មានតែការស្គាល់ពីប្រភេទទាំងប្រាំមួយនៃនិស្ស័យពុករលួយប៉ុណ្ណោះ ទើបជាការស្គាល់ខ្លួនឯងពិតប្រាកដ

តើមនុស្សមានសេចក្ដីជំនឿលើព្រះជាម្ចាស់ក្នុងគោលបំណងអ្វី? (ដើម្បីឱ្យបានសង្គ្រោះ។) សេចក្ដីសង្គ្រោះ គឺជាប្រធានបទយូរអង្វែងមួយពាក់ព័ន្ធនឹងសេចក្ដីជំនឿលើព្រះជាម្ចាស់។ ដូច្នេះ តើអាចទទួលបានសេចក្ដីសង្គ្រោះដោយរបៀបណា? (តាមរយៈការដេញតាមសេចក្ដីពិត និងការដែលតែងតែរស់នៅចំពោះព្រះជាម្ចាស់ជាប់ជានិច្ច។) នោះគឺជាការអនុវត្តមួយបែប។ តាមរយៈការដែលតែងតែរស់នៅចំពោះព្រះជាម្ចាស់ជាប់ជានិច្ច តើនឹងទទួលបានអ្វី? តើមានគោលបំណងអ្វី? (ដើម្បីបង្កើតទំនាក់ទំនងធម្មតាមួយជាមួយព្រះជាម្ចាស់។) (ដើម្បីកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ និងដើម្បីយល់ពីសេចក្ដីពិត និងបានស្គាល់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ។) តើមានអ្វីផ្សេងទៀតដែរឬទេ? (ដើម្បីស្វែងរកសេចក្ដីពិត ដើម្បីធ្វើឱ្យសេចក្ដីពិតក្លាយជាជីវិតរបស់យើង។) អ្វីទាំងអស់នេះ តែងត្រូវបានគេនិយាយជាញឹកញាប់នៅក្នុងសេចក្ដីអធិប្បាយ ហើយសុទ្ធសឹងជាឃ្លាឃ្លោងខាងវិញ្ញាណ។ តើមានអ្វីផ្សេងទៀតដែរឬទេ? (ដើម្បីដកពិសោធន៍ការលួសកាត់ និងការដោះស្រាយជាមួយពីព្រះជាម្ចាស់ រួមនឹងការជំនុំជម្រះនិងការវាយផ្ចាល ព្រមទាំងការល្បងលនិងការបន្សុទ្ធរបស់ទ្រង់ ដើម្បីបានឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯង និងស្វែងរកសេចក្ដីពិត ដើម្បីដោះស្រាយនិស្ស័យពុករលួយរបស់យើង ក្នុងអំឡុងដំណើរការនេះ ក៏ដូចជាដើម្បីបានស្គាល់ព្រះជាម្ចាស់ពិតប្រាកដ ដោយចុងក្រោយ បានក្លាយជាមនុស្សម្នាក់ដែលមានសេចក្ដីពិត និងភាពជាមនុស្ស។) មើលទៅ អ្នករាល់គ្នាបានយល់ច្រើនពីការអធិប្បាយជាច្រើនឆ្នាំកន្លងមកនេះ។ ដូច្នេះ តើអ្វីៗដែលអ្នករាល់គ្នាបានយល់នេះ អាចប្រើប្រាស់នៅក្នុងបទពិសោធរបស់ខ្លួនដើម្បីដោះស្រាយបញ្ហានិងការលំបាកពិតប្រាកដជាក់ស្ដែងបានដែរឬទេ? ឧទាហរណ៍ ការគិតនិងគំនិតពុំត្រឹមត្រូវ និងភាពអវិជ្ជមាន និងចំណុចខ្សោយម្ដងម្កាល ក៏ដូចជាបញ្ហាជាក់លាក់ខ្លះពាក់ព័ន្ធនឹងសញ្ញាណនិងការស្រមើស្រមៃជាដើម តើអ្វីទាំងនេះ អាចដោះស្រាយបានឆាប់រហ័សដែរឬទេ? មនុស្សមួយចំនួនប្រហែលជាអាចដោះស្រាយបញ្ហាតូចតាចខ្លះបាន ប៉ុន្តែ ពួកគេនៅតែមានបញ្ហាក្នុងការដោះស្រាយបញ្ហាធំៗ ដែលជាបញ្ហាឫសគល់ដដែល។ ផ្អែកលើកម្រិតនៃការយល់ដឹងដែលអ្នករាល់គ្នាមានអំពីសេចក្ដីពិតនាពេលសព្វថ្ងៃនេះ ប្រសិនបើអ្នកត្រូវប្រឈមនឹងការល្បងលក្នុងប្រភេទដូចជាយ៉ូប តើអ្នករាល់គ្នានឹងអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនបានដែរឬទេ? (យើងនឹងតាំងចិត្តប្រកាន់ខ្ជាប់នូវទីបន្ទាល់ ប៉ុន្តែយើងពុំដឹងថា កម្ពស់ពិតប្រាកដរបស់យើងនឹងទៅជាបែបណានោះទេ ប្រសិនបើពិតជាមានរឿងអ្វីកើតឡើងលើយើងមែននោះ។) ប៉ុន្តែ ទោះបីជាពេលដែលគ្មានអ្វីកើតឡើងមកលើអ្នកក៏ដោយចុះ ក៏អ្នកមិនគួរថាមិនដឹងពីកម្ពស់ពិតប្រាកដរបស់ខ្លួននោះដែរ មែនទេ? ការមិនដឹងបែបនេះ គឺគ្រោះថ្នាក់ណាស់! តើអ្នករាល់គ្នាដឹងពីទិដ្ឋភាពជាក់ស្ដែងនៃសម្ដីនិងឃ្លាឃ្លោងជាក់លាក់ខាងវិញ្ញាណដែលតែងត្រូវគេនិយាយដដែលៗជាញឹកញាប់នេះទេ? តើអ្នកយល់ពីអត្ថន័យនៃឃ្លាទាំងនេះដែរឬទេ? តើអ្នកយល់ពីការពិតដែលមាននៅក្នុងឃ្លាទាំងនេះដែរឬទេ? ប្រសិនបើអ្នកដឹង និងបានដកពិសោធន៍អ្វីទាំងនេះ នោះចំណុចនេះសបញ្ជាក់ឱ្យឃើញថា អ្នកយល់ពីសេចក្ដីពិតហើយ។ ប្រសិនបើអ្នកអាចត្រឹមថាតាមពាក្យនិងឃ្លាឃ្លោងខាងវិញ្ញាណពីរបីឃ្លាដដែលៗ ប៉ុន្តែ នៅពេលអ្នកជួបប្រទះអ្វីជាក់ស្ដែង ពាក្យនិងឃ្លាឃ្លោងទាំងនោះបែរជាប្រើមិនបានការ ហើយមិនអាចដោះស្រាយបញ្ហារបស់អ្នកបាន នោះសបញ្ជាក់ឱ្យឃើញថា បន្ទាប់ពីបានជឿព្រះជាម្ចាស់អស់ពេលជាច្រើនឆ្នាំមកនេះ អ្នកនៅតែពុំយល់ពីសេចក្ដីពិត និងពុំទាន់មានបទពិសោធជាក់ស្ដែងណាមួយនៅឡើយទេ។ តើខ្ញុំមានបន្ទូលបែបនេះ ចង់មានន័យដូចម្ដេច? ការដែលមនុស្សបានជឿលើព្រះជាម្ចាស់យូរដល់កម្រិតនេះ គឺពួកគេបានយល់ពីសេចក្ដីពិតគ្រាន់បើជាងអ្នកងប់នឹងសាសនា ឬអ្នកមិនជឿព្រះបន្តិចដែរ ពួកគេយល់ពីនិមិត្តនៃកិច្ចការរបស់ព្រះជាម្ចាស់បានខ្លះ និងអាចគោរពតាមបញ្ហាដែលបានកំណត់ខ្លះ ហើយអាចនិយាយបានថា ពួកគេមានការយល់ដឹងនិងការទទួលស្គាល់ និងមានការយល់ដឹងជ្រាលជ្រៅពិតប្រាកដខ្លះអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ប៉ុន្តែ តើអ្វីទាំងនេះ នាំឱ្យមានការផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេដែរឬទេ? និយាយជារួម អ្នករាល់គ្នាម្នាក់ៗ សុទ្ធតែអាចនិយាយបានបន្តិចបន្ដួចអំពីសេចក្ដីពិតដែលធ្លាប់បានឮជារឿយៗពាក់ព័ន្ធនឹងនិមិត្ត៖ និមិត្តនៃកិច្ចការរបស់ព្រះជាម្ចាស់ គោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិ ហើយចំណេះដឹងដែលអ្នករាល់គ្នានិយាយនោះ គឺខ្ពង់ខ្ពស់ជាងចំណេះដឹងរបស់អ្នកងប់នឹងសាសនាទៅទៀត ប៉ុន្តែ តើអ្វីទាំងអស់នេះអាចនាំឱ្យមានការផ្លាស់ប្ដូរនិស្ស័យរបស់អ្នករាល់គ្នា ឬសូម្បីការផ្លាស់ប្ដូរមួយចំនួននៅក្នុងនិស្ស័យរបស់អ្នករាល់គ្នាដែរឬទេ? តើអ្នករាល់គ្នាអាចវាស់ស្ទង់ចំណុចនេះបានដែរឬទេ? ចំណុចនេះមានសារៈសំខាន់ខ្លាំងណាស់។

ថ្មីៗនេះ យើងបានប្រកបគ្នាអំពីរបៀបធ្វើយ៉ាងណាដើម្បីបានស្គាល់ព្រះជាម្ចាស់នៅលើផែនដីនេះឱ្យបានពិតប្រាកដ របៀបប្រាស្រ័យទាក់ទងជាមួយព្រះជាម្ចាស់នៅលើផែនដី និងរបៀបបង្កើតទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់។ តើសំណួរទាំងនេះ មិនមែនជាសំណួរជាក់ស្ដែងបំផុតទេឬអី? ទាំងអស់នេះ គឺជាសេចក្ដីពិតដែលពាក់ព័ន្ធនឹងទិដ្ឋភាពនៃការអនុវត្ត ហើយគោលបំណងនៃការប្រកបគ្នាអំពីចំណុចទាំងនេះ គឺដើម្បីប្រាប់មនុស្សអំពីរបៀបជឿលើព្រះជាម្ចាស់ និងរបៀបប្រាស្រ័យទាក់ទងជាមួយព្រះជាម្ចាស់ និងបង្កើតទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ពាក់ព័ន្ធនឹងសេចក្ដីពិតជាប់ទាក់ទងនឹងការអនុវត្ត នៅក្នុងចំណោមសេចក្ដីពិតទាំងអស់ដែលអ្នករាល់គ្នាធ្លាប់បានឮ បានយល់ និងអាចអនុវត្តបាន តើសេចក្ដីពិតទាំងនោះអាចផ្លាស់ប្ដូរនិស្ស័យរបស់អ្នករាល់គ្នាបានដែរឬទេ? ប្រសិនបើមនុស្សអនុវត្តសេចក្ដីពិតតាមរបៀបនេះ ហើយពិតជាខំប្រឹងដើម្បីសម្រេចបានសេចក្ដីនេះមែន នោះគឺពួកគេកំពុងអនុវត្តសេចក្ដីពិតនេះមែនហើយ ហើយប្រសិនបើពួកគេបានធ្វើឱ្យសេចក្ដីពិតទាំងនេះក្លាយជាតថភាពរបស់ពួកគេ នោះពួកគេមុខជាអាចផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេបានមិនខាន។ តើអាចនិយាយបែបនេះបានទេ? (អាចនិយាយបាន។) មនុស្សជាច្រើនខ្វាក់មើលមិនឃើញថាមានការផ្លាស់ប្ដូរអ្វីខ្លះនៅក្នុងនិស្ស័យរបស់ពួកគេឡើយ។ ពួកគេគិតថា ការដែលអាចថាតាមគោលលទ្ធិខាងវិញ្ញាណជាច្រើន និងយល់ពីសេចក្ដីពិតបានច្រើន តំណាងឱ្យការផ្លាស់ប្ដូរនិស្ស័យហើយ។ ការគិតបែបនេះមិនត្រឹមត្រូវនោះទេ។ រាប់ចាប់ពីចំណុចនៃការយល់ពីសេចក្ដីពិត រហូតដល់ការអនុវត្តសេចក្ដីពិត ហើយបន្តមកដល់ការផ្លាស់ប្ដូរនិស្ស័យ គឺជាដំណើរដ៏វែងឆ្ងាយនៅក្នុងបទពិសោធជីវិត។ តើអ្នករាល់គ្នាយល់យ៉ាងដូចម្ដេចចំពោះការផ្លាស់ប្ដូរនិស្ស័យ? នៅក្នុងគ្រប់កិច្ចការដែលអ្នករាល់គ្នាបានឆ្លងកាត់រហូតមកដល់ចំណុចនេះ តើមានការផ្លាស់ប្ដូរណាមួយនៅក្នុងនិស្ស័យជីវិតរបស់អ្នកដែរឬទេ? អ្នករាល់គ្នាប្រហែលមិនអាចមើលឃើញពីចំណុចទាំងនេះបានទេ ហើយអ្វីទាំងអស់នេះ គឺសុទ្ធតែជាបញ្ហា។ ពាក្យថា «ផ្លាស់ប្ដូរ» នៅក្នុងឃ្លា «ផ្លាស់ប្ដូរនិស្ស័យ» គឺមិនពិបាកយល់ខ្លាំងណាស់ណានោះទេ ដូច្នេះ តើពាក្យ «និស្ស័យ» មានន័យដូចម្ដេច? (ច្បាប់រស់រាន្តរបស់មនុស្ស ជាថ្នាំពុលរបស់សាតាំង។) តើមានអ្វីផ្សេងទៀតដែរឬទេ? (អ្វីដែលជាធម្មជាតិនៅក្នុងខ្លួនមនុស្ស អ្វីដែលជាសារជាតិនៃជីវិត។) អ្នករាល់គ្នាចេះតែបន្តលើកឡើងពីឃ្លាឃ្លោងខាងវិញ្ញាណនេះមកទៀតហើយ ប៉ុន្តែឃ្លាឃ្លោងទាំងនេះ សុទ្ធតែជាគោលលទ្ធិ និងជាគ្រោងគំនិត ហើយពុំមានសេចក្ដីលម្អិតក្នុងនោះទេ។ ចំណុចនេះ មិនមែនជាការយល់ដឹងពីសារជាតិនៃសេចក្ដីពិតឡើយ។ យើងតែងនិយាយជារឿយៗអំពីការផ្លាស់ប្ដូរនិស្ស័យ ហើយប្រធានបទបែបនេះ តែងត្រូវលើកយកមកពិភាក្សាគ្នាតាំងពីគ្រាដំបូងដែលមនុស្សចាប់ផ្ដើមជឿលើព្រះជាម្ចាស់មក មិនថាពេលពួកគេចូលរួមក្នុងការជួបជុំ ឬស្ដាប់សេចក្ដីអធិប្បាយនោះទេ។ នៅពេលមនុស្សជឿលើព្រះជាម្ចាស់ ពួកគេគួរព្យាយាមឈ្វេងយល់អំពីចំណុចទាំងនេះ។ ប៉ុន្តែ ត្រង់ថាតើអ្វីជាការផ្លាស់ប្ដូរនិស្ស័យឱ្យពិតប្រាកដ ថាតើមានការផ្លាស់ប្ដូរនិស្ស័យផ្ទាល់របស់ពួកគេឬអត់ និងថាតើអាចសម្រេចនូវការផ្លាស់ប្ដូរបានឬអត់នោះ មនុស្សជាច្រើនល្ងិតល្ងង់មិនដឹងពីចំណុចទាំងនេះទេ ពួកគេមិនដែលគិតពីចំណុចទាំងនេះ ហើយក៏មិនដែលដឹងថាត្រូវចាប់ផ្ដើមគិតពីចំណុចទាំងនេះពីត្រង់ណាមកដែរ។ តើនិស្ស័យគឺជាអ្វី? នេះគឺជាប្រធានបទសំខាន់មួយ។ នៅពេលដែលអ្នកបានយល់ពីប្រធានបទនេះ នោះតិចឬច្រើន អ្នកនឹងបានយល់ពីសំណួរផ្សេងៗ ដូចជា ថាតើមានការផ្លាស់ប្ដូរនិស្ស័យរបស់អ្នកដែរឬទេ ថាតើនិស្ស័យនោះបានផ្លាស់ប្ដូរដល់កម្រិតណាហើយ ថាតើមានការផ្លាស់ប្ដូរច្រើនប៉ុនណា និងថាតើមានការផ្លាស់ប្ដូរនិស្ស័យរបស់អ្នកដែរឬអត់ បន្ទាប់ពីអ្នកបានដកពិសោធរឿងរ៉ាវជាក់លាក់មួយចំនួនហើយ។ ដើម្បីធ្វើការពិភាក្សាអំពីការផ្លាស់ប្ដូរនិស្ស័យ ដំបូង អ្នកត្រូវតែដឹងថាអ្វីជានិស្ស័យជាមុនសិន។ មនុស្សគ្រប់គ្នាស្គាល់ពាក្យ «និស្ស័យ» នេះ ហើយក៏ធ្លាប់បានដឹងបានឮពាក្យនេះដែរ។ ប៉ុន្តែ ពួកគេពុំដឹងពីនិយមន័យនៃពាក្យនិស្ស័យនេះនោះទេ។ ត្រង់ថាពាក្យនិស្ស័យនេះមាននិយមន័យពិតប្រាកដបែបណានោះ មិនអាចពន្យល់ឱ្យបានច្បាស់លាស់ត្រឹមពាក្យពីរបីម៉ាត់នោះទេ ហើយពាក្យនេះក៏មិនអាចពន្យល់ថាជានាមស័ព្ទបានដែរ ព្រោះបែបនេះ គឺមានលក្ខណៈអរូបីពេក ហើយមិនងាយនឹងយល់បាននោះទេ។ ខ្ញុំនឹងលើកជាឧទាហរណ៍មួយ ដើម្បីឱ្យអ្នករាល់គ្នាយល់បាន។ ចៀម និងឆ្កែចចក គឺជាសត្វ។ ចៀមស៊ីស្មៅ ឯឆ្កែចចកស៊ីសាច់។ លក្ខណៈនេះ ត្រូវបានកំណត់ដោយធម្មជាតិរបស់វា។ ប្រសិនបើមានថ្ងៃមួយ ចៀមស៊ីសាច់ ហើយឆ្កែចចកស៊ីស្មៅវិញ តើធម្មជាតិរបស់ពួកវានឹងផ្លាស់ប្ដូរដែរឬទេ? (អត់ទេ។) ប្រសិនបើចៀមមិនស៊ីស្មៅ នោះវានឹងឃ្លានខ្លាំងមិនខាន។ ឱ្យសាច់ទៅចៀមស៊ី នោះវានឹងស៊ីសាច់នោះ ប៉ុន្តែ ចៀមនោះនឹងនៅតែស្លូតដាក់អ្នកដដែល។ នេះគឺជានិស្ស័យ ជាសារជាតិនៃធម្មជាតិរបស់សត្វចៀម។ តើភាពស្លូតរបស់សត្វចៀមបង្ហាញខ្លួនតាមទិដ្ឋភាពណា? (គឺវាមិនវាយប្រហារមនុស្ស។) ត្រឹមត្រូវហើយ។ នេះគឺជានិស្ស័យស្លូត។ និស្ស័យដែលបង្ហាញចេញតាមរយៈសត្វចៀម គឺការចេះផ្លាស់ប្ដូរ និងការស្ដាប់បង្គាប់។ និស្ស័យនេះមិនកាចសាហាវទេ តែជានិស្ស័យស្លូតនិងសប្បុរស។ ចចកមិនដូចគ្នានោះទេ។ និស្ស័យរបស់វាកាចសាហាវ ហើយវាស៊ីសត្វតូចៗគ្រប់ប្រភេទជាអាហារ។ ការពើបប្រទះនឹងសត្វចចកដែលកំពុងស្រេកឃ្លាន គឺគ្រោះថ្នាក់ខ្លាំងណាស់ វាអាចប៉ុនប៉ងចង់ស៊ីអ្នកបាន ទោះបីជាអ្នកមិនបានធ្វើឱ្យវាខឹងក៏ដោយ។ និស្ស័យរបស់សត្វចចក មិនស្លូតបូត ឬសប្បុរសឡើយ ប៉ុន្តែជានិស្ស័យឃោរឃៅនិងកំណាច គ្មានក្ដីអាណិតអាសូរ ឬចិត្តមេត្តាបន្តិចណាឡើយ។ ទាំងនេះគឺជានិស្ស័យរបស់សត្វចចក។ និស្ស័យរបស់ចចក និងចៀម តំណាងឱ្យសារជាតិនៃធម្មជាតិរបស់ពួកវា។ ហេតុអ្វីបានជាខ្ញុំមានបន្ទូលបែបនេះ? ពីព្រោះអ្វីៗដែលត្រូវបង្ហាញឱ្យឃើញនៅក្នុងខ្លួនពួកវា បង្ហាញខ្លួនចេញមកដោយឯកឯង ទោះស្ថិតក្នុងបរិបទណាក៏ដោយ ទាំងដែលគ្មានការចូលរួម ឬការញុះញង់ពីមនុស្ស។ និស្ស័យទាំងនេះ ត្រូវបង្ហាញចេញមកដោយឯកឯង ដោយពុំចាំបាច់ត្រូវការគំនិតយោបល់បន្ថែមពីមនុស្សឡើយ។ ភាពសាហាវនិងភាពឃោរឃៅរបស់ចចក មិនមែនត្រូវមនុស្សបង្ខំឱ្យវាចេញមកទេ ហើយចិត្តសប្បុរសនិងភាពស្លូតរបស់ចៀម ក៏មិនមែនត្រូវមនុស្សបំពាក់បំប៉ននៅក្នុងខ្លួនពួកវាដែរ។ ពួកវាកើតមកមាននិស្ស័យបែបនេះ ហើយនិស្ស័យទាំងនេះត្រូវបង្ហាញចេញមកដោយឯកឯង ពោលគឺវាជាសារជាតិរបស់ពួកវា។ នេះគឺជានិស្ស័យ។ តើឧទាហរណ៍នេះធ្វើឱ្យអ្នករាល់គ្នាយល់បានខ្លះពីអត្ថន័យនៃពាក្យ និស្ស័យ នេះដែរឬទេ? (យល់បានខ្លះ។) នេះមិនមែនជាបញ្ហាបញ្ញត្តិពាក្យនោះទេ ហើយយើងក៏មិនមែនកំពុងពន្យល់ពីនាមស័ព្ទដែរ។ មានសេចក្ដីពិតនៅក្នុងនេះ។ ដូច្នេះ តើត្រង់នេះមានសេចក្ដីពិតអ្វីខ្លះ? និស្ស័យរបស់មនុស្ស ជាប់ពាក់ព័ន្ធទៅនឹងធម្មជាតិរបស់មនុស្ស។ ទាំងនិស្ស័យរបស់មនុស្ស ទាំងធម្មជាតិរបស់មនុស្ស សុទ្ធតែជាកម្មសិទ្ធិរបស់សាតាំង ហើយនិស្ស័យនិងធម្មជាតិនេះ ប្រឆាំងទាស់និងជាសត្រូវនឹងព្រះជាម្ចាស់។ ប្រសិនបើមនុស្សមិនទទួលបានសេចក្ដីសង្គ្រោះពីព្រះជាម្ចាស់ ហើយពុំផ្លាស់ប្ដូរទេ នោះអ្វីដែលពួកគេរស់នៅតាម និងអ្វីដែលពួកគេបង្ហាញចេញមក គ្មានអ្វីផ្សេងក្រៅពីសេចក្ដីអាក្រក់ និងការបំពានសេចក្ដីពិតឡើយ។ ចំណុចនេះ ច្បាស់លាស់គ្មានអ្វីត្រូវសង្ស័យនោះទេ។

យើងទើបនិយាយគ្នាអំពីនិស្ស័យរបស់សត្វចៀមនិងសត្វចចក។ សត្វទាំងពីរនេះ គឺខុសគ្នាស្រឡះ៖ សត្វទាំងពីរនេះ មាននិស្ស័យផ្ទាល់ខ្លួនរបស់វា ហើយមានអ្វីៗដែលត្រូវបង្ហាញចេញនៅក្នុងខ្លួនពួកវា។ ប៉ុន្តែ តើមានអ្វីជាប់ពាក់ព័ន្ធជាមួយនឹងនិស្ស័យរបស់មនុស្សទៅ? ពេលពិនិត្យមើលពីនិយមន័យពិតប្រាកដនៃនិស្ស័យរបស់មនុស្សតាមរយៈឧទាហរណ៍នេះ តើមាននិស្ស័យពុករលួយបែបណាខ្លះ? (យើងអាចដឹងបានជាទូទៅថា មនុស្សមាននិស្ស័យបែបណា តាមរយៈការប្រាស្រ័យទាក់ទងជាមួយពួកគេ។ ឧទាហរណ៍ ពេលកំពុងនិយាយជាមួយមនុស្សណាម្នាក់ យើងអាចមានអារម្មណ៍ថា ពួកគេនិយាយតាមវិធីពង្វាងដាន ថាពួកគេតែងនិយាយអ្វីមិនច្បាស់លាស់ និយាយក្នុងលក្ខណៈដែលអ្នកដទៃមិនអាចដឹងបានថាតើពួកគេចង់បានន័យថាម៉េចឱ្យប្រាកដ ដែលនេះមានន័យថា ពួកគេមាននិស្ស័យបោកបញ្ឆោតនៅក្នុងខ្លួន។ យើងអាចទទួលបានគំនិតទូទៅពីអ្វីដែលពួកគេតែងតែនិយាយនិងធ្វើ ពីសកម្មភាពនិងឥរិយាបថរបស់ពួកគេ។) អ្នកអាចមើលឃើញពីបញ្ហានិស្ស័យជាក់លាក់ខ្លះ តាមរយៈការប្រាស្រ័យទាក់ទងជាមួយពួកគេ។ បន្ទាប់ពីបានស្ដាប់ឧទាហរណ៍នេះហើយ មើលទៅដូចជាអ្នករាល់គ្នាមានគំនិតទូទៅអំពីនិយមន័យនៃពាក្យនិស្ស័យនេះហើយ។ ដូច្នេះ តើមនុស្សមាននិស្ស័យពុករលួយមួយណាដែរ? តើនិស្ស័យមួយណាដែលមនុស្សពុំចាប់ភ្លឹក ពុំចាប់អារម្មណ៍ ប៉ុន្តែជានិស្ស័យពុករលួយយ៉ាងប្រាកដទៅវិញ? ឧទាហរណ៍ថា មនុស្សមួយចំនួនមានមនោសញ្ចេតនាខ្លាំងពេក ហើយព្រះជាម្ចាស់មានបន្ទូលថា៖ «អ្នកមានមនោសញ្ចេតនាខ្លាំងពេកហើយ។ នៅពេលនិយាយពាក់ព័ន្ធនឹងមនុស្សដែលអ្នកចូលចិត្ត ឬនិយាយពាក់ព័ន្ធនឹងគ្រួសាររបស់អ្នក មិនថានរណាព្យាយាមស្វែងយល់ពីស្ថានភាពរបស់ពួកគេ ឬពីអ្វីដែលកំពុងកើតឡើងពិតប្រាកដនោះទេ អ្នកមិនព្រមនិយាយប្រាប់ពីរឿងរបស់ពួកគេឡើយ ហើយបន្តបិទបាំងការពារពួកគេ។ នេះគឺជាភាពដែលមានសញ្ចេតនា»។ ពួកគេស្ដាប់ឮរឿងនេះ ហើយពួកគេក៏យល់បាន ទទួលស្គាល់ និងទទួលយកថា នេះគឺជាការពិត។ ពួកគេទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រឹមត្រូវ ថាព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាសេចក្ដីពិត ហើយពួកគេថ្លែងអំណរព្រះគុណព្រះជាម្ចាស់ដែលបើកសម្ដែងពីសេចក្ដីទាំងនេះដល់ពួកគេ។ តើអាចមើលឃើញនិស្ស័យរបស់ពួកគេតាមរយៈរឿងនេះដែរឬទេ? តើនេះគឺជាភស្តុតាងដែលបញ្ជាក់ថា ពួកគេទទួលយកសេចក្ដីពិត ទទួលយកការពិត ពុំទាស់ទទឹង និងស្ដាប់បង្គាប់ ដែរឬទេ? (មិនមែននោះទេ។ វាអាស្រ័យលើថាតើពួកគេប្រព្រឹត្តបែបណា នៅពេលជួបបញ្ហា និងថាតើអ្វីដែលពួកគេនិយាយនោះ ដូចគ្នានឹងអ្វីដែលពួកគេធ្វើដែរឬអត់។) ចម្លើយនេះ ជិតត្រូវហើយ។ ពេលនោះ ពួកគេទទួលយក ប៉ុន្តែក្រោយមក នៅពេលមានរឿងបែបនេះកើតឡើងចំពោះពួកគេ ពួកគេពុំបានផ្លាស់ប្ដូរការប្រព្រឹត្តរបស់ពួកគេនោះទេ។ ចំណុចនេះ តំណាងឱ្យនិស្ស័យមួយប្រភេទ។ តើជានិស្ស័យអ្វីទៅ? ពេលនោះ ពួកគេកំពុងស្ដាប់ បន្ទាប់មក ពួកគេគិតពីរឿងនេះ ហើយនិយាយក្នុងចិត្តថា៖ «បន្ទាប់ពីបានស្ដាប់សេចក្ដីអធិប្បាយជាច្រើនរួចមក ម៉េចក៏ខ្ញុំមិនដឹងថា ខ្លួនខ្ញុំមានមនោសញ្ចេតនាអ៊ីចឹង? ខ្ញុំមានមនោសញ្ចេតនា ចុះអ្នកណាដែលគ្មានទៅ? ប្រសិនបើខ្ញុំមិនជួយបិទបាំងការពារគ្រួសារ និងមនុស្សដែលស្និទ្ធស្នាលនឹងខ្ញុំ តើនរណានឹងជួយបិទបាំងទៅ? សូម្បីតែមនុស្សមានសមត្ថភាព ក៏ត្រូវការអ្នកខ្លាំងបីនាក់ជួយដែរ»។ ពួកគេគិតបែបនេះឯង។ នៅពេលដែលដល់ពេលត្រូវធ្វើសកម្មភាព អ្វីដែលពួកគេកំពុងគិតនិងរៀបចំផែនការនៅក្នុងចិត្តរបស់ពួកគេ ព្រមទាំងអាកប្បកិរិយារបស់ពួកគេចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ផង គឺសុទ្ធតែត្រូវនិស្ស័យរបស់ពួកគេកំណត់ទាំងអស់។ តើពួកគេមានអាកប្បកិរិយាបែបណា? «ព្រះជាម្ចាស់អាចមានបន្ទូល និងបើកសម្ដែងពីអ្វីគ្រប់យ៉ាងដែលទ្រង់សព្វព្រះទ័យ ហើយនៅពេលខ្ញុំនៅចំពោះព្រះជាម្ចាស់ ខ្ញុំនឹងទទួលយកអ្វីគ្រប់យ៉ាងដែលខ្ញុំគួរទទួលយក ប៉ុន្តែខ្ញុំបានសម្រេចចិត្តរួចហើយ ហើយខ្ញុំគ្មានបំណងលះបង់មនោសញ្ចេតនារបស់ខ្ញុំចោលនោះទេ»។ តើនេះជានិស្ស័យរបស់ពួកគេមែនទេ? និស្ស័យរបស់ពួកគេបានបង្ហាញខ្លួនចេញមក ហើយមុខមាត់ពិតរបស់ពួកគេក៏ត្រូវបានលាតត្រដាងដែរ តើត្រូវទេ? តើពួកគេជាមនុស្សដែលទទួលយកសេចក្តីពិតដែរឬទេ? (អត់ទេ។) ដូច្នេះ តើនេះជាអ្វីវិញ? នេះគឺជាភាពមានះរឹងរូស។ នៅចំពោះព្រះជាម្ចាស់ ពួកគេនិយាយថា អាម៉ែន និងក្លែងធ្វើជាទទួលយក។ ប៉ុន្តែ ពួកគេនៅតែមិនរំជួលចិត្តដដែល។ ពួកគេពុំយកចិត្តទុកដាក់នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ពួកគេពុំចាត់ទុកព្រះបន្ទូលទ្រង់ជាសេចក្ដីពិតឡើយ ហើយពួកគេកាន់តែមិនអនុវត្តបន្ទូលរបស់ទ្រង់ទុកជាសេចក្ដីពិតទៀតហើយ។ តើនេះគឺជានិស្ស័យមួយប្រភេទ មែនទេ? ហើយតើនិស្ស័យបែបនេះ មិនមែនជាការបើកសម្ដែងពីធម្មជាតិជាក់លាក់មួយប្រភេទទេឬអី? (ជាការបើកសម្ដែងមែន។) ដូច្នេះ តើអ្វីទៅជាសារជាតិនៃនិស្ស័យប្រភេទនេះ? តើវាជាសារជាតិមានះរឹងរូសមិនព្រមកែមែនទេ? (មែនហើយ។) ភាពមានះរឹងរូសមិនព្រមកែ គឺជាសារជាតិមួយប្រភេទរបស់មនុស្ស ហើយសារជាតិនេះ មាននៅខ្លួនមនុស្សគ្រប់គ្នា។ ហេតុអ្វីបានជាខ្ញុំមានបន្ទូលថានេះគឺជានិស្ស័យមួយប្រភេទ? នេះគឺជាអ្វីដែលកើតចេញមកពីសារជាតិនៃធម្មជាតិរបស់មនុស្ស។ អ្នកពុំចាំបាច់ត្រូវគិតពីនិស្ស័យនេះទេ អ្នកដទៃពុំចាំបាច់ត្រូវបង្រៀនអ្នក ឬគិតពិចារណាអំពីគំនិតរបស់អ្នកនោះទេ ហើយសាតាំងក៏ពុំចាំបាច់ត្រូវបោកបញ្ឆោតអ្នកដែរ។ និស្ស័យនេះនឹងត្រូវបង្ហាញចេញតាមរយៈខ្លួនអ្នក ហើយវានឹងលេចចេញមកតាមរយៈធម្មជាតិរបស់អ្នក។ មានមនុស្សមួយចំនួនដែលតែងតែស្ដីបន្ទោសសាតាំងជានិច្ច មិនថាពួកគេធ្វើរឿងអាក្រក់អ្វីនោះទេ។ ពួកគេតែងនិយាយថា៖ «សាតាំងបញ្ចូលគំនិតនេះមកក្នុងក្បាលខ្ញុំ សាតាំងធ្វើឱ្យខ្ញុំធ្វើរឿងនេះ»។ ពួកគេទម្លាក់រឿងអាក្រក់គ្រប់យ៉ាងទៅលើសាតាំង ហើយមិនដែលទទួលស្គាល់បញ្ហានៅក្នុងធម្មជាតិផ្ទាល់ខ្លួនពួកគេឡើយ។ តើនេះត្រឹមត្រូវដែរឬទេ? តើអ្នកមិនមែនត្រូវបានសាតាំងធ្វើឱ្យពុករលួយដល់ឆ្អឹងទេឬអី? ប្រសិនបើអ្នកមិនទទួលស្គាល់រឿងនេះទេ ដូច្នេះ តើនិស្ស័យរបស់សាតាំងអាចបង្ហាញចេញតាមរយៈខ្លួនអ្នកបានយ៉ាងដូចម្ដេចកើតទៅ? ពិតណាស់ មានពេលខ្លះដែលសាតាំងក៏ជាអ្នកបង្អាក់ផងដែរ រួមទាំងពេលដែលមនុស្សត្រូវបានជនទុច្ចរិត ឬពួកទទឹងនឹងព្រះគ្រីស្ទបោកបញ្ឆោត និងជំរុញឱ្យធ្វើរឿងអ្វីមួយ ឬនៅពេលដែលវិញ្ញាណអាក្រក់ធ្វើការ និងផ្ដល់គំនិតដល់ពួកគេផងដែរ។ ប៉ុន្តែ អ្វីទាំងអស់នេះ គឺគ្រាន់តែជាករណីលើកលែងប៉ុណ្ណោះ។ ភាគច្រើន មនុស្សត្រូវបានធម្មជាតិបែបសាតាំងណែនាំ ហើយពួកគេបង្ហាញចេញនូវនិស្ស័យពុករលួយគ្រប់បែបយ៉ាង។ នៅពេលដែលមនុស្សធ្វើអ្វីទៅតាមចំណង់ចំណូលចិត្តនិងទំនោរចិត្តផ្ទាល់ខ្លួន នៅពេលដែលពួកគេធ្វើអ្វីៗតាមមធ្យោបាយផ្ទាល់ខ្លួន ទៅតាមសញ្ញាណនិងការស្រមើស្រមៃផ្ទាល់ខ្លួន ពេលនោះ ពួកគេកំពុងរស់នៅតាមនិស្ស័យពុករលួយផ្ទាល់ខ្លួនរបស់ពួកគេហើយ ហើយនៅពេលដែលពួកគេរស់នៅតាមនិស្ស័យទាំងនេះ នោះពួកគេកំពុងរស់នៅតាមធម្មជាតិផ្ទាល់ខ្លួនរបស់ពួកគេហើយ។ ទាំងអស់នេះ គឺជាការពិតដែលមិនអាចប្រកែកបាន។ នៅពេលដែលមនុស្សត្រូវបានធម្មជាតិបែបសាតាំងគ្រប់គ្រងបាន នៅពេលដែលពួកគេរស់នៅតាមធម្មជាតិបែបសាតាំងរបស់ពួកគេ គ្រប់យ៉ាងដែលត្រូវបង្ហាញចេញតាមរយៈពួកគេ គឺជានិស្ស័យពុករលួយផ្ទាល់ខ្លួន។ រឿងនេះមិនអាចរុញដាក់សាតាំងបានទេ អ្នកមិនអាចនិយាយថា អ្វីទាំងអស់នេះ គឺជាគំនិតដែលសាតាំងបញ្ជូនមកនោះទេ។ ដោយសារមនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយដល់ឆ្អឹង ដូច្នេះ ពួកគេជាកម្មសិទ្ធរបស់សាតាំង ហើយដោយសារមនុស្សមិនខុសអ្វីពីសាតាំង ហើយពួកគេគឺជាពួកអារក្សរស់ ជាសាតាំងរស់ ដូច្នេះហើយ ទើបអ្នកមិនត្រូវរុញគ្រប់យ៉ាងដែលមានលក្ខណៈបែបសាតាំងដែលបង្ហាញចេញតាមរយៈខ្លួនអ្នក ទម្លាក់ទៅលើសាតាំងឡើយ។ អ្នកគ្មានអ្វីល្អជាងសាតាំងនោះទេ ហើយនោះគឺជានិស្ស័យពុករលួយរបស់អ្នក។

នៅពេលដែលមនុស្សមាននិស្ស័យមានះរឹងរូសមិនព្រមកែ តើនៅក្នុងខ្លួនពួកគេមានសភាពបែបណា? សភាពចម្បងនោះគឺ ពួកគេរឹងរូស និងរាប់ខ្លួនឯងជាសុចរិត។ ពួកគេតែងប្រកាន់តាមគំនិតផ្ទាល់ខ្លួន ពួកគេតែងគិតថា អ្វីដែលពួកគេនិយាយគឺត្រឹមត្រូវ ពួកគេមិនចេះបន់បែនទាល់តែសោះ ហើយពួកគេប្រកាន់តែតាមគំនិតរបស់ខ្លួនប៉ុណ្ណោះ។ នេះគឺជាអាកប្បកិរិយានៃភាពមានះរឹងរូសមិនព្រមកែ។ ពួកគេដូចជាកាសែតជាប់ឌីសនិយាយអ្វីដដែលៗ មិនព្រមស្ដាប់អ្នកណា ដោយបន្តប្រកាន់ខ្ជាប់តាមផែនការមួយមិនព្រមកែ ទទូចឆ្លងកាត់រឿងនោះ ទោះរឿងនោះត្រឹមត្រូវ ឬខុសក៏ដោយ។ នៅក្នុងរឿងនេះ មានការមិនប្រែចិត្តខ្លះ។ ដូចពាក្យគេថា៖ «ជ្រូកងាប់ មិនចេះខ្លាចទឹកក្ដៅ» អ៊ីចឹង។ មនុស្សដឹងច្បាស់ថា អ្វីជារឿងត្រឹមត្រូវដែលត្រូវធ្វើ ក៏ប៉ុន្តែ ពួកគេមិនធ្វើវានោះទេ តែបែរជារឹងរូសបដិសេធមិនទទួលយកសេចក្ដីពិតទៅវិញ។ នេះគឺជានិស្ស័យមួយប្រភេទ៖ ភាពមានះរឹងរូសមិនព្រមកែ។ តើនៅក្នុងស្ថានភាពបែបណាដែលអ្នករាល់គ្នាបង្ហាញចេញនូវនិស្ស័យមានះរឹងរូសមិនព្រមកែ? តើអ្នកមានភាពមានះរឹងរូសមិនព្រមកែញឹកញាប់ដែរឬទេ? (មាន។) ញឹកញាប់ណាស់! ហើយដោយសារភាពមានះរឹងរូសមិនព្រមកែ គឺជានិស្ស័យរបស់អ្នក ដូច្នេះ និស្ស័យនេះនៅតោងជាប់ខ្លួនអ្នកគ្រប់វិនាទីនៃជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក។ ភាពមានះរឹងរូសមិនព្រមកែរារាំងមនុស្សមិនឱ្យចូលមកចំពោះព្រះជាម្ចាស់ វារារាំងមនុស្សមិនឱ្យទទួលយកសេចក្ដីពិត ហើយវារារាំងពួកគេមិនឱ្យចូលទៅក្នុងតថភាពនៃសេចក្ដីពិត។ ហើយប្រសិនបើអ្នកមិនអាចចូលទៅក្នុងតថភាពនៃសេចក្ដីពិតបានទេ តើអាចមានការផ្លាស់ប្ដូរនិស្ស័យរបស់អ្នកនៅក្នុងទិដ្ឋភាពនេះបានដែរឬទេ? អាច ប៉ុន្តែមានការលំបាកខ្លាំង។ សព្វថ្ងៃនេះ តើនិស្ស័យមានះរឹងរូសមិនព្រមកែរបស់អ្នករាល់គ្នាបានផ្លាស់ប្ដូរខ្លះហើយឬនៅ? ហើយតើមានការផ្លាស់ប្ដូរបានច្រើនប៉ុនណាហើយ? ឧទាហរណ៍ថា អ្នកធ្លាប់រឹងរូសខ្លាំង ប៉ុន្តែសព្វថ្ងៃនេះ មានការផ្លាស់ប្ដូរបន្តិចបន្តួចនៅក្នុងខ្លួនអ្នកហើយ៖ នៅពេលអ្នកជួបប្រទះបញ្ហាមួយចំនួន អ្នកមានស្មារតីមនសិការនៅក្នុងចិត្តរបស់អ្នក ហើយអ្នកនិយាយក្នុងចិត្តថា៖ «ចំពោះបញ្ហានេះ ខ្ញុំត្រូវតែអនុវត្តសេចក្ដីពិតខ្លះទើបបាន។ ដោយសារព្រះជាម្ចាស់បានលាតត្រដាងពីនិស្ស័យមានះរឹងរូសមិនព្រមកែនេះ ដោយសារខ្ញុំបានឮពីរឿងនេះ ហើយឥឡូវខ្ញុំក៏បានដឹងពីរឿងនេះទៀត ដូច្នេះ ខ្ញុំត្រូវតែធ្វើការផ្លាស់ប្ដូរ។ កាលពីមុន នៅពេលដែលខ្ញុំជួបប្រទះរឿងបែបនេះពីរបីដង ខ្ញុំបានធ្វើតាមសាច់ឈាមរបស់ខ្ញុំ រួចក៏ត្រូវបរាជ័យ ហើយខ្ញុំមិនសប្បាយចិត្តនោះទេ។ ពេលនេះ ខ្ញុំត្រូវតែអនុវត្តសេចក្ដីពិត»។ ពេលមានសេចក្ដីប្រាថ្នាបែបនេះ គឺអាចអនុវត្តសេចក្ដីពិតបានមិនខាន ហើយនេះគឺជាការផ្លាស់ប្ដូរ។ នៅពេលដែលអ្នកមានបទពិសោធតាមរបៀបនេះបានម្ដង ហើយអ្នកអាចអនុវត្តសេចក្ដីពិតបានច្រើន ហើយបទពិសោធនេះធ្វើឱ្យមានការផ្លាស់ប្ដូរកាន់តែច្រើន ហើយនិស្ស័យបះបោរ និងនិស្ស័យមានះរឹងរូសមិនព្រមកែរបស់អ្នក កាន់តែថមថយទៅៗ តើមានការផ្លាស់ប្ដូរនិស្ស័យជីវិតរបស់អ្នកហើយឬនៅ? ប្រសិននិស្ស័យបះបោររបស់អ្នកថមថយទៅបានច្រើនគួរឱ្យកត់សម្គាល់ ហើយការស្ដាប់បង្គាប់របស់អ្នកចំពោះព្រះជាម្ចាស់កាន់តែច្រើនឡើងៗ នោះនឹងមានការផ្លាស់ប្ដូរពិតប្រាកដមិនខាន។ ដូច្នេះ តើអ្នកត្រូវធ្វើការផ្លាស់ប្ដូរដល់កម្រិតណាដើម្បីសម្រេចបាននូវការស្ដាប់បង្គាប់ពិតប្រាកដ? នៅពេលដែលគ្មានភាពមានះរឹងរូសមិនព្រមកែសូម្បីតែបន្តិចណាសោះ ហើយមានតែការស្ដាប់បង្គាប់វិញ នោះអ្នកមុខជាបានសម្រេចមិនខាន។ នេះគឺជាដំណើរការមួយដែលមិនអាចបង្ខំបានទេ។ ការផ្លាស់ប្ដូរនិស្ស័យមិនមែនកើតមានឡើងត្រឹមពេលមួយយប់នោះទេ ប៉ុន្តែត្រូវការពេលវេលាបទពិសោធយូរអង្វែង អាចដល់មួយជីវិតក៏មាន។ ជួនកាល ចាំបាច់ត្រូវរងទុក្ខលំបាកធំៗ ទុក្ខលំបាកដូចជាការស្លាប់ហើយរស់ឡើងវិញ ទុក្ខលំបាកដែលមានការឈឺចាប់និងការលំបាកខ្លាំងជាងឱ្យគេកោសយកថ្នាំពុលចេញពីឆ្អឹងជាដើម។ ដូច្នេះ តើមានការផ្លាស់ប្ដូរណាមួយនៅក្នុងនិស្ស័យមានះរឹងរូសមិនព្រមកែរបស់អ្នករាល់គ្នាហើយឬនៅ? តើអ្នកអាចវាស់ស្ទង់ចំណុចនេះបានដែរឬទេ? (កាលពីមុន ខ្ញុំជឿថា រឿងជាក់លាក់មួយចំនួន គួរតែធ្វើតាមវិធីជាក់លាក់មួយដែរ។ នៅពេលដែលមនុស្សលើកឡើងពីទស្សនៈយល់ឃើញខុសគ្នា ខ្ញុំមិនស្ដាប់នោះទេ រហូតទាល់តែខ្ញុំបានជួបប្រទះបរាជ័យជាក់ស្ដែង ទើបខ្ញុំបកក្រោយវិញ។ ពេលនេះ ខ្ញុំរៀងគ្រាន់បើជាងមុនបន្តិចហើយ។ នៅពេលអ្នកដទៃលើកឡើងពីទស្សនៈខុសគ្នា ខ្ញុំក៏ច្រានចោល ប៉ុន្តែក្រោយមក ខ្ញុំក៏អាចទទួលយកសម្ដីរបស់ពួកគេបានខ្លះវិញ។) ការកែប្រែអាកប្បកិរិយា គឺជាការផ្លាស់ប្ដូរមួយប្រភេទ។ នេះមានន័យថា មានការផ្លាស់ប្ដូរបន្តិចបន្ដួចហើយ។ អ្វីៗមិនដូចពីមុនទេ ដែលមនុស្សម្នាក់ដឹងថាអ្នកដទៃនិយាយត្រូវហើយ ប៉ុន្តែពួកគេបដិសេធមិនទទួលយកសម្ដីនោះទេ ដោយបន្តប្រកាន់តាមទំនោរចិត្តផ្ទាល់ខ្លួនពួកគេ។ ពេលនេះ លែងមានរឿងបែបនេះទៀតហើយ។ អាកប្បកិរិយារបស់ពួកគេ មានការផ្លាស់ប្ដូររួចស្រេចហើយ។ នៅពេលដែលពួកគេបានផ្លាស់ប្ដូរច្រើនប៉ុណ្ណេះ តើពួកគេបានប្ដូរច្រើនប៉ុនណាហើយ? មិនទាំងបាន ១០% ផង។ ការផ្លាស់ប្ដូរ ១០% មានន័យថា យ៉ាងហោចណាស់ ក្រោយពីអ្នកដទៃបានលើកឡើងពីទស្សនៈខុសគ្នា ក៏អ្នកពុំមានអារម្មណ៍ប្រឆាំង ឬគំនិតទាស់ទទឹងដែរ។ អ្នកមានអាកប្បកិរិយាធម្មតា។ ទោះបីជាដួងចិត្តរបស់អ្នក នៅពុំទាន់អាចទទួលយកបានក៏ដោយ ក៏ប៉ុន្តែ អ្នកពុំមានអាកប្បកិរយាមានះរឹងរូសមិនព្រមកែនោះទេ អ្នកអាចពិភាក្សារឿងនេះជាមួយបុគ្គលនោះបាន។ នៅពេលអ្នកអនុវត្ត អ្នកមានការស្ដាប់បង្គាប់ខ្លះ ហើយអ្នកលែងធ្វើអ្វីទៅតាមគំនិតផ្ទាល់ខ្លួនទៀតហើយ។ បន្ទាប់ពីនោះមក មានពេលខ្លះដែលអ្នកប្រកាន់តាមគំនិតផ្ទាល់ខ្លួនអ្នក ហើយពេលខ្លះ អ្នកអាចទទួលយកអ្វីដែលអ្នកដទៃនិយាយ។ ការផ្លាស់ប្ដូរនិស្ស័យ ប្រែប្រួលត្រឡប់ចុះ ត្រឡប់ឡើង។ អ្នកត្រូវតែឆ្លងកាត់បរាជ័យដែលពុំបានដឹងមុន ដើម្បីសម្រេចនូវការផ្លាស់ប្ដូរបន្តិចបន្ដួច ហើយត្រូវឆ្លងកាត់បរាជ័យដែលពុំបានដឹងមុន ដើម្បីទទួលបានជោគជ័យ ហេតុដូច្នេះហើយ អ្នកមិនងាយនឹងផ្លាស់ប្ដូរនិស្ស័យរបស់អ្នកទេ ប្រសិនបើពុំបានឆ្លងកាត់ការល្បងល និងការបន្សុទ្ធជាច្រើនឆ្នាំនោះ។ ជួនកាល នៅពេលដែលមនុស្សសប្បាយចិត្ត ពួកគេអាចទទួលយករឿងត្រឹមត្រូវដែលអ្នកដទៃនិយាយ ប៉ុន្តែនៅពេលដែលពួកគេមានអារម្មណ៍មិនសប្បាយចិត្ត ពួកគេពុំស្វែងរកសេចក្ដីពិតនោះទេ។ តើបែបនេះ មិនមែនអូសបន្លាយពេលវេលាទេឬអី? ជួនកាល នៅពេលដែលអ្នកមិនចុះសម្រុងគ្នានឹងដៃគូរបស់អ្នក អ្នកពុំបានស្វែងរកគោលការណ៍នៃសេចក្ដីពិតនោះទេ ហើយអ្នករស់នៅតាមទស្សនៈវិជ្ជារបស់សាតាំង។ ជួនកាល នៅពេលដែលអ្នកសហការជាមួយអ្នកដទៃ ហើយគុណសម្បត្តិរបស់ពួកគេល្អជាងអ្នក ហើយពួកគេពូកែជាងអ្នក អ្នកក៏មានអារម្មណ៍ថ្នាំងថ្នាក់ដោយសារពួកគេ ហើយនៅពេលដែលអ្នកជួបប្រទះបញ្ហាអ្វីមួយ អ្នកពុំមានសេចក្ដីក្លាហានដើម្បីប្រកាន់តាមគោលការណ៍នោះទេ។ ជួនកាល អ្នកពូកែជាងដៃគូរបស់អ្នក ហើយពួកគេធ្វើអ្វីបែបល្ងង់ខ្លៅ ហើយអ្នកមើលងាយពួកគេ ហើយមិនព្រមប្រកបគ្នាពីសេចក្ដីពិតជាមួយពួកគេនោះទេ។ ជួនកាល អ្នកចង់អនុវត្តសេចក្ដីពិតដែរ តែត្រូវអារម្មណ៍នៅខាងសាច់ឈាមគ្រប់គ្រងបាន។ ជួនកាល អ្នកលោភលន់ចង់បានការសប្បាយខាងសាច់ឈាម ហើយទោះបីជាអ្នកចង់បែរខ្នងដាក់ខាងសាច់ឈាមវិញ ក៏អ្នកមិនអាចធ្វើបានដែរ។ ជួនកាល អ្នកស្ដាប់សេចក្ដីអធិប្បាយ ហើយយល់ពីសេចក្ដីពិត តែមិនអាចអនុវត្តសេចក្ដីពិតនោះបាន។ តើបញ្ហាទាំងនេះងាយស្រួលដោះស្រាយដែរឬទេ? បញ្ហាទាំងនេះមិនងាយដោះស្រាយតាមរយៈខ្លួនអ្នកឡើយ។ ព្រះជាម្ចាស់អាចត្រឹមដាក់មនុស្សទៅក្នុងការល្បងល និងការបន្សុទ្ធប៉ុណ្ណោះ ដោយឱ្យពួកគេរងទុក្ខយ៉ាងច្រើន ហើយចុងក្រោយ ឱ្យពួកគេយល់ថា បើគ្មានសេចក្ដីពិតទេ នោះពួកគេនឹងគ្មានន័យខ្លឹមសារឡើយ ហាក់ដូចជាពួកគេមិនអាចរស់នៅបាន ដោយគ្មានសេចក្ដីពិតដូច្នោះដែរ។ បែបនេះ នឹងបន្សុទ្ធមនុស្សឱ្យកើតមានសេចក្ដីជំនឿ និងធ្វើឱ្យពួកគេយល់ថា ពួកគេត្រូវតែខំប្រឹងដើម្បីសេចក្ដីពិត ថាដួងចិត្តរបស់ពួកគេនឹងពុំបានស្ងប់សុខឡើយ ទាល់តែពួកគេអនុវត្តសេចក្ដីពិត ហើយថា ប្រសិនបើពួកគេមិនអាចស្ដាប់បង្គាប់ព្រះជាម្ចាស់បានទេ នោះពួកគេនឹងត្រូវជួបប្រទះទុក្ខវេទនាច្រើនមិនខាន។ លទ្ធផលបែបនេះ គឺសម្រេចបានតាមរយៈការល្បងល និងការបន្សុទ្ធ។ ការផ្លាស់ប្ដូរនិស្ស័យ គឺមានការលំបាកបែបនេះឯង។ ហេតុអ្វីបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា ការផ្លាស់ប្ដូរមិនងាយស្រួល? តើអាចមកពីខ្ញុំមិនខ្លាចថាអ្នករាល់គ្នានឹងប្រែជាអវិជ្ជមាន ទេដឹង? គឺដើម្បីឱ្យអ្នករាល់គ្នាដឹងថា ការផ្លាស់ប្ដូរនិស្ស័យមានសារៈសំខាន់បែបណា។ ខ្ញុំចង់ឱ្យអ្នករាល់គ្នាផ្ដោតការយកចិត្តទុកដាក់លើចំណុចនេះ ដើម្បីឈប់ដេញតាមរូបភាពខាងវិញ្ញាណដែលក្លែងក្លាយ លាក់ពុត និងមិនជាក់ស្ដែងនេះទៀត ដើម្បីឈប់អនុវត្តតាមគោលលទ្ធិ ការអនុវត្ត និងក្បួនច្បាប់ខាងវិញ្ញាណដែលរវើរវាយនេះទៀត។ ការធ្វើបែបនេះ នឹងបង្កគ្រោះថ្នាក់ដល់អ្នក ហើយពុំមានប្រយោជន៍អ្វីដល់អ្នកទាល់តែសោះ។

យើងគ្រាន់តែនិយាយគ្នាអំពីនិស្ស័យក្នុងទិដ្ឋភាពមួយប៉ុណ្ណោះ នោះគឺ ភាពមានះរឹងរូសមិនព្រមកែ។ ភាពមានះរឹងរូសមិនព្រមកែ ជារឿយៗ គឺជាអាកប្បកិរិយាមួយប្រភេទដែលលាក់កប់ជ្រៅនៅក្នុងចិត្តរបស់មនុស្ស។ ជាទូទៅ អាកប្បកិរិយានេះ មើលពីសម្បកក្រៅ មិនដឹងច្បាស់ទេ ប៉ុន្តែនៅពេលឃើញជាក់ស្ដែង វានឹងងាយស្រួលកំណត់ឃើញណាស់ ហើយមនុស្សនឹងនិយាយថា៖ «ពួកគេពិតជាចចេសរឹងរូសមែន! ពួកគេមិនទទួលយកសេចក្ដីពិតទាល់តែសោះ។ ពួកគេពិតជាមានះរឹងរូសមិនព្រមកែមែន!» អ្នកណាដែលមាននិស្ស័យមានះរឹងរូសមិនព្រមកែ អ្នកនោះប្រកាន់តែតាមវិធីសាស្រ្តតែមួយប៉ុណ្ណោះ ហើយប្រកាន់តែតាមរឿងមួយគត់ មិនព្រមលះបង់ចោលឡើយ។ ដូច្នេះ តើនេះគឺជានិស្ស័យរបស់មនុស្សតែមួយផ្នែកឬ? តាមពិត មិនមែននោះទេ។ នៅមានផ្នែកជាច្រើនទៀត។ សាកមើល ថាតើអ្នករាល់គ្នាអាចដឹងថា បន្ទាប់ទៅនេះ ខ្ញុំនឹងរៀបរាប់ពីនិស្ស័យបែបណាដែរទេ។ មនុស្សខ្លះនិយាយថា៖ «នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ខ្ញុំមិនចុះចូលនឹងអ្នកណាផ្សេងក្រៅពីព្រះជាម្ចាស់ឡើយ ពីព្រោះមានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលមានសេចក្ដីពិត។ មនុស្សពុំមានសេចក្ដីពិតទេ ពួកគេមាននិស្ស័យពុករលួយ គ្មានសម្ដីណាមួយដែលពួកគេនិយាយមក អាចពឹងផ្អែកបានឡើយ ដូច្នេះ ខ្ញុំចុះចូលនឹងព្រះជាម្ចាស់តែមួយគត់»។ តើពួកគេនិយាយបែបនេះត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ។) ហេតុអ្វីមិនត្រឹមត្រូវ? តើនេះជានិស្ស័យបែបណា? (ជានិស្ស័យក្រអឺតក្រទម និងបោកបញ្ឆោត។) (ជានិស្ស័យរបស់សាតាំង និងពួកមហាទេវតា។) នេះគឺជានិស្ស័យក្រអឺតក្រទម។ ចូរកុំនិយាយថា វាជានិស្ស័យរបស់សាតាំង និងពួកមហាទេវតាអី។ ការនិយាយបែបនេះ ទូលំទូលាយ និងស្រពេចស្រពិលណាស់។ និស្ស័យពុករលួយរបស់សាតាំងនិងពួកមហាទេវតា មានច្រើនខ្លាំងណាស់។ ការនិយាយពីពួកមហាទេវតា ពួកអារក្ស និងសាតាំងបញ្ចូលគ្នា គឺទូលំទូលាយខ្លាំងពេក ហើយវាមិនងាយនឹងឱ្យមនុស្សយល់បានទេ។ គ្រាន់តែនិយាយថា នេះគឺជានិស្ស័យក្រអឺតក្រទមមួយ គឺជាក់លាក់ជាង។ ពិតណាស់ នេះមិនមែនគ្រាន់តែជានិស្ស័យពុករលួយមួយបែបដែលពួកគេបើកសម្ដែងចេញមកនោះទេ វាគ្រាន់តែថា និស្ស័យក្រអឺតក្រទមនោះ បង្ហាញខ្លួនចេញមកជាក់ស្ដែងខ្លាំងពេកប៉ុណ្ណោះ។ តាមរយៈការនិយាយថា នេះគឺជានិស្ស័យក្រអឺតក្រទម មនុស្សនឹងអាចអាចយល់បាន ដូច្នេះ ការនិយាយតាមរបៀបនេះ គឺសមស្របជាង។ មនុស្សមួយចំនួនមានជំនាញខ្លះ មានអំណោយទានខ្លះ មានសមត្ថភាពពីកំណើតបន្តិចបន្ដួច និងបានធ្វើកិច្ចការមួយចំនួនដើម្បីពួកជំនុំ។ អ្វីដែលមនុស្សទាំងនេះគិតគឺថា៖ «សេចក្ដីជំនឿរបស់អ្នករាល់គ្នាលើព្រះជាម្ចាស់ ពាក់ព័ន្ធនឹងការចំណាយពេលពេញមួយថ្ងៃអាន ចម្លង សរសេរ ទន្ទេញព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូចជាមនុស្សខាងវិញ្ញាណមួយចំនួនដែរ។ តើបានប្រយោជន៍អ្វីទៅ? តើអ្នកអាចធ្វើអ្វីដែលពិតប្រាកដបានទេ? តើអ្នកអាចហៅខ្លួនឯងថាជាបុគ្គលខាងវិញ្ញាណយ៉ាងដូចម្ដេចបាន បើអ្នកមិនធ្វើអ្វីសោះបែបនេះ? អ្នករាល់គ្នាគ្មានជីវិតនោះទេ។ ខ្ញុំមានជីវិត អ្វីដែលខ្ញុំធ្វើ គឺពិតជាក់ស្ដែង»។ តើនេះគឺជានិស្ស័យបែបណា? ពួកគេមានជំនាញពិសេសខ្លះ មានអំណោយទានខ្លះ ពួកគេអាចធ្វើអំពើល្អបានខ្លះ ហើយពួកគេចាត់ទុកអ្វីទាំងនេះថាជាជីវិត។ ហេតុនេះហើយ ពួកគេមិនគោរពនរណាទាំងអស់ ពួកគេមិនខ្លាចនឹងបង្រៀនអ្នកណាឡើយ ពួកគេមើលងាយអ្នកផ្សេងទៀត។ តើនេះជាភាពក្រអឺតក្រទមដែរទេ? (ជាភាពក្រអឺតក្រទម។) នេះគឺជាភាពក្រអឺតក្រទម។ ជាទូទៅ តើមនុស្សបង្ហាញពីភាពក្រអឺតក្រទមនៅក្រោមកាលៈទេសៈបែបណា? (នៅពេលពួកគេមានអំណោយទានខ្លះ ឬមានជំនាញពិសេស នៅពេលពួកគេអាចធ្វើកិច្ចការជាក់ស្ដែងបានខ្លះ នៅពេលពួកគេមានទុន។) នោះគឺជាស្ថានភាពមួយបែប។ ដូច្នេះ តើមនុស្សដែលគ្មានអំណោយទាន ឬពុំមានជំនាញពិសេសណាមួយ ពុំក្រអឺតក្រទមទេ មែនទេ? (ពួកគេក៏ក្រអឺតក្រទមដូចគ្នាដែរ។) មនុស្សដែលយើងទើបនិយាយអម្បាញ់មិញនេះ នឹងនិយាយជារឿយៗថា៖ «ខ្ញុំមិនស្ដាប់បង្គាប់នរណា ក្រៅពីព្រះជាម្ចាស់ឡើយ» ហើយពេលឮបែបនេះ មនុស្សនឹងគិតក្នុងចិត្តថា៖ «មនុស្សនេះពិតជាស្ដាប់បង្គាប់សេចក្ដីពិតមែន ពួកគេមិនស្ដាប់បង្គាប់នរណាក្រៅពីសេចក្ដីពិតឡើយ អ្វីដែលពួកគេនិយាយ ត្រឹមត្រូវមែន!» តាមពិតទៅ នៅក្នុងពាក្យសម្ដីដែលស្ដាប់ទៅដូចជាត្រឹមត្រូវនេះ គឺមាននិស្ស័យក្រអឺតក្រទមមួយបែប។ «ខ្ញុំមិនស្ដាប់បង្គាប់នរណា ក្រៅពីព្រះជាម្ចាស់ឡើយ» ច្បាស់ណាស់ថា ពួកគេមិនស្ដាប់បង្គាប់នរណាមែន។ ខ្ញុំសួរអ្នកទៅចុះ តើមនុស្សដែលនិយាយពាក្យទាំងនេះ ពិតជាអាចស្ដាប់បង្គាប់ព្រះជាម្ចាស់បានដែរឬទេ? ពួកគេមិនដែលអាចស្ដាប់បង្គាប់ព្រះជាម្ចាស់បាននោះទេ។ អស់អ្នកណាដែលពោលពាក្យបែបនេះចេញមក ពុំចាំបាច់ឆ្ងល់នោះទេ អ្នកនោះគឺជាមនុស្សក្រអឺតក្រទមជាងគេបំផុតហើយ។ ពីសម្បកក្រៅ អ្វីដែលពួកគេនិយាយមើលទៅដូចជាត្រឹមត្រូវណាស់ ប៉ុន្តែតាមពិតទៅ នេះគឺជាវិធីសមគំនិតដើម្បីបង្ហាញនិស្ស័យក្រអឺតក្រទមចេញមក។ ពួកគេប្រើពាក្យថា «ក្រៅពីព្រះជាម្ចាស់» ដើម្បីព្យាយាមបញ្ជាក់ថា ពួកគេជាមនុស្សមានហេតុផល ប៉ុន្តែតាមពិត គឺដូចជាការកប់មាស ហើយបិទស្លាកសញ្ញានៅលើនោះថា៖ «គ្មានមានកប់នៅទីនេះ» ដូច្នោះដែរ។ តើនេះមិនមែនល្ងង់ខ្លៅទេឬអី? តើអ្នករាល់គ្នាថា មនុស្សប្រភេទណាដែលល្ងង់ខ្លៅជាងគេបំផុត? តើអ្វីដែលមនុស្សអាចនិយាយចេញមក ធ្វើឱ្យពួកគេល្ងង់ខ្លៅជាងគេបំផុត? ប្រហែលអ្នករាល់គ្នា បានស្ដាប់ឮពីអ្វីៗដែលក្រអឺតក្រទមពីមុនហើយ។ ក្នុងចំណោមនោះ តើអ្វីដែលក្រអឺតក្រទមជាងគេបំផុត? តើអ្នករាល់គ្នាដឹងដែរឬទេ? តើមាននរណាម្នាក់ហ៊ាននិយាយថា៖ «ខ្ញុំមិនស្ដាប់បង្គាប់នរណាឡើយ មិនថាស្ថានសួគ៌ ឬផែនដី ឬសូម្បីតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ដោយ»? មានតែនាគដ៏ធំមានសម្បុរក្រហមប៉ុណ្ណោះ ដែលហ៊ាននិយាយបែបនេះ។ អ្នកដែលជឿលើព្រះជាម្ចាស់ គ្មាននរណាហ៊ាននិយាយបែបនេះឡើយ។ ប៉ុន្តែ ប្រសិនបើអ្នកណាដែលជឿលើព្រះជាម្ចាស់និយាយថា៖ «ខ្ញុំមិនស្ដាប់បង្គាប់នរណា ក្រៅពីព្រះជាម្ចាស់ឡើយ» ដូច្នេះ ពួកគេគ្មានអ្វីខុសគ្នាឆ្ងាយពីនាគដ៏ធំមានសម្បុរក្រហមនោះទេ ពួកគេដូចគ្នានឹងលេខមួយក្នុងលោកដែរ ពួកគេជាមនុស្សក្រអឺតក្រទមខ្លាំងបំផុត។ ដូច្នេះ តើអ្នករាល់គ្នាយល់យ៉ាងម៉េច? មនុស្សទាំងអស់សុទ្ធតែក្រអឺតក្រទមដូចគ្នា ប៉ុន្តែ តើភាពក្រអឺតក្រទមរបស់ពួកគេមានភាពខុសគ្នាដែរឬទេ? តើអ្នកធ្វើការបែងចែកយ៉ាងដូចម្ដេច? មនុស្សដែលពុករលួយ សុទ្ធតែមាននិស្ស័យក្រអឺតក្រទម ប៉ុន្តែ ភាពក្រអឺតក្រទមរបស់ពួកគេមានភាពខុសគ្នា។ នៅពេលដែលភាពក្រអឺតក្រទមរបស់មនុស្សម្នាក់បានឈានដល់កម្រិតជាក់លាក់មួយហើយ នោះពួកគេបានបាត់បង់ហេតុផលទាំងស្រុងហើយ។ ភាពខុសគ្នាគឺនៅត្រង់ថា តើអ្វីដែលបុគ្គលម្នាក់និយាយមកនោះ មានហេតុផលឬអត់។ មនុស្សមួយចំនួនក្រអឺតក្រទម ប៉ុន្តែនៅមានហេតុផលតិចតួចនៅឡើយ។ ប្រសិនបើពួកគេអាចទទួលយកសេចក្ដីពិតបាន នោះពួកគេនៅតែមានក្ដីសង្ឃឹមទទួលបានសេចក្ដីសង្គ្រោះដដែល។ មនុស្សខ្លះពិតជាក្រអឺតក្រទមខ្លាំងរហូតដល់ថ្នាក់ពួកគេគ្មានហេតុផល។ ភាពក្រអឺតក្រទមរបស់ពួកគេ គ្មានដែនកំណត់នោះទេ ហើយមនុស្សបែបនេះ មិនដែលអាចទទួលយកសេចក្ដីពិតបានឡើយ។ ប្រសិនបើមនុស្សក្រអឺតក្រទមខ្លាំងរហូតដល់ថ្នាក់ពួកគេគ្មានហេតុផល នោះពួកគេបាត់បង់ស្មារតីអៀនខ្មាសអស់ហើយ និងបានត្រឹមតែក្រអឺតក្រទមទាំងល្ងិតល្ងង់ប៉ុណ្ណោះ។ ទាំងអស់នេះ គឺជាការបើកសម្ដែង និងការបង្ហាញចេញនូវនិស្ស័យក្រអឺតក្រទម។ តើពួកគេអាចនិយាយសម្ដីថា «ខ្ញុំមិនស្ដាប់បង្គាប់នរណា ក្រៅពីព្រះជាម្ចាស់ឡើយ» យ៉ាងដូចម្ដេចកើត ប្រសិនបើពួកគេគ្មាននិស្ស័យពុករលួយនោះ? ពួកគេមុខជាមិនអាចនិយាយកើតនោះទេ។ គ្មានអ្វីត្រូវសង្ស័យទេ ប្រសិនបើមនុស្សម្នាក់មាននិស្ស័យក្រអឺតក្រទម នោះពួកគេមានការបង្ហាញចេញនូវភាពក្រអឺតក្រទម ហើយបុគ្គលនោះ ច្បាស់ជានិយាយនិងធ្វើរឿងដែលក្រអឺតក្រទម ដោយគ្មានហេតុផលអ្វីទាំងអស់។ មនុស្សខ្លះនិយាយថា៖ «ខ្ញុំគ្មាននិស្ស័យក្រអឺតក្រទមទេ ប៉ុន្តែអ្វីទាំងនេះ ត្រូវបានបើកសម្ដែងតាមរយៈខ្លួនខ្ញុំ»។ តើសម្ដីបែបនេះ សមហេតុផលដែរឬទេ? (អត់នោះទេ។) អ្នកដទៃនិយាយថា៖ «ខ្ញុំឃាត់ខ្លួនឯងមិនបានទេ។ ឱ្យតែពេលដែលខ្ញុំគ្មានការប្រុងប្រយ័ត្ន ខ្ញុំក៏លេចចេញនូវអ្វីដែលក្រអឺតក្រទម»។ តើសម្ដីទាំងនេះ សមហេតុផលដែរឬទេ? (មិនសមហេតុផលនោះទេ។) ហេតុអ្វីមិនសមហេតុផល? តើអ្វីទៅជាឫសគល់នៃសម្ដីទាំងនេះ? (គឺការមិនស្គាល់ខ្លួនឯង។) មិនមែនទេ។ ពួកគេដឹងថា ពួកគេក្រអឺតក្រទម ប៉ុន្តែ ពេលស្ដាប់ឮអ្នកដទៃចំអកដាក់ខ្លួនថា៖ «ម៉េចក៏អ្នកឯងក្រអឺតក្រទមខ្លាំងម្ល៉េះ? តើអ្វីទៅដែលធ្វើឱ្យអ្នកឯងក្រអឺតក្រទមខ្លាំងម្ល៉េះ?» ពួកគេក៏មានអារម្មណ៍ខ្មាសអៀន ហេតុនេះហើយ ទើបពួកគេនិយាយបែបនេះ។ អារម្មណ៍មានមោទនភាពរបស់ពួកគេមិនអាចទ្រាំបានឡើយ ពួកគេនឹងស្វែងរកលេសដោះសាដើម្បីបិទបាំងរឿងនេះ ដើម្បីក្លែងបន្លំ ដើម្បីបិទកុំឱ្យគេដឹង និងដើម្បីឱ្យពួកគេបានរួចខ្លួន។ ដូច្នេះ សម្ដីរបស់ពួកគេមិនសមហេតុផលនោះទេ។ នៅពេលដែលនិស្ស័យពុករលួយរបស់អ្នក នៅមិនទាន់បានដោះស្រាយនៅឡើយ នោះសូម្បីតែអ្នកមិននិយាយស្ដីអ្វី ក៏អ្នកក្រអឺតក្រទមដែរ។ ភាពក្រអឺតក្រទម គឺជាធម្មជាតិរបស់មនុស្ស វាលាក់ទុកនៅក្នុងចិត្តរបស់ពួកគេ ហើយអាចលេចចេញមកគ្រប់ពេល។ ដូច្នេះហើយ ឱ្យតែពុំមានការផ្លាស់ប្ដូរនិស្ស័យទេ នោះមនុស្សនៅតែក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិតដដែល។ ចាំខ្ញុំលើកជាឧទាហរណ៍មួយចុះ។ អ្នកដឹកនាំដែលទើបត្រូវបានគេបោះឆ្នោតជ្រើសតាំងថ្មីៗ មកដល់ក្រុមជំនុំ ហើយឃើញថា មនុស្សមើលមកគាត់ និងទឹកមុខរបស់ពួកគេ ដូចជាគ្មានការចាប់ភ្លឹកនឹងគាត់សោះ។ ក្នុងចិត្តគាត់ គាត់គិតថា៖ «នៅទីនេះ តើគេមិនស្វាគមន៍ខ្ញុំទេ មែនទេ? ខ្ញុំគឺជាអ្នកដឹកនាំដែលទើបត្រូវបានគេជ្រើសរើសថ្មីៗ។ តើអ្នកអាចប្រព្រឹត្តដាក់ខ្ញុំដោយអាកប្បកិរិយាបែបនេះយ៉ាងដូចម្ដេចកើតទៅ? ហេតុអ្វីបានជាអ្នកមិនចាប់អារម្មណ៍នឹងខ្ញុំ? ខ្ញុំត្រូវបានបងប្អូនប្រុសស្រីរើសតាំង ដូច្នេះ គុណសម្បត្តិខាងវិញ្ញាណរបស់ខ្ញុំ ល្អប្រសើរជាងអ្នករាល់គ្នា មិនអ៊ីចឹង?» ហេតុដូច្នេះហើយ ទើបគាត់និយាយថា៖ «ខ្ញុំគឺជាអ្នកដឹកនាំដែលទើបត្រូវបានគេបោះឆ្នោតជ្រើសតាំងថ្មី។ មនុស្សមួយចំនួនអាចមិនទទួលស្គាល់ខ្ញុំ ប៉ុន្តែរឿងនេះគ្មានបញ្ហានោះទេ។ យើងនាំគ្នាប្រកួតគ្នាលមើលទៅ ដើម្បីចង់ដឹងថាតើនរណាបានទន្ទេញអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ចាំបានច្រើនជាង នរណាអាចប្រកបគ្នាពីសេចក្ដីពិតនៃនិមិត្តបាន។ ខ្ញុំនឹងប្រគល់តួនាទីជាអ្នកដឹកនាំទៅដល់នរណាដែលអាចប្រកបគ្នាពីសេចក្ដីពិតបានច្បាស់ជាងខ្ញុំ។ តើអ្នករាល់គ្នាយល់យ៉ាងណា? តើនេះជាល្បិចស្នៀតបែបណា? នៅពេលមនុស្សមិនចាប់អារម្មណ៍នឹងគាត់ គាត់មិនសប្បាយចិត្ត និងចង់ធ្វើឱ្យពួកគេមានការលំបាក និងវាយបកទៅពួកគេវិញ។ ដោយសារពេលនេះគាត់ជាអ្នកដឹកនាំ ដូច្នេះ គាត់ចង់មានឥទ្ធិពលគ្របលើអ្នកដទៃ គាត់ចង់នៅពីលើគេ។ តើនេះគឺជានិស្ស័យបែបណា? (ភាពក្រអឺតក្រទម។) ហើយតើនិស្ស័យក្រអឺតក្រទមងាយស្រួលដោះស្រាយដែរឬទេ? (មិនងាយស្រួលទេ។) និស្ស័យក្រអឺតក្រទមរបស់មនុស្ស បង្ហាញខ្លួនចេញមកញឹកញាប់ខ្លាំងណាស់។ ចំពោះមនុស្សមួយចំនួន ពេលស្ដាប់អ្នកដទៃប្រកបគ្នាពីការបំភ្លឺនិងការយល់ដឹងថ្មីៗ គឺប៉ះពាល់ចិត្តគេណាស់៖ «ម៉េចបានជាខ្ញុំគ្មានអ្វីនិយាយពីរឿងនេះអ៊ីចឹង? បែបនេះមិនកើតទេ ខ្ញុំត្រូវតែគិត និងរកនឹកអ្វីដែលប្រសើរជាងគេ ទើបបាន»។ ដូច្នេះហើយ ពួកគេក៏ហាមាត់និយាយពីគោលលទ្ធិជាច្រើន ដោយព្យាយាមធ្វើយ៉ាងណាឱ្យបានពូកែជាងអ្នកដទៃ។ តើនេះគឺជានិស្ស័យបែបណា? នេះគឺជាការប្រជែងដណ្ដើមកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ ហើយវាក៏ជាភាពក្រអឺតក្រទមដែរ។ ចំពោះបញ្ហានិស្ស័យវិញ អ្នកអាចអង្គុយនៅស្ងៀម មិននិយាយស្ដី ឬមិនធ្វើអ្វីទាំងអស់ក៏បាន ប៉ុន្តែ និស្ស័យនេះនឹងនៅតែមាននៅក្នុងចិត្តរបស់់អ្នក នៅក្នុងគំនិតរបស់អ្នកដដែល ហើយសូម្បីតែការសម្ដែងចេញរបស់អ្នក ក៏អាចបើកសម្ដែងពីរឿងនេះដែរ។ ទោះបីជាមនុស្សព្យាយាមរកនឹកវិធីដើម្បីគ្រប់សង្កត់វាទៅវិញ ឬគ្រប់គ្រងលើវា និងមានការប្រុងប្រយ័ត្នកាន់តែខ្លាំងដើម្បីរារាំងវាកុំឱ្យបង្ហាញចេញមកក៏ដោយ តើធ្វើបែបនេះមានប្រយោជន៍ទេ? (អត់នោះទេ។) មនុស្សមួយចំនួនដឹងភ្លាម នៅពេលដែលពួកគេនិយាយអ្វីក្រអឺតក្រទម៖ «ខ្ញុំបានបង្ហាញចេញនិស្ស័យពុករលួយចេញមកម្ដងទៀតហើយ ពិតជាគួរឱ្យអាម៉ាស់មែន! ខ្ញុំមិនត្រូវនិយាយអ្វីដែលក្រអឺតក្រទមម្ដងទៀតឡើយ»។ ប៉ុន្តែ ការស្បថថាអ្នកនឹងបិទមាត់ឱ្យជិត គឺគ្មានបានការឡើយ រឿងនេះមិនឋិតលើអ្នកនោះទេ វាឋិតលើនិស្ស័យរបស់អ្នក។ ហេតុនេះហើយ ប្រសិនបើអ្នកមិនចង់ឱ្យនិស្ស័យក្រអឺតក្រទមរបស់អ្នកបង្ហាញខ្លួនចេញមកទេ អ្នកត្រូវធ្វើការដោះស្រាយវាចេញ។ នេះមិនមែនជាបញ្ហានៃការកែតម្រូវពាក្យពីបីម៉ាត់ ឬការកែតម្រូវវិធីដែលអ្នកធ្វើអ្វីៗនោះទេ ហើយក៏មិនមែនជាបញ្ហានៃការអនុវត្តតាមក្បួនច្បាប់មួយចំនួនដែរ។ វាជាការដោះស្រាយបញ្ហានិស្ស័យរបស់អ្នក។ ដោយសារពេលនេះខ្ញុំបានមានបន្ទូលពីប្រធានបទពាក់ព័ន្ធនឹងនិយមន័យពិតប្រាកដនៃពាក្យនិស្ស័យនេះហើយ ដូច្នេះ តើអ្នកមានការយល់ដឹងជ្រួតជ្រាបបានស៊ីជម្រៅអំពីខ្លួនអ្នកហើយឬនៅ? (មានហើយ។) ការស្គាល់ខ្លួនឯង មិនមែនជាបញ្ហានៃការស្គាល់ពីអត្តចរិតពីសម្បកក្រៅ ចរិតលក្ខណៈ ទម្លាប់អាក្រក់របស់មនុស្សណាម្នាក់ ឬអ្វីៗដែលល្ងីល្ងើនិងល្ងង់ខ្លៅដែលមនុស្សម្នាក់បានធ្វើកាលពីអតីតកាលឡើយ។ ការស្គាល់ខ្លួនឯង មិនមែនបែបនេះនោះទេ។ ផ្ទុយទៅវិញ វាគឺជាការស្គាល់ពីនិស្ស័យពុករលួយផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ និងជាការស្គាល់ពីមនុស្សអាក្រក់ដែលអាចធ្វើអ្វីទាស់នឹងព្រះជាម្ចាស់បាន។ នេះគឺជាគន្លឹះសំខាន់។ មនុស្សខ្លះនិយាយថា៖ «ខ្ញុំមានចរិតឆេវឆាវ ហើយគ្មានវិធីណាដែលខ្ញុំអាចផ្លាស់ប្ដូរចរិតនេះបានឡើយ។ តើពេលណាដែលខ្ញុំអាចផ្លាស់ប្ដូរនិស្ស័យនេះបាន?» មានមនុស្សខ្លះទៀតនិយាយថា៖ «ខ្ញុំមិនពូកែបង្ហាញពីខ្លួនឯងទេ ខ្ញុំមិនពូកែនិយាយឡើយ។ គ្រប់យ៉ាងដែលខ្ញុំនិយាយ ចេះតែធ្វើឱ្យប៉ះពាល់ដល់គេ ឬធ្វើឱ្យអ្នកដទៃឈឺចាប់។ តើពេលណាទើបចំណុចផ្លាស់ប្ដូរ?» តើពួកគេនិយាយបែបនេះត្រឹមត្រូវដែរឬទេ? (អត់នោះទេ។) តើពួកគេមានកំហុសត្រង់ណា? (នេះមិនមែនជាការទទួលស្គាល់អ្វីៗដែលមាននៅក្នុងធម្មជាតិរបស់មនុស្សម្នាក់ឡើយ។) ត្រូវហើយ។ ចរិតឫកពាពុំកំណត់ពីធម្មជាតិនោះទេ។ មិនថាមនុស្សម្នាក់មានបុគ្គលិកលក្ខណៈល្អប៉ុនណានោះទេ ក៏ពួកគេនៅតែអាចមាននិស្ស័យពុករលួយដដែល។

ខ្ញុំទើបតែមានបន្ទូលអម្បាញ់មិញអំពីទិដ្ឋភាពចំនួនពីរពាក់ព័ន្ធនឹងនិស្ស័យ។ ទិដ្ឋភាពទីមួយគឺ ភាពមានះរឹងរូសមិនព្រមកែ និងទីពីរគឺ ភាពក្រអឺតក្រទម។ យើងពុំចាំបាច់ត្រូវនិយាយអ្វីច្រើនអំពីភាពក្រអឺតក្រទមនោះទេ។ មនុស្សម្នាក់ៗបង្ហាញចេញនូវឥរិយាបថក្រអឺតក្រទម ហើយអ្នករាល់គ្នាគ្រាន់តែត្រូវការដឹងថា ភាពក្រអឺតក្រទម គឺជាទិដ្ឋភាពមួយនៃនិស្ស័យទៅបានហើយ។ ក៏មាននិស្ស័យមួយប្រភេទទៀតផងដែរ។ មនុស្សខ្លះមិនដែលប្រាប់ការពិតដល់នរណាម្នាក់ទេ។ ពួកគេមានគិតគូរយ៉ាងហ្មត់ចត់និងសម្រិតសម្រាំងគ្រប់យ៉ាងនៅក្នុងចិត្តរបស់ពួកគេ មុនពេលពួកគេនិយាយទៅកាន់មនុស្ស។ អ្នកមិនអាចដឹងថា សម្ដីពួកមួយណាជាការពិត ហើយសម្ដីមួយណាមិនពិតនោះទេ។ ថ្ងៃនេះ ពួកគេនិយាយរឿងមួយ ហើយថ្ងៃស្អែក ពួកគេនិយាយរឿងមួយទៀត ពួកគេនិយាយរឿងមួយប្រាប់មនុស្សម្នាក់ ហើយនិយាយមួយរឿងទៀតប្រាប់មនុស្សម្នាក់ផ្សេងទៀត។ សម្ដីគ្រប់យ៉ាងដែលពួកគេនិយាយផ្ទុយគ្នា។ តើអាចជឿទុកចិត្តមនុស្សបែបនេះបានយ៉ាងដូចម្ដេចទៅ? ដើម្បីយល់ច្បាស់ពីការពិត គឺពិបាកខ្លាំងណាស់ ហើយអ្នកមិនអាចទទួលបានពាក្យពិតដែលពួកគេនិយាយត្រង់ៗបានទេ។ តើនេះជានិស្ស័យបែបណា? នេះជាការបោកបញ្ឆោត។ តើនិស្ស័យបោកបញ្ឆោតងាយស្រួលនឹងផ្លាស់ប្ដូរដែរឬទេ? និស្ស័យនេះពិបាកនឹងផ្លាស់ប្ដូរខ្លាំងបំផុត។ អ្វីគ្រប់យ៉ាងដែលពាក់ព័ន្ធនឹងនិស្ស័យ ក៏ពាក់ព័ន្ធនឹងធម្មជាតិរបស់មនុស្សដែរ ហើយគ្មានអ្វីដែលពិបាកផ្លាស់ប្ដូរជាងអ្វីដែលពាក់ព័ន្ធនឹងធម្មជាតិរបស់មនុស្សឡើយ។ សុភាសិតមួយដែលពោលថា «ខ្លារខិនមិនអាចប្ដូរស្នាមអុចៗពណ៌ខ្មៅរបស់វាបានឡើយ» គឺជាការពិត! មិនថាពួកគេកំពុងនិយាយ ឬធ្វើអ្វីនោះទេ មនុស្សបោកបញ្ឆោត តែងតែមានគោលបំណង និងចេតនាផ្ទាល់ខ្លួនជាប់ជានិច្ច។ ប្រសិនពួកគេគ្មានគោលបំណង ឬចេតនាណាមួយទេ នោះពួកគេក៏មិននិយាយអ្វីដែរ។ ប្រសិនបើអ្នកព្យាយាមស្វែងយល់ពីគោលបំណង និងចេតនារបស់ពួកគេ ពួកគេនឹងឈប់និយាយមួយរំពេច។ ប្រសិនបើពួកគេធ្លោយមាត់និយាយការពិតដោយចៃដន្យ ពួកគេនឹងព្យាយាមឱ្យពីលទ្ធភាពដើម្បីគិតរកវិធីបំភ្លៃការពិត ដើម្បីបំភាន់អ្នក និងរារាំងអ្នកកុំឱ្យដឹងការពិត។ មិនថាមនុស្សបោកបញ្ឆោតកំពុងធ្វើរឿងអ្វីនោះទេ ពួកគេនឹងមិនបណ្តោយឱ្យនរណាម្នាក់ដឹងពីការពិតនៃរឿងនោះឡើយ។ មិនថាពួកគេចំណាយពេលជាមួយមនុស្សយូរប៉ុនណានោះទេ ក៏គ្មាននរណាដឹងថាក្នុងចិត្តពួកគេកំពុងគិតអ្វីឱ្យប្រាកដដែរ។ មនុស្សបោកបញ្ឆោត គឺមានធម្មជាតិបែបនេះឯង។ មិនថាមនុស្សបោកបញ្ឆោតនិយាយច្រើនប៉ុនណានោះទេ អ្នកដទៃនឹងមិនដឹងថា ពួកគេមានបំណងអ្វី កំពុងគិតពីអ្វី ឬពួកគេកំពុងព្យាយាមចង់សម្រេចអ្វីឱ្យប្រាកដឡើយ។ សូម្បីតែឪពុកម្ដាយរបស់ពួកគេ ក៏មិនងាយនឹងដឹងរឿងនេះដែរ។ ការព្យាយាមស្វែងយល់ពីមនុស្សបោកបញ្ឆោត គឺពិតជាពិបាកខ្លាំងណាស់ គ្មាននរណាដឹងថា ក្នុងចិត្តពួកគេកំពុងគិតអ្វីនោះទេ។ មនុស្សបោកបញ្ឆោតនិយាយនិងធ្វើអ្វីតាមរបៀបនេះឯង៖ ពួកគេមិនដែលនិយាយពីចិត្តគំនិតរបស់ពួកគេ ឬប្រាប់ពីអ្វីដែលកំពុងកើតឡើងឡើយ។ នេះគឺជានិស្ស័យមួយប្រភេទ មែនទេ? នៅពេលដែលអ្នកមាននិស្ស័យបោកបញ្ឆោត មិនថាអ្នកនិយាយ ឬធ្វើអ្វីឡើយ និស្ស័យនេះតែងស្ថិតនៅក្នុងខ្លួនអ្នកជាប់ជានិច្ច ដោយគ្រប់គ្រងអ្នក ធ្វើឱ្យអ្នកលេងល្បិច និងប្រើឧបាយកល លេងសើចជាមួយមនុស្ស បិទបាំងការពិត និងសម្ដែងធ្វើពុត។ នេះហើយគឺជាការបោកបញ្ឆោត។ តើមនុស្សបោកបញ្ឆោតមានឥរិយាបថជាក់លាក់អ្វីផ្សេងទៀតខ្លះ? ចាំខ្ញុំលើកជាឧទាហរណ៍មួយចុះ។ មនុស្សពីរនាក់កំពុងជជែកគ្នា ហើយមានម្នាក់កំពុងនិយាយអំពីការស្គាល់ខ្លួនឯង។ មនុស្សម្នាក់នេះបន្តនិយាយអំពីរបៀបដែលពួកគេបានកែលម្អ និងព្យាយាមធ្វើឱ្យមនុស្សម្នាក់ទៀតជឿលើសម្ដីខ្លួន ប៉ុន្តែគេមិនបានប្រាប់មនុស្សម្នាក់ទៀតអំពីការពិតនៃបញ្ហានេះទេ។ ក្នុងនេះ មានរឿងលាក់បាំង ហើយចំណុចនេះបង្ហាញពីនិស្ស័យជាក់លាក់មួយ នោះគឺ ការបោកបញ្ឆោត។ ចង់ដឹងថាតើអ្នករាល់គ្នាអាចយល់បានឬអត់។ បុគ្គលម្នាក់នេះនិយាយថា៖ «ថ្មីៗនេះ ខ្ញុំបានដកពិសោធរឿងមួយចំនួន ហើយខ្ញុំយល់ថា ច្រើនឆ្នាំមកនេះ ជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់ បានក្លាយជាអសាបង់ហើយ។ ខ្ញុំមិនទទួលបានអ្វីទាំងអស់។ ខ្ញុំពិតជាអន់ និងគួរឱ្យអាណិតណាស់! ថ្មីៗនេះ ខ្ញុំមានឥរិយាបថមិនសូវល្អនោះទេ ប៉ុន្តែខ្ញុំត្រៀមខ្លួនដើម្បីប្រែចិត្តរួចស្រេចហើយ»។ ប៉ុន្តែ បន្ទាប់ពីពួកគេនិយាយបែបនេះមិនបានប៉ុន្មានផង ក៏ពុំឃើញពួកគេបង្ហាញចេញនូវការប្រែចិត្តអ្វីនៅក្នុងខ្លួនពួកគេដែរ។ តើត្រង់ចំណុចនេះ មានបញ្ហាអ្វីដែរ? គឺពួកគេនិយាយកុហក និងបោកប្រាស់អ្នកដទៃ។ នៅពេលអ្នកផ្សេងស្ដាប់ឮពួកគេនិយាយពីរឿងទាំងនោះ ពួកគេគិតថា៖ «បុគ្គលម្នាក់នេះពុំបានដេញតាមសេចក្ដីពិតពីមុនមកទេ ប៉ុន្តែការដែលពួកគេអាចនិយាយបែបនេះបាន បង្ហាញថា ពួកគេបានប្រែចិត្តពិតប្រាកដហើយ។ ពុំចាំបាច់ឆ្ងល់ពីរឿងនេះនោះទេ។ យើងមិនត្រូវមើលពួកគេដូចកាលពីមុនឡើយ តែត្រូវមើលពួកគេក្នុងពន្លឺថ្មីនិងប្រសើរជាងមុន»។ បន្ទាប់ពីបានស្ដាប់ឮសម្ដីរបស់ពួកគេហើយ មនុស្សក៏មានការសញ្ជឹងគិត និងការពិចារណាតាមរបៀបនេះឯង។ ប៉ុន្តែ តើស្ថានភាពបច្ចុប្បន្នរបស់បុគ្គលនោះ ដូចគ្នានឹងសម្ដីដែលពួកគេនិយាយឬអត់? ការពិតគឺថា សភាពពួកគេមិនដូចនឹងសម្ដីពួកគេឡើយ។ ពួកគេពុំបានប្រែចិត្តពិតប្រាកដនោះទេ ប៉ុន្តែពាក្យសម្ដីរបស់ពួកគេបង្ហាញឱ្យឃើញថា ពួកគេបានប្រែចិត្តពិតមែន និងថា ពួកគេបានផ្លាស់ប្ដូរឱ្យប្រសើរជាងមុន ហើយថា ពួកគេខុសប្លែកពីពេលមុន។ សម្ដីដែលពួកគេនិយាយ គឺចង់សម្រេចបានលទ្ធផលបែបនេះ។ តាមរយៈការនិយាយបោកប្រាស់អ្នកទៃរបៀបនេះ តើពួកគេកំពុងបង្ហាញចេញនិស្ស័យអ្វីដែរ? គឺនិស្ស័យបោកបញ្ឆោត ហើយនិស្ស័យនេះ ពិតជាមានល្បិចបោកប្រាស់ខ្លាំងណាស់! ការពិតនោះគឺថា ពួកគេពុំបានដឹងថា ខ្លួនពួកគេបានបរាជ័យក្នុងការជឿលើព្រះជាម្ចាស់ ថាពួកគេអន់ និងគួរឱ្យអាណិតនោះទេ។ ពួកគេកំពុងខ្ចីពាក្យនិងភាសាខាងវិញ្ញាណដើម្បីបោកបញ្ឆោតមនុស្ស ដើម្បីសម្រេចគោលបំណងរបស់ពួកគេក្នុងការធ្វើឱ្យអ្នកដទៃគិតល្អមកលើខ្លួន និងមានទស្សនៈល្អចំពោះពួកគេ។ តើនេះមិនមែនការបោកបញ្ឆោតទេឬអី? គឺជាការបោកបញ្ឆោត ហើយនៅពេលដែលមានម្នាក់មានការបោកបញ្ឆោតខ្លាំងពេក នោះគេមិនងាយនឹងផ្លាស់ប្ដូរឡើយ។

មានមនុស្សមួយប្រភេទទៀត ដែលមានរបៀបនិយាយចេញមក ដែលមិនសាមញ្ញ ឬបើកចំហឡើយ។ ពួកគេតែងលាក់បាំងនិងបិទបាំងអ្វីៗ ប្រមែប្រមូលព័ត៌មានពីគ្រប់ទិដ្ឋភាពទាំងអស់ និងសាកសួរចង់ដឹងពីគំនិតអ្នកដទៃ។ ពួកគេតែងប្រាថ្នាចង់ដឹងពីការពិតទាំងស្រុងពាក់ព័ន្ធនឹងអ្នកដទៃ ក៏ប៉ុន្តែ ពួកគេពុំនិយាយអ្វីដែលមាននៅក្នុងចិត្តរបស់ពួកគេឡើយ។ គ្មាននរណាដែលប្រាស្រ័យទាក់ទងជាមួយពួកគេ អាចសង្ឃឹមថានឹងស្វែងរកការពិតទាំងស្រុងពីពួកគេបានឡើយ។ មនុស្សបែបនេះ ពុំចង់ឱ្យអ្នកដទៃដឹងពីផែនការរបស់ពួកគេនោះទេ ហើយពួកគេពុំប្រាប់អ្នកដទៃពីផែនការរបស់ពួកគេឡើយ។ តើនេះគឺជានិស្ស័យបែបណា? គឺជានិស្ស័យបោកបញ្ឆោត។ មនុស្សបែបនេះ ពិតជាមានឧបាយកលខ្ពស់ណាស់ មនុស្សគ្រប់គ្នាមិនអាចវាស់ស្ទង់ពួកគេបានឡើយ។ ប្រសិនបើមនុស្សម្នាក់មាននិស្ស័យបោកបញ្ឆោត នោះពុំចាំបាច់ឆ្ងល់ទេ ពួកគេគឺជាមនុស្សបោកបញ្ឆោតហើយ ហើយពួកគេមានធម្មជាតិនិងសារជាតិបោកបញ្ឆោតមិនខាន។ តើមនុស្សប្រភេទនេះ ស្វែងរកសេចក្ដីពិតនៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ដែរឬទេ? ប្រសិនបើពួកគេពុំនិយាយការពិតនៅចំពោះមុខអ្នកដទៃទេ តើពួកគេអាចនិយាយការពិតនៅចំពោះព្រះជាម្ចាស់បានដែរឬទេ? ច្បាស់ជាអត់ហើយ។ មនុស្សបោកបញ្ឆោតមិនដែលនិយាយការពិតនោះទេ។ ពួកគេប្រហែលជាអាចជឿលើព្រះជាម្ចាស់ ប៉ុន្តែ តើជំនឿរបស់ពួកគេ គឺជាជំនឿពិតប្រាកដដែរឬអត់? តើពួកគេអាកប្បកិរិយាបែបណាចំពោះព្រះជាម្ចាស់? ពួកគេច្បាស់ជាមានការសង្ស័យច្រើននៅក្នុងចិត្តរបស់ពួកគេ៖ «ព្រះជាម្ចាស់នៅឯណា? ខ្ញុំមើលមិនឃើញទ្រង់ផង។ តើមានភស្តុតាងអ្វីបញ្ជាក់ថា ទ្រង់មានពិតជាក់ស្ដែង?» «តើព្រះជាម្ចាស់មានអធិបតេយ្យភាពលើអ្វីគ្រប់យ៉ាងមែនទេ? ពិតជាអ៊ីចឹងមែនហ៎? របបរបស់សាតាំងកំពុងគាបសង្កត់ និងចាប់ខ្លួនអ្នកជឿព្រះជាម្ចាស់ឥតស្រាកស្រាន្ត។ ហេតុអ្វីបានជាព្រះជាម្ចាស់ មិនព្រមបំផ្លាញវាចោល?» «តើព្រះជាម្ចាស់សង្គ្រោះមនុស្សតាមរបៀបណាឱ្យប្រាកដទៅ? តើសេចក្ដីសង្គ្រោះរបស់ទ្រង់ពិតប្រាកដដែរឬទេ? រឿងនេះមិនសូវច្បាស់លាស់សោះ»។ «តើអ្នកជឿលើព្រះជាម្ចាស់ អាចចូលទៅក្នុងនគរស្ថានសួគ៌បានឬអត់? បើគ្មានការបញ្ជាក់ណាមួយនោះទេ ពិបាកនឹងថាណាស់»។ ពួកគេមានការសង្ស័យអំពីព្រះជាម្ចាស់ច្រើនបែបនេះ តើពួកគេអាចលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ដោយស្មោះបានដែរឬទេ? មិនអាចទៅរួចនោះទេ។ ពួកគេឃើញមនុស្សទាំងអស់ដែលបានលះបង់គ្រប់យ៉ាងដែលពួកគេមានដើម្បីដើរតាមព្រះជាម្ចាស់ ឃើញអ្នកដែលកំពុងលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្លួន ហើយពួកគេក៏គិតថា៖ «ខ្ញុំត្រូវចេះឃាត់ឃាំងខ្លួនឯងខ្លះ។ ខ្ញុំមិនអាចល្ងង់ខ្លៅដូចពួកគេបានឡើយ។ ប្រសិនបើខ្ញុំប្រគល់គ្រប់យ៉ាងថ្វាយទៅព្រះជាម្ចាស់ តើទៅថ្ងៃមុខ ខ្ញុំនឹងត្រូវរស់នៅដោយរបៀបណា? តើនរណានឹងមើលថែខ្ញុំ? ខ្ញុំត្រូវមានផែនការបម្រុងទុកជាមុន ទើបបាន»។ អ្នករាល់គ្នាឃើញហើយថា មនុស្សបោកបញ្ឆោត «ឈ្លាសវៃ» ប៉ុនណា ហើយពួកគេគិតបានវែងឆ្ងាយប៉ុនណា។ មានមនុស្សខ្លះនៅពេលដែលពួកគេឃើញអ្នកដទៃនិយាយដោយបើកចំហអំពីការយល់ដឹងពីសេចក្ដីពុករលួយរបស់ខ្លួននៅក្នុងការជួបជុំ ដោយប្រកបគ្នាពីអ្វីដែលលាក់ទុកនៅក្នុងចិត្តពួកគេចេញមក និងនិយាយតាមត្រង់ថាពួកគេបានប្រព្រឹត្តអំពើកាមគុណប៉ុន្មានដងមកហើយ អ្នកនោះក៏គិតថា៖ «អ្នកឯងល្ងង់ខ្លៅណាស់! រឿងទាំងអស់នេះ គឺជារឿងសម្ងាត់។ ហេតុអ្វីបានជាអ្នកឯងនិយាយរឿងទាំងនេះប្រាប់អ្នកដទៃអ៊ីចឹង? អ្នកឯងមិនអាចបង្ខំឱ្យខ្ញុំនិយាយរឿងទាំងនេះចេញមកបានទេ!» មនុស្សបោកបញ្ឆោត គឺបែបនេះឯង។ ពួកគេសុខចិត្តស្លាប់ ក៏មិនធ្វើជាមនុស្សស្មោះត្រង់ដែរ ហើយពួកគេមិនប្រាប់នរណាពីការពិតទាំងស្រុងឡើយ។ មនុស្សខ្លះនិយាយថា៖ «ខ្ញុំបានប្រព្រឹត្តអំពើរំលង និងបានធ្វើរឿងអាក្រក់ជាច្រើន ហើយនិយាយរឿងទាំងនោះនៅនឹងមុខគ្នា ខ្ញុំមានអារម្មណ៍ខ្មាសគេបន្តិចបន្ដួចដែរ។ យ៉ាងណា រឿងទាំងនោះ គឺជារឿងសម្ងាត់ និងជារឿងអាម៉ាស់។ ប៉ុន្តែ ខ្ញុំមិនអាចលាក់បាំង ឬបិទបាំងរឿងទាំងនោះពីព្រះជាម្ចាស់បានឡើយ។ ខ្ញុំគួរទូលរឿងទាំងនោះទៅព្រះជាម្ចាស់ដោយឥតលក់លៀមនិងដោយបើកចំហ។ ខ្ញុំមិនហ៊ាននិយាយប្រាប់អ្នកដទៃពីគំនិត ឬរឿងសម្ងាត់របស់ខ្ញុំឡើយ ប៉ុន្តែ ខ្ញុំត្រូវតែទូលប្រាប់ព្រះជាម្ចាស់។ មិនថាខ្ញុំលាក់បាំងការសម្ងាត់មិនឱ្យនរណាដឹងទេ ក៏ខ្ញុំមិនអាចរក្សាការសម្ងាត់មិនឱ្យព្រះជាម្ចាស់ជ្រាបនោះដែរ»។ មនុស្សស្មោះត្រង់ ត្រូវមានអាកប្បកិរិយាបែបនេះចំពោះព្រះជាម្ចាស់។ ប៉ុន្តែ មនុស្សបោកបញ្ឆោតមានការប្រយ័ត្នប្រយែងចំពោះមនុស្សគ្រប់គ្នា ពួកគេពុំទុកចិត្តនរណាឡើយ ហើយពួកគេពុំនិយាយដោយស្មោះត្រង់ជាមួយនរណាទេ។ ពួកគេពុំប្រាប់ការពិតទាំងស្រុងទៅនរណាម្នាក់ ហើយគ្មាននរណាអាចគិតយល់បាននោះទេ។ មនុស្សទាំងនេះ គឺជាមនុស្សបោកបញ្ឆោតខ្លាំងជាងគេបំផុត។ មនុស្សគ្រប់គ្នាមាននិស្ស័យបោកបញ្ឆោត។ អ្វីតែម្យ៉ាងគត់ដែលខុសគ្នានោះគឺ ថាតើនិស្ស័យនេះធ្ងន់ធ្ងរកម្រិតណា។ ទោះបីជាអ្នកអាចបើកចិត្ត និងប្រកបគ្នាពីបញ្ហារបស់អ្នកនៅក្នុងការប្រកបគ្នាបានមែន តើនោះមានន័យថា អ្នកពុំមាននិស្ស័យបោកបញ្ឆោតមែនទេ? ពុំមានន័យដូច្នោះទេ អ្នកក៏មាននិស្ស័យនេះដែរ។ ហេតុអ្វីបានជាខ្ញុំមានបន្ទូលបែបនេះ? ខ្ញុំលើកជាឧទាហរណ៍មួយចុះ៖ អ្នកប្រហែលជាអាចបកអាក្រាតខ្លួនឯងនៅក្នុងការប្រកបគ្នាអំពីរឿងដែលពុំប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ ឬមុខមាត់របស់អ្នក រឿងដែលមិនគួរឱ្យអាម៉ាស់ និងរឿងដែលអ្នកនឹងមិនត្រូវគេលួសកាត់និងដោះស្រាយជាមួយ ប៉ុន្តែ ប្រសិនបើអ្នកបានធ្វើអ្វីដែលបំពានលើគោលការណ៍នៃសេចក្ដីពិត អ្វីដែលមនុស្សគ្រប់គ្នាស្អប់និងជិនឆ្អន់ ដូច្នេះ តើអ្នកអាចប្រកបគ្នាពីរឿងនោះដោយបើកចំហក្នុងការជួបជុំបានដែរឬទេ? ហើយប្រសិនបើអ្នកបានធ្វើរឿងអ្វីដែលមិនអាចនិយាយចេញមកបាន នោះអ្នកនឹងកាន់តែពិបាកក្នុងការនិយាយ និងលាតត្រដាងពីការពិតនៃរឿងនោះទៀតហើយ។ ប្រសិនបើនរណាពិនិត្យពិច័យពីរឿងនោះ ឬព្យាយាមដាក់ការស្ដីបន្ទោសលើរឿងនោះ អ្នកមុខជាប្រើគ្រប់មធ្យោបាយទាំងអស់ដែលអ្នកមាន ដើម្បីលាក់បាំងរឿងនោះមិនខាន ហើយអ្នកមុខជាភ័យខ្លាចថា បញ្ហានោះនឹងអាចត្រូវគេលាតត្រដាង។ អ្នកមុខជាព្យាយាមបិទបាំងរឿងនោះ និងគេចវេះពីរឿងនោះជាប់ជានិច្ច។ តើនេះមិនមែនជានិស្ស័យបោកបញ្ឆោតទេឬអី? អ្នកប្រហែលជាអាចជឿថា ប្រសិនបើអ្នកពុំនិយាយរឿងនេះចេញមកឮៗទេ នោះគ្មាននរណាម្នាក់នឹងដឹងបានឡើយ ហើយសូម្បីតែព្រះជាម្ចាស់ ក៏នឹងគ្មានវិធីណាដើម្បីធ្វើអ្វីចំពោះអ្នកដែរ។ នោះគឺជាការយល់ខុសហើយ! ព្រះជាម្ចាស់ទតមើលលក្ខណៈខាងក្នុងបំផុតរបស់មនុស្ស។ ប្រសិនបើអ្នកមិនអាចយល់ពីចំណុចនេះបានទេ នោះអ្នកមិនស្គាល់ព្រះជាម្ចាស់សោះឡើយ។ មនុស្សបោកបញ្ឆោតមិនគ្រាន់តែបោកប្រាស់អ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងហ៊ានព្យាយាមបោកប្រាស់ព្រះជាម្ចាស់ និងប្រើមធ្យោបាយបោកបញ្ឆោតដើម្បីទាស់ទទឹងនឹងព្រះជាម្ចាស់ទៀតផង។ តើមនុស្សបែបនេះអាចទទួលបានសេចក្ដីសង្គ្រោះពីព្រះជាម្ចាស់ដែរឬទេ? និស្ស័យរបស់ព្រះជាម្ចាស់ គឺសុចរិត និងបរិសុទ្ធ ហើយមនុស្សបោកបញ្ឆោត គឺជាមនុស្សដែលព្រះអង្គស្អប់ខ្លាំងជាងគេបំផុត។ ដូច្នេះ មនុស្សបោកបញ្ឆោត គឺជាមនុស្សដែលពិបាកនឹងទទួលបានសេចក្ដីសង្គ្រោះបំផុត។ មនុស្សដែលមានធម្មជាតិបោកបញ្ឆោត គឺជាមនុស្សដែលនិយាយកុហកខ្លាំងបំផុត។ ពួកគេថែមទាំងកុហកព្រះជាម្ចាស់ និងព្យាយាមបោកប្រាស់ទ្រង់ទៀតផង ហើយពួកគេក្បាលរឹងមិនព្រមប្រែចិត្តឡើយ។ នេះមានន័យថា ពួកគេមិនអាចទទួលបានសេចក្ដីសង្គ្រោះពីព្រះជាម្ចាស់នោះទេ។ ប្រសិនបើមនុស្សម្នាក់បង្ហាញចេញតែនិស្ស័យពុករលួយម្ដងម្កាល ប្រសិនបើពួកគេនិយាយកុហកនិងបោកប្រាស់មនុស្ស ប៉ុន្តែជាមនុស្សសាមញ្ញ និងបើកចិត្តចំពោះព្រះជាម្ចាស់ និងប្រែចិត្តចំពោះទ្រង់ នោះមនុស្សប្រភេទនេះ នៅមានសង្ឃឹមទទួលបានសេចក្ដីសង្គ្រោះនៅឡើយទេ។ ប្រសិនបើអ្នកគឺជាមនុស្សម្នាក់ដែលមានហេតុផលពិតមែន នោះអ្នកគួរតែបកអាក្រាតខ្លួនឯងប្រាប់ព្រះជាម្ចាស់ និយាយទៅកាន់ទ្រង់ចេញពីចិត្ត និងឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯង។ អ្នកមិនគួរនិយាយកុហកព្រះជាម្ចាស់ទៀតទេ អ្នកមិនគួរព្យាយាមបោកប្រាស់ព្រះអង្គនៅពេលណាមួយឡើយ ហើយអ្នកក៏មិនគួរព្យាយាមលាក់បាំងរឿងអ្វីពីទ្រង់នោះដែរ។ ការពិតនោះគឺថា មានរឿងមួយចំនួនដែលមនុស្សពុំចាំបាច់ដឹងនោះទេ។ ឱ្យតែអ្នកបើកចិត្តនិយាយរឿងទាំងនោះប្រាប់ទៅព្រះជាម្ចាស់ គឺមិនអីនោះទេ។ នៅពេលអ្នកធ្វើអ្វីៗ មិនត្រូវលាក់រឿងសម្ងាត់មិនឱ្យព្រះជាម្ចាស់ជ្រាបនោះទេ។ អ្នកអាចទូលប្រាប់ព្រះជាម្ចាស់អំពីរឿងផ្សេងៗដែលមិនសមនឹងនិយាយប្រាប់អ្នកដទៃ។ មនុស្សណាដែលធ្វើបែបនេះ គឺជាមនុស្សឈ្លាសវៃ។ ទោះបីជាមានរឿងខ្លះដែលពួកគេយល់ថា ពុំចាំបាច់ត្រូវនិយាយប្រាប់អ្នកដទៃឱ្យបានដឹងក៏ដោយ ក៏ទង្វើនេះមិនគួរហៅថាជាការបោកបញ្ឆោតនោះដែរ។ មនុស្សបោកបញ្ឆោត ខុសគ្នា៖ ពួកគេជឿថា ពួកគេគួរលាក់បាំងរឿងគ្រប់យ៉ាង ថាពួកគេមិនអាចនិយាយអ្វីប្រាប់អ្នកដទៃបានឡើយ ជាពិសេស នៅពេលនិយាយដល់បញ្ហាផ្ទាល់ខ្លួន។ ប្រសិនបើការនិយាយរឿងទាំងនោះចេញមក នឹងគ្មានប្រយោជន៍ដល់ពួកគេទេ នោះពួកគេនឹងមិននិយាយឡើយ សូម្បីព្រះជាម្ចាស់ក៏ដោយ។ តើនេះមិនមែនជានិស្ស័យបោកបញ្ឆោតទេឬអី? ពិតណាស់ មនុស្សបែបនេះ គឺជាមនុស្សបោកបញ្ឆោត! ប្រសិនបើមនុស្សម្នាក់បោកបញ្ឆោតខ្លាំងរហូតដល់ថ្នាក់ពួកគេពុំទូលប្រាប់ការពិតដល់ព្រះជាម្ចាស់ ហើយរក្សាការសម្ងាត់គ្រប់យ៉ាងមិនឱ្យព្រះជាម្ចាស់ជ្រាប តើគេនៅជាមនុស្សដែលជឿលើព្រះជាម្ចាស់ទៀតដែរឬទេ? តើពួកគេមានសេចក្ដីជំនឿពិតប្រាកដលើព្រះជាម្ចាស់ដែរឬទេ? ពួកគេគឺជាមនុស្សដែលសង្ស័យព្រះជាម្ចាស់ ហើយក្នុងចិត្ត ពួកគេពុំជឿលើទ្រង់ឡើយ។ ដូច្នេះ តើសេចក្ដីជំនឿរបស់ពួកគេមិនមែនក្លែងក្លាយទេឬអី? ពួកគេជាអ្នកមិនជឿ ជាអ្នកជឿក្លែងក្លាយ។ តើអ្នករាល់គ្នាធ្លាប់មានពេលណាដែលសង្ស័យពីព្រះជាម្ចាស់ ហើយប្រែជាមានការប្រយ័ត្នប្រយែងចំពោះទ្រង់ដែរឬទេ? (ធ្លាប់មាន។) ការដែលសង្ស័យព្រះជាម្ចាស់ និងការដែលមានការប្រយ័ត្នប្រយែងចំពោះទ្រង់ តើនេះជានិស្ស័យបែបណា? នេះគឺជានិស្ស័យបោកបញ្ឆោត។ មនុស្សគ្រប់គ្នាសុទ្ធតែមាននិស្ស័យបោកបញ្ឆោត គ្រាន់តែតិចឬច្រើនប៉ុណ្ណោះ។ ឱ្យតែអ្នកអាចទទួលយកសេចក្ដីពិតបាន នោះអ្នកនឹងអាចសម្រេចនូវការប្រែចិត្ត និងការផ្លាស់ប្ដូរបានមិនខាន។

សម្រាប់មនុស្សមួយចំនួន នៅពេលមានរឿងអ្វីកើតឡើងចំពោះពួកគេ ពួកគេបង្ហាញចេញនូវនិស្ស័យពុករលួយ ពួកគេមានសញ្ញាណនិងគំនិតផ្សេងៗ ពួកគេគិតអគតិចំពោះអ្នកដទៃ ហើយពួកគេធ្វើការវិនិច្ឆ័យអ្នកដទៃ និងលួចមើលស្រាលពួកគេពីក្រោយខ្នង។ ពួកគេអាចឆ្លុះបញ្ចាំងពីខ្លួនឯង និងមានការបើកចិត្តទាំងស្រុងចំពោះរឿងទាំងអស់នេះ ប៉ុន្តែ នៅពេលពួកគេធ្វើរឿងអាម៉ាស់មួយចំនួន ពួកគេមិនចង់និយាយរឿងនោះប្រាប់អ្នកដទៃឡើយ ហើយលាក់វាទុកនៅចិត្តពួកគេជារៀងរហូត។ ពួកគេមិនត្រឹមតែមិននិយាយរឿងទាំងនោះប្រាប់អ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែ នៅពេលពួកគេអធិស្ឋាន ក៏ពួកគេមិនទូលព្រះជាម្ចាស់អំពីរឿងទាំងនោះដែរ។ ពួកគេថែមទាំងព្យាយាមគ្រប់យ៉ាងតាមលទ្ធភាពដែលខ្លួនមាន ដើម្បីរកនឹកពាក្យកុហក ដើម្បីលាក់បាំង ឬបិទបាំងរឿងទាំងនោះទៀតផង។ នេះគឺជានិស្ស័យបោកបញ្ឆោត។ នៅពេលដែលអ្នកមានគំនិតបែបនេះ នៅពេលដែលអ្នករស់នៅក្នុងសភាពបែបនេះ អ្នកគួរធ្វើការឆ្លុះបញ្ចាំងពីខ្លួនឯង និងដឹងឱ្យបានច្បាស់ថា អ្នកមិនមែនជាមនុស្សស្មោះត្រង់ទេ ហើយគ្មានអ្វីដែលព្រះជាម្ចាស់រៀបរាប់ពីមនុស្សស្មោះត្រង់ ត្រូវបានសម្ដែងចេញតាមរយៈខ្លួនអ្នកឡើយ ហើយអ្នកគឺជាមនុស្សបោកបញ្ឆោតពិតប្រាកដនិងច្បាស់លាស់ណាស់ ហើយទោះបីជាអ្នកជាមនុស្សល្ងង់ មានគុណសម្បត្តិមិនល្អ និងក្រយល់ក៏ពិតមែន ក៏អ្នកនៅតែជាមនុស្សបោកបញ្ឆោតដដែល។ នេះហើយគឺជាអត្ថន័យនៃការស្គាល់ខ្លួនឯង។ យ៉ាងហោចណាស់ អ្វីដែលអ្នកគួរតែអាចសម្រេចបានក្នុងការស្គាល់ខ្លួនឯងនោះ គឺការអាចមើលឃើញនិងយល់ច្បាស់ពីនិស្ស័យពុករលួយដែលអ្នកបង្ហាញចេញមក និងការអាចស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហានេះ។ ប្រសិនបើអ្នកពិតជាដឹងពីនិស្ស័យពុករលួយផ្ទាល់ខ្លួនមែន អ្នកគួរធ្វើការអធិស្ឋានទៅព្រះជាម្ចាស់ឱ្យបានញឹកញាប់ ធ្វើការឆ្លុះបញ្ចាំងពីខ្លួនឯង ឈ្វេងយល់ និងវែកញែកពីនិស្ស័យបោកបញ្ឆោតរបស់អ្នក ស្របទៅតាមបន្ទូលរបស់ព្រះជាម្ចាស់ និងស្វែងយល់ពីសារជាតិនៃនិស្ស័យនេះ។ ពេលនោះ អ្នកនឹងមានសង្ឃឹមគេចផុតពីនិស្ស័យពុករលួយនៃការបោកបញ្ឆោតនេះមិនខាន។ មនុស្សខ្លះមិនអាចបែងចែកច្បាស់រវាងមនុស្សបោកបញ្ឆោតនិងមនុស្សស្មោះត្រង់បានឡើយ ដែលនេះមានន័យថា គុណសម្បត្តិរបស់ពួកគេអន់ខ្លាំងណាស់។ មនុស្សមួយចំនួនតែងប្រើគុណសម្បត្តិមិនល្អ ភាពល្ងីល្ងើ ភាពល្ងង់ខ្លៅ ការប្រើពាក្យពេចន៍មិនបានសមរម្យ ភាពខុសទំនង និងទំនួលខុសត្រូវរបស់ខ្លួន ដើម្បីបោកប្រាស់ថា នោះគឺជាភស្តុតាងនៃភាពស្មោះត្រង់។ ពួកគេតែងប្រាប់អ្នកដទៃថា៖ «ខ្ញុំស្មោះត្រង់ពេក ហេតុនេះ ខ្ញុំតែងទទួលបានលទ្ធផលមិនល្អ ខ្ញុំមិនចេះកេងចំណេញពីអ្នកដទៃទេ ម្ល៉ោះហើយ ព្រះជាម្ចាស់ក៏សព្វព្រះទ័យនឹងខ្ញុំ ព្រោះខ្ញុំជាមនុស្សស្មោះត្រង់»។ តើសម្ដីទាំងនេះត្រឹមត្រូវដែរឬទេ? ពាក្យសម្ដីទាំងនេះគួរឱ្យអស់សំណើចណាស់ ជាពាក្យសម្ដីដែលគេរៀបចំឡើងដើម្បីបោកមនុស្ស ជាសម្ដីភូតកុហកលើគោក និងឥតអៀនខ្មាសសោះ។ តើមនុស្សល្ងីល្ងើនិងល្ងង់ខ្លៅអាចក្លាយជាមនុស្សស្មោះត្រង់បានយ៉ាងដូចម្ដេចទៅ? នេះគឺជារឿងពីរផ្សេងគ្នា។ ការដែលចាត់ទុករឿងល្ងង់ខ្លៅដែលអ្នកបានធ្វើថាជាភាពស្មោះត្រង់ នោះគឺជាកំហុសដ៏ធំមួយ។ មនុស្សគ្រប់គ្នាអាចដឹងបានថា សូម្បីមនុស្សល្ងង់ខ្លៅក៏ក្រអឺតក្រទម និងអួតខ្លួនហួសហេតុ ព្រមទាំងឱ្យតម្លៃខ្លួនឯងខ្ពស់ដែរ។ មិនថាមនុស្សល្ងង់ខ្លៅ និងខ្វះខាតគុណសម្បត្តិច្រើនប៉ុនណានោះទេ ពួកគេនៅតែអាចនិយាយកុហក និងបោកប្រាស់អ្នកដទៃដដែល។ តើអ្វីទាំងនេះមិនមែនជាការពិតទេឬអី? តើមនុស្សល្ងង់ និងមនុស្សដែលមានគុណសម្បត្តិមិនល្អ ពិតជាមិនដែលធ្វើអ្វីអាក្រក់មែនទេ? តើពួកគេពិតជាគ្មាននិស្ស័យពុករលួយមែនឬ? ច្បាស់ណាស់ គឺពួកគេមាននិស្ស័យនេះ។ មនុស្សខ្លះក៏និយាយដែរថា ពួកគេជាមនុស្សស្មោះត្រង់ ហើយពួកគេបកអាក្រាតពីរឿងដែលពួកគេនិយាយកុហកអ្នកដទៃ ប៉ុន្តែ ពួកគេពុំហ៊ានបកអាក្រាតរឿងអាម៉ាស់ដែលពួកគេបានធ្វើនោះទេ។ នៅពេលដែលពួកជំនុំដោះស្រាយជាមួយពួកគេអំពីបញ្ហារបស់ពួកគេ នោះពួកគេមិនអាចទទួលយកបានទេ ហើយក៏មិនចុះចូលបន្តិចណាដែរ ដោយព្យាយាមលួចមើលពីក្រោយឆាក និងបិទបាំងការពិត។ មនុស្សបោកបញ្ឆោតប្រភេទនេះ ពុំទទួលយកសេចក្ដីពិត ហើយក៏ពុំចុះចូលអ្វីទាំងអស់ដែរ ក៏ប៉ុន្តេ ពួកគេនៅតែគិតថា ខ្លួនពួកគេជាមនុស្សស្មោះត្រង់ដដែល។ តើពួកគេមិនមែនឥតអៀនខ្មាសសោះទេឬអី? នេះគឺពិតជាល្ងង់ខ្លៅបំផុតហើយ! មនុស្សប្រភេទនេះ មិនស្មោះត្រង់ជាដាច់ខាត ហើយពួកគេក៏មិនមែនជាមនុស្សគ្មានឧបាយកលដែរ។ មនុស្សល្ងង់ គឺជាមនុស្សល្ងង់ មនុស្សឆ្កួត គឺជាមនុស្សឆ្កួត។ មានតែមនុស្សស្លូតត្រង់ដែលមិនបោកបញ្ឆោតប៉ុណ្ណោះ ទើបជាមនុស្សស្មោះត្រង់។

តើអាចស្គាល់មនុស្សបោកបញ្ឆោតបានតាមរបៀបណា? តើមនុស្សបោកបញ្ឆោតមានឥរិយាបថបែបណា? មិនថាពួកគេប្រាស្រ័យទាក់ទង ឬពាក់ព័ន្ធនឹងនរណាឡើយ ពួកគេមិនដែលឱ្យនរណាម្នាក់ស៊ើបមើលថាមានរឿងអ្វីកើតឡើងចំពោះពួកគេឱ្យពិតប្រាកដឡើយ។ ពួកគេតែងប្រយ័ត្នប្រយែងចំពោះអ្នកដទៃ ពួកគេតែងលួចធ្វើអ្វីពីក្រោយខ្នងអ្នកដទៃ ហើយពួកគេមិនដែលនិយាយអ្វីដែលពួកគេកំពុងគិតនោះទេ។ ជួលកាល ពួកគេអាចនិយាយអំពីការស្គាល់ខ្លួនឯងបន្តិចបន្ដួច ប៉ុន្តែពួកគេមិនដែលលើកឡើងពីចំណុចសំខាន់ ឬពាក្យគន្លឹះឡើយ ហើយពួកគេខ្លាចបែកធ្លាយរឿងមួយចំនួន។ ពួកគេមានការប្រុងប្រយ័ត្នចំពោះរឿងទាំងនេះណាស់ ដោយខ្លាចថា អ្នកដទៃអាចចាប់កំហុសរបស់ពួកគេបាន។ នេះគឺជានិស្ស័យបោកបញ្ឆោតមួយបែប។ ជាងនេះទៅទៀត មនុស្សខ្លះមានចេតនាសម្ដែងធ្វើពុត ដើម្បីឱ្យអ្នកដទៃគិតថា ពួកគេជាមនុស្សគ្មានឧបាយកល ថាពួកគេអាចស៊ូទ្រាំនឹងទុក្ខលំបាក មិនចេះរអ៊ូរទាំ ឬថាពួកគេជាបុគ្គលខាងវិញ្ញាណ ថាពួកគេជាមនុស្សស្រឡាញ់និងដេញតាមសេចក្ដីពិត។ ច្បាស់ណាស់ ពួកគេមិនមែនជាមនុស្សបែបនេះទេ ប៉ុន្តែពួកគេនៅបន្តសម្ដែងធ្វើពុតឱ្យអ្នកដទៃមើលដដែល។ នេះក៏ជានិស្ស័យបោកបញ្ឆោតមួយដែរ។ គ្រប់យ៉ាងដែលមនុស្សបោកបញ្ឆោតនិយាយនិងធ្វើ មានបំណងបង្កប់ពីក្រោយនោះ។ ប្រសិនបើពួកគេគ្មានបំណងណាមួយទេ នោះពួកគេមុខជាមិននិយាយឬធ្វើអ្វីឡើយ។ នៅក្នុងខ្លួនពួកគេ មាននិស្ស័យមួយដែលគ្រប់គ្រងពួកគេឱ្យធ្វើបែបនេះ ហើយនិស្ស័យនោះគឺ និស្ស័យនៃការបោកបញ្ឆោត។ នៅពេលមនុស្សមាននិស្ស័យបោកបញ្ឆោត តើវាងាយស្រួលផ្លាស់ប្ដូរដែរឬទេ? តើអ្នករាល់គ្នាបានផ្លាស់ប្ដូរច្រើនប៉ុនណាហើយ? តើអ្នកបានដើរនៅលើផ្លូវនៃការដេញតាមភាពស្មោះត្រង់ហើយឬនៅ? (បានដើរហើយ នេះគឺជាទិសដៅដែលយើងកំពុងដើរទៅរក។) តើអ្នកដើរបានប៉ុន្មានជំហានហើយ? ឬតើអ្នកជាប់គាំងនៅក្នុងដំណាក់កាលនៃការចង់ធ្វើរឿងនេះមែនទេ? (យើងនៅតែចង់ធ្វើរឿងនេះដដែល។ ពេលខ្លះ ទាល់តែយើងបានធ្វើអ្វីរួចហើយ ទើបយើងដឹងថា ទង្វើនោះពាក់ព័ន្ធនឹងការបោកប្រាស់ ថាយើងកំពុងធ្វើឱ្យមនុស្សមានការយល់ច្រឡំ។ ទាល់តែពេលនោះ ទើបយើងដឹងថា យើងកំពុងបោកបញ្ឆោត។) អ្នកដឹងថា នេះគឺជាការបោកបញ្ឆោត ប៉ុន្តែ តើអ្នកអាចដឹងថា វាគឺជានិស្ស័យពុករលួយមួយប្រភេទដែរឬទេ? ហើយចុះតើរឿងបោកបញ្ឆោតទាំងនេះកើតមកពីណាដែរ? (ពីធម្មជាតិរបស់យើង។) ត្រឹមត្រូវហើយ ពីធម្មជាតិរបស់អ្នក។ ហើយតើនិស្ស័យពុករលួយទាំងនេះ ប៉ះពាល់ដល់អ្នកដែរឬទេ? និស្ស័យទាំងនេះពិបាកនឹងលុបបំបាត់ ពិបាកនឹងដោះស្រាយជាមួយ ពិបាកនឹងគេចផុតណាស់ ហើយក៏មានបញ្ហាខ្លាំងណាស់ដែរ។ តើអ្វីដែលធ្វើឱ្យរឿងទាំងនេះក្លាយជាបញ្ហា? ចុះតើវាមានធ្វើឱ្យអ្នកមិនសប្បាយចិត្តទេ? (យើងចង់ធ្វើការផ្លាស់ប្ដូរ តែមានអារម្មណ៍ពិបាកចិត្តខ្លាំង នៅពេលយើងធ្វើវាមិនបាន។) នោះគឺជាទិដ្ឋភាពមួយ ប៉ុន្តែ វាមិនរាប់ថាជាបញ្ហានោះទេ។ នៅពេលដែលមនុស្សម្នាក់ត្រូវបានគ្រប់គ្រងដោយនិស្ស័យបោកបញ្ឆោត ពួកគេអាចនិយាយកុហក និងបោកប្រាស់អ្នកដទៃបានគ្រប់ពេល ឬគ្រប់ទីកន្លែង ហើយមិនថាមានរឿងអ្វីកើតឡើងចំពោះពួកគេឡើយ ពួកគេនឹងគិតរកវិធីនិយាយកុហក និងបោកបញ្ឆោតមនុស្ស។ ទោះបីជាពួកគេចង់គ្រប់គ្រងខ្លួនឯងក៏ដោយ ក៏ពួកគេមិនអាចធ្វើបានដែរ គឺវាកើតឡើងដោយឯកឯង។ បញ្ហាស្ថិតនៅត្រង់ចំណុចនេះ។ នេះគឺជាបញ្ហាខាងនិស្ស័យ។ តើនិស្ស័យបោកបញ្ឆោតអាចបង្ហាញខ្លួនចេញមកតាមវិធីប៉ុន្មានយ៉ាង? តាមរយៈការស្ទាបស្ទង់ ការបោកបញ្ឆោត ការប្រយ័ត្នប្រយែង ក៏ដូចជាការសង្ស័យ ការធ្វើពុត និងការកុហកផងដែរ។ និស្ស័យដែលឥរិយាបថបែបនេះលាតត្រដាង និងបង្ហាញចេញមក គឺជាការបោកបញ្ឆោត។ បន្ទាប់ពីបានប្រកបគ្នាអំពីប្រធានបទទាំងនេះហើយ តើអ្នករាល់គ្នាមានការយល់ដឹងច្បាស់លាស់អំពីនិស្ស័យបោកបញ្ឆោតហើយឬនៅ? ក្នុងចំណោមអ្នករាល់គ្នា តើនៅមានអ្នកណាដែលនិយាយថា៖ «ខ្ញុំគ្មាននិស្ស័យបោកបញ្ឆោតទេ ខ្ញុំមិនមែនជាមនុស្សបោកបញ្ឆោតទេ ខ្ញុំជិតក្លាយជាមនុស្សស្មោះត្រង់ហើយ» ដែរឬទេ? (អត់ទេ។) មានមនុស្សជាច្រើនដែលពុំទាន់យល់ច្បាស់ថា មនុស្សស្មោះត្រង់ គឺជាមនុស្សបែបណាឱ្យពិតប្រាកដនៅឡើយទេ។ អ្នកខ្លះនិយាយថា មនុស្សស្មោះត្រង់ គឺជាមនុស្សដែលគ្មានឧបាយកល និងទៀងត្រង់ ជាមនុស្សដែលត្រូវគេធ្វើបាប និងមិនរាប់រក នៅគ្រប់ទីកន្លែងដែលពួកគេទៅ ឬជាមនុស្សដែលយឺតយ៉ាវ ហើយតែងនិយាយនិងធ្វើអ្វីក្រោយអ្នកដទៃមួយជំហានជានិច្ច។ មនុស្សឆ្កួតនិងល្ងង់ខ្លៅខ្លះ ដែលចូលរួមក្នុងរឿងឆ្កួកលេលាដែលត្រូវអ្នកដទៃមើលងាយខ្លួន ក៏ចាត់ទុកខ្លួនឯងថាជាមនុស្សស្មោះត្រង់ដែរ។ ហើយមនុស្សគ្មានការអប់រំទាំងនោះ រាប់ចាប់តាំងពីមនុស្សបាតសង្គម ដែលយល់ថា ខ្លួនពួកគេតូចទាបជាងគេ ក៏និយាយដូចគ្នាថា ពួកគេជាមនុស្សស្មោះត្រង់ដែរ។ តើកំហុសរបស់ពួកគេស្ថិតនៅត្រង់ណា? ពួកគេពុំដឹងថា មនុស្សស្មោះត្រង់គឺជាមនុស្សបែបណាឡើយ។ តើអ្វីទៅជាប្រភពនៃការយល់ខុសរបស់ពួកគេ? មូលហេតុចម្បងគឺ ពួកគេពុំយល់ពីសេចក្ដីពិត។ ពួកគេជឿថា «មនុស្សស្មោះត្រង់» ដែលព្រះជាម្ចាស់មានបន្ទូលនោះ គឺជាមនុស្សឆ្កួតនិងមនុស្សភ្លើ ថាពួកគេគ្មានការអប់រំ មិនសូវមានវោហារ ត្រូវគេធ្វើបាបនិងគាបសង្កត់ ហើយងាយនឹងត្រូវគេបោកប្រាស់ និងបន្លំណាស់។ អាចសន្និដ្ឋានបានថា កម្មវត្ថុនៃសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ គឺមនុស្សដែលអត់ខួរ នៅបាតសង្គម ជាអ្នកដែលត្រូវអ្នកដទៃរុញទៅនេះទៅនោះជាញឹកញាប់។ ប្រសិនបើមិនមែនមនុស្សថ្នាក់ទាប អន់ខ្សោយទាំងនេះទេ តើព្រះជាម្ចាស់នឹងសង្គ្រោះនរណា? តើពួកគេមិនមែនជឿលើរឿងនេះទេ មែនទេ? តើពួកគេនោះពិតជាមនុស្សដែលព្រះជាម្ចាស់សង្គ្រោះមែនឬអត់? នេះគឺជាការបកស្រាយខុសពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ មនុស្សដែលព្រះជាម្ចាស់សង្គ្រោះ គឺជាមនុស្សដែលស្រឡាញ់សេចក្ដីពិត ជាអ្នកដែលមានគុណសម្បត្តិ និងមានសមត្ថភាពក្នុងការយល់ដឹង ពួកគេជាមនុស្សដែលមានសតិសម្បជញ្ញៈនិងហេតុផល ជាអ្នកដែលអាចអនុវត្តបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ពួកគេបាន។ ពួកគេគឺជាមនុស្សដែលអាចទទួលយកសេចក្ដីពិត និងកម្ចាត់និស្ស័យពុករលួយរបស់ខ្លួនបាន ហើយពួកគេជាមនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដ ស្ដាប់បង្គាប់ព្រះជាម្ចាស់ និងថ្វាយបង្គំព្រះជាម្ចាស់។ ទោះបីមនុស្សភាគច្រើនក្នុងចំណោមអ្នកទាំងនេះចេញមកពីបាតសង្គម ពីគ្រួសារកម្មករ និងកសិករក៏ដោយ ក៏ដាច់ខាត ពួកគេមិនមែនជាមនុស្សវង្វេងស្មារតី មនុស្សភ្លីភ្លើ ឬមនុស្សឥតបានការដែរ។ ផ្ទុយទៅវិញ ពួកគេជាមនុស្សឆ្លាត ដែលអាចទទួលយក អនុវត្ត និងចុះចូលនឹងសេចក្ដីពិតបាន។ ពួកគេសុទ្ធតែជាមនុស្សសុចរិត ដែលតែងលះបង់សិរីល្អ និងភាពសម្បូរសប្បាយខាងសាច់ឈាម ដើម្បីដើរតាមព្រះជាម្ចាស់ និងទទួលបានសេចក្ដីពិត និងជីវិត។ ពួកគេគឺជាមនុស្សដែលមានប្រាជ្ញាឈ្លាសវៃបំផុត។ មនុស្សទាំងអស់នេះ គឺជាអ្នកដែលជឿលើព្រះជាម្ចាស់ពិតប្រាកដ និងជាអ្នកដែលលះបង់ដើម្បីព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ ពួកគេអាចទទួលបានការពេញព្រះទ័យ និងព្រះពរពីព្រះជាម្ចាស់ ហើយពួកគេអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ក្លាយទៅជារាស្រ្តរបស់ទ្រង់ និងជាសរសរទ្រូងនៃព្រះវិហាររបស់ទ្រង់។ ពួកគេជាមនុស្សមានតម្លៃដូចមាស ប្រាក់ និងគ្រឿងអលង្ការមានតម្លៃផ្សេងទៀត។ មនុស្សវង្វេងស្មារតី ល្ងង់ខ្លៅ គ្មានហេតុផល គ្មានបានការ នឹងត្រូវផាត់ចោលមិនខាន។ តើអ្នកមិនជឿ និងមនុស្សគ្មានហេតុផល យល់ឃើញបែបណាចំពោះកិច្ចការនិងផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់? ជាទីលានចាក់សំរាម មែនអត់? មនុស្សទាំងនេះ មិនត្រឹមតែមានគុណសម្បត្តិមិនល្អប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងគ្មានហេតុផលទៀតផង។ មិនថាពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើនប៉ុនណានោះទេ ក៏ពួកគេមិនអាចយល់ពីសេចក្ដីពិតបានដែរ ហើយមិនថាពួកគេស្ដាប់ឮសេចក្ដីអធិប្បាយច្រើនប៉ុនណានោះទេ ក៏ពួកគេមិនអាចចូលទៅក្នុងតថភាពបានដែរ។ ប្រសិនបើពួកគេល្ងង់ខ្លៅបែបនេះ តើពួកគេនៅតែអាចសង្គ្រោះបានទៀតទេ? តើព្រះជាម្ចាស់អាចចង់បានមនុស្សប្រភេទនេះដែរទេ? មិនថាពួកគេបានក្លាយជាអ្នកជឿប៉ុន្មានឆ្នាំមកហើយទេ ពួកគេនៅតែមិនយល់ពីសេចក្ដីពិតណាមួយដដែល ពួកគេនៅតែនិយាយឥតបានការ ហើយពួកគេនៅតែគិតថា ខ្លួនគេជាមនុស្សស្មោះត្រង់ដដែល។ តើពួកគេគ្មានការអៀនខ្មាសទេឬអី? មនុស្សបែបនេះ ពុំយល់ពីសេចក្ដីពិតឡើយ។ ពួកគេតែងយល់ច្រឡំអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ជានិច្ច ប៉ុន្តែ មិនថាពួកគេទៅកន្លែងណានោះទេ ពួកគេតែងនិយាយឥតឈប់អំពីការបកស្រាយខុសរបស់ពួកគេ ដោយបង្រៀនសេចក្ដីទាំងនោះថាជាសេចក្ដីពិត ដោយប្រាប់មនុស្សថា៖ «ការត្រូវគេធ្វើបាបបន្តិចបន្ដួច ជារឿងល្អទេ មនុស្សគួរចាញ់គេខ្លះ ពួកគេគួរល្ងង់ខ្លៅខ្លះ។ មនុស្សបែបនេះ គឺជាកម្មវត្ថុនៃសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ ហើយពួកគេជាមនុស្សដែលព្រះជាម្ចាស់នឹងសង្គ្រោះ»។ មនុស្សដែលនិយាយបែបនេះ គឺគួរឱ្យស្អប់ខ្ពើមណាស់។ សម្ដីបែបនេះ នាំសេចក្ដីអាម៉ាស់ដល់ព្រះជាម្ចាស់ហើយ! ពិតជាគួរឱ្យស្អប់ខ្ពើមខ្លាំងណាស់! សរសរទ្រូងនៃនគររបស់ព្រះជាម្ចាស់ និងអ្នកមានជ័យជម្នះដែលព្រះជាម្ចាស់សង្គ្រោះ គឺសុទ្ធតែជាមនុស្សដែលយល់ពីសេចក្ដីពិត ជាមនុស្សតែមានប្រាជ្ញាឈ្លាសវៃ។ អ្នកទាំងនេះគឺជាមនុស្សដែលនឹងមានចំណែកនៅក្នុងនគរស្ថានសួគ៌។ អ្នកទាំងឡាយណាដែលល្ងីល្ងើនិងល្ងង់ខ្លៅ ឥតអៀនខ្មាស និងគ្មានហេតុផល ដែលគ្មានការយល់ដឹងពីសេចក្ដីពិតសូម្បីតែបន្តិចណានោះ ដែលភ្លីភ្លើនិងល្ងីល្ងើ តើពួកគេមិនមែនសុទ្ធតែជាមនុស្សឥតបានការទេឬអី? តើមនុស្សបែបនេះអាចមានចំណែកនៃនគរស្ថានសួគ៌បានយ៉ាងដូចម្ដេចទៅ? មនុស្សស្មោះត្រង់ដែលព្រះជាម្ចាស់មានបន្ទូល គឺជាមនុស្សដែលអាចអនុវត្តសេចក្ដីពិតបាន នៅពេលដែលពួកគេយល់ពីសេចក្ដីពិត ជាមនុស្សឈ្លាសវៃ និងមានប្រាជ្ញា ដែលបកអាក្រាតពីខ្លួនឯងឱ្យព្រះជាម្ចាស់បានជ្រាបតាមធម្មតា និងជាអ្នកដែលធ្វើអ្វីទៅតាមគោលការណ៍ និងស្ដាប់បង្គាប់ព្រះជាម្ចាស់ទាំងស្រុង។ មនុស្សទាំងអស់នេះ គឺសុទ្ធតែមានចិត្តដែលកោតខ្លាចដល់ព្រះជាម្ចាស់ ពួកគេផ្ដោតលើការធ្វើអ្វីៗស្របទៅតាមគោលការណ៍ ហើយពួកគេសុទ្ធតែដេញតាមការស្ដាប់បង្គាប់ព្រះជាម្ចាស់ទាំងស្រុង ហើយស្រឡាញ់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេ។ មានតែពួកគេប៉ុណ្ណោះ ទើបជាមនុស្សស្មោះត្រង់។ ប្រសិនបើមនុស្សមិនទាំងដឹងថាត្រូវធ្វើជាមនុស្សស្មោះត្រង់ដោយរបៀបណាផង ប្រសិនបើពួកគេមើលមិនឃើញថា សារជាតិនៃមនុស្សស្មោះត្រង់គឺជាការស្ដាប់បង្គាប់ព្រះជាម្ចាស់ដាច់ខាត និងជាការគេចចេញពីសេចក្ដីអាក្រក់ ឬថាមនុស្សស្មោះត្រង់ គឺស្មោះត្រង់ដោយសារពួកគេស្រឡាញ់សេចក្ដីពិត ដោយសារពួកគេស្រឡាញ់ព្រះជាម្ចាស់ និងដោយសារពួកគេអនុវត្តសេចក្ដីពិតទេ ដូច្នេះ មនុស្សបែបនេះ គឺជាមនុស្សល្ងង់ខ្លៅ និងពិតជាខ្វះការយល់ដឹងហើយ។ មនុស្សស្មោះត្រង់គឺគ្មានឧបាយកលអ្វីទាល់តែសោះ មិនមែនវង្វេងស្មារតី ល្ងីល្ងើ និងល្ងង់ខ្លៅ ដូចដែលមនុស្សស្រមៃនោះទេ។ ពួកគេជាមនុស្សដែលមានភាពជាមនុស្សធម្មតា ជាមនុស្សដែលមានសតិសម្បជញ្ញៈនិងហេតុផល។ អ្វីដែលឈ្លាសវៃជាងគេអំពីមនុស្សស្មោះត្រង់គឺថា ពួកគេអាចស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន និងជាមនុស្សស្មោះត្រង់ ហើយនេះជាមូលហេតុដែលពួកគេត្រូវព្រះជាម្ចាស់ប្រទានពរឱ្យ។

