ប្រគល់ដួងចិត្តរបស់អ្នកថ្វាយទៅព្រះជាម្ចាស់ នោះអ្នកនឹងអាចទទួលបានសេចក្តីពិត

សព្វថ្ងៃនេះ តើអ្នកអាចស៊ូទ្រាំនឹងការល្បងលអ្វីបានខ្លះ? នៅពេលជួបប្រទះនឹងការសាកល្បង តើអ្នកហ៊ាននិយាយថា អ្នកមានមូលដ្ឋានគ្រឹះ អ្នកអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនបានដែរទេ? ការសាកល្បងនៃការត្រូវសាតាំងតាមប្រមាញ់ និងបៀតបៀន ឧទាហរណ៍ដូចជា ការសាកល្បងខាងឋានៈ និងកេរ្តិ៍ឈ្មោះ អាពាហ៍ពិពាហ៍ ឬទ្រព្យសម្បត្តិជាដើម តើអ្នកអាចយកឈ្នះលើការសាកល្បងទាំងនេះបានទេ? (យើងអាចយកឈ្នះលើការសាកល្បងទាំងនេះបាន ច្រើនឬតិចមិនដឹងទេ។) តើការសាកល្បងមានប៉ុន្មានកម្រិត? ហើយតើអ្នកអាចយកឈ្នះលើកម្រិតមួយណាបាន? ឧទាហរណ៍ នៅពេលអ្នកស្ដាប់ឮថា នរណាម្នាក់ត្រូវបានគេចាប់ខ្លួនដោយសារជឿលើព្រះជាម្ចាស់ អ្នកប្រហែលជាមិនភ័យខ្លាចទេ ហើយនៅពេលអ្នកឃើញអ្នកដទៃត្រូវគេចាប់ខ្លួន និងធ្វើទារុណកម្ម អ្នកប្រហែលមិនភ័យខ្លាចនោះទេ ប៉ុន្តែ នៅពេលអ្នកត្រូវគេចាប់ខ្លួន នៅពេលអ្នកធ្លាក់ចូលក្នុងស្ថានភាពបែបនេះវិញ តើអ្នកអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់បានទេ? តើនេះមិនមែនជាការសាកល្បងដ៏ធំមួយទេឬអី? ឧទាហរណ៍ ឧបមាថា អ្នកស្គាល់នរណាម្នាក់ ជាមនុស្សដែលមានភាពជាមនុស្សល្អ ដែលមានចិត្តក្ដួលអាណិតនៅក្នុងសេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ដែលបានលះបង់គ្រួសារ និងការងារដើម្បីបំពេញភារកិច្ចរបស់ខ្លួន និងបានរងការលំបាកជាច្រើន៖ ស្រាប់តែមានថ្ងៃមួយ ដែលពួកគេត្រូវបានចាប់ខ្លួននិងកាត់ទោសឱ្យជាប់ពន្ធនាគារដោយសារពួកគេជឿលើព្រះជាម្ចាស់ ហើយអ្នកឮថា ពួកគេត្រូវបានគេវាយដំជាបន្តបន្ទាប់រហូតដល់ស្លាប់។ តើនេះគឺជាការសាកល្បងចំពោះអ្នកមែនទេ? ប្រសិនបើរឿងនេះកើតឡើងលើអ្នក តើអ្នកនឹងមានប្រតិកម្មបែបណា? តើអ្នកដកពិសោធន៍រឿងនេះតាមរបៀបណា? តើអ្នកនឹងស្វែងរកសេចក្ដីពិតដែរឬទេ? តើអ្នកនឹងស្វែងរកសេចក្ដីពិតដោយរបៀបណា? ក្នុងអំឡុងការសាកល្បងនេះ តើអ្នកនឹងធ្វើឱ្យខ្លួនអ្នកប្រកាន់ខ្ជាប់នូវទីបន្ទាល់ និងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងទទួលបានសេចក្ដីពិតពីរឿងនេះតាមរបៀបណា? តើអ្នកធ្លាប់បានគិតពិចារណាពីរឿងនេះដែរឬទេ? តើការសាកល្បងបែបនេះ ងាយស្រួលនឹងយកឈ្នះដែរឬទេ? តើការសាកល្បងនេះ មានលក្ខណៈពិសេសមែនទេ? តើអាចពន្យល់ពីអ្វីៗដែលពិសេសនិងផ្ទុយពីសញ្ញាណនិងការស្រមើស្រមៃរបស់មនុស្សបានតាមរបៀបណា? ប្រសិនបើអ្នកគ្មានផ្លូវទេ តើអ្នកនឹងរអ៊ូរទាំដែរឬទេ? តើអ្នកអាចស្វែងរកសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអាចមើលឃើញពីសារជាតិនៃបញ្ហានេះបានដែរឬទេ? តើអ្នកអាចប្រើសេចក្ដីពិតដើម្បីកំណត់ពីគោលការណ៍ត្រឹមត្រូវដែលត្រូវអនុវត្តបានដែរឬទេ? តើនេះមិនមែនជាអ្វីដែលគួរឃើញមាននៅក្នុងខ្លួនរបស់អ្នកទាំងឡាយណាដែលដេញតាមសេចក្ដីពិតទេឬអី? តើអ្នកអាចដឹងពីកិច្ចការរបស់ព្រះជាម្ចាស់តាមរបៀបណា? តើអ្នកគួរដកពិសោធន៍កិច្ចការនេះ ដើម្បីឱ្យព្រះជាម្ចាស់ជំនុំជម្រះអ្នក បន្សុទ្ធអ្នក សង្គ្រោះអ្នក និងប្រោសអ្នកឱ្យគ្រប់លក្ខណ៍តាមរបៀបណា? តើគួរយល់ដឹងពីសេចក្ដីពិតមួយណា ដើម្បីដោះស្រាយសញ្ញាណជាច្រើន និងការតវ៉ាទាស់នឹងព្រះជាម្ចាស់? តើអ្នកគួរបំពាក់បំប៉នខ្លួនអ្នកដោយសេចក្ដីពិតដែលមានប្រយោជន៍បំផុតអ្វីខ្លះ ដែលនឹងអនុញ្ញាតឱ្យអ្នកប្រកាន់ខ្ជាប់នូវទីបន្ទាល់ក្នុងការល្បងលជាច្រើនបាន? ពេលនេះ តើកម្ពស់របស់អ្នករាល់គ្នាធំប៉ុនណាហើយ? តើអ្នកអាចយកឈ្នះលើការសាកល្បងកម្រិតណាបាន? តើអ្នកមានគំនិតណាមួយដែរឬទេ? ប្រសិនបើគ្មានទេ ដូច្នេះ ចំណុចនេះអាចសួរបាន។ អ្នករាល់គ្នាទើបតែនិយាយអម្បាញ់មិញថា អ្នកអាច «យកឈ្នះលើការសាកល្បងទាំងនេះបាន ច្រើនឬតិចមិនដឹងទេ»។ សម្ដីនេះមិនសមហេតុផលទាល់តែសោះ។ អ្នករាល់គ្នាត្រូវតែយល់ឱ្យបានច្បាស់ពីប្រភេទនៃកម្ពស់ដែលអ្នកមាន សេចក្ដីពិតបែបណាដែលអ្នកបានបំពាក់បំប៉នខ្លួន តើការសាកល្បងបែបណាដែលអ្នកអាចយកឈ្នះបាន តើការល្បងលបែបណាដែលអ្នកអាចទទួលយកបាន ហើយក្នុងអំឡុងការល្បងលណាមួយ តើអ្នកគួរមានសេចក្ដីពិតមួយណា មានចំណេះដឹងអំពីកិច្ចការព្រះជាម្ចាស់ និងជ្រើសរើសផ្លូវមួយណាដើម្បីផ្គាប់ព្រះទ័យព្រះជាម្ចាស់ ពោលគឺអ្នកត្រូវតែមានគំនិតល្អមួយពាក់ព័ន្ធនឹងចំណុចទាំងអស់នេះ។ នៅពេលដែលអ្នកជួបប្រទះរឿងអ្វីដែលពុំស្របតាមសញ្ញាណនិងការស្រមើស្រមៃរបស់អ្នក តើអ្នកនឹងដកពិសោធន៍រឿងនោះដោយរបៀបណា? ចំពោះរឿងបែបនេះ តើអ្នកគួរបំពាក់បំប៉នសេចក្ដីពិតអ្វីដល់ខ្លួនឯង និងទិដ្ឋភាពនៃសេចក្ដីពិតមួយណា ដើម្បីឆ្លងកាត់ទៅបានដោយរលូន មិនមែនគ្រាន់តែដោះស្រាយសញ្ញាណរបស់អ្នកទេ ប៉ុន្តែដើម្បីសម្រេចនូវការយល់ដឹងអំពីព្រះជាម្ចាស់ផង។ តើនេះមិនមែនជាអ្វីដែលអ្នកគួរស្វែងរកទេឬអី? តើអ្នករាល់គ្នាដកពិសោធន៍ការសាកល្បងប្រភេទណាច្រើនជាងគេ? (ឋានៈ កេរ្តិ៍ឈ្មោះ ផលប្រយោជន៍ ប្រាក់កាស ទំនាក់ទំនងរវាងបុរសនិងស្រ្តី។) ជាទូទៅ ការសាកល្បងទាំងនេះ គឺជាការសាកល្បងកើតមានញឹកញាប់បំផុត។ ហើយពាក់ព័ន្ធនឹងកម្ពស់របស់អ្នករាល់គ្នានៅថ្ងៃនេះ តើការសាកល្បងមួយណាដែលអ្នករាល់គ្នាអាចរក្សាគោលជំហរ និងប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនឯងបាន? តើអ្នករាល់គ្នាមានកម្ពស់ពិតប្រាកដក្នុងការយកឈ្នះលើការសាកល្បងទាំងនេះទេ? តើអ្នករាល់គ្នាពិតជាធានាថា ខ្លួនអ្នកនឹងបំពេញភារកិច្ចរបស់អ្នកបានត្រឹមត្រូវ ហើយមិនធ្វើអ្វីដែលបំពានលើសេចក្ដីពិត ឬធ្វើអ្វីដែលបង្អាក់ និងជ្រៀតជ្រែក ឬទាស់ទទឹងនិងបះបោរ ឬអ្វីដែលធ្វើឱ្យព្រះជាម្ចាស់មិនសប្បាយព្រះទ័យដែរឬទេ? (មិនធានាទេ។) ដូច្នេះ តើអ្នកត្រូវធ្វើអ្វីដើម្បីបំពេញភារកិច្ចរបស់អ្នកឱ្យបានត្រឹមត្រូវ? រឿងមួយ អ្នកត្រូវធ្វើការពិនិត្យពិច័យខ្លួនអ្នកនៅគ្រប់រឿងទាំងអស់ ដើម្បីមើលថាតើទង្វើរបស់អ្នកស្របទៅតាមគោលការណ៍នៃសេចក្ដីពិតឬអត់ ដើម្បីមើលថាតើ ទង្វើរបស់អ្នកធ្វើឱ្យតែរួចពីដៃឬអត់ ថាតើមានធាតុបះបោរ ឬទាស់ទទឹងឬអត់។ ប្រសិនបើមាន អ្នកត្រូវតែស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាទាំងនេះ។ បន្ថែមលើនេះ ប្រសិនបើមានចំណុចអ្វី ដែលអ្នកមិនស្គាល់ខ្លួនឯង អ្នកត្រូវតែស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហានេះ។ ប្រសិនបើអ្នកត្រូវគេដោះស្រាយជាមួយ និងត្រូវគេលួសកាត់ អ្នកគួរទទួលយកនិងចុះចូល។ ឱ្យតែមនុស្សនិយាយស្របទៅតាមការពិត នោះអ្នកច្បាស់ជាមិនអាចប្រកែក និងចូលរួមនៅក្នុងការបោកបញ្ឆោតជាមួយពួកគេបានឡើយ។ មានតែពេលនោះទេ ទើបអ្នកស្គាល់ខ្លួនឯង និងប្រែចិត្តពិតប្រាកដ។ មនុស្សគួរសម្រេចឱ្យបាននូវលក្ខខណ្ឌតម្រូវនៃទិដ្ឋភាពទាំងពីរនេះ និងត្រូវមានច្រកចូលពិតប្រាកដ។ តាមរបៀបនេះ ពួកគេអាចសម្រេចនូវការយល់ដឹងពីសេចក្ដីពិត និងចូលទៅក្នុងតថភាព ហើយបំពេញភារកិច្ចរបស់ពួកគេទៅតាមស្ដង់ដាដែលអាចទទួលយកបានមិនខាន។

មនុស្សខ្លះនិយាយថា៖ «ភាគច្រើន នៅពេលមានរឿងអ្វីកើតឡើងចំពោះខ្លួនខ្ញុំ ខ្ញុំមិនដឹងថាត្រូវស្វែងរកសេចក្ដីពិតតាមរបៀបណាទេ ហើយសូម្បីពេលដែលខ្ញុំស្វែងរក ក៏ខ្ញុំរកចម្លើយពុំបានដែរ។ ខ្ញុំបានអធិស្ឋាន ស្វែងរក និងរង់ចាំ ប៉ុន្តែគ្មានបានផលឡើយ។ ខ្ញុំមិនដឹងថាត្រូវធ្វើបែបណាទេ។ ខ្ញុំចង់ស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកដោះស្រាយបញ្ហានេះ ប៉ុន្តែមានព្រះបន្ទូលច្រើនខ្លាំងពេក ខ្ញុំមិនដឹងថាត្រូវអានព្រះបន្ទូលនៅផ្នែកណា ដែលនឹងអាចអនុវត្តបាន ហើយអាចដោះស្រាយបញ្ហានេះបានទេ»។ ពេលនោះ តើពួកគេគួរធ្វើបែបណា? ចំពោះរឿងនេះ មានបទដ្ឋានអប្បបរមាមួយ៖ នៅពេលមានរឿងអ្វីកើតឡើងចំពោះអ្នក ហើយអ្នកមិនដឹងថាត្រូវធ្វើបែបណា រឿងដែលចាំបាច់បំផុត ដែលអ្នកគួរធ្វើ គឺធ្វើតាមសតិសម្បជញ្ញៈរបស់អ្នក។ នេះគឺជារបស់ជំនួយ ជាបន្ទាត់គោលដែលអ្នកគួរប្រកាន់តាមជាងអ្វីៗទាំងអស់ ហើយវាក៏ជាគោលការណ៍នៃការអនុវត្តដែរ។ ដូច្នេះ តើនៅក្នុងខ្លួនមនុស្សម្នាក់ សតិសម្បជញ្ញៈមានតួនាទីក្នុងការបញ្ជាច្រើនប៉ុនណា? នៅពេលដែលបុគ្គលម្នាក់មិនយល់ពីសេចក្ដីពិត ដូច្នេះ សតិសម្បជញ្ញៈរបស់ពួកគេអាចដើរតួបានល្អបែបណា គឺអាស្រ័យលើថាតើភាពជាមនុស្សរបស់ពួកគេនោះបែបណា។ ប្រសិនបើបុគ្គលនេះ មិនយល់ពីសេចក្ដីពិត មិនប្រព្រឹត្តស្របតាមសតិសម្បជញ្ញៈរបស់ខ្លួន ហើយអ្នកមើលមិនឃើញថា ទង្វើរបស់ពួកគេ មានទិដ្ឋភាពណាមួយដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះបំណងរបស់ព្រះជាម្ចាស់ ហើយក៏មិនឃើញមានការគោរពណាមួយចំពោះព្រះជាម្ចាស់នៅក្នុងខ្លួនពួកគេ ប្រសិនបើអ្នកមិនឃើញមានចំណុចណាមួយទេ ដូច្នេះ តើបុគ្គលនេះអាចរាប់ថាមានសតិសម្បជញ្ញៈ និងភាពជាមនុស្សដែរឬទេ? (អត់ទេ។) តើនេះជាមនុស្សប្រភេទណា? មនុស្សប្រភេទនេះ ច្បាស់ជាត្រូវផ្ដល់និយមន័យថា ជាមនុស្សម្នាក់ដែលគ្មានភាពជាមនុស្សហើយ។ មនុស្សនេះធ្វើអ្វីមិនផ្អែកតាមហេតុផលទេ ហើយក៏មិនស្របតាមសតិសម្បជញ្ញៈដែរ ដោយធ្វើហួសពីចំណុចគោលសម្រាប់ការប្រព្រឹត្តរបស់មនុស្ស។ មនុស្សមួយចំនួនមិនយល់ពីសេចក្ដីពិតបានច្រើននោះទេ។ ពួកគេពុំយល់ពីគោលការណ៍នៅក្នុងកិច្ចការណាមួយដែលពួកគេធ្វើឡើយ ហើយពេលពួកគេជួបប្រទះបញ្ហា ពួកគេពុំដឹងថាត្រូវដោះស្រាយបញ្ហាទាំងនោះតាមវិធីណាទើបត្រឹមត្រូវនោះទេ។ ក្នុងស្ថានភាពបែបនេះ តើពួកគេគួរអនុវត្តបែបណា? បទដ្ឋានទាបបំផុត គឺត្រូវធ្វើអ្វីទៅតាមសតិសម្បជញ្ញៈ។ នេះគឺជាចំណុចគោល។ តើអ្នកគួរធ្វើតាមសតិសម្បជញ្ញៈដោយរបៀបណា? ត្រូវធ្វើអ្វីចេញពីភាពស្មោះត្រង់ ហើយមានតម្លៃស័ក្តិសមនឹងសេចក្ដីសប្បុរសរបស់ព្រះជាម្ចាស់ ស័ក្តិសមនឹងការដែលព្រះជាម្ចាស់បានប្រទានជីវិតនេះដល់អ្នក ស័ក្តិសមនឹងការដែលព្រះជាម្ចាស់បានប្រទានឱកាសដើម្បីទទួលបានសេចក្ដីសង្គ្រោះនេះ។ តើនោះគឺជាការធ្វើអ្វីទៅតាមសតិសម្បជញ្ញៈមែនទេ? នៅពេលដែលអ្នកបានបំពេញតាមបទដ្ឋានអប្បបរមានេះហើយ អ្នកនឹងទទួលបានការការពារ ហើយអ្នកមុខជាមិនប្រព្រឹត្តកំហុសធ្ងន់ធ្ងរឡើយ។ ពេលនោះ អ្នកនឹងមិនងាយធ្វើអ្វីដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ ឬគេចវេះពីការទទួលខុសត្រូវរបស់អ្នកឡើយ ហើយអ្នកនឹងមិនងាយធ្វើអ្វីក្នុងលក្ខណៈបង្គ្រប់កិច្ចនោះទេ។ អ្នកក៏នឹងមិនងាយប្រើល្បិចកលដើម្បីតួនាទី កេរ្ដិ៍ឈ្មោះ លាភសក្ការៈ និងអនាគតខ្លួនឯងដែរ។ សតិសម្បជញ្ញៈ ដើរតួនាទីបែបនេះឯង។ សតិសម្បជញ្ញៈ និងហេតុផល គួរតែជាធាតុនៃភាពជាមនុស្សរបស់បុគ្គលម្នាក់ៗ។ ធាតុទាំងពីរនេះ គឺធាតុគោល និងជាធាតុសំខាន់ជាងគេបំផុត។ មនុស្សដែលគ្មានសតិសម្បជញ្ញៈ និងហេតុផលនៃភាពជាមនុស្សធម្មតាទេ តើពួកគេជាមនុស្សប្រភេទណា? និយាយជាទូទៅ ពួកគេគឺជាបុគ្គលដែលខ្វះភាពជាមនុស្ស ជាបុគ្គលមានភាពជាមនុស្សអាក្រក់ខ្លាំងបំផុត។ បើមើលកាន់តែល្អិតល្អន់ទៅទៀត តើបុគ្គលម្នាក់នេះបើកបង្ហាញពីការបាត់បង់ភាពជាមនុស្សអ្វីខ្លះ? សាកព្យាយាមវិភាគមើលថាតើមនុស្សបែបនេះមានចរិតលក្ខណៈបែបណា ហើយពួកគេមានការបើកបង្ហាញជាក់លាក់អ្វីខ្លះ។ (ពួកគេអាត្មានិយម និងថោកទាប)។ មនុស្សអាត្មានិយមនិងថោកទាប ធ្វើអ្វីឱ្យតែរួចពីដៃ ហើយគេចវេះពីរឿងណាដែលមិនពាក់ព័ន្ធនឹងពួកគេផ្ទាល់។ ពួកគេមិនគិតគូរពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេក៏មិនបង្ហាញការយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ ពួកគេមិនរែកពុនបន្ទុកក្នុងការបំពេញភារកិច្ចរបស់ពួកគេ ឬធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ឡើយ ហើយពួកគេគ្មានស្មារតីទំនួលខុសត្រូវនោះទេ។ នៅពេលណាដែលពួកគេធ្វើអ្វីមួយ តើពួកគេគិតពីរឿងអ្វី? ការពិចារណាមុនដំបូងគេរបស់ពួកគេគឺថា៖ «តើព្រះជាម្ចាស់ជ្រាបថា ខ្ញុំកំពុងធ្វើរឿងនេះដែរឬទេ? តើមនុស្សដទៃមើលឃើញដែរទេ? ប្រសិនបើអ្នកដទៃមើលមិនឃើញថា ខ្ញុំលះបង់ការប្រឹងប្រែងទាំងអស់នេះ មិនឃើញថាខ្ញុំឧស្សាហ៍ព្យាយាមធ្វើការទេ ហើយព្រះជាម្ចាស់ក៏មិនទតឃើញទៀត ដូច្នេះ ការលះបង់ការប្រឹងប្រែងបែបនេះ ឬការរងទុក្ខចំពោះរឿងនេះ គឺបានការអ្វីឡើយ»។ តើនេះមិនមែនអាត្មានិយមខ្លាំងទេឬអី? នេះក៏ជាបំណងដ៏ថោកទាបមួយប្រភេទផងដែរ។ នៅពេលដែលពួកគេគិត និងធ្វើអ្វីតាមវិធីនេះ តើសតិសម្បជញ្ញៈរបស់ពួកគេបានដើរតួនាទីអ្វីទេ? ក្នុងរឿងនេះ តើសតិសម្បជញ្ញៈរបស់ពួកគេរងការចោទប្រកាន់ទេ? អត់ទេ។ មនុស្សមួយចំនួនគ្មានការទទួលខុសត្រូវនោះទេ មិនថាពួកគេកំពុងបំពេញភារកិច្ចអ្វីឡើយ។ ពួកគេក៏មិនរាយការណ៍ពីបញ្ហាដែលពួកគេរកឃើញទៅថ្នាក់លើឱ្យបានទាន់ពេលនោះដែរ។ នៅពេលដែលពួកគេឃើញមនុស្សបង្អាក់និងរំខានការងារ ពួកគេធ្វើជាមើលមិនឃើញ។ នៅពេលដែលពួកគេឃើញមនុស្សអាក្រក់ធ្វើរឿងអាក្រក់ ពួកគេមិនបានព្យាយាមឃាត់អ្នកទាំងនោះទេ។ ពួកគេមិនបានការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយក៏មិនបានគិតពិចារណាថាពួកគេមានភារកិច្ច និងទំនួលខុសត្រូវអ្វីដែរ។ នៅពេលមនុស្សបែបនេះបំពេញភារកិច្ចរបស់ខ្លួន ពួកគេមិនធ្វើកិច្ចការជាក់ស្ដែងទេ។ ពួកគេជាមនុស្សដែលផ្គាប់ចិត្តគេ និងល្មោភចង់បានភាពសុខស្រួល។ ពួកគេនិយាយនិងធ្វើអ្វីដើម្បីតែអំនួត មុខមាត់ ឋានៈ និងផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយសុខចិត្តលះបង់ពេលវេលា និងកម្លាំងដើម្បីតែរឿងណាដែលផ្ដល់ប្រយោជន៍ដល់ពួកគេប៉ុណ្ណោះ។ ទង្វើ និងបំណងរបស់មនុស្សម្នាក់បែបនេះ គឺមនុស្សគ្រប់គ្នាអាចមើលឃើញច្បាស់៖ ពួកគេចេញមុខ នៅពេលណាដែលមានឱកាសបង្ហាញមុខមាត់ ឬទទួលបានព្រះពរ។ ប៉ុន្តែនៅពេលដែលគ្មានឱកាសបង្ហាញមុខមាត់ទេ ឬឱ្យតែពេលដែលមានការរងទុក្ខ នោះពួកគេគេចខ្លួនបាត់ស្រមោលឈឹង ដូចជាសត្វអណ្ដើកលឹបក្បាលចូលក្នុងស្នូកអ៊ីចឹង។ តើមនុស្សប្រភេទនេះមានសតិសម្បជញ្ញៈ និងហេតុផលដែរឬទេ? (អត់ទេ។) តើមនុស្សដែលគ្មានសតិសម្បជញ្ញៈនិងហេតុផល ដែលប្រព្រឹត្តតាមរបៀបនេះ មានអារម្មណ៍ស្ដីបន្ទោសខ្លួនឯងដែរឬទេ? មនុស្សបែបនេះគ្មានអារម្មណ៍ស្ដីបន្ទោសខ្លួនឯងឡើយ។ សតិសម្បជញ្ញៈរបស់មនុស្សប្រភេទនេះ គ្មានបានការនោះទេ។ ពួកគេគ្មានអារម្មណ៍ស្ដីបន្ទោសខ្លួនឯងចេញពីសតិសម្បជញ្ញៈរបស់ពួកគេឡើយ ដូច្នេះ តើពួកគេអាចមានអារម្មណ៍ដឹងពីការស្ដីបន្ទោស និងការប្រៀនប្រដៅរបស់ព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? អត់ទេ ពួកគេគ្មានអារម្មណ៍ដឹងឡើយ។

កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធមានគោលការណ៍ ហើយមានបុរេលក្ខខណ្ឌ។ ជាទូទៅ តើព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការរបស់ទ្រង់នៅលើមនុស្សប្រភេទណា? តើមនុស្សត្រូវតែបំពេញតាមបុរេលក្ខខណ្ឌអ្វីខ្លះ ដើម្បីទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ? អស់អ្នកណាដែលជឿលើព្រះជាម្ចាស់ អ្នកនោះត្រូវតែយល់ពីចំណុចតិចតួចបំផុតដែលពួកគេត្រូវតែមាន ដើម្បីទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ យ៉ាងហោចណាស់ ពួកគេត្រូវមានសតិសម្បជញ្ញៈ និងមានចិត្តស្មោះដែរ ហើយសតិសម្បជញ្ញៈរបស់ពួកគេ ត្រូវតែមានធាតុនៃភាពស្មោះត្រង់។ ដួងចិត្តរបស់អ្នក ត្រូវតែបរិសុទ្ធ និងទទួលយកការពិនិត្យពិច័យពីព្រះជាម្ចាស់។ អស់អ្នកណាដែលមិនហ៊ានទទួលយកការពិនិត្យពិច័យពីព្រះជាម្ចាស់ទេ អ្នកនោះមិនមែនជាមនុស្សស្មោះត្រង់ឡើយ ហើយពួកគេពុំជឿលើព្រះជាម្ចាស់ដោយស្មោះនោះទេ។ មនុស្សតែងនិយាយថា ព្រះជាម្ចាស់ពិនិត្យពិច័យដួងចិត្តកប់ជ្រៅបំផុតរបស់មនុស្ស ថាព្រះអង្គទតមើលគ្រប់យ៉ាង។ មនុស្សមើលអ្វីពីសម្បកក្រៅ ចំណែកឯព្រះជាម្ចាស់វិញ ទ្រង់ទតមើលចិត្ត ប៉ុន្តែ ហេតុអ្វីបានជាមនុស្សមិនអាចទទួលយកការពិនិត្យពិច័យពីព្រះជាម្ចាស់បាន? ហេតុអ្វីបានជាពួកគេមិនអាចស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចុះចូលនឹងទ្រង់បាន? ការពន្យល់គឺបែបនេះ មនុស្សមានការយល់ដឹងត្រឹមពាក្យពេចន៍និងគោលលទ្ធិប៉ុណ្ណោះ ប៉ុន្តែពុំស្រឡាញ់សេចក្ដីពិតឡើយ។ ហេតុអ្វីបានជាមនុស្សខ្លះមិនដែលអាចទទួលកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបាន តែងអកម្ម មានសភាពក្រៀមក្រំ គ្មានសេចក្ដីអំណរ ឬសេចក្ដីស្ងប់សុខអ៊ីចឹង? ប្រសិនបើអ្នកពិនិត្យមើលសភាពរបស់ពួកគេដោយយកចិត្តទុកដាក់ ជាទូទៅ ពួកគេគ្មានការចាប់ភ្លឹកនឹងសតិសម្បជញ្ញៈរបស់ពួកគេ គ្មានដួងចិត្តស្មោះត្រង់ មានគុណសម្បត្តិតូចទាប ហើយពួកគេពុំខំប្រឹងប្រែងដើម្បីបានសេចក្ដីពិតឡើយ ដូច្នេះ សភាពរបស់ពួកគេកម្រនឹងធម្មតាណាស់។ អ្នកដែលស្រឡាញ់សេចក្ដីពិត ខុសពីនេះ។ ពួកគេតែងខំប្រឹងប្រែងដើម្បីបានសេចក្ដីពិត សភាពរបស់ពួកគេបានប្រសើរឡើងនៅពេលដែលពួកគេយល់ពីផ្នែកនៃសេចក្ដីពិត ហើយពួកគេអាចដោះស្រាយបញ្ហាជាក់ស្ដែងបានខ្លះ នៅពេលដែលពួកគេយល់ពីផ្នែកនៃសេចក្ដីពិត ដូច្នេះ សភាពរបស់ពួកគេបន្តប្រសើរឡើងជាលំដាប់ និងកាន់តែធម្មតាជាងមុន។ មិនថាមានរឿងអ្វីកើតឡើងចំពោះពួកគេទេ ពួកគេកម្រនឹងអកម្មណាស់ ហើយពួកគេអាចរស់នៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់បាន។ ក្នុងអំឡុងរយៈពេលណាមួយ ពួកគេតែងទទួលផល និងចំណេះដឹង ហើយពួកគេតែមានសមិទ្ធផលក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ ពួកគេអាចយកឈ្នះចិត្តមនុស្សបានក្នុងពេលផ្សាយដំណឹងល្អ ហើយមិនថាពួកគេមានភារកិច្ចអ្វីទេ ពួកគេធ្វើវាទៅតាមគោលការណ៍។ តើប្រយោជន៍ទាំងនេះកើតមកពីណា? ប្រយោជន៍ទាំងនេះ គឺជាលទ្ធផលដែលសម្រេចបានតាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារឿយៗ និងការទទួលបានការបំភ្លឺ ការស្រាយបំភ្លឺ និងការយល់ពីសេចក្ដីពិត ជាលទ្ធផលដែលសម្រេចបានតាមរយៈកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មានតែពេលដែលអ្នកមានចិត្តស្មោះត្រង់ មានសតិសម្បជញ្ញៈ និងហេតុផល ដែលមនុស្សជាតិគួរតែមានប៉ុណ្ណោះ ទើបព្រះវិញ្ញាណបរិសុទ្ធអាចបំពេញកិច្ចការរបស់ទ្រង់នៅលើខ្លួនអ្នកបាន។ តើអ្នករាល់គ្នាមានស្មារតីយល់ដឹងពីក្បួនច្បាប់ពាក់ព័ន្ធនឹងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? តើព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការរបស់ទ្រង់លើមនុស្សប្រភេទណា? ព្រះវិញ្ញាណបរិសុទ្ធ ជាទូទៅបំពេញកិច្ចការរបស់ទ្រង់លើមនុស្សដែលមានដួងចិត្តស្មោះត្រង់។ ទ្រង់បំពេញកិច្ចការលើអ្នកដែលមានការលំបាក ហើយស្វែងរកសេចក្ដីពិត។ ព្រះជាម្ចាស់ពុំទទួលស្គាល់អ្នកណាដែលពុំមានភាពជាមនុស្ស អ្នកដែលពុំមានសតិសម្បជញ្ញៈ ឬហេតុផលឡើយ។ ប្រសិនបើមនុស្សម្នាក់ស្មោះត្រង់ តែដួងចិត្តរបស់ពួកគេឃ្លាតឆ្ងាយពីព្រះជាម្ចាស់ជាបណ្ដោះអាសន្ន មិនចង់ព្យាយាមធ្វើឱ្យបានប្រសើរជាងមុន ជាប់ផុងនៅក្នុងសភាពអកម្ម ដោយមិនអធិស្ឋាន មិនស្វែងរកសេចក្ដីពិតដើម្បីស្រាយបញ្ហាទាំងនេះ ដោយមិនចង់សហការ ពោលគឺស្ថិតក្នុងភាពងងឹតបណ្ដោះអាសន្ន ក្នុងភាពអន់ថយបណ្ដោះអាសន្ននេះ ព្រះវិញ្ញាណបរិសុទ្ធពុំបំពេញកិច្ចការរបស់ទ្រង់ឡើយ។ ចំពោះមនុស្សដែលគ្មានការយល់ដឹងអ្វីសោះអំពីភាពជាមនុស្ស តើទ្រង់នឹងធ្វើកិច្ចការលើពួកគេកាន់តែតិចប៉ុនណាទៅ? ព្រះអង្គច្បាស់ជាមិនបំពេញកិច្ចការឡើយ។ ចំពោះមនុស្សប្រភេទនេះ ជាមនុស្សដែលគ្មានទាំងសតិសម្បជញ្ញៈនិងហេតុផល ជាអ្នកដែលមិនស្រឡាញ់សេចក្ដីពិតទាល់តែសោះ តើព្រះជាម្ចាស់ធ្វើបែបណាដាក់ពួកគេ? ទ្រង់មិនទទួលស្គាល់ពួកគេឡើយ។ តើនៅមានសេចក្ដីសង្ឃឹមសម្រាប់មនុស្សទាំងនេះដែរឬទេ? នៅមានក្ដីសង្ឃឹមមួយសសៃសក់ដែរ។ ផ្លូវចេញតែមួយគត់សម្រាប់ពួកគេ គឺការប្រែចិត្តពិតប្រាកដ និងការធ្វើជាមនុស្សស្មោះត្រង់ ហើយមានតែពេលនោះទេ ទើបពួកគេអាចទទួលបានកិច្ចការរបស់ ព្រះវិញ្ញាណបរិសុទ្ធ។ តើមនុស្សម្នាក់ក្លាយជាមនុស្សស្មោះត្រង់តាមរបៀបណា? ដំបូងបង្អស់ អ្នកត្រូវតែបើកចិត្តរបស់អ្នកចំពោះព្រះជាម្ចាស់ ហើយស្វែងរកសេចក្ដីពិតអំពីទ្រង់ ហើយនៅពេលដែលអ្នកយល់ពីសេចក្ដីពិត អ្នកត្រូវតែអាចអនុវត្តសេចក្ដីពិតនោះ និងចុះចូលនឹងផែនការរបស់ព្រះជាម្ចាស់ ដែលគ្រប់យ៉ាងសុទ្ធតែជាការប្រគល់ដួងចិត្តរបស់អ្នកថ្វាយទៅព្រះជាម្ចាស់ទាំងអស់។ មានតែពេលនោះទេ ទើបព្រះជាម្ចាស់អាចទទួលស្គាល់អ្នកបាន។ ដំបូង អ្នកត្រូវលះបង់សាច់ឈាមរបស់អ្នកសិន លះបង់កេរ្តិ៍ឈ្មោះនិងអំនួតរបស់អ្នក លះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដាក់ចិត្តដាក់កាយបំពេញភារកិច្ចរបស់អ្នក បំពេញភារកិច្ចរបស់អ្នកដោយមានចិត្តចុះចូល ហើយជឿលើចិត្តខ្លួនឯងថា ឱ្យតែគាប់ព្រះទ័យព្រះជាម្ចាស់ នោះទោះអ្នករងទុក្ខប៉ុនណា ក៏គ្មានបញ្ហាអ្វីដែរ។ ប្រសិនបើអ្នកជួបប្រទះការលំបាក ហើយអ្នកអធិស្ឋានទៅព្រះជាម្ចាស់ និងស្វែងរកសេចក្ដីពិត ចូរមើលពីរបៀបដែលព្រះជាម្ចាស់ដឹកនាំអ្នក និងមើលថាតើអ្នកមានសេចក្ដីស្ងប់សុខ និងសេចក្ដីអំណរនៅក្នុងចិត្តឬអត់ ថាតើអ្នកមានសេចក្ដីសម្អាងនេះឬអត់។ ប្រសិនបើអ្នកចង់ទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ដំបូង អ្នកត្រូតែប្រែចិត្តដោយពិតប្រាកដសិន លះបង់ខ្លួនអ្នកដើម្បីព្រះជាម្ចាស់ បើកចិត្តរបស់អ្នកនៅក្នុងព្រះវត្តមានរបស់ទ្រង់ និងលះបង់សំរាមដែលអ្នកឱ្យតម្លៃជាខ្លាំងនោះចោល ដូចជា កេរ្តិ៍ឈ្មោះ ផលប្រយោជន៍ និងឋានៈជាដើម។ ប្រសិនបើអ្នកបន្តដេញតាមអ្វីទាំងនេះ ហើយនៅតែចង់ទាមទារព្រះពរជាច្រើនពីព្រះជាម្ចាស់ទៀត តើព្រះអង្គនឹងទទួលស្គាល់អ្នកដែរឬទេ? កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ មានបុរេលក្ខខណ្ឌ។ ព្រះជាម្ចាស់ គឺជាព្រះដែលមានព្រះទ័យច្រណែន ជាព្រះដ៏បរិសុទ្ធ។ ប្រសិនបើមនុស្សតែងដេញតាមកេរ្តិ៍ឈ្មោះ ផលប្រយោជន៍ និងឋានៈ ហើយតាំងពីដើមដល់ចប់ ពួកគេមិនអាចលះបង់អ្វីទាំងអស់នេះបាន ប្រសិនបើដួងចិត្តរបស់ពួកគេ មិនបើកចំហចំពោះព្រះជាម្ចាស់ ប្រសិនពួកគេមិនហ៊ានបើកចិត្តចំពោះទ្រង់ ប្រសិនបើពួកគេតែងបដិសេធកិច្ចការ និងការណែនាំរបស់ទ្រង់ជាប់ជានិច្ច នោះព្រះអង្គមិនធ្វើអ្វីទាំងអស់។ ព្រះជាម្ចាស់ពុំចាំបាច់ត្រូវបំពេញកិច្ចការរបស់ទ្រង់លើមនុស្សគ្រប់គ្នាឡើយ ដោយតម្រូវឱ្យអ្នកត្រូវធ្វើនេះ ឬធ្វើនោះឡើយ។ ព្រះជាម្ចាស់ពុំតម្រូវឱ្យអ្នកធ្វើអ្វីទេ។ មានតែពួកវិញ្ញាណអាក្រក់ប៉ុណ្ណោះ ដែលតម្រូវឱ្យមនុស្សធ្វើនេះ ឬធ្វើនោះ ថែមទាំងសណ្ឋិតលើខ្លួនពួកគេទាំងបង្ខំ ដើម្បីគ្រប់គ្រងលើពួកគេផង។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ធ្វើថ្នមៗខ្លាំងណាស់ ថ្នមៗដល់ថ្នាក់សូម្បីពេលព្រះអង្គបណ្ដាលចិត្តអ្នក ក៏អ្នកមិនទាំងមានអារម្មណ៍ដឹងផង។ អ្នកមុខជាគិតថា អ្នកហាក់ដូចជាបានយល់ដឹងនិងបានភ្ញាក់ស្មារតីទាំងមិនដឹងខ្លួនដូច្នោះដែរ។ នេះគឺជារបៀបដែលព្រះវិញ្ញាណបរិសុទ្ធបណ្ដាលចិត្តមនុស្ស។ ដូច្នេះ ប្រសិនបើមនុស្សម្នាក់ចង់ទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ពួកគេត្រូវតែប្រែចិត្តយ៉ាងពិតប្រាកដ និងសហការដោយពិតប្រាកដ។

តើអ្នកចាប់ផ្ដើម ប្រគល់ដួងចិត្តរបស់អ្នកថ្វាយទៅព្រះជាម្ចាស់តាមរបៀបណា? នៅពេលមានរឿងអ្វីកើតឡើងចំពោះអ្នក អ្នកគួរប្រកាសប្រាប់ព្រះជាម្ចាស់ថា អ្នកនឹងឈប់ពឹងលើខ្លួនអ្នកហើយ។ ការប្រគល់ដួងចិត្តរបស់អ្នកថ្វាយទៅព្រះជាម្ចាស់ មានន័យថា ជាការអនុញ្ញាតឱ្យព្រះជាម្ចាស់ក្លាយជាម្ចាស់ផ្ទះរបស់អ្នក។ បន្ថែមលើនេះ អ្នកត្រូវតែលះបង់អ្វីដែលរារាំងអ្នកមិនឱ្យអនុវត្តសេចក្ដីពិតបាន ដូចជា កេរ្តិ៍ឈ្មោះ ឋានៈ មុខមាត់ និងអំនួតជាដើម ដោយអនុញ្ញាតឱ្យព្រះជាម្ចាស់ដឹកនាំអ្នក អនុញ្ញាតឱ្យចិត្តរបស់អ្នកចុះចូលនឹងទ្រង់ អនុញ្ញាតឱ្យទ្រង់ដឹកនាំចិត្តរបស់អ្នក និងធ្វើអ្វីទៅតាមព្រះបន្ទូលរបស់ទ្រង់។ នៅពេលដែលអ្នកអាចលះបង់អ្វីៗដែលសាច់ឈាមពេញចិត្ត ហើយព្រះជាម្ចាស់ទតឃើញថា អ្នកលែងរែកពុនបន្ទុក តែផ្ទុយទៅវិញ អ្នកបានមកចំពោះទ្រង់ដោយមានចិត្តចុះចូល ដោយសុខចិត្តស្ដាប់ព្រះបន្ទូលរបស់ទ្រង់ និងចុះចូលតាមការរៀបចំនិងផែនការរបស់ទ្រង់ ដោយអនុញ្ញាតឱ្យទ្រង់បំពេញកិច្ចការ អនុញ្ញាតឱ្យទ្រង់ដឹកនាំ ពោលគឺ នៅពេលដែលព្រះជាម្ចាស់ទតឃើញថា អ្នកជាមនុស្សស្មោះត្រង់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងបំពេញកិច្ចការរបស់ទ្រង់មិនខាន។ ដំបូង អ្នកត្រូវប្រែចិត្តពិតប្រាកដសិន ដោយបង្វែរដួងចិត្តរបស់អ្នកទៅរកព្រះជាម្ចាស់ គិតពិចារណាពីបំណងព្រះហឫទ័យរបស់ទ្រង់ និងខំប្រឹងប្រែងបញ្ចេញកម្លាំងដើម្បីសេចក្ដីពិត។ អ្នកមិនអាចអកម្ម ឬខ្ជិលច្រអូសបានឡើយ កាន់តែមិនអាចរឹងរូសទៅទៀត។ ប្រសិនបើអ្នកតែងចង់គ្រប់គ្រង ចង់ធ្វើជាម្ចាស់ផ្ទះលើខ្លួនឯង និងធ្វើអ្វីទៅតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន តើនេះគឺជាអាកប្បកិរិយាបែបណា? តើនេះគឺជាសភាពបែបណា? នេះគឺជាការបះបោរ និងការទាស់ទទឹង។ តើអ្នកគិតថា ព្រះជាម្ចាស់ត្រូវតែសង្គ្រោះអ្នក ថាព្រះអង្គអត់អ្នកពុំបាន មែនទេ? តើករណីគឺបែបនេះមែនទេ? តើហេតុអ្វីបានជាកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ បង្វែរទៅរកពួកសាសន៍ដទៃ? ហេតុអ្វីបានជាព្រះអង្គមិនធ្វើកិច្ចការនេះនៅក្នុងស្រុកអ៊ីស្រាអែល? ហេតុអ្វីបានជាព្រះអង្គមិនធ្វើកិច្ចការនេះនៅក្នុងពិភពសាសនា? គឺដោយសារពួកគេបះបោរ និងទាស់ទទឹងនឹងព្រះជាម្ចាស់ខ្លាំងរហូតដល់ថ្នាក់ទ្រង់បានបង្វែរកិច្ចការនេះទៅកាន់ពួកសាសន៍ដទៃ។ តើព្រះជាម្ចាស់មានព្រះតម្រិះបែបណាចំពោះបញ្ហានេះ? ព្រះជាម្ចាស់សង្គ្រោះអស់អ្នកណាដែលទទួលយកសេចក្ដីពិត។ មិនថាពួកគេបែរទៅរកសេចក្ដីពិតពីខាងក្នុងសាសនា ឬពួកគេជាអ្នកមិនជឿដែលទទួលយកសេចក្ដីពិតនោះទេ គឺគ្មានបញ្ហាអ្វីឡើយ។ ព្រះជាម្ចាស់ប្រទានព្រះគុណនិងសង្គ្រោះអ្នកដែលទទួលយកសេចក្ដីពិត។ តើអ្នករាល់គ្នាយល់ច្បាស់ពីបញ្ហាទាំងនេះដែរឬទេ? កិច្ចការគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺមានអត្ថន័យជ្រាលជ្រៅបំផុត និងមាននិស្ស័យ និងព្រះប្រាជ្ញាញាណរបស់ទ្រង់នៅក្នុងនោះ។ ពិតណាស់ នៅពេលដែលមនុស្សយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬចុះចូលនឹងផែនការរបស់ទ្រង់ ពួកគេគ្មានអ្វីត្រូវអួតអាងឡើយ។ ចូរកុំគិតថា អ្នកឈ្លាសវៃ ឬថាអ្នកស្រឡាញ់សេចក្ដីពិត ឬថាអ្នករឹងមាំជាងអ្នកដទៃឱ្យសោះ។ គ្រាន់តែដោយសារអ្នកឈ្លាសវៃនៅក្នុងរឿងណាមួយ ពុំមានន័យថា អ្នកនឹងមានភាពឈ្លាសវៃនៅក្នុងរឿងផ្សេងទៀតឡើយ ដូច្នេះ អ្នកត្រូវអធិស្ឋានជារឿយៗ និងស្វែងរកសេចក្ដីពិតនៅគ្រប់រឿងទាំងអស់។ អ្នកត្រូវពិនិត្យពិច័យសកម្មភាពទាំងអស់របស់អ្នក ដើម្បីមើលថាតើ សកម្មភាពទាំងនោះ បង្ហាញនូវការកោតខ្លាចដល់ព្រះជាម្ចាស់ឬអត់ ថាតើសកម្មភាពទាំងនោះ ស្របទៅតាមសេចក្ដីពិតឬអត់ និងថាតើវាអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឬអត់។

ចំពោះថាតើភាពជាមនុស្សរបស់អ្នករាល់គ្នាស្របតាមបទដ្ឋានដែលអាចទទួលយកបានឬអត់ ឬស្របតាមបទដ្ឋានសតិសម្បជញ្ញៈ និងហេតុផលធម្មតាឬអត់ ព្រះជាម្ចាស់សព្វព្រះទ័យតែនឹងមនុស្សដែលដេញតាមសេចក្ដីពិតប៉ុណ្ណោះ។ ការដេញតាមសេចក្ដីពិត និងច្រកចូលទៅក្នុងជីវិត គឺគ្មានទីបញ្ចប់ឡើយ។ ប្រសិនបើនរណាម្នាក់មានសតិសម្បជញ្ញៈ និងធ្វើអ្វីទៅតាមសតិសម្បជញ្ញៈរបស់ពួកគេ គោលការណ៍នេះមិនទាន់គ្រប់តាមបទដ្ឋាននៃសេចក្ដីពិតឡើយ។ ពួកគេក៏ត្រូវតែលះបង់តម្លៃដើម្បីខំប្រឹងប្រែងឆ្ពោះទៅរកសេចក្ដីពិត ប្រព្រឹត្តស្របទៅតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ពួកគេឱ្យបានល្អស្របតាមសេចក្ដីតម្រូវរបស់ទ្រង់។ មានតែតាមរយៈការដេញតាមបែបនេះទេ ទើបពួកគេអាចសម្រេចបាននូវច្រកចូលទៅក្នុងជីវិត អាចយល់ និងអាចទទួលបានសេចក្ដីពិត និងបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។ មានមនុស្សដែលមានភាពជាមនុស្សខ្លះ ដែលមានសតិសម្បជញ្ញៈ និងហេតុផលខ្លះ ដូច្នេះហើយ ពួកគេគិតថា៖ «ការបំពេញភារកិច្ចរបស់ខ្ញុំស្របទៅតាមសតិសម្បជញ្ញៈខ្លួនឯង នឹងមានតម្លៃស័ក្តិសមនឹងព្រះជាម្ចាស់ហើយ»។ តើនេះត្រឹមត្រូវដែរឬទេ? តើបទដ្ឋាននៃសតិសម្បជញ្ញៈអាចជំនួសសេចក្ដីពិតបានដែរឬទេ? តើអ្នកអាចចុះចូលនឹងព្រះជាម្ចាស់តាមរយៈការធ្វើអ្វីទៅតាមសតិសម្បជញ្ញៈរបស់អ្នកដែរឬទេ? តើអ្នកអាចធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានដែរឬទេ? តើអ្នកអាចស្អប់ខ្ពើម និងបោះបង់សាតាំងចោលបានដែរទេ? តើអ្នកអាចស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដបានដែរឬទេ? តើអ្នកអាចធ្វើឱ្យសាតាំងអាម៉ាស់មុខបានដែរឬទេ? តើការធ្វើអ្វីទៅតាមសតិសម្បជញ្ញៈរបស់អ្នក គឺជាការធ្វើបន្ទាល់ពិតប្រាកដមែនទេ? ក្នុងចំណោមនេះ គ្មានចំណុចណាមួយដែលអាចសម្រេចបានឡើយ។ តើអ្វីខ្លះដែលរាប់បញ្ចូលថាជាបទដ្ឋាននៃសតិសម្បជញ្ញៈ? សតិសម្បជញ្ញៈគឺជាអារម្មណ៍នៅក្នុងចិត្តរបស់មនុស្សម្នាក់ ជាការវិនិច្ឆ័យរបស់ចិត្ត ហើយវាតំណាងឱ្យចំណង់ចំណូលចិត្តរបស់មនុស្សធម្មតា។ ជាញឹកញាប់ មានអត្ថបទជាច្រើនពាក់ព័ន្ធច្បាប់និងសញ្ញាណអំពីសីលធម៌ ត្រូវបានបង្កើតឡើងដោយផ្អែកលើអារម្មណ៍នៃសតិសម្បជញ្ញៈ ហេតុនេះហើយ អារម្មណ៍នៃសតិសម្បជញ្ញៈ ងាយនឹងប្រើអត្ថបទពាក់ព័ន្ធនឹងច្បាប់ និងសញ្ញាណអំពីសីលធម៌មកធ្វើជាបទដ្ឋានណាស់។ ដូច្នេះ អារម្មណ៍នៃសតិសម្បជញ្ញៈ នៅឆ្ងាយពីការបំពេញតាមបទដ្ឋាននៃសេចក្ដីពិតណាស់ ហើយជាងនេះទៅទៀត វាត្រូវស្ថិតនៅក្រោមការរឹតត្បិតពីអារម្មណ៍ ឬងាយត្រូវពាក្យពីរោះស្ដាប់បោកប្រាស់និងធ្វើឱ្យវង្វេងបានណាស់ ដែលចំណុចនេះ នឹងបង្កឱ្យមានកំហុសឆ្គងជាច្រើន។ ប្រសិនបើមនុស្សពុំយល់ពីសេចក្ដីពិតទេ នោះពួកគេត្រូវធ្លាក់ទៅក្នុងការបោកបញ្ឆោតរបស់ពួកអារក្ស ហើយបណ្ដោយឱ្យសាតាំងកេងប្រយោជន៍ពីពួកគេ។ ដូច្នេះ ការធ្វើអ្វីតាមសតិសម្បជញ្ញៈ នៅឃ្លាតឆ្ងាយពីការបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ណាស់។ អ្នកក៏ត្រូវខំប្រឹងប្រែងឆ្ពោះទៅរកសេចក្ដីពិតផងដែរ។ មានតែពេលដែលអ្នកយល់ពីសេចក្ដីពិត និងបំពេញភារកិច្ចរបស់អ្នកស្របទៅតាមគោលការណ៍ប៉ុណ្ណោះ ទើបអ្នកអាចបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់បាន។ បទដ្ឋាននៃសេចក្ដីពិត ហួសឆ្ងាយពីបទដ្ឋាននៃសតិសម្បជញ្ញៈទៅទៀត។ ប្រសិនបើអ្នកគ្រាន់តែបំពេញភារកិច្ចរបស់អ្នកស្របទៅតាមសតិសម្បជញ្ញៈរបស់ខ្លួន ដូច្នេះ តើអ្នកអាចទទួលបានការសរសើរពីព្រះជាម្ចាស់ដែរឬទេ? អ្នកមិនអាចទទួលបានការសរសើពីទ្រង់ឡើយ។ ដោយសារសតិសម្បជញ្ញៈ មិនអាចជំនួសសេចក្ដីពិតបានទេ កាន់តែមិនអាចជំនួយសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ទៅទៀត អ្នកមិនអាចពេញចិត្តនឹងបំពេញភារកិច្ចរបស់អ្នកស្របទៅតាមសតិសម្បជញ្ញៈរបស់អ្នកបានឡើយ។ បែបនេះ អ្នកមិនអាចទទួលបានការសរសើពីព្រះជាម្ចាស់ទេ។

ដើម្បីដេញតាមសេចក្ដីពិត អ្នកត្រូវតែពិនិត្យពិច័យខ្លួនឯងនៅគ្រប់រឿងទាំងអស់ ដើម្បីមើលថាតើសេចក្ដីពិតមួយណាដែលអ្នកកំពុងខ្វះខាត ដែលរារាំងអ្នកមិនឱ្យចុះចូលនឹងព្រះជាម្ចាស់បានទាំងស្រុង មិនឱ្យកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ និងមិនឱ្យបំពេញភារកិច្ចរបស់អ្នកដោយស្មោះស្ម័គ្របាន។ បន្ទាប់មក អ្នកត្រូវប្រញាប់ប្រដាប់ខ្លួនដោយសេចក្ដីពិតទាំងឡាយដែលអ្នកខ្វះខាត ដើម្បីឱ្យអ្នកនឹងមិនត្រឹមតែប្រព្រឹត្តទៅតាមបទដ្ឋានដែលអាចទទួលយកបានប៉ុណ្ណោះទេ ប៉ុន្តែ អ្នកក៏នឹងអាចបំពេញភារកិច្ចរបស់អ្នកទៅតាមបទដ្ឋានដែលអាចទទួលយកបាន នៅក្នុងពេលជាមួយគ្នាផងដែរ។ មនុស្សមួយចំនួន គឺជាមនុស្សយកចិត្តគេ ដែលមិនព្រមរាយការណ៍ ឬលាតត្រដាងពីអ្នកដទៃឡើយ នៅពេលពួកគេឃើញអ្នកទាំងនោះធ្វើរឿងអាក្រក់។ ពួកគេជាមនុស្សងាយនឹងចុះសម្រុង ហើយងាយនឹងត្រូវគេអូសទាញបានណាស់។ ពួកគេចុះចូលនឹងអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទដែលរំខានដល់កិច្ចការពួកជំនុំ ពួកគេមិនបំពាននរណាឡើយ ហើយតែងជ្រើសផ្លូវកណ្ដាល ដោយមិនលម្អៀងទៅខាងស្ដាំ ក៏មិនលម្អៀងទៅខាងឆ្វេងដែរ។ ពីសម្បកក្រៅ មើលទៅដូចជាពួកគេមានភាពជាមនុស្សណាស់អ៊ីចឹង ពួកគេមិនធ្វើអ្វីហួសហេតុខ្លាំង ហើយពួកគេមានសតិសម្បជញ្ញៈនិងហេតុផលខ្លះផង ប៉ុន្តែភាគច្រើន ពួកគេសម្ងំស្ងៀម ហើយពុំបញ្ចេញគំនិតរបស់ពួកគេឡើយ។ តើអ្នកគិតបែបណាចំពោះមនុសបែបនេះ? តើពួកគេមិនមែនឆ្លាត និងបោកបញ្ឆោតទេឬអី? មនុស្សបោកបញ្ឆោត គឺមានលក្ខណៈបែបនេះឯង។ នៅពេលមានរឿងអ្វីមួយកើតឡើង ពួកគេប្រហែលអាចមិននិយាយអ្វី ឬបញ្ចេញទស្សនៈផ្ដេសផ្ដាសនោះទេ ប៉ុន្តែ ពួកគេតែងសម្ងំនៅស្ងៀមជានិច្ច។ នេះពុំមានន័យថា ពួកគេមានហេតុផលនោះទេ ផ្ទុយទៅវិញ វាបង្ហាញថា ពួកគេពូកែក្លែងបន្លំខ្លួនណាស់ ថាពួកគេមានរឿងលាក់បាំង ថាភាពឈ្លាសវៃរបស់ពួកគេខ្លាំងក្លាណាស់។ ប្រសិនបើអ្នកមិននិយាយការពិតប្រាប់អ្នកផ្សេងផង តើអ្នកអាចទូលការពិតទៅព្រះជាម្ចាស់ដែរទេ? ហើយប្រសិនបើសូម្បីតែជាមួយព្រះជាម្ចាស់ ក៏អ្នកមិនអាចធ្វើជាមនុស្សពិតប្រាកដ និងមិនអាចទូលការពិតទៅទ្រង់បានផង ដូច្នេះ តើអ្នកអាចប្រគល់ដួងចិត្តអ្នកថ្វាយទៅព្រះជាម្ចាស់យ៉ាងដូចម្ដេចកើតទៅ? ច្បាស់ជាអត់ហើយ។ អ្នកមិនអាចក្លាយជាមនុស្សម្នាក់ដែលមានចិត្តតែមួយនឹងព្រះជាម្ចាស់បានឡើយ ប៉ុន្តែ អ្នកតែងរក្សាចិត្តរបស់អ្នកឱ្យនៅឆ្ងាយពីព្រះទ័យទ្រង់! នៅពេលប្រកបគ្នាជាមួយអ្នកដទៃ តើអ្នករាល់គ្នាអាចបើកចិត្ត និងនិយាយពីអ្វីដែលមាននៅក្នុងចិត្តរបស់អ្នកដែរឬទេ? ប្រសិនបើមនុស្សម្នាក់តែងតែនិយាយពីអ្វីដែលមាននៅក្នុងចិត្តរបស់ពួកគេ ប្រសិនបើពួកគេនិយាយតាមត្រង់ ប្រសិនបើពួកគេនិយាយងាយយល់ ប្រសិនបើពួកគេស្មោះ ហើយមិនធ្វេសប្រហែស ឬបំពេញភារកិច្ចរបស់ខ្លួនឱ្យតែរួចពីដៃ ហើយប្រសិនបើពួកគេមិនអាចអនុវត្តសេចក្ដីពិតដែលពួកគេយល់បានទេ នោះមនុស្សបែបនេះ គ្មានសង្ឃឹមទទួលបានសេចក្ដីពិតឡើយ។ ប្រសិនបើមនុស្សម្នាក់តែងបិទបាំងខ្លួនឯង និងបិទបេះដូងរបស់ពួកគេ ដើម្បីកុំឱ្យមនុស្សណាម្នាក់អាចមើលពួកគេឃើញច្បាស់ ប្រសិនបើពួកគេបង្ហាញអារម្មណ៍ក្លែងក្លាយដើម្បីបោកប្រាស់អ្នកដទៃ នោះពួកគេកំពុងស្ថិតក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរហើយ ពួកគេកំពុងស្ថិតក្នុងបញ្ហាដ៏ធំ ពួកគេមុខជាពិបាកនឹងទទួលបានសេចក្ដីពិតខ្លាំងណាស់។ តាមរយៈជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សណាម្នាក់ ព្រមទាំងពាក្យសម្ដីនិងទង្វើរបស់ពួកគេ អ្នកអាចមើលឃើញពីអនាគតរបស់ពួកគេបាន។ ប្រសិនបើមនុស្សនេះតែងតែធ្វើពុត តែងតែអួតបំប៉ោង បុគ្គលនេះគឺមិនមែនជាមនុស្សដែលទទួលយកសេចក្ដីពិតទេ ហើយមិនយូរមិនឆាប់ទេ ពួកគេមុខជាត្រូវលាតត្រដាង និងផាត់ចោលមិនខាន។ តើអ្នករាល់គ្នាកំពុងដើរនៅលើផ្លូវមួយណា? ការដើរនៅលើផ្លូវរបស់មនុស្សស្មោះត្រង់មិនដែលចេះខុសនោះទេ! មនុស្សខ្លះប្រហែលអាចសួរថា៖ «ហេតុអ្វីបានជាអ្នកប្រកបគ្នាជាមួយបងប្អូនប្រុសស្រីអំពីសេចក្ដីពិត ហេតុអ្វីបានជាអ្នកប្រាប់ពួកគេពីគំនិតនៅក្នុងចិត្តរបស់អ្នក? តើនោះមិនមែនល្ងង់ខ្លៅទេឬអី?» ឬ «តាមរយៈការលាតត្រដាងពីមនុស្សអាក្រក់ និងអ្នកមិនជឿ តើអ្នកមិនមែនកំពុងធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃទេឬអី? ការជឿលើព្រះជាម្ចាស់ មិនអាចល្ងង់ខ្លៅបែបនោះបានទេ!» បន្ទាប់ពីអ្នកស្ដាប់សម្ដីនេះហើយ តើអ្នកមានអារម្មណ៍បែបណា? អ្នកគួរតែនិយាយថា៖ «ធ្វើជាមនុស្សស្មោះត្រង់ និយាយការពិត និងប្រកាន់តាមគោលការណ៍ គឺជារឿងឈ្លាសវៃ មិនមែនល្ងង់ខ្លៅជាដាច់ខាត។ នេះគឺជាសេចក្ដីពិតដែលមនុស្សទាំងឡាយណាដែលជឿលើព្រះជាម្ចាស់គួរតែអនុវត្ត។ អ្នកជឿលើព្រះជាម្ចាស់ ត្រូវតែចុះចូល និងផ្គាប់ព្រះទ័យព្រះជាម្ចាស់នៅគ្រប់រឿងទាំងអស់។ ការប្រកបគ្នាពីសេចក្ដីពិត និងការបើកចិត្តរបស់អ្នក គឺជារឿងត្រឹមត្រូវ។ នៅពេលប្រកបគ្នាពីសេចក្ដីពិត អ្នកត្រូវតែនិយាយពីសភាពពិតប្រាកដរបស់អ្នក។ បែបនោះនឹងជួយកែលម្អអ្នកដទៃ ហើយបានជាប្រយោជន៍ដល់ខ្លួនអ្នកផង។ ការលាតត្រដាងពីមនុស្សអាក្រក់ និងអ្នកមិនជឿ គឺជាទំនួលខុសត្រូវរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកខ្លាចប៉ះពាល់ដល់អ្នកដទៃ តើអ្នកអាចបំពេញភារកិច្ចរបស់អ្នកបានល្អដែរឬទេ? រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ គួរប្រកាន់តាមគោលការណ៍នៃសេចក្ដីពិត លាតត្រដាងពីមនុស្សអាក្រក់ និងលាតត្រដាងពីអ្នកមិនជឿ។ ដើម្បីធ្វើជាមនុស្សស្មោះត្រង់ គឺត្រូវអនុវត្តសេចក្ដីពិត ហើយប្រកាន់តាមគោលការណ៍។ អស់អ្នកណាដែលមិនអនុវត្តសេចក្ដីពិតទេ អ្នកនោះមិនមែនជាមនុស្សស្មោះត្រង់ឡើយ ហើយក៏មិនមែនប្រកាន់តាមគោលការណ៍នោះដែរ»។ តើអ្នកគិតយ៉ាងណាចំពោះចម្លើយនេះ? មិនថាអ្នកដទៃគិតបែបណានោះទេ អ្នកជឿលើព្រះជាម្ចាស់មិនអាចផ្លាស់ប្ដូរពីមនុស្សស្មោះត្រង់ ឬផ្លូវនៃការដេញតាមសេចក្ដីពិតបានឡើយ។ ពួកគេមិនអាចត្រូវអ្នកដឹកនាំក្លែងក្លាយ ពួកទទឹងនឹងព្រះគ្រីស្ទ ឬអ្នកមិនជឿជះឥទ្ធិពលលើ ឬគ្រប់គ្រងបានទេ។ គ្រប់ពេល ពួកគេត្រូវតែដើរតាមព្រះជាម្ចាស់ និងស្ដាប់តាមព្រះបន្ទូលទ្រង់ ហើយធ្វើជាមនុស្សស្មោះត្រង់ទៅតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ នេះគឺជារឿងត្រឹមត្រូវ។ ដើម្បីក្លាយជាមនុស្សស្មោះត្រង់ តើមនុស្សម្នាក់គួរអនុវត្តបែបណា? ពួកគេត្រូវតែឆ្លុះបញ្ចាំងពីខ្លួនឯងឱ្យបានញឹកញាប់ ដើម្បីចង់ដឹងថាតើពួកគេនៅតែបង្ហាញចេញនិស្ស័យភូតភរ បោកប្រាស់ បោកបញ្ឆោតរបស់ពួកគេនៅក្នុងបញ្ហាមួយណា។ មានតែតាមរយៈការស្គាល់ខ្លួនឯង ការដឹងពីបំណងភូតកុហក និងនិស្ស័យពុករលួយបោកបញ្ឆោតរបស់ពួកគេប៉ុណ្ណោះ ទើបពួកគេអាចលះបង់សាច់ឈាម និងអាចក្លាយជាមនុស្សស្មោះត្រង់បានបន្តិចម្ដងៗ។ មនុស្សដែលមិនព្រមបើកចិត្ត មនុស្សដែលតែងព្យាយាមលាក់បាំង និងបិទបាំងអ្វីៗ មនុស្សដែលតែងធ្វើពុតថាខ្លួនជាមនុស្សគួរឱ្យគោរព មនុស្សដែលចង់ឱ្យអ្នកដទៃគិតឱ្យតម្លៃលើខ្លួន មនុស្សដែលមិនព្រមឱ្យអ្នកដទៃវាស់ស្ទង់ខ្លួនឯងបានពេញលេញ មនុស្សដែលចង់ឱ្យអ្នកដទៃសរសើរខ្លួន តើមនុស្សទាំងនេះមិនមែនល្ងង់ខ្លៅទេឬអី? មនុស្សទាំងនេះ គឺជាមនុស្សល្ងង់ខ្លៅបំផុត! នោះគឺដោយសារមិនយូរមិនឆាប់ទេ សេចក្ដីពិតពាក់ព័ន្ធនឹងមនុស្ស នឹងបង្ហាញខ្លួនចេញមក។ តើមនុស្សដែលមានការប្រព្រឹត្តបែបនេះ ដើរនៅលើផ្លូវបែបណា? នេះគឺជាផ្លូវរបស់ពួកផារិស៊ី។ តើពួកលាក់ពុតកំពុងស្ថិតក្នុងគ្រោះថ្នាក់ដែរឬអត់? អ្នកទាំងនេះ គឺជាមនុស្សដែលព្រះជាម្ចាស់ស្អប់បំផុត ដូច្នេះ តើអ្នកគិតថា ពួកគេកំពុងស្ថិតក្នុងគ្រោះថ្នាក់ដែរឬអត់? អស់អ្នកណាដែលជាពួកផារិស៊ី អ្នកនោះដើរនៅលើផ្លូវទៅកាន់សេចក្ដីហិនវិនាសហើយ!

ពេលព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការដើម្បីបំភ្លឺដល់អ្នក ដើម្បីឱ្យអ្នកអាចយល់ពីរឿងខ្លះបាន ពេលខ្លះ រឿងនោះកើតឡើងលឿនខ្លាំងពេក ហើយពេលខ្លះទៀត ព្រះវិញ្ញាណបរិសុទ្ធធ្វើឱ្យអ្នកឆ្លងកាត់បទពិសោធមួយក្នុងពេលណាមួយ មុនពេលទ្រង់អនុញ្ញាតឱ្យអ្នកបានយល់ពីបញ្ហានោះទាំងស្រុង។ មិនមែនថា គ្មានអ្វីដែលតម្រូវឱ្យអ្នកដកពិសោធន៍នោះទេ ឬថាព្រះអង្គត្រូវចប់បន្ទាប់ពីអនុញ្ញាតឱ្យអ្នកយល់ពីពាក្យនៃគោលលទ្ធិនោះទេ។ តើព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការទៅតាមគោលការណ៍ណាដែរ? ព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការតាមរយៈការរៀបចំមជ្ឈដ្ឋានរបស់អ្នក និងការរៀបចំមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗដែលអនុញ្ញាតឱ្យអ្នកបានចាស់ទុំតាមរយៈអ្វីទាំងនេះ និងធ្វើឱ្យអ្នកយល់ពីសេចក្ដីពិតបន្តិចម្ដងៗ ក្នុងពេលនៃការដកពិសោធន៍សេចក្ដីទាំងនោះ។ នៅពេលដែលព្រះអង្គថ្លែងព្រះបន្ទូលសាមញ្ញៗពីរបីពាក្យមកកាន់អ្នក ដើម្បីលើកទឹកចិត្ត ឬបំភ្លឺអ្នក ឬប្រទានពន្លឺដល់អ្នកបន្តិចបន្តួច ទ្រង់មិនមែនត្រូវចប់នោះទេ។ ផ្ទុយទៅវិញ ព្រះអង្គអនុញ្ញាតឱ្យអ្នករៀនសូត្រពីមេរៀនខ្លះ និងធំធាត់តាមរយៈការដកពិសោធន៍បញ្ហាគ្រប់យ៉ាង មជ្ឈដ្ឋានខុសៗគ្នា និងមនុស្ស ព្រឹត្តិការណ៍ និងអ្វីផ្សេងៗ ដើម្បីឱ្យអ្នកអាចសម្រេចបាននូវការយល់ដឹងពីសេចក្ដីពិតបណ្ដើរៗ និងចូលទៅក្នុងតថភាព។ ហេតុនេះ ព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការតាមគោលការណ៍ធម្មតាខ្លាំងណាស់។ ព្រះអង្គបំពេញកិច្ចការទៅតាមទម្រង់ធម្មជាតិនៃការរីកចម្រើនរបស់មនុស្សទាំងស្រុង ដោយគ្មានដាក់ការបង្ខិតបង្ខំអ្វីឡើយ។ យោងទៅតាមគោលការណ៍ និងទំហំនៃកិច្ចការរបស់ព្រះជាម្ចាស់ ប្រសិនបើមនុស្សម្នាក់ពុំមានហេតុផល និងសតិសម្បជញ្ញៈជាមនុស្ស ដែលពួកគេគួរមាន សូម្បីបន្តិចណាទេ នោះតើពួកគេអាចទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? តើពួកគេអាចទទួលបានការណែនាំ និងការបំភ្លឺដែរឬទេ? អត់ជាដាច់ខាត។ តើខ្ញុំចង់មានន័យបែបណា? មនុស្សតែងនិយាយថា ពួកគេដេញតាមសេចក្ដីពិត ថាពួកគេត្រូវតែយល់ពីសេចក្ដីពិតឱ្យបានប្រសើរ ប៉ុន្តែ ពួកគេបានមើលរំលងរឿងមួយ ដែលនោះគឺ ពួកគេត្រូវតែប្រគល់ដួងចិត្តរបស់ពួកគេថ្វាយទៅព្រះជាម្ចាស់។ ពួកគេគិតថា៖ «មិនថាភាពជាមនុស្សរបស់ខ្ញុំបែបណានោះទេ មិនថាខ្ញុំមានសតិសម្បជញ្ញៈឬអត់នោះទេ មិនថាខ្ញុំប្រគល់ដួងចិត្តរបស់ខ្ញុំថ្វាយទៅព្រះជាម្ចាស់ឬអត់នោះទេ ខ្ញុំគ្រាន់តែត្រូវដេញតាមសេចក្ដីពិតបន្ថែម ស្ដាប់ការអធិប្បាយបន្ថែម អានព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្ថែម និងប្រកបគ្នាពីសេចក្ដីពិតជារឿយៗទៅបានហើយ។ បន្ទាប់មក នៅពេលខ្ញុំបំពេញភារកិច្ច ខ្ញុំនឹងខំប្រឹងបញ្ចេញកម្លាំង និងរងទុក្ខបន្ថែមទៀត នោះមុខជាគ្មានបញ្ហាអ្វីឡើយ»។ ប៉ុន្តែ មនុស្សបែបនេះមិនបានចាប់អារម្មណ៍ ក៏ពុំដឹងពីចំណុចចាំបាច់ដ៏តូចបំផុតដែរ។ ពេលនេះ តើអ្នករាល់គ្នាដឹងថាចំណុចតិចតួចបំផុតដែលមនុស្សម្នាក់គួរមានគឺជាអ្វីដែរទេ ប្រសិនបើពួកគេចង់យល់និងទទួលបានសេចក្ដីពិតនោះ? (សតិសម្បជញ្ញៈ និងហេតុផល។) និយាយឱ្យងាយយល់ នោះគឺថា យ៉ាងហោចណាស់ មនុស្សម្នាក់ត្រូវតែមានចិត្តដែលស្មោះត្រង់ដែរ។ មានតែអ្នកដែលមានចិត្តស្មោះត្រង់ប៉ុណ្ណោះ ទើបអាចទទួលយកសេចក្ដីពិត ចុះចូលនឹងផែនការរបស់ព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ពួកគេស្របទៅតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់បាន។ ប្រសិនបើអ្នកគ្មានចិត្តស្មោះត្រង់ទេ នោះអ្នកមិនអាចបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់បានឡើយ ហើយអ្នកក៏មិនអាចបំពេញភារកិច្ចក្នុងនាមជាភាវៈដែលព្រះបានបង្កើតមកឱ្យបានល្អនោះដែរ។ តើការដែលមានចិត្តស្មោះត្រង់មានន័យដូចម្ដេច? មានន័យថា អ្នកពុំមានភាពជាមនុស្ស ពោលគឺអ្នកជាអារក្ស។ តើការដែលមានចិត្តស្មោះត្រង់មានការបង្ហាញចេញអ្វីខ្លះ? យ៉ាងហោចណាស់ ក៏មនុស្សម្នាក់ត្រូវមានភាពជាមនុស្សល្អដែរ។ នៅពេលដែលបុគ្គលម្នាក់មានភាពជាមនុស្សល្អ មានចិត្តពិតប្រាកដ មានសតិសម្បជញ្ញៈ និងហេតុផល ចំណុចទាំងនេះមិនមែនជាអ្វីដែលឥតន័យខ្លឹមសារ ឬស្រពិចស្រពិល ដែលមិនអាចមើលឃើញ ឬប៉ះពាល់បានឡើយ តែផ្ទុយទៅវិញ អ្វីទាំងនេះជារបស់ដែលអាចរកឃើញបាននៅគ្រប់ទីកន្លែងក្នុងជីវិតប្រចាំថ្ងៃ។ អ្វីទាំងនេះសុទ្ធតែជារបស់នៃតថភាព។ ឧបមាថា បុគ្គលម្នាក់អស្ចារ្យ និងគ្រប់លក្ខណ៍៖ តើនេះជាអ្វីដែលអ្នកអាចមើលឃើញដែរឬទេ? អ្នកមិនអាចមើលឃើញ មិនអាចប៉ះបាន ឬសូម្បីតែគិតស្រមៃថាអ្វីទៅជាភាពគ្រប់លក្ខណ៍ ឬភាពអស្ចារ្យនោះ។ ប៉ុន្តែប្រសិនបើអ្នកនិយាយថា មនុស្សណាម្នាក់អាត្មានិយម តើអ្នកអាចមើលឃើញពីទង្វើរបស់បុគ្គលនោះដែរឬទេ ហើយតើម្នាក់នោះដូចទៅនឹងការរៀបរាប់នោះដែរឬទេ? ប្រសិនបើគេថាមនុស្សណាម្នាក់ស្មោះត្រង់ មានចិត្តពិតប្រាកដ តើអ្នកអាចមើលឃើញពីឥរិយាបថបែបនេះទេ? ប្រសិនបើគេថាមនុស្សណាម្នាក់បោកបញ្ឆោត វៀចវេរ និងថោកទាប តើអ្នកអាចមើលឃើញពីចំណុចទាំងនេះទេ? ទោះបីជាអ្នកបិទភ្នែករបស់អ្នកក៏ដោយ ក៏អ្នកអាចមានអារម្មណ៍ដឹងថា ភាពជាមនុស្សរបស់បុគ្គលនោះធម្មតាឬគួរឱ្យស្អប់បានតាមរយៈសម្ដីរបស់ពួកគេ និងរបៀបដែលពួកគេប្រព្រឹត្ត។ ដូច្នេះហើយ ឃ្លាថា «ភាពជាមនុស្សល្អឬអាក្រក់» នេះ មិនមែនជាឃ្លាឥតន័យខ្លឹមសារនោះទេ។ ឧទាហរណ៍ ភាពអាត្មានិយមនិងភាពថោកទាប សេចក្ដីវៀចវេរនិងការបោកបញ្ឆោត ភាពក្រអឺតក្រទមនិងការរាប់ខ្លួនឯងជាសុចរិត អ្វីទាំងអស់នេះគឺជាចំណុចដែលអ្នកអាចយល់បាននៅក្នុងជីវិត នៅពេលដែលអ្នកប្រាស្រ័យទាក់ទងជាមួយមនុស្សណាម្នាក់។ ចំណុចទាំងនេះ គឺជាធាតុអវិជ្ជមាននៅក្នុងភាពជាមនុស្ស។ ដូច្នេះ តើធាតុវិជ្ជមាននៅក្នុងភាពជាមនុស្សដែលមនុស្សគួរតែមាន ដូចជា ភាពស្មោះត្រង់ និងការស្រឡាញ់សេចក្ដីពិតជាដើមនេះ អាចត្រូវយល់បាននៅក្នុងជីវិតប្រចាំថ្ងៃដែរឬទេ? មិនថាមនុស្សម្នាក់មានការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ មិនថាពួកគេអាចទទួលបានការណែនាំពីព្រះជាម្ចាស់ មិនថាពួកគេមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឬអត់នោះទេ តើអ្នកអាចមើលឃើញចំណុចទាំងនេះដែរឬទេ? តើអ្នកអាចដឹងពីចំណុចទាំងនេះបានទេ? ដើម្បីទទួលបានការបំភ្លីពីព្រះវិញ្ញាណបរិសុទ្ធ ទទួលបានការណែនាំពីព្រះជាម្ចាស់ និងប្រព្រឹត្តស្របទៅតាមគោលការណ៍នៃសេចក្ដីពិតនៅគ្រប់រឿងទាំងអស់ តើមនុស្សត្រូវតែមានលក្ខខណ្ឌបែបណា? ពួកគេត្រូវតែមានចិត្តស្មោះ ស្រឡាញ់សេចក្ដីពិត ស្វែងរកសេចក្ដីពិតនៅគ្រប់កិច្ចការទាំងអស់ និងអាចអនុវត្តសេចក្ដីពិតបាន នៅពេលដែលពួកគេយល់ពីសេចក្ដីពិត។ ការដែលមានលក្ខខណ្ឌទាំងនេះ មានន័យថា មានការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ មានសមត្ថភាពយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអាចអនុវត្តសេចក្ដីពិតបានដោយងាយស្រួលហើយ។ ប្រសិនបើមនុស្សម្នាក់ មិនមែនជាមនុស្សស្មោះត្រង់ ហើយនៅក្នុងចិត្តពួកគេ ពុំស្រឡាញ់សេចក្ដីពិតទេ នោះពួកគេមុខជាពិបាកនឹងទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធណាស់ ហើយសូម្បីតែអ្នកប្រកបគ្នាពីសេចក្ដីពិតជាមួយពួកគេ ក៏គ្មានបានលទ្ធផលអ្វីដែរ។ តើអ្នកអាចដឹងបានថាមនុស្សម្នាក់ជាមនុស្សស្មោះត្រង់បានយ៉ាងដូចម្ដេចទៅ? អ្នកមិនត្រូវមើលត្រឹមថាតើពួកគេនិយាយកុហកឬបោកប្រាស់ប៉ុណ្ណេះទេ ប៉ុន្តែអ្វីដែលសំខាន់គឺត្រូវពិនិត្យមើលថាតើពួកគេអាចទទួលយកសេចក្ដីពិត និងអនុវត្តសេចក្ដីពិតនោះបានឬអត់។ នោះគឺជាចំណុចសំខាន់បំផុត។ ដំណាក់របស់ព្រះជាម្ចាស់តែងតែផាត់មនុស្សចោល ហើយមកដល់ចំណុចនេះ មានមនុស្សជាច្រើននាក់ហើយដែលត្រូវបានគេផាត់ចោលនោះ។ ពួកគេមិនមែនជាមនុស្សស្មោះត្រង់ទេ ពួកគេសុទ្ធតែជាមនុស្សបោកបញ្ឆោត។ ពួកគេស្រឡាញ់អ្វីដែលមិនសុចរិត ពួកគេពុំស្រឡាញ់សេចក្ដីពិតទាល់តែសោះ។ មិនថាពួកគេជឿលើព្រះជាម្ចាស់ប៉ុន្មានឆ្នាំនោះទេ ក៏ពួកគេមិនអាចយល់ពីសេចក្ដីពិត ឬចូលទៅក្នុងតថភាពបានដែរ។ មនុស្សទាំងនេះ កាន់តែមិនអាចផ្លាស់ប្ដូរពិតប្រាកដទៅទៀត។ ហេតុនេះ ការដែលពួកគេត្រូវគេផាត់ចោល គឺជារឿងដែលមិនអាចជៀសផុតនោះទេ។ នៅពេលដែលអ្នកប្រាស្រ័យទាក់ទងជាមួយមនុស្ស តើអ្នកពិនិត្យមើលអ្វីមុនគេ? ពិនិត្យមើលពាក្យសម្ដីនិងទង្វើរបស់ពួកគេ ដើម្បីចង់ដឹងថាតើពួកគេជាមនុស្សស្មោះត្រង់ ស្រឡាញ់សេចក្ដីពិត និងអាចទទួលយកសេចក្ដីពិតបានឬអត់។ ចំណុចទាំងនេះសំខាន់ខ្លាំងណាស់។ ជាធម្មតា អ្នកអាចមើលឃើញពីសារជាតិរបស់មនុស្សម្នាក់បាន ឱ្យតែអ្នកអាចកំណត់បានថាតើពួកគេជាមនុស្សស្មោះត្រង់ ថាតើពួកគេអាចទទួលយកសេចក្ដីពិត និងអាចអនុវត្តសេចក្ដីពិតនោះបានឬអត់។ ប្រសិនបើមាត់របស់មនុស្សពេញដោយពាក្យផ្អែមល្ហែមពីរោះស្ដាប់ ប៉ុន្តែពួកគេពុំបានធ្វើអ្វីដែលពិតជាក់ស្ដែង ហើយពេលដល់ពេលត្រូវធ្វើរឿងជាក់ស្ដែង ពួកគេគិតតែពីខ្លួនឯង មិនដែលគិតពីអ្នកដទៃ ដូច្នេះ តើនេះជាភាពជាមនុស្សប្រភេទណា? (ភាពអាត្មានិយម និងភាពថោកទាប។ គេគ្មានភាពជាមនុស្សឡើយ)។ តើបុគ្គលម្នាក់ ដែលគ្មានភាពជាមនុស្ស ងាយស្រួលនឹងទទួលបានសេចក្ដីពិតដែរឬទេ? មិនងាយស្រួលសម្រាប់ពួកគេឡើយ។ នៅពេលដែលគេជួបប្រទះការរងទុក្ខមួយរយៈ ឬត្រូវលះបង់តម្លៃខ្លះ គេក៏គិតថា៖ «អ្នករាល់គ្នាទៅមុនចុះ ដោយទទួលរងទុក្ខលំបាក និងធ្វើការលះបង់ទាំងអស់នេះសិនចុះ ហើយបន្ទាប់ពីសម្រេចបានលទ្ធផលច្រើនហើយ នោះខ្ញុំនឹងចូលរួមដែរ»។ តើនេះជាភាពជាមនុស្សប្រភេទណា? ឥរិយាបថបែបនេះ គេស្គាល់ជារួមថា «ការមិនមានភាពជាមនុស្ស»។ មនុស្សគ្រប់គ្នាមាននិស្ស័យពុករលួយ ប៉ុន្តែនៅពេលជួបប្រទះបញ្ហាអ្វីមួយ សតិសម្បជញ្ញៈរបស់មនុស្សខ្លះ ក៏មានដំណើរការ ហើយពួកគេមានអារម្មណ៍ស្ដីបន្ទោសខ្លួនឯង ដូច្នេះ ពួកគេអាចប្រព្រឹត្តទៅតាមសតិសម្បជញ្ញៈរបស់ពួកគេបាន។ ទោះបីពួកគេពុំនិយាយថា «ខ្ញុំកំពុងដេញតាមសេចក្ដីពិត ហើយត្រូវធ្វើជាមនុស្សល្អ» ក៏ពិតមែន ក៏ប៉ុន្តែ ពួកគេចាប់ផ្ដើមមានសតិសម្បជញ្ញៈការងារ ហើយពួកគេអាចនិយាយដោយពឹងផ្អែកលើសតិសម្បជញ្ញៈខ្លួនឯងថា៖ «ខ្ញុំត្រូវតែស័ក្ដិសមនឹងទទួលបានព្រះគុណ និងការជ្រើសរើសពីព្រះជាម្ចាស់»។ ដូច្នេះ នៅពេលសតិសម្បជញ្ញៈរបស់ពួកគេចេញលទ្ធផល ពេលនោះ តើពួកគេអាចអនុវត្តសេចក្ដីពិតបានដែរឬទេ? មិនប្រាកដនោះទេ ប៉ុន្តែ យ៉ាងហោចណាស់ ប្រសិនបើពួកគេមានឆន្ទៈបែបនេះមែន នោះពួកគេនឹងងាយស្រួលក្នុងការអនុវត្តសេចក្ដីពិតទេ ដែលនេះគឺជាមូលដ្ឋានគ្រឹះសំខាន់បំផុតដើម្បីទទួលបានសេចក្ដីពិត។ នៅពេលជួបប្រទះគ្រោះថ្នាក់ មនុស្សខ្លះខ្វល់តែពីពួនសម្ងំប៉ុណ្ណោះ។ មនុស្សខ្លះការពារអ្នកដទៃ ដោយពុំខ្វល់ពីខ្លួនឯងឡើយ។ នៅពេលមានរឿងកើតឡើង មនុស្សខ្លះខំតស៊ូ មនុស្សខ្លះខំជម្នះ។ ទាំងនេះគឺជាភាពខុសគ្នានៅក្នុងភាពជាមនុស្ស។ ដូច្នេះ តើមនុស្សប្រភេទណាដែលទំនងជាទទួលបានសេចក្ដីពិតទៅ? មនុស្សជាច្រើនបានតាំងចិត្តយ៉ាងមុតមាំនៅចំពោះព្រះជាម្ចាស់ ហើយស្បថប្រគល់ជីវិតរបស់ពួកគេទាំងមូលថ្វាយដល់ទ្រង់ លះបង់ខ្លួនពួកគេដើម្បីទ្រង់ និងមិនស្វែងរកអ្វីត្រឡប់មកវិញទេ។ ប៉ុន្តែ មនុស្សដែលមានភាពជាមនុស្សមិនល្អ តែងតែប្រជែងដណ្ដើមផលប្រយោជន៍ មិនដែលចុះញ៉ម ឬអត់ទ្រាំឡើយ ហើយក៏មិនដែលធ្វើអ្វីទៅតាមសតិសម្បជញ្ញៈដែរ។ តើមនុស្សដូចនេះងាយនឹងទទួលបានសេចក្ដីពិតដែរឬទេ? តើគេងាយនឹងត្រូវព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍ដែរឬទេ? (មិនងាយទេ។) តើបុគ្គលប្រភេទណាដែលងាយនឹងត្រូវព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍ និងទទួលបានសេចក្ដីពិត? (មនុស្សដែលមានភាពជាមនុស្សល្អ។) ដើម្បីមានភាពជាមនុស្សល្អ ត្រូវតែមានបទដ្ឋានមួយ។ បទដ្ឋាននេះ មិនពាក់ព័ន្ធនឹងការដើរផ្លូវកណ្ដាល មិនប្រកាន់ខ្ជាប់តាមគោលការណ៍ ការខំប្រឹងដើម្បីកុំឱ្យបំពានលើនរណាម្នាក់ ការផ្គាប់ផ្គុនចិត្តគេនៅគ្រប់ទីកន្លែងដែលអ្នកទៅ ការវៃឆ្លាតនិងប៉ិនប្រសប់ជាមួយមនុស្សគ្រប់គ្នាដែលអ្នកជួប និងការធ្វើឱ្យមនុស្សគ្រប់គ្នានិយាយល្អពីអ្នក។ នេះមិនមែនជាបទដ្ឋានឡើយ។ ដូច្នេះ តើអ្វីទៅជាបទដ្ឋាន? បទដ្ឋាននោះគឺ ការអាចចុះចូលចំពោះព្រះជាម្ចាស់ និងសេចក្តីពិតបាន ជាការប្រព្រឹត្តនៅក្នុងភារកិច្ច និងការប្រព្រឹត្តដាក់គ្រប់ប្រភេទមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗទាំងអស់ស្របទៅតាមគោលការណ៍ និងមានស្មារតីទទួលខុសត្រូវ។ ចំណុចនេះ មនុស្សគ្រប់គ្នាអាចមើលឃើញច្បាស់ ហើយមនុស្សគ្រប់គ្នាក៏យល់ច្បាស់នៅក្នុងដួងចិត្តអំពីចំណុចនេះដែរ។ ជាងនេះទៅទៀត ព្រះជាម្ចាស់ទតមើលចិត្តរបស់មនុស្ស និងជ្រាបពីស្ថានភាពរបស់ពួកគេម្នាក់ៗ។ មិនថាពួកគេជានរណានោះទេ ពួកគេមិនអាចបោកបញ្ឆោតព្រះជាម្ចាស់បានឡើយ។ មនុស្សមួយចំនួនតែងតែអួតអាងថា ពួកគេមានភាពជាមនុស្សល្អ ថាពួកគេមិនដែលនិយាយអាក្រក់ពីអ្នកដទៃ មិនដែលធ្វើឱ្យខូចប្រយោជន៍អ្នកផ្សេង ហើយពួកគេអះអាងថា ខ្លួនពួកគេមិនដែលលោភចង់បានទ្រព្យសម្បត្តិរបស់អ្នកដទៃឡើយ។ នៅពេលមានទំនាស់ផលប្រយោជន៍កើតឡើង ពួកគេថែមទាំងសុខចិត្តខាតបង់ ក៏មិនកេងចំណេញពីអ្នកដទៃដែរ ហើយមនុស្សគ្រប់គ្នាគិតថា ពួកគេជាមនុស្សល្អ។ ប៉ុន្តែ នៅពេលបំពេញភារកិច្ចរបស់ពួកគេនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ពួកគេមានល្បិចនិងក្រឡេចក្រឡុច តែងតែមានគ្រោងការបោកបញ្ឆោតគេដើម្បីខ្លួនឯង។ ពួកគេមិនដែលគិតពីប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ទេ ពួកគេមិនដែលចាត់ទុកអ្វីដែលព្រះជាម្ចាស់ចាត់ទុកថាជារឿងបន្ទាន់ ថាជារឿងបន្ទាន់នោះទេ ក៏មិនដែលគិតអ្វីដូចជាព្រះជាម្ចាស់មានព្រះតម្រិះដែរ ហើយពួកគេមិនអាចទុកប្រយោជន៍ផ្ទាល់ខ្លួនចោលមួយឡែក ដើម្បីបំពេញភារកិច្ចរបស់ពួកគេបាននោះទេ។ ពួកគេមិនដែលលះបង់ប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ សូម្បីតែពេលដែលពួកគេឃើញអ្នកប្រព្រឹត្តអាក្រក់កំពុងប្រព្រឹត្តអំពើអាក្រក់ក៏ដោយ ក៏ពួកគេមិនលាតត្រដាងអ្នកទាំងនោះដែរ។ ពួកគេគ្មានគោលការណ៍អ្វីទាំងអស់។ តើនេះជាភាពជាមនុស្សបែបណាទៅ? នេះមិនមែនភាពជាមនុស្សល្អឡើយ។ ចូរកុំយកចិត្តទុកដាក់នឹងអ្វីដែលមនុស្សបែបនេះនិយាយឡើយ។ អ្នកត្រូវតែមើលថាពួកគេរស់នៅតាមអ្វី ពួកគេបើកសម្ដែងពីអ្វី ហើយពួកគេមានអាកប្បកិរិយាបែបណា នៅពេលដែលពួកគេបំពេញភារកិច្ចរបស់ពួកគេ ក៏ដូចជាមើលពីសភាពខាងក្នុងរបស់ពួកគេ និងអ្វីដែលពួកគេស្រឡាញ់ផងដែរ។ ប្រសិនបើសេចក្ដីស្រឡាញ់កេរ្ដិ៍ឈ្មោះ និងលាភសក្ការៈរបស់ពួកគេ ធំជាងភក្ដីភាពរបស់ពួកគេចំពោះព្រះជាម្ចាស់ ប្រសិនបើសេចក្ដីស្រឡាញ់កេរ្ដិ៍ឈ្មោះ និងលាភសក្ការៈរបស់គេ ធំជាងផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ឬប្រសិនបើសេចក្ដីស្រឡាញ់កេរ្ដិ៍ឈ្មោះ និងលាភសក្ការៈរបស់ពួកគេ ធំជាងការយកចិត្តទុកដាក់ដែលពួកគេមានចំពោះព្រះជាម្ចាស់ ដូច្នេះ តើមនុស្សបែបនេះមានភាពជាមនុស្សដែរឬទេ? ពួកគេមិនមែនជាមនុស្សដែលមានភាពជាមនុស្សឡើយ។ អ្នកដទៃនិងព្រះជាម្ចាស់អាចទតឃើញនិងមើលឃើញពីឥរិយាបថរបស់ពួកគេបាន។ មនុស្សបែបនេះពិបាកទទួលបានសេចក្ដីពិតណាស់។

ពេលនេះ តើអ្នករាល់គ្នាដឹងថាមនុស្សប្រភេទណាដែលអាចទទួលបានសេចក្ដីពិតហើយមែនទេ? មនុស្សគ្រប់គ្នាដែលសុខចិត្តដេញតាមសេចក្ដីពិត ពួកគេសុទ្ធតែជឿលើព្រះជាម្ចាស់ ជួបជុំ និងស្ដាប់សេចក្ដីអធិប្បាយ បំពេញភារកិច្ចរបស់ខ្លួន និងប្រកបគ្នាពីសេចក្ដីពិត ប៉ុន្តែ បន្ទាប់ពីបានពីរបីឆ្នាំ ហេតុអ្វីមនុស្សខ្លះអាចនិយាយពីទីបន្ទាល់បទពិសោធ និងធ្វើបន្ទាល់ពីព្រះជាម្ចាស់បាន ចំណែកឯអ្នកខ្លះទៀត គ្មានទីបន្ទាល់បទពិសោធទាល់តែសោះ ហើយក៏មិនអាចបំពេញភារកិច្ចណាមួយបានល្អអ៊ីចឹង? តើមានភាពខុសគ្នាអ្វី? តាមពិតទៅ ភាពខុសគ្នាគឺជាភាពខុសប្លែកគ្នារវាងភាពជាមនុស្សរបស់ពួកគេ។ មនុស្សខ្លះមានសតិសម្បជញ្ញៈនិងហេតុផល ចំណែកមនុស្សខ្លះទៀតគ្មានទេ។ មនុស្សខ្លះស្រឡាញ់សេចក្ដីពិត ចំណែកមនុស្សខ្លះទៀតមិនស្រឡាញ់សេចក្ដីពិតឡើយ។ ដូច្នេះ តើមនុស្សប្រភេទណាដែលងាយនឹងទទួលបានសេចក្ដីពិត? (មនុស្សដែលទៀងត្រង់ចំពោះព្រះជាម្ចាស់ អ្នកដែលស្មោះត្រង់ អ្នកដែលមានភាពជាមនុស្ស និងអ្នកដែលមានសតិសម្បជញ្ញៈនិងហេតុផល។) ចំណុចនេះសំខាន់ខ្លាំងណាស់។ ឥឡូវដោយសារអ្នកយល់ចំណុចនោះហើយ ដូច្នេះ អ្នករាល់គ្នាគួរតែពិចារណាចំណុចនេះម្ដង៖ តើការយល់ដឹងនិងការទទួលបានសេចក្ដីពិតពាក់ព័ន្ធនឹងរូបសម្បត្តិរបស់មនុស្ស គុណសម្បត្តិ កម្រិតនៃការអប់រំ សាវតារកំណើតរបស់ពួកគេ អាយុ មជ្ឈដ្ឋានគ្រួសារ ទេពកោសល្យ ឬជំនាញវិជ្ជាជីវៈដែលពួកគេចេះស្ទាត់ដែរឬទេ? អ្នកអាចនិយាយបានថា ចំណុចទាំងនេះគ្មានជាប់ពាក់ព័ន្ធនឹងគ្នាទេ។ មនុស្សខ្លះមានគុណសម្បត្តិទាប ប៉ុន្តែ ពួកគេខ្លួនឯង គឺជាមនុស្សដែលអាចពឹងពាក់បាន។ ពួកគេមានកម្លាំងច្រើនប៉ុនណា ពួកគេប្រើប៉ុណ្ណោះ ដោយមិនខ្ជិលច្រអូស និងបោកបញ្ឆោតឡើយ ហើយពួកគេមានសតិសម្បជញ្ញៈ និងមានទំនួលខុសត្រូវលើរឿងផ្សេងៗ។ ប្រសិនបើពួកគេប្រព្រឹត្តខុស ពួកគេអាចទទួលយកសេចក្ដីពិត និងអនុវត្តស្របទៅតាមគោលការណ៍បាន។ នៅពេលពួកគេមានការលំបាក ពួកគេអាចស្វែងរកសេចក្ដីពិតបាន។ លទ្ធផលនៃការបំពេញភារកិច្ចនឹងមានភាពល្អប្រសើរជាងមុន ហើយទោះបីមនុស្សមានទេពកោសល្យមើលងាយពួកគេ ក៏ព្រះជាម្ចាស់សព្វព្រះទ័យនឹងមនុស្សប្រភេទនេះដែរ។ នៅពេលដែលព្រះជាម្ចាស់ប្រទានព្រះគុណដល់មនុស្ស និងអនុញ្ញាតឱ្យមនុស្សយល់ពីសេចក្ដីពិត ព្រះអង្គពុំទតមើលរូបរាងខាងក្រៅរបស់ពួកគេ កម្រិតនៃការអប់រំ គុណភាពនៃគុណសម្បត្តិរបស់ពួកគេ ឬភាពប៉ិនប្រសប់របស់ពួកគេនោះទេ ពោលគឺព្រះជាម្ចាស់មិនទតមើលចំណុចទាំងនេះឡើយ។ មនុស្សខ្លះនិយាយថា៖ «ខ្ញុំមិនពូកែវោហារទេ ប៉ុន្តែ ខ្ញុំឃើញមនុស្សដែលជំនាញក្នុងការនិយាយស្ដី។ ខ្ញុំមិនខ្ពស់ទេ ហើយក៏មិនមើលទៅលេចធ្លោជាងមនុស្សធម្មតាដែរ។ ខ្ញុំគ្មានការអប់រំអ្វីទេ ហើយគុណសម្បត្តិរបស់ខ្ញុំ ក៏មិនល្អនោះដែរ។ តើនោះមិនមែនមានន័យថា ខ្ញុំចប់ទៅហើយទេ?» តើនេះគឺជាគំនិតបែបណា? តើនេះមិនមែនជាការយល់ខុសលើព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនមានន័យថា អ្នកពុំយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេឬអី? (មានន័យបែបនេះមែន។) តើមនុស្សដែលមានទស្សនៈបែបនេះ មិនមែនបះបោរទេឬអី? ពួកគេពុំដឹងពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទាល់តែសោះ។ ពួកគេគិតថា អស់អ្នកណាដែលត្រូវព្រះជាម្ចាស់សង្គ្រោះ និងប្រោសឱ្យបានគ្រប់លក្ខណ៍ ឬអ្នកដែលត្រូវទ្រង់បំភ្លឺនិងដឹកនាំ អ្នកនោះគឺជាមនុស្សដែលមានអំណោយទាន ហើយពួកគេអាចនិយាយបានល្អ ពួកគេមានការអប់រំនិងចំណេះដឹងល្អ ពួកគេសុទ្ធតែមានប្រាជ្ញាវៀងវៃ ហើយព្រះជាម្ចាស់សព្វព្រទ័យនឹងពួកគេ។ តើនេះមិនមែនជាការមួលបង្កាច់ព្រះជាម្ចាស់ទេឬអី? ពួកគេពុំយល់ពីព្រះតម្រិះរបស់ព្រះជាម្ចាស់ទាល់តែសោះ! មនុស្សតែងតែនិយាយថា ព្រះជាម្ចាស់គឺសុចរិត ហើយថា ព្រះអង្គទតមើលដួងចិត្តមនុស្ស ប៉ុន្តែ នៅពេលមានរឿងអ្វីកើតឡើងចំពោះពួកគេ មនុស្សក៏យល់ខុសលើព្រះជាម្ចាស់។ ពេលនេះ តើអ្នកយល់ច្បាស់ជាងមុនបន្តិចទេ? នៅពេលដែលព្រះជាម្ចាស់ទតមើលមនុស្ស តើព្រះអង្គទតឃើញអ្វី? ព្រះអង្គទតឃើញដួងចិត្តរបស់ពួកគេ។ អ្វីគ្រប់យ៉ាងដែលមនុស្សនិយាយនិងធ្វើ គឺត្រូវដួងចិត្តរបស់ពួកគេគ្រប់គ្រង។ ប្រសិនបើអ្នកមានដួងចិត្តស្មោះត្រង់ នោះអ្នកនឹងមានភាពជាមនុស្សល្អមិនខាន។ អ្នកនឹងអាចយល់ពីសេចក្ដីពិតបានបន្តិចម្ដងៗ អ្នកនឹងអាចបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ដល់កម្រិតជាក់លាក់មួយបាន ហើយអ្នកនឹងអាចគិតពិចារណអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។ ប្រសិនបើចិត្តរបស់អ្នកបោកបញ្ឆោតខ្លាំងពេក បិទជិតខ្លាំងពេក ហើយមានះរឹងរូសមិនព្រមកែ ប្រសិនបើអ្នកអាត្មានិយម ពុំមានភាពជាមនុស្សល្អ ហើយតែងតែជាប់ផុងក្នុងសញ្ញាណផ្សេងៗ ដោយស្រមៃពីរបៀបដែលព្រះជាម្ចាស់គួរប្រព្រឹត្ត ហើយពេលអ្នកជួបប្រទះរឿងដែលពុំស្របតាមសញ្ញាណរបស់អ្នក ប្រសិនបើអ្នកយល់ច្រឡំចំពោះព្រះជាម្ចាស់ ហើយមិនដែលយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ទេ ដូច្នេះ តើអ្នកនឹងអាចទទួលបានសេចក្ដីពិតដែរឬទេ? អ្នកនឹងមិនអាចទទួលបានសេចក្ដីពិតឡើយ។ ចុងក្រោយ នៅពេលដែលអ្នកមិនអាចទទួលបានសេចក្ដីពិត តើអ្នកនឹងស្ដីបន្ទោសខ្លួនឯង ស្ដីបន្ទោសអ្នកដទៃ ឬក៏ស្ដីបន្ទោសព្រះជាម្ចាស់ថាព្រះជាម្ចាស់មិនយុត្តិធម៌មែនទេ? (យើងនឹងស្ដីបន្ទោសខ្លួនឯង។) ត្រឹមត្រូវហើយ អ្នកនឹងស្ដីបន្ទោសខ្លួនឯង។ ដូច្នេះ តើមនុស្សម្នាក់បែបនេះ គួរធ្វើអ្វីដើម្បីទទួលបានសេចក្ដីពិត? ពួកគេត្រូវស្វែងរកសេចក្ដីពិត និងអនុវត្តសេចក្ដីពិត ហើយពួកគេត្រូវតែប្រព្រឹត្តខ្លួន និងអនុវត្តទៅតាមវិធីជាក់លាក់ទាំងនេះ។ ប្រសិនបើពួកគេយល់ តែមិនអនុវត្ត ពួកគេនឹងមិនអាចទទួលបានសេចក្ដីពិតឡើយ។ នៅពេលដែលអ្នកដឹងថា ក្នុងខ្លួនអ្នកមានភាពអាត្មានិយម និងមានគ្រោងការដើម្បីប្រយោជន៍ផ្ទាល់ខ្លួន អ្នកគួរតែអធិស្ឋានទៅព្រះជាម្ចាស់ ហើយស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយបញ្ហានេះ។ រឿងដំបូងគេដែលអ្នកគួរដឹងនោះគឺថា សារជាតិនៃការប្រព្រឹត្តបែបនេះ គឺជាការបំពានលើគោលការណ៍នៃសេចក្តីពិត វាប៉ះពាល់ដល់កិច្ចការរបស់ក្រុមជំនុំ ជាឥរិយាបថអាត្មានិយម និងគួរឱ្យស្អប់ខ្ពើម ហើយមនុស្សដែលមានសតិសម្បជញ្ញៈនិងហេតុផលមិនគួរធ្វើបែបនោះឡើយ។ អ្នកគួរតែលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន និងភាពអាត្មានិយមចោល ហើយគួរគិតពីកិច្ចការរបស់ក្រុមជំនុំវិញ។ នោះទើបជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ បន្ទាប់ពីបានអធិស្ឋាននិងឆ្លុះបញ្ចាំងពីខ្លួនឯងហើយ ប្រសិនបើអ្នកពិតជាដឹងមែនថា ការប្រព្រឹត្តបែបនេះ គឺជាទង្វើអាត្មានិយម និងគួរឱ្យស្អប់ខ្ពើម នោះអ្នកនឹងងាយស្រួលលះបង់ភាពអាត្មានិយមរបស់អ្នកជាក់ជាមិនខាន។ នៅពេលអ្នកលះបង់ភាពអាត្មានិយម និងគ្រោងការដើម្បីផលប្រយោជន៍របស់អ្នកចោល នោះអ្នកនឹងមានអារម្មណ៍ធូរស្បើយក្នុងចិត្ត អ្នកនឹងមានសេចក្ដីសុខសាន្ត មានសេចក្ដីអំណរ ក៏ដូចជាមានអារម្មណ៍ថា មនុស្សដែលមានសតិសម្បជញ្ញៈ និងហេតុផលគួរតែគិតពីកិច្ចការរបស់ពួកជំនុំ ហើយពួកគេមិនគួរផ្តោតសំខាន់តែលើផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេនោះទេ ដែលនោះជាទង្វើអាត្មានិយម គួរឱ្យស្អប់ខ្ពើម និងគ្មានសតិសម្បជញ្ញៈ ឬហេតុផលឡើយ។ ការប្រព្រឹត្តដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន ដោយគិតពីកិច្ចការរបស់ពួកជំនុំ ហើយធ្វើតែរឿងណាដែលផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់មួយមុខគត់ នោះទើបជាទង្វើសុចរិត និងមានកិត្តិយស ហើយនោះទើបជីវិតរបស់អ្នកនឹងមានតម្លៃ។ ពេលរស់នៅលើផែនដីតាមរបៀបនេះ អ្នកនឹងក្លាយជាមនុស្សស្មោះត្រង់និងឥតលាក់លៀម អ្នកនឹងបានរស់នៅក្នុងភាពជាមនុស្សធម្មតា និងក្នុងរូបកាយជាមនុស្សពិតប្រាកដ ហើយអ្នកមិនត្រឹមតែមានសតិសម្បជញ្ញៈជ្រះស្រឡះប៉ុណ្ណោះទេ តែថែមទាំងមានតម្លៃស័ក្តិសមនឹងទទួលបានគ្រប់យ៉ាងដែលព្រះជាម្ចាស់ប្រទានឱ្យអ្នកផងដែរ។ កាលណាអ្នករស់នៅបែបនេះកាន់តែច្រើន អ្នកនឹងមានអារម្មណ៍កាន់តែធូរស្បើយក្នុងចិត្ត កាន់តែកាន់តែមានសេចក្ដីសុខសាន្ត និងសេចក្ដីអំណរ ហើយអ្នកនឹងកាន់តែមានអារម្មណ៍ភ្លឺស្វាង។ បែបនេះ តើអ្នកនឹងមិនដើរលើផ្លូវនៃសេចក្ដីជំនឿលើព្រះជាម្ចាស់ដែលត្រឹមត្រូវទេឬអី?

មិនថានិស្ស័យពុករលួយរបស់មនុស្ស ដូចជា ភាពអាត្មានិយម សេចក្ដីកំណាញ់ ការបោកបញ្ឆោត និងការភូតកុហក អាចដោះស្រាយបានឬអត់នោះទេ គឺអាស្រ័យលើថាតើមនុស្សអាចទទួលយកសេចក្ដីពិតបានឬអត់។ អស់អ្នកណាដែលអាចទទួលយកសេចក្ដីពិតបាន សុទ្ធតែស្អប់និស្ស័យពុករលួយទាំងអស់ ពួកគេស្អប់ភាពអាត្មានិយម និងសេចក្ដីកំណាញ់ ក៏ដូចជាការបោកបញ្ឆោតនិងការភូតកុហករបស់ពួកគេផងដែរ។ ពួកគេមិនព្រមឱ្យអ្វីទាំងនេះប្រឡាក់ប្រឡូសខ្លួនពួកគេ ឬចងរឹតពួកគេបានឡើយ។ ឱ្យតែអ្នកដែលស្រឡាញ់សេចក្ដីពិត បានដឹងពីនិស្ស័យពុករលួយរបស់ពួកគេហើយ នោះពួកគេងាយនឹងបោះចោលកាកសំណល់ និងសំរាមមិនល្អណាស់។ អស់អ្នកណាដែលស្រឡាញ់សេចក្ដីពិត ចាត់ទុកអ្វីដែលអវិជ្ជមានទាំងនេះជាទ្រព្យ។ ពួកគេស្រឡាញ់ប្រយោជន៍ផ្ទាល់ខ្លួនខ្លាំងណាស់ ពួកគេមិនសុខចិត្តលះបង់សាច់ឈាមឡើយ ហើយពួកគេមានះរឹងរូសមិនព្រមកែនោះទេ។ ហេតុនេះ ពួកគេមិនដែលដឹងពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយពួកគេក៏មិនអាចចុះចូលនឹងទ្រង់បានដែរ។ គឺដោយសារមនុស្សពុំស្រឡាញ់ ឬពុំទទួលយកសេចក្ដីពិតនេះហើយ ទើបពួកគេជឿព្រះជាម្ចាស់រាប់សិបឆ្នាំក្នុងសេចក្ដីវង្វេងបែបនេះ។ នៅពេលដែលដល់ពេលពួកគេត្រូវធ្វើបន្ទាល់ អណ្ដាតរបស់ពួកគេគ្រលាស់មិនរួចទេ ហើយពួកគេនិយាយអ្វីមិនចេញឡើយ។ មនុស្សបានស្ដាប់ការអធិប្បាយអំពីសេចក្ដីពិតជាច្រើនឆ្នាំ ហើយពួកគេក៏បានដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ដែរ ដូច្នេះ អស់អ្នកណាដែលដេញតាមសេចក្ដីពិត គួរតែយល់ពីចំណុចនេះហើយ ប៉ុន្តែ អស់អ្នកណាដែលពុំស្រឡាញ់សេចក្ដីពិតទេ អ្នកនោះមិនព្រមចិត្តនិយាយការពិតនៅមុខព្រះជាម្ចាស់ឡើយ។ ចិត្តរបស់ពួកគេមិនព្រមលះបង់ចំណង់ចំណូលចិត្តខាងសាច់ឈាមឡើយ ដូច្នេះ ពួកគេមិនហ៊ានអនុវត្តសូម្បីនិយាយការពិតនៅចំពោះព្រះជាម្ចាស់ផង។ ពួកគេគ្រាន់តែចង់ទទួលព្រះគុណដែលព្រះជាម្ចាស់ប្រទានដល់មនុស្សតាមចិត្តពួកគេចង់បាន ប៉ុន្តែ ពួកគេពុំចង់អនុវត្តសេចក្ដីពិតដើម្បីគាប់ព្រះទ័យព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «ប្រសិនបើអ្នកចង់ទទួលបានព្រះគុណពីខ្ញុំ ប្រសិនបើអ្នកចង់ទទួលបានសេចក្ដីពិតទាំងនេះ គឺមានលក្ខខណ្ឌតែមួយគត់ នោះគឺ អ្នកត្រូវតែលះបង់ប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក ហើយប្រគល់ដួងចិត្តពិតប្រាកដរបស់អ្នកថ្វាយដល់ខ្ញុំ»។ មនុស្សមិនអាចធ្វើបានសូម្បីតែលក្ខខណ្ឌមួយនេះ ហើយពួកគេនៅតែចង់ទាមទារព្រះគុណពីព្រះជាម្ចាស់ ទាមទារសេចក្ដីស្ងប់សុខ និងសេចក្ដីអំណរ និងចង់ទទួលបានសេចក្ដីពិតទៀត។ ប៉ុន្តែ ពួកគេពុំចង់ប្រគល់ដួងចិត្តពិតប្រាកដរបស់ពួកគេថ្វាយទៅព្រះជាម្ចាស់ឡើយ ដូច្នេះ តើពួកគេជាមនុស្សប្រភេទណា? តើពួកគេមិនមែនជាប្រភេទនៃសាតាំងទេឬអី? តើពួកគេអាចធ្វើរឿងទាំងពីរយ៉ាងក្នុងពេលតែមួយបានទេ? ពិតណាស់ ពួកគេមិនអាចធ្វើបានឡើយ។ មិនថាអ្នកយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឬអត់នោះទេ និស្ស័យរបស់ទ្រង់ តែងតែបើកឱ្យមនុស្សដឹងដោយលាក់លៀមឡើយ។ ប្រសិនបើមនុស្សមិនដែលទទួលយកសេចក្ដីពិត ឬប្រសិនបើពួកគេយល់ពីសេចក្ដីពិត តែមិនបានអនុវត្តសេចក្ដីពិតទេ នោះគឺដោយសារពួកគេមានះរឹងរូសមិនព្រមកែខ្លាំងពេក ហើយពួកគេពុំបានប្រគល់ដួងចិត្តពួកគេថ្វាយដល់ព្រះជាម្ចាស់។ ហេតុនេះ ពួកគេមិនដែលអាចទទួលបានសេចក្ដីពិតឡើយ ហើយពួកគេក៏មិនអាចស្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់បានដែរ។ នេះគឺមិនមែនដោយសារព្រះជាម្ចាស់ប្រព្រឹត្តដាក់មនុស្សពុំយុត្តិធម៌នោះទេ។ មនុស្សតែងដកស្រង់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារឿយៗថា៖ «ព្រះជាម្ចាស់ប្រព្រឹត្តដាក់មនុស្សដោយព្រះគុណ» ប៉ុន្តែ ពួកគេពុំយល់ពីអត្ថន័យនៃឃ្លានេះទេ។ ផ្ទុយទៅវិញ ពួកគេយល់ច្រឡំលើព្រះជាម្ចាស់។ ពួកគេគិតថា ព្រះគុណកើតមកពីព្រះជាម្ចាស់ ថាព្រះអង្គប្រទានព្រះគុណដល់នរណាដែលទ្រង់នឹងត្រូវប្រទានព្រះគុណដល់គេ ហើយថា ព្រះអង្គនឹងធ្វើល្អដាក់នរណាដែលទ្រង់នឹងធ្វើត្រូវល្អដាក់គេ។ តើករណីគឺបែបនេះមែនទេ? តើនេះមិនមែនជាសញ្ញាណនិងការស្រមើស្រមៃរបស់មនុស្សទេឬអី? ព្រះជាម្ចាស់ប្រព្រឹត្ដដាក់មនុស្សផ្អែកតាមសារជាតិរបស់ពួកគេ។ នៅពេលដែលមនុស្សអាចគិតគូរពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងទទួលយកសេចក្ដីពិតបាន នោះពួកគេនឹងត្រូវព្រះជាម្ចាស់ប្រទានពរ។ ប្រសិនបើពួកគេពុំទទួលយកសេចក្ដីពិតទេ ហើយទាស់ទទឹងនឹងព្រះជាម្ចាស់ លទ្ធផលគឺខុសគ្នា។ តាមពិត ព្រះជាម្ចាស់មានយុត្តិធម៌ចំពោះមនុស្សគ្រប់គ្នា ហើយទ្រង់ប្រព្រឹត្តដាក់ពួកគេស្របទៅតាមគោលការណ៍ គ្រាន់តែថា មានមនុស្សជាតិមួយចំណែក ដែលមានចិត្តរឹងរូសខ្លាំងពេក ដូច្នេះ ព្រះជាម្ចាស់ត្រូវតែប្រព្រឹត្តដាក់ពួកគេខុសគ្នា។ រឿងដែលព្រះជាម្ចាស់ធ្វើដាក់មនុស្សម្នាក់ៗគឺខុសគ្នា ដែលនេះមានន័យថា ព្រះអង្គធ្វើអ្វីទៅតាមគោលការណ៍។ ព្រះជាម្ចាស់គឺសុចរិតចំពោះមនុស្សគ្រប់គ្នា។ ឧទាហរណ៍ មានមនុស្សជាច្រើនដែលពុំចូលមកចំពោះព្រះជាម្ចាស់ដើម្បីស្វែងរកសេចក្ដីពិតទេ។ ពួកគេចង់ត្រឹមពឹងផ្អែកលើដៃទាំងគូរបស់ពួកគេ ដើម្បីកសាងជីវិតនិងអនាគតល្អមួយសម្រាប់ខ្លួនពួកគេ។ ពួកគេចង់ធ្វើជាម្ចាស់លើវាសនានិងអនាគតផ្ទាល់ខ្លួន ហើយពួកគេគិតថា ការធ្វើជាម្ចាស់លើវាសនាខ្លួនឯង គឺស្ថិតនៅក្នុងដៃរបស់ពួកគេផ្ទាល់។ ពួកគេពុំទទួលយកអធិបតេយ្យភាព ឬផែនការរបស់ព្រះជាម្ចាស់ឡើយ ហើយក៏មិនដែលចុះចូលនឹងទ្រង់ដែរ ហើយពួកគេចង់ឱ្យព្រះជាម្ចាស់ធ្វើតាមចិត្តពួកគេ។ នៅពេលដែលពួកគេជំពប់ដួល ពួកគេរអ៊ូរទាំថា ព្រះជាម្ចាស់មិនយុត្តិធម៌។ តើនេះមានហេតុផលដែរឬទេ? ពួកគេពិតជាល្ងង់ខ្លៅ និងក្បាលរឹងខ្លាំងណាស់។ ប៉ុន្តែ ពួកគេតែងគិតថា ពួកគេឆ្លាត។ ពួកគេគិតថា៖ «មនុស្សខ្លះលះបង់គ្រួសាររបស់ខ្លួន ហើយពួកគេពុំចង់បានអ្វីនោះទេ។ ពួកគេចំណាយពេលទាំងអស់ដើម្បីបំពេញភារកិច្ចរបស់ពួកគេ ដោយប្រគល់ដួងចិត្តពិតប្រាកដថ្វាយព្រះជាម្ចាស់ ហើយតើពួកគេទទួលបានអ្វីត្រឡប់មកវិញ? ពួកគេមិនដឹងថា ព្រះជាម្ចាស់នឹងធ្វើអ្វីនៅពេលអនាគតទេ ប៉ុន្តែ ពួកគេប្រគល់គ្រប់យ៉ាង ដោយមិនទុកផ្លូវក្រោយសម្រាប់ខ្លួនឯងឡើយ។ មនុស្សទាំងអស់នេះ ល្ងង់ខ្លៅខ្លាំងណាស់! មើលចុះ ខ្ញុំឆ្លាតប៉ុនណា ខ្ញុំធ្វើតាមវិធីនេះ៖ ខ្ញុំជើងមួយជាន់ទូកពីរ។ ខ្ញុំមិនចាំបាច់ត្រូវលះបង់អ្វី ក៏មិនចាំបាច់ពន្យារពេលដែរ ហើយចុងក្រោយ ខ្ញុំក៏នឹងត្រូវបានសង្គ្រោះដូចគ្នា»។ តើម្នាក់នេះឆ្លាត ឬគេជាមនុស្សឆ្កួតទេ? (គេជាមនុស្សឆ្កួត។) ច្បាស់ណាស់ គេគឺជាមនុស្សឆ្កួត។ នៅពេលប្រៀបធៀបគ្នារវាងមនុស្សឆ្លាត និងមនុស្សល្ងង់ក្បាលរឹង ពួកគេមានភាពជាមនុស្សខុសគ្នា។ មនុស្សឆ្លាត មានភាពជាមនុស្សល្អ ចំណែកឯមនុស្សល្ងង់ក្បាលរឹង មានភាពជាមនុស្សមិនល្អទេ។ មនុស្សឆ្លាតទទួលយកសេចក្ដីពិត ចំណេកឯមនុស្សល្ងង់ក្បាលរឹង ពុំទទួលយកឡើយ ហើយលទ្ធផលចុងក្រោយរបស់ពួកគេ ក៏នឹងខុសគ្នាដែរ។

ក្នុងការបំពេញភារកិច្ច មានមនុស្សពីរប្រភេទធំៗ។ ប្រភេទទីមួយ គឺមនុស្សដែលលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ដោយស្មោះត្រង់ ចំណែកឯមនុស្សមួយប្រភេទទៀត តែងទុកផ្លូវក្រោយសម្រាប់ខ្លួនឯង។ តើអ្នករាល់គ្នាគិតថា មនុស្សប្រភេទណាដែលព្រះជាម្ចាស់នឹងលើកសរសើរ និងសង្រ្គោះ? (អស់អ្នកណាដែលលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ដោយពិតប្រាកដ។) ព្រះជាម្ចាស់ចង់ទទួលយកមនុស្សទាំងឡាយណាដែលលះបង់ខ្លួនដើម្បីទ្រង់ដោយពិតប្រាកដ។ តាមពិតទៅ ព្រះជាម្ចាស់ពុំមានសេចក្ដីតម្រូវអ្វីច្រើនចំពោះមនុស្សទេ។ ព្រះអង្គគ្រាន់តែតម្រូវឱ្យមនុស្សស្មោះត្រង់ នៅពេលដែលពួកគេបំពេញភារកិច្ចប៉ុណ្ណោះ។ ព្រះអង្គពុំចង់ដកយកផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកឡើយ។ ព្រះជាម្ចាស់បានប្រទានឱកាសជាច្រើនដល់អ្នករាល់គ្នា ដើម្បីបណ្ដុះបណ្ដាលអ្នកក្នុងការបំពេញភារកិច្ច និងកសាងទេពកោសល្យគ្រប់បែបយ៉ាង ហើយអ្វីដែលទ្រង់សព្វព្រះទ័យចង់បាន គឺភាពស្មោះត្រង់របស់មនុស្ស។ មិនថាអ្នកបំពេញភារកិច្ចរបស់អ្នកនៅកន្លែងណា ឬអ្នកមានភារកិច្ចអ្វីនោះទេ ព្រះជាម្ចាស់បានប្រទានលំហធំធូលាយបំផុតសម្រាប់អ្នក ដែលអ្នកអាចបង្កើតទេពកោសល្យនិងជំនាញរបស់អ្នកបាន ហើយចុងក្រោយ ព្រះជាម្ចាស់សព្វព្រះទ័យចង់ឱ្យអ្នកទទួលបានសេចក្ដីពិតនៅក្នុងមជ្ឈដ្ឋាននិងភារកិច្ចគ្រប់ប្រភេទ ដើម្បីយល់ពីបំណងព្រះហឫទ័យទ្រង់ និងរស់នៅក្នុងភាពដូចជាមនុស្ស។ នេះគឺជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ពុំចង់ដកយកអ្វីគ្រប់យ៉ាងពីអ្នកឡើយ ផ្ទុយទៅវិញ ព្រះអង្គចង់បំពេញគ្រប់យ៉ាងឱ្យអ្នកវិញទេ។ ព្រះអង្គចង់ប្រទានគ្រប់យ៉ាងដល់អ្នក។ មនុស្សខ្លះតែងមានគំនិតចង្អៀតចង្អល់។ ក្នុងពេលដែលពួកគេបានសិក្សាពីចំណេះដឹងវិជ្ជាជីវៈខ្លះនៅខាងលោកីយ៍ ពួកគេគិតថា ប្រសិនបើពួកគេបំពេញភារកិច្ចរបស់ខ្លួន នោះពួកគេមុខជាទុកចំណេះដឹងវិជ្ជាជីវៈរបស់ពួកគេចោលមិនខាន។ ទោះបីជាមកដល់ថ្នាក់លែងប្រើការកើត ប៉ុន្តែ តើនោះមិនរាប់ថាខាតបង់ទៅហើយទេ? តាមរយៈការបំពេញភារកិច្ចរបស់អ្នកក្នុងពេលនេះ អ្នកនឹងទទួលបានសេចក្ដីពិតនិងជីវិត។ បើធ្វើការប្រៀបធៀបគ្នា តើមួយណាមានតម្លៃជាង៖ ចំណេះដឹងគ្មានបានការនិងប្រើការមិនកើត ឬសេចក្ដីពិតនិងជីវិត? ច្បាស់ណាស់ថា អ្វីដែលមានប្រយោជន៍ពិតប្រាកដ ដែលអ្នកបានរៀនសូត្រអាចត្រូវបង្កើតឡើងនិងប្រើប្រាស់បាន នៅពេលដែលអ្នកបំពេញភារកិច្ចរបស់អ្នក។ ប្រសិនបើអ្នកប្រើអ្វីដែលមានប្រយោជន៍ទាំងនេះដើម្បីបំពេញភារកិច្ចរបស់អ្នក តើការចងចាំរបស់អ្នកអំពីអ្វីទាំងនេះ មិនមែនកាន់តែច្បាស់ទេឬអី? ការចង់ចាំពីអ្វីដែលអ្នកពុំប្រើការ គឺរំខាន និងមិនងាយស្រួលទេ ដូច្នេះ ការបណ្ដោយឱ្យវាលែងប្រើការ គឺមិនមែងជារឿងអាក្រក់អ្វីនោះទេ។ ពេលនេះ សកម្មភាពកែកម្សាន្ត និងជំនាញរបស់អ្នករាល់គ្នា ត្រូវបានបង្កើតឡើង នៅពេលដែលអ្នកបំពេញភារកិច្ច។ ជាងនេះទៅទៀត នៅពេលដែលអ្នករាល់គ្នាបំពេញភារកិច្ចក្នុងនាមជាភាវដែលព្រះបង្កើតមក ក្នុងអំឡុងរយៈពេលនេះ អ្នកអាចយល់ពីសេចក្ដីពិត និងចូលទៅក្នុងផ្លូវជីវិតដែលត្រឹមត្រូវបាន។ ពិតជារឿងដ៏រីករាយ និងពិតជាសំណាងល្អមែន! មិនថាអ្នកយល់ឃើញយ៉ាងណានោះទេ រឿងនេះមិនមែនជាការខាតបង់ឡើយ។ នៅពេលអ្នករាល់គ្នាដើរតាមព្រះជាម្ចាស់ ត្រូវនៅឱ្យឆ្ងាយពីកន្លែងនៃអំពើបាប ហើយនៅឱ្យឆ្ងាយពីក្រុមមនុស្សទុច្ចរិត យ៉ាងហោចណាស់ ក៏គំនិតនិងដួងចិត្តរបស់អ្នក នឹងមិនបន្តរងទុក្ខដោយសេចក្ដីពុករលួយ និងការជាន់ឈ្លីពីសំណាក់សាតាំងដែរ។ អ្នកបានមកដល់ដីបរិសុទ្ធមួយកន្លែង បានចូលមកចំពោះព្រះជាម្ចាស់។ តើនេះមិនមែនសំណាងល្អអស្ចារ្យទេឬអី? មនុស្សចាប់ជាតិសាជាថ្មី ពីមួយជំនាន់ទៅមួយជំនាន់ រហូតមកទល់ពេលសព្វថ្ងៃនេះ ហើយតើពួកគេមានឱកាសបែបនេះច្រើនប៉ុនណា? មានតែមនុស្សដែលកើតនៅក្នុងគ្រាចុងក្រោយនេះទេ ដែលមានឱកាសបែបនេះ មិនអ៊ីចឹង? នេះគឺជារឿងដ៏ល្អខ្លាំងណាស់! នេះមិនមែនជារឿងខាតបង់នោះទេ វាជាសំណាងល្អបំផុត។ អ្នកគួរតែសប្បាយចិត្តខ្លាំងទើបត្រូវ! ក្នុងនាមជាភាវៈដែលព្រះបង្កើតមក ក្នុងចំណោមភាវៈទាំងឡាយ ក្នុងចំណោមមនុស្សពីរបីពាន់លាននាក់នៅលើផែនដីនេះ តើមានមនុស្សប៉ុន្មាននាក់ដែលមានឱកាសក្នុងការធ្វើបន្ទាល់អំពីកិច្ចការរបស់ព្រះអាទិករនៅក្នុងអត្តសញ្ញាណជាភាវៈដែលព្រះបង្កើតមក ដើម្បីបំពេញភារកិច្ចនិងទំនួលខុសត្រូវរបស់ពួកគេក្នុងចំណោមកិច្ចការរបស់ព្រះជាម្ចាស់ទៅ? តើនរណាដែលមានឱកាសបែបនេះ? តើមានមនុស្សបែបនេះច្រើនដែរឬទេ? មានតិចតួចខ្លាំងណាស់! តើមានផលធៀបប៉ុន្មាន? មួយក្នុងមួយម៉ឺននាក់? អត់ទេ គឺតិចជាងនេះទៅទៀត! ជាពិសេស អ្នករាល់គ្នាដែលអាចប្រើប្រាស់ជំនាញរបស់ខ្លួន និងចំណេះដឹងដែលអ្នករាល់បានរៀនសូត្រ ដើម្បីបំពេញភារកិច្ចរបស់ខ្លួន តើអ្នកមិនមែនមានព្រះពរខ្លាំងទេឬអី? អ្នកពុំបានធ្វើបន្ទាល់ពីមនុស្សឡើយ ហើយអ្វីដែលអ្នកធ្វើ ក៏មិនមែនជារបរចិញ្ចឹមជីវិតដែរ។ បុគ្គលដែលអ្នកបម្រើ គឺជាព្រះអាទិករ។ នេះគឺជារឿងដ៏ល្អ និងមានតម្លៃបំផុត! អ្នករាល់គ្នាគួរមានមោទនភាពទើបត្រូវ មែនអត់? (យើងគួរមានមោទនភាពមែន។) នៅពេលបំពេញភារកិច្ចរបស់ខ្លួន អ្នករាល់គ្នាទទួលបានការស្រោចស្រព និងការទំនុកបម្រុងពីព្រះជាម្ចាស់។ ជាមួយនឹងមជ្ឈដ្ឋានិងឱកាសដ៏ល្អបែបនេះ ប្រសិនបើអ្នកពុំទទួលបានអ្វីដែលសំខាន់ចាំបាច់ទេ ប្រសិនបើអ្នកពុំទទួលបានសេចក្ដីពិតទេ ដូច្នេះ តើអ្នកនឹងមិនមែនមានអារម្មណ៍ស្ដាយក្រោយអស់មួយជីវិតទេឬអី? ដូច្នេះ អ្នករាល់គ្នាត្រូវតែចាប់យកឱកាសដើម្បីបំពេញភារកិច្ចរបស់ខ្លួន ហើយមិនត្រូវបណ្ដោយឱ្យឱកាសនេះកន្លងផុតទៅនោះទេ។ នៅពេលបំពេញភារកិច្ច ត្រូវដេញតាមសេចក្ដីពិតឱ្យអស់ពីចិត្ត ហើយត្រូវយកសេចក្ដីពិតឱ្យបាន។ នេះគឺជារឿងមានតម្លៃបំផុតដែលអ្នកអាចធ្វើបាន ជាជីវិតដែលមានតម្លៃបំផុត! គ្មានមនុស្សណា ឬក្រុមមនុស្សណាក្នុងចំណោមភាវៈដែលព្រះបានបង្កើតមក ដែលទទួលបានព្រះពរច្រើនជាងអ្នករាល់គ្នាឡើយ។ តើពួកអ្នកមិនជឿព្រះរស់នៅដើម្បីអ្វី? ពួកគេរស់នៅដើម្បីចាប់កំណើតជាថ្មី និងដើម្បីការសប្បាយខាងលោកីយ៍។ តើអ្នករាល់គ្នារស់នៅដើម្បីអ្វី? អ្នករស់នៅដើម្បីបំពេញភារកិច្ចក្នុងនាមជាភាវៈដែលព្រះបានបង្កើតមក។ ជីវិតបែបនេះ គឺមានតម្លៃធំធេងខ្លាំងណាស់! ដូច្នេះ អ្នករាល់គ្នាមិនគួរមើលស្រាលភារកិច្ចដែលអ្នកធ្វើឡើយ ហើយក៏មិនត្រូវលះបង់ភារកិច្ចនោះចោលដែរ។ ការបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អ និងការអនុវត្តបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ គ្រាន់តែប៉ុណ្ណេះគឺរឿងសំខាន់និងមានអត្ថន័យខ្លាំងបំផុតទៅហើយ។

ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥

ខាង​ដើម៖ សារជាតិរបស់ព្រះគ្រីស្ទ គឺជាសេចក្តីស្រឡាញ់

បន្ទាប់៖ មានតែលះចោលនូវនិស្ស័យពុករលួយរបស់ខ្លួនចេញទេ ទើបមនុស្សម្នាក់អាចទទួលបានសេរីភាព និងការដោះលែង

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