នៅថ្ងៃទីប្រាំ ជីវិតរបស់សណ្ឋានផ្សេងៗ និងខុសៗគ្នា តាំងបង្ហាញពីសិទ្ធិអំណាចរបស់ព្រះអាទិករតាមវិធីផ្សេងៗគ្នា

21-02-2021

ខគម្ពីរនិយាយថា «ហើយព្រះជាម្ចាស់មានបន្ទូលថា៖ ចូរឲ្យមានមច្ឆា‌ជាតិដ៏រស់រវើកនៅក្នុងទឹក និងមានបក្សា‌បក្សីហោះហើរពីលើផែនដីនៅក្នុងលំហអាកាស។ ព្រះជាម្ចាស់បានបង្កើតត្រីបាឡែនដ៏ធំសម្បើម និងគ្រប់ភាវៈមានជីវិតដែលមានចលនា ដែលមាននៅក្នុងទឹកទៅតាមពូជ និងគ្រប់ទាំងសត្វស្លាបតាមពូជរបស់វាដែរ។ ហើយព្រះជាម្ចាស់ទតឃើញថាល្អហើយ» (លោកុប្បត្តិ ១:២០-២១)។ ខគម្ពីរប្រាប់យើងយ៉ាងច្បាស់ថា នៅថ្ងៃនេះ ព្រះជាម្ចាស់បានបង្កើតសត្តនិករនៅក្នុងទឹក និងបក្សីនៅនាអាកាស ដែលមានន័យថា ព្រះជាម្ចាស់បានបង្កើតមច្ឆា និងបក្សីនានា ហើយចាត់ថ្នាក់ពួកវានីមួយៗទៅតាមប្រភេទរបស់វា។ តាមរបៀបនេះ ផែនដី ផ្ទៃមេឃ និងទឹកត្រូវបានបំពេញដោយការបង្កើតរបស់ព្រះជាម្ចាស់...

នៅពេលដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានថ្លែង នោះជីវិតថ្មីស្រស់បំព្រងនីមួយៗដែលមានសណ្ឋានខុសៗគ្នា មានជីវិតភ្លាមៗនៅក្នុងព្រះបន្ទូលរបស់ព្រះអាទិករ។ ពួកវាចូលមកក្នុងពិភពលោក ដោយប្រជ្រៀតគ្នារកទីតាំង លោតកញ្ឆេង និងប្រលែងលេងដើម្បីភាពរីករាយ....មច្ឆាគ្រប់សណ្ឋាន និងគ្រប់ទំហំទាំងអស់បានហែលកាត់ទឹក ហើយខ្ចៅខ្យងគ្រប់ប្រភេទបានធំលូតលាស់ចេញពីខ្សាច់។ សត្តនិករដែលមានស្រកា មានសំបក និងឥតឆ្អឹងកងខ្នង បានធំលូតលាស់យ៉ាងឆាប់រហ័សនៅក្នុងសណ្ឋានផ្សេងៗគ្នា មិនថាធំឬតូច វែងឬខ្លីនោះទេ។ ចំណែករុក្ខជាតិដុះក្នុងសមុទ្រប្រភេទនានាក៏ដូចគ្នាដែរ ពួកវាចាប់ផ្តើមលូតលាស់យ៉ាងឆាប់រហ័ស ដោយយោលតាមចលនានៃជិវិតរបស់សត្វសមុទ្រនានា បក់ផាត់រវិចៗ រុញច្រានផ្ទៃទឹកដែលនឹង ហាក់ដូចជានិយាយទៅកាន់ពួកវាថា៖ «អង្រួនជើង! នាំមិត្តភក្តិរបស់អ្នកមក! ដ្បិតអ្នកនឹងមិនដែលឯកោតទៅទៀតទេ!» ចាប់ពីពេលដែលសត្តនិករមានជីវិតនានាដែលព្រះជាម្ចាស់បានបង្កើត បានលេចមកនៅក្នុងទឹក ជីវិតថ្មីនីមួយៗក៏បាននាំភាពរស់រវើកមកឲ្យទឹកដែលបានស្ងប់ស្ងាត់អស់រយៈពេលជាយូរមកហើយ ហើយនាំមកនូវយុគសម័យថ្មីមួយ...ចាប់ពីចំណុចនោះតទៅ ពួកវាធ្វើសំបុក្រនៅក្បែរគ្នា និងធ្វើដំណើរជាមួយគ្នា ព្រមទាំងមិនទៅណាឆ្ងាយពីគ្នាឡើយ។ ទឹកកើតឡើងសម្រាប់សត្តិនិករដែលនៅក្នុងវា ដោយការផ្តល់អាហារដល់ជីវិតនីមួយៗដែលរស់នៅក្នុងការឱបក្រសោបរបស់វា ហើយជីវិតនីមួយៗរស់រានមានជីវិតដោយសារតែការផ្តល់អាហាររបស់វា ដើម្បីផលប្រយោជន៍របស់ទឹក។ សត្តនិករនីមួយៗផ្តល់ជីវិតឲ្យគ្នា ហើយស្របពេលជាមួយគ្នានេះ សត្តនិករនីមួយៗ នាំយកទីបន្ទាល់អំពីការឫទ្ធិបារមី និងភាពអស្ចារ្យនៃការបង្កើតរបស់ព្រះអាទិករ ព្រមទាំងព្រះចេស្ដាដ៏លើសលប់នៃសិទ្ធិអំណាចរបស់ព្រះអាទិកករ...

ដោយសារតែសមុទ្រលែងមានសភាពស្ងត់ស្ងាត់ទៀត នោះជីវិតក៏ចាប់ផ្តើមបំពេញផ្ទៃមេឃដូចគ្នាដែរ។ បក្សីទាំងធំទាំងតូច ហើរចេញពីដីទៅលើអាកាសម្តងមួយៗ។ មិនដូចសត្តនិករនៅក្នុងសមុទ្រនោះទេ ពួកវាមានស្លាប និងរោមគ្របដណ្តប់រូបរាងដ៏សមសួន និងតូចច្រឡឹងរបស់ពួកវា។ ពួកវាទទះស្លាបយ៉ាងមានអំនួត និងយ៉ាងក្រអឺតក្រទម ដោយបង្ហាញរោមដ៏ស្រស់ស្អាតរបស់ពួកវា ព្រមទាំងតួនាទី និងជំនាញពិសេសរបស់ពួកវា ដែលព្រះអាទិករប្រទានដល់ពួកវា។ ពួកវាបានសំកាំងស្លាបដោយសេរី ហើយបានធ្វើដំណើរទៅមកយ៉ាងមានជំនាញ នៅចន្លោះផ្ទៃមេឃ និងផែនដី ជុំវិញវាលស្មៅ និងព្រៃឈើ...ពួកវាគឺជាបណ្តូលចិត្តរបស់អាកាស ពួកវាគឺជាបណ្តូលចិត្តនៃរបស់សព្វសារពើ។ មិនយូរទេ ពួកវានឹងក្លាយជាចំណងរវាងផ្ទៃមេឃ និងផែនដី ហើយនឹងនាំសារដល់របស់សព្វសារពើ....ពួកវាបានច្រៀង ពួកវាបានហើរឆាបចុះឡើងយ៉ាងសប្បាយរីករាយ ពួកវាមានបាននាំភាពសប្បាយរីករាយ សំណើច និងភាពរស់រវើកមកកាន់ពិភពលោកដែលធ្លាប់តែទទេស្អាត....ពួកវាបានប្រើប្រាស់ការច្រៀងដ៏ពិរោះ និងច្បាស់របស់ពួកវា ពួកវាបានប្រើពាក្យនៅក្នុងចិត្តរបស់ពួកវាដើម្បីសរសើរតម្កើងព្រះអាទិករសម្រាប់ជីវិតដែលបានប្រទានដល់ពួកវា។ ពួកវាបានរាំដោយអំណរដើម្បីសម្តែងនូវភាពគ្រប់លក្ខណ៍ និងការឫទ្ធិបារមីនៃការបង្កើតរបស់ព្រះអាទិករ ហើយនឹងថ្វាយជីវិតទាំងមូលរបស់ពួកវាដើម្បីនាំយកទីបន្ទាល់អំពីសិទ្ធិអំណាចរបស់ព្រះអាទិករ តាមរយៈជីវិតពិសេសដែលទ្រង់បានប្រទានដល់ពួកវា....

មិនថាពួកវានៅក្នុងទឹក ឬនៅលើមេឃនោះទេ តាមរយៈការបញ្ជារបស់ព្រះអាទិករ នោះចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នៃវត្ថុមានជីវិត បានមានអត្ថិភាពនៅក្នុងសណ្ឋានជីវិតផ្សេងៗគ្នា ហើយតាមរយៈការបញ្ជារបស់ព្រះអាទិករ ពួកវាបានប្រមូលផ្តុំគ្នាទៅតាមពូជអំបូររៀងៗខ្លួនរបស់ពួកវា ហើយបញ្ញត្តិនេះ ក្រិត្យវិន័យនេះ គឺមិនអាចផ្លាស់ប្តូរបានដោយសត្តនិករណាមួយនោះឡើយ។ ពួកវាមិនដែលហ៊ាន ឬអាចទៅហួសព្រំដែនដែលព្រះអាទិករបានកំណត់សម្រាប់ពួកវានោះទេ។ ដោយសារពួកវាត្រូវបានតែងតាំងដោយព្រះអាទិករ នោះពួកវាបានរស់នៅ និងបានបង្កើតចំនួនច្រើនឡើង ព្រមទាំងបានប្រកាន់ខ្ជាប់យ៉ាងតឹងរឹងនូវមាគ៌ាជីវិត និងបញ្ញត្តិដែលព្រះអាទិករបានកំណត់សម្រាប់ពួកវា ហើយពួកវាគោរពចេញពីមនសិការចំពោះការបញ្ជាដោយមិនបានថ្លែងរបស់ទ្រង់ និងបទបញ្ជា ព្រមទាំងច្បាប់ស្ថានសួគ៌ ដែលទ្រង់បានប្រទានដល់ពួកវាតាំងពីពេលនោះរហូតមកដល់សព្វថ្ងៃនេះ។ ពួកវាបានសន្ទនាជាមួយព្រះអាទិករទៅតាមវិធីពិសេសផ្ទាល់ខ្លួនរបស់ពួកវា ហើយបានមកដើម្បីសរសើរតម្កើងអត្ថន័យរបស់ព្រះអាទិករ និងបានគោរពតាមការបញ្ជារបស់ទ្រង់។ គ្មានសត្តនិករណាមួយធ្លាប់បានបំពានសិទ្ធិអំណាចរបស់ព្រះអាទិករនោះទេ ហើយអធិបតេយ្យភាព និងការបញ្ជារបស់ទ្រង់នៅលើពួកវា ត្រូវបានប្រើនៅក្នុងព្រះតម្រិះរបស់ទ្រង់។ គ្មានព្រះបន្ទូលណាមួយត្រូវបានដាក់ចេញនោះទេ ប៉ុន្តែសិទ្ធិអំណាចដែលមានតែមួយគត់របស់ព្រះអាទិករ បានគ្រប់គ្រងរបស់សព្វសារពើនៅក្នុងភាពស្ងប់ស្ងាត់ ដោយគ្មានតួនាទីភាសា ហើយដែលខុសគ្នាពីមនុស្សជាតិ។ ការប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់នៅក្នុងវិធីដ៏ពិសេសនេះ បានបង្ខំឲ្យមនុស្សទទួលបានចំណេះដឹងថ្មី ហើយធ្វើការកាត់ស្រាយថ្មីមួយអំពីសិទ្ធិអំណាចតែមួយគត់របស់ព្រះអាទិករ។ នៅទីនេះ ខ្ញុំត្រូវតែប្រាប់អ្នកថា នៅថ្ងៃថ្មីនេះ ការប្រើប្រាស់សិទ្ធិអំណាចរបស់ព្រះអាទិករ បានបញ្ជាក់ឲ្យឃើញជាថ្មីម្តងទៀត អំពីភាពមានតែមួយគត់របស់ព្រះអាទិករ។

បន្ទាប់មក ចូរយើងក្រឡេកមើលប្រយោគចុងក្រោយនៃខគម្ពីរ៖ «ហើយព្រះជាម្ចាស់ទតឃើញថាល្អហើយ។» តើអ្នករាល់គិតថា វាមានន័យដូចម្តេច? មនោសញ្ចេតនារបស់ព្រះជាម្ចាស់គឺបង្កប់នៅក្នុងព្រះបន្ទូលទាំងនេះ។ ព្រះជាម្ចាស់បានទតមើលរបស់សព្វសារពើដែលទ្រង់បានបង្កើត មានរូបរាងឡើង ហើយឈរនៅមាំមួនដោយសារតែព្រះបន្ទូលរបស់ទ្រង់ ព្រមទាំងចាប់ផ្តើមផ្លាស់ប្តូរបន្តិចម្តងៗ។ នៅពេលនេះ តើព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងវត្ថុនានាដែលទ្រង់បានបង្កើតដោយព្រះបន្ទូលរបស់ទ្រង់ និងសកម្មភាពនានាដែលទ្រង់សម្រេចបានឬទេ? ចម្លើយគឺ «ហើយព្រះជាម្ចាស់ទតឃើញថាល្អហើយ។» តើអ្នករាល់គ្នាមើលឃើញអ្វីនៅទីនេះ? តើ «ហើយព្រះជាម្ចាស់ទតឃើញថាល្អហើយ» តំណាងឲ្យអ្វី? តើវាជានិមិត្តសញ្ញាអំពីអ្វី? វាមានន័យថា ព្រះជាម្ចាស់មានព្រះចេស្ដា និងព្រះប្រាជ្ញាញាណដើម្បីសម្រេចកិច្ចការដែលទ្រង់បានដាក់ផែនការ និងបានចេញបទបញ្ជាដើម្បីសម្រេចបានគោលបំណងដែលទ្រង់បានកំណត់ដើម្បីសម្រេច។ នៅពេលដែលព្រះជាម្ចាស់បានបញ្ចប់កិច្ចការនីមួយៗ តើទ្រង់មានព្រះហឫទ័យសោកស្តាយឬទេ? ចម្លើយគឺនៅតែ «ហើយព្រះជាម្ចាស់ទតឃើញថាល្អហើយ។» អាចនិយាយម្យ៉ាងទៀតបានថា ទ្រង់មិនត្រឹមតែមិនមានព្រះហឫទ័យសោកស្តាយនោះទេ ប៉ុន្តែទ្រង់ថែមទាំងសព្វព្រះហឫទ័យថែមទៀតផង។ តើទ្រង់មិនមានព្រះហឫទ័យសោកស្តាយមានន័យដូចម្តេច? វាមានន័យថា ផែនការរបស់ព្រះជាម្ចាស់គឺគ្រប់លក្ខណ៍ វាមានន័យថា អំណាច និងព្រះប្រាជ្ញាញាណរបស់ទ្រង់គឺគ្រប់លក្ខណ៍ ហើយវាមានន័យថា មានតែតាមរយៈសិទ្ធិអំណាចរបស់ទ្រង់ប៉ុណ្ណោះ ដែលភាពគ្រប់លក្ខណ៍បែបនេះអាចសម្រេចបាន។ នៅពេលដែលមនុស្សបំពេញកិច្ចការមួយ តើគេអាចមើលឃើញថា វាល្អ ដូចជាព្រះជាម្ចាស់ទតឃើញឬទេ? តើគ្រប់យ៉ាងដែលមនុស្សធ្វើអាចសម្រេចបានភាពគ្រប់លក្ខណ៍ឬទេ? តើមនុស្សអាចបំពេញអ្វីមួយម្តងជាសម្រេចរហូតអស់កល្បជានិច្ចឬទេ? ដូចជាមនុស្សនិយាយថា «គ្មានអ្វីដែលគ្រប់លក្ខណ៍នោះទេ មានតែប្រសើរជាងមុនប៉ុណ្ណោះ» គ្មានអ្វីដែលមនុស្សធ្វើ អាចទទួលបានភាពគ្រប់លក្ខណ៍នោះទេ។ នៅពេលដែលព្រះជាម្ចាស់បានទតឃើញថា គ្រប់យ៉ាងដែលទ្រង់បានធ្វើ និងសម្រេចបាន គឺល្អ គ្រប់យ៉ាងដែលទ្រង់បានបង្កើតគឺត្រូវបានកំណត់ដោយព្រះបន្ទូលរបស់ទ្រង់ ឬអាចនិយាយថា «ហើយព្រះជាម្ចាស់ទតឃើញថាល្អហើយ» គ្រប់យ៉ាងដែលទ្រង់បានបង្កើត បានទទួលយកសណ្ឋានដ៏អចិន្ត្រៃយ៍មួយ ត្រូវបានចាត់ចំណាត់ថ្នាក់តាមប្រភេទ និងត្រូវបានផ្តល់ទីតាំង គោលបំណង និងតួនាទីមិនប្រែប្រួលមួយតែម្តងជាសម្រេចរហូតអស់កល្បជានិច្ច។ ជាងនេះទៅទៀត តួនាទីរបស់ពួកវាក្នុងចំណោមរបស់សព្វសារពើ និងមាគ៌ាដែលពួកវាត្រូវតែជ្រើសរើសក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់របស់ព្រះជាម្ចាស់លើរបស់សព្វសារពើ ត្រូវបានកំណត់ដោយព្រះជាម្ចាស់ ហើយមិនអាចផ្លាស់ប្តូរបានទេ។ នេះគឺជាច្បាប់ស្ថានសួគ៌ដែលព្រះអាទិករបានប្រទានឲ្យរបស់សព្វសារពើ។

