សេចក្តីបញ្ចប់
ទោះបីព្រះបន្ទូលទាំងនេះមិនរាប់បញ្ចូលភាពទាំងស្រុងនៃការសម្ដែងចេញរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ព្រះបន្ទូលទាំងនេះមានភាពគ្រប់គ្រាន់ ដើម្បីឲ្យមនុស្សសម្រេចគោលបំណងនៃការស្គាល់ព្រះជាម្ចាស់ និងការឆ្លងកាត់នូវការផ្លាស់ប្ដូរនៅក្នុងនិស្ស័យដែរ។ ប្រហែល មនុស្សខ្លះគិតថា ដោយសារតែកិច្ចការរបស់ព្រះនៅក្នុងប្រទេសចិនដីគោកបានបញ្ចប់ ដូច្នេះ ការនេះបញ្ជាក់បានថា ព្រះអង្គបានបញ្ចប់ការថ្លែងព្រះបន្ទូលទាំងអស់ ព្រមទាំងបញ្ជាក់ទៀតថា ព្រះអង្គប្រហែលជាមិនមានព្រះបន្ទូលថ្មីដែលត្រូវថ្លែងទៀតឡើយ ព្រោះថាព្រះជាម្ចាស់អាចថ្លែងតែព្រះបន្ទូលទាំងនេះប៉ុណ្ណោះ។ ជាងនេះទៅទៀត មានមនុស្សខ្លះទៀតជឿថា ព្រះបន្ទូលលេចមកជាសាច់ឈាម មានផ្ទុកនូវគ្រប់ទាំងការសម្ដែងចេញរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះ និងជឿទៀតថា ការទទួលយកសៀវភៅនេះគឺស្មើនឹងទទួលយកការទាំងអស់របស់ព្រះជាម្ចាស់ ឬជឿថា សៀវភៅនេះនឹងដឹកនាំមនុស្សជាតិនៅពេលអនាគត ដូចជាព្រះគម្ពីរដែលបានដឹកនាំមនុស្សជាតិកាលពីអតីតកាលផងដែរ។ ខ្ញុំជឿជាក់ថា អស់អ្នកដែលមានទស្សនៈបែបនេះ មិនមានចំនួនតិចឡើយ ដោយសារតែមនុស្សតែងតែចូលចិត្តដាក់ដែនកម្រិតលើព្រះជាម្ចាស់។ ទោះបីជាពួកគេគ្រប់គ្នាប្រកាសថា ព្រះជាម្ចាស់មានសព្វានុភាព និងជ្រាបគ្រប់ទាំងអស់ក៏ដោយ ក៏ធម្មជាតិរបស់ពួកគេនៅតែធ្វើឲ្យពួកគេឆាប់ដាក់កម្រិតព្រះជាម្ចាស់នៅក្នុងវិសាលភាពជាក់លាក់មួយដដែល។ មនុស្សគ្រប់គ្នាកំពុងតែចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់ ប៉ុន្តែក្នុងពេលដូចគ្នានោះ មនុស្សគ្រប់គ្នាក៏កំពុងតែប្រឆាំង និងដាក់កម្រិតទ្រង់ផងដែរ។
កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះទើបតែចាប់ផ្ដើមប៉ុណ្ណោះ។ គ្រប់ទាំងព្រះសូរសៀងរបស់ព្រះ ដែលមាននៅក្នុងសៀវភៅនេះ មានគោលបំណងសំដៅទៅលើអស់អ្នកដែលកំពុងតែដើរតាមទ្រង់នៅគ្រានោះ ហើយនេះគ្រាន់តែជាផ្នែកមួយនៃការសម្ដែងចេញរបស់ទ្រង់ ដែលត្រូវបានធ្វើឡើងនៅក្នុងការយកកំណើតជាមនុស្សនាពេលបច្ចុប្បន្នរបស់ទ្រង់ប៉ុណ្ណោះ ហើយព្រះបន្ទូលទាំងនេះមិនតំណាងឲ្យការទាំងអស់របស់ព្រះជាម្ចាស់ឡើយ។ ជាងនេះទៅទៀត វាមិនអាចនិយាយបានថា ព្រះបន្ទូលទាំងនេះរាប់បញ្ចូលគ្រប់ទាំងកិច្ចការដែលព្រះជាម្ចាស់នឹងធ្វើ ក្នុងពេលនៃការយកកំណើតជាមនុស្សនេះឡើយ។ ព្រះជាម្ចាស់នឹងកំណត់គោលដៅព្រះបន្ទូលរបស់ទ្រង់ចំពោះមនុស្សទៅតាមជនជាតិ និងសាវតារខុសៗគ្នា ហើយព្រះអង្គនឹងយកឈ្នះមនុស្សជាតិទាំងអស់ និងបញ្ចប់យុគសម័យចាស់។ ដូច្នេះ តើទ្រង់អាចធ្វើសេចក្តីសន្និដ្ឋានទាំងអស់ ក្រោយពេលពន្យល់តែបំណែកតូចមួយនៃព្រះបន្ទូលរបស់ទ្រង់ម្ដេចនឹងកើតទៅ? វាគ្រាន់តែកិច្ចការរបស់ទ្រង់ដែលត្រូវបានបែងចែកទៅតាមអំឡុងពេល និងដំណាក់កាលខុសៗគ្នាប៉ុណ្ណោះ។ ព្រះអង្គកំពុងតែធ្វើការស្របតាមផែនការរបស់ទ្រង់ និងកំពុងតែសម្ដែងព្រះបន្ទូលរបស់ទ្រង់ស្របតាមជំហានរបស់ទ្រង់។ តើមនុស្សម្នាក់អាចស្ទង់មើលសព្វានុភាព និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់បានដោយរបៀបណា? ការពិតដែលខ្ញុំចង់ពន្យល់នៅត្រង់នេះគឺថា៖ លក្ខណៈរបស់ព្រះជាម្ចាស់ និងកម្មសិទ្ធិរបស់ព្រះជាម្ចាស់ គឺគ្មានដែនកំណត់ និងជាអនេកអនន្តអស់កល្បជានិច្ច។ ព្រះជាម្ចាស់គឺជាប្រភពនៃជីវិត និងអ្វីៗគ្រប់យ៉ាង។ ព្រះអង្គមិនអាចត្រូវបានវាស់ស្ទង់ ដោយអ្វីៗដែលត្រូវបានបង្កើតឡើងឡើយ។ ចុងក្រោយ ខ្ញុំត្រូវតែបន្តរំឭកមនុស្សគ្រប់គ្នាថា៖ កុំដាក់កម្រិតព្រះជាម្ចាស់នៅក្នុងសៀវភៅ នៅក្នុងពាក្យពេចន៍ ឬនៅក្នុងព្រះសូរសៀងពីអតីតកាលរបស់ទ្រង់ម្ដងទៀតឡើយ។ មានពាក្យតែមួយគត់ដែលពណ៌នាអំពីចរិតលក្ខណៈនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយពាក្យមួយនោះគឺជាពាក្យថា៖ ថ្មី។ ព្រះអង្គមិនសព្វព្រះហឫទ័យដើរតាមមាគ៌ាចាស់ ឬធ្វើកិច្ចការរបស់ទ្រង់ដដែលៗឡើយ។ ជាងនេះទៅទៀត ព្រះអង្គមិនចង់ឲ្យមនុស្សថ្វាយបង្គំទ្រង់ ដោយដាក់កម្រិតទ្រង់នៅក្នុងវិសាលភាពជាក់លាក់មួយឡើយ។ នេះហើយជានិស្ស័យរបស់ព្រះជាម្ចាស់នោះ។