តើអ្នកបានឮព្រះសូរសៀងព្រះជាម្ចាស់ហើយឬនៅ?

16-04-2023

ជម្រាបសួរ បងប្អូនប្រុសស្រី។ យើងពិតជាមានសំណាងណាស់ដែលអាចជួបជុំគ្នា សូមអរព្រះគុណព្រះអម្ចាស់! យើងគ្រប់គ្នាសុទ្ធតែជាអ្នកដែលចូលចិត្តស្ដាប់ព្រះបន្ទូលព្រះជាម្ចាស់ និងទន្ទឹងចង់ស្វាគមន៍ព្រះអម្ចាស់។ ថ្ងៃនេះ យើងនឹងប្រកបគ្នាបន្តិចអំពីសេចក្តីទំនាយរបស់ព្រះអម្ចាស់យេស៊ូវ និងពិភាក្សាគ្នាពីការយល់ដឹងផ្សេងៗអំពីការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់។ មនុស្សភាគច្រើនបានកំណត់អត្ថន័យយ៉ាងតូចចង្អៀតអំពីការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់ត្រឹមជាការយាងចុះមករបស់ទ្រង់នៅលើពពក ប៉ុន្តែបើយោងតាមសេចក្តីទំនាយរបស់ព្រះអម្ចាស់យេស៊ូវផ្ទាល់នៅក្នុងព្រះគម្ពីរ ព្រះអង្គនឹងយាងត្រលប់មកវិញ ហើយសម្ដែងចេញព្រះបន្ទូលក្នុងនាមជាបុត្រមនុស្ស។ ព្រះអម្ចាស់បានថ្លែងទំនាយជាច្រើនដងអំពីការយាងមក ឬការលេចមករបស់បុត្រមនុស្ស ហើយការយាងមករបស់បុត្រមនុស្សសំដៅលើការលេចមកនិងការបំពេញកិច្ចការរបស់ព្រះជាម្ចាស់ខាងសាច់ឈាម។ មានតែបែបនេះទេ ទើបជាការបកស្រាយដ៏បរិសុទ្ធបំផុត ហើយភាគច្រើន អ្នកទំនងជាមិនឮសេចក្តីនេះនៅក្នុងពួកជំនុំសាសនានោះឡើយ។ ប្រសិនបើមិនបានស្វាគមន៍ការលេចមក និងកិច្ចការរបស់ទ្រង់រួចទេ នោះការយាងមក ឬការលេចមករបស់បុត្រមនុស្ស គឺជាអាថ៌កំបាំងដ៏អស្ចារ្យមួយដែលគ្មាននរណាម្នាក់ដឹងឡើយ។

នៅក្នុងព្រះគម្ពីរ មានសេចក្តីទំនាយជាច្រើនអំពីការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់ ប៉ុន្តែទំនាយភាគច្រើនចេញមកពីមនុស្សលោក ដូចជា ពួកសាវ័ក ពួកហោរា ឬក៏ពួកទេវតា។ សេចក្តីទំនាយដែលមនុស្សនិយមលើកឡើង គឺជាទំនាយចេញពីមនុស្ស ដូច្នេះហើយបានជាពួកគេទន្ទឹងចង់ឃើញព្រះអម្ចាស់យាងចុះមកដោយចំហនៅលើពពកនោះ។ តែតាមពិត ការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់ គឺជាការសម្ងាត់មួយដែលត្រូវបានរក្សាទុកយ៉ាងល្អបំផុត។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ប៉ុន្តែ ចំពោះថ្ងៃ និងពេលកំណត់នោះ គឺគ្មានមនុស្សណាម្នាក់ដឹងឡើយ សូម្បីតែពួកទេវតានៃស្ថានសួគ៌ និងព្រះរាជបុត្រាក៏មិនជ្រាបផង គឺមានតែព្រះវរបិតារបស់ខ្ញុំមួយប៉ុណ្ណោះដែលជ្រាប» (ម៉ាថាយ ២៤:៣៦)។ ដោយសារតែគ្មាននរណាម្នាក់ដឹងអំពីថ្ងៃ ឬពេលកំណត់ ហើយសូម្បីតែពួកទេវតានៃស្ថានសួគ៌ ឬព្រះរាជបុត្រាក៏មិនជ្រាបដែរនោះ តើទំនាយនៅក្នុងព្រះគម្ពីរអំពីការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់ ដែលមនុស្ស ឬទេវតាបានផ្តល់ជូននោះ អាចត្រឹមត្រូវពិតប្រាកដដែរឬទេ? ទំនាយទាំងនោះអាចមិនត្រឹមត្រូវឡើយ។ ដូច្នេះហើយប្រសិនបើយើងចង់ស្វាគមន៍ព្រះអម្ចាស់ យើងត្រូវតែធ្វើតាមទំនាយរបស់ព្រះអម្ចាស់យេស៊ូវផ្ទាល់។ ហេតុនេះ អស់អ្នកដែលកំពុងរង់ចាំព្រះអម្ចាស់យាងចុះមកដោយចំហនៅលើពពក មុខជាជួបគ្រោះមហន្តរាយ ទាំងយំ និងសង្កៀតធ្មេញរបស់ខ្លួនមិនខាន។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ឯពន្លឺផ្លេកបន្ទោរ ចេញពីទិសខាងកើត ហើយចាំងពន្លឺទៅទិសខាងលិចយ៉ាងណា ដំណើរយាងមករបស់បុត្រមនុស្ស ក៏យ៉ាងនោះដែរ» (ម៉ាថាយ ២៤:២៧)។ «ដ្បិតផ្លេកបន្ទោរ ដែលភ្លឺពីផ្នែកម្ខាងនៅក្រោមមេឃ ចាំងជះទៅកាន់ផ្នែកម្ខាងទៀតនៅក្រោមមេឃ នោះបុត្រមនុស្ស នៅថ្ងៃដែលទ្រង់យាងមក ក៏ដូច្នេះដែរ។ ប៉ុន្តែ ជាដំបូងទ្រង់ត្រូវរងទុក្ខលំបាកជាច្រើន ហើយត្រូវមនុស្សជំនាន់នេះបដិសេធផង» (លូកា ១៧:២៤-២៥)។ «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង។ ... ហើយទ្រង់នឹងសម្ដែងឱ្យអ្នកដឹងរឿងដែលត្រូវកើតមក» (យ៉ូហាន ១៦:១២-១៣)។ «មើលខ្ញុំឈរនៅមាត់ទ្វារទាំងគោះ ប្រសិនបើអ្នកណា ឮសំឡេងខ្ញុំ ហើយបើកទ្វារឱ្យខ្ញុំ នោះខ្ញុំនឹងចូលទៅឯអ្នកនោះ រួចបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះ ក៏បរិភោគជាមួយនឹងខ្ញុំដែរ» (វិវរណៈ ៣:២០)។ «អ្នកណាដែលមានត្រចៀក ចូរស្ដាប់ព្រះបន្ទូលដែលព្រះវិញ្ញាណថ្លែងទៅកាន់ក្រុមជំនុំទាំងអម្បាលម៉ានចុះ» (វិវរណៈ ២:៧)។ «ចៀមខ្ញុំស្គាល់សំឡេងខ្ញុំ ហើយខ្ញុំក៏ស្គាល់ពួកវាដែរ ហើយពួកវាក៏ដើរតាមខ្ញុំផង» (យ៉ូហាន ១០:២៧)។ តើយើងអាចឃើញអ្វីខ្លះនៅក្នុងទំនាយរបស់ព្រះអម្ចាស់យេស៊ូវទាំងនេះ? ព្រះបន្ទូលរបស់ព្រះអម្ចាស់ប្រាប់យើងយ៉ាងច្បាស់ថា ព្រះអង្គយាងត្រលប់មកវិញនៅគ្រាចុងក្រោយ ក្នុងនាមជាបុត្រមនុស្ស។ តាមពិតទៅ បុត្រមនុស្សគឺជាការយកកំណើតជាមនុស្ស ហើយជាចម្បង ព្រះអង្គនឹងបញ្ចេញព្រះបន្ទូល ដោយសម្ដែងចេញសេចក្តីពិតជាច្រើន រួចនាំរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ចូលទៅក្នុងសេចក្តីពិតគ្រប់យ៉ាង។ តាមរយៈការយាងមក និងការសម្ដែងចេញសេចក្តីពិត តើព្រះអម្ចាស់នឹងសម្រេចកិច្ចការអ្វីដែរ? គ្មានអ្វីគួរឱ្យសង្ស័យឡើយ នេះគឺជាការបំពេញកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមពីដំណាក់ព្រះជាម្ចាស់ ដែលសបញ្ជាក់ឱ្យឃើញទៀតថា ព្រះជាម្ចាស់ធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ ដោយសម្ដែងចេញសេចក្តីពិត។ ដូច្នេះ ពេលនោះ តើយើងអាចស្វាគមន៍ព្រះអម្ចាស់ដោយរបៀបណា? ដោយសារព្រះអង្គនឹងយាងមកជាបុត្រមនុស្ស ហើយបុត្រមនុស្សមានរូបរាងធម្មតាទាំងស្រុង ដោយគ្មានអធិធម្មជាតិសោះនោះ ដូច្នេះ គ្មាននរណាម្នាក់នឹងអាចមើលឃើញថា នេះជាការលេចមករបស់ព្រះជាម្ចាស់ ចេញពីរូបរាងខាងក្រៅរបស់ទ្រង់នោះឡើយ។ គន្លឹះគឺត្រូវស្ដាប់ព្រះសូរសៀងរបស់បុត្រមនុស្ស រួចពិនិត្យមើលថាតើនោះជាព្រះសូរសៀងព្រះជាម្ចាស់ឬអត់។ ការស្វាគមន៍ព្រះអម្ចាស់អាចសម្រេចទៅបាន តាមរយៈការស្គាល់ព្រះសូរសៀងព្រះជាម្ចាស់ និងការបើកទ្វារឱ្យទ្រង់។ ប្រសិនបើព្រះអង្គថ្លែងសេចក្តីពិត ហើយមនុស្សស្ដាប់ឮ ប៉ុន្តែមិនស្គាល់ព្រះសូរសៀងទ្រង់ ពួកគេនឹងគ្មានផ្លូវស្វាគមន៍ទ្រង់ឡើយ។ នៅក្នុងកណ្ឌគម្ពីរវិវរណៈថ្លែងទំនាយម្ដងហើយម្ដងទៀតថា៖ «អ្នកណាដែលមានត្រចៀក ចូរស្ដាប់ព្រះបន្ទូលដែលព្រះវិញ្ញាណថ្លែងទៅកាន់ក្រុមជំនុំទាំងអម្បាលម៉ានចុះ» (វិវរណៈ ជំពូកទី ២, ៣)។ ខគម្ពីរនេះត្រូវបានលើកឡើងសរុបចំនួនប្រាំពីរដង។ ហេតុនេះ ដើម្បីស្វាគមន៍ព្រះអម្ចាស់ ការឮព្រះសូរសៀងព្រះជាម្ចាស់ពិតជាសំខាន់ណាស់។ នេះគឺជាផ្លូវតែមួយគត់ ដើម្បីស្វាគមន៍ទ្រង់។ ឥឡូវ តើអ្នកដឹងថាគន្លឹះនៃការស្វាគមន៍ព្រះអម្ចាស់ គឺជាអ្វីទេ? មែនហើយ ដើម្បីស្វាគមន៍ព្រះអម្ចាស់ យើងត្រូវតែព្យាយាមឮព្រះសូរសៀងព្រះជាម្ចាស់ ហើយ «ព្រះសូរសៀង» នេះសំដៅលើសេចក្តីពិតជាច្រើន ដែលត្រូវបានសម្ដែងចេញដោយព្រះអម្ចាស់ដែលបានយាងត្រលប់មកវិញ ជាសេចក្តីពិតគ្រប់យ៉ាងដែលមនុស្សមិនធ្លាប់បានឮពីមុនមក និងជាសេចក្តីដែលមិនត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរឡើយ។ ស្ត្រីព្រហ្មចារីដ៏វៃឆ្លាតឮថា ព្រះបន្ទូលដែលបុត្រមនុស្សសម្ដែងចេញ សុទ្ធតែជាសេចក្តីពិត សុទ្ធតែជាព្រះសូរសៀងព្រះជាម្ចាស់ ហើយពួកគេស្វាគមន៍ព្រះអម្ចាស់ ដោយអរសប្បាយយ៉ាងខ្លាំង។ មានតែព្រះអម្ចាស់ប៉ុណ្ណោះ ទើបមានសមត្ថភាពសម្ដែងចេញសេចក្តីពិតបាន។ មានតែព្រះអម្ចាស់ប៉ុណ្ណោះ គឺជាផ្លូវ ជាសេចក្តីពិត និងជាជីវិត។ អ្នកណាដែលឮព្រះបន្ទូលដែលបុត្រមនុស្សសម្ដែងចេញ តែនៅមិនអើពើ ច្រានចោលព្រះបន្ទូលទាំងនោះ ឬមិនទទួលយកសេចក្តីពិត អ្នកនោះគឺជាស្ត្រីព្រហ្មចារីល្ងីល្ងើ ដែលនឹងត្រូវព្រះអម្ចាស់បោះបង់ចោល។ ពួកគេនឹងប្រាកដជាធ្លាក់ក្នុងគ្រោះមហន្តរាយដ៏ធំ ទាំងយំ និងសង្កៀតធ្មេញមិនខាន។ រហូតមកដល់ពេលនេះ ពិភពសាសនាមិនបានស្វាគមន៍ព្រះអម្ចាស់ទេ។ ផ្ទុយទៅវិញ ដោយសារតែការស្ដីបន្ទោស និងបដិសេធព្រះជាម្ចាស់ ពួកគេបានស្លាប់ព្រោះតែគ្រោះមហន្តរាយ ដោយស្ថិតក្នុងសភាពអស់សង្ឃឹមជានិច្ច។ អស់អ្នកដែលជាកូនចៀមរបស់ព្រះជាម្ចាស់ ខំស្វែងរក និងស៊ើបរកផ្លូវពិត បន្ទាប់ពីបានឮព្រះសូរសៀងព្រះជាម្ចាស់ ដោយជួយឱ្យពួកគេស្វាគមន៍ព្រះអម្ចាស់។ ដូច្នេះ យើងត្រូវប្រាកដច្បាស់ថា៖ នៅពេលព្រះអម្ចាស់យាងត្រលប់មកវិញនៅគ្រាចុងក្រោយ ព្រះអង្គលេចមក ក្នុងនាមជាបុត្រមនុស្ស និងសម្ដែងចេញសេចក្តីពិតគ្រប់យ៉ាង ហើយគន្លឹះសម្រាប់យើងដើម្បីស្វែងរកការលេចមករបស់ព្រះអម្ចាស់ គឺត្រូវស្វែងរកមើលថាតើសេចក្តីពិតទាំងអស់ដែលព្រះអម្ចាស់បានសម្ដែងចេញនោះ ស្ថិតនៅកន្លែងណា ស្វែងរកមើលថាព្រះជាម្ចាស់កំពុងតែមានបន្ទូលទៅពួកជំនុំណាខ្លះ។ កាលណាអ្នករកឃើញសេចក្តីពិតដែលបុត្រមនុស្សបានសម្ដែងចេញរួច អ្នកអាចរកឃើញការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ ដោយដើរតាមសំឡេងនោះទៅរកប្រភពដើមរបស់វា។ នៅពេលអ្នករកឃើញថា គ្រប់សេចក្តីពិតដែលព្រះអម្ចាស់បានសម្ដែងចេញ គឺជាសេចក្តីពិតដែលនឹងបន្សុទ្ធ និងសង្រ្គោះមនុស្សជាតិ អ្នកនឹងទទួលយកការយាងត្រលប់មកវិញរបស់ព្រះជាម្ចាស់ រួចក្រោយមក អ្នកនឹងបានស្វាគមន៍ទ្រង់មិនខាន។ នេះគឺជាវិធីដ៏ល្អបំផុត និងដ៏សាមញ្ញបំផុត ដើម្បីស្វាគមន៍ព្រះអម្ចាស់។ មិនបាច់ឈរសម្លឹងស្លឺមើលមេឃ មិនបាច់ឈរនៅលើកំពូលភ្នំ ដើម្បីស្វាគមន៍ព្រះអម្ចាស់ នៅពេលទ្រង់យាងមកនៅលើពពក ហើយក៏មិនបាច់អធិស្ឋានមើលម៉ោង ឬអធិស្ឋានតមនោះដែរ។ អ្នកគ្រាន់តែបន្តឃ្លាំមើល និងរង់ចាំ ដោយស្វែងរកឥតឈប់ឈរចង់ឮព្រះសូរសៀងព្រះជាម្ចាស់ប៉ុណ្ណោះ។

ត្រង់ចំណុចនេះ អ្នកខ្លះប្រហែលជាឆ្ងល់ថា៖ តើយើងអាចដឹងដោយរបៀបណាថាអ្វីដែលយើងស្ដាប់ឮនោះ ជាព្រះសូរសៀងព្រះជាម្ចាស់? តាមពិតទៅ ការឮព្រះសូរសៀងព្រះជាម្ចាស់ មិនពិបាកសោះឡើយ។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «លុះកណ្ដាលអធ្រាត ក៏មានសម្រែកបន្លឺឡើងថា មើលណ៎ កូនកម្លោះមកដល់ហើយ ចូរអ្នករាល់គ្នា ចេញទៅទទួលលោកចុះ» (ម៉ាថាយ ២៥:៦)។ គ្រប់ពេលដែលអ្នកឮនរណាម្នាក់ធ្វើបន្ទាល់ពីការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ ឬឮថា ព្រះអង្គបានសម្ដែងចេញសេចក្តីពិតជាច្រើន អ្នកត្រូវតែពិនិត្យមើលផ្លូវនេះភ្លាម ហើយមើលថាតើព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងទាំងនោះ គឺជាសេចក្តីពិតឬអត់។ ប្រសិនបើព្រះបន្ទូលទាំងនោះគឺជាសេចក្តីពិត អ្នកគួរតែទទួលយក ដោយសារតែកូនចៀមរបស់ព្រះជាម្ចាស់អាចឮព្រះសូរសៀងរបស់ទ្រង់។ នេះជាអ្វីមួយដែលព្រះជាម្ចាស់បានកំណត់ទុកជាមុន ហើយមិនអាស្រ័យលើថាតើបុគ្គលនោះមានការអប់រំបែបណា ពួកគេស្គាល់ព្រះគម្ពីរបានច្រើនកម្រិតណា ឬមានបទពិសោធជ្រាលជ្រៅប៉ុនណានោះឡើយ។ ក្នុងនាមជាគ្រីស្ទបរិស័ទ តើយើងមានអារម្មណ៍ដូចម្ដេចដែរ នៅពេលយើងឮព្រះបន្ទូលជាច្រើនដែលព្រះអម្ចាស់យេស៊ូវបានថ្លែង? ទោះបើគ្មានបទពិសោធ ឬការយល់ដឹងអំពីព្រះបន្ទូលរបស់ព្រះអម្ចាស់ក្ដី កាលណាយើងឮព្រះបន្ទូលទាំងនោះភ្លាម យើងអាចមានអារម្មណ៍ដឹងថា ព្រះបន្ទូលទាំងនោះគឺជាសេចក្តីពិត ថាព្រះបន្ទូលទាំងនោះមានសិទ្ធិអំណាច និងព្រះចេស្ដាដែរ។ យើងអាចមានអារម្មណ៍ដឹងថា ព្រះបន្ទូលទាំងនោះមានភាពស៊ីជម្រៅ និងអាថ៌កំបាំង ហួសពីការយល់ដឹងរបស់មនុស្សពោលគឺ នេះជាតួនាទីនៃការបំផុសគំនិត និងអព្ភន្តរញ្ញាណ។ មិនថាយើងអាចបង្ហាញសេចក្ដីនេះបានច្បាស់ឬអត់នោះទេ អារម្មណ៍នេះគឺត្រឹមត្រូវ និងគ្រប់គ្រាន់នឹងបង្ហាញថា ប្រសិនបើបុគ្គលម្នាក់មានដួងចិត្ត និងព្រលឹង នោះពួកគេអាចមានអារម្មណ៍ដឹងពីព្រះចេស្ដា និងសិទ្ធិអំណាចចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយ។ ការឮព្រះសូរសៀងព្រះជាម្ចាស់មានលក្ខណៈបែបនេះ។ ដើម្បីឈ្វេងយល់បន្តិចទៀតអំពីចំណុចនេះ តើព្រះបន្ទូលព្រះជាម្ចាស់មានចរិតលក្ខណៈអ្វីផ្សេងទៀតទេ? ព្រះបន្ទូលព្រះជាម្ចាស់ប្រទានដល់យើងនូវការទ្រទ្រង់ជីវិត។ ព្រះបន្ទូលរបស់ទ្រង់បើកសម្ដែងអាថ៌កំបាំង ចាប់ផ្ដើមយុគសម័យថ្មី និងបិទបញ្ចប់យុគសម័យចាស់។ ដូចព្រះអម្ចាស់យេស៊ូវដែលអាចសម្ដែងចេញសេចក្តីពិតបានគ្រប់ពេល និងគ្រប់ទីកន្លែង ដើម្បីមើលថែ ស្រោចស្រព និងផ្គត់ផ្គង់ដល់មនុស្សអ៊ីចឹងដែរ។ ព្រះអម្ចាស់ក៏បានបើកសម្ដែងអាថ៌កំបាំងអំពីនគរស្ថានសួគ៌ នាំមកដល់មនុស្សជាតិនូវផ្លូវនៃការប្រែចិត្តចូលក្នុងនគរស្ថានសួគ៌ ចាប់ផ្ដើមយុគសម័យនៃព្រះគុណ បិទបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ និងបញ្ចប់កិច្ចការប្រោសលោះមនុស្សជាតិ។ នេះជាអ្វីមួយដែលគ្មានមនុស្សណាម្នាក់អាចសម្រេចបានឡើយ។ តើវាមិនបែបនេះទេឬអី? ដូច្នេះ សព្វថ្ងៃនេះ មានបុត្រមនុស្សម្នាក់បានមានព្រះបន្ទូលអស់រយៈពេលជាច្រើនឆ្នាំ ដោយសម្ដែងចេញនូវសេចក្តីពិតជាច្រើន។ បន្ទាប់ពីបានអានព្រះបន្ទូលទាំងនេះរួច មនុស្សជាច្រើនមានអារម្មណ៍ថា ព្រះបន្ទូលទាំងនេះជាព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ ជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយពួកគេជឿជាក់ថា បុត្រមនុស្សដែលកំពុងសម្ដែងចេញសេចក្តីពិតនេះ គឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រលប់មកវិញ ជឿថា ព្រះអង្គជាព្រះដ៏មានគ្រប់ព្រះចេស្ដាខាងសាច់ឈាម។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញសេចក្តីពិតគ្រប់យ៉ាងដែលត្រូវការជាចាំបាច់ ដើម្បីបន្សុទ្ធ និងសង្រ្គោះមនុស្សជាតិ ដោយលាតត្រដាងពីអាថ៌កំបាំងអំពីផែនការគ្រប់គ្រងរយៈពេល ៦,០០០ឆ្នាំរបស់ព្រះជាម្ចាស់ ហើយកំពុងធ្វើកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់។ ព្រះអង្គបានចាប់ផ្ដើមយុគសម័យនៃនគរព្រះ និងបានបិទបញ្ចប់យុគសម័យនៃព្រះគុណ។ តើគ្រប់គ្នាចង់ឮព្រះបន្ទូលមួយចំនួនរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ចង់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ដែរឬទេ? សូមអានអត្ថបទពីរបីអំពីព្រះសូរសៀងរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ខ្ញុំធ្លាប់ត្រូវបានស្គាល់ថាជាព្រះយេហូវ៉ា។ គេក៏ធ្លាប់ស្គាល់ខ្ញុំជាព្រះមែស្ស៊ី ហើយមនុស្សក៏ធ្លាប់ហៅខ្ញុំថា ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ដែលពេញដោយសេចក្ដីស្រឡាញ់ និងការគោរព។ យ៉ាងណាមិញ ថ្ងៃនេះ ខ្ញុំលែងជាព្រះយេហូវ៉ា ឬព្រះយេស៊ូវ ដែលមនុស្សធ្លាប់ស្គាល់កាលពីមុនទៀតហើយ ខ្ញុំគឺជាព្រះជាម្ចាស់ដែលបានយាងត្រលប់មកវិញនៅគ្រាចុងក្រោយ ជាព្រះជាម្ចាស់ដែលនឹងបញ្ចប់នូវយុគសម័យនេះ។ ខ្ញុំគឺជាព្រះជាម្ចាស់ដោយផ្ទាល់ព្រះអង្គ ដែលលេចឡើងពីចុងផែនដី មានពេញដោយនិស្ស័យទាំងអស់របស់ខ្ញុំ និងពេញដោយសិទ្ធិអំណាច កិត្តិយស និងសិរីរុងរឿង។ មនុស្សដែលពុំធ្លាប់មានទំនាក់ទំនងជាមួយខ្ញុំ គេពុំដែលស្គាល់ខ្ញុំសោះ ហើយក៏មិនអើពើនឹងនិស្ស័យរបស់ខ្ញុំរហូតមកដែរ។ តាំងពីកំណើតផែនដីមកទល់សព្វថ្ងៃ គ្មានមនុស្សណាម្នាក់ ធ្លាប់បានឃើញខ្ញុំឡើយ។ នេះគឺជាព្រះជាម្ចាស់ដែលលេចមកឱ្យមនុស្សនៅគ្រាចុងក្រោយឃើញ តែទ្រង់លាក់ព្រះកាយនៅក្នុងចំណោមមនុស្ស។ ព្រះអង្គគង់នៅក្នុងចំណោមមនុស្សយ៉ាងពិតប្រាកដ ដូចជាព្រះអាទិត្យពេញកម្ដៅ និងអណ្ដាតភ្លើងកំពុងឆេះសន្ធោសន្ធៅ ពេញដោយព្រះចេស្ដា និងដោយសិទ្ធិអំណាច។ ពុំមានអ្វីមួយ ឬមនុស្សណាសោះ សូម្បីតែម្នាក់ ដែលមិនត្រូវជំនុំជម្រះ ដោយព្រះបន្ទូលរបស់ខ្ញុំឡើយ ក៏ពុំមានអ្វីមួយ ឬមនុស្សណាសោះសូម្បីម្នាក់ដែលមិនត្រូវបន្សុទ្ធដោយភ្លើងដែលកំពុងឆេះសន្ធោសន្ធៅដែរ។ ប្រជាជាតិទាំងអស់ គង់តែបានប្រកបដោយព្រះពរ ដោយសារព្រះបន្ទូលរបស់ខ្ញុំ ហើយក៏ត្រូវខ្ទេចខ្ទីជាបំណែក ដោយសារព្រះបន្ទូលខ្ញុំដូចគ្នា។ គឺវិធីនេះហើយ ដែលធ្វើឱ្យមនុស្សទាំងអស់នៅគ្រាចុងក្រោយដឹងថា ខ្ញុំជាព្រះអង្គសង្គ្រោះដែលបានយាងត្រឡប់មកវិញ ហើយដឹងថា ខ្ញុំជាព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលយកឈ្នះលើមនុស្សជាតិទាំងអស់។ ហើយមនុស្សទាំងអស់ នឹងមើលឃើញថា ខ្ញុំធ្លាប់ជាតង្វាយលោះបាបសម្រាប់មនុស្ស ប៉ុន្តែនៅគ្រាចុងក្រោយ ខ្ញុំក៏ក្លាយជាអណ្ដាតភ្លើងនៃព្រះអាទិត្យដែលដុតបន្សុសរបស់សព្វសារពើ ក៏ជាព្រះអាទិត្យនៃសេចក្ដីសុចរិត ដែលបើកសម្ដែងគ្រប់សព្វទាំងអស់ដែរ។ នេះគឺជាកិច្ចការរបស់ខ្ញុំនៅគ្រាចុងក្រោយ។ ខ្ញុំយកព្រះនាមនេះ ហើយខ្ញុំក៏ប្រើនិស្ស័យមួយនេះ ដើម្បីឱ្យមនុស្សទាំងអស់អាចមើលឃើញថា ខ្ញុំជាព្រះជាម្ចាស់ដ៏សុចរិត ជាព្រះអាទិត្យពេញកម្ដៅ ជាអណ្ដាតភ្លើងកំពុងឆេះសន្ធោសន្ធៅ និងដើម្បីឱ្យមនុស្សទាំងអស់អាចថ្វាយបង្គំខ្ញុំជាព្រះជាម្ចាស់ពិតតែមួយ និងដើម្បីឱ្យគេមើលឃើញព្រះភក្ត្រពិតរបស់ខ្ញុំថា៖ ខ្ញុំមិនត្រឹមតែជាព្រះជាម្ចាស់របស់សាសន៍អ៊ីស្រាអែល និងជាព្រះជាម្ចាស់ដ៏ប្រោសលោះប៉ុណ្ណោះទេ តែខ្ញុំជាព្រះជាម្ចាស់នៃសត្តនិករទាំងអស់ ដែលមានពេញផ្ទៃមេឃ ផែនដីនិងសមុទ្រផង» («ព្រះអង្គសង្គ្រោះបានយាងត្រឡប់មកវិញហើយ នៅលើ 'ពពកស' មួយដុំ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ខ្ញុំកំពុងបំពេញកិច្ចការរបស់ខ្ញុំក្នុងសកលលោកទាំងមូល ហើយនៅទិសខាងកើត ក៏មានសូរផ្គរលាន់គ្រាំងៗឥតដាច់ បណ្ដាលឱ្យជាតិសាសន៍ និងគណៈនិកាយទាំងអស់ញាប់ញ័រ។ គឺសូរសៀងរបស់ខ្ញុំនេះហើយ ដែលបានដឹកនាំមនុស្សទាំងអស់មកកាន់ពេលបច្ចុប្បន្ននេះ។ ខ្ញុំធ្វើឱ្យមនុស្សទាំងអស់ត្រូវផ្ចាញ់ដោយព្រះសូរសៀងរបស់ខ្ញុំ ឱ្យគេធ្លាក់ទៅក្នុងផ្លូវទឹកហូរ រួចចុះចូលនឹងខ្ញុំ ពីព្រោះខ្ញុំបានយកសិរីល្អរបស់ខ្ញុំពីផែនដីមកវិញជាយូរមកហើយ និងបានបញ្ចេញសិរីល្អជាថ្មី នៅឯទិសខាងកើត។ តើនរណាខ្លះមិនចង់ឃើញសិរីល្អរបស់ខ្ញុំ? តើនរណាខ្លះមិនរង់ចាំការយាងត្រឡប់មកវិញរបស់ខ្ញុំដោយអន្ទះសា? តើនរណាខ្លះមិនស្រេកឃ្លានចង់ឃើញការលេចមករបស់ខ្ញុំ? តើនរណាខ្លះមិនប្រាថ្នាចង់បានសេចក្តីស្រឡាញ់របស់ខ្ញុំ? តើនរណាខ្លះមិនអាចមករកពន្លឺបាន? តើនរណាខ្លះមើលមិនឃើញភាពសម្បូរសប្បាយនៃទឹកដីកាណាន? តើនរណាខ្លះមិនទន្ទឹងចាំការយាងត្រឡប់មកវិញនៃព្រះដ៏ប្រោសលោះ? តើនរណាខ្លះដែលមិនស្រលាញ់ព្រះអង្គដែលមានព្រះចេស្ដាដ៏អស្ចារ្យ? ព្រះសូរសៀងរបស់ខ្ញុំនឹងត្រូវផ្សាយទៅពេញទាំងផែនដី។ ខ្ញុំបែរព្រះភ័ក្ដ្ររបស់ខ្ញុំទៅរាស្ត្ររើសតាំងរបស់ខ្ញុំ ហើយមានបន្ទូលជាច្រើនទៀតទៅកាន់ពួកគេ។ ខ្ញុំថ្លែងព្រះបន្ទូលរបស់ខ្ញុំទៅកាន់សកលលោក និងមនុស្សជាតិទាំងមូល ដូចផ្គរលាន់សូរសន្ធឹក ដែលអង្រួនទាំងភ្នំ និងទន្លេ។ អំណឹះតទៅ ព្រះបន្ទូលនៅក្នុងព្រះឱស្ឋរបស់ខ្ញុំបានក្លាយជាកំណប់ទ្រព្យរបស់មនុស្ស ហើយមនុស្សគ្រប់គ្នាក៏ត្រេកអរសប្បាយនឹងព្រះបន្ទូលរបស់ខ្ញុំដែរ។ ផ្លេកបន្ទោរជះពន្លឺពីទិសខាងកើតទៅដល់ទិសខាងលិច។ ព្រះបន្ទូលរបស់ខ្ញុំ គឺជាព្រះបន្ទូលដែលមនុស្សរារែកមិនចង់បោះបង់ចោល ហើយក្នុងពេលជាមួយគ្នា គេក៏រកយល់មិនបានដែរ ប៉ុន្តែគេត្រេកអរសប្បាយនឹងព្រះបន្ទូលកាន់ច្រើនឡើងៗ។ មនុស្សគ្រប់ៗគ្នា ត្រេកអរសប្បាយ ហើយសាទរចំពោះការយាងមកដល់របស់ខ្ញុំ គឺប្រៀបដូចជាទារកដែលទើបនឹងកើត។ តាមរយៈព្រះសូរសៀងរបស់ខ្ញុំ ខ្ញុំនឹងនាំមនុស្សគ្រប់គ្នាមកចំពោះខ្ញុំ។ ហេតុនេះ ខ្ញុំនឹងចូលទៅក្នុងចំណោមមនុស្សជាផ្លូវការ ដើម្បីឱ្យពួកគេថ្វាយបង្គំខ្ញុំ។ ខ្ញុំនឹងធ្វើយ៉ាងណាឱ្យមនុស្សគ្រប់ៗគ្នាមកនៅចំពោះព្រះភក្រ្តខ្ញុំ និងមើលឃើញផ្លេកបន្ទោរជះពន្លឺពីទិសខាងកើត ហើយឃើញខ្ញុំយាងចុះមកលើ 'ភ្នំដើមអូលីវ' ដែលនៅទិសខាងកើត ដោយសិរីល្អដែលខ្ញុំបានបញ្ចេញ និងដោយព្រះបន្ទូលនៅក្នុងព្រះឱស្ឋរបស់ខ្ញុំ។ ពួកគេនឹងឃើញថា ខ្ញុំបានមកដល់ផែនដីជាយូរមកហើយ ក៏មិនមែនជាកូនសាសន៍យូដាទៀតដែរ ប៉ុន្តែជាផ្លេកបន្ទោរនៅទិសខាងកើត។ ដ្បិតខ្ញុំត្រូវប្រោសឱ្យមានព្រះជន្មរស់ឡើងវិញ និងបានចាកចេញពីក្នុងចំណោមមនុស្សជាតិជាយូរមកហើយ ហើយក្រោយមក ខ្ញុំក៏លេចមកជាថ្មីជាមួយនឹងសិរីល្អ នៅក្នុងចំណោមមនុស្ស។ ខ្ញុំជាព្រះដែលទទួលបានការថ្វាយបង្គំច្រើនសម័យកាលរាប់មិនអស់តាំងពីមុនមក ហើយខ្ញុំក៏ជាទារកដែលពួកសាសន៍អ៊ីស្រាអែលបានបោះបង់ចោលជាច្រើនសម័យកាលរាប់មិនអស់តាំងពីមុនមកដែរ។ លើសពីនេះ ខ្ញុំគឺជាព្រះដ៏មានគ្រប់ព្រះចេស្តា ពោរពេញដោយសិរីល្អក្នុងសម័យបច្ចុប្បន្ននេះ! ចូរឱ្យមនុស្សទាំងអស់គ្នាចូលមកចំពោះបល្ល័ង្ករបស់ខ្ញុំ ហើយមើលឃើញព្រះភក្រ្តដ៏មានសិរីល្អរបស់ខ្ញុំ ស្តាប់ព្រះសូរសៀងរបស់ខ្ញុំ និងសម្លឹងមើលទៅឯស្នាព្រះហស្ដរបស់ខ្ញុំ។ នេះគឺជាបំណងព្រះហឫទ័យទាំងស្រុងរបស់ខ្ញុំ ជាទីបញ្ចប់ និងជាចំណុចកំពូលនៃផែនការរបស់ខ្ញុំ ហើយក៏ជាគោលបំណងនៃការគ្រប់គ្រងរបស់ខ្ញុំដើម្បីឱ្យមនុស្សគ្រប់ជាតិសាសន៍ថ្វាយបង្គំខ្ញុំ ឱ្យមនុស្សគ្រប់ភាសាទទួលស្គាល់ខ្ញុំ ឱ្យមនុស្សគ្រប់ៗគ្នាដាក់សេចក្ដីជំនឿរបស់គេមកលើខ្ញុំ ហើយឱ្យមនុស្សគ្រប់ៗគ្នាចុះចូលនឹងខ្ញុំ!» («សំឡេងផ្គរលាន់ទាំងប្រាំពីរ៖ ថ្លែងទំនាយថា ដំណឹងល្អនៃនគរព្រះ នឹងផ្សាយទៅពាសពេញទាំងសកលលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ពេលខ្ញុំបែរព្រះភក្ត្ររបស់ខ្ញុំទៅកាន់សកលលោក ដើម្បីថ្លែងព្រះបន្ទូល មនុស្សទាំងអស់ស្ដាប់ឮព្រះសូរសៀងរបស់ខ្ញុំ ហើយពេលនោះគេមើលឃើញកិច្ចការទាំងអស់ដែលខ្ញុំបានសាងនៅទូទាំងសកលលោក។ អស់អ្នកដែលបានតាំងខ្លួនទាស់ទទឹងនឹងបំណងព្រះហឫទ័យរបស់ខ្ញុំ ពោលគឺ មនុស្សដែលទាស់ទទឹងនឹងខ្ញុំដោយទង្វើរបស់មនុស្ស នឹងត្រូវនៅក្រោមការវាយផ្ចាលរបស់ខ្ញុំ។ ខ្ញុំនឹងយកផ្កាយជាច្រើននៅលើមេឃ រួចធ្វើវាឱ្យថ្មីវិញ ចូរអរព្រះគុណខ្ញុំ ដ្បិតព្រះអាទិត្យនិងព្រះចន្ទ នឹងត្រូវបានស្អាងឱ្យថ្មីឡើង ផ្ទៃមេឃលែងចាស់ដូចពីមុន ហើយរបស់សព្វសារពើជាច្រើនអនេកនៅលើផែនដីនឹងត្រូវបានស្អាងជាថ្មីឡើងវិញដែរ។ អ្វីគ្រប់យ៉ាងនឹងបានសម្រេចតាមរយៈព្រះបន្ទូលរបស់ខ្ញុំ។ ជាតិសាសន៍ជាច្រើន នៅក្នុងសកលលោកនឹងត្រូវបែងចែកជាថ្មីម្ដងទៀត ហើយជំនួសដោយនគររបស់ខ្ញុំ ដើម្បីឱ្យប្រជាជាតិនានាលើផែនដីរលាយបាត់ទៅរហូត ហើយជាតិសាសន៍ទាំងអស់នឹងក្លាយទៅជានគរមួយ ដែលថ្វាយបង្គំខ្ញុំ ប្រជាជាតិទាំងអស់លើផែនដីនឹងត្រូវវិនាស ហើយលែងមានវត្តមានជារៀងរហូត។ មនុស្សទាំងអស់នៅក្នុងសកលលោក មនុស្សទាំងអស់ដែលជាកម្មសិទ្ធិរបស់អារក្សនឹងត្រូវវិនាសសាបសូន្យ នឹងត្រូវពិការដោយភ្លើងដ៏សន្ធោសន្ធៅរបស់ខ្ញុំ ពោលគឺ មនុស្សទាំងអស់នឹងត្រូវក្លាយទៅជាផេះ លើកលែងតែមនុស្សនៅក្នុងលំហូរនេះតែប៉ុណ្ណោះ។ ពេលខ្ញុំដាក់ទោសមនុស្សជាច្រើនតាមការប្រព្រឹត្តិខុសៗគ្នានោះ មនុស្សដែលនៅក្នុងចំណោមអ្នកកាន់សាសនា នឹងត្រឡប់មកឯនគររបស់ខ្ញុំ ត្រូវបានបង្ក្រាបដោយកិច្ចការរបស់ខ្ញុំ ដ្បិតពួកគេនឹងបានឃើញការមកដល់របស់ព្រះដ៏បរិសុទ្ធ ដោយយាងគង់លើដុំពពកស។ មនុស្សគ្រប់គ្នានឹងត្រូវញែកទៅតាមជំពូករបស់គេផ្ទាល់ ហើយគេនឹងទទួលការវាយផ្ចាលសមទៅនឹងទង្វើរបស់គេ។ អស់អ្នកដែលបានក្រោកឡើងប្រឆាំងនឹងខ្ញុំ គេនឹងវិនាស ចំណែកមនុស្សដែលពុំមានសកម្មភាពពាក់ព័ន្ធនឹងខ្ញុំ នោះគេនឹងបន្តមានវត្តមាននៅលើផែនដី ក្រោមការគ្រប់គ្រងរបស់ពួកកូនប្រុស និងរាស្ត្ររបស់ខ្ញុំ ដោយព្រោះតែរបៀបដែលគេបំពេញកាតព្វកិច្ចរបស់ខ្លួន។ ខ្ញុំនឹងបើកសម្ដែងព្រះកាយរបស់ខ្ញុំឱ្យមនុស្ស និងជាតិសាសន៍ជាច្រើនបានឃើញ រួចខ្ញុំនឹងបន្លឺព្រះសូរសៀងផ្ទាល់របស់ខ្ញុំលើផែនដី ទាំងប្រកាសពីការសម្រេចកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំ ដើម្បីឱ្យមនុស្សជាតិទាំងអស់បានឃើញផ្ទាល់ភ្នែករបស់គេ» («ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

បន្ទាប់ពីបានស្ដាប់អត្ថបទខ្លះនៃព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដារួចមក ឥឡូវ តើគ្រប់គ្នាយល់ឃើញដូចម្ដេចដែរ? តើនេះជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ឬទេ? រាល់ប្រយោគចុងក្រោយនៃព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា មាននូវព្រះចេស្ដា និងសិទ្ធិអំណាច ព្រមទាំងធ្វើឱ្យមនុស្សភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្រៅពីព្រះជាម្ចាស់ តើនរណាអាចនិយាយទៅកាន់មនុស្សជាតិទាំងអស់បាន? តើនរណាអាចបង្ហាញពីបំណងព្រះហឫទ័យព្រះជាម្ចាស់ ដើម្បីសង្រ្គោះមនុស្សជាតិ? តើនរណាអាចបើកសម្ដែងជាចំហអំពីផែនការ និងការរៀបចំរបស់ព្រះជាម្ចាស់សម្រាប់កិច្ចការរបស់ទ្រង់នៅគ្រាចុងក្រោយ ក៏ដូចជាលទ្ធផល និងទិសដៅរបស់មនុស្សជាតិទុកជាមុន? តើនរណាអាចធ្វើឱ្យសកលលោកទាំងមូលបានដឹងអំពីបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់? ក្រៅពីព្រះជាម្ចាស់ គ្មាននរណាម្នាក់អាចធ្វើកិច្ចការទាំងនេះបានទេ។ ព្រះសូរសៀងរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាសម្រាប់មនុស្សជាតិទាំងអស់ ជួយឱ្យយើងមានអារម្មណ៍ដឹងអំពីសិទ្ធិអំណាច និងចេស្ដានៃព្រះបន្ទូលព្រះជាម្ចាស់។ ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះសូរសៀងមកពីព្រះជាម្ចាស់ដោយផ្ទាល់ ជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ដោយផ្ទាល់ព្រះអង្គ! ជាមួយព្រះបន្ទូលទាំងនេះដែលមកពីព្រះដ៏មានគ្រប់ព្រះចេស្ដា ប្រៀបបានព្រះជាម្ចាស់កំពុងគង់នៅទីខ្ពស់ឯស្ថានសួគ៌ បែរព្រះភក្ត្រទៅពិភពលោកទាំងមូល រួចកំពុងមានបន្ទូលអ៊ីចឹង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាកំពុងតែមានបន្ទូលទៅកាន់មនុស្សជាតិចេញពីតំណែងរបស់ទ្រង់ជាព្រះអម្ចាស់នៃរបស់សព្វសារពើ ដោយបើកសម្ដែងទៅមនុស្សជាតិអំពីនិស្ស័យសុចរិតដែលមានឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដែលនឹងមិនអត់ឱនចំពោះការប្រមាថឡើយ។ ទោះបីពួកគេអាចមិនយល់ពីសេចក្តីពិតនៅក្នុងព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា ឬមិនមានបទពិសោធពិតប្រាកដ ឬការយល់ដឹងណាមួយ នៅពេលពួកគេឮព្រះបន្ទូលជាលើកដំបូងក៏ដោយ ក៏អស់អ្នកដែលជាកូនចៀមរបស់ព្រះជាម្ចាស់នឹងនៅតែមានអារម្មណ៍ដឹងថា គ្រប់ព្រះបន្ទូលមកពីព្រះដ៏មានគ្រប់ព្រះចេស្ដា គឺពេញដោយព្រះចេស្ដា និងសិទ្ធិអំណាច ហើយជឿជាក់ថា នេះជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងមកពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដោយផ្ទាល់ដែរ។ ការនេះសម្រេចតាមព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវថា៖ «ចៀមខ្ញុំស្គាល់សំឡេងខ្ញុំ ហើយខ្ញុំក៏ស្គាល់ពួកវាដែរ ហើយពួកវាក៏ដើរតាមខ្ញុំផង» (យ៉ូហាន ១០:២៧)

ឥឡូវ យើងបានឮព្រះសូរសៀងរបស់ព្រះជាម្ចាស់និងបានឃើញពីសេចក្តីពិតដែលព្រះជាម្ចាស់បានសម្ដែងចេញរួចហើយ ដូច្នេះ តើព្រះជាម្ចាស់បានយាងមកធ្វើកិច្ចការអ្វីទៅទាក់ទងនឹងការសម្ដែងចេញសេចក្តីពិត? ព្រះអង្គបានយាងមកធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ ដែលអាចបញ្ជាក់បានដោយសេចក្តីទំនាយចេញពីព្រះឱស្ឋរបស់ព្រះអម្ចាស់យេស៊ូវដោយផ្ទាល់។ «ដ្បិតព្រះវរបិតាមិនជំនុំជម្រះនរណាម្នាក់ឡើយ តែទ្រង់បានប្រគល់ការជំនុំជម្រះទាំងអស់ដល់ព្រះរាជបុត្រាវិញ» (យ៉ូហាន ៥:២២)។ «ហើយក៏បានប្រទានឱ្យទ្រង់ មានសិទ្ធិអំណាចជំនុំ‌ជម្រះផងដែរ ដោយសារតែព្រះ‌អង្គជាបុត្រមនុស្ស» (យ៉ូហាន ៥:២៧)។ «ហើយបើអ្នកណាស្ដាប់ឮពាក្យខ្ញុំ តែមិនជឿ នោះខ្ញុំមិនកាត់ទោសគេឡើយ ដ្បិតខ្ញុំបានមក មិនមែនដើម្បីជំនុំជម្រះពិភពលោកឡើយ ប៉ុន្តែដើម្បីសង្រ្គោះពិភពលោកវិញ។ អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យខ្ញុំ អ្នកនោះមានម្នាក់ដែលជំនុំជម្រះគេរួចហើយ ពាក្យដែលខ្ញុំបាននិយាយ គឺជាពាក្យដូចគ្នាដែលនឹងជំនុំជម្រះគេនៅគ្រាចុងក្រោយ» (យ៉ូហាន ១២:៤៧-៤៨)។ «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង។ ... ហើយទ្រង់នឹងសម្ដែងឱ្យអ្នកដឹងរឿងដែលត្រូវកើតមក» (យ៉ូហាន ១៦:១២-១៣)។ ហើយយើងមិនអាចភ្លេចជំពូកទី៤ ខទី១៧នៃកណ្ឌគម្ពីរពេត្រុសទី១ ដែលចែងថា៖ «ដ្បិតនឹងមានវេលាមកដល់ ជាគ្រាដែលការជំនុំជម្រះត្រូវចាប់ផ្ដើមនៅឯដំណាក់របស់ព្រះជាម្ចាស់»។ សេចក្តីទំនាយទាំងនេះចែងយ៉ាងច្បាស់ណាស់។ ការជំនុំជម្រះនៅគ្រាចុងក្រោយ នឹងចាប់ផ្ដើមក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយវានឹងត្រូវអនុវត្តក្នុងចំណោមអស់អ្នកដែលបានទទួលយកកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ។ ពោលគឺ បុត្រដែលយកកំណើតជាមនុស្សនឹងសម្ដែងចេញសេចក្តីពិតជាច្រើននៅលើផែនដី ដើម្បីជំនុំជម្រះ និងបន្សុទ្ធមនុស្សជាតិ ដោយដឹកនាំរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ចូលទៅក្នុងសេចក្តីពិតគ្រប់យ៉ាង។ នេះគឺជាកិច្ចការជំនុំជម្រះដែលព្រះសង្រ្គោះត្រូវបំពេញនៅគ្រាចុងក្រោយ ជាកិច្ចការមួយដែលព្រះជាម្ចាស់បានរៀបចំតាំងពីយូរមកហើយ។ ឥឡូវ ព្រះដ៏មានគ្រប់ព្រះចេស្ដា បុត្រមនុស្សខាងសាច់ឈាមបានយាងមកមួយរយៈពេលហើយ ដោយសម្ដែងចេញគ្រប់ទាំងសេចក្តីពិតសម្រាប់បន្សុទ្ធ និង សង្រ្គោះមនុស្សជាតិ ដោយធ្វើឱ្យពិភពលោកទាំងមូល គ្រប់សាសនា និងគ្រប់វិស័យមានការរំជើបរំជួលជាខ្លាំង។ មនុស្សកាន់តែច្រើនឡើងកំពុងយកចិត្តទុកដាក់ស្ដាប់ព្រះសូរសៀងព្រះជាម្ចាស់ ដោយស្វែងរក និងស៊ើបរកផ្លូវពិត។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមិនគ្រាន់តែបើកសម្ដែងរាល់អាថ៌កំបាំងធំៗអំពីផែនការគ្រប់គ្រងរយៈពេល៦,០០០ឆ្នាំ និងប្រាប់យើងអំពីអាថ៌កំបាំងនៃសេចក្តីពិត ដូចជាគោលបំណងរបស់ព្រះជាម្ចាស់នៅក្នុងការគ្រប់គ្រងមនុស្សជាតិរបស់ទ្រង់ អំពីរបៀបដែលទ្រង់អនុវត្តកិច្ចការទាំងបីដំណាក់កាលរបស់ទ្រង់ ដើម្បីសង្រ្កោះមនុស្សជាតិ អំពីអាថ៌កំបាំងនៃការយកកំណើតជាមនុស្ស និងសាច់រឿងពិតបង្កប់ពីក្រោយព្រះគម្ពីរប៉ុណ្ណោះទេ ប៉ុន្តែជាងនេះទៅទៀត ព្រះដ៏មានគ្រប់ព្រះចេស្ដាក៏បើកសម្ដែងសេចក្តីពិតអំពីរបៀបដែលមនុស្សជាតិបានក្លាយជាពុករលួយ ដោយព្រោះតែសាតាំង និងធម្មជាតិបែបសាតាំងរបស់យើង ដែលទាស់ទទឹងនឹងព្រះជាម្ចាស់ ក្នុងពេលបង្ហាញពីផ្លូវជាក់ស្ដែងសម្រាប់យើង ដើម្បីកម្ចាត់ចោលនិស្ស័យពុករលួយរបស់យើង ហើយទទួលសេចក្តីសង្រ្គោះទាំងស្រុងផងដែរ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាក៏បានលាតត្រដាងពីលទ្ធផលសម្រាប់មនុស្សប្រភេទនីមួយៗ ទិសដៅចុងក្រោយពិតប្រាកដរបស់មនុស្ស របៀបដែលព្រះជាម្ចាស់នឹងបិទបញ្ចប់យុគសម័យ និងរបៀបដែលនគររបស់ព្រះគ្រីស្ទនឹងលេចមក។ រាល់អាថ៌កំបាំងនៃសេចក្តីពិតទាំងនេះ ត្រូវបានបើកសម្ដែងឱ្យយើងឃើញ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងរាប់លានព្រះបន្ទូល ហើយព្រះបន្ទូលទាំងនេះសុទ្ធតែជាសេចក្តីពិតដែលត្រូវប្រើ ដើម្បីជំនុំជម្រះ និងបន្សុទ្ធមនុស្សជាតិ។ នេះជាកិច្ចការជំនុំជម្រះដែលព្រះជាម្ចាស់ធ្វើនៅគ្រាចុងក្រោយ។ នេះគឺជាជំហានមួយនៃកិច្ចការ តាមរយៈព្រះបន្ទូលតែមួយគត់ ដើម្បីបន្សុទ្ធ និងសង្រ្គោះមនុស្សជាតិទាំងស្រុង។

ដូច្នេះ តើព្រះដ៏មានគ្រប់ព្រះចេស្ដាប្រើសេចក្តីពិត ដើម្បីបញ្ចប់កិច្ចការជំនុំជម្រះបានដោយរបៀបណា? សូមពិនិត្យមើលសេចក្តីដែលព្រះបន្ទូលរបស់ទ្រង់ចែង៖ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «កិច្ចការជំនុំជម្រះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ដូច្នេះ តាមធម្មតា កិច្ចការនេះគឺត្រូវតែអនុវត្តដោយព្រះជាម្ចាស់ផ្ទាល់ មិនអាចឱ្យមនុស្សមកធ្វើជំនួសទ្រង់បានឡើយ។ ដ្បិតការជំនុំជម្រះ គឺជាការប្រើប្រាស់នូវសេចក្ដីពិត ដើម្បីយកឈ្នះមនុស្សលោក ដូច្នេះ គ្មានទេចម្ងល់ដែលថា ព្រះជាម្ចាស់មុខជាសម្ដែងរូបអង្គទ្រង់លេចមកជាសាច់ឈាម ដើម្បីអនុវត្តកិច្ចការនេះ នៅក្នុងចំណោមមនុស្សលោក។ ពោលគឺ ព្រះគ្រីស្ទនៃគ្រាចុងក្រោយ នឹងប្រើនូវសេចក្ដីពិតដើម្បីបង្រៀនមនុស្សទូទាំងពិភពលោក និងឱ្យពួកគេបានស្គាល់សេចក្ដីពិតគ្រប់យ៉ាងទាំងអស់។ នេះហើយជាកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់» («ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងការយកកំណើតជាមនុស្សនាពេលបច្ចុប្បន្ន គឺដើម្បីបង្ហាញអំពីនិស្ស័យរបស់ទ្រង់ តាមរយៈការកាត់ទោស និងការជំនុំជម្រះជាចម្បង។ ដោយសង់ពីលើមូលដ្ឋានគ្រឹះនេះ ទ្រង់នាំមនុស្សឱ្យស្គាល់សេចក្តីពិតថែមទៀត ហើយបង្ហាញឱ្យគេដឹងអំពីផ្លូវនៃការអនុវត្តជាច្រើនទៀត ក្នុងគោលបំណងដើម្បីសម្រេចកម្មវត្ថុរបស់ទ្រង់នៃការយកឈ្នះមនុស្ស និងការសង្រ្គោះគេពីនិស្ស័យពុករលួយរបស់គេ។ នេះជាអ្វីដែលស្ថិតនៅពីក្រោយកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះ» («អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ប្រើនូវសេចក្ដីពិតជាច្រើន មកបង្រៀនមនុស្ស មកលាតត្រដាងពីលក្ខណៈរបស់មនុស្ស និងមកវិភាគពីពាក្យសម្ដី និងទង្វើរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះមានរួមបញ្ចូលនូវសេចក្ដីពិតជាច្រើនខុសៗគ្នា ដូចជា ភារកិច្ចរបស់មនុស្ស របៀបដែលគេគួរស្ដាប់បង្គាប់ព្រះជាម្ចាស់ របៀបរក្សាភក្ដីភាពថ្វាយព្រះជាម្ចាស់ របៀបដែលមនុស្សគួរស្ដែងចេញនូវសភាពជាមនុស្សសាមញ្ញ ក៏ដូចជាព្រះប្រាជ្ញាញាណ និងនិស្ស័យរបស់ព្រះជាម្ចាស់ផងដែរ ។ល។ ពាក្យពេចន៍ទាំងអស់នេះសំដៅទៅលើសារៈសំខាន់របស់មនុស្ស និងនិស្ស័យពុករលួយរបស់គេ។ ជាពិសេស ព្រះបន្ទូលដែលលាតត្រដាងពីរបៀបដែលមនុស្សបដិសេធព្រះជាម្ចាស់ បានលើកឡើងទាក់ទងនឹងវិធីដែលមនុស្សក្លាយជាតំណាងរបស់សាតាំង ហើយជាកម្លាំងសត្រូវ មកទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅក្នុងការអនុវត្តការងារជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះអង្គមិនមែនយកតែព្រះបន្ទូលពីរបីម៉ាត់មកបញ្ជាក់ពីធម្មជាតិរបស់មនុស្សនោះទេ តែទ្រង់នឹងលាតត្រដាង ដោះស្រាយជាមួយ និងលួសកាត់ក្នុងរយៈពេលយូរអង្វែង។ វិធីសាស្ដ្រផ្សេងៗទាំងនេះអំពីការលាតត្រដាង ការដោះស្រាយ និងការលួសកាត់ មិនអាចធ្វើឡើងដោយពាក្យពេចន៍ធម្មតាៗបានឡើយ ទាល់តែសេចក្ដីពិត ដែលមនុស្សខ្វះខាតទាំងស្រុង ទើបជំនួសបាន។ មានតែវិធីបែបនេះទេ ទើបអាចហៅបានថាជាការជំនុំជម្រះ ហើយមានតែតាមរយៈការជំនុំជម្រះបែបនេះទេ ទើបអាចបង្ក្រាបមនុស្ស និងត្រូវបញ្ចុះបញ្ចូលយ៉ាងច្បាស់អំពីព្រះជាម្ចាស់ ព្រមទាំងស្គាល់ដល់ព្រះជាម្ចាស់ពិតប្រាកដទៀតផង។ លទ្ធផលដែលកិច្ចការជំនុំជម្រះបាននាំមក គឺឱ្យមនុស្សបានស្គាល់ព្រះភក្ដ្រព្រះជាម្ចាស់ពិត និងស្គាល់សេចក្ដីពិតអំពីការបះបោររបស់ខ្លួនគេផ្ទាល់។ កិច្ចការនៃការជំនុំជម្រះ ធ្វើឱ្យមនុស្សទទួលបាននូវការយល់ដឹងច្រើនអំពីបំណងព្រះហឫទ័យនៃព្រះជាម្ចាស់ អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីអាថ៌កំបាំងដែលគេមិនអាចយល់បាន។ កិច្ចការនេះក៏អនុញ្ញាតឱ្យមនុស្សទទួលស្គាល់ និងដឹងអំពីសារជាតិពុករលួយ និងឫសគល់នៃសេចក្ដីពុករលួយរបស់ខ្លួន ព្រមទាំងរកឃើញភាពស្មោកគ្រោករបស់មនុស្សផងដែរ។ លទ្ធផលទាំងអស់នេះ សុទ្ធតែបានមកពីកិច្ចការជំនុំជម្រះ ដ្បិតលក្ខណៈសម្បត្តិនៃកិច្ចការនេះ ការពិតគឺជាកិច្ចការបើកបង្ហាញអំពីសេចក្ដីពិត អំពីផ្លូវ និងអំពីជីវិតរបស់ព្រះជាម្ចាស់ ដល់អស់អ្នកណាដែលមានសេចក្ដីជំនឿលើទ្រង់។ កិច្ចការនេះ គឺជាកិច្ចការជំនុំជម្រះដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់» («ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

បន្ទាប់ពីបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច គួរតែយល់ច្បាស់ហើយថា កិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ត្រូវបានធ្វើឡើងជាចម្បងតាមរយៈការសម្ដែងចេញសេចក្តីពិត ដោយប្រើសេចក្តីពិត ដើម្បីជំនុំជម្រះ បន្សុទ្ធ និងសង្រ្គោះមនុស្សជាតិ។ ពោលគឺ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់បន្សុទ្ធសេចក្តីពុករលួយរបស់មនុស្សជាតិ តាមរយៈកិច្ចការជំនុំជម្រះរបស់ទ្រង់ ដោយសង្រ្គោះ និងប្រោសឱ្យមនុស្សមួយក្រុមបានគ្រប់លក្ខណ៍ ដោយបង្កើតបានមនុស្សមួយក្រុមដែលមានចិត្តគំនិតតែមួយជាមួយព្រះជាម្ចាស់៖ ផលផ្លែនៃផែនការគ្រប់គ្រងរយៈពេល ៦,០០០ ឆ្នាំរបស់ព្រះជាម្ចាស់។ នេះគឺជាគោលដៅនៃកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ! នេះជាមូលហេតុដែលព្រះសង្រ្គោះ ព្រះដ៏មានគ្រប់ព្រះចេស្ដា បានកំពុងតែសម្ដែងចេញសេចក្តីពិត ចាប់តាំងពីទ្រង់បានយាងមក ដោយលាតត្រដាង និងជំនុំជម្រះនិស្ស័យពុករលួយគ្រប់ប្រភេទដែលមនុស្សមាន។ ព្រះអង្គក៏បានកំពុងតែបន្សុទ្ធ និងបំផ្លាស់បំប្រែនិស្ស័យពុករលួយរបស់យើង តាមរយៈការលួសកាត់ និងការដោះស្រាយជាមួយយើង ដោយការល្បងល និងការបន្សុទ្ធយើងផងដែរ។ កិច្ចការនេះជួយដោះស្រាយដល់មូលហេតុចម្បងនៃអំពើបាបរបស់មនុស្ស ដោយជួយឱ្យយើងកម្ចាត់ចោលអំពើបាបបានទាំងស្រុង កាត់ផ្ដាច់ពីឥទ្ធិពលរបស់សាតាំង ហើយអាចចុះចូល និងថ្វាយបង្គំព្រះជាម្ចាស់។ ត្រង់ចំណុចនេះ មនុស្សមួយចំនួនអាចយល់ច្រឡំបន្តិច ដោយគិតថា ព្រះអម្ចាស់យេស៊ូវបានប្រោសលោះមនុស្សជាតិរួចហើយ ចុះហេតុអ្វីបានជាព្រះជាម្ចាស់នៅតែត្រូវសម្ដែងចេញសេចក្តីពិតនៅគ្រាចុងក្រោយ ដើម្បីជំនុំជម្រះមនុស្សជាតិទៀត? នោះព្រោះតែព្រះអម្ចាស់យេស៊ូវបានធ្វើតែកិច្ចការប្រោសលោះប៉ុណ្ណោះ ដែលមានន័យថា សេចក្តីជំនឿលើព្រះអម្ចាស់យេស៊ូវនាំមកនូវការអត់ទោសពីអំពើបាប ឬការរាប់ជាសុចរិតដោយសេចក្តីជំនឿតែមួយ ដែលធ្វើឱ្យមនុស្សមានគុណសម្បត្តិអាចចូលមកចំពោះព្រះជាម្ចាស់នៅក្នុងការអធិស្ឋាន ទាក់ទងជាមួយព្រះជាម្ចាស់ ហើយទទួលបានព្រះគុណ និងព្រះពររបស់ទ្រង់។ ទោះបីជាយ៉ាងណាក៏ដោយ តួនាទីរបស់ព្រះអម្ចាស់យេស៊ូវជាតង្វាយលោះបាប គ្រាន់តែអនុញ្ញាតសម្រាប់ការអត់ទោសអំពើបាបរបស់មនុស្សជាតិប៉ុណ្ណោះ តែវាមិនបានដោះស្រាយទាំងស្រុងដល់បញ្ហាឫសគល់នៃអំពើបាបរបស់មនុស្សឡើយ។ ទាំងនេះសុទ្ធតែជាការពិត។ នេះជាមូលហេតុនាំឱ្យអស់អ្នកដែលកំពុងរស់នៅក្នុងយុគសម័យនៃព្រះគុណ បានទទួលស្គាល់ការពិតថា ទោះបីក្រោយពេលអំពើបាបរបស់មនុស្សជាតិត្រូវបានអត់ទោសក៏ដោយ ក៏យើងបន្តប្រព្រឹត្តអំពើបាបគ្រប់ពេលដែរ។ យើងមិនអាចជួយខ្លួនឯងបានទេ ហើយទោះបីយើងចង់កម្ចាត់ចោលអំពើបាបក៏ដោយ ក៏យើងមិនអាចធ្វើបានដែរ។ យើងត្រូវឆ្លងកាត់ជីវិត ដោយប្រព្រឹត្តអំពើបាបនៅពេលថ្ងៃ រួចលន់តួបាបនៅពេលយប់។ នេះជាមូលហេតុដែលព្រះអម្ចាស់យេស៊ូវបានថ្លែងទំនាយថា៖ «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង។ ... ហើយទ្រង់នឹងសម្ដែងឱ្យអ្នកដឹងរឿងដែលត្រូវកើតមក» (យ៉ូហាន ១៦:១២-១៣)។ ខគម្ពីរនេះចង់សំដៅលើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយដែលព្រះអម្ចាស់យេស៊ូវនឹងធ្វើ នៅពេលទ្រង់យាងមកម្ដងទៀត ដោយបន្សុទ្ធមនុស្សយ៉ាងពេញលេញពីនិស្ស័យពុករលួយរបស់ពួកគេ និងដោះស្រាយឫសគល់នៃអំពើបាបរបស់ពួកគេ។ នេះជារបៀបដែលមនុស្សអាចត្រូវបានសង្រ្គោះពេញលេញទាំងស្រុង។ គឺអាចនិយាយបានថា អស់អ្នកដែលគ្រាន់តែដកពិសោធន៍ការប្រោសលោះពីព្រះអម្ចាស់យេស៊ូវ ដោយមិនបានដកពិសោធន៍កិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ មិនអាចធ្វើអ្វីក្រៅពីទទួលស្គាល់ថាទង្វើរបស់ខ្លួនណាខ្លះជាអំពើបាបនោះឡើយ។ ពួកគេមើលមិនឃើញមូលហេតុចម្បងនៃអំពើបាបរបស់មនុស្សឡើយ។ ពោលគឺ ពួកគេមិនអាចយល់ពីធម្មជាតិបែបសាតាំង និងនិស្ស័យបែបសាតាំងរបស់មនុស្សទេ ហើយក៏មិនអាចដោះស្រាយបញ្ហាទាំងនោះបានដែរ។ ផ្លូវតែមួយគត់ ដើម្បីដោះស្រាយបញ្ហានៃនិស្ស័យពុករលួយដែលជាមូលហេតុចម្បងនៃអំពើបាបរបស់មនុស្ស គឺត្រូវដកពិសោធន៍កិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មុនពេលដែលមនុស្សត្រូវបានប្រោសលោះ សារជាតិពិសពុលជាច្រើនរបស់សាតាំងត្រូវបានដាក់នៅក្នុងគេរួចទៅហើយ ហើយក្រោយពេលដែលសាតាំងបានធ្វើឱ្យមនុស្សពុករលួយអស់រយៈពេលរាប់ពាន់ឆ្នាំរួចមក នៅខាងក្នុងមនុស្សមាននូវនិស្ស័យដែលប្រឆាំងនឹងព្រះជាម្ចាស់រួចទៅហើយ។ ដូច្នេះ នៅពេលដែលមនុស្សត្រូវបានប្រោសលោះ វាជាករណីនៃការប្រោសលោះដែលមនុស្សត្រូវបានទិញនៅក្នុងតម្លៃដ៏ខ្ពស់ ប៉ុន្តែធម្មជាតិពិសពុលដែលមាននៅខាងក្នុងគេ មិនត្រូវបានផាត់ចោលឡើយ។ មនុស្សដែលត្រូវបានធ្វើឱ្យកខ្វក់យ៉ាងខ្លាំង ត្រូវតែឆ្លងកាត់ការផ្លាស់ប្ដូរមួយសិន មុននឹងក្លាយជាបុគ្គលដ៏សក្តិសម ដើម្បីបម្រើព្រះជាម្ចាស់។ តាមរយៈមធ្យោបាយនៃកិច្ចការជំនុំជម្រះ និងការវាយផ្ចាលនេះ មនុស្សនឹងចាប់ផ្ដើមស្គាល់ទាំងស្រុងពីសេចក្តីស្មោកគ្រោក និងលក្ខណៈសំខាន់ដ៏ពុករលួយដែលមាននៅខាងក្នុងគេ ហើយគេនឹងអាចផ្លាស់ប្ដូរបានទាំងស្រុង និងត្រលប់ជាបរិសុទ្ធផង។ មានតែបែបនេះទេ ទើបមនុស្សអាចសក្ដិសមត្រលប់ទៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់វិញ។ គ្រប់កិច្ចការដែលបានធ្វើនាពេលសព្វថ្ងៃនេះ គឺដើម្បីឱ្យមនុស្សអាចត្រូវបានសម្អាតឱ្យស្អាត និងបានផ្លាស់ប្ដូរ ហើយតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូល ក៏ដូចជាតាមរយៈការបន្សុទ្ធ នោះមនុស្សអាចលាងជម្រះសេចក្តីពុករលួយរបស់ខ្លួន ហើយត្រូវបានប្រោសឱ្យបានបរិសុទ្ធ។ ជាជាងគិតថាដំណាក់កាលនៃកិច្ចការនេះជាកិច្ចការនៃសេចក្តីសង្រ្គោះ នោះវាសមរម្យជាងដែលនិយាយថា វាជាកិច្ចការនៃការប្រោសឱ្យបរិសុទ្ធ។ នៅក្នុងសេចក្តីពិត ដំណាក់កាលនេះគឺជាដំណាក់កាលនៃការយកឈ្នះ ក៏ដូចជាដំណាក់កាលទីពីរនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះដែរ។ គឺតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូលនេះហើយ ទើបព្រះជាម្ចាស់ទទួលបានមនុស្ស ហើយតាមរយៈការប្រើប្រាស់ព្រះបន្ទូល ដើម្បីបន្សុទ្ធ ជំនុំជម្រះ និងលាតត្រដាងនេះហើយ ទើបគ្រប់ទាំងភាពមិនបរិសុទ្ធ សញ្ញាណ ចេតនា និងសេចក្តីប្រាថ្នាផ្ទាល់ខ្លួនដែលមាននៅក្នុងដួងចិត្តរបស់មនុស្ស ត្រូវបានបើកសម្ដែងទាំងស្រុង។ សម្រាប់អ្វីៗគ្រប់យ៉ាងដែលមនុស្សអាចត្រូវបានប្រោសលោះ និងត្រូវបានអត់ទោសឱ្យចំពោះបាបរបស់ខ្លួន វាអាចត្រូវបានគេចាត់ទុកថា ព្រះជាម្ចាស់មិននឹកនាពីសេចក្តីរំលងរបស់មនុស្ស ហើយមិនប្រព្រឹត្តចំពោះមនុស្សស្របតាមសេចក្តីរំលងរបស់គេ។ យ៉ាងណាមិញ នៅពេលដែលមនុស្សរស់នៅក្នុងរូបរាងកាយនៃសាច់ឈាម មិនត្រូវបានប្រោសឱ្យមានសេរីភាពពីបាប នោះគេនៅតែបន្តប្រព្រឹត្តអំពើបាប ហើយបើកសម្ដែងពីនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ គ្មានថ្ងៃបញ្ចប់ឡើយ។ នេះគឺជាជីវិតរបស់មនុស្សដែលដើរនៅក្នុងវដ្ដនៃការប្រព្រឹត្តអំពើបាប និងការទទួលបានការអត់ទោស ដោយគ្មានទីបញ្ចប់។ មនុស្សភាគច្រើនប្រព្រឹត្តអំពើបាបនៅពេលថ្ងៃ ហើយលន់តួបាបនៅពេលយប់។ ទោះបីតង្វាយលោះបាបមានប្រសិទ្ធភាពជារៀងរហូតសម្រាប់មនុស្សក៏ដោយ ក៏ការធ្វើបែបនេះ នឹងមិនអាចសង្រ្គោះមនុស្សពីបាបបានឡើយ។ មានតែពាក់កណ្ដាលនៃកិច្ចការសង្រ្គោះប៉ុណ្ណោះដែលត្រូវបានសម្រេច ព្រោះថាមនុស្សនៅតែមាននិស្ស័យដ៏ពុករលួយ។ ... មនុស្សមិនងាយដឹងពីបាបរបស់គេឡើយ។ គេគ្មានផ្លូវនឹងទទួលស្គាល់និស្ស័យដែលចាក់ឫសយ៉ាងជ្រៅរបស់ខ្លួនឡើយ ហើយគេត្រូវតែពឹងអាងលើការជំនុំជម្រះដោយព្រះបន្ទូល ដើម្បីសម្រេចលទ្ធផលនេះ។ មានតែបែបនេះទេ ទើបមនុស្សអាចត្រូវបានផ្លាស់ប្ដូរបន្ដិចម្ដងៗចាប់ពីចំណុចនេះតទៅ» («អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ទោះបីជាព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើននៅក្នុងចំណោមមនុស្សក៏ដោយ ប៉ុន្តែទ្រង់គ្រាន់តែបញ្ចប់នូវកិច្ចការប្រោសលោះមនុស្សជាតិទាំងអស់ ហើយបានក្លាយជាតង្វាយលោះបាបរបស់មនុស្សប៉ុណ្ណោះ។ ទ្រង់មិនបានដកចោលនូវនិស្ស័យពុករលួយទាំងអស់ចេញពីមនុស្សឡើយ។ ការសង្រ្គោះមនុស្សយ៉ាងពេញលេញចេញពីឥទ្ធិពលរបស់អារក្សសាតាំង មិនគ្រាន់តែតម្រូវឱ្យព្រះយេស៊ូវក្លាយជាតង្វាយលោះបាប និងទទួលយកអំពើបាបរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏តម្រូវឱ្យព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែខ្លាំង ដើម្បីដកចោលនិស្ស័យពុករលួយបែបសាតាំងទាំងអស់ចេញពីមនុស្សផងដែរ។ ដូច្នេះ ឥឡូវនេះមនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួន ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីដឹកនាំមនុស្សចូលទៅក្នុងយុគសម័យថ្មី ហើយចាប់ផ្ដើមកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះ។ កិច្ចការនេះបាននាំមនុស្សចូលទៅក្នុងពិភពមួយកាន់តែខ្ពស់។ អស់អ្នកដែលចុះចូលក្រោមដែនគ្រប់គ្រងរបស់ទ្រង់នឹងរីករាយចំពោះសេចក្តីពិតកាន់តែខ្ពស់ ហើយទទួលព្រះពរកាន់តែធំ។ ពួកគេនឹងរស់នៅយ៉ាងពិតប្រាកដនៅក្នុងពន្លឺ ហើយគេនឹងទទួលបានសេចក្តីពិត ផ្លូវ និងជីវិត» («អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានយករូបអង្គជាសាច់ឈាម ដើម្បីយាងមកបំពេញកិច្ចការជំនុំជម្រះ ដោយសម្ដែងចេញសេចក្តីពិតដ៏អស្ចារ្យជាច្រើន ហើយព្រះអង្គកំពុងតែលាតត្រដាង និងជំនុំជម្រះមនុស្សក្នុងរយៈពេលវែង។ នេះជាផ្លូវតែមួយគត់ដែលមនុស្សអាចមើលឃើញយ៉ាងច្បាស់ពីសេចក្តីពិតនៃសេចក្តីពុករលួយរបស់ពួកគេ ហើយទទួលស្គាល់ពីធម្មជាតិ និងសារជាតិរបស់ពួកគេផ្ទាល់។ តាមរយៈការជំនុំជម្រះនេះ មនុស្សក៏នឹងមើលឃើញពីសេចក្តីសុចរិត និងភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ដែលបង្កើតឱ្យមានការគោរពចំពោះព្រះជាម្ចាស់ផងដែរ។ នេះជាផ្លូវតែមួយគត់ដែលយើងអាចកម្ចាត់ចោលនិស្ស័យពុករលួយរបស់យើងបានបន្តិចម្ដងៗ និងរស់នៅតាមលក្ខណៈជាមនុស្សពិតប្រាកដ។ អាចនិយាយបានថា ផ្លូវតែមួយគត់ដើម្បីសម្រេចកិច្ចការនេះ គឺជាការឱ្យព្រះដែលយកកំណើតជាមនុស្សសម្ដែងចេញសេចក្តីពិត ដើម្បីអនុវត្តកិច្ចការជំនុំជម្រះ។ នេះជាមូលហេតុដែលព្រះដ៏មានគ្រប់ព្រះចេស្ដាថ្លែងព្រះបន្ទូល ប្រើសេចក្តីពិត ដើម្បីធ្វើកិច្ចការជំនុំជម្រះ គឺជាគន្លឹះ ពិតជាសំខាន់ ហើយមានអត្ថន័យខ្លាំងណាស់!

គន្លឹះថាតើអ្នកជឿម្នាក់អាចត្រូវបានសង្រ្គោះទាំងស្រុង និងមានទិសដៅល្អឬអត់ នោះគឺអាស្រ័យលើថាតើគេអាចស្វាគមន៍ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ឬអត់។ ហេតុដូចនេះ ចំណុចសំខាន់គឺថាតើគេអាចឮព្រះសូរសៀងព្រះជាម្ចាស់ឬអត់។ មនុស្សជាច្រើនជឿលើព្រះអម្ចាស់ពេញមួយជីវិត ប៉ុន្តែចូលដល់ឆ្នាំចុងក្រោយនៃជីវិតរបស់ខ្លួន មិនបានឮព្រះសូរសៀងព្រះជាម្ចាស់ ឬស្វាគមន៍ព្រះអម្ចាស់ឡើយ ដែលនេះមានន័យថាការខិតខំប្រឹងប្រែងរបស់ពួកគេទាំងអម្បាលម៉ាន ក្លាយជាសាបសូន្យ។ នេះជាមូលហេតុដែលនាំឱ្យការអាចឮព្រះសូរសៀងព្រះជាម្ចាស់ គឺជាគន្លឹះក្នុងការកំណត់ថាតើគេអាចសម្រេចបានសេចក្តីសង្រ្គោះពេញលេញ ហើយទទួលបានទិសដៅល្អឬអត់។ មនុស្សជាច្រើនអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយទទួលស្គាល់ថា ព្រះបន្ទូលទាំងនោះគឺជាសេចក្តីពិត ប៉ុន្តែនៅតែមិនអាចទទួលស្គាល់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះអម្ចាស់ដែលបានយាងត្រលប់មកវិញដដែល។ នេះជាភាពអាម៉ាស់ពិតប្រាកដ ហើយជាលទ្ធផលចេញពីភាពល្ងីល្ងើ និងភាពខ្វាក់ភ្នែករបស់មនុស្ស។ អស់អ្នកដែលមិនស្គាល់ព្រះអម្ចាស់ មុខជាធ្លាក់ទៅក្នុងមហន្តរាយ ទាំងយំ និងសង្កៀតធ្មេញរបស់ខ្លួនមិនខាន។

