ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៩) ជំពូកទី២
III. កិច្ចការផ្សាយដំណឹងល្អ
ចំណុចទីបី៖ កិច្ចការផ្សាយដំណឹងល្អ។ កិច្ចការផ្សាយដំណឹងល្អ គឺជាចំណុចធំទីមួយនៃកិច្ចការជំនាញជាក់លាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ បន្ទាប់ពីកិច្ចការរដ្ឋបាល និងកិច្ចការបុគ្គលិក។ ដំណាក់របស់ព្រះជាម្ចាស់បានធ្វើការរៀបចំចាត់ចែងការងារជាច្រើនជាបន្តបន្ទាប់សម្រាប់កិច្ចការនេះ ដោយរៀបចំចាត់ចែងកិច្ចការជាក់លាក់ទាក់ទងនឹងអ្នកដែលមានសក្ដានុពលទទួលយកដំណឹងល្អ វិសាលភាពភូមិសាស្ត្រសម្រាប់ការផ្សាយដំណឹងល្អ ព្រមទាំងវិធីនិងមធ្យោបាយដើម្បីផ្សាយដំណឹងល្អផងដែរ។ ក្នុងពេលជាមួយគ្នានេះ ដំណាក់របស់ព្រះជាម្ចាស់ក៏មានខ្លឹមសារជាក់លាក់ក្នុងការរៀបចំចាត់ចែងកិច្ចការទាក់ទងនឹងសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ ភាពយន្ត និងវីដេអូគ្រប់ប្រភេទ ក៏ដូចជាកម្មវិធីជាច្រើនដែលត្រូវការចាំបាច់សម្រាប់ការផ្សាយដំណឹងល្អ ព្រមទាំងខ្លឹមសារទាក់ទងនឹងប្រភេទនៃសញ្ញាណទូទៅផ្សេងៗ រួមនិងសំណួរដែលអ្នកមានសក្ដានុពលទទួលយកដំណឹងល្អសាកសួរជាញឹកញាប់ផងដែរ។ ខ្លឹមសារខ្លះ អាចនឹងមិនត្រូវបានបង្ហាញជាលាយលក្ខណ៍អក្សរជាក់លាក់ទេ ប៉ុន្តែមានខ្លឹមសារជាច្រើនដែលបង្ហាញនៅក្នុងការប្រកបគ្នាតាមពាក្យសម្ដី និងដោយផ្ទាល់មាត់។ កិច្ចការផ្សាយដំណឹងល្អតែងតែរីកចម្រើន និងបន្តទៅមុខជានិច្ច ហើយនៅពេលដែលកិច្ចការនេះរីកចម្រើនទៅមុខ ដំណាក់របស់ព្រះជាម្ចាស់បានបង្កើតការរៀបចំចាត់ចែងកិច្ចការ និងបទប្បញ្ញត្តិជាក់លាក់ទាក់ទងនឹងបញ្ហាដែលបន្តកើតឡើងឥតឈប់ និងបញ្ហាដែលត្រូវបន្តប្រឈមមុខ ហើយខ្លួនក៏បានចេញនូវសេចក្ដីតម្រូវ និងកិច្ចការជាក់លាក់មួយចំនួនដល់អ្នកធ្វើការផ្សាយដំណឹងល្អ គ្រូជំនួយផ្នែកផ្សាយដំណឹងល្អ និងអ្នកមើលការខុសត្រូវលើកិច្ចការផ្សាយដំណឹងល្អផងដែរ។ ទោះបីជានៅក្នុងដំណាក់កាលក្រោយនេះ ដំណាក់របស់ព្រះជាម្ចាស់មិនបាននិយាយអ្វីច្រើនអំពីការរៀបចំសម្រាប់កិច្ចការផ្សាយដំណឹងល្អក៏ដោយ ក៏ទិដ្ឋភាពនៃសេចក្ដីពិតនេះ ត្រូវបានប្រកបគ្នាជាញឹកញាប់នៅក្នុងក្រុមជំនុំដែរ។ ជាពិសេស បន្ទាប់ពីដំណឹងល្អបានចាប់ផ្ដើមផ្សាយទៅក្រៅប្រទេស ដំណាក់របស់ព្រះជាម្ចាស់បានធ្វើការរៀបចំចាត់ចែងការងារជាក់លាក់សម្រាប់កិច្ចការបកប្រែជាភាសាផ្សេងៗ។ អ្នកបកប្រែ និងអ្នកធ្វើការផ្សាយដំណឹងល្អ ដែលចេះភាសាបរទេសផ្សេងៗ ខិតខំយ៉ាងអស់ពីសមត្ថភាព ដើម្បីសហការលើកិច្ចការប្រភេទនេះ ហើយដំណាក់របស់ព្រះជាម្ចាស់បានវិនិយោគធនធានមនុស្សប្រភេទនេះជាច្រើន ដើម្បីសហការលើកិច្ចការផ្សាយដំណឹងល្អ ហើយនេះគឺស្របតាមការរៀបចំចាត់ចែងការងារនៃដំណាក់របស់ព្រះជាម្ចាស់។ សរុបមក ខាងលើតែងតែផ្ដល់ការណែនាំ សាកសួរ តាមដាន និងមើលការខុសត្រូវដោយផ្ទាល់លើកិច្ចការផ្សាយដំណឹងល្អជានិច្ច។ ដូច្នេះ ចំពោះកិច្ចការនេះ តើអ្នកដឹកនាំ និងអ្នកធ្វើការគួរតែបំពេញទំនួលខុសត្រូវអ្វីខ្លះ? ការដែលមានអ្នកមើលការខុសត្រូវលើកិច្ចការផ្សាយដំណឹងល្អ មិនមែនមានន័យថា អ្នកដឹកនាំ និងអ្នកធ្វើការអាចបណ្ដែតបណ្ដោយ មិនយកចិត្តទុកដាក់នឹងការងារ មិនសាកសួរពីការងារ និងមិនខ្វល់ពីការងារ ដោយគិតថា «ទុកឱ្យកិច្ចការនោះវិវឌ្ឍទៅតាមដំណើរចុះ។ ទោះយ៉ាងណាក៏វាគ្មានអ្វីពាក់ព័ន្ធនឹងខ្ញុំដែរ។ ខ្ញុំទទួលខុសត្រូវលើជីវិតពួកជំនុំ និងកិច្ចការជំនាញផ្សេងៗ។ ប្រសិនបើមានបញ្ហាជាមួយកិច្ចការផ្សាយដំណឹងល្អ វាគ្មានអ្វីដែលខ្ញុំត្រូវខ្វល់នោះទេ»។ តើការធ្វើបែបនេះកើតទេ? (មិនកើតទេ។) នេះគឺជាការធ្វេសប្រហែសក្នុងទំនួលខុសត្រូវរបស់អ្នក។ ក្នុងចំណោមកិច្ចការទាំងអស់នៃដំណាក់របស់ព្រះជាម្ចាស់ កិច្ចការដ៏សំខាន់បំផុតដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែផ្ដោតលើ គឺកិច្ចការផ្សាយដំណឹងល្អ។ អ្នកប្រហែលមិនត្រូវបានដាក់ឱ្យទទួលខុសត្រូវដោយផ្ទាល់លើកិច្ចការនេះក៏ពិតមែន ប៉ុន្តែអ្នកត្រូវតែសាកសួរថាតើការងារនេះបានវិវឌ្ឍដល់កម្រិតណា ហើយវឌ្ឍនភាពនៃការងារនេះមានស្ថានភាពបែបណា។ អ្នកត្រូវតែតាមដាន ដឹងអំពីការងារនេះ និងក្ដាប់ឱ្យបានពីរឿងទាំងនេះ។ ជាពិសេស ទាក់ទងនឹងបុគ្គលិកសំខាន់ៗមួយចំនួន ដូចជាអ្នកផ្សាយដំណឹងល្អ និងអ្នកស្រោចស្រពនៅក្នុងក្រុមផ្សាយដំណឹងល្អ ក៏ដូចជាអ្នកមើលការខុសត្រូវលើកិច្ចការផ្សាយដំណឹងល្អ អ្នកត្រូវតែតាមដានជាប់ជានិច្ចនូវស្ថានភាពរបស់ពួកគេឱ្យបានទាន់ពេលវេលា ហើយប្រសិនបើមានបញ្ហាកើតឡើងជាមួយបុគ្គលិកទាំងនេះ អ្នកត្រូវតែដោះស្រាយបញ្ហាទាំងនោះភ្លាមៗ អ្នកមិនគួរដកខ្លួនចេញពីកិច្ចការនេះ បន្ទាប់ពីវាត្រូវបានចាត់តាំងរួចនោះទេ។ លើសពីនេះទៅទៀត អ្នកត្រូវតែត្រួតពិនិត្យ និងណែនាំជាប្រចាំដល់អ្នកផ្សាយដំណឹងល្អទាំងអស់ដែលពាក់ព័ន្ធនឹងកិច្ចការផ្សាយដំណឹងល្អ រួមទាំងអ្នកដែលនៅក្នុងពួកជំនុំ និងអ្នកផ្សាយដំណឹងល្អតាមអ៊ីនធឺណិតជួរមុខ ក៏ដូចជាអ្នកស្រោចស្រពនៅក្នុងក្រុមនីមួយៗផងដែរ។ ការរៀបចំកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់បានតម្រូវជាយូរមកហើយថា អ្នកផ្សាយដំណឹងល្អ និងអ្នកស្រោចស្រពទាំងអស់ត្រូវតែឆ្លងកាត់ការបណ្ដុះបណ្ដាលពិសេស។ តើការបណ្ដុះបណ្ដាលពិសេសមានន័យដូចម្ដេច? វាមានន័យត្រូវតែធានាថា អ្នកផ្សាយដំណឹងល្អ និងអ្នកស្រោចស្រពមានការយល់ដឹងច្បាស់លាស់អំពីសេចក្ដីពិតនៃនិមិត្ត ហើយថាពួកគេអាចពន្យល់ពីរឿងទាំងនេះបានយ៉ាងច្បាស់លាស់។ ប្រសិនបើមានទិដ្ឋភាពណាមួយនៃសេចក្ដីពិតនៃនិមិត្តដែលពួកគេមិនទាន់យល់ច្បាស់ទាំងស្រុង នោះត្រូវតែមានការប្រកបគ្នាជាញឹកញាប់អំពីទិដ្ឋភាពនោះ ហើយការយល់ដឹងរបស់អ្នកផ្សាយដំណឹងល្អ និងអ្នកស្រោចស្រពកាន់តែលម្អិត គឺកាន់តែល្អ។ ដំណាក់របស់ព្រះជាម្ចាស់មានការរៀបចំចាត់ចែងកិច្ចការសម្រាប់រឿងនេះ មែនទេ? (មែនហើយ។) កិច្ចការផ្សាយដំណឹងល្អ គឺជាកិច្ចការជាក់លាក់ និងស្មុគស្មាញមួយ ដែលរួមបញ្ចូលភារកិច្ចដាច់ដោយឡែកពីគ្នាជាច្រើន។ ត្រូវតែធានាថា កិច្ចការនីមួយៗត្រូវបានធ្វើបានយ៉ាងល្អ និងតាមដានយ៉ាងដិតដល់។ នេះគឺជាព្រះរាជបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់។ ភារកិច្ចនីមួយៗត្រូវតែធ្វើបានយ៉ាងល្អ ហើយត្រូវតែធានាថាលទ្ធផលនៃភារកិច្ចនីមួយៗមានភាពប្រសើរឡើងជាបន្តបន្ទាប់ ពោលគឺមានតែការធ្វើបែបនេះទេ ទើបស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ កិច្ចការជំនាញផ្សេងទៀត ដូចជាការផលិតភាពយន្ត កិច្ចការផ្នែកអត្ថបទ តន្ត្រី សិល្បៈ និងការបកប្រែ គឺមានដើម្បីគាំទ្រ និងជាខ្នងបង្អែកដល់កិច្ចការផ្សាយដំណឹងល្អ ហើយកិច្ចការផ្សាយដំណឹងល្អ គឺជាកិច្ចការជួរមុខនៃកិច្ចការទាំងអស់។ ដូច្នេះ អ្នកដែលបំពេញភារកិច្ចផ្សេងៗត្រូវតែធ្វើកិច្ចការផ្ទាល់ខ្លួនរបស់ពួកគេឱ្យបានល្អ និងសម្រេចបានលទ្ធផលដែលព្រះជាម្ចាស់បានតម្រូវ។ តាមរបៀបនេះ ពួកគេនឹងមានចំណែកនៅក្នុងកិច្ចការផ្សាយដំណឹងល្អ។ នេះក៏ព្រោះតែកិច្ចការជំនាញគ្រប់ប្រភេទផ្សេងទៀតនេះ មានឡើងដើម្បីបម្រើដល់ការផ្សាយដំណឹងល្អ ហើយកិច្ចការទាំងអស់នេះត្រូវតែផ្ដោតលើកិច្ចការផ្សាយដំណឹងល្អជាស្នូល និងផ្ដល់ការផ្គត់ផ្គង់ដែលមិនចេះចប់មិនចេះហើយសម្រាប់វា។ សព្វថ្ងៃនេះ រាល់ឯកសារ ភាពយន្ត និងវីដេអូផ្សេងៗដែលត្រូវការសម្រាប់ការផ្សាយដំណឹងល្អ ត្រូវបានបង្កើតឡើងតាមរយៈការខិតខំប្រឹងប្រែងរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ជាច្រើននាក់នៅពីក្រោយឆាក។ អ្វីគ្រប់យ៉ាងដែលមនុស្សទាំងនេះធ្វើនៅពីក្រោយឆាក ផ្ដល់នូវការគាំទ្រដ៏ខ្លាំងក្លាសម្រាប់កិច្ចការផ្សាយដំណឹងល្អ។ កាលពីមុន ដំណាក់របស់ព្រះជាម្ចាស់មិនមានស្នាដៃភាពយន្តប្រភេទផ្សេងៗ មិនមានបទចម្រៀងច្រើន ហើយក៏មិនមានវីដេអូទីបន្ទាល់ពីបទពិសោធន៍ច្រើននោះឡើយ។ គឺគ្រាន់តែពឹងផ្អែកលើអ្នកធ្វើការផ្សាយដំណឹងល្អដែលផ្ដល់ការប្រកបគ្នាជាបន្តបន្ទាប់ប៉ុណ្ណោះ។ អ្នកធ្វើការផ្សាយដំណឹងល្អនឹងនិយាយរហូតដល់ស្ងួតបំពង់ក ក៏មិនប្រាកដថានឹងឃើញលទ្ធផលជាដុំកំភួនដែរ ហើយវាពិបាកក្នុងការនាំឱ្យគេទទួលជឿណាស់។ បន្ទាប់ពីពួកជំនុំបានផលិតវីដេអូគ្រប់ប្រភេទរួចមក កិច្ចការរបស់ក្រុមផ្សាយដំណឹងល្អបានធូរស្រាលជាងមុន និងងាយស្រួលជាងមុនឆ្ងាយ ហើយប្រសិទ្ធភាពក៏បានកើនឡើងផងដែរ។ មនុស្សមួយចំនួនមានគំនិតរឹងរូស និងចាស់គំរឹល ហើយនៅពេលអ្នកផ្សាយដំណឹងល្អដល់ពួកគេ មិនថាអ្នកប្រកបគ្នាអំពីសេចក្ដីពិតយ៉ាងណាក៏ដោយ ក៏វាមិនមានប្រសិទ្ធភាពដែរ ហើយពួកគេនៅតែរក្សាសញ្ញាណរបស់ខ្លួន និងបដិសេធមិនព្រមទទួលយកដដែល តើពេលនោះអ្នកត្រូវធ្វើដូចម្ដេចដែរ? អ្នកត្រូវឱ្យពួកគេទស្សនាភាពយន្តទីបន្ទាល់ដំណឹងល្អមួយឬពីររឿង នោះសញ្ញាណរបស់ពួកគេនឹងមានការផ្លាស់ប្ដូរ ហើយពួកគេចាប់ផ្ដើមមានអារម្មណ៍ល្អចំពោះផ្លូវពិត។ នៅពេលដែលពួកគេមកស្វែងរកម្ដងទៀត គឺលែងមានរនាំង ឬឧបសគ្គធំៗនៅក្នុងចិត្តរបស់ពួកគេទៀតហើយ ហើយនៅពេលអ្នកប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេម្ដងទៀត ពួកគេអាចទទួលយកវាបានយ៉ាងងាយស្រួល។ នោះហើយជាមូលហេតុដែលលទ្ធផលស្ដែងឃើញយ៉ាងច្បាស់ នៅពេលអ្នកបង្ហាញភាពយន្តដែលផលិតដោយដំណាក់របស់ព្រះជាម្ចាស់ដល់អ្នកដែលមានសក្ដានុពលទទួលយកដំណឹងល្អ ឬអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យពួកគេស្ដាប់ ឬបង្ហាញវីដេអូទីបន្ទាល់ពីបទពិសោធដល់ពួកគេ ពោលគឺការធ្វើបែបនេះមានប្រសិទ្ធភាពខ្លាំងជាងការដែលអ្នកនិយាយច្រើនទៅកាន់ពួកគេទៅទៀត។ មិនថាអ្នកណាដែលកំពុងស្វែងរក និងស៊ើបរកផ្លូវពិតនោះទេ ដំបូងត្រូវឱ្យពួកគេមើលភាពយន្តមួយចំនួន ហើយបន្ទាប់មកឱ្យពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានច្រើន ដោយការធ្វើបែបនេះគឺជាការត្រួសត្រាយផ្លូវសម្រាប់ពួកគេ។ បន្ទាប់មក ចូរប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេ ដើម្បីដោះស្រាយសញ្ញាណរបស់ពួកគេ។ ការធ្វើបែបនេះធ្វើឱ្យអ្វីៗដំណើរការទៅបានយ៉ាងរលូនជាងមុន។ សព្វថ្ងៃនេះ អ្នកដែលកំពុងស៊ើបរកផ្លូវពិត បានមើលភាពយន្ត និងវីដេអូទីបន្ទាល់ជាច្រើនដែលផលិតដោយដំណាក់របស់ព្រះជាម្ចាស់នៅលើអ៊ីនធឺណិតរួចហើយ ជាពិសេស ពួកគេបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាច្រើន។ មុនពេលពួកគេមកស្វែងរក និងស៊ើបរក ពួកគេមានអារម្មណ៍ល្អចំពោះផ្លូវពិតរួចទៅហើយ ហើយជាមូលដ្ឋាន ពួកគេបានទទួលស្គាល់រួចហើយថាវាគឺជាផ្លូវពិត។ តើអ្នករាល់គ្នាបានរកឃើញអ្វីនៅក្នុងរឿងនេះដែរឬទេ? ភាពយន្តទាំងនេះ វីដេអូសូត្រព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ វីដេអូទីបន្ទាល់ពីបទពិសោធទាំងនេះ វីដេអូចម្រៀងសរសើរតម្កើងព្រះ និងផ្សេងៗទៀតដែលដំណាក់របស់ព្រះជាម្ចាស់ផលិត គឺមានប្រសិទ្ធភាពខ្លាំងណាស់ក្នុងការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់! មិនចាំបាច់ខាតពេលច្រើនក្នុងការប្រកបគ្នា និងជជែកជាមួយអ្នកដែលមានសក្ដានុពលទទួលយកដំណឹងល្អនោះទេ។ នៅពេលដែលពួកគេបានមើលវីដេអូទាំងនេះរួច ពួកគេអាចទទួលយកផ្លូវពិតបាន។ ការណ៍នេះជួយសន្សំសំចៃពេលវេលាជាច្រើនសម្រាប់អ្នកដែលកំពុងផ្សាយដំណឹងល្អ ហើយវាបង្ហាញថា ការគាំទ្រនៅពីក្រោយឆាកទាំងអស់សម្រាប់ការផ្សាយដំណឹងល្អគឺពិតជាខ្លាំងក្លាណាស់! មានធនធានយ៉ាងសំបូរបែបគ្រប់ប្រភេទសម្រាប់ការផ្សាយដំណឹងល្អ! អ្នកដែលមានសក្ដានុពលទទួលយកដំណឹងល្អជាច្រើនមានការភ្ញាក់ផ្អើល នៅពេលដែលពួកគេចូលអ៊ីនធឺណិតដើម្បីស្រាវជ្រាវពីកិច្ចការរបស់ព្រះជាម្ចាស់ ដោយសារតែមានធនធានជាច្រើននៅលើគេហទំព័រនៃដំណាក់របស់ព្រះជាម្ចាស់ និងមានខ្លឹមសារយ៉ាងសំបូរបែប! ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានយ៉ាងសំបូរបែប មានភាពយន្ត និងវីដេអូគ្រប់ប្រភេទយ៉ាងសំបូរបែប ហើយមានទីបន្ទាល់ពីបទពិសោធយ៉ាងសំបូរបែប និងមានគ្រប់សព្វដែលត្រូវការ។ នេះពិតជាលទ្ធផលនៃកិច្ចការ និងការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធយ៉ាងពិតប្រាកដមែន! ការណ៍នេះពិតជាចេញមកពីកិច្ចការរបស់ព្រះជាម្ចាស់ទាំងអស់។ មិនថានាគដ៏ធំមានសម្បុរក្រហម និងពិភពសាសនាផ្សព្វផ្សាយពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន និងមួលបង្កាច់យ៉ាងណាក៏ដោយ ក៏វាមិនបានផលអ្វីទាំងអស់។ ទោះក្នុងករណីណាក៏ដោយ លទ្ធផលដែលសម្រេចបាន និងផលផ្លែដែលប្រមូលបានដោយកិច្ចការទាំងអស់នៃដំណាក់របស់ព្រះជាម្ចាស់ គឺអាចមើលឃើញយ៉ាងច្បាស់សម្រាប់មនុស្សគ្រប់គ្នា ហើយវាគឺជាការពិតដែលសម្រេចបានដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់។
នៅក្នុងកិច្ចការផ្សាយដំណឹងល្អអំពីនគរព្រះ គ្រប់ចំណុចទាំងអស់នៃកិច្ចការដំណាក់របស់ព្រះជាម្ចាស់ត្រូវបានរៀបចំយ៉ាងមានរបៀបរៀបរយ និងប្រព្រឹត្តទៅយ៉ាងមានសណ្ដាប់ធ្នាប់។ កិច្ចការផ្សាយដំណឹងល្អ គឺជាកិច្ចការដ៏សំខាន់ មានរយៈពេលវែង និងលំបាកលំបិនមួយ។ ដូច្នេះ អ្នកដែលទទួលបន្ទុកលើកិច្ចការផ្សាយដំណឹងល្អ មិនថាពួកគេជាអ្នកមើលការខុសត្រូវ ឬជាអ្នកធ្វើការខាងផ្សាយដំណឹងល្អធម្មតានោះទេ គួរតែមានការបញ្ជាក់ពីសារៈសំខាន់នៃកិច្ចការនេះនៅក្នុងដួងចិត្តរបស់ពួកគេ។ ទោះបីជាអ្នករាល់គ្នាកំពុងធ្វើការនៅជួរមុខខាងផ្សាយដំណឹងល្អ និងកំពុងបំពេញភារកិច្ចរបស់អ្នកក៏ដោយ ក៏នៅពីក្រោយអ្នករាល់គ្នា ពោលគឺនៅពីក្រោយឆាក មានបងប្អូនប្រុសស្រីជាច្រើនកំពុងធ្វើកិច្ចការគាំទ្រគ្រប់បែបយ៉ាងដែរ ហើយពួកគេគឺជាកម្លាំងគាំទ្រដល់កិច្ចការផ្សាយដំណឹងល្អ។ តើខ្ញុំមានន័យដូចម្ដេច ពេលនិយាយបែបនេះ? កិច្ចការទាំងអស់នៃដំណាក់របស់ព្រះជាម្ចាស់ គឺផ្ដោតលើការផ្សាយដំណឹងល្អជាស្នូល ហើយភារកិច្ចដែលបានបំពេញដោយរាស្ដ្ររើសតាំងទាំងអស់របស់ព្រះជាម្ចាស់ គឺដើម្បីបម្រើដល់ការផ្សាយដំណឹងល្អ។ រាល់បងប្អូនប្រុសស្រីដែលបំពេញភារកិច្ចម្នាក់ៗ សុទ្ធតែមានចំណែកនៅក្នុងកិច្ចការផ្សាយដំណឹងល្អ ហើយកិច្ចការនីមួយៗគឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងស្អិតរមួតជាមួយកិច្ចការផ្សាយដំណឹងល្អ។ សរុបមក គ្រប់កិច្ចការទាំងអស់ រួមទាំងកិច្ចការផ្សាយដំណឹងល្អផ្ទាល់ផង គឺជាភារកិច្ចមួយដែលគួរតែត្រូវបានធ្វើឱ្យបានល្អ ដើម្បីធ្វើបន្ទាល់ថ្វាយកិច្ចការរបស់ព្រះជាម្ចាស់ ហើយកិច្ចការណាក៏ដោយគឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងកិច្ចការដ៏សំខាន់បំផុតមួយនេះ ដែលជាការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់។ ការណ៍នេះគឺត្រឹមត្រូវទាំងស្រុង។ ដូច្នេះ ដំណាក់របស់ព្រះជាម្ចាស់ដាក់កិច្ចការផ្សាយដំណឹងល្អនៅលំដាប់កំពូលនៃបញ្ជីកិច្ចការទាំងអស់ ហើយវាគឺជាកិច្ចការលេខមួយក្នុងចំណោមកិច្ចការទាំងអស់នៃដំណាក់របស់ព្រះជាម្ចាស់ ពោលគឺការធ្វើបែបនេះត្រឹមត្រូវតែម្ដង។ វាគឺជាកិច្ចការដ៏ធំ លំបាកលំបិន និងមានរយៈពេលវែងមួយ ហើយរាល់រាស្ដ្ររើសតាំងម្នាក់ៗរបស់ព្រះជាម្ចាស់ គ្រប់មនុស្សដែលដើរតាមព្រះជាម្ចាស់ ត្រូវតែមានការតស៊ូ ការអត់ធ្មត់ និងសេចក្ដីជំនឿគ្រប់គ្រាន់ ដើម្បីត្រៀមខ្លួនធ្វើកិច្ចការនេះឱ្យបានល្អ និងដើម្បីប្រយុទ្ធក្នុងសមរភូមិដ៏វែងឆ្ងាយនេះ។ មិនថាអ្នកតស៊ូព្យាយាមរយៈពេល១០ឆ្នាំ ២០ឆ្នាំ ឬ៣០ឆ្នាំនោះទេ អ្នកត្រូវតែស្មោះត្រង់ចំពោះព្រះជាម្ចាស់ជានិច្ច ឧទ្ទិសជីវិត និងពេលវេលាពេញមួយជីវិតរបស់អ្នកចំពោះកិច្ចការផ្សាយដំណឹងល្អ ហើយត្រូវស្មោះត្រង់ចំពោះព្រះជាម្ចាស់រហូតដល់ទីបញ្ចប់។ នេះគឺជាទំនួលខុសត្រូវដ៏សំខាន់មួយដែលអ្នកដើរតាមព្រះជាម្ចាស់គ្រប់រូបត្រូវមានកាតព្វកិច្ចទទួលបន្ទុក វាគឺជាភារកិច្ចរបស់មនុស្សគ្រប់រូប ហើយនេះក៏ជាព្រះរាជបញ្ជាបេសកកម្មដែលព្រះជាម្ចាស់ប្រទានដល់មនុស្សគ្រប់រូបផងដែរ។
តាមរយៈការប្រកបគ្នារបស់ខ្ញុំនេះ តើអ្នករាល់គ្នាមានកម្លាំងចិត្ត ហើយចាប់ផ្ដើមចាត់ទុកកិច្ចការផ្សាយដំណឹងល្អថាជាកិច្ចការសំខាន់ហើយឬនៅ? កាលពីមុន មនុស្សមួយចំនួនបាននិយាយថា «ខ្ញុំមិនយល់ពីជំនាញបច្ចេកទេសណាមួយទេ ខ្ញុំមិនចេះសម្ដែង ហើយក៏មិនអាចធ្វើជាតារាសម្ដែងនោះដែរ ពេលនិយាយដល់ការប្រើពាក្យពេចន៍ ខ្ញុំគ្មានមូលដ្ឋានរឹងមាំឡើយ ដូច្នេះខ្ញុំមិនចេះសរសេរអត្ថបទ ខ្ញុំមិនយល់ពីតន្ត្រី ហើយរឹតតែមិនដឹងអំពីសិល្បៈទៀតផង។ គឺដោយសារតែខ្ញុំមិនពូកែអ្វីទាំងអស់នេះហើយ ទើបខ្ញុំត្រូវបានចាត់តាំងឱ្យទៅក្រុមផ្សាយដំណឹងល្អនោះ។ តើក្រុមផ្សាយដំណឹងល្អមិនស្មើនឹងធ្នើរក្រោយដែលគេបំភ្លេចចោល នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទេឬអី? ហើយដោយសារខ្ញុំត្រូវបានផ្ទេរទៅធ្នើរក្រោយដែលគេបំភ្លេចចោល តើខ្ញុំនៅមានសង្ឃឹមថានឹងទទួលបានសេចក្ដីសង្គ្រោះដែរឬទេ?» តើវាបែបនេះមែនទេ? ប្រសិនបើអ្នកពិតជាយល់ពីស្ថានភាពនេះបែបនោះមែន នោះអ្នកបានយល់ខុសពីព្រះជាម្ចាស់ហើយ។ ការផ្សាយដំណឹងល្អ គឺជាទំនួលខុសត្រូវដែលមនុស្សគ្រប់រូបត្រូវតែបំពេញ។ ប្រសិនបើអ្នកមិនពូកែអ្វីទាំងអស់ និងមិនយល់ពីជំនាញបច្ចេកទេសណាមួយ ហើយអ្វីទាំងអស់ដែលអ្នកអាចធ្វើបានគឺផ្សាយដំណឹងល្អ នោះអ្នកនឹងត្រូវបានរៀបចំឱ្យបំពេញភារកិច្ចរបស់អ្នកនៅក្នុងក្រុមផ្សាយដំណឹងល្អហើយ។ នេះគឺជាឱកាសចុងក្រោយរបស់អ្នក ហើយការធ្វើបែបនេះគឺដើម្បីធានាថា អ្នកមិនត្រូវបានខ្ជះខ្ជាយក្នុងនាមជាធនធានម្នាក់ និងអាចត្រូវបានប្រើប្រាស់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីឱ្យអ្នកបំពេញមុខងាររបស់អ្នកដល់កម្រិតអតិបរមាក្នុងនាមជាមនុស្សម្នាក់។ អ្នកមិនពូកែអ្វីទាំងអស់ ហើយធ្វើអ្វីក៏មិនសូវរហ័សរហួនដែរ ប៉ុន្តែអ្នកអាចបំពេញភារកិច្ចផ្សាយដំណឹងល្អបានយ៉ាងល្អ ហើយទោះបីជាអ្នកត្រូវបានស្នើសុំឱ្យស្វែងរកអ្នកទទួលយកដំណឹងល្អក៏ដោយ ក៏អ្នកអាចធ្វើការនេះដោយយកចិត្តទុកដាក់ ហើយបញ្ជូនអ្នកទទួលដំណឹងល្អដែលអ្នករកបានទៅឱ្យអ្នកផ្សាយដំណឹងល្អដែរ។ ក្នុងពេលជាមួយគ្នានោះ អ្នកអាចរៀនបន្តិចម្ដងៗពីរបៀបផ្សាយអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពីកិច្ចការរបស់ព្រះជាម្ចាស់ និងពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយនាំមនុស្សមកចំពោះព្រះជាម្ចាស់។ តើនេះមិនមែនជាភារកិច្ចរបស់អ្នកទេឬ? មនុស្សផ្សេងទៀតបង្កើតលទ្ធផលខ្លះតាមរយៈការចូលរួមក្នុងកិច្ចការផ្នែកអត្ថបទ ការងារផលិតភាពយន្ត និងកិច្ចការប្រភេទផ្សេងទៀត ប៉ុន្តែអ្នកមិនចេះធ្វើរឿងទាំងនេះទេ ហើយក៏គ្មានទេពកោសល្យ ឬអំណោយទានពិសេសណាមួយដែរ ប៉ុន្តែអ្នកបានលះបង់កម្លាំងរបស់អ្នកចំពោះកិច្ចការផ្សាយដំណឹងល្អ អ្នកបានលះបង់អស់ពីសមត្ថភាព និងបំពេញភារកិច្ចរបស់អ្នក ហើយអ្នកបានទទួលបន្ទុកព្រះរាជបញ្ជាបេសកកម្មដែលព្រះជាម្ចាស់ប្រទានឱ្យ តើទាំងនេះមិនមែនជាអំពើល្អទេឬ? ទាំងនេះក៏ជាអំពើល្អដែរ ហើយព្រះជាម្ចាស់នឹងចងចាំអំពើទាំងនេះ។ ការណ៍នេះសម្រេចតាមព្រះបន្ទូលទាំងនេះ៖ គ្មានការបែងចែកឋានៈខ្ពង់ខ្ពស់ ឬទន់ទាបនៅក្នុងភារកិច្ចដែលមនុស្សធ្វើនោះទេ អ្វីដែលសំខាន់គឺថាតើអ្នកស្មោះត្រង់នៅក្នុងភារកិច្ចរបស់អ្នក និងថាតើអ្នកធ្វើវាស្របតាមស្ដង់ដាដែរឬទេ។ ព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សគ្រប់រូបដោយយុត្តិធម៌ និងស្មើភាពគ្នា។ ដោយសារអ្នកមិនអាចធ្វើអ្វីបាន អ្នកត្រូវបានស្នើសុំឱ្យផ្សាយដំណឹងល្អ ពោលគឺការធ្វើបែបនេះគឺដើម្បីឱ្យអ្នកអាចបំពេញមុខងារចុងក្រោយរបស់អ្នក ក្រោមលក្ខខណ្ឌដែលអ្នកមិនអាចទទួលយកភារកិច្ចផ្សេងទៀតបាន។ តាមរយៈការណ៍នេះ អ្នកកំពុងទទួលបានឱកាស និងពន្លឺនៃក្តីសង្ឃឹមដ៏តិចតួចមួយ។ អ្នកមិនត្រូវបានដកហូតសិទ្ធិក្នុងការបំពេញភារកិច្ចរបស់អ្នកទេ។ ព្រះជាម្ចាស់នៅតែមានព្រះរាជបញ្ជាបេសកកម្មសម្រាប់អ្នកដដែល ហើយទ្រង់មិនលម្អៀងចំពោះអ្នកនោះឡើយ។ ដូច្នេះ អ្នកដែលត្រូវបានចាត់តាំងឱ្យទៅក្រុមផ្សាយដំណឹងល្អ មិនមែនត្រូវបានបញ្ជូនទៅធ្នើរក្រោយដែលគេបំភ្លេចចោលនោះទេ ហើយក៏មិនមែនត្រូវបានបោះបង់ចោលនោះដែរ ប៉ុន្តែផ្ទុយទៅវិញ ពួកគេកំពុងបំពេញភារកិច្ចរបស់ខ្លួននៅកន្លែងផ្សេងមួយទៀត។ តាមរយៈការប្រកបគ្នាអំពីការរៀបចំចាត់ចែងកិច្ចការសម្រាប់កិច្ចការផ្សាយដំណឹងល្អ តើឥឡូវនេះអ្នករាល់គ្នាមើលឃើញកិច្ចការផ្សាយដំណឹងល្អក្នុងផ្លូវល្អ ហើយលែងមានការយល់ខុសណាមួយអំពីកិច្ចការនេះទៀតហើយមែនទេ? (មែនហើយ។) ដូច្នេះ តើអ្នករាល់គ្នានឹងមានអារម្មណ៍ក្រអឺតក្រទមចំពោះកិច្ចការនេះដែរឬទេ? មិនថាមនុស្សបំពេញភារកិច្ចអ្វីទេ សេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះពួកគេមិនផ្លាស់ប្ដូរឡើយ ពោលគឺព្រះជាម្ចាស់ចង់បានភក្ដីភាព និងចិត្តស្មោះរបស់ពួកគេ។ ប្រសិនបើអ្នកនិយាយថា «ខ្ញុំដាក់ខ្លួន ខ្ញុំនឹងមិនក្រអឺតក្រទមទេ ខ្ញុំគ្រាន់តែធ្វើអ្វីដែលព្រះជាម្ចាស់សុំឱ្យខ្ញុំធ្វើប៉ុណ្ណោះ» ប៉ុន្តែអ្នកគ្មានភក្ដីភាព គ្មានចិត្តស្មោះ នោះក៏មិនបានដែរ។ ទោះបីជាអ្នកយល់ពីកិច្ចការផ្សាយដំណឹងល្អយ៉ាងណាក៏ដោយ ទោះក្នុងករណីណាក៏ដោយ ប្រសិនបើអ្នកមានភក្ដីភាព និងចិត្តស្មោះ នោះការបំពេញភារកិច្ចរបស់អ្នកនឹងស្របតាមស្ដង់ដា។ មិនថាអ្នកចាត់ទុកភារកិច្ចផ្សាយដំណឹងល្អល្អប៉ុនណា ឬមានឥរិយាបថវិជ្ជមានយ៉ាងណាទេ ប្រសិនបើអ្នកមិនអាចស៊ូទ្រាំនឹងការលំបាក ហើយអ្នកគ្មានការតស៊ូ និងគ្មានភក្ដីភាព នោះក៏មិនបានដែរ។ ដូច្នេះ មិនថាគេដាក់អ្នកនៅទីណា នៅវេលាណា ឬអ្នកស្ថិតនៅកន្លែងណា មានទំនាក់ទំនងជាមួយអ្នកណា និងបំពេញភារកិច្ចអ្វីនោះឡើយ គឺមិនសំខាន់ទេ។ ព្រះជាម្ចាស់នឹងទតឃើញអ្នក និងពិនិត្យពិច័យជម្រៅដួងចិត្តរបស់អ្នកជានិច្ច។ កុំគិតថា ដោយសារអ្នកជាសមាជិកនៃក្រុមផ្សាយដំណឹងល្អ នោះព្រះជាម្ចាស់មិនយកចិត្តទុកដាក់ចំពោះអ្នក ឬថាព្រះជាម្ចាស់ទតមិនឃើញអ្នក ដូច្នេះ អ្នកអាចធ្វើអ្វីតាមដែលអ្នកចង់ធ្វើនោះឡើយ។ ហើយកុំគិតថា ប្រសិនបើគេចាត់អ្នកឱ្យចូលក្រុមផ្សាយដំណឹងល្អ អ្នកលែងមានសង្ឃឹមទទួលបានសេចក្តីសង្រ្គោះទៀត រួចហើយក៏មានអាកប្បកិរិយាអវិជ្ជមានចំពោះកិច្ចការនោះឡើយ។ វិធីគិតទាំងនេះគឺខុសទាំងអស់។ មិនថាគេដាក់អ្នកនៅទីណា ឬគេចាត់ចែងភារកិច្ចអ្វីឱ្យអ្នកធ្វើនោះទេ វាគឺជាអ្វីដែលអ្នកគួរតែធ្វើ ហើយអ្នកគួរតែធ្វើភារកិច្ចនោះដោយភាពឧស្សាហ៍ព្យាយាម និងដោយការទទួលខុសត្រូវ។ សេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះអ្នកមិនផ្លាស់ប្ដូរទេ ហើយការចុះចូលរបស់អ្នកចំពោះការរៀបចំចាត់ចែងរបស់ព្រះជាម្ចាស់ក៏មិនគួរផ្លាស់ប្ដូរនោះដែរ។ ឋានៈរបស់អ្នកធ្វើការខាងផ្សាយដំណឹងល្អ គឺដូចគ្នានឹងឋានៈរបស់អ្នកបំពេញភារកិច្ចផ្សេងទៀតដែរ។ តម្លៃរបស់មនុស្សម្នាក់មិនត្រូវបានវាស់វែងដោយភារកិច្ចដែលពួកគេធ្វើនោះទេ ប៉ុន្តែផ្ទុយទៅវិញគឺដោយថាតើពួកគេស្វែងរកសេចក្ដីពិត និងមានតថភាពនៃសេចក្ដីពិតដែរឬអត់។ ចំពោះការប្រកបគ្នារបស់ខ្ញុំទាក់ទងនឹងកិច្ចការផ្សាយដំណឹងល្អ ដែលជាកិច្ចការដ៏ធំ និងជាក់លាក់មួយនេះ គឺចប់ត្រឹមនេះហើយ។
IV. កិច្ចការជំនាញផ្សេងៗ
ចំណុចទីបួនគឺជាកិច្ចការជំនាញផ្សេងៗ។ កិច្ចការនេះរួមមាន ការផលិតភាពយន្ត កិច្ចការផ្នែកអត្ថបទ តន្ត្រី សិល្បៈ ការបកប្រែ និងកិច្ចការផ្សេងទៀត។ មនុស្សមួយចំនួននិយាយថា «ពួកយើងដែលជាអ្នករៀបចំសម្លៀកបំពាក់តួសម្ដែង ក៏ពាក់ព័ន្ធនឹងកិច្ចការផលិតភាពយន្តផងដែរ។ តើការរៀបចំសម្លៀកបំពាក់តួសម្ដែង ត្រូវបានចាត់ទុកថាជាកិច្ចការមួយប្រភេទដែរឬទេ?» ការរៀបចំសម្លៀកបំពាក់តួសម្ដែង គឺត្រូវបានរួមបញ្ចូលនៅក្នុងប្រភេទនៃកិច្ចការផលិតភាពយន្ត និងតន្ត្រី។ វាគឺជាប្រភេទនៃកិច្ចការគាំទ្រដែលសហការជាមួយកិច្ចការប្រភេទទាំងនេះ។ នៅគ្រប់ដំណាក់កាល ដំណាក់របស់ព្រះជាម្ចាស់មានការរៀបចំចាត់ចែងកិច្ចការជាក់លាក់ទាក់ទងនឹងសេចក្ដីតម្រូវជាក់លាក់សម្រាប់កិច្ចការជំនាញប្រភេទទាំងនេះ។ កិច្ចការខ្លះត្រូវបានប្រាស្រ័យទាក់ទងជាសំណេរ ហើយកិច្ចការខ្លះទៀតត្រូវបានប្រាស្រ័យទាក់ទងដោយផ្ទាល់មាត់តាមរយៈការប្រកបគ្នានៅក្នុងការប្រជុំ។ មិនថាកិច្ចការទាំងនោះត្រូវបានប្រាស្រ័យទាក់ទងតាមរបៀបណាទេ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែទទួលខុសត្រូវចំពោះកិច្ចការទាំងនោះ កត់ត្រាសេចក្ដីតម្រូវជាក់លាក់ដែលចេញដោយដំណាក់របស់ព្រះជាម្ចាស់សម្រាប់កិច្ចការនេះ ហើយចងក្រងកំណត់ត្រាទាំងនេះ រួចផ្ដល់ការប្រកបគ្នាជាក់លាក់អំពីកិច្ចការទាំងនោះ ហើយចូលរួមក្នុងការអនុវត្តជាក់ស្តែង។ នេះក៏ជាកិច្ចការដ៏ធំមួយដែរ ហើយវាគឺជាកិច្ចការជាក់លាក់ទីពីរបន្ទាប់ពីកិច្ចការផ្សាយដំណឹងល្អ។ ទាក់ទងនឹងកិច្ចការជាក់លាក់នេះ ដំណាក់របស់ព្រះជាម្ចាស់តម្រូវឱ្យបុគ្គលិកទាំងអស់ដែលពាក់ព័ន្ធក្នុងជំនាញផ្សេងៗ ត្រូវបន្តសិក្សាជាប់ជាប្រចាំអំពីចំណេះដឹងជំនាញដែលទាក់ទងនឹងភារកិច្ចរបស់ខ្លួន ក៏ដូចជាស្វែងរកព័ត៌មាន ដើម្បីឱ្យប្រាកដច្បាស់ថាមានចំណុចអ្វីខ្លះដែលមានប្រយោជន៍សម្រាប់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ ទន្ទឹមគ្នានោះ ដំណាក់របស់ព្រះជាម្ចាស់កំពុងប្រកបគ្នាជាបន្តបន្ទាប់អំពីគោលការណ៍សេចក្ដីពិត និងផ្ដល់ផែនការជាក់លាក់សម្រាប់កិច្ចការជំនាញផ្សេងៗ។ ពេលខ្លះ កិច្ចការប្រភេទទាំងនេះត្រូវបានប្រកបគ្នាជាមួយអ្នកមើលការខុសត្រូវ និងសមាជិកក្រុមជាមួយគ្នា ហើយពេលខ្លះទៀត កិច្ចការទាំងនោះត្រូវបានប្រកបគ្នាសម្រាប់តែអ្នកដឹកនាំ អ្នកធ្វើការ និងអ្នកមើលការខុសត្រូវ ដែលទទួលខុសត្រូវលើកិច្ចការនោះប៉ុណ្ណោះ។ មិនថាកិច្ចការទាំងនោះត្រូវបានប្រាស្រ័យទាក់ទង និងប្រកបគ្នាជាលាយលក្ខណ៍អក្សរ ឬតាមរយៈការប្រជុំនោះទេ ទោះក្នុងករណីណាក៏ដោយ កិច្ចការប្រភេទទាំងនេះកំពុងត្រូវបានកែលម្អ និងធ្វើឱ្យមានស្ដង់ដាជាប់ជានិច្ច ហើយការរៀបចំចាត់ចែងជាក់លាក់កំពុងត្រូវបានធ្វើឡើងជាបន្តបន្ទាប់ស្របតាមតម្រូវការនៃកិច្ចការផ្សាយដំណឹងល្អ។ ឧទាហរណ៍ ឧបមាថាដំណាក់របស់ព្រះជាម្ចាស់ផលិតភាពយន្តមួយដែលមានប្រធានបទថ្មីគួរសម ហើយភាពយន្តនោះត្រូវបានថតដោយមានជំនាញគ្រាន់បើ។ បន្ទាប់ពីភាពយន្តនោះត្រូវបានបង្ហោះតាមអ៊ីនធឺណិត វាទទួលបានអត្រាចុចមើលខ្ពស់គួរសម។ ក្នុងស្ថានភាពបែបនេះ ដំណាក់របស់ព្រះជាម្ចាស់បង្កើតសេចក្ដីតម្រូវជាក់លាក់សម្រាប់កិច្ចការប្រភេទនេះ ដោយផ្អែកលើមតិត្រឡប់ និងតម្រូវការនៃកិច្ចការផ្សាយដំណឹងល្អ។ សរុបមក កិច្ចការនេះ កំពុងត្រូវបានពិនិត្យឡើងវិញ និងកែលម្អជាប់ជានិច្ច ហើយវាក៏កំពុងរីកចម្រើនជាប់ជាប្រចាំផងដែរ។
សម្រាប់កិច្ចការជំនាញផ្សេងៗ ការរៀបចំចាត់ចែងនៃដំណាក់របស់ព្រះជាម្ចាស់តម្រូវឱ្យមនុស្សសិក្សាបន្ថែម និងស្វែងរកគ្រូ និងធនធានផ្សេងៗ ព្រមទាំងឯកសារបង្រៀនដើម្បីរៀនសូត្រ។ សូមយកការច្រៀងជាឧទាហរណ៍ចុះ។ ការស្វែងរកគ្រូម្នាក់ដើម្បីរៀនសូត្រ និងឱ្យពួកគេបង្វឹកផ្នែកសំឡេង ក៏ជាការរៀបចំចាត់ចែងកិច្ចការជាក់លាក់មួយដែរ។ បន្ទាប់ពីបានឮការរៀបចំចាត់ចែងនេះហើយ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែស្វែងរកគ្រូដែលសមស្របនឹងកិច្ចការនេះ ស្របតាមសេចក្ដីតម្រូវរបស់ខាងលើ ហើយឱ្យពួកគេជួយបង្ហាត់បង្រៀនដល់អ្នកចម្រៀងរបស់យើង ដោយជួយអ្នកចម្រៀងឱ្យសិក្សាស្វែងយល់ពីចំណេះដឹងខាងតន្ត្រីសំឡេងដែលត្រឹមត្រូវ និងរបៀបច្រៀងដែលត្រឹមត្រូវ ហើយជាការពិតណាស់ គេក៏ត្រូវស្វែងរករៀនពីស្នាដៃបុរាណផងដែរ។ ចំណេះដឹងខាងជំនាញត្រូវតែសិក្សាជានិច្ចទាក់ទងនឹងការតែងនិពន្ធតន្ត្រី និងការច្រៀងបន្ទរ ហើយការរៀបចំចាត់ចែងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់តែងតែតម្រូវឱ្យមនុស្សសិក្សាជាប់ជាប្រចាំអំពីចំណេះដឹងជំនាញដែលទាក់ទងនឹងភារកិច្ចរបស់ពួកគេ និងរៀនពីរបៀបប្រើប្រាស់វិធីសាស្ត្រកម្រិតខ្ពស់ និងជាក់ស្តែងមួយចំនួន និងផ្សេងៗទៀត។ ការរៀបចំចាត់ចែងកិច្ចការ និងសេចក្ដីតម្រូវទាំងនេះមិនមែនគ្រាន់តែចេញតែម្ដងហើយចប់នោះទេ ប៉ុន្តែផ្ទុយទៅវិញ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវបានតម្រូវឱ្យប្រកបគ្នាជាញឹកញាប់អំពីការរៀបចំចាត់ចែងកិច្ចការទាំងនេះ ត្រូវណែនាំអ្នកដែលពាក់ព័ន្ធនឹងកិច្ចការជំនាញ ដោយជួយឱ្យពួកគេបន្តការសិក្សា និងព្យាយាមធ្វើឱ្យកិច្ចការជំនាញផ្សេងៗអាចវិវឌ្ឍ និងស៊ីជម្រៅជាបន្តបន្ទាប់ និងប្រកបដោយប្រសិទ្ធភាព ហើយមិនត្រូវនៅទ្រឹងមួយកន្លែងឡើយ។ មនុស្សមួយចំនួនគិតថា «ការរៀបចំចាត់ចែងកិច្ចការត្រូវបានចេញឱ្យពួកយើងនៅថ្ងៃនេះ ដូច្នេះ ពួកយើងគ្រាន់តែអនុវត្តតាមការចាត់ចែងទាំងនោះនៅខែនេះតែប៉ុណ្ណោះទៅបានហើយ។ ប្រសិនបើថ្ងៃខាងមុខ ខាងលើមិននិយាយអ្វីអំពីរឿងនោះទៀត ពួកយើងប្រហែលមិនបាច់បន្តអនុវត្តវាទៀតឡើយ»។ តើវាអ៊ីចឹងមែនទេ? (អត់ទេ។) អ្នកដឹកនាំ និងអ្នកធ្វើការមិនត្រូវគិតបែបនេះជាដាច់ខាត ប៉ុន្តែគួរតែបន្តសួរនាំពីមួយពេលទៅមួយពេលថា «តើការសិក្សារបស់អ្នកអំពីជំនាញមួយនេះយ៉ាងណាហើយ? តើអ្នកជួបការលំបាកណាមួយដែរឬទេ? តើមានអ្វីដែលប្រឆាំង ឬផ្ទុយនឹងគោលការណ៍ដែរឬទេ? តើអ្នកណាដែលធ្វើបានល្អបំផុតក្នុងការសិក្សារបស់ខ្លួន តើអ្នកណាដែលប៉ិនប្រសប់បំផុត ហើយអ្នកណាដែលរៀនឆាប់ចេះបំផុត? បន្ទាប់ពីបានសិក្សាពីទ្រឹស្ដីទាំងនេះរួច តើមានចំណុចណាខ្លះដែលអ្នករៀនបាន ហើយអ្នកយល់ថាសមស្របក្នុងការប្រើប្រាស់សម្រាប់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់?» លើសពីនេះទៅទៀត អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែសួរមនុស្សនៅក្នុងក្រុមផ្សាយដំណឹងល្អ ដែលកំពុងសិក្សាភាសាបរទេសនូវសំណួរដូចជា «តើអ្នកបានរៀនភាសាបរទេសនេះប៉ុន្មានឆ្នាំហើយ? តើការសិក្សារបស់អ្នកសព្វថ្ងៃយ៉ាងម៉េចដែរ? តើអ្នកអាចសន្ទនាប្រចាំថ្ងៃបានដល់កម្រិតណាដែរ? តើអ្នកអាចបកប្រែពាក្យខាងវិញ្ញាណទូទៅបានដែរឬទេ? តើអ្នកអាចប្រើភាសាបរទេសនេះ ដើម្បីប្រាស្រ័យទាក់ទងសេចក្ដីពិតទាំងនេះដែលទាក់ទងនឹងការផ្សាយដំណឹងល្អបានដែរឬទេ? តើសព្វថ្ងៃអ្នកពូកែនិយាយជាង ឬក៏សរសេរជាង? តើអ្នកត្រូវការគ្រូម្នាក់ដើម្បីជួយបង្រៀនអ្នកដែរឬទេ? តើមានអ្នកណាផ្សេងទៀតដែលស័ក្ដិសម និងប៉ិនប្រសប់ជាងក្នុងការសិក្សាភាសាបរទេសដែរឬទេ? តើចំនួនបុគ្គលិកប្រភេទទាំងនេះមានការកើនឡើងដែរឬទេ? តើមានអ្នកណាយល់ថា ការរៀនភាសាមានការលំបាក និងពិបាកខ្លាំងពេក ដូច្នេះ ពួកគេមិនចង់រៀនតទៅទៀត ហើយបោះបង់ចោលកណ្ដាលទី និងចង់ប្ដូរទៅបំពេញភារកិច្ចផ្សេងទៀតដែរឬទេ?» ត្រូវតែសួរនាំ និងមើលការខុសត្រូវពីមួយពេលទៅមួយពេលអំពីបញ្ហាជាក់លាក់ទាំងនេះដែលទាក់ទងនឹងកិច្ចការប្រភេទនេះ។ ដោយសារខាងលើបានធ្វើការរៀបចំចាត់ចែងកិច្ចការជាក់លាក់រួចហើយ ដូច្នេះ អ្នកមើលការខុសត្រូវគួរតែទទួលខុសត្រូវចំពោះភារកិច្ចជាក់លាក់ទាំងនេះរហូតដល់ទីបញ្ចប់។ កុំអង្គុយរង់ចាំឱ្យខាងលើសួរនាំខ្លួននោះឡើយ។ ប្រសិនបើខាងលើមិនបានសួរនាំក្នុងរយៈពេលប្រាំមួយខែ ឬមួយឆ្នាំ អ្នកគួរតែបន្តធ្វើកិច្ចការទាំងអស់ឱ្យបានល្អដដែល ធ្វើឱ្យអស់ពីសមត្ថភាពរបស់អ្នក ហើយត្រៀមខ្លួនទទួលយកការត្រួតពិនិត្យ និងការណែនាំពីខាងលើគ្រប់ពេលវេលា ពោលគឺនេះហើយជាផ្នត់គំនិតដែលត្រឹមត្រូវនោះ។ នេះក៏ព្រោះតែការរៀបចំចាត់ចែងកិច្ចការត្រូវបានចេញ និងប្រាស្រ័យទាក់ទងរួចហើយ ដូច្នេះ អ្នកត្រូវទទួលខុសត្រូវលើការតាមដានកិច្ចការក្នុងនាមជាអ្នកមើលការខុសត្រូវកិច្ចការនោះ ហេតុដូចនេះ អ្នកគួរតែបំពេញទំនួលខុសត្រូវរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនអាចបំពេញទំនួលខុសត្រូវរបស់អ្នកបានទេ នោះអ្នកគឺជាមនុស្សអត់បានការ ហើយអ្នកគួរតែត្រូវបានដកចេញ និងជម្រុះចោល។ ដូច្នេះ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែឧស្សាហ៍ពិចារណា និងប្រកបគ្នាអំពីការរៀបចំចាត់ចែងកិច្ចការជាក់លាក់ទាំងនេះ ឬការប្រកបគ្នាពីខាងលើ រួចហើយអនុវត្ត និងតាមដានកិច្ចការស្របតាមស្ថានភាព។ ពួកគេគួរតែមើលថាតើមានកិច្ចការប្រភេទណាខ្លះ ដែលពួកគេបានមើលរំលងថ្មីៗនេះ និងមិនបានពិនិត្យមើលជាយូរមកហើយ និងថាមានកិច្ចការណាខ្លះដែលពួកគេផ្ទាល់មិនសូវពូកែ និងមិនបានសួរនាំនាពេលថ្មីៗនេះ ដែលជាលទ្ធផល ពួកគេមិនបានដឹងពីស្ថានភាពថ្មីៗទាំងនោះ ដែលបន្ទាប់មក ពួកគេត្រូវទៅពិនិត្យមើលកិច្ចការទាំងនោះ។ លើសពីនេះទៅទៀត ទាក់ទងនឹងប្រភេទផ្សេងៗនៃកិច្ចការជំនាញវិញ ដំណាក់របស់ព្រះជាម្ចាស់មានការរៀបចំចាត់ចែងជាក់លាក់មួយទៀត គឺតម្រូវថា ត្រូវបន្តតាមរក បណ្ដុះបណ្ដាល និងដំឡើងឋានៈបុគ្គលពាក់ព័ន្ធទាំងឡាយណាដែលមានទេពកោសល្យ។ ដូច្នេះ តើអ្នកដឹកនាំ និងអ្នកធ្វើការគួរតែធ្វើអ្វីខ្លះ នៅពេលដែលពួកគេទទួលបានការរៀបចំចាត់ចែងកិច្ចការនេះ? ពួកគេត្រូវតែយកចិត្តទុកដាក់ថាតើមាននរណាម្នាក់ដែលស័ក្ដិសមនឹងធ្វើកិច្ចការប្រភេទនេះដែរឬអត់។ ប្រសិនបើមានមនុស្សមួយចំនួនស័ក្ដិសមបំពេញកិច្ចការប្រភេទនេះ ប៉ុន្តែពុំទាន់មានការយល់ដឹងច្រើនអំពីជំនាញបច្ចេកទេសនេះ ពួកគេត្រូវតែទទួលការបណ្ដុះបណ្ដាលឱ្យបានឆាប់ ហើយត្រូវបានរៀបចំឱ្យសិក្សា និងហ្វឹកហាត់ក្នុងជំនាញនោះ។ សរុបមក កិច្ចការជំនាញផ្សេងៗក៏ជាកិច្ចការសំខាន់ផងដែរ។ នៅក្នុងការងារនេះមានបញ្ចូលនូវចំណុចយ៉ាងច្រើន រីឯវិសាលភាពរបស់វាក៏ធំធេងផងដែរ ហើយដំណាក់របស់ព្រះជាម្ចាស់បានធ្វើការរៀបចំចាត់ចែងកិច្ចការជាក់លាក់ជាច្រើនសម្រាប់រឿងនេះ។ សេចក្ដីតម្រូវសម្រាប់ កិច្ចការនេះ គឺជាការបន្តរៀន បន្តពិនិត្យឡើងវិញ និងបន្តស្វែងយល់ស៊ីជម្រៅជាប់ជាប្រចាំ ហើយក៏ត្រូវស្វែងរកគោលការណ៍សមរម្យ ដើម្បីរៀបចំឱ្យមានបទដ្ឋានជាបន្តបន្ទាប់ផងដែរ។ ក្រៅពីនេះ បុគ្គលមានទេពកោសល្យដែលស័ក្ដិសមបំពេញភារកិច្ចទាំងនេះ ត្រូវតែទទួលការបណ្ដុះបណ្ដាលជាប់ជាប្រចាំ។ នេះគឺជាការរៀបចំចាត់ចែងកិច្ចការសម្រាប់ចំណុចធំនៃកិច្ចការជំនាញផ្សេងៗនេះ ហើយវាក៏ងាយស្រួលយល់ផងដែរ។
V. ជីវិតពួកជំនុំ
ចំណុចទីប្រាំ ជីវិតពួកជំនុំ។ ដំណាក់របស់ព្រះជាម្ចាស់បានធ្វើការរៀបចំ និងបទប្បញ្ញត្តិជាក់លាក់ទាក់ទងនឹងខ្លឹមសារដែលត្រូវហូប និងផឹកក្នុងអំឡុងពេលនៃជីវិតពួកជំនុំ ទម្រង់នៃជីវិតពួកជំនុំ និងចំនួនមនុស្សដែលរស់នៅក្នុងជីវិតពួកជំនុំ។ ដំណាក់របស់ព្រះជាម្ចាស់ក៏មានការរៀបចំចាត់ចែងការងារស្របគ្នាទាក់ទងនឹងទម្រង់នៃការប្រជុំ និងខ្លឹមសារនៃជីវិតពួកជំនុំក្រោមលក្ខខណ្ឌ និងស្ថានភាពពិសេសផងដែរ។ ការរៀបចំចាត់ចែងការងារប្រភេទនេះ ភាគច្រើនត្រូវបានចេញជាទម្រង់លាយលក្ខណ៍អក្សរ។ ការរៀបចំចាត់ចែងកិច្ចការសម្រាប់ជីវិតពួកជំនុំរបស់អ្នកទើបជឿថ្មីនៅក្នុងប្រទេសផ្សេងៗ ពោលគឺទម្រង់ និងភាពញឹកញាប់នៃការប្រជុំរបស់ពួកគេ និងខ្លឹមសារដែលពួកគេហូប និងផឹកក្នុងអំឡុងពេលប្រជុំ និងផ្សេងៗទៀត គឺដូចគ្នាជាមូលដ្ឋានទៅនឹងការរៀបចំចាត់ចែងការងារសម្រាប់ជីវិតពួកជំនុំរបស់ជនជាតិចិនដែរ លើកលែងតែករណីពិសេសមួយចំនួនប៉ុណ្ណោះ។ ខ្ញុំទើបតែបានផ្ដល់ឱ្យអ្នកនូវទិដ្ឋភាពទូទៅអំពីវិសាលភាពនៃការរៀបចំចាត់ចែងការងារដែលទាក់ទងនឹងជីវិតពួកជំនុំ គឺរួមបញ្ចូលទាំងខ្លឹមសារនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលត្រូវហូប និងផឹក និងខ្លឹមសារសម្រាប់ការប្រកបគ្នាអំពីសេចក្ដីពិតនៅឯការប្រជុំសម្រាប់រយៈពេលថ្មីៗនេះ ព្រមទាំងទម្រង់នៃការប្រកបគ្នានៅឯការប្រជុំផងដែរ។ ឧទាហរណ៍ ការមិនអនុញ្ញាតឱ្យមនុស្សម្នាក់និយាយតែម្នាក់ឯងក្នុងការប្រកបគ្នានៅឯការប្រជុំ រយៈពេលអតិបរមាដែលមនុស្សម្នាក់ៗត្រូវបានអនុញ្ញាតឱ្យប្រកបគ្នា របៀបប្រព្រឹត្ត និងដោះស្រាយជាមួយមនុស្សដែលនិយាយវែងឆ្ងាយ និងបង្ហាញពីខ្លួនឯងមិនច្បាស់លាស់ និងផ្សេងៗទៀត ពោលគឺមានសេចក្ដីថ្លែងជាក់លាក់អំពីគ្រប់រឿងជាក់លាក់ទាំងអស់នេះដែលទាក់ទងនឹងជីវិតពួកជំនុំ និងការប្រជុំនៅក្នុងការរៀបចំចាត់ចែងការងារ។ ម្យ៉ាង អ្នកដឹកនាំ និងអ្នកធ្វើការទទួលខុសត្រូវក្នុងការចេញ និងប្រាស្រ័យទាក់ទងការរៀបចំចាត់ចែងកិច្ចការទាំងនេះ។ ហើយម្យ៉ាងទៀត ពួកគេទទួលខុសត្រូវក្នុងការប្រកបគ្នាអំពីវាឱ្យបានច្បាស់លាស់ជាមួយបងប្អូនប្រុសស្រី ដែលធ្វើឱ្យសមាជិកទាំងអស់នៃពួកជំនុំអាចយល់ និងទទួលយកវាបាន បន្ទាប់ពីនោះពួកគេគ្រាន់តែត្រូវអនុវត្ត និងគោរពតាមវាឱ្យបានតឹងរ៉ឹងប៉ុណ្ណោះ។ ជាពិសេស អ្នកដែលតែងតែនិយាយខុសប្រធានបទ បង្កការរំខាន និយាយពាក្យពេចន៍ និងគោលលទ្ធិ និងស្រែកពាក្យស្លោកនៅពេលនិយាយនៅក្នុងការប្រជុំ ត្រូវតែត្រូវបានដាក់កំហិត ហើយមានបទប្បញ្ញត្តិជាក់លាក់ទាក់ទងនឹងស្ថានភាពពិសេសប្រភេទនេះនៅក្នុងការរៀបចំចាត់ចែងការងារ។ ការរៀបចំចាត់ចែងការងារទាក់ទងនឹងជីវិតពួកជំនុំ ភាគច្រើនទាក់ទងនឹងគ្រប់រឿងរ៉ាវទាំងអស់នៃការប្រជុំ វាមិនស្មុគស្មាញទេ គឺវាសាមញ្ញណាស់ ហើយមិនថាមនុស្សម្នាក់បំពេញភារកិច្ចអ្វីនោះទេ ពួកគេគ្រាន់តែត្រូវគោរពតាមគោលការណ៍នៅក្នុងការរៀបចំចាត់ចែងការងារទាំងនេះប៉ុណ្ណោះ។ ឧទាហរណ៍ នៅឯការប្រជុំ ក្រុមផ្សាយដំណឹងល្អគ្រាន់តែត្រូវគោរពតាមគោលការណ៍នៅក្នុងការរៀបចំចាត់ចែងការងារទាក់ទងនឹងជីវិតពួកជំនុំប៉ុណ្ណោះ គឺគ្មានអ្វីពិសេសសម្រាប់ពួកគេទេ។ ក្រុមផ្សេងទៀតគ្រាន់តែបំពេញកិច្ចការខុសពីអ្នកដទៃប៉ុណ្ណោះ ប៉ុន្តែនៅពេលនិយាយអំពីរឿងដូចជា ការប្រជុំ ការប្រកបគ្នាអំពីសេចក្ដីពិត ការអានជាសេចក្ដីអធិដ្ឋាននូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការប្រកបគ្នាអំពីបទពិសោធន៍ផ្ទាល់ខ្លួន អ្វីៗគឺដូចគ្នាទាំងអស់ ដោយមិនលើសពីវិសាលភាពនេះឡើយ។ ពួកគេគ្រាន់តែត្រូវអនុវត្តស្របតាមបទប្បញ្ញត្តិបច្ចុប្បន្ននៃដំណាក់របស់ព្រះជាម្ចាស់ទាក់ទងនឹងខ្លឹមសារដែលត្រូវហូប និងផឹកក្នុងអំឡុងពេលនៃជីវិតពួកជំនុំ ទម្រង់នៃការប្រកបគ្នា និងទម្រង់នៃការប្រជុំប៉ុណ្ណោះ។ ប្រសិនបើលក្ខខណ្ឌអំណោយផល មនុស្សអាចប្រជុំគ្នាដោយផ្ទាល់ បើមិនដូច្នេះទេ ពួកគេអាចមានការប្រជុំតាមអ៊ីនធឺណិត។ នេះគួរតែជារឿងមួយដែលសាមញ្ញ និងច្បាស់លាស់។ សមាជិកពួកជំនុំមួយចំនួនបានរស់នៅបែកខ្ញែកគ្នានៅតាមទ្វីប និងប្រទេសផ្សេងៗ ដោយមានអ្នកខ្លះនៅអឺរ៉ុប និងខ្លះទៀតនៅមជ្ឈិមបូព៌ា ក្នុងស្ថានភាពបែបនេះ ការប្រជុំតាមអ៊ីនធឺណិតគឺចាំបាច់។ គឺអាស្រ័យលើពួកជំនុំក្នុងតំបន់ជាអ្នកសម្រេចចិត្តអំពីពេលវេលាដែលពួកគេរៀបចំការប្រជុំ និងភាពញឹកញាប់របស់វា។ ដំណាក់របស់ព្រះជាម្ចាស់មិនធ្វើបទប្បញ្ញត្តិជាក់លាក់ទាក់ទងនឹងបញ្ហានេះទេ ហើយក៏មិនជ្រៀតជ្រែកក្នុងរឿងនេះដែរ។ ហេតុអ្វីបានជាដំណាក់របស់ព្រះជាម្ចាស់មិនជ្រៀតជ្រែកក្នុងបញ្ហានេះ? មនុស្សមួយចំនួននៅក្នុងពួកជំនុំមិនបានបំពេញភារកិច្ចរបស់ពួកគេពេញម៉ោងទេ។ ពួកគេមានការងារ និងគ្រួសារ ស្ថានភាពផ្ទាល់ខ្លួនរបស់ពួកគេគឺខុសគ្នា បូករួមទាំងតំបន់ពេលវេលានៅក្នុងប្រទេសផ្សេងៗក៏ខុសគ្នាដែរ ដូច្នេះពួកគេត្រូវតែត្រូវបានអនុញ្ញាតឱ្យសម្រេចចិត្តដោយខ្លួនឯងថាតើពួកគេប្រជុំប៉ុន្មានដងក្នុងមួយសប្ដាហ៍ និងថាតើការប្រជុំនីមួយៗធ្វើឡើងនៅពេលណា។ ដំណាក់របស់ព្រះជាម្ចាស់មិនធ្វើបទប្បញ្ញត្តិជាក់លាក់ទាក់ទងនឹងរឿងនេះទេ ប៉ុន្តែគ្រាន់តែផ្ដល់នូវគោលការណ៍មួយប៉ុណ្ណោះ។ ដំណាក់របស់ព្រះជាម្ចាស់បានកំណត់វិសាលភាពអំពីចំនួនដងដែលអ្នកទើបជឿថ្មីត្រូវប្រជុំគ្នាក្នុងមួយសប្ដាហ៍ ហើយក៏មានភាពខុសគ្នារវាងចំនួនដងក្នុងមួយសប្ដាហ៍ចំពោះអ្នកដែលបំពេញ និងអ្នកដែលមិនបំពេញភារកិច្ចរបស់ខ្លួន ត្រូវមកប្រជុំគ្នាផងដែរ។ តើមានការរៀបចំចាត់ចែងការងារដែលតម្រូវឱ្យអ្នកទើបជឿថ្មីប្រជុំគ្នាប្រាំពីរដងក្នុងមួយសប្ដាហ៍ដែរឬទេ? (អត់ទេ។) ដូច្នេះ តើចំនួនដងដែលអ្នកទើបជឿថ្មីត្រូវប្រជុំគ្នាក្នុងមួយសប្ដាហ៍គឺផ្អែកលើអ្វី? (គឺផ្អែកលើពេលវេលាដែលអ្នកទើបជឿថ្មីមាន។) ការប្រជុំគ្នាច្រើនបំផុតពីរឬបីដងក្នុងមួយសប្ដាហ៍ និងយ៉ាងហោចណាស់ម្ដង គឺសមរម្យទាំងស្រុង។ មនុស្សមួយចំនួននិយាយថា «ប្រជាជននៅក្នុងតំបន់របស់ពួកយើងទំនេរខ្លាំងណាស់នៅពេលរដូវធ្វើស្រែចម្ការមិនសូវរវល់ ដូច្នេះ ពួកគេគ្រប់គ្នាចង់ប្រជុំរាល់ថ្ងៃ សូម្បីតែប្រជុំពីរដងក្នុងមួយថ្ងៃក៏បានដែរ។ ពួកយើងពិតជាចង់ប្រជុំណាស់»។ ដួងចិត្តរបស់អ្នកទើបជឿថ្មីគឺពោរពេញទៅដោយចិត្តខ្នះខ្នែង ហើយពួកគេតែងតែចង់យល់ពីសេចក្ដីពិតបន្ថែមទៀត។ ប្រសិនបើស្ថានភាពគ្រួសាររបស់ពួកគេអំណោយផល នោះវាជារឿងល្អប្រសិនបើពួកគេសុំចូលរួមការប្រជុំបន្ថែម ដរាបណាវាមិនប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ចំនួនដងជាក់លាក់ដែលមនុស្សគួរប្រជុំគ្នារៀងរាល់សប្ដាហ៍ គួរតែត្រូវបានកំណត់ដោយផ្អែកលើស្ថានភាពគ្រួសារ និងការងារនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់នៅក្នុងតំបន់នីមួយៗ ពោលគឺដំណាក់របស់ព្រះជាម្ចាស់មិនធ្វើបទប្បញ្ញត្តិជាក់លាក់ទាក់ទងនឹងបញ្ហានេះទេ។ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទាំងឡាយណាដែលមានលទ្ធភាព អាចប្រជុំបានច្រើនដងជាង ហើយពេលនោះពួកគេនឹងយល់ពីសេចក្ដីពិតកាន់តែច្រើន និងសម្រេចបាននូវការលូតលាស់ខាងជីវិតកាន់តែលឿន។ នេះគឺជារឿងល្អ។ ក៏ប៉ុន្តែ អ្នកដែលគ្មានលក្ខខណ្ឌសមរម្យ នឹងមិនសមស្របក្នុងការប្រជុំតាមរបៀបនេះឡើយ ហើយវាជាការល្អសម្រាប់ពួកគេក្នុងការចូលរួមការប្រជុំយ៉ាងហោចណាស់មួយឬពីរដងក្នុងមួយសប្ដាហ៍។ ចំនួនដងដែលពួកជំនុំនៅតំបន់ផ្សេងៗរៀបចំការប្រជុំរៀងរាល់សប្ដាហ៍ គឺអាស្រ័យលើរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ជាអ្នកសម្រេច ហើយគ្មាននរណាម្នាក់គួរជ្រៀតជ្រែកក្នុងរឿងនេះឡើយ។ អ្វីដែលសំខាន់បំផុតនោះគឺថា ការប្រជុំត្រូវបានរៀបចំឡើងដើម្បីឱ្យមនុស្សអាចយល់ពីសេចក្ដីពិត មិនមែនសម្រាប់ហេតុផលផ្សេងទៀតឡើយ។ ដូច្នេះ ចំនួនដងដែលពួកជំនុំនីមួយៗរៀបចំការប្រជុំ គឺត្រូវបានសម្រេចដោយផ្អែកលើស្ថានភាពជាក់ស្ដែងរបស់ខ្លួន។ ប្រសិនបើរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់អាចចូលរួមការប្រជុំបន្ថែមមួយដងក្នុងមួយសប្ដាហ៍ នោះវាកាន់តែមានប្រយោជន៍សម្រាប់ការលូតលាស់ខាងជីវិតរបស់ពួកគេ។ ប្រសិនបើមានមនុស្សដែលមិនដេញតាមសេចក្ដីពិត ហើយមិនចង់ចូលរួមការប្រជុំបន្ថែម នោះមិនគួរមានការបង្ខំពួកគេឡើយ។ ជាពិសេសសម្រាប់អ្នកធ្វើការមានប្រាក់ខែដែលរវល់ច្រើន ហើយមិនមានពេលចូលរួមការប្រជុំបន្ថែម មិនគួរតម្រូវឱ្យពួកគេធ្វើបែបនេះឡើយ។ ទោះបីជាមនុស្សមានលទ្ធភាពចូលរួមការប្រជុំ ឬប្រជុំប៉ុន្មានដងក៏ដោយ ក៏ដំណាក់របស់ព្រះជាម្ចាស់មិនជ្រៀតជ្រែក ឬដាក់កំហិតណាមួយនោះដែរ។ នេះក៏ព្រោះតែស្ថានភាព និងប្រវត្តិផ្ទាល់ខ្លួនរបស់អ្នកជឿម្នាក់ៗគឺខុសៗគ្នាទាំងអស់ ដូច្នេះមិនត្រូវបង្ខំពួកគេឡើយ។ ទាក់ទងនឹងខ្លឹមសារដែលត្រូវហូប និងផឹកក្នុងអំឡុងពេលនៃជីវិតពួកជំនុំ ដំណាក់របស់ព្រះជាម្ចាស់មានបទប្បញ្ញត្តិស្របគ្នានៅក្នុងការរៀបចំចាត់ចែងការងាររបស់ខ្លួន ហើយអ្នកដឹកនាំគ្រប់ជាន់ថ្នាក់នៅក្នុងពួកជំនុំ និងបងប្អូនប្រុសស្រីត្រូវបានតម្រូវឱ្យមានការយល់ដឹងច្បាស់លាស់អំពីបទប្បញ្ញត្តិទាំងនោះ។ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែយល់ឱ្យបានច្បាស់លាស់ថាតើភារកិច្ច និងបញ្ហាជាក់លាក់អ្វីខ្លះដែលត្រូវបានតម្រូវឱ្យអនុវត្តដោយការរៀបចំចាត់ចែងការងាររបស់ខាងលើ ហើយបងប្អូនប្រុសស្រីក៏ត្រូវតែត្រួតពិនិត្យអ្នកដឹកនាំ និងអ្នកធ្វើការ ដើម្បីមើលថាតើពួកគេកំពុងបំពេញកិច្ចការនេះដែរឬទេ។ នៅពេលនិយាយដល់ខ្លឹមសារដែលត្រូវហូប និងផឹកក្នុងអំឡុងពេលនៃជីវិតពួកជំនុំ និងការរៀបចំចាត់ចែងការងារដែលទាក់ទងនឹងការប្រជុំដែលត្រូវតែយល់ និងគោរពតាម អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែសម្រេចបាននូវការឯកភាពគ្នាជាមួយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ពោលគឺមិនអនុញ្ញាតឲ្យមានការកែប្រែអ្វីសោះឡើយ។ ការរៀបចំចាត់ចែងការងារទាក់ទងនឹងកិច្ចការជីវិតពួកជំនុំគឺសាមញ្ញណាស់ ងាយស្រួលសម្រាប់មនុស្សយល់ ហើយមិនមានលក្ខណៈអរូបីឡើយ។
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?