ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ១០៤
05-05-2021
លោកុប្បត្តិ ១៩:១-១១ នាពេលល្ងាច ទេវតាពីរអង្គបានទៅដល់ក្រុងសូដុម ឯឡុតគាត់អង្គុយនៅមាត់ទ្វារក្រុង។ កាលឡុតឃើញទេវតាទាំងពីរ គាត់ក៏ក្រោកទៅទទួល រួចក្រាបផ្កាប់មុខនឹងដី ហើយជម្រាបថា លោកម្ចាស់ខ្ញុំអើយ ឥឡូវសូមអញ្ជើញចូលទៅក្នុងផ្ទះខ្ញុំប្របាទ ជាអ្នកបម្រើរបស់លោក ដើម្បីលាងជើង និងស្នាក់នៅមួយយប់នេះសិន រួចសឹមលោកភ្ញាក់ឡើងពីព្រលឹមអញ្ជើញបន្ដដំណើរទៅទៀតចុះ។ តែទេវតាទាំងពីរឆ្លើយថាទេ យប់នេះ យើងនឹងសម្រាកនៅតាមផ្លូវវិញ។ ប៉ុន្តែ ដោយឡុតចេះតែទទូចខ្លាំងពេក ទេវតាក៏ចូលទៅក្នុងផ្ទះគាត់ ហើយគាត់រៀបចំជប់លៀង ដុតនំបុ័ងឥតដំបែ រួចទេវតាក៏បរិភោគ។ ប៉ុន្តែ កាលគេមិនទាន់ដេកនៅឡើយ ពួកមនុស្សទាំងអស់នៅក្នុងទីក្រុងសូដុម ទាំងក្មេងទាំងចាស់ បានមកឡោមព័ទ្ធផ្ទះគាត់ ទាំងស្រែកហៅឡុតសួរថា តើមនុស្សដែលចូលមកក្នុងផ្ទះឯងកាលពីល្ងាចមិញនេះនៅឯណា? ចូរនាំវាចេញមកឯយើង ដើម្បីឲ្យយើងបានស្គាល់គេផង។ លោកឡុតក៏បានចេញទៅជួបពួកគេនៅមាត់ទ្វារ រួចបិទទ្វារពីក្រោយខ្នងវិញ ទាំងអង្វរថា៖ បងប្អូនខ្ញុំអើយ សូមកុំធ្វើអាក្រក់ដូច្នេះឡើយ។ មើល៍ ខ្ញុំមានកូនស្រីពីរនាក់ ដែលមិនទាន់ស្គាល់ប្រុសណាទេ ចាំខ្ញុំនាំវាចេញមក ប្រគល់ឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមចិត្តចុះ តែសូមកុំធ្វើអ្វីដល់បុរសទាំងពីរនេះឡើយ ដ្បិតពួកលោកបានចូលមកស្នាក់នៅក្រោមដំបូលផ្ទះខ្ញុំ។ ប៉ុន្តែ គេកំហែងទៅថា ចូរថយចេញ ហើយគេនិយាយទៀតថា អាមួយនេះបានចូលមកស្នាក់នៅទីនេះសោះ តែបែរជាចង់តាំងខ្លួនធ្វើជាចៅក្រមទៅវិញ! ឥឡូវ យើងនឹងធ្វើបាបឯង ឲ្យអាក្រក់ជាងពីរនាក់នោះទៅទៀត។ រួចគេក៏ច្រានឡុតយ៉ាងខ្លាំង ហើយនាំគ្នាចូលទៅបម្រុងនឹងទម្លាយទ្វារ។ ប៉ុន្តែ ទេវតាទាំងពីរលូកដៃទៅចាប់ឡុត ទាញចូលមកក្នុងផ្ទះវិញ រួចបិទទ្វារជិត។ ទេវតាបានធ្វើឲ្យមនុស្សទាំងអស់ទាំងតូចទាំងធំដែលនៅត្រង់មាត់ទ្វារនោះខ្វាក់ភ្នែកទៅ ដូច្នេះ គេក៏អស់ចិត្តនឹងរកទ្វារទៀត។
លោកុប្បត្តិ ១៩:២៤-២៥ ពេលនោះ ព្រះយេហូវ៉ាទ្រង់បង្អុរភ្លើងស្ពាន់ធ័រ និងភ្លើងពីលើមេឃ មកលើក្រុងសូដុម និងក្រុងកូម៉ូរ៉ា។ ព្រះអង្គបានបំផ្លាញក្រុងទាំងនោះ ទាំងតំបន់វាលរាបទាំងមូល និងមនុស្សទាំងប៉ុន្មាននៅក្រុងនោះ ព្រមទាំងរុក្ខជាតិទាំងអស់ដែលដុះនៅលើដីផង។
តាមរយៈបទគម្ពីរទាំងនេះ វាមិនពិបាកក្នុងការមើលឃើញថា ទង្វើអាក្រក់ និងសេចក្តីពុករលួយរបស់ក្រុងសូដុមបានឡើងទៅដល់កម្រិតមួយដែលធ្វើឲ្យទាំងមនុស្ស និងព្រះជាម្ចាស់ខ្ពើមរអើមនោះឡើយ ដូច្នេះ នៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ ទីក្រុងនេះសមនឹងត្រូវបំផ្លិចបំផ្លាញចោលហើយ។ ប៉ុន្តែ តើមានអ្វីកើតឡើងខ្លះទៅនៅក្នុងទីក្រុង មុនពេលដែលវាត្រូវបានបំផ្លាញ? តើមានមេរៀនជំរុញចិត្តអ្វីខ្លះដែលមនុស្សអាចរៀនបានចេញពីព្រឹត្តិការណ៍ទាំងនេះ? តើឥរិយាបថរបស់ព្រះជាម្ចាស់ចំពោះព្រឹត្តិការណ៍ទាំងនេះ បង្ហាញឲ្យមនុស្សមើលឃើញអ្វីខ្លះអំពីនិស្ស័យរបស់ទ្រង់? ដើម្បីយល់អំពីសាច់រឿងទាំងមូល ចូរយើងអានយ៉ាងយកចិត្តទុកដាក់អំពីសេចក្តីដែលត្រូវបានកត់ត្រាទុកនៅក្នុងបទគម្ពីរ...។
សេចក្តីពុករលួយរបស់ក្រុងសូដុម៖ ធ្វើឲ្យមនុស្សខឹង ធ្វើឲ្យព្រះជាម្ចាស់ខ្ញាល់
នៅយប់នោះ លោកឡុតបានទទួលទេវតានាំសារពីរអង្គពីព្រះជាម្ចាស់ ហើយគាត់បានរៀបចំពិធីជប់លៀងសម្រាប់ពួកគេ។ ក្រោយបានបរិភោគរួច មុនពេលពួកគេចូលគេង ស្រាប់តែមនុស្សទាំងអស់នៅក្នុងក្រុង បានឡោមព័ទ្ធផ្ទះរបស់លោកឡុត ហើយស្រែកហៅគាត់។ បទគម្ពីរកត់ត្រាអំពីមនុស្សទាំងនោះ ដោយចែងថា៖ «តើមនុស្សដែលចូលមកក្នុងផ្ទះឯងកាលពីល្ងាចមិញនេះនៅឯណា? ចូរនាំវាចេញមកឯយើង ដើម្បីឲ្យយើងបានស្គាល់គេផង។» តើអ្នកដែលនិយាយពាក្យទាំងនេះជានរណាទៅ? តើពួកគេនិយាយទៅកាន់អ្នកណា? ពាក្យទាំងនេះគឺជាពាក្យរបស់ប្រជាជនក្រុងសូដុម ស្រែកពីខាងក្រៅផ្ទះរបស់លោកឡុត ក្នុងបំណងចង់ឲ្យលោកឡុតបានឮ។ តើអ្នកនឹងមានអារម្មណ៍បែបណា នៅពេលដែលបានឮពាក្យទាំងនេះ? តើអ្នកនឹងច្រឡោតខឹងដែរឬទេ? តើពាក្យទាំងនេះធ្វើឲ្យអ្នកខ្ពើមរអើមដែរឬទេ? តើអ្នកកំពុងតែពុះកញ្ជ្រោលដោយកំហឹងឬ? តើពាក្យទាំងនេះមិនមែនចេញមកពីសាតាំងទេឬ? តាមរយៈពាក្យទាំងនេះ តើអ្នកអាចដឹងអំពីអំពើអាក្រក់ និងសេចក្តីងងឹតនៅក្នុងទីក្រុងនេះឬទេ? តើអ្នកអាចដឹងអំពីទង្វើដ៏ឃោរឃៅ និងសាហាវយង់ឃ្នងរបស់មនុស្សទាំងនេះ តាមរយៈពាក្យសម្ដីរបស់គេទេឬ? តើអ្នកអាចដឹងអំពីជម្រៅនៃសេចក្តីពុករលួយរបស់គេ តាមរយៈឥរិយាបថរបស់គេឬទេ? តាមរយៈខ្លឹមសារនៃពាក្យសម្ដីរបស់គេ វាមិនពិបាកក្នុងការមើលឃើញថា ធម្មជាតិដ៏អាក្រក់ និងនិស្ស័យដ៏សាហាវរបស់គេបានឡើងទៅដល់កម្រិតមួយដែលពួកគេមិនអាចគ្រប់គ្រងបាននោះឡើយ។ ក្រៅពីលោកឡុតម្នាក់ មនុស្សទាំងអស់នៅក្នុងទីក្រុងនេះ មិនខុសអ្វីពីសាតាំងឡើយ ព្រោះការគ្រាន់តែឃើញបុគ្គលម្នាក់ ធ្វើឲ្យមនុស្សទាំងនេះចង់ធ្វើបាប និងបំផ្លាញដល់បុគ្គលនោះទៅហើយ...។ ទង្វើទាំងនេះមិនគ្រាន់តែជួយឲ្យដឹងអំពីនិស្ស័យដ៏អាក្រក់ និងគួរឲ្យរន្ធត់បំផុត និងបរិយាកាសនៃសេចក្តីស្លាប់នៅជុំវិញក្រុងនេះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយឲ្យដឹងអំពីអំពើទុច្ចរិត និងការបង្ហូរឈាមដែរ។
នៅពេលដែលគាត់ប្រឈមទល់នឹងពួកអមនុស្សធម៌ ដែលពេញដោយបំណងចិត្តដ៏កាចសាហាវចង់បំផ្លាញព្រលឹងមនុស្សទាំងនេះ តើលោកឡុតបានឆ្លើយតបយ៉ាងដូចម្ដេចទៅ? យោងតាមបទគម្ពីរ៖ «បងប្អូនខ្ញុំអើយ សូមកុំធ្វើអាក្រក់ដូច្នេះឡើយ។ មើល៍ ខ្ញុំមានកូនស្រីពីរនាក់ ដែលមិនទាន់ស្គាល់ប្រុសណាទេ ចាំខ្ញុំនាំវាចេញមក ប្រគល់ឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមចិត្តចុះ តែសូមកុំធ្វើអ្វីដល់បុរសទាំងពីរនេះឡើយ ដ្បិតពួកលោកបានចូលមកស្នាក់នៅក្រោមដំបូលផ្ទះខ្ញុំ។» តាមរយៈពាក្យទាំងនេះ លោកឡុតចង់មានន័យថា៖ គាត់ព្រមលះបង់កូនស្រីទាំងពីររបស់គាត់ ដើម្បីការពារទេវតាទាំងពីរ។ តាមរយៈការដោះដូរដ៏សមហេតុផលនេះ មនុស្សទាំងនេះគួរតែយល់ស្របចំពោះលក្ខខណ្ឌរបស់លោកឡុត