ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់សម្ដីទី ៤៣៧
07-12-2025
ជីវិតពួកជំនុំ គឺគ្រាន់តែជាប្រភេទនៃជីវិតមួយដែលមនុស្សប្រមូលផ្តុំគ្នា ដើម្បីក្រេបជញ្ជក់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ហើយវាបង្កើតបានត្រឹមបំណែកតូចមួយនៃជីវិតមនុស្សប៉ុណ្ណោះ។ ប្រសិនបើជីវិតពិតជាក់ស្តែងរបស់មនុស្ស ក៏អាចមានលក្ខណៈដូចគ្នាទៅនឹងជីវិតពួកជំនុំរបស់ពួកគេដែរនោះ ដូចជា ជីវិតខាងវិញ្ញាណមួយដែលធម្មតា ការក្រេបជញ្ជក់ព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមធម្មតា ការអធិស្ឋាន និងការចូលទៅជិតព្រះជាម្ចាស់តាមធម្មតា ការរស់នៅក្នុងជីវិតពិតជាក់ស្តែង ដែលអ្វីៗគ្រប់យ៉ាងត្រូវអនុវត្តទៅតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ការរស់នៅក្នុងជីវិតពិតជាក់ស្តែង ដែលអ្វីៗគ្រប់យ៉ាងត្រូវអនុវត្តទៅតាមសេចក្តីពិត ការរស់នៅក្នុងជីវិតពិតជាក់ស្តែងនៃការអនុវត្តការអធិស្ឋាន និងការអនុវត្ដធ្វើខ្លួនឱ្យស្ងប់ស្ងៀមនៅចំពោះព្រះជាម្ចាស់ ការអនុវត្តការច្រៀងបទទំនុកតម្កើង និងការរាំជាដើម ពេលនោះ នេះគឺជាប្រភេទនៃជីវិតតែមួយគត់ ដែលអាចនាំពួកគេចូលទៅក្នុងជីវិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយ។ មនុស្សភាគច្រើនផ្តោតតែលើរយៈពេលជាច្រើនម៉ោងនៃជីវិតពួកជំនុំរបស់ពួកគេតែប៉ុណ្ណោះ ដោយមិន «យកចិត្តទុកដាក់» លើជីវិតរបស់ពួកគេក្រៅពីរយៈពេលជាច្រើនម៉ោងនោះឡើយ ហាក់បីដូចជីវិតនោះគ្មានពាក់ព័ន្ធអ្វីនឹងពួកគេដូច្នោះដែរ។ ក៏មានមនុស្សជាច្រើនផងដែរ ដែលចូលទៅក្នុងជីវិតជាពួកបរិសុទ្ធ តែក្នុងពេលដែលពួកគេហូបនិងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ច្រៀងបទទំនុកតម្កើង ឬក្នុងពេលអធិស្ឋានតែប៉ុណ្ណោះ ហើយបន្ទាប់មក ក្រៅពីពេលវេលាទាំងនោះ ពួកគេក៏ត្រលប់ទៅរកជីវិតចាស់របស់ពួកគេវិញ។ ការរស់នៅតាមរបៀបនេះ មិនអាចបំផ្លាស់បំប្រែមនុស្សបានឡើយ ក៏រឹតតែមិនអាចឱ្យពួកគេស្គាល់ព្រះជាម្ចាស់បានដែរ។ ក្នុងការជឿលើព្រះជាម្ចាស់ ប្រសិនបើមនុស្សចង់ឱ្យមានការបំផ្លាស់បំប្រែនិស្ស័យរបស់ពួកគេ នោះពួកគេមិនត្រូវដកខ្លួនចេញពីជីវិតពិតជាក់ស្តែងឡើយ។ នៅក្នុងជីវិតពិតជាក់ស្តែង អ្នកត្រូវស្គាល់ខ្លួនឯង ទប់ខ្លួនឯង អនុវត្តសេចក្តីពិត ក៏ដូចជារៀនពីគោលការណ៍ សុភវិនិច្ឆ័យ និងច្បាប់នៃការប្រព្រឹត្តខ្លួននៅគ្រប់កិច្ចការទាំងអស់ មុនពេលដែលអ្នកអាចសម្រេចនូវការបំផ្លាស់បំប្រែបន្តិចម្តងៗបាន។ ប្រសិនបើអ្នកផ្តោតតែទៅលើចំណេះដឹងខាងទ្រឹស្តី ហើយរស់នៅក្នុងចំណោមពិធីសាសនាផ្សេងៗ ដោយមិនបានចូលឱ្យជ្រៅទៅក្នុងតថភាព ដោយមិនបានចូលទៅក្នុងជីវិតពិតជាក់ស្តែងទេ នោះអ្នកនឹងមិនដែលចូលទៅក្នុងតថភាពឡើយ អ្នកនឹងមិនដែលស្គាល់ខ្លួនឯង សា្គល់សេចក្តីពិត ឬស្គាល់ព្រះជាម្ចាស់ឡើយ ហើយអ្នកនឹងខ្វាក់ ព្រមទាំងល្ងង់ខ្លៅជារៀងរហូត។ កិច្ចការនៃការសង្គ្រោះមនុស្សរបស់ព្រះជាម្ចាស់ គឺមិនមែនដើម្បីឱ្យពួកគេរស់នៅក្នុងជីវិតជាមនុស្សធម្មតាបន្ទាប់ពីបានមួយរយៈខ្លីនោះទេ ហើយក៏មិនមែនដើម្បីបំផ្លាស់បំប្រែសញ្ញាណ និងគោលលទ្ធិខុសឆ្គងរបស់ពួកគេនោះដែរ។ ផ្ទុយទៅវិញ គោលបំណងរបស់ទ្រង់ គឺដើម្បីផ្លាស់ប្តូរនិស្ស័យចាស់របស់មនុស្ស ដើម្បីផ្លាស់ប្តូររបៀបរស់នៅចាស់របស់ពួកគេទាំងស្រុង និងដើម្បីផ្លាស់ប្តូរគ្រប់ទាំងវិធីគិត និងទស្សនៈគំនិតចាស់គំរឹលរបស់ពួកគេផងដែរ។ ការផ្តោតតែទៅលើជីវិតពួកជំនុំ នឹងមិនផ្លាស់ប្តូរទម្លាប់ជីវិតចាស់របស់មនុស្ស ឬផ្លាស់ប្តូរវិធីចាស់ ដែលពួកគេបានរស់នៅជាយូរមកហើយនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សមិនត្រូវកាត់ផ្តាច់ចេញពីជីវិតពិតជាក់ស្តែងឡើយ។ ព្រះជាម្ចាស់ត្រាស់បង្គាប់ឱ្យមនុស្សរស់នៅក្នុងភាពជាមនុស្សធម្មតានៅក្នុងជីវិតពិតជាក់ស្តែង មិនមែនគ្រាន់តែនៅក្នុងជីវិតពួកជំនុំប៉ុណ្ណោះទេ ឱ្យពួកគេត្រូវរស់នៅតាមសេចក្តីពិតនៅក្នុងជីវិតពិតជាក់ស្តែង មិនមែនគ្រាន់តែនៅក្នុងជីវិតក្រុមជំនុំប៉ុណ្ណោះទេ និងឱ្យពួកគេបំពេញមុខងាររបស់ពួកគេនៅក្នុងជីវិតពិតជាក់ស្តែង មិនមែនគ្រាន់តែនៅក្នុងជីវិតពួកជំនុំប៉ុណ្ណោះទេ។ ដើម្បីចូលទៅក្នុងតថភាពនៃសេចក្ដីពិត មនុស្សត្រូវតែបង្វែរអ្វីគ្រប់យ៉ាងឆ្ពោះទៅរកជីវិតពិតជាក់ស្តែង។ នៅក្នុងការជឿលើព្រះជាម្ចាស់ ប្រសិនបើមនុស្សមិនអាចស្គាល់ខ្លួនឯងតាមរយៈការចូលទៅក្នុងជីវិតពិតជាក់ស្តែងទេ ហើយប្រសិនបើពួកគេមិនអាចរស់នៅក្នុងភាពជាមនុស្សធម្មតានៅក្នុងជីវិតពិតជាក់ស្តែងបានទេ នោះពួកគេនឹងក្លាយជាមនុស្សបរាជ័យមិនខាន។ អ្នកទាំងឡាយណាដែលប្រឆាំងនឹងព្រះជាម្ចាស់ សុទ្ធតែជាមនុស្សដែលមិនអាចចូលទៅក្នុងជីវិតពិតជាក់ស្តែងបានទាំងអស់។ ពួកគេគឺសុទ្ធតែជាមនុស្សដែលនិយាយអំពីភាពជាមនុស្ស