មនុស្សគ្រប់គ្នាដែលមិនស្គាល់ព្រះជាម្ចាស់ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់

ដើម្បីយល់ពីគោលបំណងនៃកិច្ចការរបស់ព្រះ យល់ពីឥទ្ធិពលដែលកិច្ចការរបស់ទ្រង់មានមកលើមនុស្ស និងយល់ច្បាស់ពីព្រះហឫទ័យដ៏ពិតប្រាកដរបស់ទ្រង់ ចំពោះមនុស្សលោក៖ នេះគឺជាអ្វីដែលមនុស្សគ្រប់គ្នាដែលដើរតាមព្រះជាម្ចាស់ គប្បីសម្រេចឲ្យបាន។ សព្វថ្ងៃនេះ ការយល់ដឹងអំពីកិច្ចការរបស់ព្រះ គឺជាអ្វីដែលមនុស្សរាល់គ្នាខ្វះខាត។ ទង្វើដែលព្រះជាម្ចាស់បានធ្វើមកលើមនុស្ស កិច្ចការទាំងមូលរបស់ព្រះ និងព្រះហឫទ័យដ៏ពិតប្រាកដរបស់ព្រះជាម្ចាស់ចំពោះមនុស្សលោក រាប់តាំងពីការបង្កើតភពផែនដីរហូតដល់បច្ចុប្បន្ន ទាំងអស់នេះ គឺជារឿងដែលមនុស្សមិនដឹង និងមិនយល់។ ភាពខ្វះចន្លោះនេះ មិនមែនត្រឹមតែមើលមិនឃើញ នៅក្នុងចំណោមអ្នកកាន់សាសនាទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែ សូម្បីតែក្នុងចំណោមអ្នកដែលជឿលើព្រះជាម្ចាស់ក៏គ្មានដែរ។ នៅពេលថ្ងៃនោះមកដល់ នោះអ្នកនឹងមើលឃើញព្រះជាម្ចាស់យ៉ាងពិតប្រាកដ នៅពេលដែលអ្នកគិតយល់ពីព្រះប្រាជ្ញាញ្ញាណរបស់ទ្រង់ នៅពេលដែលអ្នកមើលឃើញទង្វើទាំងអស់ដែលព្រះបានធ្វើ នៅពេលដែលអ្នកដឹងថា ព្រះជានរណា និងមានអ្វីខ្លះ ជាពេល ដែលអ្នកបានឃើញព្រះទ័យយល់អធ្យាស្រ័យ ព្រះប្រាជ្ញាញ្ញាណ ភាពអស្ចារ្យរបស់ទ្រង់ និងគ្រប់អ្វីៗទាំងអស់ ដែលទ្រង់បានធ្វើមកលើមនុស្ស គឺពេលនោះហើយដែលអ្នកនឹងសម្រេចបានជោគជ័យនៅក្នុងសេចក្ដីជំនឿរបស់អ្នកចំពោះព្រះ។ នៅពេលគេនិយាយថា ព្រះជាម្ចាស់មានអ្វីៗគ្រប់យ៉ាង និងជាព្រះដ៏ពេញបរិបូរណ៍ តើទ្រង់មានអ្វីគ្រប់យ៉ាង តាមវិធីណាឲ្យប្រាកដ ហើយទ្រង់ពេញបរិបូរណ៍ តាមវិធីណាឲ្យប្រាកដ? ប្រសិនបើអ្នករាល់មិនយល់ពីចំណុចនេះទេ នោះអ្នកមិនអាចចាត់ទុកថាមានជំនឿលើព្រះជាម្ចាស់បានឡើយ។ ហេតុអ្វីក៏ខ្ញុំនិយាយថា មនុស្សដែលនៅក្នុងចំណោមអ្នកកាន់សាសនា មិនមែនជាអ្នកជឿលើព្រះ តែជាអ្នកប្រព្រឹត្តអាក្រក់ ជាជំពូកមនុស្សដូចគ្នានឹងមារសាតាំង? នៅពេលខ្ញុំនិយាយថា ពួកគេជាមនុស្សអាក្រក់ នោះគឺដោយសារតែពួកគេមិនយល់ពីព្រះហឫទ័យរបស់ព្រះ និងមិនអាចមើលឃើញប្រាជ្ញាញាណរបស់ទ្រង់។ គ្មានពេលណាដែលព្រះជាម្ចាស់បង្ហាញកិច្ចការរបស់ទ្រង់ដល់ពួកគេឡើយ។ ពួកគេជាមនុស្សខ្វាក់ ពួកគេមិនអាចមើលឃើញទង្វើរបស់ ព្រះជាម្ចាស់នោះទេ ពួកគេត្រូវបានព្រះជាម្ចាស់បោះបង់ចោល ហើយ ពួកគេខ្វះការយកចិត្តទុកដាក់ និងការការពារទាំងស្រុងពីព្រះជាម្ចាស់ មិនចាំបាច់និយាយដល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនោះទេ។ អស់ អ្នកណាដែលគ្មានកិច្ចការរបស់ព្រះ អ្នកនោះសុទ្ធតែជាអ្នកប្រព្រឹត្តអាក្រក់ និងជាអ្នកប្រឆាំងទាស់នឹងព្រះ។ ការប្រឆាំងទាស់នឹងព្រះជាម្ចាស់ដែលខ្ញុំនិយាយដល់នេះ សំដៅលើអស់អ្នកណាដែលមិនស្គាល់ព្រះជាម្ចាស់ អស់អ្នកណាដែលស្គាល់ព្រះត្រឹមតែតាមបបូរមាត់របស់ពួកគេ តែពុំបានស្គាល់ទ្រង់ពិតប្រាកដ អស់អ្នកណាដែលដើរតាមព្រះជាម្ចាស់ តែមិនស្តាប់បង្គាប់ទ្រង់ និងអស់អ្នកណាដែលអាស្រ័យផលពីព្រះគុណ របស់ព្រះ តែមិនអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនចំពោះទ្រង់។ បើគ្មានការយល់ដឹងអំពីគោលបំណងនៃកិច្ចការរបស់ព្រះ ឬគ្មានការយល់ដឹងអំពីកិច្ចការដែលព្រះជាម្ចាស់ធ្វើចំពោះមនុស្សលោកទេ នោះមនុស្សមិនអាចបំពេញតាមព្រះហឫទ័យរបស់ព្រះបានឡើយ ហើយក៏មិនអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនចំពោះព្រះបានដែរ។ មូលហេតុដែលមនុស្សប្រឆាំងទាស់នឹងព្រះ ទីមួយកើតចេញពីនិស្ស័យ ខូចអាក្រក់របស់ពួកគេ និងមួយទៀត កើតចេញពីភាពល្ងង់ខ្លៅ មិនស្គាល់ព្រះ និងកង្វះការយល់ដឹងអំពីគោលការណ៍ដែលព្រះបំពេញកិច្ចការ និងអំពីព្រះហឫទ័យរបស់ទ្រង់ចំពោះមនុស្ស។ ទិដ្ឋភាពទាំងពីរនេះរួមគ្នា បង្កើតបានជាប្រវត្តិនៃការប្រឆាំងទាស់របស់មនុស្ស ចំពោះព្រះជាម្ចាស់។ មនុស្សដែលទើបតែជឿថ្មី ទាស់ទទឹងនឹងព្រះ ដោយសារតែការទាស់ទទឹងនេះ មានក្នុងចរិតពីកំណើតរបស់គេ រីឯមនុស្សដែលជឿយូរហើយ គេទាស់ទទឹងនឹងព្រះ ដោយសារតែចរិតព្រងើយកន្តើយដែលគេមានចំពោះព្រះជាម្ចាស់ បន្ថែមលើនិស្ស័យខូចអាក្រក់របស់គេ។ នៅមុនពេលដែលព្រះជាម្ចាស់បានក្លាយជាសាច់ឈម ខ្នាតរង្វាស់ថា តើមនុស្សម្នាក់ប្រឆាំងទាស់នឹងព្រះជាម្ចាស់ដែរឬអត់នោះ គឺអាស្រ័យថា តើបុគ្គលនោះគោរពតាមបញ្ញត្តិ ដែលព្រះជាម្ចាស់បានចែង នៅស្ថានសួគ៌ដែរ ឬយ៉ាងណា។ ឧទាហរណ៍ នៅក្នុងសម័យក្រឹត្យវិន័យ ជនណាដែលមិនគោរពតាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ត្រូវបានគេចាត់ទុកជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់។ ជនណាដែលលួចយកតង្វាយថ្វាយព្រះយេហូវ៉ា ឬជនដែលប្រឆាំងទាស់នឹងមនុស្ស ដែលព្រះយេហូវ៉ាគាប់ព្រះហឫទ័យ ត្រូវចាត់ទុកជាអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយត្រូវកាត់ទោសដោយគប់សម្លាប់នឹងដុំថ្ម។ ជនណាដែលមិនគោរពឪពុកម្តាយខ្លួន ជនណាដែលបានវាយដំ ឬដាក់បណ្តាសាអ្នកដទៃ ត្រូវចាត់ទុកជាមនុស្សម្នាក់ដែលមិនគោរពតាមក្រឹត្យវិន័យ។ ហើយអស់អ្នកណាដែលមិនកាន់តាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ត្រូវចាត់ទុកជាមនុស្សដែលប្រឆាំងទាស់នឹងទ្រង់។ រឿងនេះគ្មានទៀតទេក្នុងយុគសម័យនៃព្រះគុណ ពេលនោះជនណាដែលប្រឆាំងទាស់នឹងព្រះយេស៊ូវ ត្រូវចាត់ទុកជាអ្នកដែលប្រឆាំងនឹងព្រះជាម្ចាស់ ហើយជនណាដែលមិនស្តាប់បង្គាប់តាមព្រះសូរសៀងរបស់ព្រះយេស៊ូវ ត្រូវចាត់ទុកជាអ្នកដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់។ នៅពេលនេះ លក្ខណៈនៃការប្រឆាំងទាស់នឹងព្រះជាម្ចាស់ ត្រូវបានកំណត់កាន់តែសុក្រឹត និងជាក់ស្តែងជាងមុន។ នៅពេលដែលព្រះជាម្ចាស់មិនទាន់ក្លាយសាច់ឈាមនៅឡើយ ខ្នាតរង្វាស់ថា តើមនុស្សម្នាក់ប្រឆាំងទាស់នឹងព្រះ ឬអត់នោះ គឺអាស្រ័យលើថា