ហើយមិនធ្វើអ្វីទៅកាន់ទេវតាទាំងពីរឡើយ។ អ្វីដែលសំខាន់នោះគឺថា ទេវតាទាំងពីរនេះជាជនប្លែកមុខតែម្ដងចំពោះពួកគេ ដោយគ្មានពាក់ព័ន្ធអ្វីសោះជាមួយពួកគេ ហើយក៏មិនដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេដែរ។ យ៉ាងណាមិញ ព្រោះតែជំរុញដោយនិស្ស័យដ៏អាក្រក់របស់គេ ពួកគេមិនបានបញ្ចប់រឿងនេះឡើយ ប៉ុន្តែផ្ទុយទៅវិញ ពួកគេបែរជាបន្ថែមកម្ដៅកាន់តែខ្លាំងឡើងទៅវិញ។ នៅត្រង់នេះ កិច្ចសន្ទនាមួយទៀតរបស់គេអាចផ្ដល់ឲ្យមនុស្សកាន់តែយល់អំពីនិស្ស័យដ៏សាហាវពិតរបស់មនុស្សទាំងនេះ ហើយវាក៏ជួយឲ្យមនុស្សយល់ និងដឹងអំពីហេតុផលដែលនាំឲ្យព្រះជាម្ចាស់ចង់បំផ្លាញដល់ទីក្រុងនេះដែរ។
ដូច្នេះ តើពួកគេបាននិយាយអ្វីបន្ទាប់ទៀត? ព្រះគម្ពីរបានចែងថា៖ «ចូរថយចេញ ហើយគេនិយាយទៀតថា អាមួយនេះបានចូលមកស្នាក់នៅទីនេះសោះ តែបែរជាចង់តាំងខ្លួនធ្វើជាចៅក្រមទៅវិញ! ឥឡូវ យើងនឹងធ្វើបាបឯង ឲ្យអាក្រក់ជាងពីរនាក់នោះទៅទៀត។ រួចគេក៏ច្រានឡុតយ៉ាងខ្លាំង ហើយនាំគ្នាចូលទៅបម្រុងនឹងទម្លាយទ្វារ។» ហេតុអ្វីបានជាពួកគេចង់ទម្លាយទ្វារផ្ទះរបស់លោកឡុត? ហេតុផលគឺដោយសារតែពួកគេអន្ទះសាចង់បំផ្លាញទេវតាទាំងពីរនោះ។ ហេតុអ្វីបានជាទេវតាទាំងនេះមកកាន់ក្រុងសូដុម? គោលបំណងរបស់គេក្នុងការមកកាន់ទីក្រុងនេះ គឺដើម្បីសង្រ្គោះលោកឡុត និងក្រុមគ្រួសាររបស់គាត់ ប៉ុន្តែអ្នកក្រុងនេះបានយល់ច្រឡំដោយគិតថា ពួកគេបានមកដើម្បីកាន់តួនាទីជាមន្ត្រី។ ដោយមិនបានសួរអំពីគោលបំណងរបស់ទេវតា អ្នកក្រុងនេះមានបំណងចង់បំផ្លាញទេវតាទាំងពីរ ដោយផ្អែកលើការនឹកស្មានរបស់គេ។ ពួកគេចង់ធ្វើបាបទេវតាទាំងពីរនេះ ទាំងពួកគាត់មិនបានធ្វើអ្វីសោះចំពោះពួកគេ។ ទង្វើនេះស្ដែងឲ្យឃើញយ៉ាងច្បាស់ថា អ្នកទីក្រុងនេះបានបាត់បង់ទាំងស្រុងនូវភាពជាមនុស្ស និងវិចារណញ្ញាណរបស់គេ។ កម្រិតនៃភាពឆ្កួតលេលា និងភាពព្រៃផ្សៃរបស់គេ គឺគ្មានអ្វីខុសប្លែកពីនិស្ស័យដ៏សាហាវរបស់សាតាំង ដែលចង់ធ្វើបាប និងបំផ្លាញមនុស្សនោះឡើយ។
នៅពេលដែលពួកគេបានទាមទារឲ្យលោកឡុតប្រគល់មនុស្សទាំងនេះ តើលោកឡុតបានធ្វើអ្វីទៅ? យើងអាចដឹងចេញពីបទគម្ពីរថា លោកឡុតមិនបានប្រគល់ពួកគេឡើយ។ តើលោកឡុតបានស្គាល់ទេវតាទាំងពីររបស់ព្រះជាម្ចាស់ដែរឬទេ? គឺមិនបានស្គាល់ឡើយ! ចុះហេតុអ្វីបានជាគាត់ចង់សង្រ្គោះមនុស្សទាំងពីរនេះ? តើគាត់បានដឹងអំពីកិច្ចការដែលពួកគេនឹងធ្វើឬ? ទោះបីជាគាត់មិនបានដឹងអំពីហេតុផលនៃការមកដល់របស់គេក៏ដោយ ប៉ុន្តែគាត់បានដឹងថា ពួកគេជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដូច្នេះ គាត់ក៏បាននាំពួកគេចូលទៅក្នុងផ្ទះរបស់គាត់។ ការដែលគាត់អាចហៅអ្នកបម្រើរបស់ព្រះជាម្ចាស់ទាំងនេះដោយងារថា «លោកម្ចាស់ខ្ញុំ» នោះបង្ហាញថា លោកឡុតជាអ្នកដើរតាមព្រះជាម្ចាស់យ៉ាងខ្ជាប់ខ្ជួនម្នាក់ ខុសពីអ្នកក្រុងសូដុមផ្សេងទៀត។ ដូច្នេះ នៅពេលដែលទេវតារបស់ព្រះជាម្ចាស់បានមករកគាត់ គាត់បានប្រថុយជីវិត ដើម្បីនាំអ្នកបម្រើទាំងពីរចូលក្នុងផ្ទះរបស់គាត់ ហើយលើសពីនេះ គាត់ថែមទាំងលះបង់កូនស្រីទាំងពីររបស់គាត់ ជាការដោះដូរ ដើម្បីការពារអ្នកបម្រើទាំងពីរនេះទៀតផង។ នេះជាទង្វើដ៏សុចរិតរបស់លោកឡុត ហើយវាជាការស្ដែងឲ្យឃើញយ៉ាងច្បាស់ពីនិស្ស័យ និងលក្ខណៈសំខាន់របស់លោកឡុត ហើយនេះក៏ជាហេតុផលដែលញ៉ាំងឲ្យព្រះជាម្ចាស់ចាត់អ្នកបម្រើរបស់ទ្រង់ទៅសង្រ្គោះលោកឡុតដែរ។ នៅពេលដែលប្រឈមជាមួយគ្រោះថ្នាក់ លោកឡុតបានការពារអ្នកបម្រើទាំងពីរ ដោយគ្មានគិតអំពីអ្វីឡើយ។ គាត់ថែមទាំងមានបំណងដោះដូរកូនស្រីទាំងពីររបស់គាត់សម្រាប់សុវត្ថិភាពរបស់អ្នកបម្រើទាំងពីរនេះទៀតផង។ ក្រៅពីលោកឡុត តើមាននរណាផ្សេងនៅក្នុងទីក្រុងដែលហ៊ានធ្វើដូចគាត់ដែរឬទេ? ជាការពិតណាស់ គឺគ្មានឡើយ! ដូច្នេះ វាស្ដែងឲ្យឃើញយ៉ាងច្បាស់ថា ក្រៅពីលោកឡុត មនុស្សទាំងអស់នៅក្នុងក្រុងសូដុម សុទ្ធតែជាគោលដៅនៃសេចក្តីវិនាស ហើយវាជារឿងត្រឹមត្រូវណាស់ ព្រោះពួកគេសមនឹងទទួលវាហើយ។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត