វិធីស្គាល់សារជាតិជាព្រះរបស់ព្រះគ្រីស្ទ

05-09-2021

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ត្រូវបានហៅថាជាព្រះគ្រីស្ទ ហើយព្រះគ្រីស្ទក៏ជាសាច់ឈាម ដែលត្រូវបានបំពាក់ដោយព្រះវិញ្ញាណនៃព្រះផងដែរ។ សាច់ឈាមនេះមិនដូចមនុស្សណាផ្សេងដែលកើតចេញពីសាច់ឈាមទេ។ ភាពខុសគ្នាគឺថា ព្រះគ្រីស្ទមិនបានប្រសូត្រមកពីសាច់ និងឈាមឡើយ ប៉ុន្តែ ទ្រង់គឺជាការយកកំណើតរបស់ព្រះវិញ្ញាណវិញ។ ព្រះអង្គមានទាំងភាពជាមនុស្សសាមញ្ញ និងភាពជាព្រះដ៏ពេញលេញ។ ភាពជាព្រះរបស់ទ្រង់មិនត្រូវបានកាន់កាប់ដោយមនុស្សណាម្នាក់ឡើយ។ ភាពជាមនុស្សសាមញ្ញរបស់ទ្រង់ជួយទ្រទ្រង់នូវសកម្មភាពសាមញ្ញទាំងអស់របស់ទ្រង់នៅក្នុងសាច់ឈាម ចំណែកឯភាពជាព្រះរបស់ទ្រង់វិញ ជួយប្រតិបត្តិកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ មិនថាព្រះអង្គនៅក្នុងភាពជាមនុស្ស ឬភាពជាព្រះឡើយ ទ្រង់តែងតែចុះចូលតាមព្រះហឫទ័យ របស់ព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ជានិច្ច។ សារជាតិរបស់ព្រះគ្រីស្ទ គឺជាព្រះវិញ្ញាណដែលជាភាពជាព្រះ។ ដូច្នេះ សារជាតិរបស់ទ្រង់គឺមកពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ សារជាតិនេះនឹងមិនរំខានដល់កិច្ចការរបស់ទ្រង់ផ្ទាល់ ហើយទ្រង់មិនអាចធ្វើអ្វីមួយដែលបំផ្លាញដល់កិច្ចការរបស់ទ្រង់ផ្ទាល់ ឬក៏នឹងមានបន្ទូលអ្វីមួយដែលទាស់ប្រឆាំងនឹងព្រះហឫទ័យរបស់ទ្រង់ផ្ទាល់ឡើយ។

(«សារជាតិរបស់ព្រះគ្រីស្ទ គឺជាការស្ដាប់បង្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះដែលយកកំណើតជាមនុស្ស នឹងមានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះដែលយកកំណើតជាមនុស្ស នឹងមានការសម្ដែងរបស់ព្រះជាម្ចាស់។ ដោយសារតែព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដូច្នេះ ទ្រង់នឹងសម្រេចកិច្ចការដែលទ្រង់ចង់ធ្វើ ហើយដោយសារតែព្រះជាម្ចាស់ បានត្រលប់ជាសាច់ឈាម ដូច្នេះទ្រង់នឹងសម្ដែងអំពីលក្ខណៈរបស់ទ្រង់ ហើយទ្រង់នឹងអាចនាំសេចក្តីពិតទៅកាន់មនុស្ស ប្រទានជីវិតដល់គេ និងដឹកនាំផ្លូវគេ។ សាច់ឈាមដែលគ្មានសារជាតិរបស់ព្រះជាម្ចាស់ ច្បាស់ណាស់ថាមិនមែនជាព្រះដែលយកកំណើតជាមនុស្ស ដូច្នេះវាគ្មានអ្វីដែលត្រូវសង្ស័យឡើយ។ ប្រសិនបើមនុស្សមានបំណងចង់សួរនាំថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ឬយ៉ាងណា ដូច្នេះ គេត្រូវតែបញ្ជាក់អះអាងការនេះ ដោយចេញពីនិស្ស័យដែលទ្រង់បង្ហាញចេញ និងព្រះបន្ទូលដែលទ្រង់មានបន្ទូល។ អាចនិយាយបានថា ដើម្បីបញ្ជាក់អះអាងថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងថាតើវាជាផ្លូវដ៏ពិតឬអត់ នោះគេត្រូវតែធ្វើការវែកញែកវា ដោយឈរលើមូលដ្ឋាននៃសារជាតិរបស់ទ្រង់។ ហើយដើម្បីកំណត់ថា តើវាជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឬយ៉ាងណា ចំណុចគន្លឹះស្ថិតនៅលើសារជាតិរបស់ទ្រង់ (កិច្ចការរបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ និស្ស័យរបស់ទ្រង់ និងទិដ្ឋភាពជាច្រើនផ្សេងទៀត) ជាជាងផ្អែកលើរូបរាងពីខាងក្រៅ។ បើមនុស្សពិនិត្យពិច័យទៅលើតែរូបរាងខាងក្រៅរបស់ទ្រង់ ហើយបែរជាមើលរំលងសារជាតិរបស់ទ្រង់ នោះវាបង្ហាញថា មនុស្សពិតជាងងឹតងងល់ និងល្ងង់ខ្លៅហើយ។

(«អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ការស្គាល់ព្រះជាម្ចាស់ត្រូវតែសម្រេច តាមរយៈការអាន និងការយល់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្នកខ្លះនិយាយថា៖ «ខ្ញុំមិនបានឃើញព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សផង តើខ្ញុំអាចស្គាល់ព្រះជាម្ចាស់បានយ៉ាងដូចម្ដេចទៅ?» តាមពិតទៅ ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាការសម្ដែងចេញអំពីនិស្ស័យរបស់ទ្រង់។ ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកអាចមើលឃើញពីសេចក្តីស្រឡាញ់ និងសេចក្តីសង្រ្គោះរបស់ទ្រង់សម្រាប់មនុស្ស ក៏ដូចជាវិធីសាស្ត្ររបស់ទ្រង់ក្នុងការសង្រ្គោះពួកគេផងដែរ...។ នោះគឺដោយសារតែព្រះបន្ទូលត្រូវបានបង្ហាញចេញដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ មិនមែនត្រូវបានសរសេរឡើងដោយមនុស្សឡើយ។ ព្រះបន្ទូលទាំងនោះត្រូវបានបង្ហាញចេញដោយព្រះជាម្ចាស់ផ្ទាល់ ហើយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គកំពុងតែបង្ហាញព្រះបន្ទូលរបស់ទ្រង់ និងព្រះសូរសៀងខាងក្នុងរបស់ទ្រង់។ ហេតុអ្វីបានជាគេហៅព្រះបន្ទូលទាំងនេះថាជាព្រះបន្ទូលចេញពីព្រះហឫទ័យ? នោះគឺដោយសារតែព្រះបន្ទូលទាំងនេះត្រូវបានចេញមកពីជម្រៅខាងក្នុង ព្រមទាំងបង្ហាញពីនិស្ស័យ ព្រះហឫទ័យ ព្រះតម្រិះ សេចក្ដីស្រលាញ់របស់ទ្រង់ចំពោះមនុស្សជាតិ ការសង្គ្រោះមនុស្សជាតិរបស់ទ្រង់ និងសេចក្ដីរំពឹងទុករបស់ទ្រង់ចំពោះមនុស្សជាតិ...។ ព្រះសូរសៀងរបស់ព្រះជាម្ចាស់ រួមបញ្ចូលទាំងព្រះបន្ទូលគំរោះគំរើយ និងព្រះបន្ទូលទន់ភ្លន់ និងចេះគិតគូរ ហើយព្រះបន្ទូលបែបបើកសម្ដែងខ្លះទៀតក៏មិនស្របតាមសេចក្តីប៉ងប្រាថ្នារបស់មនុស្សដែរ។ បើអ្នកមើលទៅកាន់ព្រះបន្ទូលបែបបើកសម្ដែងតែម្យ៉ាង នោះអ្នកអាចមានអារម្មណ៍ថា ព្រះជាម្ចាស់ហាក់ដូចជាប្រិតប្រៀងខ្លាំងពេកហើយ។ បើអ្នកមើលទៅកាន់ព្រះបន្ទូលដ៏ទន់ភ្លន់តែម្យ៉ាង នោះអ្នកអាចមានអារម្មណ៍ថា ព្រះជាម្ចាស់ហាក់ដូចជាគ្មានសិទ្ធិអំណាចខ្លាំងនោះទេ។ ដូច្នេះ អ្នកមិនគួរយកព្រះបន្ទូលទាំងនោះចេញពីបរិបទឡើយ ផ្ទុយទៅវិញ គួរតែមើលទៅកាន់ព្រះបន្ទូលទាំងនោះចេញពីគ្រប់ជ្រុងជ្រោយវិញ។ ពេលខ្លះ ព្រះជាម្ចាស់មានបន្ទូលចេញពីទិដ្ឋភាពទន់ភ្លន់ និងក្ដួលអាណិត ហើយបន្ទាប់មក មនុស្សក៏មើលឃើញពីសេចក្តីស្រឡាញ់របស់ទ្រង់សម្រាប់មនុស្សជាតិ។ ពេលខ្លះទៀត ព្រះអង្គមានបន្ទូលចេញពីទិដ្ឋភាពប្រិតប្រៀងខ្លាំង បន្ទាប់មក មនុស្សមើលឃើញពីនិស្ស័យរបស់ទ្រង់ ដែលមិនត្រាប្រណីចំពោះសេចក្តីល្មើសឡើយ។ មនុស្សស្មោកគ្រោកយ៉ាងខ្លាំង ហើយគេមិនស័ក្ដិសមនឹងឃើញព្រះភក្ត្ររបស់ព្រះជាម្ចាស់ ឬមិនសមនឹងចូលមកចំពោះទ្រង់ឡើយ។ ការដែលមនុស្សត្រូវបានអនុញ្ញាតឱ្យចូលមកចំពោះទ្រង់ឥឡូវនេះ គឺដោយសារតែព្រះគុណរបស់ទ្រង់សុទ្ធសាធតែប៉ុណ្ណោះ។ ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់អាចត្រូវបានមើលឃើញចេញពីរបៀបដែលទ្រង់ធ្វើការ និងនៅក្នុងភាពសំខាន់នៃកិច្ចការរបស់ទ្រង់។ មនុស្សអាចនៅតែមើលឃើញរឿងរ៉ាវទាំងនេះនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ដោយមិនចាំបាច់មានទំនាក់ទំនងដោយផ្ទាល់ចេញពីទ្រង់ឡើយ។ នៅពេលមនុស្សម្នាក់ដែលស្គាល់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ មានទំនាក់ទំនងជាមួយព្រះគ្រីស្ទ នោះជំនួបរបស់គេជាមួយព្រះគ្រីស្ទអាចមានភាពស្របគ្នាជាមួយចំណេះដឹងដែលមានស្រាប់របស់ពួកគេអំពីព្រះជាម្ចាស់។ យ៉ាងណាមិញ នៅពេលមនុស្សម្នាក់ដែលមានតែការយល់ដឹងបែបទ្រឹស្ដី ជួបជាមួយព្រះជាម្ចាស់ នោះគេមិនអាចមើលឃើញពីភាពជាប់ទាក់ទងគ្នានេះឡើយ។ ទិដ្ឋភាពនៃសេចក្តីពិតនេះគឺជាផ្នែកដ៏ជ្រាលជ្រៅបំផុតនៃសេចក្តីអាថ៌កំបាំង ហើយវាក៏ពិបាកវាស់ស្ទង់ផងដែរ។ ចូរសង្ខេបព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាក់ទងនឹងសេចក្តីអាថ៌កំបាំងអំពីការយកកំណើតជាមនុស្ស ចូរមើលទៅកាន់ព្រះបន្ទូលចេញពីគ្រប់ជ្រុងជ្រោយ បន្ទាប់មក អធិស្ឋានជាមួយគ្នា សញ្ជឹងគិត និងប្រកបគ្នាថែមទៀតទៅលើទិដ្ឋភាពនៃសេចក្តីពិតនោះ។ ដោយធ្វើបែបនេះ អ្នកនឹងអាចទទួលបានការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ ហើយទទួលបានការយល់ដឹង។ ដោយសារតែមនុស្សគ្មានឱកាសមានទំនាក់ទំនងដោយផ្ទាល់ជាមួយព្រះជាម្ចាស់ ដូច្នេះ ពួកគេត្រូវតែពឹងអាងលើបទពិសោធន៍បែបនេះ ដើម្បីយល់ពីផ្លូវរបស់ខ្លួន ហើយចូលទៅបន្ដិចម្ដងៗ ដើម្បីទទួលបានចំណេះដឹងដ៏ពិតអំពីព្រះជាម្ចាស់។

«របៀបស្គាល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ទោះបីរូបរាងខាងក្រៅរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សដូចបេះដាក់ទៅនឹងមនុស្សក៏ដោយ ហើយទោះបីទ្រង់មានចំណេះដឹងរបស់មនុស្ស និងចេះនិយាយភាសារបស់មនុស្ស ហើយពេលខ្លះ ទោះបីជាទ្រង់បង្ហាញព្រះតម្រិះរបស់ទ្រង់តាមរយៈវិធីសាស្ត្រ ឬរបៀបនៃការនិយាយរបស់មនុស្សជាតិក៏ដោយ ក៏របៀបដែលទ្រង់ទតឃើញមនុស្សលោក និងទតឃើញសារជាតិនៃរឿងទាំងនោះ មិនដូចគ្នាទៅនឹងរបៀបដែលមនុស្សដ៏ពុករលួយមើលឃើញមនុស្សជាតិ និងសារជាតិនៃរឿងរ៉ាវនោះដែរ។ ទស្សនៈ និងការលើកឡើងរបស់ទ្រង់ដែលទ្រង់ប្រកាន់យក គឺជាអ្វីមួយដែលមនុស្សដ៏ពុករលួយមិនអាចយល់បានឡើយ។ នោះគឺដោយសារតែព្រះជាម្ចាស់ជាសេចក្តីពិត ដោយសារតែសាច់ឈាមដែលទ្រង់ពាក់នោះ ក៏មានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះតម្រិះរបស់ទ្រង់ និងការដែលភាពជាមនុស្សរបស់ទ្រង់បានសម្ដែងចេញនោះ ក៏ជាសេចក្តីពិតដែរ។ សម្រាប់មនុស្សដ៏ពុករលួយ អ្វីដែលទ្រង់សម្ដែងចេញនៅក្នុងសាច់ឈាម គឺជាការប្រទាននូវសេចក្ដីពិត និងជីវិត។ ការប្រទានមកនេះ មិនមែនគ្រាន់តែសម្រាប់មនុស្សម្នាក់ឡើយ ប៉ុន្តែ សម្រាប់មនុស្សជាតិទាំងអស់វិញ។ នៅក្នុងដួងចិត្តរបស់មនុស្សដ៏ពុករលួយ មានមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលមានទំនាក់ទំនងជាមួយពួកគេ។ ពួកគេខ្វល់ខ្វាយ និងយកចិត្តទុកដាក់ចំពោះតែមនុស្សមួយក្ដាប់តូចនេះប៉ុណ្ណោះ។ នៅពេលដែលគ្រោះមហន្តរាយលេចឡើង ជាដំបូង ពួកគេគិតដល់កូនចៅ ប្ដីប្រពន្ធ ឬឪពុកម្ដាយរបស់ពួកគេ។ លើសពីនេះទៅទៀត មនុស្សដែលកាន់តែមានចិត្តអាណិតអាសូរនឹងយកគំនិតមកគិតអំពីសាច់ញាតិបងប្អូន ឬមិត្តល្អមួយចំនួន ប៉ុន្តែ តើគំនិតរបស់បុគ្គលដែលមានចិត្តអាណិតអាសូរនេះ អាចបង្ហាញចេញលើសពីនេះដែរឬទេ? អត់ទេ គឺមិនអាចឡើយ! ដោយសារតែមនុស្សគឺជាមនុស្ស ហើយពួកគេអាចមើលទៅកាន់អ្វីៗគ្រប់យ៉ាងចេញពីការលើកឡើង និងទស្សនៈរបស់មនុស្សតែប៉ុណ្ណោះ។ យ៉ាងណាមិញ ព្រះដែលយកកំណើតជាមនុស្ស មានលក្ខណៈខុសស្រឡះពីមនុស្សលោកដ៏ពុករលួយ។ ទោះបីជាសាច់ឈាមនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់មានភាពសាមញ្ញ ធម្មតា ព្រមទាំងទន់ទាបកម្រិតណា ឬទោះបីជាមនុស្សចំអកមើលងាយទ្រង់យ៉ាងណាក៏ដោយ ក៏ព្រះតម្រិះ និងឥរិយាបថរបស់ទ្រង់ចំពោះមនុស្សជាតិ គឺជាអ្វីដែលគ្មានមនុស្សណាម្នាក់អាចមាន ឬយកតម្រាប់តាមបានឡើយ។ ទ្រង់នឹងតែងតែសង្កេតមើលមនុស្សចេញពីទស្សនៈនៃភាពជាព្រះ ចេញពីការលើកឡើងនៃមុខតំណែងរបស់ទ្រង់ ក្នុងនាមជាព្រះអាទិករ។ ទ្រង់នឹងតែងតែទតមើលឃើញមនុស្សជាតិ តាមរយៈសារជាតិ និងផ្នត់គំនិតរបស់ព្រះជាម្ចាស់។ ទ្រង់មិនអាចទតមើលមនុស្សជាតិចេញពីទស្សនៈទន់ទាបរបស់មនុស្សសាមញ្ញ ឬចេញពីទស្សនៈរបស់មនុស្សដ៏ពុករលួយនោះឡើយ។ នៅពេលដែលមនុស្សមើលទៅកាន់មនុស្សជាតិ ពួកគេមើលចេញពីភ្នែករបស់មនុស្ស ហើយពួកគេប្រើប្រាស់ចំណេះដឹង ក្បួនច្បាប់ និងទ្រឹស្ដីជាមនុស្សមកធ្វើជាខ្នាតវាស់វែង។ ការនេះស្ថិតនៅក្នុងវិសាលភាពនៃអ្វីដែលមនុស្សអាចមើលឃើញជាមួយភ្នែករបស់ពួកគេ និងវិសាលភាពដែលមនុស្សដ៏ពុករលួយអាចសម្រេចបាន។ នៅពេលដែលព្រះជាម្ចាស់ទតមើលទៅកាន់មនុស្សជាតិ ទ្រង់ទតមើលជាមួយព្រះនេត្រជាព្រះ ហើយទ្រង់ប្រើប្រាស់សារជាតិរបស់ទ្រង់ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ ធ្វើជាខ្នាតវាស់វែង។ វិសាលភាពនេះ រួមបញ្ចូលចំណុចដែលមនុស្សមិនអាចមើលឃើញ ហើយនេះជាទីកន្លែងដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងមនុស្សដ៏ពុករលួយមានលក្ខណៈខុសគ្នាស្រឡះ។ ភាពខុសគ្នានេះត្រូវបានកំណត់ ដោយសារជាតិខុសគ្នារបស់មនុស្ស និងរបស់ព្រះជាម្ចាស់ ព្រោះថាគឺជាសារជាតិខុសគ្នាទាំងនេះហើយដែលកំណត់ពីអត្តសញ្ញាណ និងមុខតំណែងរបស់ពួកគេ ក៏ដូចជាទស្សនៈ និងការលើកឡើងចេញពីអ្វីដែលពួកគេមើលឃើញ។

(«កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

អ្នកនឹងមិនដែលឃើញព្រះជាម្ចាស់មានទស្សនៈបែបនេះចំពោះមនុស្សលោកឡើយ ហើយលើសពីនេះ អ្នកក៏នឹងមិនឃើញទ្រង់ប្រើទស្សនៈ ចំណេះដឹង វិទ្យាសាស្ត្រ ទស្សនវិជ្ជា ឬការស្រមើស្រមៃរបស់មនុស្សជាតិ ដើម្បីដោះស្រាយរឿងទាំងនេះនោះដែរ។ ផ្ទុយទៅវិញ គ្រប់កិច្ចការដែលព្រះជាម្ចាស់ធ្វើ និងគ្រប់សេចក្តីដែលព្រះជាម្ចាស់បើកសម្ដែង ត្រូវបានផ្សារភ្ជាប់ជាមួយនឹងសេចក្តីពិត។ នោះមានន័យថា គ្រប់ទាំងព្រះបន្ទូលដែលទ្រង់បានថ្លែង និងគ្រប់ទាំងទង្វើដែលទ្រង់បានធ្វើ ត្រូវបានចងភ្ជាប់ទៅនឹងសេចក្តីពិត។ សេចក្តីពិតនេះមិនមែនជាផលដែលកើតចេញពីសេចក្តីរវើរវាយដែលគ្មានមូលដ្ឋាននោះទេ ប៉ុន្តែសេចក្តីពិតនេះ និងព្រះបន្ទូលទាំងនេះត្រូវបានបង្ហាញចេញពីព្រះជាម្ចាស់ តាមរយៈគុណធម៌នៃសារជាតិ និងព្រះជន្មរបស់ទ្រង់។ ដោយសារតែព្រះបន្ទូលទាំងនេះ និងសារជាតិនៃអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់បានធ្វើ ជាសេចក្តីពិត យើងអាចនិយាយបានថា សារជាតិរបស់ព្រះជាម្ចាស់ គឺបរិសុទ្ធ។ នៅម្យ៉ាងទៀត អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់មានបន្ទូល និងធ្វើ នាំមកនូវភាពក្លៀវក្លា និងពន្លឺទៅកាន់មនុស្ស ជួយឲ្យមនុស្សមើលឃើញរឿងវិជ្ជមាន និងភាពជាក់ស្ដែងនៃរឿងវិជ្ជមានទាំងនោះ ហើយចង្អុលផ្លូវសម្រាប់មនុស្ស ដើម្បីឲ្យពួកគេអាចដើរនៅក្នុងផ្លូវដ៏ត្រឹមត្រូវ។ រឿងទាំងអស់នេះត្រូវបានកំណត់ទុក ដោយសារជាតិរបស់ព្រះជាម្ចាស់ និងដោយសារជាតិនៃភាពបរិសុទ្ធរបស់ទ្រង់។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ V» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ទោះបីជាអ្នកមានបទពិសោធន៍ច្រើនទាក់ទងនឹងសង្គម និងរបៀបដែលអ្នករាល់គ្នារស់នៅជាក់ស្ដែង នៅក្នុងគ្រួសាររបស់អ្នក ហើយមានបទពិសោធន៍ក្នុងគ្រួសារ នេះក៏អាចត្រូវបានមើលឃើញ ក្នុងអ្វីដែលអ្នកបង្ហាញចេញឲ្យឃើញ ប៉ុន្តែអ្នកមិនអាចមើលឃើញក្នុងកិច្ចការនៃព្រះដែលយកកំណើតជាសាច់ឈាមឡើង ទោះបីជាទ្រង់មានបទពិសោធន៍ក្នុងសង្គមក៏ដោយ។ ទ្រង់ជ្រាប ច្បាស់អំពីសារៈសំខាន់របស់មនុស្ស ហើយអាចសម្ដែងចេញនូវការអនុវត្តគ្រប់យ៉ាង ទាក់ទងនឹងមនុស្សគ្រប់ប្រភេទទាំងអស់។ ព្រះអង្គរឹតតែពូកែខាងបើកបង្ហាញអំពីនិស្ស័យខូចអាក្រក់ និងចរិតបះបោររបស់មនុស្ស។ ព្រះអង្គមិនរស់នៅក្នុងចំណោមមនុស្សលោកនេះទេ តែទ្រង់ជ្រាបអំពីសន្ដានរបស់មនុស្ស និងចរិតខូចអាក្រក់របស់មនុស្សលោកដែរ។ នេះហើយគឺជាលក្ខណៈរបស់ព្រះអង្គ។ ទោះបីជាព្រះអង្គមិនដោះស្រាយជាមួយនឹងលោកិយ ក៏ទ្រង់ជ្រាបអំពីក្រឹត្យក្រមនៃការដោះស្រាយជាមួយលោកិយ ដ្បិតទ្រង់យល់ពីសន្ដានរបស់មនុស្សយ៉ាងពេញលេញ។ ព្រះអង្គជ្រាបអំពីកិច្ចការរបស់ព្រះវិញ្ញាណថា ភ្នែករបស់មនុស្សពុំអាចមើលឃើញ ហើយត្រចៀករបស់មនុស្សក៏មិនអាចស្ដាប់ឮ ទាំងកិច្ចការក្នុងពេលបច្ចុប្បន្ន និងកិច្ចការពីអតីតកាល។ កត្តានេះបូក រួមទាំងប្រាជ្ញាដែលមិនមែនជាទស្សនវិជ្ជា សម្រាប់ការរស់នៅ និងការអស្ចារ្យដែលមនុស្សពិបាកនឹងយល់។ នេះជាលក្ខណៈរបស់ទ្រង់ បើកទូលាយដល់មនុស្ស តែក៏លាក់កំបាំងពីមនុស្សដែរ។ អ្វីដែលទ្រង់បង្ហាញចេញ មិនមែនជាលក្ខណៈនៃបុគ្គលអស្ចារ្យនោះទេ តែគឺជា លក្ខណៈដែលទ្រង់មានតាំងតែពីដើម និងលក្ខណៈជាព្រះវិញ្ញាណ។ ព្រះអង្គមិនយាងជុំវិញផែនដីទេតែទ្រង់ជ្រាបគ្រប់យ៉ាងអំពីផែនដី។ ទ្រង់ទាក់ទង «មនុស្ស» ដែលគ្មានចំណេះដឹង ឬតម្រិះ ប៉ុន្តែទ្រង់បើកសម្ដែងនូវព្រះបន្ទូលដែលឧត្ដុង្គឧត្ដមជាងចំណេះដឹង ហើយខ្ពស់លើសមនុស្សអស្ចារ្យផង។ ព្រះអង្គគង់នៅក្នុងចំណោម មនុស្សខ្សោយបញ្ញា និងមនុស្សទំរន់ ជាមនុស្សដែលពុំមានភាពជាមនុស្ស ហើយក៏មិនយល់ពីទម្លាប់ និងជីវិតរបស់មនុស្សជាតិ ប៉ុន្តែទ្រង់អាចបង្គាប់ឲ្យមនុស្សជាតិស្ដែងចេញមកនូវភាពជាមនុស្សធម្មតា តាមការរស់នៅរបស់គេ ទាំងបង្ហាញពីមូលដ្ឋាន និងភាពជាមនុស្សតូចទាប របស់មនុស្សជាតិ ក្នុងពេលជាមួយគ្នាដែរ។ ទាំងអស់នេះ សុទ្ធតែជាលក្ខណៈរបស់ទ្រង់ ជាលក្ខណៈដែលខ្ពង់ខ្ពស់ជាងលក្ខណៈរបស់មនុស្សគ្រប់ៗគ្នា ដែលមានសាច់និងឈាម។ ចំពោះព្រះអង្គ ការទទួលបានបទពិសោធន៍ជីវិតសង្គម ដ៏ស្មុគស្មាញ លំបាកលំបិន និង គួរស្អប់ខ្ពើម ដើម្បីធ្វើកិច្ចការដែលទ្រង់ត្រូវធ្វើ និងដើម្បីបើកសម្ដែងអំពីសារៈសំខាន់នៃចរិតខូចអាក្រក់របស់មនុស្សឲ្យបានហ្មត់ចត់នោះ គឺវាមិនចាំបាច់ទេ។ ជីវិតសង្គមគួរឲ្យស្អប់ មិនទូន្មានសាច់ឈាមរបស់ទ្រង់បានឡើយ។ កិច្ចការ និងព្រះបន្ទូលរបស់ទ្រង់ បើកសម្ដែងត្រឹមតែភាពរឹងចចេសរបស់មនុស្ស និងមិនផ្ដល់នូវបទពិសោធន៍ និងមេរៀនសម្រាប់ការដោះស្រានឹងលោកិយនេះឡើយ។ ព្រះអង្គមិនចាំបាច់ស្រាវជ្រាវអំពីសង្គម ឬគ្រួសាររបស់មនុស្សនៅពេលដែលទ្រង់ប្រទាននូវជីវិតដល់មនុស្សឡើយ។ ការលាតត្រដាង និងការជំនុំជម្រះមនុស្ស ពុំមែនជាការបង្ហាញអំពីបទពិសោធន៍ខាងសាច់ ឈាមរបស់ទ្រង់ទេ វាជាការបើកសម្ដែងអំពីភាពទុច្ចរិតរបស់មនុស្ស បន្ទាប់ពីបានស្គាល់ចរិតរឹងចចេសរបស់គេយូរមកហើយ និងជាការស្អប់ខ្ពើមចរិតខូចអាក្រក់របស់មនុស្សជាតិ។ កិច្ចការគ្រប់យ៉ាងដែលទ្រង់ធ្វើ គឺសុទ្ធតែដើម្បីបង្ហាញអំពីនិស្ស័យរបស់ទ្រង់ដល់មនុស្សលោក និងដើម្បីបង្ហាញអំពីលក្ខណៈរបស់ទ្រង់។ មានតែទ្រង់ទេទើបអាចធ្វើកិច្ចការនេះបាន កិច្ចការនេះមិនមែនជាកិច្ចការដែលមនុស្សសាច់ឈាមអាចសម្រេចបាននោះ ទេ។ តាមរយៈកិច្ចការរបស់ទ្រង់ មនុស្សមិនអាចប្រាប់បានទេថា ទ្រង់ជាបុគ្គលបែបណា។ មនុស្សក៏មិនអាច ចាត់ថ្នាក់ទ្រង់ថាជាមនុស្សដែលត្រូវបានបង្កើត ដោយសម្អាងលើកិច្ចការរបស់ទ្រង់ដែរ។ លក្ខណៈរបស់ទ្រង់ក៏ធ្វើឲ្យគេមិនអាចចាត់ថ្នាក់ទ្រង់ជាមនុស្សដែលត្រូវបានបង្កើតមកឡើយ។ មនុស្សអាចត្រឹមចាត់ទុកព្រះអង្គជាជីវិតមួយដែលមិនមែនជាមនុស្ស ប៉ុន្តែមិនដឹងចាត់ថ្នាក់ ទ្រង់ ក្នុងប្រភេទមួយណាឡើយ ដូច្នេះមនុស្សត្រូវបង្ខំចាត់ថ្នាក់ព្រះអង្គ នៅក្នុងក្រុមអាទិទេពវិញ។ ការដែលមនុស្សធ្វើដូច្នេះ ក៏មិនមែនមិនសមហេតុផលដែរ ដ្បិតព្រះជាម្ចាស់បានធ្វើកិច្ចការជាច្រើនក្នុងចំណោមមនុស្ស ដែលសុទ្ធតែជាកិច្ចការដែលមនុស្សមិនអាចធ្វើបាន។

(«កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅពេលដែលព្រះជាម្ចាស់ធ្វើការនៅក្នុងសាច់ឈាមទ្រង់មិនដែលខកខាននឹងភារកិច្ចដែលមនុស្សនៅក្នុងសាច់ឈាមគួរតែបំពេញនោះឡើយ។ ទ្រង់អាចថ្វាយបង្គំព្រះជាម្ចាស់នៅស្ថានសួគ៌ ដោយចេញពីដួងចិត្តដ៏ពិត។ ទ្រង់មានសារជាតិរបស់ព្រះ ហើយអត្តសញ្ញាណរបស់ទ្រង់គឺមកពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ដោយសារតែទ្រង់បានយាងមកផែនដី ដើម្បីក្លាយជាមនុស្ស ដោយមានសំបកខាងក្រៅជាមនុស្ស ទើបឥឡូវនេះ ព្រះអង្គកាន់កាប់ភាពជាមនុស្ស ដែលទ្រង់មិនមានពីមុនមក។ ទ្រង់អាចថ្វាយបង្គំព្រះជាម្ចាស់នៅស្ថានសួគ៌។ នេះជាលក្ខណៈរបស់ព្រះជាម្ចាស់ផ្ទាល់ ហើយមនុស្សមិនអាចត្រាប់តាមបានឡើយ។ អត្តសញ្ញាណរបស់ទ្រង់ គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ វាចេញពីទិដ្ឋភាពខាងសាច់ឈាមថាទ្រង់ថ្វាយបង្គំព្រះជាម្ចាស់។ ដូច្នេះពាក្យដែលថា «ព្រះគ្រីស្ទថ្វាយបង្គំព្រះជាម្ចាស់នៅស្ថានសួគ៌» គឺគ្មានអ្វីខុសឡើយ។ អ្វីដែលទ្រង់ស្នើសុំពីមនុស្ស គឺជាអង្គទ្រង់ដោយផ្ទាល់តែម្ដង។ ទ្រង់បានសម្រេចគ្រប់កិច្ចការដែលទ្រង់ស្នើសុំពីមនុស្ស មុនពេលទ្រង់បានសុំពីពួកគេទៅទៀត។ បើព្រះអង្គផ្ទាល់មិនទាន់មានសេរីភាពពីសេចក្តីទាំងនេះទេ នោះទ្រង់នឹងមិនទាមទារវាពីមនុស្សឡើយ ព្រោះថាសេចក្តីទាំងអស់នេះផ្សំគ្នាឡើងជាអង្គរបស់ទ្រង់។ មិនថាទ្រង់ប្រតិបត្តិកិច្ចការរបស់ទ្រង់បែបណា ទ្រង់នឹងមិនប្រព្រឹត្តនៅក្នុងឥរិយាបថណាមួយដែលមិនស្ដាប់បង្គាប់ដល់ព្រះជាម្ចាស់ឡើយ។ មិនថាទ្រង់ស្នើសុំអ្វីពីមនុស្ស ទ្រង់នឹងមិនទាមទារលើសពីអ្វីដែលមនុស្សអាចទទួលនោះឡើយ។ រាល់អ្វីៗដែលទ្រង់ធ្វើ គឺធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងជាប្រយោជន៍សម្រាប់ការគ្រប់គ្រងរបស់ទ្រង់។ ភាពជាព្រះរបស់ព្រះគ្រីស្ទគឺខ្ពង់ខ្ពស់លើសមនុស្សទាំងអស់។ ដូច្នេះ ទ្រង់គឺជាសិទ្ធិអំណាចដ៏ខ្ពស់បំផុតលើអ្វីទាំងអស់ដែលបានបង្កើតមក។ សិទ្ធិអំណាចនេះគឺជាភាពជាព្រះរបស់ទ្រង់ ដែលជានិស្ស័យ និងលក្ខណៈព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលកំណត់ពីអត្តសញ្ញាណរបស់ទ្រង់។ ដូច្នេះ មិនថាភាពជាមនុស្សរបស់ទ្រង់សាមញ្ញាប៉ុនណា ប៉ុន្តែ វាមិនអាចប្រកែកបានឡើយថា ទ្រង់មានអត្តសញ្ញាណរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ មិនថាទ្រង់មានបន្ទូលចេញពីទស្សនៈបែបណា ឬស្ដាប់បង្គាប់តាមព្រះហឫទ័យរបស់ព្រះជាម្ចាស់យ៉ាងណា ក៏គេមិនអាចនិយាយថា ទ្រង់មិនមែនជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនោះឡើយ។

(«សារជាតិរបស់ព្រះគ្រីស្ទ គឺជាការស្ដាប់បង្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ដើម្បីបំពេញកិច្ចការខាងសាច់ឈាមប៉ុណ្ណោះ មិនមែនដើម្បីអនុញ្ញាតឲ្យមនុស្សមើលឃើញទ្រង់នោះទេ។ ផ្ទុយទៅវិញ ទ្រង់អនុញ្ញាតឲ្យកិច្ចការរបស់ទ្រង់ មកបញ្ជាក់ពីអត្តសញ្ញាណរបស់ទ្រង់ និងអនុញ្ញាតឲ្យអ្វីដែលទ្រង់បើកសម្ដែង បញ្ជាក់ពីសារជាតិរបស់ទ្រង់។ សារជាតិរបស់ទ្រង់មិនមែនគ្មានមូលដ្ឋានឡើយ ប៉ុន្តែ អត្តសញ្ញាណរបស់ទ្រង់មិនត្រូវបានក្ដោបក្ដាប់ដោយព្រះហស្តរបស់ទ្រង់ឡើយ ប៉ុន្តែ វាត្រូវបានកំណត់ដោយកិច្ចការ និងសារជាតិរបស់ទ្រង់។ ទោះបីទ្រង់មានសារជាតិរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ និងមានសមត្ថភាពធ្វើកិច្ចការរបស់ព្រះដោយផ្ទាល់ក៏ដោយ ប៉ុន្តែ ទ្រង់នៅតែជាសាច់ឈាម មិនមែនជាព្រះវិញ្ញាណឡើយ។ ទ្រង់មិនមែនជាព្រះជាម្ចាស់ដែលមានគុណសម្បត្តិនៃព្រះវិញ្ញាណឡើយ។ ទ្រង់ជាព្រះជាម្ចាស់ ដែលមានសំបកកាយជាសាច់ឈាម។ ដូច្នេះ មិនថាទ្រង់សាមញ្ញ និងទន់ខ្សោយប៉ុនណា ហើយទោះជាទ្រង់ស្វែងរកព្រះហឫទ័យរបស់ព្រះវរបិតាក៏ដោយ ប៉ុន្តែ ភាពជាព្រះរបស់ទ្រង់មិនអាចប្រកែកបានឡើយ។ នៅក្នុងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មិនគ្រាន់តែភាពជាមនុស្សសាមញ្ញ និងភាពកម្សោយប៉ុណ្ណោះទេ ប៉ុន្តែ ក៏មានភាពអស្ចារ្យ និងភាពមិនអាចស្ទង់បាននៃភាពជាព្រះរបស់ទ្រង់ ក៏ដូចជាគ្រប់ទង្វើរបស់ទ្រង់ នៅក្នុងសាច់ឈាមដែរ។ ដូច្នេះ ទាំងភាពជាមនុស្ស និងភាពជាព្រះមាននៅក្នុងព្រះគ្រីស្ទពិតៗនិងជាក់ស្ដែងតែម្ដង។ នេះមិនមែននៅក្នុងអ្វីមួយអន់បំផុត ឬហួសពីនិស្ស័យធម្មជាតិឡើយ។ ទ្រង់យាងមកកាន់ផែនដី ដោយមានគោលដៅដ៏ចម្បងមួយ គឺជាការប្រតិបត្តិកិច្ចការ។ វាជាការសំខាន់ដែលត្រូវមានភាពជាមនុស្សសាមញ្ញ ដើម្បីប្រតិបត្តិការងារនៅលើផែនដី ហើយទោះបីព្រះចេស្ដានៃភាពជាព្រះរបស់ទ្រង់ខ្លាំងប៉ុនណាក៏ដោយក៏វាមិនអាចយកទៅអនុវត្តជាប្រយោជន៍នៅក្នុងមុខងារដើមរបស់វាឡើយ។ ទោះបីភាពជាមនុស្សរបស់ទ្រង់មានភាពសំខាន់ខ្លាំងក៏ដោយ ក៏វាមិនមែនជាសារជាតិរបស់ទ្រង់ឡើយ។ សារជាតិរបស់ទ្រង់គឺជាភាពជាព្រះ។ ដូច្នេះ ចាប់ពីពេលដែលទ្រង់ផ្ដើមធ្វើព័ន្ធកិច្ចរបស់ទ្រង់នៅលើផែនដី នោះក៏ជាពេលដែលទ្រង់ចាប់ផ្ដើមបង្ហាញចេញពីលក្ខណៈនៃភាពជាព្រះរបស់ទ្រង់ដែរ។ ភាពជាមនុស្សរបស់ទ្រង់កើតមានឡើងគ្រាន់តែជួយទ្រទ្រង់ដល់ព្រះជន្មដ៏សាមញ្ញនៃសាច់ឈាមរបស់ទ្រង់ ដើម្បីឲ្យភាពជាព្រះរបស់ទ្រង់អាចអនុវត្តការងារបានជាធម្មតានៅក្នុងសាច់ឈាមតែប៉ុណ្ណោះ។ គឺភាពជាព្រះដែលចង្អុលបង្ហាញកិច្ចការរបស់ទ្រង់ទាំងស្រុង។ នៅពេលដែលទ្រង់បញ្ចប់កិច្ចការរបស់ទ្រង់ នោះព្រះអង្គក៏នឹងបញ្ចប់ព័ន្ធកិច្ចរបស់ទ្រង់ដែរ។ អ្វីដែលមនុស្សគួរតែដឹង គឺជាលក្ខណៈទាំងស្រុងនៃកិច្ចការរបស់ទ្រង់ ហើយតាមរយៈកិច្ចការរបស់ទ្រង់នេះហើយ ដែលទ្រង់ជួយឲ្យមនុស្សស្គាល់ពីទ្រង់។ ក្នុងអំឡុងពេលនៃកិច្ចការរបស់ទ្រង់ ព្រះអង្គដូចជាបង្ហាញចេញយ៉ាងពេញលេញពីលក្ខណៈនៃភាពជាព្រះរបស់ទ្រង់ ដែលមិនមែនជានិស្ស័យដែលត្រូវបានប្រឡាក់ស្មោកគ្រោកដោយភាពជាមនុស្ស ឬជាលក្ខណៈដែលប្រឡាក់ខូចដោយគំនិត និងឥរិយាបថរបស់មនុស្សឡើយ។ នៅពេលដែលគ្រានោះមកដល់ ជាពេលដែលព័ន្ធកិច្ចទាំងអស់របស់ទ្រង់បានមកដល់ទីបញ្ចប់ទ្រង់នឹងបានសម្ដែងចេញយ៉ាងគ្រប់លក្ខណ៍ និងយ៉ាងពេញលេញអំពីនិស្ស័យដែលទ្រង់គួរតែបានបង្ហាញចេញរួចមកហើយ។ កិច្ចការរបស់ទ្រង់មិនត្រូវបានដឹកនាំ ដោយសេចក្តីបង្រៀនរបស់មនុស្សណាម្នាក់ឡើយ។ ការសម្ដែងចេញនូវនិស្ស័យរបស់ទ្រង់គឺដោយសេរី ហើយមិនត្រូវបានគ្រប់គ្រង ឬកាន់កាប់ដោយការគិតឡើយ ប៉ុន្តែ ត្រូវបានបើកសម្ដែងដោយឯកឯងវិញ។ នេះជា អ្វីមួយដែលគ្មានមនុស្សណាម្នាក់អាចធ្វើបានឡើយ។ ទោះបីជាមជ្ឈដ្ឋានជុំវិញ មានភាពឃោរឃៅ ឬមានលក្ខខណ្ឌមិនអំណោយផលក្ដី ក៏ទ្រង់អាចសម្ដែង អំពីនិស្ស័យរបស់ទ្រង់ ក្នុងពេលសមរម្យបានដដែល។ ម្នាក់ដែលជាព្រះគ្រីស្ទ សម្ដែងលក្ខណៈរបស់ព្រះគ្រីស្ទ ខណៈអ្នកដែលមិនមែនជាព្រះគ្រីស្ទ គឺគេគ្មាននិស្ស័យរបស់ព្រះគ្រីស្ទឡើយ។ ដូច្នេះ ទោះបីជាមនុស្ស គ្រប់គ្នា ប្រឆាំងនឹងទ្រង់ ឬមានសញ្ញាណអំពីទ្រង់ក៏ដោយ ក៏គ្មាននរណាម្នាក់អាចបដិសេធចំពោះមូលដ្ឋាននៃសញ្ញាណរបស់មនុស្សថា និស្ស័យដែលត្រូវបានសម្ដែងចេញដោយព្រះគ្រីស្ទនោះ គឺមកពីព្រះជាម្ចាស់ដែរ។ អស់អ្នកដែលដេញតាមព្រះគ្រីស្ទជាមួយដួងចិត្តដ៏ពិត ឬស្វែងរកព្រះជាម្ចាស់ដោយស្មោះ នឹងទទួលស្គាល់ថា ទ្រង់ជាព្រះគ្រីស្ទ ដោយផ្អែកលើការសម្ដែងចេញនៃភាពជាព្រះរបស់ទ្រង់។ ពួកគេនឹងមិនបដិសេធព្រះគ្រីស្ទ ដោយផ្អែកលើទិដ្ឋភាពណាមួយរបស់ទ្រង់ ដែលមិនអនុលោមតាមសញ្ញាណរបស់មនុស្សឡើយ។ ទោះបីមនុស្សមានភាពល្ងីល្ងើខ្លាំងក៏ដោយ ប៉ុន្តែមនុស្សទាំងអស់ដឹងយ៉ាងច្បាស់អំពីអ្វីទៅជាឆន្ទៈរបស់មនុស្ស និងអ្វីទៅដែលមានប្រភពមកពីព្រះជាម្ចាស់។ វាគ្រាន់តែថា មនុស្សជាច្រើនប្រឆាំងនឹងព្រះគ្រីស្ទ ដោយចេញពីចេតនារបស់គេ។ បើមិនមែនហេតុផលនេះទេ នោះនឹងគ្មានមនុស្សណាម្នាក់មានហេតុផលបដិសេធពីអត្ថិភាពរបស់ព្រះគ្រីស្ទបានឡើយ ដ្បិតភាពជាព្រះដែលព្រះគ្រីស្ទបានសម្ដែងចេញមក គឺពិតជាមានជាប្រាកដមែន ហើយកិច្ចការរបស់ទ្រង់ទៀតសោតគឺអាចមើលឃើញដោយភ្នែកទទេតែម្ដង។

កិច្ចការ និងការសម្ដែងចេញមករបស់ព្រះគ្រីស្ទ គឺកំណត់អំពីសារជាតិរបស់ផងទ្រង់។ ទ្រង់អាចបញ្ចប់កិច្ចការដែលទ្រង់បានទទួល ដោយចេញពីចិត្តដ៏ពិត។ ទ្រង់អាចថ្វាយបង្គំព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌យ៉ាងអស់ពីចិត្តដ៏ពិត ហើយទ្រង់ស្វែងរកព្រះហឫទ័យរបស់ព្រះវរបិតាយ៉ាងអស់ពីចិត្តដ៏ពិត។ ការទាំងអស់នេះត្រូវបានកំណត់ដោយសារជាតិរបស់ទ្រង់។ ហើយការនេះក៏ជាការបើកសម្ដែងដោយឯកឯងរបស់ទ្រង់ ដែលត្រូវបានកំណត់ទុកដោយសារជាតិរបស់ទ្រង់ដែរ។ ហេតុផលដែលខ្ញុំហៅការនេះថា «ការបើកសម្ដែងដោយឯកឯង» របស់ទ្រង់ គឺដោយសារតែការបើកសម្ដែងរបស់ទ្រង់មិនមែនជាការត្រាប់តាម ឬជាលទ្ធផលចេញពីការដែលមនុស្សខិតខំរៀនសូត្រ ឬខំអភិវឌ្ឍខ្លួនជាច្រើនឆ្នាំនោះឡើយ។ ទ្រង់មិនបានរៀន ឬតាក់តែងអង្គទ្រង់ជាមួយការនេះឡើយ ផ្ទុយទៅវិញ វាបានមកជាប់ជាមួយទ្រង់ពីកំណើតតែម្ដង។ មនុស្សអាចបដិសេធកិច្ចការរបស់ទ្រង់ ការសម្ដែងចេញរបស់ទ្រង់ ភាពជាមនុស្សរបស់ទ្រង់ និងជីវិតទាំងស្រុងនៃភាពជាមនុស្សសាមញ្ញរបស់ទ្រង់បាន ប៉ុន្តែគ្មាននរណាម្នាក់អាចបដិសេធបានឡើយថា ទ្រង់ថ្វាយបង្គំព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌យ៉ាងអស់ពីចិត្តដ៏ពិត។ គ្មាននរណាម្នាក់អាចបដិសេធបានឡើយថា ទ្រង់បានយាងមក ដើម្បីបំពេញតាមព្រះហឫទ័យ នៃព្រះវរបិតាដែលគង់នៅស្ថានសួគ៌ហើយក៏គ្មាននរណាម្នាក់អាចបដិសេធពីភាពស្មោះសរក្នុងការដែលទ្រង់ស្វែងរកព្រះវរបិតានោះដែរ។ ទោះបីរូបភាពរបស់ទ្រង់មិនគាប់ភ្នែករបស់គេ សេចក្តីអត្ថាធិប្បាយរបស់ទ្រង់មិនចូលត្រចៀកគេ ហើយកិច្ចការរបស់ទ្រង់មិនធ្វើឲ្យកក្រើកមេឃរញ្ជួយដី ដូចអ្វីដែលមនុស្សស្រមើស្រមៃក៏ដោយ ប៉ុន្តែ ទ្រង់គឺជាព្រះគ្រីស្ទដ៏ពិតប្រាកដ ដែលសម្រេចតាមព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌យ៉ាងអស់ពីចិត្តដ៏ពិត ចុះចូលទាំងស្រុងចំពោះព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ហើយស្ដាប់បង្គាប់តាមទ្រង់លុះក្ស័យព្រះជន្ម។ នេះគឺដោយសារតែសារជាតិរបស់ទ្រង់ គឺជាសារជាតិរបស់ព្រះគ្រីស្ទ។ សេចក្តីពិតនេះពិបាកនឹងជឿសម្រាប់មនុស្ស ប៉ុន្តែ វាជាការពិត។ នៅពេលដែលព័ន្ធកិច្ចរបស់ព្រះគ្រីស្ទត្រូវបានសម្រេចយ៉ាងពេញលេញ នោះមនុស្សនឹងអាចមើលឃើញចេញពីកិច្ចការរបស់ទ្រង់ថា និស្ស័យ និងលក្ខណៈរបស់ទ្រង់តំណាងឲ្យនិស្ស័យ និងលក្ខណៈរបស់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌។ នៅពេលនោះ សេចក្តីសង្ខេបនៃគ្រប់កិច្ចការរបស់ទ្រង់អាចបញ្ជាក់បានថា ទ្រង់ពិតជាព្រះបន្ទូលដែលត្រលប់ជាសាច់ឈាម ហើយទ្រង់មិនដូចជាសាច់ឈាមរបស់មនុស្សឡើយ។

(«សារជាតិរបស់ព្រះគ្រីស្ទ គឺជាការស្ដាប់បង្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះវិញ្ញាណរបស់ព្រះគឺជាសិទ្ធិអំណាចមួយលើការបង្កើតទាំងអស់។ សាច់ឈាមដែលមានសារជាតិនៃព្រះ ក៏មាននូវសិទ្ធិអំណាចដែរ ប៉ុន្តែ ព្រះជាម្ចាស់នៅខាងក្នុងសាច់ឈាមអាចធ្វើគ្រប់កិច្ចការដែលស្ដាប់បង្គាប់តាមព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌។ មនុស្សណាផ្សេងមិនអាចទទួល ឬចាប់កំណើតដោយសិទ្ធិអំណាចនេះបានឡើយ។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គគឺជាសិទ្ធិអំណាច ប៉ុន្តែសាច់ឈាមរបស់ទ្រង់អាចចុះចូលចំពោះសិទ្ធិអំណាចរបស់ទ្រង់។ នេះជាអត្ថន័យរបស់វា នៅពេលដែលគេនិយាយថា «ព្រះគ្រីស្ទស្ដាប់បង្គាប់តាមព្រះហឫទ័យរបស់ព្រះវរបិតា»។ ព្រះជាម្ចាស់ជាព្រះវិញ្ញាណ ហើយទ្រង់អាចធ្វើកិច្ចការនៃសេចក្តីសង្រ្គោះដូចដែលព្រះជាម្ចាស់អាចក្លាយជាមនុស្សដែរ។ ទោះជាយ៉ាងណា ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គធ្វើកិច្ចការរបស់ទ្រង់។ ទ្រង់មិនរំខាន មិនជ្រៀតជ្រែក ហើយក៏មិនធ្វើកិច្ចការទាំងឡាយណាដែលផ្ទុយនោះដែរ ដ្បិតសារជាតិនៃកិច្ចការដែលត្រូវសម្រេចដោយព្រះវិញ្ញាណ និងសាច់ឈាម គឺជាកិច្ចការតែមួយ។ មិនថាជាព្រះវិញ្ញាណ ឬជាសាច់ឈាមឡើយ ព្រះអង្គទាំងពីរធ្វើការ ដើម្បីសម្រេចព្រះហឫទ័យតែមួយ និងគ្រប់គ្រងកិច្ចការដូចគ្នា។ ទោះបីព្រះវិញ្ញាណ និងសាច់ឈាមមានគុណសម្បត្តិពីរខុសគ្នាស្រឡះក៏ដោយ ប៉ុន្តែ សារជាតិរបស់ព្រះអង្គទាំងពីរគឺដូចគ្នា។ ព្រះអង្គទាំងពីរមានសារជាតិជាព្រះ និងអត្តសញ្ញាណរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គគ្មានសមាសធាតុនៃការមិនស្ដាប់បង្គាប់ឡើយ។ សារជាតិរបស់ទ្រង់គឺល្អ។ ទ្រង់ជាការសម្ដែងចេញនៃគ្រប់ទាំងភាពស្រស់ស្អាត និងសេចក្តីល្អ ក៏ដូចជារាល់សេចក្តីស្រឡាញ់ដែរ។ សូម្បីតែនៅក្នុងសាច់ឈាម ព្រះជាម្ចាស់មិនបានធ្វើអ្វីមួយដែលបំផ្លាញដល់ព្រះវរបិតាឡើយ។ សូម្បីតែពេល នៃការបូជាព្រះជន្មរបស់ទ្រង់ក៏ទ្រង់ព្រមធ្វើតាមយ៉ាងអស់ពីចិត្ត ហើយទ្រង់នឹងមិនជ្រើសយក ជម្រើសណាផ្សេងឡើយ។ ព្រះជាម្ចាស់គ្មានសមាសធាតុនៃការរាប់ខ្លួនឯងជាសុចរិត ការរាប់ខ្លួនឯងជា សំខាន់ ឬសមាសធាតុនៃសេចក្តីអួត និងសេចក្តីក្អេងក្អាងឡើយ ហើយសមាសធាតុនៃសេចក្តីវៀចវេរក៏ទ្រង់គ្មានដែរ។ អ្វីគ្រប់យ៉ាងដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ សុទ្ធតែមកពីអារក្សសាតាំង ព្រោះថាសាតាំងជាប្រភព នៃគ្រប់ទាំងសេចក្តីស្មោកគ្រោក និងសេចក្តីអាក្រក់។ ហេតុផលដែលមនុស្សមានលក្ខណៈសម្បត្តិស្រដៀងគ្នាទៅនឹងអារក្សសាតាំង គឺដោយសារតែមនុស្សត្រូវបានពុករលួយ និងកែខៃដោយអារក្សសាតាំង។ ព្រះគ្រីស្ទមិនត្រូវបានពុករលួយ ដោយអារក្សសាតាំងឡើយ ដូច្នេះ ទ្រង់មានចរិតលក្ខណៈរបស់ព្រះជាម្ចាស់តែម្ដង ហើយគ្មានសូម្បីតែបន្តិចនូវចរិតលក្ខណៈរបស់អារក្សសាតាំង។ មិនថាកិច្ចការពិបាកខ្លាំងប៉ុនណា ឬសាច់ឈាមទន់ខ្សោយយ៉ាងណា ក្នុងពេលដែលព្រះជាម្ចាស់រស់នៅក្នុងសាច់ឈាម ក៏ទ្រង់នឹងមិនដែលធ្វើអ្វីមួយដែលរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែរ រួមទាំងការបោះបង់ចោល និងការមិនស្ដាប់បង្គាប់តាមព្រះហឫទ័យ របស់ព្រះវរបិតាផង។ ផ្ទុយទៅវិញ ព្រះអង្គនឹងព្រមទទួលយកការឈឺចាប់ ខាងសាច់ឈាម ជាជាងក្បត់ចំពោះព្រះហឫទ័យរបស់ព្រះវរបិតា។ វាដូចអ្វីដែលព្រះយេស៊ូវបានអធិស្ឋានថា៖ «ឱព្រះវរបិតាអើយ! ប្រសិនបើអាច សូមឲ្យពែងនេះរំលងពីទូលបង្គំទៅ សូមកុំតាមចិត្តទូលបង្គំឡើយ តែសូមតាមបំណងព្រះហឫទ័យរបស់ទ្រង់វិញ»។ មនុស្សធ្វើតាមជម្រើសរបស់គេ ប៉ុន្តែ ព្រះគ្រីស្ទមិនធ្វើបែបនេះឡើយ។ ទោះបីទ្រង់មានអត្តសញ្ញាណរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គក៏ដោយ ប៉ុន្តែ ទ្រង់នៅតែស្វែងរកព្រះហឫទ័យរបស់ព្រះវរបិតា និងបំពេញកិច្ចការដែលព្រះវរបិតាបានប្រទានដល់ទ្រង់ ដោយចេញពីទិដ្ឋភាពខាងសាច់ឈាម។ នេះជាអ្វីមួយដែលមនុស្សមិនអាចយល់បាន។

(«សារជាតិរបស់ព្រះគ្រីស្ទ គឺជាការស្ដាប់បង្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

សាច់ឈាមដែលព្រះវិញ្ញាណនៃព្រះជាម្ចាស់សណ្ឋិត គឺជាសាច់ឈាមរបស់ព្រះជាម្ចាស់ផ្ទាល់។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ឧត្ដុង្គឧត្ដមណាស់។ ទ្រង់ប្រកបដោយព្រះចេស្ដា ទ្រង់បរិសុទ្ធ ហើយសុចរិតផង។ ដូចគ្នាដែរ សាច់ឈាមរបស់ទ្រង់ក៏ឧត្ដុង្គឧត្ដម ប្រកបដោយព្រះចេស្ដា បរិសុទ្ធ និងសុចរិតដែរ។ សាច់ឈាមបែបនេះ អាចធ្វើបានតែកិច្ចការណាដែលសុចរិត និងមានប្រយោជន៍ដល់មនុស្សជាតិប៉ុណ្ណោះ គឺជាកិច្ចការដែល បរិសុទ្ធ ប្រកបដោយសិរីល្អ និងប្រកបដោយព្រះ ចេស្ដា។ ទ្រង់មិនអាចធ្វើកិច្ចការដែលបំពានសេចក្ដីពិត បំពានសីលធម៌ និងភាពយុត្តិធម៌ ហើយរឹតតែមិនអាចធ្វើកិច្ចការដែលក្បត់នឹង វិញ្ញាណរបស់ព្រះជាម្ចាស់បានឡើយ។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ បរិសុទ្ធ ដូច្នេះសាច់ឈាមរបស់ទ្រង់ ក៏សាតាំងមិនអាចធ្វើឲ្យពុករលួយបានដែរ។ សាច់ឈាមរបស់ទ្រង់ ជាសាច់ឈាមដែលមានសារជាតិខុសពីសាច់ឈាមរបស់មនុស្ស។ ដ្បិតនេះជាមនុស្សដែលត្រូវសាតាំងធ្វើឲ្យពុករលួយ មិនមែនជាព្រះជាម្ចាស់ឡើយ។ សាតាំងមិនអាចធ្វើឲ្យសាច់ឈាមរបស់ព្រះជាម្ចាស់ពូករលួយបានឡើយ។ ហេតុនេះ ទោះបីជាមនុស្ស និងព្រះគ្រីស្ទ ស្ថិតនៅក្នុងកន្លែងតែមួយដូចគ្នា ក៏មានតែមនុស្សទេទើបត្រូវបានកាន់កាប់ ប្រើប្រាស់ និងជាប់អន្ទាក់សាតាំង។ ផ្ទុយទៅវិញ ព្រះគ្រីស្ទមិនរញ្ជួយដោយសារសេចក្ដីពុករលួយរបស់សាតាំងជានិរន្តន៍ ពីព្រោះសាតាំងមិនអាចចុះមកពីស្ថានដ៏ខ្ពស់បំផុត ហើយមិនអាចចូលមកកៀកនឹងព្រះជាម្ចាស់ឡើយ។ សព្វថ្ងៃនេះ អ្នករាល់គ្នាគប្បីដឹងថា គឺមានតែមនុស្សជាតិដែលត្រូវបានពុករលួយដោយសាតាំងទេ ទើបក្បត់ខ្ញុំ។ អំពើក្បត់មិនមែនជាបញ្ហាដែលពាក់ព័ន្ធនឹងព្រះគ្រីស្ទបន្តិចឡើយ។

(«បញ្ហាដ៏ធ្ងន់ធ្ងរមួយ៖ អំពើក្បត់ (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

បុគ្គលដែលមិនសំខាន់ម្នាក់នេះ បានដឹកនាំយើងចូលទៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់មួយជំហានម្ដងៗ ទាំងដែលយើងមិនដឹងខ្លួនសោះ។ យើងឆ្លងកាត់នូវទុក្ខលំបាករាប់មិនអស់ ទទួលទោសជាច្រើន និងត្រូវបានល្បងលដោយសេចក្ដីស្លាប់។ យើងរៀនសូត្រអំពីនិស្ស័យដ៏សុចរិត និងប្រកបដោយតេជានុភាពរបស់ព្រះជាម្ចាស់ ក៏រីករាយចំពោះសេចក្ដីស្រលាញ់ និងសេចក្ដីមេត្តាករុណារបស់ទ្រង់ ព្រមទាំងចាប់ផ្ដើមកោតសរសើរអំពីព្រះចេស្ដា និងព្រះប្រាជ្ញាញាណដ៏អស្ចារ្យរបស់ទ្រង់ ធ្វើបន្ទាល់ពីសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ និងសម្លឹងមើលព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែលចង់ជួយសង្គ្រោះមនុស្ស។ តាមរយៈពាក្យសម្ដីរបស់បុគ្គលធម្មតាម្នាក់នេះ យើងចាប់ផ្ដើមស្គាល់អំពីនិស្ស័យ និងលក្ខណៈរបស់ព្រះជាម្ចាស់ ចាប់ផ្ដើមយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ស្គាល់និស្ស័យ និងលក្ខណៈរបស់មនុស្ស ព្រមទាំងមើលឃើញផ្លូវទៅកាន់សេចក្ដីសង្គ្រោះ និងភាពគ្រប់លក្ខណ៍ផងដែរ។ ព្រះបន្ទូលរបស់ទ្រង់បណ្ដាលឲ្យយើង «ស្លាប់» ហើយព្រះបន្ទូលទាំងនោះក៏បណ្ដាលឲ្យយើង «កើតជាថ្មី» ដែរ។ ព្រះបន្ទូលរបស់ទ្រង់នាំយកមកនូវការកំសាន្ដចិត្តដល់យើង ប៉ុន្ដែក៏នាំមកនូវការឈឺចាប់គ្មានព្រំដែនដែរ។ ពេលខ្លះ យើងដូចជាកូនចៀមដែលយកទៅសម្លាប់នៅក្នុងព្រះហស្ដទ្រង់ ពេលខ្លះ យើងប្រៀបបីដូចជាប្រសី្រព្រះនេត្ររបស់ទ្រង់ និងរីករាយចំពោះសេចក្ដីស្រលាញ់ដ៏ផ្អែមល្ហែមរបស់ទ្រង់ ពេលខ្លះទៀតយើងប្រៀបបីដូចជាខ្មាំងសត្រូវរបស់ទ្រង់ ហើយស្ថិតក្រោមការឃ្លាំមើលរបស់ទ្រង់ក៏ប្រែក្លាយទៅជាផែះដោយសារសេចក្ដីក្រោធរបស់ទ្រង់។ យើងគឺជាពូជមនុស្សដែលបានសង្គ្រោះដោយសារទ្រង់ យើងគឺជាដង្កូវនៅក្នុងព្រះនេត្រទ្រង់ ហើយយើងគឺជាកូនចៀមវង្វេងដែលទ្រង់បានបន្ទាបព្រះអង្គទ្រង់តាមរកទាំងយប់ទាំងថ្ងៃ។ ទ្រង់ពេញដោយសេចក្ដីមេត្តាករុណាចំពោះយើង ទ្រង់ស្អប់យើង ទ្រង់លើកយើងឡើង ទ្រង់កំសាន្ដចិត្តយើង ហើយណែនាំយើង ទ្រង់ដឹកនាំយើង ទ្រង់បំភ្លឺយើង ទ្រង់វាយផ្ចាល និងដាក់វិន័យយើង ហើយទ្រង់ក៏ដាក់បណ្ដាសាយើងដែរ។ ទាំងយប់ទាំងថ្ងៃ ទ្រង់មិនដែលឈប់បារម្ភពីយើងឡើយ ហើយទ្រង់ការពារ និងថែរក្សាយើងទាំងយប់ទាំងថ្ងៃ ដោយមិនមិនឃ្លាតឆ្ងាយពីយើងឡើយ ប៉ុន្ដែទ្រង់បានបង្ហូរព្រះលោហិតពីបេះដូងរបស់ទ្រង់សម្រាប់ជាប្រយោជន៍ដល់យើង និងបង់តម្លៃគ្រប់យ៉ាងជំនួសយើង។ នៅក្នុងព្រះបន្ទូលនៃរូបកាយជាសាច់ឈាមដ៏តូច និងធម្មតានេះ យើងក៏បានរីករាយនឹងភាពពេញលេញរបស់ព្រះជាម្ចាស់ ព្រមទាំងបានមើលឃើញវាសនាដែលព្រះជាម្ចាស់បានប្រទានដល់យើងទៀតផង។ ទោះជាយ៉ាងនេះក្ដី ភាពឥតប្រយោជន៍នៅតែបង្កបញ្ហានៅក្នុងដួងចិត្តរបស់យើងដដែល ហើយយើងនៅតែមិនព្រមទទួលយកបុគ្គលបែបនេះ មកធ្វើជាព្រះជាម្ចាស់របស់យើងដដែល។ ទោះបីជាទ្រង់បានប្រទាននំម៉ាណាជាច្រើនដល់យើង ដើម្បីឲ្យយើងរីករាយច្រើនប៉ុណ្ណាក៏ដោយ ក៏គ្មានអ្វីមួយក្នុងចំណោមនេះអាចជំនួសកន្លែងរបស់ព្រះអម្ចាស់នៅក្នុងដួងចិត្តយើងបានដែរ។ យើងលើកតម្កើងអត្តសញ្ញាណ និងឋានៈដ៏ពិសេសរបស់បុគ្គលម្នាក់នេះ ត្រឹមតែដោយភាពស្ទាក់ស្ទើរខ្លាំងប៉ុណ្ណោះ។ ដរាបណាទ្រង់មិនបើកព្រះឱស្ឋរបស់ទ្រង់ប្រាប់ឲ្យយើងទទួលស្គាល់ថាទ្រង់គឺជាព្រះជាម្ចាស់ទេ នោះយើងប្រាកដជានឹងមិនទទួលស្គាល់ទ្រង់ដោយខ្លួនឯងថា ព្រះអង្គគឺជាព្រះជាម្ចាស់ដែលត្រូវយាងមកក្នុងពេលឆាប់ៗ និងបានកំពុងតែធ្វើកិច្ចការក្នុងចំណោមយើងរាល់គ្នាជាយូរមកហើយនោះឡើយ។

ព្រះជាម្ចាស់បន្ដព្រះសូរសៀងរបស់ទ្រង់ដោយប្រើវិធីសាស្ដ្រ និងទស្សនៈផ្សេងៗជាច្រើន ដើម្បីដាស់តឿនយើងអំពីអ្វីដែលយើងគួរធ្វើ ខណៈដែលក្នុងពេលជាមួយគ្នាថ្វាយសម្លេងដល់ដួងព្រះហឫទ័យរបស់ទ្រង់។ ព្រះបន្ទូលរបស់ទ្រង់មានអំណាចចេស្ដាលើជីវិត បង្ហាញផ្លូវដែលយើងគួរដើរ និងជួយឲ្យយើងអាចយល់ពីអ្វីដែលជាសេចក្ដីពិត។ យើងចាប់ផ្ដើមត្រូវបានទាក់ទាញដោយព្រះបន្ទូលរបស់ទ្រង់ យើងចាប់ផ្ដើមផ្ដោតសំខាន់ទៅលើកម្រិតសម្លេង និងលក្ខណៈនៃការមានបន្ទូលរបស់ទ្រង់ហើយយើងចាប់ផ្ដើមចាប់អារម្មណ៍ដោយមិនដឹងខ្លួន ចំពោះអារម្មណ៍ដ៏ជ្រាលជ្រៅបំផុតរបស់បុគ្គលដ៏សាមញ្ញម្នាក់នេះ។ ទ្រង់បង្ហូរព្រះលោហិតចេញពីដួងព្រះហឫទ័យរបស់ទ្រង់ជំនួសយើង ផ្ទុំពុំលក់ និងសោយអាហារពុំបានដោយសាររឿងរបស់យើងព្រះកន្សែងជំនួសយើង នឿយដើម្បីយើង ស្រែកថ្ងូរដោយសារជំងឺជំនួសយើង រងភាពអាម៉ាស់ដើម្បីជាប្រយោជន៍ដល់វាសនា និងសេចក្ដីសង្គ្រោះរបស់យើង ហើយភាពស្ពឹកស្រពន់ និងការបះបោររបស់យើង បានធ្វើឲ្យទឹកភ្នែក និងព្រះលោហិតហូរចេញពីដួងព្រះហឫទ័យរបស់ទ្រង់មក។ ព្រះហឫទ័យបែបនេះមិនមែនជាកម្មសិទ្ធិរបស់មនុស្សសាមញ្ញធម្មតាណាម្នាក់ឡើយ ហើយក៏គ្មានមនុស្សពុករលួយណាម្នាក់អាចកាន់កាប់ ឬក៏ទទួលបាននោះដែរ។ ទ្រង់បង្ហាញការអត់ឱន និងការអត់ធ្មត់ដែលគ្មានមនុស្សសាមញ្ញធម្មតាណាម្នាក់មានឡើយ ហើយសេចក្ដីស្រលាញ់របស់ទ្រង់មិនមែនជាអ្វីម្យ៉ាងដែលជីវិតផងទាំងពួងដ៏ជាស្នាព្រះហស្ដរបស់ទ្រង់ បានទទួលជាទេយ្យទាននោះទេ។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់អាចដឹងពីអ្វីៗគ្រប់យ៉ាងនៅក្នុងគំនិតរបស់យើង ឬក៏យល់ច្បាស់ទាំងស្រុងអំពីលក្ខណៈ និងសារជាតិរបស់យើង ឬក៏វិនិច្ឆ័យទៅលើការបះបោរ និងភាពពុករលួយរបស់មនុស្សជាតិ ឬក៏និយាយមកកាន់យើង និងធ្វើកិច្ចនៅកណ្ដាលចំណោមយើងបែបនេះ ជំនួសព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ឡើយ។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់បានទទួលសិទ្ធិអំណាច ប្រាជ្ញា និងសេចក្ដីថ្លៃថ្នូររបស់ព្រះជាម្ចាស់ឡើយ ហើយនិស្ស័យរបស់ព្រះជាម្ចាស់ និងអ្វីដែលព្រះជាម្ចាស់មានព្រមទាំងលក្ខណៈរបស់ទ្រង់បានបង្ហាញពីភាពពេញលេញរបស់ខ្លួននៅក្នុងទ្រង់។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់អាចបង្ហាញផ្លូវដល់យើង និងនាំពន្លឺមកដល់យើង ឡើយ។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់អាចបើកសម្ដែងពីអាថ៌កំបាំងដែលព្រះជាម្ចាស់បានបង្ហាញចាប់តាំងពីការបង្កបង្កើត រហូតមកដល់សព្វថ្ងៃនេះឡើយ។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់អាចសង្គ្រោះយើងពីចំណងសាតាំង និងនិស្ស័យពុករលួយរបស់យើងឡើយ។ ទ្រង់តំណាងឲ្យព្រះជាម្ចាស់។ ទ្រង់សម្ដែងអំពីដួងព្រះហឫទ័យដ៏ជ្រាលជ្រៅបំផុតរបស់ព្រះជាម្ចាស់ ការដាស់តឿនរបស់ព្រះជាម្ចាស់ និងព្រះបន្ទូលជំនុំជម្រះរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិទាំងអស់។ ទ្រង់បានចាប់ផ្ដើមយុគសម័យថ្មីមួយ និងបាននាំផ្លូវនៅក្នុងផ្ទៃមេឃ ផែនដីថ្មី ព្រមទាំងកិច្ចការថ្មី ហើយទ្រង់បាននាំសេចក្ដីសង្ឃឹមមកដល់យើង ដោយបញ្ចប់ជីវិតដែលយើងបានដឹកនាំក្នុងភាពស្រពិចស្រពិល ព្រមទាំងធ្វើឲ្យរូបកាយទាំងមូលរបស់យើងមើលឃើញផ្លូវទៅកាន់សេចក្ដីសង្គ្រោះច្បាស់លាស់។ ទ្រង់បានយកឈ្នះលើរូបកាយរបស់យើងទាំងមូលនិងទទួលបានដួងចិត្តរបស់យើង។ ចាប់ពីពេលនោះតទៅ ចិត្តគំនិតរបស់យើងបានភ្ញាក់ដឹងខ្លួន ហើយព្រលឹងវិញ្ញាណរបស់យើងក៏ហាក់ដូចជាបានរស់ឡើងវិញដែរ៖ តើបុគ្គលដ៏សាមញ្ញធម្មតា និងមិនសំខាន់ដែលរស់នៅក្នុងចំណោមយើង និងត្រូវបានយើងបដិសេធជាយូរមកហើយនោះ មិនមែនជាព្រះអម្ចាស់យេស៊ូវដែលនៅក្នុងគំនិតរបស់យើងទាំងនៅពេលដែលយើងភ្ញាក់ឡើង ឬក៏កំពុងសុបិន និងចង់បានទាំងយប់ទាំងថ្ងៃទេឬអី? គឺនេះនេះហើយ! គឺពិតជាទ្រង់នេះហើយ! ទ្រង់គឺជាព្រះជាម្ចាស់របស់យើង! ទ្រង់គឺជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត! ទ្រង់បានជួយឲ្យយើងអាចរស់នៅជាថ្មីម្ដងទៀត និងអាចឃើញពន្លឺជាថ្មី ព្រមទាំងបានបញ្ឈប់ដួងចិត្តរបស់យើងកុំឲ្យវង្វេង។ យើងបានវិលត្រលប់ទៅកាន់ដំណាក់របស់ព្រះជាម្ចាស់វិញ យើងបានវិលត្រលប់មកនៅមុខបល្ល័ង្ករបស់ទ្រង់វិញ យើងនៅជាមួយទ្រង់ដោយមុខទល់នឹងមុខ យើងបានធ្វើបន្ទាល់អំពីការអនុញ្ញាតរបស់ទ្រង់ ហើយយើងបានមើលឃើញផ្លូវដែលនៅខាងមុខ។ នៅពេលនោះ ទ្រង់បានយកឈ្នះលើដួងចិត្តរបស់យើងទាំងស្រុង យើងលែងសង្ស័យថាទ្រង់ជានរណាទៀតហើយ យើងលែងប្រឆាំងនឹងកិច្ចការរបស់ទ្រង់ ព្រមទាំងព្រះបន្ទូលទៀតហើយ ហើយយើងក៏ក្រាបថ្វាយបង្គំនៅចំពោះទ្រង់ដែរ។ យើងមិនប្រាថ្នាចង់បានអ្វីក្រៅពីដើរតាមស្នាមព្រះបាទារបស់ទ្រង់អស់មួយជីវិតរបស់យើង និងបានគ្រប់លក្ខណ៍ដោយសារទ្រង់ តបស្នងចំពោះព្រះគុណ និងសេចក្ដីស្រលាញ់របស់ទ្រង់ចំពោះយើង ហើយស្ដាប់តាមការចាត់ចែង និងការរៀបចំរបស់ទ្រង់ ព្រមទាំងសហការជាមួយកិច្ចការរបស់ទ្រង់ និងធ្វើអ្វីៗដែលយើងអាចធ្វើបាន ដើម្បីបំពេញនូវអ្វីដែលទ្រង់ផ្ទុកដាក់នឹងយើង។

(«ឧបសម្ព័ន្ធ ៤៖ ការមើលឃើញការលេចមករបស់ព្រះជាម្ចាស់នៅក្នុងការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ធម្មជាតិ និងផលវិបាកនៃបញ្ហាទទួលស្គាល់តែព្រះជាម្ចាស់មួយមុខ ដោយមិនទទួលស្គាល់សេចក្ដីពិត

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ អ្នកណាដែលមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ពោលគឺអ្នកណាដែលមិនជឿលើព្រះជាម្ចាស់ដែលអាចមើលឃើញ...

ព្រះគ្រីស្ទគឺជាបុត្ររបស់ព្រះជាម្ចាស់ ឬជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ

ខគម្ពីរយោង៖ «ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត៖ គ្មាននរណាម្នាក់មកឯព្រះវរបិតាបានឡើយ លើកលែងតែមកតាមរយៈខ្ញុំ។...