«ហើយព្រះជាម្ចាស់ទតឃើញថាល្អហើយ» ព្រះបន្ទូលដ៏សាមញ្ញ និងមិនត្រូវបានផ្តល់តម្លៃ ដែលគេមិនយកចិត្តទុកដាក់ជារឿយៗទាំងនេះ គឺជាព្រះបន្ទូលអំពីច្បាប់ និងបទបញ្ជាស្ថានសួគ៌ដែលព្រះជាម្ចាស់បានប្រទានដល់គ្រប់សត្តនិករទាំងអស់។ ពួកវាគឺជាតំណាងមួយផ្សេងទៀតនៃសិទ្ធិអំណាចរបស់ព្រះអាទិករ ដែលជាក់ស្តែងជាងមុន និងជ្រាលជ្រៅជាងមុន។ តាមរយៈព្រះបន្ទូលរបស់ទ្រង់ ព្រះអាទិករមិនត្រឹមតែអាចទទួលអ្វីៗគ្រប់យ៉ាងដែលទ្រង់បានកំណត់ដើម្បីសម្រេចបាននោះទេ ទ្រង់ថែមទាំងអាចគ្រប់គ្រងអ្វីៗទាំងអស់ដែលទ្រង់បានបង្កើតនៅក្នុងព្រះហស្ដរបស់ទ្រង់ ព្រមទាំងត្រួតត្រាលើរបស់សព្វសារពើដែលទ្រង់បានបង្កើតនៅក្រោមសិទ្ធិអំណាចរបស់ទ្រង់ថែមទៀតផង។ ហើយជាងនេះទៅទៀត អ្វីៗគ្រប់យ៉ាងគឺមានលក្ខណៈជាប្រព័ន្ធ និងប្រក្រតី។ របស់សព្វសារពើក៏ត្រូវបានបង្កើតឡើង រស់នៅ នឹងស្លាប់ ដោយសារព្រះបន្ទូលរបស់ទ្រង់ដែរ ហើយជាងនេះទៅទៀត ដោយសារសិទ្ធិអំណាចរបស់ទ្រង់ ពួកវាបានរស់នៅក្នុងច្បាប់ដែលទ្រង់បានកំណត់ ហើយគ្មានអ្វីមួយត្រូវបានលើកលែងនោះទេ! ច្បាប់នេះបានចាប់ផ្តើមភ្លាមៗដែល «ហើយព្រះជាម្ចាស់ទតឃើញថាល្អហើយ» ហើយវានឹងមានអត្ថិភាព បន្ត និងបំពេញតួនាទីដើម្បីផលប្រយោជន៍នៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃដែលវាត្រូវបានជំនួសដោយព្រះអាទិករ! សិទ្ធិអំណាចតែមួយគត់របស់ព្រះអាទិករ ត្រូវបានបង្ហាញឲ្យឃើញ មិនត្រឹមតែតាមរយៈសមត្ថភាពរបស់ទ្រង់ក្នុងបង្កើត និងបញ្ជារបស់សព្វសារពើឲ្យក្លាយជាភាវៈប៉ុណ្ណោះទេ ប៉ុន្តែសិទ្ធិអំណាចតែមួយគត់នេះក៏ត្រូវបានបង្ហាញឲ្យឃើញតាមរយៈសមត្ថភាពរបស់ទ្រង់ក្នុងការគ្រប់គ្រង និងកាន់កាប់អធិបតេយ្យភាពលើរបស់សព្វសារពើ ព្រមទាំងប្រទានជីវិត និងភាពរស់រវើកដល់របស់សព្វសារពើដែរ។ ជាងនេះទៅទៀត តាមរយៈសមត្ថភាពរបស់ទ្រង់ក្នុងការបណ្តាលឲ្យកើតឡើងតែម្តងជាសម្រេចរហូតអស់កល្បជានិច្ច នោះរបស់សព្វសារពើដែលទ្រង់នឹងបង្កើតនៅក្នុងផែនការរបស់ទ្រង់ ក៏លេចមក និងរស់នៅក្នុងពិភពលោកដែលទ្រង់បានបង្កើត ក្នុងសណ្ឋានដ៏គ្រប់លក្ខណ៍ រចនាសម្ព័ន្ធជីវិតដ៏គ្រប់លក្ខណ៍ និងតួនាទីដ៏គ្រប់លក្ខណ៍។ សម្ថភាពនោះក៏ត្រូវបានបង្ហាញឲ្យឃើញតាមរបៀបដែលព្រះតម្រិះរបស់ព្រះអាទិករមិនត្រូវបានដាក់កំហិត និងមិនត្រូវបានកំណត់ដោយពេលវេលា ទីកន្លែង ឬលក្ខណៈភូមិសាស្ត្រ។ ដូចជាសិទ្ធិអំណាចរបស់ទ្រង់ដែរ អត្តសញ្ញាណតែមួយគត់របស់ព្រះអាទិករនឹងស្ថិតនៅដោយគ្មានផ្លាស់ប្តូរតាំងពីអស់កល្បរៀងមក រហូតដល់អស់កល្បរៀងទៅ។ សិទ្ធិអំណាចរបស់ទ្រង់នឹងតែងតែជាតំណាង និងជានិមិត្តសញ្ញានៃអត្តសញ្ញាណតែមួយគត់របស់ទ្រង់ ហើយសិទ្ធិអំណាចរបស់ទ្រង់នឹងស្ថិតនៅជារៀងរហូត ទន្ទឹមគ្នានឹងអត្តសញ្ញាណរបស់ទ្រង់!

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ក្រោមសិទ្ធិអំណាចរបស់ព្រះអាទិករ របស់សព្វសារពើគឺសុទ្ធតែគ្រប់លក្ខណ៍

របស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើត រួមបញ្ចូលទាំងរបស់ដែលអាចផ្លាស់ទី និងរបស់ដែលមិនអាចផ្លាស់ទី ដូចជាបក្សី និងមច្ឆា ដូចជាដើមឈើ និងផ្កា...

គ្មានភាវៈដែលត្រូវបានបង្កើត និងភាវៈមិនត្រូវបានបង្កើតណាមួយ អាចជំនួសអត្តសញ្ញាណរបស់ព្រះអាទិករបានទេ

ចាប់តាំងពីពេលដែលទ្រង់បានចាប់ផ្តើមការបង្កើតរបស់សព្វសារពើមក ព្រះចេស្ដារបស់ព្រះជាម្ចាស់បានចាប់ផ្តើមត្រូវបានបញ្ចេញ និងត្រូវបានបើកសម្ដែងឲ្យឃើញ...

នៅថ្ងៃទីពីរ សិទ្ធិអំណាចរបស់ព្រះជាម្ចាស់រៀបចំទឹក និងបង្កើតប្រឡោះ ហើយទីកន្លែងសម្រាប់ការរស់នៅរបស់មនុស្សជាមូលដ្ឋានបំផុត លេចរូបរាងឡើង

ចូរយើងអានខគម្ពីរទីពីរ៖ «ហើយព្រះជាម្ចាស់បានមានបន្ទូលថា ចូរឲ្យមានលំហមួយនៅកណ្ដាលទឹក ដើម្បីញែកទឹកចេញពីគ្នា។ ព្រះជាម្ចាស់បានបង្កើតឲ្យមានលំហ...

នៅថ្ងៃទីបួន រដូវ ថ្ងៃ និងឆ្នាំរបស់មនុស្សជាតិកើតមានឡើង នៅពេលដែលព្រះជាម្ចាស់ប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់ម្តងទៀត

ព្រះអាទិករបានប្រើប្រាស់ព្រះបន្ទូលរបស់ទ្រង់ដើម្បីសម្រេចផែនការរបស់ទ្រង់ ហើយតាមវិធីនេះ ទ្រង់បានឆ្លងកាត់បីថ្ងៃដំបូងនៃផែនការរបស់ទ្រង់។...

Leave a Reply