អ្នកគួរតែដឹងពីរបៀបដែលមនុស្សទាំងអស់បានវិវឌ្ឍមកដល់ពេលបច្ចុប្បន្ន (ផ្នែកទីមួយ)

កិច្ចការទាំងស្រុងដែលត្រូវបានអនុវត្តជាងប្រាំមួយពាន់ឆ្នាំមកនេះ បានផ្លាស់ប្ដូរបន្តិចម្ដងៗ នៅពេលដែលយុគសម័យផ្សេងៗ បានចូលមក និងចប់បាត់ទៅ។ ការផ្លាស់ប្ដូរនៅក្នុងកិច្ចការនេះបានអាស្រ័យលើស្ថានភាពទាំងមូលនៃពិភពលោក និងនិន្នាការនៃការអភិវឌ្ឍន៍របស់មនុស្សទាំងស្រុង ដូច្នេះ កិច្ចការនៃការគ្រប់គ្រងក៏បានផ្លាស់ប្ដូរបន្តិចម្ដងៗ ទៅតាមនោះដែរ។ គ្រប់យ៉ាងមិនត្រូវបានគ្រោងទុក តាំងពីដើមដំបូងនៃកំណើតពិភពលោកមកឡើយ។ មុនពេលពិភពលោកត្រូវបានបង្កើត ឬបន្ដិចក្រោយមក ព្រះយេហូវ៉ាមិនទាន់បានគ្រោងទុកនូវដំណាក់កាលទីមួយនៃកិច្ចការ ដែលជាក្រឹត្យវិន័យ និងដំណាក់កាលទីពីរនៃកិច្ចការ ដែលជាដំណាក់កាលនៃព្រះគុណ ព្រមទាំងដំណាក់កាលទីបី ដែលជាដំណាក់កាលនៃការយកឈ្នះ ដែលទ្រង់បានចាប់ផ្ដើមដំបូងឡើយជាមួយពូជពង្សខ្លះរបស់ម៉ូអាប់ ហើយតាមរយៈពូជពង្សនេះ ត្រូវយកឈ្នះលើចក្រវាលទាំងមូល។ ក្រោយការបង្កើតពិភពលោក ទ្រង់មិនដែលធ្លាប់មានបន្ទូលទាំងនេះ ក៏មិនធ្លាប់មានបន្ទូលទាំងនេះ ក្រោយម៉ូអាប់នោះដែរ ហើយតាមពិតទៅ មុនពេលឡុត ទ្រង់ក៏មិនដែលថ្លែងព្រះបន្ទូលទាំងនេះដែរ។ គ្រប់កិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានធ្វើឡើង ដោយមិនបានគ្រោងទុកឡើយ។ នេះជារបៀបដែលកិច្ចការគ្រប់គ្រងទាំងស្រុងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់ត្រូវបានបង្កើតឡើង។ មុនពេលបង្កើតពិភពលោក ទ្រង់មិនដែលសរសេរផែនការបែបនេះនៅក្នុងទម្រង់អ្វីមួយ ដូចជា «តារាងសង្ខេបសម្រាប់ការអភិវឌ្ឍន៍របស់មនុស្ស» នោះឡើយ។ នៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ទ្រង់បង្ហាញអំពីលក្ខណៈរបស់ទ្រង់ដោយផ្ទាល់។ ទ្រង់មិនបានខំប្រឹងព្រះតម្រិះ ដើម្បីបង្កើតចេញជាផែនការមួយឡើយ។ ពិតណាស់ មានហោរាពីរបីនាក់ដែរ ដែលបានថ្លែងទំនាយដ៏អស្ចារ្យជាច្រើន ប៉ុន្តែវានៅតែមិនអាចនិយាយបានដដែលថា កិច្ចការរបស់ព្រះជាម្ចាស់ តែងតែចេញពីផែនការមួយដ៏ច្បាស់លាស់នោះឡើយ ដ្បិតសេចក្តីទំនាយទាំងនោះត្រូវបានបង្កើតឡើង ស្របតាមកិច្ចការរបស់ព្រះជាម្ចាស់នាពេលនោះប៉ុណ្ណោះ។ គ្រប់កិច្ចការដែលទ្រង់ធ្វើ គឺជាកិច្ចការជាក់ស្ដែងបំផុត។ ទ្រង់អនុវត្តកិច្ចការនោះ ស្របទៅតាមការអភិវឌ្ឍន៍នៃយុគសម័យ នីមួយៗ និងអាស្រ័យលើរបៀបដែលស្ថានការណ៍ផ្លាស់ប្ដូរ។ សម្រាប់ទ្រង់ការអនុវត្តន៍កិច្ចការ គឺប្រៀបដូចជាការចេញវេជ្ជបញ្ជាថ្នាំពេទ្យ ដើម្បីព្យាបាលជំងឺអ៊ីចឹង ព្រោះថាក្នុងអំឡុងពេលដែលទ្រង់កំពុងតែធ្វើកិច្ចការ ទ្រង់សង្កេតមើលបណ្ដើរ ហើយបន្តធ្វើកិច្ចការរបស់ទ្រង់បណ្ដើរ ដោយស្របតាមការសង្កេតរបស់ទ្រង់។ នៅក្នុងគ្រប់ដំណាក់កាលនៃកិច្ចការរបស់ទ្រង់ ព្រះជាម្ចាស់អាចបង្ហាញព្រះប្រាជ្ញាញាណ និងព្រះចេស្ដាដ៏ខ្ពស់លើសលប់របស់ទ្រង់បាន ហើយទ្រង់បើកសម្ដែងពីព្រះប្រាជ្ញាញាណនិងសិទ្ធិអំណាចដ៏ពេញបរិបូណ៌របស់ទ្រង់ ស្របតាមកិច្ចការនៃយុគសម័យជាក់ស្ដែង និងអនុញ្ញាតឱ្យមនុស្សដែលទ្រង់បាននាំត្រឡប់មកវិញនៅក្នុងយុគសម័យនោះ មើលឃើញពីនិស្ស័យទាំងអស់របស់ទ្រង់។ ទ្រង់ផ្គត់ផ្គង់ដល់តម្រូវការរបស់មនុស្ស ស្របតាមកិច្ចការដែលត្រូវសម្រេចនៅក្នុងយុគសម័យនីមួយៗ ដោយធ្វើគ្រប់កិច្ចការដែលទ្រង់គួរតែធ្វើ។ ទ្រង់ប្រទានឱ្យមនុស្សមាននូវអ្វីដែលគេត្រូវការ ដោយផ្អែកលើកម្រិតដែលសាតាំងបានធ្វើឱ្យពួកគេពុករលួយ។ វាដូចជារបៀបដែលទ្រង់បានធ្វើ ដើម្បីឱ្យពួកគេបង្ហាញពីព្រះជាម្ចាស់នៅលើផែនដី នៅពេលដែលព្រះយេហូវ៉ាបានបង្កើតអ័ដាម និងអេវ៉ាកាលពីដំបូង ដើម្បីឱ្យពួកគេអាចធ្វើបន្ទាល់ អំពីព្រះជាម្ចាស់នៅក្នុងចំណោមសត្តនិករអ៊ីចឹង។ ទោះបីជាយ៉ាងណា នាងអេវ៉ាបានប្រព្រឹត្តអំពើបាប ក្រោយពេលសត្វពស់បានល្បួងនាង ហើយអ័ដាមបានធ្វើដូចគ្នាដែរ ដោយពួកគេទាំងពីរបានបរិភោគផ្លែឈើចេញពីដើមដឹងខុសត្រូវនៅក្នុងសួន។ ដូច្នេះ ព្រះយេហូវ៉ាមាននូវកិច្ចការបន្ថែមទៀត ដែលត្រូវធ្វើការលើពួកគេ។ ដោយឃើញពីសេចក្ដីអាក្រាតរបស់គេ ទ្រង់បានបិទបាំងកាយរបស់គេជាមួយសម្លៀកបំពាក់ ដែលធ្វើពីស្បែកសត្វ។ ក្រោយមក ទ្រង់បានមានបន្ទូលទៅកាន់អ័ដាមថា «ដោយសារអ្នកស្ដាប់តាមសម្ដីប្រពន្ធអ្នក ហើយបានស៊ីផ្លែដឹងខុសត្រូវ ដែលខ្ញុំបានបង្គាប់អ្នកដោយពោលថា អ្នកមិនត្រូវស៊ីផ្លែនោះឡើយ នោះដីត្រូវបណ្ដាសាដោយសារអ្នក...រហូតដល់អ្នកក្លាយជាដីវិញ។ ដ្បិតអ្នកកើតពីធូលីដី ដូច្នេះអ្នកជាធូលីដី ហើយអ្នកនឹងត្រូវត្រឡប់ទៅជាធូលីដីវិញ»។ ហើយទ្រង់បានមានបន្ទូលទៅកាន់ស្ត្រីថា៖ «ខ្ញុំនឹងចម្រើនទុក្ខព្រួយដល់អ្នកឱ្យច្រើនសន្ធឹក និងធ្វើឱ្យអ្នកពពោះទាំងឈឺចាប់ផង អ្នកនឹងបង្កើតកូនដោយទុក្ខព្រួយ ចំណែកចិត្តអ្នកក៏ប្រាថ្នាចង់បានប្ដី ហើយគេនឹងត្រួតលើអ្នក»។ ចាប់តាំងពីពេលនោះមក ទ្រង់បានបណ្ដេញពួកគេចេញពីសួនអេដែន និងឱ្យពួកគេរស់នៅខាងក្រៅសួន ដូចជាមនុស្សនាសម័យទំនើបបច្ចុប្បន្ន ដែលរស់នៅលើផែនដីដូច្នេះដែរ។ នៅពេលដែលព្រះជាម្ចាស់បានបង្កើតមនុស្សតាំងពីដើមដំបូងបំផុត ទ្រង់គ្មានផែនការឱ្យមនុស្សជួបសេចក្តីល្បួងរបស់សត្វពស់ ក្រោយពេលទ្រង់បានបង្កើតពួកគេមក ហើយបន្ទាប់មក ដាក់បណ្ដាសាមនុស្ស និងសត្វពស់នោះឡើយ។ តាមពិតទៅ ព្រះអង្គគ្មានផែនការបែបនេះឡើយ គឺវាគ្រាន់តែជារបៀបដែលស្ថានការណ៍បានអភិវឌ្ឍ ដែលនាំឱ្យទ្រង់មានកិច្ចការថ្មីដែលត្រូវធ្វើនៅក្នុងចំណោមសត្តនិកររបស់ទ្រង់ប៉ុណ្ណោះ។ ក្រោយពេលដែលព្រះយេហូវ៉ាបានអនុវត្តកិច្ចការនេះនៅក្នុងចំណោមអ័ដាម និងអេវ៉ានៅលើផែនដីរួចមក មនុស្សបានបន្តអភិវឌ្ឍ អស់រយៈពេលជាច្រើនពាន់ឆ្នាំទៀត រហូតដល់ «ព្រះយេហូវ៉ាបានទតឃើញថា សេចក្ដីអាក្រក់របស់មនុស្សក៏ពោរពេញផែនដី ហើយដួងចិត្តរបស់គេគ្រប់គ្នា គិតស្រមៃឃើញតែការអាក្រក់ជាបន្តបន្ទាប់។ ព្រះយេហូវ៉ាទ្រង់ស្ដាយដែលបានបង្កើតមនុស្សលើផែនដី ហើយទ្រង់ព្រួយ ព្រះទ័យ។ ... តែលោកណូអេ បានប្រកបដោយព្រះគុណនៅចំពោះព្រះនេត្រ ព្រះយេហូវ៉ា»។ នៅគ្រានោះ ព្រះយេហូវ៉ាមានកិច្ចការថ្មីជាច្រើនដែលត្រូវធ្វើ ព្រោះថាមនុស្សដែលទ្រង់បានបង្កើតឡើង បានប្រព្រឹត្តបាបច្រើនពេក ក្រោយពេលដែលសត្វពស់បានល្បួងពួកគេ។ ដោយសារតែ កាលៈទេសៈទាំងនេះ ដែលមាននៅក្នុងចំណោមមនុស្សទាំងអស់ បានជាព្រះយេហូវ៉ាបានជ្រើសរើស ទុកជីវិតឱ្យក្រុមគ្រួសាររបស់ណូអេ ហើយបន្ទាប់មក ទ្រង់បានអនុវត្តកិច្ចការរបស់ទ្រង់ ដែលជាការបំផ្លាញពិភពលោកដោយទឹកជំនន់។ មនុស្សបានបន្តអភិវឌ្ឍនៅក្នុងឥរិយាបថបែបនេះ រហូតមកដល់សម័យបច្ចុប្បន្ន គឺចម្រើនឡើង នៅក្នុងសេចក្តីពុករលួយ ហើយនៅពេលដែលការអភិវឌ្ឍន៍របស់មនុស្សបានឡើងដល់កម្រិតកំពូល នោះវានឹងមានន័យថា ទីបញ្ចប់របស់មនុស្សបានមកដល់ទីបញ្ចប់ហើយ។ ចាប់តាំងពីដើមដំបូងបំផុត រហូតមកដល់ចុងបញ្ចប់នៃពិភពលោក សេចក្តីពិតខាងក្នុងនៃកិច្ចការរបស់ទ្រង់កាលពីមុនមានលក្ខណៈបែបណាទៅថ្ងៃខាងមុខ វានឹងមានលក្ខណៈបែបនោះដដែល។ របៀបដែលមនុស្សនឹងត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទរបស់គេ នឹងនៅតែដដែល ហើយវាមិនដូចការលើកឡើងថា តាំងពីដើមដំបូងបំផុត មនុស្សម្នាក់ៗត្រូវបានកំណត់ទុកជាមុនថាស្ថិតនៅក្នុងប្រភេទជាក់លាក់ណាមួយនោះឡើយ។ ផ្ទុយទៅវិញ មនុស្សគ្រប់គ្នាត្រូវបានចាត់ថ្នាក់បន្តិចម្ដងៗ ក្រោយពេលដែលពួកគេបានឆ្លងកាត់ដំណើរការនៃការអភិវឌ្ឍន៍រួចហើយប៉ុណ្ណោះ។ នៅចុងបញ្ចប់ អស់អ្នកដែលមិនអាចទទួលបានសេចក្តីសង្រ្គោះដ៏ពេញលេញ នឹងត្រូវត្រឡប់ទៅរក «បុព្វបុរស» របស់គេវិញ។ គ្មានកិច្ចការណាមួយរបស់ព្រះជាម្ចាស់នៅក្នុងចំណោមមនុស្សត្រូវបានរៀបចំរួចជាស្រេច នៅពេលដែលទ្រង់បង្កើតពិភពលោកនោះឡើយ។ ផ្ទុយទៅវិញ វាជាការអភិវឌ្ឍន៍នៃស្ថានការណ៍វិញទេ ដែលបានអនុញ្ញាតឱ្យព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្សមួយជំហានម្ដងៗ ហើយនិងនៅក្នុងទម្រង់កាន់តែពិតប្រាកដ និងជាក់ស្ដែង។ ឧទាហរណ៍ ព្រះយេហូវ៉ាមិនបានបង្កើតសត្វពស់ ដើម្បីល្បួងស្ត្រីឡើយ។ ទ្រង់គ្មានផែនការបែបនេះទេ ហើយវាក៏មិនមែនជាអ្វីមួយដែលទ្រង់មានគោលបំណងកំណត់ទុកជាមុនដែរ។ គេអាចនិយាយថា នេះជាហេតុការណ៍ដែលកើតឡើងមិនបានរំពឹងទុក។ ដូច្នេះ ដោយសារតែហេតុការណ៍នេះហើយ ទើបព្រះយេហូវ៉ាបានបណ្ដេញអ័ដាម និងអេវ៉ាចេញពីសួនអេដែន ហើយស្បថសច្ចាមិនបង្កើតមនុស្សម្ដងទៀតនោះ។ ទោះបីជាយ៉ាងណា មនុស្សអាចរកឃើញព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ចេញពីគ្រឹះមូលដ្ឋាននេះ។ ដូចជាខ្ញុំបានមានបន្ទូល កាលពីដើមដំបូងថា៖ «ខ្ញុំប្រើព្រះប្រាជ្ញាញាណរបស់ខ្ញុំ ស្របតាមគម្រោងការណ៍របស់សាតាំង»។ ទោះមនុស្សមានសេចក្តីពុករលួយខ្លាំងដល់ណា ឬសត្វពស់ល្បួងពួកគេតាមរបៀបណាក៏ដោយ ក៏ព្រះយេហូវ៉ានៅតែមានព្រះប្រាជ្ញាញាណរបស់ទ្រង់ដដែល ហើយវាជាព្រះប្រាជ្ញាញាណមួយ ដែលនាំឱ្យទ្រង់ចូលរួមនៅក្នុងកិច្ចការថ្មី តាំងពីពេលដែលទ្រង់បានបង្កើតពិភពលោកមក ហើយគ្មានជំហានណាមួយនៃកិច្ចការនេះបានកើតឡើងដដែលៗនោះឡើយ។ សាតាំងបានបន្តអនុវត្តតាមគម្រោងការណ៍អាក្រក់របស់វា មនុស្សត្រូវបានសាតាំងបន្តធ្វើឱ្យពុករលួយ ហើយព្រះយេហូវ៉ាបានបន្តអនុវត្តកិច្ចការរបស់ទ្រង់ ដែលប្រកបដោយព្រះប្រាជ្ញាញាណ ដោយឥតឈប់ឈរឡើយ។ ព្រះអង្គមិនដែលបរាជ័យ ហើយក៏មិនដែលឈប់ធ្វើការដែរ តាំងពីពិភពលោកត្រូវបានបង្កើតមក។ ក្រោយពេលដែលមនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយ ទ្រង់បានបន្តធ្វើការនៅក្នុងចំណោមពួកគេ ដើម្បីបង្រ្កាបខ្មាំងសត្រូវ ដែលជាប្រភពនៃសេចក្តីពុករលួយរបស់ពួកគេ។ សមរភូមិនេះបានកើតឡើងតាំងពីដើមដំបូងមកម្ល៉េះ ហើយវានឹងបន្តរហូតដល់ចុងបញ្ចប់នៃពិភពលោក។ ក្នុងការបំពេញកិច្ចការដ៏ច្រើនបែបនេះ ព្រះយេហូវ៉ាមិនគ្រាន់តែអនុញ្ញាតឱ្យមនុស្ស ដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ ទទួលបានសេចក្តីសង្រ្គោះដ៏ធំរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែក៏អនុញ្ញាតឱ្យពួកគេមើលឃើញពីព្រះប្រាជ្ញាញាណ ព្រះចេស្ដា និងសិទ្ធិអំណាចរបស់ទ្រង់ដែរ។ លើសពីនេះទៅទៀត នៅចុងបញ្ចប់ ទ្រង់នឹងអនុញ្ញាតឱ្យពួកគេមើលឃើញពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ដោយដាក់ទោសដល់មនុស្សអាក្រក់​ និងប្រទានរង្វាន់ដល់មនុស្សល្អ​។ ទ្រង់បានប្រយុទ្ធជាមួយសាតាំងរហូតមកដល់សព្វថ្ងៃ ហើយទ្រង់មិនដែលចាញ់ម្ដងណាឡើយ។ នេះគឺដោយសារតែទ្រង់គឺជាព្រះជាម្ចាស់ប្រកបដោយព្រះប្រាជ្ញាញាណ ហើយទ្រង់ប្រើព្រះប្រាជ្ញាញាណរបស់ទ្រង់ ស្របតាមគម្រោងការណ៍អាក្រក់របស់សាតាំងប៉ុណ្ណោះ។ ដូច្នេះ ព្រះជាម្ចាស់មិនគ្រាន់តែធ្វើឱ្យអ្វីៗទាំងអស់នៅស្ថានសួគ៌ចុះចូលចំពោះសិទ្ធិអំណាចរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ដាក់អ្វីៗគ្រប់យ៉ាងនៅលើផែនដី ឱ្យស្ថិតនៅក្រោមព្រះបាទារបស់ទ្រង់ដែរ ហើយជាពិសេស ទ្រង់នាំយកមនុស្សអាក្រក់​ដែលឈ្លានពាន និងរុកគួនមនុស្សឱ្យលុតជង្គង់ទទួលការកាត់ទោសរបស់ទ្រង់ដែរ។ លទ្ធផលនៃកិច្ចការទាំងអស់នេះត្រូវបានកើតឡើង ដោយសារតែព្រះប្រាជ្ញាញាណរបស់ទ្រង់។ ទ្រង់មិនដែលបើកសម្ដែងព្រះប្រាជ្ញាញាណរបស់ទ្រង់ មុនអត្ថិភាពរបស់មនុស្សឡើយ ព្រោះថាទ្រង់គ្មានសត្រូវនៅស្ថានសួគ៌ នៅលើផែនដី ឬនៅគ្រប់ទីកន្លែងក្នុងចក្រវាលនេះឡើយ ហើយក៏គ្មានកម្លាំងឈ្លានពាននៃសេចក្តីងងឹតណាមួយនៅក្នុងចំណោមធម្មជាតិនោះដែរ។ ក្រោយមហាទេវតាបានក្បត់ទ្រង់ ព្រះអង្គបានបង្កើតមនុស្សនៅលើផែនដី ហើយដោយសារតែមនុស្សនេះហើយ ទើបទ្រង់បានចាប់ផ្ដើមធ្វើសង្រ្គាមរយៈពេលរាប់ពាន់ឆ្នាំរបស់ទ្រង់ជាមួយសាតាំង ដែលជាមហាទេវតា ជាសង្រ្គាមមួយដែលកើនកម្ដៅកាន់តែខ្លាំងឡើងៗនៅក្នុងដំណាក់កាលក្រោយៗ។ ព្រះចេស្ដា និងព្រះប្រាជ្ញាញាណរបស់ទ្រង់ត្រូវបានស្ដែងចេញនៅក្នុងដំណាក់កាលនីមួយៗ។ មានតែបែបនេះទេ ទើបអ្វីៗគ្រប់យ៉ាងនៅលើមេឃ និងនៅលើផែនដីបានឃើញផ្ទាល់ភ្នែកនូវព្រះប្រាជ្ញាញាណ ព្រះចេស្ដា ហើយជាពិសេសគឺភាពពិតជាក់ស្ដែងរបស់ព្រះជាម្ចាស់​។ ទ្រង់នៅតែអនុវត្ត​កិច្ចការរបស់ទ្រង់ដោយ​ឥរិយាបថ​ពិតជាក់ស្ដែងបែបនេះ រហូតមកដល់ពេលសព្វថ្ងៃ។ លើសពីនេះទៅទៀត នៅពេលដែលទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ ព្រះអង្គក៏បើកសម្ដែងពីព្រះប្រាជ្ញាញាណ និងព្រះចេស្ដារបស់ទ្រង់ដែរ។ ទ្រង់អនុញ្ញាតឱ្យអ្នករាល់គ្នាមើលឃើញពីសេចក្តីពិតខាងក្នុងនៃដំណាក់កាលនីមួយៗនៃកិច្ចការ មើលឃើញយ៉ាងជាក់ច្បាស់ពីរបៀបពន្យល់អំពីព្រះចេស្ដារបស់ព្រះជាម្ចាស់ ហើយលើសពីនេះ គឺមើលឃើញពីសេចក្តីពន្យល់ដ៏ដាច់ស្រេចអំពីភាពពិត​ជាក់ស្ដែងរបស់ព្រះជាម្ចាស់ដែរ។

ទាក់ទងនឹងអំពើក្បត់របស់យូដាសចំពោះព្រះយេស៊ូវវិញ មនុស្សខ្លះឆ្ងល់ថា៖ តើទង្វើនេះមិនត្រូវបានគ្រោងទុក មុនពេលកំណើតពិភពលោកទេឬអី? តាមពិតទៅព្រះវិញ្ញាណបរិសុទ្ធបានធ្វើផែនការទាំងនេះ ដោយផ្អែកលើភាពពិតជាក់ស្ដែងនាពេលនោះ។ វាបានកើតឡើងចំពេលដែលមានបុរសម្នាក់ឈ្មោះយូដាសកំពុងតែលួចបន្លំលុយ ដូច្នេះ បុគ្គលម្នាក់នេះត្រូវបានជ្រើសរើសឱ្យដើរតួនេះ ដើម្បីបម្រើដល់កិច្ចការរបស់ទ្រង់តែម្ដងទៅ។ នេះគឺជាឧទាហរណ៍ដ៏ពិតមួយអំពីការប្រើប្រាស់ធនធានក្នុងស្រុក។ ដំបូងឡើយ ព្រះយេស៊ូវមិនបានជ្រាបដឹងអំពីការនេះឡើយ។ ទ្រង់បានជ្រាបដឹងអំពីរឿងនេះនាពេលក្រោយមកប៉ុណ្ណោះ គឺក្រោយពេលដែលយូដាសត្រូវបានលាតត្រដាង។ បើមាននរណាម្នាក់ផ្សេងមានសមត្ថភាពដើរតួនេះ នោះគេនឹងបានធ្វើទង្វើនេះ ជំនួសឱ្យយូដាសមិនខាន។ ការដែលត្រូវបានកំណត់ទុកជាមុន តាមពិតទៅ គឺជាអ្វីមួយដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើនៅក្នុងពេលនោះប៉ុណ្ណោះ។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺតែងតែធ្វើឡើងភ្លាមៗ ដោយគ្មានការគ្រោងទុកឡើយ។ ទ្រង់អាចរៀបចំផែនការនៃកិច្ចការរបស់ទ្រង់នៅគ្រប់ពេលវេលាហើយអនុវត្តកិច្ចការនោះនៅគ្រប់ពេលវេលា។ ហេតុអ្វីបានជាខ្ញុំតែងតែមានបន្ទូលថា កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធមានភាពពិតជាក់ស្ដែង និងតែងតែថ្មីជានិច្ច មិនដែលចាស់ ហើយតែងតែស្រស់ៗបំផុត? កិច្ចការរបស់ទ្រង់មិនត្រូវបានគ្រោងទុកឡើយ នៅពេលដែលពិភពលោកត្រូវបានបង្កើតមក ហើយនោះមិនមែនជាអ្វីដែលបានកើតឡើងទាល់តែសោះ! គ្រប់ជំហាននៃកិច្ចការ មានប្រសិទ្ធភាពរបស់វាទៅតាមពេលកំណត់របស់វា ហើយជំហានទាំងនេះមិនបង្អាក់គ្នាទៅវិញទៅមក​ឡើយ។ ភាគច្រើន ផែនការដែលអ្នកមាននៅក្នុងគំនិត មិនត្រូវគ្នាជាមួយកិច្ចការដ៏ថ្មីៗបំផុតរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ កិច្ចការរបស់ទ្រង់មិនមានលក្ខណៈសាមញ្ញដូចជាការត្រិះរិះពិចារណារបស់មនុស្សឡើយ ហើយក៏មិនមានភាពស្មុគស្មាញដូចការស្រមៃរបស់មនុស្សដែរប៉ុន្តែវាផ្សំឡើងពីការផ្គត់ផ្គង់ដល់មនុស្សនៅគ្រប់ពេល និងគ្រប់ទីកន្លែង ដោយស្របតាមតម្រូវការបច្ចុប្បន្នរបស់គេ។ គ្មាននរណាម្នាក់ស្គាល់ច្បាស់អំពីសារជាតិរបស់មនុស្សជាងទ្រង់នោះឡើយ ហើយដោយសារតែហេតុផលនេះ ទើបគ្មានអ្វីមួយអាចបំពេញតម្រូវការជាក់ស្ដែងរបស់មនុស្សបានយ៉ាងល្អ ដូចជាកិច្ចការរបស់ទ្រង់នោះឡើយ។ ដូច្នេះ បើចេញពីទស្សនៈរបស់មនុស្ស កិច្ចការរបស់ទ្រង់ហាក់ដូចជាបានគ្រោងទុករាប់ពាន់ឆ្នាំរួចមកហើយ។ នៅពេលដែលទ្រង់ធ្វើការនៅក្នុងចំណោមអ្នករាល់គ្នានាពេលសព្វថ្ងៃ ទ្រង់នឹងធ្វើការបណ្ដើរ និងមានបន្ទូលបណ្ដើរ នៅពេលដែលទ្រង់ទតឃើញសភាពជាក់ស្ដែង ដែលអ្នករាល់គ្នាស្ថិតនៅ ហើយទ្រង់មានព្រះបន្ទូលចំៗស្របតាមសភាពការណ៍នីមួយៗ ដែលត្រូវនឹងអ្វីដែលមនុស្សត្រូវការតែម្ដង។ ការបោះជំហានដំបូងនៃកិច្ចការរបស់ទ្រង់៖ ពេលវេលា នៃការវាយផ្ចាល។ ក្រោយមកទៀត មនុស្សបានសម្ដែង គ្រប់ទាំងឥរិយាបថរបស់គេ ហើយបានប្រព្រឹត្តបះបោរនៅក្នុងរបៀបជាក់ស្ដែង ដែលមានទាំងសភាពវិជ្ជមាន និងសភាពអវិជ្ជមាន។ ពួកគេបានឈានដល់កម្រិតមួយ នៅក្នុងភាពអវិជ្ជមានរបស់គេ និងបានបង្ហាញពីដែនកម្រិតដ៏ទាបបំផុតដែលពួកគេនឹងដួលចុះ។ ព្រះជាម្ចាស់បានធ្វើកិច្ចការរបស់ទ្រង់ដោយផ្អែកទៅលើចំណុចទាំងអស់នេះ រួមទាំងចាប់យកចំណុចទាំងនេះដើម្បីសម្រេចកិច្ចការរបស់ទ្រង់ឱ្យបានផលកាន់តែច្រើន។ នោះមានន័យថា ទ្រង់ធ្វើកិច្ចការទ្រទ្រង់នៅក្នុងចំណោមមនុស្ស ដោយផ្អែកលើសភាពការណ៍បច្ចុប្បន្ន របស់គេនាពេលនោះ។ ទ្រង់អនុវត្តគ្រប់ទាំងជំហាននៃកិច្ចការរបស់ទ្រង់ ស្របទៅតាមសភាពការណ៍ជាក់ស្ដែងរបស់មនុស្ស។ គ្រប់ភាវៈដែលព្រះបង្កើតមកទាំងអស់ សុទ្ធតែស្ថិតនៅក្នុងព្រះហស្តរបស់ទ្រង់។ តើទ្រង់អាចមិនជ្រាបដឹងអំពីពួកគេយ៉ាងដូចម្ដេចទៅ? ព្រះជាម្ចាស់អនុវត្តជំហានបន្ទាប់នៃកិច្ចការដែលគួរតែត្រូវបានធ្វើនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយស្របទៅតាមសភាពរបស់មនុស្ស។ កិច្ចការនេះមិនត្រូវបានគ្រោងទុកជាមុនរាប់ពាន់ឆ្នាំនោះឡើយ ដ្បិតនេះជាសញ្ញាណរបស់មនុស្សទេ! ទ្រង់ធ្វើការនៅពេលដែលទ្រង់សង្កេតឃើញផលប៉ះពាល់នៃកិច្ចការរបស់ទ្រង់ ហើយកិច្ចការរបស់ទ្រង់បន្តស៊ីជម្រៅ និងអភិវឌ្ឍទៅមុខ ហើយក្រោយពេលសង្កេតឃើញលទ្ធផលនៃកិច្ចការរបស់ទ្រង់រួចហើយ ទ្រង់តែងតែអនុវត្តជំហានបន្ទាប់នៃកិច្ចការរបស់ទ្រង់ជានិច្ច។ ទ្រង់ប្រើនូវកិច្ចការជាច្រើន ដើម្បីផ្លាស់ប្ដូរបន្ដិចម្ដងៗ និងដើម្បីធ្វើឱ្យមនុស្សមើលឃើញពីកិច្ចការថ្មីរបស់ទ្រង់នាពេលខាងមុខ។ ឥរិយាបថនៃការធ្វើការបែបនេះអាចផ្គត់ផ្គង់ដល់តម្រូវការរបស់មនុស្សព្រោះថាព្រះជាម្ចាស់ ស្គាល់មនុស្សទាំងអស់យ៉ាងច្បាស់។ នេះជារបៀបដែលទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ពីស្ថានសួគ៌។ ដូចគ្នាដែរ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ក៏ធ្វើកិច្ចការរបស់ទ្រង់តាមរបៀបនេះដែរ ដោយធ្វើការរៀបចំចាត់ចែង និងធ្វើការក្នុងចំណោមមនុស្សស្របតាមកាលៈទេសៈ និងការធ្វើការជាក់ស្ដែង។ គ្មានកិច្ចការណាមួយរបស់ទ្រង់ត្រូវបានរៀបចំមុនពេលដែលពិភពលោកត្រូវបានបង្កើតឡើយ ហើយក៏គ្មានកិច្ចការណាដែលត្រូវបានគ្រោងទុកយ៉ាងល្អិតល្អន់ពីមុនមកដែរ។ ពីរពាន់ឆ្នាំ ក្រោយពេលដែលពិភពលោកត្រូវបានបង្កើតមក ព្រះយេហូវ៉ាបានទតឃើញថាមនុស្សបានពុករលួយយ៉ាងខ្លាំង ដែលនាំឱ្យទ្រង់ប្រើប្រាស់មាត់របស់ហោរាអេសាយដើម្បីទស្សន៍ទាយថា ក្រោយយុគសម័យនៃក្រឹត្យវិន័យបានបញ្ចប់ ព្រះយេហូវ៉ានឹងអនុវត្តកិច្ចការនៃការប្រោសលោះមនុស្សរបស់ទ្រង់នៅក្នុងយុគសម័យនៃព្រះគុណ។ ជាការពិត នេះជាផែនការរបស់ព្រះយេហូវ៉ា ប៉ុន្តែផែនការនេះក៏ត្រូវបានបង្កើតឡើងស្របតាមកាលៈទេសៈដែលទ្រង់កំពុងតែសង្កេតឃើញនាពេលនោះដែរ។ ច្បាស់ណាស់ ទ្រង់មិនបានព្រះតម្រិះអំពីផែនការនេះភ្លាមៗ ក្រោយពេលដែលទ្រង់បានបង្កើតអ័ដាមនោះឡើយ។ អេសាយគ្រាន់តែថ្លែងទំនាយ ប៉ុន្តែព្រះយេហូវ៉ាមិនបានធ្វើការរៀបចំទុកជាមុនសម្រាប់កិច្ចការនេះនៅក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យឡើយ ផ្ទុយទៅវិញ ទ្រង់បានអនុវត្តវានៅទីចាប់ផ្ដើមនៃយុគសម័យនៃព្រះគុណ ជាពេលដែលទេវតានាំសារបានលេចឡើងនៅក្នុងសុបិនរបស់យ៉ូសែប ដើម្បីស្រាយបំភ្លឺដល់គាត់ជាមួយសារមួយថា ព្រះជាម្ចាស់នឹងត្រលប់ជាសាច់ឈាម ហើយមានតែបែបនេះទេ ទើបកិច្ចការនៃការយកកំណើតជាមនុស្សរបស់ទ្រង់បានចាប់ផ្ដើមឡើង។ ព្រះជាម្ចាស់មិនបានរៀបចំសម្រាប់កិច្ចការ នៃការយកកំណើតជាមនុស្សរបស់ទ្រង់ភ្លាមៗក្រោយពេលទ្រង់បង្កើតពិភពលោក ដូចអ្វីដែលមនុស្សបានស្រមើស្រមៃនោះឡើយ។ ការនេះត្រូវបានសម្រេច ដោយផ្អែកលើកម្រិតដែលមនុស្សបានអភិវឌ្ឍ និងស្ថានការណ៍នៃការធ្វើសង្រ្គាមរបស់ទ្រង់ទាស់នឹងសាតាំងប៉ុណ្ណោះ។

នៅពេលដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ព្រះវិញ្ញាណរបស់ទ្រង់យាងចុះមកសណ្ឋិតលើមនុស្ស។ អាចនិយាយម្យ៉ាងទៀតបានថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គ្របដណ្ដប់អង្គទ្រង់ជាមួយរូបកាយជាមនុស្ស។ ទ្រង់យាងមកដើម្បីធ្វើកិច្ចការរបស់ទ្រង់នៅលើផែនដី មិនមែនដើម្បីនាំមកជាមួយទ្រង់នូវជំហានដែលមានដែនកម្រិតឡើយ។ កិច្ចការរបស់ទ្រង់គឺគ្មានដែនកម្រិតឡើយ។ កិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធធ្វើនៅក្នុងសាច់ឈាម នៅតែត្រូវបានកំណត់ទុក ដោយលទ្ធផលនៃកិច្ចការរបស់ទ្រង់ ហើយទ្រង់ប្រើប្រាស់លទ្ធផលទាំងនោះ ដើម្បីកំណត់ពីរយៈពេលដែលទ្រង់នឹងធ្វើកិច្ចការ ខណៈពេលដែលទ្រង់គង់នៅក្នុងសាច់ឈាម។ ព្រះវិញ្ញាណបរិសុទ្ធបើកសម្ដែងដោយផ្ទាល់នូវជំហាននីមួយៗនៃកិច្ចការរបស់ទ្រង់ ពិនិត្យមើលកិច្ចការរបស់ទ្រង់ នៅពេលដែលទ្រង់ចាប់ផ្ដើមការងារ។ កិច្ចការនេះមិនមានលក្ខណៈបែបអធិធម្មជាតិ ដូចជាការពង្រីកដែនកំណត់នៃការស្រមើស្រមៃរបស់មនុស្សឡើយ។ ការនេះ ដូចជាកិច្ចការរបស់ព្រះយេហូវ៉ា នៅក្នុងការបង្កើតផ្ទៃមេឃនិងផែនដី និងរបស់សព្វសារពើដែរ ហើយទ្រង់បានគ្រោង និងធ្វើការភ្លាមៗតែម្ដង។ ទ្រង់បានញែកពន្លឺចេញពីទីងងឹត ហើយពេលព្រឹកនិងពេលល្ងាចក៏លេចចេញឡើង ដែលការនេះត្រូវការពេលតែមួយថ្ងៃប៉ុណ្ណោះ។ នៅថ្ងៃទីពីរ ទ្រង់បានបង្កើតលំហមួយ ហើយការនេះក៏ត្រូវការពេលតែមួយថ្ងៃដែរ។ បន្ទាប់មក ទ្រង់បានបង្កើតផែនដី សមុទ្រ និងសត្វគ្រប់ប្រភេទដែលមានជីវិតរស់នៅលើដី និងសមុទ្រ ដែលតម្រូវឱ្យប្រើពេលមួយថ្ងៃទៀត។ ការនេះបានបន្តរហូតដល់ថ្ងៃទីប្រាំមួយ នៅពេលដែលព្រះជាម្ចាស់បានបង្កើតបុរសមក ហើយអនុញ្ញាតឱ្យគាត់គ្រប់គ្រងលើអ្វីៗទាំងអស់នៅលើផែនដី។ បន្ទាប់មកនៅថ្ងៃទីប្រាំពីរ នៅពេលដែលទ្រង់បានបញ្ចប់ការបង្កើតអ្វីៗគ្រប់យ៉ាងរួចហើយ ទ្រង់ក៏បានសម្រាក។ ព្រះជាម្ចាស់បានប្រទានពរដល់ថ្ងៃទីប្រាំពីរ ហើយបានកំណត់យកថ្ងៃនោះជាថ្ងៃបរិសុទ្ធ។ ទ្រង់បានសម្រេចកំណត់យកថ្ងៃបរិសុទ្ធនេះ ក្រោយពេលដែលទ្រង់បានបង្កើតរបស់សព្វសារពើហើយប៉ុណ្ណោះ មិនមែនមុនពេលបង្កើតអ្វីៗទាំងអស់នោះឡើយ។ កិច្ចការនេះក៏ត្រូវបានអនុវត្តភ្លាមៗដែរ ហើយមុនពេលបង្កើតអ្វីៗទាំងនេះ ទ្រង់មិនទាន់បានសម្រេច ព្រះទ័យបង្កើតពិភពលោក នៅក្នុងពេលប្រាំមួយថ្ងៃ ហើយបន្ទាប់មក សម្រាកនៅថ្ងៃទីប្រាំពីរឡើយ ដូច្នេះ ការទាំងនេះមិនស្របជាមួយភាពពិតជាក់ស្ដែងទាល់តែសោះ។ ទ្រង់មិនបានមានបន្ទូលបែបនេះឬបានគ្រោងផែនការទុកនោះដែរ។ ទ្រង់មិនដែលមានបន្ទូលថា ការបង្កើតអ្វីៗគ្រប់យ៉ាងនឹងត្រូវសម្រេចនៅថ្ងៃទីប្រាំមួយ និងថាទ្រង់នឹងសម្រាក នៅថ្ងៃទីប្រាំពីរនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់បានបង្កើតស្របតាមអ្វី ដែលទ្រង់ទតឃើញថាល្អនាពេលនោះ។ នៅពេលដែលទ្រង់បានបង្កើតអ្វីៗ គ្រប់យ៉ាងចប់សព្វគ្រប់ហើយ វាក៏បានមកដល់ថ្ងៃទីប្រាំមួយតែម្ដង។ ប្រសិនបើវាត្រូវចំថ្ងៃទីប្រាំ នៅពេលដែលទ្រង់បានបញ្ចប់ការបង្កើតអ្វីៗគ្រប់យ៉ាងវិញនោះទ្រង់នឹងកំណត់យកថ្ងៃទីប្រាំមួយជាថ្ងៃបរិសុទ្ធមិនខាន។ យ៉ាងណាមិញ ទ្រង់ពិតជាបានបញ្ចប់ការបង្កើតរបស់សព្វសារពើនៅថ្ងៃទីប្រាំមួយ ដូច្នេះ ថ្ងៃទីប្រាំពីរបានក្លាយជាថ្ងៃបរិសុទ្ធ ដែលត្រូវបានបញ្ជូនបន្តរហូតមកដល់ពេលសព្វថ្ងៃ។ ដូច្នេះ កិច្ចការបច្ចុប្បន្នរបស់ទ្រង់កំពុងតែត្រូវបានអនុវត្តនៅក្នុងឥរិយាបថដូចគ្នានេះ។ ទ្រង់មានបន្ទូល និងផ្គត់ផ្គង់ដល់តម្រូវការរបស់អ្នករាល់គ្នា ដោយស្របតាមស្ថានភាពរបស់អ្នករាល់គ្នា។ នោះជាព្រះវិញ្ញាណដែលមានបន្ទូល និងធ្វើការស្របតាមកាលៈទេសៈរបស់មនុស្ស ហើយទ្រង់បន្តទតមើលពីលើអ្វីៗគ្រប់យ៉ាង ធ្វើការនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ការដែលខ្ញុំធ្វើមានបន្ទូល និងប្រទានឱ្យដល់អ្នករាល់គ្នា គឺជាការអ្វីដែលអ្នករាល់គ្នាត្រូវការ ដោយគ្មានករណីលើកលែងឡើយ។ ដូច្នេះ គ្មានកិច្ចការណាមួយរបស់ខ្ញុំ ដែលដាច់ចេញពីតថភាព​ឡើយ ប៉ុន្តែវាជាភាពពិតជាក់ស្ដែងជានិច្ច ព្រោះអ្នករាល់គ្នាបានដឹងហើយថា «ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទតមើលពីលើមនុស្សគ្រប់គ្នា»។ ប្រសិនបើការនេះត្រូវបានកំណត់ទុកជាមុន តើវាមិនកើតឡើងតាមផែនការគ្រោងទុកពេកទេឬអី? អ្នកគិតថា វាកើតឡើងដូចព្រះជាម្ចាស់បានគ្រោងទុកថានឹងធ្វើរយៈពេលប្រាំមួយពាន់ឆ្នាំទាំងស្រុង ហើយបន្ទាប់មក ដូចបានកំណត់ទុកជាមុន មនុស្សបានបះបោរ ប្រឆាំង វៀចវេរ និងបោកបញ្ឆោត ហើយមានសេចក្តីពុករលួយខាងសាច់ឈាម មាននិស្ស័យរបស់សាតាំង សេចក្ដីស្រើបស្រាលរបស់ភ្នែក និងការបណ្ដោយខ្លួនរបស់បុគ្គល។ គ្មានចំណុចណាមួយទាំងនេះត្រូវបានកំណត់ទុកជាមុន ដោយព្រះជាម្ចាស់ឡើយ ប៉ុន្តែទាំងអស់នេះបានកើតឡើង ជាលទ្ធផលនៃសេចក្តីពុករលួយរបស់សាតាំង។ អ្នកខ្លះអាចនិយាយថា៖ «តើសាតាំងមិនស្ថិតនៅក្នុងកណ្ដាប់ព្រះហស្តរបស់ព្រះជាម្ចាស់ដែរទេឬអី? ព្រះជាម្ចាស់បានកំណត់ទុកជាមុនថា សាតាំងនឹងធ្វើឱ្យមនុស្សពុករលួយ ហើយក្រោយមកព្រះជាម្ចាស់បានអនុវត្តកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្ស»។ តើព្រះជាម្ចាស់ ពិតជាកំណត់ទុកជាមុនឱ្យសាតាំងធ្វើឱ្យមនុស្សពុករលួយឬ? ព្រះជាម្ចាស់មានព្រះហឫទ័យឱ្យមនុស្សរស់នៅតាមបែបសាមញ្ញប៉ុណ្ណោះ ដូច្នេះ តើទ្រង់ពិតជារំខាន​ដល់​ជីវិតរបស់ពួកគេដែរឬទេ? បើបែបនេះមែន តើការបង្រ្កាបសាតាំង និងការសង្រ្គោះមនុស្សមិនមែនជាកិច្ចខិតខំប្រឹងប្រែងដែលឥតសារជាតិទេឬអី? តើការបះបោររបស់មនុស្សអាចត្រូវបានមើលឃើញថាជាការកំណត់ទុកជាមុនបានដោយរបៀបណា? វាជាអ្វីមួយដែលបានកើតឡើង ដោយសារតែការរំខាន​របស់សាតាំង ដូច្នេះ តើវាអាចក្លាយជាការកំណត់ទុកជាមុនដោយព្រះជាម្ចាស់បានយ៉ាងដូចម្ដេចទៅ? សាតាំងដែលស្ថិតនៅក្នុងកណ្ដាប់ព្រះហស្តរបស់ព្រះជាម្ចាស់ ដែលអ្នករាល់គ្នាយល់ឃើញនោះ គឺមានលក្ខណៈខុសគ្នាស្រឡះពីសាតាំង ដែលស្ថិតនៅក្នុងកណ្ដាប់ព្រះហស្តរបស់ព្រះជាម្ចាស់ ដែលខ្ញុំមានបន្ទូល។ បើស្របតាមសេចក្តីថ្លែងការណ៍របស់អ្នករាល់គ្នាថា «ព្រះជាម្ចាស់ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយសាតាំងស្ថិតនៅក្នុងកណ្ដាប់ព្រះហស្តរបស់ទ្រង់» ដូច្នេះសាតាំងមិនអាចក្បត់ទ្រង់បានឡើយ។ តើអ្នកមិនបាននិយាយថា ព្រះជាម្ចាស់ជាព្រះដ៏មានគ្រប់ព្រះចេស្ដាទេឬអី? ចំណេះដឹងរបស់អ្នករាល់គ្នា ដូចជាអរូបីពេកហើយ ហើយវាគ្មានការពិតទាល់តែសោះឡើយ។ មនុស្សមិនអាចវាស់ស្ទង់ពីព្រះតម្រិះរបស់ព្រះជាម្ចាស់បានឡើយ ហើយគេក៏មិនអាចយល់ពីព្រះប្រាជ្ញាញាណរបស់ទ្រង់បានដែរ! ព្រះជាម្ចាស់ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយនេះមិនមែនជាសេចក្តីខុសឆ្គងឡើយ។ មហាទេវតាបានក្បត់ព្រះជាម្ចាស់ដោយសារតែដំបូងឡើយ ដ្បិតព្រះជាម្ចាស់បានប្រទានចំណែកមួយនៃសិទ្ធិអំណាចដល់វា។ ពិតណាស់ នេះជាព្រឹត្តិការណ៍មួយដែលមិនបានរំពឹងទុក ដូចជាពេលដែលនាងអេវ៉ាបានធ្លាក់ក្នុងសេចក្តីល្បួងរបស់សត្វពស់អ៊ីចឹងដែរ។ យ៉ាងណាមិញ មិនថាសាតាំងអនុវត្តអំពើក្បត់របស់វាបែបណានោះទេ ក៏វានៅតែគ្មានអំណាចចេស្ដាដូចជាព្រះជាម្ចាស់នោះដែរ។ ដូចអ្នករាល់គ្នាបាននិយាយហើយថា សាតាំងមានអំណាចខ្លះ ហើយមិនថាវាធ្វើអ្វីនោះឡើយ ក៏សិទ្ធិអំណាចរបស់ព្រះជាម្ចាស់នឹងឈ្នះលើវាជានិច្ចដែរ។ នេះជាអត្ថន័យដ៏ពិត នៅពីក្រោយការនិយាយថា «ព្រះជាម្ចាស់ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយសាតាំងស្ថិតក្នុងកណ្ដាប់ព្រះហស្តរបស់ទ្រង់»។ ដូច្នេះ សង្រ្គាមជាមួយសាតាំងត្រូវតែអនុវត្តម្ដងមួយជំហានៗ។ លើសពីនេះ ព្រះជាម្ចាស់រៀបចំផែនការរបស់ទ្រង់ ជាការឆ្លើយតបចំពោះឧបាយកលរបស់សាតាំង គឺថា ទ្រង់នាំមកនូវសេចក្តីសង្រ្គោះដល់មនុស្ស និងបើកសម្ដែងពីព្រះចេស្ដា និងព្រះប្រាជ្ញាញាណរបស់ទ្រង់ នៅក្នុងរបៀបមួយដែលស្របតាមយុគសម័យនាពេលនោះ។ ដូចគ្នាដែរ កិច្ចការនៃគ្រាចុងក្រោយមិនត្រូវបានកំណត់ទុកជាមុន នៅមុនយុគសម័យនៃព្រះគុណឡើយ។ ការកំណត់ទុកជាមុន មិនត្រូវបានបង្កើតឡើងនៅក្នុងទម្រង់លំដាប់លំដោយបែបនេះឡើយ៖ ជាដំបូង ជាការធ្វើឱ្យនិស្ស័យខាងក្រៅរបស់មនុស្សផ្លាស់ប្ដូរ។ ទីពីរ ធ្វើឱ្យមនុស្សចុះចូលចំពោះការវាយផ្ចាល និងការល្បងលរបស់ទ្រង់។ ទីបី ជាការធ្វើឱ្យមនុស្សឆ្លងកាត់ទុក្ខលំបាកនៃសេចក្តីស្លាប់។ ទីបួន ជាការឱ្យមនុស្សឆ្លងកាត់ពេលវេលានៃការស្រឡាញ់ព្រះជាម្ចាស់ និងបង្ហាញចេញនូវការតាំងចិត្តរបស់មនុស្សដែលទ្រង់បានបង្កើត។ ទីប្រាំ ការអនុញ្ញាតឱ្យមនុស្សមើលឃើញពីបំណងព្រះហឫទ័យ​របស់ព្រះជាម្ចាស់ និងស្គាល់ទ្រង់យ៉ាងពេញលេញ ហើយចុងបញ្ចប់ ជាការធ្វើឱ្យមនុស្សទៅជាគ្រប់លក្ខណ៍។ ទ្រង់មិនបានគ្រោងកិច្ចការទាំងនេះទុកជាមុន ក្នុងអំឡុងយុគសម័យនៃព្រះគុណឡើយ។ ផ្ទុយទៅវិញ ទ្រង់បានចាប់ផ្ដើមគ្រោងកិច្ចការទាំងនេះនៅក្នុងយុគសម័យបច្ចុប្បន្នប៉ុណ្ណោះ។ សាតាំងកំពុងតែធ្វើការ ដូចជាព្រះជាម្ចាស់ដែរ។ សាតាំងបង្ហាញពីនិស្ស័យដ៏ពុករលួយរបស់វា ចំណែកឯព្រះជាម្ចាស់វិញ ទ្រង់មានបន្ទូលចំៗ និងបើកសម្ដែងពីរឿងសំខាន់ៗមួយចំនួន។ នេះជាកិច្ចការដែលកំពុងតែធ្វើនាពេលសព្វថ្ងៃ ហើយវាមាននូវគោលការណ៍ការងារដូចគ្នា ដែលត្រូវបានប្រើជាយូរយារណាស់មកហើយ ក្រោយកំណើតនៃពិភពលោក។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?