ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ៣៥

ព្រះជាម្ចាស់បានយាងមកផែនដីនេះ គឺដើម្បីមកថ្លែងព្រះបន្ទូលទ្រង់ជាពិសេស។ អ្វីដែលអ្នកផ្សារភ្ជាប់ជាមួយគឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្វីដែលអ្នកអានគឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្វីដែលអ្នកស្ដាប់ឮគឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្វីដែលអ្នកប្រកាន់តាមគឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្វីដែលអ្នកដកពិសោធន៍គឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនៅក្នុងការយកកំណើតជាមនុស្សលើកនេះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូលជាពិសេស ដើម្បីធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍។ ព្រះអង្គមិនបង្ហាញនូវទីសម្គាល់ និងការអស្ចារ្យទេ ហើយជាពិសេស ព្រះអង្គក៏មិនធ្វើកិច្ចការដែលព្រះយេស៊ូវបានធ្វើពីអតីតកាលដែរ។ ថ្វីបើទាំងពីរអង្គនេះគឺជាព្រះ ហើយក៏ជាសាច់ឈាមក៏ពិតមែន ប៉ុន្តែព័ន្ធកិច្ចរបស់ទ្រង់មិនដូចគ្នាទេ។ នៅគ្រាដែលព្រះយេស៊ូវបានយាងមកផែនដី ទ្រង់ក៏បានធ្វើកិច្ចការរបស់ព្រះជាម្ចាស់មួយចំណែក ហើយថ្លែងព្រះបន្ទូលខ្លះដែរ ប៉ុន្តែតើអ្វីជាកិច្ចការចម្បងដែលទ្រង់សម្រេចបាន? កិច្ចការដែលទ្រង់សម្រេចបានជាចម្បង គឺកិច្ចការជាប់ឆ្កាង។ ព្រះអង្គបានត្រលប់ជាមានលក្ខណៈដូចជាសាច់ឈាមដែលមានបាប ដើម្បីសម្រេចកិច្ចការជាប់ឆ្កាង ហើយប្រោសលោះមនុស្សជាតិទាំងអស់ ហើយដោយព្រោះតែអំពើបាបរបស់មនុស្សជាតិទាំងអស់ ទើបទ្រង់បំពេញតួនាទីជាតង្វាយធួននឹងបាប។ នេះជាកិច្ចការចម្បង ដែលទ្រង់សម្រេចបាន។ ជាចុងក្រោយ ទ្រង់ក៏បានប្រទានផ្លូវនៃឈើឆ្កាង ដើម្បីដឹកនាំមនុស្សណាដែលមកតាមពីក្រោយ។ កាលព្រះយេស៊ូវយាងមក គោលដៅចម្បងគឺដើម្បីសម្រេចកិច្ចការប្រោសលោះ។ ទ្រង់បានប្រោសលោះមនុស្សជាតិទាំងអស់ ព្រមទាំងបាននាំយកដំណឹងល្អអំពីនគរស្ថានសួគ៌ មកឱ្យមនុស្សលោក ហើយលើសពីនេះទៀត ទ្រង់បាននាំយកផ្លូវទៅឯនគរស្ថានសួគ៌ទៅកាន់មនុស្សផងដែរ។ ជាលទ្ធផល អស់អ្នកណាមកតាមក្រោយក៏ពោលថា «យើងគួរដើរតាមផ្លូវនៃឈើឆ្កាង ហើយលះបង់ខ្លួនឯងដើម្បីឈើឆ្កាង»។ ពិតណាស់ កាលដើមដំបូងឡើយ ព្រះយេស៊ូវក៏បានធ្វើកិច្ចការផ្សេងខ្លះទៀត និងបានថ្លែងព្រះបន្ទូលខ្លះ ដើម្បីធ្វើឱ្យមនុស្សប្រែចិត្ត និងលន់តួបាបរបស់ខ្លួនដែរ។ ប៉ុន្តែ ព័ន្ធកិច្ចរបស់ទ្រង់ គឺនៅតែជាការជាប់ឆ្កាងដដែល ហើយរយៈពេលបីឆ្នាំកន្លះ ដែលទ្រង់បានចំណាយក្នុងការប្រកាសអំពីផ្លូវនេះ គឺជាការរៀបចំសម្រាប់ការជាប់ឆ្កាងដែលមកដល់តាមក្រោយ។ ច្រើនលើកដែលព្រះយេស៊ូវបានអធិស្ឋាន ក៏ដើម្បីតែការជាប់ឆ្កាងនេះដែរ។ ជីវិតរបស់មនុស្សធម្មតាម្នាក់ ដែលទ្រង់បានដឹកនាំ និងរយៈពេល៣៣ឆ្នាំកន្លះដែលព្រះអង្គបានគង់នៅលើផែនដី គឺដើម្បីសម្រេចកិច្ចការនៃការជាប់ឆ្កាងជាចម្បង។ ចុះព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សសព្វថ្ងៃ នឹងសម្រេចកិច្ចការអ្វីវិញ? សព្វថ្ងៃនេះ ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដើម្បីសម្រេចកិច្ចការជាពិសេសមួយគឺ «ព្រះបន្ទូលលេចមកជាសាច់ឈាម» ដើម្បីប្រើប្រាស់ព្រះបន្ទូលធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍ និងធ្វើឱ្យមនុស្សទទួលយកនូវការលួសកាត់នៃព្រះបន្ទូល និងការបន្សុទ្ធដោយព្រះបន្ទូល។ ទ្រង់ធ្វើឱ្យអ្នកទទួលបានការផ្គត់ផ្គង់ និងទទួលបានជីវិត ព្រមទាំងធ្វើឱ្យអ្នកមើលឃើញកិច្ចការ និងស្នាព្រះហស្តទ្រង់នៅក្នុងព្រះបន្ទូលទ្រង់។ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល ដើម្បីវាយផ្ចាល និងបន្សុទ្ធអ្នក ហេតុនេះ ទោះបើអ្នករងការឈឺចាប់ នោះក៏ដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ សព្វថ្ងៃនេះ ព្រះជាម្ចាស់មិនធ្វើកិច្ចការរបស់ទ្រង់ ដោយប្រើការពិតឡើង គឺដោយប្រើព្រះបន្ទូលវិញ។ ទាល់តែព្រះបន្ទូលទ្រង់បានយាងមកសណ្ឋិតលើអ្នក ទើបព្រះវិញ្ញាណបរិសុទ្ធអាចធ្វើការនៅក្នុងអ្នក ហើយធ្វើឱ្យអ្នករងនូវការឈឺចាប់ ឬស្គាល់ភាពផ្អែមល្ហែមបាន។ មានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ទើបអាចនាំអ្នកមកក្នុងតថភាព ហើយក៏មានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ ទើបអាចធ្វើឱ្យអ្នកបានគ្រប់លក្ខណ៍។ ដូច្នេះ យ៉ាងហោចណាស់ អ្នកត្រូវតែយល់ដូច្នេះថា កិច្ចការដ៏ពិសេសដែលព្រះជាម្ចាស់ធ្វើនៅគ្រាចុងក្រោយ គឺការប្រើប្រាស់ព្រះបន្ទូលទ្រង់ ដើម្បីធ្វើឱ្យបុគ្គលគ្រប់គ្នាបានគ្រប់លក្ខណ៍ និងដើម្បីដឹកនាំមនុស្ស។ គ្រប់កិច្ចការទាំងអស់ដែលទ្រង់ធ្វើ គឺសុទ្ធតែតាមរយៈព្រះបន្ទូល។ ព្រះអង្គមិនប្រើការពិតមកវាយផ្ចាលអ្នកទេ។ ជាច្រើនលើកច្រើនសារ ដែលមនុស្សខ្លះទាស់ទទឹងនឹងព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនធ្វើឱ្យអ្នកកើតទុក្ខខ្លាំងពេកទេ សាច់ឈាមរបស់អ្នកមិនត្រូវបានដាក់ទោសទេ ហើយអ្នកក៏មិនត្រូវរងទុក្ខដែរ ប៉ុន្តែកាលណាព្រះបន្ទូលទ្រង់មកសណ្ឋិតលើអ្នក ហើយបន្សុទ្ធអ្នក នោះអ្នកមិនអាចទ្រាំបានឡើយ។ តើវាមិនមែនដូច្នេះទេឬអី? នៅក្នុងអំឡុងសម័យពួកអ្នកបម្រើ ព្រះជាម្ចាស់បានមានបន្ទូលថា ទ្រង់នឹងបោះមនុស្សទៅក្នុងជង្ហុកធំ។ តើមនុស្សពិតជាទៅដល់បាតជង្ហុកធំនេះដែរឬទេ? គ្រាន់តែតាមរយៈការប្រើព្រះបន្ទូល ដើម្បីបន្សុទ្ធមនុស្ស នោះមនុស្សបានចូលទៅក្នុងជង្ហុកធំបាត់ទៅហើយ។ ហេតុនេះ នៅគ្រាចុងក្រោយ កាលណាព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ទ្រង់ប្រើព្រះបន្ទូលជាចម្បង ដើម្បីសម្រេចកិច្ចការទាំងអស់ ហើយបើកសម្ដែងគ្រប់យ៉ាង។ មានតែនៅក្នុងព្រះបន្ទូលរបស់ទ្រង់ទេ ទើបអ្នកអាចមើលឃើញលក្ខណៈរបស់ទ្រង់ មានតែនៅក្នុងព្រះបន្ទូលរបស់ទ្រង់ទេ ទើបអ្នកអាចមើលឃើញថា ទ្រង់គឺជាអង្គព្រះជាម្ចាស់ផ្ទាល់ពិតមែន។ កាលណាព្រះជាម្ចាស់យាងមកយកកំណើតជាមនុស្សនៅលើផែនដី គឺទ្រង់មិនធ្វើកិច្ចការផ្សេងទៀតឡើយ ក្រៅតែពីថ្លែងព្រះបន្ទូល ដូច្នេះ មិនចាំបាច់ត្រូវការការពិតអ្វីទេ ត្រឹមព្រះបន្ទូលគឺគ្រប់គ្រាន់ហើយ។ នោះគឺដោយសារទ្រង់បានយាងមកជាពិសេសដើម្បីធ្វើកិច្ចការនេះ ដើម្បីឱ្យមនុស្សមើលឃើញពីព្រះចេស្ដាដ៏ធំធេង និងឧត្តមភាពនៅក្នុងព្រះបន្ទូលរបស់ទ្រង់ ដើម្បីឱ្យមនុស្សមើលឃើញពីការបន្ទាបខ្លួន និងការលាក់កំបាំងរបស់ទ្រង់នៅក្នុងព្រះបន្ទូលរបស់ព្រះអង្គ និងដើម្បីឱ្យមនុស្សស្គាល់ភាពបរិបូររបស់ទ្រង់នៅក្នុងព្រះបន្ទូលរបស់ទ្រង់។ កម្មសិទ្ធិ និងលក្ខណៈទាំងអស់របស់ព្រះអង្គ សុទ្ធតែមាននៅក្នុងព្រះបន្ទូលរបស់ទ្រង់។ ប្រាជ្ញាញាណ និងភាពមហស្ចារ្យរបស់ទ្រង់ សុទ្ធតែមាននៅក្នុងព្រះបន្ទូលរបស់ទ្រង់។ ដោយសារព្រះបន្ទូលនេះ អ្នកត្រូវបានបង្កើតមកឱ្យមើលឃើញវិធីសាស្ត្រនានាដែលព្រះជាម្ចាស់ប្រើប្រាស់ សម្រាប់ថ្លែងព្រះបន្ទូលទ្រង់។ ព្រះជាម្ចាស់បានបំពេញកិច្ចការបែបនេះជាយូរណាស់មកហើយ។ កិច្ចការនេះភាគច្រើនគឺដើម្បីទំនុកបម្រុងដល់មនុស្ស លាតត្រដាង ឬលួសកាត់ពួកគេ។ ព្រះជាម្ចាស់មិនដាក់បណ្ដាសារលេងៗនោះឡើយ ហើយសូម្បីតែពេលទ្រង់ដាក់បណ្ដាសា ក៏ទ្រង់ដាក់បណ្ដាសាដោយព្រះបន្ទូលដែរ។ ដូច្នេះហើយ ក្នុងយុគសម័យដែលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមនេះ ចូរកុំព្យាយាមមើលព្រះជាម្ចាស់ប្រោសជំងឺ និងបណ្ដេញវិញ្ញាណអាក្រក់ទៀត ហើយឈប់តាមរកទីសម្គាល់ទៀតទៅ គ្មានប្រយោជន៍ទេ! ទីសម្គាល់ទាំងនោះមិនអាចធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍ទេ! និយាយឱ្យត្រង់ទៅ៖ សព្វថ្ងៃនេះ ព្រះដ៏ពិតជាក់ស្ដែងផ្ទាល់ព្រះអង្គនៅខាងសាច់ឈាម ទ្រង់មិនធ្វើសកម្មភាពទេ ទ្រង់ថ្លែងតែព្រះបន្ទូលប៉ុណ្ណោះ។ នេះជាសេចក្ដីពិត! ទ្រង់ប្រើព្រះបន្ទូលដើម្បីធ្វើឱ្យអ្នកបានគ្រប់លក្ខណ៍ ហើយប្រើព្រះបន្ទូលដើម្បីប្រទាននូវអាហារ និងផ្ដល់ទឹកដល់អ្នក។ ទ្រង់ក៏ប្រើព្រះបន្ទូលដើម្បីធ្វើកិច្ចការ ហើយទ្រង់ក៏ប្រើព្រះបន្ទូលនៅក្នុងការពិត ដើម្បីឱ្យអ្នកស្គាល់ពីភាពពិតជាក់ស្ដែងរបស់ទ្រង់ដែរ។ ប្រសិនបើអ្នកអាចគិតយល់ពីលក្ខណៈនៃកិច្ចការរបស់ព្រះជាម្ចាស់មួយនេះបាន នោះពិបាកនឹងមានគំនិតអវិជ្ជមានណាស់ អ្នកគួរផ្ដោតតែលើអ្វីដែលវិជ្ជមាន ពោលគឺទោះបីជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនបានសម្រេចក៏ដោយ ឬទោះបីជាគ្មានការមកដល់នៃការពិតក៏ដោយ ក៏ព្រះជាម្ចាស់ធ្វើឱ្យមនុស្សទទួលបាននូវជីវិតពីព្រះបន្ទូលទ្រង់ដែរ ហើយនេះគឺជាទីសម្គាល់ដ៏ធំបំផុត ហើយជាងនេះទៅទៀត នេះគឺជាសេចក្ដីពិតដែលមិនអាចប្រកែកបាន។ នេះគឺជាភ័ស្តុតាងដ៏ល្អបំផុតដែលនាំឱ្យបានស្គាល់ព្រះជាម្ចាស់ ហើយជាទីសម្គាល់ដ៏ធំជាងទីសម្គាល់ណាទាំងអស់។ មានតែព្រះបន្ទូលនេះទេ ទើបអាចធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍។

ដកស្រង់ពី «គ្រប់យ៉ាងសម្រេចបានដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការយកកំណើតជាមនុស្ស | សម្រង់សម្ដីទី ១៣៤

តើអ្នកគួរស្គាល់អ្វីខ្លះអំពីព្រះដ៏ជាក់ស្ដែង? ព្រះវិញ្ញាណ ព្រះក្នុងភាពជាមនុស្ស និងព្រះបន្ទូល ផ្សំឡើងបានជាព្រះដ៏ជាក់ស្ដែងផ្ទាល់...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ និស្ស័យ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ២៦៣

ដោយសារតែការបង្កើតវិទ្យាសាស្រ្តសង្គមរបស់មនុស្ស ទើបគំនិតរបស់គេត្រូវពង្វក់ដោយវិទ្យាសាស្ត្រ និងចំណេះដឹង។ ក្រោយមក វិទ្យាសាស្រ្ត និងចំណេះដឹង...