របៀប​ស្គាល់​តថភាព

ព្រះជាម្ចាស់ គឺជាព្រះដ៏ជាក់ស្ដែង៖ គ្រប់កិច្ចការរបស់ទ្រង់ គឺជាក់ស្ដែង គ្រប់ទាំងព្រះបន្ទូលដែលទ្រង់ថ្លែងមក សុទ្ធតែជាក់ស្ដែង ហើយគ្រប់ទាំងសេចក្តីពិតដែលទ្រង់សម្តែងចេញ គឺជាក់ស្ដែង។ គ្រប់យ៉ាងដែលមិនមែនជាព្រះបន្ទូលរបស់ទ្រង់ គឺគ្មានខ្លឹមសារ គ្មានវត្តមានពិត និងមានកំហុសឆ្គង។ សព្វថ្ងៃនេះ ព្រះវិញ្ញាណបរិសុទ្ធនឹងនាំផ្លូវមនុស្សចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើមនុស្សត្រូវដេញតាមដើម្បី​ចូលទៅក្នុងតថភាព នោះពួកគេត្រូវស្វែងរកតថភាព និងស្គាល់តថភាពជាមុនសិន បន្ទាប់ពីនោះ ពួកគេត្រូវឆ្លងកាត់តថភាព និងរស់នៅតាមតថភាព។ នៅពេលមនុស្សស្គាល់តថភាពកាន់តែច្រើនហើយ នោះពួកគេអាចញែកដឹងថា តើពាក្យសម្តីរបស់អ្នកដទៃពិត ឬអត់ បានកាន់តែច្រើន ហើយនៅពេលមនុស្សស្គាល់តថភាពកាន់តែច្រើន នោះពួកគេនឹងមានសញ្ញាណកាន់តែតិច។ នៅពេលមនុស្សឆ្លងកាត់តថភាពកាន់តែច្រើន នោះពួកគេនឹងស្គាល់ពីទង្វើពិតប្រាកដរបស់ព្រះដ៏ជាក់ស្ដែងកាន់តែច្រើន ហើយវាកាន់តែងាយស្រួលដើម្បីឱ្យពួកគេផ្តាច់ខ្លួនចេញពីនិស្ស័យពុករលួយរបស់ខ្លួន ដែលជានិស្ស័យរបស់សាតាំង។ កាលណាមនុស្សមានតថភាពកាន់តែច្រើន នោះពួកគេនឹងស្គាល់ព្រះជាម្ចាស់កាន់តែច្បាស់ ហើយពួកគេកាន់តែស្អប់ខ្ពើមសាច់ឈាម និងស្រឡាញ់សេចក្តីពិតកាន់តែខ្លាំង។ នៅពេលពួកគេមានតថភាពកាន់តែច្រើន នោះពួកគេនឹងកាន់តែខិតជិតខ្នាតគំរូនៃការទាមទាររបស់ព្រះជាម្ចាស់។ មនុស្សដែលព្រះជាម្ចាស់ទទួលយកគឺជាមនុស្សដែលមានតថភាព ស្គាល់តថភាព និងជាមនុស្សដែលបានស្គាល់ពីទង្វើពិតប្រាកដរបស់ព្រះជាម្ចាស់ តាមរយៈការឆ្លងកាត់តថភាព។ នៅពេលអ្នកសហការជាមួយព្រះជាម្ចាស់តាមការអនុវត្តជាក់ស្ដែង និងលត់ដំរូបកាយកាន់តែច្រើន នោះអ្នកនឹងទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធកាន់តែច្រើន អ្នកនឹងទទួលបានតថភាពកាន់តែច្រើន ហើយអ្នកនឹងត្រូវព្រះជាម្ចាស់បំភ្លឺគំនិតកាន់តែច្រើន ហេតុនេះហើយ ការយល់ដឹងរបស់អ្នកអំពីទង្វើជាក់ស្ដែងរបស់ព្រះជាម្ចាស់នឹងកាន់តែទូលំទូលាយ។ បើអ្នកអាចរស់នៅក្នុងពន្លឺបច្ចុប្បន្ននៃព្រះវិញ្ញាណបរិសុទ្ធបាន នោះមាគ៌ាបច្ចុប្បន្នទៅកាន់ការអនុវត្តនឹងកាន់តែច្បាស់ចំពោះអ្នក