ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ២០៦

15-01-2026

ដំណាក់កាលនៃកិច្ចការមួយនៅក្នុងយុគសម័យចំនួនពីរកាលពីមុន ត្រូវបានធ្វើឡើងនៅអ៊ីស្រាអែល ហើយមួយទៀតត្រូវបានធ្វើឡើងនៅស្រុកយូដា។ និយាយរួម កិច្ចការទាំងពីរដំណាក់កាលនេះ គ្មានដំណាក់កាលណាមួយចាកចេញពីអ៊ីស្រាអែលឡើយ ហើយដំណាក់កាលនីមួយៗ ត្រូវបានធ្វើឡើងនៅលើរាស្រ្តរើសតាំងមុនដំបូងគេ។ ជាលទ្ធផល ជនជាតិអ៊ីស្រាអែលជឿថាព្រះយេហូវ៉ាដ៏ជាព្រះ គឺជាព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែលតែមួយគត់។ ដោយសារព្រះយេស៊ូវបានធ្វើការនៅស្រុកយូដា ជាទីកន្លែងដែលទ្រង់បានបំពេញនូវកិច្ចការជាប់ឆ្កាង ទើបជនជាតិយូដាចាត់ទុកទ្រង់ ជាព្រះដ៏ប្រោសលោះរបស់ជនជាតិយូដា។ ពួកគេយល់ថាទ្រង់ជាស្តេចរបស់ជនជាតិយូដាតែមួយគត់ មិនមែនជាស្ដេចរបស់ជាតិសាសន៍ផ្សេងទៀតទេ គឺទ្រង់មិនមែនជាព្រះអម្ចាស់ដែលប្រោសលោះជនជាតិអង់គ្លេស ក៏មិនមែនជាព្រះអម្ចាស់ដែលប្រោសលោះជនជាតិអាមេរិកាំងនោះដែរ តែទ្រង់ជាព្រះអម្ចាស់ដែលប្រោសលោះជនជាតិអ៊ីស្រាអែល គឺជាជនជាតិយូដា ដែលទ្រង់បានប្រោសលោះនៅអ៊ីស្រាអែល។ តាមពិតទៅ ព្រះជាម្ចាស់គឺជាម្ចាស់នៃរបស់សព្វសារពើ។ ទ្រង់គឺជាព្រះជាម្ចាស់នៃភាវៈដែលព្រះបង្កើតទាំងអស់។ ទ្រង់មិនត្រឹមតែជាព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែល និងជនជាតិយូដាប៉ុណ្ណោះទេ ទ្រង់គឺជាព្រះជាម្ចាស់នៃភាវៈដែលព្រះបង្កើតទាំងអស់។ កិច្ចការរបស់ទ្រង់កាលពីគ្រាមុនចំនួនពីរដំណាក់កាល បានកើតឡើងនៅអ៊ីស្រាអែល គឺកិច្ចការនេះហើយដែលបានបង្កើតសញ្ញាណជាក់លាក់នៅក្នុងចិត្តមនុស្ស។ ពួកគេជឿថា ព្រះយេហូវ៉ាបានធ្វើកិច្ចការរបស់ទ្រង់នៅអ៊ីស្រាអែល និងជឿថា ព្រះយេស៊ូវផ្ទាល់បានបំពេញកិច្ចការរបស់ទ្រង់នៅស្រុកយូដា ហើយលើសពីនេះទៀត ទ្រង់បានក្លាយជាសាច់ឈាមដើម្បីធ្វើការ ហើយទោះជាក្នុងករណីណាក៏ដោយ ក៏កិច្ចការនេះមិនលាតសន្ធឹង ហួសពីអ៊ីស្រាអែលដែរ។ ព្រះជាម្ចាស់មិនបានធ្វើការនៅក្នុងជនជាតិអេហ្ស៊ីប ឬជនជាតិឥណ្ឌានោះទេ។ ទ្រង់ធ្វើការក្នុងជនជាតិអ៊ីស្រាអែលមួយប៉ុណ្ណោះ។ ដូច្នេះ មនុស្សបង្កើតនូវសញ្ញាណផ្សេងៗ ហើយកំណត់ព្រំដែននៃកិច្ចការរបស់ព្រះជាម្ចាស់ នៅក្នុងវិសាលភាពជាក់លាក់មួយ។ ពួកគេនិយាយថា នៅពេលព្រះជាម្ចាស់ធ្វើការ ទ្រង់ត្រូវតែធ្វើកិច្ចការនោះក្នុងចំណោមមនុស្សដែលទ្រង់បានជ្រើសរើស និងនៅអ៊ីស្រាអែល។ ក្រៅពីជនជាតិអ៊ីស្រាអែល ព្រះជាម្ចាស់មិនធ្វើការនឹងជនជាតិដទៃឡើយ ហើយកិច្ចការរបស់ទ្រង់ ក៏មិនមានវិសាលភាពធំជាងនេះដែរ។ និយាយដល់ការរក្សាព្រះជាម្ចាស់ដែលត្រលប់ជាសាច់ឈាមឱ្យនៅក្នុងដែនកំណត់ពួកគេ តឹងរឹងជាពិសេសតែម្ដង ហើយមិនអនុញ្ញាតឱ្យទ្រង់ឆ្លងហួសព្រំដែនអ៊ីស្រាអែលឡើយ។ តើទាំងនេះមិនមែនគ្រាន់តែជាសញ្ញាណរបស់មនុស្សទេឬអី? ព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃផែនដី និងរបស់សព្វសារពើ ទ្រង់បានបង្កើតគ្រប់ភាវៈដែលព្រះបង្កើតទាំងអស់ ដូច្នេះតើទ្រង់អាចកម្រិតកិច្ចការរបស់ទ្រង់ ត្រឹមតែអ៊ីស្រាអែលបានយ៉ាងដូចម្តេច? ប្រសិនបើដូច្នោះមែន តើទ្រង់បង្កើតភាវៈដែលព្រះបង្កើតទាំងអស់មកដើម្បីអ្វី? ទ្រង់បានបង្កើតពិភពលោកទាំងមូល ហើយទ្រង់បានអនុវត្តផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់ មិនត្រឹមតែនៅក្នុងប្រទេសអ៊ីស្រាអែលប៉ុណ្ណោះទេ គឺអនុវត្តលើមនុស្សគ្រប់រូប នៅក្នុងសកលលោកទាំងមូលទៀតផង។ បើទោះបីជាពួកគេរស់នៅក្នុងប្រទេសចិន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ឬប្រទេសរុស្ស៊ីក្តី មនុស្សគ្រប់គ្នាសុទ្ធតែជាពូជពង្សរបស់អ័ដាម។ ពួកគេទាំងអស់ត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់។ គ្មាននរណាម្នាក់អាចគេចផុតពីព្រំដែននៃភាវៈដែលព្រះបង្កើតទេ ហើយក៏គ្មាននរណាម្នាក់អាចផ្ដាច់ខ្លួនពីស្លាកសញ្ញានៃ «ពូជពង្សរបស់អ័ដាម» ឡើយ។ ពួកគេសុទ្ធតែជាភាវៈដែលព្រះបានបង្កើត ពួកគេទាំងអស់សុទ្ធតែជាពូជរបស់អ័ដាម ហើយពួកគេក៏ជាពូជពង្សដែលពុករលួយរបស់អ័ដាមនិងអេវ៉ាដែរ។ ភាវៈដែលព្រះបានបង្កើត មិនមែនមានតែជនជាតិអ៊ីស្រាអែលមួយប៉ុណ្ណោះទេ ប៉ុន្តែជាមនុស្សទាំងអស់វិញ គ្រាន់តែថាអ្នកខ្លះត្រូវបណ្តាសា ចំណែកអ្នកខ្លះទៀតត្រូវបានព្រះជាម្ចាស់ប្រទានពរ។ មានចំណុចគួរឱ្យសរសើរជាច្រើនអំពីជនជាតិអ៊ីស្រាអែល។ ព្រះជាម្ចាស់បានធ្វើការនឹងពួកគេតាំងពីដំបូង ពីព្រោះពួកគេជាមនុស្សដែលពុករលួយតិចតួចជាងគេ។ ជនជាតិចិន មិនមានអ្វីប្រៀបធៀបជាមួយពួកគេបានទេ។ ពួកគេអន់ជាងពួកអ៊ីស្រាអែលឆ្ងាយណាស់។ ដូច្នេះពីដំបូងឡើយ ព្រះជាម្ចាស់បានធ្វើការក្នុងចំណោមប្រជាជនអ៊ីស្រាអែល ហើយដំណាក់កាលទីពីរនៃកិច្ចការរបស់ទ្រង់ ត្រូវបានអនុវត្តនៅតែស្រុកយូដាប៉ុណ្ណោះ ដែលនាំឱ្យមានសញ្ញាណ និងច្បាប់ជាច្រើនក្នុងចំណោមមនុស្ស។ តាមពិត ប្រសិនបើព្រះជាម្ចាស់ធ្វើតាមសញ្ញាណរបស់មនុស្ស ទ្រង់នឹងធ្វើជាព្រះជាម្ចាស់របស់អ៊ីស្រាអែលតែមួយអង្គគត់ ហើយដូច្នេះ ទ្រង់មិនអាចមានសមត្ថភាពពង្រីកកិច្ចការរបស់ទ្រង់ដល់ជាតិសាសន៍ដទៃបានឡើយ ពីព្រោះទ្រង់នឹងធ្វើជាព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែលប៉ុណ្ណោះ ហើយមិនមែនជាព្រះជាម្ចាស់របស់ភាវៈដែលព្រះបង្កើតទាំងអស់ទេ។ ទំនាយជាច្រើនបានទាយថា ព្រះនាមរបស់ព្រះយេហូវ៉ានឹងត្រូវជានាមដ៏អស្ចារ្យក្នុងចំណោមជាតិសាសន៍ដទៃ ហើយព្រះនាមរបស់ទ្រង់នឹងសុសសាយដល់ជាតិសាសន៍ដទៃដែរ។ ហេតុអ្វីបានជាមានទំនាយបែបនេះ? ប្រសិនបើព្រះជាម្ចាស់ គឺជាព្រះរបស់ជនជាតិអ៊ីស្រាអែលតែមួយមែននោះ ទ្រង់នឹងធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែលតែមួយប៉ុណ្ណោះ។ លើសពីនេះទៀត ទ្រង់នឹងមិនផ្សព្វផ្សាយកិច្ចការនេះទេ ហើយទ្រង់ក៏នឹងមិនធ្វើការទាយទុកបែបនេះដែរ។ ដោយសារទ្រង់បានទាយទុក ដូច្នេះ ទ្រង់ប្រាកដជាពង្រីកកិច្ចការរបស់ទ្រង់ ក្នុងចំណោមជាតិសាសន៍ដទៃ ក្នុងចំណោមប្រជាជាតិនីមួយៗ និងគ្រប់ដែនដីទាំងអស់។ ដោយសារព្រះជាម្ចាស់មានបន្ទូលបែបនេះ ទ្រង់ត្រូវតែធ្វើឱ្យបាន។ នេះគឺជាផែនការរបស់ទ្រង់ ដ្បិតទ្រង់ជាព្រះអម្ចាស់ដែលបានបង្កើតផ្ទៃមេឃ និងផែនដី និងអ្វីៗសព្វសារពើ ហើយជាព្រះជាម្ចាស់នៃភាវៈដែលព្រះបង្កើតទាំងអស់។ ទោះបីជាទ្រង់ធ្វើការក្នុងចំណោមជនជាតិអ៊ីស្រាអែលក្ដី ធ្វើការពេញស្រុកយូដាទាំងមូលក្ដី ក៏កិច្ចការដែលទ្រង់ធ្វើ គឺជាកិច្ចការនៃសកលលោកទាំងមូល និងជាកិច្ចការរបស់មនុស្សលោកទាំងអស់។ កិច្ចការដែលទ្រង់ធ្វើនាពេលសព្វថ្ងៃនេះ នៅក្នុងប្រទេសនាគដ៏ធំមានសម្បុរក្រហម គឺនៅក្នុងជាតិសាសន៍ដទៃមួយ ក៏នៅតែជាកិច្ចការរបស់មនុស្សលោកទាំងមូលដែរ។ អ៊ីស្រាអែលអាចជាមូលដ្ឋានសម្រាប់កិច្ចការរបស់ទ្រង់ នៅលើផែនដី។ ដូចគ្នាដែរ ប្រទេសចិនក៏អាចជាមូលដ្ឋានសម្រាប់កិច្ចការរបស់ទ្រង់ក្នុងចំណោមជាតិសាសន៍ដទៃដែរ។ ពេលនេះ តើទ្រង់មិនបានសម្រេចទំនាយថា៖ «ព្រះនាមរបស់ព្រះយេហូវ៉ានឹងត្រូវជានាមដ៏អស្ចារ្យក្នុងចំណោមជាតិសាសន៍ដទៃ» ទេ មែនទេ? ជំហានដំបូងនៃកិច្ចការរបស់ទ្រង់ក្នុងចំណោមជាតិសាសន៍ដទៃ គឺកិច្ចការនេះ ហើយជាកិច្ចការដែលទ្រង់បានធ្វើនៅក្នុងប្រទេសនៃនាគដ៏ធំមានសម្បុរក្រហម។ ព្រះជាម្ចាស់ដែលត្រលប់ជាសាច់ឈាមដែលគួរតែធ្វើការនៅក្នុងទឹកដីនេះ និងធ្វើការក្នុងចំណោមមនុស្សដែលត្រូវបណ្ដាសាទាំងនេះ មានលក្ខណៈខុសស្រឡះពីសញ្ញាណរបស់មនុស្ស ពួកគេជាមនុស្សតូចទាបបំផុតក្នុងចំណោមមនុស្សទាំងអស់ ពួកគេគ្មានតម្លៃទាល់តែសោះ ហើយពួកគេត្រូវបានព្រះយេហូវ៉ាបោះបង់ចោលតាំងពីដំបូង។ មនុស្សអាចត្រូវបានមនុស្សផងគ្នាបោះបង់ចោល ប៉ុន្តែប្រសិនបើពួកគេត្រូវបានព្រះជាម្ចាស់បោះបង់ចោល នោះពុំមាននរណាម្នាក់មានឋានៈទាបជាងគេទៀតឡើយ គ្មាននរណាម្នាក់មានតម្លៃទាបជាងពួកគេទៀតឡើយ។ សម្រាប់ភាវៈដែលព្រះបានបង្កើត ការដែលត្រូវសាតាំងសណ្ឋិត ឬត្រូវមនុស្សផងគ្នាបោះបង់ចោល គឺជារឿងដែលធ្វើឱ្យគេមានអារម្មណ៍ឈឺចាប់ខ្លាំង ប៉ុន្តែសម្រាប់ភាវៈដែលព្រះបានបង្កើតដែលត្រូវព្រះអាទិករបោះបង់ចោល មានន័យថាពួកគេមិនអាចរកឋានៈណាដែលទាបជាងនេះបានទេ។ ពូជពង្សរបស់ម៉ូអាប់ត្រូវបណ្តាសា ហើយពួកគេក៏បានទៅកើតក្នុងប្រទេសអន់ថយនេះ។ ក្នុងចំណោមមនុស្សទាំងអស់ដែលស្ថិតក្រោមឥទ្ធិពលនៃភាពងងឹត ប្រាកដណាស់ ពូជពង្សរបស់ម៉ូអាប់មានឋានៈទាបជាងគេបំផុត។ ដោយសារមនុស្សទាំងនេះមានឋានៈទាបជាងគេបំផុតតាំងតែពីមុនមក នោះកិច្ចការដែលធ្វើទៅលើពួកគេអាចបំផ្លាញសញ្ញាណរបស់មនុស្សយ៉ាងប្រសើរបំផុត ហើយវាក៏ជាកិច្ចការដែលមានអត្ថប្រយោជន៍ច្រើនបំផុតសម្រាប់ផែនការទាំងមូលនៃការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ដែរ។ ការធ្វើកិច្ចការបែបនេះក្នុងចំណោមជនទាំងនេះ គឺជាវិធីដ៏ល្អបំផុតក្នុងការបំផ្លាញសញ្ញាណរបស់មនុស្ស ហើយព្រះជាម្ចាស់ក៏ចាប់ផ្តើមសករាជមួយដោយប្រើវិធីនេះ។ ទ្រង់បំផ្លាញសញ្ញាណទាំងអស់របស់មនុស្សដោយវិធីនេះ។ ហើយទ្រង់ក៏បញ្ចប់កិច្ចការក្នុងយុគសម័យនៃព្រះគុណទាំងមូលដោយវិធីនេះដែរ។ កិច្ចការដំបូងរបស់ទ្រង់ ត្រូវបានអនុវត្តនៅស្រុកយូដាក្នុងដែនដីនៃប្រទេសអ៊ីស្រាអែល។ ទ្រង់មិនបានធ្វើកិច្ចការណាមួយ ដើម្បីចាប់ផ្តើមសករាជថ្មីក្នុងចំណោមសាសន៍ដទៃឡើយ។ ដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់ មិនត្រឹមតែត្រូវបានអនុវត្តក្នុងចំណោមជាតិសាសន៍ដទៃប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានអនុវត្តកាន់តែច្រើន ក្នុងចំណោមមនុស្សដែលត្រូវបណ្តាសាផងដែរ។ ចំណុចមួយនេះ គឺជាភស្ដុតាងដែលអាចបន្ថោកបន្ទាបសាតាំងបានខ្លាំងបំផុត ហើយដូច្នេះព្រះជាម្ចាស់ក៏ «ក្លាយជា» ព្រះជាម្ចាស់នៃភាវៈទាំងអស់ដែលព្រះបានបង្កើតនៅក្នុងសកលលោក ជាម្ចាស់នៃអ្វីៗទាំងអស់ ជាកម្មវត្ថុនៃការថ្វាយបង្គំ សម្រាប់អ្វីៗទាំងអស់ដែលមានជីវិត។

ដកស្រង់ពី «ព្រះជាម្ចាស់ គឺជាព្រះអម្ចាស់នៃភាវៈទាំងអស់ដែលព្រះបានបង្កើត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល