ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ សេចក្ដីអាថ៌កំបាំងអំពីព្រះគម្ពីរ | សម្រង់​សម្ដីទី ២៧២

17-05-2021

បច្ចុប្បន្ននេះ មនុស្សជឿថា ព្រះគម្ពីរគឺជាព្រះជាម្ចាស់ ហើយជឿថា ព្រះជាម្ចាស់គឺជាព្រះគម្ពីរ។ ពួកគេក៏ជឿផងដែរថា ពាក្យពេចន៍ទាំងអស់របស់ព្រះគម្ពីរគឺសុទ្ធតែជាព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងមកប៉ុណ្ណោះ ហើយជឿថា ពាក្យពេចន៍ទាំងអស់នោះ សុទ្ធត្រូវព្រះជាម្ចាស់ថ្លែងមក។ សូម្បីអស់អ្នកដែលជឿព្រះជាម្ចាស់ក៏គិតថា ទោះបីជាកណ្ឌគម្ពីរទាំង ៦៦កណ្ឌ ក្នុងគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី ត្រូវបានសរសេរដោយមនុស្សក៏ដោយ ក៏ពួកគេទាំងអស់ត្រូវបានប្រទាននូវការបណ្ដាលចិត្ត ដោយព្រះជាម្ចាស់ដែរ និងជាកំណត់ត្រាអំពីព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នេះគឺជាការយល់ខុសរបស់មនុស្ស ហើយវាមិនស្របទៅនឹងការពិតទាំងស្រុងនោះឡើយ។ តាមពិត ក្រៅពីកណ្ឌគម្ពីរទំនាយ គម្ពីរសញ្ញាចាស់ភាគច្រើន គឺជាកំណត់ត្រាប្រវត្តិសាស្ត្រ។ សំបុត្រមួយចំនួនរបស់គម្ពីរសញ្ញាថ្មី បានមកពីបទពិសោធន៍របស់មនុស្ស ហើយមួយចំនួនទៀត បានមកពីការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ឧទាហរណ៍ សំបុត្ររបស់ប៉ុល បានកើតចេញពីកិច្ចការរបស់មនុស្សម្នាក់ សំបុត្រទាំងអស់នេះ គឺជាលទ្ធផលនៃការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយសំបុត្រទាំងនោះត្រូវបានសរសេរសម្រាប់ពួកជំនុំ ហើយជាពាក្យពេចន៍រម្លឹកដាស់តឿន និងលើកទឹកចិត្ត សម្រាប់បងប្អូនប្រុសស្រីក្នុងពួកជំនុំ។ ពាក្យពេចន៍ទាំងនេះមិនមែនជាព្រះបន្ទូលដែលព្រះវិញ្ញាណបរិសុទ្ធថ្លែងនោះទេ។ ប៉ុលមិនអាចនិយាយជំនួសព្រះវិញ្ញាណបរិសុទ្ធបានទេ ហើយគាត់ក៏មិនមែនជាហោរាដែរ ហើយលើសពីនេះទៅទៀត គាត់មិនបានឃើញនិមិត្តដែលយ៉ូហានបានមើលឃើញនោះឡើយ។ សំបុត្ររបស់គាត់ត្រូវបានសរសេរសម្រាប់ពួកជំនុំអេភេសូរ ភីឡាដិលភា កាឡាទី និងពួកជំនុំដទៃទៀត។ ដូច្នេះ កណ្ឌគម្ពីរសំបុត្ររបស់ប៉ុលក្នុងសញ្ញាថ្មី គឺជាកណ្ឌគម្ពីរដែលប៉ុលបានសរសេរសម្រាប់ពួកជំនុំនានា និងមិនមែនជាការជំរុញទឹកចិត្តពីព្រះវិញ្ញាណបរិសុទ្ធ ក៏មិនមែនជាព្រះសូរសៀងផ្ទាល់របស់ព្រះវិញ្ញាណបរិសុទ្ធនោះដែរ។ សំបុត្រទាំងនេះគ្រាន់តែជាពាក្យពេចន៍រម្លឹកដាស់តឿន កម្សាន្តចិត្ត និងលើកទឹកចិត្ត ដែលគាត់បានសរសេរសម្រាប់ពួកជំនុំនានា អំឡុងពេលធ្វើកិច្ចការរបស់គាត់ប៉ុណ្ណោះ។ វាក៏ជាការកត់ត្រាអំពីកិច្ចការជាច្រើនរបស់ប៉ុល នៅពេលនោះដែរ។ ពួកវាត្រូវបានសរសេរសម្រាប់មនុស្សទាំងអស់គ្នាដែលជាបងប្អូនប្រុសស្រីនៅក្នុងព្រះអម្ចាស់ ដើម្បីឲ្យបងប្អូនប្រុសស្រីនៅក្នុងពួកជំនុំនៅពេលនោះ ដើរតាមដំបូន្មាន និងគោរពតាមផ្លូវនៃការប្រែចិត្តរបស់ព្រះអម្ចាស់យេស៊ូវ។ មិនថាពួកជំនុំនៅពេលនោះ ឬពួកជំនុំនៅថ្ងៃអនាគតឡើយ គ្មានមធ្យោបាយណាដែលប៉ុលបាននិយាយថា គ្រប់គ្នាត្រូវតែបរិភោគ និងផឹកអ្វីៗដែលគាត់បានសរសេរ ហើយក៏មិនបាននិយាយថា ពាក្យសម្ដីរបស់គាត់ទាំងអស់ សុទ្ធតែបានមកពីព្រះជាម្ចាស់នោះឡើយ។ ផ្អែកលើកាលៈទេសៈនៃពួកជំនុំពេលនោះគាត់គ្រាន់តែទំនាក់ទំនងជាមួយបងប្អូនប្រុសស្រី និងរម្លឹកដាស់តឿនពួកគេ ព្រមទាំងជំរុញជំនឿនៅក្នុងពួកគេ ហើយគាត់គ្រាន់តែអធិប្បាយ ឬក្រើនរម្លឹកមនុស្ស និងដាស់តឿនពួកគេប៉ុណ្ណោះ។ ពាក្យរបស់គាត់គឺផ្អែកលើអម្រែកផ្ទាល់ខ្លួនរបស់គាត់ ហើយគាត់បានជ្រោមជ្រែងមនុស្សទាំងនោះ តាមរយៈពាក្យពេចន៍ទាំងនេះ។ គាត់បានធ្វើកិច្ចការរបស់ពួកសាវ័កម្នាក់នៃពួកជំនុំនានានៅពេលនោះ គាត់គឺជាអ្នកធ្វើការម្នាក់ ដែលព្រះអម្ចាស់យេស៊ូវបានប្រើ ដូច្នេះហើយ គាត់ត្រូវតែទទួលខុសត្រូវចំពោះពួកជំនុំនានា ហើយត្រូវតែធ្វើកិច្ចការរបស់ពួកជំនុំនានា គាត់ត្រូវតែស្វែងយល់អំពីសភាពរបស់បងប្អូនប្រុសស្រី ហើយដោយសារតែមូលហេតុនេះ គាត់បានសរសេរសំបុត្រសម្រាប់បងប្អូនប្រុសស្រីទាំងអស់នៅក្នុងព្រះអម្ចាស់។ គ្រប់យ៉ាងដែលគាត់បាននិយាយ ជាការស្អាងចិត្ត និងវិជ្ជមានចំពោះមនុស្ស គឺសុទ្ធតែត្រឹមត្រូវ ប៉ុន្តែវាមិនបានបង្ហាញឲ្យឃើញពីព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយវាមិនអាចតំណាងព្រះជាម្ចាស់បានទេ។ វាគឺជាការយល់ខុសប្រក្រតី និងជាការប្រមាថដ៏ខ្លាំងមួយ ដែលមនុស្សចាត់ទុកការកត់ត្រានៃបទពិសោធន៍របស់មនុស្សម្នាក់ និងសំបុត្ររបស់មនុស្សម្នាក់ ជាព្រះបន្ទូលដែលព្រះវិញ្ញាណបរិសុទ្ធបានមានព្រះបន្ទូលទៅកាន់ពួកជំនុំនានានោះ! វាជារឿងពិតប្រាកដណាស់ នៅពេលនិយាយអំពីសំបុត្រដែលប៉ុលបានសរសេរសម្រាប់ពួកជំនុំ ដោយសារតែសំបុត្រទាំងនេះ ត្រូវបានសរសេរសម្រាប់បងប្អូនប្រុសស្រី ដោយផ្អែកលើកាលៈទេសៈ និងស្ថានភាពនៃពួកជំនុំនីមួយៗនៅពេលនោះ ហើយត្រូវបានសរសេរដើម្បីដាស់តឿនបងប្អូនប្រុសស្រីនៅក្នុងព្រះអម្ចាស់ ដើម្បីឲ្យពួកគេអាចទទួលព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវ។ សំបុត្រដែលគាត់សរសេរ គឺដើម្បីដាស់តឿនបងប្អូនប្រុសស្រីនៅពេលនោះ។ អាចនិយាយបានថា នេះគឺជាអម្រែកផ្ទាល់ខ្លួនរបស់គាត់ ហើយក៏ជាអម្រែកដែលព្រះវិញ្ញាណបរិសុទ្ធប្រទានឲ្យគាត់ផងដែរ។ សរុបមក គាត់គឺជាសាវ័កម្នាក់ ដែលបានដឹកនាំពួកជំនុំនានានៅពេលនោះ ជាអ្នកដែលបានសរសេរសំបុត្រសម្រាប់ពួកជំនុំ និងបានដាស់តឿនពួកគេ នោះហើយគឺជាទំនួលខុសត្រូវរបស់គាត់។ អត្តសញ្ញាណរបស់គាត់ គឺគ្រាន់តែជាអត្តសញ្ញាណរបស់សាវ័កធ្វើការម្នាក់ ហើយគាត់គ្រាន់តែជាសាវ័កម្នាក់ដែលព្រះជាម្ចាស់បានចាត់ឲ្យមកប៉ុណ្ណោះ។ គាត់មិនមែនជាហោរា ឬជាអ្នកថ្លែងទំនាយនោះទេ។ សម្រាប់គាត់ កិច្ចការផ្ទាល់ខ្លួនរបស់គាត់ និងជីវិតរបស់បងប្អូនប្រុសស្រី គឺជារឿងដែលសំខាន់បំផុត។ ដូច្នេះ គាត់មិនអាចនិយាយជំនួសព្រះវិញ្ញាណបរិសុទ្ធបានទេ។ ពាក្យរបស់គាត់មិនមែនជាព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធនោះទេ ហើយកាន់តែមិនអាចនិយាយបានថាជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅទៀត ដោយសារតែប៉ុលគ្មានអ្វីក្រៅតែពីសត្តនិករមួយរបស់ព្រះជាម្ចាស់នោះទេ ហើយគាត់ពិតជាមិនមែនមនុស្សដែលព្រះជាម្ចាស់យកកំណើតនោះទេ។ អត្តសញ្ញាណរបស់គាត់មិនដូចអត្តសញ្ញាណរបស់ព្រះយេស៊ូវទេ។ ព្រះបន្ទូលរបស់ព្រះយេស៊ូវ គឺជាព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធ ព្រះបន្ទូលទាំងនោះ គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយសារអត្តសញ្ញាណរបស់ទ្រង់ គឺជាអត្តសញ្ញាណរបស់ព្រះគ្រីស្ទ ដែលជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់។ ធ្វើដូចម្តេចទើបប៉ុលអាចស្មើទ្រង់បាន? ប្រសិនបើមនុស្សឃើញសំបុត្រ ឬពាក្យដូចជាពាក្យរបស់ប៉ុល ថាជាព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយថ្វាយបង្គំពាក្យពេចន៍ទាំងនេះដូចជាព្រះជាម្ចាស់ នោះអាចនិយាយបានតែម៉្យាងថា ពួកគេមិនរើសមុខពេកហើយ។ និយាយឲ្យឃោរឃៅជាងនេះ តើនេះមិនមែនជាការប្រមាថទេឬអី? ធ្វើដូចម្តេចទើបមនុស្សម្នាក់អាចនិយាយជំនួសព្រះជាម្ចាស់បាន? ហើយម្តេចបានជាមនុស្សអាចឱនក្រាបនៅចំពោះការកត់ត្រានៃសំបុត្រ និងពាក្យដែលគាត់បាននិយាយ ទុកដូចជាគម្ពីរដ៏បរិសុទ្ធមួយ ឬគម្ពីរមួយក្បាលដែលមកពីស្ថានសួគ៌ដូច្នេះ? តើព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចត្រូវបានថ្លែងម្តងម្កាលដោយមនុស្សម្នាក់ឬទេ? តើមនុស្សម្នាក់អាចនិយាយជំនួសព្រះជាម្ចាស់ដូចម្ដេចបាន? ដូច្នេះ តើអ្នកនិយាយដូចម្ដេចវិញ តើសំបុត្រដែលគាត់បានសរសេរសម្រាប់ពួកជំនុំ មិនអាចត្រូវបង្ខូចដោយទស្សនៈផ្ទាល់ខ្លួនរបស់គាត់ទេឬអី? ធ្វើដូចម្តេចទើបសំបុត្រទាំងនោះមិនត្រូវបានបង្ខូចដោយសារទស្សនៈរបស់មនុស្សនោះ? គាត់បានសរសេរសំបុត្រសម្រាប់ពួកជំនុំ ដោយផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ និងចំណេះដឹងផ្ទាល់ខ្លួនរបស់គាត់។ ឧទាហរណ៍ ប៉ុលបានសរសេរសំបុត្រមួយទៅកាន់ពួកជំនុំកាឡាទី ដោយមាននូវទស្សនៈជាក់លាក់មួយ ហើយពេត្រុសបានសរសេរសំបុត្រមួយផ្សេងទៀត ដែលមានទស្សនៈផ្សេងមួយទៀត។ តើក្នុងចំណោមសំបុត្រទាំងពីរ មួយណាមកពីព្រះវិញ្ញាណបរិសុទ្ធ? គ្មាននរណាម្នាក់អាចនិយាយឲ្យប្រាកដបានទេ។ ដូច្នេះ វាគ្រាន់តែអាចនិយាយថា លិខិតទាំងពីរនេះមានអម្រែកសម្រាប់ពួកជំនុំក ប៉ុន្តែន័យពាក្យរបស់ពួកគេតំណាងឲ្យកម្ពស់របស់ពួកគេ ពួកវាតំណាងឲ្យការផ្គត់ផ្គង់ និងការជ្រោមជ្រែងសម្រាប់បងប្អូនប្រុសស្រី និងតំណាងឲ្យអម្រែករបស់ពួកគេចំពោះពួកជំនុំ ហើយពួកវាគ្រាន់តែតំណាងឲ្យកិច្ចការរបស់មនុស្សប៉ុណ្ណោះ។ ន័យពាក្យទាំងនេះមិនមែនតំណាងឲ្យព្រះវិញ្ញាណបរិសុទ្ធទាល់តែសោះ។ ប្រសិនបើអ្នកនិយាយថា សំបុត្ររបស់គាត់គឺជាព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះអ្នកល្ងីល្ងើណាស់ ហើយអ្នកកំពុងតែប្រព្រឹត្តការប្រមាថទៀតផង! សំបុត្ររបស់ប៉ុល និងសំបុត្រដទៃទៀតរបស់សញ្ញាថ្មី គឺស្មើនឹងការចងចាំរបស់បុគ្គលខាងវិញ្ញាណបច្ចុប្បន្ន៖ សំបុត្រទាំងនេះស្មើនឹងសៀវភៅរបស់ វ៉ចមែន នី ឬស្មើនឹងបទពិសោធន៍របស់ ឡរិនស៍។ល។ វាគ្រាន់តែថា សៀវភៅរបស់បុគ្គលខាងវិញ្ញាណបច្ចុប្បន្ន មិនត្រូវបានចងក្រងទៅក្នុងសញ្ញាថ្មីប៉ុណ្ណោះ ប៉ុន្តែលក្ខណៈរបស់មនុស្សទាំងនេះគឺដូចគ្នា៖ ពួកគេគឺជាមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធបានប្រើ ក្នុងរយៈពេលជាក់លាក់មួយ ហើយពួកគេមិនអាចតំណាងដោយផ្ទាល់ឲ្យព្រះជាម្ចាស់នោះឡើយ។

ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល