ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ វាសនា និងលទ្ធផល | សម្រង់សម្ដីទី ៥៩៥

ការខិតចូលទៅរកទីបញ្ចប់នៃគ្រប់សារពើទាំងអស់ បង្ហាញពីការបង្ហើយកិច្ចការរបស់ព្រះជាម្ចាស់ ក៏ដូចជាទីបញ្ចប់នៃការវិវឌ្ឍរបស់មនុស្សជាតិដែរ។ នេះមានន័យថាមនុស្សដែលត្រូវសាតាំងធ្វើឱ្យខូចអាក្រក់ នឹងបានឈានចូលដល់ដំណាក់កាលវិវឌ្ឍចុងក្រោយបង្អស់របស់ពួកគេ ហើយកូនចៅរបស់អ័ដាម និងអេវ៉ា នឹងត្រូវបានបញ្ចប់ការបន្តពូជពង្សរបស់ពួកគេដែរ។ វាក៏មានន័យថា មនុស្សជាតិដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយបែបនេះ នឹងមិនអាចបន្តការវិវឌ្ឍទៅមុខទៀតបានឡើយ។ កាលដើមដំបូងឡើយ អ័ដាមនិងអេវ៉ា មិនត្រូវបានធ្វើឱ្យពុករលួយនោះទេ ប៉ុន្តែអ័ដាមនិងអេវ៉ា ដែលត្រូវបណ្ដេញចេញពីសួនច្បារអេដែន ត្រូវបានសាតាំងធ្វើឱ្យពុករលួយ។ នៅពេលដែលព្រះជាម្ចាស់និងមនុស្សលោក ចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា ចុងក្រោយ អ័ដាមនិងអេវ៉ា (ដែលត្រូវបានបណ្តេញចេញពីសួនច្បារអេដែន) និងកូនចៅរបស់ពួកគេ នឹងចូលមកដល់ទីបញ្ចប់។ មនុស្សជាតិនាថ្ងៃអនាគត នឹងនៅតែមានកូនចៅរបស់អ័ដាមនិងអេវ៉ាដដែល ប៉ុន្តែពួកគេនឹងមិនមែនជាមនុស្សដែលរស់នៅក្រោមអំណាចរបស់សាតាំងទៀតឡើយ។ ផ្ទុយទៅវិញ ពួកគេនឹងក្លាយជាមនុស្សដែលត្រូវបានសង្គ្រោះ និងបន្សុទ្ធវិញ។ គេនឹងក្លាយជាមនុស្សជាតិ ដែលត្រូវបានជំនុំជម្រះ និងវាយផ្ចាល ហើយជាមនុស្សដែលបរិសុទ្ធ។ មនុស្សទាំងអស់នេះនឹងមិនមែនជាអំបូរមនុស្សដូចកាលពីដើមដំបូងឡើយ។ សឹងតែអាចនិយាយបានថា ពួកគេនឹងខុសគ្នាទាំងស្រុង ពីប្រភេទមនុស្សជាតិនៃអំបូររបស់អ័ដាម និងអេវ៉ាកាលពីដើមដំបូង។ មនុស្សទាំងនេះ នឹងត្រូវបានជ្រើសរើសចេញពីក្នុងចំណោមអ្នកដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ ហើយពួកគេនឹងក្លាយជាមនុស្សដែលឈរមាំដល់ទីបញ្ចប់ ក្នុងអំឡុងពេលនៃការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់។ ពួកគេនឹងក្លាយជាក្រុមមនុស្សដែលនៅសេសសល់ចុងក្រោយគេបង្អស់ ក្នុងចំណោមមនុស្សជាតិដែលពុករលួយ។ មានតែមនុស្សទាំងនេះទេ ដែលនឹងអាចចូលទៅក្នុងសេចក្ដីសម្រាកនៅពេលចុងក្រោយជាមួយព្រះជាម្ចាស់។ អ្នកណាដែលអាចឈរមាំដល់ទីបញ្ចប់ក្នុងអំឡុងពេលនៃកិច្ចការជំនុំជម្រះ និងកិច្ចការនៃការវាយផ្ចាលរបស់ព្រះជាម្ចាស់ ក្នុងអំឡុងគ្រាចុងក្រោយ ពោលគឺ ក្នុងអំឡុងកិច្ចការនៃការបន្សុទ្ធលើកចុងក្រោយ នឹងក្លាយជាមនុស្សដែលនឹងត្រូវចូលទៅក្នុងសេចក្ដីសម្រាកចុងក្រោយជាមួយព្រះជាម្ចាស់។ ដូច្នេះ អ្នកណាដែលចូលទៅក្នុងសេចក្ដីសម្រាក នឹងត្រូវផ្ដាច់ចេញពីឥទ្ធិពលរបស់សាតាំង ហើយត្រូវព្រះជាម្ចាស់ទទួលយក បន្ទាប់ពីបានឆ្លងកាត់កិច្ចការនៃការបន្សុទ្ធលើកចុងក្រោយរបស់ទ្រង់ប៉ុណ្ណោះ។ មនុស្សលោកទាំងនេះដែលចុងក្រោយត្រូវព្រះជាម្ចាស់ទទួលយកនោះ នឹងចូលទៅក្នុងសេចក្ដីសម្រាកចុងក្រោយ។ គោលបំណងនៃកិច្ចការវាយផ្ចាល និងកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់ គឺមានន័យសំខាន់ដើម្បីបន្សុទ្ធមនុស្សជាតិ ដើម្បីជាប្រយោជន៍ដល់ថ្ងៃសម្រាកចុងបំផុត។ បើមិនដូច្នោះទេ គ្មានមនុស្សណាម្នាក់អាចត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទរបស់ពួកគេ ឬចូលទៅក្នុងសេចក្ដីសម្រាក ដោយគ្មានការសម្អាតឱ្យបានស្អាតបែបនេះបានឡើយ។ កិច្ចការនេះ គឺជាផ្លូវតែមួយគត់សម្រាប់ឱ្យមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាកបាន។ មានតែកិច្ចការនៃការបន្សុទ្ធរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបបន្សុទ្ធសេចក្ដីទុច្ចរិតរបស់មនុស្សលោកឱ្យបានស្អាត ហើយមានតែកិច្ចការនៃការវាយផ្ចាល និងកិច្ចការជំនុំជម្រះរបស់ទ្រង់ប៉ុណ្ណោះ ទើបលាតត្រដាងសមាសធាតុបះបោររបស់មនុស្សជាតិទាំងនោះ ដោយញែកអ្នកដែលអាចត្រូវបានសង្គ្រោះ ចេញពីអ្នកដែលមិនអាចត្រូវបានសង្គ្រោះ ហើយញែកអ្នកដែលនឹងត្រូវបន្តរស់នៅ ចេញពីអ្នកដែលនឹងមិនត្រូវបន្តរស់នៅ។ នៅពេលដែលកិច្ចការនេះត្រូវបានបញ្ចប់ អស់អ្នកណាដែលត្រូវអនុញ្ញាតឱ្យបន្តរស់នៅ នឹងត្រូវបន្សុទ្ធ និងចូលទៅក្នុងសភាពកាន់តែឧត្ដុង្គឧត្ដមរបស់មនុស្សជាតិ ដែលឱ្យពួកគេត្រេកអរសប្បាយនឹងជីវិតទីពីរដ៏អស្ចារ្យរបស់មនុស្សលោក នៅលើផែនដីនេះ។ និយាយឱ្យចំទៅ ពួកគេនឹងចាប់ផ្ដើមថ្ងៃសម្រាករបស់មនុស្សលោក និងរស់នៅព្រមគ្នាជាមួយព្រះជាម្ចាស់។ ក្រោយពេលដែលអស់អ្នកដែលមិនត្រូវអនុញ្ញាតឱ្យបន្តរស់នៅ ត្រូវបានវាយផ្ចាល និងជំនុំជម្រះរួច ចរិតពិតប្រាកដរបស់ពួកគេនឹងត្រូវបង្ហាញឱ្យឃើញទាំងស្រុង ក្រោយពីនោះមក ពួកគេនឹងត្រូវបំផ្លាញចោល ហើយពួកគេនឹងលែងទទួលបានការអនុញ្ញតឱ្យរស់នៅលើផែនដីនេះតទៅទៀត ដូចសាតាំងដែរ។ មនុស្សជាតិនាពេលអនាគត នឹងលែងរាប់បញ្ចូលមនុស្សប្រភេទនេះទៀតហើយ។ មនុស្សបែបនេះ មិនស័ក្ដិសមចូលទៅក្នុងទឹកដីនៃសេចក្ដីសម្រាកចុងក្រោយឡើយ ហើយពួកគេក៏មិនស័ក្តិសមនឹងមានថ្ងៃសម្រាកដែលព្រះជាម្ចាស់ និងមនុស្សជាតិត្រូវមានរួមគ្នាដែរ ដ្បិតពួកគេជាគោលដៅនៃការដាក់ទោស និងជាមនុស្សអាក្រក់ មិនសុចរិត។ ពួកគេត្រូវបានប្រោសលោះម្ដងរួចមកហើយ ហើយពួកគេក៏ធ្លាប់ត្រូវបានជំនុំជម្រះ និងវាយផ្ចាលរួចផងដែរ។ ពួកគេក៏ធ្លាប់បានធ្វើការថ្វាយព្រះជាម្ចាស់ពីមុនមកទៀតផង។ ក៏ប៉ុន្តែ នៅពេលដែលគ្រាចុងក្រោយបានចូលមកដល់ ពួកគេនឹងត្រូវដកចេញ និងបំផ្លាញចោល ដោយសារសេចក្ដីអាក្រក់ និងបះបោរទាស់នឹងអំពើបះបោររបស់ពួកគេ និងដោយសារពួកគេគ្មានសមត្ថភាពទទួលបាននូវការប្រោសលោះ។ ពួកគេនឹងលែងអាចមកចាប់ជាតិជាថ្មី នៅក្នុងពិភពលោកនាពេលអនាគត ហើយនឹងលែងបានរស់នៅក្នុងចំណោមអំបូរមនុស្សនាពេលអនាគតទៀតហើយ។ អ្នកប្រព្រឹត្តអាក្រក់ទាំងអស់ និងអស់អ្នកណាដែលមិនត្រូវបានសង្គ្រោះនឹងត្រូវបំផ្លាញចោល នៅពេលដែលពួកបរិសុទ្ធនៅក្នុងចំណោមមនុស្សលោក បានចូលទៅក្នុងសេចក្ដីសម្រាក ទោះបីពួកគេជាវិញ្ញាណរបស់មនុស្សស្លាប់ ឬជាមនុស្សដែលកំពុងរស់នៅជាសាច់ឈាមនៅឡើយក៏ដោយ។ និយាយពីវិញ្ញាណអាក្រក់ និងមនុស្សលោកដែលប្រព្រឹត្តអំពើអាក្រក់ ឬវិញ្ញាណនៃមនុស្សសុចរិត និងមនុស្សដែលប្រព្រឹត្តអំពើសុចរិត មិនថាពួកគេរស់នៅក្នុងយុគសម័យណានោះទេ អ្នកណាដែលជាមនុស្សអាក្រក់ ចុងក្រោយនឹងត្រូវបំផ្លាញចោល ហើយអ្នកណាដែលសុចរិតនឹងនៅរស់រាន។ បុគ្គលម្នាក់ ឬវិញ្ញាណមួយ អាចនឹងទទួលបាននូវសេចក្ដីសង្គ្រោះ ឬអត់នោះ គឺមិនមែនសម្រេចទាំងស្រុងលើមូលដ្ឋាននៃកិច្ចការនៅយុគសម័យចុងក្រោយឡើយ។ ផ្ទុយទៅវិញ គឺត្រូវកំណត់ត្រង់ថាតើពួកគេបានប្រឆាំងទាស់ ឬធ្លាប់បះបោរទាស់នឹងព្រះជាម្ចាស់ដែរឬអត់។ មនុស្សកាលពីសម័យមុន ដែលបានប្រព្រឹត្តអំពើបាប និងមិនអាចទទួលបាននូវសេចក្ដីសង្គ្រោះ នឹងក្លាយជាគោលដៅនៃការដាក់ទោសច្បាស់ណាស់ ហើយមនុស្សនៅក្នុងសម័យបច្ចុប្បន្ន ដែលប្រព្រឹត្តអាក្រក់ និងមិនអាចទទួលបានការសង្គ្រោះ ក៏នឹងក្លាយជាគោលដៅនៃការដាក់ទោសយ៉ាងប្រាកដដែរ។ មនុស្សលោកត្រូវបានបែងចែកប្រភេទទៅតាមមូលដ្ឋាននៃអំពើល្អនិងអាក្រក់ មិនមែនទៅតាមសម័យកាលដែលពួកគេរស់នៅឡើយ។ នៅពេលណាដែលពួកគេត្រូវបានចាត់ថ្នាក់ក្នុងលក្ខណៈនេះរួចហើយ ពួកគេនឹងមិនត្រូវដាក់ទោស ឬប្រទានរង្វាន់ភ្លាមៗនោះទេ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់នឹងគ្រាន់តែបំពេញកិច្ចការរបស់ទ្រង់ក្នុងការដាក់ទោសអំពើអាក្រក់ និងប្រទានរង្វាន់ដល់អំពើល្អ បន្ទាប់ពីទ្រង់បានបញ្ចប់ការបំពេញកិច្ចការនៃការបង្ក្រាបរបស់ទ្រង់នៅគ្រាចុងក្រោយប៉ុណ្ណោះ។ តាមពិត ទ្រង់បានញែកមនុស្សជាល្អនិងអាក្រក់ តាំងពីទ្រង់បានចាប់ផ្ដើមបំពេញកិច្ចការរបស់ទ្រង់អំពីការសង្គ្រោះមនុស្សលោកមកម្ល៉េះ។ គ្រាន់តែថា ទ្រង់នឹងប្រទានរង្វាន់ដល់មនុស្សសុចរិត និងដាក់ទោសចំពោះមនុស្សអាក្រក់ នៅពេលដែលកិច្ចការរបស់ទ្រង់បានឈានដល់ទីបញ្ចប់ប៉ុណ្ណោះ។ គ្រាន់តែមិនមែនថា ទ្រង់នឹងញែកពួកគេទៅតាមប្រភេទ នៅពេលបញ្ចប់កិច្ចការរបស់ទ្រង់ ហើយបន្ទាប់មក ចាប់ផ្ដើមកិច្ចការនៃការដាក់ទោសមនុស្សអាក្រក់ និងប្រទានរង្វាន់ដល់មនុស្សល្អភ្លាមៗប៉ុណ្ណោះ។ ផ្ទុយទៅវិញ កិច្ចការនេះនឹងត្រូវសម្រេចបាន លុះត្រាតែកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ទាំងស្រុងប៉ុណ្ណោះ។ គោលបំណងតែមួយគត់នៃកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ ក្នុងការដាក់ទោសលើមនុស្សអាក្រក់ និងប្រទានរង្វាន់ដល់មនុស្សល្អ គឺដើម្បីបន្សុទ្ធមនុស្សលោកទាំងអស់ឱ្យបានបរិសុទ្ធម៉ត់ហ្មង ដើម្បីឱ្យទ្រង់អាចនាំមនុស្សជាតិដែលញែកជាបរិសុទ្ធម៉ត់ហ្មងនេះ ទៅក្នុងសេចក្ដីសម្រាកដ៏អស់កល្បជានិច្ច។ ដំណាក់កាលនៃកិច្ចការរបស់ទ្រង់នេះ មានសារៈសំខាន់ខ្លាំងបំផុត។ វាគឺជាដំណាក់កាលចុងក្រោយនៃកិច្ចការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់។ ប្រសិនបើព្រះជាម្ចាស់មិនបានបំផ្លាញមនុស្សអាក្រក់ តែបែរជាអនុញ្ញាតឱ្យពួកគេបន្តរស់នៅវិញ នោះមនុស្សលោកទាំងអស់នឹងនៅតែមិនអាចចូលទៅក្នុងសេចក្ដីសម្រាកបានដដែល ហើយព្រះជាម្ចាស់នឹងមិនអាចនាំពួកគេទៅក្នុងពិភពមួយដែលល្អប្រសើរជាងនេះបានឡើយ។ កិច្ចការបែបនេះ នឹងមិនអាចបញ្ចប់បានទាំងស្រុងនោះឡើយ។ នៅពេលដែលកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ មនុស្សជាតិទាំងមូលនឹងត្រូវបានញែកជាបរិសុទ្ធទាំងស្រុងមិនខាន។ ទាល់តែបែបនេះ ទើបព្រះជាម្ចាស់់អាចគង់ក្នុងសេចក្ដីសម្រាកបានដោយស្ងប់ព្រះទ័យ។

ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១២៧

ការជឿលើជោគវាសនា មិនអាចជំនួសចំណេះដឹងអំពីអធិបតេយ្យភាពរបស់ព្រះអាទិករនោះឡើយ ដោយបានដើរតាមព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការយកកំណើតជាមនុស្ស | សម្រង់​សម្ដីទី ១០៣

ទោះបីជានៅក្នុងដំណាក់កាលនេះ ព្រះដែលយកកំណើតជាមនុស្សកំពុងតែរងទុក្ខលំបាក ឬធ្វើព័ន្ធកិច្ចរបស់ទ្រង់ក៏ដោយ ក៏ទ្រង់ធ្វើបែបនេះ...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការយកកំណើតជាមនុស្ស | សម្រង់សម្ដីទី ១៣៨

ព្រះជាម្ចាស់មិនយាងមកផែនដី ដើម្បីធ្វើឱ្យភាពជាមនុស្សសាមញ្ញរបស់ទ្រង់ ទៅជាគ្រប់លក្ខណ៍ឡើយ ហើយទ្រង់ក៏មិនធ្វើកិច្ចការនៃភាពជាមនុស្សសាមញ្ញនោះដែរ។...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១៥៧

វាមានភាពស្រដៀងគ្នាជាច្រើនរវាងវប្បធម៌បុរាណ និងអបិយជំនឿ ក៏ប៉ុន្តែភាពខុសគ្នានោះ គឺថាវប្បធម៌បុរាណ មានរឿងរ៉ាវ ឯកសារយោង និងប្រភពមួយជាក់លាក់។...