ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ១៦៨

យ៉ូហានបានកើតមកតាមសេចក្ដីសន្យា ដូចគ្នានឹងអ៊ីសាក ដែលកើតមកជាកូនអ័ប្រាហាំដែរ។ គាត់បានត្រួសត្រាយផ្លូវថ្វាយព្រះយេស៊ូវ និងបានធ្វើកិច្ចការជាច្រើន ប៉ុន្តែគាត់មិនមែនជាព្រះជាម្ចាស់ទេ។ ផ្ទុយទៅវិញ គាត់គឺជាម្នាក់ក្នុងចំណោមពួកហោរា ដ្បិតគាត់គ្រាន់តែត្រួសត្រាយផ្លូវថ្វាយព្រះយេស៊ូវប៉ុណ្ណោះ។ កិច្ចការរបស់គាត់ក៏អស្ចារ្យដែរ ហើយទាល់តែពេលដែលគាត់បានត្រួសត្រាយផ្លូវរួច ទើបព្រះយេស៊ូវចាប់ផ្ដើមធ្វើកិច្ចការរបស់ទ្រង់ជាផ្លូវការ។ ក្នុងន័យនេះ គាត់គ្រាន់តែធ្វើការបម្រើព្រះយេស៊ូវ ហើយកិច្ចការដែលគាត់ធ្វើ គឺជាការបម្រើដល់កិច្ចការរបស់ព្រះយេស៊ូវ។ បន្ទាប់ពីគាត់បានបញ្ចប់ការត្រួសត្រាយផ្លូវរួច ព្រះយេស៊ូវក៏ចាប់ផ្ដើមកិច្ចការរបស់ទ្រង់ ជាកិច្ចការដែលថ្មីជាង ច្បាស់លាស់ជាង និងពិស្ដារជាង។ យ៉ូហានបានធ្វើតែត្រឹមចំណែកនៃការចាប់ផ្ដើមកិច្ចការតែប៉ុណ្ណោះ រីឯចំណែកដ៏ធំនៃកិច្ចការថ្មី ត្រូវបានធ្វើឡើងដោយព្រះយេស៊ូវវិញ។ យ៉ូហានក៏បានធ្វើកិច្ចការថ្មីដែរ ប៉ុន្តែគាត់គ្រាន់តែជាមនុស្សម្នាក់ដែលបានចាប់ផ្ដើមយុគសម័យថ្មីមួយប៉ុណ្ណោះ។ យ៉ូហានបានកើតមកតាមសេចក្ដីសន្យា ហើយឈ្មោះរបស់គាត់ ក៏ទេវតាជាអ្នកដាក់ឱ្យដែរ។ នៅគ្រានោះ មានមនុស្សខ្លះចង់ដាក់ឈ្មោះគាត់តាមឈ្មោះរបស់ឪពុកគាត់ គឺសាការី ប៉ុន្តែម្ដាយគាត់ក៏បន្លឺសំឡេងឡើង ដោយនិយាយថា «កូននេះមិនអាចហៅតាមឈ្មោះរបស់ឪពុកវាឡើយ។ គួរហៅវាថា យ៉ូហាន វិញ»។ ការណ៍នេះគឺជាការបង្គាប់របស់ព្រះវិញ្ញាណបរិសុទ្ធសុទ្ធសាធ។ ព្រះយេស៊ូវក៏ត្រូវបានថ្វាយព្រះនាម តាមការបង្គាប់របស់ព្រះវិញ្ញាណបរិសុទ្ធដែរ ទ្រង់ប្រសូតពីព្រះវិញ្ញាណបរិសុទ្ធ ហើយទ្រង់ក៏ត្រូវបានសន្យាដោយព្រះវិញ្ញាណបរិសុទ្ធដែរ។ ព្រះយេស៊ូវ គឺជាព្រះជាម្ចាស់ ជាព្រះគ្រីស្ទ និងជាកូនមនុស្ស។ កិច្ចការរបស់យ៉ូហាន ក៏ជាកិច្ចការដ៏អស្ចារ្យដែរ ចុះហេតុអ្វីបានជាគេមិនហៅគាត់ថា ព្រះជាម្ចាស់? មែនទែនទៅ តើអ្វីជាភាពខុសគ្នារវាងកិច្ចការដែលត្រូវបានធ្វើឡើងដោយព្រះយេស៊ូវ និងកិច្ចការដែលត្រូវបានធ្វើឡើងដោយយ៉ូហាន? ហេតុផលតែមួយគត់នោះ គឺមកពីយ៉ូហានជាអ្នកដែលត្រួសត្រាយផ្លូវថ្វាយព្រះយេស៊ូវ មែនទេ? ឬមកពីការណ៍នេះត្រូវបានព្រះជាម្ចាស់កំណត់ទុក? ទោះបីជាយ៉ូហានធ្លាប់និយាយថា «ចូរអ្នករាល់គ្នាប្រែចិត្ត ដ្បិតនគរព្រះនៅជិតបង្កើយ» ហើយគាត់ធ្លាប់ផ្សាយដំណឹងល្អអំពីនគរស្ថានសួគ៌ដែរក៏ដោយ ក៏កិច្ចការរបស់គាត់ មិនវិវឌ្ឍបន្ថែម និងគ្រាន់តែតាក់តែងឱ្យមានការចាប់ផ្ដើមមួយប៉ុណ្ណោះ។ ផ្ទុយទៅវិញ ព្រះយេស៊ូវបានចាប់ផ្ដើមយុគសម័យថ្មី និងបានបញ្ចប់យុគសម័យទៀតផង តែទ្រង់ក៏បានសម្រេចក្រឹត្យវិន័យក្នុងគម្ពីរសញ្ញាចាស់ផងដែរ។ កិច្ចការដែលទ្រង់ធ្វើ ជាកិច្ចការដែលអស្ចារ្យជាងកិច្ចការរបស់យ៉ូហាន ហើយសំខាន់ជាងនេះ គឺទ្រង់យាងមកប្រោសលោះមនុស្សជាតិទាំងអស់ ទ្រង់បានសម្រេចដំណាក់កាលនៃកិច្ចការនោះរួចហើយ។ ចំណែកយ៉ូហានវិញ គាត់គ្រាន់តែរៀបចំផ្លូវប៉ុណ្ណោះ។ ទោះបីកិច្ចការរបស់គាត់ ជាកិច្ចការអស្ចារ្យ ពាក្យសម្ដីដែលគាត់បង្រៀនមានច្រើន ហើយសិស្សដែលដើរតាមគាត់ក៏មានច្រើនដែរនោះ ក៏កិច្ចការដែលគាត់ធ្វើវាមិនលើសពីការនាំយកការចាប់ផ្ដើមថ្មីមួយ មកឱ្យមនុស្សដែរ។ មនុស្សពុំដែលទទួលបានជីវិត ទទួលបានផ្លូវ ឬទទួលបានសេចក្ដីពិតស៊ីជម្រៅជាងមុនពីគាត់ដែរ ហើយគេក៏មិនទទួលបាននូវការយល់ដឹងពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដោយសារគាត់នោះដែរ។ យ៉ូហានគឺជាហោរាដ៏អស្ចារ្យម្នាក់ (អេលីយ៉ា) ដែលបានបើកបង្ហាញនូវមូលបទថ្មី សម្រាប់កិច្ចការរបស់ព្រះយេស៊ូវ និងបានរៀបចំសម្រាប់មនុស្សជ្រើសតាំង។ គាត់ជាអ្នកនាំមុខនៃយុគសម័យនៃព្រះគុណ។ រឿងរ៉ាវបែបនេះ មិនអាចមើលដឹងដោយគ្រាន់តែសង្កេតមើលសំបកកាយជាមនុស្សរបស់ពួកគេឡើយ។ រឿងនេះកាន់តែសមទាំងអស់ ដ្បិតយ៉ូហានក៏បានធ្វើកិច្ចការច្រើនគួរសម ហើយជាងនេះទៀត គាត់ក៏ត្រូវបានសន្យាដោយព្រះវិញ្ញាណបរិសុទ្ធដែរ ហើយកិច្ចការរបស់គាត់ត្រូវបានរក្សាដោយព្រះវិញ្ញាណបរិសុទ្ធទៀតផង។ ហេតុដូច្នេះហើយ គឺមានតែតាមរយៈកិច្ចការដែលពួកគេធ្វើនេះទេ ទើបគេអាចបែងចែកអត្តសញ្ញាណរៀងៗខ្លួនរបស់ពួកគេបាន ដ្បិតគ្មានផ្លូវអាចឱ្យមនុស្សប្រាប់ពីសារជាតិរបស់មនុស្ស ដោយសំអាងលើរូបរាងខាងក្រៅរបស់គេបានឡើយ ហើយក៏គ្មានផ្លូវណាអាចឱ្យមនុស្សប្រាកដច្បាស់ថា ទីបន្ទាល់របស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្វីនោះឡើយ។ កិច្ចការដែលត្រូវបានធ្វើដោយយ៉ូហាន និងកិច្ចការដែលត្រូវបានធ្វើដោយព្រះយេស៊ូវ គឺមិនដូចគ្នាទេ ហើយក៏មានលក្ខណៈខុសគ្នាដែរ។ គឺដោយសារលក្ខណៈនេះហើយ ទើបមនុស្សអាចកំណត់បានថា យ៉ូហានគឺជាព្រះជាម្ចាស់ ឬក៏មិនមែន។ កិច្ចការរបស់ព្រះយេស៊ូវគឺចាប់ផ្ដើម បន្ត បង្ហើយ និងនាំមកនូវការបង្កើតផលផ្លែ។ ទ្រង់អនុវត្តកិច្ចការជំហាននីមួយៗក្នុងចំណោមជំហានទាំងអស់នេះ ខណៈដែលកិច្ចការរបស់យ៉ូហាន គ្មានអ្វីក្រៅតែពីការបង្កើតនូវការចាប់ផ្ដើមមួយប៉ុណ្ណោះ។ ដំបូងឡើយ ព្រះយេស៊ូវផ្សាយដំណឹងល្អ និងផ្សាយប្រាប់ពីផ្លូវនៃការប្រែចិត្ត រួចបន្តទៅធ្វើបុណ្យជ្រមុជទឹកឱ្យមនុស្ស ប្រោសមនុស្សឈឺ និងបណ្ដេញវិញ្ញាណអាក្រក់។ ចុងក្រោយ ទ្រង់ក៏ប្រោសលោះមនុស្សជាតិទាំងអស់ពីអំពើបាប រួចបង្ហើយកិច្ចការរបស់ទ្រង់សម្រាប់យុគសម័យទាំងមូល។ ទ្រង់ក៏បានយាងទៅគ្រប់ទីកន្លែង ទាំងផ្សាយប្រាប់មនុស្ស និងផ្សាយដំណឹងល្អអំពីនគរស្ថានសួគ៌ទៀតផង។ ចំពោះរឿងនេះ ព្រះអង្គនិងយ៉ូហាន មានដូចគ្នា ចំណែកភាពខុសគ្នាវិញគឺ ព្រះយេស៊ូវបានចាប់ផ្ដើមយុគសម័យថ្មីមួយ ហើយនាំយកយុគសម័យនៃព្រះគុណមកឱ្យមនុស្សលោក។ ព្រះបន្ទូលស្ដីពីអ្វីដែលមនុស្សគួរអនុវត្ត និងអ្វីដែលមនុស្សគួរប្រព្រឹត្តតាម នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ក៏ចេញមកពីព្រះឱស្ឋរបស់ទ្រង់ដែរ ហើយនៅទីបញ្ចប់ ទ្រង់ក៏បញ្ចប់កិច្ចការនៃការប្រោសលោះ។ យ៉ូហានពុំដែលធ្លាប់អនុវត្តកិច្ចការនេះបានសោះ។ ដូច្នេះហើយ គឺមានតែព្រះយេស៊ូវទេដែលបានធ្វើកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបាន ហើយព្រះអង្គគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ព្រមទាំងតំណាងឱ្យព្រះជាម្ចាស់ដោយផ្ទាល់ផង។ សញ្ញាណរបស់មនុស្សពោលថា អស់អ្នកណាដែលកើតមកដោយសេចក្ដីសន្យា កើតពីព្រះវិញ្ញាណ ថែរក្សាដោយព្រះវិញ្ញាណបរិសុទ្ធ និងអស់អ្នកដែលបើកផ្លូវថ្មីៗ គឺជាព្រះ។ យោងតាមការលើកហេតុផលបែបនេះ យ៉ូហានគឺច្បាស់ជាព្រះជាម្ចាស់ ហើយម៉ូសេ អ័ប្រាហាំ និងដាវីឌ... តើពួកគេមិនមែនជាព្រះជាម្ចាស់ គ្រប់តែគ្នាទេឬអី? តើនេះមិនមែនជារឿងកំប្លែងទាំងស្រុងទេឬអី?

ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលាតត្រដាងសញ្ញាណសាសនា | សម្រង់​សម្ដីទី ២៨៧

ភក្ដីភាពរបស់អ្នករាល់គ្នា គឺមានតែលើបបូរមាត់ប៉ុណ្ណោះ រីឯចំណេះដឹងរបស់អ្នករាល់គ្នា ក៏គ្រាន់តែជាចំណេះដឹងផ្នែកបញ្ញា និងគំនិតតែប៉ុណ្ណោះ...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលេចមកនិងកិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ៧១

ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ កំពុងខិតទៅរកទីបញ្ចប់...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ១៧១

គ្មាននរណាម្នាក់មានសមត្ថភាពរស់នៅដោយឯករាជ្យបាននោះឡើយ លើកលែងតែអស់អ្នកដែលត្រូវបានផ្តល់ទិសដៅ និងការដឹកនាំដ៏ពិសេសពីព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ សេចក្ដីអាថ៌កំបាំងអំពីព្រះគម្ពីរ | សម្រង់​សម្ដីទី ២៦៨

ប្រសិនបើអ្នកចង់ឃើញកិច្ចការនៃយុគសម័យនៃក្រឹត្យវិន័យ និងចង់ឃើញពីរបៀបដែលសាសន៍អ៊ីស្រាអែលធ្វើតាមផ្លូវរបស់ព្រះយេហូវ៉ា នោះ...