តើបុគ្គលនោះបានថ្វាយបង្គំ និងគោរពបូជាដល់ព្រះ ដ៏មើលមិនឃើញ ដែលគង់នៅស្ថានសួគ៌ដែរ ឬយ៉ាងណា។ លក្ខណៈនៃការប្រឆាំងទាស់នឹងព្រះជាម្ចាស់ ដែលបានកំណត់នៅគ្រា នោះ មិនមែនសុទ្ធតែជាក់ស្តែងទាំងអស់នោះទេ ដ្បិតមនុស្សមិនអាចមើលឃើញព្រះជាម្ចាស់នោះឡើយ ហើយពួកគេក៏មិនដឹងថា រូបអង្គរបស់ព្រះជាម្ចាស់ មានលក្ខណៈបែបណាដែរ ឬថា ទ្រង់បានធ្វើកិច្ចការ និងមានព្រះបន្ទូលអ្វីខ្លះដែរ។ មនុស្សគ្មានសញ្ញាណអ្វីសោះអំពីព្រះជាម្ចាស់ ហើយគេបានជឿលើព្រះដោយស្រពិចស្រពិល ព្រោះ ព្រះជាម្ចាស់មិនទាន់បានបង្ហាញខ្លួន ឲ្យមនុស្សបានឃើញនៅឡើយទេ។ ដូច្នេះ មិនថា មនុស្សបានជឿលើព្រះជាម្ចាស់ តាមការស្រមើស្រមៃរបស់ពួកគេ ឬយ៉ាងណានោះទេ ក៏ព្រះជាម្ចាស់មិនបានថ្កោលទោសមនុស្ស ឬទាមទារអ្វីច្រើនពេកពីមនុស្សនោះទេ ត្បិតមនុស្សមិនអាចមើលឃើញព្រះជាម្ចាស់បានឡើយ។ នៅពេលដែលព្រះជាម្ចាស់បានក្លាយជាសាច់ឈាម និងមកបំពេញកិច្ចការក្នុងចំណោមមនុស្សផងទាំងពួង គ្រប់គ្នាមើលឃើញទ្រង់ និងស្តាប់ឮព្រះបន្ទូលរបស់ទ្រង់ ហើយគ្រប់គ្នាបានឃើញពីទង្វើដែលព្រះធ្វើ តាមរូបកាយខាងសាច់ឈាមរបស់ទ្រង់។ នៅពេលនេះ សញ្ញាណទាំងអស់របស់មនុស្សក៏រលាយបាត់។ ចំពោះអស់អ្នកណាដែលបានឃើញព្រះជាម្ចាស់ ដែលលេចមកជាសាច់ឈាម ពួកគេនឹងមិនត្រូវទទួលទោសទេ បើពួកគេព្រមស្តាប់បង្គាប់ទ្រង់ ចំណែកអស់អ្នកណាដែលមានចេតនាតតាំងជាមួយទ្រង់ នឹងត្រូវចាត់ទុកជាអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់។ មនុស្សបែបនេះ គឺជាពួកទទឹងនឹងព្រះគ្រីស្ទ ជាសត្រូវដែលមានចេតនាប្រឆាំងទាស់នឹងព្រះជាម្ចាស់។ អ្នកដែលមានសញ្ញាណអំពីព្រះជាម្ចាស់ ចាក់ឬសក្នុងគំនិតរបស់គេ ប៉ុន្តែ ក៏នៅតែត្រៀមខ្លួនជាស្រេច ហើយព្រមស្ដាប់បង្គាប់ទ្រង់ គេនឹងមិនទទួលបានការថ្កោលទោសឡើយ។ ព្រះថ្កោលទោសមនុស្ស ដោយផ្អែកលើបំណង និងទង្វើរបស់ពួកគេ មិនមែនថ្កោលទោស ដោយផ្អែកគំនិត និងយោបល់របស់ពួកគេឡើយ។ បើទ្រង់ថ្កោលទោសមនុស្ស ដោយផ្អែកលើគំនិត និងយោបល់របស់ពួកគេ នោះនឹងគ្មានមនុស្សណាម្នាក់អាចគេចផុតពី ព្រះហស្ដនៃសេចក្ដីខ្ញាល់របស់ព្រះបានឡើយ។ អស់អ្នកណាដែលមាន ចេតនាប្រឆាំងទាស់នឹងព្រះដែលយកកំណើតជាសាច់ឈាម នឹងត្រូវទទួលទណ្ឌកម្ម ដោយសារការមិនស្តាប់បង្គាប់របស់ពួកគេ។ ទាក់ទងនឹងមនុស្សដែលប្រឆាំងនឹងព្រះជាម្ចាស់ដោយចេតនាទាំងអស់នេះ ការប្រឆាំងទាស់របស់ពួកគេ កើតចេញពីការពិតដែលថា ពួកគេមានសញ្ញាណចាក់ឫសអំពីព្រះ ដែលនាំពួកគេផុងខ្លួនទៅក្នុងសកម្មភាពដែលរំខានដល់កិច្ចការរបស់ព្រះជាបន្តបន្ទាប់។ មនុស្សទាំងអស់នេះ មានចេតនាតតាំង និងបំផ្លាញកិច្ចការរបស់ព្រះ។ ពួកគេមិនត្រឹមតែមានសញ្ញាណអំពីព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេថែមទាំងបានចូលរួមក្នុងសកម្មភាពនានា ដែលរំខានដល់កិច្ចការរបស់ទ្រង់ទៀតផង ហើយដោយហេតុនេះ មនុស្សប្រភេទនេះនឹងត្រូវថ្កោលទោស។ អ្នកដែលគ្មានចេតនាធ្វើឱ្យរំខានដល់កិច្ចការរបស់ព្រះ នឹងមិនទទួលនូវការថ្កោលទោសថាជាមនុស្សមានបាបនោះទេ ព្រោះពួកគេអាចស្ដាប់បង្គាប់ដោយសុទ្ធចិត្ត និងមិនចូលរួមក្នុងសកម្មភាពនានា ដែលបង្កឱ្យមានការរំខាន និងភាពវឹកវរនោះទេ។ មនុស្សបែបនេះនឹងមិនទទួលបានការថ្កោលទោសឡើយ។ ក៏ប៉ុន្តែ នៅពេលមនុស្សឆ្លងកាត់កិច្ចការរបស់ព្រះជាម្ចាស់ អស់រយៈពេលជាច្រើនឆ្នាំ ប្រសិនបើពួកគេនៅបន្តមានសញ្ញាណចាក់ឫសអំពីព្រះជាម្ចាស់ ហើយនៅតែមិនអាចយល់ដឹងពីកិច្ចការរបស់ព្រះដែលយកកំណើតជាសាច់ឈាម ហើយប្រសិនបើពួកគេនៅតែបន្តមានសញ្ញាណអំពីព្រះ មិនថា ពួកគេបានឆ្លងកាត់កិច្ចការរបស់ទ្រង់ ច្រើនឆ្នាំប៉ុនណា ហើយនៅតែមិនអាចស្គាល់ទ្រង់បាន ដូច្នេះ ទោះបីជាពួកគេមិនបានចូលរួមក្នុងសកម្មភាពរំខាននានាក្តី ក៏ចិត្តរបស់ពួកគេបានដិតដាមទៅដោយសញ្ញាណយ៉ាងច្រើនអំពីព្រះជាម្ចាស់ ហើយទោះបីជាសញ្ញាណទាំងនេះ មិនសម្តែងចេញមកច្បាស់ក្តី ក៏មនុស្សបែបនេះគ្មានប្រយោជន៍អ្វីចំពោះកិច្ចការរបស់ព្រះដែរ។ ពួកគេមិនអាចផ្សាយដំណឹងល្អសម្រាប់ព្រះជាម្ចាស់ ឬប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន ចំពោះទ្រង់បានឡើយ។ មនុស្សបែបនេះគឺជាមនុស្សដែលគ្មានបានការ និងជាមនុស្សល្ងង់ខ្លៅ។ ដោយសារតែពួកគេមិនស្គាល់ព្រះជាម្ចាស់ ហើយលើសពីនេះទៅទៀត ពួកគេមិនអាចបោះចោលសញ្ញាណរបស់ពួកគេអំពីទ្រង់បានទាំងស្រុង ដូច្នេះ ពួកគេត្រូវទទួលការថ្កោលទោស។ គេអាចនិយាយដូចនេះថា៖ ចំពោះអ្នកជឿថ្មី រឿងមានសញ្ញាណអំពីព្រះជាម្ចាស់ ឬមិនដឹងអ្វីសោះអំពីទ្រង់ វាជារឿងធម្មតាទេ តែចំពោះអ្នកដែលបានជឿព្រះអស់រយៈពេលជាច្រើន ហើយឆ្លងកាត់បពិសោធន៍ក្នុងកិច្ចការជាច្រើនរបស់ទ្រង់ ការដែលនៅមានសញ្ញាណបែបនេះ វាមិនមែនជារឿងធម្មតាទេ រីឯការដែលមិនដឹងអ្វីសោះអំពីព្រះជាម្ចាស់ គឺកាន់តែមិនធម្មតា ចំពោះមនុស្សបែបនេះទៀតផង។ ពួកគេត្រូវទទួលការថ្កោលទោស ក៏មិនមែនដោយសារតែស្ថានភាពធម្មតានេះដែរ។ មនុស្សមិនធម្មតាទាំងនេះ គឺសុទ្ធតែជាសំរាម។ ពួកគេគឺជាអ្នកដែលប្រឆាំងទាស់នឹងព្រះខ្លាំងជាងគេ និងជាអ្នកដែលទទួលបានព្រះគុណរបស់ព្រះទាំងមិនដឹងគុណ។ មនុស្សបែបនេះ នឹងត្រូវលុបបំបាត់ចោលនៅទីចុងបំផុត!

អ្នកណាដែលមិនយល់ពីគោលបំណងនៃកិច្ចការរបស់ព្រះ គឺជាអ្នកដែលប្រឆាំងទាស់នឹងទ្រង់ ហើយអ្នកដែលបានយល់ពីគោលបំណងនៃកិច្ចការរបស់ព្រះ ប៉ុន្តែ នៅតែមិនខំប្រឹងផ្គាប់ព្រះហឫទ័យព្រះ អ្នកនោះកាន់តែត្រូវបានចាត់ទុកថាជាអ្នកប្រឆាំងនឹងព្រះ។ មានអ្នកដែលអានព្រះគម្ពីរនៅក្នុងព្រះវិហារធំៗ ហើយសូត្រព្រះគម្ពីរពេញមួយថ្ងៃ ប៉ុន្តែ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេ យល់ពីគោលបំណងនៃ កិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចស្គាល់ព្រះជាម្ចាស់ឡើយ ក្នុងចំណោមពួកគេ ក៏រឹតតែគ្មាននរណាម្នាក់ អាចធ្វើតាមព្រះហឫទ័យរបស់ព្រះបានឡើយ។ ពួកគេទាំងអស់សុទ្ធតែជាមនុស្សអប្រិយ គ្មានតម្លៃ ហើយម្នាក់ៗឈរនៅទីដ៏ខ្ពស់ដើម្បីបង្រៀនព្រះជាម្ចាស់។ ពួកគេប្រឆាំងទាស់នឹងព្រះដោយចេតនា ទាំងដែលពួកគេកំពុងកាន់ទង់របស់ព្រះជាម្ចាស់ ពួកគេនៅតែស៊ីសាច់ និងហុតឈាមមនុស្ស ខណៈដែលគេកំពុងប្រកាសអំពីជំនឿរបស់ខ្លួនចំពោះព្រះ។ មនុស្សទាំងអស់នេះសុទ្ធតែជាបិសាចដែលលេបត្របាក់ព្រលឹងមនុស្ស ជាវិញ្ញាណអាក្រក់ដែលមានចេតនា ដើរចូលក្នុងផ្លូវរបស់ អស់អ្នកណាដែលព្យាយាមដើរលើផ្លូវត្រូវ ហើយជាថ្មជំពប់ ដែលបង្អាក់ដល់អ្នកដែលស្វែងរកព្រះជាម្ចាស់ផង។ ពួកគេអាចមាននូវ «អត្តភាពត្រឹមត្រូវ» ប៉ុន្តែ ធ្វើដូចម្ដេចឲ្យអ្នកដែលដើរតាមពួកគេដឹងថា ពួកគេគ្រាន់តែជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលដឹកនាំមនុស្ស ឲ្យទាស់ ទទឹងនឹងព្រះជាម្ចាស់? តើធ្វើម្ដេចឲ្យអ្នកដែលដើរតាមពួកគេ ដឹងថា ពួកគេជាវិញ្ញាណអាក្រក់ដ៏មានជីវិត ដែលតាំងចិត្តលេបត្របាក់ព្រលឹងមនុស្ស? អ្នកដែលលើកស្ទួយខ្លួនឯងឲ្យខ្ពង់ខ្ពស់ នៅចំពោះវត្តមានរបស់ព្រះជាម្ចាស់ គឺជាមនុស្សទាបថោកបំផុត ចំណែកអ្នកដែលបន្ទាបខ្លួន គឺជាមនុស្សមានកិត្តិយសបំផុត។ ហើយជាងនេះទៀត អ្នកដែលគិតថា ពួកគេស្គាល់កិច្ចការរបស់ព្រះ និងអ្នកដែលមានសមត្ថភាព ក្នុងការប្រកាសប្រាប់ពីកិច្ចការរបស់ព្រះ ដល់អ្នកដទៃ ដោយសំឡេងឮៗ ទាំងក្នុងខណៈដែលពួកគេសម្លឹងមើលទៅទ្រង់ដោយផ្ទាល់ អ្នកទាំងនេះគឺជាមនុស្សល្ងង់ខ្លៅបំផុត។ មនុស្សបែបនេះ គេគ្មានទីបន្ទាល់ពីព្រះជាម្ចាស់ទេ តែក្រអឺតក្រទម និងពោរពេញដោយអំនួត។ អស់អ្នកណាដែលជឿថា ពួកគេមានចំណេះដឹងតិចតួចអំពីព្រះ ទោះបីជាគេមានបទពិសោធន៍ និងចំណេះដឹងជាក់ស្តែងអំពីទ្រង់ច្រើនក្តី គឺជាមនុស្សដែលទ្រង់សព្វព្រះទ័យបំផុត។ មានតែមនុស្សបែបនេះទេ ទើបមានទីបន្ទាល់ដ៏ពិតប្រាកដ ហើយពិតជាអាចត្រូវបានប្រោសឲ្យបានគ្រប់លក្ខណ៍ ពីសំណាក់ព្រះជាម្ចាស់។ អស់អ្នកណាដែលមិន យល់ពីព្រះហឫទ័យរបស់ព្រះ គឺជាអ្នកប្រឆាំងទាស់នឹងព្រះ។ អស់អ្នកណាដែលយល់ពីព្រះហឫទ័យរបស់ព្រះ តែពុំបានប្រព្រឹត្ដតាមសេចក្ដីពិត គឺជាអ្នកប្រឆាំងទាស់នឹងព្រះ។ អស់អ្នកណាដែលទទួលទាន និងផឹកព្រះបន្ទូលរបស់ព្រះ តែប្រឆាំងទាស់នឹងខ្លឹមសារនៃព្រះបន្ទូលរបស់ព្រះ គឺជាអ្នកប្រឆាំងទាស់នឹងព្រះ។ អស់អ្នកណាដែលមានសញ្ញាណអំពីព្រះដែលយកកំណើតជាសាច់ឈាម ហើយមានគំនិតចូលរួមក្នុងការបះបោរ គឺជាអ្នកប្រឆាំងទាស់នឹងព្រះ។ អស់អ្នកណាដែលតិទៀនព្រះ គឺជាអ្នកប្រឆាំងទាស់នឹងព្រះ។ ហើយអស់អ្នកណាដែលមិនអាចស្គាល់ព្រះបាន ឬមិនអាចធ្វើជាទីបន្ទាល់សម្រាប់ទ្រង់បាន គឺជាអ្នកប្រឆាំងទាស់នឹងព្រះ។ ដូច្នេះ ខ្ញុំសុំលើកទឹកចិត្តអ្នករាល់គ្នា៖ ប្រសិនបើអ្នករាល់គ្នាពិតជាមានសេចក្តីជំនឿថា អ្នករាល់គ្នា អាចដើរតាមផ្លូវនេះបាន ចូរបន្តដើរតាមផ្លូវនេះចុះ។ ប៉ុន្តែ ប្រសិនបើ អ្នករាល់គ្នាមិនអាចហាមខ្លួនឯងមិនឲ្យប្រឆាំងនឹងព្រះជាម្ចាស់បានទេ នោះអ្នកត្រូវតែដើរចេញឲ្យឆ្ងាយ មុនហួសពេល។ បើមិនដូច្នោះទេ ឱកាសដែលរឿងអាក្រក់ធ្លាក់មកលើអ្នក គឺមានខ្ពស់ណាស់ ពីព្រោះចរិតពីកំណើតរបស់អ្នករាល់គ្នា ខូចអាក្រក់ខ្លាំងណាស់។ អ្នកគ្មានភាពស្មោះត្រង់ ឬការស្ដាប់បង្គាប់ ឬចិត្តដែលស្រេកឃ្លានសេចក្តីសុចរិត និងសេចក្តីពិត ឬសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ សូម្បីតែបន្តិចសោះ។ គេអាចនិយាយបានថា ស្ថានភាពរបស់អ្នករាល់គ្នានៅ ចំពោះព្រះជាម្ចាស់ គឺពិតជាច្របូកច្របល់ខ្លាំងណាស់។ អ្នកមិនអាចគោរពតាមអ្វីដែលអ្នកគួរគោរពតាម និងមិនអាចនិយាយអ្វីដែលអ្នកគួរនិយាយ។ អ្វីដែលអ្នកគួរយកទៅក្នុងការអនុវត្ត អ្នកបែរជាមិនអាចអនុវត្តបាន។ ហើយមុខងារដែលអ្នកគួរតែបំពេញ អ្នកបែរជាមិនអាចបំពេញបាន។ អ្នកគ្មានភាពស្មោះត្រង់ គ្មានមនសិការ គ្មានការស្ដាប់បង្គាប់ ឬការសម្រេចចិត្តដែលអ្នកគួរធ្វើនោះទេ។ អ្នកមិនបានស៊ូទ្រាំនឹងការរងទុក្ខដែលតម្រូវឲ្យឱ្យអ្នកស៊ូទ្រាំនោះឡើយ ហើយអ្នកគ្មានសេចក្តីជំនឿដែលអ្នកគួរតែមាន។ និយាយឲ្យចំទៅ អ្នករាល់គ្នាគ្មានគុណសម្បត្តិអ្វីទាំងអស់៖ តើអ្នករាល់គ្នាមិនខ្មាសអៀននឹងបន្តរស់នៅទេឬអី? ខ្ញុំសូមបញ្ជាក់ប្រាប់អ្នករាល់គ្នាថា យកល្អ អ្នកគួរបិទភ្នែករបស់អ្នកគេងឲ្យលក់ជារៀងរហូតទៅ ធ្វើដូច្នេះកុំឲ្យព្រះជាម្ចាស់ទ្រង់ព្រួយព្រះទ័យពីបញ្ហា និងទុក្ខវេទនារបស់អ្នករាល់គ្នា ដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា។ អ្នករាល់គ្នាជឿលើព្រះជាម្ចាស់ តែមិនស្គាល់ពីព្រះហឬទ័យរបស់ព្រះ។ អ្នកទទួលទាន និងផឹកព្រះបន្ទូលរបស់ព្រះ តែមិនអាចគោរពតាមអ្វីដែលព្រះចង់បានពីមនុស្សឡើយ។ អ្នកជឿលើព្រះជាម្ចាស់ តែបែរជាមិនស្គាល់ទ្រង់ ហើយអ្នកបន្តរស់នៅដោយគ្មានគោលដៅ ដើម្បីតស៊ូសម្រេចឲ្យបាន គ្មានតម្លៃ និងគ្មានន័យអ្វីសោះឡើយ។ អ្នករស់នៅជាមនុស្ស តែបែរជាគ្មានសតិសម្បជញ្ញៈ គ្មានភាពស្មោះត្រង់ ឬគ្មានភាពជឿជាក់សូម្បីតែបន្តិច តើអ្នករាល់គ្នានៅអាចហៅខ្លួនឯងថាជាមនុស្សបានទៀតឬអី? អ្នកជឿលើព្រះ តែបែរជាបោកបញ្ឆោតទ្រង់។ លើសពីនេះទៅទៀត អ្នកយកប្រាក់កាសរបស់ព្រះ និងបរិភោគតង្វាយដែលបានថ្វាយដល់ទ្រង់។ តែនៅទីបញ្ចប់ អ្នកនៅតែមិនបានបង្ហាញនូវការគិតពិចារណា អំពីទឹកព្រះទ័យរបស់ព្រះជាម្ចាស់ ឬមានមនសិការចំពោះទ្រង់ សូម្បីបន្តិច។ សូម្បីតែការចង់បានតិចតួចបំផុតរបស់ព្រះ ក៏អ្នកមិនអាចធ្វើបានផង។ តើអ្នករាល់គ្នានៅអាចហៅខ្លួនឯងថាជាមនុស្សទៀតឬអី? ការបរិភោគអាហារដែលព្រះប្រទានដល់អ្នក និងការស្រូបយកអុកស៊ីសែនដែលទ្រង់បានប្រទានដល់អ្នករាល់គ្នា ដោយក្តីអំណរ និងព្រះគុណរបស់ទ្រង់ តែចុងក្រោយ សូម្បីបន្តិចក៏អ្នកមិនស្គាល់ទ្រង់ផង។ ផ្ទុយទៅវិញ អ្នកបានក្លាយជាមនុស្សឥតបានការ ដែលប្រឆាំងទាស់នឹងព្រះ។ តើការនេះមិនធ្វើឱ្យអ្នកក្លាយជាសត្វ ដែលទាបថោកជាងសត្វឆ្កែទេឬអី? ក្នុងចំណោមសត្វនានា តើមានសត្វណាមួយដែលសាហាវជាងអ្នករាល់គ្នាទៀតនោះ?

គ្រូគង្វាល និងមនុស្សចាស់ទុំដែលឈរនៅលើទីអាសនាខ្ពស់ៗ ដើម្បីបង្រៀនទៅដល់អ្នកដទៃ គឺជាអ្នកប្រឆាំងទាស់នឹងព្រះ និងជាសម្ព័ន្ធមិត្តរបស់សាតាំង។ តើអ្នករាល់គ្នាដែលមិនឈរនៅលើទីអាសនាខ្ពស់ៗ ដើម្បីបង្រៀនដល់អ្នកដទៃ មិនមែនជាអ្នកប្រឆាំងទាស់នឹងព្រះ ខ្លាំងជាងគេទេឬអី? តើអ្នករាល់គ្នាមិនរួមគំនិតជាមួយសាតាំង ច្រើនជាងពួកគេទេឬអី? អ្នកដែលមិនយល់ពីគោលបំណងនៃកិច្ចការរបស់ព្រះ មិនដឹងពីរបៀបប្រតិបត្តិតាមព្រះហឫទ័យរបស់ព្រះឡើយ។ ប្រាកដណាស់ អ្នកដែលយល់ច្បាស់ពីគោលបំណងនៃកិច្ចការរបស់ទ្រង់ មិនអាចមិនដឹងពីរបៀបប្រតិបត្តិតាមព្រះហឫទ័យរបស់ព្រះនោះទេ។ កិច្ចការរបស់ព្រះ មិនដែលមានកំហុសទេ មានតែសកម្មភាពរបស់មនុស្សប៉ុណ្ណោះ ដែលមានកំហុស។ តើមនុស្សអគុណធម៌ដែលប្រឆាំងទាស់នឹងព្រះដោយចេតនា ពួកគេមិនអាក្រក់ ហើយសាហាវជាងពួកគ្រូគង្វាល និងពួកចាស់ទុំទាំងនោះទេឬអី? មានមនុស្សជាច្រើនដែលប្រឆាំងទាស់នឹងព្រះ ប៉ុន្តែក្នុងចំណោមពួកគេ ក៏មានវិធីខុសគ្នាជាច្រើន ដែលពួកគេប្រឆាំងទាស់នឹងព្រះផងដែរ។ ដោយសារតែអ្នកជឿព្រះមានគ្រប់សណ្ឋាន ហេតុដូច្នេះ អ្នកប្រឆាំងទាស់នឹងព្រះ ក៏មានគ្រប់សណ្ឋានដែរ មនុស្សម្នាក់ខុសពីមនុស្សម្នាក់ទៀត។ មនុស្សដែលមិនស្គាល់ច្បាស់ពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ គ្មាននរណាម្នាក់អាចបានសង្គ្រោះឡើយ។ កាលពីមុន មិនថាមនុស្សធ្លាប់បានប្រឆាំងទាស់នឹងព្រះបែបណានោះទេ នៅពេលដែលមនុស្សចាប់ផ្ដើមយល់អំពីគោលបំណងនៃកិច្ចការរបស់ព្រះ ហើយលះបង់ការខិតខំរបស់ខ្លួនដើម្បីផ្គាប់ព្រះហឫទ័យព្រះ ពេលនោះព្រះជាម្ចាស់នឹងលោះអំពើបាបរបស់ពួកគេពីមុនមកទាំងអស់។ ដរាបណាមនុស្សស្វែងរកសេចក្តីពិត និងអនុវត្តតាមសេចក្តីពិត ពេលនោះ ព្រះនឹងមិនចងចាំអ្វីដែលពួកគេបានប្រព្រឹត្តឡើយ។ លើសពីនេះទៅទៀត ព្រះរាប់មនុស្សជាសុចរិត ដោយឈរលើមូលដ្ឋាននៃការអនុវត្តតាមសេចក្តីពិតរបស់ពួកគេ។ នេះហើយគឺជាសេចក្តីសុចរិតរបស់ព្រះ។ មុនពេលដែលមនុស្សបានឃើញព្រះ ឬឆ្លងកាត់កិច្ចការរបស់ទ្រង់ មិនថា មនុស្សធ្វើបែបណាចំពោះព្រះទេ ទ្រង់មិនទុកវានៅក្នុងព្រះទ័យទ្រង់ឡើយ។ ទោះយ៉ាងណាក៏ដោយ នៅពេលមនុស្សបានឃើញព្រះ និងឆ្លងកាត់កិច្ចការរបស់ទ្រង់ ពេលនោះរាល់ទង្វើ និងសកម្មភាពរបស់មនុស្ស នឹងត្រូវបានព្រះកត់ត្រាបញ្ចូលទៅក្នុង «ក្រាំង» ត្បិតមនុស្សបានឃើញព្រះ និងបានរស់នៅក្នុងកិច្ចការរបស់ទ្រង់។

នៅពេលដែលមនុស្សបានឃើញច្បាស់ថា ព្រះជានរណា និងមាន អ្វីខ្លះ នៅពេលដែលពួកគេបានឃើញភាពឧត្តុង្គឧត្ដមរបស់ទ្រង់ ហើយនៅពេលដែលពួកគេបានដឹងច្បាស់ពីកិច្ចការរបស់ព្រះ ហើយលើសពីនេះទៀត នៅពេលដែលនិស្ស័យចាស់របស់មនុស្ស ត្រូវ បានបំផ្លាស់បំប្រែ នោះមនុស្សនឹងបោះបង់ចោលទាំងស្រុងនូវនិស្ស័យបះបោររបស់គេដែលប្រឆាំងទាស់នឹងព្រះ។ អាចនិយាយបានថា មនុស្សគ្រប់រូប មានពេលខ្លះប្រឆាំងទាស់នឹងព្រះ ហើយនៅពេលខ្លះ មនុស្សគ្រប់រូប បានបះបោរប្រឆាំងនឹងព្រះ។ ទោះបីជាយ៉ាងណា ប្រសិនបើអ្នកមានចេតនាស្ដាប់បង្គាប់ព្រះដែលយកកំណើតជាសាច់ឈាម ហើយផ្គាប់ព្រះទ័យរបស់ព្រះចាប់ពីពេលនេះទៅ ដោយភាពស្មោះត្រង់របស់អ្នក ចូរអនុវត្តតាមសេចក្តីពិតដែលអ្នកគួរអនុវត្ត បំពេញភារកិច្ចដែលអ្នករាល់គ្នាគួរបំពេញ និង ប្រព្រឹត្តតាមបទបញ្ជាដែលអ្នកគួរប្រព្រឹត្តតាម ពេលនោះអ្នកគឺជាមនុស្សម្នាក់ដែលសុខចិត្តលះបង់ចោលការបះបោររបស់អ្នក ដើម្បីផ្គាប់ព្រះហឫទ័យព្រះ និងជាមនុស្សម្នាក់ ដែលព្រះធ្វើឲ្យគ្រប់លក្ខណ៍បាន។ ប្រសិនបើអ្នករាល់គ្នាចចេសរឹងរូស មិនព្រមមើលឃើញកំហុសរបស់ខ្លួន និងគ្មានបំណងកែប្រែខ្លួន ប្រសិនបើអ្នកនៅតែជម្នះ ចង់បន្តការបះបោររបស់អ្នក ដោយគ្មានបំណងចង់ប្រកបជាមួយព្រះ និងផ្គាប់ព្រះហឬទ័យរបស់ទ្រង់ ដូច្នេះមនុស្សដែលមានចិត្តរឹងត្បឹង និងមិនចេះប្រែចិត្តដូចជាអ្នក ពិតជានឹងត្រូវទទួលទណ្ឌកម្មជាក់ជាមិនខាន ហើយក៏នឹងមិនដែលក្លាយជាមនុស្សដែលព្រះប្រោសឲ្យបានគ្រប់លក្ខណ៍ឡើយ។ ដូច្នេះ អ្នកគឺជាសត្រូវរបស់ព្រះនៅថ្ងៃនេះ ហើយថ្ងៃស្អែក អ្នកនឹងក្លាយជាសត្រូវរបស់ព្រះដែរ ហើយអ្នកនឹងនៅតែបន្តក្លាយជាសត្រូវរបស់ព្រះនៅថ្ងៃក្រោយទៀតដែរ។ អ្នករាល់គ្នានឹងក្លាយជាអ្នកប្រឆាំងទាស់ និងជាសត្រូវរបស់ព្រះជារៀងរហូត។ ក្នុងករណីនេះ តើព្រះអាចលើកលែងទោសដល់អ្នករាល់គ្នាដូចម្តេចបាន? ការប្រឆាំងទាស់នឹងព្រះជាម្ចាស់ វាជាចរិតរបស់មនុស្ស តាំងពីកំណើត ប៉ុន្ដែ មនុស្សមិនបាច់មានចេតនាស្វែងយល់ពី «អាថ៌កំបាំង» នៃការប្រឆាំងទាស់នឹងព្រះនោះទេ ដ្បិតការផ្លាស់ប្តូរចរិតលក្ខណៈរបស់មនុស្ស គឺជាកិច្ចការដែលពិបាកបំផុត។ ប្រសិនបើដូច្នោះមែន នោះអ្នកគួរតែដើរចេញឱ្យឆ្ងាយ មុនហួសពេល ក្រែងលោទណ្ឌកម្មរបស់អ្នកនាពេលអនាគត កាន់តែធ្ងន់ធ្ងរ ហើយក្រែងលោចរិតធម្មជាតិដ៏កាចសាហាវរបស់អ្នករាល់គ្នាផ្ទុះឡើង និងមិនអាចគ្រប់គ្រងបាន រហូតរាងកាយខាងសាច់ឈាមរបស់អ្នក ត្រូវព្រះជាម្ចាស់កម្ចាត់ចោលនៅទីចុងបំផុតទៅ។ អ្នករាល់គ្នាជឿលើព្រះ ដើម្បីទទួលបានព្រះពរ។ ប៉ុន្តែ ប្រសិនបើនៅទីបំផុត មានតែសំណាងអាក្រក់ដែលកើតឡើងចំពោះអ្នក តើនោះមិនមែនជាការអាម៉ាស់ទេឬអី? ខ្ញុំសុំលើកទឹកចិត្តអ្នកចុះ យកល្អ អ្នកត្រូវរៀបចំផែនការមួយទៀត។ អ្វីក៏ដោយដែលអ្នកអាចធ្វើបាន មុខជាល្អប្រសើរជាងការជឿលើព្រះ៖ ប្រាកដណាស់ ផ្លូវមិនមែនមានតែមួយនេះទេ។ ប្រសិនបើអ្នកមិនបានស្វែងរកសេចក្តីពិត តើអ្នកអាចបន្តរួចជីវិតបានទេ? ហេតុអ្វីបានជាអ្នកត្រូវតែប្រឆាំងនឹងព្រះ យ៉ាងដូច្នេះ?

ខាង​ដើម៖ តើអ្នកគឺជាមនុស្សម្នាក់ដែលមានជីវិតឬ?

បន្ទាប់៖ និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (១)

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