ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការជំនុំជម្រះនៅគ្រាចុងក្រោយ | សម្រង់សម្ដីទី ៩៨
15-01-2026
នៅក្នុងនគរនេះ របស់សព្វសារពើទាំងអស់ចាប់ផ្ដើមមានជីវិតជាថ្មី និងទទួលបានកម្លាំងជីវិតរបស់ខ្លួនឡើងវិញ។ ដោយសារតែការប្រែប្រួលសភាពនៃផែនដី ព្រំដែនរវាងទឹកដីមួយ និងទឹកដីមួយទៀត ក៏ចាប់ផ្ដើមផ្លាស់ប្ដូរ។ ខ្ញុំបានថ្លែងទំនាយទុកថា នៅពេលដែនដីផ្ដាច់ចេញពីដែនដី ហើយដែនដីរួមគ្នាជាដែនដី នៅគ្រានោះខ្ញុំនឹងវាយកម្ទេចប្រទេសនិមួយៗឱ្យខ្ទេចខ្ទី។ នៅពេលនេះ ខ្ញុំនឹងធ្វើឱ្យសត្តនិករទាំងអស់ បានជាថ្មីឡើងវិញ ហើយបែងចែកសកលលោកទាំងមូលម្ដងទៀត ខ្ញុំធ្វើដូច្នេះ ដោយធ្វើឱ្យសកលលោកនេះមានសណ្ដាប់ធ្នាប់ និងផ្លាស់ប្ដូរអ្វីៗដែលចាស់ឱ្យក្លាយជាថ្មីវិញ នេះគឺជាផែនការរបស់ខ្ញុំ ហើយទាំងអស់នេះក៏ជាកិច្ចការរបស់ខ្ញុំដែរ។ នៅពេលដែលប្រទេសនីមួយៗ និងរាស្ដ្ររើសតាំងរបស់ខ្ញុំម្នាក់ៗត្រឡប់មកនៅចំពោះបល្ល័ង្ករបស់ខ្ញុំ នៅពេលនោះដែរ ខ្ញុំនឹងប្រទានគ្រប់ទាំងសម្បត្តិនៅស្ថានសួគ៌ដល់លោកិយ ដើម្បីឲ្យលោកិយនោះបានពោរពេញដោយភាពបរិបូរណ៍រកអ្វីប្រៀបផ្ទឹមពុំបាន ដោយសារតែខ្ញុំ។ ខណៈដែលពិភពលោកចាស់នៅមាន ខ្ញុំនឹងបញ្ចេញសេចក្ដីក្រោធរបស់ខ្ញុំទៅលើប្រទេសនីមួយៗ និងប្រកាសឲ្យប្រើជាសាធារណៈនូវបញ្ញត្តិរដ្ឋបាលដល់ចក្រវាលទាំងមូល ហើយអ្នកណាដែលបំពាន នឹងត្រូវវាយផ្ចាល៖
នៅពេលខ្ញុំថ្លែងព្រះបន្ទូលទៅកាន់ចក្រវាលទាំងមូល មនុស្សទាំងអស់នឹងឮព្រះសូរសៀងរបស់ខ្ញុំ ពោលគឺមនុស្សទាំងអស់នឹងឃើញគ្រប់ទាំងកិច្ចការដែលខ្ញុំបានបំពេញនៅទូទាំងចក្រវាល។ អស់អ្នកណាដែលប្រឆាំងនឹងបំណងព្រះហឫទ័យរបស់ខ្ញុំ ពោលគឺអ្នកណាដែលប្រឆាំងនឹងខ្ញុំដោយទង្វើរបស់មនុស្ស អ្នកនោះនឹងដួលរលំនៅកណ្ដាលការវាយផ្ចាលរបស់ខ្ញុំ។ ខ្ញុំនឹងធ្វើឱ្យផ្កាយរាប់មិនអស់នៅលើមេឃទៅជាថ្មីឡើងវិញ។ ដោយសារតែខ្ញុំ ព្រះអាទិត្យ និងព្រះចន្ទនឹងបានកែជាថ្មីឡើងវិញ ផ្ទៃមេឃលែងដូចពីមុនទៀត ហើយរបស់សព្វសារពើនៅលើផែនដីនឹងត្រូវបានកែជាថ្មី ពោលគឺទាំងអស់នេះនឹងត្រូវបានសម្រេច ដោយសារតែព្រះបន្ទូលរបស់ខ្ញុំ។ ប្រទេសទាំងអស់នៅក្នុងចក្រវាលនឹងត្រូវបែងចែកជាថ្មី ហើយជំនួសដោយនគររបស់ខ្ញុំ ដើម្បីឲ្យប្រទេសនានានៅលើផែនដីនឹងរលាយបាត់ទៅជារៀងរហូត ហើយនឹងមានតែនគរមួយប៉ុណ្ណោះ ដែលថ្វាយបង្គំខ្ញុំ។ ប្រទេសទាំងអស់នៅលើផែនដីនឹងត្រូវបានបំផ្លាញ ហើយលែងមានតទៅទៀត។ នៅក្នុងចំណោមមនុស្សលោកដែលស្ថិតក្នុងចក្រវាល អស់អ្នកណាដែលជារបស់ពួកអារក្ស នឹងត្រូវវិនាសសាបសូន្យ។ អស់អ្នកណាដែលថ្វាយបង្គំសាតាំង នឹងដួលរលំនៅកណ្ដាលភ្លើងដែលឆេះសន្ធោសន្ធៅរបស់ខ្ញុំ ពោលគឺមនុស្សទាំងអស់នឹងក្លាយទៅជាផេះ លើកលែងតែអស់អ្នកដែលស្ថិតនៅក្នុងអូរនាពេលបច្ចុប្បន្ននេះប៉ុណ្ណោះ។ នៅពេលខ្ញុំវាយផ្ចាលប្រជារាស្ត្រនីមួយៗ សហគមន៍សាសនានានា ក្នុងកម្រិតខុសៗគ្នា នឹងត្រឡប់មកនគររបស់ខ្ញុំវិញ ហើយត្រូវបានយកឈ្នះតាមរយៈកិច្ចការរបស់ខ្ញុំ ព្រោះពួកគេនឹងបានឃើញថា «ព្រះដ៏វិសុទ្ធដែលគង់លើពពកស» បានយាងមកដល់ហើយ។ មនុស្សទាំងអស់នឹងត្រូវញែកចេញពីគ្នាទៅតាមប្រភេទរបស់ពួកគេ ហើយនឹងទទួលការវាយផ្ចាលផ្សេងៗគ្នាដែលសមស្របនឹងទង្វើរបស់ពួកគេ។ អស់អ្នកណាដែលបានតតាំងនឹងខ្ញុំនឹងត្រូវវិនាស ហើយចំណែកឯអស់អ្នកដែលការប្រព្រឹត្តនៅលើផែនដីរបស់ពួកគេមិនទាក់ទងនឹងខ្ញុំ ពួកគេនឹងបន្តរស់នៅលើផែនដីអាស្រ័យលើការប្រព្រឹត្តរបស់ពួកគេ ក្រោមការគ្រប់គ្រងរបស់ពួកកូនប្រុស និងរាស្ត្ររបស់ខ្ញុំ។ ខ្ញុំនឹងលេចមកនៅចំពោះមុខប្រទេសយ៉ាងច្រើន និងប្រជារាស្ត្រយ៉ាងច្រើន ហើយខ្ញុំនឹងបន្លឺព្រះសូរសៀងផ្ទាល់របស់ខ្ញុំនៅលើផែនដី ដោយប្រកាសពីការសម្រេចកិច្ចការដ៏មហិមារបស់ខ្ញុំ ដើម្បីឲ្យមនុស្សទាំងអស់បានឃើញការនេះដោយផ្ទាល់ភ្នែករបស់ពួកគេ។
នៅពេលដែលព្រះសូរសៀងរបស់ខ្ញុំកាន់តែជ្រាលជ្រៅ ខ្ញុំក៏សង្កេតមើលសភាពនៃចក្រវាលដែរ។ តាមរយៈព្រះបន្ទូលរបស់ខ្ញុំ អ្វីៗទាំងអស់ត្រូវបានធ្វើឱ្យថ្មី។ ផ្ទៃមេឃផ្លាស់ប្ដូរ រីឯផែនដីក៏ផ្លាស់ប្ដូរដែរ។ មនុស្សជាតិត្រូវបានលាតត្រដាងក្នុងទម្រង់ដើមរបស់ខ្លួន ហើយបន្តិចម្ដងៗ មនុស្សទាំងអស់ត្រូវបានញែកចេញពីគ្នាទៅតាមប្រភេទរបស់ពួកគេ ហើយត្រូវបានត្រឡប់ទៅ «គ្រួសារ» របស់ពួកគេវិញដោយមិនដឹងខ្លួន។ ការនេះគាប់ព្រះហឫទ័យខ្ញុំយ៉ាងខ្លាំង។ ខ្ញុំស្ងប់ស្ងាត់គ្មានការរំខាន ហើយដោយមិនដឹងខ្លួន កិច្ចការដ៏អស្ចារ្យរបស់ខ្ញុំក៏បានសម្រេច ហើយរបស់សព្វសារពើ ក៏បានបំផ្លាស់បំប្រែ។ នៅពេលដែលខ្ញុំបានបង្កើតពិភពលោក ខ្ញុំបានញែករបស់សព្វសារពើចេញពីគ្នាទៅតាមប្រភេទរបស់វា ដោយចាត់ថ្នាក់របស់សព្វសារពើដែលមានទម្រង់។ នៅពេលដែលចុងបញ្ចប់នៃផែនការគ្រប់គ្រងរបស់ខ្ញុំកាន់តែខិតជិតមកដល់ ខ្ញុំនឹងស្ដារសភាពដើមនៃការបង្កើតឡើងវិញ ខ្ញុំនឹងស្ដារអ្វីៗគ្រប់យ៉ាងឱ្យដូចដើមវិញ ដោយផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាងដោយហ្មត់ចត់ ហើយធ្វើឱ្យអ្វីៗគ្រប់យ៉ាងស្ថិតនៅក្នុងផែនការរបស់ខ្ញុំ។ ពេលវេលាបានមកដល់ហើយ! ដំណាក់កាលចុងក្រោយនៃផែនការរបស់ខ្ញុំជិតនឹងបញ្ចប់ហើយ។ ឱ ពិភពលោកចាស់ដ៏ស្មោកគ្រោកអើយ! ឯងនឹងដួលរលំដោយសារព្រះបន្ទូលរបស់ខ្ញុំជាមិនខាន! ឯងនឹងក្លាយទៅជាភាពទទេដោយសារផែនការរបស់ខ្ញុំជាមិនខាន! ឱ របស់សព្វសារពើអើយ! ពួកវានឹងទទួលបានជីវិតថ្មីដោយសារព្រះបន្ទូលរបស់ខ្ញុំ ពួកវានឹងមានម្ចាស់របស់ខ្លួន! ឱ ពិភពលោកថ្មីដែលត្រូវបានញែកជាបរិសុទ្ធ និងឥតសៅហ្មងអើយ! អ្នកនឹងរស់ឡើងវិញដោយសារសិរីល្អរបស់ខ្ញុំជាមិនខាន! ឱ ភ្នំស៊ីយ៉ូនអើយ! ចូរកុំស្ងៀមស្ងាត់ទៀតអី ខ្ញុំបានត្រឡប់មកវិញដោយជ័យជម្នះហើយ! ខ្ញុំសង្កេតមើលផែនដីទាំងមូលនៅកណ្ដាលរបស់សព្វសារពើ។ មនុស្សនៅលើផែនដីបានចាប់ផ្ដើមជីវិតថ្មី និងមានសេចក្ដីសង្ឃឹមថ្មីៗ។ ឱ រាស្ត្ររបស់ខ្ញុំអើយ! ម្ដេចក៏អ្នករាល់គ្នាមិនអាចរស់ឡើងវិញដោយសារពន្លឺរបស់ខ្ញុំ? ម្ដេចក៏អ្នករាល់គ្នាមិនលោតដោយអំណរនៅក្រោមការដឹកនាំរបស់ខ្ញុំ? ដែនដីកំពុងស្រែកហ៊ោដោយអំណររីករាយ ទឹកកំពុងតែខ្ជោលខ្ចាយដោយសំណើចដ៏សប្បាយ! ឱ អ៊ីស្រាអែលដែលបានរស់ឡើងវិញអើយ! ម្ដេចក៏អ្នកមិនមានមោទនភាពដោយសារការកំណត់ទុកជាមុនរបស់ខ្ញុំ? តើនរណាបានយំ? តើនរណាបានទ្រហោ? អ៊ីស្រាអែលពីបុរាណលែងមានទៀតហើយ ហើយអ៊ីស្រាអែលសព្វថ្ងៃនេះបានក្រោកឈរឡើង យ៉ាងរឹងមាំ និងខ្ពស់ត្រដែតនៅក្នុងពិភពលោក ហើយបានឈរឡើងនៅក្នុងដួងចិត្តរបស់មនុស្សជាតិទាំងអស់។ អ៊ីស្រាអែលសព្វថ្ងៃនេះ នឹងទទួលបានគ្រឹះសម្រាប់អត្ថិភាពរបស់ខ្លួនតាមរយៈរាស្ត្ររបស់ខ្ញុំជាមិនខាន! ឱ អេស៊ីព្ទដ៏គួរឱ្យស្អប់អើយ! អ្នកនៅតែទាស់ទទឹងនឹងខ្ញុំមែនទេ? ម្ដេចក៏អ្នកអាចឆ្លៀតយកប្រយោជន៍ពីសេចក្ដីមេត្តាករុណារបស់ខ្ញុំ ហើយព្យាយាមគេចចេញពីការវាយផ្ចាលរបស់ខ្ញុំ? ម្ដេចក៏អ្នកមិនរស់នៅក្នុងការវាយផ្ចាលរបស់ខ្ញុំ? អស់អ្នកណាដែលខ្ញុំស្រឡាញ់ នឹងមានអត្ថិភាពជារៀងរហូតជាមិនខាន ហើយអស់អ្នកណាដែលទាស់ទទឹងនឹងខ្ញុំ នឹងត្រូវខ្ញុំវាយផ្ចាលជារៀងរហូតជាមិនខាន។ ដ្បិតខ្ញុំគឺជាព្រះដែលស្អប់ខ្ពើមសេចក្ដីអាក្រក់ ហើយនឹងមិនលើកលែងមនុស្សទាំងអស់ដោយងាយៗ ចំពោះអ្វីៗគ្រប់យ៉ាងដែលពួកគេបានធ្វើនោះទេ។ ខ្ញុំនឹងពិនិត្យពិច័យផែនដីទាំងមូល ហើយដោយលេចមកនៅទិសខាងកើតនៃពិភពលោក ជាមួយនឹងសេចក្ដីសុចរិត ឫទ្ធានុភាព សេចក្ដីក្រោធ និងការវាយផ្ចាល ខ្ញុំនឹងបើកសម្ដែងអង្គខ្ញុំចំពោះមនុស្សរាប់មិនអស់!
ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត