ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១២៤

04-05-2021

ដំណាក់កាលទីបី៖ ឯករាជ្យភាព

ក្រោយពេលមនុស្សម្នាក់បានឆ្លងផុតវ័យកុមារភាព និងវ័យជំទង់ ហើយចូលទៅដល់ភាពពេញវ័យ នោះបន្ដិចម្ដងៗ និងដោយចៀសមិនផុត ជំហានបន្ទាប់គឺពួកគេត្រូវចាកចេញឲ្យផុតពីយុវវ័យរបស់គេ ហើយចាកចេញពីឪពុកម្ដាយរបស់គេ ដើម្បីប្រឈមនឹងផ្លូវនៅមុខពួកគេ ក្នុងនាមជាមនុស្សពេញវ័យម្នាក់ដែលមានភាពឯករាជ្យ។ មកដល់ចំណុចនេះ ពួកគេត្រូវប្រឈមជាមួយគ្រប់មនុស្ស ព្រឹត្តិការណ៍ និងអ្វីៗដែលមនុស្សពេញវ័យត្រូវប្រឈម ហើយជួបគ្រប់ផ្នែកនៃជោគវាសនារបស់គេ ដែលនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗ។ នេះជាដំណាក់កាលទីបីដែលមនុស្សម្នាក់ត្រូវឆ្លងកាត់។

១. ក្រោយពេលមានឯករាជ្យ មនុស្សម្នាក់ចាប់ផ្ដើមមានពិសោធន៍អំពីអធិបតេយ្យភាពរបស់ព្រះអាទិករ

ប្រសិនបើកំណើត និងការលូតលាស់របស់មនុស្សម្នាក់ ប្រៀបបាននឹង «អំឡុងពេលរៀបចំ» សម្រាប់ដំណើរផ្លូវនៅក្នុងជីវិតរបស់មនុស្សម្នាក់ ដែលជាការចាក់ថ្មជ្រុងយ៉ាងឯកនៃជោគវាសនារបស់មនុស្សម្នាក់ ដូច្នេះ ឯករាជ្យភាពរបស់មនុស្សម្នាក់ គឺប្រៀបដូចជាការថ្លែងបើកសុន្ទរកថាចំពោះជោគវាសនានៅក្នុងជីវិតរបស់គេដូច្នោះដែរ។ ប្រសិនបើកំណើត និងការលូតលាស់របស់មនុស្សម្នាក់ គឺជាទ្រព្យសម្បត្តិដែលគេមានយ៉ាងសម្បូរសប្បាយ ជាការត្រៀមខ្លួនសម្រាប់ជោគវាសនារបស់គេនៅក្នុងជីវិត នោះឯករាជ្យភាពរបស់មនុស្ស គឺជាពេលមួយដែលពួកគេចាប់ផ្ដើមចាយវាយ ឬរកបន្ថែមនូវទ្រព្យសម្បត្តិនោះ។ នៅពេលដែលមនុស្សម្នាក់ចាកចេញពីឪពុកម្ដាយរបស់ខ្លួន ហើយក្លាយជាឯករាជ្យ នោះលក្ខខណ្ឌសង្គមដែលគេជួប និងប្រភេទនៃការងារ និងអាជីពដែលគេមាន គឺត្រូវបានកំណត់ទុកដោយជោគវាសនា ហើយវាគ្មានពាក់ព័ន្ធអ្វីជាមួយនឹងឪពុកម្ដាយរបស់គេនោះឡើយ។ មនុស្សខ្លះជ្រើសរើសមុខវិជ្ជាល្អមួយនៅសាកលវិទ្យាល័យ ហើយរកបានការងារដ៏ជាទីពេញចិត្តមួយ ក្រោយពេលបញ្ចប់ការសិក្សា ដោយបង្កើតឲ្យមានជំហានដ៏ជោគជ័យមួយនៅក្នុងដំណើរជីវិតរបស់គេ។ អ្នកខ្លះខំប្រឹងរៀនសូត្រ និងមានជំនាញដ៏ប៉ិនប្រសប់ខុសៗគ្នាជាច្រើន ប៉ុន្តែបែរជាមិនមានការងារមួយដែលសក្តិសមនឹងខ្លួន ឬមិនមានមុខតំណែង ឬអាជីពមួយទៅវិញ។ នៅទីចាប់ផ្ដើមនៃការធ្វើដំណើរក្នុងជីវិតរបស់គេ ពួកគេជួបឧបសគ្គពីគ្រប់ទិស និងជួបបញ្ហាមិនចេះចប់ ហើយអនាគត និងជីវិតរបស់គេគួរឲ្យសង្វេគ និងមានភាពមិនច្បាស់លាស់។ មនុស្សខ្លះខំប្រឹងសិក្សាយ៉ាងឧស្សាហ៍ព្យាយាម ប៉ុន្តែបែរជាខកខានគ្រប់ទាំងឱកាស ដើម្បីទទួលបានការសិក្សាកាន់តែខ្ពស់។ ជីវិតរបស់គេហាក់ដូចជាមិនដែលទទួលបានជោគជ័យ ហើយសេចក្តីប៉ងប្រាថ្នាដំបូងរបស់គេនៅក្នុងដំណើរជីវិត ហាក់ដូចជាកំពុងរលាយបាត់ទៅក្នុងខ្យល់។ ដោយមិនដឹងថាផ្លូវនៅខាងមុខ វារលូន ឬក៏រលាក់ ពួកគេចាប់ផ្ដើមមានអារម្មណ៍ជាលើកដំបូងថា ជោគវាសនារបស់មនុស្សមានភាពប្រែប្រួលសព្វបែបយ៉ាង ហើយមើលឃើញជីវិតនេះ ពេញដោយសេចក្តីរំពឹងទុក និងសេចក្តីភ័យខ្លាច។ ទោះបីមិនទទួលបានការអប់រំល្អ ប៉ុន្តែអ្នកខ្លះចេះសរសេរសៀវភៅ ហើយទទួលបានភាពល្បីល្បាញនៅក្នុងកម្រិតមួយ។ អ្នកខ្លះទៀត ទោះបីរៀនសូត្របានតិចតួចក៏ដោយ ប៉ុន្តែរកលុយបានច្រើននៅក្នុងការរកស៊ី ហើយអាចចិញ្ចឹមខ្លួនឯងបាន... អាជីពដែលមនុស្សម្នាក់ជ្រើសរើស របៀបដែលមនុស្សម្នាក់រកចំណូលមកចិញ្ចឹមជីវិត៖ តើមនុស្សមានភាពម្ចាស់ការណាមួយទៅលើថាតើពួកគេមានជម្រើសល្អ ឬមិនល្អនៅក្នុងរឿងទាំងនេះដែរឬទេ? តើរឿងទាំងនេះស្របតាមបំណងប្រាថ្នា និងការសម្រេចចិត្តរបស់មនុស្សដែរឬទេ? មនុស្សភាគច្រើនមានសេចក្តីប៉ងប្រាថ្នាទាំងនេះ៖ ធ្វើការតិច តែចង់បានលុយច្រើន មិនចង់ធ្វើការនឿយហត់នៅក្រោមពន្លឺថ្ងៃ និងភ្លៀង ស្លៀកពាក់ស្អាតបាត មានអនាគតត្រចះត្រចង់នៅគ្រប់ទីកន្លែង ចង់ប្រសើរជាងអ្នកដទៃ និងចង់នាំកិត្តិយសដល់ដូនតារបស់ខ្លួន។ មនុស្សសង្ឃឹមចង់បានភាពល្អឥតខ្ចោះ ប៉ុន្តែនៅពេលដែលគេបោះជំហានដំបូងនៅក្នុងដំណើរជីវិតរបស់គេ បន្ដិចម្ដងៗ ពួកគេចាប់ផ្ដើមដឹងអំពីជោគវាសនាដែលមិនល្អឥតខ្ចោះរបស់មនុស្ស ហើយជាលើកដំបូង ពួកគេចាប់ផ្ដើមយល់យ៉ាងពិតប្រាកដថា ទោះបីមនុស្សម្នាក់អាចធ្វើផែនការយ៉ាងក្លៀវក្លាសម្រាប់អនាគតរបស់គេ ហើយទោះបីគេអាចមានចំណង់រវើរវាយដ៏ឥតកោតក្រែងក៏ដោយ ក៏គ្មាននរណាម្នាក់មានសមត្ថភាព ឬអំណាចសម្រេចបានក្ដីស្រមៃរបស់ខ្លួនឡើយ ហើយក៏គ្មាននរណាម្នាក់កាន់មុខតំណែងមួយ ដើម្បីគ្រប់គ្រងលើអនាគតរបស់គេនោះដែរ។ វានឹងតែងតែមានគម្លាតខ្លះរវាងក្ដីសុបិន និងតថភាពជាក់ស្ដែង ដែលគេត្រូវជួបប្រទះ។ អ្វីៗនឹងមិនកើតឡើង ដូចការប៉ងប្រាថ្នារបស់គេឡើយ ហើយពេលដែលគេជួបតថភាពជាក់ស្ដែង មនុស្សអាចមានអារម្មណ៍មិនពេញចិត្ត ឬមិនស្កប់ចិត្ត។ មនុស្សខ្លះដែលមានការស្រមើស្រមៃខ្ពស់ គេនឹងខំប្រឹងធ្វើការយ៉ាងខ្លាំង និងលះបង់យ៉ាងច្រើនសម្រាប់ជាប្រយោជន៍ដល់ជីវភាព និងអនាគតរបស់គេ ដោយនៅក្នុងចេតនាចង់បំផ្លាស់បំប្រែជោគវាសនារបស់គេ។ ប៉ុន្តែ នៅទីបញ្ចប់ ទោះបីពួកគេអាចសម្រេចក្ដីស្រមៃ និងបំណងប្រាថ្នារបស់គេ ដោយមធ្យោបាយនៃការខំប្រឹងប្រែងធ្វើការក៏ដោយ ក៏ពួកគេមិនអាចផ្លាស់ប្ដូរជោគវាសនារបស់គេបានឡើយ ហើយមិនថាពួកគេព្យាយាមយ៉ាងសស្រាក់សស្រាំបែបណា ក៏ពួកគេមិនអាចបានប្រសើរលើសពីជោគជ័យដែលបានគ្រោងទុកសម្រាប់ពួកគេនោះដែរ។ មិនថាមនុស្សមានសមត្ថភាព បញ្ញា និងឆន្ទៈខុសគ្នាយ៉ាងណាក៏ដោយ ក៏ពួកគេគ្រប់គ្នាមានជោគវាសនាដូចគ្នា មិនថាពួកគេជាអ្នកធំ ឬអ្នកតូច មានឋានៈធំ ឬឋានៈតូច ជាមនុស្សខ្ពង់ខ្ពស់ ឬមនុស្សតោកយ៉ាកនោះឡើយ។ អាជីពដែលគេខំដេញតាម មុខរបរដែលគេធ្វើ ដើម្បីចិញ្ចឹមជីវិត និងទ្រព្យសម្បត្តិដ៏មហាសាលដែលគេមាននៅក្នុងជីវិត មិនត្រូវបានសម្រេច ដោយឪពុកម្ដាយ ទេពកោសល្យ កិច្ចខិតខំប្រឹងប្រែង ឬមហិច្ឆតារបស់មនុស្សម្នាក់ឡើយ ប៉ុន្តែត្រូវបានកំណត់ទុកជាមុនដោយព្រះអាទិករវិញ។

២. ការចាកចេញពីឪពុកម្ដាយរបស់ខ្លួន និងការចាប់ផ្ដើមធ្វើតួនាទីរបស់ខ្លួនយ៉ាងអស់ពីចិត្តនៅក្នុងឆាកជីវិត

នៅពេលដែលមនុស្សម្នាក់ចូលដល់ភាពពេញវ័យ គេអាចចាកចេញពីឪពុកម្ដាយរបស់គេ ហើយចាប់ផ្ដើមដំណើរជីវិតដោយខ្លួនឯង ហើយគឺចំណុចនេះឯងដែលមនុស្សម្នាក់ចាប់ផ្ដើមធ្វើតួនាទីរបស់ខ្លួន ជាចំណុចដែលពពកអ័ព្ទត្រូវលើកចេញ ហើយបេសកកម្មនៅក្នុងជីវិតរបស់គេចាប់ផ្ដើមច្បាស់ឡើងបន្ដិចម្ដងៗ។ ឧបមាថា មនុស្សម្នាក់នៅតែស្នាក់នៅជាមួយឪពុកម្ដាយរបស់ខ្លួន ប៉ុន្តែដោយសារតែបេសកកម្ម និងតួនាទីដែលគេត្រូវធ្វើនៅក្នុងជីវិត គ្មានពាក់ព័ន្ធអ្វីជាមួយម្ដាយ និងឪពុករបស់គេ ដូច្នេះ នៅក្នុងតថភាពជាក់ស្ដែង ចំណងដ៏ស្និទ្ធស្នាលនេះត្រូវបានកាត់ផ្ដាច់ នៅពេលដែលមនុស្សម្នាក់ចាប់ផ្ដើមមានភាពឯករាជ្យបន្ដិចម្ដងៗ។ តាមពីទស្សនៈជីវសាស្ត្រ មនុស្សនៅតែពឹងអាងលើឪពុកម្ដាយរបស់ខ្លួននៅក្នុងអនុសម្បជញ្ញៈ ប៉ុន្តែ បើចេញពីតថភាពជាក់ស្ដែងវិញ ពេលដែលពួកគេបានធំដឹងក្ដី ពួកគេផ្ដាច់ចេញជីវិតរបស់គេទាំងស្រុងពីឪពុកម្ដាយរបស់គេ ហើយគេនឹងបំពេញតួនាទីដែលគេត្រូវធ្វើដោយឯករាជ្យ។ ក្រៅពីការផ្ដល់កំណើត និងការចិញ្ចឹមបីបាច់ ទំនួលខុសត្រូវរបស់ឪពុកម្ដាយនៅក្នុងជីវិតកូនៗរបស់គេ គឺគ្រាន់តែផ្ដល់ឲ្យពួកគេនូវបរិយាកាសផ្លូវការមួយ ដើម្បីលូតលាស់ ព្រោះថាក្រៅពីការកំណត់វាសនាទុកជាមុនរបស់ព្រះអាទិករ គ្មានអ្វីមួយមានមានភាពទាក់ទងទៅលើវាសនារបស់មនុស្សឡើយ។ គ្មាននរណាម្នាក់អាចគ្រប់គ្រងលើប្រភេទនៃអនាគតដែលគេនឹងមានឡើយ ព្រោះថាវាត្រូវបានកំណត់ទុកជាមុនយូរមកហើយ ទោះបីជាឪពុកម្ដាយរបស់គេក៏មិនអាចផ្លាស់ប្ដូរជោគវាសនារបស់គេបានដែរ។ ពាក់ព័ន្ធនឹងជោគវាសនា មនុស្សគ្រប់គ្នាមានភាពឯករាជ្យ ហើយមនុស្សគ្រប់គ្នាមានជោគវាសនារបស់ខ្លួន។ ដូច្នេះ គ្មានឪពុកម្ដាយណាម្នាក់អាចកែខៃជោគវាសនានៅក្នុងជីវិតរបស់មនុស្សម្នាក់ ឬប្រើឥទ្ធិពលនៃតួនាទីដែលគេមានសូម្បីតែបន្ដិចនៅក្នុងជីវិត។ គឺអាចនិយាយបានថា ក្រុមគ្រួសារដែលមនុស្សម្នាក់ត្រូវបានកំណត់ទុកថានឹងកើតចូល និងមជ្ឈដ្ឋានដែលមនុស្សម្នាក់លូតលាស់ឡើង គឺគ្មានអ្វីក្រៅពីលក្ខខណ្ឌកំណត់ទុកជាមុនសម្រាប់ការបំពេញបេសកកម្មនៅក្នុងជីវិតរបស់មនុស្សម្នាក់នោះឡើយ។ វាមិនបានកំណត់នូវជោគវាសនានៅក្នុងជីវិតរបស់មនុស្ស ឬប្រភេទនៃជោគវាសនាដែលមនុស្សម្នាក់ត្រូវបំពេញបេសកកម្មរបស់គេឡើយ។ ដូច្នេះ គ្មានឪពុកម្ដាយណាម្នាក់អាចជួយគេឲ្យសម្រេចបេសកកម្មជីវិតរបស់គេបានឡើយ ហើយក៏គ្មានសាច់ញាតិបងប្អូនណាម្នាក់អាចជួយគេឲ្យធ្វើតួនាទីជីវិតរបស់គេបានដែរ។ របៀបដែលមនុស្សម្នាក់សម្រេចបេសកកម្មរបស់គេ និងប្រភេទនៃមជ្ឈដ្ឋានដ៏រស់រវើកដែលមនុស្សម្នាក់ត្រូវធ្វើតាមតួនាទីរបស់ខ្លួន គឺត្រូវបានកំណត់រួចស្រេចទៅហើយ ដោយជោគវាសនានៅក្នុងជីវិតរបស់ខ្លួន។ អាចនិយាយម្យ៉ាងទៀតបានថា គ្មានលក្ខខណ្ឌកម្មវត្ថុណាផ្សេងអាចមានឥទ្ធិពលលើបេសកកម្មរបស់មនុស្ស ដែលត្រូវបានកំណត់ទុកជាមុនដោយព្រះអាទិករនោះឡើយ។ មនុស្សទាំងអស់ធំពេញវ័យនៅក្នុងមជ្ឈដ្ឋានជាក់លាក់ ដែលពួកគេត្រូវលូតលាស់ឡើង ហើយបន្តិចម្ដងៗ និងមួយជំហានម្ដងៗ ពួកគេចាប់ផ្ដើមដើរនៅលើផ្លូវរបស់ខ្លួនក្នុងជីវិត និងបំពេញជោគវាសនាដែលព្រះអាទិករបានគ្រោងទុកសម្រាប់ពួកគេ។ តាមធម្មតា ពួកគេចូលទៅក្នុងសមុទ្រដ៏ធំល្វឹងល្វើយនៃមនុស្សជាតិ និងត្រូវកាន់តួនាទីរបស់ខ្លួននៅក្នុងជីវិតដោយមិនស្ម័គ្រពីចិត្ត ជាកន្លែងដែលពួកគេចាប់ផ្ដើមបំពេញទំនួលខុសត្រូវរបស់ខ្លួន ក្នុងនាមជាមនុស្សដែលព្រះជាម្ចាស់បានបង្កើតមក សម្រាប់ជាប្រយោជន៍ដល់ការកំណត់ជោគវាសនាទុកជាមុនរបស់ព្រះអាទិករ និងសម្រាប់ជាប្រយោជន៍ដល់អធិបតេយ្យភាពរបស់ទ្រង់។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល