ហេតុអ្វីបានជាព្រះជាម្ចាស់យកកំណើតជាមនុស្ស ដើម្បីបំពេញកិច្ចការនៃការជំនុំជម្រះនៃគ្រាចុងក្រោយ?

06-03-2022

យើងបានជជែកគ្នាពីរបីលើកមកហើយ អំពីកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ។ ថ្ងៃនេះ យើងសូមក្រឡេកមើល អ្នកដែលបំពេញកិច្ចការជំនុំជម្រះ។ អ្នកជឿទាំងអស់ដឹងថា ព្រះជាម្ចាស់នឹងបំពេញកិច្ចការជំនុំជម្រះរបស់ទ្រង់ក្នុងចំណោមមនុស្សជាតិ នៅគ្រាចុងក្រោយ ដឹងថាព្រះអាទិករនឹងលេចមកឱ្យមនុស្សជាតិឃើញ និងសម្ដែងចេញព្រះសូរសៀងទ្រង់ដោយផ្ទាល់។ ដូច្នេះ តើព្រះជាម្ចាស់ធ្វើការជំនុំជម្រះនេះយ៉ាងដូចម្ដេច? តើព្រះវិញ្ញាណទ្រង់មែនទេ ដែលលេចមកនៅលើមេឃ និងមានបន្ទូលមកកាន់ពួកយើង? នោះជារឿងមិនអាចទៅរួចទេ។ ព្រះអម្ចាស់យេស៊ូវ ផ្ទាល់ព្រះអង្គ មានបន្ទូលមកយើងថា៖ «ដ្បិតព្រះវរបិតាមិនជំនុំជម្រះនរណាម្នាក់ឡើយ តែទ្រង់បានប្រគល់ការជំនុំជម្រះទាំងអស់ដល់ព្រះរាជបុត្រាវិញ» (យ៉ូហាន ៥:២២)។ «ហើយក៏បានប្រទានឲ្យទ្រង់ មានសិទ្ធិអំណាចជំនុំ‌ជម្រះផងដែរ ដោយសារតែព្រះ‌អង្គជាកូនមនុស្ស» (យ៉ូហាន ៥:២៧)។ យើងអាចឃើញតាមរយៈព្រះបន្ទូលនេះថា កិច្ចការជំនុំជម្រះ ត្រូវបានបំពេញដោយ «ព្រះរាជបុត្រា»។ បើមានការលើកឡើងណាមួយអំពី «បុត្រមនុស្ស» នោះយើងគួរតែដឹងថា នេះជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដូច្នេះ នេះមានន័យថា ទ្រង់យាងមកជាសាច់ឈាមនៅគ្រាចុងក្រោយ ដើម្បីធ្វើកិច្ចការជំនុំជម្រះ។ រឿងនេះមានសារៈសំខាន់ណាស់! ដូច្នេះ អ្នកដឹងទេថា កិច្ចការជំនុំជម្រះនៃគ្រាចុងក្រោយ ជាអ្វី? ម៉េចបានព្រះជាម្ចាស់ត្រឡប់ជាសាច់ឈាម ដើម្បីធ្វើកិច្ចការនេះ? និយាយឱ្យសាមញ្ញទៅ នេះគឺព្រះអង្គសង្គ្រោះដែលយាងមកសង្គ្រោះមនុស្សជាតិ។ ពេលព្រះជាម្ចាស់ត្រឡប់ជាសាច់ឈាម និងយាងមកផែនដី នេះគឺព្រះអង្គសង្គ្រោះ ដែលយាងចុះមក។ ទ្រង់បំពេញកិច្ចការជំនុំជម្រះដោយផ្ទាល់ ដើម្បីសង្គ្រោះមនុស្សជាតិពីអំពើបាប តែម្ដងសម្រាប់គ្រប់គ្នា។ តាមរយៈការទទួលយកការជំនុំជម្រះរបស់ទ្រង់ នោះអ្នកអាចរួចផុតពីអំពើបាប ក្លាយជាបរិសុទ្ធ និងត្រូវបានសង្គ្រោះ។ បន្ទាប់មក អ្នកនឹងត្រូវបានការពារក្នុងគ្រោះមហន្តរាយ ហើយទីបំផុត បានចូលក្នុងនគរស្ថានសួគ៌។ ដូច្នេះ ការទទួលយកកិច្ចការជំនុំជម្រះរបស់ព្រះអង្គសង្គ្រោះ ត្រូវពាក់ព័ន្ធនឹងលទ្ធផល និងគោលដៅរបស់បុគ្គល។ តើអ្នកគិតថានោះជារឿងសំខាន់ដែរទេ? អ្នកជឿជាច្រើនអាចសួរថា ម៉េចបានព្រះជាម្ចាស់ត្រូវត្រឡប់ជាសាច់ឈាមជាដាច់ខាត ដើម្បីការជំនុំជម្រះរបស់ទ្រង់នៅគ្រាចុងក្រោយ? គេគិតថា ព្រះអម្ចាស់យេស៊ូវ នឹងយាងមកលើពពកក្នុងទម្រង់ជាវិញ្ញាណ ថាព្រះជាម្ចាស់នឹងលាព្រះហស្ដចេញមក រួចចាប់យកយើងទាំងអស់ឡើង ទៅនគរព្រះ។ តើនោះមិនអស្ចារ្យទេឬ? ការគិតបែបនេះ មិនគ្រាន់តែពន្លើសពេកទេ តែក៏មិនពិតដែរ។ អ្នកគួរតែដឹងថា ព្រះជាម្ចាស់មាននិស្ស័យបរិសុទ្ធ សុចរិត។ តើទ្រង់នឹងយកមនុស្សបាបទៅនគរទ្រង់ដែរទេ? យើងរាល់គ្នាសុទ្ធតែចេះដឹងពីខគម្ពីរនេះ «ដ្បិតបើគ្មានភាពបរិសុទ្ធទេ នោះគ្មាននរណានឹងឃើញព្រះអម្ចាស់ឡើយ» (ហេព្រើរ ១២:១៤)។ គ្រប់គ្នាមានបាប ហើយតែងប្រព្រឹត្តបាបជានិច្ច។ ព្រះជាម្ចាស់នឹងមិនយកមនុស្សទៅនគរព្រះភ្លាមតែម្ដងទេ។ ទ្រង់មិនសង្គ្រោះយើងដោយបែបនោះឡើយ។ ព្រះជាម្ចាស់ស្អប់មនុស្សបាប ហើយពួកគេគ្មាន លក្ខណៈសម្បត្តិនឹងឃើញព្រះជាម្ចាស់ឡើយ។ គ្មានមន្ទិលពីរឿងនេះឡើយ។ ដូច្នេះ តើព្រះអង្គសង្គ្រោះយាងមកសង្គ្រោះមនុស្សជាតិនៅគ្រាចុងក្រោយ ដូចម្ដេច? ដំបូង ទ្រង់ធ្វើការជំនុំជម្រះរបស់ទ្រង់ ដើម្បីបន្សុទ្ធយើងពីសេចក្ដីពុករលួយ ដោយសង្គ្រោះយើងពីបាប និងពីកម្លាំងសាតាំង ហើយបន្ទាប់មក ទ្រង់នឹងនាំយើងទៅនគរព្រះ។ ព្រះជាម្ចាស់នឹងមិនសង្គ្រោះអ្នកពីគ្រោះមហន្តរាយឡើយ កុំថាឡើយនាំអ្នកទៅនគរព្រះ បើអំពើបាបអ្នកមិនទាន់បានដោះស្រាយរួចនោះ។ គ្រោះមហន្តរាយបានចាប់ផ្ដើមហើយ ហើយគ្រប់គ្នាមានអារម្មណ៍ដូចពិភពលោកនឹងត្រូវចប់ ដូចសេចក្ដីស្លាប់កំពុងខិតមកជិតអ៊ីចឹង។ គ្រប់គ្នារង់ចាំព្រះអង្គសង្គ្រោះឱ្យយាងមក និងសង្គ្រោះមនុស្សជាតិ ដូច្នេះ ការទទួលយកទ្រង់ និងកិច្ចការជំនុំជម្រះរបស់ទ្រង់នៅគ្រាចុងក្រោយ ជារឿងសំខាន់បំផុត! ត្រង់ចំណុចនេះ មានចំណុចសំខាន់ ថាតើអ្នកជឿនឹងត្រូវបានសង្គ្រោះ ហើយចូលទៅក្នុងនគរស្ថានសួគ៌ឬអត់។

ប៉ុន្តែដំបូង សូមយើងនិយាយពីអត្ថន័យនៃកិច្ចការជំនុំជម្រះនៃគ្រាចុងក្រោយ ជាមុនសិន។ មនុស្សខាងសាសនាគិតថា ការជំនុំជម្រះនៃគ្រាចុងក្រោយ ជារឿងមួយសាមញ្ញ ហើយ បើមានការលើកឡើងណាមួយពី «ការជំនុំជម្រះ» ពួកគេប្រាកដក្នុងចិត្តថា ព្រះអម្ចាស់យេស៊ូវជាអ្នកបំពេញកិច្ចការនេះ ក្នុងទម្រង់ជាវិញ្ញាណ ថាព្រះអម្ចាស់នឹងយាងមកជួបយើង និងនាំយើងទៅនគរព្រះ បន្ទាប់មក អ្នកមិនជឿនឹងត្រូវបានថ្កោលទោស និងត្រូវវិនាស។ តាមពិត នោះជាកំហុសដ៏ធំ។ តើកំហុសគេនៅត្រង់ណា? គ្រប់ពេលដែលព្រះជាម្ចាស់យាងមកបំពេញកិច្ចការ ដើម្បីសង្គ្រោះមនុស្សជាតិ វាពិតជាជាក់ស្ដែង ពិតជាប្រាកដណាស់ មិនមែនហួសវិស័យឡើយ។ លើសពីនេះ ពួកគេមើលរំលងពីសេចក្ដីទំនាយដ៏សំខាន់ក្នុងព្រះគម្ពីរ អំពីការយាងមករបស់ព្រះអម្ចាស់ គឺសេចក្ដីទំនាយអំពីព្រះជាម្ចាស់ត្រឡប់ជាសាច់ឈាម ជាបុត្រមនុស្ស ដើម្បីបំពេញកិច្ចការជំនុំជម្រះ។ ព្រះអម្ចាស់យេស៊ូវ ថ្លែងយ៉ាងច្បាស់ថា៖ «ឯពន្លឺផ្លេកបន្ទោរ ចេញពីទិសខាងកើត ហើយចាំងពន្លឺទៅទិសខាងលិចយ៉ាងណា ដំណើរយាងមករបស់កូនមនុស្ស ក៏យ៉ាងនោះដែរ» (ម៉ាថាយ ២៤:២៧)។ «ដ្បិតព្រះវរបិតាមិនជំនុំជម្រះនរណាម្នាក់ឡើយ តែទ្រង់បានប្រគល់ការជំនុំជម្រះទាំងអស់ដល់ព្រះរាជបុត្រាវិញ» (យ៉ូហាន ៥:២២)។ «អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យខ្ញុំ អ្នកនោះមានម្នាក់ដែលជំនុំជម្រះគេរួចហើយ ពាក្យដែលខ្ញុំបាននិយាយ គឺជាពាក្យដូចគ្នាដែលនឹងជំនុំជម្រះគេនៅគ្រាចុងក្រោយ» (យ៉ូហាន ១២:៤៨)។ «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង» (យ៉ូហាន ១៦:១២-១៣)។ ហើយក៏មាន ១ ពេត្រុស ៤:១៧ «ដ្បិតនឹងមានវេលាមកដល់ ជាគ្រាដែលការជំនុំជម្រះត្រូវចាប់ផ្ដើមនៅឯដំណាក់របស់ព្រះជាម្ចាស់»។ តើសេចក្ដីទំនាយទាំងនេះ មិនច្បាស់ក្រឡែតទេឬ? ព្រះអម្ចាស់ត្រឡប់ជាសាច់ឈាម នៅគ្រាចុងក្រោយ ជាបុត្រមនុស្ស ដោយសម្ដែងចេញសេចក្ដីពិត និងបំពេញកិច្ចការជំនុំជម្រះ។ គ្មានមន្ទិលពីរឿងនេះឡើយ។ កិច្ចការជំនុំជម្រះ គឺមិនដូចអ្វីដែលមនុស្សគិតស្រមៃឡើយ ដែលថា ព្រះជាម្ចាស់នឹងយកអ្នកជឿទៅលើស្ថានសួគ៌ភ្លាមតែម្ដង រួចក៏ថ្កោលទោស និងបំផ្លាញអ្នកមិនជឿ ហើយក៏ចប់នោះទេ។ វាមិនសាមញ្ញដូច្នោះឡើយ។ ការជំនុំជម្រះនៃគ្រាចុងក្រោយ ចាប់ផ្ដើមពីដំណាក់ព្រះជាម្ចាស់ ហើយដំបូង វាត្រូវធ្វើក្នុងចំណោមអ្នកដែលទទួលយកការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ។ មានន័យថា បុត្រមនុស្សជាសាច់ឈាម យាងមកផែនដី ដោយសម្ដែងចេញសេចក្ដីពិតជាច្រើន ដើម្បីបន្សុទ្ធ និងសង្គ្រោះមនុស្សជាតិ ដឹកនាំរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ចូលទៅក្នុងសេចក្ដីពិតទាំងអស់។ នេះជាកិច្ចការព្រះអង្គសង្គ្រោះនៅគ្រាចុងក្រោយ ហើយព្រះជាម្ចាស់បានរៀបផែនការនេះជាយូរមកហើយ។ ចំពោះអ្នកមិនជឿវិញ ពួកគេនឹងត្រូវបានថ្កោលទោស និងលុបបំបាត់ដោយផ្ទាល់ តាមរយៈគ្រោះមហន្តរាយ។ ពេលនេះ ព្រះអង្គសង្គ្រោះបានយាងមកជាព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលយកកំណើតជាមនុស្ស ដោយសម្ដែងចេញសេចក្ដីពិតទាំងអស់ ដែលតម្រូវក្នុងការបន្សុទ្ធ និងសង្គ្រោះមនុស្សជាតិ ដោយធ្វើកិច្ចការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់ព្រះជាម្ចាស់។ សេចក្ដីពិតដែលព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញ បានធ្វើឱ្យពិភពលោកទាំងមូលរញ្ជួយ ហើយមនុស្សស្ទើរគ្រប់គ្នាពីគ្រប់ជាតិសាសន៍ បានឮពីសេចក្ដីពិតទាំងនេះ។ យើងអាចឃើញថា សេចក្ដីទំនាយក្នុងព្រះគម្ពីរអំពីការយាងមកវិញរបស់ព្រះអម្ចាស់ ត្រូវបានសម្រេចទាំងស្រុង។ ជាអកុសល នៅតែមានមនុស្សជាច្រើន មិនយល់ពីកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយទៀត ហើយចេះតែបន្តសង្ឃឹមថាបានឃើញការអស្ចារ្យហួសវិស័យ៖ ព្រះជាម្ចាស់លេចមក និងមានបន្ទូលពីលើមេឃ។ គំនិតនេះអរូបីណាស់។ សូមយើងមើលបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដើម្បីយល់កាន់តែច្បាស់ពីរបៀបដែលព្រះជាម្ចាស់ធ្វើការជំនុំជម្រះរបស់ទ្រង់។

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «កិច្ចការជំនុំជម្រះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ដូច្នេះ តាមធម្មតា កិច្ចការនេះគឺត្រូវតែអនុវត្តដោយព្រះជាម្ចាស់ផ្ទាល់ មិនអាចឱ្យមនុស្សមកធ្វើជំនួសទ្រង់បានឡើយ។ ដ្បិតការជំនុំជម្រះ គឺជាការប្រើប្រាស់នូវសេចក្ដីពិត ដើម្បីយកឈ្នះមនុស្សលោក ដូច្នេះ គ្មានទេចម្ងល់ដែលថា ព្រះជាម្ចាស់មុខជាសម្ដែងរូបអង្គទ្រង់លេចមកជាសាច់ឈាម ដើម្បីអនុវត្តកិច្ចការនេះ នៅក្នុងចំណោមមនុស្សលោក។ ពោលគឺ ព្រះគ្រីស្ទនៃគ្រាចុងក្រោយ នឹងប្រើនូវសេចក្ដីពិតដើម្បីបង្រៀនមនុស្សទូទាំងពិភពលោក នឹងឱ្យពួកគេបានស្គាល់សេចក្ដីពិតគ្រប់យ៉ាងទាំងអស់។ នេះហើយជាកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់» («ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

«ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ប្រើនូវសេចក្ដីពិតជាច្រើន មកបង្រៀនមនុស្ស មកលាតត្រដាងពីលក្ខណៈរបស់មនុស្ស និងមកវិភាគពីពាក្យសម្ដី និងទង្វើរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះមានរួមបញ្ចូលនូវសេចក្ដីពិតជាច្រើនខុសៗគ្នា ដូចជា ភារកិច្ចរបស់មនុស្ស របៀបដែលគេគួរស្ដាប់បង្គាប់ព្រះជាម្ចាស់ របៀបរក្សាភក្ដីភាពថ្វាយព្រះជាម្ចាស់ របៀបដែលមនុស្សគួរស្ដែងចេញនូវសភាពជាមនុស្សសាមញ្ញ ក៏ដូចជាព្រះប្រាជ្ញាញាណ និងនិស្ស័យរបស់ព្រះជាម្ចាស់ផងដែរ ។ល។ ពាក្យពេចន៍ទាំងអស់នេះសំដៅទៅលើសារៈសំខាន់របស់មនុស្ស និងនិស្ស័យពុករលួយរបស់គេ។ ជាពិសេស ព្រះបន្ទូលដែលលាតត្រដាងពីរបៀបដែលមនុស្សបដិសេធព្រះជាម្ចាស់ បានលើកឡើងទាក់ទងនឹងវិធីដែលមនុស្សក្លាយជាតំណាងរបស់អារក្សសាតាំង និងជាកម្លាំងសត្រូវ មកទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅក្នុងការអនុវត្តការងារជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះអង្គមិនមែនយកតែព្រះបន្ទូលពីរបីម៉ាត់មកបញ្ជាក់ពីធម្មជាតិរបស់មនុស្សនោះទេ តែទ្រង់នឹងលាតត្រដាង ដោះស្រាយជាមួយ និងលួសកាត់ក្នុងរយៈពេលយូរអង្វែង។ វិធីសាស្ដ្រផ្សេងៗទាំងនេះអំពីការលាតត្រដាង ការដោះស្រាយ និងការលួសកាត់ មិនអាចធ្វើឡើងដោយពាក្យពេចន៍ធម្មតាៗបានឡើយ ទាល់តែសេចក្ដីពិត ដែលមនុស្សខ្វះខាតទាំងស្រុង ទើបជំនួសបាន។ មានតែវិធីបែបនេះទេ ទើបអាចហៅបានថាជាការជំនុំជម្រះ ហើយមានតែតាមរយៈការជំនុំជម្រះបែបនេះទេ ទើបអាចបង្ក្រាបមនុស្ស និងត្រូវបញ្ចុះបញ្ចូលយ៉ាងច្បាស់អំពីព្រះជាម្ចាស់ ព្រមទាំងស្គាល់ដល់ព្រះជាម្ចាស់ពិតប្រាកដទៀតផង។ លទ្ធផលដែលកិច្ចការជំនុំជម្រះបាននាំមក គឺឱ្យមនុស្សបានស្គាល់ព្រះភក្ដ្រព្រះជាម្ចាស់ពិត និងស្គាល់សេចក្ដីពិតអំពីការបះបោររបស់ខ្លួនគេផ្ទាល់។ កិច្ចការនៃការជំនុំជម្រះ ធ្វើឱ្យមនុស្សទទួលបាននូវការយល់ដឹងច្រើនអំពីបំណងព្រះហឫទ័យនៃព្រះជាម្ចាស់ អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីអាថ៌កំបាំងដែលគេមិនអាចយល់បាន។ កិច្ចការនេះក៏អនុញ្ញាតឱ្យមនុស្សទទួលស្គាល់ និងដឹងអំពីសារជាតិពុករលួយ និងឫសគល់នៃសេចក្ដីពុករលួយរបស់ខ្លួន ព្រមទាំងរកឃើញភាពស្មោកគ្រោករបស់មនុស្សផងដែរ។ លទ្ធផលទាំងអស់នេះ សុទ្ធតែបានមកពីកិច្ចការជំនុំជម្រះ ដ្បិតលក្ខណៈសម្បត្តិនៃកិច្ចការនេះ ការពិតគឺជាកិច្ចការបើកបង្ហាញអំពីសេចក្ដីពិត អំពីផ្លូវ និងអំពីជីវិតរបស់ព្រះជាម្ចាស់ ដល់អស់អ្នកណាដែលមានសេចក្ដីជំនឿលើទ្រង់។ កិច្ចការនេះ គឺជាកិច្ចការជំនុំជម្រះដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់» («ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ពេលនេះ យើងគួរតែយល់ ពីរបៀបដែលព្រះជាម្ចាស់ធ្វើការជំនុំជម្រះនៃគ្រាចុងក្រោយរបស់ទ្រង់ហើយ។ ចម្បង គឺតាមរយៈការសម្ដែងចេញសេចក្ដីពិត និងប្រើសេចក្ដីពិតទាំងនេះ ដើម្បីជំនុំជម្រះ បន្សុទ្ធ និងសង្គ្រោះមនុស្សជាតិ។ មានន័យថា នៅគ្រាចុងក្រោយ ព្រះជាម្ចាស់ប្រើកិច្ចការជំនុំជម្រះនេះ ដើម្បីបន្សុទ្ធសេចក្ដីពុករលួយមនុស្ស ដើម្បីសង្គ្រោះ និងធ្វើឱ្យមនុស្សមួយក្រុមគ្រប់លក្ខណ៍ ដោយបង្កើតមនុស្សមួយក្រុម ដែលមានចិត្តគំនិតដូចព្រះជាម្ចាស់។ នេះជាផលផ្លែនៃផែនការគ្រប់គ្រង ៦ ០០០ ឆ្នាំរបស់ព្រះជាម្ចាស់ ហើយនេះជាចំណុចសំខាន់នៃកិច្ចការជំនុំជម្រះនៃគ្រាចុងក្រោយ។ ហេតុដូច្នេះ ទើបព្រះអង្គសង្គ្រោះដ៏ជាព្រះដ៏មានគ្រប់ព្រះចេស្ដា សម្ដែងចេញសេចក្ដីពិតជាច្រើន ដោយលាតត្រដាង និងជំនុំជម្រះនិស្ស័យពុករលួយទាំងអស់របស់មនុស្ស ដោយបន្សុទ្ធ និងផ្លាស់ប្ដូរមនុស្សតាមរយៈការដោះស្រាយជាមួយ ការលួសកាត់ ការល្បងល និងការបន្សុទ្ធ ដោះស្រាយឫសគល់នៃអំពើបាបមនុស្ស អនុញ្ញាតឱ្យយើងគេចចេញពីអំពើបាប និងកម្លាំងសាតាំងទាំងស្រុង មានការចុះចូល និងការគោរពព្រះជាម្ចាស់។ ការនេះអាចធ្វើឱ្យ មនុស្សមួយចំនួនភាន់ច្រឡំបន្តិចដែរ។ ព្រះអម្ចាស់យេស៊ូវ បានប្រោសលោះមនុស្សជាតិ ចុះម៉េចបានជាព្រះជាម្ចាស់ត្រូវការសម្ដែងចេញសេចក្ដីពិត ដើម្បីជំនុំជម្រះមនុស្សជាតិនៅគ្រាចុងក្រោយ? ពួកគេមិនអាចមើលឃើញថា មនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយខ្លាំងប៉ុនណាឡើយ។ ព្រះជាម្ចាស់សង្គ្រោះមនុស្សនៅគ្រាចុងក្រោយ ដោយការដោះស្រាយនិស្ស័យពុករលួយយើង។ នេះមិនមែនជារឿងសាមញ្ញឡើយ។ វាមិនមែនត្រឹមតែទទួលស្គាល់អំពើបាបយើង លន់តួបាប និងប្រែចិត្តចំពោះព្រះជាម្ចាស់ ហើយក៏ចប់នោះទេ។ និស្ស័យពុករលួយ ខុសពីភាពមានបាប។ វាមិនមែនជាឥរិយាបថដែលពេញដោយអំពើបាបឡើយ តែវាជានិស្ស័យដែលមានក្នុងចិត្ត ក្នុងវិញ្ញាណយើង។ វាជានិស្ស័យដែលកប់យ៉ាងជ្រៅក្នុងខ្លួនយើង ដូចជា ភាពល្ងង់ខ្លៅ ភាពវៀចវេរ អំពើអាក្រក់ និងការស្អប់សេចក្ដីពិត។ និស្ស័យពុករលួយទាំងនេះ លាក់បាំងយ៉ាងជ្រៅក្នុងចិត្តមនុស្ស ហើយយើងពិបាករកឃើញណាស់។ ជួនកាល អំពើបាបមិនបញ្ចេញមកក្រៅឱ្យឃើញទេ មនុស្សម្នាក់ អាចនិយាយរឿងល្អៗ ប៉ុន្តែគេមានបំណងចិត្តដ៏គួរឱ្យស្អប់ និងវៀចវេរនៅក្នុងចិត្តគេ ដោយបោកបញ្ឆោត និងធ្វើឱ្យអ្នកដទៃវង្វេង។ នេះជាបញ្ហាពាក់ពឹងនឹងនិស្ស័យពួកគេ។ បើគ្មានការជំនុំជម្រះ និងការបើកសម្ដែងរយៈពេលយូរពីព្រះជាម្ចាស់ ជាមួយនឹងការដោះស្រាយជាមួយ ការលួសកាត់ និងការល្បងលទេ នោះមនុស្សនឹងមើលមិនឃើញពីរឿងនេះទេ កុំថាឡើយការផ្លាស់ប្ដូរ។ តើនរណាក្នុងចំណោមអ្នកជឿព្រះអម្ចាស់ ដែលបានគេចផុតពីបាប បន្ទាប់ពីលន់តួបាបពួកគេពេញមួយជីវិត? គ្មានម្នាក់សោះឡើយ។ ដូច្នេះហើយ ដោយគ្រាន់តែឆ្លងកាត់ការប្រោសលោះពីព្រះអម្ចាស់ ដោយគ្មានការជំនុំជម្រះនៃគ្រាចុងក្រោយ ត្រឹមតែឱ្យមនុស្សម្នាក់ទទួលស្គាល់ឥរិយាបថមានបាបពួកគេប៉ុណ្ណោះ ប៉ុន្តែធម្មជាតិមានបាបពួកគេ ឫសគល់នៃអំពើបាបពួកគេ ពោលគឺ និស្ស័យពុករលួយដែលបានចាក់ឫសយ៉ាងជ្រៅក្នុងខ្លួនគេ មនុស្សមើលមិនឃើញឡើយ ហើយក៏មិនអាចដោះស្រាយបានដែរ។ គ្មាននរណាអាចបដិសេធចំណុចនេះបានឡើយ! ដូច្នេះ មានតែព្រះជាម្ចាស់យកកំណើតជាមនុស្ស និងបំពេញការជំនុំជម្រះនៅគ្រាចុងក្រោយដោយផ្ទាល់ ដោយសម្ដែងចេញសេចក្ដីពិតជាច្រើន និងតាមរយៈការបើកសម្ដែង និងការជំនុំជម្រះរយៈពេលវែងរបស់ទ្រង់ប៉ុណ្ណោះ ទើបមនុស្សអាចឃើញច្បាស់ពីសេចក្ដីពិតនៃសេចក្ដីពុករលួយពួកគេ និងស្គាល់ពីសារជាតិខ្លួនឯង ហើយតាមរយៈការជំនុំជម្រះនេះហើយ ដែលពួកគេស្គាល់ពីសេចក្ដីសុចរិត និងភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ហើយកើតមានចិត្តគោរពព្រះជាម្ចាស់។ នេះជាវិធីតែមួយគត់ ក្នុងការកម្ចាត់សេចក្ដីពុករលួយ និងរស់នៅក្នុងលក្ខណៈដូចជាមនុស្ស។ ដូច្នេះហើយ មានតែតាមរយៈព្រះជាម្ចាស់យកកំណើតជាមនុស្ស និងសម្ដែងចេញសេចក្ដីពិត ដើម្បីធ្វើការជំនុំជម្រះនៅគ្រាចុងក្រោយប៉ុណ្ណោះ ទើបផលផ្លែទាំងនេះអាចសម្រេចបាន។ អ្នកខ្លះអាចសួរថា៖ ម៉េចបានជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ត្រូវធ្វើកិច្ចការនេះនៅខាងសាច់ឈាម? ម៉េចក៏ទ្រង់មិនអាចធ្វើវាក្នុងទម្រង់ជាវិញ្ញាណ? សូមមើលវីដេអូអំពីការអានបន្ទូលព្រះជាម្ចាស់ ដើម្បីឱ្យគ្រប់គ្នាបានយល់កាន់តែយល់ច្បាស់ពីបញ្ហានេះ។

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «កិច្ចការសង្រ្គោះមនុស្សរបស់ព្រះជាម្ចាស់មិនត្រូវបានធ្វើឡើងដោយផ្ទាល់ ដោយប្រើប្រាស់វិធីសាស្ត្ររបស់ព្រះវិញ្ញាណ និងអត្តសញ្ញាណរបស់ព្រះវិញ្ញាណឡើយ ព្រោះថាមនុស្សមិនអាចប៉ះពាល់ ឬមើលឃើញព្រះវិញ្ញាណរបស់ទ្រង់ឡើយ ហើយក៏មិនអាចចូលជិតទ្រង់បានដែរ។ ប្រសិនបើទ្រង់ព្យាយាមសង្រ្គោះមនុស្សដោយផ្ទាល់ ដោយប្រើប្រាស់វិធីសាស្ត្ររបស់ព្រះវិញ្ញាណ នោះមនុស្សនឹងមិនអាចទទួលបានសេចក្តីសង្រ្គោះរបស់ទ្រង់ឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនពាក់សំបកខាងក្រៅជាមនុស្សទេ នោះមនុស្សនឹងគ្មានផ្លូវទទួលបានសេចក្តីសង្រ្គោះនេះឡើយ។ ព្រោះថាមនុស្សគ្មានផ្លូវចូលទៅរកទ្រង់ ហើយក៏គ្មាននរណាម្នាក់អាចចូលជិតពពករបស់ព្រះយេហូវ៉ាបាននោះដែរ។ មានតែតាមរយៈការក្លាយជាមនុស្ស ពោលគឺមានតែតាមរយៈការយកព្រះបន្ទូលរបស់ទ្រង់ដាក់ចូលទៅក្នុងរូបកាយ ដែលទ្រង់រៀបនឹងត្រលប់ជាសាច់ឈាមប៉ុណ្ណោះ ទើបទ្រង់អាចធ្វើការដោយផ្ទាល់ ដោយធ្វើឲ្យព្រះបន្ទូលចូលទៅក្នុងអស់អ្នកដែលដើរតាមទ្រង់។ មានតែបែបនេះទេ ទើបមនុស្សអាចមើលឃើញ និងស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ដោយផ្ទាល់បាន ហើយលើសពីនេះ គេអាចចូលកាន់កាប់ព្រះបន្ទូលរបស់ទ្រង់ គឺមានតែតាមមធ្យោបាយនេះប៉ុណ្ណោះ ទើបគេអាចទទួលបានសេចក្ដីសង្រ្គោះយ៉ាងពេញលេញ។ ប្រសិនបើព្រះជាម្ចាស់មិនត្រលប់ជាសាច់ឈាមទេ នោះគ្មានសាច់ និងឈាមណាមួយនឹងអាចទទួលបានសេចក្តីសង្រ្គោះដ៏ធំបែបនេះ ហើយក៏គ្មានមនុស្សណាម្នាក់ទទួលបានសេចក្ដីសង្រ្គោះនោះដែរ។ ប្រសិនព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានធ្វើការដោយផ្ទាល់នៅក្នុងចំណោមមនុស្សជាតិ នោះមនុស្សជាតិទាំងអស់នឹងត្រូវវាយផ្ដួលមិនខាន បើមិនដូច្នោះទេ ពួកគេគ្មានផ្លូវចូលទៅជិតព្រះជាម្ចាស់បាននោះឡើយ ហើយពួកគេនឹងត្រូវជាប់ជាឈ្លើយសឹករបស់សាតាំងទាំងស្រុងមិនខាន» («អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

«គ្មាននរណាម្នាក់សក្ដិសម និងមានគុណសម្បត្តិគ្រប់គ្រាន់ជាងព្រះជាម្ចាស់នៅក្នុងសាច់ឈាមនោះទេ សម្រាប់កិច្ចការជំនុំជម្រះសេចក្តីពុករលួយនៃសាច់ឈាមរបស់មនុស្ស។ ប្រសិនបើការជំនុំជម្រះត្រូវបានធ្វើដោយផ្ទាល់ ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នោះវានឹងមិនគ្របដណ្ដប់មនុស្សទាំងអស់ឡើយ។ លើសពីនេះទៀត កិច្ចការបែបនេះនឹងពិបាកឲ្យមនុស្សទទួលយក ព្រោះព្រះវិញ្ញាណមិនអាចយាងមកនៅមុខទល់នឹងមុខជាមួយនឹងមនុស្សឡើយ។ ដោយសារតែហេតុផលនេះ វានឹងមិនទទួលបានលទ្ធផលមួយរំពេចឡើយ ហើយមនុស្សក៏មិនអាចមើលឃើញនិស្ស័យដែលមិនអាចប្រកែកបានរបស់ព្រះជាម្ចាស់កាន់តែច្បាស់នោះដែរ។ សាតាំងអាចចាញ់ទាំងស្រុងបាន លុះត្រាតែព្រះជាម្ចាស់នៅក្នុងសាច់ឈាមធ្វើការជំនុំជម្រះសេចក្តីពុករលួយរបស់មនុស្សជាតិ។ ដោយមានលក្ខណៈដូចមនុស្ស ដែលមានភាពជាមនុស្សសាមញ្ញ ព្រះជាម្ចាស់នៅក្នុងសាច់ឈាមអាចជំនុំជម្រះដោយផ្ទាល់លើសេចក្តីទុច្ចរិតរបស់មនុស្ស។ នេះគឺជាសញ្ញាមួយអំពីភាពបរិសុទ្ធពីដើមរបស់ទ្រង់ និងអំពីភាពអស្ចារ្យរបស់ទ្រង់។ មានតែព្រះជាម្ចាស់មួយប៉ុណ្ណោះដែលមានគុណសម្បត្តិគ្រប់គ្រាន់ និងអាចកាន់មុខតំណែងជំនុំជម្រះមនុស្ស ព្រោះថាទ្រង់មានសេចក្តីពិត និងសេចក្តីសុចរិត ដូច្នេះ ទ្រង់អាចជំនុំជម្រះមនុស្សបាន។ អស់អ្នកដែលគ្មានសេចក្តីពិត និងសេចក្តីសុចរិត មិនសក្តិសមក្នុងការជំនុំជម្រះអ្នកដទៃឡើយ។ បើសិនកិច្ចការនេះត្រូវបានធ្វើដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នោះវានឹងមិនមានន័យថាជាជ័យជម្នះលើសាតាំងឡើយ។ ព្រះវិញ្ញាណត្រូវទទួលបានការលើកតម្កើងខ្លាំងជាងមនុស្សដែលរមែងនឹងស្លាប់ ហើយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ជាព្រះដ៏បរិសុទ្ធ និងមានជ័យជម្នះលើសាច់ឈាម។ ប្រសិនបើព្រះវិញ្ញាណបានធ្វើកិច្ចការនេះដោយអង្គទ្រង់ផ្ទាល់ នោះទ្រង់នឹងមិនអាចជំនុំជម្រះការមិនស្ដាប់បង្គាប់របស់មនុស្សទាំងអស់បានឡើយ ហើយទ្រង់ក៏មិនអាចបើកសម្ដែងពីគ្រប់ទាំងអំពើទុច្ចរិតរបស់មនុស្សទាំងអស់បានដែរ។ សម្រាប់កិច្ចការនៃការជំនុំជម្រះ ក៏ត្រូវអនុវត្តតាមរយៈសញ្ញាណរបស់មនុស្សអំពីព្រះជាម្ចាស់ដែរ ហើយមនុស្សមិនដែលមានសញ្ញាណណាមួយអំពីព្រះវិញ្ញាណទេ ដូច្នេះ ព្រះវិញ្ញាណគ្មានសមត្ថភាពបើកសម្ដែងបានយ៉ាងប្រសើរអំពីសេចក្តីទុច្ចរិតរបស់មនុស្ស ហើយក៏មិនអាចលាតត្រដាងទាំងស្រុងអំពីសេចក្តីទុច្ចរិតនោះដែរ។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺជាខ្មាំងសត្រូវរបស់អស់អ្នកដែលមិនស្គាល់ទ្រង់។ តាមរយៈការជំនុំជម្រះសញ្ញាណ និងការប្រឆាំងរបស់មនុស្សដែលមានចំពោះទ្រង់ នោះព្រះអង្គនឹងធ្វើការលាតត្រដាងរាល់ការមិនស្ដាប់បង្គាប់របស់មនុស្សជាតិទាំងអស់។ លទ្ធផលនៃកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម គឺស្ដែងចេញឲ្យឃើញច្បាស់ជាងលទ្ធផលនៃកិច្ចការរបស់ព្រះវិញ្ញាណទៅទៀត។ ដូច្នេះ ការជំនុំជម្រះមនុស្សជាតិទាំងអស់មិនត្រូវបានអនុវត្តដោយផ្ទាល់ដោយព្រះវិញ្ញាណឡើយ ប៉ុន្តែវាជាកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សវិញទេ។ ចំពោះព្រះជាម្ចាស់នៅក្នុងសាច់ឈាម មនុស្សអាចមើលឃើញ និងអាចប៉ះពាល់បាន ដូច្នេះ ព្រះជាម្ចាស់នៅក្នុងសាច់ឈាមអាចយកឈ្នះលើមនុស្សបានទាំងស្រុង។ នៅក្នុងទំនាក់ទំនងរបស់គេជាមួយព្រះជាម្ចាស់នៅក្នុងសាច់ឈាម មនុស្សវិវឌ្ឍពីការប្រឆាំងទៅជាការស្ដាប់បង្គាប់ វិវឌ្ឍពីការបៀតបៀនទៅជាការទទួលយក វិវឌ្ឍពីសញ្ញាណទៅជាចំណេះដឹង និងពីការបដិសេធទៅជាសេចក្តីស្រឡាញ់ ហើយការទាំងអស់នេះគឺជាលទ្ធផលនៃកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» («មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ពេលនេះ ខ្ញុំគិតថា យើងទាំងអស់គ្នាយល់ជាងមុនបន្តិចពីមូលហេតុដែលព្រះជាម្ចាស់ នឹងបំពេញកិច្ចការជំនុំជម្រះដោយផ្ទាល់ជាសាច់ឈាម។ នោះគឺដោយសារតែការដែលព្រះជាម្ចាស់ត្រឡប់ជាសាច់ឈាម គឺជាវិធីតែមួយគត់ដើម្បីឱ្យទ្រង់ប្រាស្រ័យទាក់ទងជាមួយមនុស្សយ៉ាងជាក់ស្ដែង ដើម្បីមានបន្ទូល និងប្រកបគ្នាអំពីសេចក្ដីពិតជាមួយយើង លាតត្រដាង និងជំនុំជម្រះយើង ស្របតាមសេចក្ដីពុករលួយដែលយើងបើកសម្ដែង ព្រមទាំងស្រោចស្រព ឃ្វាល និងផ្គត់ផ្គង់យើងស្របតាមតម្រូវការរបស់យើង។ វាជាវិធីតែមួយគត់ ដែលទ្រង់អាចប្រាប់ពីបំណងព្រះហឫទ័យ និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់បានច្បាស់។ តើការស្ដាប់ឮដោយផ្ទាល់ពីវិធីរបស់ព្រះជាម្ចាស់ និងយល់ពីសេចក្ដីពិតដែលទ្រង់សម្ដែងចេញ មិនមែនមានប្រយោជន៍បំផុត សម្រាប់ការទទួលបានសេចក្ដីពិត និងសេចក្ដីសង្រ្គោះទេឬ? ជាងនេះទៅទៀត ពេលដែលព្រះជាម្ចាស់ត្រឡប់ជាសាច់ឈាមដូចធម្មតា ដូចជាប្រភេទមនុស្សសព្វថ្ងៃ តើអ្នកនឹងនិយាយថា មនុស្សអាចមានសញ្ញាណ ថាពួកគេអាចបះបោរឬទេ? ប្រាកដណាស់។ ពេលដែលមនុស្សឃើញរូបរាងខាងក្រៅធម្មតារបស់ព្រះគ្រីស្ទ សញ្ញាណ ការបះបោរ និងការទាស់ទទឹងរបស់ពួកគេក៏កើតឡើង ហើយទោះបីពួកគេមិននិយាយអ្វី ឬបង្ហាញវាចេញមកក្ដី មិនថាពួកគេធ្វើពុតបានល្អបែបណាឡើយ ក៏ព្រះជាម្ចាស់កំពុងទត ហើយការប៉ុនប៉ងលាក់បាំងរឿងនេះ មិនអាចសម្រេចបានឡើយ។ ព្រះជាម្ចាស់បើកសម្ដែងអ្វីដែលបានលាក់បាំងក្នុងខ្លួនមនុស្ស ថាចំៗគ្មានខុសត្រង់ណាឡើយ។ ដូច្នេះ មានតែព្រះជាម្ចាស់ខាងសាច់ឈាមប៉ុណ្ណោះ ទើបអាចលាតត្រដាងមនុស្សបានល្អបំផុត ដោយបើកសម្ដែងការបះបោរ និងការទាស់ទទឹងរបស់ពួកគេ។ ចំណុចនេះមានប្រយោជន៍បំផុតដល់កិច្ចការជំនុំជម្រះ។ ចុះបើព្រះជាម្ចាស់ថ្លែងព្រះបន្ទូលដោយផ្ទាល់តាមព្រះវិញ្ញាណវិញនោះ? មនុស្សមិនអាចមើលឃើញ ប៉ះពាល់ ឬចូលជិតព្រះវិញ្ញាណទ្រង់បានទេ ហើយព្រះវិញ្ញាណទ្រង់ដែលមានបន្ទូល នឹងគួរឱ្យខ្លាច។ ដូច្នេះ ធ្វើម៉េចទើបគេបើកចិត្តចំពោះព្រះជាម្ចាស់ ឬយល់សេចក្ដីពិតទៅ? ហើយតើនរណានឹងហ៊ានមានសញ្ញាណ ពេលជួបព្រះវិញ្ញាណនោះ? តើនរណាហ៊ានបើកសម្ដែងសេចក្ដីពុករលួយ ឬបះបោរ ឬទាស់ទទឹងនោះ? គ្មាននរណាហ៊ានឡើយ។ គ្រប់គ្នានឹងភ័យញ័រ រួញខ្លួនក្រាបចុះ មុខឡើងស្លាំង។ ដោយមនុស្សស្ថិតក្នុងសភាពភ័យខ្លាចដូច្នោះ តើរឿងពិតរបស់គេត្រូវបានលាតត្រដាងបែបណា? សញ្ញាណ ឬការបះបោរពួកគេនឹងមិនបង្ហាញចេញឡើយ ដូច្នេះ តើត្រូវធ្វើការជំនុំជម្រះយ៉ាងម៉េចទៅ? តើនឹងមានភស្ដុតាងអ្វីទៅ? ហេតុនេះហើយកិច្ចការនៃព្រះវិញ្ញាណព្រះជាម្ចាស់ មិនអាចជីកកកាយឥរិយាបថពិតបំផុតរបស់មនុស្ស ដោយលាតត្រដាងវាចេញមកទេ ហើយកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់ មិនអាចសម្រេចបានទេ។ ហើយការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ មានប្រសិទ្ធភាព សម្រាប់កិច្ចការជំនុំជម្រះ ជាងព្រះវិញ្ញាណទ្រង់។ យើងអាចឃើញព្រះដ៏មានគ្រប់ព្រះចេស្ដារស់នៅក្នុងចំណោមមនុស្សជាតិ គង់ជាមួយយើងតាំងពីព្រឹកដល់យប់។ គ្រប់ទាំងសកម្មភាព គំនិត សេចក្ដីពុករលួយដែលយើងបើកសម្ដែង គឺសុទ្ធតែត្រូវព្រះជាម្ចាស់ទតឃើញ និងចាប់បាន។ ទ្រង់អាចសម្ដែងចេញសេចក្ដីពិត ដើម្បីលាតត្រដាង និងជំនុំជម្រះយើងគ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយបង្ហាញឱ្យឃើញនូវសេចក្ដីពុករលួយ សញ្ញាណ និងការស្រមើស្រមៃរបស់យើងអំពីព្រះជាម្ចាស់ ក៏ដូចជាធម្មជាតិពីកំណើតរបស់យើង ដែលទាស់ទទឹង និងក្បត់ព្រះជាម្ចាស់។ ពេលយើងអានបន្ទូលព្រះជាម្ចាស់ ហាក់ដូចជាយើងត្រូវបានជំនុំជម្រះ នៅនឹងមុខទ្រង់អ៊ីចឹង។ វាពិតជាក្រៀមក្រំ និងអាម៉ាស់ណាស់ ហើយយើងមើលឃើញសេចក្ដីពិតនៃសេចក្ដីពុករលួយយើងទាំងអស់តាមព្រះបន្ទូលទ្រង់។ យើងស្អប់ខ្លួនឯង និងសោកស្ដាយចេញពីចិត្ត ហើយមានអារម្មណ៍ថា គ្មានតម្លៃរស់នៅចំពោះព្រះជាម្ចាស់ឡើយ។ តាមរយៈការជំនុំជម្រះរបស់ព្រះជាម្ចាស់ យើងក៏ឃើញថា ទ្រង់ពិតជាសុចរិត និងបរិសុទ្ធមែន ហើយទ្រង់ពិតជាទតឃើញធ្លុះដល់ចិត្តគំនិតយើងមែន។ គំនិត និងទស្សនៈពុករលួយ ដែលបានកប់ជ្រៅក្នុងចិត្តយើង គំនិតខ្លះដែលយើងមិនបានទាំងដឹងផង ត្រូវបានព្រះជាម្ចាស់លាតត្រដាង និងជំនុំជម្រះម្ដងមួយៗ។ ជួនកាល គឺតាមរយៈការថ្កោលទោស និងការដាក់បណ្ដាសាអាក្រក់ៗ ដោយឱ្យយើងឃើញពីនិស្ស័យដែលមិនអាចប្រមាថបានរបស់ព្រះជាម្ចាស់ ហើយទីបញ្ចប់ យើងនឹងកោតខ្លាចព្រះជាម្ចាស់។ បើមិនឆ្លងកាត់ការជំនុំជម្រះរបស់ព្រះជាម្ចាស់ទេ នោះគ្មានយើងណាម្នាក់ នឹងស្គាល់ពីសេចក្ដីសុចរិត ឬភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ឡើយ ហើយគ្មាននរណាអាចឃើញថា ពេលមនុស្សរស់នៅតាមធម្មជាតិជាសាតាំងរបស់ពួកគេ នោះពួកគេជាប្រភេទមនុស្សទាសទទឹងនឹងព្រះជាម្ចាស់ ថាពួកគេសមនឹងទទួលការថ្កោលទោស និងការកាត់ទោសពីព្រះជាម្ចាស់ឡើយ។ នេះគឺដោយសារការជំនុំជម្រះ ការវាយផ្ចាល និងការល្បងលរបស់ព្រះជាម្ចាស់ ដែលយើងអាចប្រែចិត្តយ៉ាងពិតប្រាកដ ទីបំផុត កម្ចាត់សេចក្ដីពុករលួយ ហើយត្រូវបានបន្សុទ្ធ និងបំផ្លាស់បំប្រែ។ ហើយតាមរយៈការដើរតាមព្រះគ្រីស្ទដល់សព្វថ្ងៃនេះ យើងអាចឃើញថា ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស រស់នៅក្នុងចំណោមយើង ដោយបន្ទាបខ្លួន និងលាក់បាំង សម្ដែងចេញសេចក្ដីពិតជាច្រើនយ៉ាងស្មោះត្រង់ និងអត់ធ្មត់ ទាំងអស់គឺដើម្បីការសង្គ្រោះយើង ដែលជាមនុស្សពុករលួយ ឱ្យបានទាំងស្រុង។ បើមិនមែនព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស យាងមកជំនុំជម្រះ និងបន្សុទ្ធយើង ដោយប្រទានគ្រប់ទាំងសេចក្ដីពិតដល់យើងទេ នោះមនុស្សដែលបះបោរ និងពុករលួយដូចយើង ច្បាស់ជានឹងត្រូវលុបបំបាត់ និងកាត់ទោសជាមិនខាន។ ដូច្នេះ តើយើងត្រូវបានសង្គ្រោះយ៉ាងដូចម្ដេច? សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ គឺធំធេងណាស់ ហើយព្រះជាម្ចាស់គួរឱ្យស្រឡាញ់ណាស់។ ព្រះដ៏មានគ្រប់ព្រះចេស្ដា សម្ដែងចេញសេចក្ដីពិតក្នុងចំណោមយើងរាល់គ្នា ដោយណែនាំ ផ្គត់ផ្គង់ និងរួមដំណើរជាមួយមនុស្សជាតិតាមវិធីជាក់ស្ដែង។ នេះជាឱកាសតែមួយគត់របស់យើង ក្នុងការស្ដាប់ឮព្រះសូរសៀងព្រះជាម្ចាស់ និងឃើញព្រះភ័ក្ត្រទ្រង់ ដើម្បីឆ្លងកាត់ការជំនុំជម្រះ និងការបន្សុទ្ធពីព្រះជាម្ចាស់ ដើម្បីរៀនសូត្រ និងទទួលបានសេចក្ដីពិតជាច្រើន និងរស់នៅក្នុងលក្ខណៈដូចជាមនុស្សពិតប្រាកដ។ អស់អ្នកណាដែលរៀនសូត្របានច្រើនបំផុតពីកិច្ចការ នៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនៅគ្រាចុងក្រោយ គឺជាក្រុមយើងដែលដើរតាមព្រះគ្រីស្ទនេះឯង។ អ្វីដែលយើងទទួលបានពីព្រះជាម្ចាស់ ពិតជាមិនអាចវាស់ស្ទង់បានឡើយ។ ដូចព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាថា៖ «រឿងដ៏ល្អបំផុតអំពីកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមគឺថា ទ្រង់អាចបន្សល់ទុកនូវព្រះបន្ទូល និងសេចក្តីដាស់តឿនដ៏សុក្រឹត្យ ព្រមទាំងព្រះហឫទ័យដ៏ជាក់លាក់របស់ទ្រង់សម្រាប់មនុស្សជាតិសម្រាប់អស់អ្នកដែលដើរតាមទ្រង់ ដើម្បីឲ្យក្រោយមក អ្នកដើរតាមទ្រង់អាចផ្ទេរកាន់តែសុក្រឹត្យ និងកាន់តែច្បាស់លាស់អំពីគ្រប់កិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមនិងព្រះហឫទ័យរបស់ទ្រង់សម្រាប់មនុស្សជាតិ ទៅកាន់អស់អ្នកដែលទទួលយក។ មានតែកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមក្នុងចំណោមនុស្សប៉ុណ្ណោះ ដែលនាំទៅសម្រេចចេញជាការពិតនៃព្រះជន្ម និងការរស់នៅរបស់ព្រះជាម្ចាស់ជាមួយមនុស្ស។ មានតែកិច្ចការនេះប៉ុណ្ណោះ ទើបបំពេញបំណងប្រាថ្នារបស់មនុស្សដែលចង់ឃើញព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ចង់ឃើញផ្ទាល់ភ្នែកនូវកិច្ចការរបស់ព្រះជាម្ចាស់និងចង់ឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយផ្ទាល់។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស បញ្ចប់នូវយុគសម័យមួយ នៅពេលដែលព្រះយេហូវ៉ាបែរព្រះប្រឹស្ដាង្គ (ខ្នង) របស់ទ្រង់ទៅកាន់មនុស្សជាតិ ហើយទ្រង់ក៏បញ្ចប់យុគសម័យនៃជំនឿរបស់មនុស្សជាតិទៅលើព្រះដ៏ស្រពេចស្រពិលដែរ។ ជាពិសេស កិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺនាំមនុស្សជាតិទាំងអស់ចូលទៅក្នុងយុគសម័យមួយដែលប្រាកដនិយមជាង ជាក់ស្ដែងជាង និងស្រស់ស្អាតជាង។ ទ្រង់មិនគ្រាន់តែបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ និងគោលលទ្ធិប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលកាន់តែសំខាន់នោះគឺ ទ្រង់បើកសម្ដែងទៅកាន់មនុស្សជាតិអំពីព្រះជាម្ចាស់មួយអង្គដែលជាព្រះពិតនិងសាមញ្ញ ជាព្រះដែលសុចរិត និងបរិសុទ្ធ ជាព្រះដែលសម្រេចកិច្ចការនៃផែនការគ្រប់គ្រង និងជាព្រះដែលបង្ហាញពីសេចក្តីលាក់កំបាំង និងគោលដៅរបស់មនុស្ស ជាព្រះដែលបានបង្កើតមនុស្សជាតិ និងបញ្ចប់កិច្ចការនៃការគ្រប់គ្រង និងជាព្រះដែលបានបន្តលាក់ព្រះភ័ក្ត្រអស់រយៈពេលជាច្រើនពាន់ឆ្នាំ។ ព្រះអង្គបញ្ចប់ទាំងស្រុងនូវយុគសម័យនៃភាពស្រពេចស្រពិល ដែលជាយុគសម័យមួយដែលមនុស្សជាតិទាំងអស់ចង់ស្វែងរកព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ប៉ុន្តែមិនអាចមើលឃើញទ្រង់បញ្ចប់យុគសម័យមួយដែលមនុស្សជាតិទាំងអស់បានបម្រើសាតាំង ហើយទ្រង់ដឹកនាំមនុស្សជាតិទាំងអស់ចូលទៅក្នុងយុគសម័យមួយដែលថ្មីស្រឡាង។ កិច្ចការទាំងអស់នេះគឺជាលទ្ធផលនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ដែលធ្វើការជំនួសឲ្យព្រះវិញ្ញាណរបស់ព្រះជាម្ចាស់» («មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញសេចក្ដីពិត និងធ្វើកិច្ចការជំនុំជម្រះនៃគ្រាចុងក្រោយរបស់ទ្រង់ អស់បីទសវត្សរ៍មកហើយមកដល់ពេលនេះ។ រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ បានបន្សុទ្ធនិស្ស័យពុករលួយពួកគេតាមរយៈការជំនុំជម្រះពីព្រះបន្ទូលទ្រង់ ហើយព្រះជាម្ចាស់បង្កើតក្រុមអ្នកមានជ័យជម្នះមួយក្រុម នៅមុនគ្រោះមហន្តរាយ។ ពួកគេជាផលដំបូង។ ពួកគេបានព្យាយាមដើរតាម និងធ្វើបន្ទាល់ថ្វាយព្រះគ្រីស្ទ ដោយឆ្លងកាត់ការគាបសង្កត់យ៉ាងខ្លាំងពីសត្វនាគដ៏ធំមានសម្បុរក្រហមទៀតផង។ ពួកគេបានយកឈ្នះសាតាំង និងធ្វើបន្ទាល់យ៉ាងកងរំពងថ្វាយព្រះជាម្ចាស់។ ការនេះសម្រេចសេចក្ដីទំនាយនៃគម្ពីរវិវរណៈថា៖ «ពួកគេទាំងនេះជាអ្នកដែលបានចេញពីទុក្ខវេទនា ហើយបានជម្រះសម្លៀកបំពាក់របស់គេ ហើយក៏បានធ្វើឱ្យពួកគេក្លាយជាសនៅក្នុងឈាមនៃកូនចៀម» (វិវរណៈ ៧:១៤)។ នៅពេលដែលព្រះជាម្ចាស់យកកំណើតជាមនុស្សបានសម្ដែងចេញសេចក្ដីពិត មេដឹកនាំ និងពួកទទឹងនឹងព្រះគ្រីស្ទ ទាំងតូចទាំងធំ ពីគ្រប់និកាយ ត្រូវបានលាតត្រដាងគ្មានចន្លោះ។ ពួកគេឃើញថា ព្រះដ៏មានគ្រប់ព្រះចេស្ដាលេចមកជាបុគ្គលធម្មតាម្នាក់ ថាទ្រង់មិនមែនជាព្រះវិញ្ញាណ ដូច្នេះហើយ ពួកគេទាស់ទទឹង និងថ្កោលទោសទ្រង់យ៉ាងគឃ្លើន។ ដើម្បីការពារឋានៈ និងការរស់នៅផ្ទាល់ខ្លួន ពួកគេឆ្កួតនឹងហាមអ្នកជឿមិនឱ្យស្ដាប់ព្រះសូរសៀងព្រះជាម្ចាស់ និងពិនិត្យសួរពីផ្លូវពិត។ មុខមាត់ពិតនៃការស្អប់សេចក្ដីពិតរបស់មនុស្សទាំងនេះត្រូវបានលាតត្រដាង ហើយពួកគេត្រូវបានថ្កោលទោស និងលុបបំបាត់។ បើគ្មានព្រះជាម្ចាស់ត្រឡប់ជាសាច់ឈាមទេ នោះពួកគេនៅលាក់បាំងក្នុងក្រុមជំនុំ នៅតែបឺតជញ្ជក់ឈាមអ្នកជឿ លេបយកតង្វាយរបស់ព្រះជាម្ចាស់ដែល ដោយបំភាន់ និងបំផ្លាញមនុស្សជាច្រើន។ ដោយសារព្រះជាម្ចាស់ធ្វើការជំនុំជម្រះរបស់ទ្រង់ខាងសាច់ឈាម ពួកទទឹងនឹងព្រះគ្រីស្ទ និងអ្នកមិនជឿ អ្នកដែលស្រឡាញ់ និងមិនស្រឡាញ់សេចក្ដីពិត អ្នកដែលស្អប់ខ្ពើមសេចក្ដីពិត សុទ្ធតែត្រូវបានបើកសម្ដែង។ ហើយអ្នកដែលស្រឡាញ់ និងយល់ពីសេចក្ដីពិត បានឃើញយ៉ាងច្បាស់ពីមុខមាត់អាក្រក់របស់សាតាំង ព្រមទាំងរបៀបដែលសាតាំងធ្វើការប្រឆាំងនឹងព្រះជាម្ចាស់ និងធ្វើឱ្យមនុស្សជាតិវង្វេងផង។ ពួកគេបានបដិសេធ និងបោះបង់សាតាំងទាំងស្រុង ហើយត្រឡប់មករកព្រះជាម្ចាស់ទាំងស្រុង។ ទីបំផុត ព្រះជាម្ចាស់ប្រទានរង្វាន់ដល់មនុស្សល្អ និងដាក់ទោសមនុស្សអាក្រក់ ដោយប្រើគ្រោះមហន្តរាយដ៏ធំ ដើម្បីឱ្យកម្លាំងអាក្រក់ទាំងអស់ ដែលធ្វើការប្រឆាំងនឹងព្រះជាម្ចាស់ត្រូវវិនាស ទីបំផុត ក៏បញ្ចប់យុគសម័យចាស់ដែលសាតាំងកាន់កាប់អំណាច ហើយក្រោយមក នាំអ្នកដែលត្រូវបានបន្សុទ្ធតាមរយៈការជំនុំជម្រះរបស់ទ្រង់ នៅកាន់គោលដៅដ៏ស្រស់បំព្រង។ ការនេះសម្រេចសេចក្ដីទំនាយនៃគម្ពីរវិវរណៈថា៖ «អ្នកដែលទុច្ចរិត ទុកឱ្យគេនៅតែទុច្ចរិតដដែលទៅចុះ៖ ហើយអ្នកដែលស្មោកគ្រោក ទុកឱ្យគេនៅតែស្មោកគ្រោកដដែលទៅចុះ៖ រីឯអ្នកដែលសុចរិត ទុកឱ្យគេនៅតែសុចរិតដដែលទៅចុះ៖ ហើយអ្នកដែលបរិសុទ្ធ ទុកឱ្យគេនៅតែបរិសុទ្ធដដែលទៅចុះ» (វិវរណៈ ២២:១១)។ «មើល៍ ខ្ញុំមកយ៉ាងឆាប់ ហើយអញយករង្វាន់មកជាមួយ ដើម្បីប្រទានដល់មនុស្សគ្រប់គ្នាទៅតាម កិច្ចការរបស់គេដែលគួរទទួល» (វិវរណៈ ២២:១២)

សូមយើងសរុបខ្លឹមសារតាមអត្ថបទបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាមួយទៀត។ «មនុស្សជាច្រើនមានអារម្មណ៍មិនល្អចំពោះការយកកំណើតជាមនុស្សជាលើកទីពីររបស់ព្រះជាម្ចាស់ ដ្បិតមនុស្សទាំងនោះពិបាកនឹងជឿថា ព្រះជាម្ចាស់នឹងប្រសូតមកជាសាច់ឈាម ដើម្បីធ្វើកិច្ចការជំនុំជម្រះ។ តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវតែប្រាប់អ្នកថា កិច្ចការរបស់ព្រះជាម្ចាស់ រមែងហួសពីការរំពឹងគិតរបស់មនុស្ស ហើយពិបាកនឹងឱ្យគំនិតរបស់គេទទួលយកបានផង។ ដ្បិតមនុស្សគ្រាន់តែជាដង្កូវនៅលើផែនដី ចំណែកឯព្រះជាម្ចាស់ ទ្រង់ជាព្រះដ៏ឧត្ដុង្គឧត្ដមដែលបំពេញចក្កវាឡនេះ គំនិតរបស់មនុស្សប្រៀបបាននឹងអណ្ដូងទឹកកខ្វក់ ដែលនាំឱ្យកើតជាដង្កូវតែប៉ុណ្ណោះ ចំណែកឯដំណាក់កាលនីមួយៗនៃកិច្ចការ ដែលត្រូវបានដឹកនាំដោយព្រះតម្រិះរបស់ព្រះជាម្ចាស់វិញ គឺជាលទ្ធផលដែលបានមកពីព្រះប្រាជ្ញាញាណរបស់ទ្រង់។ មនុស្សតែងតែព្យាយាមទាស់ទទឹងជាមួយព្រះជាម្ចាស់ ដែលខ្ញុំចាត់ទុកជាភ័ស្តុតាងបញ្ជាក់ដោយខ្លួនឯងថា នៅទីបំផុត គឺគេនឹងខាតបង់ដោយព្រោះតែជាទង្វើរបស់គេ។ ខ្ញុំសូមទូន្មានអ្នកទៅចុះថា សូមកុំគិតថាអ្នកមានតម្លៃជាងមាស។ ប្រសិនបើអ្នកដទៃអាចទទួលយកការជំនុំជម្រះពីព្រះជាម្ចាស់បាន ហេតុអ្វីបានជាអ្នកទទួលមិនបាន? តើអ្នកមានឋានៈធំជាងគេប៉ុនណាទៅ? ប្រសិនបើអ្នកដទៃអាចឱនក្បាលរបស់គេចុះចូលចំពោះសេចក្ដីពិត ហេតុអ្វីបានជាអ្នកមិនអាចធ្វើដូចគេបាន? កិច្ចការរបស់ព្រះជាម្ចាស់ មានកម្លាំងចលករមួយដែលមិនអាចបញ្ឈប់បាន។ ទ្រង់នឹងមិនធ្វើកិច្ចការជំនុំជម្រះម្ដងទៀត ដោយសារតែ 'ភាគទាន' ដែលអ្នកបានធ្វើនោះទេ ហើយអ្នកក៏នឹងមានវិប្បដិសារីជាខ្លាំងចំពោះការបណ្ដោយឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅ។ ប្រសិនបើអ្នកមិនជឿសម្ដីខ្ញុំទេ ចូររង់ចាំមើលបល្ល័ង្កធំសនៅលើមេឃ ដែលនឹងមកជំនុំជម្រះអ្នកចុះ! អ្នកត្រូវដឹងថា ជនជាតិអ៊ីស្រាអែលទាំងអស់សុទ្ធតែបានបដិសេធ និងមិនទទួលស្គាល់ព្រះយេស៊ូវ ប៉ុន្តែការពិតស្ដីអំពីការប្រោសលោះរបស់ព្រះយេស៊ូវសម្រាប់មនុស្សលោក បានផ្សព្វផ្សាយពេញចក្រវាឡទាំងមូល និងរហូតដល់ចុងបំផុតនៃផែនដីផង។ តើនេះមិនមែនជាការពិតដែលព្រះជាម្ចាស់ ទ្រង់បានធ្វើឡើងតាំងពីយូរណាស់មកហើយទេឬអី? ប្រសិនបើអ្នកនៅកំពុងទន្ទឹងរង់ចាំព្រះយេស៊ូវ មកនាំអ្នកឡើងទៅស្ថានសួគ៌ នោះខ្ញុំសូមប្រាប់ថា មនុស្សដូចអ្នក គឺជាឈើងាប់មួយដុំដ៏រឹងរូស។ អ្នកជឿក្លែងក្លាយដែលគ្មានភក្ដីភាពចំពោះសេចក្ដីពិត និងស្វែងរកតែព្រះពរដូចជាអ្នក គឺព្រះយេស៊ូវមិនទទួលស្គាល់ទេ។ ផ្ទុយទៅវិញ ទ្រង់នឹងបោះអ្នកចូលទៅក្នុងបឹងភ្លើងឱ្យឆេះរយៈពេលរាប់ម៉ឺនឆ្នាំដោយគ្មានមេត្តាឡើយ» («ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

តើសេចក្ដីជំនឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា ជាការក្បត់ព្រះអម្ចាស់យេស៊ូវឬទេ?

រយៈពេល ៣០ ឆ្នាំពេញ តាំងពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានលេចមក ហើយចាប់ផ្ដើមធ្វើកិច្ចការ...

ការស្គាល់ព្រះគ្រីស្ទក្លែងក្លាយពីព្រះគ្រីស្ទពិត

ថ្ងៃនេះ ខ្ញុំចង់និយាយអំពី របៀបស្គាល់ព្រះគ្រីស្ទក្លែងក្លាយពីព្រះគ្រីស្ទពិត។ អ្នកខ្លះអាចសួរអំពី អ្វីដែលត្រូវធ្វើជាមួយជំនឿរបស់យើងលើព្រះ។...

តើសេចក្តីសង្គ្រោះតាមរយៈសេចក្ដីជំនឿផ្ដល់នូវច្រកចូលទៅនគរស្ថានសួគ៌ដែរឬទេ?

ជំងឺរាតត្បាតឆ្លងរាលដាលឥតស្រាកស្រាន្ត ហើយគ្រោះរញ្ជូយដី គ្រោះទឹកជំនន់ ហ្វូងសត្វល្អិតចង្រៃ គ្រោះទុរភិក្ស ក៏បានចាប់ផ្តើមកើតឡើងដែរ។...

តើកិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយនេះ បន្សុទ្ធនិងសង្គ្រោះមនុស្សជាតិដូចម្ដេច?

មនុស្សបានដឹងថាគ្រោះមហន្តរាយដ៏ធំនឹងធ្លាក់មកលើយើង ហើយអ្នកដែលរំពឹងថាព្រះអម្ចាស់យាងមកលើពពក បានរង់ចាំដោយអន្ទះសារ។...

Leave a Reply