តើអ្នកដឹងពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិដែរឬទេ?
នៅគ្រាចុងក្រោយ តើសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់បង្ហាញចេញនៅក្នុងការលេចមកនិងកិច្ចការរបស់ទ្រង់នៅកន្លែងណា? អ្នករាល់គ្នាអាចមើលឃើញសេចក្ដីស្រឡាញ់នេះតាមរយៈការដកពិសោធន៍កិច្ចការនេះមួយជំហានម្ដងៗ។ នៅគ្រប់ជំហាននៃកិច្ចការរបស់ទ្រង់ ព្រះជាម្ចាស់ថ្លែងព្រះបន្ទូលតាមវិធីសាស្រ្តជាក់លាក់ ផ្ដល់ជាពាក្យទំនាយផ្សេងៗ និងសម្ដែងចេញនូវសេចក្ដីពិតជាក់លាក់ ព្រមទាំងនិស្ស័យរបស់ទ្រង់ផង ហើយមនុស្សក៏មានការឆ្លើយតបទៅនឹងរឿងទាំងអស់ដែរ។ តើមនុស្សមានការឆ្លើយតបបែបណា? ក្នុងចំណោមពួកគេ គ្មានអ្នកណាស្ដាប់បង្គាប់ព្រះជាម្ចាស់ឡើយ ហើយគ្មានពួកគេណាម្នាក់ចូលរួមយ៉ាងសកម្មក្នុងការដេញតាមសេចក្ដីពិត ឬមានឆន្ទៈទទួលយកកិច្ចការរបស់ទ្រង់នោះទេ។ ពួកគេសុទ្ធតែអវិជ្ជមាន ទាស់ទទឹង ប្រឆាំង បដិសេធ និងមិនទទួលយកឡើយ។ ក៏ប៉ុន្តែ ព្រះជាម្ចាស់តែងតែបន្តបំពេញកិច្ចការរបស់ទ្រង់ជាប់ជានិច្ច ហើយសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះមនុស្ស ពុំផ្លាស់ប្ដូរឡើយ។ ទោះមនុស្សមានអាកប្បកិរិយាបែបណា មិនថាពួកគេបដិសេធ ឬស្ទាក់ស្ទើរក្នុងការទទួលយក ឬមានការផ្លាស់ប្ដូរបន្តិចបន្ដួចក៏ដោយ ក៏សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់មិនផ្លាស់ប្ដូរនោះដែរ ហើយជំហាននៃកិច្ចការរបស់ទ្រង់ មិនត្រូវបានបង្អាក់ឡើយ។ នេះគឺជាការបង្ហាញឱ្យឃើញពីសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះមនុស្ស។ បន្ថែមលើនេះ រាល់ពេលដែលព្រះជាម្ចាស់អនុវត្តជំហាននៃកិច្ចការរបស់ទ្រង់ មិនថាមនុស្សមានឥរិយាបថបែបណានោះទេ ក៏សេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះពួកគេមិនផ្លាស់ប្ដូរដែរ។ ព្រះអង្គនៅតែបន្តបំពេញកិច្ចការរបស់ទ្រង់ និងនៅតែបន្តសង្គ្រោះមនុស្សដដែល។ គ្រប់ជំហាននៃកិច្ចការនៅថ្ងៃអនាគត ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលជំនុំជម្រះ និងបើកសម្ដែងមនុស្ស នឹងកាន់តែជ្រាលជ្រៅ កាន់តែស៊ីជម្រៅ និងកាន់តែជាក់លាក់ទៅតាមសភាពបច្ចុប្បន្នរបស់ពួកគេ។ ព្រះអង្គនឹងមានបន្ទូលអំពីរឿងផ្សេងៗដែលនឹងជួយឱ្យមនុស្សយល់ពីទ្រង់ និងស្គាល់ទ្រង់បានប្រសើរជាងមុន ដើម្បីយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់កាន់តែប្រសើរជាងមុន ហើយមនុស្សនឹងអាចមើលឃើញថា ព្រះអង្គនៅតែស្រឡាញ់មនុស្សជាតិដដែល។ ទោះបីជាមនុស្សតែងមានការឆ្លើយតបបែបអវិជ្ជមាន ឬដោយការទាស់ទទឹងជាប់ជានិច្ចក្ដី ទោះបីពួកគេបានប្រតិកម្មបែបនេះនៅគ្រប់ជំហាននៃកិច្ចការក៏ដោយ ក៏ព្រះជាម្ចាស់តែងបន្តថ្លែងព្រះបន្ទូល និងបំពេញកិច្ចការដដែល ហើយមកដល់សព្វថ្ងៃនេះ សេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះមនុស្ស មិនបានផ្លាស់ប្ដូរឡើយ។ ហេតុនេះហើយ កិច្ចការគ្រប់យ៉ាងរបស់ព្រះជាម្ចាស់ដើម្បីមនុស្សជាតិ គឺជាសេចក្ដីស្រឡាញ់ ហើយចំណុចនេះគឺច្បាស់លាស់ណាស់។ មនុស្សខ្លះនិយាយថា៖ «ប្រសិនបើសុទ្ធតែជាសេចក្ដីស្រឡាញ់មែន ហេតុអ្វីព្រះជាម្ចាស់ជំនុំជម្រះ និងវាយផ្ចាលមនុស្ស ហាក់ដូចជាទ្រង់មានសេចក្ដីស្អប់ខ្ពើមពួកគេអ៊ីចឹង? តើព្រះអង្គអាចឱ្យមនុស្សឆ្លងកាត់ការល្បងលនៃសេចក្ដីស្លាប់បានយ៉ាងដូចម្ដេចទៅ?» ត្រឹមត្រូវហើយ អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់មានសម្រាប់មនុស្សជាតិ គឺជាសេចក្ដីស្រឡាញ់! ការវាយផ្ចាលនិងការជំនុំជម្រះលើការមិនស្ដាប់បង្គាប់របស់មនុស្ស គឺដើម្បីឱ្យមនុស្សយល់ពីសេចក្ដីពិត ធ្វើឱ្យពួកគេប្រែចិត្ត និងបំផ្លាស់បំប្រែ ហើយជួយឱ្យពួកគេស្គាល់ពីនិស្ស័យរបស់ទ្រង់ ឱ្យពួកគេអាចកោតខ្លាច និងស្ដាប់បង្គាប់ទ្រង់បាន។ ទោះបីមនុស្សមួយចំនួននៅតែមានការទាស់ទទឹងខ្លះក៏ដោយ ក៏ព្រះជាម្ចាស់មិនដែលសម្រាកឈប់ខំប្រឹងប្រែងសង្គ្រោះមនុស្សសូម្បីតែបន្តិចណាឡើយ ហើយព្រះអង្គក៏មិនបានបោះបង់ពួកគេចោលដែរ។ នេះរាប់ថាជាសេចក្ដីស្រឡាញ់ដ៏ធំមហិមារបស់ព្រះជាម្ចាស់ហើយ។
ក្នុងអំឡុងពេលនៃការល្បងលលើអ្នកស៊ីឈ្លួល មនុស្សជាច្រើនបានប្រែជាអវិជ្ជមាន និងទួញយំសោក ស្រែកដាក់ស្ថានសួគ៌និងផែនដី ហើយថែមទាំងស្រែកតវ៉ា ដោយគិតថា៖ «បន្ទាប់ពីខ្ញុំបានជឿលើព្រះជាម្ចាស់អស់ពេលជាច្រើនឆ្នាំ និងបានរងទុក្ខជាច្រើនរួចមក តើខ្ញុំអាចក្លាយជាអ្នកស៊ីឈ្លួលយ៉ាងដូចម្ដេចកើតទៅ? ខ្ញុំមិនចង់បានបែបនេះទេ!» មនុស្សមិនពេញចិត្ត ហើយក៏ពុំយល់ដែរ ប៉ុន្តែ ព្រះជាម្ចាស់បានយោគយល់ដល់ពួកគេ ហើយតើនេះមិនមែនជាសេចក្ដីស្រឡាញ់ទេឬអី? សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់រួមមានការយោគយល់ដល់មនុស្ស ការបញ្ជ្រាបចំណេះដឹងជ្រៅជ្រះទៅក្នុងសារជាតិរបស់ពួកគេ និងការយល់ពីពួកគេយ៉ាងជ្រាលជ្រៅនិងច្បាស់លាស់បំផុត។ ព្រះអង្គស្រឡាញ់ដោយគ្មានការភាន់ច្រឡំ គ្មានការធ្វើពុត ឬការក្លែងបន្លំអ្វីឡើយ។ សេចក្ដីស្រឡាញ់របស់ទ្រង់ពិតប្រាកដឥតក្លែងក្លាយ។ មិនថាអ្នកមានចំណុចខ្វះខាត និងខ្វះចំណេះដឹង ឬការយល់ដឹងត្រង់ចំណុចណានោះទេ ក៏ព្រះអង្គមានសេចក្ដីមេត្តាករុណាចំពោះអ្នកដែរ ព្រះអង្គស្រឡាញ់អ្នក ហើយព្រះអង្គតែងពាល់ចិត្តអ្នកជានិច្ច។ ក្នុងនាមជាអ្នកស៊ីឈ្លួល មិនថាមនុស្សមិនសុខចិត្ត ឬមិនពេញចិត្តយ៉ាងណានោះទេ ក៏ព្រះជាម្ចាស់មិនដែលលះបង់មនុស្សចោល ដោយសារសេចក្ដីពុករលួយ និងការមិនស្ដាប់បង្គាប់របស់ពួកគេនោះដែរ។ ព្រះអង្គតែងមានបន្ទូល តែងទំនុកបម្រុងដល់មនុស្ស គាំទ្រពួកគេ និងបើកសម្ដែងពីសេចក្ដីពុករលួយរបស់ពួកគេ និងធ្វើឱ្យពួកគេបានដឹងពីសភាពស្មោកគ្រោករបស់មនុស្ស តាមរយៈការបន្សុទ្ធរយៈពេលពីរបីខែ។ ក្នុងអំឡុងពេលបីខែនេះ តើព្រះជាម្ចាស់មានសេចក្ដីស្រឡាញ់ចំពោះមនុស្សដែរឬទេ? ប្រសិនបើទ្រង់គ្មានសេចក្ដីស្រឡាញ់ទេ ព្រះអង្គមុខជាមិនបានយកព្រះទ័យទុកដាក់ចំពោះអ្នកឡើយ។ មនុស្សខ្លះត្រូវផាត់ចោលនៅក្នុងការល្បងលលើអ្នកស៊ីឈ្លួល ហើយមនុស្សទាំងនោះ គឺជាអ្នកមិនជឿព្រះពិតមែន។ ឱ្យតែពួកគេឮថា ពួកគេគឺជាអ្នកស៊ីឈ្លួល ពួកគេក៏ប្រែជាអវិជ្ជមានភ្លាម ហើយបន្ទាប់ពីបានពីរបីខែហើយ ពួកគេនៅតែមិនអាចទទួលយកបានដដែល។ អ្នកមិនសុខចិត្តធ្វើជាអ្នកស៊ីឈ្លួលទេ ហើយអ្នកមិនសុខចិត្តរងទុក្ខក្នុងការដើរតាមព្រះជាម្ចាស់ឡើយ ប៉ុន្តែ នៅពេលគេប្រាប់អ្នកថា នឹងមានព្រះពរត្រូវផ្ដល់ឱ្យ នោះអ្នកក៏អរសប្បាយ ដល់ថ្នាក់អណ្ដែតអណ្ដូងផង។ ប្រសិនបើព្រះជាម្ចាស់គ្មានសេចក្ដីស្រឡាញ់ តែមានតែសេចក្ដីស្អប់វិញ ហើយបានទតឃើញសេចក្ដីពុករលួយដែលបង្ហាញចេញតាមរយៈខ្លួនមនុស្សបែបនេះ ពួកគេគួរណាស់តែត្រូវបានផាត់ចោលហើយ។ ការបន្សុទ្ធរយៈពេលបីខែនេះ មិនមែនយូរណាស់ណានោះទេ។ ហេតុអ្វីបានជាខ្ញុំមានបន្ទូលថា មិនមែនយូរណាស់នោះទេ? ដោយសារនេះគ្រាន់តែជាចំនួនពេលវេលាដែលមនុស្សអាចទ្រាំបានប៉ុណ្ណោះ។ ប្រសិនបើមានរយៈពេលយូរជាងនេះបន្តិច មនុស្សមុខជាមិនអាចទ្រាំបានឡើយ។ ទោះបីមនុស្សតែងច្រៀងបទទំនុកតម្កើង ចូលរួមការជួបជុំ និងប្រកបគ្នាក្ដី ក៏ប៉ុន្តែ ពួកគេច្បាស់ជាមិនអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនដោយគ្រាន់តែត្រេកអរនឹងរឿងទាំងនេះបានឡើយ។ ហេតុនេះហើយបានជាព្រះជាម្ចាស់ប្រោសមនុស្សឱ្យក្លាយជារាស្រ្តរបស់ទ្រង់តាំងពីដើមទី ហើយនេះ ក៏រាប់ថាជាសេចក្ដីស្រឡាញ់របស់ទ្រង់ផងដែរ។ ព្រះជាម្ចាស់ប្រើព្រះទ័យនិងសេចក្ដីស្រឡាញ់របស់ទ្រង់ ដើម្បីមានឥទ្ធិពល និងឱបក្រសោបមនុស្ស ហើយនេះក៏ជាការបង្ហាញឱ្យឃើញពីសេចក្ដីស្រឡាញ់ផងដែរ។ យើងក៏អាចមើលឃើញសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់នៅក្នុងការកំណត់ពេលវេលាផងដែរ។ ព្រះអង្គពុំបានពន្យារពេលសូម្បីមួយថ្ងៃណាឡើយ ព្រះអង្គមានបន្ទូលភ្លាមៗ នៅពេលណាដែលទ្រង់ត្រូវមានព្រះបន្ទូល។ ប្រសិនបើទ្រង់បានពន្យារពេលពីរបីខែមែននោះ មនុស្សមុខជាដកខ្លួនចេញបណ្ដើរៗមិនខាន។ នេះគឺទ្រង់បំពេញកិច្ចការស្របទៅតាមសភាពជាក់ស្ដែងរបស់មនុស្ស ដោយគ្មានការពន្យារពេល ឬការអាក់ខានណាមួយឡើយ។ ព្រះជាម្ចាស់យកព្រះទ័យទុកដាក់នឹងមនុស្សគ្រប់គ្នា ហើយពេលព្រះអង្គកំពុងសង្គ្រោះមនុស្ស ព្រះអង្គក៏ទទួលខុសត្រូវលើពួកគេដល់ទីបញ្ចប់ផងដែរ។ ប៉ុន្តែ មនុស្សខ្លះខ្វះការតាំងចិត្ត ឬការប្ដេជ្ញាចិត្ត ហើយក៏បានដកខ្លួនចេញដោយខ្លួនឯង។ មុនពេលដែលពួកគេចាកចេញ ព្រះវិញ្ញាណបរិសុទ្ធបានបណ្ដាលចិត្តមនុស្សខ្លះជាពិសេស និងទទូចឱ្យពួកគេនៅបន្តទៀត ដោយបោះបង់ពួកគេចោល តែពេលណាដែលមិនអាចរក្សាពួកគេទុកបានប៉ុណ្ណោះ។ ព្រះជាម្ចាស់ស្រឡាញ់មនុស្សខ្លាំងណាស់ ប៉ុន្តែ មនុស្សមិនស័ក្តិសមនឹងសេចក្ដីស្រឡាញ់របស់ទ្រង់ឡើយ។ សម្រាប់មនុស្សមួយចំនួនដែលបានដកខ្លួន ដែលព្រះអង្គមិនអាចស្រឡាញ់តទៅទៀតបាន នោះសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះពួកគេ ក៏ប្រែជាសេចក្ដីស្អប់វិញ ហើយព្រះអង្គលែងមានអ្វីពាក់ព័ន្ធនឹងមនុស្សបែបនេះទៀតហើយ។ សម្រាប់ជំហាននិងពេលវេលានៃកិច្ចការរបស់ព្រះជាម្ចាស់ ថាតើជំហាននីមួយៗត្រូវការពេលយូរប៉ុនណា ថាតើជំហាននីមួយៗមានព្រះបន្ទូលប៉ុន្មានដែលបានថ្លែងចេញមក ថាតើជំហាននីមួយៗប្រើសំនៀងព្រះបន្ទូលនិងវិធីសាស្រ្តអ្វីខ្លះ និងប្រើសេចក្ដីពិតអ្វីខ្លះប្រើដើម្បីធ្វើឱ្យមនុស្សយល់នោះ អ្វីទាំងអស់នេះ រួមបញ្ចូលនូវបំណងព្រះទ័យល្អ និងការខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ព្រះជាម្ចាស់ ហើយអ្វីទាំងអស់នេះ សុទ្ធតែជាការរៀបចំនិងផែនការជាក់លាក់របស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់តែងសម្ដែងចេញសេចក្ដីពិត ប្រើព្រះប្រាជ្ញាញាណរបស់ទ្រង់ ដើម្បីណែនាំនិងដឹកនាំមនុស្សជាតិ ដើម្បីផ្គត់ផ្គង់និងបម្រើដល់មនុស្ស ដើម្បីចិញ្ចឹមបីបាច់មនុស្សបន្តិចម្ដងៗ និងដើម្បីដឹកនាំពួកគេប្រកៀកដៃគ្នាមកដល់សព្វថ្ងៃនេះ។ មនុស្សណាដែលមានបទពិសោធនេះ មានការយល់ដឹងខ្លះហើយគិតត្រឹមពេលនេះ និងអាចធ្វើបន្ទាល់បានខ្លះពីបទពិសោធរបស់ពួកគេ។ ដំណើរការមួយជំហានម្ដងៗនេះ នៅតែថ្មីនៅឡើយនៅក្នុងការចងចាំរបស់ពួកគេ ហើយសេចក្ដីស្រឡាញ់នៅក្នុងនោះ មិនអាចយកពាក្យអ្វីមកថ្លែងបានឡើយ។ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្ស គឺជ្រាលជ្រៅខ្លាំងរហូតដល់ថ្នាក់មនុស្សមិនអាចយល់បានទាំងស្រុង ឬមិនអាចយកពាក្យអ្វីមកថ្លែងបានឡើយ។ យើងអាចមើលឃើញតាមរយៈពេលវេលានៃកិច្ចការរបស់ព្រះជាម្ចាស់បានថា សេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះមនុស្ស ជ្រាលជ្រៅខ្លាំងប៉ុនណា។ ព្រះអង្គហ្មត់ចត់គ្រប់រឿងតូចតាចទាំងអស់ មិនបណ្ដោយឱ្យការបន្សុទ្ធអូសបន្លាយពេលយូរទៀតឡើយ ដោយខ្លាចថា មនុស្សនឹងដកខ្លួនចេញ ហើយចាកចេញពីទ្រង់ ដោយសារការអូសបន្លាយពេលយូរពេក។ សេចក្ដីស្រឡាញ់របស់ទ្រង់ឱបក្រសោបមនុស្សយ៉ាងណែន មិនដែលបន្ធូរសូម្បីបន្តិចណាឡើយ។ ជាងនេះទៅទៀត ព្រះជាម្ចាស់ក៏មានការគ្រប់គ្រងច្បាស់លាស់លើជំហាននៃកិច្ចការនៃការបន្សុទ្ធនិងការជំនុំជម្រះផងដែរ។ ប្រសិនបើព្រះអង្គបន្ថែមវិធីសាស្រ្តមួយទៀត មនុស្សមុខជាយល់ថា ព្រះអង្គកំពុងបោកបញ្ឆោត និងលេងល្បិចដាក់ពួកគេមិនខាន ហើយពួកគេមុខជាដកខ្លួនចេញ នៅពេលកម្ពស់របស់ពួកគេមិនគ្រប់គ្រាន់។ ដូច្នេះ បន្ទាប់ពីការបន្សុទ្ធបានបីខែ ព្រះជាម្ចាស់ក៏ថ្លែងព្រះបន្ទូលម្ដងទៀត ដើម្បីប្រែក្លាយអ្នកស៊ីឈ្លួលឱ្យទៅជារាស្រ្តរបស់ទ្រង់ ហើយមនុស្សគ្រប់គ្នានឹងបានសប្បាយចិត្ត។ ពួកគេសប្បាយខ្លាំងរហូតដល់ថ្នាក់មានទឹកភ្នែកហូរស្រក់កាត់លើផ្ទៃមុខរបស់ពួកគេផង នៅពេលដែលពួកគេដឹងថា ព្រះជាម្ចាស់ល្អនិងមានព្រះប្រាជ្ញាញាណខ្លាំងបែបនេះ។ បន្ទាប់ពីការបន្សុទ្ធជាច្រើនខែរួចមក មនុស្សពិតជាជឿថា ពួកគេគឺជាអ្នកស៊ីឈ្លួលមែន។ ពួកគេគិតថា៖ «យើងគ្មានទិសដៅល្អទេ។ ព្រះជាម្ចាស់លែងសព្វព្រះទ័យចង់បានពួកយើងទៀតហើយ។ ពួកយើងគ្មានសង្ឃឹមអ្វីសោះឡើយ»។ នៅក្នុងបរិយាកាសនាពេលនោះ ប្រសិនបើខ្ញុំបានមានបន្ទូលថា ខ្ញុំនឹងបណ្ដោយឱ្យមនុស្សស្លាប់ នោះនឹងគ្មាននរណាម្នាក់ជឿលើខ្ញុំទេ។ ពួកគេគិតថា ប្រសិនបើព្រះជាម្ចាស់បានថ្លែងព្រះបន្ទូលបែបនោះមែន នោះព្រះបន្ទូលនោះ គឺជាការពិតហើយ។ ក៏ប៉ុន្តែ ក្រោយពីបានបីខែ ខ្ញុំក៏ថ្លែងព្រះបន្ទូលម្ដងទៀត ហើយបញ្ចប់ការល្បងលពួកគេក្នុងនាមជាអ្នកស៊ីឈ្នួល។ ទោះបីធម្មជាតិរបស់មនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយក៏ដោយ ក៏ពេលខ្លះ មនុស្សមិនដឹងខ្យល់អ្វី ដូចជាកូនក្មេងដូច្នោះដែរ។ ហេតុអ្វីបានជាគេនិយាយថា នៅចំពោះព្រភក្រព្រះជាម្ចាស់ មនុស្សមិនខុសអ្វីពីទារកទេ? របៀបដែលមនុស្សគិតពីរឿងនេះ ហាក់ដូចជាមនុស្សសុទ្ធតែពុករលួយនិងថោកទាបទាំងអស់ ប៉ុន្តែរបៀបដែលព្រះជាម្ចាស់ព្រះតម្រិះវិញ គឺមនុស្សតែងតែជាទារកជាប់ជានិច្ច ហើយពួកគេទៀងត្រង់និងគ្មានដឹងខ្យល់អ្វីឡើយ។ ហេតុនេះ ព្រះជាម្ចាស់ពុំប្រព្រឹត្តដាក់មនុស្សដូចពួកគេជាពួកសត្រូវឡើយ តែដូចជាគោលដៅនៃសេចក្ដីសង្គ្រោះនិងសេចក្ដីស្រឡាញ់របស់ទ្រង់វិញ។
សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្ស មិនគ្រាន់តែដើម្បីបន្តប្រទានព្រះគុណដល់ពួកគេ ឬដើម្បីថ្លែងព្រះបន្ទូលនៃការប្រទានពរ ឬអ្វីដែលមនុស្សចង់ស្ដាប់ ដូចពួកគេស្រមៃឡើយ។ សេចក្ដីស្រឡាញ់ទ្រង់ គឺដើម្បីសម្ដែងចេញនូវសេចក្ដីពិត និងបន្សុទ្ធមនុស្សពីសេចក្ដីពុករលួយរបស់ពួកគេ ដោយសង្គ្រោះពួកគេពីឥទ្ធិពលរបស់សាតាំង និងធ្វើឱ្យពួកគេមានលក្ខណៈសម្បត្តិទទួលបានព្រះពរ និងសេចក្ដីសន្យារបស់ទ្រង់។ នោះហើយជាសេចក្ដីស្រឡាញ់ពិតប្រាកដរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់លាតត្រដាងពីសេចក្ដីពុករលួយរបស់មនុស្ស ជំនុំជម្រះ និងថ្កោលទោសពួកគេតាមរយៈព្រះបន្ទូល ដែលធ្វើឱ្យពួកគេមិនសប្បាយចិត្តទាល់តែសោះ។ ព្រះបន្ទូលទាំងនេះ ថែមទាំងចាក់ទម្លុះដួងចិត្តរបស់ពួកគេ និងធ្វើឱ្យពួកគេឈឺចាប់ទៀតផង។ ព្រះបន្ទូលនៃការជំនុំជម្រះខ្លះ ហាក់ដូចជាថ្កោលទោសមនុស្ស ឬដាក់បណ្ដាសាពួកគេ ហាក់ដូចជាព្រះជាម្ចាស់ពិតជាស្អប់ពួកគេណាស់អ៊ីចឹង ប៉ុន្តែ ព្រះបន្ទូលទ្រង់សុទ្ធតែមានបរិបទជាក់ស្ដែងទាំងអស់។ គឺស្របតាមការពិតទាំងស្រុង ហើយមិនមែនជាការបំផ្លើសឡើយ។ ព្រះជាម្ចាស់មានបន្ទូលផ្អែកតាមសារជាតិពុករលួយរបស់មនុស្ស ហើយមនុស្សត្រូវដកពិសោធន៍រឿងនេះមួយរយៈ ដើម្បីអាចដឹងបាន។ ព្រះជាម្ចាស់មានបន្ទូលទាំងនេះ ក្នុងគោលបំណងដើម្បីផ្លាស់ប្ដូរមនុស្ស និងសង្គ្រោះពួកគេ។ ទាល់តែព្រះជាម្ចាស់មានបន្ទូលបែបនេះ ទើបព្រះអង្គអាចទទួលបានលទ្ធផលល្អបំផុត។ អ្នកគួរដឹងថា ការខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ព្រះជាម្ចាស់ គឺដើម្បីសង្គ្រោះមនុស្ស ហើយកិច្ចការទាំងអស់ តំណាងឱ្យសេចក្ដីស្រឡាញ់របស់ទ្រង់។ មិនថាតើអ្នកគិតពីព្រះប្រាជ្ញាញាណនៃកិច្ចការរបស់ព្រះជាម្ចាស់ ឬជំហាននិងវិធីសាស្រ្តនៃកិច្ចការ រយៈពេលនៃកិច្ចការ ឬការរៀបចំនិងផែនការជាក់លាក់របស់ទ្រង់នោះទេ អ្វីគ្រប់យ៉ាងគឺមានសេចក្ដីស្រឡាញ់របស់ទ្រង់ទាំងអស់។ ខ្ញុំលើកជាឧទាហរណ៍មួយចុះ។ ឪពុកម្ដាយគ្រប់រូបមានក្ដីស្រឡាញ់ចំពោះកូនៗពួកគេ ហើយពួកគេខំប្រឹងធ្វើគ្រប់យ៉ាងដើម្បីបានឃើញកូនៗរបស់ពួកគេដើរនៅលើផ្លូវត្រឹមត្រូវ។ នៅពេលពួកគេឃើញកូនៗមានកំហុស ពួកគេបារម្ភថា បើពួកគេនិយាយសុភាពរាបសារពេក នោះកូនៗនឹងមិនស្ដាប់ ហើយមិនព្រមកែ តែបើពួកគេនិយាយខ្លាំងៗពេក ពួកគេខ្លាចប៉ះពាល់ដល់តម្លៃផ្ទាល់ខ្លួនរបស់ពួកគេ ហើយកូនៗពួកគេនឹងមិនអាចទទួលយកបាន។ ការដែលពួកគេអាចគិតពិចារណាពីទស្សនៈយល់ឃើញរបស់កូនៗពួកគេបែបនេះ គឺសុទ្ធតែត្រូវសេចក្ដីស្រឡាញ់គ្រប់គ្រងទាំងអស់ ហើយពួកគេបានខំប្រឹងប្រែងនៅក្នុងរឿងនេះខ្លាំងណាស់។ អ្នកទាំងឡាយដែលជាកូន ប្រហែលជាបានដកពិសោធន៍នូវសេចក្ដីស្រឡាញ់របស់ឪពុកម្ដាយពួកគេហើយ។ សេចក្ដីស្រឡាញ់មិនត្រឹមតែជាភាពទន់ភ្លន់និងការគិតគូរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការវាយប្រដៅយ៉ាងតឹងរឹងផងដែរ។ ការដែលព្រះជាម្ចាស់សង្គ្រោះមនុស្សជាតិ គឺកាន់តែត្រូវសេចក្ដីស្រឡាញ់ដឹកមុខ និងស្ថិតក្រោមមូលដ្ឋាននៃសេចក្ដីស្រឡាញ់ថែមទៀតហើយ ហេតុនេះហើយ ព្រះអង្គខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីសង្គ្រោះមនុស្សជាតិពុករលួយ។ ព្រះអង្គមិនមែនធ្វើអ្វីៗដើម្បីឱ្យតែចប់នោះទេ ប៉ុន្តែទ្រង់មានផែនការជាក់លាក់ ហើយថ្លែងព្រះបន្ទូលនិងបំពេញកិច្ចការមួយជំហានម្ដងៗ។ ពេលវេលានិងទីកន្លែង សំនៀងព្រះបន្ទូលនិងរបៀបដែលទ្រង់ថ្លែងព្រះបន្ទូល និងកិច្ចការដែលទ្រង់ធ្វើ... អ្នកអាចនិយាយបានថា អ្វីៗទាំងនេះ បង្ហាញឱ្យឃើញពីសេចក្ដីស្រឡាញ់របស់ទ្រង់ ហើយកិច្ចការនីមួយៗបង្ហាញថា សេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះមនុស្សជាតិ គឺគ្មានដែនកំណត់ និងមិនអាចវាស់ស្ទង់បានឡើយ។ មនុស្សជាច្រើននៅក្នុងការល្បងលលើអ្នកស៊ីឈ្នួល និយាយពាក្យបះបោរ ឬមានការរអ៊ូរទាំខ្លះ ប៉ុន្តែ ព្រះជាម្ចាស់ពុំយករឿងនេះមកចោទប្រកាន់ទាស់នឹងពួកគេឡើយ កាន់តែមិនបានដាក់ទោសអ្នកណាម្នាក់ក្នុងចំណោមពួកគេព្រោះរឿងនេះទៀត។ ដោយសារព្រះអង្គស្រឡាញ់មនុស្ស ទើបព្រះអង្គអត់ទ្រាំគ្រប់បែបយ៉ាង។ ប្រសិនបើព្រះជាម្ចាស់គ្មានសេចក្ដីស្រឡាញ់ ហើយមានតែសេចក្ដីស្អប់ នោះព្រះអង្គមុខជាបានថ្កោលទោសមនុស្សគ្រប់គ្នាជាយូរណាស់មកហើយ។ ដោយសារព្រះជាម្ចាស់មានសេចក្ដីស្រឡាញ់នេះហើយ ទើបទ្រង់ពុំព្រះតម្រិះពីរឿងនេះច្រើន ព្រះអង្គមានការអត់ធ្មត់ចំពោះមនុស្ស ព្រះអង្គអាចយល់ពីការលំបាករបស់ពួកគេ ហើយគ្រប់កិច្ចការដែលព្រះអង្គធ្វើ ត្រូវបានសេចក្ដីស្រឡាញ់ដឹកមុខ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលស្គាល់មនុស្ស ហើយសូម្បីតែខ្លួនអ្នកផ្ទាល់ ក៏មិនស្គាល់ខ្លួនឯងផង។ សាកគិតសាឡើងវិញដោយចិត្តទុកដាក់លមើល តើរឿងត្រឹមត្រូវឬអត់? ពេលមនុស្សមួយចំនួនជួបប្រទះការល្បងល ពួកគេរអ៊ូរទាំពីរឿងនេះ ពីរឿងនោះ។ មនុស្សពិបាកចិត្តមិនដឹងមូលហេតុ ហើយពួកគេរស់នៅក្នុងព្រះពរ តែពួកគេមិនបានដឹងឡើយ។ គ្មាននរណាដឹងថា ព្រះជាម្ចាស់ត្រូវការរងទុក្ខច្រើនប៉ុនណានោះទេ ដែលត្រូវយាងចុះពីស្ថានសួគ៌មកកាន់ផែនដីនេះ។ ព្រះជាម្ចាស់មហិមាខ្លាំងណាស់។ ដើម្បីឱ្យទ្រង់ក្លាយជាមនុស្សម្នាក់ ដើម្បីក្លាយជាមនុស្សបន្ទាបខ្លួន គ្មានអ្វីសំខាន់បែបនេះ ជាមនុស្សអាម៉ាស់បែបនេះ ទ្រង់មុខជាត្រូវរងទុក្ខច្រើនខ្លាំងណាស់ហើយ! ខ្ញុំលើកឧទាហរណ៍មួយពីខាងលោកីយ៍។ ព្រះចៅអធិរាជល្អមួយអង្គ ស្រឡាញ់រាស្រ្តរបស់ទ្រង់ ដូចជាទ្រង់ស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់ដែរ។ ដើម្បីកាត់បន្ថយការរងទុក្ខរបស់ប្រជារាស្រ្ត ទ្រង់ត្រូវក្លែងបន្លំព្រះកាយ ដោយគ្រងសម្លៀកបំពាក់ជាមនុស្សសាមញ្ញម្នាក់ ដើម្បីចុះទៅពិនិត្យ និងឈ្វេងយល់ពីទុក្ខលំបាករបស់ប្រជារាស្រ្ត។ ការលះបង់ឋានៈ ការបន្ទាបឋានៈខ្លួនទៅជារាស្រ្តសាមញ្ញ គឺរឿងអាម៉ាស់រួចស្រេចទៅហើយ។ ព្រះអង្គត្រូវរស់នៅដូចជាមនុស្សសាមញ្ញម្នាក់ ហើយរាស្រ្តដែលមិនស្គាល់ទ្រង់ថាជាព្រះចៅអធិរាជ នឹងប្រព្រឹត្តដាក់ទ្រង់ដូចជាមនុស្សធម្មតាម្នាក់ដែរ។ មានគ្រោះថ្នាក់ជាច្រើននៅក្នុងចំណោមមនុស្ស គ្មាននរណាដឹងថា មានមនុស្សច្រើនប៉ុនណាដែលស្វែងរកសម្លាប់ព្រះចៅអធិរាជ ឬដើម្បីដណ្ដើមអំណាចឡើយ ដូច្នេះ ព្រះអង្គត្រូវមានការប្រុងប្រយ័ត្នបន្ថែមទៀត នៅពេលដែលទ្រង់យាងទៅក្នុងចំណោមប្រជារាស្រ្ត ដើម្បីយល់ពីស្ថានភាពរបស់ពួកគេ។ តាមឋានៈនិងតួនាទីរបស់ទ្រង់ ព្រះអង្គពិតជាមិនគួររងទុក្ខបែបនេះឡើយ តើព្រះអង្គអាចធ្វើបែបនេះបានយ៉ាងដូចម្ដេចទៅ? ព្រះអង្គគ្រាន់តែចង់ធ្វើជាព្រះចៅអធិរាជល្អមួយអង្គប៉ុណ្ណោះ និងចង់ធ្វើអ្វីៗដើម្បីប្រជារាស្រ្តរបស់ទ្រង់។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់ចង់សង្គ្រោះមនុស្សជាតិទាំងស្រុង ហើយការបើកសម្ដែង និងការជំនុំជម្រះមនុស្សជាតិតាមរបៀបនេះ ក្នុងពេលសព្វថ្ងៃនេះ គឺជាវិសាលភាពដែលផែនការគ្រប់គ្រងរបស់ទ្រង់សម្រេចបាន។ ព្រះជាម្ចាស់សង្គ្រោះមនុស្សជាតិ ដោយសារទ្រង់ស្រឡាញ់មនុស្សជាតិ។ គឺដោយសារតែទ្រង់ស្រឡាញ់មនុស្សជាតិ ហើយត្រូវបានសេចក្ដីស្រឡាញ់អូសទាញនិងជំរុញព្រះហឫទ័យ ទើបព្រះអង្គត្រឡប់ជាសាច់ឈាម និងប្រថុយចូលទៅក្នុងរូងសិង្ហដោយផ្ទាល់ព្រះអង្គ ដើម្បីសង្គ្រោះមនុស្សជាតិ។ ព្រះជាម្ចាស់អាចធ្វើបែបនេះបាន ដោយសារព្រះអង្គស្រឡាញ់មនុស្សជាតិ។ ការដែលព្រះជាម្ចាស់រងភាពអាម៉ាស់ខ្លាំងដល់ម្ល៉េះ ក្នុងការត្រឡប់ជាសាច់ឈាមដើម្បីសង្គ្រោះមនុស្សជាតិពុករលួយ គឺជាភស្តុតាងបញ្ជាក់ថា សេចក្ដីស្រឡាញ់របស់ទ្រង់គឺធំមហិមាខ្លាំងណាស់។ បង្កប់ពីក្រោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺមានការក្រើនរំឮក ការលួងលោម ការលើកទឹកចិត្ត ការអត់ឱន ការអត់ធ្មត់ ហើយក៏មានការជំនុំជម្រះ ការវាយផ្ចាល ការដាក់បណ្ដាសា ការបើកសម្ដែងជាសារធាណៈ និងការសន្យាដ៏អស្ចារ្យជាច្រើនទៀតផងដែរ។ មិនថាវិធីសាស្រ្តបែបណានោះទេ គឺសុទ្ធតែត្រូវសេចក្ដីស្រឡាញ់ដឹកមុខទាំងអស់ ហើយនេះគឺជាសារជាតិនៃកិច្ចការរបស់ទ្រង់។ អ្នករាល់គ្នាសុទ្ធតែបានដឹងខ្លះហើយពីសេចក្ដីស្រឡាញ់របស់ទ្រង់នៅថ្ងៃនេះ ប៉ុន្តែការយល់ដឹងនេះ នៅមិនទាន់ជ្រាលជ្រៅនៅឡើយទេ។ ការស្រមើស្រមៃរបស់មនុស្ស មានលាយឡំទៅដោយចំណេះដឹងបែបនេះ ហើយអ្វីដែលអ្នកអាចដកពិសោធន៍ពីសេចក្ដីស្រឡាញ់របស់ទ្រង់បាន គឺមានតិចតួចណាស់។ ក្រោយមក នៅពេលអ្នករាល់គ្នាបានឆ្លងកាត់ពេលវេលាពីរបីឆ្នាំបន្ថែមទៀត អ្នកនឹងដឹងថា សេចក្ដីស្រឡាញ់នេះជ្រាលជ្រៅនិងធំធេងប៉ុនណា ថាសេចក្ដីស្រឡាញ់នេះមិនអាចរកពាក្យពេចន៍នៃភាសាមនុស្សមកបរិយាយបានឡើយ។ នៅពេលមនុស្សបានដឹងពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ពួកគេក៏ចាប់ផ្ដើមមានចិត្តស្រឡាញ់ចំពោះទ្រង់។ ប្រសិនបើមនុស្សគ្មានសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់ទេ តើពួកគេអាចតបស្នងសេចក្ដីស្រឡាញ់របស់ទ្រង់បានដោយរបៀបណា? ទោះបីជាអ្នកបានលះបង់ជីវិតរបស់អ្នកក៏ដោយ ក៏អ្នកនៅតែមិនអាចតបស្នងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់បានដែរ។ ក្រោយពីបានឆ្លងកាត់ពេលវេលាពីរបីឆ្នាំទៀត អ្នករាល់គ្នានឹងដឹងថា អ្វីជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់មិនខាន។ បន្ទាប់មក នៅពេលអ្នកមើលត្រឡប់ទៅក្រោយពីសភាពនិងការបង្ហាញចេញនៅក្នុងខ្លួនអ្នកពេលនេះ អ្នករាល់គ្នានឹងមានអារម្មណ៍ស្ដាយក្រោយបំផុត ហើយអ្នកនឹងក្រាបចុះនៅចំពោះព្រះជាម្ចាស់។ ហេតុអ្វីបានជាមនុស្សភាគច្រើនក្នុងពេលសព្វថ្ងៃនេះ ដើរតាមព្រះជាម្ចាស់យ៉ាងប្រកៀកនិងក្លៀវក្លាបំផុត? គឺដោយសារពួកគេដឹងពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយពួកគេយល់ថា កិច្ចការរបស់ព្រះជាម្ចាស់ គឺដើម្បីសង្គ្រោះមនុស្សជាតិ។ ចូរគិតពីរឿងនេះចុះ កិច្ចការរបស់ព្រះជាម្ចាស់ គឺទៀងទាត់តាមពេលវេលាខ្លាំងណាស់ ដោយផ្លាស់ពីមួយជំហានទៅមួយជំហានទៀត ដោយគ្មានការពន្យារពេលណាមួយឡើយ។ ហេតុអ្វីបានជាព្រះអង្គមិនពន្យារពេល? គឺដើម្បីសង្គ្រោះមនុស្សជាតិ។ ព្រះអង្គចង់សង្គ្រោះមនុស្សឱ្យបានច្រើនបំផុតតាមដែលទ្រង់អាចសង្គ្រោះបាន ហើយព្រះអង្គមិនព្រមបាត់បង់មនុស្សណាដែលអាចសង្គ្រោះបានឡើយ ចំណែកឯមនុស្សខ្លួនឯងវិញ ពុំខ្វល់ខ្វាយពីវាសនារបស់ខ្លួនឡើយ។ ដូច្នេះ ពេលនោះ មនុស្សពុំទាំងដឹងផងថា នៅក្នុងពិភពលោកនេះ នរណាស្រឡាញ់ពួកគេខ្លាំងជាងបំផុតនោះ។ អ្នកពុំស្រឡាញ់ខ្លួនឯង ហើយអ្នកពុំដឹងថាត្រូវពេញចិត្ត ឬឱ្យតម្លៃជីវិតផ្ទាល់ខ្លួនតាមរបៀបណាផង ហើយមានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលស្រឡាញ់មនុស្សខ្លាំងបំផុត។ មានមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលអាចដកពិសោធន៍សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់បាន ប៉ុន្តែភាគច្រើន នៅមិនទាន់អាចដឹងធ្វើបាននៅឡើយទេ។ ពួកគេជឿថា ការស្រឡាញ់ខ្លួនឯង គឺអាចជឿទុកចិត្តបានច្រើនជាង ប៉ុន្តែពួកគេត្រូវមានការយល់ដឹងច្បាស់លាស់ជាងនេះអំពីប្រភេទនៃសេចក្ដីស្រឡាញ់ដែលពួកគេមានចំពោះខ្លួនឯង។ តើមនុស្សអាចសង្គ្រោះខ្លួនឯងបានតាមរយៈការស្រឡាញ់ខ្លួនឯងដែរឬទេ? មានតែសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចសង្គ្រោះមនុស្សបាន នោះទើបជាសេចក្ដីស្រឡាញ់ពិតប្រាកដ ហើយអ្នកនឹងបានដកពិសោធន៍បន្តិចម្ដងៗ ថាអ្វីជាសេចក្ដីស្រឡាញ់ពិតប្រាកដនៅពេលក្រោយទៀត។ ប្រសិនបើព្រះជាម្ចាស់ត្រឡប់ជាសាច់ឈាមដើម្បីបំពេញកិច្ចការ និងណែនាំមនុស្សទល់មុខគ្នា ដោយប្រាស្រ័យទាក់ទងជាមួយពួកគេទាំងថ្ងៃទាំងយប់ និងរស់នៅរួមគ្នាជាមួយពួកគេ នោះវានឹងកាន់តែងាយស្រួលដើម្បីឱ្យពួកគេបានដឹងពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ ប្រសិនបើព្រះជាម្ចាស់មិនបានត្រឡប់ជាសាច់ឈាម និងមិនបានសម្ដែងចេញសេចក្ដីពិតច្រើនដល់ម្ល៉េះទេ នោះមនុស្សមុខជាមិនអាចស្គាល់ទ្រង់ឡើយ ហើយគ្មាននរណាម្នាក់នឹងដឹងពីសេចក្ដីស្រឡាញ់របស់ទ្រង់ឡើយ។
ព្រះជាម្ចាស់និងមនុស្សមិនមែនជាប្រភេទតែមួយនោះទេ ហើយរស់នៅក្នុងពិភពពីរផ្សេងពីគ្នា។ មនុស្សមិនអាចយល់ពីភាសារបស់ព្រះជាម្ចាស់បានឡើយ កាន់តែមិនដឹងពីព្រះតម្រិះរបស់ទ្រង់ទៀត។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលស្គាល់មនុស្ស ហើយមនុស្សមិនអាចស្គាល់ព្រះអង្គបានឡើយ។ មានតែតាមរយៈការត្រឡប់ជាសាច់ឈាម និងក្លាយជាប្រភេទតែមួយនឹងមនុស្ស (មានរូបរាងដូចគ្នា) និងបានឆ្លងកាត់សេចក្ដីអាម៉ាស់និងការឈឺចាប់យ៉ាងច្រើនដើម្បីសង្គ្រោះមនុស្សទេ ទើបព្រះជាម្ចាស់អាចធ្វើឱ្យពួកគេយល់និងស្គាល់ពីកិច្ចការរបស់ទ្រង់បាន។ ហេតុអ្វីបានជាព្រះជាម្ចាស់មិនព្រមបោះបង់ចោលការសង្គ្រោះមនុស្ស? តើនេះមិនមែនដោយសារទ្រង់មានសេចក្ដីស្រឡាញ់ចំពោះមនុស្សទេឬអី? ទ្រង់ទតឃើញមនុស្សជាតិត្រូវសាតាំងធ្វើឱ្យពុករលួយ ហើយមិនអាចទ្រាំបណ្ដោយឱ្យពួកគេឃ្លាតទៅ ឬបោះបង់ពួកគេចោលបានឡើយ។ នេះគឺជាមូលហេតុដែលទ្រង់មានផែនការគ្រប់គ្រងមួយ។ ប្រសិនបើព្រះជាម្ចាស់ត្រូវបំផ្លាញមនុស្សជាតិភ្លាមៗ នៅពេលដែលទ្រង់ខ្ញាល់ ដូចអ្វីដែលមនុស្សស្រមៃមែននោះ ដូច្នេះ ព្រះអង្គនឹងមិនចាំបាច់ត្រូវរងទុក្ខដើម្បីសង្គ្រោះពួកគេ ដូចទ្រង់បានរងទុក្ខក្នុងពេលសព្វថ្ងៃនេះទេ។ ច្បាស់ណាស់ នេះគឺជាការរងទុក្ខរបស់ព្រះជាម្ចាស់បន្ទាប់ពីទ្រង់ត្រឡប់ជាសាច់ឈាមវិញ ដែលនេះក៏បង្ហាញឱ្យឃើញពីសេចក្ដីស្រឡាញ់របស់ទ្រង់ដែរ។ មានតែពេលនោះទេ ទើបមនុស្សជាតិបានដឹងពីសេចក្ដីស្រឡាញ់របស់ទ្រង់បន្តិចម្ដងៗ ហើយបន្ទាប់មក មនុស្សគ្រប់គ្នាក៏បានដឹង។ ប្រសិនបើកិច្ចការប្រភេទនេះ ពុំមានក្នុងពេលសព្វថ្ងៃនេះទេ នោះមនុស្សមុខជាដឹងត្រឹមថា នៅស្ថានសួគ៌មានព្រះជាម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ ហើយព្រះអង្គមានសេចក្ដីស្រឡាញ់ចំពោះមនុស្សជាតិ។ ការយល់ដឹងនេះ នឹងបានត្រឹមជាគោលលទ្ធិប៉ុណ្ណោះ ហើយមនុស្សមុខជាមិនដែលអាចដកពិសោធន៍សេចក្ដីស្រឡាញ់ពិតប្រាកដរបស់ព្រះជាម្ចាស់បានឡើយ។ មានតែតាមរយៈព្រះជាម្ចាស់បំពេញកិច្ចការជាសាច់ឈាមទេ ទើបមនុស្សអាចស្គាល់ទ្រង់បានពិតប្រាកដ។ ការស្គាល់នេះមិនមែនស្រពេចស្រពិល ឬឥតន័យ ឬគ្រាន់តែជាពាក្យនៃគោលលទ្ធិនោះទេ តែមានលក្ខណៈជាក់ស្ដែងនិងពិតប្រាកដ ដោយសារសេចក្ដីស្រឡាញ់ដែលព្រះជាម្ចាស់ប្រទានដល់មនុស្ស គឺសំខាន់ខ្លាំងណាស់។ កិច្ចការនេះ មានតែព្រះអង្គនៅខាងសាច់ឈាមតែមួយគត់ដែលអាចសម្រេចបាន ហើយព្រះវិញ្ញាណមិនអាចសម្រេចបានឡើយ។ តើសេចក្ដីស្រឡាញ់ដែលព្រះយេស៊ូវប្រទានដល់មនុស្សធំធេងប៉ុនណា? ទ្រង់ត្រូវគេឆ្កាងទៅនឹងឈើឆ្កាងដើម្បីសង្គ្រោះមនុស្សជាតិ ដោយបានធ្វើជាតង្វាយលោះបាបដ៏អស់កល្បជានិច្ចដើម្បីពួកគេ។ ព្រះអង្គយាងមកបំពេញកិច្ចការនៃការប្រោសលោះមនុស្សជាតិ រហូតដល់ពេលដែលទ្រង់ត្រូវគេឆ្កាង។ សេចក្ដីស្រឡាញ់នេះ ធំធេងខ្លាំងណាស់។ កិច្ចការរបស់ព្រះជាម្ចាស់មានអត្ថន័យខ្លាំងជាទីបំផុត។ មានមនុស្សជាច្រើនដែលតែងមានសញ្ញាណជាក់លាក់ខ្លះអំពីព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហើយសញ្ញាណទាំងនេះពុំត្រឹមត្រូវឡើយ។ ហេតុអ្វីបានជាអ្នកតែងតែមានសញ្ញាណទាំងនេះ? បើព្រះជាម្ចាស់ពុំត្រឡប់ជាសាច់ឈាមវិញទេ ជំនឿរបស់មនុស្សលើព្រះជាម្ចាស់ នឹងបានត្រឹមជាពាក្យឥតបានការ គ្មានន័យខ្លឹមសារ និងមិនជាក់ស្ដែងប៉ុណ្ណោះ ហើយចុងក្រោយ មនុស្សនឹងត្រូវបំផ្លាញចោលដដែល ទោះបីពួកគេមានសេចក្ដីជំនឿបែបណាក៏ដោយ។ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ គឺត្រូវបង្ហាញចេញមកសំខាន់នៅក្នុងកិច្ចការដែលទ្រង់បំពេញនៅខាងសាច់ឈាម ដោយសង្គ្រោះមនុស្សដោយផ្ទាល់ព្រះអង្គ ថ្លែងព្រះបន្ទូលជាមួយមនុស្សទល់មុខគ្នា និងរស់នៅទល់មុខគ្នាជាមួយនឹងពួកគេ។ ពុំមានគម្លាតឆ្ងាយពីគ្នាសោះឡើយ ហើយគ្មានការសម្ដែងធ្វើពុតអ្វីដែរ គឺជារឿងពិត។ ការដែលទ្រង់អាចត្រឡប់ជាសាច់ឈាមដើម្បីសេចក្ដីសង្គ្រោះរបស់ទ្រង់ចំពោះមនុស្សជាតិ ហើយបានចំណាយពេលឈឺចាប់រាប់សិបឆ្នាំជាមួយមនុស្សនៅក្នុងលោកីយ៍នេះ គ្រប់យ៉ាងគឺដោយសារសេចក្ដីស្រឡាញ់និងសេចក្ដីមេត្តាករុណារបស់ទ្រង់ចំពោះមនុស្សជាតិ។ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ គ្មានលក្ខខណ្ឌឡើយ ហើយក៏គ្មានទាមទារអ្វីដែរ។ តើព្រះអង្គអាចទទួលបានអ្វីពីពួកគេវិញ? មនុស្សគ្មានចិត្តអាណិតអាសូរចំពោះព្រះជាម្ចាស់ឡើយ។ តើនរណាអាចប្រព្រឹត្តដាក់ព្រះជាម្ចាស់ដូចជាព្រះទៅ? មនុស្សពុំបានផ្ដល់សេចក្ដីសុខស្រួលដល់ព្រះជាម្ចាស់សូម្បីតែបន្តិច ហើយមកទល់នឹងពេលសព្វថ្ងៃនេះ ព្រះអង្គក៏នៅមិនទាន់បានទទួលសេចក្ដីស្រឡាញ់ពិតប្រាកដពីមនុស្សជាតិដែរ។ ព្រះជាម្ចាស់បន្តប្រទានឱ្យដោយឥតកំណាញ់ និងទំនុកបម្រុងដោយឥតកំណាញ់ ក៏ប៉ុន្តែ មនុស្សនៅតែមិនពេញចិត្តទៀត ហើយចេះតែទូលសូមព្រះគុណនិងព្រះពរពីទ្រង់ឥតឈប់។ មនុស្សពិតជាពិបាក និងមានបញ្ហាច្រើនមែន! ប៉ុន្តែ មិនយូរមិនឆាប់ទេ ថ្ងៃនោះនឹងមកដល់ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់នឹងសម្រេចផល ហើយរាស្រ្តរើសតាំងភាគច្រើនរបស់ព្រះជាម្ចាស់នឹងសម្ដែងការអរព្រះគុណពិតប្រាកដចេញពីចិត្តរបស់ពួកគេ។ អស់អ្នកណាដែលបានដកពិសោធរឿងនេះរយៈពេលយូរ អ្នកនោះអាចមានអារម្មណ៍ដឹងបាន។ មនុស្សអាចស្ពឹកស្រពន់ ប៉ុន្តែពួកគេនៅតែជាមនុស្សដដែល មិនមែនជាវត្ថុគ្មានជីវិតឡើយ។ អស់អ្នកណាដែលមិនបានដកពិសោធន៍កិច្ចការរបស់ព្រះជាម្ចាស់ទេ អ្នកនោះប្រហែលមិនអាចយល់ពីរឿងទាំងនេះបានទេ។ ពួកគេទទួលស្គាល់ត្រឹមថា សេចក្ដីពិតទាំងឡាយដែលព្រះជាម្ចាស់សម្ដែងចេញ គឺត្រឹមត្រូវ ប៉ុន្តែ ពួកគេពុំមានការយល់ដឹងស៊ីជម្រៅឡើយ ដោយសារពួកគេគ្មានបទពិសោធ។
ព្រះជាម្ចាស់បានបំពេញកិច្ចការជាច្រើនឆ្នាំនៅខាងសាច់ឈាម និងបានថ្លែងព្រះបន្ទូលពីរឿងជាច្រើនរាប់មិនអស់។ ព្រះជាម្ចាស់បានចាប់ផ្ដើមប្រទានការល្បងលលើអ្នកស៊ីឈ្នួល ហើយបន្ទាប់មក បានប្រទានសេចក្ដីទំនាយជាច្រើន និងបានចាប់ផ្ដើមកិច្ចការនៃការជំនុំជម្រះ និងការវាយផ្ចាល បន្ទាប់មក ប្រើការល្បងលនៃសេចក្ដីស្លាប់ដើម្បីបន្សុទ្ធមនុស្ស។ បន្ទាប់មកទៀត ទ្រង់ដឹកនាំមនុស្សដើរនៅលើផ្លូវត្រឹមត្រូវនៃការជឿលើទ្រង់។ ព្រះជាម្ចាស់មានបន្ទូលនិងទំនុកបម្រុងមនុស្សនូវគ្រប់ទាំងសេចក្ដីពិត ដោយប្រយុទ្ធតតាំងនឹងសញ្ញាណរបស់មនុស្សសព្វគ្រប់បែបយ៉ាង។ បន្ទាប់មកទៀត ទ្រង់ប្រទានក្ដីសង្ឃឹមខ្លះដល់មនុស្ស ដើម្បីឱ្យពួកគេឃើញថា នៅខាងមុខពួកគេ មានក្ដីសង្ឃឹម ដែលក្ដីសង្ឃឹមនោះគឺ ព្រះជាម្ចាស់និងមនុស្សចូលទៅក្នុងទិសដៅដ៏ស្រស់បំព្រងមួយជាមួយគ្នា។ ទោះបីជាកិច្ចការនេះ ត្រូវធ្វើទៅតាមផែនការរបស់ព្រះជាម្ចាស់ទាំងស្រុងក៏ដោយ ក៏កិច្ចការនេះត្រូវធ្វើទៅតាមតម្រូវការរបស់មនុស្សជាតិទាំងអស់ដែរ។ កិច្ចការនេះ មិនមែនធ្វើតាមធម្មតានោះទេ។ ព្រះជាម្ចាស់ ប្រើព្រះប្រាជ្ញាញាណរបស់ទ្រង់ដើម្បីបំពេញកិច្ចការទាំងអស់នេះ។ ដោយសារព្រះជាម្ចាស់មានសេចក្ដីស្រឡាញ់នេះហើយ ទើបទ្រង់អាចប្រើព្រះប្រាជ្ញាញាណដើម្បីប្រព្រឹត្តដាក់មនុស្សពុករលួយទាំងនេះដោយទៀងត្រង់បែបនេះបាន។ ព្រះអង្គពុំដែលលេងសើចនឹងមនុស្សដូចជារបស់ក្មេងលេងឡើយ។ តាមរយៈព្រះបន្ទូលនិងសំនៀងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពេលខ្លះ ទ្រង់ជំនុំជម្រះនិងវាយផ្ចាលមនុស្ស ឬសាកល្បងមនុស្ស ពេលខ្លះ ព្រះបន្ទូលជាក់លាក់មួយចំនួនធ្វើឱ្យមនុស្សរងការល្បងលនិងទុក្ខវេទនា ហើយពេលខ្លះ ព្រះអង្គប្រទានជម្រើសព្រះបន្ទូលជាក់លាក់ដល់មនុស្ស ដែលដោះលែងពួកគេឱ្យមានសេរីភាព និងធ្វើឱ្យពួកគេបានស្រួល។ ព្រះអង្គពិតជាបានប្រើព្រះតម្រិះ និងការពិចារណាច្រើនណាស់ដើម្បីមនុស្ស។ ទោះបីជាមនុស្សគឺជាភាវៈដែលព្រះបង្កើតមក និងសុទ្ធតែបានឆ្លងកាត់សេចក្ដីពុករលួយរបស់សាតាំង ហើយទោះបីមនុស្សគ្មានតម្លៃ គឺជាសំរាម ហើយទោះបីជាពួកគេមានធម្មជាតិបែបណាក៏ដោយ ក៏ព្រះអង្គពុំប្រព្រឹត្តដាក់មនុស្សទៅតាមសារជាតិរបស់ពួកគេឡើយ ក៏មិនប្រព្រឹត្តដាក់មនុស្សទៅតាមកម្មពៀរដែលពួកគេគួរតែទទួលនោះដែរ។ ព្រះបន្ទូលរបស់ទ្រង់អាចម៉ឺងម៉ាត់ខ្លាំងក៏ពិតមែន ក៏ប៉ុន្តែ ព្រះអង្គតែងប្រព្រឹត្តដាក់មនុស្សដោយការអត់ធ្មត់ ការអត់ឱន និងព្រះទ័យក្ដួលអាណិតជានិច្ច។ មនុស្សគួរសញ្ជឹងគិតពីចំណុចនេះដោយយកចិត្តទុកដាក់ សន្សឹមៗ! ប្រសិនបើព្រះជាម្ចាស់ពុំប្រព្រឹត្តដាក់មនុស្សដោយការអត់ឱន ដោយព្រះទ័យក្ដួលអាណិត និងព្រះគុណទេ តើព្រះអង្គអាចមានបន្ទូលទាំងអស់នេះដើម្បីសង្គ្រោះពួកគេដែរឬទេ? ហេតុអ្វីបានជាទ្រង់មិនថ្កោលទោសពួកគេយកតែម្ដងទៅ? មនុស្សនៅតែពុំដឹងថា សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ គឺបែបនោះឡើយ។ ពួកគេពិតជាល្ងីល្ងើនិងល្ងង់ខ្លៅណាស់! នៅក្នុងសារជាតិរបស់មនុស្ស គ្មានសេចក្ដីស្រឡាញ់ឡើយ។ ពួកគេមិនដឹងថាអ្វីជាសេចក្ដីស្រឡាញ់នោះទេ ហើយពួកគេក៏មិនដឹងថា ហេតុអ្វីព្រះជាម្ចាស់ធ្វើបែបនេះនោះដែរ។ នៅពេលដែលមនុស្សបានដកពិសោធន៍សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ពួកគេគ្រាន់តែយល់ថា កិច្ចការរបស់ព្រះជាម្ចាស់ល្អគួរសម មានប្រយោជន៍ដល់មនុស្ស និងអាចផ្លាស់ប្ដូរមនុស្សបានប៉ុណ្ណោះ ប៉ុន្តែ គ្មានមនុស្សណាម្នាក់គិតថា «កិច្ចការរបស់ព្រះជាម្ចាស់ល្អខ្លាំង កិច្ចការរបស់ទ្រង់មានន័យខ្លាំង! សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សជ្រាលជ្រៅខ្លាំង។ ទ្រង់ពិតជាពុំបានប្រព្រឹត្តដាក់មនុស្ស ដូចពួកគេជាមនុស្សស្មោកគ្រោក!» បែបនេះឡើយ។ មនុស្សពុំបានចាត់ទុកព្រះជាម្ចាស់ថាជាព្រះនោះទេ ប៉ុន្តែ ព្រះជាម្ចាស់ជាត់ទុកមនុស្សថាជាមនុស្ស។ តើមិនមែនដូច្នេះទេអី? ព្រះជាម្ចាស់មានបន្ទូលថា អ្នកជាសត្វ ប៉ុន្តែ ទ្រង់មិនធ្លាប់បានប្រព្រឹត្តដាក់អ្នកដូចជាសត្វធាតុសោះឡើយ។ ប្រសិនបើព្រះជាម្ចាស់ប្រព្រឹត្តដាក់មនុស្សដូចជាសត្វធាតុមែន តើព្រះអង្គនៅអាចទំនុកបម្រុងសេចក្ដីពិតដល់អ្នកទៀតទេ? តើទ្រង់នឹងត្រូវរងទុក្ខច្រើនដល់ម្ល៉េះដើម្បីសង្គ្រោះអ្នកទៀតទេ? មនុស្សមួយចំនួនយល់ថា ខ្លួនពួកគេមិនទទួលបានការប្រព្រឹត្តដាក់ឱ្យសមរម្យទេ ហើយនិយាយថា៖ «ព្រះជាម្ចាស់មានបន្ទូលថា ខ្ញុំគ្មានតម្លៃ។ ខ្ញុំពិតជាខ្មាសនឹងត្រូវរស់នៅបន្តទៀតណាស់»។ មនុស្សពុំបានយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ពិតប្រាកដឡើយ។ អាចនិយាយបានថា អ្នកប្រហែលមិនបានដកពិសោធន៍ព្រះប្រាជ្ញាញាណ និងការខំប្រឹងប្រែងជាខ្លាំងនៃកិច្ចការរបស់ព្រះជាម្ចាស់ឱ្យបានស៊ីជម្រៅនៅក្នុងពេលពេញមួយជីវិតរបស់អ្នកឡើយ។ ប៉ុន្តែ មិនថាបទពិសោធរបស់អ្នកជ្រាលជ្រៅឬរាក់កំភែលបែបណាទេ ឱ្យតែចុងក្រោយ អ្នកយល់និងមានការយល់ដឹងបានខ្លះ នោះនឹងគ្រប់គ្រាន់ហើយ។ ព្រះជាម្ចាស់នៅតែត្រាស់បង្គាប់ឱ្យមនុស្សយល់ពីសេចក្ដីពិត ផ្ដោតលើការផ្លាស់ប្ដូរនិស្ស័យដដែល ហើយគ្រាន់តែសម្រួចការយល់ដឹងរបស់ពួកគេអំពីសេចក្ដីពិតពាក់ព័ន្ធនឹងភក្ដីភាព ការស្ដាប់បង្គាប់ និងសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់បន្តិចម្ដងៗនៅក្នុងចិត្តពួកគេទៅបានហើយ។ ប្រសិនបើមនុស្សលះបង់ឬរងទុក្ខតែបន្តិចបន្ដួច នោះពួកគេប្រហែលជាយល់ថា ពួកគេបានរួមចំណែកធំធេងខ្លាំងណាស់ ហើយពេលនេះ នៅចំពោះព្រះជាម្ចាស់ ពួកគេមានគុណសម្បត្តិធំណាស់ ហើយប្រសិនបើពួកគេរួមចំណែកថែមបន្តិចទៀត នោះពួកគេនឹងអួតអាងពីលក្ខណៈសម្បត្តិរបស់ពួកគេ ហើយជាក់ស្ដែងណាស់ នៅក្នុងចិត្តពួកគេ ពួកគេមានអារម្មណ៍គ្មានសុវត្ថិភាព និងពេញដោយការស្ដាយក្រោយ។ តើមនុស្សមានសេចក្ដីស្រឡាញ់បែបណា? តើព្រះជាម្ចាស់បានទទួលសេចក្ដីស្រឡាញ់ពិតប្រាកដពីមនុស្សជាតិហើយឬនៅ? តើព្រះអង្គពុំស័ក្តិសមនឹងឱ្យមនុស្សជាតិស្រឡាញ់ទេមែនទេ?
សិសិររដូវ ឆ្នាំ១៩៩៩