ហើយអ្នកនឹងកាន់តែអាចផ្តាច់ខ្លួនឯង ចេញពីសញ្ញាណសាសនា និងទម្លាប់ពីអតីតកាល។ តាមពិតទៅ ​ចំណុចផ្ដោតនាថ្ងៃនេះគឺ៖ នៅពេលមនុស្សមានតថភាពកាន់តែច្រើន នោះការយល់ដឹងពីសេចក្តីពិតរបស់ពួកគេនឹងកាន់តែច្បាស់ ហើយការយល់ដឹងរបស់ពួកគេពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នឹងកាន់តែទូលំទូលាយ។ តថភាពអាចយកឈ្នះលើគ្រប់ន័យពាក្យ និងគោលលទ្ធិនានា វាអាចយកឈ្នះលើគ្រប់ទ្រឹស្តី និងជំនាញ ហើយនៅពេលមនុស្សផ្តោតអារម្មណ៍លើតថភាពកាន់តែច្រើន នោះពួកគេពិតជាស្រឡាញ់ព្រះជាម្ចាស់កាន់តែខ្លាំង ហើយនិងស្រេកឃ្លានព្រះបន្ទូលរបស់ទ្រង់កាន់តែខ្លាំងដែរ។ ប្រសិនបើអ្នកតែងតែផ្តោតអារម្មណ៍លើកតថភាពជានិច្ច នោះទស្សនៈវិជ្ជាសម្រាប់ការប្រព្រឹត្តិខាង​លោកិយ សញ្ញាណសាសនា និងចរិតពីកំណើតរបស់អ្នកនឹងត្រូវបានជម្រុះចោលដោយឯកឯង ដោយសារការធ្វើតាមកិច្ចការរបស់ព្រះជាម្ចាស់។ មនុស្សដែលមិនព្យាយាមទទួលយកតថភាព ហើយគ្មានការយល់ដឹងពីតថភាព ទំនងជាព្យាយាមដេញតាមអ្វីដែលហួសវិស័យធម្មជាតិ ហើយងាយនឹងចាញ់បញ្ជោតគេ។ ព្រះវិញ្ញាណបរិសុទ្ធគ្មានមធ្យោបាយនឹងធ្វើការក្នុងមនុស្សជំពូកនេះនោះទេ ដែលហេតុនេះហើយ ពួកគេមានអារម្មណ៍ទទេសូន្យ ហើយជីវិតរបស់ពួកគេគ្មានន័យនោះទេ។

ទាល់តែអ្នកហ្វឹកហាត់ដោយពិតប្រាកដ ស្វែករកដោយពិតប្រាកដ ធ្វើការអធិដ្ឋានដោយពិតប្រាកដ និងសុខចិត្តរងទុក្ខដើម្បីជាប្រយោជន៍នៃការស្វែងរកសេចក្តីពិត ទើបព្រះវិញ្ញាណបរិសុទ្ធអាចធ្វើការនៅក្នុងខ្លួនអ្នកបាន។ មនុស្សដែលមិនស្វែងរកសេចក្តីពិត មិនមានអ្វីក្រៅពីន័យពាក្យ និងគោលលទ្ធិ ព្រមទាំងទ្រឹស្តីដែលទទេសូន្យនោះទេ ហើយមនុស្សដែលគ្មានសេចក្តីពិត ជាធម្មតាគេមានសញ្ញាណជាច្រើនអំពីព្រះជាម្ចាស់។ មនុស្សជំពូកនេះគ្រាន់តែចង់ឱ្យព្រះជាម្ចាស់ប្រែក្លាយរូបកាយជាសាច់ឈាមរបស់ពួកគេ ឱ្យទៅជារូបកាយខាងវិញ្ញាណ ដើម្បីឱ្យពួកគេអាចឡើងទៅកាន់ស្ថានសួគ៌ជាន់ទីបីបានប៉ុណ្ណោះ។ មនុស្សជំពូកនេះល្ងីល្ងើខ្លាំងណាស់! មនុស្សដែលនិយាយបែបនោះមិនមានការយល់ដឹងពីព្រះជាម្ចាស់ ឬយល់ដឹងពីតថភាពទេ ដ្បិតមនុស្សជំពូកនេះមិនមានលទ្ធភាពអាចសហការជាមួយព្រះជាម្ចាស់បាន ហើយគ្រាន់តែអាចរង់ចាំដោយមិនធ្វើអ្វីសោះ។ បើមនុស្សចង់ដឹងពីសេចក្តីពិត និងចង់យល់ពីសេចក្តីពិតបានច្បាស់ លើសពីនេះ បើពួកគេត្រូវចូលទៅក្នុងសេចក្ដីពិត ហើយយកសេចក្ដីពិតទៅអនុវត្ត នោះពួកគេត្រូវហ្វឹកហាត់ដោយពិតប្រាកដ ស្វែងរកដោយពិតប្រាកដ និងស្រេកឃ្លានដោយពិតប្រាកដ។ នៅពេលអ្នកស្រេកឃ្លាន និងនៅពេលអ្នកសហការជាមួយព្រះជាម្ចាស់ដោយពិតប្រាកដ នោះព្រះវិញ្ញាណបរិសុទ្ធនឹងពាល់ចិត្តអ្នក និងធ្វើការនៅក្នុងខ្លួនអ្នកយ៉ាងពិតប្រាកដ គឺទ្រង់នឹងបំភ្លឺគំនិតអ្នកកាន់តែច្រើន និងកាន់តែឱ្យអ្នកនូវការយល់ដឹងពីតថភាព និងរឹតតែមានប្រយោជន៍ខ្លាំងចំពោះជីវិតអ្នក។

បើមនុស្សចង់ស្គាល់ព្រះជាម្ចាស់ ជាដំបូងពួកគេត្រូវដឹងថា ព្រះជាម្ចាស់គឺជាព្រះដ៏ជាក់ស្ដែង ហើយពួកគេត្រូវតែស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ស្គាល់ការបង្ហាញខ្លួនជាក់ស្ដែងរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម និងស្គាល់ការងារជាក់ស្ដែងរបស់ព្រះជាម្ចាស់។ ទាល់តែបានដឹងថា គ្រប់កិច្ចការទាំងអស់របស់ព្រះជាម្ចាស់គឺជាកិច្ចការពិតប្រាកដ ទើបអ្នកនឹងអាចសហការជាមួយព្រះជាម្ចាស់បានពិតប្រាកដ និងមានតែតាមរយៈផ្លូវនេះទេ ទើបអ្នកនឹងអាចសម្រេចបានការរីកចម្រើននៅក្នុងជីវិតរបស់អ្នក។ គ្រប់មនុស្សដែលគ្មានចំណេះដឹងពីតថភាព គ្មានវិធីដកពិសោធព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ពួកគេជាប់អន្ទាក់នៅក្នុងសញ្ញាណរបស់ពួកគេ រស់នៅក្នុងការស្រមើស្រមៃរបស់ពួកគេ ដែលហេតុនេះហើយ ទើបពួកគេគ្មានការយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅពេលអ្នកយល់ដឹងពីតថភាពកាន់តែច្រើន នោះអ្នកកាន់ខិតជិតព្រះជាម្ចាស់ ហើយអ្នកក៏កាន់តែជិតស្និទ្ធនឹងទ្រង់ដែរ។ នៅពេលអ្នកកាន់តែស្វែងរកភាពស្រពេចស្រពិល ភាពអរូបិយ និងគោលលទ្ធិ នោះអ្នកនឹងកាន់តែឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ហើយអ្នកនឹងកាន់តែមានអារម្មណ៍ថា ការឆ្លងកាត់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវការការប្រឹងប្រែងខ្លាំង និងមានភាពលំបាក ហើយអ្នកមានអារម្មណ៍ថា អ្នកមិនអាចចូលក្នុងបានទេ។ បើអ្នកចង់ចូលក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដើរនៅលើផ្លូវដ៏ត្រឹមត្រូវនៃជីវិតជាវិញ្ញាណរបស់អ្នក ជាដំបូងអ្នកត្រូវស្គាល់តថភាព និងផ្តាច់ខ្លួនអ្នកពីរឿងស្រពេចស្រពិល និងហួសវិស័យធម្មជាតិជាមុនសិន។ មានន័យថា ជាដំបូងអ្នកត្រូវយល់ថា ព្រះវិញ្ញាណបរិសុទ្ធបំភ្លឺគំនិត និងនាំផ្លូវអ្នកពីខាងក្នុងយ៉ាងពិតប្រាកដយ៉ាងដូចម្តេចសិន។ ប្រសិនបើអ្នកពិតជាយល់ពីកិច្ចការពិតប្រាកដរបស់ព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងមនុស្ស នោះអ្នកនឹងបានដើរចូលទៅលើផ្លូវដ៏ត្រឹមត្រូវ ដែលព្រះជាម្ចាស់ធ្វើឱ្យគ្រប់លក្ខណ៍។

ថ្ងៃនេះ គ្រប់យ៉ាងគឺចាប់ផ្តើមពីតថភាព។ ការងាររបស់ព្រះជាម្ចាស់គឺជាក់ស្ដែងបំផុតដែលមនុស្សអាចប៉ះពាល់បាន ដ្បិតវាគឺជាអ្វីដែលមនុស្សអាចឆ្លងកាត់ និងសម្រេចបាន។ នៅក្នុងខ្លួនមនុស្ស មានរឿងច្រើនដែលស្រពេចស្រពិល និងហួសវិស័យធម្មជាតិ ដែលរារាំងពួកគេពីការស្គាល់ការងារបច្ចុប្បន្នរបស់ព្រះជាម្ចាស់។ ហេតុនេះហើយ នៅក្នុងបទពិសោធន៍របស់ពួកគេ ពួកគេតែងតែវៀចវេរ និងតែងតែមានអារម្មណ៍ថា អ្វីៗលំបាក​ជានិច្ច ដែលទាំងអស់នេះបណ្តាលមក​ពីសញ្ញាណរបស់ពួកគេ។ មនុស្សមិនអាចយល់ពីគោលការណ៍នៃការងាររបស់ព្រះវិញ្ញាណបរិសុទ្ធបានទេ ព្រោះពួកគេមិនស្គាល់តថភាព ដូច្នេះហើយ ពួកគេតែងតែមានគំនិតអវិជ្ជមាននៅក្នុងផ្លូវដែលពួកគេត្រូវដើរចូល។ ពួកគេសម្លឹងមើលការទាមទាររបស់ព្រះជាម្ចាស់ពីចម្ងាយ ដ្បិតគេមិនអាចសម្រេចការទាមទារទាំងនោះបាន ពួកគេគ្រាន់តែមើលឃើញថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតជាល្អមែន ប៉ុន្តែមិនអាចស្វែងរកផ្លូវដើម្បីចូលទៅក្នុងបាន។ ព្រះវិញ្ញណបរិសុទ្ធធ្វើការតាមគោលការណ៍នេះ៖ តាមរយៈការសហការរបស់មនុស្ស តាមរយៈការអធិដ្ឋាន ការស្វែងរក និងការខិតចូលយ៉ាងសកម្ម ដើម្បីកាន់តែជិតព្រះជាម្ចាស់ ទើបលទ្ធផលអាចសម្រេចបាន ហើយពួកគេនឹងត្រូវព្រះវិញ្ញាបរិសុទ្ធបំភ្លឺគំនិត និងបំភ្លឺផ្លូវ។ វាមិនមែនជាការពិតនោះទេដែលថា ព្រះវិញ្ញាណបរិសុទ្ធធ្វើការតែអង្គឯង ឬថា មនុស្សធ្វើការតែឯងដែរ។ ទាំងសងខាងមិនអាចខ្វះគ្នាបានទេ ហើយនៅពេលមនុស្សកាន់តែសហការ ហើយពួកគេកាន់តែប្រឹងប្រែងដើម្បីសម្រេចឱ្យបានខ្នាតគំរូនៃការទាមទារពីព្រះជាម្ចាស់ នោះការងាររបស់ព្រះវិញ្ញាណបរិសុទ្ធកាន់តែមានភាពអស្ចារ្យ។ ទាល់តែមានការសហការពិតប្រាកដពីមនុស្ស បន្ថែមទៅនឹងការងាររបស់ព្រះវិញ្ញាណបរិសុទ្ធ ទើបអាចបង្កើតបទពិសោធន៍ពិតប្រាកដ ព្រមទាំងការយល់ដឹងអំពីសារជាតិនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ទីបំផុត មនុស្សគ្រប់លក្ខណ៍ត្រូវបានបង្កើតមកបន្តិចម្ដងៗ តាមរយៈបទពិសោធរបៀបនេះ។ ព្រះជាម្ចាស់មិនធ្វើរឿងដែលហួសពីវិស័យធម្មជាតិទេ។ តាមសញ្ញាណរបស់មនុស្ស ព្រះជាម្ចាស់មានព្រះចេស្ដា ហើយព្រះជាម្ចាស់បំពេញកិច្ចការគ្រប់យ៉ាង ដោយសារហេតុនេះហើយទើបមនុស្សរង់ចាំដោយមិនធ្វើអ្វីសោះ មិនអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនអធិដ្ឋាន ហើយចេះតែរង់ចាំឱ្យព្រះវិញ្ញាណបរិសុទ្ធពាល់ចិត្តពួកគេ។ ចំណែកមនុស្សដែលមានការយល់ដឹងត្រឹមត្រូវវិញ ជឿលើរឿងនេះ៖ ទង្វើរបស់ព្រះជាម្ចាស់អាចទៅឆ្ងាយបានទាល់តែការសហការរបស់ខ្ញុំទៅឆ្ងាយដែរ និងឥទ្ធិពលដែលការងារររបស់ព្រះជាម្ចាស់អាចមានក្នុងខ្លួនខ្ញុំបាន អាស្រ័យត្រង់ខ្ញុំសហការបានកម្រិតណា។ នៅពេលព្រះជាម្ចាស់មានព្រះបន្ទូល ខ្ញុំគួរតែធ្វើគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីស្វែងរក និងប្រឹងប្រែងឆ្ពោះទៅកាន់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដ្បិតនេះហើយជាអ្វីដែលខ្ញុំគួរសម្រេចបាន។

នៅក្នុងឧទាហរណ៍របស់ពេត្រុសនិងប៉ុល អ្នករាល់គ្នាអាចមើលឃើញច្បាស់ថា គឺពេត្រុសដែលបានយកចិត្តទុកដាក់បំផុតចំពោះតថភាព។ តាមអ្វីដែលពេត្រុសបានឆ្លងកាត់ គេអាចមើលឃើញថា បទពិសោធរបស់គាត់គឺជាការសង្ខេបនៃមេរៀនរបស់មនុស្សដែលបានបរាជ័យពីអតីតកាល ហើយថា គាត់បានស្រូបយកកម្លាំងនៃពួកបរិសុទ្ធពីអតីតកាល។ តាមឧទាហរណ៍នេះ គេអាចឃើញថាបទពិសោធន៍របស់ពេត្រុសពិតប្រាកដកម្រិតណា បានជាមនុស្សអាចឈានដល់ និងប៉ះពាល់ និងសម្រេចនូវបទពិសោធទាំងនេះបាន។ ចំណែកប៉ុលវិញ គឺខុសគ្នា៖ គ្រប់យ៉ាងដែលគាត់បាននិយាយគឺមានភាពស្រពេចស្រពិល មិនអាចមើលឃើញ ដូចជាការឡើងទៅកាន់ឋានសួគ៌ជាន់ទីបី ការឡើងគ្រងរាជ្យ និងមកុដនៃសេចក្តីសុចរិតជាដើម។ គាត់បានផ្ដោតលើអ្វីដែលនៅខាងក្រៅខ្លួន ដូចជា ឋានៈនិងការប្រៀនប្រដៅមនុស្ស ផ្ដោតលើការបង្អួតអំពីឋានៈខ្ពង់ខ្ពស់របស់គាត់ ការដែលត្រូវព្រះវិញ្ញាណបរិសុទ្ធពាល់ចិត្ត ។ល។ សេចក្ដីដែលគាត់ដេញតាមនោះ គ្មានអ្វីពិតប្រាកដនោះទេ ហើយភាគច្រើនគឺជាការស្រមើស្រមៃ ហេតុនេះហើយបានជាគេអាចមើលឃើញថា អ្វីទាំងអស់ដែលហួសពីវិស័យធម្មជាតិ ដូចជា ព្រះវិញ្ញាណបរិសុទ្ធបំផុស​គំនិតមនុស្សច្រើនប៉ុនណា សេចក្ដីអំណរដ៏ខ្លាំងក្លាដែលមនុស្សទទួលបាន ការឡើងទៅកាន់ស្ថានសួគ៌ជាន់ទីបី ឬកម្រិតដែលពួកគេទទួលបានការហ្វឹកហាត់ជាប្រចាំ កម្រិតដែលពួកគេរីករាយនឹងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលទាំងអស់នេះគ្មានមួយណាពិតប្រាកដឡើយ។ គ្រប់ការងាររបស់ព្រះវិញ្ញាណបរិសុទ្ធគឺប្រក្រតី និងពិតប្រាកដណាស់។ នៅពេលអ្នកអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងធ្វើការអធិដ្ឋាន នៅក្នុងខ្លួនអ្នកនឹងភ្លឺច្បាស់ និងនឹងនរ រហូតដល់ពិភពលោកខាងក្រៅមិនអាចរំខានអ្នកបាន ដ្បិតនៅក្នុងខ្លួនអ្នក អ្នកបានដាក់ចិត្តស្រឡាញ់ព្រះជាម្ចាស់ បានដាក់ចិត្តធ្វើរឿងដែលវិជ្ជមាន ហើយអ្នកស្អប់ខ្ពើមលោកិយដ៏អាក្រក់នេះ។ នេះជាការរស់នៅក្នុងព្រះជាម្ចាស់។ វាមិនមែនជាការទទួលបានការរីករាយដ៏អស្ចារ្យដូចមនុស្សនិយាយនោះទេ ដ្បិតការនិយាយបែបនេះមិនពិតប្រាកដនោះទេ។ ថ្ងៃនេះ គ្រប់យ៉ាងគួរចាប់ផ្តើមពីការពិតប្រាកដ។ គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើគឺពិតប្រាកដ ហើយនៅក្នុងបទពិសោធន៍របស់អ្នក អ្នកគួរតែយកចិត្តទុកដាក់ចំពោះការស្គាល់ព្រះជាម្ចាស់ក្នុង​របៀបយ៉ាងពិតប្រាកដ និងការស្វែងរកស្នាមព្រះបាទានៃកិច្ចការរបស់ព្រះជាម្ចាស់ និងមធ្យោបាយដែលព្រះវិញ្ញាណបរិសុទ្ធពាល់ចិត្ត និងបំភ្លឺមនុស្ស។ ប្រសិនបើអ្នកហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអធិដ្ឋាន និងសហការក្នុង​របៀបពិតប្រាកដកាន់តែខ្លាំង ដោយបញ្ជ្រាបនូវអ្វីដែលល្អពីអតីតកាលដែលបានកន្លងផុត និងច្រានចោលអ្វីដែលអាក្រក់ដូចជាពេត្រុស បើអ្នកស្តាប់ដោយប្រើត្រចៀកអ្នក អង្កេតដោយប្រើភ្នែកអ្នក និងធ្វើការអធិដ្ឋាន និងសញ្ជឹងគិតនៅក្នុងដួងចិត្តរបស់អ្នកឱ្យបានញឹកញាប់ និងធ្វើគ្រប់យ៉ាងដែលអ្នកអាចដើម្បីសហការជាមួយការងាររបស់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងនាំផ្លូវអ្នកយ៉ាងពិតប្រាកដជាមិនខាន។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?