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅក្នុងយុគសម័យនៃនគរព្រះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល ដើម្បីចូលទៅក្នុងយុគសម័យថ្មី ដើម្បីផ្លាស់ប្ដូររបៀបដែលទ្រង់ធ្វើការ និងដើម្បីធ្វើកិច្ចការនៃយុគសម័យទាំងមូល។ នេះហើយជាគោលការណ៍ដែលព្រះជាម្ចាស់ធ្វើការនៅក្នុងយុគសម័យនៃព្រះបន្ទូល។ ទ្រង់បានត្រឡប់ជាសាច់ឈាម ដើម្បីមានបន្ទូលចេញពីទិដ្ឋភាពខុសៗគ្នា ដូច្នេះ មនុស្សអាចមើលឃើញព្រះជាម្ចាស់យ៉ាងពិតប្រាកដ ដែលជាព្រះបន្ទូលកំពុងតែលេចមកនៅក្នុងសាច់ឈាម ហើយអាចមើលឃើញព្រះប្រាជ្ញាញាណ និងភាពអស្ចារ្យរបស់ទ្រង់។ កិច្ចការបែបនេះត្រូវបានធ្វើឡើង ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការសម្រេចគោលដៅនៃការយកឈ្នះមនុស្ស ការប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ និងការផាត់មនុស្សចោល ដែលជាអត្ថន័យដ៏ពិតនៃការប្រើប្រាស់ព្រះបន្ទូលដើម្បីធ្វើការនៅក្នុងយុគសម័យនៃព្រះបន្ទូល។ តាមរយៈព្រះបន្ទូលទាំងនេះ មនុស្សចាប់ផ្ដើមដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ លក្ខណៈរបស់មនុស្ស និងអ្វីដែលមនុស្សគួរតែចូល។ តាមរយៈព្រះបន្ទូល កិច្ចការដែលព្រះជាម្ចាស់ចង់ធ្វើនៅក្នុងយុគសម័យនៃព្រះបន្ទូល បានបង្កើតផលផ្លែទាំងអស់។ តាមរយៈព្រះបន្ទូលទាំងនេះ មនុស្សត្រូវបានលាតត្រដាង ផាត់ចោល និងសាកល្បង។ មនុស្សបានឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានឮព្រះបន្ទូលទាំងនេះ និងបានទទួលស្គាល់ពីអត្ថិភាពនៃព្រះបន្ទូលទាំងនេះ។ ជាលទ្ធផល ពួកគេបានចាប់ផ្ដើមជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ ជឿលើសព្វានុភាព និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ក៏ដូចជាជឿលើសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្ស និងបំណងព្រះហឫទ័យទ្រង់ក្នុងការសង្រ្គោះមនុស្ស។ ពាក្យថា 'ព្រះបន្ទូល' អាចមានលក្ខណៈសាមញ្ញ និងធម្មតា ប៉ុន្តែព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះដែលយកកំណើតជាមនុស្ស ធ្វើឱ្យអង្រួនដល់ចក្រវាឡ បំផ្លាស់បំប្រែដួងចិត្តរបស់មនុស្ស បំផ្លាស់បំប្រែសញ្ញាណ និងនិស្ស័យចាស់របស់គេ ព្រមទាំងបំផ្លាស់បំប្រែរបៀបដែលពិភពលោកទាំងមូលធ្លាប់សម្ដែងចេញ។ នៅក្នុងយុគសម័យនានា មានតែព្រះជាម្ចាស់នាពេលបច្ចុប្បន្នទេ ដែលបានធ្វើការតាមរបៀបនេះ និងមានតែទ្រង់ប៉ុណ្ណោះ ដែលមានបន្ទូល ហើយយាងមកសង្រ្គោះមនុស្ស។ ចាប់ពីពេលនេះតទៅ មនុស្សរស់នៅក្រោមការចង្អុលបង្ហាញនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ត្រូវបានឃ្វាល និងផ្គត់ផ្គង់ដោយព្រះបន្ទូលរបស់ទ្រង់។ មនុស្សរស់នៅក្នុងពិភពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក្នុងចំណោមបណ្ដាសា និងព្រះពររបស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមានមនុស្សកាន់តែច្រើនថែមទៀតដែលចូលមករស់នៅក្រោមការជំនុំជម្រះ និងការវាយផ្ចាលនៃព្រះបន្ទូលរបស់ទ្រង់។ ព្រះបន្ទូលទាំងនេះ និងកិច្ចការនេះ គឺសម្រាប់ជាប្រយោជន៍ដល់សេចក្តីសង្រ្គោះរបស់មនុស្ស សម្រាប់ជាប្រយោជន៍ដល់ការបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងសម្រាប់ជាប្រយោជន៍ដល់ការបំផ្លាស់បំប្រែរូបរាងដើមនៃពិភពលោកចាស់។ ព្រះជាម្ចាស់បានបង្កើតពិភពលោក ដោយប្រើព្រះបន្ទូលរបស់ទ្រង់ដឹកនាំមនុស្សនៅទូទាំងសកលលោក ដោយប្រើព្រះបន្ទូល ហើយទ្រង់យកឈ្នះ និងសង្រ្គោះពួកគេដោយប្រើព្រះបន្ទូល។ ចុងក្រោយនេះ ទ្រង់នឹងប្រើព្រះបន្ទូលដើម្បីនាំពិភពលោកចាស់មកដល់ទីបញ្ចប់ ក្នុងគោលបំណងសម្រេចផែនការនៃការគ្រប់គ្រងទាំងអស់របស់ទ្រង់» («យុគសម័យនៃនគរព្រះ គឺជាយុគសម័យនៃព្រះបន្ទូល» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

តើការដើរតាមមេដឹកនាំសាសនាគឺជាការដើរតាមព្រះជាម្ចាស់ឬ?

កាលពី ២ ០០០ ឆ្នាំមុន ព្រះអម្ចាស់យេស៊ូវដ៏ជាព្រះអង្គសង្គ្រោះរបស់យើង បានយាងមកបំពេញកិច្ចការនៃការប្រោសលោះ ហើយត្រូវបានមហាបូជាចារ្យ ពួកអាចារ្យ...

ហេតុអ្វីយើងអាចទទួលស្វាគមន៍ព្រះអម្ចាស់បានតែតាមការស្តាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ?

ឥឡូវនេះ អ្នកជឿគ្រប់គ្នាកំពុងចង់ឱ្យព្រះអម្ចាស់យេស៊ូវយាងមកលើពពក ដោយសារគ្រោះមហន្តរាយកាន់តែធ្ងន់ធ្ងរ ហើយគ្រោះកាចគ្រប់ប្រភេទកំពុងកើតមានច្រើនឡើងៗ...

នៅពេលដែលទ្រង់បានមានបន្ទូលនៅលើឈើឆ្កាងថា «វាចប់សព្វគ្រប់ហើយ» តើព្រះអម្ចាស់យេស៊ូវចង់មានន័យថាម៉េច?

អ្នកដែលជឿលើព្រះអម្ចាស់គិតថា ពេលដែលព្រះអម្ចាស់យេស៊ូវមានបន្ទូលថា «វាចប់សព្វគ្រប់ហើយ» នៅលើឈើឆ្កាង ទ្រង់ចង់មានបន្ទូលថា...