ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ៥
05-05-2021
កិច្ចការគ្រប់គ្រងមនុស្សជាតិ ត្រូវបានបែងចែកជាបីដំណាក់កាល មានន័យថា កិច្ចការសង្គ្រោះមនុស្សជាតិ ក៏ត្រូវបានបែងចែកជាបីដំណាក់ដែរ។ កិច្ចការទាំងបីដំណាក់កាលនេះ មិនរាប់បញ្ចូលកិច្ចការបង្កើតផែនដីទេ ផ្ទុយទៅវិញ កិច្ចការទាំងបីដំណាក់កាលនេះគឺកិច្ចការក្នុងយុគសម័យនៃក្រឹត្យវិន័យ យុគសម័យនៃព្រះគុណ និងយុគសម័យនៃនគរព្រះ។ កិច្ចការនៃការបង្កើតផែនដី គឺជាកិច្ចការបង្កើតមនុស្សជាតិទាំងមូល។ កិច្ចការនេះមិនមែនជាកិច្ចការសង្គ្រោះមនុស្សជាតិទេ ហើយគ្មានពាក់ព័ន្ធអ្វីនឹងកិច្ចការសង្គ្រោះមនុស្សជាតិដែរ ពីព្រោះពេលដែលផែនដីនេះត្រូវបានបង្កើតមក មនុស្សជាតិមិនទាន់ត្រូវបានបង្ខូចឲ្យទៅជាអាក្រក់ដោយសារសាតាំងឡើយ ដូច្នេះហើយ ពុំចាំបាច់ត្រូវអនុវត្តនូវកិច្ចការសង្គ្រោះមនុស្សជាតិនោះទេ។ កិច្ចការនៃការគ្រប់គ្រងមនុស្សជាតិ ក៏ទើបតែចាប់ផ្ដើមនៅពេលមនុស្សជាតិត្រូវបង្ខូចឲ្យទៅជាអាក្រក់ប៉ុណ្ណោះ។ ពោលគឺ ការដែលព្រះជាម្ចាស់គ្រប់គ្រងមនុស្សជាតិ គឺជាលទ្ធផលកើតចេញពីកិច្ចការសង្គ្រោះ មនុស្សជាតិ ហើយមិនមែនកើតចេញពីកិច្ចការបង្កើតផែនដីនោះទេ។ ទាល់តែពេលមនុស្សជាតិមាននិស្ស័យខូចអាក្រក់ ទើបកិច្ចការគ្រប់គ្រងមនុស្សជាតិ មានវត្តមានឡើង ដូច្នេះហើយ កិច្ចការគ្រប់គ្រងមនុស្សជាតិ រួមមានបីផ្នែក មិនមែនបួនដំណាក់កាល ឬបួនយុគសម័យនោះទេ។ នេះគឺជាវិធីត្រឹមត្រូវតែមួយគត់ សម្រាប់និយាយសំដៅលើកិច្ចការគ្រប់គ្រងមនុស្សជាតិរបស់ព្រះជាម្ចាស់។ ពេលយុគសម័យចុងក្រោយឈានដល់ទីបញ្ចប់ កិច្ចការគ្រប់គ្រងមនុស្សជាតិ នឹងឈានមកដល់ទីបញ្ចប់ទាំងស្រុងដែរ។ ការសម្រេចកិច្ចការគ្រប់គ្រង មានន័យថា កិច្ចការនៃការសង្គ្រោះមនុស្សជាតិទាំងអស់ នឹងត្រូវបញ្ចប់ទាំងស្រុង ហើយមានន័យថា មនុស្សជាតិនឹងឈានដល់ទីបញ្ចប់នៃដំណើរជីវិតរបស់ពួកគេ។ ប្រសិនបើមិនមានកិច្ចការសង្គ្រោះមនុស្សជាតិទាំងអស់ទេ កិច្ចការគ្រប់គ្រងមនុស្សជាតិ ក៏មុខជាមិនមានវត្តមាន ឬគ្មានកិច្ចការទាំងបីដំណាក់កាលដែរ។ ប្រាកដណាស់ គឺដោយសារសេចក្ដីអាក្រក់របស់របស់មនុស្ស និងដោយសារតែមនុស្សត្រូវការសេចក្ដីសង្គ្រោះបន្ទាន់ពេក ទើបព្រះយេហូវ៉ាបញ្ចប់កិច្ចការបង្កើតផែនដី ហើយក៏បានចាប់ផ្ដើមកិច្ចការយុគសម័យនៃក្រឹត្យវិន័យ។ មានតែគ្រានោះឯងទើបកិច្ចការគ្រប់គ្រងមនុស្សជាតិចាប់ផ្ដើមនេះមានន័យថា មានតែពេលនោះ ទើបកិច្ចការសង្គ្រោះមនុស្សជាតិចាប់ផ្ដើម។ «ការគ្រប់គ្រងមនុស្សជាតិ» មិនមែនជាការដឹកនាំជីវិតរបស់មនុស្សជាតិដែលទើបតែត្រូវបានបង្កើតមកថ្មីៗនៅលើផែនដីនេះទេ (ពោលគឺ មនុស្សជាតិមិនទាន់ត្រូវបានបង្ខូចឲ្យទៅជាអាក្រក់ទេ)។ ផ្ទុយទៅវិញ វាជាសេចក្ដីសង្គ្រោះរបស់មនុស្សជាតិដែលត្រូវសាតាំងបង្ខូចឲ្យទៅជាអាក្រក់ ពោលគឺជាការបំផ្លាស់បំប្រែមនុស្សជាតិដ៏ខូចអាក្រក់នេះ។ នេះជាអត្ថន័យនៃ «ការគ្រប់គ្រងមនុស្សជាតិ»។ កិច្ចការសង្គ្រោះមនុស្សជាតិ មិនរាប់បញ្ចូលកិច្ចការនៃការបង្កើតផែនដីនេះទេ ដូច្នេះហើយ កិច្ចការគ្រប់គ្រងមនុស្សជាតិ ក៏មិនរាប់បញ្ចូលកិច្ចការនៃការបង្កើតផែនដីនេះដែរ ដោយឡែក កិច្ចការនេះរួមបញ្ចូលតែកិច្ចការទាំងបីដំណាក់កាលដែលដាច់ដោយឡែកពីកិច្ចការបង្កើតផែនដី។ ដើម្បីយល់អំពីកិច្ចការគ្រប់គ្រងមនុស្សជាតិ ចាំបាច់ត្រូវដឹងអំពីប្រវត្តិនៃកិច្ចការទាំងបីដំណាក់កាលសិន នេះគឺជាសេចក្ដីដែលគ្រប់គ្នាត្រូវតែដឹង ដើម្បីឲ្យបានសង្គ្រោះ។ ក្នុងនាមជាសត្តនិករដែលព្រះជាម្ចាស់បានបង្កើត អ្នកគួរដឹងថា មនុស្សត្រូវបានព្រះជាម្ចាស់បង្កើតមក ហើយអ្នកគួរដឹងពីប្រភពនៃសេចក្ដីខូចអាក្រក់របស់មនុស្ស ហើយនិងដំណើរនៃសេចក្ដីសង្គ្រោះរបស់មនុស្សថែមទៀតផង។ ប្រសិនបើអ្នករាល់គ្នាដឹងត្រឹមវិធីប្រព្រឹត្តស្របតាមគោលលទ្ធិ ដើម្បីព្យាយាមទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់ ប៉ុន្តែគ្មានគំនិតគិតដល់របៀបដែលព្រះជាម្ចាស់សង្គ្រោះមនុស្សជាតិ ឬប្រភពដើមនៃសេចក្ដីខូចអាក្រក់របស់មនុស្សជាតិ នេះហើយជាសេចក្ដីដែលអ្នកគ្មាន ក្នុងនាមជាសត្តនិករដែលព្រះបង្កើត។ អ្នកមិនគួរស្កប់ចិត្តត្រឹមតែមានការយល់ដឹងអំពីសេចក្ដីដែលអាចយកទៅអនុវត្ត ទាំងនៅល្ងង់ខ្លៅមិនដឹងពីវិសាលភាពដ៏ធំធេងនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់នោះឡើយ ប្រសិនបើដូច្នេះមែន នោះអ្នកជាមនុស្សមានៈជ្រុលហើយ។ កិច្ចការទាំងបីដំណាក់កាលនេះ គឺជារឿងអាថ៌កំបាំងនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ ការមកដល់នៃដំណឹងល្អនៃសកលលោកទាំងមូល ជារឿងអាថ៌កំបាំងធំបំផុតនៅក្នុងចំណោមមនុស្សជាតិទាំងអស់ ហើយសេចក្ដីទាំងអស់នេះក៏ ជាគ្រឹះនៃការផ្សាយដំណឹងល្អដែរ។ ប្រសិនបើអ្នកផ្ដោតតែលើការយល់ដឹងសេចក្ដីពិតងាយៗដែលទាក់ទងនឹងជីវិតរបស់អ្នក ហើយមិនដឹងអ្វីសោះទាក់ទងនឹងសេចក្ដីអាថ៌កំបាំង និងនិមិត្តដ៏អស្ចារ្យជាងគេនេះ នោះតើជីវិតរបស់អ្នកមិនដូចគ្នាទៅនឹងផលិតផលអន់គុណភាព គ្មានប្រយោជន៍ បានត្រឹមតាំងលម្អទេឬអី?
ប្រសិនបើមនុស្សយកចិត្តទុកដាក់តែលើការអនុវត្ត និងមើល ឃើញថា កិច្ចការរបស់ព្រះជាម្ចាស់ និងចំណេះដឹងរបស់មនុស្ស គឺជារឿងបន្ទាប់បន្សំ តើនេះមិនដូចគ្នានឹងការងប់ងល់នឹងរឿងដែលមិនសំខាន់ ហើយមើលស្រាលរឿងដែលសំខាន់ជាងទេឬអី? អ្នកត្រូវតែដឹងរឿងដែលអ្នកត្រូវដឹង អ្នកក៏ត្រូវតែយកទៅអនុវត្តកិច្ចការដែលអ្នកយកទៅអនុវត្តដែរ។ ទាល់តែបែបនោះ ទើបអ្នកក្លាយជាមនុស្សម្នាក់ដែលដឹងអំពីវិធីព្យាយាមយកឲ្យបានសេចក្ដីពិត។ លុះដល់ថ្ងៃដែលអ្នកត្រូវផ្សាយដំណឹងល្អ ប្រសិនបើអ្នកអាចនិយាយបានថា ព្រះជាម្ចាស់ ជាព្រះដ៏មហិមា ហើយសុចរិត អាចនិយាយថា ទ្រង់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះដែលគ្មានមនុស្សអស្ចារ្យណាម្នាក់អាចប្រៀបនឹងទ្រង់បាន និងអាចនិយាយថា ទ្រង់គឺជាព្រះដែលគ្មាននរណាម្នាក់ខ្ពស់ជាងទ្រង់ឡើយ... ប្រសិនបើអ្នកអាចនិយាយត្រឹមពាក្យសម្ដីដែលមិនទាក់ទង ហើយរាក់កំផែលទាំងអស់នេះ ដោយមិនអាចនិយាយពាក្យពេចន៍សំខាន់ៗ និងមានខ្លឹមសារទាល់តែសោះ ប្រសិនបើអ្នកគ្មានអ្វីត្រូវនិយាយ ទាក់ទងនឹងការស្គាល់ព្រះជាម្ចាស់ ឬទាក់ទងនឹងកិច្ចការរបស់ព្រះជាម្ចាស់ ហើយជាងនេះទៅទៀត អ្នកមិនអាចពន្យល់សេចក្ដីពិត ឬផ្ដល់អ្វីដែលមនុស្សខ្វះខាតទេ នោះមនុស្សដូចជាអ្នក ក៏មិនអាចអនុវត្តកាតព្វកិច្ចរបស់ខ្លួនឲ្យបានល្អដែរ។ ការធ្វើបន្ទាល់អំពីព្រះជាម្ចាស់ និងការផ្សាយដំណឹងល្អអំពីនគរព្រះ គឺមិនមែនជារឿងងាយទេ។ ជាដំបូង អ្នកត្រូវតែប្រដាប់ខ្លួន ដោយសេចក្ដីពិត និងប្រដាប់ខ្លួននូវនិមិត្ដដែលអាចយល់បាន។ កាលណាអ្នកយល់ច្បាស់ពីនិមិត្ត និងសេចក្ដីពិតទាក់ទងនឹងកត្តាខុសគ្នានៃកិច្ចការរបស់ព្រះជាម្ចាស់ នោះអ្នកនឹងចាប់ផ្ដើមស្គាល់ពីកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ខ្លួន ហើយទោះបីព្រះជាម្ចាស់ធ្វើអ្វីក៏ដោយ មិនថាជាការជំនុំជម្រះដ៏សុចរិត ឬការបន្សុទ្ធមនុស្ស ក៏អ្នកនៅតែមាននិមិត្តដ៏ធំបំផុត ជាមូលដ្ឋានគ្រឹះរបស់អ្នក ហើយអ្នកក៏មានសេចក្ដីពិតដ៏ត្រឹមត្រូវ ដើម្បីយកមកអនុវត្តដែរ រួចអ្នកក៏នឹងអាចដើរតាមព្រះជាម្ចាស់ រហូតដល់ទីបញ្ចប់ដែរ។ អ្នកត្រូវដឹងថា បើទោះបីជាព្រះអង្គធ្វើការអ្វីក៏ដោយ ក៏គោលដៅនៃកិច្ចការរបស់ទ្រង់មិនប្រែប្រួល ខ្លឹមសារស្នូលនៃកិច្ចការរបស់ទ្រង់ក៏មិនប្រែប្រួល ហើយព្រះហឫទ័យដែលទ្រង់មានចំពោះមនុស្សជាតិ ក៏មិនប្រែប្រួលដែរ។ ទោះបីជាព្រះបន្ទូលទ្រង់ម៉ឺងម៉ាត់យ៉ាងណា ទោះបីជាបរិយាកាសមិនអនុគ្រោះយ៉ាងណា ក៏គោលការណ៍នៃកិច្ចការរបស់ទ្រង់មិនប្រែប្រួល ហើយចេតនាដែលទ្រង់ចង់សង្គ្រោះមនុស្សជាតិ ក៏មិនប្រែប្រួលដែរ។ ចំណុចស្នូលនៃកិច្ចការរបស់ទ្រង់ក៏មិនប្រែប្រួលដែរ មានន័យថា ចំណុចស្នូលនេះមិនមែនជាកិច្ចការនៃការបើកសម្ដែងពីទីបញ្ចប់ ឬគោលដៅរបស់មនុស្ស និងមិនមែនជាកិច្ចការ ក្នុងដំណាក់កាលចុងក្រោយ ឬក៏ជាការបញ្ចប់ផែនការគ្រប់គ្រងទាំងមូលរបស់ព្រះជាម្ចាស់ឡើយ មានន័យថា ចំណុចសំខាន់នៃកិច្ចការនេះ គឺជាគ្រាដែលទ្រង់ប្រើមនុស្ស។ ចំណុចស្នូលនៃកិច្ចការរបស់ព្រះអង្គ គឺដើម្បីសង្គ្រោះមនុស្សជាតិជានិច្ច សេចក្ដីនេះគួរតែជាគ្រឹះនៃជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់។ គោលបំណងនៃកិច្ចការទាំងបីដំណាក់កាល គឺជាសេចក្ដីសង្គ្រោះសម្រាប់មនុស្សជាតិទាំងអស់ គឺជាការសង្គ្រោះមនុស្សជាតិឲ្យរួចផុតពីអំណាចគ្រប់គ្រងរបស់សាតាំងទាំងស្រុង។ ទោះបីជាដំណាក់កាលនីមួយៗ ក្នុងកិច្ចការនេះ មានវត្ថុបំណង និងមានសារៈសំខាន់ខុសគ្នា ក៏ដំណាក់កាលនីមួយៗ ជាចំណែកនៃកិច្ចការសង្គ្រោះមនុស្សជាតិ ហើយដំណាក់កាលនីមួយៗ គឺជាកិច្ចការដោយឡែកពីគ្នានៅក្នុងសេចក្ដីសង្គ្រោះ ដែលត្រូវបានអនុវត្តស្របទៅនឹងសេចក្ដីតម្រូវរបស់មនុស្សជាតិ។ កាលណាអ្នកដឹងអំពីគោលបំណងនៃកិច្ចការទាំងបីដំណាក់កាលនេះហើយ នោះអ្នកនឹងដឹងពីវិធីឲ្យតម្លៃសារៈសំខាន់នៃកិច្ចការក្នុងដំណាក់កាលនីមួយៗ ព្រមទាំងដឹងពីវិធីបំពេញមុខងារ ដើម្បីផ្គាប់ព្រះទ័យចង់បានរបស់ព្រះជាម្ចាស់ផង។ ប្រសិនបើអ្នកអាចឈានដល់ចំណុចនេះ នោះនិមិត្តដ៏អស្ចារ្យជាងគេបំផុតនេះ នឹងក្លាយជាគ្រឹះនៃជំនឿដែលអ្នកមានចំពោះព្រះជាម្ចាស់។ អ្នកមិនគួរស្វែងរកតែវិធីអនុវត្តងាយៗ ឬសេចក្ដីស៊ីជម្រៅនោះទេ ប៉ុន្តែអ្នកគួរផ្សារភ្ជាប់និមិត្តជាមួយនឹងការអនុវត្ត ដើម្បីឲ្យមានទាំងសេចក្ដីពិតដែលអាចយកទៅអនុវត្តបាន ព្រមទាំងមានចំណេះដឹងដែលផ្អែកលើនិមិត្តទាំងអស់នោះ។ មានតែធ្វើបែបនេះទេទើបអ្នកក្លាយជាមនុស្សម្នាក់ព្យាយាមឲ្យបានសេចក្ដីពិតទាំងមូល។
ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត