ដីពិតយ៉ាងណា អ្នកប្រើវិធីសាស្រ្តអ្វីដើម្បីប្រកបគ្នា ឬអ្នកប្រកបគ្នាអំពីអ្វីនោះទេ អ្នកមិនអាចប៉ះពាល់ដល់ចិត្តរបស់ពួកគេបានឡើយ។ ពួកគេមិនខ្វល់ថាតើពួកគេស្ដាប់ព្រះបន្ទូលទាំងនេះឬអត់ទេ សម្រាប់ពួកគេ វាគ្មានអ្វីខុសគ្នាខ្លាំងនោះឡើយ។ មនុស្សប្រភេទនេះរស់នៅបែបបង្គ្រប់កិច្ច ហើយពួកគេមិនសូវជាយកចិត្តទុកដាក់ខ្លាំងលើអ្វីឡើយ។ កុំថាឡើយការប្រកបគ្នាអំពីទំនួលខុសត្រូវទាំងប្រាំបីរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ទោះបីជាយើងប្រកបគ្នាអំពីទំនួលខុសត្រូវទាំងអស់នោះក៏ដោយ ក៏ពួកគេនៅតែមិនយល់ ហើយក៏មិនអាចសន្និដ្ឋានអំពីគោលការណ៍ ឬមាគ៌ាណាមួយបានដែរ។ មនុស្សប្រភេទនេះមិនចូលចិត្តរឿងវិជ្ជមាន មិនចាប់អារម្មណ៍ និងគ្មានកម្លាំងឡើយ នៅពេលនិយាយដល់សេចក្ដីពិត ឬអ្វីដែលវិជ្ជមាន តែផ្ទុយទៅវិញ ពួកគេមានការចាប់អារម្មណ៍ខ្លាំងទៅលើការស៊ីផឹក និងការសប្បាយភ្លើតភ្លើន។ តាមរយៈការប្រកបគ្នាអំពីទំនួលខុសត្រូវទាំងប្រាំបីរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ក្នុងទិដ្ឋភាពមួយ យើងបានសន្និដ្ឋានអំពីទំនួលខុសត្រូវជាក់លាក់មួយចំនួនរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ក៏ដូចជារបៀបធ្វើកិច្ចការ និងបំពេញទំនួលខុសត្រូវរបស់ខ្លួនក្នុងនាមជាអ្នកដឹកនាំ ឬអ្នកធ្វើការ។ ក្នុងទិដ្ឋភាពមួយទៀត យើងបានសន្និដ្ឋានអំពីការសម្ដែងចេញជាក់លាក់មួយចំនួនដែលពួកអ្នកដឹកនាំក្លែងក្លាយបានបង្ហាញចេញ។ យើងទើបតែបានសន្និដ្ឋានអំពីគោលការណ៍ជាមូលដ្ឋានចំនួនពីរ អំពីលក្ខណៈវិនិច្ឆ័យចំនួនពីរ ដើម្បីស្គាល់អ្នកដឹកនាំក្លែងក្លាយ៖ មួយគឺថាតើ គេមានសមត្ថភាពបំពេញកិច្ចការពិតប្រាកដដែរឬអត់ ហើយមួយទៀតគឺថាតើគេពិតជាធ្វើកិច្ចការពិតប្រាកដដែរឬអត់ បន្ទាប់ពីពួកគេបានយល់ពីគោលការណ៍សេចក្ដីពិតរួចមក។ ការប្រើប្រាស់លក្ខណៈវិនិច្ឆ័យទាំងពីរនេះ គឺជាវិធីសាស្ត្រដ៏សាមញ្ញបំផុត និងសមរម្យបំផុតរហូតមកដល់បច្ចុប្បន្ននេះ ដើម្បីវាស់វែងថាតើមនុស្សម្នាក់ជាអ្នកដឹកនាំក្លែងក្លាយឬអត់។

ចំណុចទីប្រាំបួន៖ ប្រាស្រ័យទាក់ទង ផ្សព្វផ្សាយ និងអនុវត្តការរៀបចំចាត់ចែងការងារផ្សេងៗនៅដំណាក់របស់ព្រះជាម្ចាស់ឱ្យបានសុក្រឹតត្រឹមត្រូវ ស្របតាមសេចក្ដីតម្រូវរបស់ខ្លួន ដោយផ្ដល់ជាការណែនាំ ការមើលការខុសត្រូវ ការជំរុញ ព្រមទាំងត្រួតពិនិត្យ និងតាមដានស្ថានភាពនៃការអនុវត្តការងាររបស់ពួកគេ (ផ្នែកទីមួយ)

និយមន័យ និងចំណុចជាក់លាក់នៃការរៀបចំចាត់ចែងការងារ

ថ្ងៃនេះ យើងនឹងប្រកបគ្នាអំពីទំនួលខុសត្រូវទីប្រាំបួនរបស់អ្នកដឹកនាំ និងអ្នកធ្វើការ៖ «ប្រាស្រ័យទាក់ទង ផ្សព្វផ្សាយ និងអនុវត្តការរៀបចំចាត់ចែងការងារផ្សេងៗនៅដំណាក់របស់ព្រះជាម្ចាស់ឱ្យបានសុក្រឹតត្រឹមត្រូវ ស្របតាមសេចក្ដីតម្រូវរបស់ខ្លួន ដោយផ្ដល់ជាការណែនាំ ការមើលការខុសត្រូវ ការជំរុញ ព្រមទាំងត្រួតពិនិត្យ និងតាមដានស្ថានភាពនៃការអនុវត្តការងាររបស់ពួកគេ»។ ដោយពិចារណាលើទំនួលខុសត្រូវនេះជារួម តើអ្នកដឹកនាំ និងអ្នកធ្វើការត្រូវបានតម្រូវឱ្យអនុវត្តអ្វីខ្លះ? (ការរៀបចំចាត់ចែងការងារផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់។) ចំណុចស្នូលនៃទំនួលខុសត្រូវនេះ គឺរបៀបអនុវត្តការរៀបចំចាត់ចែងការងារផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់ ពោលគឺនេះជាកិច្ចការដ៏សំខាន់បំផុតសម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការ។ មិនថាអ្នកដឹកនាំ ឬអ្នកធ្វើការនោះស្ថិតនៅកម្រិតណាទេ ក្នុងនាមជាអ្នកដឹកនាំ ឬអ្នកធ្វើការ គេនឹងតែងតែជួបប្រទះនឹងការរៀបចំចាត់ចែងការងារ ក៏ដូចជាកិច្ចការជាក់លាក់នៃការអនុវត្តការរៀបចំចាត់ចែងការងារមិនខាន។ ការអនុវត្តការរៀបចំចាត់ចែងការងារផ្សេងៗគឺពាក់ព័ន្ធនឹងកិច្ចការរបស់អ្នកដឹកនាំ និងអ្នកធ្វើការគ្រប់រូប ហើយនេះគឺជាកិច្ចការសំខាន់ណាស់ ជាក់លាក់ណាស់ និងជាមូលដ្ឋានណាស់។ ដោយពិចារណាលើចំណុចនេះ តើវាមិនចាំបាច់ទេឬ ដែលត្រូវប្រកបគ្នាជាពិសេសជាមុនសិនអំពីអ្វីទៅដែលហៅថា ការរៀបចំចាត់ចែងការងារនោះ? (មែនហើយ។) ដូច្នេះ តើអ្វីទៅដែលហៅថា ការរៀបចំចាត់ចែងការងារ? តើវិសាលភាព និងនិយមន័យនៃការរៀបចំចាត់ចែងការងារគឺជាអ្វី? មនុស្សខ្លះនិយាយថា៖ «តើវិសាលភាពនៃការរៀបចំចាត់ចែងការងារមិនមែនគ្រាន់តែគ្របដណ្ដប់លើភារកិច្ច និងខ្លឹមសារមួយចំនួនដែលទាក់ទងនឹងកិច្ចការរបស់ពួកជំនុំទេឬ? ហើយតើការរៀបចំចាត់ចែងការងារមិនមែនគ្រាន់តែជាការរៀបចំចាត់ចែង និងចេញផ្សាយកិច្ចការ និងខ្លឹមសារទាំងនេះទេឬ?» តើអ្នកគិតយ៉ាងណាចំពោះការពន្យល់នេះ? តើវាមិនមែនសុទ្ធតែជាពាក្យពេចន៍ និងគោលលទ្ធិទេឬ? (មែនហើយ។) ហើយតើ «ពាក្យពេចន៍ និងគោលលទ្ធិ» មានន័យដូចម្ដេចដែរ? វាមានន័យថា ទោះបីជាគ្មានពាក្យណាមួយនៃការពន្យល់នេះស្ដាប់ទៅខុសក៏ដោយ ក៏បន្ទាប់ពីអ្នកបានឮវាហើយ អ្នកនៅតែមិនយល់ដដែល។ វាដូចជាមិនបានពន្យល់អ្វីទាល់តែសោះ។ ជាដំបូង ចូរយើងផ្ដល់និយមន័យមួយអំពីការរៀបចំចាត់ចែងការងារក្នុងន័យនៃការពិពណ៌នាជាលាយលក្ខណ៍អក្សរ ដើម្បីឱ្យមនុស្សអាចមានគោលគំនិតជាមូលដ្ឋានមួយអំពីវា ដើម្បីយល់ និងដឹងឱ្យច្បាស់ថាអ្វីទៅដែលហៅថា ការរៀបចំចាត់ចែងការងារ។ ការរៀបចំចាត់ចែងការងារ គឺជាផែនការ និងសេចក្ដីតម្រូវជាក់លាក់ដែលដំណាក់របស់ព្រះជាម្ចាស់បានធ្វើឡើងសម្រាប់កិច្ចការជាក់លាក់មួយ ដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែប្រាស្រ័យទាក់ទង និងអនុវត្ត ហើយវាក៏ជាសេចក្ដីតម្រូវ ភារកិច្ច និងវិធីសាស្រ្តដែលបានចេញផ្សាយទៅកាន់សមាជិកទាំងអស់នៃពួកជំនុំសម្រាប់កិច្ចការជាក់លាក់មួយផងដែរ ពោលគឺនេះហើយជានិយមន័យនៃការរៀបចំចាត់ចែងការងារនោះ។ ហើយតើការរៀបចំចាត់ចែងការងារគ្របដណ្ដប់លើចំណុចអ្វីខ្លះដែរ? មនុស្សគ្រប់គ្នាសុទ្ធតែស្គាល់នាម «ចំណុច» នេះហើយ ប៉ុន្តែតើមិនគួរមានខ្លឹមសារជាក់លាក់មួយចំនួនដែលត្រូវបានគ្របដណ្ដប់នៅក្នុងវិសាលភាពនៃចំណុចទាំងនេះទេឬ? (មែនហើយ។) តើអ្នករាល់គ្នាដឹងពីខ្លឹមសារអ្វីខ្លះដែរ? (មានកិច្ចការផ្សាយដំណឹងល្អ ហើយមានកិច្ចការផលិតភាពយន្ត។) នេះគឺជាចំណុចចំនួនពីរ។ (ក៏មានសេចក្ដីតម្រូវមួយចំនួនដែលទាក់ទងនឹងជីវិតពួកជំនុំ និងការបង្កើតអង្គភាពរដ្ឋបាលរបស់ពួកជំនុំផងដែរ។) តើមានកិច្ចការអ្វីផ្សេងទៀតទេ? (មានកិច្ចការសម្អាតពួកជំនុំ ក៏ដូចជាកិច្ចការមួយចំនួនដែលទាក់ទងនឹងប្រព័ន្ធគ្រប់គ្រងរបស់ពួកជំនុំ។) ខ្លឹមសារជាក់លាក់នៃការរៀបចំចាត់ចែងការងារមានដូចខាងក្រោម៖ ចំណុចទីមួយគឺ កិច្ចការរដ្ឋបាលរបស់ពួកជំនុំ។ នេះគឺជាកិច្ចការដ៏ធំជាងគេបំផុត ហើយប្រសិនបើកិច្ចការរដ្ឋបាលធ្វើមិនបានល្អទេ នោះនឹងគ្មានកិច្ចការរបស់ពួកជំនុំទាល់តែសោះ។ ចំណុចទីពីរគឺ កិច្ចការបុគ្គលិក។ នេះគឺជាកិច្ចការដ៏ធំមួយ។ ចំណុចទីបីគឺ កិច្ចការផ្សាយដំណឹងល្អ។ នេះក៏ជាកិច្ចការដ៏ធំមួយផងដែរ។ ចំណុចទីបួនគឺ កិច្ចការជំនាញផ្សេងៗ វិសាលភាពនៃកិច្ចការនេះគឺធំល្មមគួរសម ហើយវារួមបញ្ចូលទាំងការផលិតភាពយន្ត កិច្ចការផ្នែកអត្ថបទ ការបកប្រែ តន្ត្រី ការផលិតវីដេអូ សិល្បៈ និងផ្សេងៗទៀត។ ចំណុចទីប្រាំគឺ ជីវិតពួកជំនុំ។ ចំណុចទីប្រាំមួយគឺ ការគ្រប់គ្រងទ្រព្យសម្បត្តិ។ ចំណុចទីប្រាំពីរគឺ កិច្ចការបោសសម្អាត ចំណុចទីប្រាំបីគឺ កិច្ចការខាងក្រៅ ចំណុចទីប្រាំបួនគឺ សុខុមាលភាពពួកជំនុំ។ ឧទាហរណ៍ របៀបដែលពួកជំនុំដោះស្រាយនឹងការលំបាកដែលកើតឡើងនៅតាមផ្ទះរបស់បងប្អូនប្រុសស្រី និងអ្វីដែលពួកជំនុំត្រូវធ្វើចំពោះបញ្ហាទាំងនោះ ក៏ដូចជាការចុះសួរសុខទុក្ខបងប្អូនប្រុសស្រីនៅក្នុងពន្ធនាគារ និងរបៀបដែលគ្រួសាររបស់ពួកគេត្រូវបានមើលថែ និងផ្សេងៗទៀត ពោលគឺទាំងអស់នេះស្ថិតនៅក្រោមសុខុមាលភាពពួកជំនុំ។ ចំណុចទីដប់គឺ ផែនការបន្ទាន់។ ពេលខ្លះ ពួកជំនុំនឹងចេញវិធានការបន្ទាន់មួយចំនួន។ ឧទាហរណ៍ នៅពេលដែលជំងឺរាតត្បាតបានកើតឡើង ពួកជំនុំបានអនុម័តប្រព័ន្ធដាក់ឱ្យនៅដាច់ដោយឡែកមួយដែលឆ្លើយតបនឹងស្ថានការណ៍។ ផែនការទាំងអស់នេះ សុទ្ធតែស្ថិតនៅក្រោមការងារបន្ទាន់។ ការរៀបចំចាត់ចែងការងារជាទូទៅរួមមានចំណុចទាំងដប់នេះ។ រាល់ចំណុចតូចៗផ្សេងទៀត ឬកាលៈទេសៈពិសេសណាមួយត្រូវបានរួមបញ្ចូលនៅក្នុងចំណុចទាំងដប់នេះ ពោលគឺជាទូទៅ កិច្ចការរបស់ពួកជំនុំរួមមានចំណុចធំៗទាំងដប់នេះ។ ទាំងនេះគឺជាវិសាលភាពទូទៅនៃការរៀបចំចាត់ចែងការងារផ្សេងៗដែលបានចេញផ្សាយដោយដំណាក់របស់ព្រះជាម្ចាស់ មែនទេ? (មែនហើយ។) ឥឡូវនេះ ដោយសារចំណុចទាំងនេះត្រូវបានបញ្ជាក់រួចហើយ អ្នករាល់គ្នាគួរតែយល់ដឹងបានខ្លះអំពីការរៀបចំចាត់ចែងការងារនៃដំណាក់របស់ព្រះជាម្ចាស់ ហើយដឹងថា ទាំងនេះគឺជាចំណុចធំៗនៃការងារនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ នេះគឺជាវិសាលភាពនៃសេចក្ដីតម្រូវដែលដំណាក់របស់ព្រះជាម្ចាស់មានចំពោះទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ ន័យបង្កប់នៃរឿងនេះគឺថា ក្នុងនាមជាអ្នកដឹកនាំ ឬអ្នកធ្វើការ វិសាលភាពនៃកិច្ចការរបស់អ្នក និងទំនួលខុសត្រូវដែលអ្នកត្រូវតែបំពេញ គឺមិនអាចដាច់ចេញពីចំណុចទាំងនេះដែលរួមបញ្ចូលក្នុងការរៀបចំចាត់ចែងការងារបានទេ ពោលគឺចំណុចទាំងអស់នេះគឺជាចំណុចចាំបាច់តែម្ដង។ ក្រៅពីចំណុចកិច្ចការទាំងនេះ ក្នុងចំណោមកិច្ចការដែលអ្នកសុខចិត្តធ្វើ ចូរធ្វើអ្វីក៏ដោយដែលអ្នកអាចធ្វើបានល្អ ហើយដំណាក់របស់ព្រះជាម្ចាស់គ្មានសេចក្ដីតម្រូវបន្ថែមសម្រាប់ការបំពេញភារកិច្ចរបស់អ្នកឡើយ។ ដូច្នេះហើយ ក្នុងពេលដែលអ្នកកំពុងបំពេញកិច្ចការរបស់អ្នក អ្នកគួរតែពិចារណាមើលថាត្រូវអនុវត្តចំណុចកិច្ចការទាំងនេះដោយរបៀបណា ថាតើការរៀបចំចាត់ចែងការងារនៃដំណាក់របស់ព្រះជាម្ចាស់តម្រូវអ្វីខ្លះ ថាតើកិច្ចការជាក់លាក់អ្វីខ្លះដែលអ្នកត្រូវតែធ្វើ ថាតើត្រូវអនុវត្តវាដោយរបៀបណា ថាតើវាកំពុងត្រូវបានអនុវត្តបានល្អឬក៏អត់ ថាតើវាមានវឌ្ឍនភាពបច្ចុប្បន្នដល់ណាហើយ ថាតើអ្នកបានតាមដានកិច្ចការនោះដែរឬអត់ ថាតើមានកិច្ចការណាមួយដែលមិនទាន់ធ្វើបានល្អ ឬដែលមានសេចក្តីវៀចវេរ និងនៅមានចំណុចខ្វះខាតដែរឬអត់ ហើយថាតើមនុស្សគ្រប់គ្នាដែលពាក់ព័ន្ធក្នុងកិច្ចការនោះកំពុងធ្វើកិច្ចការខ្លួនយ៉ាងពិតប្រាកដឬអត់ ពោលគឺអ្នកត្រូវតែពិចារណាអំពីចំណុចទាំងនេះជានិច្ច។ ឥឡូវនេះ ដោយសារអ្នកបានយល់ពីចំណុចកិច្ចការជាក់លាក់ដែលពាក់ព័ន្ធនឹងការរៀបចំចាត់ចែងការងារហើយ តើវាចាំបាច់សម្រាប់ខ្ញុំដែរឬទេ ដែលត្រូវផ្ដល់ការពន្យល់សាមញ្ញមួយអំពីចំណុចនីមួយៗទាំងនេះ? ឬក៏អ្នករាល់គ្នាអាចកំពុងគិតថា៖ «យើងបានធ្វើការទាក់ទងនឹងចំណុចកិច្ចការទាំងនេះអស់រយៈពេលជាច្រើនឆ្នាំហើយ ដូច្នេះ យើងយល់គ្រប់ចំណុចហើយ។ គ្មានភាពចាំបាច់អ្វីមកពន្យល់យើងម្ដងទៀតទេ ពោលគឺសូមប្រកបគ្នាអំពីរឿងអ្វីដែលសំខាន់ទៅបានហើយ។ មិនថាយើងដឹងឬអត់ទេ ប្រធានបទនេះមិនសូវសំខាន់ឡើយ ហើយយើងក៏មិនចង់ឮអំពីវានោះដែរ»? តើវាចាំបាច់ត្រូវពន្យល់ពីប្រធានបទនេះបន្ថែមទៀតទេ? (ចាំបាច់។) ដោយសារតែវាចាំបាច់ ចូរយើងនិយាយអំពីវានៅក្នុងន័យសាមញ្ញ។ ខ្ញុំនឹងជ្រើសរើសចំណុចមួយចំនួនដែលអ្នកពុំសូវដឹង ដែលមិនសូវជាក់លាក់ ដែលអរូបីបន្តិច ហើយប្រកបគ្នាអំពីចំណុចទាំងនោះ។

I. កិច្ចការរដ្ឋបាល

ជាដំបូង ចូរយើងចាប់ផ្ដើមដោយការប្រកបគ្នាអំពីចំណុចទីមួយ គឺកិច្ចការរដ្ឋបាល។ កិច្ចការរដ្ឋបាលមានលក្ខណៈអរូបីបន្តិច និងមិនជាក់ស្ដែងគ្រប់គ្រាន់ ហើយមនុស្សជាច្រើនមិនយល់ពីវាទេ។ ជាពិសេស អស់អ្នកដែលទើបតែជឿលើព្រះជាម្ចាស់បានមួយរយៈពេលខ្លី មិនសូវដឹងអំពីការបង្កើតពួកជំនុំ និងកិច្ចការរដ្ឋបាលរបស់វាទេ ហើយពួកគេក៏មិនដឹងថាអ្វីទៅដែលហៅថា រដ្ឋបាលនោះដែរ។ រដ្ឋបាលនេះមិនដូចគ្នានឹងបញ្ញត្តិរដ្ឋបាលដែលបានចេញដោយព្រះជាម្ចាស់នោះទេ។ កិច្ចការរដ្ឋបាលនេះជាចម្បងពាក់ព័ន្ធនឹងបទប្បញ្ញត្តិជាក់លាក់នៃដំណាក់របស់ព្រះជាម្ចាស់ស្ដីពីកិច្ចការបង្កើតពួកជំនុំ។ ហើយតើខ្លឹមសារនៃបទប្បញ្ញត្តិជាក់លាក់ទាំងនេះគឺជាអ្វី? វារួមបញ្ចូលទាំងរបៀបដែលពួកជំនុំត្រូវបានបែងចែក ចំនួនមនុស្សនៅក្នុងពួកជំនុំនីមួយៗ របៀបដែលពួកជំនុំត្រូវបានដាក់ឈ្មោះ និងផ្សេងៗទៀត។ វាត្រូវបានចែងនៅក្នុងការរៀបចំចាត់ចែងការងារថា ពួកជំនុំត្រូវបែងចែកទៅតាមមជ្ឈដ្ឋានភូមិសាស្រ្តធម្មជាតិរបស់ពួកគេ ដោយមានមនុស្សពី ៣០ ទៅ ៥០ នាក់ដែលរស់នៅជិតៗគ្នាត្រូវបានចាត់ថ្នាក់ជាពួកជំនុំមួយ។ ឧទាហរណ៍ ឧបមាថាតំបន់ ក មានភូមិចំនួនបី ឬបួន។ ប្រសិនបើភូមិទាំងនេះមានអ្នកជឿចំនួន ៥០ នាក់ នោះពួកគេអាចត្រូវបានចាត់ថ្នាក់ជាពួកជំនុំមួយ។ ពួកគេនឹងមានពេលវេលា និងទីកន្លែងផ្ទាល់ខ្លួនសម្រាប់ការជួបជុំ ពួកគេនឹងមានអ្នកដឹកនាំពួកជំនុំ និងគ្រូជំនួយ ក៏ដូចជាមានកិច្ចការពួកជំនុំជាក់លាក់ដែលត្រូវធ្វើ ហើយពួកគេទាំងអស់នឹងត្រូវបានគ្រប់គ្រងរួមគ្នាដោយពួកជំនុំនេះ។ នេះគឺជាបទប្បញ្ញត្តិទាក់ទងនឹងការបែងចែកពួកជំនុំ និងចំនួនសមាជិកនៅក្នុងពួកជំនុំ។ ក្នុងពេលជាមួយគ្នានេះ ពួកជំនុំនេះនឹងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់មណ្ឌលតូចជាក់លាក់មួយ ដោយអាស្រ័យលើមណ្ឌលតូចណាដែលវាស្ថិតនៅ មណ្ឌលតូចនោះនឹងទទួលខុសត្រូវលើកិច្ចការទាំងអស់នៅក្នុងពួកជំនុំនោះ ដូចជាជីវិតពួកជំនុំនៅទីនោះ ថាតើអ្នកដឹកនាំ និងគ្រូជំនួយស័ក្តិសមដែរឬអត់ ការចែកចាយសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការអនុវត្តការរៀបចំចាត់ចែងការងារផ្សេងៗ និងការប្រាស្រ័យទាក់ទងពីសេចក្ដីតម្រូវរបស់ខាងលើ និងផ្សេងៗទៀត។ ដំណាក់របស់ព្រះជាម្ចាស់មានការរៀបចំចាត់ចែងការងារជាក់លាក់សម្រាប់កិច្ចការផ្សេងៗ ដូចជា ចំនួនពួកជំនុំដែលបង្កើតបានជាមណ្ឌលតូចមួយ និងចំនួនមណ្ឌលតូចដែលបង្កើតបានជាមណ្ឌលធំមួយ ក៏ដូចជាមណ្ឌលធំទទួលខុសត្រូវលើមណ្ឌលតូច ហើយមណ្ឌលតូចទទួលខុសត្រូវលើពួកជំនុំ។ ទាំងអស់នេះគឺជាអង្គភាពរដ្ឋបាល។ និយាយដោយសាមញ្ញ នេះហៅថាកិច្ចការរដ្ឋបាល ហើយវាស្ថិតនៅក្នុងវិសាលភាពនៃទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ ដូច្នេះ តើទំនួលខុសត្រូវអ្វីខ្លះដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែបំពេញ? ពួកគេត្រូវតែបែងចែកពួកជំនុំដោយផ្អែកលើមជ្ឈដ្ឋានភូមិសាស្រ្តធម្មជាតិ និងទីតាំងរបស់ពួកគេ ស្របតាមការរៀបចំចាត់ចែងការងារ។ ប្រសិនបើចំនួនមនុស្សនៅក្នុងពួកជំនុំមួយបន្តកើនឡើងតាមពេលវេលា នោះពួកជំនុំគួរតែត្រូវបានបែងចែកម្ដងទៀតដោយផ្អែកលើចំនួនមនុស្ស និងមជ្ឈដ្ឋានភូមិសាស្រ្ត។ ឧទាហរណ៍ ប្រសិនបើពួកជំនុំមួយកើនឡើងពី ៥០ ទៅ ៨០ នាក់ នោះវាគួរតែត្រូវបានបែងចែកជាពីរពួកជំនុំ។ ប្រសិនបើពួកជំនុំទាំងពីរនេះសរុបគ្នាកើនឡើងពី ៨០ នាក់ទៅ ១៥០ នាក់ នោះពួកគេគួរតែត្រូវបានបែងចែកជាបីពួកជំនុំ។ ប្រសិនបើពួកជំនុំមួយកើនឡើងដល់ ៧០ ៨០ ឬ ១០០ នាក់ ហើយមិនទាន់ត្រូវបានបែងចែកជាពីរពួកជំនុំនៅឡើយទេ ដូច្នេះតើរឿងនេះមិនបង្ហាញថា អ្នកដឹកនាំ និងអ្នកធ្វើការនៅក្នុងពួកជំនុំនេះមិនយល់ពីកិច្ចការរដ្ឋបាលនៃដំណាក់របស់ព្រះជាម្ចាស់ទេឬ? (មែនហើយ។) ក្នុងពេលបែបនេះ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែអានការរៀបចំចាត់ចែងការងារដែលទាក់ទងនឹងប្រធានបទនេះ ពោលគឺសៀវភៅណែនាំរបស់ពួកជំនុំស្ដីពីការរៀបចំកិច្ចការមានចែងនូវបទប្បញ្ញត្តិជាក់លាក់។ ប្រសិនបើពួកជំនុំមួយត្រូវបានបែងចែកជាពីរពួកជំនុំថ្មី នោះពួកជំនុំនីមួយៗត្រូវតែបោះឆ្នោតជ្រើសរើសអ្នកដឹកនាំ និងអ្នកធ្វើការដ៏ចាំបាច់ ដូចជាអ្នកដឹកនាំពួកជំនុំ គ្រូជំនួយ និងផ្សេងៗទៀត។ ដូច្នេះ តើអ្នកដឹកនាំ និងអ្នកធ្វើការគួរតែធ្វើអ្វីទៅ? ពួកគេគួរតែដឹង និងក្តាប់ឱ្យបាននូវចំនួនមនុស្សនៅក្នុងពួកជំនុំ និងស្ថានភាពនៃការបង្កើតពួកជំនុំ។ នេះគឺជាកិច្ចការរដ្ឋបាលរបស់ពួកជំនុំ ហើយវាគឺជាកិច្ចការដ៏ធំជាងគេបំផុត។ គួរតែមានពួកជំនុំមួយនៅគ្រប់ទីកន្លែងដែលមានរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ហើយនៅពេលដែលពួកជំនុំមួយត្រូវបានបង្កើតឡើង អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែទទួលខុសត្រូវលើគ្រប់ទិដ្ឋភាពនៃកិច្ចការរបស់ពួកជំនុំនោះ ដូចជាការចែកចាយសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការគ្រប់គ្រងសមាជិកពួកជំនុំ ការអនុវត្តការរៀបចំចាត់ចែងការងារដើម្បីឱ្យពួកគេដឹងថាខ្លឹមសារនៃការរៀបចំចាត់ចែងការងារមានអ្វីខ្លះ។ កិច្ចការរដ្ឋបាលជាចម្បងពាក់ព័ន្ធនឹងការបង្កើតពួកជំនុំ ក៏ដូចជាការបង្កើតអង្គភាពរដ្ឋបាល និងបុគ្គលិកនៃពួកជំនុំ ពោលគឺទាំងអស់នេះគឺជាភារកិច្ចជាក់លាក់នៅក្នុងកិច្ចការរដ្ឋបាល។ តើអ្នកណាខ្លះដែលតែងតែជួបប្រទះនឹងកិច្ចការនេះច្រើនជាងគេ? ពួកជំនុំអ្នកជឿថ្មី ក្រុមផ្សាយដំណឹងល្អ ក៏ដូចជាអ្នកដឹកនាំមណ្ឌលធំ អ្នកដឹកនាំមណ្ឌលតូច និងអ្នកដឹកនាំពួកជំនុំនៅក្នុងតំបន់ដែលដំណឹងល្អកំពុងត្រូវបានផ្សព្វផ្សាយ ពួកគេទាំងអស់ជួបប្រទះនឹងកិច្ចការនេះច្រើនជាងគេ។ លើសពីនេះទៅទៀត កិច្ចការរដ្ឋបាលក៏រួមបញ្ចូលទាំងការងារពិសេសមួយផងដែរ ដែលជាការបែងចែកពួកជំនុំទៅជាពួកជំនុំបំពេញភារកិច្ចពេញម៉ោង ពួកជំនុំបំពេញភារកិច្ចមិនពេញម៉ោង ពួកជំនុំធម្មតា និងក្រុម ខ ហើយនេះគឺជាការងារមួយទៀតដែលគួរតែត្រូវបានធ្វើដោយអ្នកដឹកនាំ និងអ្នកធ្វើការ។ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែយល់ដឹងពីរបៀបបែងចែកពួកជំនុំ ហើយគោលការណ៍នៃការបែងចែកពួកជំនុំគឺត្រូវបែងចែកមនុស្សទៅជាពួកជំនុំផ្សេងៗគ្នាដោយផ្អែកលើភាពខុសគ្នានៃភារកិច្ចដែលពួកគេធ្វើ ដើម្បីបំបែកមនុស្សដែលបំពេញភារកិច្ចពីមនុស្សដែលមិនបំពេញភារកិច្ច និងមនុស្សដែលបំពេញភារកិច្ចរបស់ខ្លួនពេញម៉ោងពីមនុស្សដែលបំពេញភារកិច្ចរបស់ខ្លួនមិនពេញម៉ោង ពោលគឺនេះជាការងាររដ្ឋបាលពិសេស និងជាក់លាក់មួយទៀត។

II. កិច្ចការបុគ្គលិក

ចំណុចទីពីរគឺ កិច្ចការបុគ្គលិក។ កិច្ចការនេះទាក់ទងនឹងការបោះឆ្នោត ការតែងតាំង និងការដកចេញពីតំណែងនូវអ្នកដឹកនាំ និងអ្នកធ្វើការគ្រប់ជាន់ថ្នាក់។ ការរៀបចំចាត់ចែងការងារផ្ដល់នូវបទប្បញ្ញត្តិជាក់លាក់សម្រាប់ប្រព័ន្ធបោះឆ្នោត ថាតើត្រូវបោះឆ្នោតជ្រើសរើសមនុស្សដែលមានលក្ខណៈសម្បត្តិបែបណាជាអ្នកដឹកនាំ និងអ្នកធ្វើការ និងវិធីសាស្រ្ត និងសេចក្ដីតម្រូវជាក់លាក់សម្រាប់ការបោះឆ្នោត។ ក៏មានកាលៈទេសៈពិសេសមួយចំនួនផងដែរ ឧទាហរណ៍ តើគួរធ្វើដូចម្ដេច ប្រសិនបើបងប្អូនប្រុសស្រីទើបតែបានជួបគ្នា មិនសូវស្គាល់គ្នាច្បាស់ ហើយមិនអាចជ្រើសរើសអ្នកដឹកនាំ និងអ្នកធ្វើការដែលស័ក្តិសមតាមរយៈការបោះឆ្នោតបាន? ក្នុងករណីនោះ មនុស្សអាចត្រូវបានដំឡើងតំណែង និងចាត់តាំង ដោយពិនិត្យមើលថាអ្នកណាដែលស័ក្តិសមគួរសមក្នុងការធ្វើជាអ្នកដឹកនាំ ហើយបន្ទាប់មកស្វែងយល់បន្ថែមអំពីពួកគេ ប្រកបគ្នា និងធ្វើការត្រួតពិនិត្យសាមញ្ញៗ បន្ទាប់ពីនោះពួកគេអាចត្រូវបានតែងតាំង។ លើសពីនេះទៅទៀត នៅពេលដែលខាងលើរៀបចំគម្រោងធំមួយ ឬតែងតាំងមនុស្សជាច្រើននាក់ជាអ្នកមើលការខុសត្រូវ នេះគឺជាការរៀបចំចាត់ចែងការងារពិសេសមួយ។ ក៏មានកាលៈទេសៈពិសេសមួយទៀតដែរ ហើយនោះគឺនៅពេលដែលនរណាម្នាក់សរសេររបាយការណ៍ទៅខាងលើ ដោយពិពណ៌នាអំពីរបៀបដែលអ្នកដឹកនាំឈ្មោះនេះឈ្មោះនោះមិនបំពេញកិច្ចការពិតប្រាកដ និងដើរតាមផ្លូវរបស់អាទទឹងនឹងព្រះគ្រីស្ទ ហើយខាងលើចេញការរៀបចំចាត់ចែងការងារមួយដើម្បីដកអ្នកដឹកនាំដែលត្រូវបានរាយការណ៍នោះចេញពីតំណែង បន្ទាប់ពីបានផ្ទៀងផ្ទាត់រឿងនេះ។ នេះគឺជាការរៀបចំចាត់ចែងការងារមួយទៀតដែលទាក់ទងនឹងកិច្ចការបុគ្គលិក។ សរុបសេចក្ដីមក កិច្ចការដែលទាក់ទងនឹងបុគ្គលិកគឺរួមបញ្ចូលទាំងការបោះឆ្នោត ការតែងតាំង និងការដកចេញពីតំណែងនូវអ្នកដឹកនាំ និងអ្នកធ្វើការគ្រប់ជាន់ថ្នាក់នៅក្នុងពួកជំនុំ។ កិច្ចការនេះគឺមានលក្ខណៈសាមញ្ញគួរសម ហើយងាយស្រួលយល់។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?