ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការយកកំណើតជាមនុស្ស | សម្រង់សម្ដីទី ១៣៤
តើអ្នកគួរស្គាល់អ្វីខ្លះអំពីព្រះដ៏ជាក់ស្ដែង? ព្រះវិញ្ញាណ ព្រះក្នុងភាពជាមនុស្ស និងព្រះបន្ទូល ផ្សំឡើងបានជាព្រះដ៏ជាក់ស្ដែងផ្ទាល់ ហើយនេះជាអត្ថន័យពិតប្រាកដរបស់ព្រះដ៏ជាក់ស្ដែង។ ប្រសិនបើអ្នកស្គាល់តែព្រះក្នុងភាពជាមនុស្ស ប្រសិនបើអ្នកស្គាល់តែទម្លាប់ និងបុគ្គលិកលក្ខណៈរបស់ទ្រង់ តែមិនស្គាល់ពីកិច្ចការរបស់ព្រះវិញ្ញាណ ឬមិនដឹងពីអ្វីដែលព្រះវិញ្ញាណបានធ្វើនៅក្នុងសាច់ឈាម ហើយប្រសិនបើអ្នកគ្រាន់តែចាប់អារម្មណ៍លើព្រះវិញ្ញាណ និងព្រះបន្ទូល ហើយគ្រាន់តែអធិស្ឋាននៅចំពោះព្រះវិញ្ញាណ តែមិនបានស្គាល់ពីកិច្ចការនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នៅក្នុងព្រះដ៏ជាក់ស្ដែង នោះសេចក្ដីនេះបង្ហាញថា អ្នកមិនបានស្គាល់ព្រះដ៏ជាក់ស្ដែងឡើយ។ ចំណេះដឹងស្ដីពីព្រះដ៏ជាក់ស្ដែង រាប់បញ្ចូលទាំងការស្គាល់ និងការមានបទពិសោធន៍ជាមួយព្រះបន្ទូលទ្រង់ ព្រមទាំងការចាប់យកច្បាប់វិន័យ និងគោលការណ៍នៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយនិងរបៀបដែលព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះជាម្ចាស់ធ្វើការនៅក្នុងសាច់ឈាម។ វាក៏រាប់បញ្ចូលទាំងការដឹងថា គ្រប់ទាំងសកម្មភាពរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម គឺមានព្រះវិញ្ញាណជាអ្នកគ្រប់គ្រង ហើយព្រះបន្ទូលដែលព្រះអង្គថ្លែងមក ជាការបង្ហាញឲ្យឃើញផ្ទាល់អំពីព្រះវិញ្ញាណ។ ដូចនេះ ដើម្បីស្គាល់ព្រះដ៏ជាក់ស្ដែង វាជាការប្រសើរខ្លាំងណាស់ដែលត្រូវដឹងពីរបៀបដែលព្រះជាម្ចាស់ធ្វើការនៅក្នុងលក្ខណៈជាមនុស្ស និងក្នុងភាពជាព្រះ ហើយជាលទ្ធផល វាទាក់ទិននឹងការបើកសម្ដែងឲ្យឃើញពីព្រះវិញ្ញាណ ដែលមនុស្សគ្រប់គ្នាចូលរួម។
តើការបើកសម្ដែងអំពីព្រះវិញ្ញាណមានលក្ខណៈដូចម្ដេចខ្លះ? ជួនកាល ព្រះជាម្ចាស់ធ្វើការក្នុងលក្ខណៈជាមនុស្ស ហើយពេលខ្លះ ក៏ធ្វើការក្នុងភាពជាព្រះ ប៉ុន្ដែចំពោះករណីទាំងពីរនេះ គឺព្រះវិញ្ញាណបរិសុទ្ធជាអ្នកបញ្ជា។ មិនថាវិញ្ញាណនៅក្នុងមនុស្ស ជាអ្វីឡើយ នោះជាការបើកសម្ដែងពីលក្ខណៈខាងក្រៅរបស់គេ។ ព្រះវិញ្ញាណធ្វើការជាធម្មតា