អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤) ផ្នែកទីមួយ

អ្នករាល់គ្នាគួរតែដឹងអំពីសាច់រឿងបង្កប់ពីក្រោយព្រះគម្ពីរ និងសាច់រឿងនៃការបង្កើតព្រះគម្ពីរ។ មនុស្សដែលមិនទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់មិនមានចំណេះដឹងនេះឡើយ គឺពួកគេមិនដឹងទេ។ ប្រសិនបើអ្នកត្រូវនិយាយត្រង់ៗអំពីចំណេះដឹងទាំងនេះទៅកាន់ពួកគេ នោះគេនឹងលែងក្លាយជាមនុស្សប្រកាន់ខ្ជាប់នឹងព្រះគម្ពីរជាមួយអ្នកទៀតហើយ។ ជានិច្ចកាល ពួកគេកំពុងតែសិក្សាស៊ីជម្រៅទៅលើសេចក្ដីទំនាយដែលត្រូវបានថ្លែង៖ តើសេចក្តីទំនាយនេះបានក្លាយជាការពិតហើយឬនៅ? តើសេចក្តីទំនាយនោះបានក្លាយជាការពិតហើយឬនៅ? ការទទួលដំណឹងល្អរបស់ពួកគេគឺស្របតាមព្រះគម្ពីរ ហើយពួកគេប្រកាសដំណឹងល្អដែលស្របតាមព្រះគម្ពីរ។ ជំនឿរបស់គេលើព្រះជាម្ចាស់ពឹងអាងលើព្រះបន្ទូលចេញពីព្រះគម្ពីរ ហើយបើគ្មានព្រះគម្ពីរទេ នោះពួកគេនឹងមិនជឿលើព្រះជាម្ចាស់ឡើយ។ នេះជារបៀបដែលពួកគេរស់នៅ គឺដោយពិនិត្យពិច័យលើព្រះគម្ពីរ។ នៅពេលដែលពួកគេសិក្សាព្រះគម្ពីរម្ដងទៀត ហើយសុំឱ្យអ្នកពន្យល់ អ្នកនិយាយថា៖ «ជាដំបូង ចូរយើងកុំផ្ទៀងផ្ទាត់ប្រយោគនីមួយៗឡើយ។ ផ្ទុយទៅវិញ ចូរយើងមើលពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការវិញ។ ចូរយើងដើរតាមផ្លូវដែលយើងដើរ ហើយប្រៀបធៀបវាជាមួយសេចក្តីពិត ដើម្បីចង់ដឹងថាតើផ្លូវនេះពិតជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធឬអត់ ហើយចូរយើងប្រើកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ដើម្បីពិនិត្យមើលថាតើផ្លូវមួយនេះត្រឹមត្រូវឬក៏អត់។ ចំពោះថាតើសេចក្តីនេះ ឬសេចក្តីនោះបានក្លាយជាការពិតដូចបានថ្លែងទុកឬអត់ យើងជាមនុស្ស មិនគួរខ្វល់អំពីរឿងនេះទេ។ សម្រាប់យើង វាប្រសើរជាងក្នុងការនិយាយអំពីកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ និងកិច្ចការថ្មីៗបំផុតដែលព្រះជាម្ចាស់បានកំពុងតែធ្វើ»។ សេចក្តីទំនាយនៅក្នុងព្រះគម្ពីរ គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលត្រូវបានបញ្ជូនមក តាមរយៈពួកហោរានៅគ្រានោះ ហើយព្រះបន្ទូលត្រូវបានសរសេរឡើង ដោយមនុស្សដែលព្រះជាម្ចាស់បានប្រើប្រាស់ និងទទួលបានការបណ្ដាលឱ្យតាក់តែងឡើង។ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះដែលអាចពន្យល់អំពីព្រះបន្ទូលទាំងនោះ មានតែព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះដែលអាចបកស្រាយអត្ថន័យនៃព្រះបន្ទូលទាំងនោះ ហើយមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះដែលអាចបកត្រាទាំងប្រាំពីរ និងបើកក្រាំងបាន។ អ្នកនិយាយថា៖ «អ្នកមិនមែនជាព្រះជាម្ចាស់ឡើយ ហើយខ្ញុំក៏មិនមែនជាព្រះជាម្ចាស់ដែរ ដូច្នេះ តើនរណាហ៊ានពន្យល់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅ? តើអ្នកហ៊ានពន្យល់អំពីព្រះបន្ទូលទាំងនោះឬ? ទោះបីជាហោរាយេរេមា យ៉ូហាន និងអេលីយ៉ា មកក៏ដោយ ក៏ពួកគេមិនហ៊ានពន្យល់អំពីព្រះបន្ទូលទាំងនោះដែរ ព្រោះថាពួកគេមិនមែនជាកូនចៀមឡើយ។ មានតែកូនចៀមប៉ុណ្ណោះដែលអាចបកត្រាទាំងប្រាំពីរ និងបើកក្រាំងបាន ហើយគ្មានអ្នកផ្សេងទៀតអាចពន្យល់អំពីព្រះបន្ទូលរបស់ទ្រង់បានឡើយ។ ខ្ញុំមិនហ៊ានដណ្ដើមព្រះនាមរបស់ព្រះជាម្ចាស់ឡើយ ហើយក៏គ្មានបំណងចង់ពន្យល់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ ខ្ញុំមានតែចុះចូលនឹងព្រះជាម្ចាស់ប៉ុណ្ណោះ។ តើអ្នកជាព្រះជាម្ចាស់ឬ? គ្មានភាវៈដែលព្រះបង្កើតមកទាំងប៉ុន្មានហ៊ានបើកក្រាំង ឬពន្យល់អំពីព្រះបន្ទូលទាំងនោះឡើយ ហើយខ្ញុំក៏មិនហ៊ានពន្យល់ដែរ។ យកល្អ អ្នកមិនគួរព្យាយាមចង់ពន្យល់ពីព្រះបន្ទូលទាំងនោះឡើយ។ មិនគួរមាននរណាម្នាក់ព្យាយាមពន្យល់ព្រះបន្ទូលទាំងនោះទេ។ ចូរយើងនិយាយអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធវិញ ព្រោះថានេះជាអ្វីដែលមនុស្សអាចធ្វើបាន។ ខ្ញុំមានចំណេះដឹងតិចតួចប៉ុណ្ណោះអំពីកិច្ចការរបស់ព្រះយេហូវ៉ា និងកិច្ចការរបស់ព្រះយេស៊ូវ ហើយខ្ញុំក៏គ្មានបទពិសោធផ្ទាល់ខ្លួនអំពីកិច្ចការបែបនេះដែរ ដូច្នេះ ខ្ញុំអាចនិយាយអំពីកិច្ចការនេះបានតែបន្តិចបន្តួចប៉ុណ្ណោះ។ ចំពោះអត្ថន័យនៃព្រះបន្ទូលដែលអេសាយ ឬព្រះយេស៊ូវបានថ្លែងនៅក្នុងសម័យរបស់ពួកគេ ខ្ញុំនឹងមិនពន្យល់ឡើយ។ ខ្ញុំមិនសិក្សាព្រះគម្ពីរឡើយ ប៉ុន្តែផ្ទុយទៅវិញ ខ្ញុំដើរតាមកិច្ចការនាពេលបច្ចុប្បន្នរបស់ព្រះជាម្ចាស់។ ជាការពិត អ្នកចាត់ទុកព្រះគម្ពីរជាក្រាំងតូចមួយ ប៉ុន្តែតើនេះមិនមែនជាសៀវភៅមួយដែលមានតែកូនចៀមប៉ុណ្ណោះដែលអាចបើកបានទេឬអី? ក្រៅពីកូនចៀម តើនរណាទៅដែលអាចបើកវាបាន? អ្នកមិនមែនជាកូនចៀមឡើយ ហើយខ្ញុំក៏មិនហ៊ានតាំងខ្លួនជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែរ ដូច្នេះ ចូរយើងកុំវិភាគអំពីព្រះគម្ពីរ ឬពិនិត្យពិច័យលើរឿងកំប៉ិកកំប៉ុកនៃព្រះគម្ពីរឡើយ។ អ្វីដែលប្រសើរជាងក្នុងការពិភាក្សានោះ គឺជាកិច្ចការដែលត្រូវបានធ្វើដោយព្រះវិញ្ញាណបរិសុទ្ធ ព្រោះថានេះជាកិច្ចការនាពេលបច្ចុប្បន្ន ដែលត្រូវបានធ្វើដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ចូរយើងមើលអំពីគោលការណ៍ដែលព្រះជាម្ចាស់ធ្វើការ និងលក្ខណៈសំខាន់នៃកិច្ចការរបស់ទ្រង់វិញ ហើយប្រើប្រាស់ចំណុចទាំងនេះ ដើម្បីផ្ទៀងផ្ទាត់មើលថាតើផ្លូវដែលយើងដើរនាពេលសព្វថ្ងៃ គឺជាផ្លូវដែលត្រឹមត្រូវឬអត់ ហើយដោយធ្វើបែបនេះ វានឹងជួយឱ្យយើងប្រាកដច្បាស់អំពីផ្លូវមួយនោះ»។ ប្រសិនបើអ្នករាល់គ្នាចង់ប្រកាសដំណឹងល្អ ជាពិសេសទៅកាន់មនុស្សដែលស្ថិតនៅក្នុងពិភពខាងសាសនា អ្នកត្រូវតែយល់អំពីព្រះគម្ពីរ និងមានសមត្ថភាពប៉ិនប្រសប់អំពីសាច់រឿងខាងក្នុងនៃព្រះគម្ពីរ បើមិនដូច្នោះទេ អ្នកគ្មានផ្លូវអាចប្រកាសដំណឹងល្អបានឡើយ។ នៅពេលដែលអ្នកបានយល់ពីរូបភាពធំ ហើយឈប់ពិនិត្យពិច័យរិះគន់លើព្រះបន្ទូលដែលគ្មានជីវិតនៃព្រះគម្ពីរ ប៉ុន្តែនិយាយតែពីកិច្ចការរបស់ព្រះជាម្ចាស់ និងសេចក្ដីពិតជីវិត នោះអ្នកនឹងអាចទទួលបានមនុស្សដែលស្វែងរកចេញពីដួងចិត្តដ៏ពិតមិនខាន។

កិច្ចការរបស់ព្រះយេហូវ៉ា ក្រឹត្យវិន័យដែលទ្រង់បានបង្កើតឡើង និងគោលការណ៍ដែលទ្រង់បានចង្អុលបង្ហាញដល់មនុស្សនៅក្នុងការរស់នៅរបស់ពួកគេ មាតិកានៃកិច្ចការដែលទ្រង់បានធ្វើនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ភាពសំខាន់នៃការដែលទ្រង់ដាក់ឱ្យប្រើប្រាស់ក្រឹត្យវិន័យរបស់ទ្រង់ ភាពសំខាន់នៃកិច្ចការរបស់ទ្រង់ចំពោះយុគសម័យនៃព្រះគុណ និងកិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងដំណាក់កាលចុងក្រោយនេះ៖ ទាំងអស់នេះហើយ គឺជាចំណុចដែលអ្នករាល់គ្នាគួរយល់ដឹង។ ដំណាក់កាលដំបូង គឺជាកិច្ចការនៅយុគសម័យនៃក្រឹត្យវិន័យ។ ដំណាក់កាលទីពីរ គឺជាកិច្ចការនៅយុគសម័យនៃព្រះគុណ។ ហើយដំណាក់កាលទីបី គឺជាកិច្ចការនៃគ្រាចុងក្រោយ។ អ្នករាល់គ្នាត្រូវតែយល់ឱ្យបានច្បាស់អំពីដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់។ ចាប់តាំងពីដើមដំបូង រហូតដល់ទីបញ្ចប់ ទាំងអស់មាននូវបីដំណាក់កាល។ តើអ្វីទៅជាលក្ខណៈសំខាន់នៃកិច្ចការនៅដំណាក់កាលនីមួយៗ? តើនៅក្នុងកិច្ចការនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំមានដំណាក់កាលចំនួនប៉ុន្មានដែលត្រូវអនុវត្ត? តើដំណាក់កាលទាំងនេះត្រូវបានអនុវត្តយ៉ាងដូចម្ដេច? ហេតុអ្វីបានជាដំណាក់កាលនីមួយៗត្រូវបានអនុវត្តតាមរបៀបនោះ? ទាំងនេះសុទ្ធតែជាសំណួរដ៏សំខាន់។ កិច្ចការនៅយុគសម័យនីមួយៗមាននូវគុណតម្លៃតំណាងរបស់វា។ តើកិច្ចការអ្វីទៅដែលព្រះយេហូវ៉ាបានអនុវត្ត? ហេតុអ្វីបានជាទ្រង់ធ្វើវាតាមរបៀបនោះ? ហេតុអ្វីទ្រង់ត្រូវបានហៅថាជាព្រះយេហូវ៉ា? ជាថ្មីម្ដងទៀត តើកិច្ចការអ្វីដែលព្រះយេស៊ូវបានអនុវត្តនៅក្នុងយុគសម័យនៃព្រះគុណ? តើទ្រង់បានធ្វើកិច្ចការនោះដោយរបៀបណា? តើផ្នែកណាខ្លះនៃនិស្ស័យរបស់ព្រះជាម្ចាស់តំណាងឱ្យដំណាក់កាលនីមួយៗនៃកិច្ចការ និងយុគសម័យនីមួយៗ? តើផ្នែកណាខ្លះនៃនិស្ស័យរបស់ទ្រង់ដែលត្រូវបានបង្ហាញចេញនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ? តើមានផ្នែកណាខ្លះនៅក្នុងយុគសម័យនៃព្រះគុណ? តើមានផ្នែកណាខ្លះនៅក្នុងយុគសម័យចុងក្រោយ? ទាំងនេះគឺជាសំណួរដ៏សំខាន់ដែលអ្នករាល់គ្នាត្រូវយល់ឱ្យបានច្បាស់។ និស្ស័យទាំងអស់របស់ព្រះជាម្ចាស់ត្រូវបានបើកសម្ដែងនៅក្នុងដំណើរផ្លូវនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ។ និស្ស័យទាំងនេះមិនត្រូវបានបើកសម្ដែងតែនៅក្នុងយុគសម័យនៃព្រះគុណ យុគសម័យនៃក្រឹត្យវិន័យ ឬតែក្នុងអំឡុងពេលនៃគ្រាចុងក្រោយប៉ុណ្ណោះនោះឡើយ។ កិច្ចការដែលត្រូវអនុវត្តនៅគ្រាចុងក្រោយតំណាងដោយការជំនុំជម្រះ សេចក្ដីក្រោធ និងការវាយផ្ចាល។ កិច្ចការដែលត្រូវអនុវត្តនៅគ្រាចុងក្រោយ មិនអាចជំនួសឱ្យកិច្ចការនៅយុគសម័យនៃក្រឹត្យវិន័យ ឬយុគសម័យនៃព្រះគុណឡើយ។ យ៉ាងណាមិញ ដំណាក់កាលទាំងបីដែលមានភាពជាប់ទាក់ទងគ្នានេះ បង្កើតបានជាអង្គភាពរួមមួយ ហើយដំណាក់កាលទាំងបីនេះសុទ្ធតែជាកិច្ចការរបស់ព្រះជាម្ចាស់តែមួយ។ តាមធម្មតា ការអនុវត្តនៃកិច្ចការនេះ ត្រូវបានបែងចែកជាយុគសម័យខុសៗគ្នា។ កិច្ចការដែលត្រូវបានធ្វើនៅគ្រាចុងក្រោយនាំមកនូវការបិទបញ្ចប់ចំពោះអ្វីៗគ្រប់យ៉ាង ហើយការដែលត្រូវបានធ្វើនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ គឺជាកិច្ចការនៃការចាប់ផ្ដើម ឯកិច្ចការដែលត្រូវបានធ្វើនៅក្នុងយុគសម័យនៃព្រះគុណ គឺជាកិច្ចការនៃការប្រោសលោះ។ ចំពោះនិមិត្តអំពីកិច្ចការនៅក្នុងផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំនេះ គ្មាននរណាម្នាក់អាចទទួលបានគតិជ្រៅជ្រះ ឬការយល់ដឹងឡើយ ហើយនិមិត្តទាំងនេះនៅជាអាថ៌កំបាំងដដែល។ នៅគ្រាចុងក្រោយ មានតែកិច្ចការនៃព្រះបន្ទូលប៉ុណ្ណោះដែលត្រូវបានអនុវត្ត ដើម្បីនាំចូលទៅក្នុងយុគសម័យនៃនគរព្រះ ប៉ុន្តែវាមិនតំណាងឱ្យយុគសម័យទាំងអស់ឡើយ។ គ្រាចុងក្រោយគ្មានអ្វីលើសពីគ្រាចុងក្រោយទេ ហើយមិនលើសពីយុគសម័យនៃនគរព្រះឡើយ ហើយវាមិនតំណាងឱ្យយុគសម័យនៃព្រះគុណ ឬយុគសម័យនៃក្រឹត្យវិន័យឡើយ។ ក្នុងអំឡុងនៃគ្រាចុងក្រោយ វាគ្រាន់តែគ្រប់កិច្ចការទាំងអស់នៅក្នុងផែនការរយៈពេលប្រាំមួយពាន់ឆ្នាំ ត្រូវបានបើកសម្ដែងឱ្យអ្នករាល់គ្នាបានឃើញប៉ុណ្ណោះ។ នេះគឺជាការបើកសម្ដែងនូវសេចក្តីអាថ៌កំបាំង។ សេចក្តីអាថ៌កំបាំងប្រភេទនេះ គឺជាអ្វីមួយដែលគ្មានមនុស្សណាម្នាក់អាចបើកសម្ដែងបានឡើយ។ មិនថាមនុស្សនោះមានការយល់ដឹងអំពីព្រះគម្ពីរអស្ចារ្យប៉ុនណាទេ វានៅត្រឹមជាពាក្យពេចន៍តែប៉ុណ្ណោះ ដ្បិតមនុស្សមិនយល់ពីលក្ខណៈសំខាន់នៃព្រះគម្ពីរឡើយ។ នៅក្នុងការអានព្រះគម្ពីរ មនុស្សអាចយល់អំពីសេចក្តីពិតខ្លះ គេអាចពន្យល់ព្រះបន្ទូលបានខ្លះ ឬពិនិត្យពិច័យល្អិតល្អន់លើបទគម្ពីរ និងជំពូកដ៏ល្បីៗមួយចំនួនបាន ប៉ុន្តែគេនឹងមិនអាចបកស្រាយយល់ពីអត្ថន័យដែលមាននៅក្នុងព្រះបន្ទូលទាំងនោះបានឡើយ ព្រោះថាអ្វីៗទាំងអស់ដែលមនុស្សមើលឃើញ គឺជាព្រះបន្ទូលដែលស្លាប់ មិនមែនជាឈុតឆាកនៃកិច្ចការរបស់ព្រះយេហូវ៉ា និងរបស់ព្រះយេស៊ូវឡើយ ហើយមនុស្សគ្មានផ្លូវអាចបកស្រាយសេចក្តីអាថ៌កំបាំងនៃកិច្ចការនេះបានឡើយ។ ដូច្នេះ សេចក្តីអាថ៌កំបាំងអំពីផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ គឺជាសេចក្តីអាថ៌កំបាំងដ៏ធំបំផុត ដ៏លាក់កំបាំងបំផុត ហើយមនុស្សមិនអាចវាស់ស្ទង់បានឡើយ។ គ្មាននរណាម្នាក់អាចយល់ដោយផ្ទាល់អំពីចេតនារបស់ព្រះជាម្ចាស់ឡើយ លុះត្រាតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គពន្យល់ និងបើកសម្ដែងការនោះដល់មនុស្ស បើមិនដូច្នោះទេ សេចក្តីទាំងនេះនឹងនៅជាពាក្យបណ្ដៅចំពោះមនុស្សជារៀងរហូត នៅជាសេចក្តីអាថ៌កំបាំងបិទជិតជារៀងរហូត។ មិនបាច់និយាយដល់សេចក្តីនៅក្នុងពិភពខាងសាសនាទេ។ នៅថ្ងៃនេះ ប្រសិនបើខ្ញុំមិនមានបន្ទូលប្រាប់ដល់អ្នករាល់គ្នា នោះអ្នករាល់គ្នាក៏នឹងមិនយល់អំពីសេចក្តីនោះដែរ។ កិច្ចការរយៈពេលប្រាំមួយពាន់ឆ្នាំនេះ គឺជាសេចក្តីមួយដែលមានលក្ខណៈអាថ៌កំបាំងខ្លាំងជាងសេចក្តីទំនាយទាំងអស់របស់ពួកហោរាទៅទៀត។ វាជាសេចក្តីអាថ៌កំបាំងដ៏ធំបំផុត ចាប់តាំងពីកំណើតពិភពលោក រហូតមកដល់ពេលបច្ចុប្បន្ន ហើយគ្មានហោរាណាម្នាក់នៅក្នុងយុគសម័យទាំងអស់អាចវាស់ស្ទង់បានឡើយ ព្រោះសេចក្តីអាថ៌កំបាំងនេះត្រូវបានបើកសម្ដែងតែនៅក្នុងយុគសម័យចុងក្រោយប៉ុណ្ណោះ ហើយវាមិនធ្លាប់ត្រូវបានបើកសម្ដែងកាលពីមុនឡើយ។ ប្រសិនបើអ្នករាល់គ្នាអាចយល់អំពីសេចក្តីអាថ៌កំបាំងនេះ ហើយប្រសិនបើអ្នកអាចយល់បានទាំងស្រុង នោះគ្រប់បុគ្គលសាសនាទាំងអស់នឹងត្រូវចាញ់ក្រោមសេចក្តីអាថ៌កំបាំងនេះមិនខាន។ មានតែសេចក្តីនេះទេ ដែលជានិមិត្តដ៏អស្ចារ្យបំផុត និងជាសេចក្តីដែលមនុស្សចង់យល់បំផុត ប៉ុន្តែវាក៏ជាអ្វីមួយដែលគេមិនយល់ច្បាស់បំផុតដែរ។ នៅពេលដែលអ្នករាល់គ្នាស្ថិតនៅក្នុងយុគសម័យនៃព្រះគុណ អ្នកមិនដឹងអំពីកិច្ចការដែលត្រូវបានធ្វើដោយព្រះយេស៊ូវ ឬកិច្ចការដែលត្រូវបានធ្វើដោយព្រះយេហូវ៉ាឡើយ។ មនុស្សមិនយល់អំពីហេតុផលដែលព្រះយេហូវ៉ាបានបង្កើតក្រឹត្យវិន័យ ហេតុផលដែលទ្រង់សុំឱ្យបណ្ដាជនកាន់តាមក្រឹត្យវិន័យ ឬហេតុផលដែលព្រះវិហារត្រូវបានសង់ ហើយក៏មិនយល់អំពីហេតុផលដែលប្រជាជនអ៊ីស្រាអែលត្រូវបានដឹកនាំចេញពីស្រុកអេស៊ីព្ទ ចូលទៅក្នុងវាលរហោស្ថាន បន្ទាប់មក ចូលទៅក្នុងទឹកដីកាណានឡើយ។ បញ្ហាទាំងនេះត្រូវបានបើកសម្ដែងឱ្យដឹងនៅថ្ងៃនេះប៉ុណ្ណោះ។

កិច្ចការនៅគ្រាចុងក្រោយ គឺជាដំណាក់កាលចុងក្រោយនៃដំណាក់កាលទាំងបី។ វាជាកិច្ចការនៃយុគសម័យថ្មីមួយទៀត ហើយវាមិនតំណាងឱ្យកិច្ចការគ្រប់គ្រងទាំងអស់ឡើយ។ ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ ត្រូវបានបែងចែកជាបីដំណាក់កាលនៃកិច្ចការ។ គ្មានដំណាក់កាលណាមួយអាចតំណាងឱ្យកិច្ចការនៃយុគសម័យទាំងបីនោះឡើយ ប៉ុន្តែតំណាងតែផ្នែកមួយនៃដំណាក់កាលទាំងមូលប៉ុណ្ណោះ។ ព្រះនាមព្រះយេហូវ៉ា មិនអាចតំណាងឱ្យនិស្ស័យទាំងស្រុងរបស់ព្រះជាម្ចាស់ឡើយ។ ការដែលទ្រង់បានអនុវត្តកិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ មិនបញ្ជាក់ថា ព្រះជាម្ចាស់អាចក្លាយជាព្រះនៅក្រោមក្រឹត្យវិន័យតែប៉ុណ្ណោះឡើយ។ ព្រះយេហូវ៉ាបានបង្កើតក្រឹត្យវិន័យសម្រាប់មនុស្ស ហើយបានប្រទានបទបញ្ញត្តិដល់ពួកគេ ដោយសុំឱ្យមនុស្សកសាងព្រះវិហារ និងអាសនា ដូច្នេះ កិច្ចការដែលទ្រង់បានធ្វើ តំណាងឱ្យយុគសម័យនៃក្រឹត្យវិន័យតែប៉ុណ្ណោះ។ កិច្ចការដែលទ្រង់បានធ្វើនេះ មិនបញ្ជាក់ថា ព្រះជាម្ចាស់ជាព្រះមួយអង្គដែលសុំឱ្យមនុស្សកាន់តាមក្រឹត្យវិន័យ ឬទ្រង់ជាព្រះជាម្ចាស់នៅក្នុងព្រះវិហារ ឬទ្រង់ជាព្រះជាម្ចាស់នៅមុខអាសនាប៉ុណ្ណោះឡើយ។ ការនិយាយបែបនេះមិនមែនជាការពិតឡើយ។ កិច្ចការដែលត្រូវបានធ្វើនៅក្រោមក្រឹត្យវិន័យ អាចតំណាងឱ្យយុគសម័យមួយតែប៉ុណ្ណោះ។ ដូច្នេះ ប្រសិនបើព្រះជាម្ចាស់បានធ្វើកិច្ចការតែនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ នោះមនុស្សនឹងដាក់កំហិតព្រះជាម្ចាស់ ដោយនិយាយថា «ព្រះជាម្ចាស់ជាព្រះដែលគង់នៅក្នុងព្រះវិហារ ហើយដើម្បីបម្រើព្រះជាម្ចាស់ យើងត្រូវតែស្លៀកពាក់ជាសង្ឃ ហើយចូលទៅក្នុងព្រះវិហារ»។ ប្រសិនបើកិច្ចការនៅក្នុងយុគសម័យនៃព្រះគុណមិនត្រូវបានអនុវត្ត ហើយយុគសម័យនៃក្រឹត្យវិន័យបានបន្ត រហូតមកដល់ពេលបច្ចុប្បន្ន នោះមនុស្សនឹងមិនដឹងថា ព្រះជាម្ចាស់ជាព្រះ ដែលពេញដោយសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដែរនោះឡើយ។ ប្រសិនបើកិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យមិនត្រូវបានធ្វើ ហើយមានតែកិច្ចការនៅក្នុងយុគសម័យនៃព្រះគុណ នោះអ្វីៗគ្រប់យ៉ាងដែលមនុស្សនឹងដឹងគឺថា ព្រះជាម្ចាស់អាចប្រោសលោះមនុស្ស និងអត់ទោសដល់បាបរបស់មនុស្សតែប៉ុណ្ណោះ។ អ្វីដែលមនុស្សដឹងគឺ ទ្រង់បរិសុទ្ធ និងស្លូតត្រង់ និងដឹងទៀតថា ទ្រង់អាចលះបង់អង្គទ្រង់ដោយការជាប់ឆ្កាង ដើម្បីជាប្រយោជន៍ដល់មនុស្ស។ មនុស្សនឹងដឹងតែរឿងទាំងនេះប៉ុណ្ណោះ ប៉ុន្តែគេគ្មានការយល់ដឹងអំពីរឿងផ្សេងឡើយ។ ដូច្នេះ យុគសម័យនីមួយៗតំណាងឱ្យផ្នែកមួយនៃនិស្ស័យរបស់ព្រះជាម្ចាស់។ ចំពោះផ្នែកណានៃនិស្ស័យរបស់ព្រះជាម្ចាស់ដែលត្រូវបានតំណាងនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ផ្នែកណានៅក្នុងយុគសម័យនៃព្រះគុណ និងផ្នែកណានៅក្នុងដំណាក់កាលនាពេលបច្ចុប្បន្ននេះ គឺមានតែនៅពេលដែលដំណាក់កាលទាំងបីត្រូវបានដាក់បញ្ចូលគ្នាប៉ុណ្ណោះ ទើបវាអាចបើកសម្ដែងអំពីនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់។ មានតែនៅពេលដែលមនុស្សចាប់ផ្ដើមដឹងអំពីដំណាក់កាលទាំងបីប៉ុណ្ណោះ ទើបគេអាចយល់អំពីវាបានទាំងស្រុង។ គ្មានដំណាក់កាលណាមួយក្នុងដំណាក់កាលទាំងបីអាចត្រូវបានលុបចោលនោះឡើយ។ អ្នករាល់គ្នានឹងមើលឃើញពីនិស្ស័យរបស់ព្រះជាម្ចាស់យ៉ាងពេញលេញបាន គឺក្រោយពេលដែលអ្នកដឹងអំពីដំណាក់កាលទាំងបីនៃកិច្ចការទាំងនេះតែប៉ុណ្ណោះ។ ការដែលព្រះជាម្ចាស់សម្រេចកិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ មិនបញ្ជាក់ថា ទ្រង់ជាព្រះជាម្ចាស់នៅក្រោមក្រឹត្យវិន័យតែមួយឡើយ ហើយការដែលទ្រង់បានបញ្ចប់កិច្ចការប្រោសលោះរបស់ទ្រង់ ក៏មិនមែនមានន័យថា ព្រះជាម្ចាស់នឹងប្រោសលោះមនុស្សជាតិជារៀងរហូតនោះដែរ។ ទាំងនេះគឺជាការដាក់កំហិតពីសំណាក់មនុស្សតែប៉ុណ្ណោះ។ យុគសម័យនៃព្រះគុណបានមកដល់ទីបញ្ចប់ហើយ ដូច្នេះ អ្នកមិនអាចនិយាយថា ព្រះជាម្ចាស់ធ្វើការតែនៅលើឈើឆ្កាងនោះទេ និងនិយាយទៀតថា ឈើឆ្កាងតំណាងឱ្យសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់តែមួយនោះឡើយ ព្រោះថាការនិយាយបែបនេះ នឹងដាក់កំហិតព្រះជាម្ចាស់មិនខាន។ នៅក្នុងដំណាក់កាលបច្ចុប្បន្ន ព្រះជាម្ចាស់កំពុងតែផ្ដោតធ្វើកិច្ចការនៃព្រះបន្ទូល ប៉ុន្តែអ្នកមិនអាចនិយាយថា ព្រះជាម្ចាស់មិនដែលមានសេចក្តីមេត្តាករុណាចំពោះមនុស្ស ហើយនិយាយទៀតថា អ្វីគ្រប់យ៉ាងដែលទ្រង់បាននាំមក គឺជាការវាយផ្ចាល និងការជំនុំជម្រះនោះឡើយ។ កិច្ចការនៅគ្រាចុងក្រោយលាតត្រដាងពីកិច្ចការរបស់ព្រះយេហូវ៉ា និងព្រះយេស៊ូវ ព្រមទាំងគ្រប់ទាំងសេចក្តីអាថ៌កំបាំងដែលមនុស្សមិនបានយល់ ដូច្នេះហើយក៏បើកសម្ដែងពីទិសដៅ និងទីចុងបញ្ចប់នៃមនុស្សជាតិ និងបិទបញ្ចប់គ្រប់ទាំងកិច្ចការនៃសេចក្តីសង្រ្គោះនៅក្នុងចំណោមមនុស្សជាតិដែរ។ ដំណាក់កាលនៃកិច្ចការនៅគ្រាចុងក្រោយនេះ នាំមកនូវការបិទបញ្ចប់ដល់អ្វីៗទាំងអស់។ គ្រប់សេចក្តីអាថ៌កំបាំងដែលមនុស្សមិនយល់ ត្រូវបានលាតត្រដាង ដើម្បីជួយឱ្យមនុស្សយល់ពីសេចក្ដីអាថ៌កំបាំងទាំងនោះដល់ជម្រៅចិត្តរបស់គេ និងមានការយល់ដឹងច្បាស់លាស់ទាំងស្រុងនៅក្នុងដួងចិត្តរបស់គេ។ មានតែបែបនេះទេ ទើបពូជសាសន៍មនុស្សអាចត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទរបស់គេ។ មានតែក្រោយពេលដែលផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំត្រូវបានបញ្ចប់ប៉ុណ្ណោះ ទើបមនុស្សនឹងចាប់ផ្ដើមយល់អំពីនិស្ស័យទាំងស្រុងរបស់ព្រះជាម្ចាស់ ដ្បិតពេលនោះ ផែនការរបស់ទ្រង់នឹងបានមកដល់ទីបញ្ចប់។ ឥឡូវនេះ អ្នករាល់គ្នាបានដកពិសោធន៍អំពីកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យចុងក្រោយរួចហើយ តើនិស្ស័យរបស់ព្រះជាម្ចាស់គឺជាអ្វីទៅ? តើអ្នកហ៊ាននិយាយថា ព្រះជាម្ចាស់ជាព្រះដែលគ្រាន់តែមានបន្ទូលតែម្យ៉ាងឬ? អ្នកនឹងមិនហ៊ានដាក់កំហិតចំពោះព្រះជាម្ចាស់បែបនេះឡើយ។ អ្នកខ្លះនឹងនិយាយថា ព្រះជាម្ចាស់ជាព្រះដែលលាតត្រដាងសេចក្តីអាថ៌កំបាំង ហើយនិយាយទៀតថា ព្រះជាម្ចាស់គឺជាកូនចៀម និងជាព្រះដែលបកត្រាទាំងប្រាំពីរ។ ប៉ុន្តែ គ្មាននរណាម្នាក់ហ៊ានដាក់កំហិតចំពោះព្រះជាម្ចាស់បែបនេះឡើយ។ អ្នកផ្សេងទៀតនឹងនិយាយថា ព្រះជាម្ចាស់ជាសាច់ឈាមដែលយកកំណើតជាមនុស្ស ប៉ុន្តែនេះនៅតែមិនទាន់ត្រឹមត្រូវនៅឡើយទេ។ អ្នកខ្លះទៀតអាចនិយាយថា ព្រះដែលយកកំណើតជាមនុស្សយាងមក ដើម្បីមានបន្ទូលតែប៉ុណ្ណោះ ហើយទ្រង់មិនធ្វើទីសម្គាល់ និងការអស្ចារ្យអ្វីឡើយ។ ប៉ុន្តែអ្នកមិនត្រូវនិយាយបែបនេះទេ ព្រោះព្រះយេស៊ូវបានត្រលប់ជាសាច់ឈាម ហើយបានធ្វើទីសម្គាល់ និងការអស្ចារ្យជាច្រើន ដូច្នេះ អ្នកមិនហ៊ានកំណត់អត្ថន័យព្រះជាម្ចាស់ស្រាលៗបែបនេះឡើយ។ គ្រប់កិច្ចការដែលត្រូវបានធ្វើនៅក្នុងផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំនេះ ឥឡូវបានមកដល់ទីបញ្ចប់ហើយ។ មានតែក្រោយពេលដែលកិច្ចការទាំងអស់នេះត្រូវបានបើកសម្ដែងឱ្យមនុស្សបានឃើញ និងត្រូវបានអនុវត្តនៅក្នុងចំណោមមនុស្សជាតិប៉ុណ្ណោះ ទើបមនុស្សជាតិនឹងដឹងអំពីនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់ និងដឹងពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់។ នៅពេលដែលកិច្ចការនៃដំណាក់កាលនេះត្រូវបានបញ្ចប់ទាំងស្រុង នោះគ្រប់ទាំងសេចក្តីអាថ៌កំបាំងដែលមនុស្សមិនយល់ នឹងត្រូវបានបើកសម្ដែង គ្រប់ទាំងសេចក្តីពិតដែលមិនបានយល់កាលពីមុន នឹងត្រូវបានបង្ហាញឱ្យយល់ច្បាស់ ហើយពូជសាសន៍មនុស្សនឹងបានដឹងអំពីផ្លូវ និងទិសដៅទៅថ្ងៃអនាគតរបស់គេ។ នេះគឺជាកិច្ចការទាំងស្រុងដែលត្រូវធ្វើនៅក្នុងដំណាក់កាលបច្ចុប្បន្ន។ ទោះបីផ្លូវដែលមនុស្សដើរនាពេលសព្វថ្ងៃ ជាផ្លូវនៃឈើឆ្កាង និងផ្លូវនៃទុក្ខវេទនាក៏ដោយ ក៏អ្វីដែលមនុស្សត្រូវអនុវត្ត អ្វីដែលគេហូប ផឹក និងរីករាយនៅថ្ងៃនេះ មានលក្ខណៈខុសគ្នាយ៉ាងខ្លាំងពីអ្វីដែលមនុស្សបានធ្វើនៅក្រោមក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ។ អ្វីដែលត្រូវបានស្នើសុំពីមនុស្សនាពេលសព្វថ្ងៃ ខុសពីអ្វីដែលត្រូវបានស្នើសុំកាលពីអតីតកាល ហើយក៏កាន់តែខុសពីអ្វីដែលត្រូវបានស្នើសុំនៅក្នុងយុគសម័យនៃក្រឹត្យវិន័យដែរ។ ដូច្នេះ តើអ្វីទៅដែលត្រូវបានស្នើសុំពីមនុស្សនៅក្រោមក្រឹត្យវិន័យ នៅពេលដែលព្រះជាម្ចាស់កំពុងតែធ្វើកិច្ចការរបស់ទ្រង់នៅក្នុងស្រុកអ៊ីស្រាអែល? វាជាការដែលមនុស្សត្រូវតែកាន់តាមថ្ងៃសប្ប័ទ និងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ។ គ្មាននរណាម្នាក់ធ្វើការនៅថ្ងៃសប្ប័ទ ឬបំពានក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាឡើយ។ ប៉ុន្តែ សព្វថ្ងៃនេះ វាមិននៅបែបនេះទៀតទេ។ នៅថ្ងៃសប្ប័ទ មនុស្សធ្វើការ ជួបជុំគ្នា និងអធិស្ឋានតាមធម្មតា ហើយគ្មានបម្រាមណាមួយត្រូវបានដាក់ទៅលើពួកគេទេ។ អស់អ្នកដែលនៅក្នុងយុគសម័យនៃព្រះគុណត្រូវទទួលបុណ្យជ្រមុជទឹក ហើយពួកគេក៏ត្រូវបានស្នើសុំឱ្យតមអាហារ កាច់នំប៉័ង ផឹកស្រាទំពាំងបាយជូរ គ្របក្បាល និងលាងជើងរបស់អ្នកដទៃ។ សព្វថ្ងៃនេះ ច្បាប់ទាំងនេះត្រូវបានលុបបំបាត់ចោល ប៉ុន្តែមនុស្សទទួលបានការទាមទារកាន់តែធំ ដ្បិតកិច្ចការរបស់ព្រះជាម្ចាស់ចម្រើនឡើងកាន់តែស៊ីជម្រៅ ហើយច្រកចូលរបស់មនុស្សក៏ឡើងកាន់តែខ្ពស់ដែរ។ កាលពីអតីតកាល ព្រះយេស៊ូវបានដាក់ព្រះហស្តរបស់ទ្រង់លើមនុស្ស ហើយអធិស្ឋានសម្រាប់ពួកគេ ប៉ុន្តែឥឡូវនេះ ចំពោះគ្រប់ទាំងសេចក្តីដែលត្រូវបានថ្លែង តើអ្វីទៅជាអត្ថប្រយោជន៍នៃការដាក់ដៃលើ? គឺមានតែព្រះបន្ទូលមួយគត់ ដែលអាចសម្រេចជាលទ្ធផលបាន។ នៅពេលដែលទ្រង់បានដាក់ព្រះហស្តរបស់ទ្រង់ទៅលើមនុស្សកាលពីអតីតកាល វាជាការប្រទានពរដល់មនុស្ស ហើយវាក៏ជាការប្រោសមនុស្សឱ្យជាពីជំងឺរបស់គេដែរ។ នេះគឺជារបៀបដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើការនៅគ្រានោះ ប៉ុន្តែសព្វថ្ងៃនេះ វាមិននៅបែបនោះទៀតឡើយ។ ឥឡូវនេះ ព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់ព្រះបន្ទូល ដើម្បីធ្វើការ និងសម្រេចជាលទ្ធផល។ ព្រះបន្ទូលរបស់ទ្រង់ត្រូវបានស្ដែងចេញយ៉ាងច្បាស់ដល់អ្នករាល់គ្នា ហើយអ្នកគួរតែអនុវត្តតាមព្រះបន្ទូលដែលអ្នកបានទទួល។ ព្រះបន្ទូលរបស់ទ្រង់ គឺជាចេតនារបស់ទ្រង់ ហើយព្រះបន្ទូលទាំងនោះ គឺជាកិច្ចការដែលទ្រង់សព្វព្រះហឫទ័យចង់ធ្វើ។ តាមរយៈព្រះបន្ទូលរបស់ទ្រង់ អ្នកនឹងយល់ពីចេតនារបស់ទ្រង់ ហើយចំពោះការដែលទ្រង់សុំឱ្យអ្នកទទួលបាន អ្នកគ្រាន់តែអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ដោយផ្ទាល់ទៅ ដោយមិនចាំបាច់មានការដាក់ដៃពីលើនោះឡើយ។ អ្នកខ្លះនិយាយថា៖ «សូមទ្រង់ដាក់ព្រះហស្តលើទូលបង្គំមក! សូមទ្រង់ដាក់ព្រះហស្តលើទូលបង្គំមក ដើម្បីឱ្យទូលបង្គំអាចទទួលបានព្រះពររបស់ទ្រង់ និងដើម្បីឱ្យទូលបង្គំអាចចូលរួមចំណែកជាមួយទ្រង់»។ ទាំងនេះជាការអនុវត្តពីអតីតកាលដែលហួសសម័យ ឥឡូវនេះ វាប្រើការលែងបានទៀតហើយ ព្រោះថាយុគសម័យបានផ្លាស់ប្ដូរហើយ។ ព្រះវិញ្ញាណបរិសុទ្ធធ្វើការស្របតាមយុគសម័យ ដោយមិនធ្វើការបែបព្រាវៗ ឬស្របតាមក្បួនច្បាប់នោះឡើយ។ យុគសម័យបានផ្លាស់ប្ដូរ ហើយយុគសម័យថ្មីក៏នាំមកនូវកិច្ចការថ្មីដែរ។ នេះជាការពិតនៅគ្រប់ដំណាក់កាលនៃកិច្ចការ ដូច្នេះ កិច្ចការរបស់ទ្រង់មិនដែលជាន់ដានដដែលៗឡើយ។ នៅក្នុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើនដូចជា ការប្រោសជំងឺឱ្យជា ការបណ្ដេញអារក្ស ការដាក់ដៃអធិស្ឋានលើមនុស្ស និងការប្រទានពរដល់មនុស្ស។ យ៉ាងណាមិញ ការធ្វើបែបនេះនៅក្នុងសម័យបច្ចុប្បន្ន នឹងក្លាយជារឿងគ្មានន័យឡើយ។ ព្រះវិញ្ញាណបរិសុទ្ធបានធ្វើការតាមរបៀបនោះកាលនៅគ្រានោះ ដោយសារតែវាជាយុគសម័យនៃព្រះគុណ ហើយវាមានព្រះគុណគ្រប់គ្រាន់សម្រាប់មនុស្សដើម្បីរីករាយ។ មនុស្សមិនត្រូវបានស្នើសុំឱ្យបង់ថ្លៃអ្វីឡើយ ហើយដរាបណាគេមានសេចក្តីជំនឿ នោះគេនឹងទទួលបានព្រះគុណមិនខាន។ អ្វីៗគ្រប់យ៉ាងត្រូវបានប្រព្រឹត្តចំពោះមនុស្សប្រកបដោយព្រះគុណ។ ឥឡូវនេះ យុគសម័យបានផ្លាស់ប្ដូរ ហើយកិច្ចការរបស់ព្រះជាម្ចាស់ក៏បានវិវឌ្ឍទៅមុខដែរ។ គឺមានតែតាមរយៈការវាយផ្ចាល និងការជំនុំជម្រះប៉ុណ្ណោះ ទើបការបះបោររបស់មនុស្ស និងអ្វីៗដែលមិនបរិសុទ្ធនៅក្នុងមនុស្ស នឹងត្រូវជម្រះចោល។ នៅដំណាក់កាលនៃការប្រោសលោះនោះ វាជារឿងចាំបាច់ដែលព្រះជាម្ចាស់ធ្វើការតាមរបៀបនោះ គឺជាការបង្ហាញព្រះគុណគ្រប់គ្រាន់ ដើម្បីឱ្យមនុស្សរីករាយ ដូច្នេះ មនុស្សអាចត្រូវបានប្រោសលោះពីបាប ហើយតាមរយៈមធ្យោបាយនៃព្រះគុណ បាបរបស់គេត្រូវបានអត់ទោសឱ្យ។ ដំណាក់កាលបច្ចុប្បន្ននេះ គឺជាការលាតត្រដាងសេចក្តីទុច្ចរិតដែលមាននៅខាងក្នុងមនុស្ស តាមរយៈមធ្យោបាយនៃការវាយផ្ចាល ការជំនុំជម្រះ និងការផ្ចាញ់ដោយព្រះបន្ទូល ក៏ដូចជាការប្រៀនប្រដៅ និងការបើកសម្ដែងនៃព្រះបន្ទូល ដើម្បីឱ្យមនុស្សជាតិអាចត្រូវបានសង្រ្គោះនៅពេលក្រោយ។ នេះគឺជាកិច្ចការមួយដែលស៊ីជម្រៅជាងការប្រោសលោះ។ ព្រះគុណនៅក្នុងយុគសម័យនៃព្រះគុណ គឺគ្រប់គ្រាន់សម្រាប់ការរីករាយរបស់មនុស្ស ប៉ុន្តែឥឡូវនេះ មនុស្សបានដកពិសោធន៍ព្រះគុណនេះរួចហើយ ដូច្នេះ គេលែងរីករាយនឹងវាទៀតហើយ។ ឥឡូវ កិច្ចការនេះក្លាយជាអតីតកាល ហើយវាលែងត្រូវបានធ្វើទៀតហើយ។ ឥឡូវនេះ មនុស្សត្រូវបានសង្រ្គោះ តាមរយៈការជំនុំជម្រះនៃព្រះបន្ទូល។ បន្ទាប់ពីមនុស្សត្រូវបានជំនុំជម្រះ វាយផ្ចាល និងបន្សុទ្ធ នោះនិស្ស័យរបស់គេនឹងត្រូវបានផ្លាស់ប្ដូរ។ តើនេះមិនមែនព្រោះតែព្រះបន្ទូលដែលខ្ញុំបានថ្លែងទេឬអី? ដំណាក់កាលនីមួយៗត្រូវបានធ្វើស្របតាមការវិវឌ្ឍនៃពូជសាសន៍មនុស្សទាំងមូល ហើយក៏ស្របតាមយុគសម័យដែរ។ កិច្ចការទាំងអស់សុទ្ធតែសំខាន់ ហើយកិច្ចការទាំងអស់ត្រូវបានធ្វើសម្រាប់ជាប្រយោជន៍នៃសេចក្តីសង្រ្គោះចុងក្រោយ ដើម្បីឱ្យមនុស្សជាតិអាចមានទិសដៅល្អនៅថ្ងៃអនាគត និងដើម្បីឱ្យមនុស្សជាតិអាចត្រូវបានចាត់ថ្នាក់ស្របតាមប្រភេទរបស់គេនៅចុងបញ្ចប់។

កិច្ចការនៃគ្រាចុងក្រោយ គឺជាការមានបន្ទូល។ ការផ្លាស់ប្ដូរធំៗអាចត្រូវបានកើតឡើងនៅក្នុងមនុស្ស តាមរយៈមធ្យោបាយនៃព្រះបន្ទូល។ ឥឡូវនេះ ការផ្លាស់ប្ដូរដែលកើតឡើងនៅក្នុងមនុស្សទាំងនេះ ក្រោយពេលដែលទទួលយកព្រះបន្ទូលទាំងនេះ មានកម្រិតខ្លាំងជាងការផ្លាស់ប្ដូរដែលកើតឡើងនៅក្នុងមនុស្ស ក្រោយពេលដែលពួកគេទទួលបាននូវទីសម្គាល់ព្រមទាំងការអស្ចារ្យនៅយុគសម័យនៃព្រះគុណទៅទៀត។ ព្រោះថានៅក្នុងយុគសម័យនៃព្រះគុណ អារក្សត្រូវបានបណ្ដេញចេញពីមនុស្ស ដោយការអធិស្ឋានដាក់ដៃពីលើមែន ប៉ុន្តែនិស្ស័យដ៏ពុករលួយដែលមាននៅក្នុងមនុស្សនៅតែមានដដែល។ មនុស្សត្រូវបានប្រោសឱ្យជាពីជំងឺរបស់គេ និងត្រូវបានអត់ទោសពីបាបរបស់គេមែន ប៉ុន្តែចំពោះរបៀបដែលមនុស្សត្រូវបានលាងជម្រះពីនិស្ស័យដ៏ពុករលួយរបស់សាតាំងដែលមាននៅក្នុងគេ កិច្ចការនេះមិនទាន់ត្រូវបានធ្វើនៅឡើយទេ។ មនុស្សគ្រាន់តែទទួលបានសេចក្ដីសង្រ្គោះ និងការអត់ទោសពីបាបរបស់ពួកគេសម្រាប់សេចក្តីជំនឿរបស់គេប៉ុណ្ណោះ ប៉ុន្តែនិស្ស័យបាបរបស់មនុស្ស មិនត្រូវបានរំលើងចោលឡើយ ហើយនិស្ស័យទាំងនោះមាននៅក្នុងពួកគេដដែល។ បាបរបស់មនុស្សត្រូវបានអត់ទោស តាមរយៈការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ប៉ុន្តែការនេះមិនមែនមានន័យថា មនុស្សលែងមានបាបនៅក្នុងគេនោះឡើយ។ បាបរបស់មនុស្សអាចត្រូវបានអត់ទោសឱ្យតាមរយៈតង្វាយលោះបាបមែន ប៉ុន្តែចំពោះរបៀបដែលមនុស្សអាចត្រូវបានប្រោសកុំឱ្យប្រព្រឹត្តបាបតទៅទៀត និងរបៀបដែលនិស្ស័យបាបរបស់គេអាចត្រូវបានរំលើងចោលទាំងស្រុង និងបំផ្លាស់បំប្រែនោះ គេគ្មានផ្លូវដោះស្រាយបញ្ហានេះឡើយ។ បាបរបស់មនុស្សត្រូវបានអត់ទោសឱ្យ ហើយនោះគឺដោយសារតែកិច្ចការនៃការជាប់ឆ្កាងរបស់ព្រះជាម្ចាស់ ប៉ុន្តែមនុស្សបានបន្តរស់នៅក្នុងនិស្ស័យសាតាំងដ៏ពុករលួយបែបចាស់របស់គេតទៅទៀត។ ដូច្នេះ មនុស្សត្រូវតែទទួលបានសេចក្ដីសង្រ្គោះទាំងស្រុងពីនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ ដើម្បីឱ្យនិស្ស័យបាបរបស់គេអាចត្រូវបានរំលើងចោលទាំងស្រុង មិនឱ្យវិវឌ្ឍម្ដងទៀត និងឱ្យនិស្ស័យរបស់មនុស្សត្រូវបានបំផ្លាស់បំប្រែ។ ការនេះនឹងតម្រូវឱ្យមនុស្សយល់អំពីផ្លូវនៃការលូតលាស់នៅក្នុងជីវិត យល់អំពីមាគ៌ាជីវិត និងយល់អំពីផ្លូវក្នុងការផ្លាស់ប្ដូរនិស្ស័យរបស់គេ។ លើសពីនេះទៅទៀត វានឹងតម្រូវឱ្យមនុស្សប្រព្រឹត្តស្របតាមផ្លូវនេះ ដើម្បីឱ្យនិស្ស័យរបស់គេអាចទទួលបានការផ្លាស់ប្ដូរបន្ដិចម្ដងៗ ហើយគេអាចរស់នៅក្រោមការជះពន្លឺ ដើម្បីឱ្យអ្វីៗទាំងអស់ដែលគេធ្វើ អាចស្របតាមចេតនារបស់ព្រះជាម្ចាស់ ដើម្បីឱ្យគេអាចកម្ចាត់ចោលនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ និងដើម្បីឱ្យគេអាចផ្ដាច់ខ្លួនមានសេរីភាពពីឥទ្ធិពលនៃសេចក្តីងងឹតរបស់សាតាំង ហើយជាលទ្ធផល ពួកគេអាចងើបខ្លួនផុតពីបាបបានទាំងស្រុង។ មានតែបែបនេះទេ ទើបមនុស្សនឹងទទួលបានសេចក្តីសង្រ្គោះទាំងស្រុង។ នៅពេលដែលព្រះយេស៊ូវ កំពុងតែធ្វើកិច្ចការរបស់ទ្រង់ ចំណេះដឹងរបស់មនុស្សអំពីទ្រង់នៅតែមិនច្បាស់លាស់ និងនៅស្រពេចស្រពិល។ មនុស្សតែងតែជឿថា ទ្រង់ជាបុត្ររបស់ព្រះបាទដាវីឌ និងប្រកាសថា ទ្រង់ជាហោរាដ៏ធំ ជាព្រះអម្ចាស់ដ៏មានព្រះហឫទ័យមេត្តាដែលបានប្រោសលោះបាបរបស់មនុស្ស។ ដោយសារតែភាពរឹងមាំនៃសេចក្ដីជំនឿរបស់ពួកគេ អ្នកខ្លះត្រូវបានប្រោសឱ្យជាតាមរយៈការពាល់ជាយព្រះពស្ត្ររបស់ទ្រង់ ហើយមនុស្សខ្វាក់អាចមើលឃើញ និងសូម្បីតែមនុស្សស្លាប់ក៏អាចរស់ឡើងវិញដែរ។ យ៉ាងណាមិញ មនុស្សមិនអាចឈ្វេងយល់ពីនិស្ស័យសាតាំងដ៏ពុករលួយដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងគេឡើយ ហើយគេក៏មិនដឹងអំពីរបៀបកម្ចាត់វាចោលនោះដែរ។ មនុស្សបានទទួលព្រះគុណយ៉ាងច្រើនដូចជា សន្តិភាព និងសុភមង្គលខាងសាច់ឈាម សេចក្ដីជំនឿរបស់សមាជិកម្នាក់នាំមកនូវព្រះពរដល់សមាជិកគ្រួសារទាំងមូល និងការប្រោសជំងឺឱ្យជាជាដើម។ ផ្នែកផ្សេងទៀតគឺជាអំពើល្អរបស់មនុស្ស និងជាការបង្ហាញកិរិយាគោរពកោតខ្លាចព្រះរបស់គេ ហើយបើមនុស្សម្នាក់អាចរស់នៅលើមូលដ្ឋានទាំងនេះ នោះពួកគេត្រូវបានចាត់ទុកជាអ្នកជឿដែលសមគួរហើយ។ មានតែអ្នកជឿបែបនេះប៉ុណ្ណោះ ទើបអាចទៅស្ថានសួគ៌ ក្រោយពេលស្លាប់ទៅ ហើយនេះមានន័យថា ពួកគេត្រូវបានសង្រ្គោះ។ ប៉ុន្តែ នៅក្នុងជីវិតរបស់ពួកគេ មនុស្សទាំងនេះមិនបានយល់ទាល់តែសោះអំពីមាគ៌ាជីវិត។ គ្រប់យ៉ាងដែលពួកគេបានធ្វើ គឺជាការប្រព្រឹត្តអំពើបាប ហើយបន្ទាប់មក សារភាពពីបាបរបស់ពួកគេនៅក្នុងវដ្ដដដែលៗ ដោយគ្មានមាគ៌ាណាមួយដើម្បីផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេឡើយ។ នេះគឺជាលក្ខខណ្ឌរបស់មនុស្សនៅក្នុងយុគសម័យនៃព្រះគុណ។ តើមនុស្សបានទទួលសេចក្តីសង្រ្គោះទាំងស្រុងហើយឬនៅ? អត់ទេ! ដូច្នេះ ក្រោយដំណាក់កាលនៃកិច្ចការនោះបានបញ្ចប់ទៅ នៅមានកិច្ចការនៃការជំនុំជម្រះ និងការវាយផ្ចាលទៀត។ ដំណាក់កាលនេះ គឺដើម្បីធ្វើឱ្យមនុស្សក្លាយជាបរិសុទ្ធ ដោយមធ្យោបាយនៃព្រះបន្ទូល ហើយក៏ផ្ដល់ឱ្យគេមានមាគ៌ា ដើម្បីដើរតាមដែរ។ ដំណាក់កាលនេះនឹងមិនមានផលផ្លែ ឬមានន័យឡើយ ប្រសិនបើវាបន្តជាមួយការបណ្ដេញអារក្សនោះ ព្រោះវានឹងមិនអាចរំលើងនិស្ស័យបាបរបស់មនុស្ស ហើយមនុស្សនឹងនៅជាប់គាំងត្រឹមការអត់ទោសអំពើបាបរបស់គេ។ តាមរយៈតង្វាយលោះបាប មនុស្សត្រូវបានអត់ទោសពីបាបរបស់គេ ដ្បិតកិច្ចការនៃការជាប់ឆ្កាងបានមកដល់ទីបញ្ចប់ ហើយព្រះជាម្ចាស់បានយកឈ្នះលើសាតាំងរួចហើយ។ ប៉ុន្តែ និស្ស័យដ៏ពុករលួយរបស់មនុស្សនៅតែបន្តមាននៅខាងក្នុងគេ មនុស្សនៅតែអាចប្រព្រឹត្តបាប និងប្រឆាំងជាមួយព្រះជាម្ចាស់ ហើយព្រះជាម្ចាស់មិនទទួលបានមនុស្សជាតិឡើយ។ នេះជាហេតុផលដែលនៅក្នុងដំណាក់កាលនៃកិច្ចការនេះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល ដើម្បីលាតត្រដាងនិស្ស័យដ៏ពុករលួយរបស់មនុស្ស ធ្វើឱ្យគេអនុវត្តស្របតាមមាគ៌ាត្រឹមត្រូវ។ កិច្ចការនៃដំណាក់កាលនេះមានអត្ថន័យខ្លាំងជាងដំណាក់កាលមុន ហើយក៏មានផលផ្លែជាងដែរ ព្រោះថាឥឡូវនេះ គឺជាព្រះបន្ទូលដែលផ្គត់ផ្គង់ដោយផ្ទាល់ដល់ជីវិតរបស់មនុស្ស និងជួយបំផ្លាស់និស្ស័យរបស់មនុស្សជាថ្មីទាំងស្រុង ហើយវាជាដំណាក់កាលនៃកិច្ចការមួយដែលមានលក្ខណៈហ្មត់ចត់ជាង។ ដូច្នេះ ការយកកំណើតជាមនុស្សនៅក្នុងគ្រាចុងក្រោយបានបំពេញនូវភាពសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងបានសម្រេចទាំងស្រុងនូវផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់សម្រាប់សេចក្តីសង្រ្គោះរបស់មនុស្ស។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?