តែបែរជារស់នៅតាមធម្មជាតិជាអារក្សទៅវិញ។ ពួកគេគឺសុទ្ធតែជាមនុស្សដែលនិយាយអំពីសេចក្តីពិត តែបែរជារស់នៅតាមគោលលទ្ធិទៅវិញ។ អស់អ្នកណាដែលមិនអាចរស់នៅតាមសេចក្តីពិតនៅក្នុងជីវិតពិតជាក់ស្តែងបានទេ អ្នកនោះគឺជាអ្នកដែលជឿព្រះជាម្ចាស់ ប៉ុន្តែត្រូវព្រះអង្គស្អប់ខ្ពើម និងបដិសេធ។ អ្នកត្រូវអនុវត្តការចូលទៅក្នុងជីវិតពិតជាក់ស្ដែងរបស់អ្នក ដឹងពីភាពខ្វះចន្លោះរបស់ខ្លួន ដឹងពីការបះបោរ និងភាពល្ងង់ខ្លៅ ព្រមទាំងដឹងពីភាពជាមនុស្សដែលខុសពីធម្មតា និងភាពទន់ខ្សោយរបស់អ្នក។ តាមរបៀបនេះ ចំណេះដឹងរបស់អ្នកនឹងត្រូវរួមបញ្ចូលទៅក្នុងស្ថានភាព និងការលំបាកជាក់ស្តែងរបស់អ្នក។ មានតែចំណេះដឹងប្រភេទនេះទេ ដែលពិតប្រាកដ និងអាចឱ្យអ្នកក្ដាប់បានពីស្ថានភាពផ្ទាល់ខ្លួនរបស់អ្នក និងសម្រេចនូវការបំផ្លាស់បំប្រែនិស្ស័យរបស់អ្នកបានយ៉ាងពិតប្រាកដ។
ពេលនេះដោយសារតែការប្រោសមនុស្សឱ្យបានគ្រប់លក្ខណ៍ បានចាប់ផ្តើមជាផ្លូវការហើយ ម្ល៉ោះហើយទើបអ្នកត្រូវតែចូលទៅក្នុងជីវិតពិតជាក់ស្ដែង។ ដូច្នេះ ដើម្បីសម្រេចបាននូវការបំផ្លាស់បំប្រែ អ្នកត្រូវតែចាប់ផ្តើមពីការចូលទៅក្នុងជីវិតពិតជាក់ស្ដែង ហើយធ្វើការផ្លាស់ប្រែបន្តិចម្តងៗ។ ប្រសិនបើអ្នកគេចវេះពីជីវិតមនុស្សធម្មតា ហើយនិយាយតែពីបញ្ហាខាងវិញ្ញាណតែម៉្យាង នោះអ្វីៗនឹងប្រែទៅជាក្រៀមក្រោះ និងអ័ព្ទរស្មីមិនខាន។ អ្វីៗនឹងក្លាយជារឿងមិនពិតជាក់ស្ដែង ហើយពេលនោះ តើមនុស្សអាចបំផ្លាស់បំប្រែយ៉ាងដូចម្តេចបាន? ឥឡូវនេះ គេប្រាប់អ្នកឱ្យចូលទៅក្នុងជីវិតពិតជាក់ស្តែងដើម្បីអនុវត្ត ដើម្បីបង្កើតមូលដ្ឋានគ្រឹះមួយសម្រាប់ការចូលទៅក្នុងបទពិសោធពិត។ នេះគឺជាទិដ្ឋភាពមួយដែលមនុស្សត្រូវតែអនុវត្ត។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ សំខាន់គឺដើម្បីដឹកនាំ ហើយអ្វីក្រៅពីនោះ គឺអាស្រ័យលើការអនុវត្ត និងការចូលទៅក្នុងរបស់មនុស្ស។ មនុស្សគ្រប់គ្នាអាចទទួលបានច្រកចូលទៅក្នុងជីវិតពិតជាក់ស្តែង តាមរយៈផ្លូវផ្សេងៗគ្នា ជាផ្លូវដែលពួកគេអាចនាំយកព្រះជាម្ចាស់ចូលមកក្នុងជីវិតពិតជាក់ស្តែង និងរស់នៅក្នុងភាពជាមនុស្សធម្មតាយ៉ាងពិតប្រាកដ។ នេះគឺជាប្រភេទនៃជីវិតតែមួយគត់ ដែលមានន័យខ្លឹមសារ!
ដកស្រង់ពី «ការពិភាក្សាអំពីជីវិតពួកជំនុំ និងជីវិតពិតជាក់ស្តែង» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត