ហេតុអ្វីព្រះជាម្ចាស់ត្រូវការកិច្ចការទាំងបីដំណាក់កាល ដើម្បីសង្រ្គោះមនុស្សជាតិ?

15-12-2021

គ្រប់គ្នាដឹងហើយថា កាល២០០០ឆ្នាំមុន ព្រះអម្ចាស់យេស៊ូវបានលេចមក និងធ្វើការនៅក្នុងស្រុកយូដា ដើម្បីប្រោសលោះមនុស្សជាតិ និងប្រកាសថា៖ «ចូរអ្នករាល់គ្នាប្រែចិត្ត ដ្បិតនគរព្រះនៅជិតបង្កើយ» (ម៉ាថាយ ៤:១៧)។ ទ្រង់បានបង្ហាញចេញសេចក្តីពិតជាច្រើន និងបើកសម្ដែងនូវទីសម្គាល់ និងការអស្ចារ្យជាច្រើន ដោយធ្វើឲ្យស្រុកយូដារង្គោះរង្គើ។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាសនាយូដាបានឃើញពីសិទ្ធិអំណាច និងព្រះចេស្ដា នៃកិច្ចការ និងព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ ហើយទ្រង់តែងតែទទួលបានអ្នកដើរតាម។ អ្នកដឹកនាំទាំងនេះមានអារម្មណ៍ថា កិច្ចការព្រះយេស៊ូវបានគំរាមកំហែងដល់ឋានៈរបស់គេ ដូច្នេះ ពួកគេចាប់ផ្ដើមរកវិធី ដើម្បីប្រឆាំងទ្រង់ ដោយប្រឌិតពាក្យចចាមអារ៉ាម និងការកុហក ដោយថ្កោលទោសព្រះយេស៊ូវ និងធ្វើឲ្យមនុស្សឈប់ដើរតាមទ្រង់។ ព្រះយេស៊ូវ ដែលជាបុត្រមនុស្ស ហើយមិនស្ថិតក្នុងទម្រង់ខាងវិញ្ញាណ បានធ្វើឲ្យពួកគេកាន់តែឥតអៀនខ្មាស និងកញ្ជ្រោលឡើង។ កិច្ចការ និងបន្ទូលរបស់ទ្រង់ដែលហួសពីក្រឹត្យវិន័យ គឺជាលេសរបស់ពួកគេ ដើម្បីថ្កោលទោស និងដេញចាប់ទ្រង់ ហើយឆ្កាងទ្រង់។ ការនេះបាននាំឲ្យប្រជាជាតិអ៊ីស្រាអែលជួបសេចក្ដីហិនហោច និងទារុណកម្មរបស់ព្រះ រយៈពេល២០០០ឆ្នាំ។ ឥឡូវ ព្រះយេស៊ូវបានយាងមកវិញនៅគ្រាចុងក្រោយ ក្នុងនាមជាព្រះដ៏មានគ្រប់ព្រះចេស្ដាដែលយកកំណើតជាមនុស្ស កំពុងសម្ដែងចេញសេចក្តីពិត និងធ្វើកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមពីដំណាក់របស់ព្រះ ដើម្បីបន្សុទ្ធ និងសង្រ្គោះមនុស្សជាតិយ៉ាងពេញលេញ។ អស់អ្នកដែលទន្ទឹងនូវការលេចមករបស់ព្រះពីគ្រប់និកាយ បានអានបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ស្គាល់សំឡេងព្រះ ហើយបែរទៅរកព្រះដ៏មានគ្រប់ព្រះចេស្ដា។ តែអ្នកដឹកនាំសាសនាជាច្រើនមិនអាចទទួលយកការនេះទេ។ ចៀមល្អៗរបស់គេបានចាកចេញពីហ្វូង ហើយឋានៈ និងការរស់នៅរបស់គេស្ថិតក្នុងគ្រោះថ្នាក់ ដែលពួកគេមិនអាចអត់ទ្រាំបានឡើយ។ ពួកគេកំពុងប្រឌិតការកុហកគ្រប់យ៉ាង ដើម្បីបដិសេធ និងថ្កោលទោសការលេចមក និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដោយធ្វើគ្រប់យ៉ាងដែលគេអាចធ្វើបាន ដើម្បីដឹកនាំពួកអ្នកជឿទៅរកផ្លូវខុស ហើយរារាំងពួកគេមិនឲ្យសិក្សាពីផ្លូវពិត។ ពួកគេថា ព្រះអម្ចាស់យេស៊ូវបានប្រោសលោះមនុស្សជាតិរួចហើយ ដូច្នេះ កិច្ចការសង្រ្គោះរបស់ព្រះបានបញ្ចប់ ហើយទ្រង់នឹងលើកអ្នកជឿឡើង ពេលទ្រង់យាងមកវិញ។ វាគ្មានកិច្ចការសង្រ្គោះទៀតឡើយ។ ពួកគេថែមទាំងតវ៉ាថា៖ «បើព្រះអម្ចាស់យាងមកវិញ ហើយមិននាំយើងចូលទៅក្នុងនគរព្រះទេទ្រង់មិនមែនជាព្រះអម្ចាស់ដ៏ពិតឡើយ! ព្រះអម្ចាស់នៅក្នុងសាច់ឈាម ដែលកំពុងធ្វើកិច្ចការជំនុំជម្រះ មិនអាចជាព្រះអម្ចាស់នោះឡើយ! បើទ្រង់ជាព្រះអម្ចាស់ ដែលយើងជឿមែន នោះទ្រង់នឹងលើកយើងឡើងមិនខាន!» ជាពិសេស ពេលដែលពួកគេឃើញព្រះដ៏មានគ្រប់ព្រះចេស្ដាមិនស្ថិតនៅក្នុងទម្រង់ខាងវិញ្ញាណ តែជាបុត្រមនុស្សធម្មតាម្នាក់ ពួកគេកាន់តែចចេស ហើយថ្កោលទោស និងប្រមាថទ្រង់កាន់តែខ្លាំង។ ពួកគេថែមទាំងចូលដៃជាមួយបក្សកុម្មុយនីស្ត ដើម្បីចាប់ខ្លួនអ្នកជឿ ដែលចែកចាយដំណឹងល្អទៀតផង។ ដោយទង្វើរបស់គេ ពួកគេបានឆ្កាងព្រះជាម្ចាស់ជាថ្មីម្ដងទៀត។ សូមគិតអំពីការនេះចុះ។ ហេតុអ្វីក៏គ្រប់ជំហាននៃកិច្ចការរបស់ព្រះ ត្រូវបានបដិសេធ ថ្កោលទោស និងប្រឆាំងពីសំណាក់ពិភពសាសនាដូច្នេះ? នោះដោយសារតែមនុស្សជាតិត្រូវបានសាតាំងធ្វើឲ្យពុករលួយយ៉ាងខ្លាំង។ គ្រប់គ្នាមានធម្មជាតិបែបសាតាំង។ គ្រប់គ្នាស្អប់សេចក្តីពិត ហើយធុញទ្រាន់នឹងសេចក្ដីពិត។ ហេតុផលមួយទៀតគឺថា មនុស្សមិនយល់ពីកិច្ចការរបស់ព្រះ ដូច្នេះ ពួកគេឃើញកិច្ចការរបស់ព្រះដែលសង្រ្គោះមនុស្សជាតិសាមញ្ញជាងភាពជាក់ស្ដែងទៅទៀត។ យើងដឹងថា ពួកអ៊ីស្រាអែលបានជឿថា ពេលដែលកិច្ចការរបស់ព្រះនៅយុគសម័យនៃក្រឹត្យវិន័យត្រូវបានចាប់ផ្ដើម ពួកគេគ្រាន់តែកាន់តាមក្រឹត្យវិន័យ ប៉ុណ្ណោះ នោះពួកគេនឹងបានសង្រ្គោះ ហើយពេលព្រះមែស្ស៊ីយាងមក ពួកគេនឹងត្រូវនាំចូលទៅក្នុងនគរព្រះមិនខាន។ តើមានអ្វីកើតឡើងទៅ? ព្រះអម្ចាស់យេស៊ូវបានយាងមក ហើយសាសន៍យូដាបានឆ្កាងទ្រង់។ អស់អ្នកដែលមកពីយុគសម័យនៃព្រះគុណបានគិតថា ជាមួយការប្រោសលោះរបស់ព្រះយេស៊ូវ បាបរបស់គេត្រូវបានអត់ទោស ហើយពួកគេត្រូវបានសង្រ្គោះតែម្ដងជាសូរេច ដូច្នេះ ពួកគេគួរតែត្រូវបាននាំចូលទៅក្នុងនគរព្រះដោយផ្ទាល់ ពេលព្រះអម្ចាស់យាងមកវិញ។ ចុះមានអ្វីកើតឡើងទៅ? ព្រះដ៏មានគ្រប់ព្រះចេស្ដាបានយាងមក ហើយទ្រង់ត្រូវបានជាប់ឆ្កាងម្ដងទៀតពីសំណាក់ពិភពសាសនា ដែលចូលដៃជាមួយរបបសាតាំង។ ពួកគេគិតថា ពេលព្រះអម្ចាស់យេស៊ូវបានបញ្ចប់កិច្ចការរបស់ទ្រង់ កិច្ចការសង្រ្គោះរបស់ព្រះក៏ត្រូវបានបញ្ចប់ផងដែរ។ ប៉ុន្តែ តើវាពិតដែរឬទេ?

ហេតុអ្វីព្រះជាម្ចាស់ត្រូវការកិច្ចការទាំងបីដំណាក់កាល ដើម្បីសង្រ្គោះមនុស្សជាតិ?

តាមពិត គ្រប់ជំហានថ្មីៗនៃកិច្ចការដែលព្រះធ្វើ ត្រូវបានថ្លែងទុកជាមុនតាំងពីយូរមកហើយ។ ពេលដែលព្រះយេស៊ូវបានយាងមកធ្វើកិច្ចការប្រោសលោះ ពួកហោរាបានទស្សន៍ទាយទុករួចហើយអំពីការយាងមករបស់ទ្រង់។ «ស្ត្រីព្រហ្មចារីនឹងមានគត៌ កើតបានកូនប្រុសម្នាក់ ហើយគេនឹងហៅព្រះនាមទ្រង់ថា អេម៉ាញូអែល» (អេសាយ ៧:១៤)។ «ដ្បិតបុត្រមួយប្រសូតដល់យើង ព្រះប្រទានបុត្រមួយដល់យើង ហើយការគ្រប់គ្រងនឹងនៅលើស្មារបស់ទ្រង់ ហើយគេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏អស្ចារ្យ ជាទីប្រឹក្សា ព្រះដ៏មានព្រះចេស្ដា ព្រះវរបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃសន្ដិភាព» (អេសាយ ៩:៦)។ សម្រាប់កិច្ចការជំនុំជម្រះរបស់ព្រះនៅគ្រាចុងក្រោយវិញ មានសេចក្តីទំនាយក្នុងព្រះគម្ពីរ យ៉ាងហោចណាស់ក៏២០០ដែរ។ សូមមើលបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ៖ «អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យខ្ញុំ អ្នកនោះមានម្នាក់ដែលជំនុំជម្រះគេរួចហើយ ពាក្យដែលខ្ញុំបាននិយាយ គឺជាពាក្យដូចគ្នាដែលនឹងជំនុំជម្រះគេនៅគ្រាចុងក្រោយ» (យ៉ូហាន ១២:៤៨)។ «ដ្បិតព្រះវរបិតាមិនជំនុំជម្រះនរណាម្នាក់ឡើយ តែទ្រង់បានប្រគល់ការជំនុំជម្រះទាំងអស់ដល់ព្រះរាជបុត្រាវិញ» (យ៉ូហាន ៥:២២)។ និងកណ្ឌគម្ពីរពេត្រុស៖ «ដ្បិតនឹងមានវេលាមកដល់ ជាគ្រាដែលការជំនុំជម្រះត្រូវចាប់ផ្ដើមនៅឯដំណាក់របស់ព្រះជាម្ចាស់» (១ ពេត្រុស ៤:១៧)។ អ្នកណាដែលចាប់អារម្មណ៍លើកិច្ចការរបស់ព្រះ អាចរកឃើញមូលដ្ឋានយ៉ាងងាយស្រួល ដូច្នេះ ពួកគេនឹងមិនចេះតែទទូចទាំងគគ្លើនឲ្យឆ្កាងព្រះជាម្ចាស់នោះឡើយ។ ការនេះបង្ហាញថា សាតាំងបានធ្វើឲ្យមនុស្សជាតិពុករលួយយ៉ាងខ្លាំង។ មនុស្សទាំងអស់មានធម្មជាតិបែបសាតាំង ហើយវាសមរម្យក្នុងការនិយាយថា មនុស្សជាសត្រូវរបស់ព្រះ។ យើងគ្រប់គ្នាសុទ្ធតែឃើញថា៖ តាំងពីយុគសម័យនៃក្រឹត្យវិន័យ ដល់ការប្រោសលោះរបស់ព្រះយេស៊ូវនៅយុគសម័យនៃព្រះគុណ ហើយឥឡូវ នៅគ្រាចុងក្រោយ ដោយមានព្រះដ៏មានគ្រប់ព្រះចេស្ដាកំពុងធ្វើកិច្ចការជំនុំជម្រះនៅក្នុងសាច់ឈាម ដើម្បីបិទបញ្ចប់កិច្ចការនៃយុគសម័យទាំងនេះ វាស្ដែងយ៉ាងច្បាស់ថា កិច្ចការសង្រ្គោះមនុស្សជាតិរបស់ព្រះមានបីដំណាក់កាលយ៉ាងពិតប្រាកដ។ ចុះហេតុអ្វីក៏កិច្ចការសង្រ្គោះរបស់ទ្រង់ចាំបាច់អ្វីត្រូវអនុវត្តនៅក្នុងបីដំណាក់កាល? វាជាអ្វីមួយដែលមនុស្សមិនអាចស្ទង់ដឹងឡើយ ជាហេតុនាំឲ្យមនុស្សជាច្រើនប្រឆាំង និងថ្កោលទោសកិច្ចការរបស់ព្រះ។ ផលវិបាកនៃទង្វើនេះ គឺធ្ងន់ធ្ងរណាស់។ ដូច្នេះហើយ បញ្ហាដែលយើងកំពុងតែស្វែងយល់នៅថ្ងៃនេះ គឺជាហេតុផលនាំឲ្យព្រះធ្វើជំហានទាំងបីនៃកិច្ចការ។

នៅគ្រាចុងក្រោយ កិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាបានបើកសម្ដែងគ្រប់ទាំងអាថ៌កំបាំងអំពីផែនការគ្រប់គ្រងរបស់ទ្រង់។ សូមអានបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដើម្បីឲ្យយើងអាចយល់កាន់តែច្បាស់អំពីការនេះ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «កិច្ចការនៃការគ្រប់គ្រងរយៈពេល ៦០០០ ឆ្នាំរបស់ព្រះជាម្ចាស់ ត្រូវបែងចែកជាបីដំណាក់កាល៖ យុគសម័យក្រឹត្យវិន័យ យុគសម័យព្រះគុណ និងយុគសម័យនៃនគរព្រះ។ ដំណាក់កាលទាំងបីនៃកិច្ចការនេះ គឺដើម្បីសេចក្ដីសង្គ្រោះដល់មនុស្សជាតិ ពោលគឺ ដំណាក់កាលទាំងនេះ គឺដើម្បីជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះរបស់មនុស្សជាតិ ដែលត្រូវបានសាតាំងធ្វើឲ្យពុករលួយដល់ឆ្អឹង។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នានោះដែរ ដំណាក់កាលទាំងនេះ ក៏ដើម្បីឲ្យព្រះជាម្ចាស់អាចធ្វើចម្បាំងជាមួយសាតាំងបានផងដែរ។ ហេតុនេះកិច្ចការនៃសេចក្ដីសង្គ្រោះ ត្រូវបានបែងចែកជាបីដំណាក់កាល ហើយចម្បាំងជាមួយសាតាំង ក៏ត្រូវបានបែងចែកជាបីដំណាក់កាលដែរ ហើយផ្នែកទាំងពីរនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺត្រូវធ្វើឡើងក្នុងពេលជាមួយគ្នា។ ចម្បាំងជាមួយសាតាំង តាមពិតគឺដើម្បីជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះមនុស្សជាតិ ហើយដោយសារកិច្ចការនៃសេចក្ដីសង្គ្រោះរបស់មនុស្សជាតិនេះ មិនមែនជាកិច្ចការដែលអាចសម្រេចជោគជ័យបាននៅក្នុងដំណាក់កាលតែមួយ នោះចម្បាំងជាមួយសាតាំង ក៏ត្រូវបែងចែកទៅជាដំណាក់កាល និងសម័យកាលដែរ ហើយចម្បាំងដែលប្រកាសធ្វើជាមួយសាតាំងគឺស្របទៅតាមតម្រូវការរបស់មនុស្ស និងទៅតាមទំហំនៃសេចក្ដីពុករលួយរបស់សាតាំងចំពោះមនុស្ស។ ... មានដំណាក់កាលចំនួនបីនៃកិច្ចការសម្រាប់សេចក្ដីសង្គ្រោះរបស់មនុស្ស ពោលគឺ ចម្បាំងជាមួយសាតាំងត្រូវបំបែកទៅជាបីដំណាក់កាល ដើម្បីយកឈ្នះលើសាតាំងមួយដងជាសម្រេច។ ក៏ប៉ុន្តែសេចក្ដីពិតខាងក្នុងនៃកិច្ចការចម្បាំងទាំងមូល ជាមួយសាតាំង គឺថាឥទ្ធិពលនៃចម្បាំងនេះ អាចសម្រេចទៅបានតាមរយៈ ដំណាក់កាលនៃកិច្ចការជាច្រើន៖ ការប្រទានព្រះគុណដល់មនុស្ស ការក្លាយជាតង្វាយ លោះអំពើបាបរបស់មនុស្ស ការអត់ទោសអំពើបាបរបស់មនុស្ស ការយកឈ្នះលើមនុស្ស និងការធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍» («ការស្រោចស្រង់ជីវិតសាមញ្ញរបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់គោលដៅដ៏អស្ចារ្យមួយ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ យើងអាចឃើញថា កិច្ចការសង្រ្គោះរបស់ព្រះកើតឡើងនៅក្នុងបីដំណាក់កាល។ វាមានកិច្ចការរបស់ព្រះយេហូវ៉ាដ៏ជាព្រះនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវនៅក្នុងយុគសម័យនៃព្រះគុណ និងកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅក្នុងយុគសម័យនៃនគរព្រះ។ កិច្ចការទាំងបីដំណាក់កាលនេះបង្កើតបានជាកិច្ចការសង្រ្គោះពេញលេញរបស់ព្រះ ហើយនេះជារបៀបដែលព្រះសង្រ្គោះមនុស្សជាតិចេញពីកម្លាំងរបស់សាតាំង ម្ដងមួយជំហានៗ ដើម្បីឲ្យព្រះអាចទទួលយើងបានយ៉ាងពេញលេញ។ ភាពសំខាន់នៅពីក្រោយជំហាននីមួយៗ គឺជ្រាលជ្រៅ។ ទាំងអស់នេះសុទ្ធតែជាកិច្ចការដ៏មានតម្លៃនៅក្នុងផែនការគ្រប់គ្រងរបស់ព្រះ ដើម្បីសង្រ្គោះមនុស្សជាតិ និងជាផ្នែកដ៏សំខាន់នៃដំណើរការ ដើម្បីសង្គ្រោះមនុស្សជាតិដែលពុករលួយពីអំពើបាប និងពីកម្លាំងរបស់សាតាំង។

បន្ទាប់មក ខ្ញុំចង់សង្ខេបខ្លីៗអំពីកិច្ចការទាំងបីដំណាក់កាលរបស់ព្រះ ដោយផ្អែកលើព្រះបន្ទូលរបស់ទ្រង់។ ដំបូង សូមនិយាយអំពីកិច្ចការជំហានទីមួយរបស់ព្រះ ដើម្បីសង្រ្គោះមនុស្ស៖ ធ្វើការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ។ យើងគ្រប់គ្នាសុទ្ធតែដឹងថា មុនពេលព្រះអនុវត្តកិច្ចការរបស់ទ្រង់សម្រាប់យុគសម័យនៃក្រឹត្យវិន័យ មនុស្សមិនយល់អ្វីសោះឡើយ។ ពួកគេមិនដឹងពីរបៀបថ្វាយបង្គំព្រះ ឬរបៀបរស់នៅជីវិតលើផែនដីទេ។ ពួកគេចេះតែប្រព្រឹត្តបាប និងប្រមាថព្រះ ហើយមិនទាំងដឹងអំពីអ្វីទៅជាអំពើបាបផង។ ដើម្បីជួយឲ្យមនុស្សឃ្លាតឆ្ងាយពីអំពើបាប និងរស់នៅបានត្រឹមត្រូវ ព្រះចាប់ផ្ដើមកិច្ចការរបស់ទ្រង់នៅយុគសម័យនៃក្រឹត្យវិន័យ។ សូមអានបន្ទូលរបស់ព្រះអំពីចំណុចនេះ។ «ក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ ព្រះយេហូវ៉ាបានប្រទានបញ្ញត្តិ ជាច្រើនដល់ម៉ូសេ ដើម្បីឱ្យលោកផ្ទេរបញ្ញត្តិទាំងអស់នេះឱ្យទៅជនជាតិអ៊ីស្រាអែល ដែលបានដើរតាមលោកចេញពីស្រុកអេស៊ីព្ទ។ បញ្ញត្តិទាំងនេះត្រូវបានប្រទានមកដោយព្រះយេហូវ៉ា សម្រាប់ជនជាតិអ៊ីស្រាអែល និងគ្មានទាក់ទងអ្វីជាមួយជនជាតិអេស៊ីព្ទឡើយ គឺដើម្បីដាក់កំហិតដល់ជនជាតិអ៊ីស្រាអែល ហើយទ្រង់ប្រើបញ្ញត្តិទាំងនេះ ដើម្បីឱ្យពួកគេស្ដាប់បង្គាប់។ ទោះបីជាពួកគេប្រតិបត្តិតាមថ្ងៃឈប់សម្រាកឬអត់ ទោះបីជាពួកគេគោរពឪពុកម្ដាយរបស់ពួកគេ ឬអត់ ទោះបីជាពួកគេថ្វាយបង្គំរូបព្រះ និងធ្វើអ្វីៗផ្សេងទៀតឬអត់ ក៏ចំណុចទាំងនេះគឺជាគោលការណ៍សម្រាប់វិនិច្ឆ័យឱ្យពួកគេមានបាប ឬក៏បានរាប់ជាសុចរិតដែរ។ នៅក្នុងចំណោមពួកគេ មានអ្នកខ្លះត្រូវព្រះយេហូវ៉ាប្រហារដោយភ្លើង អ្នកខ្លះត្រូវគប់សម្លាប់នឹងដុំថ្ម និងអ្នកខ្លះទៀត ទទួលបានព្រះពរពីព្រះយេហូវ៉ា ដោយអាស្រ័យថា ពួកគេស្ដាប់ ឬមិនស្ដាប់តាមបញ្ញត្តិទាំងនេះ។ អស់អ្នកដែលមិនប្រតិបត្តិតាមថ្ងៃឈប់សម្រាក ត្រូវគប់សម្លាប់នឹងដុំថ្ម។ រីឯពួកសង្ឃដែលមិនប្រតិបត្តិតាមថ្ងៃឈប់សម្រាក ត្រូវប្រហារដោយភ្លើងរបស់ព្រះយេហូវ៉ា។ ចំណែកឯអស់អ្នកដែលមិនគោរពដល់ឪពុកម្ដាយរបស់ខ្លួន ក៏ត្រូវគប់សម្លាប់នឹងដុំថ្មដែរ។ នេះគឺជាបញ្ញត្តិទាំងប៉ុន្មានដែលបានមកពីព្រះយេហូវ៉ា។ ព្រះយេហូវ៉ាបង្កើតបញ្ញត្តិ និងក្រឹត្យវិន័យទាំងប៉ុន្មាន ដើម្បីឱ្យបណ្តាជនស្ដាប់ និងធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គហើយមិនបះបោរប្រឆាំងនឹងទ្រង់ នៅពេលដែលព្រះអង្គដឹកនាំជីវិតរបស់ពួកគេ។ ទ្រង់ប្រើក្រឹត្យវិន័យទាំងនេះ ដើម្បីរក្សាពូជសាសន៍មនុស្សដែលកើតថ្មីឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ទ្រង់ ហើយចាក់គ្រឹះដែលល្អជាងមុនសម្រាប់កិច្ចការរបស់ព្រះអង្គនាពេលអនាគត។ ដូច្នេះ យោងតាមកិច្ចការដែលព្រះយេហូវ៉ាទ្រង់បានធ្វើគ្រាដំបូងបំផុតនេះត្រូវបានហៅថា 'យុគសម័យនៃក្រឹត្យវិន័យ'» («កិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ព្រះយេហូវ៉ាដ៏ជាព្រះបានចេញក្រឹត្យវិន័យ និងបទបញ្ជាជាច្រើន ដោយបង្រៀនមនុស្សជាតិពីរបៀបថ្វាយបង្គំព្រះ និងរបៀបដឹកនាំជីវិតរបស់គេ។ អស់អ្នកដែលដើរតាមក្រឹត្យវិន័យ បានទទួលការការពារ និងព្រះពររបស់ព្រះ រីឯអ្នកដែលបំពានក្រឹត្យវិន័យវិញ ត្រូវថ្វាយយញ្ញបូជា ដើម្បីទទួលបានការអត់ទោសពីអំពើបាបរបស់ខ្លួន។ បើមិនដូច្នោះទេ ពួកគេនឹងត្រូវទទួលទារុណកម្ម និងការដាក់ទោសរបស់ព្រះ។ អ្នកនៅយុគសម័យនៃក្រឹត្យវិន័យ បានស្គាល់សេចក្តីសុចរិត និងសេចក្តីក្រោធរបស់ព្រះដោយផ្ទាល់ ដែលជានិស្ស័យមិនអាចបំពានបានឡើយ ហើយពួកគេស្គាល់ពីក្ដីមេត្តា និងព្រះពររបស់ទ្រង់។ នោះជាហេតុផលដែលគ្រប់គ្នាខ្លាចព្រះយេហូវ៉ាដ៏ជាព្រះ ហើយកាន់តាមក្រឹត្យវិន័យ និងបទបញ្ជារបស់ទ្រង់។ ពួកគេមានការការពាររបស់ព្រះ និងរស់នៅជីវិតដែលត្រឹមត្រូវនៅលើផែនដី។ ឥឡូវ សូមគិតអំពីចំណុចនេះបន្ដិច៖ បើព្រះមិនបានធ្វើកិច្ចការរបស់ទ្រង់នៅយុគសម័យនៃក្រឹត្យវិន័យទេ តើមានអ្វីខ្លះកើតឡើងចំពោះមនុស្សជាតិ? បើគ្មានការរឹតត្បិតនៃក្រឹត្យវិន័យ ឬការដឹកនាំរបស់ព្រះទេ មនុស្សជាតិទាំងអស់នឹងធ្លាក់ទៅក្នុងភាពវឹកវរ ហើយត្រូវបានសាតាំងចាប់យកមិនខាន។ ការដែលព្រះប្រទានក្រឹត្យវិន័យដល់មនុស្សជាតិគឺជាកិច្ចការដ៏សំខាន់ណាស់! កិច្ចការរបស់ទ្រង់នៅយុគសម័យនៃក្រឹត្យវិន័យបង្រៀនមនុស្សថាអ្វីទៅជាអំពើបាប និងអ្វីទៅជាសេចក្តីសុចរិត និងបង្ហាញមនុស្សថា អំពើបាបតម្រូវឲ្យមានយញ្ញបូជាលោះបាប។ ដំណាក់កាលដំបូងនៃកិច្ចការរបស់ព្រះមិនគ្រាន់តែនាំមនុស្សជាតិឲ្យដើរនៅលើផ្លូវត្រឹមត្រូវក្នុងជីវិតរបស់គេប៉ុណ្ណោះទេ តែវាក៏រៀបចំផ្លូវសម្រាប់កិច្ចការប្រោសលោះនៅយុគសម័យនៃព្រះគុណផងដែរ។

ក្រោយមក នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ មនុស្សជាតិទាំងអស់ត្រូវបានសាតាំងធ្វើឲ្យពុករលួយយ៉ាងខ្លាំង រហូតដល់ពួកគេបន្តប្រព្រឹត្តបាបកាន់តែច្រើន ហើយក្រឹត្យវិន័យលែងអាចត្រួតត្រាលើពួកគេទៀតហើយ។ ពួកគេមិនមានយញ្ញបូជាគ្រប់គ្រាន់សម្រាប់អំពើបាបរបស់គេឡើយ ដូច្នេះ ពួកគេត្រូវប្រឈមការថ្កោលទោស និងការប្រហារជីវិតនៅក្រោមក្រឹត្យវិន័យ គ្រប់គ្នាអំពាវនាវរកព្រះនៅក្នុងការឈឺចាប់របស់គេ។ ដូច្នេះ ព្រះអង្គផ្ទាល់បានត្រឡប់ជាសាច់ឈាម ក្នុងនាមជាព្រះអម្ចាស់យេស៊ូវ និងបានធ្វើកិច្ចការប្រោសលោះ ដោយចាប់ផ្ដើមនូវយុគសម័យនៃព្រះគុណ និងបិទបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ។ សូមអានបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាថែមទៀត។ «ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវបានយាងមក ដើម្បីប្រោសលោះមនុស្សជាតិដែលធ្លាក់ចុះទាំងអស់ (មិនមែនគ្រាន់តែប្រជាជនអ៊ីស្រាអែលប៉ុណ្ណោះទេ)។ ទ្រង់បានបង្ហាញសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដ៏សប្បុរសទៅកាន់មនុស្ស។ ព្រះយេស៊ូវដែលមនុស្សបានឃើញនៅក្នុងយុគសម័យនៃព្រះគុណ បានពេញដោយសេចក្តីស្រឡាញ់ដ៏សប្បុរស និងតែងតែស្រឡាញ់មនុស្សជានិច្ច ព្រោះថា ទ្រង់បានយាងមក ដើម្បីសង្រ្គោះមនុស្សជាតិឲ្យរួចពីអំពើបាប។ ទ្រង់អាចអត់ទោសមនុស្សឲ្យរួចពីអំពើបាបរបស់គេបាន លុះត្រាតែការជាប់ឆ្កាងរបស់ទ្រង់ បានប្រោសលោះមនុស្សជាតិពីអំពើបាបទាំងស្រុង។ ក្នុងអំឡុង ពេលនេះ ព្រះជាម្ចាស់បានបង្ហាញអង្គទ្រង់នៅមុខមនុស្សជាមួយសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដ៏សប្បុរស មានន័យថា ទ្រង់បានក្លាយជាតង្វាយលោះបាបសម្រាប់មនុស្ស និងត្រូវបានជាប់ឆ្កាងដោយព្រោះអំពើបាបរបស់មនុស្ស ដើម្បីឲ្យពួកគេទទួលបានការអត់ទោសជារៀងរហូត» («ការយកកំណើតជាមនុស្សទាំងពីរលើក បំពេញបង្ហើយនូវសារៈសំខាន់នៃការយកកំណើតជាមនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ «បើគ្មានការប្រោសលោះរបស់ព្រះយេស៊ូវទេ មនុស្សច្បាស់ជានៅរស់ក្នុងអំពើបាបហើយក្លាយជាពូជពង្សនៃអំពើបាប ជាតំណវង្សរបស់វិញ្ញាណអាក្រក់អស់កល្បជានិច្ច។ បើនៅតែបន្តបែបនេះ ពិភពលោកទាំងមូលនឹងក្លាយជាទឹកដីដែលសាតាំងបោះទីលំនៅមិនខាន។ យ៉ាងណាមិញ កិច្ចការនៃការប្រោសលោះទាមទារនូវការបង្ហាញសេចក្ដីមេត្តាករុណា និងសេចក្ដីស្រលាញ់អស់ពីព្រះទ័យចំពោះមនុស្ស គឺមានតែតាមរយៈមធ្យោបាយនេះទេ ទើបមនុស្សអាចទទួលបានការអត់ទោស ហើយចុងក្រោយក៏មានសិទ្ធិទទួលនូវការកែប្រែឲ្យបានបរិបូរ ហើយត្រូវបានទទួលយកពីព្រះជាម្ចាស់ យ៉ាងពេញទំហឹង។ ប្រសិនបើគ្មានកិច្ចការ ក្នុងដំណាក់កាលនេះទេ ផែនការគ្រប់គ្រងរយៈពេល៦ពាន់ឆ្នាំ មុខជាមិនអាចវិវឌ្ឍទៅមុខបានឡើយ។ ប្រសិនបើព្រះយេស៊ូវពុំត្រូវបានគេឆ្កាង ប្រសិនបើទ្រង់គ្រាន់តែប្រោសជំងឺ និងបណ្ដេញវិញ្ញាណអាក្រក់ ម្ល៉េះមនុស្សច្បាស់ជាមិនអាចទទួលបានការអត់ទោសពីអំពើបាបរបស់គេទាំងស្រុងបានទេ។ ក្នុងរយៈពេល៣ឆ្នាំកន្លះដែលព្រះយេស៊ូវបានចំណាយក្នុងការបំពេញកិច្ចការរបស់ទ្រង់នៅលើផែនដី ទ្រង់បានសម្រេចកិច្ចការនៃការប្រោសលោះរបស់ទ្រង់បានតែពាក់កណ្ដាលទេ បន្ទាប់មក ទ្រង់ក៏សម្រេចកិច្ចការនៃការជាប់ឆ្កាងនិងបានធ្វើជាម្ចាស់លើវាសនាមនុស្ស ដោយឲ្យគេដំភ្ជាប់នឹងឈើឆ្កាង ហើយត្រលប់ជាមានភាពដូចគ្នានឹងសាច់ឈាមដែលមានបាប និងតាមរយៈការប្រគល់អង្គទ្រង់ទៅឲ្យមេកំណាច។ នៅពេលដែលទ្រង់ត្រូវបានប្រោសឲ្យរួចពីដៃរបស់សាតាំង ទើបទ្រង់បានប្រោសលោះមនុស្សឲ្យរួចបាន។ សម្រាប់រយៈពេល៣៣ឆ្នាំកន្លះដែលទ្រង់បានរងទុក្ខនៅលើផែនដី ដោយត្រូវគេចំអក ត្រូវគេមួលបង្កាច់ ហើយត្រូវគេបោះបង់ រហូតរកកន្លែងកើយក្បាលដើម្បីនឹងសម្រាកគ្មាន ក្រោយមកទៀតក៏ត្រូវគេឆ្កាង ដំភ្ជាប់នឹងឈើឆ្កាងទៀត ក៏រូបកាយទ្រង់ទាំងមូលនៅតែបរិសុទ្ធគ្មានទោសដែរ។ ទ្រង់បានទ្រាំទ្រគ្រប់ទាំងទុក្ខលំបាក។ ពួកអ្នកមានអំណាចចំអកដាក់ទ្រង់ ហើយវាយទ្រង់នឹងរំពាត់ ចំណែកឯពួកទាហានវិញ ទះកំផ្លៀងទ្រង់ ប៉ុន្តែទ្រង់នៅតែមិនស្ដី ហើយទ្រាំទ្ររហូតដល់ទីបញ្ចប់ ដោយចុះចូលឥតលក្ខខណ្ឌលុះដល់ទីមរណា ជាទីដែលទ្រង់បានប្រោសលោះមនុស្សទាំងអស់។ ទាល់តែដល់ពេលនេះ ទើបទ្រង់ត្រូវបានអនុញ្ញាតឲ្យសម្រាក។ កិច្ចការដែលព្រះយេស៊ូវបានធ្វើ តំណាងត្រឹមតែយុគសម័យនៃព្រះគុណប៉ុណ្ណោះ កិច្ចការនេះមិនតំណាងឲ្យ យុគសម័យនៃក្រឹត្យវិន័យឡើយ ក៏មិនមែនជាកិច្ចការសម្រាប់ជំនួសកិច្ចការនៃគ្រាចុងក្រោយដែរ។ នេះហើយជាខ្លឹមសារនៃកិច្ចការរបស់ព្រះយេស៊ូវនៅក្នុងយុគសម័យនៃព្រះគុណ ជាយុគសម័យទី២ដែលមនុស្សបានឆ្លងកាត់ ជាយុគសម័យនៃការប្រោសលោះ» («រឿងពិតពីក្រោយកិច្ចការនាយុគសម័យនៃការប្រោសលោះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ ពេលព្រះយេស៊ូវគង់នៅក្នុងចំណោមយើង ទ្រង់បានប្រកាសថា៖ «ចូរអ្នករាល់គ្នាប្រែចិត្ត ដ្បិតនគរព្រះនៅជិតបង្កើយ» (ម៉ាថាយ ៤:១៧)។ ទ្រង់បានបង្រៀនមនុស្សឲ្យសារភាព និងប្រែចិត្ត ស្រឡាញ់អ្នកដទៃដូចខ្លួនឯង អត់ទោសឲ្យអ្នកដទៃប្រាំពីរដងចិតសិបដង ស្រឡាញ់ព្រះយ៉ាងអស់ពីចិត្ត ពីព្រលឹង និងពីគំនិតរបស់យើង ថ្វាយបង្គំព្រះនៅក្នុងវិញ្ញាណ និងក្នុងសេចក្ដីពិត និងជាច្រើនទៀត។ បន្ទូលរបស់ព្រះយេស៊ូវបង្ហាញមនុស្សពីព្រះទ័យរបស់ព្រះ និងផ្ដល់ឲ្យមនុស្សនូវគោលដៅ និងទិសដៅដ៏ច្បាស់នៅក្នុងជំនឿរបស់គេ។ នេះជាជំហានមួយលើសពីការរឹតត្បិតនៃក្រឹត្យវិន័យ និងក្បួនច្បាប់។ ទ្រង់ក៏បង្ហាញនូវទីសម្គាល់ និងការអស្ចារ្យជាច្រើន ដោយប្រោសអ្នកជំងឺឲ្យជា បណ្ដេញអារក្ស និងអត់ទោសបាបផងដែរ។ ទ្រង់ពេញដោយការអត់ឱន និងការអត់ធ្មត់។ គ្រប់គ្នាអាចដឹងពីក្ដីស្រឡាញ់ និងក្ដីមេត្តារបស់ព្រះ អាចឃើញពីភាពគួរឲ្យស្រឡាញ់របស់ទ្រង់ និងចូលកាន់តែជិតព្រះ។ នៅទីបំផុត ព្រះអម្ចាស់យេស៊ូវត្រូវជាប់ឆ្កាង ដោយបម្រើជាតង្វាយលោះបាបដ៏អស់កល្ប អត់ទោសបាបរបស់យើងតែម្ដងជាសូរេច។ ក្រោយមក មនុស្សគ្រាន់តែសារភាព និងប្រែចិត្តចំពោះព្រះអម្ចាស់ ដើម្បីឲ្យទ្រង់អត់ទោសបាបរបស់គេ ហើយពួកគេនឹងមិនត្រូវទទួលទោស និងទារុណកម្មនៅក្រោមក្រឹត្យវិន័យឡើយ។ ពួកគេអាចចូលមកចំពោះព្រះនៅក្នុងការអធិស្ឋាន ហើយរីករាយនឹងសេចក្តីសុខសាន្ត អំណរ និងព្រះពរដ៏បរិបូរដែលព្រះអម្ចាស់ប្រទានមក។ ច្បាស់ណាស់ កិច្ចការប្រោសលោះរបស់ព្រះយេស៊ូវបានក្លាយជាព្រះពរដ៏ធំមួយសម្រាប់មនុស្សជាតិ ដោយឲ្យយើងបន្តរស់រាន និងលូតលាស់មកដល់សព្វថ្ងៃ។

ក្រោយមក ដោយសារព្រះអម្ចាស់យេស៊ូវបានបញ្ចប់កិច្ចការរបស់ទ្រង់ និងប្រោសលោះយើងពីក្រញ៉ាំរបស់សាតាំង តើនេះមានន័យថា កិច្ចការសង្រ្គោះរបស់ព្រះបានបញ្ចប់ហើយឬ? តើវាមានន័យថា យើងមិនត្រូវការកិច្ចការសង្រ្គោះរបស់ព្រះថែមទៀតទេឬ? ចម្លើយគឺថា៖ អត់ទេ។ កិច្ចការរបស់ព្រះមិនទាន់បានបញ្ចប់ឡើយ។ មនុស្សជាតិនៅត្រូវការជំហានមួយទៀតនៃកិច្ចការសង្រ្គោះរបស់ព្រះ។ មនុស្សត្រូវបានព្រះអម្ចាស់យេស៊ូវប្រោសលោះ ហើយអំពើបាបរបស់យើងត្រូវបានអត់ទោស តែធម្មជាតិបាបរបស់យើងមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ។ យើងត្រូវបានជំរុញដោយធម្មជាតិបាបរបស់យើង តែងតែរស់នៅក្នុងសេចក្តីពុករលួយ។ យើងមិនអាចធ្វើអ្វីក្រៅពីកុហក និងប្រព្រឹត្តបាបគ្រប់ពេលនោះឡើយ។ យើងបះបោរ និងប្រឆាំងព្រះអម្ចាស់ ហើយយើងមិនអាចយកព្រះបន្ទូលទ្រង់ទៅអនុវត្តនោះទេ។ យើងគ្រប់គ្នារស់នៅក្នុងវដ្ដនៃការប្រព្រឹត្តបាប សារភាពបាប និងប្រព្រឹត្តបាបម្ដងទៀត នៅក្នុងការតយុទ្ធដ៏ឈឺចាប់ទាស់នឹងអំពើបាប។ គ្មាននរណាអាចរួចផុតពីចំណង និងព្រំដែននៃបាបឡើយ។ ដូច្នេះ តើមនុស្សដែលមិនអាចរួចផុតពីអំពើបាប ពិតជាត្រូវបានលើកឡើងទៅក្នុងនគរព្រះ ដោយគ្មានការជំនុំជម្រះ និងការវាយផ្ចាលទេឬ? ប្រាកដជាមិនអាចឡើយ។ ព្រះជាម្ចាស់ជាព្រះបរិសុទ្ធ។ «ដ្បិតបើគ្មានភាពបរិសុទ្ធទេ នោះគ្មាននរណានឹងឃើញព្រះអម្ចាស់ឡើយ» (ហេព្រើរ ១២:១៤)។ ព្រះមិនអាចបណ្ដោយឲ្យអ្នកដែលនៅតែប្រព្រឹត្តបាប និងប្រឆាំងទ្រង់ ចូលទៅក្នុងនគរទ្រង់ឡើយ។ នោះជាហេតុផលដែលព្រះអម្ចាស់បានថ្លែងទំនាយថា ទ្រង់នឹងយាងមកវិញ ក្រោយពេលទ្រង់បានបញ្ចប់កិច្ចការប្រោសលោះរបស់ទ្រង់។ ការយាងមកវិញរបស់ព្រះអម្ចាស់យេស៊ូវ គឺដើម្បីដោះស្រាយទាំងស្រុងជាមួយធម្មជាតិបាបរបស់មនុស្ស ដើម្បីសង្រ្គោះយើងពីបាប ដើម្បីឲ្យយើងអាចក្លាយជាបរិសុទ្ធ និងចូលក្នុងនគរព្រះ។ ដូចព្រះអម្ចាស់យេស៊ូវមានបន្ទូលថា៖ «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង» (យ៉ូហាន ១៦:១២-១៣)។ «ចូរប្រោសពួកគេឱ្យបានបរិសុទ្ធដោយសេចក្ដីពិតរបស់ទ្រង់ ដ្បិតបន្ទូលរបស់ទ្រង់គឺជាសេចក្ដីពិត» (យ៉ូហាន ១៧:១៧)។ គម្ពីរវិវរណៈក៏ថ្លែងទំនាយដែរថា៖ «ដោយបន្លឺសំឡេងយ៉ាងខ្លាំងថា៖ 'ចូរកោតខ្លាចព្រះជាម្ចាស់ ហើយថ្វាយសិរី‌ល្អដល់ទ្រង់ចុះ ដ្បិតវេលានៃការជំនុំជម្រះរបស់ទ្រង់ជិតមកដល់ហើយ'» (វិវរណៈ ១៤:៧)។ យើងអាចឃើញថា នៅឯការយាងមកវិញរបស់ទ្រង់ ព្រះអម្ចាស់យេស៊ូវសម្ដែងចេញសេចក្តីពិត និងធ្វើកិច្ចការជំនុំជម្រះ ដោយនាំមនុស្សចូលទៅក្នុងគ្រប់សេចក្តីពិត។ នោះគឺដើម្បីសង្រ្គោះមនុស្សជាតិទាំងស្រុងពីអំពើបាប និងពីកម្លាំងរបស់សាតាំង ដោយនាំយើងចូលទៅក្នុងនគរព្រះ។ នេះជាជំហាននៃកិច្ចការដែលព្រះបានរៀបចំតាំងពីយូរមកហើយ ហើយក៏ជាជំហានចុងក្រោយនៅក្នុងផែនការគ្រប់គ្រងរបស់ព្រះផងដែរ។ សូមអានបន្ទូលមួយចំនួនរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដើម្បីយល់កាន់តែច្បាស់អំពីទិដ្ឋភាពនៃសេចក្តីពិតនេះ។

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ទោះបីជាព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើននៅក្នុងចំណោមមនុស្សក៏ដោយ ប៉ុន្តែទ្រង់គ្រាន់តែបញ្ចប់កិច្ចការប្រោសលោះមនុស្សជាតិទាំងអស់ ហើយបានក្លាយជាដង្វាយលោះបាបរបស់មនុស្សប៉ុណ្ណោះ។ ទ្រង់មិនបានដកចោលនិស្ស័យពុករលួយទាំងអស់ចេញពីមនុស្សឡើយ។ ការសង្រ្គោះមនុស្សយ៉ាងពេញលេញចេញពីឥទ្ធិពលរបស់អារក្សសាតាំង មិនគ្រាន់តែតម្រូវឲ្យព្រះយេស៊ូវក្លាយជាដង្វាយលោះបាប និងទទួលយកអំពើបាបរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែ វាក៏តម្រូវឲ្យព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែខ្លាំង ដើម្បីដកចោលនិស្ស័យខូចអាក្រក់របស់សាតាំងទាំងអស់ចេញពីមនុស្សផងដែរ។ ដូច្នេះ ឥឡូវនេះមនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួន ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីដឹកនាំមនុស្សចូលទៅក្នុងយុគសម័យថ្មី ហើយចាប់ផ្ដើមកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះ។ កិច្ចការនេះបាននាំមនុស្សចូលទៅក្នុងពិភពមួយកាន់តែខ្ពស់។ អស់អ្នកដែលចុះចូលក្រោមដែនគ្រប់គ្រងរបស់ទ្រង់នឹងរីករាយចំពោះសេចក្តីពិតកាន់តែខ្ពស់ ហើយទទួលព្រះពរកាន់តែធំ។ ពួកគេនឹងរស់នៅយ៉ាងពិតប្រាកដនៅក្នុងពន្លឺ ហើយគេនឹងទទួលបានសេចក្តីពិត ផ្លូវ និងជីវិត» (អារម្ភកថា ក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។

«តាមរយៈតង្វាយលោះបាប មនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់គេ ដ្បិតកិច្ចការនៃការជាប់ឆ្កាងបានមកដល់ទីបញ្ចប់ ហើយព្រះជាម្ចាស់បានយកឈ្នះលើសាតាំងរួចហើយ។ ប៉ុន្តែ និស្ស័យដ៏ពុករលួយរបស់មនុស្សនៅតែបន្តមាននៅខាងក្នុងគេ មនុស្សនៅតែអាចប្រព្រឹត្តបាប និងប្រឆាំងជាមួយព្រះជាម្ចាស់ ហើយព្រះជាម្ចាស់មិនទទួលបានមនុស្សជាតិឡើយ។ នេះជាហេតុផលដែលនៅក្នុងដំណាក់កាលនៃកិច្ចការនេះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល ដើម្បីលាតត្រដាងនិស្ស័យដ៏ពុករលួយរបស់មនុស្ស ធ្វើឲ្យគេអនុវត្តស្របតាមមាគ៌ាត្រឹមត្រូវ។ ដំណាក់កាលនេះមានអត្ថន័យខ្លាំងជាងដំណាក់កាលមុន ហើយក៏មានផលផ្លែជាងដែរ ព្រោះថាឥឡូវនេះ គឺជាព្រះបន្ទូលដែលផ្គត់ផ្គង់ដោយផ្ទាល់ដល់ជីវិតរបស់មនុស្ស និងជួយបំផ្លាស់និស្ស័យរបស់មនុស្សជាថ្មីទាំងស្រុង ហើយវាជាដំណាក់កាលនៃកិច្ចការមួយដែលមានលក្ខណៈហ្មត់ចត់ជាង។ ដូច្នេះ ការយកកំណើតជាមនុស្សនៅក្នុងគ្រាចុងក្រោយបានបំពេញនូវភាពសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងបានសម្រេចទាំងស្រុងនូវផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់សម្រាប់សេចក្តីសង្រ្គោះរបស់មនុស្ស» («អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។

«ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ប្រើនូវសេចក្ដីពិតជាច្រើន មកបង្រៀនមនុស្ស មកលាតត្រដាងពីសារៈសំខាន់របស់មនុស្ស និងមកវិភាគពីពាក្យសម្ដី និងទង្វើរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះមានរួមបញ្ចូលនូវសេចក្ដីពិតជាច្រើនខុសៗគ្នា ដូចជា កាតព្វកិច្ចរបស់មនុស្ស របៀបដែលគេគួរស្ដាប់បង្គាប់ព្រះជាម្ចាស់ របៀបរក្សាភក្ដីភាពថ្វាយព្រះជាម្ចាស់ របៀបដែលមនុស្សគួរស្ដែងចេញនូវសភាពជាមនុស្សសាមញ្ញ ក៏ដូចជាព្រះប្រាជ្ញាញាណនិងនិស្ស័យរបស់ព្រះជាម្ចាស់ផងដែរ ។ល។ ពាក្យពេចន៍ទាំងអស់នេះសំដៅទៅលើសារៈសំខាន់របស់មនុស្ស និងនិស្ស័យខូចអាក្រក់របស់គេ។ ជាពិសេស ព្រះបន្ទូលដែលលាតត្រដាងពីរបៀបដែលមនុស្សបដិសេធព្រះជាម្ចាស់ បានលើកឡើងទាក់ទងនឹងវិធីដែលមនុស្សក្លាយជាតំណាងរបស់អារក្សសាតាំង និងជាកម្លាំងសត្រូវ មកទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅក្នុងការអនុវត្តការងារជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះអង្គមិនមែនយកតែព្រះបន្ទូលពីរបីម៉ាត់មកបញ្ជាក់ពីសណ្ឋានរបស់មនុស្សនោះទេ តែទ្រង់នឹងបើកកកាយ ជម្រះសម្អាត ហើយលះសម្អាតរយៈពេលយូរអង្វែង។ វិធីសាស្ដ្រផ្សេងៗទាំងនេះអំពីការលាតត្រដាង ការដោះស្រាយ និងការលួសកាត់ មិនអាចធ្វើឡើងដោយពាក្យពេចន៍ធម្មតាៗបានឡើយ ទាល់តែសេចក្ដីពិត ដែលធ្វើឲ្យមនុស្សអស់សង្ឃឹមទាំងស្រុង ទើបជំនួសបាន។ មានតែវិធីបែបនេះទេ ទើបអាចហៅបានថាជាការជំនុំជម្រះ ហើយមានតែតាមរយៈការជំនុំជម្រះបែបនេះទេ ទើបអាចបង្ក្រាបមនុស្ស និងត្រូវបញ្ចុះបញ្ចូលយ៉ាងច្បាស់អំពីព្រះជាម្ចាស់ ព្រមទាំងស្គាល់ដល់ព្រះជាម្ចាស់ពិតប្រាកដទៀតផង។ លទ្ធផលដែលកិច្ចការជំនុំជម្រះបាននាំមក គឺឲ្យមនុស្សបានស្គាល់ព្រះភក្ដ្រព្រះជាម្ចាស់ពិតនិងស្គាល់សេចក្ដីពិតអំពីការបះបោររបស់ខ្លួនគេផ្ទាល់។ កិច្ចការនៃការជំនុំជម្រះធ្វើឲ្យមនុស្សទទួលបាននូវការយល់ដឹងច្រើនអំពីបំណងព្រះហឫទ័យនៃព្រះ អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីអាថ៌កំបាំងដែលគេមិនអាចយល់បាន។ កិច្ចការនេះក៏អនុញ្ញាតឲ្យមនុស្សទទួលស្គាល់ និងដឹងអំពីលក្ខណៈខូចអាក្រក់និងឫសគល់នៃលក្ខណៈខូចអាក្រក់របស់ខ្លួន ព្រមទាំងរកឃើញភាពស្មោកគ្រោករបស់មនុស្សផងដែរ។ លទ្ធផលទាំងអស់នេះ សុទ្ធតែបានមកពីកិច្ចការជំនុំជម្រះ ដ្បិតលក្ខណៈសម្បត្តិនៃកិច្ចការនេះ ការពិតគឺជាកិច្ចការបើកបង្ហាញអំពីសេចក្ដីពិត អំពីផ្លូវ និងអំពីជីវិតរបស់ព្រះជាម្ចាស់ ដល់អស់អ្នកណាដែលមានជំនឿលើទ្រង់។ កិច្ចការនេះ គឺជាកិច្ចការជំនុំជម្រះដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់» («ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។

ការអាននេះជួយឲ្យយើងឃើញពីមូលហេតុដែលព្រះកំពុងធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ។ កិច្ចការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវគ្រាន់តែអត់ទោសបាបរបស់យើងប៉ុណ្ណោះ តែធម្មជាតិបាបរបស់យើងនៅតែផុងជ្រៅដដែល។ យើងត្រូវការព្រះ ដើម្បីថ្លែងនូវសេចក្តីពិតកាន់តែច្រើន និងធ្វើជំហាននៃកិច្ចការជំនុំជម្រះ ដើម្បីបន្សុទ្ធ និងសង្រ្គោះមនុស្សជាតិទាំងស្រុង។ មានន័យថា កិច្ចការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវគ្រាន់តែរៀបចំផ្លូវសម្រាប់កិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយរបស់ព្រះប៉ុណ្ណោះ ដែលជាផ្នែកដ៏សំខាន់ និងស្នូលបំផុតនៃកិច្ចការសង្រ្គោះរបស់ព្រះ។ វាក៏ជាផ្លូវតែមួយគត់របស់យើង ដើម្បីទទួលបានការសង្រ្គោះ និងច្រកចូលពេញលេញទៅក្នុងនគរព្រះផងដែរ។ ពេលដែលជំហាននៃកិច្ចការនេះត្រូវបានបញ្ចប់ និស្ស័យពុករលួយរបស់មនុស្សនឹងត្រូវបានសម្អាត ហើយយើងនឹងឈប់ប្រព្រឹត្តបាប និងឈប់ប្រឆាំងព្រះ។ យើងនឹងអាចចុះចូល និងស្រឡាញ់ព្រះយ៉ាងពិតប្រាកដ ហើយកិច្ចការសង្រ្គោះមនុស្សជាតិរបស់ព្រះ នឹងត្រូវបានបញ្ចប់យ៉ាងពេញលេញ។ នោះនឹងក្លាយជាការបញ្ចប់នៃផែនការគ្រប់គ្រងរយៈពេល៦០០០ឆ្នាំរបស់ព្រះ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានលេចមក និងចាប់ផ្ដើមធ្វើការនៅគ្រាចុងក្រោយ ដោយបិទបញ្ចប់យុគសម័យនៃព្រះគុណ និងចាប់ផ្ដើមយុគសម័យនៃនគរព្រះ។ ទ្រង់សម្ដែងចេញគ្រប់ទាំងសេចក្តីពិត ដែលតម្រូវទុក ដើម្បីសម្អាត និងសង្រ្គោះមនុស្សជាតិយ៉ាងពេញលេញ ដោយមិនគ្រាន់តែបើកសម្ដែងគ្រប់ទាំងអាថ៌កំបាំងអំពីផែនការគ្រប់គ្រងរបស់ព្រះប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជំនុំជម្រះ និងលាតត្រដាងគ្រប់ទាំងធម្មជាតិ និងនិស្ស័យបែបសាតាំងរបស់មនុស្សដែលទាស់ប្រឆាំងនឹងព្រះ ហើយបើកសម្ដែងគ្រប់ទាំងសញ្ញាណរបស់យើងអំពីព្រះ និងគំនិតយល់ច្រឡំនៅក្នុងជំនឿយើងផងដែរ។ ទ្រង់ក៏ប្រទានដល់យើងនូវផ្លូវមួយ ដើម្បីរួចផុតពីបាប និងត្រូវបានសង្រ្គោះពេញលេញផងដែរ ជាដើម។ បន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាមានតម្លៃណាស់! ទាំងនេះគឺជាតថភាពគ្រប់យ៉ាងនៃសេចក្តីពិតដែលមនុស្សត្រូវមាន ដើម្បីត្រូវបានបន្សុទ្ធ និងសង្រ្គោះយ៉ាងពេញលេញ ហើយក៏ជាបន្ទូលដែលព្រះមិនដែលថ្លែងនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ឬយុគសម័យនៃព្រះគុណផងដែរ។ នេះជាព្រះដែលនាំផ្លូវយើងទៅកាន់ជីវិតអស់កល្បនៅក្នុងគ្រាចុងក្រោយ។ រាស្ត្ររើសតាំងជាច្រើនរបស់ព្រះ ដែលបានឆ្លងកាត់ការជំនុំជម្រះរបស់ទ្រង់ បានឃើញសេចក្តីពិតអំពីសេចក្តីពុករលួយ និងធម្មជាតិបែបសាតាំងរបស់គេដែលប្រឆាំងនឹងព្រះ បានទទួលការយល់ដឹងពីនិស្ស័យសុចរិត មិនអាចបំពានបានរបស់ព្រះ និងមាននូវការគោរពចំពោះព្រះ។ ទីបំផុត ពួកគេមានសេរីភាពពីច្រវាក់នៃបាប និងសម្ដែងចេញនូវលក្ខណៈជាមនុស្សដ៏ពិត។ ពួកគេគ្រប់គ្នាមានទីបន្ទាល់ដ៏គួរឲ្យជឿជាក់អំពីការត្រូវបានរំដោះឲ្យមានសេរីភាពពីបាប និងការមានជ័យជម្នះលើសាតាំង។ រាស្ត្ររើសតាំងរបស់ព្រះសុទ្ធតែដឹងថា កិច្ចការជំនុំជម្រះនៃគ្រាចុងក្រោយរបស់ព្រះ គឺជាការសង្រ្គោះចុងក្រោយរបស់ទ្រង់សម្រាប់មនុស្សជាតិ! បើគ្មានកិច្ចការជំនុំជម្រះនេះទេ យើងនឹងមើលមិនឃើញពីសេចក្តីពិតនៃសេចក្តីពុករលួយរបស់យើងឡើយ យើងនឹងមិនដឹងពីឫសគល់នៃអំពើបាបរបស់យើងទេ ហើយយើងក៏នឹងមិនអាចសម្អាត និងផ្លាស់ប្ដូរនិស្ស័យពុករលួយរបស់យើងនោះដែរ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានប្រោសអ្នកមានជ័យជម្នះមួយក្រុមឲ្យគ្រប់លក្ខណ៍ មុនគ្រោះមហន្តរាយ ហើយដំណឹងល្អអំពីនគររបស់ទ្រង់បានសាយភាយទូទាំងពិភពលោក។ ការពិតបង្ហាញថា ព្រះដ៏មានគ្រប់ព្រះចេស្ដាបានយកឈ្នះសាតាំងទាំងស្រុង និងបានទទួលគ្រប់ទាំងសិរីល្អ ហើយផែនការគ្រប់គ្រងរយៈពេល៦០០០ឆ្នាំរបស់ទ្រង់ក៏ត្រូវបានបញ្ចប់ផងដែរ។ មហន្តរាយធំៗបានចាប់ផ្ដើម ហើយគ្រប់មនុស្សទុច្ចរិតដែលប្រឆាំងនឹងព្រះ នឹងត្រូវទទួលទារុណកម្ម និងត្រូវបំផ្លាញនៅក្នុងមហន្តរាយ រីឯអស់អ្នកដែលឆ្លងកាត់ការជំនុំជម្រះ និងត្រូវបានសម្អាត នឹងទទួលការការពារពីព្រះ ឆ្លងកាត់មហន្តរាយ។ ក្រោយមក វានឹងមានផ្ទៃមេឃថ្មី និងផែនដីថ្មី នគររបស់ព្រះគ្រីស្ទនឹងស្ដែងចេញនៅលើផែនដី ហើយអ្នកដែលនៅសេសសល់នឹងក្លាយជារាស្ត្ររបស់ព្រះ ដែលនឹងរស់នៅអស់កល្បជានិច្ចក្នុងនគររបស់ព្រះ និងរីករាយព្រះពររបស់ទ្រង់ ព្រមទាំងអ្វីដែលទ្រង់បានសន្យា។ ការនេះសម្រេចទាំងស្រុងតាមទំនាយនៃគម្ពីរវិវរណៈ៖ «នគរនៃលោកិយនេះ ក៏ត្រឡប់ជានគររបស់ព្រះអម្ចាស់នៃយើង និងរបស់ព្រះគ្រីស្ទនៃទ្រង់ ហើយទ្រង់នឹងគ្រងរាជ្យដរាបអស់កល្បជានិច្ច» (វិវរណៈ ១១:១៥)។ «ហើយខ្ញុំក៏បានឮសម្លេងដ៏អស្ចារ្យមកពីស្ថានសួគ៌ ដោយពោលថា មើល៎រោងឧបោសថរបស់ព្រះជាម្ចាស់នៅជាមួយមនុស្ស ហើយទ្រង់នឹងរស់នៅជាមួយពួកគេ ហើយពួកគេនឹងធ្វើជារាស្ដ្ររបស់ទ្រង់ ហើយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនឹងគង់នៅជាមួយពួកគេ និងធ្វើជាព្រះរបស់ពួកគេ។ ហើយព្រះជាម្ចាស់នឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ។ ហើយនឹងមិនមានសេចក្ដីស្លាប់ទៀត គ្មានសេចក្ដីទុក្ខសោក គ្មានការទួញយំ ហើយក៏នឹងគ្មានការឈឺចាប់ទៀតដែរ៖ ដ្បិតរឿងពីមុនបានកន្លងផុតទៅហើយ» (វិវរណៈ ២១:៣-៤)។

ត្រង់ចំណុចនេះ យើងអាចឃើញពី តម្លៃ និងភាពជាក់ស្ដែងនៃជំហានទាំងបីនៃកិច្ចការរបស់ព្រះហើយ! គ្រប់ជំហានគឺដើម្បីដោះស្រាយបញ្ហានៃអំពើបាបរបស់មនុស្ស និងសម្រេចបំណងតែមួយគត់។ នោះគឺដើម្បីសង្រ្គោះមនុស្សជាតិពីអំណាចរបស់សាតាំង និងពីអំពើបាបមួយជំហានម្ដងៗ ដើម្បីឲ្យយើងអាចចូលទៅក្នុងនគរព្រះ និងទទួលសេចក្តីសន្យា និងព្រះពររបស់ទ្រង់។ ដំណាក់កាលនីមួយៗនៃកិច្ចការត្រូវបានទាក់ទងគ្នា ហើយជំហាននីមួយៗត្រូវបានសង់ពីលើគ្រឹះនៃជំហានមុន ដែលជំហាននីមួយៗកាន់តែជ្រាលជ្រៅ និងខ្ពស់ឡើងជាងមុន។ វាត្រូវបានផ្សារភ្ជាប់យ៉ាងស្អិតរមួត មិនអាចផ្ដាច់បាន ហើយមិនអាចធ្វើការ ដោយគ្មានមួយទៀតឡើយ។ ឃើញទេ បើគ្មានកិច្ចការនៃយុគសម័យនៃក្រឹត្យវិន័យទេ គ្មាននរណាដឹងថាអ្វីជាអំពើបាបឡើយ ហើយយើងគ្រប់គ្នានឹងត្រូវសាតាំងជាន់ឃ្លី រស់នៅក្នុងបាបមិនខាន។ យើងនឹងត្រូវសាតាំងឆក់យក ទាំងបាត់ដានមិនខាន។ បើគ្មានកិច្ចការប្រោសលោះនៅយុគសម័យនៃព្រះគុណទេ មនុស្សជាតិនឹងទទួលទារុណកម្មសម្រាប់ការប្រព្រឹត្តបាបច្រើនពេក ហើយយើងនឹងមិនបានមកដល់សព្វថ្ងៃនេះទេ។ ចុះបើព្រះមិនធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ? បើគ្មានវាទេ យើងនឹងមិនរួចផុតពីចំណងនៃបាបឡើយ ឬមិនសក្ដិសមចូលក្នុងនគរស្ថានសួគ៌នោះទេ។ ចុងបញ្ចប់ យើងនឹងត្រូវវិនាសដោយសារអំពើបាបយ៉ាងជ្រាលជ្រៅមិនខាន។ ច្បាស់ណាស់ បើគ្មានជំហានណាមួយនៃជំហានទាំងបីនៃកិច្ចការនេះទេ មនុស្សជាតិនឹងក្លាយជារបស់សាតាំង ហើយមិនអាចទទួលការសង្រ្គោះពេញលេញឡើយ។ កិច្ចការទាំងបីដំណាក់កាលបង្កើតបានជាផែនការគ្រប់គ្រងពេញលេញរបស់ព្រះ ដើម្បីសង្រ្គោះមនុស្ស។ ជំហាននីមួយៗកាន់តែសំខាន់ឡើងៗជាងពេលមុន ហើយវាសុទ្ធតែជាការរៀបចំយ៉ាងល្អិតល្អន់របស់ព្រះ ដើម្បីសង្រ្គោះមនុស្សជាតិ។ ការនេះបង្ហាញដល់យើងពីក្ដីស្រឡាញ់ដ៏ធំ និងការសង្រ្គោះរបស់ព្រះសម្រាប់មនុស្សជាតិ និងបង្ហាញដល់យើងពីប្រាជ្ញា និងព្រះចេស្ដារបស់ទ្រង់។ ដូចដែលព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «ផែនការគ្រប់គ្រងទាំងមូលរបស់ខ្ញុំ ដែលជាផែនការគ្រប់គ្រងរយៈពេល៦ពាន់ឆ្នាំមាន៣ដំណាក់កាល ឬ៣យុគសម័យ៖ យុគសម័យនៃក្រឹត្យវិន័យ នាគ្រាដើមដំបូងយុគសម័យនៃព្រះគុណ (ដែលហៅម្យ៉ាងទៀតថាយុគសម័យ នៃការប្រោសលោះ) ហើយនិងយុគសម័យ នៃនរគព្រះនាគ្រាចុងក្រោយ។ កិច្ចការរបស់ខ្ញុំ នៅក្នុងយុគ សម័យទាំងបីនេះ មានខ្លឹមសារខុសគ្នា អាស្រ័យទៅតាមសណ្ឋាននៃយុគសម័យនីមួយៗ ប៉ុន្តែ នៅរាល់ដំណាក់កាលនីមួយៗ កិច្ចការនេះផ្ដល់ប្រយោជន៍ដល់តម្រូវការរបស់មនុស្ស ឬបើនិយាយឲ្យចំ គឺត្រូវបានធ្វើឡើង ដោយស្របទៅនឹងល្បិចដែលសាតាំងប្រើនៅក្នុងសង្គ្រាមដែលខ្ញុំប្រយុទ្ធតតាំងជាមួយវា។ គោលបំណងនៃកិច្ចការរបស់ខ្ញុំ គឺដើម្បីផ្ដួលសាតាំងឲ្យបរាជ័យ ដើម្បីសម្ដែងប្រាជ្ញាញាណ និងសព្វានុភាពរបស់ខ្ញុំ ដើម្បីបើកកកាយល្បិចទាំងអស់របស់សាតាំង និងដើម្បីសង្គ្រោះពូជសាសន៍មនុស្សទាំងមូល ដែលរស់នៅក្រោមដែនគ្រប់គ្រងរបស់សាតាំង។ កិច្ចការនេះធ្វើឡើងដើម្បីបង្ហាញប្រាជ្ញាញាណ និងសព្វានុភាពរបស់ខ្ញុំ និងដើម្បីបង្ហាញពីសេចក្ដីអាក្រក់ដ៏លើសលុបរបស់សាតាំង ហើយលើសពីនេះទៀត គឺដើម្បីឲ្យមនុស្សមើលឃើញភាពខុសគ្នារវាងការល្អ និងការអាក្រក់ ដើម្បីឲ្យគេដឹងថា ខ្ញុំជាអ្នកគ្រប់គ្រងលើរបស់សព្វសារពើ ដើម្បីឲ្យគេមើលឃើញយ៉ាងច្បាស់ថា សាតាំងគឺជាសត្រូវរបស់មនុស្ស ជាវិញ្ញាណអាក្រក់ ជាមេកំណាច ហើយឲ្យមនុស្សអាចប្រាប់ពីភាពខុសគ្នាដោយភាពជាក់លាក់ក្រៃលែងរវាងការល្អ និងការអាក្រក់ សេចក្ដីពិត និងភាពក្លែងក្លាយ ភាពបរិសុទ្ធ និងភាពស្មោកគ្រោក ហើយអ្វីជាភាពអស្ចារ្យ និងអ្វីជាភាពថោកទាប។ ធ្វើបែបនេះ មនុស្សដ៏ល្ងង់ខ្លៅ នឹងអាចមើលឃើញដោយផ្ទាល់ភ្នែកថា ខ្ញុំមិនមែនជាអ្នកដែលធ្វើឲ្យមនុស្សទៅជាពុករលួយទេ ហើយមានតែខ្ញុំដែលជាព្រះអាទិករនេះទេ ទើបអាចសង្គ្រោះមនុស្សបាន អាចប្រទានឲ្យគេនូវអ្វីដែលអាចឲ្យគេរីករាយ ហើយគេនឹងដឹងថា ខ្ញុំគឺជាអ្នកគ្រប់គ្រងលើរបស់សព្វសារពើ ចំណែកសាតាំងវិញគឺគ្រាន់តែជាវិញ្ញាណមួយដែលខ្ញុំបានបង្កើតមក តែបែរជាត្រឡប់មកប្រឆាំងនឹងខ្ញុំវិញប៉ុណ្ណោះ។ ផែនការគ្រប់គ្រង រយៈពេល៦ពាន់ឆ្នាំរបស់ខ្ញុំ ត្រូវបានបែងចែកជា ៣ដំណាក់កាលហើយខ្ញុំធ្វើបែបនេះ ដើម្បីសម្រេចនូវប្រសិទ្ធភាព ឲ្យមនុស្សធ្វើជាស្មរបន្ទាល់របស់ខ្ញុំហើយយល់ពីបំណងចិត្តខ្ញុំ ព្រមទាំងដឹងថា ខ្ញុំជាសេចក្ដីពិត» («រឿងពិតពីក្រោយកិច្ចការនាយុគសម័យនៃការប្រោសលោះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

តើកិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយនេះ បន្សុទ្ធនិងសង្គ្រោះមនុស្សជាតិដូចម្ដេច?

មនុស្សបានដឹងថាគ្រោះមហន្តរាយដ៏ធំនឹងធ្លាក់មកលើយើង ហើយអ្នកដែលរំពឹងថាព្រះអម្ចាស់យាងមកលើពពក បានរង់ចាំដោយអន្ទះសារ។...

ហេតុអ្វីបានជាព្រះជាម្ចាស់យកកំណើតជាមនុស្ស ដើម្បីបំពេញកិច្ចការនៃការជំនុំជម្រះនៃគ្រាចុងក្រោយ?

យើងបានជជែកគ្នាពីរបីលើកមកហើយ អំពីកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ។ ថ្ងៃនេះ យើងសូមក្រឡេកមើល អ្នកដែលបំពេញកិច្ចការជំនុំជម្រះ។...

តើការដើរតាមមេដឹកនាំសាសនាគឺជាការដើរតាមព្រះជាម្ចាស់ឬ?

កាលពី ២០០០ ឆ្នាំមុន ព្រះអម្ចាស់យេស៊ូវដ៏ជាព្រះអង្គសង្គ្រោះរបស់យើង បានយាងមកបំពេញកិច្ចការនៃការប្រោសលោះ ហើយត្រូវបានមហាបូជាចារ្យ ពួកអាចារ្យ...

Leave a Reply