ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១៤៩

10-05-2021

នៅពេលដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ព្រះវិញ្ញាណរបស់ទ្រង់យាងចុះមកសណ្ឋិតលើមនុស្ស។ អាចនិយាយម្យ៉ាងទៀតបានថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គ្របដណ្ដប់អង្គទ្រង់ជាមួយរូបកាយជាមនុស្ស។ ទ្រង់យាងមកដើម្បីធ្វើកិច្ចការរបស់ទ្រង់នៅលើផែនដី មិនមែនដើម្បីនាំមកជាមួយទ្រង់នូវជំហានដែលមានដែនកម្រិតឡើយ។ កិច្ចការរបស់ទ្រង់គឺគ្មានដែនកម្រិតឡើយ។ កិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធធ្វើនៅក្នុងសាច់ឈាម នៅតែត្រូវបានកំណត់ទុកដោយលទ្ធផលនៃកិច្ចការរបស់ទ្រង់ ហើយទ្រង់ប្រើប្រាស់លទ្ធផលទាំងនោះ ដើម្បីកំណត់ពីរយៈពេលដែលទ្រង់នឹងធ្វើកិច្ចការ ខណៈពេលដែលទ្រង់គង់នៅក្នុងសាច់ឈាម។ ព្រះវិញ្ញាណបរិសុទ្ធបើកសម្ដែងដោយផ្ទាល់នូវជំហាននីមួយៗនៃកិច្ចការរបស់ទ្រង់ ពិនិត្យមើលកិច្ចការរបស់ទ្រង់ នៅពេលដែលទ្រង់ចាប់ផ្ដើមការងារ។ កិច្ចការនេះមិនមានលក្ខណៈបែបអធិធម្មជាតិ ដូចជាការពង្រីកដែនកំណត់នៃការស្រមើស្រមៃរបស់មនុស្សឡើយ។ ការនេះដូចជាកិច្ចការរបស់ព្រះយេហូវ៉ានៅក្នុងការបង្កើតផ្ទៃមេឃ និងផែនដី និងរបស់សព្វសារពើដែរ ហើយទ្រង់បានគ្រោង និងធ្វើការភ្លាមៗតែម្ដង។ ទ្រង់បានញែកពន្លឺចេញពីទីងងឹត ហើយពេលព្រឹក និងពេលល្ងាចក៏លេចចេញឡើង ដែលការនេះត្រូវការពេលតែមួយថ្ងៃប៉ុណ្ណោះ។ នៅថ្ងៃទីពីរ ទ្រង់បានបង្កើតលំហមួយ ហើយការនេះក៏ត្រូវការពេលតែមួយថ្ងៃដែរ។ បន្ទាប់មក ទ្រង់បានបង្កើតផែនដី សមុទ្រ និងសត្វគ្រប់ប្រភេទដែលមានជីវិតរស់នៅលើដី និងសមុទ្រ ដែលតម្រូវឲ្យប្រើពេលមួយថ្ងៃទៀត។ ការនេះបានបន្តរហូតដល់ថ្ងៃទីប្រាំមួយ នៅពេលដែលព្រះជាម្ចាស់បានបង្កើតបុរសមក ហើយអនុញ្ញាតឲ្យគាត់គ្រប់គ្រងលើអ្វីៗទាំងអស់នៅលើផែនដី។ បន្ទាប់មក នៅថ្ងៃទីប្រាំពីរ នៅពេលដែលទ្រង់បានបញ្ចប់ការបង្កើតអ្វីៗគ្រប់យ៉ាងរួចហើយ ទ្រង់ក៏បានសម្រាក។ ព្រះជាម្ចាស់បានប្រទានពរដល់ថ្ងៃទីប្រាំពីរ ហើយបានកំណត់យកថ្ងៃនោះជាថ្ងៃបរិសុទ្ធ។ ទ្រង់បានសម្រេចកំណត់យកថ្ងៃបរិសុទ្ធនេះ ក្រោយពេលដែលទ្រង់បានបង្កើតរបស់សព្វសារពើហើយប៉ុណ្ណោះ មិនមែនក្រោយពេលបង្កើតអ្វីៗទាំងអស់នោះឡើយ។ កិច្ចការនេះក៏ត្រូវបានអនុវត្តភ្លាមៗដែរ ហើយមុនពេលបង្កើតអ្វីៗទាំងនេះ ទ្រង់មិនទាន់បានសម្រេចព្រះទ័យបង្កើតពិភពលោកនៅក្នុងពេលប្រាំមួយថ្ងៃ ហើយបន្ទាប់មក សម្រាកនៅថ្ងៃទីប្រាំពីរឡើយ ដូច្នេះ ការទាំងនេះមិនស្របជាមួយភាពពិតជាក់ស្ដែងទាល់តែសោះ។ ទ្រង់មិនបានមានបន្ទូលបែបនេះ ឬបានគ្រោងផែនការទុកនោះដែរ។ ទ្រង់មិនដែលមានបន្ទូលថា ការបង្កើតអ្វីៗគ្រប់យ៉ាងនឹងត្រូវសម្រេចនៅថ្ងៃទីប្រាំមួយ និងថាទ្រង់នឹងសម្រាកនៅថ្ងៃទីប្រាំពីរនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់បានបង្កើតស្របតាមអ្វីដែលទ្រង់ទតឃើញថាល្អនាពេលនោះ។ នៅពេលដែលទ្រង់បានបង្កើតអ្វីៗគ្រប់យ៉ាងចប់សព្វគ្រប់ហើយ វាក៏បានមកដល់ថ្ងៃទីប្រាំមួយតែម្ដង។ ប្រសិនបើវាត្រូវចំថ្ងៃទីប្រាំ នៅពេលដែលទ្រង់បានបញ្ចប់ការបង្កើតអ្វីៗគ្រប់យ៉ាងវិញ នោះទ្រង់នឹងកំណត់យកថ្ងៃទីប្រាំមួយជាថ្ងៃបរិសុទ្ធមិនខាន។ យ៉ាងណាមិញ ទ្រង់ពិតជាបានបញ្ចប់ការបង្កើតរបស់សព្វសារពើនៅថ្ងៃទីប្រាំមួយ ដូច្នេះ ថ្ងៃទីប្រាំពីរបានក្លាយជាថ្ងៃបរិសុទ្ធ ដែលត្រូវបានបញ្ជូនបន្តរហូតមកដល់ពេលសព្វថ្ងៃ។ ដូច្នេះ កិច្ចការបច្ចុប្បន្នរបស់ទ្រង់កំពុងតែត្រូវបានអនុវត្តនៅក្នុងឥរិយាបថដូចគ្នានេះអ្នក។ ទ្រង់មានបន្ទូល និងផ្គត់ផ្គង់ដល់តម្រូវការរបស់អ្នករាល់គ្នា ដោយស្របតាមស្ថានភាពរបស់អ្នករាល់គ្នា។ នោះជាព្រះវិញ្ញាណដែលមានបន្ទូល និងធ្វើការស្របតាមកាលៈទេសៈរបស់មនុស្ស ហើយទ្រង់បន្តទតមើលពីលើអ្វីៗគ្រប់យ៉ាង ធ្វើការនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ការដែលខ្ញុំធ្វើ មានបន្ទូល និងប្រទានដល់អ្នករាល់គ្នា គឺជាការអ្វីដែលអ្នករាល់គ្នាត្រូវការ ដោយគ្មានករណីលើកលែងឡើយ។ ដូច្នេះ គ្មានកិច្ចការណាមួយរបស់ខ្ញុំ ដែលដាច់ចេញពីភាពពិតជាក់ស្ដែងឡើយ ប៉ុន្តែវាជាការពិតជានិច្ច ព្រោះអ្នករាល់គ្នាដឹងហើយថា «ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទតមើលពីលើមនុស្សគ្រប់គ្នា»។ ប្រសិនបើការនេះត្រូវបានកំណត់ទុកជាមុន តើវាមិនកើតឡើងតាមផែនការគ្រោងទុកពេកទេឬអី? អ្នកគិតថា វាកើតឡើងដូចព្រះជាម្ចាស់បានគ្រោងទុកថានឹងធ្វើរយៈពេលប្រាំមួយពាន់ឆ្នាំទាំងស្រុង ហើយបន្ទាប់មក ដូចបានកំណត់ទុកជាមុន មនុស្សបានបះបោរ ប្រឆាំង វៀចវេរ និងបោកបញ្ឆោត ហើយមានសេចក្តីពុករលួយខាងសាច់ឈាម មាននិស្ស័យរបស់សាតាំង សេចក្ដីស្រើបស្រាលរបស់ភ្នែក និងការបណ្ដោយខ្លួនរបស់បុគ្គល។ គ្មានចំណុចណាមួយទាំងនេះត្រូវបានកំណត់ទុកជាមុនដោយព្រះជាម្ចាស់ឡើយ ប៉ុន្តែទាំងអស់នេះបានកើតឡើង ជាលទ្ធផលនៃសេចក្តីពុករលួយរបស់អារក្សសាតាំង។ អ្នកខ្លះអាចនិយាយថា៖ «តើអារក្សសាតាំងមិនស្ថិតនៅក្នុងកណ្ដាប់ព្រះហស្តរបស់ព្រះជាម្ចាស់ដែរទេឬអី? ព្រះជាម្ចាស់បានកំណត់ទុកជាមុនថា អារក្សសាតាំងនឹងធ្វើឲ្យមនុស្សពុករលួយ ហើយក្រោយមក ព្រះជាម្ចាស់បានអនុវត្តកិច្ចការរបស់ទ្រង់នៅក្នុងចំណោមនុស្ស»។ តើព្រះជាម្ចាស់ពិតជាកំណត់ទុកជាមុនឲ្យអារក្សសាតាំងធ្វើឲ្យមនុស្សពុករលួយឬ? ព្រះជាម្ចាស់ហាក់ដូចជាសព្វព្រះហឫទ័យចង់ឲ្យមនុស្សរស់នៅតាមបែបសាមញ្ញខ្លាំងពេកហើយ ដូច្នេះ តើទ្រង់ពិតជាជ្រៀតជ្រែកជាមួយជីវិតរបស់ពួកគេឬ? បើបែបនេះ តើការបង្រ្កាបអារក្សសាតាំង និងការសង្រ្គោះមនុស្សមិនមែនជាកិច្ចខិតខំប្រឹងប្រែងដែលឥតខ្លឹមសារទេឬអី? តើការបះបោររបស់មនុស្សអាចត្រូវបានមើលឃើញថាជាការកំណត់ទុកជាមុនបានដោយរបៀបណា? វាជាអ្វីមួយដែលបានកើតឡើង ដោយសារតែការជ្រៀតជ្រែករបស់អារក្សសាតាំង ដូច្នេះ តើវាអាចក្លាយជាការកំណត់ទុកជាមុនដោយព្រះជាម្ចាស់បានយ៉ាងដូចម្ដេចទៅ? អារក្សសាតាំងដែលស្ថិតនៅក្នុងកណ្ដាប់ព្រះហស្តរបស់ព្រះជាម្ចាស់ ដែលអ្នករាល់គ្នាយល់ឃើញនោះ មានលក្ខណៈខុសគ្នាស្រឡះពីអារក្សសាតាំងដែលស្ថិតនៅក្នុងកណ្ដាប់ព្រះហស្តរបស់ព្រះជាម្ចាស់ដែលខ្ញុំមានបន្ទូល។ បើស្របតាមសេចក្តីថ្លែងការណ៍របស់អ្នករាល់គ្នាថា «ព្រះជាម្ចាស់ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយសាតាំងស្ថិតនៅក្នុងកណ្ដាប់ព្រះហស្តរបស់ទ្រង់» ដូច្នេះសាតាំងមិនអាចក្បត់ទ្រង់បានឡើយ។ តើអ្នកមិនបាននិយាយថា ព្រះជាម្ចាស់ជាព្រះដ៏មានគ្រប់ព្រះចេស្ដាទេឬអី? ចំណេះដឹងរបស់អ្នករាល់គ្នា ដូចជាអរូបីពេកហើយ ហើយវាគ្មានការពិតទាល់តែសោះឡើយ។ មនុស្សមិនអាចវាស់ស្ទង់ពីព្រះតម្រិះរបស់ព្រះជាម្ចាស់បានឡើយ ហើយគេក៏មិនអាចយល់ពីព្រះប្រាជ្ញាញាណរបស់ទ្រង់បានដែរ! ព្រះជាម្ចាស់ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយនេះមិនមែនជាសេចក្តីខុសឆ្គងឡើយ។ មហាទេវតាបានក្បត់ព្រះជាម្ចាស់ ដោយសារតែដំបូងឡើយ ព្រះជាម្ចាស់បានប្រទានចំណែកមួយនៃសិទ្ធិអំណាចដល់វា។ ពិតណាស់ នេះជាព្រឹត្តិការណ៍មួយដែលមិនបានរំពឹងទុក ដូចជាពេលដែលនាងអេវ៉ាបានធ្លាក់ក្នុងសេចក្តីល្បួងរបស់សត្វពស់អ៊ីចឹងដែរ។ យ៉ាងណាមិញ មិនថាអារក្សសាតាំងអនុវត្តអំពើក្បត់របស់វាបែបណានោះទេ ក៏វានៅតែគ្មានអំណាចចេស្ដាដូចជាព្រះជាម្ចាស់នោះដែរ។ ដូចអ្នករាល់គ្នាបាននិយាយហើយថា អារក្សសាតាំងមានអំណាចខ្លះ ហើយមិនថាវាធ្វើអ្វីនោះឡើយ ក៏សិទ្ធិអំណាចរបស់ព្រះជាម្ចាស់នឹងឈ្នះលើវាជានិច្ចដែរ។ នេះជាអត្ថន័យដ៏ពិតនៅពីក្រោយការនិយាយថា «ព្រះជាម្ចាស់ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយសាតាំងស្ថិតនៅក្នុងកណ្ដាប់ព្រះហស្តរបស់ទ្រង់»។ ដូច្នេះ សង្រ្គាមជាមួយអារក្សសាតាំងត្រូវតែអនុវត្តម្ដងមួយជំហានៗ។ លើសពីនេះ ព្រះជាម្ចាស់រៀបចំផែនការរបស់ទ្រង់ ជាការឆ្លើយតបចំពោះឧបាយកលរបស់អារក្សសាតាំង។ ទ្រង់នាំមកនូវសេចក្តីសង្រ្គោះដល់មនុស្ស និងបើកសម្ដែងពីព្រះចេស្ដា និងព្រះប្រាជ្ញាញាណរបស់ទ្រង់នៅក្នុងរបៀបមួយដែលស្របតាមយុគសម័យនាពេលនោះ។ ដូចគ្នាដែរ កិច្ចការនៃគ្រាចុងក្រោយមិនត្រូវបានកំណត់ទុកជាមុន នៅមុនយុគសម័យនៃព្រះគុណឡើយ ដ្បិតការកំណត់ទុកជាមុនមិនត្រូវបានបង្កើតឡើងនៅក្នុងទម្រង់លំដាប់លំដោយបែបនេះឡើយ៖ ជាដំបូង ជាការធ្វើឲ្យនិស្ស័យខាងក្រៅរបស់មនុស្សផ្លាស់ប្ដូរ។ ទីពីរ ធ្វើឲ្យមនុស្សចុះចូលចំពោះការវាយផ្ចាល និងការល្បងលរបស់ទ្រង់។ ទីបី ជាការធ្វើឲ្យមនុស្សឆ្លងកាត់ទុក្ខលំបាកនៃសេចក្តីស្លាប់។ ទីបួន ជាការឲ្យមនុស្សឆ្លងកាត់ពេលវេលានៃការស្រឡាញ់ព្រះជាម្ចាស់ និងបង្ហាញចេញនូវការតាំងចិត្តរបស់មនុស្សដែលទ្រង់បានបង្កើត។ ទីប្រាំ ការអនុញ្ញាតឲ្យមនុស្សមើលឃើញទាំងស្រុងពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងស្គាល់ទ្រង់ ហើយចុងបញ្ចប់ ជាការធ្វើឲ្យមនុស្សទៅជាគ្រប់លក្ខណ៍។ ទ្រង់មិនបានគ្រោងកិច្ចការទាំងនេះទុកជាមុន ក្នុងអំឡុងយុគសម័យនៃព្រះគុណឡើយ ផ្ទុយទៅវិញ ទ្រង់បានចាប់ផ្ដើមគ្រោងកិច្ចការទាំងនេះនៅក្នុងយុគសម័យបច្ចុប្បន្នប៉ុណ្ណោះ។ អារក្សសាតាំងកំពុងតែធ្វើការ ដូចជាព្រះជាម្ចាស់ដែរ។ អារក្សសាតាំងបង្ហាញពីនិស្ស័យដ៏ពុករលួយរបស់វា ខណៈពេលដែលព្រះជាម្ចាស់មានបន្ទូលចំៗ និងបើកសម្ដែងពីកិច្ចការដ៏សំខាន់មួយចំនួន។ នេះជាកិច្ចការដែលកំពុងតែធ្វើនាពេលសព្វថ្ងៃ ហើយវាមាននូវគោលការណ៍ការងារដូចគ្នា ដែលត្រូវបានប្រើជាយូរយារណាស់មកហើយ ក្រោយកំណើតនៃពិភពលោក។

ដកស្រង់ពី «អ្នកគួរតែដឹងពីរបៀបដែលមនុស្សទាំងអស់បានវិវឌ្ឍមកដល់ពេលបច្ចុប្បន្ន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល