នៅថ្ងៃទីប្រាំមួយ ព្រះអាទិករមានព្រះបន្ទូល ហើយសត្តនិករមានជីវិតតាមប្រភេទនីមួយៗនៅក្នុងព្រះតម្រិះរបស់ទ្រង់ លេចមកម្តងមួយៗ

21-02-2021

ដោយស្ដួចស្ដើងពេក កិច្ចការរបស់ព្រះអាទិករក្នុងការបង្កើតរបស់សព្វសារពើបានបន្តអស់រយៈពេលប្រាំថ្ងៃ ហើយភ្លាមៗបន្ទាប់ពីនោះ ព្រះអាទិករបានស្វាគមន៍ថ្ងៃទីប្រាំមួយនៃការបង្កើតរបស់សព្វសារពើរបស់ទ្រង់។ នៅថ្ងៃនេះ គឺជាការចាប់ផ្តើមថ្មីមួយទៀត និងជាថ្ងៃដ៏វិសេសមួយផ្សេងទៀតដែរ។ បន្ទាប់មក តើអ្វីគឺជាផែនការរបស់ព្រះអាទិករនៅល្ងាចថ្ងៃថ្មីនេះ? តើសត្តនិករថ្មីៗអ្វីខ្លះដែលទ្រង់នឹងផលិត និងបង្កើត? ចូរស្តាប់ចុះ នោះគឺជាព្រះសូរសៀងរបស់ព្រះអាទិករ....

«ហើយព្រះជាម្ចាស់មានបន្ទូលថា៖ ចូរឲ្យផែនដីកើតចេញជាពពួកសត្វមានជីវិតតាមពូជរបស់វា គឺសត្វស្រុក សត្វលូនវារ និងសត្វព្រៃនៅលើផែន‌ដីតាមពូជរបស់វា៖ វាក៏កើតមានដូច្នោះមែន។ ហើយព្រះជាម្ចាស់បានបង្កើតសត្វព្រៃនៅផែន‌ដីតាមពូជ សត្វស្រុកតាមពូជ និងគ្រប់ទាំងសត្វដែលលូនវារលើដីតាមពូជរបស់វាដែរ ហើយព្រះជាម្ចាស់ទតឃើញថាល្អ» (លោកុប្បត្តិ ១:២៤-២៥)។ តើសត្តនិករមានជីវិតអ្វីខ្លះដែលត្រូវបានរួមបញ្ចូល? បទគម្ពីរចែងថា៖ សត្វស្រុក សត្វលូនវារ និងសត្វព្រៃនៅផែនដីតាមពូជ។ មានន័យថា នៅថ្ងៃនេះ មិនត្រឹមតែមានសត្តនិករមានជីវិតគ្រប់ប្រភេទទាំងអស់នៅលើផែនដីនោះទេ ប៉ុន្តែពួកវាក៏ត្រូវបានចាត់ថ្នាក់តាមពូជដែរ ដូច្នេះហើយ «ហើយព្រះជាម្ចាស់ទតឃើញថាល្អ។»

ដូចក្នុងអំឡុងពេលប្រាំថ្ងៃកន្លងមកនោះដែរ ព្រះអាទិករបានមានព្រះបន្ទូលដោយព្រះសូរសៀងដូចគ្នា ហើយបានបញ្ជាកំណើតរបស់សត្តនិករដែលមានជីវិតដែលទ្រង់សព្វព្រះហឫទ័យ ហើយពួកវាលេចមកនៅលើផែនដីទៅតាមពូជរៀងៗខ្លួនរបស់ពួកវា។ នៅពេលដែលព្រះអាទិករប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់ គ្មានព្រះបន្ទូលណាមួយរបស់ទ្រង់ត្រូវបានថ្លែងដោយឥតប្រយោជន៍នោះឡើយ ដូច្នេះហើយ នៅថ្ងៃទីប្រាំមួយ សត្តនិករមានជីវិតនីមួយៗដែលទ្រង់សព្វព្រះហឫទ័យបង្កើត បានលេចមកនៅពេលវេលាដែលបានកំណត់។ ដូចដែលព្រះអាទិករបានមានព្រះបន្ទូលថា «ចូរឲ្យផែនដីកើតចេញជាពពួកសត្វមានជីវិតតាមពូជរបស់វា» ពេលនោះ ផែនដីបានពេញដោយជីវិតភ្លាមៗ ហើយនៅលើដី ដង្ហើមរបស់សត្តនិករមានជីវិតគ្រប់ប្រភេទបានកើតមានឡើងភ្លាមៗ...នៅក្នុងទីវាលខៀវស្រងាត់ពេញដោយស្មៅ សត្វគោដ៏មាំបក់កន្ទុយទៅវិញទៅមក បានលេចមកម្តងមួយៗ សត្វចៀមបានប្រមូលផ្តុំជាហ្វូង ហើយសត្វសេះដែលកំពុងកញ្ជ្រៀវបានចាប់ផ្តើមផាយជើងយ៉ាងលឿន...។ ភ្លាមៗនោះ វាលស្មៅដ៏ធំធេងដែលស្ងប់ស្ងាត់ បានពេញដោយជីវិត....ការលេចមកនៃសត្វស្រុកផ្សេងៗទាំងនេះ គឺជាទេសភាពដ៏ស្រស់ស្អាតនៅលើវាលស្មៅដ៏ស្ងាត់ជ្រងំ ហើយនាំមកនូវភាពរស់រវើកដោយគ្មានដែនកំណត់។ ពួកវានឹងក្លាយជាគូកនរបស់វាលស្មៅ និងជាចៅហ្វាយរបស់វាលស្មៅ ហើយពួកវានីមួយៗគឺពឹងពាក់គ្នាទៅវិញទៅមក។ ពួកវាក៏នឹងក្លាយជាឆ្មាំ និងជាអ្នកថែរក្សាដែនដីទាំងនេះដែរ ហើយដែលដែនដីទាំងនេះនឹងក្លាយជាកន្លែងស្នាក់នៅអចិន្ត្រៃយ៍របស់ពួកវា និងជាកន្លែងដែលនឹងផ្តល់នូវអ្វីៗដែលពួកវាត្រូវការ គឺប្រពនៃការចិញ្ចឹមបីបាច់ជារៀងរហូតសម្រាប់អត្ថិភាពរបស់ពួកវា....។

ក្នុងថ្ងៃតែមួយដែលសត្វស្រុកផ្សេងៗទាំងនេះបានកើតឡើង នោះហ្វូងសត្វល្អិតជាច្រើនក៏បានលេចមកម្តងមួយៗ ដោយសារព្រះបន្ទូលរបស់ព្រះអាទិករដែរ។ ទោះបីជាពួកវាជាវត្ថុមានជីវិតដែលតូចជាងគេក្នុងចំណោមសត្តនិករទាំងអស់ក៏ដោយ ក៏កម្លាំងជីវិតរបស់ពួកវានៅតែជាការបង្កើតដ៏អស្ចារ្យរបស់ព្រះអាទិករដដែល ហើយពួកវាមិនបានមកយឺតពេកនោះទេ...។ សត្វល្អិតមួយចំនួនបានទទះស្លាបដ៏តូចៗរបស់ពួកវា ខណៈដែលសត្វល្អិតមួយចំនួនទៀតបានលូនវារយ៉ាងយឺតៗ។ សត្វល្អិតមួយចំនួនលោតផ្លោះ មួយចំនួនទៀតផ្លាស់ទីទ្រេតទ្រោតៗ។ សត្វល្អិតមួយចំនួនទៀតបានទៅមុខយ៉ាងលឿន ខណៈដែលសត្វល្អិតមួយចំនួនទៀត បានថយក្រោយយ៉ាងលឿន។ សត្វល្អិតមួយចំនួនបានផ្លាស់ទីទៅខាង ខ្លះទៀតបានលោតខ្ពស់ទាបចុះឡើង...។ គ្រប់សត្វល្អិតទាំងអស់កំពុងតែមមាញឹកស្វែងរកសម្បុកសម្រាប់ខ្លួនឯង៖ សត្វល្អិតខ្លះចូលទៅក្នុងស្មៅ សត្វល្អិតខ្លះកាយរូងទៅក្នុងដី សត្វល្អិតខ្លះហើរទៅលើដើមឈើលាក់ខ្លួននៅក្នុងព្រៃ....ទោះបីជាពួកវាមានរូបរាងតូចៗក៏ដោយ ពួកវាក៏មិនចង់អត់ទ្រាំនឹងទារុណកម្មនៃក្រពះដែលគ្មានអាហារនោះដែរ ដូច្នេះ បន្ទាប់ពីពួកវាស្វែងរកសម្បុកផ្ទាល់ខ្លួនរបស់ពួកវារួចហើយ ពួកវាប្រញាប់ប្រញាល់ស្វែងរកអាហារដើម្បីចិញ្ចឹមខ្លួន។ សត្វល្អិតមួយចំនួនឡើងលើស្មៅដើម្បីស៊ីស្លឹកស្មៅទន់ៗ សត្វល្អិតមួយចំនួនចាប់ស្រវាធូលីដីមួយម៉ាត់ ហើយលេបចូលទៅក្នុងក្រពះរបស់ពួកវា ដោយទទួលទានយ៉ាងរីករាយ និងដោយអំណរ (ចំពោះពួកវា សូម្បីតែធូលីដីក៏ជាអាហារដ៏ឆ្ងាញ់មួយដែរ)។ សត្វល្អិតខ្លះលាក់ខ្លួននៅក្នុងព្រៃ ប៉ុន្តែពួកវាមិនបានឈប់សម្រាកនោះទេ ដោយសារតែរុក្ខរសនៅក្នុងស្លឹកឈើដ៏ខៀវស្រងាត់ បានផ្តល់នូវអាហារដ៏មានឱជារសសម្រាប់ពួកវា...។ បន្ទាប់ពីពួកវាឆ្អែត សត្វល្អិតក៏នៅតែមិនបញ្ឈប់សកម្មភាពរបស់ពួកវាដែរ។ ទោះបីជាពួកវាមានរូបរាងតូចក៏ដោយ ក៏ពួកវាមានថាមពលដ៏អស្ចារ្យ និងភាពក្លៀវក្លាឥតដែនកំណត់ដែរ ដូច្នេះ នៅក្នុងចំណោមសត្តនិករទាំងអស់ ពួកវាសកម្មបំផុត និងឧស្សាហ៍បំផុត។ ពួកវាមិនដែលខ្ជិលច្រអូស ហើយមិនដែលបណ្តោយខ្លួននៅក្នុងការសម្រាកនោះទេ។ នៅពេលដែលពួកវាបានឆ្អែតនឹងអាហាររបស់ពួកវា ពួកវាបានប្រើកម្លាំងរបស់ពួកវាយ៉ាងលំបាកដើម្បីផលប្រយោជន៍នៃអនាគតរបស់ពួកវា ដោយធ្វើឲ្យខ្លួនមមាញឹក និងប្រញាប់ប្រញាល់សម្រាប់ថ្ងៃស្អែករបស់ពួកវា ក៏ដូចជាសម្រាប់ការរស់នៅរបស់ពួកវា...។ ពួកវាបន្លឺសម្លេងជាចម្រៀងដែលមានចង្វាក់ និងទំនុកភ្លេងផ្សេងៗ ដើម្បីផ្តល់កម្លាំងចិត្ត និងជំរុញទឹកចិត្តរបស់ពួកវា។ ពួកវាក៏បានបន្ថែមភាពសប្បាយរីករាយដល់ស្មៅ ដើមឈើ និងដីទាំងអស់ដែរ ដោយបង្កើតឲ្យថ្ងៃ និងឆ្នាំនីមួយៗមានលក្ខណៈតែមួយគត់...។ តាមរយៈភាសាផ្ទាល់ខ្លួនរបស់ពួកវា និងតាមរយៈវិធីផ្ទាល់ខ្លួនរបស់ពួកវា ពួកវាផ្ទេរព័ត៌មានទៅដល់វត្ថុមានជីវិតទាំងអស់នៅលើដី។ ដោយការប្រើមាគ៌ាជីវិតដ៏ពិសេសផ្ទាល់ខ្លួនរបស់ពួកវា ពួកវាធ្វើសញ្ញាសម្គាល់របស់សព្វសារពើដោយពួកវាបានបន្សល់ទុកស្លាកស្នាម...។ ពួកវាមានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយដី ស្មៅ និងព្រៃឈើ ហើយពួកវាបាននាំយកថាមពល និងភាពរស់រវើកមកឲ្យដី ស្មៅ និងព្រៃឈើ។ ពួកវាបាននាំយកការរំឭកដាស់តឿន និងការសួរសុខទុក្ខរបស់ព្រះអាទិករ មកឲ្យវត្ថុមានជីវិតទាំងអស់...។

ក្រសែព្រះនេត្ររបស់ព្រះអាទិករបានទតទៅគ្រប់របស់សព្វសារពើដែលទ្រង់បានបង្កើត ហើយនៅពេលនេះ ព្រះនេត្ររបស់ទ្រង់បានឈប់មួយស្របក់ដើម្បីទតមើលព្រៃឈើ និងភ្នំទាំងឡាយ ព្រះតម្រិះរបស់ទ្រង់ផ្លាស់ប្តូរ។ នៅពេលដែលព្រះបន្ទូលរបស់ទ្រង់ត្រូវបានថ្លែងចេញនៅក្នុងព្រៃឈើដ៏ក្រាស់ និងនៅលើភ្នំ ពេលនោះក៏មានលេចំកនូវសត្តនិករមួយប្រភេទ ដែលមិនដូចនឹងសត្តនិករដែលបានលេចមកកាលពីមុន។ ពួកវាគឺជាសត្វព្រៃដែលព្រះឱស្ឋរបស់ព្រះជាម្ចាស់បានមានព្រះបន្ទូល។ យូរបន្តិចក្រោយមក ពួកវាបានងក់ក្បាលរបស់ពួកវា ហើយបានបក់កន្ទុយ ដោយសត្វនីមួយៗមានមុខតែមួយផ្ទាល់ខ្លួន។ សត្វខ្លះមានរោម សត្វខ្លះមានស្នែង សត្វខ្លះគ្មានចង្កូម សត្វខ្លះមានស្នាមញញឹម សត្វខ្លះមានកវែង សត្វខ្លះមានកន្ទុយខ្លី សត្វខ្លះមានភ្នែកលៀន សត្វខ្លះមានភ្នែកស្រទន់ សត្វខ្លះចំកោងខ្នងដើម្បីស៊ីស្មៅ សត្វខ្លះមានឈាមនៅនឹងមាត់របស់ពួកវា សត្វខ្លះលោតជើងពីរ សត្វខ្លះបោះជំហានដោយក្រចកទាំងបួន សត្វខ្លះសម្លឹងមើលចុងឈើដ៏ខ្ពស់ សត្វខ្លះទម្រេតខ្លួននៅក្នុងព្រៃ សត្វខ្លះស្វែងរករូងភ្នំដើម្បីសម្រាក សត្វខ្លះរត់ និងលេងនៅលើវាលរាប សត្វខ្លះដើរលបៗនៅក្នុងព្រៃ....សត្វខ្លះគ្រហឹម សត្វខ្លះលូ សត្វខ្លះព្រុស សត្វខ្លះយំ....សត្វខ្លះសម្លេងស្រាល សត្វខ្លះសម្លេងធំ សត្វខ្លះសម្លេងខ្ពស់ សត្វខ្លះសម្លេងច្បាស់ និងពិរោះ....សត្វខ្លះចង្រៃ សត្វខ្លះស្អាត សត្វខ្លះគួរឲ្យស្អប់ សត្វខ្លះគួរឲ្យស្រឡាញ់ សត្វខ្លះគួរឲ្យខ្លាច សត្វខ្លះស្លូតគួរឲ្យស្រឡាញ់....ពួកវាចេញមកម្តងមួយៗ។ ចូរមើលចុះ ពួកវាខ្ពស់ និងខ្លាំងប៉ុណ្ណា ឯករាជ្យម្ចាស់ការ នៅស្ងៀមមិនអើពើដាក់គ្នា មិនរំខានក្នុងការចំណាយពេលសម្លឹងមើលគ្នា...។ រាល់សត្វនីមួយៗមានជីវិតដោយឡែក មានភាពខ្លាំង និងមានភាពសាហាវផ្ទាល់ខ្លួន ដែលព្រះអាទិករប្រទានដល់ពួកវា ហើយពួកវាមាននៅក្នុងព្រៃ និងនៅលើភ្នំ។ ដោយមើលងាយចំពោះគ្រប់យ៉ាង និងក្រអឺតក្រទមទាំងស្រុងតែម្ដង តើនរណាបានធ្វើឲ្យពួកវាក្លាយជាម្ចាស់របស់ភ្នំ និងព្រៃឈើ? ចាប់តាំងពីពេលដែលព្រះអាទិករបានបញ្ជាឲ្យពួកវាលេចមក ពួកវាបាន «ប្រកាសកាន់កាប់» ព្រៃឈើ និងភ្នំ ព្រោះព្រះអាទិករបានកំណត់ព្រំដែនរបស់ពួកវា និងបានកំណត់វិសាលភាពនៃអត្ថិភាពរបស់ពួកវារួចហើយ។ មានតែពួកវាប៉ុណ្ណោះ គឺជាម្ចាស់ដ៏ពិតប្រាកដរបស់ភ្នំ និងព្រៃឈើ ដូច្នេះហើយទើបពួកវាមានលក្ខណៈព្រៃ និងក្រអឺតក្រទមណាស់។ ពួកវាត្រូវបានគេហៅថា «សត្វព្រៃ» គឺដោយសារតែក្នុងចំណោមសត្តនិករទាំងអស់ ពួកវាគឺជាសត្តនិករដែលពិតជាមានលក្ខណៈព្រៃ ឃោរឃៅ និងមិនអាចបង្រ្កាបបាន។ ពួកវាមិនអាចត្រូវបានបង្រ្កាបនោះទេ ដូច្នេះ ពួកវាមិនអាចត្រូវបានចិញ្ចឹម ហើយមិនអាចរស់នៅដោយភាពសុខដុមរមនាជាមួយមនុស្សជាតិ ឬប្រើកម្លាំងធ្វើការជំនួសមនុស្សជាតិបានទេ។ គឺដោយសារតែពួកវាមិនអាចត្រូវបានចិញ្ចឹម មិនអាចធ្វើការដើម្បីមនុស្សជាតិបែបនេះហើយ ទើបពួកវាត្រូវតែរស់នៅឆ្ងាយពីមនុស្សជាតិ ហើយមនុស្សមិនអាចចូលទៅរកពួកវាបានទេ។ ម៉្យាងវិញទៀត ដោយសារតែពួកវាបានរស់នៅឆ្ងាយពីមនុស្សជាតិ ហើយមនុស្សមិនអាចចូលទៅជិតពួកវាបាន ទើបពួកវាអាចបំពេញទំនួលខុសត្រូវដែលព្រះអាទិករបានប្រទានដល់ពួកវា៖ ការពារភ្នំ និងព្រៃឈើ។ ភាពខ្លាំងរបស់ពួកវា បានការពារភ្នំ និងការពារព្រៃឈើ ហើយកម្លាំងរបស់ពួកវាគឺជាការការពារ និងការធានាដ៏ល្អបំផុតនៃអត្ថិភាព និងការបន្តពូជរបស់ពួកវា។ ស្របពេលជាមួយគ្នានេះ ភាពខ្លាំងរបស់ពួកវា បានរក្សា និងបានធានាតុល្យភាពក្នុងចំណោមរបស់សព្វសារពើ។ ការមកដល់របស់ពួកវា បាននាំមកនូវការផ្គត់ផ្គង់ និងចំណតសម្រាប់ភ្នំ និងព្រៃឈើ។ ការមកដល់របស់ពួកវា បាននាំមកនូវថាមពល និងភាពរស់រវើកឥតកំណត់មកឲ្យភ្នំ និងព្រៃឈើដែលទទេស្អាត និងស្ងាត់ជ្រងំ។ ចាប់ពីពេលនេះតទៅ ភ្នំ និងព្រៃឈើបានក្លាយទៅជាកន្លែងស្នាក់នៅអចិន្ត្រៃយ៍របស់ពួកវា ហើយពួកវានឹងមិនដែលបាត់បង់ផ្ទះសម្បែងរបស់ពួកវានោះទេ ដោយសារតែភ្នំ និងព្រៃឈើបានលេចមក និងមានអត្ថិភាពដើម្បីពួកវា។ សត្វព្រៃនឹងបំពេញភារកិច្ចរបស់ពួកវា ហើយធ្វើគ្រប់យ៉ាងដែលពួកវាអាចធ្វើបានដើម្បីការពារភ្នំ និងព្រៃឈើនោះ។ សត្វព្រៃក៏នឹងគោរពយ៉ាងតឹងរឹងតាមការដាស់តឿនរបស់ព្រះអាទិករដែរ ដើម្បីកាន់កាប់ដែនដីរបស់ពួកវា ហើយបន្តប្រើប្រាស់ធម្មជាតិដ៏សាហាវរបស់ពួកវា ដើម្បីរក្សាតុល្យភាពនៃរបស់សព្វសារពើដែលព្រះអាទិករបានបង្កើត ហើយដើម្បីប្រកាសពីសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះអាទិករ!

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ក្រោមសិទ្ធិអំណាចរបស់ព្រះអាទិករ របស់សព្វសារពើគឺសុទ្ធតែគ្រប់លក្ខណ៍

របស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើត រួមបញ្ចូលទាំងរបស់ដែលអាចផ្លាស់ទី និងរបស់ដែលមិនអាចផ្លាស់ទី ដូចជាបក្សី និងមច្ឆា ដូចជាដើមឈើ និងផ្កា...

នៅថ្ងៃទីពីរ សិទ្ធិអំណាចរបស់ព្រះជាម្ចាស់រៀបចំទឹក និងបង្កើតប្រឡោះ ហើយទីកន្លែងសម្រាប់ការរស់នៅរបស់មនុស្សជាមូលដ្ឋានបំផុត លេចរូបរាងឡើង

ចូរយើងអានខគម្ពីរទីពីរ៖ «ហើយព្រះជាម្ចាស់បានមានបន្ទូលថា ចូរឲ្យមានលំហមួយនៅកណ្ដាលទឹក ដើម្បីញែកទឹកចេញពីគ្នា។ ព្រះជាម្ចាស់បានបង្កើតឲ្យមានលំហ...

នៅថ្ងៃទីមួយ ពេលថ្ងៃ និងពេលយប់របស់មនុស្សជាតិបានកើត និងឈរនៅមាំមួន អរព្រះគុណចំពោះសិទ្ធិអំណាចរបស់ព្រះជាម្ចាស់

ចូរយើងមើលខគម្ពីរទីមួយ «ហើយព្រះជាម្ចាស់បានមានបន្ទូលថា៖ 'ចូរឲ្យមានពន្លឺ' នោះពន្លឺក៏មានឡើង។ ហើយព្រះ‌ជាម្ចាស់បានទតឃើញថា ពន្លឺនោះល្អហើយ...

នៅថ្ងៃទីបួន រដូវ ថ្ងៃ និងឆ្នាំរបស់មនុស្សជាតិកើតមានឡើង នៅពេលដែលព្រះជាម្ចាស់ប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់ម្តងទៀត

ព្រះអាទិករបានប្រើប្រាស់ព្រះបន្ទូលរបស់ទ្រង់ដើម្បីសម្រេចផែនការរបស់ទ្រង់ ហើយតាមវិធីនេះ ទ្រង់បានឆ្លងកាត់បីថ្ងៃដំបូងនៃផែនការរបស់ទ្រង់។...