របៀបដែលមនុស្សចូលទៅក្នុងយុគសម័យថ្មី

ថ្ងៃនេះ ប្រធានបទសម្រាប់ការប្រកបគ្នារបស់យើង គឺស្ដីពីការដែលមនុស្សចូលទៅក្នុងយុគសម័យថ្មី ជាយុគសម័យនៃនគរព្រះនិងរបៀបដែលមនុស្សគួរតែរស់នៅក្នុងយុគសម័យនៃនគរព្រះ របៀបដែលពួកគេគួរតែដកពិសោធន៍កិច្ចការរបស់ព្រះជាម្ចាស់នៅយុគសម័យនៃនគរព្រះ និងចូលយ៉ាងពិតប្រាកដទៅក្នុងយុគសម័យថ្មី។ តើការពិភាក្សាពីប្រធានបទស្ដីពីរបៀបដែលមនុស្សចូលទៅក្នុងយុគសម័យថ្មីនេះ នឹងផ្តោតសំខាន់លើចំណុចអ្វីខ្លះ? ព្រះជាម្ចាស់សម្ដែងចេញព្រះបន្ទូលជាច្រើននៅយុគសម័យនៃនគរព្រះ ហើយព្រះអង្គកំពុងតែបំពេញកិច្ចការនៃការជំនុំជម្រះ និងការវាយផ្ចាល ហើយរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់គ្រប់រូប គួរតែដឹងឱ្យបានច្បាស់អំពីរបៀបដែលមនុស្សគួរតែជឿលើព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះ ដើម្បីឈានទៅបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ កាលពីអតីតកាល មនុស្សភាគច្រើនបានជឿលើព្រះអម្ចាស់ ហើយទទួលបានព្រះគុណយ៉ាងច្រើនពីព្រះជាម្ចាស់។ ឥឡូវនេះ ពួកគេកំពុងតែចាប់ផ្ដើមដកពិសោធន៍កិច្ចការនៃការជំនុំជម្រះនិងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ដូច្នេះ តើពួកគេអាចផ្លាស់ប្ដូរទស្សនៈចាស់របស់ពួកគេអំពីជំនឿលើព្រះជាម្ចាស់ ទៅជាទស្សនៈថ្មី ដែលបំពេញតាមសេចក្តីតម្រូវរបស់ព្រះជាម្ចាស់បានដោយរបៀបណា? មិនថាទស្សនៈចាស់របស់អ្នកអំពីជំនឿលើព្រះជាម្ចាស់ត្រឹមត្រូវឬខុសនោះទេ ចំណុចនេះនឹងមិនមែនជាបញ្ហាសម្រាប់ការស៊ើបសួរឱ្យដឹងការពិតទេ អ្នកគួរតែប្រឈមមុខនឹងការពិត ហើយពេលនេះ អ្នកត្រូវតែដឹងពីរបៀបជឿនិងរបៀបដេញតាម។ ប្រសិនបើអ្នកបន្តដេញតាមដោយផ្អែកលើរបៀបដែលអ្នកបានជឿកាលពីយុគសម័យនៃព្រះគុណ ហើយអ្នកបន្តជឿលើព្រះជាម្ចាស់ដោយផ្អែកលើទស្សនៈចាស់របស់អ្នកទៀត នោះអ្នកនឹងមិនបានចូលទៅក្នុងយុគសម័យថ្មីឡើយ។ ដំបូង អនុញ្ញាតឱ្យខ្ញុំមានបន្ទូលពីឃ្លាស្រាយបំភ្លឺមួយដែលនឹងជួយពន្យល់ពីបញ្ហានេះ។ តើជាឃ្លាអ្វីទៅ? ឃ្លានេះ ត្រូវបានលើកឡើងជារឿយៗនៅក្នុងយុគសម័យនៃព្រះគុណ៖ «កាលណាបុគ្គលម្នាក់ជឿលើព្រះជាម្ចាស់ នោះគ្រួសារគេទាំងមូលទទួលបានព្រះពរ»។ ពោលគឺ កាលណាមនុស្សម្នាក់បានជឿលើព្រះយេស៊ូវ គ្រួសារគេទាំងមូល ចាប់តាំងពីចាស់ដល់ក្មេង បានទទួលប្រយោជន៍ពីទំនាក់ទំនងនេះ ហើយពួកគេគ្រប់រូបបានទទួលសេចក្តីសុខសាន្តនិងសេចក្ដីអំណរ។ ដោយសារតែព្រះយេស៊ូវបានបំពេញកិច្ចការនៃការប្រោសលោះ ដូច្នេះ ព្រះអង្គអត់ឱន អត់ធ្មត់ អត់ទោស និងអធ្យាស្រ័យចំពោះមនុស្សដោយគ្មានដែនកំណត់ឡើយ។ មិនថាអ្នកមានច្រកចូលទៅក្នុងជីវិតរបស់អ្នកបែបណា ឬគុណសម្បត្តិរបស់អ្នកបែបណា ឬអ្នកបានប្រព្រឹត្តអំពើបាបកាលពីអតីតកាលច្រើនប៉ុនណានោះទេ អ្វីគ្រប់យ៉ាងដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលន់តួបាបទៅកាន់ព្រះអម្ចាស់ទៅបានហើយ នោះគ្រប់យ៉ាងនឹងត្រូវបានអត់ទោសឱ្យ ហើយអ្នកនឹងទទួលបានសេចក្តីសុខសាន្ត និងសេចក្ដីអំណរមិនខាន។ អ្វីគ្រប់យ៉ាងដែលអ្នកត្រូវធ្វើ គឺគ្រាន់តែ «ជឿ» ប៉ុណ្ណោះ នោះគឺគ្រប់គ្រាន់ហើយ ពោលគឺ វាសាមញ្ញបែបនេះឯង។ សព្វថ្ងៃនេះ នៅពេលដែលបុគ្គលម្នាក់ជឿលើព្រះជាម្ចាស់ តើគ្រួសាររបស់ពួកគេទាំងមូលនឹងទទួលបានព្រះពរបែបនេះទៀតដែរទេ? អត់នោះទេ។ ហេតុអ្វីបានជាប្រើការមិនបាននាពេលសព្វថ្ងៃ? នោះព្រោះតែពេលវេលាបានមកដល់ហើយ ហើយព្រះជាម្ចាស់គង់នៅទីនេះ ដើម្បីបំពេញកិច្ចការនៃការជំនុំជម្រះ និងដើម្បីសង្រ្គោះមនុស្សជាតិពីឥទ្ធិពលរបស់សាតាំងទាំងស្រុង។ នោះជាមូលហេតុដែលសព្វថ្ងៃនេះ ព្រះជាម្ចាស់តម្រូវឱ្យមនុស្សមានភក្ដីភាពនិងភាពស្មោះត្រង់ចំពោះទ្រង់ ថ្វាយបង្គំនិងស្ដាប់បង្គាប់ទ្រង់ ពោលគឺ មនុស្សត្រូវតែធ្វើកិច្ចការទាំងនេះ។ ប្រសិនបើអ្នកដែលជឿលើព្រះជាម្ចាស់ អាចទទួលសេចក្តីពិត ទទួលយកសេចក្តីពិត យល់ពីសេចក្តីពិត និងទទួលបានសេចក្តីពិត នោះពួកគេនឹងត្រូវបានសង្រ្គោះទាំងស្រុងមិនខាន។ ប៉ុន្តែអស់អ្នកណាដែលមិនទទួលយកសេចក្តីពិត ហើយគ្រាន់តែលោភចង់បានព្រះគុណពីព្រះជាម្ចាស់ អ្នកនោះនឹងត្រូវផាត់ចោលមិនខាន។ សព្វថ្ងៃនេះ ប្រសិនបើអ្នកនៅតែទាមទារឱ្យព្រះជាម្ចាស់បំពេញកិច្ចការនៃយុគសម័យនៃព្រះគុណទៀត ដោយនៅគិតថា កាលណាអ្នកជឿលើព្រះជាម្ចាស់ នោះគ្រួសាររបស់អ្នកទាំងមូលនឹងទទួលបានព្រះពរ នោះជារឿងល្ងង់ខ្លៅពេកហើយ! ព្រះជាម្ចាស់លែងបំពេញកិច្ចការនៃយុគសម័យនៃព្រះគុណទៀតហើយ។ យុគសម័យនោះបានបញ្ចប់ហើយ។ អ្នកយល់ពីចំណុចនេះហើយ មែនទេ?

អ្វីដែលគេហៅថា «ការចូលទៅក្នុងយុគសម័យថ្មី» នេះ មានន័យថា ជាការចូលទៅក្នុងយុគសម័យនៃនគរព្រះនាពេលសព្វថ្ងៃ ហើយទស្សនៈរបស់អ្នកអំពីជំនឿលើព្រះជាម្ចាស់ ចេតនារបស់អ្នក សេចក្តីជំនឿរបស់អ្នក ផ្លូវដែលអ្នករស់នៅតាមជីវិតរបស់អ្នក និងរបៀបដែលអ្នកដកពិសោធន៍រឿងរ៉ាវនានា ត្រូវតែផ្លាស់ប្ដូរទាំងអស់។ ប្រសិនបើអ្នកគ្រាន់តែផ្លាស់ប្ដូររឿងមួយ ប្រសិនបើអ្នកធ្លាប់ជឿលើព្រះយេស៊ូវ ប៉ុន្តែសព្វថ្ងៃនេះ អ្នកជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាវិញ ហើយអ្វីដែលអ្នកបានផ្លាស់ប្ដូរនោះ គឺត្រឹមជាព្រះនាមព្រះជាម្ចាស់ដែលអ្នកជឿ ដូច្នេះ តាមពិតទៅ របៀបដែលអ្នកជឿ ផ្លូវដែលអ្នកដើរ និងអ្វីដែលអ្នកដេញតាម មិនបានផ្លាស់ប្ដូរឡើយ។ នេះបានន័យថា ត្រូវតែមានការផ្លាស់ប្ដូរខ្លះនៅក្នុងការដេញតាមរបស់អ្នក នៅក្នុងការយល់ដឹងរបស់អ្នក និងនៅក្នុងទស្សនៈរបស់អ្នក។ មានតែពេលដែលអ្នកដេញតាមសេចក្តីពិតផ្អែកលើមូលដ្ឋានបែបនេះទេ ទើបសេចក្តីជំនឿរបស់អ្នកអាចបរិសុទ្ធនិងត្រឹមត្រូវបាន។ សព្វថ្ងៃនេះ ហេតុអ្វីបានជាអ្នកខ្លះតែងតែអវិជ្ជមាន ដោយគិតថា ជំនឿលើព្រះជាម្ចាស់គឺឥតន័យ ហើយគ្មានសេចក្ដីក្លៀវក្លាដូចកាលពីមុនអ៊ីចឹង? នោះក៏ព្រោះតែទស្សនៈរបស់ពួកគេអំពីជំនឿលើព្រះជាម្ចាស់ មិនទាន់ត្រូវបានបំផ្លាស់បំប្រែនៅឡើយ។ ពួកគេនៅតែប្រកាន់តាមទស្សនៈដែលពួកគេធ្លាប់មាន កាលដែលពួកគេបានជឿលើព្រះយេស៊ូវ ដោយផ្ដោតតែទៅលើការទទួលបានព្រះគុណបន្តិចបន្ដួច ឬការលះបង់ឱ្យបានច្រើននិងការធ្វើការឱ្យបានច្រើនប៉ុណ្ណោះ។ ពួកគេផ្តោតលើអំណោយទាន លើកិច្ចការពីសម្បកក្រៅ លើសេចក្តីអធិប្បាយពីសម្បកក្រៅ និងលើសេចក្តីក្លៀវក្លា។ ប៉ុន្តែពួកគេមិនបានតាមទាន់កិច្ចការនាពេលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ឡើយ ពួកគេមិនផ្តោតលើការហូបនិងការផឹកព្រះបន្ទូលព្រះជាម្ចាស់ទេ ហើយពួកគេក៏មិនទទួលបានការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធដែរ ដូច្នេះ ពួកគេតែងតែមានអារម្មណ៍អវិជ្ជមានជានិច្ច។ មនុស្សបែបនេះ មើលទៅហាក់ដូចជាពួកគេជឿលើព្រះជាម្ចាស់អ៊ីចឹង ប៉ុន្តែតាមពិតទៅ ចិត្តរបស់ពួកគេពុំបានទទួលយកសេចក្តីពិតឡើយ ហេតុដូច្នេះហើយទើបសភាពអវិជ្ជមានរបស់ពួកគេមិនដែលបានដោះស្រាយនោះ។ ពួកគេមិនចូលទៅក្នុងជីវិតសោះឡើយ ពួកគេនៅតែប្រកាន់ខ្ជាប់តាមទស្សនៈចាស់របស់ពួកគេអំពីជំនឿលើព្រះជាម្ចាស់ ដោយគ្មានការបំផ្លាស់បំប្រែសោះឡើយ។ តើស្ថានភាពមិនបែបនោះទេឬអី? កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបានផ្លាស់ប្ដូរ ហើយជំនឿរបស់មនុស្សលើព្រះជាម្ចាស់ ត្រូវតែផ្លាស់ប្ដូរទៅតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ។ ប្រសិនបើការដេញតាមរបស់អ្នក របៀបដែលអ្នករស់នៅ របៀបដែលអ្នកដកពិសោធន៍ អាកប្បកិរិយារបស់អ្នកចំពោះជំនឿលើព្រះជាម្ចាស់ ព្រមទាំងចេតនានិងទស្សនៈរបស់អ្នកចំពោះជំនឿលើព្រះជាម្ចាស់ មិនបានបំផ្លាស់បំប្រែទេ នោះបង្ហាញថា អ្នកមិនបានតាមទាន់ជំហាននៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ ប្រសិនបើមនុស្សចង់តាមឱ្យទាន់កិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធ ចង់ផ្លាស់ប្ដូរទៅតាមផ្លូវថ្មីមួយ និងចង់ទទួលបានការយល់ដឹងថ្មី ពេលនោះ ពួកគេត្រូវស្វែងរកសេចក្តីពិត ចូលក្នុង និងផ្លាស់ប្ដូរសេចក្តីលម្អិតតូចៗ ដូចជា គ្រប់ទាំងចលនានិងសកម្មភាពរបស់ពួកគេ គំនិតនិងយោបល់របស់ពួកគេ គ្រប់ទាំងចេតនានិងទស្សនៈរបស់ពួកគេ ពោលគឺមានតែបែបនោះទេ ទើបពួកគេនឹងអាចរីកចម្រើនបាន។ ប្រសិនបើមនុស្សគ្រាន់តែនិយាយឱ្យតែរួចពីមាត់ ហើយផ្លាស់ប្ដូរឥរិយាបថរបស់ខ្លួនតែបន្តិចបន្ដួច នេះមិនចាត់ទុកជាការបំផ្លាស់បំប្រែឡើយ។ រឿងដ៏សំខាន់បំផុតគឺថា អ្នកត្រូវតែឆ្លងកាត់ការបំផ្លាស់បំប្រែគំនិតនិងទស្សនៈរបស់អ្នក ព្រមទាំងរបៀបដែលអ្នករស់នៅតាមជីវិតរបស់អ្នកផង។ ប្រសិនបើអ្នកអាចកម្ចាត់ចោលនូវសញ្ញាណនិងការស្រមើស្រមៃចាស់ៗរបស់អ្នក ហើយមានការយល់ដឹងនិងចំណេះដឹងពីទស្សនៈចាស់របស់អ្នកអំពីជំនឿលើព្រះជាម្ចាស់ ចំណុចនេះនឹងបញ្ជាក់ថា អ្នកត្រូវបានបំផ្លាស់បំប្រែរួចហើយ។ ចូរពិនិត្យមើលខ្លួនអ្នក ថាតើអ្នករាល់គ្នានៅមានផ្នែកណាខ្លះដែលមិនទាន់ត្រូវបានបំផ្លាស់បំប្រែនៅឡើយ ថាតើអ្នកនៅតែមានរបៀបនិយាយ ឬរបៀបគិតបែបចាស់គំរឹលទៀតឬអត់ ហើយថាតើអ្នកនៅមានរឿងកប់ជ្រៅអ្វីខ្លះទៀតកាលពីអតីតកាល ដែលអ្នកនៅមិនទាន់ជីករម្លើងនៅឡើយ។ ប្រសិនបើអ្នកមិនជីកកកាយទេ នោះអ្នកប្រហែលអាចគិតថា គ្មានអ្វីនៅទីនោះឡើយ ប៉ុន្តែនៅពេលអ្នកជីកកកាយយ៉ាងប្រុងប្រយ័ត្ន នោះអ្នកនឹងដឹងថា មានរឿងជាច្រើនដែលត្រូវជីករម្លើង។ សព្វថ្ងៃនេះ ហេតុអ្វីបានជាមនុស្សខ្លះមិនអាចតាមទាន់ជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់បាន? នោះព្រោះតែមានរឿងជាច្រើននៅក្នុងចិត្តមនុស្សដែលរារាំងពួកគេមិនឱ្យធ្វើបែបនេះ ព្រោះតែមនុស្សគ្មានការយល់ដឹងពីរឿងរ៉ាវថ្មីៗនិងមិនអាចទទួលយករឿងរ៉ាវទាំងនោះបាន។ ហេតុអ្វីបានជាមនុស្សតែងតែមានសញ្ញាណអំពីព្រះជាម្ចាស់? ពួកគេមានសញ្ញាណអំពីព្រះបន្ទូលនិងកិច្ចការរបស់ព្រះជាម្ចាស់ ពួកគេក៏មានសញ្ញាណអំពីការជំនុំជម្រះនិងការវាយផ្ចាលរបស់ព្រះជាម្ចាស់ផងដែរ ពួកគេមិនអាចទទួលយកថាមនុស្សណាខ្លះដែលព្រះជាម្ចាស់សង្រ្គោះ និងមនុស្សណាខ្លះដែលព្រះជាម្ចាស់ផាត់ចោល ហើយពួកគេមិនអាចយល់បានពីការពិតដែលថា ព្រះជាម្ចាស់មិនបង្ហាញទីសម្គាល់និងការអស្ចារ្យនោះឡើយ។ តើរឿងនេះមានហេតុផលអ្វីឱ្យប្រាកដទៅ? ហេតុផលមួយគឺថា រឿងនេះត្រូវបានកំណត់ទុកដោយធម្មជាតិក្រអឺតក្រទមនិងការរាប់ខ្លួនឯងជាសុចរិតរបស់មនុស្ស នោះព្រោះតែមនុស្សតែងតែមានសញ្ញាណនិងការស្រមើស្រមៃផ្ទាល់ខ្លួនចំពោះបញ្ហាគ្រប់យ៉ាង។ នេះហើយជាឫសគល់នៃបញ្ហានោះ។ ហេតុផលមួយទៀតគឺជាហេតុផលបែបសត្យានុម័ត ហើយហេតុផលនោះគឺថា មនុស្សមានសញ្ញាណខុសឆ្គងជាច្រើនអំពីជំនឿលើព្រះជាម្ចាស់ ដែលមិនទាន់បានបំផ្លាស់បំប្រែ នោះព្រោះតែរឿងរ៉ាវដែលកប់ទុកយ៉ាងជ្រៅទាំងនោះនៅតែមិនទាន់បានបំផ្លាស់បំប្រែនៅឡើយ។ របៀបនិយាយស្ដីបែបចាស់គំរឹលតាមរយៈជំនឿរបស់ពួកគេលើព្រះយេស៊ូវ ឬលើព្រះយេហូវ៉ា នៅតែចាក់ឫសនៅក្នុងដួងចិត្តពួកគេដដែល ដូច្នេះ នៅពេលពួកគេជួបប្រទះកិច្ចការថ្មីរបស់ព្រះជាម្ចាស់ ពួកគេទទួលយកផ្លូវពិត ប៉ុន្តែពួកគេមិនអាចទទួលយកវិធីថ្មីៗនៃការមានបន្ទូល និងការធ្វើការរបស់ព្រះជាម្ចាស់បានឡើយ។ ហេតុអ្វីបានជាអ្នកមិនអាចទទួលយកអ្វីដែលថ្មីទាំងនេះបាន? នោះព្រោះតែអ្នកនៅតែប្រកាន់ខ្ជាប់តាមអ្វីៗដែលចាស់គំរឹលពីអតីតកាល ហើយមិនអាចលះបង់អ្វីទាំងនោះចោលបាន ដែលនាំឱ្យអ្នកទាស់ទទឹងនឹងអ្វីៗដែលថ្មី។ ប្រសិនបើក្នុងខ្លួនអ្នកគ្មានអ្វីៗពីអតីតកាលទេ នោះអ្នកនឹងអាចទទួលយកអ្វីដែលព្រះជាម្ចាស់ធ្វើនាពេលបច្ចុប្បន្ននេះបានមិនខាន។ ប្រសិនបើអ្នកមិនអាចលះបង់ចោលអ្វីៗពីអតីតកាលបានទេ នោះអ្នកមុខជាកើតមានសញ្ញាណនានាអំពីព្រះជាម្ចាស់និងបះបោរទាស់នឹងទ្រង់ ហើយជាលទ្ធផល អ្នកនឹងត្រូវខាតបង់មិនខាន។ ប្រសិនបើអ្នកតាំងខ្លួនប្រឆាំងនឹងព្រះជាម្ចាស់ នោះអ្នកមុខជាត្រូវព្រះជាម្ចាស់ផាត់ចោល ហើយអ្នកមុខជាត្រូវព្រះជាម្ចាស់ដាក់ទោសមិនខាន។

អ្នករាល់គ្នាគួរតែជីកកកាយនិងពិនិត្យមើលថាមានរបៀបធ្វើអ្វីៗតាមបែបចាស់គំរឹល របៀបយល់ដឹងពីអ្វីៗតាមបែបចាស់គំរឹល និងទស្សនៈចាស់ៗកាលពីអតីតកាលណាខ្លះ ដែលនៅតែចាក់ឫសយ៉ាងជ្រៅនៅក្នុងខ្លួនអ្នកទៀត។ ចាំខ្ញុំលើកជាឧទាហរណ៍សាមញ្ញមួយប្រាប់អ្នកចុះ។ មនុស្សខ្លះមិនដែលធ្លាប់បានឃើញព្រះគ្រីស្ទ ក៏មិនធ្លាប់បានឮព្រះអង្គថ្លែងព្រះបន្ទូលនោះដែរ។ ពួកគេអានតែព្រះបន្ទូលដែលព្រះគ្រីស្ទបានសម្តែងចេញប៉ុណ្ណោះ ហើយពួកគេនិយាយថា ព្រះបន្ទូលទាំងនេះល្អនិងមានសិទ្ធិអំណាច ហើយថា ព្រះបន្ទូលទាំងនេះគឺជាព្រះបន្ទូលនៃការជំនុំជម្រះ ប៉ុន្តែបន្ទាប់ពីពួកគេចាប់ផ្ដើមទាក់ទងជាមួយព្រះគ្រីស្ទក្នុងភាពជាក់ស្តែង នោះសញ្ញាណក៏ចាប់ផ្ដើមលេចឡើងនៅក្នុងចិត្តពួកគេ ហើយពួកគេគិតថា៖ «ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលម៉ឺងម៉ាត់ខ្លាំងម្ល៉េះ? ហេតុអ្វីបានជាព្រះជាម្ចាស់បង្រៀនមនុស្សបែបនេះ? ហេតុអ្វីបានជាទ្រង់មានបន្ទូលសម្បើមខ្លាំងម្ល៉េះ? របៀបដែលព្រះអង្គមានបន្ទូលគឺគួរឱ្យខ្លាចខ្លាំងណាស់ ដោយតែងតែលាតត្រដាងនិងជំនុំជម្រះមនុស្សជានិច្ច។ តើនរណាអាចទទួលយកបានទៅ? សេចក្តីជំនឿរបស់យើងលើព្រះយេស៊ូវ មានលក្ខណៈខុសពីនេះ។ មនុស្សគ្រប់គ្នានិយាយយ៉ាងទន់ភ្លន់និងចុះសម្រុងជាមួយគ្នាយ៉ាងល្អ។ គ្មាននរណាម្នាក់និយាយដូចព្រះអង្គមានបន្ទូលនោះទេ។ ខ្ញុំមិនអាចទទួលយកព្រះជាម្ចាស់បែបនេះបានទេ ហើយក៏មិនអាចអត់ទ្រាំនឹងព្រះជាម្ចាស់ដូចជារូបទ្រង់បាននោះដែរ។ ប្រសិនបើទ្រង់មានបន្ទូលទន់ភ្លន់និងគួរសមដូចព្រះអម្ចាស់យេស៊ូវ ប្រសិនបើទ្រង់មានព្រះទ័យសប្បុរសនិងចេះអធ្យាស្រ័យដល់មនុស្ស នោះខ្ញុំនឹងអាចទទួលយកទ្រង់បាន។ ប៉ុន្តែខ្ញុំមិនអាចទទួលយកព្រះជាម្ចាស់បែបនេះបានឡើយ។ ខ្ញុំថែមទាំងមិនអាចទាក់ទងជាមួយទ្រង់បានទៀតផង!» អ្នកទទួលស្គាល់ថា នេះជាផ្លូវពិត ថានោះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហើយអ្នកបានជឿជាក់យ៉ាងអស់ពីចិត្ត ដូច្នេះ ហេតុអ្វីបានជានៅពេលដែលអ្នកចាប់ផ្ដើមទាក់ទងជាមួយព្រះគ្រីស្ទ អ្នកមានសញ្ញាណអំពីព្រះសូរសៀងរបស់ទ្រង់ អំពីព្រះបន្ទូលដែលទ្រង់ប្រើ និងអំពីរបៀបដែលទ្រង់មានព្រះបន្ទូលទៅវិញ រហូតដល់ថ្នាក់អ្នកមិនអាចលះបង់ចោលសញ្ញាណទាំងនោះបាន? តើនេះបញ្ជាក់ពីអ្វីដែរ? ចំណុចនេះបញ្ជាក់ថា អ្វីៗនៅក្នុងចិត្តរបស់អ្នកដែលចាស់គំរឹល បានគ្រប់គ្រងលើអ្នក ហើយថា អ្វីៗទាំងនោះបានក្លាយជាសញ្ញាណនិងក្បួនច្បាប់រួចទៅហើយ។ តាមពិតទៅ អ្វីៗទាំងនេះចេញមកពីមនុស្ស វាសុទ្ធតែជាការវិនិច្ឆ័យនិងការស្រមើស្រមៃរបស់មនុស្សទាំងអស់ ហើយមិនស្របតាមសេចក្តីពិតឡើយ។ ប្រសិនបើនរណាម្នាក់ព្យាយាមបង្ខំយកអ្វីៗទាំងនេះមកដាក់លើព្រះជាម្ចាស់នាពេលសព្វថ្ងៃ នោះពួកគេនឹងមិនត្រឹមតែមិនអាចធ្វើរឿងនេះបានប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងទាស់ទទឹងនឹងទ្រង់ផងដែរ។ កិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងយុគសម័យផ្សេងៗគ្នា គឺមានលក្ខណៈខុសៗគ្នា ដូច្នេះ និស្ស័យដែលព្រះអង្គសម្ដែងចេញ ក៏ខុសគ្នា ហើយកម្មសិទ្ធិនិងលក្ខណៈរបស់ព្រះជាម្ចាស់ដែលទ្រង់បើកសម្ដែង ក៏មានលក្ខណៈខុសគ្នាផងដែរ។ អ្នកមិនអាចអនុវត្តក្បួនច្បាប់ចំពោះរឿងនេះបានទេ។ នៅពេលអ្នកអនុវត្ត នោះអ្នកមុខជាកើតមានសញ្ញាណអំពីព្រះជាម្ចាស់ ហើយអ្នកនឹងអាចទាស់ទទឹងនឹងព្រះជាម្ចាស់មិនខាន។ ប្រសិនបើអ្នកមិនឆ្លុះបញ្ចាំងពីខ្លួនឯងនិងមិនព្រមប្រែចិត្តទេ នោះអ្នកនឹងត្រូវព្រះជាម្ចាស់ថ្កោលទោស ហើយទ្រង់នឹងដាក់ទោសអ្នកមិនខាន។ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនីមួយៗមានលក្ខណៈបែបនេះឯង ពោលគឺនឹងតែងតែមានមនុស្សខ្លះដែលទទួលយកនិងស្ដាប់បង្គាប់ព្រះជាម្ចាស់ ដែលពួកគេនឹងត្រូវព្រះអង្គប្រទានពរ ហើយក៏មានមនុស្សដែលទាស់ទទឹងនិងថ្កោលទោសព្រះជាម្ចាស់ផងដែរ ដែលពួកគេនឹងត្រូវព្រះអង្គបំផ្លាញចោល។ ព្រះជាម្ចាស់មានបន្ទូលជាច្រើននិងសម្ដែងចេញសេចក្តីពិតជាច្រើននៅក្នុងកិច្ចការរបស់ទ្រង់នៅគ្រាចុងក្រោយ។ ព្រះអង្គមិនខា្លចមនុស្សមានសញ្ញាណនោះទេ ព្រះអង្គខ្លាចថា មនុស្សនឹងមិនអានព្រះបន្ទូលរបស់ទ្រង់ ឬមិនទទួលយកសេចក្តីពិតដែលទ្រង់សម្ដែងចេញ។ ចំណុចនេះគឺជារឿងដ៏គួរឱ្យខ្លាចបំផុត។ ប្រសិនបើសញ្ញាណនិងទស្សនៈរបស់អ្នកមិនស្របតាមសេចក្តីពិតដែលព្រះជាម្ចាស់សម្ដែងចេញទេ នោះវានឹងផ្ទុយពីសេចក្តីពិត ប្រឆាំងនឹងព្រះជាម្ចាស់ និងមិនសមហេតុផលឡើយ។ មនុស្សមាននិស្ស័យពុករលួយ ពួកគេបះបោរនិងទាស់ទទឹង ហើយពួកគេមានគំនិតជាច្រើន។ តើអ្វីទៅដែលគ្រប់គ្រងលើគំនិតរបស់ពួកគេ? គំនិតរបស់ពួកគេត្រូវបានគ្រប់គ្រងដោយបំណងរបស់មនុស្ស ព្រមទាំងទិដ្ឋភាពនិងទស្សនៈដែលមនុស្សយល់ឃើញចំពោះអ្វីៗ ដូច្នេះ គំនិតរបស់អ្នកមិនចេញមកពីព្រះវិញ្ញាណបរិសុទ្ធទេ ហើយក៏មិនកើតឡើងចេញពីមូលដ្ឋានគ្រឹះនៃសេចក្តីពិតនោះដែរ។ ហេតុអ្វីបានជាខ្ញុំមានបន្ទូលថា សញ្ញាណនិងទស្សនៈរបស់អ្នក គឺជាអ្វីៗដែលកើតចេញពីមនុស្សនិងពីខាងសាច់ឈាម? នោះព្រោះតែគំនិតរបស់អ្នកមិនត្រូវបានគ្រប់គ្រងដោយសេចក្តីពិតទេ ហើយក៏មិនកើតចេញពីការសញ្ជឹងគិតដែលផ្អែកលើសេចក្តីពិតនោះដែរ។ គំនិតរបស់មនុស្សខ្លះកើតចេញមកពីការសញ្ជឹងគិតដែលផ្អែកលើព្រះគម្ពីរ ហើយគំនិតបែបនេះ រឹតតែខុសឆ្គងទៀតហើយ។ យើងមិនមែនចង់និយាយថា ព្រះគម្ពីរផ្ទាល់ខុសឆ្គងនោះទេ ប៉ុន្តែយើងគ្រាន់តែចង់និយាយថា ការដែលប្រៀបធៀបកិច្ចការដែលព្រះជាម្ចាស់បានបំពេញកាលពីអតីតកាល ជាមួយនឹងកិច្ចការថ្មីរបស់ទ្រង់ គឺមិនសមស្របនោះទេ។ អ្នកមិនត្រូវប្រៀបធៀបកិច្ចការរបស់ទ្រង់តាមរបៀបនេះឡើយ។ ឧទាហរណ៍ នៅយុគសម័យនៃព្រះគុណ តើការដែលមនុស្សប្រៀបធៀបកិច្ចការរបស់ព្រះយេហូវ៉ាជាមួយនឹងកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវនោះ ជាការសមស្របដែរឬទេ? តើការដែលអ្នកប្រៀបធៀបកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវជាមួយនឹងកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃនៅក្នុងយុគសម័យនៃនគរព្រះនេះ ជាការសមស្របដែរឬទេ? ពិតជាមិនសមស្របទេ កិច្ចការទាំងពីរនេះមិនអាចប្រៀបធៀបគ្នាបានឡើយ។ នេះគឺដោយសារកិច្ចការរបស់ព្រះជាម្ចាស់នៅដំណាក់កាលនីមួយៗ គឺកាន់តែខ្ពង់ខ្ពស់ជាងដំណាក់កាលមុនៗ ហើយព្រះអង្គមិនធ្វើកិច្ចការរបស់ទ្រង់ដដែលៗឡើយ។ ហេតុអ្វីបានជាគ្រប់ពេលដែលព្រះជាម្ចាស់បំពេញកិច្ចការនៅដំណាក់កាលថ្មីនិងចាប់ផ្ដើមយុគសម័យថ្មីមួយ តែងតែមានមនុស្សមួយក្រុម ឬក៏មនុស្សភាគច្រើនក្រោកឡើងជំទាស់នឹងកិច្ចការរបស់ព្រះជាម្ចាស់ ហើយតាំងខ្លួនប្រឆាំងនឹងទ្រង់បែបនេះ? ហេតុអ្វីបានជារឿងនេះកើតមានឡើងនៅគ្រប់យុគសម័យអ៊ីចឹង? នោះក៏ព្រោះតែមិនថាមនុស្សទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ឬអត់ទេ ក៏ការដែលពួកគេបកស្រាយព្រះគម្ពីរកាលពីមុន ក៏ដូចជាទស្សនៈរបស់ពួកគេអំពីព្រះនាមនិងរូបអង្គរបស់ព្រះជាម្ចាស់ និងអំពីជំនឿលើព្រះជាម្ចាស់ ព្រមទាំងរបៀបដែលពួកគេជឿលើព្រះជាម្ចាស់ផងនោះ បានដក់ជាប់នៅក្នុងដួងចិត្តរបស់ពួកគេរួចស្រេចទៅហើយ។ ជាងនេះទៅទៀត ពួកគេឱ្យតម្លៃខ្លាំងលើអ្វីៗទាំងនេះ ហើយដោយការជឿថា ខ្លួនពួកទទួលបានផលចំណេញខ្លះផងនោះ ទើបពួកគេប្រែជាក្រអឺតក្រទមឥតដែនកំណត់ ហើយគិតថា ខ្លួនពួកគេអស្ចារ្យនិងមហិមា ហើយនៅពេលពួកគេឃើញថា កិច្ចការដែលព្រះជាម្ចាស់ធ្វើនាពេលសព្វថ្ងៃមានលក្ខណៈខុសប្លែកពីកិច្ចការដែលទ្រង់បានធ្វើកាលពីអតីតកាល ពួកគេក៏វិនិច្ឆ័យកិច្ចការនេះ។ ពួកគេតែងតែយកអ្វីៗពីយុគសម័យនៃព្រះគុណមកប្រៀបធៀបជាមួយព្រះជាម្ចាស់នាពេលសព្វថ្ងៃ ជាមួយកិច្ចការដែលព្រះជាម្ចាស់ធ្វើនាពេលសព្វថ្ងៃ និងជាមួយសេចក្តីពិតនាពេលសព្វថ្ងៃនេះ។ តើអាចប្រៀបធៀបគ្នាបានដែរឬទេ? មិនត្រូវអនុវត្តក្បួនច្បាប់ចំពោះចំណុចទាំងនេះឡើយ ផ្ទុយទៅវិញ អ្នកត្រូវតែមានការយល់ដឹងបែបនេះថា៖ «ឥឡូវ ខ្ញុំបានទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ហើយ ប៉ុន្តែមានរឿងខ្លះដែលខ្ញុំមិនអាចទទួលយកបាននោះទេ។ ខ្ញុំនឹងដកពិសោធន៍ ហើយចាប់ផ្ដើមស្គាល់ច្បាស់កិច្ចការទាំងនោះបន្តិចម្ដងៗ ខ្ញុំនឹងដេញតាមកិច្ចការទាំងនោះបន្តិចម្ដងៗ ដោយព្យាយាមដោះស្រាយវាជាបណ្តើរៗ ដូចជាស្រមោចខាំកកេរឆ្អឹងអ៊ីចឹង ហើយយូរទៅ ខ្ញុំនឹងចាប់ផ្ដើមយល់ពីសេចក្តីទាំងនោះមិនខាន»។ កិច្ចការរបស់ព្រះជាម្ចាស់ មានអាថ៌កំបាំងមិនចេះចប់ទេ ក៏មិនអាចវាស់ស្ទង់បាននោះដែរ។ មនុស្សមិនអាចយល់ពីឫសគល់នៃអាថ៌កំបាំងនោះបានឡើយ។ បន្ទាប់ពីដកពិសោធន៍រឿងនេះបានមួយឆ្នាំ ឬពីរឆ្នាំ មនុស្សអាចទទួលបានការយល់ដឹងខ្លះ ហើយបន្ទាប់ពីបានបី ឬបួនឆ្នាំ មនុស្សអាចមានការយល់ដឹងបានកាន់តែច្រើនជាងមុន ហើយពួកគេនឹងរីកចម្រើន ព្រមទាំងផ្លាស់ប្ដូរបន្តិចម្ដងៗ។ ទស្សនៈរបស់ពួកគេអំពីអ្វីៗដែលចាស់គំរឹលទាំងនោះនឹងផ្លាស់ប្ដូរជាបណ្តើរៗ ហើយពួកគេនឹងកម្ចាត់អ្វីទាំងនោះចោលបណ្តើរៗ។ មានតែពេលដែលមនុស្សបានកម្ចាត់ចោលនូវអ្វីៗដែលចាស់គំរឹលទេ ទើបពួកគេនឹងយល់ពីអ្វីៗដែលថ្មីបាន។ អ្វីៗដែលចាស់គំរឹលទាំងនោះ នៅកប់ទុកយ៉ាងជ្រៅក្នុងចិត្តអ្នក ហើយអ្នកនៅមិនទាន់បានចាប់ផ្ដើមជីករម្លើងវាចេញនៅឡើយទេ ប៉ុន្តែអ្នកបែរជាហ៊ានផ្សាយសញ្ញាណរបស់ខ្លួនដោយចិត្តឯង ហើយសម្ដែងចេញនូវទស្សនៈផ្ទាល់ខ្លួន ព្រមទាំងនិយាយស្ដីតាមអំពើចិត្តទៅវិញ ពោលគឺ ការធ្វើបែបនេះគ្មានហេតុផលឡើយ។ ហេតុអ្វីបានជាខ្ញុំមានបន្ទូលថា មនុស្សកាន់តែក្រអឺតក្រទមខ្លាំងឡើង? នេះគឺជាហេតុផលហើយ។ របស់ដែលពុករលួយនៅក្នុងចិត្តមនុស្សគ្មានតម្លៃឡើយ ប៉ុន្តែពួកគេនៅតែហ៊ានសម្ដែងចេញនិងផ្សាយអ្វីៗទាំងនោះតាមអំពើចិត្តទៀត។ តើនេះមិនមែនជាការខ្វះហេតុផលទាំងស្រុងទេឬអី? ហេតុដូចនេះ មនុស្សខ្លះបានទទួលយកកិច្ចការនៅដំណាក់កាលនេះ និងបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយ ប៉ុន្តែពួកគេមិនបានបោះបង់ចោលអ្វីៗដែលចាស់គំរឹលដែលពួកគេបានយកមកតាមខ្លួនឡើយ។ ហេតុអ្វីបានជាអ្នកដឹកនាំនិងអ្នកធ្វើការនៅកន្លែងខ្លះអាចអនុវត្តនិងបំពេញកិច្ចការណាដែលស្របតាមសញ្ញាណរបស់ពួកគេបាន ប៉ុន្តែនៅពេលកិច្ចការនោះមិនស្របតាមសញ្ញាណរបស់ពួកគេ ហើយពួកគេមិនចង់ធ្វើកិច្ចការនោះ ពួកគេបែរជាមិនបំពេញកិច្ចការនោះទៅវិញ? តើស្ថានភាពនេះកើតឡើងយ៉ាងដូចម្ដេច? នោះក៏ព្រោះតែមនុស្សមិនអាចបោះបង់ចោលនូវអ្វីៗដែលចាស់គំរឹល ដែលពួកគេទុកនៅខាងក្នុងចិត្តរបស់ពួកគេបាន។ កាលណាអ្វីៗដែលចាស់គំរឹលនៅក្នុងចិត្តរបស់អ្នកលេចចេញជារូបរាងកាន់តែច្រើន នោះអ្នកនឹងទាស់ទទឹងកាន់តែខ្លាំងឡើង។ តើអ្វីៗមិនបែបនេះទេឬអី? ហេតុអ្វីបានជាអ្នកដឹកនាំមួយចំនួននៅក្នុងពិភពខាងសាសនានាពេលសព្វថ្ងៃ ដែលកាន់តែក្រអឺតក្រទមខ្លាំង និងកាន់តែមិនអាចទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយបាន បែរជាពួកគេកាន់កាប់តួនាទីកាន់តែខ្ពស់និងដឹកនាំមនុស្សកាន់តែច្រើនទៅវិញ? នោះក៏ព្រោះតែមនុស្សតែងតែប្រកាន់ខ្ជាប់តាមអ្វីៗពីអតីតកាល ពួកគេមិនចាត់ទុកព្រះបន្ទូលព្រះជាម្ចាស់ជាសេចក្តីពិតនិងជាជីវិតនោះទេ ហើយពួកគេមិនអាចគោរពព្រះជាម្ចាស់ជាព្រះដ៏អស្ចារ្យបំផុតនិងខ្ពង់ខ្ពស់បំផុតលើសអស់របស់សព្វសារពើបានឡើយ។ ផ្ទុយទៅវិញ ពួកគេបែរជាចាត់ទុកសញ្ញាណសាសនា ព្រមទាំងគំនិតនិងទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេថាជាសេចក្តីពិតនិងជាផ្លូវពិតទៅវិញ។ តើនេះមិនមែនជាកំហុសដ៏ធ្ងន់ធ្ងរទេឬអី? បែបនេះ តើអ្នកនឹងអាចរកឃើញសេចក្តីពិតនៅកន្លែងណាបានទៅ? ប្រសិនបើអ្នកជឿថា អ្វីទាំងនោះរបស់អ្នក គឺជាសេចក្តីពិត តើអ្នកនឹងនៅតែអាចទទួលបានសេចក្តីពិតពីព្រះជាម្ចាស់ដែរឬទេ? តើអ្នកនឹងនៅតែអាចស្វែងរកសេចក្តីពិតនិងស្រេកឃ្លានចង់បានសេចក្តីពិតទៀតដែរឬទេ?

អ្នកខ្លះនិយាយថា៖ «ខ្ញុំបានអានព្រះបន្ទូលព្រះជាម្ចាស់ជាច្រើន ខ្ញុំបានឮព្រះសូរសៀងព្រះជាម្ចាស់ ខ្ញុំទទួលយកផ្លូវពិត ហើយខ្ញុំក៏ដឹងពីរបៀបអានព្រះបន្ទូលព្រះជាម្ចាស់ដែរ។ ខ្ញុំដោះស្រាយបញ្ហារបស់ខ្ញុំ ខ្ញុំមិនត្រូវការជំនួយពីអ្នកដទៃទេ ហើយការនេះធានាថា ជីវិតខ្ញុំអាចរីកចម្រើនបាន»។ នៅពេលអ្នកនិយាយបែបនេះ អ្នកកំពុងតែនិយាយបំផ្លើសហើយ។ ប្រសិនបើអ្នកអានព្រះបន្ទូលព្រះជាម្ចាស់ដោយអាងលើខ្លួនឯង ហើយព្រះវិញ្ញាណបរិសុទ្ធមិនបានបំភ្លឺអ្នកទេ ពេលនោះ តើអ្នកអាចយល់ពីព្រះបន្ទូលទាំងនោះដែរឬទេ? ប្រសិនបើព្រះបន្ទូលព្រះជាម្ចាស់មិនលាតត្រដាងអ្នក និងពិនិត្យពិច័យសេចក្តីពុករលួយខាងក្នុងអ្នកទេ អ្នកនឹងមិនអាចផ្លាស់ប្ដូរ និងមានការយល់ដឹងនោះឡើយ ពោលគឺ អ្នកនឹងពិបាកទទួលបានការយល់ដឹងមិនខាន។ នៅពេលមនុស្សអានប្រលោមលោក ពួកគេឆាប់យល់ និងអាចចងចាំពីឈុតឆាកជាច្រើន ហើយនៅពេលពួកគេអានចប់ ភ្លាមនោះ ពួកគេអាចប្រាប់អ្នកដទៃអំពីរឿងនេះបាន។ ប៉ុន្តែ រឿងរ៉ាវនៃជីវិតមិនដូចរឿងផ្សេងទៀតឡើយ។ រឿងរ៉ាវនៃជីវិតមានភាពជ្រាលជ្រៅខ្លាំងណាស់ ហើយអ្នកត្រូវតែជឿអស់រយៈពេលជាច្រើនឆ្នាំ មុនពេលអ្នកអាចយល់សូម្បីតែបន្តិច។ អ្នកអាចដកពិសោធន៍ព្រះសូរសៀងមួយរបស់ព្រះជាម្ចាស់ពេញមួយជីវិត ហើយនៅតែមិនដកពិសោធន៍បានគ្រប់គ្រាន់ទៀត។ មិនថាព្រះជាម្ចាស់មានព្រះសូរសៀងអ្វីទេ ដរាបណាអ្នកនៅមានជីវិតរស់ អ្នកនឹងដកពិសោធន៍មិនដែលគ្រប់ឡើយ ហើយមិនថាអ្នកមានគុណសម្បត្តិល្អបែបណាទេ អ្នកនៅត្រូវពឹងអាងលើការដកពិសោធន៍ និងការអនុវត្តព្រះបន្ទូលព្រះជាម្ចាស់ដដែល មុនពេលអ្នកអាចយល់ពីសេចក្តីពិតបាន។ សូមយកការធ្វើជាមនុស្សស្មោះត្រង់ធ្វើជាឧទាហរណ៍ទៅចុះ។ តើអ្នកត្រូវដកពិសោធន៍អស់រយៈពេលប៉ុន្មានឆ្នាំទៅ មុនពេលអ្នកអាចដោះស្រាយបញ្ហានៃការនិយាយកុហកបាន? អ្នកមិនត្រូវការបទពិសោធតែមួយឬពីរឆ្នាំ រួចអ្នកក៏លែងត្រូវការ ហើយអ្នកលែងនិយាយកុហក លែងបោកបញ្ឆោតទៀត ហើយឥឡូវ អ្នកក្លាយជាមនុស្សស្មោះត្រង់នោះឡើយ។ រឿងបែបនេះមិនអាចកើតឡើងបានទេ។ អ្នកត្រូវតែមានបទពិសោធជាច្រើនទសវត្សរ៍ មុនពេលអ្នកឃើញលទ្ធផលបែបនេះ។ នោះព្រោះតែមនុស្សមានភាពស្មុគស្មាញខ្លាំង ហើយនិស្ស័យពុករលួយរបស់ពួកគេត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងពួកគេ សញ្ញាណរបស់ពួកគេរារាំងពួកគេមិនឱ្យចូលទៅក្នុងសេចក្តីពិត មិនឱ្យស្គាល់ព្រះជាម្ចាស់ ចេតនារបស់ពួកគេរារាំងមិនឱ្យផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេ រារាំងពួកគេមិនឱ្យអនុវត្តសេចក្តីពិត ហើយទស្សនៈ និងជំហរដែលពួកគេមាននៅលើទង្វើ និងពាក្យសម្ដីរបស់ពួកគេរារាំងពួកគេមិនឱ្យយល់ដឹងពីសេចក្តីពិត។ ប្រសិនបើអ្នកអាចនិយាយ និងប្រព្រឹត្តស្របតាមសេចក្តីពិត ពោលគឺស្របតាមសេចក្តីពិតដែលព្រះជាម្ចាស់តម្រូវឱ្យមនុស្សទទួលបាននៅយុគសម័យនៃនគរព្រះ នោះអ្នកងាយនឹងចុះចូលតាមកិច្ចការរបស់ទ្រង់ និងអាចដើរលើផ្លូវត្រឹមត្រូវនៃជំនឿលើព្រះជាម្ចាស់មិនខាន។ ប្រសិនបើអ្នកមិនប្រព្រឹត្តតាមសេចក្តីពិតទេ នោះអ្នកនឹងឃ្លាតចេញឆ្ងាយពីព្រះជាម្ចាស់ ឬមួយអ្នកនឹងទាស់ប្រឆាំងនឹងព្រះជាម្ចាស់មិនខាន។ សូមកុំគិតថា ព្រោះតែអ្នកបានស្ដាប់សេចក្តីអធិប្បាយជាច្រើន និងបានជឿព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំបែបនេះ នោះកម្ពស់របស់អ្នកនឹងមិនខ្វះខាតច្រើននោះឡើយ! ការដេញតាមសេចក្តីពិត គឺជាបញ្ហានៃការទទួលបានជីវិត ជាការទទួលបានជីវិតអស់កល្បជានិច្ច។ សេចក្តីពិតមិនអាចប្រកែកបានជារៀងរហូត អនុវត្តបានជានិច្ច មិនអាចបោះបង់ចោល មិនអាចជំទាស់បាន និងមិនអាចបដិសេធបានឡើយ ពោលគឺ នេះហើយជាគុណតម្លៃ និងភាពសំខាន់នៃសេចក្តីពិតនោះ។ សេចក្តីពិត គឺខ្ពង់ខ្ពស់បំផុត ជ្រាលជ្រៅបំផុត និងមានតម្លៃបំផុត។ សេចក្ដីពិតមានតម្លៃណាស់ ហើយមនុស្សមានដែនកម្រិតនឹងអាចយល់ និងទទួលបាន បន្ទាប់ពីមានបទពិសោធពេញមួយជីវិត។

បុគ្គលម្នាក់និយាយថា៖ «ខ្ញុំជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា ខ្ញុំប្រតិបត្តិសេចក្តីជំនឿរបស់ខ្ញុំតែម្នាក់ឯងនៅផ្ទះ ហើយខ្ញុំក៏ច្រៀងបទទំនុកតម្កើង និងអធិស្ឋានទៅព្រះជាម្ចាស់ដែរ។ មិនថាស្ថិតនៅក្នុងដំណាក់កាលអ្វីឡើយ ខ្ញុំដើរតាមកិច្ចការ ហើយតាមរយៈការរក្សាសេចក្តីជំនឿដល់ទីបញ្ចប់នេះ ព្រះជាម្ចាស់នឹងមិនបោះបង់ខ្ញុំចោលឡើយ»។ តើអ្នកគិតបែបណាដែរអំពីចំណុចនេះ? តើអ្នកត្រូវធ្វើដូចម្ដេច ដើម្បីអាចដេញតាមសេចក្តីពិត ដោយប្រតិបត្តិសេចក្តីជំនឿរបស់អ្នកនៅផ្ទះ? តើអ្នកអាចដកពិសោធន៍កិច្ចការរបស់ព្រះជាម្ចាស់ ដោយមិនបំពេញភារកិច្ចរបស់អ្នកបានដោយរបៀបណា? ប្រសិនបើអ្នកមិនបំពេញភារកិច្ចរបស់អ្នកទេ នោះនិស្ស័យពុករលួយមួយចំនួននឹងមិនត្រូវបានបើកសម្ដែងឡើយ ពេលនោះ តើអ្នកនឹងឆ្លុះបញ្ចាំងពីខ្លួនឯងបានយ៉ាងដូចម្ដេច? តើអ្នកនឹងដកពិសោធន៍ការជំនុំជម្រះ និងការវាយផ្ចាលនៃព្រះបន្ទូលព្រះជាម្ចាស់បានដោយរបៀបណា? តើព្រះបន្ទូលព្រះជាម្ចាស់នឹងលាតត្រដាងអ្នក និងដោះស្រាយជាមួយអ្នកយ៉ាងដូចម្ដេច? មនុស្សមិនអាចដកពិសោធន៍ចំណុចទាំងនេះនៅផ្ទះបានទេ។ តើអ្នកពិតជាអាចស្គាល់ខ្លួនឯង ដោយគ្មានបទពិសោធជាក់ស្ដែងបានដែរឬ? តើអ្នកពិតជាអាចផ្លាស់ប្ដូរបានដែរឬទេ? ការផ្លាស់ប្ដូរនឹងមិនអាចកើតឡើងបានឡើយ។ ដើម្បីដកពិសោធន៍កិច្ចការព្រះជាម្ចាស់ អ្នកត្រូវតែរស់នៅជីវិតជាពួកជំនុំ ហើយមានតែតាមរយៈការបំពេញភារកិច្ចរបស់អ្នកទេ ទើបអ្នកអាចដកពិសោធន៍ចំណុចទាំងនេះបានត្រឹមត្រូវ។ ប្រសិនបើអ្នកប្រតិបត្តិសេចក្តីជំនឿរបស់អ្នកនៅផ្ទះរយៈពេលដប់ម្ភៃឆ្នាំជាង រួចនាគដ៏ធំមានសម្បុរក្រហមត្រូវបានដួលរលំ ហើយគ្រោះមហន្តរាយធំៗត្រូវបានបញ្ចប់ តើអ្នកអាចនិយាយពីការដកពិសោធន៍យ៉ាងពិតប្រាកដ និងធ្វើបន្ទាល់បានដែរឬទេ? ប្រជារាស្ត្រព្រះជាម្ចាស់ដែលបានធ្វើបន្ទាល់ដ៏ស្រស់បំព្រង ប្រជារាស្ត្រព្រះជាម្ចាស់ដែលបានផ្លាស់ប្ដូរយ៉ាងពិតប្រាកដ ប្រជារាស្ត្រព្រះជាម្ចាស់ដែលបានចុះចូលចំពោះព្រះជាម្ចាស់ និងមានភក្ដីភាពយ៉ាងពិតប្រាកដចំពោះទ្រង់ តើអ្នកនឹងអាចធ្វើបន្ទាល់បែបនេះបានដែរឬទេ? នៅពេលនោះ ខ្ញុំខ្លាចថា អ្នកនឹងត្រូវអាម៉ាស់មុខទាំងស្រុងទេ។ ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលថា ព្រះអង្គត្រាស់ហៅមនុស្សជាច្រើន ប៉ុន្តែជ្រើសរើសមនុស្សតិចប៉ុណ្ណោះ? នោះព្រោះតែក្នុងចំណោមមនុស្សជាតិដែលពុករលួយ អស់អ្នកដែលស្រឡាញ់សេចក្តីពិត មានចំនួនតិចពេក។ មនុស្សភាគច្រើនមិនស្រឡាញ់សេចក្តីពិតទេ ហើយក៏គ្មានសមត្ថភាពទទួលយកសេចក្តីពិតនោះដែរ។ ហេតុអ្វីបានជាខ្ញុំមានបន្ទូលបែបនេះ? មនុស្សខ្លះចាប់ផ្ដើមជឿលើព្រះជាម្ចាស់ ហើយខណៈពេលដែលគ្រប់យ៉ាងនៅផ្ទះគ្មានបញ្ហា ពួកគេមិនបានរអ៊ូរទាំទេ។ ក៏ប៉ុន្តែ នៅពេលមានរឿងកើតឡើង នៅពេលសមាជិកគ្រួសារធ្លាក់ខ្លួនឈឺ និងត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬក៏កូនរបស់គេមិនបានចូលរៀននៅមហាវិទ្យាល័យ ឬមានគ្រោះមហន្តរាយខ្លះកើតឡើង ពួកគេចាប់ផ្ដើមក្ដាប់ដៃគោះតុ រអ៊ូរទាំអំពីព្រះជាម្ចាស់ ដោយនិយាយថា៖ «ហ៊ឺម! តើការជឿព្រះជាម្ចាស់នាំឱ្យខ្ញុំបានអ្វីខ្លះហើយ? ព្រះជាម្ចាស់មិនបានប្រទានពរខ្ញុំទេ! ទ្រង់គួរតែប្រទានពរខ្ញុំ ប្រទានពរគ្រប់ផ្នែកនៃជីវិតខ្ញុំ រួមទាំងគ្រួសារខ្ញុំទាំងមូល កូនៗខ្ញុំ ស្វាមីខ្ញុំ (ឬភរិយាខ្ញុំ) ក៏ដូចជាម្ដាយឪពុកខ្ញុំ និងមនុស្សគ្រប់គ្នាដែរ។ ប្រសិនបើរឿងនេះមិនកើតឡើងចំពោះគ្រួសារខ្ញុំទេ តើខ្ញុំមិនបានកំពុងដេញតាមសេចក្តីពិតយ៉ាងអស់ពីចិត្តទេឬ?» ពួកគេមានការដោះសាបែបនេះសម្រាប់ការមិនទទួលបានសេចក្តីពិត! តើការដោះសារបស់ពួកគេអាចជំនួសសេចក្តីពិតបានដែរឬទេ? ពួកគេជឿថា ការដោះសារបស់ពួកគេ គឺគ្រប់គ្រាន់ និងសមស្របបំផុត ហើយជឿទៀតថា ការរអ៊ូរទាំ គឺជារឿងត្រឹមត្រូវ។ នៅពេលមនុស្សមិនឆ្លងកាត់ការល្បងល និងទុក្ខវេទនា ពួកគេមិនរអ៊ូរទាំអំពីព្រះជាម្ចាស់នោះទេ។ ពួកគេស្រែកឡើងថា ព្រះជាម្ចាស់ពិតជាខ្ពង់ខ្ពង់ និងអស្ចារ្យ។ ប៉ុន្តែ នៅពេលការល្បងល និងទុក្ខវេទនាមកដល់ បំណងចង់រអ៊ូរទាំរបស់ពួកគេអំពីព្រះជាម្ចាស់ អាចផ្ទុះឡើងបានគ្រប់ពេល។ ពួកគេមិនខ្វល់ និងមិនគិតពីអ្វីទាំងអស់។ ពួកគេគ្រាន់តែចង់បន្ធូរអារម្មណ៍របស់ខ្លួនប៉ុណ្ណោះ។ សម្រាប់អ្នកខ្លះ រឿងមិនបានកើតឡើងចំពោះគ្រួសារពួកគេឡើយ ប៉ុន្តែកើតឡើងចំពោះបសុសត្វរបស់ពួកគេ ហើយពួកគេក៏រអ៊ូរទាំអំពីព្រះជាម្ចាស់។ តើនេះមិនមែនជារឿងគ្មានហេតុផលទេឬ? ប្រសិនបើបុគ្គលម្នាក់អាចឈានដល់ដំណាក់កាលដែលមិនថាមានរឿងអ្វីកើតឡើងចំពោះគ្រួសារពួកគេ ឬមានគ្រោះមហន្តរាយណាមួយធ្លាក់លើពួកគេ ពួកគេមិនរអ៊ូរទាំអំពីព្រះជាម្ចាស់ ឬក៏យករឿងនោះទុកក្នុងចិត្ត នៅពេលពួកគេមិនបង្កការពន្យារពេលដល់ភារកិច្ចរបស់ខ្លួន ឬការលះបង់របស់ខ្លួនចំពោះព្រះជាម្ចាស់ មិនថាមានរឿងអ្វីកើតឡើង នៅពេលការស្ដាប់បង្គាប់របស់ពួកគេចំពោះព្រះជាម្ចាស់មិនរងឥទ្ធិពល និងនៅពេលអ្វីដែលបានកើតឡើង មិនរារាំងពួកគេមិនឱ្យសរសើរតម្កើងព្រះជាម្ចាស់នោះទេ ការនេះសបញ្ជាក់ឱ្យឃើញថា ដួងចិត្តរបស់ពួកគេដែលជឿលើព្រះជាម្ចាស់ គឺជាដួងចិត្តបរិសុទ្ធ។ ទស្សនៈបែប «កាលណាបុគ្គលម្នាក់ជឿលើព្រះជាម្ចាស់ នោះគ្រួសារគេទាំងមូលទទួលបានព្រះពរ» គឺទស្សនៈខុសឆ្គង។ ប្រសិនបើអ្នកតែងតែប្រកាន់ខ្ជាប់តាមទស្សនៈនេះនៅក្នុងជំនឿរបស់អ្នកលើព្រះជាម្ចាស់ នោះអ្នកនឹងមិនដែលទទួលបានសេចក្តីពិតឡើយ។ សូមក្រឡេកមើលសមាជិកគ្រួសារ និងសាច់ញាតិបងប្អូនដែលមិនជឿព្រះរបស់អ្នក ដែលមមាញឹករស់នៅជីវិតរបស់ពួកគេរាល់ថ្ងៃចុះ។ នៅពេលគ្រោះមហន្តរាយមកដល់ តើពួកគេនឹងអាចរួចខ្លួនដែរឬទេ? អត់ទេ ពួកគេនឹងមិនអាចរួចខ្លួនបានឡើយ។ ប្រសិនបើអ្នកមិនដេញតាមសេចក្តីពិតនៅក្នុងជំនឿរបស់អ្នកលើព្រះជាម្ចាស់ទេ ហើយអ្នកនៅតែបន្តធ្វើដូចជាសាច់ញាតិបងប្អូនរបស់អ្នក មិនអាចគេចផុតពីការដាក់ទោសនៃគ្រោះមហន្តរាយទេ នោះអ្នកនឹងត្រូវវិនាសរួមជាមួយពួកគេមិនខាន។ យ៉ាងណាមិញ ប្រសិនបើអ្នកពិតជាដេញតាមសេចក្តីពិត ហើយអ្នកអាចមើលធ្លុះពីសារជាតិរបស់ពួកគេ អ្នកនឹងអាចបដិសេធសាតាំង និងគិតថា៖ «ពួកគេមិនជឿលើព្រះជាម្ចាស់ទេ។ ពួកគេជាពួកអារក្ស ហើយពួកគេគួរតែត្រូវបំផ្លាញនៅក្នុងគ្រោះមហន្តរាយ។ ពួកគេធ្លាប់ព្យាយាមរារាំងខ្ញុំមិនឱ្យជឿព្រះជាម្ចាស់ ហើយពួកគេនិយាយស្ដីទាស់ប្រឆាំងនឹងព្រះជាម្ចាស់ ដែលជាការប្រមាថចំពោះព្រះជាម្ចាស់។ ពួកគេសមទទួលការដាក់ទោសដ៏យុត្តិធម៌ នៅពេលពួកគេស្លាប់ក្នុងគ្រោះមហន្តរាយហើយ។ បែបនេះ ព្រះបន្ទូលព្រះជាម្ចាស់ត្រូវបានសម្រេចយ៉ាងពិតប្រាកដ»។ អ្នកមិនមានសេចក្តីជំនឿបែបនេះពីមុនឡើយ ហើយក៏មិនហ៊ានដាក់បណ្ដាសាពួកអារក្សនោះដែរ។ ឥឡូវ អ្នកមើលឃើញពីមុខមាត់ពិតរបស់ពួកអារក្ស ហើយអ្នកកាន់តែមានចិត្តស្អប់ចំពោះពួកអារក្សទាំងនេះដែលស្អប់ព្រះជាម្ចាស់ ហើយប្រសិនបើពួកគេស្លាប់ នោះគ្រប់យ៉ាងដែលអ្នកនឹងត្រូវធ្វើ គឺគ្រាន់តែបញ្ចុះសពពួកគេទៅបានហើយ។ ការអាចមើលឃើញពួកគេបែបនេះ បង្ហាញថា ដួងចិត្តរបស់អ្នកបានបែរទៅរកព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ ប្រសិនបើអ្នកនៅតែមានសញ្ញាណ និងការស្រមើស្រមៃក្នុងចិត្តរបស់អ្នក តែងតែជឿថា៖ «កាលណាបុគ្គលម្នាក់ជឿលើព្រះជាម្ចាស់ នោះគ្រួសារគេទាំងមូលទទួលបានព្រះពរ ជឿថា សូម្បីតែសត្វដែលគ្រួសារគេចិញ្ចឹមក៏ទទួលបានព្រះពរ ជឿថា ផ្ទះគេក៏ទទួលព្រះពរ ហើយដំណាំនៅលើដីក៏ទទួលព្រះពរផងដែរ» ពេលនោះ សញ្ញាណទាំងនេះនឹងរារាំងអ្នកមិនឱ្យដេញតាមសេចក្តីពិត និងមិនឱ្យដើរតាមព្រះជាម្ចាស់ ព្រមទាំងបំពេញភារកិច្ចរបស់អ្នកបានឡើយ។ ប្រសិនបើដួងចិត្តរបស់បុគ្គលម្នាក់បែរទៅរកព្រះជាម្ចាស់ដោយស្មោះ ទៅរកព្រះជាម្ចាស់តែមួយ ពេលនោះ ដួងចិត្តរបស់ពួកគេក្លាយជាបរិសុទ្ធ និងសាមញ្ញបំផុត ហើយនៅពេលវេលានោះមកដល់ ពួកគេរងទុក្ខតិចតួចបំផុត។ ចុះហេតុអ្វីបានជាឥឡូវ អ្នករងទុក្ខច្រើនខ្លាំងម្ល៉េះ? នោះព្រោះតែអ្នកចំណាយពេលពេញមួយថ្ងៃរវល់ចុះឡើងសម្រាប់គ្រួសារអ្នក សម្រាប់កូនៗរបស់អ្នក ដោយខំប្រឹងប្រែងយ៉ាងខ្លាំងសម្រាប់ពួកគេ។ ប្រសិនបើអ្នកលះបង់ដោយស្មោះសម្រាប់ពួកជំនុំ នោះខ្ញុំហ៊ាននិយាយថា អ្នកនឹងបានធូរស្បើយច្រើន តើវាមិនបែបនេះទេឬ? គឺបែបនេះឯង ដោយសារតែឥឡូវ អ្នករវល់ខ្លាំងពេកជាមួយរឿងរ៉ាវនៃគ្រួសារ ហើយរវល់តិចពេកជាមួយរឿងរ៉ាវនៃពួកជំនុំ និងដោយសារតែកិច្ចការគ្រួសាររបស់អ្នកនឿយហត់ខ្លាំងពេកដល់ថ្នាក់អ្នកមិនអាចទ្រាំបាន រហូតដល់អ្នកចាប់ផ្ដើមរអ៊ូរទាំអំពីព្រះជាម្ចាស់។ ប៉ុន្តែមែនទែនទៅ តើអ្នកបានលះបង់ច្រើនប៉ុនណាហើយសម្រាប់ព្រះជាម្ចាស់? អ្នកមិនបានលះបង់អ្វីដែលសមនឹងលើកឡើងនោះទេ! អ្នកនៅតែរវល់ចុះឡើងសម្រាប់រឿងរ៉ាវនៃគ្រួសារ និងសាច់ឈាមរបស់អ្នក ដូច្នេះ តើអ្នកអាចរអ៊ូរទាំអំពីព្រះជាម្ចាស់ម្ដេចកើតទៅ? អ្នកមិនត្រូវរអ៊ូរទាំអំពីព្រះជាម្ចាស់ទៀតទេ។ អ្នកណាដែលជឿលើព្រះជាម្ចាស់ អ្នកនោះមានសមត្ថភាពទទួលបានសេចក្តីពិត និងមានឱកាសស្គាល់ព្រះជាម្ចាស់ ពោលគឺ ការនេះសំខាន់ណាស់ សំខាន់ជាងអ្វីផ្សេងទៀត ហើយក៏ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងបញ្ហាថាតើអ្នកនឹងទទួលបានសេចក្តីសង្រ្គោះឬអត់ផងដែរ។ យ៉ាងណាមិញ ដំបូង អ្នកត្រូវតែយកចេតនា ទស្សនៈ និងការយល់ដឹងមិនត្រឹមត្រូវរបស់អ្នកកាលអតីតកាល ក៏ដូចជាអ្វីៗដែលអ្នកដេញតាមនៅក្នុងអ្នក មកធ្វើការពិនិត្យពិច័យមើល ដើម្បីឱ្យបានស្គាល់ខ្លួនឯងស្របតាមព្រះបន្ទូលព្រះជាម្ចាស់។ កាលណាអ្នកអាចមើលឃើញច្បាស់អំពីបញ្ហាទាំងនេះ ពេលនោះ អ្នកអាចអនុវត្ត ដោយកាត់បន្ថយ និងលះបង់បញ្ហាទាំងនោះចោល។ កាលណាអ្នកមើលឃើញបញ្ហាទាំងនេះកាន់តែច្បាស់ និងកាន់តែមុត នោះអ្នកនឹងលះបង់បញ្ហាទាំងនេះចោលកាន់តែច្រើន រហូតដល់អ្នកអាចលះបង់រឿងចាស់បែបខុសឆ្គងទាំងនេះចោលទៀតផង។ ពេលនោះ អ្នកនឹងមានអារម្មណ៍ធូរស្រាលច្រើន ហើយនៅពេលអ្នកយកសេចក្តីពិតដែលអ្នកយល់ទៅអនុវត្ត និងអាចធ្វើបន្ទាល់ពីកិច្ចការទាំងនោះបាន អ្នកនឹងចាប់ផ្ដើមផ្លាស់ប្ដូរបន្តិចម្ដងៗ។ ឥឡូវ អ្នកគួរតែចាប់ផ្ដើមអនុវត្ត និងបណ្ដុះបណ្ដាលនៅក្នុងទិសដៅនេះ ហើយបន្តិចម្ដងៗ អ្នកនឹងលែងត្រូវបានគ្រប់គ្រង និងរំខានដោយបញ្ហាទាំងនោះទៀតហើយ ពោលគឺ ពេលនោះ អ្នកនឹងបានដើរនៅលើផ្លូវត្រឹមត្រូវនៃការជឿលើព្រះជាម្ចាស់មិនខាន។

តើអ្នករាល់គ្នាពិតជាបានយល់សេចក្តីទាំងអស់ដែលខ្ញុំបានមានបន្ទូលនេះហើយឬនៅ? តើអ្នករាល់គ្នាដឹងពីរបៀបចូលទៅក្នុងយុគសម័យថ្មីដែរឬទេ? ហើយអ្នកដឹងថាមានទិដ្ឋភាពណាខ្លះដែលអ្នកត្រូវផ្លាស់ប្ដូរ និងមានទិដ្ឋភាពណាខ្លះដែលអ្នកត្រូវចូលដែរឬទេ? អ្នករាល់គ្នាប្រហែលជាមិនយល់ពីចំណុចនេះឡើយ។ ទោះបីមនុស្សបានទទួលច្រកចូលខ្លះកាលពីអតីតកាលក៏ដោយ ក៏ពួកគេនៅខ្វះទិដ្ឋភាពជាច្រើន និងមិនអាចបំពេញតាមសេចក្តីត្រូវការរបស់ព្រះជាម្ចាស់នោះដែរ។ ឥឡូវ ព្រះជាម្ចាស់មានបន្ទូលជាច្រើន ដើម្បីដឹកនាំមនុស្សចូលទៅក្នុងយុគសម័យថ្មី។ ហេតុអ្វីបានជាមនុស្សតែងតែមានសញ្ញាណអំពីព្រះបន្ទូលព្រះជាម្ចាស់ និងកិច្ចការរបស់ទ្រង់? ការនេះបង្ហាញថា កាលពីមុន ពួកគេមិនទទួលបានសេចក្តីពិតទេ និងបង្ហាញទៀតថា ពួកគេគ្មានតថភាពនៃសេចក្តីពិតនោះឡើយ។ ទោះបីអ្នកអាចទទួលយកព្រះបន្ទូលព្រះជាម្ចាស់ នៅពេលអ្នកអានព្រះបន្ទូលទាំងនោះឥឡូវនេះបានក៏ដោយ ចុះហេតុអ្វីបានជានៅក្នុងជីវិតជាក់ស្ដែងរបស់អ្នក អ្នកមិនអាចអនុវត្តតាមសេចក្តីពិត ប៉ុន្តែផ្ទុយទៅវិញ បែរជាប្រព្រឹត្តបះបោរទាស់នឹងព្រះជាម្ចាស់ និងប្រឆាំងចំពោះទ្រង់ជានិច្ចទៅវិញ? ហេតុអ្វីបានជានៅពេលមានរឿងកើតឡើងចំពោះអ្នក អ្នកតែងតែមានគំនិតផ្ទាល់ខ្លួន និងប្រព្រឹត្តតាមអំពើចិត្តរបស់អ្នក ហើយមិនអាចស្ដាប់បង្គាប់ព្រះជាម្ចាស់បានដូច្នេះ? នោះព្រោះតែមានរឿងរ៉ាវខាងសាច់ឈាមច្រើនពេក និងមានរឿងរ៉ាវនៃឆន្ទៈផ្ទាល់ខ្លួននៅក្នុងអ្នក តែងតែគិតថា ផ្លូវរបស់អ្នកគឺជាផ្លូវត្រឹមត្រូវ។ អ្នករាល់គ្នាយល់ថា ខ្លួនអស្ចារ្យ នៅពេលស្ដាប់សេចក្តីអធិប្បាយមួយ និងគ្មានសញ្ញាណឡើយ ប៉ុន្តែនៅពេលមានរឿងកើតឡើងចំពោះអ្នក អ្នកចង់អនុវត្តសេចក្តីពិត ប៉ុន្តែអ្នកបាត់បង់ម្ចាស់ការ ហើយបញ្ហាដែលបះបោរនៅក្នុងអ្នកនោះ ក៏ផុសចេញមក។ ខ្ញុំនិយាយថា អ្នករាល់គ្នាបះបោរពេកហើយ ហើយបើអ្នករាល់គ្នាមិនជឿលើខ្ញុំទេ អ្នកអាចបន្តកត់ត្រាទុកបាន។ គ្រប់ពេលដែលអ្នកឮព្រះសូរសៀងព្រះជាម្ចាស់ ចូរកត់ត្រាទុកមើលថាមានសញ្ញាណអ្វីខ្លះផុសឡើងនៅក្នុងដួងចិត្តរបស់អ្នក ហើយមើលថាអ្នកមានគំនិតអ្វីខ្លះ បន្ទាប់មក ត្រូវជីកកកាយចេញនូវអ្វីៗដែលមាននៅក្នុងអ្នក ពិនិត្យពិច័យមើលអ្វីៗទាំងនោះ ប្រៀបធៀបវាជាមួយព្រះបន្ទូលព្រះជាម្ចាស់ ហើយពេលនោះ អ្នកនឹងដឹងថា អ្នកមានការបះបោរខ្លាំងកម្រិតណា។ ការអនុវត្តបែបនេះ គឺមានប្រយោជន៍សម្រាប់ច្រកចូលទៅក្នុងជីវិតរបស់អ្នក។ អ្នកត្រូវតែហ៊ានប្រឈមនឹងការពិត និងហ៊ានបើកសម្ដែងពីខ្លួនឯង។ កាលណាអ្នកហ៊ានបើកសម្ដែងពីខ្លួនឯង ការនេះសបញ្ជាក់ឱ្យឃើញថា អ្នកមានដួងចិត្តដែលទទួលយកសេចក្តីពិត ជាដួងចិត្តដែលលះបង់ចោលសញ្ញាណ និងចុះចូលចំពោះព្រះជាម្ចាស់។ អ្នកត្រូវតែបោះបង់ខ្លួនឯងចោល។ កុំចេះតែបះបោរទាស់នឹងព្រះជាម្ចាស់នោះឡើយ ដ្បិតនេះជាទង្វើខុសឆ្គង។ ការជឿព្រះជាម្ចាស់ តែមិនដឹងពីរបៀបស្ដាប់បង្គាប់ទ្រង់ គឺជាជំនឿឥតន័យ។ កាលណាអ្នកងាយស្រួលក្នុងការស្ដាប់បង្គាប់ព្រះជាម្ចាស់ នោះជាពេលដែលអ្នកនឹងមានសេចក្តីសុខសាន្ត និងអំណរនៅក្នុងដួងចិត្តរបស់អ្នក។ អ្នកនឹងមានសេចក្តីអំណរដ៏ធំ ក្រោយមក នៅពេលអ្នកអានព្រះបន្ទូលព្រះជាម្ចាស់ នោះអ្នកនឹងដឹងពីអ្វីដែលត្រូវនិយាយ នៅពេលអ្នកអធិស្ឋានទៅព្រះជាម្ចាស់ ហើយអ្នកនឹងរីកចម្រើនកាន់តែជិតស្និទ្ធជាមួយទ្រង់។ អ្នកដែលតែងតែបះបោរទាស់នឹងព្រះជាម្ចាស់ អ្នកនោះមិនដែលចង់អនុវត្តសេចក្តីពិតទេ ហើយនៅពេលពួកគេអានព្រះបន្ទូលព្រះជាម្ចាស់ ព្រះបន្ទូលទាំងនោះមិនជ្រួតជ្រាបចូលពួកគេឡើយ ដូច្នេះ តើដួងចិត្តពួកគេអាចមានសេចក្តីសុខសាន្ត និងអំណរម្ដេចកើតទៅ? នៅពេលមនុស្សជួបបញ្ហា សញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេក៏ផុសឡើង ហើយពួកគេមិនអាចគេចចេញពីសញ្ញាណ និងការស្រមើស្រមៃទាំងនោះបានទេ។ ពេលនោះ អ្នកត្រូវតែសញ្ជឹងគិត និងឆ្លុះបញ្ចាំង ដោយគិតថា៖ «តើបញ្ហានេះកើតឡើងដោយរបៀបណា? តើសញ្ញាណបែបនេះផុសឡើងដោយរបៀបណា? តើវាមានប្រភពពីណា?» អ្នកត្រូវតែអធិស្ឋានទៅព្រះជាម្ចាស់ អានព្រះបន្ទូលព្រះជាម្ចាស់ មើលធ្លុះបញ្ហានេះ ហើយនៅពេលបញ្ហានេះត្រូវបានដោះស្រាយ អ្នកនឹងទទួលបានច្រកចូលទៅក្នុងជីវិត។ ប្រសិនបើអ្នកមិនដោះស្រាយបញ្ហាជាក់ស្ដែងទាំងនេះតាមបែបនេះទេ ហើយតែងតែជឿថា ការមានសញ្ញាណខ្លះ មិនមែនជារឿងធំដុំ ជឿថា សញ្ញាណទាំងនោះនឹងបាត់ទៅវិញដោយឯកឯងនៅពីរបីថ្ងៃបន្ទាប់ ហើយជឿទៀតថា នៅពេលសញ្ញាណទាំងនោះរលាយបាត់ទៅ ពេលនោះ វាមានន័យថា អ្នកនឹងគ្មានសញ្ញាណ អ្នកនឹងតែងតែគិតថា អ្នកគ្មានសញ្ញាណ ប៉ុន្តែតាមពិតទៅ នៅពេលសញ្ញាណបានផុសឡើង អ្នកបានមើលរំលង និងទុកវានៅម្ដុំ។ ពេលនោះ អ្នកមានអារម្មណ៍ថា វាមិនបង្កបញ្ហាឡើយ ហើយក្រោយមក អ្នកមិនទទួលស្គាល់ថា អ្នកមានសញ្ញាណណាមួយឡើយ។ តាមធម្មតា នៅពេលមនុស្សមិនឆ្លងកាត់ការលួសកាត់ និងការដោះស្រាយ នៅពេលពួកគេមិនប្រឈមនឹងស្ថានភាពលំបាកទេ នោះពួកគេគ្មានសញ្ញាណឡើយ ហើយក៏ភ្លេចថា ខ្លួនមានសញ្ញាណដែរ។ ពួកគេគិតថា ខ្លួនឯងអស្ចារ្យ គិតថា ពួកគេពិតជាគ្មានសញ្ញាណមែន។ ក៏ប៉ុន្តែ នៅពេលមានរឿងកើតឡើង សញ្ញាណក៏ផុសឡើង ហើយពួកគេប្រឆាំងនឹងព្រះជាម្ចាស់ ប៉ុន្តែមួយរយៈក្រោយមក សញ្ញាណក៏បាត់ទៅវិញ ហើយពួកគេភ្លេចអំពីរឿងនេះ។ ជាថ្មីម្ដងទៀត ពួកគេមានអារម្មណ៍ថា ពួកគេមានសភាពអស្ចារ្យ និងយល់ថា ពួកគេគ្មានសញ្ញាណអំពីព្រះជាម្ចាស់ឡើយ តើពួកគេមានបញ្ហាអ្វីដែរ? បញ្ហានោះគឺថា ពួកគេមិនយល់យ៉ាងពិតប្រាកដអំពីសេចក្តីពិត និងមិនបានដោះស្រាយសញ្ញាណរបស់ពួកគេដល់ប្រភពរបស់វាឡើយ។ នោះជាមូលហេតុដែលសញ្ញាណទាំងនេះចេះតែផុសឡើង រហូតដល់ពេលមួយមានបុគ្គលម្នាក់ប្រកបគ្នាយ៉ាងហ្មត់ចត់ជាមួយពួកគេអំពីសេចក្តីពិត ទើបក្រោយមក សញ្ញាណរបស់ពួកគេត្រូវបានដោះស្រាយយ៉ាងល្អ។ ពេលនិយាយដល់ការដោះស្រាយសញ្ញាណរបស់បុគ្គលម្នាក់ បើមិនស្វែងរកសេចក្តីពិតដោយស្មោះត្រង់ទេ នោះវានឹងគ្មានប្រយោជន៍ឡើយ ពោលគឺ ការគ្រាន់តែយល់ដឹងពីគោលលទ្ធិ គឺគ្មានន័យឡើយ។ អ្នកណាដែលមិនយល់ពីសេចក្តីពិត អ្នកនោះស្គាល់ខ្លួនបែបរាក់កំផែល និងមានដែនកំណត់ប៉ុណ្ណោះ។ ពេលខ្លះ នៅពេលសញ្ញាណនៅក្នុងពួកគេផុសឡើង ពួកគេមិនអាចឈ្វេងយល់ពីសញ្ញាណទាំងនោះឡើយ ហើយថែមទាំងមិនដឹងថានោះជាសញ្ញាណទៀតផង។ សញ្ញាណតូចមួយដែលមិនត្រូវបានដោះស្រាយ នឹងមិនធ្វើឱ្យពួកគេបង្កកំហុសនោះទេ ប៉ុន្តែសញ្ញាណធំដែលមិនត្រូវបានដោះស្រាយ នឹងធ្វើឱ្យពួកគេបង្កកំហុសភ្លាមៗបាន។ ដើម្បីស្គាល់ខ្លួនឯង ដំបូង អ្នកត្រូវតែដោះស្រាយសញ្ញាណ និងការស្រមើស្រមៃរបស់អ្នក ព្រមទាំងដោះស្រាយទស្សនៈខុសឆ្គងរបស់អ្នកដែលផុសឡើងជាញឹកញាប់។ ក្រោយមក ត្រូវដោះស្រាយរាល់និស្ស័យពុករលួយរបស់អ្នក ចាប់ពីនិស្ស័យបែបរាក់កំផែលទៅនិស្ស័យកាន់ស៊ីជម្រៅ កាន់តែស្មុគស្មាញ ហើយដោយធ្វើបែបនេះ បន្តិចម្ដងៗ អ្នកនឹងចូលទៅក្នុងតថភាពនៃសេចក្តីពិត។ ការស្គាល់ខ្លួនឯង ដំបូងឡើយត្រូវចាប់ផ្ដើមជាមួយនឹងការស្គាល់ពីសញ្ញាណ និងការស្រមើស្រមៃដែលមាននៅក្នុងអ្នក។ នៅពេលការយល់ដឹងរបស់អ្នកអំពីសេចក្តីពិតកាន់តែស៊ីជម្រៅ នោះអ្នកនឹងចាប់ផ្ដើមស្គាល់ខ្លួនឯងកាន់តែស៊ីជម្រៅដែរ។ នៅពេលនិយាយដល់ការស្គាល់ខ្លួនឯង អ្នកត្រូវតែមានភាពល្អិតល្អន់។ ប្រសិនបើអ្នកមិនដែលស្គាល់ខ្លួនឯងទេ នោះអ្នកនឹងមិនទទួលបានច្រកចូលទៅក្នុងជីវិតឡើយ។ ច្រកចូលទៅក្នុងជីវិតចាប់ផ្ដើមដោយការស្គាល់ខ្លួនឯង។ ប្រសិនបើអ្នកចង់ទទួលបានច្រកចូលទៅក្នុងជីវិត ពេលនោះ អ្នកត្រូវតែស្វែងរកសេចក្តីពិតដោយយកចិត្តទុកដាក់ យកឱកាសដោះស្រាយបញ្ហារបស់អ្នក និងមិនត្រូវបណ្ដោយឱ្យវារួចចេញទៅសូម្បីតែមួយឡើយ។ នៅពេលអ្នកបានកត់ត្រាសញ្ញាណរបស់អ្នក អ្នកត្រូវតែស្វែងរកសេចក្តីពិត បើកចិត្ត និងចូលរួមក្នុងការប្រកបគ្នា ហើយពិនិត្យពិច័យមើលសញ្ញាណទាំងនោះស្របតាមព្រះបន្ទូលព្រះជាម្ចាស់។ នៅពេលអ្នកយល់ពីសេចក្តីពិត សញ្ញាណទាំងនេះនឹងត្រូវបានដោះស្រាយទាំងស្រុងមិនខាន។ ប្រសិនបើអ្នកជួបបញ្ហាដដែលម្ដងទៀត រួចសញ្ញាណរបស់អ្នកផុសឡើងសាជាថ្មី ហើយដួងចិត្តរបស់អ្នកត្រូវបានគ្រប់គ្រងដោយសញ្ញាណទាំងនោះ ការនេះបង្ហាញថា អ្នកមិនបានយល់ពីសេចក្តីពិតយ៉ាងពិតប្រាកដឡើយ ប៉ុន្តែបង្ហាញថា អ្នកគ្រាន់តែយល់ពីគោលលទ្ធិប៉ុណ្ណោះ ដូច្នេះហើយទើបសញ្ញាណរបស់អ្នកនៅតែមានដដែល។ មានតែពេលដែលអ្នកចាប់ផ្ដើមស្គាល់ពីសេចក្តីពិតយ៉ាងពិតប្រាកដទេ ទើបសញ្ញាណរបស់អ្នករលាយបាត់ទាំងស្រុង ហើយទោះបីជាសញ្ញាណទាំងនោះផុសឡើងសាជាថ្មីទៅថ្ងៃអនាគតក៏ដោយ ក៏វានឹងត្រូវបានដោះស្រាយដោយងាយស្រួល ហើយអ្នកនឹងមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់វាដែរ នោះព្រោះតែអ្នកយល់ពីសេចក្តីពិត។ សូមប្រាប់ខ្ញុំមើល៍ តើការអនុវត្តការស្គាល់ខ្លួនឯង និងការចូលទៅក្នុងសេចក្តីពិតបែបនេះ ពិបាកដែរឬទេ? តើវាត្រូវខំប្រឹងខ្លាំងដែរឬទេ? វាត្រូវខំប្រឹងខ្លាំង! ប្រសិនបើការស្គាល់ខ្លួនឯងរបស់អ្នក គ្រាន់តែពាក់ព័ន្ធទៅនឹងការទទួលស្គាល់បែបតក់ក្រហល់នូវអ្វីៗដែលមិនបានគិតគូរល្អិតល្អន់ ប្រសិនបើអ្នកគ្រាន់តែនិយាយថា អ្នកក្រអឺតក្រទម និងរាប់ថាខ្លួនថាសុចរិត និយាយថា អ្នកបះបោរទាស់ និងរឹងទទឹងនឹងព្រះជាម្ចាស់ នោះមិនមែនជាចំណេះដឹងដ៏ពិតប្រាកដទេ ប៉ុន្តែវាគឺជាគោលលទ្ធិវិញទេ។ អ្នកត្រូវតែរួមបញ្ចូលការពិតទៅក្នុងការនេះ៖ អ្នកត្រូវតែបើកបង្ហាញនូវបញ្ហាណាខ្លះដែលនាំឱ្យអ្នកមានចេតនា និងទស្សនៈខុសឆ្គង ក៏ដូចជាមានយោបល់គ្មានហេតុផល ដើម្បីយកមកធ្វើការប្រកបគ្នា និងពិនិត្យពិច័យមើល។ មានតែបែបនេះទេ ទើបជាការស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដ។ អ្នកមិនគួរទទួលបានការយល់ដឹងពីខ្លួនឯង ដោយផ្អែកលើសកម្មភាពរបស់អ្នកតែមួយមុខទេ។ អ្នកត្រូវតែយល់ចំណុចសំខាន់របស់វា ហើយដោះស្រាយដល់ឫសគល់នៃបញ្ហា។ កាលណាពេលវេលាបានកន្លងផុតទៅមួយរយៈ អ្នកត្រូវឆ្លុះបញ្ចាំងពីខ្លួនឯង ហើយពិនិត្យមើលថាមានបញ្ហាណាខ្លះដែលអ្នកបានដោះស្រាយរួច និងបញ្ហាណាខ្លះទៀតដែលនៅសេសសល់។ ដូច្នេះ អ្នកក៏ត្រូវស្វែងរកសេចក្ដីពិត ដើម្បីដោះស្រាយបញ្ហាទាំងនេះដែរ។ អ្នកមិនត្រូវអកម្ម អ្នកមិនត្រូវការឱ្យអ្នកដទៃមកលួងលោមអ្នក មកចាំជំរុញអ្នក ឬថែមទាំងដឹកច្រមុះអ្នកគ្រប់ពេលនោះទេ។ អ្នកត្រូវតែមានផ្លូវរបស់អ្នកផ្ទាល់សម្រាប់ច្រកចូលទៅក្នុងជីវិត។ អ្នកត្រូវតែពិនិត្យមើលខ្លួនឯងជាញឹកញាប់ ដើម្បីមើលថាតើមានចំណុចអ្វីខ្លះដែលអ្នកបាននិយាយ និងធ្វើ ដែលផ្ទុយទៅនឹងសេចក្តីពិត មើលថាតើអ្នកមានចេតនាខុសឆ្គងណាខ្លះ ហើយអ្នកបានបើកសម្ដែងនិស្ស័យពុករលួយអ្វីខ្លះ។ ប្រសិនបើអ្នកតែងតែអនុវត្ត និងចូលទៅក្នុងបែបនេះ បើអ្នកតម្រូវពីខ្លួនឯងបែបម៉ឺងម៉ាត់ នោះបន្តិចម្ដងៗ អ្នកនឹងអាចយល់ពីសេចក្តីពិត និងចូលទៅក្នុងជីវិតមិនខាន។ នៅពេលអ្នកយល់ពីសេចក្តីពិតបានយ៉ាងពិតប្រាកដ អ្នកនឹងឃើញថា តាមពិតទៅ អ្នកគ្មានអ្វីឡើយ។ ម្យ៉ាង អ្នកមាននិស្ស័យពុករលួយយ៉ាងធ្ងន់ធ្ងរ ហើយម្យ៉ាងទៀត អ្នកខ្វះខាតច្រើនណាស់ ហើយអ្នកមិនយល់ពីសេចក្តីពិតណាមួយឡើយ។ ប្រសិនបើនៅថ្ងៃណាមួយអ្នកមានការស្គាល់ខ្លួនឯងបែបនេះយ៉ាងពិតប្រាកដ នោះអ្នកនឹងលែងមានសមត្ថភាពក្រអឺតក្រទមទៀតហើយ ហើយនៅក្នុងរឿងរ៉ាវជាច្រើន អ្នកនឹងមានវិចារណញ្ញាណ និងមានសមត្ថភាពស្ដាប់បង្គាប់។ តើឥឡូវនេះ បញ្ហាគន្លឹះគឺជាអ្វីទៅ? តាមរយៈការប្រកបគ្នា និងការពិនិត្យពិច័យមើលសារជាតិនៃសញ្ញាណ មនុស្សចាប់ផ្ដើមយល់ពីមូលហេតុដែលនាំឱ្យពួកគេមានសញ្ញាណ ហើយពួកគេអាចដោះស្រាយសញ្ញាណខ្លះបាន ប៉ុន្តែការនេះមិនមានន័យថា ពួកគេអាចមើលឃើញយ៉ាងច្បាស់ពីសារជាតិនៃគ្រប់សញ្ញាណនោះទេ វាគ្រាន់តែមានន័យថា ពួកគេមានការស្គាល់ខ្លួនឯងខ្លះ ប៉ុន្តែចំណេះដឹងរបស់ពួកគេមិនទាន់ស៊ីជម្រៅគ្រប់គ្រាន់ ឬក៏ច្បាស់លាស់គ្រប់គ្រាន់នោះឡើយ។ ក្នុងន័យម្យ៉ាងទៀត ពួកគេនៅមិនទាន់មើលឃើញច្បាស់ពីធម្មជាតិ និងសារជាតិរបស់ខ្លួនឡើយ ក៏មិនទាន់មើលឃើញថា មាននិស្ស័យពុករលួយអ្វីខ្លះបានចាក់ឫសនៅក្នុងដួងចិត្តពួកគេនោះដែរ។ វាមានកម្រិតចំពោះចំនួនដែលមនុស្សម្នាក់អាចទទួលបានការស្គាល់ខ្លួនឯងនៅក្នុងរបៀបនេះ។ អ្នកខ្លះនិយាយថា៖ «ខ្ញុំដឹងថា និស្ស័យខ្ញុំគឺក្រអឺតក្រទមខ្លាំង តើនេះមិនមានន័យថា ខ្ញុំស្គាល់ខ្លួនឯងទេឬអី?» ចំណេះដឹងបែបនេះ គឺរាក់កំផែលពេកហើយ។ វាមិនអាចដោះស្រាយបញ្ហាបានទេ។ ប្រសិនបើអ្នកស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដ ចុះហេតុអ្វីក៏អ្នកនៅតែស្វែងរកការរីកចម្រើនផ្ទាល់ខ្លួន? ហេតុអ្វីក៏អ្នកនៅតែស្រេកឃ្លានចង់បានឋានៈ និងកិត្តិយស? ការនេះមានន័យថា ធម្មជាតិក្រអឺតក្រទមរបស់អ្នកមិនទាន់ត្រូវបានកម្ចាត់ចោលនៅឡើយទេ។ ហេតុដូចនេះ ការផ្លាស់ប្ដូរត្រូវចាប់ផ្ដើមពីគំនិត និងទស្សនៈរបស់អ្នក ព្រមទាំងចេតនានៅពីក្រោយពាក្យសម្ដី និងទង្វើរបស់អ្នក។ តើអ្នករាល់គ្នាទទួលស្គាល់ដែរឬទេថា ភាគច្រើននៃពាក្យសម្ដីរបស់មនុស្ស មានភាពឈឺចាប់ និងពិសពុល ហើយមានសមាសភាពនៃភាពក្រអឺតក្រទមនៅក្នុងសំនៀងដែលពួកគេប្រើ? ពាក្យសម្ដីរបស់ពួកគេបង្កប់នូវចេតនា និងទស្សនៈផ្ទាល់ខ្លួន។ អស់អ្នកដែលមានការយល់ដឹងជ្រៅជ្រះ នឹងអាចឈ្វេងយល់ពីបញ្ហានេះបាន នៅពេលពួកគេស្ដាប់ឮ។ អ្នកខ្លះនិយាយស្ដីតាមរបៀបជាក់លាក់មួយ និងមានការបញ្ចេញមតិបែបជាក់លាក់ ភាគច្រើននៅពេលភាពក្រអឺតក្រទមរបស់ពួកគេមិនបង្ហូរចេញពីពួកគេ ប៉ុន្តែពួកគេមានឥរិយាបថខុសស្រឡះពីនេះ នៅពេលភាពក្រអឺតក្រទមរបស់ពួកគេត្រូវបានបើកសម្ដែងចេញ។ ពេលខ្លះ ពួកគេនឹងនិយាយជាហូរហែរអំពីគំនិតដែលស្ដាប់ទៅខ្ពង់ខ្ពស់របស់ខ្លួន ពេលខ្លះ ពួកគេនឹងបញ្ចេញចង្កូម និងក្រញ៉ាំរបស់ខ្លួន ហើយពើងទ្រូងឡើង។ ពួកគេគិតថា ពួកគេគឺជាស្ដេចនៃភ្នំ ហើយនៅក្នុងរឿងនេះ មុខមាត់ដ៏អាក្រក់របស់សាតាំង ត្រូវបានលាតត្រដាង។ មានចេតនា និងនិស្ស័យពុករលួយគ្រប់បែបយ៉ាងនៅក្នុងមនុស្សគ្រប់គ្នា។ ដូចមនុស្សមានកលល្បិចធ្មេចភ្នែក នៅពេលពួកគេនិយាយ និងក្រឡេកមើលអ្នកដទៃចេញពីចុងភ្នែករបស់ខ្លួនអ៊ីចឹង ពោលគឺ ទង្វើទាំងនេះមានលាក់បាំងនូវនិស្ស័យពុករលួយមួយ។ អ្នកខ្លះនិយាយស្ដីបែបបង្វែរដាន ហើយអ្នកដទៃនឹងមិនដែលដឹងពីអត្ថន័យដែលពួកគេនិយាយឡើយ។ នៅក្នុងពាក្យសម្ដីរបស់ពួកគេតែងតែមានអត្ថន័យបង្កប់ និងកលល្បិចជានិច្ច ប៉ុន្តែពីសម្បកក្រៅ ពួកគេមានចិត្តស្ងប់ និងនឹងធឹងខ្លាំងណាស់។ មនុស្សបែបនេះ បោកបញ្ឆោតកាន់តែខ្លាំង ហើយកាន់តែពិបាកក្នុងការទទួលយកសេចក្តីពិត។ មនុស្សបែបនេះពិបាកនឹងសង្រ្គោះណាស់។

កាលពីមុន នៅពេលមនុស្សជឿលើព្រះជាម្ចាស់ ពួកគេតែងតែស្កប់ចិត្តជាមួយនឹងការមានគ្រួសារដ៏សុខសាន្ត និងគ្រប់យ៉ាងដែលពួកគេធ្វើដំណើរការយ៉ាងរលូន ហើយពួកគេជឿថា ការនេះមានន័យថា ព្រះជាម្ចាស់ស្រឡាញ់ពួកគេយ៉ាងពិតប្រាកដ និងគាប់ព្រះហឫទ័យជាមួយពួកគេ។ ប្រសិនបើអ្នកគ្រាន់តែស្កប់ចិត្តជាមួយរឿងទាំងនេះ នោះអ្នកនឹងមិនដែលដើរលើផ្លូវនៃការដេញតាមសេចក្តីពិតទេ។ កុំស្កប់ចិត្តជាមួយនឹងជីវិតរបស់អ្នកដែលដំណើរការល្អ ឬរលូនពីខាងក្រៅនោះឡើយ ដ្បិតរបស់ពីខាងក្រៅទាំងនេះមិនសំខាន់នោះទេ។ សេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់សម្រាប់មនុស្សនាពេលសព្វថ្ងៃ ពាក់ព័ន្ធនឹងការបន្សុទ្ធ និងការផ្លាស់ប្ដូរអ្វីៗដែលកប់ជ្រៅនៅក្នុងមនុស្ស ដែលទាក់ទងនឹងសាតាំង ដោយជីករំលើងដល់ឫស ហើយលាតត្រដាងអ្វីៗទាំងនោះតាមរយៈសារជាតិ និងធម្មជាតិរបស់មនុស្ស។ ហេតុអ្វីបានជាព្រះជាម្ចាស់តែងតែពិនិត្យពិច័យមើលទស្សនៈ និងចេតនារបស់មនុស្ស? នោះព្រោះតែធម្មជាតិរបស់មនុស្សត្រូវបានចាក់ឫសយ៉ាងជ្រៅ។ ព្រះជាម្ចាស់មិនទតមើលថា អ្នកប្រព្រឹត្តបែបណា មានរូបរាងយ៉ាងណា មានកម្ពស់ប៉ុនណានោះទេ ហើយទ្រង់ក៏មិនទតមើលថា អ្នកមានគ្រួសារបែបណា ឬក៏ថាតើអ្នកមានការងារឬអត់នោះដែរ ពោលគឺ ព្រះជាម្ចាស់មិនទតមើលចំណុចទាំងនេះទេ។ ចំណុចគន្លឹះដែលព្រះជាម្ចាស់ទតមើល គឺជាសារជាតិរបស់អ្នក ដើម្បីដោះស្រាយបញ្ហារបស់អ្នករហូតដល់សារជាតិ និងឫសគល់តែម្ដង។ ហេតុដូចនេះ កុំស្កប់ចិត្តត្រឹមជាមួយគ្រួសារសុខសាន្ត និងអ្វីគ្រប់យ៉ាងដែលដំណើរការយ៉ាងរលូន ដោយគិតថា ពេលនោះ ព្រះជាម្ចាស់កំពុងប្រទានពរអ្នកនោះឡើយ ពោលគឺ នេះជាទស្សនៈខុសឆ្គងហើយ។ កុំដេញតាមរបស់ខាងក្រៅទាំងនេះឡើយ ក៏កុំបណ្តោយខ្លួនឱ្យជាប់ជំពាក់នឹងរបស់ទាំងនេះដែរ។ ប្រសិនបើអ្នកស្កប់ចិត្តជាមួយនឹងរបស់ទាំងនេះ នោះវាបង្ហាញថា គោលដៅដែលអ្នកកំពុងតែដេញតាមនៅក្នុងជំនឿរបស់អ្នកលើព្រះជាម្ចាស់ គឺទាបពេកហើយ ហើយអ្នកកំពុងតែឃ្លាតនៅឆ្ងាយពីអ្វីដែលព្រះជាម្ចាស់តម្រូវហើយ។ អ្នកត្រូវតែផ្តោតលើការផ្លាស់ប្ដូរនិស្ស័យ ដោយចាប់ផ្ដើមជាមួយនឹងនិស្ស័យ និងភាពជាមនុស្សរបស់អ្នក ក៏ដូចជាចេតនារបស់អ្នក និងទស្សនៈដែលអ្នកមាននៅក្នុងជំនឿរបស់អ្នកលើព្រះជាម្ចាស់។ បែបនេះ នៅពេលអ្នកទាក់ទងជាមួយមនុស្ស ដែលទើបតែចាប់ផ្ដើមជឿលើព្រះជាម្ចាស់ ឬដែលមិនទាន់ទទួលយកទ្រង់ នោះតាមរយៈរូបរាងរបស់អ្នក ពួកគេនឹងអាចមើលឃើញថា អ្នកបានឆ្លងកាត់ការផ្លាស់ប្ដូរ និងឃើញទៀតថា អ្វីដែលអ្នកដេញតាមនេះ ពិតជាខុសប្លែកពីគេ។ ពួកគេនិយាយថា៖ «នៅក្នុងជំនឿរបស់យើងលើព្រះជាម្ចាស់ យើងដេញតាមការរកលុយឱ្យបានច្រើន ដេញតាមឋានៈ ចង់ឱ្យកូនៗរបស់យើងចូលរៀននៅមហាវិទ្យាល័យ និងឱ្យកូនស្រីៗរបស់យើងរកបានដៃគូដ៏សមរម្យមួយ។ ហេតុអ្វីបានជាអ្នកមិនដេញតាមរឿងទាំងនេះ? អ្នកមើលទៅកាន់អ្វីៗទាំងនេះហាក់ដូចជាលាមក និងគ្មានតម្លៃសោះឡើយ។ អ៊ីចឹង តើអ្នកជឿលើព្រះជាម្ចាស់ដូចម្ដេចទៅ?» ពេលនោះ អ្នកប្រកបគ្នាជាមួយពួកគេអំពីបទពិសោធរបស់អ្នក អំពីនិស្ស័យពុករលួយអ្វីខ្លះដែលអ្នកមាន អំពីរបៀបដែលព្រះជាម្ចាស់លួសកាត់ និងដោះស្រាយជាមួយអ្នក អំពីរបៀបវាយផ្ចាល និងជំនុំជម្រះអ្នក អំពីរបៀបដែលអ្នកឆ្លុះបញ្ចាំងពីខ្លួនឯង និងយល់ដឹងអំពីអ្វីៗ ព្រមទាំងអំពីរបៀបដែលអ្នកប្រែចិត្ត និងផ្លាស់ប្ដូរ។ នៅពេលមនុស្សជួបអ្នក ពួកគេនឹងយល់ថា ការប្រកបគ្នារបស់អ្នកមានភាពជាក់ស្ដែងខ្លាំងបែបណា យល់ថា ការប្រកបគ្នានេះផ្ដល់នូវអ្វីម្យ៉ាងដល់ពួកគេ និងមានប្រយោជន៍សម្រាប់ពួកគេ ហើយពួកគេយល់ទៀតថា អ្នកមិនត្រឹមតែផ្ដល់សេចក្តីអធិប្បាយបែបរាក់កំផែល ដើម្បីជំរុញ និងដាស់តឿនមនុស្សប៉ុណ្ណោះ ប៉ុន្តែអ្នកក៏អាចនិយាយអំពីច្រកចូលទៅក្នុងជីវិត និងការស្គាល់ខ្លួនឯងផងដែរ ហើយការនេះនឹងសបញ្ជាក់ឱ្យឃើញថា អ្នកពិតជាបុគ្គលម្នាក់នៅយុគសម័យថ្មី ពិតជាមនុស្សថ្មីម្នាក់យ៉ាងប្រាកដមែន។ សព្វថ្ងៃនេះ អ្នកខ្លះនៅកំពុងនិយាយរឿងរ៉ាវកាលពីអតីតកាលថា៖ «ខ្ញុំធ្លាប់ជឿលើព្រះអម្ចាស់យេស៊ូវ ហើយនៅគ្រប់ទីកន្លែងដែលខ្ញុំធ្វើការ ព្រះវិញ្ញាណបរិសុទ្ធបានធ្វើការអស្ចារ្យ។ នៅពេលខ្ញុំផ្សាយដំណឹងល្អ មនុស្សជាច្រើនយល់ព្រមស្ដាប់ខ្ញុំ ហើយមិនថាខ្ញុំអធិស្ឋានឱ្យអ្នកណាទេ អ្នកនោះបានប្រសើរឡើងយ៉ាងឆាប់រហ័ស...»។ ពួកគេនៅតែនិយាយដដែលៗអំពីរឿងទាំងនេះ ហើយរឿងនេះហួសសម័យហើយ! អ្នករាល់គ្នាគួរតែចំណាយពេលវេលាឱ្យច្រើនជាងមុន ក្នុងការនិយាយអំពីរឿងសំខាន់ៗទាំងនោះ ដែលពាក់ព័ន្ធនឹងច្រកចូលទៅក្នុងជីវិត ដូចជា ការធ្វើការប្រកបគ្នាអំពីសេចក្ដីពិត ច្រកចូលទៅក្នុងជីវិត ការផ្លាស់ប្ដូរនៅក្នុងនិស្ស័យ និងការស្គាល់ខ្លួនឯង។ ចូរកុំនិយាយអំពីបញ្ហាដែលមិនពាក់ព័ន្ធនឹងសេចក្ដីពិតឡើយ។ បើអ្នករាល់គ្នាអនុវត្តបែបនេះជាញឹកញាប់ នោះអ្នកនឹងទទួលបានតថភាពនៃសេចក្ដីពិតមួយចំនួន។ ផ្អែកលើកម្ពស់បច្ចុប្បន្នរបស់អ្នករាល់គ្នា អ្នកមិនអាចធ្វើកិច្ចការដែលផ្ដល់ជីវិត ឬប្រើប្រាស់សេចក្ដីពិតក្នុងការដោះស្រាយបញ្ហាឡើយ។ គ្រប់យ៉ាងដែលអ្នកអាចធ្វើបានគឺលួងលោម និងដាស់តឿនមនុស្ស ដោយនិយាយថា «មិនត្រូវមិនស្ដាប់បង្គាប់ ឬតតាំងនឹងព្រះជាម្ចាស់ឡើយ។ ដោយសារភាវៈរបស់ពួកយើងពុករលួយពេក នោះព្រះជាម្ចាស់នៅតែសង្គ្រោះពួកយើង ដូច្នេះ ពួកយើងគួរតែពិចារណាអំពីព្រះបន្ទូលរបស់ទ្រង់ និងចុះចូលចំពោះទ្រង់»។ បន្ទាប់ពីស្ដាប់ឮការនិយាយនេះ មនុស្សយល់ពីគោលលទ្ធិ ប៉ុន្តែពួកគេនៅតែខ្វះថាមពល និងមិនស្គាល់ពីរបៀបក្នុងការអនុវត្ត ឬទទួលយកបទពិសោធន៍អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ នេះបញ្ជាក់ថា ក្នុងនាមជាអ្នកដឹកនាំនិងអ្នកធ្វើកិច្ចការ អ្នករាល់គ្នាក៏មិនមានតថភាពនៃសេចក្ដីពិតដែរ។ បើអ្នកផ្ទាល់មិនសម្រេចបាននូវច្រកចូល នោះតើអ្នកអាចផ្ដល់ដល់អ្នកដទៃដោយរបៀបណា? អ្នកមិនអាចទៅដល់ឫសគល់នៃការលំបាក និងនិស្ស័យពុករលួយរបស់មនុស្សដទៃបានឡើយ អ្នកមិនអាចយល់ពីអ្វីជាគន្លឹះឡើយ ដ្បិតអ្នករាល់គ្នានៅតែមិនស្គាល់ខ្លួនឯងដដែល។ ដូច្នេះហើយ ការផ្គត់ផ្គង់ដល់ជីវិតនៅក្នុងកិច្ចការរបស់អ្នករាល់គ្នាក្នុងពួកជំនុំ គឺហួសពីការយល់ដឹងរបស់អ្នករាល់គ្នា ហើយមានតែតាមរយការដាស់តឿនមនុស្ស ដោយប្រាប់ពួកគេឱ្យធ្វើជាមនុស្សល្អ និងស្ដាប់បង្គាប់ដោយអស់ពីចិត្តប៉ុណ្ណោះ ដ្បិតអ្នករាល់គ្នាមិនអាចដោះស្រាយបញ្ហាជាក់ស្ដែងបានទេ។ នេះជាភស្ដុតាងគ្រប់គ្រាន់បង្ហាញថា អ្នករាល់គ្នាមិនបានយល់យ៉ាងពិតប្រាកដពីសេចក្ដីពិត ឬមិនសម្រេចបានច្រកចូលទៅក្នុងជីវិតណាមួយឡើយ។ អ្នករាល់គ្នាភាគច្រើនគ្រាន់តែស្គាល់ពីរបៀបក្នុងការអធិប្បាយគោលលទ្ធិខាងវិញ្ញាណ និងទ្រឹស្ដីទេវវិទ្យាដែលឥតខ្លឹមសារប៉ុណ្ណោះ ប៉ុន្តែអ្នកមិនអាចផ្ដល់ជីវិតបានឡើយ។ ដូច្នេះហើយ អ្នករាល់គ្នាមានកម្ពស់តូចពេក។ នៅមិនទាន់មានការផ្លាស់ប្ដូរនៅឡើយទេ នៅក្នុងទស្សនៈរបស់អ្នកអំពីសេចក្ដីជំនឿលើព្រះជាម្ចាស់។ ការយល់ដឹង និងចេតនារបស់អ្នកនៅដដែល។ តើអ្នកនឹងមានដំណោះស្រាយផ្ដល់ជូនឱ្យអ្នកដទៃធ្វើការផ្លាស់ប្ដូរ ក្នុងពេលដែលខ្លួនអ្នកផ្ទាល់មិនបានដោះស្រាយបញ្ហារបស់ខ្លួនដែរឬទេ? តើអ្នកនឹងអាចផ្គត់ផ្គង់ដល់អ្នកដទៃដែរឬទេ? តើអ្នកនឹងអាចដោះស្រាយបញ្ហារបស់ពួកគេបានដែរឬទេ? តាមរយៈការស្នើសុំឱ្យពួកគេធ្វើការផ្លាស់ប្ដូរ តើអ្នកអាចសម្រេចបានលទ្ធផលអ្វីខ្លះ បើអ្នកមិនអាចធ្វើកិច្ចការណាមួយបានផងនោះ? ប្រសិនបើគ្រប់យ៉ាងដែលអ្នកអាចធ្វើបាន គឺបានត្រឹមតែអធិប្បាយពាក្យនៃគោលលទ្ធិ ដើម្បីបង្រៀន និងដាស់តឿនមនុស្ស តើអ្នកអាចជួយឱ្យអ្នកដទៃយល់ពីសេចក្តីពិតបានដែរឬទេ? ប្រសិនបើអ្នកគ្មានការយល់ដឹងពិតប្រាកដអំពីកិច្ចការរបស់ព្រះជាម្ចាស់ដោយខ្លួនឯងផង តើរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់នឹងអាចយល់ពីកិច្ចការរបស់ព្រះជាម្ចាស់ តាមរយៈការស្ដាប់ការប្រកបគ្នារបស់អ្នកដែរឬទេ? តើអ្នកនឹងជួយឱ្យរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់បំពេញភារកិច្ចរបស់គេបានល្អដោយរបៀបណា ក្នុងពេលដែលខ្លួនអ្នកផ្ទាល់បំពេញភារកិច្ចដោយគ្មានគោលការណ៍ផងនោះ? តើពួកគេនឹងប្រមូលថាមពលក្នុងការដើរតាមព្រះជាម្ចាស់បានដោយរបៀបណា? អស់អ្នកដែលប្រព្រឹត្តក្នុងនាមជាអ្នកដឹកនាំ និងអ្នកធ្វើការ អ្នកនោះគួរតែយល់ដឹង និងក្ដាប់ឱ្យបាននូវសភាពរបស់មនុស្សខុសៗគ្នាទាំងអស់នៅក្នុងពួកជំនុំ ដែលក្នុងចំណោមអ្នកទាំងនោះ អ្នកខ្លះមានបទពិសោធ និងការយល់ដឹងអំពីព្រះបន្ទូលព្រះជាម្ចាស់ និងអំពីកិច្ចការរបស់ព្រះជាម្ចាស់ ហើយអ្នកខ្លះទៀតមានការស្គាល់ខ្លួនឯង និងប្រែចិត្តយ៉ាងពិតប្រាកដ។ អ្នកដឹកនាំ និងអ្នកធ្វើការទាំងឡាយណាដែលអាចក្ដាប់បានចំណុចទាំងនេះ អ្នកទាំងនោះនឹងអាចបំពេញកិច្ចការបានជាក់ស្ដែងខ្លះ។ ប្រសិនបើមនុស្សដែលអ្នកធ្វើការជាមួយនៅក្នុងភារកិច្ច មានលក្ខណៈដូចអ្នក ដែលបង្រៀនអ្នកដទៃដោយគ្មានការស្គាល់ខ្លួនឯងទាល់តែសោះ ពេលនោះ វាសបញ្ជាក់ឱ្យឃើញថា អ្នកគ្មានតថភាពនៃសេចក្តីពិត អ្នកមិនស្គាល់ខ្លួនឯង ហើយនៅរវាងអ្នក ក៏គ្មានភាពខុសប្លែកអ្វីដែរ។ តើអ្នករាល់គ្នាធ្លាប់ពិចារណាអំពីចំណុចទាំងនេះពីមុនមកទេ? អ្នករាល់គ្នាគ្រាន់តែដឹងថា៖ «គេបានប្រគល់អំណាចឱ្យខ្ញុំនៅទីនេះ ដូច្នេះ ខ្ញុំមានឋានៈ ខ្ញុំជាមន្ត្រីម្នាក់នៅក្នុងពួកជំនុំ ហើយឥឡូវ ខ្ញុំមានកន្លែងមួយដែលខ្ញុំអាចបង្រៀនអ្នកដទៃបាន»។ អ្នកផ្តោតលើឋានៈ និងកិត្យានុភាពតែប៉ុណ្ណោះ អ្នកផ្តោតលើរបៀបបង្រៀនអ្នកដទៃ និងផ្ដល់សេចក្តីអធិប្បាយ ផ្តោតលើអ្វីដែលត្រូវបង្រៀន ដើម្បីឱ្យអ្នកដទៃស្ដាប់អ្នក ដើម្បីឱ្យអ្នកមានឥទ្ធិពលលើពួកជំនុំជាច្រើន និងទទួលបានកិត្យានុភាពខ្ពស់ ព្រមទាំងកសាងតំណែងរបស់អ្នកឱ្យបានរឹងមាំ។ ការផ្តោតលើតែចំណុចទាំងនេះ សបញ្ជាក់ឱ្យឃើញថា អ្នកបានវង្វេងហើយ។ ការចូលទៅក្នុងយុគសម័យថ្មីចេញពីយុគសម័យចាស់ មិនត្រឹមតែមានន័យថា របៀបនៃការប្រព្រឹត្ត និងការនិយាយស្ដីរបស់មនុស្សមានការផ្លាស់ប្ដូរប៉ុណ្ណោះទេ ប៉ុន្តែក៏តម្រូវឱ្យពួកគេមានច្រកចូលកាន់តែខ្ពស់ បង់ថ្លៃកាន់តែច្រើន អាចលះបង់សាច់ឈាមរបស់ខ្លួនតែម្ដងជាសូរេច អាចលះបង់ចំណង់ចំណូលចិត្តខាងសាច់ឈាម ដេញតាមសេចក្តីពិតតែមួយទុកជាជីវិតរបស់ខ្លួន និងរស់នៅតាមលក្ខណៈជាមនុស្សពិតប្រាកដផងដែរ។ មានតែបែបនេះទេ ទើបពួកគេអាចឆ្លងកាត់នូវការផ្លាស់ប្ដូរដ៏ហ្មត់ចត់មួយបានយ៉ាងពិតប្រាកដ។ ដើម្បីធ្វើកិច្ចការថ្មី ព្រះជាម្ចាស់ត្រូវតែបង្កើតការទាមទារថ្មីចំពោះមនុស្ស ហើយតាមរយៈការប្រកាន់ខ្ជាប់តាមសញ្ញាណចាស់បុរាណទាំងនោះ មនុស្សមានតែពន្យឺតដំណើរការវិញទេ។ អ្នកខ្លះមានសេចក្តីជំនឿបែបងងឹតងងល់លើព្រះគម្ពីរ ហើយមិនដែលប្រាសចាកចេញពីព្រះគម្ពីរឡើយ ដោយធ្វើបែបនេះ តើពួកគេអាចទទួលបានជីវិត និងការស្គាល់ព្រះជាម្ចាស់បានដែរឬទេ? អត់ទេ គឺមិនអាចទេ។ អស់រយៈពេលជាច្រើនជំនាន់ ពួកផារិស៊ីអានព្រះគម្ពីរ រហូតដល់ចុងក្រោយពួកគេបានឆ្កាងព្រះអម្ចាស់យេស៊ូវ ដែលបានកំពុងតែសម្ដែងចេញសេចក្តីពិត តើហេតុការណ៍នេះអាចកើតឡើងម្ដេចកើតទៅ? ប្រសិនបើពួកគេបានយល់យ៉ាងពិតប្រាកដអំពីព្រះគម្ពីរ នោះពួកគេគួរតែបានស្គាល់ព្រះជាម្ចាស់ ហើយនៅពេលព្រះអម្ចាស់យេស៊ូវបានយាងមក ពួកគេគួរតែបានស្វាគមន៍ទ្រង់ និងមិនថ្កោលទោសទ្រង់ឡើយ។ នៅមានមនុស្សជាច្រើនទៀតដែលមិនអាចយល់ដឹងពីបញ្ហានេះ។ នៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេតែងតែគិតថា មិនថាព្រះជាម្ចាស់បញ្ចេញព្រះសូរសៀងជាច្រើនបែបណានាពេលសព្វថ្ងៃនោះទេ ក៏ពួកគេត្រូវតែបន្តអានព្រះគម្ពីរដដែល ហើយមិនត្រូវប្រាសចាកចេញពីព្រះគម្ពីរឡើយ។ នេះមានន័យថា ចុងក្រោយ ពួកគេអាចចងចាំបានច្រើននូវសេចក្តីដែលបានចែងនៅក្នុងព្រះគម្ពីរ ប៉ុន្តែពួកគេមិនយល់ពីសេចក្តីពិតដែលព្រះជាម្ចាស់សម្ដែងចេញនាពេលសព្វថ្ងៃ ឬយកសេចក្តីពិតទាំងនោះទៅអនុវត្តបានឡើយ។ ពួកគេមិនបានធ្វើបន្ទាល់ជាក់ស្ដែងអំពីបទពិសោធរបស់ពួកគេសោះឡើយ ហើយនៅទីបំផុត ពួកគេត្រូវបានផាត់ចោល។ តើនេះមិនមែនជារឿងគួរឱ្យអាម៉ាស់ទេឬអី? តាមពិតទៅ សព្វថ្ងៃនេះ មនុស្សជាច្រើននៅបន្តអានព្រះគម្ពីរជាញឹកញាប់ដដែល ប៉ុន្តែពួកគេអានព្រះបន្ទូលព្រះជាម្ចាស់តិចតួចណាស់ តើការធ្វើនេះជារឿងឆ្លាត ឬក៏ជារឿងល្ងីល្ងើ? កាលពីមុន នៅពេលពួកគេបានជឿព្រះអម្ចាស់ មនុស្សបានជឿថា សេចក្តីក្លៀវក្លាដ៏អស្ចារ្យ គឺជាជីវិតដ៏អស្ចារ្យ និងសេចក្តីជំនឿដ៏ល្អ។ សព្វថ្ងៃនេះ នៅពេលនិយាយបែបនេះដោយមានតែសេចក្តីក្លៀវក្លាតែម្យ៉ាង តែគ្មានការផ្លាស់ប្ដូរនិស្ស័យទេ នោះគេនឹងមិនទទួលបានការសរសើរពីព្រះជាម្ចាស់ឡើយ អ្នកខ្លះតែងតែគិតថា ព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សបែបនេះដោយអយុត្តិធម៌។ ខ្ញុំបានដោះស្រាយជាមួយមនុស្សខ្លះដែលមានតែសេចក្តីក្លៀវក្លា តែគ្មានការផ្លាស់ប្ដូរនិស្ស័យកាលពីមុន ហើយអ្នកខ្លះដែលគិតថាព្រះជាម្ចាស់ប្រព្រឹត្តដោយយុត្តិធម៌ មិនទទួលយកទេ ហើយថែមទាំងការពារមនុស្សបែបនេះទៀតផងថា៖ «ពួកគេបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំហើយ។ ពួកគេបានលះបង់ និងរងទុក្ខយ៉ាងច្រើន ហើយពួកគេបានខំប្រឹងធ្វើការ ទោះបីជាពួកគេមិនបានចូលរួមចំណែកអ្វីក៏ដោយ។ តើព្រះអង្គអាចប្រព្រឹត្តចំពោះពួកគេបែបនេះម្ដេចកើតទៅ?» អ្នកខ្លះមិនអាចកែតម្រូវទស្សនៈរបស់ខ្លួនបានទេ។ តើវាពិបាកយល់ឬ? មនុស្សមើលពីរបៀបដែលអ្នកដទៃធ្វើកិច្ចការពីសម្បកក្រៅ រីឯព្រះជាម្ចាស់វិញ ព្រះអង្គទតមើលសារជាតិរបស់ពួកគេ ហើយនេះគឺជាអ្វីមួយខុសគ្នាស្រឡះ។ អ្នកមើលឃើញថា ពីសម្បកក្រៅ បុគ្គលម្នាក់ហាក់ជឿព្រះជាម្ចាស់ស៊ប់ ឃើញពួកគេចេះនិយាយស្ដីបានល្អ ហើយអាចរត់ចុះឡើង និងលះបង់បានច្រើនកម្រិតណា។ ចុះម្ដេចក៏អ្នកមិននិយាយថា ពួកគេកំពុងមានសញ្ញាណចំនួនប៉ុន្មាន ឬក៏ពួកគេរាប់ខ្លួនឯងថាសុចរិត និងក្រអឺតក្រទមបែបណាផង? ហេតុអ្វីបានជាអ្នកមើលមិនឃើញរឿងទាំងនេះ? នោះជាមូលហេតុដែលខ្ញុំមានបន្ទូលថា ទស្សនៈរបស់អ្នករាល់គ្នានៅចាស់គំរឹល និងហួសសម័យពេកហើយ។ សព្វថ្ងៃនេះ ព្រះជាម្ចាស់មិនទតមើលតម្លៃដែលមនុស្សលះបង់ពីសម្បកក្រៅទេ។ ព្រះអង្គមិនមានបន្ទូលពីតម្លៃដែលត្រូវបានលះបង់ ឬមានបន្ទូលពីដើមទុនរបស់អ្នក ព្រមទាំងចំនួនដែលអ្នកបានរងទុក្ខនោះឡើយ ពោលគឺ ព្រះអង្គទតមើលសារជាតិរបស់អ្នក។ នៅយុគសម័យមុន ដើម្បីប្រើមនុស្សបាន តើមានគោលការណ៍អ្វីខ្លះ? អ្នកណាដែលមានសេចក្តីក្លៀវក្លាខ្លាំង អ្នកណាដែលអាចរត់ចុះឡើងលះបង់ខ្លួន អ្នកណាដែលបានជឿព្រះជាម្ចាស់យូរជាងគេបំផុត និងអ្នកណាដែលមានវ័យចាស់បំផុត ហើយមិនទាន់រៀបការ ពោលគឺ អ្នកណាដែលបំពេញតាមសេចក្តីពណ៌នានេះបានកាន់តែច្រើន អ្នកនោះកាន់តែមានកិត្យានុភាព និងកាន់តែអាចក្លាយជាអ្នកដឹកនាំ។ ចំណុចទាំងនេះលែងសំខាន់ទៀតហើយ។ អ្វីដែលសំខាន់ គឺជាសារជាតិរបស់មនុស្ស ព្រោះថាគន្លឹះចំពោះការជឿលើព្រះជាម្ចាស់ គឺជាសារជាតិរបស់មនុស្ស មិនថាពួកគេអាចថ្វាយបង្គំព្រះជាម្ចាស់ និងថាតើពួកគេអាចទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់បានឬអត់នោះទេ។ បើសិនជាសព្វថ្ងៃនេះ ព្រះជាម្ចាស់បានយាងមកនៅក្នុងសាច់ឈាម អ្នកមិនស្គាល់ទ្រង់ តើការនេះអាចប្រាប់អ្វីខ្លះអំពីសារជាតិរបស់អ្នក? តើនេះមិនមែនជាសារជាតិរបស់អ្នកដែលទាស់ទទឹងនឹងព្រះជាម្ចាស់ទេឬអី? ការនេះអាស្រ័យលើថាតើអ្នកមានទស្សនៈ និងចេតនាស្របតាមព្រះជាម្ចាស់ឬអត់។ ប្រសិនបើអ្នកអាចទទួលយកផ្លូវពិត ហើយលះបង់ចោលចេតនា និងសញ្ញាណពីអតីតកាលរបស់អ្នក នោះមនុស្សបែបអ្នកនេះ នឹងត្រូវព្រះជាម្ចាស់ទទួលយក និងប្រទានពរមិនខាន។ ចំពោះរបៀបដែលព្រះជាម្ចាស់ប្រើមនុស្សនៅក្នុងកិច្ចការរបស់ទ្រង់ គឺមានគោលការណ៍របស់វា។ ព្រះអង្គមិនទតមើលដើមទុនរបស់អ្នក មើលប្រវត្តិគ្រួសារ កិត្យានុភាព ឬឋានៈរបស់អ្នកឡើយ។ ព្រះអង្គមិនប្រើអ្នកណាដែលទាស់ទទឹងនឹងទ្រង់ទេ តើការនេះនឹងមិនពន្យារពេលកិច្ចការរបស់ទ្រង់ទៅហើយទេឬអី? មនុស្សតែងតែនិយាយអំពីដើមទុនរបស់ពួកគេ ដែលក្រអឺតក្រទមហួសខ្នាត ពោលគឺ ពួកគេជាអារក្ស! យើងមិននិយាយអំពីអ្វីៗ ដូចជា តង្វាយ ការលះបង់ខ្លួន ដើមទុន និងកិត្យានុភាពឡើយ ដ្បិតការនិយាយអំពីរឿងទាំងនេះ គឺជារឿងឥតប្រយោជន៍! អ្នកណាដែលស្មោះត្រង់បំផុតចំពោះព្រះជាម្ចាស់ និងព្រមស្ដាប់បង្គាប់បំផុតចំពោះព្រះជាម្ចាស់ អ្នកនោះនឹងមានតថភាពនៃសេចក្តីពិត ហើយយើងពេញចិត្តនឹងមនុស្សបែបនេះ។ តើមានប្រយោជន៍ទេក្នុងការពិនិត្យមើលចំណុចខាងក្រៅ? ចំណុចខ្លះអាចផ្លាស់ប្ដូរពីខាងក្រៅសម្រាប់មនុស្សម្នាក់ ប៉ុន្តែមានរឿងជាច្រើននៅក្នុងធម្មជាតិរបស់ពួកគេ នឹងមិនត្រូវបានផ្លាស់ប្ដូរឡើយ ហើយនៅពេលណាមួយ ចំណុចទាំងនោះនឹងផុសចេញមិនខាន។ នេះជាមូលហេតុដែលអ្នកត្រូវដឹងអំពីចំណុចទាំងនេះ ហើយត្រូវលាតត្រដាងវាចេញ។ មានរឿងជាច្រើននៅក្នុងធម្មជាតិរបស់មនុស្ស! ពិតមែនហើយ ធម្មជាតិរបស់មនុស្ស គឺក្រអឺតក្រទម រាប់ខ្លួនឯងថាសុចរិត និងបះបោរ ហើយធម្មជាតិទាំងនេះ គឺជាបញ្ហាដ៏ធំបំផុត និងចាក់ឫសជ្រៅបំផុត។ ក្រៅពីនេះ ក៏មាននិស្ស័យពុករលួយជាច្រើននៅក្នុងមនុស្សផងដែរ។ ហេតុដូចនេះ ការស្គាល់ខ្លួនឯងមិនមែនជារឿងសាមញ្ញនោះទេ។ អ្នកដែលមានគុណសម្បតិ្តមួយចំនួន នឹងងាយស្រួលយល់ដឹង នៅពេលពួកគេប្រព្រឹត្តកំហុស ឬក៏ប្រព្រឹត្តអំពើបាប។ ក៏ប៉ុន្តែ អ្វីៗនៅក្នុងធម្មជាតិរបស់ពួកគេ អ្វីៗនៅក្នុងនិស្ស័យរបស់ពួកគេ និងជាពិសេស អ្វីៗទាក់ទងនឹងចំណុចខ្សោយស្លាប់រស់របស់ពួកគេ គឺជាអ្វីដែលពួកគេពិបាកនឹងមើលឃើញ និងដឹងខ្លាំងបំផុត។ សូមកុំគិតថា នៅពេលអ្នកប្រព្រឹត្តកំហុស ហើយអ្នកអធិស្ឋានទៅព្រះជាម្ចាស់ ឬមួយអ្នកប្រព្រឹត្តអំពើបាប រួចលន់តួអំពើបាបនោះដល់ព្រះជាម្ចាស់ ពេលនោះមានន័យថា អ្នកស្គាល់ខ្លួនឯងនោះឡើយ ពោលគឺ ការនេះនៅឆ្ងាយខ្លាំងណាស់ពីការស្គាល់ខ្លួនឯង! ប្រសិនបើអ្នកមិនជឿខ្ញុំទេ សូមសាកធ្វើ ហើយចាំមើលទៅចុះ។ ប្រហែល នៅថ្ងៃណាមួយអ្នកនឹងជួបបញ្ហា ហើយដួល ឬក៏នៅពេលណាមួយ អ្នកអាចនឹងត្រូវគេចាប់ខ្លួន ហើយក្នុងពេលមួយយប់ អ្នកក្លាយដូចជាយូដាស រួចអ្នកនឹងស្រឡាំងកាំង។ ប្រសិនបើអ្នកចង់បានច្រកចូលទៅក្នុងជីវិត ដំបូង អ្នកត្រូវតែស្គាល់ខ្លួនឯងជាមុនសិន ហើយបើអ្នកចង់សម្រេចបានការផ្លាស់ប្ដូរនិស្ស័យ នោះកាន់តែសំខាន់ទៀតហើយ អ្នកត្រូវតែឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯងតាមរយៈព្រះបន្ទូលព្រះជាម្ចាស់។ នៅពេលអ្នកចាប់ផ្ដើមមានដំណោះស្រាយនៅក្នុងការស្គាល់ខ្លួនឯង នៅពេលការស្គាល់ខ្លួនឯងរបស់អ្នកកាន់តែស៊ីជម្រៅ ហើយនៅពេលអ្នកដឹងពីរបៀបអនុវត្តសេចក្តីពិត នោះអ្នកនឹងទទួលបានច្រកចូលទៅក្នុងជីវិតដោយឯកឯងមិនខាន។ ការផ្លាស់ប្ដូរនិស្ស័យក៏ចាប់ផ្ដើមនៅចំណុចនេះដែរ។ ប្រសិនបើអ្នកអាចស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដ នោះអ្នកនឹងមានដំណោះស្រាយជាមួយច្រកចូលទៅក្នុងជីវិត និងការផ្លាស់ប្ដូរនិស្ស័យ ហើយអ្វីៗទាំងនេះនឹងកាន់តែងាយស្រួលសម្រាប់អ្នក។

ចុងឆ្នាំ ១៩៩៥

ខាង​ដើម៖ ការកែតម្រូវទំនាក់ទំនងរវាងមនុស្ស និងព្រះជាម្ចាស់ គឺជារឿងសំខាន់

បន្ទាប់៖ ស្ដីពីបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