ការយកកំណើតជាមនុស្សទាំងពីរលើក បំពេញនូវសារៈសំខាន់នៃការយកកំណើតជាមនុស្ស

ដំណាក់កាលនីមួយៗនៃកិច្ចការដែលព្រះជាម្ចាស់បានធ្វើ សុទ្ធតែមានសារៈសំខាន់ជាក់ស្ដែងរបស់វាផ្ទាល់។ កាលពីមុន គ្រាដែលព្រះយេស៊ូវបានយាងមក ទ្រង់បានយាងមកក្នុងទម្រង់ជាភេទបុរស ហើយនៅពេលដែលព្រះជាម្ចាស់យាងមកនាពេលនេះ ទម្រង់របស់ទ្រង់ជាភេទស្ត្រី។ តាមរយៈការនេះ អ្នកអាចមើលឃើញថា ការបង្កើតរបស់ព្រះជាម្ចាស់ទាំងបុរស និងស្ត្រី អាចសម្រាប់ជាប្រយោជន៍ដល់កិច្ចការរបស់ទ្រង់ ហើយចំពោះទ្រង់ គឺគ្មានការបែងចែកភេទនោះឡើយ។ នៅពេលដែលព្រះវិញ្ញាណរបស់ទ្រង់យាងមក ទ្រង់អាចយកទម្រង់ជាសាច់ឈាម ណាក៏បានតាមតែទ្រង់សព្វព្រះទ័យ ហើយសាច់ឈាមនោះអាចតំណាងឱ្យទ្រង់បាន។ មិនថាសាច់ឈាមនោះជាបុរសឬស្ត្រីទេ ឱ្យតែសាច់ឈាមនោះជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស នោះអាចតំណាងឱ្យព្រះជាម្ចាស់បានហើយ។ ប្រសិនបើព្រះយេស៊ូវបានបង្ហាញអង្គទ្រង់ជាស្ត្រី នៅពេលដែលទ្រង់បានយាងមក ម្យ៉ាងទៀត ប្រសិនបើទ្រង់ជាទារិកា ហើយមិនមែនជាទារកដែលត្រូវបានចាប់កំណើតដោយព្រះវិញ្ញាណបរិសុទ្ធ ដំណាក់កាលនៃកិច្ចការនោះ ក៏នឹងត្រូវបានបញ្ចប់ដូចគ្នាបានផងដែរ។ ប្រសិនបើវាបែបនេះ នោះកិច្ចការដំណាក់កាលបច្ចុប្បន្ននឹងត្រូវបានបញ្ចប់ដោយបុរសភេទវិញ ប៉ុន្តែកិច្ចការនឹងត្រូវបានបញ្ចប់ដូចគ្នា។ កិច្ចការដែលត្រូវបានសម្រេចនៅក្នុងដំណាក់កាលនីមួយៗ មានសារៈសំខាន់របស់វារៀងៗខ្លួន ហើយកិច្ចការដំណាក់កាលនោះនឹងមិនកើតឡើងម្ដងទៀតឡើយ ហើយវានឹងមិនជាន់ជាមួយនឹងដំណាក់កាលផ្សេងទៀតឡើយ។ នៅពេលនោះ កាលព្រះយេស៊ូវកំពុងធ្វើកិច្ចការរបស់ទ្រង់ គេហៅទ្រង់ថាព្រះរាជបុត្រាតែមួយ ហើយ «ព្រះរាជបុត្រា» នេះ គឺសំដៅទៅលើបុរសភេទ។ ហេតុអ្វីបានជាព្រះរាជបុត្រាតែមួយ មិនត្រូវបានលើកមកនិយាយនៅក្នុងដំណាក់កាលបច្ចុប្បន្ន? គឺដោយសារតែលក្ខខណ្ឌតម្រូវនៃកិច្ចការ ចាំបាច់ត្រូវមានការផ្លាស់ប្ដូរភេទ ឱ្យខុសពីព្រះយេស៊ូវ។ ចំពោះព្រះជាម្ចាស់ គឺគ្មានភាពខុសគ្នានៃភេទនោះឡើយ។ ទ្រង់ធ្វើកិច្ចការរបស់ទ្រង់តាមតែទ្រង់ចង់ធ្វើ ហើយនៅក្នុងការធ្វើកិច្ចការរបស់ទ្រង់ ទ្រង់មិនចំណុះនៅក្រោមសេចក្តីរឹតត្បិតណាមួយឡើយ ប៉ុន្តែទ្រង់មានសេរីភាពជាពិសេសតែម្ដង។ ដោយឡែក គ្រប់ដំណាក់កាលនៃកិច្ចការទាំងអស់ សុទ្ធតែមានសារៈសំខាន់ជាក់ស្ដែងរបស់វា។ ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមចំនួនពីរលើក ហើយការនេះជាភ័ស្តុតាងស្រាប់បញ្ជាក់ថា ការយកកំណើតជាមនុស្សរបស់ទ្រង់នៅគ្រាចុងក្រោយ គឺជាលើកចុងក្រោយ។ ទ្រង់បានយាងមក ដើម្បីធ្វើឱ្យមនុស្សលោកដឹងអំពីគ្រប់ទាំងទង្វើរបស់ទ្រង់។ ប្រសិនបើនៅក្នុងដំណាក់កាលនេះ ទ្រង់មិនបានត្រលប់ជាសាច់ឈាម ដើម្បីធ្វើកិច្ចការដោយផ្ទាល់ ឱ្យមនុស្សមើលឃើញផ្ទាល់ភ្នែក នោះមនុស្សនឹងប្រកាន់ខ្ជាប់ជារៀងរហូតនូវសញ្ញាណដែលគិតថា ព្រះជាម្ចាស់ គឺជាបុរសតែប៉ុណ្ណោះ មិនមែនជាមនុស្សស្រីនោះឡើយ។ មុនពេលនេះ មនុស្សជាតិទាំងអស់បានជឿថា ព្រះជាម្ចាស់អាចក្លាយជាបុរសភេទតែប៉ុណ្ណោះ និងជឿទៀតថា នារីភេទមិនអាចត្រូវបានហៅថាជាព្រះជាម្ចាស់បានឡើយ ដ្បិតមនុស្សជាតិទាំងអស់បានចាត់ទុកបុរសថា មានសិទ្ធិអំណាចខ្ពស់ជាងស្ត្រី។ ពួកគេបានជឿថា គ្មានស្ត្រីណាម្នាក់ដែលអាច ប្រើសិទ្ធិអំណាចបានឡើយ គឺមានតែបុរសប៉ុណ្ណោះ។ លើសពីនេះទៅទៀត ពួកគេថែមទាំងនិយាយថា បុរសជាក្បាលរបស់ស្ត្រី និងនិយាយថាស្ត្រីត្រូវតែស្ដាប់បង្គាប់បុរស ហើយគេមិនអាចប្រសើរជាងបុរសបានឡើយ។ កាលពីអតីតកាល ពេលគេនិយាយថា បុរសគឺជាក្បាលរបស់ស្ត្រី គេកំពុងតែសំដៅទៅលើអ័ដាម និងអេវ៉ា ដែលត្រូវបានចាញ់បញ្ឆោតសត្វពស់ មិនមែនសំដៅលើបុរស និងស្ត្រី ដែលត្រូវបានបង្កើតឡើងដោយព្រះយេហូវ៉ា កាលពីដើមដំបូង។ ពិតប្រាកដណាស់ ស្ត្រីត្រូវតែស្ដាប់បង្គាប់ និងស្រឡាញ់ស្វាមីរបស់នាង ហើយស្វាមីត្រូវតែរៀនចិញ្ចឹម និងផ្គត់ផ្គង់ដល់ក្រុមគ្រួសាររបស់គាត់។ ទាំងនេះគឺជាច្បាប់ និងជាបញ្ញត្តិដែលត្រូវបានកំណត់ទុកដោយព្រះយេហូវ៉ា សម្រាប់ឱ្យមនុស្សជាតិត្រូវប្រកាន់ខ្ជាប់នៅក្នុងជីវិតរបស់គេនៅលើផែនដី។ ព្រះយេហូវ៉ាបានមានបន្ទូលទៅកាន់ស្ត្រីថា «ចិត្តអ្នកក៏ប្រាថ្នាចង់បានប្ដី ហើយគេនឹងត្រួតលើអ្នក»។ ទ្រង់បានមានបន្ទូលបែបនេះ គឺដើម្បីឱ្យមនុស្សជាតិ (ទាំងបុរស និងស្ត្រី) អាចរស់នៅជីវិតបែបសាមញ្ញក្រោមការគ្រប់គ្រងរបស់ព្រះយេហូវ៉ា និងដើម្បីឱ្យជីវិតរបស់មនុស្សជាតិមានរចនាសម្ព័ន្ធ ហើយមិនធ្វើខុសពីសណ្ដាប់ធ្នាប់ដ៏ត្រឹមត្រូវរបស់គេប៉ុណ្ណោះ។ ដូច្នេះហើយ ព្រះយេហូវ៉ាបានបង្កើតនូវក្បួនច្បាប់ដ៏សមរម្យស្ដីអំពីរបៀបដែលបុរស និងស្ត្រីគួរតែប្រព្រឹត្ត ទោះបីជាការនេះពាក់ព័ន្ធជាមួយសត្តនិករទាំងអស់ដែលកំពុងតែរស់នៅលើផែនដី ហើយគ្មានទំនាក់ទំនងជាមួយព្រះដែលយកកំណើតជាមនុស្សរបស់ទ្រង់ក៏ដោយ។ តើព្រះជាម្ចាស់អាចមានលក្ខណៈដូចគ្នានឹងសត្តនិករដែលទ្រង់បានបង្កើតឡើងដោយរបៀបណា? ព្រះបន្ទូលរបស់ទ្រង់ត្រូវបានថ្លែងទៅកាន់តែមនុស្សជាតិដែលជាសត្តនិកររបស់ទ្រង់ប៉ុណ្ណោះ ហើយទ្រង់មានបន្ទូលបែបនេះ ដើម្បីឱ្យមនុស្សលោករស់នៅជីវិតបែបសាមញ្ញ ស្របតាមច្បាប់ដែលទ្រង់បានបង្កើតឡើងសម្រាប់បុរស និងស្ត្រី។ កាលពីដើមដំបូង នៅពេលដែលព្រះយេហូវ៉ាបានបង្កើតមនុស្សជាតិ ទ្រង់បានបង្កើតមនុស្សមកមានពីរប្រភេទ គឺបុរស និងស្ត្រី។ ដូច្នេះ វាត្រូវមានផ្នែកជាបុរស និងផ្នែកជាស្ត្រី នៅក្នុងសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ទ្រង់។ ទ្រង់មិនបានសម្រេចព្រះទ័យធ្វើកិច្ចការរបស់ទ្រង់ ដោយផ្អែកលើព្រះបន្ទូលដែលទ្រង់បានថ្លែងទៅកាន់អ័ដាម និងអេវ៉ាឡើយ។ ទាំងពីរលើកដែលទ្រង់បានក្លាយជាសាច់ឈាមត្រូវបានកំណត់ទាំងស្រុង ស្របតាមព្រះតម្រិះរបស់ទ្រង់ នៅពេលដែលទ្រង់បានបង្កើតមនុស្សលោកជាលើកដំបូង ដូច្នេះ ទ្រង់បានបញ្ចប់កិច្ចការនៃការយកកំណើតជាមនុស្សទាំងពីរលើករបស់ទ្រង់ ដោយផ្អែកលើបុរសនិងស្ត្រី មុនពេលពួកគេក្លាយជាពុលរលួយ។ ប្រសិនបើមនុស្សជាតិយកព្រះបន្ទូលដែលព្រះយេហូវ៉ាបានថ្លែងទៅកាន់អ័ដាម និងអេវ៉ា ដែលត្រូវបានចាញ់បញ្ឆោតសត្វពស់ ហើយប្រើប្រាស់ព្រះបន្ទូលទាំងនោះនៅក្នុងកិច្ចការនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ តើព្រះយេស៊ូវមិនត្រូវស្រឡាញ់ភរិយារបស់ទ្រង់តាមការគួរទេឬអី? បើបែបនេះ តើព្រះជាម្ចាស់នឹងនៅតែជាព្រះជាម្ចាស់ឬ? ហើយបើវាដូច្នេះ តើទ្រង់នៅតែអាចសម្រេចកិច្ចការរបស់ទ្រង់ដែរឬទេ? ប្រសិនបើការដែលព្រះយកកំណើត ជាមនុស្សស្រី គឺជារឿងខុស ដូច្នេះតើការដែលព្រះជាម្ចាស់បានបង្កើតឱ្យមានស្ត្រីមកនោះ វាមិនមែនជាកំហុសដ៏ធំបំផុតទេឬអី? ប្រសិនបើមនុស្សនៅតែជឿថា ការដែលព្រះយកកំណើតជាស្ត្រី គឺជារឿងខុស ដូច្នេះ តើព្រះយេស៊ូវដែលមិនបានរៀបការ ហើយមិនអាចស្រឡាញ់ភរិយារបស់ទ្រង់បាននោះ មិនមានកំហុសជាច្រើន ដូចជាការយកកំណើតជាមនុស្សនាពេលបច្ចុប្បន្នដែរទេឬអី? ដោយសារតែអ្នកប្រើព្រះបន្ទូលដែលព្រះយេហូវ៉ាបានថ្លែងទៅកាន់នាងអេវ៉ា ដើម្បីវាស់ស្ទង់សេចក្តីពិតនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នៅក្នុងពេលបច្ចុប្បន្ន ដូច្នេះ អ្នកត្រូវប្រើព្រះបន្ទូលរបស់ព្រះយេហូវ៉ាទៅកាន់អ័ដាម មកវិនិច្ឆ័យព្រះអម្ចាស់យេស៊ូវ ដែលបានក្លាយជាសាច់ឈាមនៅក្នុងយុគសម័យនៃព្រះគុណដែរ។ តើការទាំងនេះមិនមែនតែមួយ និងដូចគ្នាទេឬអី? ដោយសារតែអ្នកយកខ្នាតរង្វាស់របស់ព្រះអម្ចាស់យេស៊ូវ ស្របតាមបុរសភេទ ដែលមិនត្រូវបានចាញ់បញ្ឆោតដោយសត្វពស់ ដូច្នេះ អ្នកមិនអាចវិនិច្ឆ័យសេចក្តីពិតនៃការយកកំណើតជាមនុស្សនាពេលសព្វថ្ងៃ ស្របតាមស្ត្រីដែលត្រូវបានចាញ់បញ្ឆោតសត្វពស់ឡើយ។ ការធ្វើបែបនេះ គឺវាមិនយុត្តិធម៌ឡើយ! ការវាស់ស្ទង់ព្រះជាម្ចាស់តាមរបៀបនេះបញ្ជាក់ឱ្យឃើញថា អ្នកខ្វះនូវវិចារណញ្ញាណហើយ។ នៅពេលដែលព្រះយេហូវ៉ាបានក្លាយជាសាច់ឈាមចំនួនពីរដង ភេទនៃសាច់ឈាមរបស់ទ្រង់ពាក់ព័ន្ធនឹងភេទបុរសនិងភេទស្រី ដែលមិនត្រូវបានចាញ់បញ្ឆោតសត្វពស់ ហើយវាស្របតាមបុរស និងស្ត្រី ដែលមិនត្រូវបានចាញ់បញ្ឆោតសត្វពស់ នាំឱ្យទ្រង់បានក្លាយជាសាច់ឈាមចំនួនពីរដង។ សូមកុំគិតថា ភេទជាបុរសរបស់ព្រះយេស៊ូវ មានលក្ខណៈដូចជាបុរសភេទរបស់អ័ដាម ដែលត្រូវបានចាញ់បញ្ឆោតសត្វពស់នោះឡើយ។ អ្នកទាំងពីរមានលក្ខណៈខុសគ្នាស្រឡះ ព្រោះអ្នកទាំងពីរមានបុរសភេទចេញពីនិស្ស័យពីរខុសគ្នា។ ច្បាស់ណាស់ បុរសភេទរបស់ព្រះយេស៊ូវមិនអាចបញ្ជាក់បានថា ទ្រង់ជាក្បាលរបស់ស្ត្រីទាំងអស់ឡើយ ប៉ុន្តែមិនមែនជាក្បាលរបស់បុរសទាំងអស់? តើទ្រង់មិនមែនជាស្ដេចរបស់សាសន៍យូដាគ្រប់រូប (រួមទាំងបុរសនិងស្ត្រី) ទេឬអី? ទ្រង់ជាព្រះជាម្ចាស់ផ្ទាល់ មិនមែនគ្រាន់តែជាក្បាលរបស់ស្ត្រីទេ ប៉ុន្តែក៏ជាក្បាលរបស់បុរសផងដែរ។ ទ្រង់ជាព្រះអម្ចាស់នៃគ្រប់សត្តនិករ និងជាក្បាលនៃគ្រប់សត្តនិករ។ តើអ្នកអាចកំណត់ភាពជាបុរសរបស់ព្រះយេស៊ូវ ឱ្យក្លាយជានិមិត្តសញ្ញានៃក្បាលរបស់ស្ត្រី បានដោយរបៀបណា? តើការនេះមិនប្រមាថព្រះជាម្ចាស់ទេឬអី? ព្រះយេស៊ូវជាបុរសម្នាក់ដែលមិនត្រូវបានពុករលួយឡើយ។ ទ្រង់ជាព្រះជាម្ចាស់។ ទ្រង់ជាព្រះគ្រីស្ទ។ ទ្រង់ជាព្រះអម្ចាស់។ តើទ្រង់អាចធ្វើជាបុរស ដូចអ័ដាមដែលត្រូវបានពុករលួយដោយរបៀបណា? ព្រះយេស៊ូវគឺជាសាច់ឈាម ដែលត្រូវបានគ្រងដោយព្រះវិញ្ញាណដ៏បរិសុទ្ធបំផុតរបស់ព្រះជាម្ចាស់។ តើអ្នកអាចនិយាយថា ទ្រង់ជាព្រះជាម្ចាស់ដែលមានភាពជាបុរសរបស់អ័ដាមបានដោយរបៀបណា? នៅក្នុងករណីនេះ តើគ្រប់កិច្ចការទាំងអស់របស់ព្រះជាម្ចាស់មិនក្លាយជាខុសទេឬអី? តើព្រះយេហូវ៉ាបានដាក់បញ្ចូលភាពជាបុរសរបស់អ័ដាម ដែលត្រូវបានចាញ់បញ្ឆោតសត្វពស់ មកក្នុងព្រះយេស៊ូវបានដែរឬទេ? តើការយកកំណើតជាមនុស្សនាពេលបច្ចុប្បន្ន មិនមែនជាឧទាហរណ៍មួយទៀតអំពីកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដែលមានភេទខុសគ្នាពីព្រះយេស៊ូវ ប៉ុន្តែមាននិស្ស័យដូចទ្រង់ទេឬអី? តើអ្នកនៅតែហ៊ាននិយាយថា ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មិនអាចក្លាយជាស្ត្រី ដោយសារតែស្ត្រី គឺជាមនុស្សដំបូងគេដែលត្រូវបានចាញ់បញ្ឆោតសត្វពស់ឬ? តើអ្នកនៅតែហ៊ាននិយាយថា ព្រះជាម្ចាស់មិនអាចក្លាយជាសាច់ឈាមជាស្ត្រី ដោយសារតែស្ត្រីមានភាពស្មោកគ្រោកបំផុត និងជាប្រភពនៃសេចក្តីពុករលួយរបស់មនុស្សជាតិឬ? តើអ្នកនៅតែហ៊ានទទូចក្នុងការនិយាយថា «ស្ត្រីនឹងត្រូវស្ដាប់បង្គាប់បុរសជានិច្ច ហើយគេមិនអាចស្ដែងចេញ ឬតំណាងឱ្យព្រះជាម្ចាស់ដោយផ្ទាល់» បានទេឬ? កាលពីអតីតកាល អ្នកមិនបានយល់ឡើយ ប៉ុន្តែឥឡូវនេះ តើអ្នកអាចបន្តប្រមាថកិច្ចការរបស់ព្រះជាម្ចាស់ ជាពិសេសសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ទៀតឬ? ប្រសិនបើអ្នកនៅមិនទាន់ច្បាស់អំពីការនេះ យកល្អអ្នកគួរតែប្រយ័ត្នអណ្ដាតរបស់អ្នកទៅ ក្រែងលោភាពល្ងីល្ងើ និងភាពអវិជ្ជារបស់អ្នកត្រូវបង្ហាញចេញមក ហើយភាពស្មោកគ្រោករបស់អ្នកត្រូវលាតត្រដាង។ សូមកុំគិតថា អ្នកយល់គ្រប់ទាំងសេចក្តីនោះឡើយ។ ខ្ញុំសូមប្រាប់អ្នកថា រាល់អ្វីៗដែលអ្នកបានមើលឃើញ និងបានឆ្លងកាត់ នៅមិនទាន់គ្រប់គ្រាន់ឱ្យអ្នកយល់បានឡើយ សូម្បីតែមួយភាគមួយពាន់នៃផែនការគ្រប់គ្រងរបស់ខ្ញុំក៏មិនបានផង។ ដូច្នេះ ហេតុអ្វីបានជាអ្នកធ្វើខ្លួនដូចជាក្រអឺតក្រទមម្ល៉េះ? ទេពកោសល្យដ៏ស្ដួចស្ដើង និងចំណេះដឹងបន្តិចបន្ដួចដែលអ្នកមាននោះ មិនល្មមនឹងឱ្យព្រះយេស៊ូវប្រើនៅក្នុងកិច្ចការរបស់ទ្រង់បានឡើយ សូម្បីតែក្នុងពេលមួយវិនាទីក៏មិនបានផង! តើអ្នកមានបទពិសោធច្រើនប៉ុនណាទៅ? អ្វីដែលអ្នកបានឃើញ និងគ្រប់ទាំងសេចក្តីដែលអ្នកបានស្ដាប់ឮនៅក្នុងជីវិតរបស់អ្នក និងអ្វីដែលអ្នកបានស្រមើស្រមៃមានកម្រិតតិចជាងកិច្ចការដែលខ្ញុំធ្វើក្នុងពេលមួយភ្លែតទៅទៀត! អ្នកពូកែតែខាងរកមើល និងពូកែខាងចាប់កំហុសរបស់គេប៉ុណ្ណោះ។ អ្នកអាចក្រអឺតក្រទមតាមតែអ្នកចង់ធ្វើទៅចុះ ប៉ុន្តែអ្នកគ្មានតម្លៃអ្វីក្រៅពីជាសត្វមួយក្បាលដែលមិនស្មើនឹងសត្វស្រមោចមួយផង! អ្វីៗដែលអ្នកមាននៅក្នុងពោះរបស់អ្នក គឺអន់ជាងអ្វីដែលមាននៅក្នុងពោះរបស់សត្វស្រមោចទៅទៀត! កុំដោយសារតែអ្នកបានទទួលបទពិសោធនិងអតីតភាពខ្លះ ធ្វើឱ្យអ្នកគិតថា អ្នកមានសិទ្ធិឆ្កាដៃឆ្កាជើង ហើយនិយាយទាំងក្អេងក្អាងនោះ។ តើបទពិសោធ និងអតីតភាពរបស់អ្នក មិនមែនជាលទ្ធផលកើតចេញពីព្រះបន្ទូលដែលខ្ញុំបានថ្លែងទេឬអី? តើអ្នកជឿថា អ្នកទទួលបានការទាំងនេះ ដោយចេញពីកម្លាំង និងសេចក្តីព្យាយាមរបស់អ្នកមែនទេ? សព្វថ្ងៃនេះ អ្នកមើលឃើញថា ខ្ញុំបានត្រលប់ជាសាច់ឈាម ហើយជាលទ្ធផលតាំងពីពេលនោះ នៅក្នុងអ្នកក៏កើតមាននូវគោលគំនិតដ៏ច្រើនហួសប្រមាណ ហើយមានសញ្ញាណមិនចេះចប់ឡើយ។ បើមិនមែនសម្រាប់ការយកកំណើតជាមនុស្សរបស់ខ្ញុំទេ បើទោះជាអ្នកមានទេពកោសល្យដ៏អស្ចារ្យយ៉ាងណាក៏ដោយ ក៏អ្នកនឹងគ្មានគោលគំនិតដ៏ច្រើនបែបនេះដែរ។ តើសញ្ញាណរបស់អ្នកមិនមែនកើតចេញមកពីទេពកោសល្យទាំងនេះទេឬអី? ប្រសិនបើព្រះយេស៊ូវមិនបានក្លាយជាសាច់ឈាមជាលើកដំបូងទេ តើអ្នកនឹងដឹងអំពីការយកកំណើតជាមនុស្សដែរឬទេ? តើមិនមែនដោយសារតែការយកកំណើតជាមនុស្សលើកទីមួយបានផ្ដល់ឱ្យអ្នកមានចំណេះដឹងថា អ្នកព្យាយាមវិនិច្ឆ័យការយកកំណើតជាមនុស្សលើកទីពីររបស់ទ្រង់ ដោយឥតអៀនខ្មាសទេឬអី? ហេតុអ្វីបានជាអ្នកព្រមដាក់ខ្លួនរៀនសូត្រពីការនេះ តែមិនព្រមធ្វើខ្លួនជាអ្នកដើរតាមដែលស្ដាប់បង្គាប់ម្នាក់ដូច្នេះ? នៅពេលដែលអ្នកបានចូលទៅក្នុងចរន្តនេះ ហើយចូលមកនៅចំពោះព្រះដែលយកកំណើតជាមនុស្ស តើទ្រង់នឹងអនុញ្ញាតឱ្យអ្នកស្រាវជ្រាវអំពីទ្រង់ដែរឬទេ? អ្នកអាចស្រាវជ្រាវអំពីប្រវត្តិសាស្ត្រគ្រួសាររបស់អ្នកបាន ប៉ុន្តែប្រសិនបើអ្នកព្យាយាមស្រាវជ្រាវអំពី «ប្រវត្តិគ្រួសារ» របស់ព្រះជាម្ចាស់ តើព្រះជាម្ចាស់នាពេលសព្វថ្ងៃ នឹងអនុញ្ញាតឱ្យអ្នកធ្វើការសិក្សាបែបនេះដែរឬទេ? តើអ្នកមិនខ្វាក់ភ្នែកទេឬអី? តើអ្នកមិនយកការមាក់ងាយមកដាក់ខ្លួនអ្នកទេឬអី?

ប្រសិនបើកិច្ចការរបស់ព្រះយេស៊ូវត្រូវបានសម្រេច ហើយមិនត្រូវបានបំពេញបន្ថែមដោយកិច្ចការនៅក្នុងដំណាក់កាលនៃគ្រាចុងក្រោយនេះ នោះមនុស្សនឹងប្រកាន់ខ្ជាប់ជារៀងរហូតនូវសញ្ញាណថា មានតែព្រះយេស៊ូវមួយប៉ុណ្ណោះ ទើបជាព្រះរាជបុត្រាតែមួយរបស់ព្រះជាម្ចាស់ ពោលគឺ មនុស្សគិតថា ព្រះជាម្ចាស់មានព្រះរាជបុត្រាតែមួយគត់ និងគិតទៀតថា មនុស្សផ្សេងទៀតដែលមកតាមក្រោយ ដោយមាននាមផ្សេងនឹងមិនមែនជាព្រះរាជបុត្រាតែមួយរបស់ព្រះជាម្ចាស់ ក៏រឹតតែមិនមែនជាព្រះជាម្ចាស់ផ្ទាល់នោះឡើយ។ មនុស្សមានសញ្ញាណថា អស់អ្នកណាដើរតួជាតង្វាយលោះបាប ឬដែលមានឫទ្ធានុភាពជំនួសឱ្យព្រះជាម្ចាស់ និងប្រោសលោះមនុស្សជាតិទាំងអស់ គឺជាព្រះរាជបុត្រាតែមួយគត់របស់ព្រះជាម្ចាស់។ មានអ្នកខ្លះដែលជឿថា លុះត្រាតែព្រះដែលយាងមកនោះជាបុរស ទើបទ្រង់អាចត្រូវបានចាត់ទុកជាព្រះរាជបុត្រាតែមួយរបស់ព្រះជាម្ចាស់ និងជាអ្នកតំណាងរបស់ព្រះជាម្ចាស់។ មនុស្សខ្លះទៀតថែមទាំងនិយាយថា ព្រះយេស៊ូវជាព្រះរាជបុត្រារបស់ព្រះយេហូវ៉ា ជាបុត្រាតែមួយគត់របស់ទ្រង់ទៀតផង។ តើសញ្ញាណបែបនេះមិនមែនជាការបំផ្លើសពេកទេឬអី? ប្រសិនបើដំណាក់កាលនៃកិច្ចការនេះមិនត្រូវបានសម្រេចនៅក្នុងដំណាក់កាលចុងក្រោយទេ នោះមនុស្សជាតិទាំងមូលនឹងត្រូវគ្របបាំងក្រោមស្រមោលអន្ធការចំពោះព្រះជាម្ចាស់មិនខាន។ ប្រសិនបើវាបែបនេះ នោះមនុស្សប្រុសនឹងគិតថា ខ្លួនមានឋានៈខ្ពស់ជាងស្ត្រី ហើយស្ត្រីនឹងមិនអាចងើបក្បាលឡើងបានឡើយ ដូច្នេះ វានឹងគ្មានស្ត្រីណាម្នាក់អាចទទួលបានការសង្រ្គោះនោះឡើយ។ មនុស្សតែងតែជឿថា ព្រះជាម្ចាស់ជាបុរស ហើយលើសពីនេះទៅទៀត គេជឿថា ទ្រង់តែងតែស្អប់ខ្ពើមស្ត្រី ហើយមិនប្រទានសេចក្តីសង្រ្គោះដល់នាងឡើយ។ ប្រសិនបើបែបនេះមែន តើវាមិនមែនជាការពិតទេឬអីថា គ្រប់ស្ត្រីទាំងអស់ដែលត្រូវបានបង្កើតមក ដោយព្រះយេហូវ៉ា និងដែលត្រូវបានពុកខូចផងនោះ នឹងមិនមានឱកាសទទួលបាននូវការសង្រ្គោះ? បើដូច្នេះ តើការដែលព្រះយេហូវ៉ាបានបង្កើតស្ត្រីមក ពោលគឺបានបង្កើតនាងអេវ៉ាមក មិនទៅជាឥតប្រយោជន៍ទេឬអី? ហើយតើស្ត្រីនឹងមិនត្រូវវិនាសអស់កល្បជានិច្ចទេឬអី? ព្រោះតែហេតុផលនេះ ដំណាក់កាលនៃកិច្ចការនៅគ្រាចុងក្រោយ គឺត្រូវធ្វើឡើងដើម្បីសង្រ្គោះមនុស្សជាតិទាំងអស់ គឺមិនមែនសម្រាប់តែស្ត្រីប៉ុណ្ណោះឡើយ។ ប្រសិនបើនរណាម្នាក់គិតថា បើព្រះជាម្ចាស់ត្រូវតែយកកំណើតជាមនុស្សជាស្ត្រី ហើយការនេះធ្វើឡើងសម្រាប់ជាប្រយោជន៍ដល់ការសង្រ្គោះស្ត្រីប៉ុណ្ណោះ នោះបុគ្គលនោះនឹងប្រាកដជាមនុស្សល្ងីល្ងើមិនខាន!

កិច្ចការសព្វថ្ងៃបានរុញច្រានកិច្ចការនាយុគសម័យនៃព្រះគុណឱ្យឆ្ពោះទៅមុខ មានន័យថា កិច្ចការដែលស្ថិតនៅក្រោមផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំទាំងមូល ក៏បានបន្តទៅមុខទៀតហើយ។ ទោះបីជាយុគសម័យនៃព្រះគុណបានបញ្ចប់ក៏ដោយ ប៉ុន្តែវឌ្ឍនភាពនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ក៏នៅតែមានដែរ។ ហេតុអ្វីបានជាខ្ញុំនិយាយម្ដងទៀតថា ដំណាក់កាលនៃកិច្ចការនេះសង់ឡើងនៅលើយុគសម័យនៃព្រះគុណ និងយុគសម័យនៃក្រឹត្យវិន័យ? នោះគឺដោយសារតែកិច្ចការនាពេលសព្វថ្ងៃ គឺជាការបន្តនូវកិច្ចការដែលបានធ្វើរួចហើយ នៅក្នុងយុគសម័យនៃព្រះគុណ និងជាវឌ្ឍនភាពលើកិច្ចការដែលបានធ្វើរួច នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ។ ដំណាក់កាលទាំងបីនេះមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកយ៉ាងស្អិតរមួត គឺដូចជាតំណមួយៗនៅក្នុងច្រវាក់ដែលប្រទាក់គ្នាយ៉ាងណែនដូច្នោះដែរ។ ហេតុអ្វីបានជាខ្ញុំនិយាយថា ដំណាក់កាលនៃកិច្ចការនេះសង់ឡើងនៅលើកិច្ចការដែលព្រះយេស៊ូវបានធ្វើដែរ? ឧបមាថា ដំណាក់កាលនេះមិនត្រូវបានសាងលើកិច្ចការដែលព្រះយេស៊ូវបានធ្វើ នោះការជាប់ឆ្កាងមួយទៀតនឹងត្រូវកើតឡើងនៅក្នុងដំណាក់កាលនេះ ហើយកិច្ចការប្រោសលោះនៃដំណាក់កាលមុននឹងត្រូវធ្វើឡើងម្ដងទៀតមិនខាន។ ការនេះនឹងទៅជាគ្មានន័យ។ ដូច្នេះ មិនមែនថា កិច្ចការនោះត្រូវបានបញ្ចប់ទាំងស្រុងឡើយ ប៉ុន្តែយុគសម័យនោះបានបន្តទៅមុខ ហើយកម្រិតនៃកិច្ចការនោះ ក៏ត្រូវលើកឡើងកាន់តែខ្ពស់ ជាងពេលមុនទៅទៀត។ អាចនិយាយបានថា ដំណាក់កាលនៃកិច្ចការនេះ ត្រូវបានសង់ឡើងនៅលើគ្រឹះមូលដ្ឋាននាយុគសម័យនៃក្រឹត្យវិន័យ និងលើថ្មដានៃកិច្ចការរបស់ព្រះយេស៊ូវ។ កិច្ចការរបស់ព្រះជាម្ចាស់ ត្រូវបានសាងឡើង ពីមួយដំណាក់កាលទៅមួយដំណាក់កាល ហើយដំណាក់កាលនេះមិនមែនជាការចាប់ផ្ដើមថ្មីនោះឡើយ។ មានតែបន្សំគ្នានៃដំណាក់កាលនៃកិច្ចការទាំងបីប៉ុណ្ណោះ ទើបអាចត្រូវបានចាត់ទុកជាផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំបាន។ កិច្ចការនៃដំណាក់កាលនេះ ត្រូវបានធ្វើឡើងលើគ្រឹះមូលដ្ឋាននៃកិច្ចការក្នុងយុគសម័យនៃព្រះគុណ។ ប្រសិនបើដំណាក់កាលនៃកិច្ចការទាំងពីរនេះមិនទាក់ទងគ្នាទេ ចុះហេតុអ្វីបានជាការជាប់ឆ្កាង មិនកើតឡើងម្ដងទៀតនៅក្នុងដំណាក់កាលនេះទៅ? ហេតុអ្វីបានជាខ្ញុំមិនទទួលយកបាបរបស់មនុស្ស ប៉ុន្តែបែរជាយាងមកជំនុំជម្រះ និងកាត់ទោសមនុស្សដោយផ្ទាល់ទៅវិញ? ប្រសិនបើកិច្ចការជំនុំជម្រះ និងវាយផ្ចាលមនុស្សរបស់ខ្ញុំ មិនបានធ្វើតាមការជាប់ឆ្កាង ដោយរួមជាមួយការយាងមករបស់ខ្ញុំក្នុងពេលបច្ចុប្បន្ន មិនមែនចាប់កំណើតដោយព្រះវិញ្ញាណបរិសុទ្ធទេ នោះខ្ញុំនឹងគ្មានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីជំនុំជម្រះ និងវាយផ្ចាលមនុស្សឡើយ។ ប្រាកដណាស់ ដោយសារតែខ្ញុំគឺជាអង្គតែមួយជាមួយព្រះយេស៊ូវ ទើបខ្ញុំចុះមកដោយផ្ទាល់ ដើម្បីវាយផ្ចាល និងជំនុំជម្រះមនុស្ស។ កិច្ចការនៅដំណាក់កាលនេះត្រូវបានសាងឡើងទាំងស្រុងពីលើកិច្ចការនៅដំណាក់កាលមុន។ នេះគឺជាហេតុផលដែលបញ្ជាក់ថា មានតែកិច្ចការប្រភេទនេះប៉ុណ្ណោះ ដែលអាចនាំមនុស្សទៅរកសេចក្តីសង្រ្គោះ មួយជំហានម្ដងៗបាន។ ព្រះយេស៊ូវ ហើយនិងខ្ញុំ ចេញមកពីព្រះវិញ្ញាណតែមួយ។ ទោះបីយើងដាច់ឡែកនៅក្នុងសាច់ឈាមរបស់យើងក៏ដោយ ក៏ព្រះវិញ្ញាណរបស់យើងតែមួយដដែល។ ទោះបីខ្លឹមសារនៃអ្វីដែលយើងធ្វើ ហើយកិច្ចការដែលយើងរ៉ាប់រង មិនដូចគ្នាក៏ដោយ ប៉ុន្តែយើងមានសារជាតិដូចគ្នា។ សាច់ឈាមរបស់យើងមានទម្រង់ខុសគ្នា នេះដោយសារតែការផ្លាស់ប្ដូរនៅក្នុងសម័យកាល និងលក្ខខណ្ឌតម្រូវខុសគ្នានៃកិច្ចការយើងប៉ុណ្ណោះ។ ព័ន្ធកិច្ចរបស់យើងក៏មិនដូចគ្នាដែរ ដូច្នេះកិច្ចការដែលយើងនាំមក ហើយនិស្ស័យដែលយើងបើកសម្ដែងទៅកាន់មនុស្សក៏ខុសគ្នាដែរ។ នោះជាហេតុផលដែលនាំឱ្យអ្វីដែលមនុស្សមើលឃើញ និងយល់នៅសម័យនេះ មានលក្ខណៈខុសពីអតីតកាល គឺដោយសារតែការផ្លាស់ប្ដូរនៅក្នុងយុគសម័យនេះហើយ។ ដ្បិតពួកទ្រង់មានលក្ខណៈខុសគ្នាទាំងភេទ និងទម្រង់នៃសាច់ឈាមរបស់ពួកទ្រង់ ហើយពួកទ្រង់ក៏មិនកើតចេញពីគ្រួសារដូចគ្នាដែរ ចំណែកឯអំឡុងពេលវិញ ក៏ខុសគ្នាទៀតនោះ តែយ៉ាងណាក៏ពួកទ្រង់មានព្រះវិញ្ញាណតែមួយដែរ។ ទោះបីជាសាច់ឈាមរបស់ពួកទ្រង់មិនមានឈាមជ័រតែមួយឬជាសាច់ញាតិបងប្អូនដូចគ្នាក៏ដោយ ក៏មិនអាចបដិសេធថា ពួកទ្រង់មិនមែនជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ នៅក្នុងសម័យកាលពេលពីរផ្សេងគ្នានោះឡើយ។ ការដែលពួកទ្រង់ជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ គឺជាសេចក្តីពិតដែលមិនអាចប្រកែកបាន។ យ៉់ាងណាក្ដី ពួកទ្រង់មិនមានពង្សាវតារដូចគ្នា និងមិនមានភាសាមនុស្សតែមួយដូចគ្នាក៏ដោយ (ម្នាក់ជាបុរសដែលនិយាយភាសាសាសន៍យូដា ហើយម្នាក់ទៀតជាស្ត្រីដែលនិយាយតែភាសាចិនប៉ុណ្ណោះ)។ គឺដោយសារតែហេតុផលទាំងនេះហើយ ទើបពួកទ្រង់បានរស់នៅក្នុងប្រទេសខុសគ្នា ដើម្បីធ្វើកិច្ចការដ៏សមគួរដែលអង្គនីមួយៗត្រូវធ្វើ និងនៅក្នុងសម័យកាលខុសគ្នាផងដែរ។ ទោះបីជាការពិត ពួកទ្រង់មានព្រះវិញ្ញាណតែមួយ ព្រមទាំងមានសារជាតិដូចគ្នាក៏ដោយ ក៏ភាពដូចគ្នាទាំងស្រុងរវាងសំបកក្រៅនៃសាច់ឈាមរបស់ពួកទ្រង់ គឺពុំមាននោះឡើយ។ គ្រប់យ៉ាងដែលពួកទ្រង់ដូចគ្នា គឺជាភាពជាមនុស្សដូចគ្នា ប៉ុន្តែបើនិយាយដល់រូបរាងខាងក្រៅនៃសាច់ឈាមរបស់ពួកទ្រង់ និងកាលៈទេសៈនៃការចាប់កំណើតរបស់ពួកទ្រង់វិញ គឺមិនដូចគ្នានោះឡើយ។ ចំណុចទាំងនេះគ្មានឥទ្ធិពលអ្វីទៅលើកិច្ចការរបស់ពួកទ្រង់ ឬទៅលើចំណេះដឹងដែលមនុស្សមានអំពីពួកទ្រង់ឡើយ ដ្បិតនៅក្នុងការវិភាគចុងក្រោយ ពួកទ្រង់ជាព្រះវិញ្ញាណដូចគ្នា ហើយគ្មាននរណាម្នាក់អាចបំបែកពួកទ្រង់ចេញពីគ្នាបានឡើយ។ ទោះបីជាពួកទ្រង់មិនមានឈាមជ័រដូចគ្នាក៏ដោយ ក៏អត្ថិភាពទាំងស្រុងរបស់ពួកទ្រង់គ្រប់គ្រងព្រះវិញ្ញាណរបស់ពួកទ្រង់ ជាព្រះវិញ្ញាណដែលបែងចែកកិច្ចការផ្សេងៗទៅកាន់ពួកទ្រង់ នៅក្នុងសម័យកាលខុសគ្នា និងសាច់ឈាមរបស់ពួកទ្រង់ក៏មានទៅតាមពង្សាវតារនៃឈាមជ័រខុសគ្នាដែរ។ ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ា មិនមែនជាបិតានៃព្រះវិញ្ញាណរបស់ព្រះយេស៊ូវឡើយ ហើយព្រះវិញ្ញាណរបស់ព្រះយេស៊ូវ ក៏មិនមែនជាបុត្រារបស់ព្រះវិញ្ញាណនៃព្រះយេហូវ៉ានោះដែរ៖ ពួកទ្រង់ជាព្រះវិញ្ញាណតែមួយ និងដូចគ្នា។ ដូចគ្នាដែរ ព្រះដែលយកកំណើតជាមនុស្សសព្វថ្ងៃ និងព្រះយេស៊ូវ មិនមានឈាមជ័រដូចគ្នាឡើយ ប៉ុន្តែពួកទ្រង់គឺតែមួយ នោះគឺដោយសារតែព្រះវិញ្ញាណរបស់ពួកទ្រង់តែមួយ។ ព្រះជាម្ចាស់អាចធ្វើកិច្ចការនៃសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដ៏សប្បុរស ក៏ដូចជាធ្វើកិច្ចការនៃការជំនុំជម្រះ និងការកាត់ទោសដ៏សុចរិតចំពោះមនុស្ស និងកិច្ចការនៃការដាក់បណ្ដាសាមនុស្ស។ ហើយនៅចុងបញ្ចប់ ទ្រង់អាចធ្វើកិច្ចការបំផ្លាញពិភពលោក និងកិច្ចការដាក់ទោសមនុស្សទុច្ចរិតផងដែរ។ តើទ្រង់មិនធ្វើកិច្ចការទាំងអស់នេះដោយអង្គឯងទេឬអី? តើនេះមិនមែនជាព្រះដ៏មានសព្វានុភាពទេឬអី? ទ្រង់អាចប្រកាសឱ្យមនុស្សប្រើច្បាប់ និងចេញជាសេចក្ដីបង្គាប់ទៅកាន់គេ ហើយទ្រង់ក៏អាចដឹកនាំអ៊ីស្រាអែលជំនាន់មុន ឱ្យរស់នៅជីវិតរបស់គេនៅលើផែនដី និងដឹកនាំពួកគេនៅក្នុងការសាងសង់ព្រះវិហារ និងទីអាសនា ព្រមទាំងដាក់ពួកអ៊ីស្រាអែលទាំងអស់ ឱ្យនៅក្រោមអំណាចគ្រប់គ្រងរបស់ទ្រង់ផងដែរ។ ដោយសារតែសិទ្ធិអំណាចរបស់ទ្រង់ ព្រះអង្គបានរស់នៅលើផែនដីជាមួយប្រជាជនអ៊ីស្រាអែល អស់រយៈពេលពីរពាន់ឆ្នាំ។ ពួកអ៊ីស្រាអែលមិនហ៊ានបះបោរប្រឆាំងនឹងទ្រង់ឡើយ គ្រប់គ្នាបានគោរពកោតខ្លាចព្រះយេហូវ៉ា និងកាន់តាមបទបញ្ញត្តិរបស់ទ្រង់។ នេះគឺជាកិច្ចការដែលត្រូវបានធ្វើឡើង ដោយគុណធម៌នៃសិទ្ធិអំណាចរបស់ទ្រង់ និងសព្វានុភាពរបស់ទ្រង់។ បន្ទាប់មក ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវបានយាងមក ដើម្បីប្រោសលោះមនុស្សជាតិដែលធ្លាក់ចុះទាំងអស់ (មិនមែនគ្រាន់តែប្រជាជនអ៊ីស្រាអែលប៉ុណ្ណោះទេ)។ ទ្រង់បានបង្ហាញសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដ៏សប្បុរសទៅកាន់មនុស្ស។ ព្រះយេស៊ូវដែលមនុស្សបានឃើញនៅក្នុងយុគសម័យនៃព្រះគុណ បានពេញដោយសេចក្តីស្រឡាញ់ដ៏សប្បុរស និងតែងតែស្រឡាញ់មនុស្សជានិច្ច ព្រោះថា ទ្រង់បានយាងមក ដើម្បីសង្រ្គោះមនុស្សជាតិឱ្យរួចពីបាប។ ទ្រង់អាចអត់ទោសមនុស្សឱ្យរួចពីបាបរបស់គេបាន លុះត្រាតែការជាប់ឆ្កាងរបស់ទ្រង់ បានប្រោសលោះមនុស្សជាតិពីអំពើបាបទាំងស្រុង។ ក្នុងអំឡុងពេលនេះ ព្រះជាម្ចាស់បានបង្ហាញអង្គទ្រង់នៅមុខមនុស្សជាមួយសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដ៏សប្បុរស មានន័យថា ទ្រង់បានក្លាយជាតង្វាយលោះបាបសម្រាប់មនុស្ស និងត្រូវបានជាប់ឆ្កាងដោយព្រោះអំពើបាបរបស់មនុស្ស ដើម្បីឱ្យពួកគេទទួលបានការអត់ទោសជារៀងរហូត។ ទ្រង់ពេញដោយសេចក្តីមេត្តាករុណា សេចក្តីអាណិតអាសូរ ព្រះទ័យអត់ធ្មត់ និងព្រះទ័យស្រឡាញ់។ ហើយអស់អ្នកណាដែលបានដើរតាមព្រះយេស៊ូវនៅក្នុងយុគសម័យនៃព្រះគុណ ក៏គួរតែមានចិត្តអត់ធ្មត់ និងសេចក្តីស្រឡាញ់ក្នុងគ្រប់កិច្ចការទាំងអស់ផងដែរ។ ពួកគេមានចិត្តអំណត់ ហើយមិនដែលប្រយុទ្ធតបតវិញឡើយ ទោះបីពេលត្រូវគេវាយដំ ជេរប្រមាថ ឬគប់ដុំថ្មក៏ដោយ។ ប៉ុន្តែ ក្នុងអំឡុងពេលនៃដំណាក់កាលចុងក្រោយ វាលែងមានរឿងបែបនេះទៀតហើយ។ កិច្ចការរបស់ព្រះយេស៊ូវ និងព្រះយេហូវ៉ា មិនដូចគ្នាទាំងអស់នោះទេ ទោះបីជាពួកទ្រង់មានព្រះវិញ្ញាណតែមួយក៏ដោយ។ កិច្ចការរបស់ព្រះយេហូវ៉ា មិនបាននាំឱ្យយុគសម័យត្រូវបញ្ចប់ឡើយ ប៉ុន្តែទ្រង់បានដឹកនាំយុគសម័យ នាំផ្លូវជីវិតរបស់មនុស្សលោកនៅលើផែនដី ចំណែកឯកិច្ចការសព្វថ្ងៃវិញ គឺជាការយកឈ្នះមនុស្សនៅក្នុងប្រជាជាតិនៃសាសន៍ដទៃ ដែលត្រូវបានពុករលួយយ៉ាងជ្រៅ ហើយមិនគ្រាន់តែដឹកនាំពួកអ្នករើសតាំងរបស់ព្រះជាម្ចាស់ នៅក្នុងប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែដឹកនាំចក្រវាលទាំងមូល និងមនុស្សជាតិទាំងអស់ផងដែរ។ អ្នកប្រហែលជាមើលឃើញថា កិច្ចការនេះកំពុងតែត្រូវបានធ្វើតែនៅក្នុងប្រទេសចិនប៉ុណ្ណោះ ប៉ុន្តែតាមពិតទៅ វាបានចាប់ផ្ដើមរីកសាយទៅក្រៅប្រទេសចិនរួចស្រេចទៅហើយ។ ហេតុអ្វីបានជាមនុស្សនៅក្រៅប្រទេសចិន ត្រូវស្វែងរកផ្លូវពិតជាថ្មីម្ដងទៀត? នោះគឺដោយសារតែព្រះវិញ្ញាណបានចាប់ផ្ដើមធ្វើការរួចហើយ ហើយព្រះបន្ទូលដែលថ្លែងចេញនាពេលសព្វថ្ងៃ ត្រូវបានតម្រង់ឆ្ពោះទៅកាន់មនុស្សនៅទូទាំងសកលលោក។ ជាមួយការនេះ កិច្ចការពាក់កណ្ដាលបានកំពុងតែដំណើរការហើយ។ ចាប់តាំងពីកំណើតពិភពលោក រហូតមកដល់ពេលបច្ចុប្បន្ន ព្រះវិញ្ញាណនៃព្រះបានធ្វើឱ្យកិច្ចការដ៏អស្ចារ្យនេះ ដំណើរការហើយ ហើយលើសពីនេះទៅទៀត ទ្រង់បានធ្វើកិច្ចការផ្សេងៗនៅក្នុងយុគសម័យខុសៗគ្នា និងនៅក្នុងចំណោមប្រជាជាតិខុសៗគ្នាផងដែរ។ មនុស្សនៅតាមយុគសម័យនីមួយៗមើលឃើញពីនិស្ស័យខុសគ្នារបស់ទ្រង់ ដែលត្រូវបានបើកសម្ដែងដោយឯកឯង តាមរយៈកិច្ចការខុសគ្នាដែលទ្រង់ធ្វើ។ ទ្រង់ជាព្រះជាម្ចាស់ដែលពេញដោយសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដ៏សប្បុរស។ ទ្រង់ជាតង្វាយលោះបាបសម្រាប់មនុស្ស និងជាអ្នកគង្វាលរបស់មនុស្ស។ ប៉ុន្តែ ទ្រង់ក៏ជាការជំនុំជម្រះ ការវាយផ្ចាល និងជាបណ្ដាសារបស់មនុស្សផងដែរ។ ទ្រង់អាចនាំមនុស្សឱ្យរស់នៅលើផែនដីអស់រយៈពេលពីរពាន់ឆ្នាំ ហើយទ្រង់ក៏អាចប្រោសលោះមនុស្សជាតិដែលពុករលួយចេញពីបាបបានផងដែរ។ សព្វថ្ងៃនេះ ទ្រង់ក៏អាចយកឈ្នះមនុស្សជាតិដែលមិនស្គាល់ទ្រង់ ហើយបង្រ្កាបពួកគេឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទ្រង់ផងដែរ ដើម្បីឱ្យមនុស្សទាំងអស់នឹងចុះចូលចំពោះទ្រង់ទាំងស្រុងមិនខាន។ ចុងបញ្ចប់ ទ្រង់នឹងដុតចោលរាល់អ្វីៗដែលមិនបរិសុទ្ធ និងមិនសុចរិតនៅក្នុងមនុស្សទូទាំងសកលលោក ដើម្បីបង្ហាញពួកគេថា ទ្រង់មិនគ្រាន់តែជាព្រះដ៏ពេញដោយសេចក្តីមេត្តាករុណា និងគួរឱ្យស្រឡាញ់ មិនគ្រាន់តែជាព្រះនៃព្រះប្រាជ្ញាញាណ និងឫទ្ធិបារមី និងមិនគ្រាន់តែជាព្រះដ៏បរិសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែលើសពីនេះ ទ្រង់ក៏ជាព្រះដែលជំនុំជម្រះមនុស្សផងដែរ។ ចំពោះមនុស្សទុច្ចរិតនៅក្នុងចំណោមមនុស្សជាតិ ទ្រង់កំពុងតែដុត ជំនុំជម្រះ និងដាក់ទោស ចំពោះមនុស្សដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍វិញ ទ្រង់ជាទុក្ខលំបាក ជាការបន្សុទ្ធ និងជាសេចក្តីល្បងល ក៏ដូចជាការកម្សាន្តចិត្ត ការជួយទ្រទ្រង់ ការផ្គត់ផ្គង់នៃព្រះបន្ទូល ការដោះស្រាយ និងការកាត់តម្រឹមផងដែរ។ ហើយចំពោះមនុស្សដែលត្រូវបានផាត់ចោល ទ្រង់ជាការដាក់ទោស និងការសងសឹក។ សូមប្រាប់ខ្ញុំមើល៍ តើព្រះជាម្ចាស់មិនមែនជាព្រះដ៏ពេញដោយព្រះចេស្ដាទេឬអី? ទ្រង់មានសមត្ថភាពធ្វើគ្រប់កិច្ចការទាំងអស់ មិនមែនត្រឹមតែកិច្ចការជាប់ឆ្កាង ដូចដែលអ្នកស្រមៃនោះឡើយ។ អ្នកគិតថា ព្រះជាម្ចាស់អន់ដល់ម្ល៉ឹង! តើអ្នកជឿថា ទ្រង់អាចធ្វើបានត្រឹមការប្រោសលោះមនុស្សជាតិទាំងមូល តាមរយៈការជាប់ឆ្កាងរបស់ទ្រង់ប៉ុណ្ណឹងមែនទេ? ហើយក្រោយមកទៀត អ្នកនឹងដើរតាមទ្រង់ឡើងទៅស្ថានសួគ៌ ដើម្បីបរិភោគផលផ្លែពីដើមឈើនៃជីវិត និងផឹកទឹកពីទន្លេនៃជីវិតមែនទេ? ... តើវាអាចងាយស្រួលម្ល៉ឹងទេ? សូមប្រាប់ខ្ញុំមើល៍ តើអ្នកបានសម្រេចអ្វីខ្លះហើយ? តើអ្នកមានជីវិតរបស់ព្រះយេស៊ូវដែរឬទេ? ពិតណាស់ អ្នកត្រូវបានទ្រង់ប្រោសលោះមែន ប៉ុន្តែការជាប់ឆ្កាង គឺជាកិច្ចការរបស់ព្រះយេស៊ូវផ្ទាល់ព្រះអង្គទេ។ តើអ្នកបានសម្រេចភារកិច្ចអ្វីខ្លះហើយក្នុងនាមជាមនុស្សលោក? អ្នកគោរពកោតខ្លាចព្រះតែសំបកក្រៅប៉ុណ្ណោះ ប៉ុន្តែអ្នកមិនយល់អំពីផ្លូវរបស់ទ្រង់ឡើយ។ តើនេះជារបៀបដែលអ្នកស្ដែងឱ្យគេឃើញពីទ្រង់មែនទេ? ប្រសិនបើអ្នកមិនបានទទួលជីវិតរបស់ព្រះជាម្ចាស់ ឬមិនបានឃើញភាពពេញលេញនៃនិស្ស័យសុចរិតរបស់ទ្រង់ទេ ដូច្នេះ អ្នកមិនអាចអះអាងថា ខ្លួនជាមនុស្សម្នាក់ដែលមានជីវិតបានឡើយ ហើយអ្នកក៏មិនសក្ដិសមនឹងដើរឆ្លងតាមទ្វារនៃនគរស្ថានសួគ៌នោះដែរ។

ព្រះជាម្ចាស់មិនគ្រាន់តែជាព្រះវិញ្ញាណប៉ុណ្ណោះទេ ទ្រង់ក៏អាចត្រលប់ជាសាច់ឈាមបានដែរ។ លើសពីនេះទៅទៀត ទ្រង់ជារូបកាយនៃសិរីល្អមួយ។ ព្រះយេស៊ូវត្រូវបានប្រជាជនអ៊ីស្រាអែល ដែលជាសាសន៍យូដានាសម័យនោះឃើញផ្ទាល់នឹងភ្នែករបស់គេ ទោះបីជាអ្នករាល់គ្នាមិនធ្លាប់បានឃើញទ្រង់ក៏ដោយ។ ជាដំបូង ទ្រង់ជារូបកាយខាងសាច់ឈាម ប៉ុន្តែក្រោយពេលទ្រង់បានជាប់ឆ្កាង ទ្រង់បានក្លាយជារូបកាយនៃសិរីល្អ។ ទ្រង់ជាព្រះវិញ្ញាណ ដែលគង់នៅគ្រប់ទិសទី ហើយអាចធ្វើការនៅគ្រប់ទីកន្លែងបាន។ ទ្រង់អាចជាព្រះយេហូវ៉ា អាចជាព្រះយេស៊ូវ ឬក៏អាចជាព្រះមែស្ស៊ី។ នៅចុងបញ្ចប់ ទ្រង់ក៏អាចក្លាយជាព្រះដ៏មានគ្រប់ព្រះចេស្ដាបានផងដែរ។ ទ្រង់គឺជាសេចក្តីសុចរិត ជាការជំនុំជម្រះ និងជាការវាយផ្ចាល។ ទ្រង់ជាបណ្ដាសា និងជាព្រះពិរោធ ប៉ុន្តែទ្រង់ក៏ជាសេចក្តីមេត្តាករុណា ហើយជាសេចក្តីស្រឡាញ់ដ៏សប្បុរសផងដែរ។ គ្រប់កិច្ចការដែលទ្រង់បានធ្វើ សុទ្ធតែអាចតំណាងឱ្យទ្រង់បានទាំងអស់។ តើអ្នកនិយាយថា ព្រះជាម្ចាស់មានឥរិយាបថបែបណា? អ្នកមិនអាចពន្យល់បានឡើយ។ ប្រសិនបើអ្នកមិនអាចពន្យល់បានផង អ្នកមិនគួរសន្និដ្ឋានអំពីព្រះជាម្ចាស់នោះឡើយ។ ចូរកុំសន្និដ្ឋានថា ព្រះជាម្ចាស់ជាព្រះនៃសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដ៏សប្បុរសជារៀងរងហូត ដោយសារតែទ្រង់បានធ្វើកិច្ចការនៃការប្រោសលោះ នៅក្នុងដំណាក់កាលមួយនោះឡើយ។ តើអ្នកអាចប្រាកដច្បាស់ទេថា ទ្រង់ជាព្រះដ៏ពេញដោយសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់តែមួយនោះ? ប្រសិនបើទ្រង់គ្រាន់តែជាព្រះនៃសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់នោះ ចុះហេតុអ្វីបានជាទ្រង់នឹងត្រូវបញ្ចប់យុគសម័យនៅគ្រាចុងក្រោយ? ហេតុអ្វីបានជាទ្រង់នឹងបញ្ជូនគ្រោះមហន្តរាយយ៉ាងច្រើនបែបនេះ? យោងតាមសញ្ញាណ និងគំនិតរបស់មនុស្ស ព្រះជាម្ចាស់គួរតែមានព្រះទ័យមេត្តាករុណា និងព្រះទ័យស្រឡាញ់ដល់ទីបញ្ចប់ ដើម្បីឱ្យសមាជិកចុងក្រោយគ្រប់ៗរូប របស់មនុស្សជាតិ អាចទទួលបានការសង្រ្គោះ។ ប៉ុន្តែ នៅគ្រាចុងក្រោយ ហេតុអ្វីបានជាទ្រង់បញ្ជូនគ្រោះមហន្តរាយធំៗ ដូចជា គ្រោះរញ្ជួយដី គ្រោះកាចចង្រៃ និងគ្រោះទុរ្ភឹក្ស មកបំផ្លាញមនុស្សជាតិដ៏អាក្រក់ ដែលចាត់ទុកព្រះជាម្ចាស់ ជាសត្រូវរបស់គេដូច្នេះ? ហេតុអ្វីបានជាទ្រង់អនុញ្ញាតឱ្យមនុស្សរងគ្រោះមហន្តរាយទាំងនេះ? ចំពោះរឿងថា ព្រះជាម្ចាស់មានឥរិយាបថបែបណានោះ នៅក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាម្នាក់ហ៊ាននិយាយបានឡើយ ហើយក៏គ្មាននរណាម្នាក់អាចពន្យល់បានដែរ។ តើអ្នកអាចប្រាកដច្បាស់ទេថា ទ្រង់ជាព្រះវិញ្ញាណ? តើអ្នកហ៊ាននិយាយថា ទ្រង់មិនមែនជានរណាឡើយក្រៅពីជាសាច់ឈាមរបស់ព្រះយេស៊ូវនោះ? ហើយតើអ្នកហ៊ាននិយាយទេថា ទ្រង់គឹជាព្រះជាម្ចាស់ ដែលនឹងត្រូវជាប់ឆ្កាងជារៀងរហូត សម្រាប់ជាប្រយោជន៍របស់មនុស្សលោក?

ខាង​ដើម៖ អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)

បន្ទាប់៖ តើព្រះត្រៃឯកមានវត្តមានគង់នៅដែរឬទេ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