ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ១៤៩
នៅពេលដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ព្រះវិញ្ញាណរបស់ទ្រង់យាងចុះមកសណ្ឋិតលើមនុស្ស។ អាចនិយាយម្យ៉ាងទៀតបានថា...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
នៅពេលដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ព្រះវិញ្ញាណរបស់ទ្រង់យាងចុះមកសណ្ឋិតលើមនុស្ស។ អាចនិយាយម្យ៉ាងទៀតបានថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គ្របដណ្ដប់អង្គទ្រង់ជាមួយរូបកាយជាមនុស្ស។ ទ្រង់យាងមកដើម្បីធ្វើកិច្ចការរបស់ទ្រង់នៅលើផែនដី មិនមែនដើម្បីនាំមកជាមួយទ្រង់នូវជំហានដែលមានដែនកម្រិតឡើយ។ កិច្ចការរបស់ទ្រង់គឺគ្មានដែនកម្រិតឡើយ។ កិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធធ្វើនៅក្នុងសាច់ឈាម នៅតែត្រូវបានកំណត់ទុក ដោយលទ្ធផលនៃកិច្ចការរបស់ទ្រង់ ហើយទ្រង់ប្រើប្រាស់លទ្ធផលទាំងនោះ ដើម្បីកំណត់ពីរយៈពេលដែលទ្រង់នឹងធ្វើកិច្ចការ ខណៈពេលដែលទ្រង់គង់នៅក្នុងសាច់ឈាម។ ព្រះវិញ្ញាណបរិសុទ្ធបើកសម្ដែងដោយផ្ទាល់នូវជំហាននីមួយៗនៃកិច្ចការរបស់ទ្រង់ ពិនិត្យមើលកិច្ចការរបស់ទ្រង់ នៅពេលដែលទ្រង់ចាប់ផ្ដើមការងារ។ កិច្ចការនេះមិនមានលក្ខណៈបែបអធិធម្មជាតិ ដូចជាការពង្រីកដែនកំណត់នៃការស្រមើស្រមៃរបស់មនុស្សឡើយ។ ការនេះ ដូចជាកិច្ចការរបស់ព្រះយេហូវ៉ា នៅក្នុងការបង្កើតផ្ទៃមេឃនិងផែនដី និងរបស់សព្វសារពើដែរ ហើយទ្រង់បានគ្រោង និងធ្វើការភ្លាមៗតែម្ដង។ ទ្រង់បានញែកពន្លឺចេញពីទីងងឹត ហើយពេលព្រឹកនិងពេលល្ងាចក៏លេចចេញឡើង ដែលការនេះត្រូវការពេលតែមួយថ្ងៃប៉ុណ្ណោះ។ នៅថ្ងៃទីពីរ ទ្រង់បានបង្កើតលំហមួយ ហើយការនេះក៏ត្រូវការពេលតែមួយថ្ងៃដែរ។ បន្ទាប់មក ទ្រង់បានបង្កើតផែនដី សមុទ្រ និងសត្វគ្រប់ប្រភេទដែលមានជីវិតរស់នៅលើដី និងសមុទ្រ ដែលតម្រូវឱ្យប្រើពេលមួយថ្ងៃទៀត។ ការនេះបានបន្តរហូតដល់ថ្ងៃទីប្រាំមួយ នៅពេលដែលព្រះជាម្ចាស់បានបង្កើតបុរសមក ហើយអនុញ្ញាតឱ្យគាត់គ្រប់គ្រងលើអ្វីៗទាំងអស់នៅលើផែនដី។ បន្ទាប់មកនៅថ្ងៃទីប្រាំពីរ នៅពេលដែលទ្រង់បានបញ្ចប់ការបង្កើតអ្វីៗគ្រប់យ៉ាងរួចហើយ ទ្រង់ក៏បានសម្រាក។ ព្រះជាម្ចាស់បានប្រទានពរដល់ថ្ងៃទីប្រាំពីរ ហើយបានកំណត់យកថ្ងៃនោះជាថ្ងៃបរិសុទ្ធ។ ទ្រង់បានសម្រេចកំណត់យកថ្ងៃបរិសុទ្ធនេះ ក្រោយពេលដែលទ្រង់បានបង្កើតរបស់សព្វសារពើហើយប៉ុណ្ណោះ មិនមែនមុនពេលបង្កើតអ្វីៗទាំងអស់នោះឡើយ។ កិច្ចការនេះក៏ត្រូវបានអនុវត្តភ្លាមៗដែរ ហើយមុនពេលបង្កើតអ្វីៗទាំងនេះ ទ្រង់មិនទាន់បានសម្រេច ព្រះទ័យបង្កើតពិភពលោក នៅក្នុងពេលប្រាំមួយថ្ងៃ ហើយបន្ទាប់មក សម្រាកនៅថ្ងៃទីប្រាំពីរឡើយ ដូច្នេះ ការទាំងនេះមិនស្របជាមួយភាពពិតជាក់ស្ដែងទាល់តែសោះ។ ទ្រង់មិនបានមានបន្ទូលបែបនេះឬបានគ្រោងផែនការទុកនោះដែរ។ ទ្រង់មិនដែលមានបន្ទូលថា ការបង្កើតអ្វីៗគ្រប់យ៉ាងនឹងត្រូវសម្រេចនៅថ្ងៃទីប្រាំមួយ និងថាទ្រង់នឹងសម្រាក នៅថ្ងៃទីប្រាំពីរនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់បានបង្កើតស្របតាមអ្វី ដែលទ្រង់ទតឃើញថាល្អនាពេលនោះ។ នៅពេលដែលទ្រង់បានបង្កើតអ្វីៗ គ្រប់យ៉ាងចប់សព្វគ្រប់ហើយ វាក៏បានមកដល់ថ្ងៃទីប្រាំមួយតែម្ដង។ ប្រសិនបើវាត្រូវចំថ្ងៃទីប្រាំ នៅពេលដែលទ្រង់បានបញ្ចប់ការបង្កើតអ្វីៗគ្រប់យ៉ាងវិញនោះទ្រង់នឹងកំណត់យកថ្ងៃទីប្រាំមួយជាថ្ងៃបរិសុទ្ធមិនខាន។ យ៉ាងណាមិញ ទ្រង់ពិតជាបានបញ្ចប់ការបង្កើតរបស់សព្វសារពើនៅថ្ងៃទីប្រាំមួយ ដូច្នេះ ថ្ងៃទីប្រាំពីរបានក្លាយជាថ្ងៃបរិសុទ្ធ ដែលត្រូវបានបញ្ជូនបន្តរហូតមកដល់ពេលសព្វថ្ងៃ។ ដូច្នេះ កិច្ចការបច្ចុប្បន្នរបស់ទ្រង់កំពុងតែត្រូវបានអនុវត្តនៅក្នុងឥរិយាបថដូចគ្នានេះ។ ទ្រង់មានបន្ទូល និងផ្គត់ផ្គង់ដល់តម្រូវការរបស់អ្នករាល់គ្នា ដោយស្របតាមស្ថានភាពរបស់អ្នករាល់គ្នា។ នោះជាព្រះវិញ្ញាណដែលមានបន្ទូល និងធ្វើការស្របតាមកាលៈទេសៈរបស់មនុស្ស ហើយទ្រង់បន្តទតមើលពីលើអ្វីៗគ្រប់យ៉ាង ធ្វើការនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ការដែលខ្ញុំធ្វើមានបន្ទូល និងប្រទានឱ្យដល់អ្នករាល់គ្នា គឺជាការអ្វីដែលអ្នករាល់គ្នាត្រូវការ ដោយគ្មានករណីលើកលែងឡើយ។ ដូច្នេះ គ្មានកិច្ចការណាមួយរបស់ខ្ញុំ ដែលដាច់ចេញពីតថភាពឡើយ ប៉ុន្តែវាជាភាពពិតជាក់ស្ដែងជានិច្ច ព្រោះអ្នករាល់គ្នាបានដឹងហើយថា «ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទតមើលពីលើមនុស្សគ្រប់គ្នា»។ ប្រសិនបើការនេះត្រូវបានកំណត់ទុកជាមុន តើវាមិនកើតឡើងតាមផែនការគ្រោងទុកពេកទេឬអី? អ្នកគិតថា វាកើតឡើងដូចព្រះជាម្ចាស់បានគ្រោងទុកថានឹងធ្វើរយៈពេលប្រាំមួយពាន់ឆ្នាំទាំងស្រុង ហើយបន្ទាប់មក ដូចបានកំណត់ទុកជាមុន មនុស្សបានបះបោរ ប្រឆាំង វៀចវេរ និងបោកបញ្ឆោត ហើយមានសេចក្តីពុករលួយខាងសាច់ឈាម មាននិស្ស័យរបស់សាតាំង សេចក្ដីស្រើបស្រាលរបស់ភ្នែក និងការបណ្ដោយខ្លួនរបស់បុគ្គល។ គ្មានចំណុចណាមួយទាំងនេះត្រូវបានកំណត់ទុកជាមុន ដោយព្រះជាម្ចាស់ឡើយ ប៉ុន្តែទាំងអស់នេះបានកើតឡើង ជាលទ្ធផលនៃសេចក្តីពុករលួយរបស់សាតាំង។ អ្នកខ្លះអាចនិយាយថា៖ «តើសាតាំងមិនស្ថិតនៅក្នុងកណ្ដាប់ព្រះហស្តរបស់ព្រះជាម្ចាស់ដែរទេឬអី? ព្រះជាម្ចាស់បានកំណត់ទុកជាមុនថា សាតាំងនឹងធ្វើឱ្យមនុស្សពុករលួយ ហើយក្រោយមកព្រះជាម្ចាស់បានអនុវត្តកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្ស»។ តើព្រះជាម្ចាស់ ពិតជាកំណត់ទុកជាមុនឱ្យសាតាំងធ្វើឱ្យមនុស្សពុករលួយឬ? ព្រះជាម្ចាស់មានព្រះហឫទ័យឱ្យមនុស្សរស់នៅតាមបែបសាមញ្ញប៉ុណ្ណោះ ដូច្នេះ តើទ្រង់ពិតជារំខានដល់ជីវិតរបស់ពួកគេដែរឬទេ? បើបែបនេះមែន តើការបង្រ្កាបសាតាំង និងការសង្រ្គោះមនុស្សមិនមែនជាកិច្ចខិតខំប្រឹងប្រែងដែលឥតសារជាតិទេឬអី? តើការបះបោររបស់មនុស្សអាចត្រូវបានមើលឃើញថាជាការកំណត់ទុកជាមុនបានដោយរបៀបណា? វាជាអ្វីមួយដែលបានកើតឡើង ដោយសារតែការរំខានរបស់សាតាំង ដូច្នេះ តើវាអាចក្លាយជាការកំណត់ទុកជាមុនដោយព្រះជាម្ចាស់បានយ៉ាងដូចម្ដេចទៅ? សាតាំងដែលស្ថិតនៅក្នុងកណ្ដាប់ព្រះហស្តរបស់ព្រះជាម្ចាស់ ដែលអ្នករាល់គ្នាយល់ឃើញនោះ គឺមានលក្ខណៈខុសគ្នាស្រឡះពីសាតាំង ដែលស្ថិតនៅក្នុងកណ្ដាប់ព្រះហស្តរបស់ព្រះជាម្ចាស់ ដែលខ្ញុំមានបន្ទូល។ បើស្របតាមសេចក្តីថ្លែងការណ៍របស់អ្នករាល់គ្នាថា «ព្រះជាម្ចាស់ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយសាតាំងស្ថិតនៅក្នុងកណ្ដាប់ព្រះហស្តរបស់ទ្រង់» ដូច្នេះសាតាំងមិនអាចក្បត់ទ្រង់បានឡើយ។ តើអ្នកមិនបាននិយាយថា ព្រះជាម្ចាស់ជាព្រះដ៏មានគ្រប់ព្រះចេស្ដាទេឬអី? ចំណេះដឹងរបស់អ្នករាល់គ្នា ដូចជាអរូបីពេកហើយ ហើយវាគ្មានការពិតទាល់តែសោះឡើយ។ មនុស្សមិនអាចវាស់ស្ទង់ពីព្រះតម្រិះរបស់ព្រះជាម្ចាស់បានឡើយ ហើយគេក៏មិនអាចយល់ពីព្រះប្រាជ្ញាញាណរបស់ទ្រង់បានដែរ! ព្រះជាម្ចាស់ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយនេះមិនមែនជាសេចក្តីខុសឆ្គងឡើយ។ មហាទេវតាបានក្បត់ព្រះជាម្ចាស់ដោយសារតែដំបូងឡើយ ដ្បិតព្រះជាម្ចាស់បានប្រទានចំណែកមួយនៃសិទ្ធិអំណាចដល់វា។ ពិតណាស់ នេះជាព្រឹត្តិការណ៍មួយដែលមិនបានរំពឹងទុក ដូចជាពេលដែលនាងអេវ៉ាបានធ្លាក់ក្នុងសេចក្តីល្បួងរបស់សត្វពស់អ៊ីចឹងដែរ។ យ៉ាងណាមិញ មិនថាសាតាំងអនុវត្តអំពើក្បត់របស់វាបែបណានោះទេ ក៏វានៅតែគ្មានអំណាចចេស្ដាដូចជាព្រះជាម្ចាស់នោះដែរ។ ដូចអ្នករាល់គ្នាបាននិយាយហើយថា សាតាំងមានអំណាចខ្លះ ហើយមិនថាវាធ្វើអ្វីនោះឡើយ ក៏សិទ្ធិអំណាចរបស់ព្រះជាម្ចាស់នឹងឈ្នះលើវាជានិច្ចដែរ។ នេះជាអត្ថន័យដ៏ពិត នៅពីក្រោយការនិយាយថា «ព្រះជាម្ចាស់ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយសាតាំងស្ថិតក្នុងកណ្ដាប់ព្រះហស្តរបស់ទ្រង់»។ ដូច្នេះ សង្រ្គាមជាមួយសាតាំងត្រូវតែអនុវត្តម្ដងមួយជំហានៗ។ លើសពីនេះ ព្រះជាម្ចាស់រៀបចំផែនការរបស់ទ្រង់ ជាការឆ្លើយតបចំពោះឧបាយកលរបស់សាតាំង គឺថា ទ្រង់នាំមកនូវសេចក្តីសង្រ្គោះដល់មនុស្ស និងបើកសម្ដែងពីព្រះចេស្ដា និងព្រះប្រាជ្ញាញាណរបស់ទ្រង់ នៅក្នុងរបៀបមួយដែលស្របតាមយុគសម័យនាពេលនោះ។ ដូចគ្នាដែរ កិច្ចការនៃគ្រាចុងក្រោយមិនត្រូវបានកំណត់ទុកជាមុន នៅមុនយុគសម័យនៃព្រះគុណឡើយ។ ការកំណត់ទុកជាមុន មិនត្រូវបានបង្កើតឡើងនៅក្នុងទម្រង់លំដាប់លំដោយបែបនេះឡើយ៖ ជាដំបូង ជាការធ្វើឱ្យនិស្ស័យខាងក្រៅរបស់មនុស្សផ្លាស់ប្ដូរ។ ទីពីរ ធ្វើឱ្យមនុស្សចុះចូលចំពោះការវាយផ្ចាល និងការល្បងលរបស់ទ្រង់។ ទីបី ជាការធ្វើឱ្យមនុស្សឆ្លងកាត់ទុក្ខលំបាកនៃសេចក្តីស្លាប់។ ទីបួន ជាការឱ្យមនុស្សឆ្លងកាត់ពេលវេលានៃការស្រឡាញ់ព្រះជាម្ចាស់ និងបង្ហាញចេញនូវការតាំងចិត្តរបស់មនុស្សដែលទ្រង់បានបង្កើត។ ទីប្រាំ ការអនុញ្ញាតឱ្យមនុស្សមើលឃើញពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងស្គាល់ទ្រង់យ៉ាងពេញលេញ ហើយចុងបញ្ចប់ ជាការធ្វើឱ្យមនុស្សទៅជាគ្រប់លក្ខណ៍។ ទ្រង់មិនបានគ្រោងកិច្ចការទាំងនេះទុកជាមុន ក្នុងអំឡុងយុគសម័យនៃព្រះគុណឡើយ។ ផ្ទុយទៅវិញ ទ្រង់បានចាប់ផ្ដើមគ្រោងកិច្ចការទាំងនេះនៅក្នុងយុគសម័យបច្ចុប្បន្នប៉ុណ្ណោះ។ សាតាំងកំពុងតែធ្វើការ ដូចជាព្រះជាម្ចាស់ដែរ។ សាតាំងបង្ហាញពីនិស្ស័យដ៏ពុករលួយរបស់វា ចំណែកឯព្រះជាម្ចាស់វិញ ទ្រង់មានបន្ទូលចំៗ និងបើកសម្ដែងពីរឿងសំខាន់ៗមួយចំនួន។ នេះជាកិច្ចការដែលកំពុងតែធ្វើនាពេលសព្វថ្ងៃ ហើយវាមាននូវគោលការណ៍ការងារដូចគ្នា ដែលត្រូវបានប្រើជាយូរយារណាស់មកហើយ ក្រោយកំណើតនៃពិភពលោក។
ដកស្រង់ពី «អ្នកគួរតែដឹងពីរបៀបដែលមនុស្សទាំងអស់បានវិវឌ្ឍមកដល់ពេលបច្ចុប្បន្ន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
នៅពេលដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ព្រះវិញ្ញាណរបស់ទ្រង់យាងចុះមកសណ្ឋិតលើមនុស្ស។ អាចនិយាយម្យ៉ាងទៀតបានថា...
នៅពេលដែលព្រះជាម្ចាស់យាងមកកាន់ផែនដី ទ្រង់ធ្វើតែកិច្ចការណាដែលស្ថិតនៅក្នុងភាពជាព្រះប៉ុណ្ណោះ...
ពីរពាន់ឆ្នាំមុន គឺនៅគ្រាដែលព្រះយេហូវ៉ាបំពេញកិច្ចការរបស់ទ្រង់ មនុស្សមិនបានដឹងអ្វីសោះ...
ព្រះជាម្ចាស់បានក្លាយជាសាច់ឈាម ដើម្បីបង្ហាញអង្គទ្រង់ដល់មនុស្សមួយក្រុមដែលដើរតាមទ្រង់...