ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ៣៦

កាលណាយុគសម័យនៃនគរព្រះបានចាប់ផ្ដើមហើយ នោះព្រះជាម្ចាស់ក៏ចាប់ផ្ដើមបញ្ចេញព្រះបន្ទូលរបស់ទ្រង់ដែរ។ នាថ្ងៃអនាគត ព្រះបន្ទូលទាំងអស់នេះនឹងបានសម្រេចបន្តិចម្ដងៗ លុះដល់ពេលនោះ ជីវិតមនុស្សនឹងបានចាស់ទុំ។ ការប្រើប្រាស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីសម្ដែងពីនិស្ស័យពុករលួយរបស់មនុស្សគឺរឹតតែជាក់ស្ដែង និងរឹតតែចាំបាច់ ហើយទ្រង់មិនប្រើអ្វីផ្សេងឡើយក្រៅតែពីព្រះបន្ទូលមកធ្វើកិច្ចការរបស់ព្រះអង្គ ដើម្បីធ្វើឱ្យសេចក្ដីជំនឿរបស់មនុស្សបានគ្រប់លក្ខណ៍ ដ្បិតសព្វថ្ងៃនេះជាយុគសម័យនៃព្រះបន្ទូល ហើយយុគសម័យនេះទាមទារនូវសេចក្ដីជំនឿ ការតាំងចិត្ត និងការសហការរបស់មនុស្ស។ កិច្ចការរបស់ព្រះជាម្ចាស់ដែលបានត្រលប់ជាសាច់ឈាមនៅគ្រាចុងក្រោយ គឺប្រើប្រាស់ព្រះបន្ទូលទ្រង់ ដើម្បីបម្រើនិងផ្គត់ផ្គង់មនុស្ស។ ទាល់តែព្រះជាម្ចាស់ដែលបានត្រលប់ជាសាច់ឈាមបញ្ចប់នូវការថ្លែងព្រះបន្ទូលទ្រង់ ទើបព្រះបន្ទូលនោះនឹងចាប់ផ្ដើមសម្រេច។ កាលព្រះអង្គកំពុងថ្លែងព្រះបន្ទូល ព្រះបន្ទូលទ្រង់មិនបានសម្រេចឡើយ ដ្បិតព្រះបន្ទូលរបស់ទ្រង់មិនអាចសម្រេច ពេលដែលទ្រង់ស្ថិតក្នុងដំណាក់កាលសាច់ឈាមនៅឡើយនោះទេ។ នេះគឺដើម្បីឱ្យមនុស្សអាចមើលឃើញថា ព្រះជាម្ចាស់គឺជាសាច់ឈាម មិនមែនជាវិញ្ញាណទេ ដូច្នេះ មនុស្សអាចមើលឃើញនូវភាពជាក់ស្តែងរបស់ព្រះជាម្ចាស់បានដោយភ្នែករបស់គេផ្ទាល់។ នៅថ្ងៃដែលកិច្ចការរបស់ទ្រង់ចប់សព្វគ្រប់ នៅពេលដែលព្រះបន្ទូលទាំងអស់ដែលទ្រង់ត្រូវថ្លែងបានថ្លែងរួចហើយ នោះព្រះបន្ទូលរបស់ទ្រង់នឹងចាប់ផ្ដើមសម្រេច។ ពេលនេះ មិនមែនយុគសម័យនៃការសម្រេចព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ដ្បិតទ្រង់មិនទាន់បញ្ចប់ការថ្លែងព្រះបន្ទូលរបស់ទ្រង់ទេ។ ដូច្នេះ កាលណាអ្នកឃើញថា ព្រះជាម្ចាស់នៅកំពុងថ្លែងព្រះបន្ទូលរបស់ទ្រង់នៅលើផែនដីនៅឡើយ ចូរកុំទន្ទឹងផលសម្រេចនៃព្រះបន្ទូលទ្រង់អី។ កាលណាព្រះជាម្ចាស់ឈប់ថ្លែងព្រះបន្ទូលទ្រង់ ហើយកាលណាកិច្ចការរបស់ព្រះអង្គនៅលើផែនដីបានសម្រេច នោះទើបជាពេលដែលព្រះបន្ទូលទ្រង់ចាប់ផ្ដើមសម្រេច។ ក្នុងព្រះបន្ទូលទ្រង់ នៅក្នុងកាលៈទេសៈខ្លះក៏មានការប្រទានជីវិត ហើយនៅក្នុងកាលៈទេសៈខ្លះទៀតក៏មានជាសេចក្ដីទំនាយដែរ ជាសេចក្ដីទំនាយអំពីរឿងរ៉ាវដែលនឹងមកដល់ កិច្ចការដែលនឹងត្រូវសម្រេច និងកិច្ចការដែលពុំទាន់បានសម្រេច។ នៅក្នុងព្រះបន្ទូលរបស់ព្រះយេស៊ូវ ក៏ធ្លាប់មានសេចក្ដីទំនាយដែរ។ ក្នុងន័យមួយ គឺទ្រង់បានប្រទាននូវជីវិត និងក្នុងន័យមួយទៀត គឺទ្រង់មានបន្ទូលជាសេចក្ដីទំនាយ។ សព្វថ្ងៃនេះ ពុំមានការជជែកអំពីការអនុវត្តព្រះបន្ទូល និងការពិតក្នុងពេលជាមួយគ្នាទៀតទេ ពីព្រោះភាពខុសគ្នារវាងកត្តាដែលអាចមើលឃើញដោយភ្នែកមនុស្សផ្ទាល់ និងកិច្ចការដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់ គឺធំធេងខ្លាំងណាស់។ អាចនិយាយបានតែម្យ៉ាងគត់ថា កាលណាកិច្ចការរបស់ព្រះជាម្ចាស់បានសម្រេចហើយ នោះព្រះបន្ទូលរបស់ទ្រង់ក៏បានសម្រេចដែរ ចំណែកការពិតនឹងកើតតាមក្រោយព្រះបន្ទូលវិញ។ នៅក្នុងគ្រាចុងក្រោយ ព្រះដែលយកកំណើតជាមនុស្សក៏ធ្វើព័ន្ធកិច្ចនៃព្រះបន្ទូលនៅលើផែនដីដែរ ហើយនៅក្នុងការធ្វើព័ន្ធកិច្ចនៃព្រះបន្ទូល ទ្រង់ថ្លែងតែព្រះបន្ទូលប៉ុណ្ណោះ ទ្រង់មិនខ្វល់អំពីបញ្ហាដទៃទៀតទេ។ កាលណាកិច្ចការរបស់ព្រះជាម្ចាស់ប្រែប្រួល នោះព្រះបន្ទូលទ្រង់នឹងចាប់ផ្ដើមចេញជាផលសម្រេច។ សព្វថ្ងៃនេះ ព្រះបន្ទូលត្រូវបានប្រើប្រាស់មុនគេដើម្បីធ្វើឱ្យអ្នកបានគ្រប់លក្ខណ៍។ កាលណាព្រះអង្គទទួលបានសិរីរុងរឿងនៅទូទាំងសកលលោកទាំងមូល នោះកិច្ចការរបស់ទ្រង់ក៏នឹងចប់សព្វគ្រប់ ព្រះបន្ទូលដែលគួរថ្លែងនឹងត្រូវបានថ្លែង រួចព្រះបន្ទូលទាំងអស់នឹងក្លាយជាការពិត។ ព្រះជាម្ចាស់បានយាងមកផែនដីនៅគ្រាចុងក្រោយ ដើម្បីធ្វើព័ន្ធកិច្ចនៃព្រះបន្ទូល ដើម្បីឱ្យមនុស្សជាតិស្គាល់ព្រះអង្គ និងដើម្បីឱ្យមនុស្សជាតិអាចមើលឃើញព្រះប្រាជ្ញាញាណរបស់ទ្រង់ និងសកម្មភាពដ៏មហស្ចារ្យទាំងអស់ដែលកើតពីព្រះបន្ទូលរបស់ទ្រង់។ ក្នុងយុគសម័យនៃនគរព្រះ ព្រះជាម្ចាស់ប្រើព្រះបន្ទូលជាចម្បង ដើម្បីយកឈ្នះមនុស្សជាតិទាំងអស់។ នាថ្ងៃអនាគត ព្រះបន្ទូលរបស់ទ្រង់នឹងយាងមកសណ្ឋិតលើគ្រប់សាសនា គ្រប់វិស័យ គ្រប់ប្រជាជាតិ និងគ្រប់និកាយ។ ព្រះជាម្ចាស់ប្រើព្រះបន្ទូលទ្រង់ ដើម្បីយកឈ្នះ ដើម្បីធ្វើឱ្យមនុស្សទាំងអស់មើលឃើញថា ព្រះបន្ទូលទ្រង់មានទាំងសិទ្ធិអំណាច និងឫទ្ធានុភាព ដូច្នេះបានជាសព្វថ្ងៃនេះ អ្នករាល់គ្នាមើលឃើញតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។

ព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងនៅក្នុងយុគសម័យនេះ ខុសគ្នាពីព្រះបន្ទូលដែលត្រូវបានថ្លែងនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ហើយព្រះបន្ទូលទាំងនេះ ក៏ខុសគ្នាពីព្រះបន្ទូលដែលបានថ្លែងនៅក្នុងយុគសម័យនៃព្រះគុណដែរ។ ក្នុងយុគសម័យនៃព្រះគុណ ព្រះជាម្ចាស់មិនធ្វើកិច្ចការនៃព្រះបន្ទូលទេ ប៉ុន្តែទ្រង់គ្រាន់តែថ្លែងអំពីការជាប់ឆ្កាង ដើម្បីប្រោសលោះមនុស្សជាតិទាំងអស់។ ព្រះគម្ពីរគ្រាន់តែរៀបរាប់ពីមូលហេតុ ដែលព្រះយេស៊ូវត្រូវបានគេឆ្កាង ហើយភាពវេទនាដែលទ្រង់បានទទួលនៅលើឈើឆ្កាង ព្រមទាំងរៀបរាប់ពីរបៀបដែលមនុស្សគួរត្រូវជាប់ឆ្កាងសម្រាប់ព្រះជាម្ចាស់។ នៅក្នុងយុគសម័យនោះ កិច្ចការគ្រប់យ៉ាងដែលត្រូវបានធ្វើដោយព្រះជាម្ចាស់ គឺផ្ដោតជាសំខាន់លើការជាប់ឆ្កាង។ នៅក្នុងយុគសម័យនៃនគរព្រះ ព្រះជាម្ចាស់ដែលបានយកកំណើតជាមនុស្ស ថ្លែងព្រះបន្ទូលដើម្បីយកឈ្នះមនុស្សទាំងអស់ដែលជឿដល់ទ្រង់។ នេះហើយជា «ព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាម»។ ព្រះជាម្ចាស់បានយាងមកនៅក្នុងគ្រាចុងក្រោយ ដើម្បីធ្វើកិច្ចការនេះ ពោលគឺទ្រង់បានយាងមកដើម្បីសម្រេចនូវសារៈសំខាន់ពិត នៃព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាម។ ព្រះអង្គគ្រាន់តែថ្លែងព្រះបន្ទូលប៉ុណ្ណោះ ហើយការមកដល់នៃការពិតក៏កម្រមានដែរ។ នេះគឺជាលក្ខណៈពិតបំផុតនៃព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាម រួចកាលណាព្រះជាម្ចាស់ដែលយកកំណើត ថ្លែងព្រះបន្ទូលរបស់ទ្រង់ នេះគឺជាការលេចមកនៃព្រះបន្ទូលនៅក្នុងសាច់ឈាម និងជាព្រះបន្ទូលដែលយាងមកសណ្ឋិតនៅក្នុងសាច់ឈាម។ «ដើមឡើយ មានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយព្រះជាម្ចាស់ ព្រះបន្ទូលជាព្រះជាម្ចាស់ ហើយព្រះបន្ទូលក៏បានក្លាយជាសាច់ឈាម»។ ការនេះ (កិច្ចការនៃការលេចមកជាសាច់ឈាម) ជាកិច្ចការដែលព្រះជាម្ចាស់នឹងសម្រេចឱ្យបាននៅគ្រាចុងក្រោយ ហើយក៏ជាជំពូកចុងក្រោយនៃផែនការគ្រប់គ្រងរបស់ទ្រង់ទាំងមូលដែរ ដូច្នេះហើយ ព្រះជាម្ចាស់ត្រូវតែយាងមកផែនដី ហើយសម្ដែងព្រះបន្ទូលរបស់ទ្រង់ក្នុងសាច់ឈាម។ កិច្ចការដែលត្រូវធ្វើឱ្យរួចនៅថ្ងៃនេះ កិច្ចការដែលនឹងត្រូវធ្វើឱ្យរួចនៅថ្ងៃអនាគត កិច្ចការដែលព្រះជាម្ចាស់នឹងត្រូវសម្រេចឱ្យបាន ទិសដៅចុងក្រោយរបស់មនុស្ស មនុស្សដែលនឹងត្រូវបានសង្គ្រោះ មនុស្សដែលនឹងត្រូវបំផ្លាញ ។ល។ កិច្ចការទាំងអស់ដែលគួរតែត្រូវសម្រេចឱ្យបាននៅទីបញ្ចប់ គឺត្រូវបានថ្លែងបញ្ជាក់យ៉ាងច្បាស់អស់ហើយ ហើយគ្រប់យ៉ាងក៏ដើម្បីសម្រេចឱ្យបាននូវសារៈសំខាន់ពិតនៃព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាមដែរ។ បញ្ញត្តិរដ្ឋបាល និងក្រឹត្យវិន័យដែលត្រូវបានបញ្ចេញកាលពីគ្រាមុន មនុស្សដែលនឹងត្រូវបំផ្លាញ មនុស្សដែលនឹងត្រូវចូលទៅសម្រាក គឺព្រះបន្ទូលទាំងអស់នេះត្រូវតែសម្រេច។ នេះជាកិច្ចការដែលត្រូវសម្រេចឱ្យបានជាពិសេស ដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនៅគ្រាចុងក្រោយ។ ព្រះអង្គធ្វើឱ្យមនុស្សដឹងថា អស់អ្នកដែលព្រះជាម្ចាស់បានកំណត់ទុកជាមុននៅកន្លែងណា ហើយមនុស្សដែលព្រះជាម្ចាស់មិនបានកំណត់ទុកជាមុននៅកន្លែងណា ដឹងពីវិធីបែងចែករាស្ត្ររបស់ទ្រង់ និងពួកកូនប្រុសទាំងឡាយរបស់ទ្រង់តាមប្រភេទ ដឹងអំពីអ្វីដែលនឹងត្រូវកើតឡើងចំពោះប្រទេសអ៊ីស្រាអែល និងដឹងអំពីអ្វីដែលនឹងត្រូវកើតឡើងចំពោះស្រុកអេស៊ីព្ទ ពោលគឺព្រះបន្ទូលគ្រប់ម៉ាត់នឹងត្រូវបានសម្រេចនាថ្ងៃអនាគត។ ល្បឿននៃកិច្ចការរបស់ព្រះជាម្ចាស់កំពុងតែស្ទុះឡើង។ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូលជាមធ្យោបាយសម្រាប់បើកសម្ដែងប្រាប់មនុស្សអំពីកិច្ចការដែលត្រូវធ្វើឱ្យរួចនៅក្នុងយុគសម័យនីមួយៗ កិច្ចការដែលត្រូវធ្វើដោយព្រះជាម្ចាស់ដែលយកកំណើតជាសាច់ឈាម និងព័ន្ធកិច្ចដែលទ្រង់ត្រូវធ្វើ ហើយព្រះបន្ទូលទាំងអស់នេះ គឺសុទ្ធតែដើម្បីសម្រេចឱ្យបាននូវសារៈសំខាន់ពិតនៃព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាម។

ដកស្រង់ពី «គ្រប់យ៉ាងសម្រេចបានដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ៣៨

នៅពេលនោះ កិច្ចការរបស់ព្រះយេស៊ូវ គឺជាកិច្ចការប្រោសលោះគ្រប់មនុស្សជាតិទាំងអស់។ បាបរបស់អស់អ្នកដែលបានជឿលើទ្រង់ ត្រូវបានអត់ទោសឱ្យ។...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការយកកំណើតជាមនុស្ស | សម្រង់សម្ដីទី ១៣៤

តើអ្នកគួរស្គាល់អ្វីខ្លះអំពីព្រះដ៏ជាក់ស្ដែង? ព្រះវិញ្ញាណ ព្រះក្នុងភាពជាមនុស្ស និងព្រះបន្ទូល ផ្សំឡើងបានជាព្រះដ៏ជាក់ស្ដែងផ្ទាល់...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់​សម្ដីទី ៤៥៣

មនុស្សគ្រប់រូបដែលមានការតាំងចិត្ត អាចបម្រើព្រះជាម្ចាស់បាន ក៏ប៉ុន្តែមានតែអ្នកដែលបង្ហាញពីការយកចិត្តទុកដាក់...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ និស្ស័យ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ២៦៣

ដោយសារតែការបង្កើតវិទ្យាសាស្រ្តសង្គមរបស់មនុស្ស ទើបគំនិតរបស់គេត្រូវពង្វក់ដោយវិទ្យាសាស្ត្រ និងចំណេះដឹង។ ក្រោយមក វិទ្យាសាស្រ្ត និងចំណេះដឹង...