ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ១៣០
12-05-2021
ជីវិតមួយដែលចាយទៅលើការស្វែងរកភាពល្បីល្បាញ និងទ្រព្យសម្បត្តិ បន្សល់ទុកឲ្យគេនូវភាពមិនច្បាស់លាស់ក្នុងការប្រឈមនឹងសេចក្តីស្លាប់
ដោយសារតែអធិបតេយ្យភាព និងការកំណត់ទុកជាមុនរបស់ព្រះអាទិករ ព្រលឹងដ៏ឯកាដែលចាប់ផ្ដើមដំបូងដោយខ្លួនទទេ ទទួលបានឪពុកម្ដាយ និងក្រុមគ្រួសារមួយ ទទួលបានឱកាសក្លាយជាសមាជិកនៃពូជសាសន៍មួយ ទទួលបានឱកាស ដើម្បីដកពិសោធន៍ជីវិតជាមនុស្ស និងមើលឃើញពិភពលោក។ ព្រលឹងនេះក៏ទទួលបានឱកាស ដើម្បីដកពិសោធន៍នូវអធិបតេយ្យភាពរបស់ព្រះអាទិករ ដឹងអំពីភាពអស្ចារ្យនៃការបង្កើតពិភពលោករបស់ព្រះអាទិករ ហើយលើសពីនេះ គឺដើម្បីស្គាល់ និងក្លាយជាចំណុះក្រោមសិទ្ធិអំណាចរបស់ព្រះអាទិករ។ ប៉ុន្តែ មនុស្សភាគច្រើនមិនចាប់យកឱកាសដ៏កម្រ និងដ៏ខ្លីនេះឡើយ។ គេបែរជាខំប្រើកម្លាំងពេញមួយជីវិតរបស់គេតតាំងនឹងវាសនា ចាយពេលទាំងអស់របស់គេមមាញឹក ខំប្រឹងផ្គត់ផ្គង់ដល់ក្រុមគ្រួសាររបស់គេ ហើយប្រឹងប្រែងសម្រាប់តែទ្រព្យសម្បត្តិ និងបុណ្យសក្ដិប៉ុណ្ណោះ។ អ្វីៗដែលមនុស្សឲ្យតម្លៃ គឺជាក្រុមគ្រួសារ លុយកាក់ និងកេរ្តិ៍ឈ្មោះល្បីល្បាញ ហើយពួកគេចាត់ទុករឿងទាំងប៉ុន្មាននេះ ជារបស់ដ៏មានតម្លៃបំផុតនៅក្នុងជីវិត។ មនុស្សទាំងអស់រអ៊ូរទាំអំពីជោគវាសនារបស់គេ ប៉ុន្តែពួកគេនៅតែមិនគិត ពិនិត្យ និងព្យាយាមយល់អំពីរឿងដែលសំខាន់បំផុតនោះឡើយ៖ ហេតុផលដែលមនុស្សមានជីវិតរស់នៅ របៀបដែលមនុស្សគួរតែរស់នៅ គុណតម្លៃ និងអត្ថន័យនៃជីវិត។ មិនថាពួកគេរស់នៅបានយូរប៉ុនណាឡើយ ប៉ុន្តែពួកគេចំណាយពេលពេញមួយជីវិតរបស់គេគ្រាន់តែខំប្រឹងស្វែងរកភាពល្បីល្បាញ និងទ្រព្យសម្បត្តិ រហូតដល់យុវវ័យរបស់គេបានកន្លងផុតទៅ ហើយសក់របស់គេប្រែជាស្កូវ និងមានមុខជ្រីវជ្រួញ។ ពួកគេរស់នៅក្នុងរបៀបនេះ រហូតដល់ពួកគេមើលឃើញថា ភាពល្បីល្បាញ និងទ្រព្យសម្បត្តិមិនអាចបញ្ឈប់ពួកគេទៅរកភាពចាស់វង្វេងវង្វាន់ មើលឃើញថា លុយមិនអាចបំពេញភាពទទេស្អាតនៃដួងចិត្ត មើលឃើញថា គ្មាននរណាម្នាក់អាចគេចផុតពីច្បាប់កើត ចាស់ ឈឺ និងស្លាប់ និងមើលឃើញទៀតថា គ្មាននរណាអាចរួចផុតពីអ្វីដែលជោគវាសនាបានចារទុកនោះឡើយ។ មានតែពេលដែលពួកគេត្រូវបានបង្ខំឲ្យប្រឈមនឹងដំណាក់កាលចុងក្រោយនៃជីវិតទេ ទើបពួកគេយល់យ៉ាងពិតប្រាកដថា សូម្បីតែមនុស្សម្នាក់ដែលមានទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ ទោះបីគេមានឯកសិទ្ធិ និងបុណ្យសក្ដិខ្ពង់ខ្ពស់បែបណាក៏ដោយ ក៏គេនៅតែមិនអាចចៀសផុតពីសេចក្តីស្លាប់ដដែល ហើយគេត្រូវត្រឡប់ទៅរកគោលជំហរដើមរបស់គេវិញ៖ ព្រលឹងដ៏ឯកា ដែលមានតែខ្លួនទទេ។ នៅពេលដែលមនុស្សមានឪពុកម្ដាយ គេជឿថា ឪពុកម្ដាយរបស់គេជាអ្វីៗគ្រប់យ៉ាង។ នៅពេលដែលមនុស្សមានទ្រព្យសម្បត្តិ ដីធ្លី ផ្ទះសម្បែង គេគិតថា លុយកាក់គឺជាបន្ទាយដ៏រឹងមាំរបស់គេ ថាវាជាមធ្យោបាយមួយដែលគេត្រូវរស់នៅ។ នៅពេលដែលមនុស្សមានឋានៈបុណ្យសក្តិ ពួកគេខំស្រវាក្ដាប់វាយ៉ាងណែន ហើយហ៊ានប្រថុយជីវិតរបស់គេសម្រាប់តែបុណ្យសក្តិទាំងនោះ។ មានតែពេលដែលមនុស្សរៀបលាចាកពីលោកីយនេះប៉ុណ្ណោះ ទើបពួកគេទទួលស្គាល់ថា អ្វីៗដែលពួកគេខំចំណាយជីវិតរបស់គេដេញតាម គឺជាអ្វីដែលគ្មានតម្លៃ ជាអ្វីដែលពួកគេមិនអាចកាន់ជាប់ ជាអ្វីដែលគេមិនអាចយកទៅជាមួយបាន ជាអ្វីដែលមិនអាចធ្វើឲ្យគេរួចផុតពីសេចក្តីស្លាប់ ជាអ្វីដែលមិនអាចផ្ដល់ជាគ្នា ឬការកំសាន្តទៅកាន់ព្រលឹងដ៏ឯកោនៅលើដំណើរត្រឡប់ទៅវិញរបស់គេ ហើយកាន់តែអាក្រក់បំផុតនោះគឺថា គ្មានអ្វីមួយដែលអាចសង្រ្គោះមនុស្ស និងជួយឲ្យពួកគេឆ្លងផុតសេចក្តីស្លាប់បានឡើយ។ ភាពល្បីល្បាញ និងទ្រព្យសម្បត្តិដែលមនុស្សម្នាក់ខំប្រឹងរកនៅក្នុងពិភពលោក ផ្ដល់ជាទីពេញចិត្តបណ្ដោះអាសន្ន ការសប្បាយភ្លើតភ្លើន អារម្មណ៍សុខស្រួលក្លែងក្លាយ ប៉ុន្តែនៅក្នុងដំណើរការនោះ របស់ទាំងអស់នេះក៏ធ្វើឲ្យមនុស្សម្នាក់បាត់បង់ផ្លូវរបស់គេដែរ។ ដូច្នេះ នៅពេលដែលមនុស្សខំប្រឹងរើបម្រះនៅក្នុងសមុទ្រដ៏ធំល្វឹងល្វើយនៃមនុស្ស ដោយស្រេកឃ្លានចង់បានសន្ដិភាព ភាពសុខស្រួល និងភាពស្ងប់សុខនៃដួងចិត្ត ពួកគេក៏ត្រូវបានហ៊ុមព័ទ្ធដោយរលកសមុទ្រមិនចេះចប់មិនចេះហើយដែរ។ នៅពេលដែលមនុស្សមិនទាន់ឆ្លើយសំណួរដ៏សំខាន់បំផុត ដែលគេត្រូវយល់ ដូចជាកន្លែងដែលគេចេញមក ហេតុផលដែលគេមានជីវិតរស់នៅកន្លែងដែលគេនឹងត្រូវទៅជាដើមទេនោះពួកគេត្រូវបានទាក់ចិត្ត ដោយភាពល្បីល្បាញ និងទ្រព្យសម្បត្តិ ពួកគេបានចាញ់បញ្ឆោត និងត្រូវបានគ្រប់គ្រង ដោយរបស់ទាំងនេះ ហើយចុងបញ្ចប់ ពួកគេបានវង្វេងផ្លូវ។ ពេលវេលាកន្លងផុតទៅយ៉ាងឆាប់រហ័ស ហើយរយៈពេលជាច្រើនឆ្នាំកន្លងផុតទៅក្នុងពេលមួយប៉ប្រិចភ្នែក ហើយមុនពេលគេភ្ញាក់ខ្លួន គេបានខាតបង់ឆ្នាំដ៏ល្អបំផុតនៃជីវិតរបស់គេទៅហើយ។ នៅពេលដែលមនុស្សម្នាក់ត្រូវចាកចេញពីពិភពលោកក្នុងពេលឆាប់ៗ គេក៏ភ្ញាក់ខ្លួនថា អ្វីៗគ្រប់យ៉ាងនៅក្នុងពិភពលោកកំពុងតែរសាត់បាត់ទៅ ហើយថាមនុស្សលែងអាចគ្រប់គ្រងលើទ្រព្យសម្បត្តិ ដែលធ្លាប់ជារបស់គេទៀតហើយ។ នោះហើយជាពេលដែលគេមានអារម្មណ៍ដ៏ពិតថា គេប្រៀបដូចជាទារកម្នាក់ដែលកំពុងតែយំ ដែលទើបតែកើតចូលមកក្នុងពិភពលោកនេះដោយខ្លួនទទេទាំងមិនទាន់មានឈ្មោះនៅឡើយ។ នៅពេលដល់ចំណុចនេះ មនុស្សក៏ចាប់ផ្ដើមសញ្ជឹងគិតទៅលើអ្វីដែលខ្លួនបានធ្វើនៅក្នុងជីវិត អំពីតម្លៃនៃការរស់នៅរបស់គេ អំពីអត្ថន័យរបស់វា និងហេតុផលដែលគេបានកើតចូលមកក្នុងពិភពលោក។ គឺនៅចំណុចនេះហើយដែលគេចាប់ផ្ដើមចង់ដឹងកាន់តែខ្លាំងថាតើពិតជាមានជាតិក្រោយ ឬអត់ ថាតើស្ថានសួគ៌ពិតជាមានអត្ថិភាព ឬអត់ ថាតើពិតជាមានកម្មពៀរ ឬអត់...។ បើមនុស្សម្នាក់ខិតចូលកាន់តែជិតសេចក្តីស្លាប់ នោះគេក៏កាន់តែចង់យល់អំពីអត្ថន័យនៃជីវិតដែរ។ បើមនុស្សម្នាក់ខិតចូលកាន់តែជិតសេចក្តីស្លាប់ នោះដួងចិត្តរបស់គេនឹងកាន់តែទទេស្អាត។ បើមនុស្សម្នាក់កាន់តែចូលជិតសេចក្តីស្លាប់ នោះគេកាន់តែមានអារម្មណ៍តែលតោល ហើយអារម្មណ៍ខ្លាចស្លាប់របស់គេក៏កាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃដែរ។ មានហេតុផលពីរយ៉ាង ដែលអារម្មណ៍បែបនេះស្ដែងចេញនៅក្នុងមនុស្ស នៅពេលដែលពួកគេខិតចូលទៅរកសេចក្តីស្លាប់៖ ទីមួយ ពួកគេជិតបាត់បង់ភាពល្បីល្បាញ និងទ្រព្យសម្បត្តិដែលពួកគេយកមកធ្វើជាពំនាក់នៅក្នុងជីវិត ពួកគេជិតចាកចោលអ្វីៗគ្រប់យ៉ាងដែលពួកគេមើលឃើញនៅក្នុងពិភពលោក ហើយទីពីរ ពួកគេរៀបនឹងប្រឈមតែម្នាក់ឯងនូវពិភពមួយដែលមិនស្គាល់ ជាពិភពដ៏អាថ៌កំបាំងមួយដែលពួកគេខ្លាចក្នុងការដាក់ជើង ជាកន្លែងដែលពួកគេគ្មានមនុស្សជាទីស្រឡាញ់នៅជាមួយ និងគ្មានមធ្យោបាយគាំទ្រ។ សម្រាប់ហេតុផលទាំងពីរនេះ វាធ្វើឲ្យមនុស្សគ្រប់គ្នាដែលប្រឈមនឹងសេចក្តីស្លាប់ មានអារម្មណ៍មិនស្រួល ស្លន់ស្លោ និងអារម្មណ៍តែលតោល ហើយពួកគេមិនដែលមានអារម្មណ៍បែបនេះសោះឡើយកាលពីមុន។ មានតែនៅពេលដែលមនុស្សម្នាក់បានមកដល់ចំណុចនេះទេ ទើបគេទទួលស្គាល់ថា នៅពេលដែលមនុស្សម្នាក់ដាក់ជើងនៅលើផែនដីនេះ កិច្ចការដំបូងដែលពួកគេត្រូវយល់ គឺជាកន្លែងដែលមនុស្សចេញមក ហេតុផលដែលមនុស្សមានជីវិតរស់នៅ អ្នកដែលគ្រប់គ្រងជោគវាសនាមនុស្ស និងអ្នកដែលប្រទានឲ្យ ព្រមទាំងមានអធិបតេយ្យភាពលើអត្ថិភាពរបស់មនុស្ស។ ចំណេះដឹងនេះ គឺជាមធ្យោបាយដ៏ពិតដែលមនុស្សត្រូវរស់នៅ ជាមូលដ្ឋានដ៏សំខាន់សម្រាប់ការរស់នៅរបស់មនុស្ស មិនមែនជាការរៀនពីរបៀបផ្គត់ផ្គង់សម្រាប់គ្រួសាររបស់គេ ឬរបៀបទទួលបានភាពល្បីល្បាញ និងទ្រព្យសម្បត្តិ មិនមែនជាការរៀនពីរបៀបមានភាពលេចធ្លោនៅក្នុងចំណោមបណ្ដាជន ឬរបៀបរស់នៅជីវិតដ៏សម្បូរសប្បាយ ហើយក៏មិនមែនជាការរៀនពីរបៀបឡើងខ្ពស់ និងប្រកួតប្រជែងចង់មានជោគជ័យលើអ្នកដទៃនោះដែរ។ ទោះបីពួកគេចំណាយពេលហ្វឹកហាត់ជំនាញរបស់គេមានភាពប៉ិនប្រសប់ ដើម្បីទទួលបានភាពសុខស្រួល និងសម្ភារៈប្រើប្រាស់យ៉ាងពេញបរិបូណ៌ក៏ដោយ ប៉ុន្តែជំនាញទាំងនោះមិនដែលនាំមកនូវសេចក្តីសុខសាន្ដ និងការលួងលោមចិត្តដ៏ពិតដល់ដួងចិត្តរបស់គេឡើយ ប៉ុន្តែផ្ទុយទៅវិញ វាបែរជាធ្វើឲ្យមនុស្សបាត់បង់ទិសដៅរបស់គេ មានការពិបាកក្នុងការគ្រប់គ្រងលើខ្លួនឯង និងខកខានគ្រប់ទាំងឱកាស ដើម្បីរៀនអំពីអត្ថន័យជីវិតទៅវិញទេ។ បំនិនជីវិតទាំងនេះបង្កើតឲ្យមានអារម្មណ៍ថប់បារម្ភអំពីរបៀបប្រឈមនឹងសេចក្តីស្លាប់នៅក្នុងរបៀបដែលត្រឹមត្រូវ។ ជីវិតរបស់មនុស្សត្រូវបានបំផ្លាញតាមរបៀបនេះ។ ព្រះអាទិករបញ្ចេញរស្មីទៅលើមនុស្សគ្រប់រូបស្មើៗគ្នា ដោយផ្ដល់ឲ្យមនុស្សគ្រប់គ្នានូវតម្លៃនៃឱកាសពេញមួយជីវិត ដើម្បីដកពិសោធន៍ និងដឹងអំពីអធិបតេយ្យភាពរបស់ទ្រង់ ប៉ុន្តែ មានតែនៅពេលដែលសេចក្តីស្លាប់ជិតចូលមកដល់ នៅពេលដែលស្រមោលនៃសេចក្តីស្លាប់លេចចេញមកស្ទុងៗប៉ុណ្ណោះ ទើបគេចាប់ផ្ដើមមើលឃើញនូវពន្លឺ ប៉ុន្ដែវាយឺតពេលទៅហើយ!
មនុស្សចំណាយពេលពេញមួយជីវិតរបស់គេ ដេញតាមលុយ និងភាពល្បីល្បាញ។ ពួកគេខំស្រវាចាប់អ្វីៗទាំងនេះ ទាំងគិតថា វាជាមធ្យោបាយគាំទ្រតែមួយគត់ ដើម្បីឲ្យគេអាចរួចផុតពីសេចក្តីស្លាប់ ហើយវាប្រៀបបីដូចជាការមានរបស់ទាំងនេះ ធ្វើឲ្យគេអាចមានជីវិតរស់នៅបន្តអ៊ីចឹង។ ប៉ុន្តែ មានតែនៅពេលដែលពួកគេជិតស្លាប់ប៉ុណ្ណោះ ទើបពួកគេដឹងថា របស់ទាំងនេះនៅឆ្ងាយពីពួកគេកម្រិតណា ដឹងថាពួកគេទន់ខ្សោយកម្រិតណាក្នុងការប្រឈមនឹងសេចក្តីស្លាប់ ដឹងថាពួកគេមានភាពផុយស្រួយប៉ុនណា និងដឹងទៀតថា ពួកគេមានអារម្មណ៍ឯកោ និងតែលតាលប៉ុនណា ដោយសារតែភាពទ័លច្រករបស់គេ។ ពួកគេទទួលស្គាល់ថា ជីវិតមិនអាចត្រូវបានទិញដូរ ដោយទឹកប្រាក់ ឬភាពល្បីល្បាញឡើយ មិនថាគេជាមនុស្សមានទ្រព្យសម្បត្តិច្រើនប៉ុនណា មិនថាពួកគេមានមុខតំណែងខ្ពង់ខ្ពស់យ៉ាងណា ទាំងអស់គ្នាសុទ្ធតែក្រីក្រ និងគ្មានសំខាន់សោះឡើយនៅចំពោះសេចក្តីស្លាប់។ ពួកគេទទួលស្គាល់ថា ទឹកប្រាក់មិនអាចទិញជីវិតបាន ភាពល្បីល្បាញមិនអាចលុបបំបាត់សេចក្តីស្លាប់ ហើយទឹកប្រាក់ និងភាពល្បីល្បាញមិនអាចពន្យារជីវិតរបស់គេបានឡើយ សូម្បីតែមួយនាទី ឬមួយវិនាទីក៏មិនបានផង។ បើមនុស្សមានអារម្មណ៍បែបនេះកាន់តែច្រើន នោះពួកគេនឹងស្រេកឃ្លានចង់បន្តរស់នៅកាន់តែខ្លាំង។ បើមនុស្សមានអារម្មណ៍បែបនេះកាន់តែច្រើន នោះពួកគេនឹងខ្លាចការមកដល់នៃសេចក្តីស្លាប់កាន់តែខ្លាំង។ មានតែមកដល់ចំណុចនេះទេ ទើបពួកគេទទួលស្គាល់ការពិតថា ជីវិតរបស់គេមិនមែនជាកម្មសិទ្ធិរបស់គេ និងមិនមែនសម្រាប់ឲ្យពួកគេត្រួតត្រា ហើយទទួលស្គាល់ថា គេគ្មានអំណាចអ្វីនឹងសម្រេចថាតើ គេត្រូវមានជីវិតរស់នៅ ឬស្លាប់នោះឡើយ ដ្បិតការទាំងអស់នេះហួសពីដែនត្រួតត្រារបស់គេហើយ។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត