ចូរយើងអានខគម្ពីរទីពីរ៖ «ហើយព្រះជាម្ចាស់បានមានបន្ទូលថា ចូរឱ្យមានលំហមួយនៅកណ្ដាលទឹក ចូរឱ្យទឹកញែកចេញពីគ្នា។ ព្រះជាម្ចាស់បានបង្កើតឱ្យមានលំហ ហើយញែកទឹកដែលនៅក្រោមលំហចេញពីទឹកដែលនៅលើលំហ។ វាក៏កើតមានដូច្នោះមែន» (លោកុប្បត្តិ ១:៦-៧)។ តើការផ្លាស់ប្តូរអ្វីបានកើតឡើងបន្ទាប់ពីព្រះជាម្ចាស់មានព្រះបន្ទូលថា «ចូរឱ្យមានលំហមួយនៅកណ្ដាលទឹក ចូរឱ្យទឹកញែកចេញពីគ្នា»? នៅក្នុងខគម្ពីរនិយាយថា «ព្រះជាម្ចាស់បានបង្កើតឱ្យមានលំហ ហើយញែកទឹកដែលនៅក្រោមលំហចេញពីទឹកដែលនៅលើលំហ»។ តើអ្វីគឺជាលទ្ធផល បន្ទាប់ពីព្រះជាម្ចាស់បានមានព្រះបន្ទូល និងធ្វើកិច្ចការនេះ? ចម្លើយគឺមាននៅក្នុងផ្នែកចុងក្រោយនៃខគម្ពីរ៖ «វាក៏កើតមានដូច្នោះមែន»។
ប្រយោគដ៏ខ្លីទាំងពីរនេះ កត់ត្រាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ហើយពណ៌នាពីទស្សនីយភាពដ៏អស្ចារ្យមួយ គឺជាការធ្វើកិច្ចការដ៏អស្ចារ្យដែលព្រះជាម្ចាស់បានគ្រប់គ្រងទឹក និងបានបង្កើតទីកន្លែងមួយដែលមនុស្សអាចរស់នៅ ...

នៅក្នុងរូបភាពនេះ ទឹក និងលំហលេចឡើងនៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ភា្លមៗ ហើយពួកវាត្រូវបានញែកចេញពីគ្នាដោយសារសិទ្ធិអំណាចនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបានញែកទៅជា «ខាងលើ» និង «ខាងក្រោម» តាមរបៀបដែលព្រះជាម្ចាស់បានកំណត់។ មានន័យថា លំហដែលព្រះជាម្ចាស់បានបង្កើត មិនត្រឹមតែគ្របដណ្តប់ទឹកនៅខាងក្រោមប៉ុណ្ណោះទេ វាថែមទាំងទ្រទឹកនៅខាងលើទៀតផង...។ នៅក្នុងសេចក្តីនេះ មនុស្សមិនអាចធ្វើអ្វីបានក្រៅតែពីសម្លឹងមើល ដោយស្រឡាំងកាំង និងភ្ញាក់ផ្អើលដោយកោតសរសើរចំពោះឫទ្ធានុភាពនៃសិទ្ធិអំណាចរបស់ទ្រង់ និងចំពោះភាពរុងរឿងនៃទស្សនីយភាពដែលព្រះអាទិករបានរំកិល និងបញ្ជាទឹក ហើយបង្កើតលំហនោះទេ។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងព្រះចេស្ដារបស់ព្រះជាម្ចាស់ ព្រមទាំងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់សម្រេចបាននូវស្នាព្រះហស្តដ៏អស្ចារ្យមួយទៀត។ តើនេះមិនមែនជាឫទ្ធានុភាពនៃសិទ្ធិអំណាចរបស់ព្រះអាទិករទេឬ? ចូរយើងប្រើប្រាស់ខគម្ពីរដើម្បីពន្យល់ទង្វើរបស់ព្រះជាម្ចាស់៖ ព្រះជាម្ចាស់បានថ្លែងព្រះបន្ទូលរបស់ទ្រង់ ហើយដោយសារតែព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់ ទើបមានលំហនៅកណ្តាលទឹក។ ព្រមជាមួយគ្នានេះ ការផ្លាស់ប្តូរដ៏អស្ចារ្យមួយបានកើតឡើងនៅក្នុងលំហនេះ ដោយសារតែព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់ ហើយវាមិនផ្លាស់ប្តូរតាមញាណធម្មតាមួយនោះទេ តែជាការជំនួសមួយប្រភេទដែលភាពទទេសូន្យបានក្លាយជាអ្វីមួយ។ វាបានកើតមកដោយសារព្រះតម្រិះរបស់ព្រះអាទិករ ហើយបានប្រែក្លាយពីភាពទទេសូន្យទៅជាអ្វីមួយ ដោយសារតែព្រះបន្ទូលដែលព្រះអាទិករមានព្រះបន្ទូល ហើយជាងនេះទៅទៀត ចាប់ពីចំណុចនេះតទៅ វានឹងរស់នៅ ហើយឈរយ៉ាងមាំមួនដើម្បីជាប្រយោជន៍របស់ព្រះអាទិករ ហើយអាចនឹងប្រែប្រួល ផ្លាស់ប្តូរ និងធ្វើឱ្យថ្មីឡើងវិញ តាមរយៈព្រះតម្រិះរបស់ព្រះអាទិករ។ ខគម្ពីរនេះពណ៌នាអំពីសកម្មភាពទីពីរនៅក្នុងការបង្កើតពិភពលោកទាំងមូលរបស់ទ្រង់។ វាគឺជាការបង្ហាញឱ្យឃើញនូវសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះអាទិករ ជាកិច្ចការដំបូងមួយទៀតដែលព្រះអាទិករបានបំពេញ។ ថ្ងៃនេះ គឺជាថ្ងៃទីពីរដែលព្រះអាទិករបានចំណាយពេលឆ្លងកាត់ ចាប់តាំងពីការបង្កើតពិភពលោកមក ហើយវាគឺជាថ្ងៃដ៏អស្ចារ្យមួយទៀតសម្រាប់ទ្រង់។ ទ្រង់យាងនៅក្នុងពន្លឺ ទ្រង់នាំមកនូវលំហ ទ្រង់រៀបចំនិងគ្រប់គ្រងទឹក ហើយទង្វើរបស់ទ្រង់ សិទ្ធិអំណាចរបស់ទ្រង់ និងព្រះចេស្ដារបស់ទ្រង់ ត្រូវបានប្រើប្រាស់ដើម្បីធ្វើកិច្ចការនៅថ្ងៃថ្មី ...
តើមានលំហនៅកណ្តាលទឹកឬទេ មុនពេលដែលព្រះជាម្ចាស់ថ្លែងព្រះបន្ទូលរបស់ទ្រង់? ពិតជាគ្មាននោះទេ! ចុះបន្ទាប់ពីព្រះជាម្ចាស់មានព្រះបន្ទូលថា «ចូរឱ្យមានលំហមួយនៅកណ្ដាលទឹក» វិញ? វត្ថុដែលព្រះជាម្ចាស់សព្វព្រះហឫទ័យបានលេចមក។ មានលំហនៅកណ្តាលទឹក ហើយទឹកត្រូវបានញែកចេញពីគ្នា ដោយសារតែព្រះជាម្ចាស់មានព្រះបន្ទូលថា «ចូរឱ្យទឹកញែកចេញពីគ្នា»។ តាមរបៀបនេះ បន្ទាប់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺមានវត្ថុពីរ ពោលគឺវត្ថុដែលទើបនឹងកើតថ្មីចំនួនពីរបានលេចមកក្នុងចំណោមរបស់សព្វសារពើ ដែលជាលទ្ធផលនៃសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់។ តើអ្នករាល់គ្នាមានអាម្មណ៍បែបណាអំពីការលេចមករបស់វត្ថុថ្មីទាំងពីរនេះ? តើអ្នកមានអារម្មណ៍អំពីភាពអស្ចារ្យនៃព្រះចេស្ដារបស់ព្រះអាទិករឬទេ? តើអ្នកមានអារម្មណ៍អំពីកម្លាំងដ៏វិសេស និងតែមួយគត់របស់ព្រះអាទិករឬទេ? ភាពអស្ចារ្យនៃកម្លាំង និងព្រះចេស្ដាបែបនេះ គឺអាស្រ័យលើសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយសិទ្ធិអំណាចនេះ គឺជាតំណាងរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ និងជាលក្ខណៈរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។
តើខគម្ពីរនេះធ្វើឱ្យអ្នករាល់គ្នាមានការយល់ដឹងជ្រាលជ្រៅអំពីភាពវិសេសឯករបស់ព្រះជាម្ចាស់ជាថ្មីម្ដងទៀតដែរឬទេ? តាមពិតទៅ វានៅមិនទាន់គ្រប់គ្រាន់នៅឡើយ។ សិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះអាទិករ ធំធេងលើសនេះឆ្ងាយណាស់។ ភាពវិសេសឯករបស់ទ្រង់ គឺមិនត្រឹមតែដោយសារទ្រង់មានសារជាតិមិនដូចទៅនឹងសត្តនិករណាមួយនោះទេ ប៉ុន្តែគឺដោយសារតែសិទ្ធិអំណាច និងព្រះចេស្ដារបស់ទ្រង់វិសេស គ្មានដែនកំណត់ និងខ្ពស់លើរបស់សព្វសារពើ ហើយក៏ឈរនៅខាងលើរបស់សព្វសារពើដែរ។ ជាងនេះទៅទៀត ដោយសារតែសិទ្ធិអំណាចរបស់ទ្រង់ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់អាចបង្កើតជីវិត បង្កើតការអស្ចារ្យនានា ព្រមទាំងបង្កើតនាទី និងវិនាទីនីមួយៗដ៏វិសេស និងអស្ចារ្យ។ ស្របពេលជាមួយគ្នានេះ ទ្រង់អាចគ្រប់គ្រងជីវិតដែលទ្រង់បង្កើត ហើយកាន់កាប់អធិបតេយ្យភាពលើការអស្ចារ្យនានា ព្រមទាំងលើនាទី និងវិនាទីនីមួយៗដែលទ្រង់បង្កើត។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់