ប៉ុន្ដែការដឹកនាំរបស់ទ្រង់ដោយព្រះវិញ្ញាណមានពីរផ្នែកគឺ៖ មួយផ្នែកជាកិច្ចការរបស់ទ្រង់នៅក្នុងលក្ខណៈជាមនុស្ស ហើយមួយផ្នែកទៀតគឺជាកិច្ចការរបស់ទ្រង់តាមរយៈភាពជាព្រះ។ អ្នកគួរដឹងអំពីការនេះឲ្យបានច្បាស់លាស់។ កិច្ចការរបស់ព្រះវិញ្ញាណមានលក្ខណៈផ្សេងៗគ្នាទៅតាមកាលៈទេសៈផ្សេងៗ៖ នៅពេលដែលតម្រូវឲ្យមានកិច្ចការក្នុងលក្ខណៈជាមនុស្សរបស់ទ្រង់ នោះព្រះវិញ្ញាណក៏បានដឹកនាំកិច្ចការក្នុងលក្ខណៈជាមនុស្សនេះ ហើយនៅពេលដែលតម្រូវឲ្យមានកិច្ចការក្នុងភាពជាព្រះ នោះភាពជាព្រះក៏លេចមកដើម្បីធ្វើកិច្ចការនោះ។ ដ្បិតព្រះជាម្ចាស់ធ្វើការក្នុងសាច់ឈាម និងលេចមកជាសាច់ឈាម ព្រះអង្គធ្វើការនៅក្នុងលក្ខណៈជាមនុស្សផង និងលក្ខណៈជាព្រះផង។ ព្រះវិញ្ញាណជាអ្នកដឹកនាំកិច្ចការរបស់ទ្រង់ក្នុងលក្ខណៈជាមនុស្ស ហើយកិច្ចការទាំងនេះ គឺធ្វើឡើងសម្រាប់បំពេញតម្រូវការមនុស្សខាងផ្នែកសាច់ឈាម ដើម្បីសម្រួលដល់ការចូលរួមជាមួយទ្រង់ ដើម្បីអនុញ្ញាតឲ្យពួកគេមើលឃើញនូវលក្ខណៈពិត និងលក្ខណៈធម្មតារបស់ព្រះជាម្ចាស់ និងដើម្បីជួយឲ្យពួកគេមើលឃើញថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានលេចមកជាសាច់ឈាម ហើយនៅក្នុងចំណោមមនុស្ស រស់នៅជាមួយមនុស្ស និងផ្សារភ្ជាប់ជាមួយមនុស្សផង។ កិច្ចការរបស់ទ្រង់ក្នុងភាពជាព្រះបានធ្វើឡើងដើម្បីផ្គត់ផ្គង់ដល់ជីវិតរបស់មនុស្ស និងដើម្បីដឹកនាំមនុស្សក្នុងគ្រប់អ្វីៗទាំងអស់ ចាប់ពីចំណុចវិជ្ជមាន ការផ្លាស់ប្ដូរនិស្ស័យមនុស្ស និងការអនុញ្ញាតឲ្យពួកគេបានឃើញយ៉ាងពិតប្រាកដអំពីការលេចឡើងរបស់ព្រះវិញ្ញាណនៅក្នុងសាច់ឈាម។ អ្វីដែលសំខាន់នោះ គឺការរីកចម្រើនលូតលាស់នៅក្នុងជីវិតរបស់មនុស្ស សម្រេចបានដោយផ្ទាល់តាមរយៈកិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងភាពជាព្រះ។ មានតែមនុស្សទទួលយកកិច្ចការរបស់ព្រះវិញ្ញាណប៉ុណ្ណោះ ទើបពួកគេអាចសម្រេចការផ្លាស់ប្ដូរនិស្ស័យរបស់ខ្លួន ហើយទាល់តែបែបនេះ ទើបពួកគេអាចត្រូវបានចាក់បំពេញឱ្យពេញលេញនៅក្នុងវិញ្ញាណរបស់ពួកគេបាន។ លើសពីនេះ មានតែកិច្ចការក្នុងលក្ខណៈជាមនុស្ស ដូចជា ការឃ្វាលរបស់ព្រះជាម្ចាស់ ការគាំទ្រ និងការទំនុកបម្រុងក្នុងលក្ខណៈជាមនុស្សប៉ុណ្ណោះ ទើបលទ្ធផលនៃកិច្ចការរបស់ព្រះជាម្ចាស់អាចសម្រេចបានយ៉ាងពេញលេញ។ ព្រះដ៏ជាក់ស្ដែង គឺជាព្រះដែលមានបន្ទូលអំពីកិច្ចការថ្ងៃនេះ ទាំងក្នុងលក្ខណៈជាមនុស្ស និងក្នុងភាពជាព្រះ។ តាមរយៈការលេចមកនៃព្រះដ៏ជាក់ស្ដែង កិច្ចការ និងជីវិតជាមនុស្សធម្មតារបស់ទ្រង់ ព្រមទាំងកិច្ចការក្នុងលក្ខណៈជាព្រះទាំងស្រុងរបស់ព្រះអង្គ ក៏បានសម្រេច។ លក្ខណៈជាមនុស្ស និងភាពជាព្រះរបស់ព្រះអង្គបានរួមបញ្ចូលគ្នាមកតែមួយ ហើយកិច្ចការទាំងពីរនេះក៏សម្រេចបានតាមរយៈព្រះបន្ទូល មិនថាក្នុងលក្ខណៈជាមនុស្ស ឬជាព្រះឡើយ ទ្រង់ក៏ថ្លែងព្រះបន្ទូល។ នៅពេលព្រះជាម្ចាស់ធ្វើការក្នុងលក្ខណៈជាមនុស្ស ព្រះអង្គមានបន្ទូលជាភាសាមនុស្ស ដូចនេះមនុស្សអាចចូលរួម និងស្វែងយល់បាន។ ព្រះបន្ទូលរបស់ទ្រង់ត្រូវបានថ្លែងមកដោយច្បាស់លាស់ និងងាយយល់ទៀតផង ដូចនេះ ទើបមនុស្សទាំងអស់អាចទទួលយកព្រះបន្ទូលទាំងនេះបាន មិនថាមនុស្សមានចំណេះដឹងខ្ពស់ ឬជាមនុស្សមិនសូវមានការអប់រំខ្ពស់ឡើយ ពួកគេគ្រប់គ្នាអាចទទួលយកនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន។ កិច្ចការរបស់ព្រះជាម្ចាស់ក្នុងលក្ខណៈជាព្រះ ក៏បានសម្ដែងចេញមកតាមព្រះបន្ទូលដែរ ប៉ុន្ដែវាពោរពេញដោយការទំនុកបម្រុង ពោរពេញដោយជីវិត ហើយកិច្ចការនេះមិនបានសៅហ្មងដោយគំនិតរបស់មនុស្សឡើយ វាមិនជាប់ពាក់ព័ន្ធនឹងការពេញចិត្តរបស់មនុស្សឡើយ ហើយវាមិនស្ថិតក្រោមដែនកំណត់របស់មនុស្សឡើយ វាស្ថិតនៅក្រៅដែនកំណត់នៃលក្ខណៈជាមនុស្សធម្មតា វាត្រូវបានយកមកអនុវត្ដនៅក្នុងសាច់ឈាម ប៉ុន្ដែវាជាការបើកសម្ដែងឲ្យឃើញដោយផ្ទាល់ពីព្រះវិញ្ញាណ។ ប្រសិនបើមនុស្សគ្រាន់តែទទួលស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ក្នុងលក្ខណៈជាមនុស្ស នោះគេនឹងកំណត់ដែនរបស់ខ្លួនត្រឹមវិសាលភាពជាក់លាក់ណាមួយ ហើយនឹងតម្រូវឲ្យមានដំណោះស្រាយក្នុងរយៈពេលយូរអង្វែង ការកាត់ចេញ និងវិន័យ ដើម្បីឲ្យមានការផ្លាស់ប្ដូរបន្ដិចបន្ដួចនៅក្នុងពួកគេ។ បើគ្មានកិច្ចការ ឬព្រះវត្ដមាននៃព្រះវិញ្ញាណបរិសុទ្ធទេនោះ ពួកគេនឹងងាកទៅរកផ្លូវចាស់របស់គេវិញ ជាក់ជាមិនខាន ហើយមានតែតាមរយៈកិច្ចការក្នុងលក្ខណៈជាព្រះប៉ុណ្ណោះ ទើបការវក់វី និងកង្វះខាតទាំងនេះអាចនឹងត្រូវបានកែតម្រូវ ហើយមានតែពេលនោះទេ ទើបមនុស្សអាចមានភាពពេញលេញឡើង។ ជំនួសឲ្យដំណោះស្រាយ និងការកាត់ចេញឥតឈប់ឈរ អ្វីដែលចាំបាច់នោះគឺ ការផ្គត់ផ្គង់បែបវិជ្ចមាន ការប្រើប្រាស់ព្រះបន្ទូលដើម្បីបំពេញភាពខ្វះចន្លោះទាំងអស់ ការប្រើប្រាស់ព្រះបន្ទូលដើម្បីបើកសម្ដែងគ្រប់សភាពទាំងអស់របស់មនុស្ស ការប្រើប្រាស់ព្រះបន្ទូលដើម្បីដឹកនាំជីវិតរបស់ពួកគេ ពាក្យសម្ដីគ្រប់ម៉ាត់របស់ពួកគេ និងសកម្មភាពនីមួយៗរបស់ពួកគេ ដើម្បីបង្ហាញនូវចេតនា និងការជម្រុញទឹកចិត្ដរបស់ពួកគេ។ នេះជាកិច្ចការពិតប្រាកដរបស់ព្រះដ៏ជាក់ស្ដែង។ ដូចនេះ អ្នកត្រូវមានអាកប្បកិរិយាសមរម្យចំពោះព្រះដ៏ជាក់ស្ដែង ចុះចូលចំពោះលក្ខណៈជាមនុស្សរបស់ទ្រង់ ដោយទទួលស្គាល់ទ្រង់ ហើយលើសពីនេះ អ្នកត្រូវទទួលយក និងគោរពដល់កិច្ចការ និងព្រះបន្ទូលក្នុងលក្ខណៈជាព្រះរបស់ព្រះអង្គ។ ការលេចមកជាសាច់ឈាមរបស់ព្រះជាម្ចាស់ មានន័យថា គ្រប់កិច្ចការ និងព្រះបន្ទូលទាំងអស់របស់ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ត្រូវបានធ្វើឡើងតាមរយៈលក្ខណៈជាមនុស្សធម្មតារបស់ព្រះអង្គ និងតាមរយៈការយកកំណើតជាសាច់ឈាមរបស់ទ្រង់។ ម្យ៉ាងទៀត ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានដឹកនាំកិច្ចការក្នុងលក្ខណៈជាមនុស្សរបស់ទ្រង់ និងអនុវត្ដកិច្ចការនៃភាពជាព្រះនៅក្នុងលក្ខណៈជាសាច់ឈាម ហើយនៅក្នុងព្រះជាម្ចាស់ដែលបានយកកំណើតជាមនុស្ស អ្នកអាចមើលឃើញទាំងកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងលក្ខណៈជាមនុស្សផង និងកិច្ចការរបស់ទ្រង់ទាំងស្រុងក្នុងលក្ខណៈជាព្រះផង។ នេះជាសារៈសំខាន់យ៉ាងពិតប្រាកដ នៃការលេចមកជាសាច់ឈាមរបស់ព្រះដ៏ជាក់ស្ដែង។ ប្រសិនបើអ្នកអាចមើលឃើញសេចក្ដីនេះយ៉ាងច្បាស់ នោះអ្នកនឹងអាចដាក់ផ្នែកផ្សេងៗគ្នារបស់ព្រះជាម្ចាស់បញ្ជូលគ្នាតែមួយបាន អ្នកនឹងឈប់យកចិត្ដទុកដាក់លើកិច្ចការរបស់ទ្រង់ក្នុងលក្ខណៈជាព្រះទៀតជាមិនខាន ហើយអ្នកនឹងឈប់ចាត់ទុកកិច្ចការរបស់ទ្រង់ក្នុងលក្ខណៈជាមនុស្សដោយការបដិសេធហួសហេតុពេកឡើយ ហើយអ្នកនឹងមិនសម្លឹងមើលហួសប្រមាណ ឬមិនដើរលើផ្លូវផ្សេងឡើយ។ សរុបមក អត្ថន័យនៃព្រះដ៏ជាក់ស្ដែង គឺជា កិច្ចការនៃលក្ខណៈជាមនុស្ស និងលក្ខណៈជាព្រះរបស់ព្រះអង្គ ដោយមានព្រះវិញ្ញាណជាអ្នកដឹកនាំ ដែលកិច្ចការនេះត្រូវបានបើកសម្ដែងតាមរយៈផ្នែកសាច់ឈាមរបស់ទ្រង់ ដើម្បីឲ្យមនុស្សអាចមើលឃើញថា ព្រះអង្គទ្រង់ច្បាស់លាស់ និងមានភាពរស់រវើក ដោយមានលក្ខណៈជាក់ស្ដែង និងពិតប្រាកដផង។
កិច្ចការនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នៅក្នុងលក្ខណៈជាមនុស្សកំពុងស្ថិតក្នុងដំណាក់កាលអន្ដរកាល។ ព្រះអង្គបានធ្វើឲ្យលក្ខណៈជាមនុស្សរបស់ទ្រង់អាចទទួលនូវការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដោយការធ្វើឲ្យលក្ខណៈជាមនុស្សរបស់ព្រះអង្គមានភាពគ្រប់លក្ខណ៍ ហើយបន្ទាប់ពីនេះ លក្ខណៈជាមនុស្សរបស់ទ្រង់ក៏អាចផ្គត់ផ្ដង់ និងឃ្វាលក្រុមជំនុំបាន។ នេះគឺជាការបើកសម្ដែងមួយនៃកិច្ចការធម្មតារបស់ព្រះជាម្ចាស់។ ដូចនេះ ប្រសិនបើអ្នកអាចមើលឃើញច្បាស់អំពីគោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងលក្ខណៈជាមនុស្ស នោះអ្នកទំនងជាមិនអាចបង្ហាញនូវគំនិតអំពីកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងលក្ខណៈជាមនុស្សឡើយ។ ទាក់ទិននឹងអ្វីផ្សេងទៀតនោះ គឺព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មិនអាចធ្វើខុសឡើយ។ ព្រះអង្គសុចរិត និងមិនដែលធ្វើខុសឡើយ ទ្រង់មិនដែលប្រព្រឹត្ដអ្វីដែលមិនត្រឹមត្រូវឡើយ។ កិច្ចការដែលមកពីព្រះ គឺជាការបើកសម្ដែងដោយផ្ទាល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដោយគ្មានការជ្រៀតជ្រែកពីលក្ខណៈជាមនុស្សឡើយ។ កិច្ចការនេះកើតឡើងពីព្រះវិញ្ញាញដោយផ្ទាល់ គឺវាមិនបានឆ្លងកាត់នូវភាពគ្រប់លក្ខណ៍ឡើយ។ ទោះយ៉ាងណាក្ដី ចំពោះរឿងដែលថាទ្រង់អាចធ្វើការនៅក្នុងលក្ខណៈជាព្រះនោះ គឺមិនស្ថិតលើលក្ខណៈអធិធម្មជាតិតិចបំផុតនោះឡើយ ហើយវាហាក់ដូចជាត្រូវបានអនុវត្ដដោយបុគ្គលធម្មតា។ ព្រះជាម្ចាស់យាងចុះពីស្ថានសួគ៌មកផែនដី ដើម្បីបើកសម្ដែងព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរយៈសាច់ឈាម ដើម្បីបំពេញកិច្ចការរបស់ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ តាមរយៈរបៀបនៃសាច់ឈាម។
ដកស្រង់ពី «អ្នកគួរដឹងថា ព្រះដ៏ជាក់ស្ដែង គឺជាព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?