គ្មានអ្វីដែលមានសារៈសំខាន់ជាងការដែលព្រះជាម្ចាស់ត្រាស់បង្គាប់ឱ្យមនុស្សស្មោះត្រង់នោះទេ។ ទ្រង់កំពុងតាំងសេចក្ដីបង្គាប់ឱ្យមនុស្សរស់នៅចំពោះទ្រង់ ឱ្យពួកគេទទួលយកការពិនិត្យពិច័យរបស់ទ្រង់ និងឱ្យពួកគេរស់នៅក្នុងពន្លឺ។ មានតែមនុស្សស្មោះត្រង់ប៉ុណ្ណោះដែលជាសមាជិកពិតប្រាកដរបស់ពូជមនុស្ស។ មនុស្សដែលមិនស្មោះត្រង់ទេ គឺជាសត្វតិរច្ឆាន ពួកគេគឺជាសត្វដែលត្រាច់ចរចុះឡើងក្នុងសម្លៀកបំពាក់មនុស្ស ពួកគេមិនមែនជាមនុស្សឡើយ។ ដើម្បីដេញតាមឱ្យបានក្លាយជាមនុស្សស្មោះត្រង់ អ្នកត្រូវតែប្រព្រឹត្តស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ អ្នកត្រូវតែឆ្លងកាត់ការជំនុំជម្រះ ការវាយផ្ចាល ការដោះស្រាយជាមួយ និងការលួសកាត់។ នៅពេលដែលនិស្ស័យពុករលួយរបស់អ្នកត្រូវបានបន្សុទ្ធ ហើយអ្នកអាចអនុវត្តសេចក្ដីពិត និងរស់នៅតាមបន្ទូលរបស់ព្រះជាម្ចាស់បាន ពេលនោះទើបអ្នកនឹងបានក្លាយជាមនុស្សស្មោះត្រង់។ មនុស្សដែលល្ងីល្ងើ ល្ងង់ខ្លៅ គ្មានឧបាយកល មិនមែនជាមនុស្សស្មោះត្រង់ជាដាច់ខាត។ តាមរយៈការដែលព្រះជាម្ចាស់ទាមទារឱ្យមនុស្សស្មោះត្រង់ គឺទ្រង់កំពុងត្រាស់បង្គាប់ឱ្យពួកគេមានភាពជាមនុស្សធម្មតា ដើម្បីកម្ចាត់បង់នូវការបោកបញ្ឆោតនិងការក្លែងបន្លំ ដើម្បីកុំនិយាយកុហក ឬបោកប្រាស់អ្នកដទៃ ដើម្បីបំពេញភារកិច្ចរបស់ពួកគេដោយភក្ដីភាព និងដើម្បីអាចស្រឡាញ់និងស្ដាប់បង្គាប់ទ្រង់ឱ្យបានពិតប្រាកដ។ មានតែបុគ្គលទាំងនេះទេ ទើបជារាស្រ្តនៃនគររបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់តាំងសេចក្ដីតម្រូវឱ្យមនុស្សធ្វើជាទាហានរបស់ព្រះគ្រីស្ទ។ តើទាហានល្អរបស់ព្រះគ្រីស្ទជាមនុស្សបែបណា? ពួកគេត្រូវប្រដាប់ខ្លួនដោយតថភាពនៃសេចក្ដីពិត ហើយត្រូវមានចិត្តនិងគំនិតដូចគ្នានឹងព្រះគ្រីស្ទដែរ។ គ្រប់ពេលនិងគ្រប់ទីកន្លែង ពួកគេត្រូវតែអាចលើកសរសើរ និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ និងអាចប្រើសេចក្ដីពិតដើម្បីធ្វើសង្គ្រាមជាមួយសាតាំង។ អ្វីគ្រប់យ៉ាង គឺពួកគេត្រូវតែឈរនៅខាងព្រះជាម្ចាស់ ធ្វើបន្ទាល់ និងរស់នៅតាមថតភាពនៃសេចក្ដីពិត។ ពួកគេត្រូវតែអាចធ្វើឱ្យសាតាំងអាម៉ាស់មុខ និងយកជ័យជម្នះដ៏អស្ចារ្យថ្វាយព្រះជាម្ចាស់។ នោះគឺជាអត្ថន័យនៃការក្លាយជាទាហានដ៏ល្អរបស់ព្រះគ្រីស្ទ។ ទាហានល្អរបស់ព្រះជាម្ចាស់ គឺអ្នកមានជ័យជម្នះ ជាមនុស្សដែលយកឈ្នះលើសាតាំង។ ក្នុងការដែលព្រះជាម្ចាស់តាំងសេចក្ដីសម្រូវឱ្យមនុស្សស្មោះត្រង់ មិនបោកបញ្ឆោត ព្រះជាម្ចាស់មិនមែនសុំឱ្យពួកគេល្ងង់ខ្លៅឡើយ ប៉ុន្តែទ្រង់សុំឱ្យពួកគេកម្ចាត់បង់នូវនិស្ស័យក្រអឺតក្រទមរបស់ពួកគេចេញ សម្រេចនូវការចុះចូលចំពោះទ្រង់ និងនាំសិរីល្អថ្វាយដល់ទ្រង់។ ការអនុវត្តសេចក្ដីពិត អាចសម្រេចបានលទ្ធផលបែបនេះឯង។ នេះមិនមែនជាការផ្លាស់ប្ដូរឥរិយាបថរបស់មនុស្សឡើយ វាមិនមែនជាបញ្ហានៃការនិយាយច្រើន ឬនិយាយតិចនោះទេ ក៏មិនមែនជារបៀបដែលមនុស្សធ្វើអ្វីៗនោះដែរ។ ផ្ទុយទៅវិញ វាគឺជាបំណងដែលបង្កប់ពីក្រោយសម្ដីនិងទង្វើរបស់មនុស្ស ជាការគិតនិងគំនិតរបស់មនុស្ស ជាមហិច្ឆតានិងបំណងរបស់មនុស្ស។ គ្រប់យ៉ាងដែលជាកម្មសិទ្ធិនៃនិស្ស័យពុករលួយដែលចាក់បង្ហូរចេញមក និងជាកម្មសិទ្ធិនៃកំហុសឆ្គង ត្រូវធ្វើការផ្លាស់ប្ដូរឱ្យដល់ឫសគល់របស់វា ដើម្បីឱ្យវាស្របទៅនឹងសេចក្ដីពិត។ ប្រសិនបើមនុស្សម្នាក់ចង់សម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យ ពួកគេត្រូវតែអាចមើលធ្លុះពីសារជាតិនៃនិស្ស័យរបស់សាតាំង។ ប្រសិនបើអ្នកអាចមើលធ្លុះពីសារជាតិនៃនិស្ស័យបោកបញ្ឆោត ដែលជាសារជាតិនៃនិស្ស័យរបស់សាតាំង និងជាមុខមាត់របស់អារក្ស ប្រសិនបើអ្នកអាចស្អប់សាតាំង និងលះបង់អារក្សចោល នោះអ្នកនឹងងាយស្រួលកម្ចាត់បង់នូវនិស្ស័យពុករលួយរបស់អ្នកមិនខាន។ ប្រសិនបើអ្នកពុំដឹងថា នៅក្នុងខ្លួនអ្នកមានសភាពបោកបញ្ឆោតទេ ប្រសិនបើអ្នកពុំដឹងពីនិស្ស័យពុករលួយដែលចាក់បង្ហូរចេញមកទេ នោះអ្នកនឹងមិនដឹងថាត្រូវស្វែងរកសេចក្ដីពិតមកដោះស្រាយបញ្ហានេះតាមរបៀបណាឡើយ ហើយអ្នកនឹងពិបាកក្នុងការផ្លាស់ប្ដូរនិស្ស័យរបស់អ្នកមិនខាន។ ដំបូង អ្នកត្រូវដឹងថា មានអ្វីខ្លះដែលចាក់បង្ហូរចេញមកតាមរយៈខ្លួនអ្នក ហើយតើអ្វីទាំងនោះ គឺជាទិដ្ឋភាពនៃនិស្ស័យពុករលួយមួយណា។ ប្រសិនបើអ្វីៗដែលបានបង្ហាញចេញមក គឺជានិស្ស័យបោកបញ្ឆោត តើអ្នកនឹងស្អប់វាអស់ពីចិត្តដែរឬទេ? ហើយប្រសិនបើអ្នកស្អប់មែន តើអ្នកគួរផ្លាស់ប្ដូរយ៉ាងដូចម្ដេច? អ្នកត្រូវធ្វើការដោះស្រាយបំណងរបស់អ្នក និងកែតម្រូវទស្សនៈរបស់អ្នក។ ដំបូង អ្នកត្រូវស្វែងរកសេចក្ដីពិតពាក់ព័ន្ធនឹងបញ្ហានេះ ដើម្បីដោះស្រាយបញ្ហារបស់អ្នកជាមុនសិន ដោយខំប្រឹងប្រែងដើម្បីសម្រេចឱ្យបាននូវអ្វីដែលព្រះជាម្ចាស់ត្រាស់បង្គាប់ និងផ្គាប់ព្រះទ័យទ្រង់ ហើយក្លាយជាមនុស្សម្នាក់ដែលពុំព្យាយាមបោកប្រាស់ព្រះជាម្ចាស់ ឬបោកប្រាស់អ្នកដទៃ សូម្បីតែមនុស្សដែលល្ងីល្ងើនិងល្ងង់ខ្លៅបន្តិចក៏ដោយ។ ការព្យាយាមបោកប្រាស់មនុស្សដែលល្ងីល្ងើ ឬល្ងង់ខ្លៅ គឺអសីលធម៌ខ្លាំងណាស់។ ទង្វើនេះ ធ្វើឱ្យអ្នកក្លាយជាអារក្ស។ ដើម្បីក្លាយជាមនុស្សស្មោះត្រង់ អ្នកមិនត្រូវបោកប្រាស់ ឬនិយាយកុហកនរណាម្នាក់ឡើយ។ តែចំពោះអារក្សនិងសាតាំងវិញ អ្នកត្រូវជ្រើសរើសពាក្យពេចន៍ប្រកបដោយប្រាជ្ញាញាណ បើមិនដូច្នោះទេ អ្នកមុខជាត្រូវពួកវាលេងសើចដាក់ ហើយនាំសេចក្ដីអាម៉ាស់ដល់ព្រះជាម្ចាស់មិនខាន។ មានតែតាមរយៈការជ្រើសរើសពាក្យពេចន៍ដោយឈ្លាសវៃ និងការអនុវត្តសេចក្ដីពិតប៉ុណ្ណោះ ទើបអ្នកនឹងអាចយកឈ្នះ និងបំបាក់មុខសាតាំងបាន។ មនុស្សដែលល្ងង់ខ្លៅ ល្ងីល្ងើ និងរឹងរូស នឹងមិនដែលអាចយល់ពីសេចក្ដីពិតឡើយ។ ពួកគេអាចត្រឹមត្រូវសាតាំងបោកប្រាស់ លេងសើចដាក់ និងជាន់ឈ្លីប៉ុណ្ណោះ ហើយចុងក្រោយ ក៏ត្រូវវាលេបត្របាក់អស់។

បន្ទាប់មកទៀត យើងនាំគ្នានិយាយអំពីនិស្ស័យក្នុងប្រភេទទីបួនវិញម្ដង។ ក្នុងអំឡុងការជួបជុំគ្នា មនុស្សមួយចំនួនអាចប្រកបគ្នាបានខ្លះៗអំពីសភាពផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែ នៅពេលនិយាយដល់សារជាតិនៃបញ្ហារបស់ពួកគេ ដល់បំណងនិងគំនិតផ្ទាល់ខ្លួនរបស់ពួកគេវិញ ពួកគេបែរជាគេចវេះ។ នៅពេលមនុស្សលាតត្រដាងពួកគេថាមានបំណងនិងគោលបំណង ពួកគេងក់ក្បាល ហើយព្រមទទួលយករឿងនេះ។ ប៉ុន្តែ នៅពេលមនុស្សព្យាយាមលាតត្រដាង ឬវិភាគពីអ្វីៗឱ្យកាន់តែស៊ីជម្រៅ ពួកគេមិនអាចទ្រាំស្ដាប់បានទេ ពួកគេក៏ក្រោកឈរ ហើយដើរចេញទៅបាត់។ ហេតុអ្វីនៅពេលសំខាន់បែបនេះ ពួកគេបែរជាប្រញាប់ចាកចេញទៅបែបនេះ? (ពួកគេពុំទទួលយកសេចក្ដីពិត ហើយមិនព្រមប្រឈមមុខនឹងបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេឡើយ។) នេះគឺជាបញ្ហាខាងនិស្ស័យ។ នៅពេលដែលពួកគេពុំព្រមទទួលយកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហានៅក្នុងខ្លួនពួកគេ តើនេះមានន័យថា ពួកគេនឿយណាយនឹងសេចក្ដីពិត មែនទេ? តើមានសេចក្ដីអធិប្បាយបែបណាខ្លះដែលអ្នកដឹកនាំនិងអ្នកធ្វើការមួយចំនួនមិនចង់ស្ដាប់នោះ? (សេចក្ដីអធិប្បាយអំពីរបៀបសម្គាល់ពីពួកទទឹងនឹងព្រះគ្រីស្ទ និងអ្នកដឹកនាំក្លែងក្លាយ។) ត្រូវហើយ។ ពួកគេគិតថា៖ «ម៉េចក៏អ្នកនិយាយអំពីការកំណត់អត្តសញ្ញាណពួកទទឹងនឹងព្រះគ្រីស្ទ និងអ្នកដឹកនាំក្លែងក្លាយ និងពីពួកផារិស៊ីច្រើនខ្លាំងម៉្លេះ? អ្នកកំពុងធ្វើឱ្យខ្ញុំភ័យហើយ»។ ពេលស្ដាប់ឮថា នឹងមានការជជែកគ្នាអំពីការកំណត់អត្តសញ្ញាណអ្នកដឹកនាំនិងអ្នកធ្វើការក្លែងក្លាយ ពួកគេរកលេសដើម្បីចាកចេញ។ តើពាក្យ «ចាកចេញ» នៅទីនេះ មានន័យដូចម្ដេច? ពាក្យនេះមានន័យថា ការប្រញាប់ចាកចេញ ការលាក់បាំង។ ហេតុអ្វីបានជាពួកគេព្យាយាមលាក់បាំង? នៅពេលដែលមនុស្សដទៃនិយាយការពិត អ្នកគួរតែស្ដាប់៖ ការស្ដាប់ គឺជារឿងល្អសម្រាប់អ្នក។ កត់ត្រាទុកនូវអ្វីដែលគំរោះគំរើយពិបាកស្ដាប់ ឬអ្វីដែលអ្នកគិតថាពិបាកនឹងទទួលយក។ បន្ទាប់មក អ្នកគួរគិតអំពីចំណុចទាំងនោះឱ្យបានញឹកញាប់ ទទួលយកវាបន្តិចម្ដងៗ និងធ្វើការផ្លាស់ប្ដូរបណ្ដើរៗ។ ដូច្នេះ ហេតុអ្វីត្រូវលាក់បាំង? មនុស្សបែបនេះយល់ថា ព្រះបន្ទូលជំនុំជម្រះទាំងនេះ ម៉ឺងម៉ាត់ខ្លាំងពេក ហើយពិបាកនឹងស្ដាប់ចូលត្រចៀកណាស់ ដូច្នេះ ក៏កើតមានការទាស់ទទឹង និងការប្រឆាំងនៅក្នុងខ្លួនពួកគេ។ ពួកគេនិយាយក្នុងចិត្តថា៖ «ខ្ញុំមិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទ ឬអ្នកដឹកនាំក្លែងក្លាយទេ ហេតុអ្វីបានជាបន្តនិយាយពីខ្ញុំជាប់រហូតបែបនេះ? ហេតុអ្វីបានជាមិនព្រមនិយាយពីអ្នកផ្សេងទៀតអ៊ីចឹង? និយាយពីការកំណត់អត្តសញ្ញាណមនុស្សអាក្រក់ទៅ កុំនិយាយពីខ្ញុំធ្វើអី!» ពួកគេប្រែជាគេចវេះ និងប្រឆាំងទាស់។ តើនេះគឺជានិស្ស័យបែបណា? ប្រសិនបើពួកគេមិនអាចទទួលយកការពិតបានទេ ហើយតែងដេញដោលរកហេតុផល និងប្រកែកដើម្បីការពារខ្លួន តើនៅត្រង់នេះ មិនមែនមានបញ្ហានិស្ស័យពុករលួយទេឬអី? នេះគឺជានិស្ស័យនៃការនឿយណាយនឹងសេចក្ដីពិត។ អ្នកដឹកនាំនិងអ្នកធ្វើការ មានសភាពប្រភេទនេះ ចុះចំណែកបងប្អូនប្រុសស្រីធម្មតាវិញ? (ពួកគាត់ក៏មានសភាពបែបនេះដែរ។) នៅពេលមនុស្សជួបគ្នាដំបូង ពួកគេពិតជាគួរឱ្យស្រឡាញ់ណាស់ ហើយពេញចិត្តនឹងថាតាមពាក្យនៃគោលលទ្ធិដូចជាសត្វសេកអ៊ីចឹង។ ពួកគេមើលទៅដូចជាស្រឡាញ់សេចក្ដិពិតណាស់។ ប៉ុន្តែ នៅពេលនិយាយដល់បញ្ហាផ្ទាល់ខ្លួន និងការលំបាកជាក់ស្ដែង មនុស្សជាច្រើនល្ងង់ខ្លៅរកលេខដាក់គ្មាន។ ឧទាហរណ៍ មនុស្សមួយចំនួនត្រូវជាប់ចំណងអាពាហ៍ពិពាហ៍របស់ខ្លួនមិនលែងឡើយ។ ពួកគេគ្មានឆន្ទៈក្នុងការបំពេញភារកិច្ច ឬដេញតាមសេចក្ដីពិតនោះទេ ហើយអាពាហ៍ពិពាហ៍បានក្លាយជាឧបសគ្គ និងជាបន្ទុកដ៏ធំបំផុតសម្រាប់ពួកគេ។ នៅក្នុងការជួបជុំ នៅពេលអ្នករាល់គ្នាប្រកបគ្នាអំពីសភាពនេះ ពួកគេយកពាក្យដែលអ្នកដទៃប្រកបគ្នានោះមកដាក់លើខ្លួនឯង ហើយយល់ថា ពួកគេកំពុងនិយាយពីខ្លួនពួកគេ។ ពួកគេនិយាយថា៖ «ខ្ញុំអត់បញ្ហាទេ ដែលបងប្អូនប្រកបគ្នាពីសេចក្ដីពិតនោះ ប៉ុន្តែ ហេតុអ្វីចាំបាច់លើកយកខ្ញុំមកនិយាយ? តើបងប្អូនរាល់គ្នាគ្មានបញ្ហាណាមួយទេឬអី? ម៉េចបានចេះតែនិយាយពីខ្ញុំអ៊ីចឹង?» តើនេះគឺជានិស្ស័យបែបណា? នៅពេលអ្នកជួបជុំប្រកបគ្នាពីសេចក្ដីពិត អ្នកត្រូវវែកញែកឱ្យល្អិតល្អន់ពីបញ្ហាជាក់ស្ដែង ហើយត្រូវអនុញ្ញាតឱ្យមនុស្សគ្រប់គ្នានិយាយពីការយល់ដឹងរបស់ពួកគេអំពីបញ្ហាទាំងនេះ។ មានតែពេលនោះទេ ទើបអ្នកអាចស្គាល់ខ្លួនឯង និងអាចដោះស្រាយបញ្ហារបស់អ្នកបាន។ ហេតុអ្វីបានជាមនុស្សមិនអាចទទួលយករឿងនេះបាន? នៅពេលដែលមនុស្សមិនអាចទទួលយកការលួសកាត់ និងការដោះស្រាយជាមួយ និងមិនអាចទទួលយកសេចក្ដីពិតបាន តើនេះគឺជានិស្ស័យបែបណា? តើអ្នកមិនគួរឈ្វេងយល់ពីចំណុចនេះឱ្យបានច្បាស់ទេឬអី? ទាំងអស់នេះគឺសុទ្ធតែជាការបង្ហាញចេញពីការនឿយណាយនឹងសេចក្ដីពិត។ នេះគឺជាសារជាតិនៃបញ្ហានេះ។ នៅពេលមនុស្សនឿយណាយនឹងសេចក្ដីពិត ពួកគេពិបាកនឹងទទួលយកសេចក្ដីពិតណាស់ ហើយប្រសិនបើពួកគេមិនអាចទទួលយកសេចក្ដីពិតបានទេ តើបញ្ហានិស្ស័យពុករលួយរបស់ពួកគេអាចដោះស្រាយបានដែរឬទេ? (មិនបានទេ។) ដូច្នេះ តើមនុស្សម្នាក់ដែលមិនអាចទទួលយកសេចក្ដីពិតបាន អាចសម្រេចនូវសេចក្ដីពិតដែរឬទេ? តើពួកគេអាចត្រូវព្រះជាម្ចាស់ដែរឬទេ? ដាច់ខាត ច្បាស់ជាអត់ហើយ។ តើមនុស្សដែលមិនទទួលយកសេចក្ដីពិត ជឿព្រះជាម្ចាស់ដោយស្មោះដែរឬទេ? ច្បាស់ជាអត់ហើយ។ ទិដ្ឋភាពដ៏សំខាន់បំផុតរបស់មនុស្សដែលជឿលើព្រះជាម្ចាស់ពិតប្រាកដ គឺការដែលអាចទទួលយកសេចក្ដីពិតបាន។ មនុស្សដែលមិនអាចទទួលយកសេចក្ដីពិតទាំងស្រុង ពុំជឿព្រះជាម្ចាស់ដោយស្មោះឡើយ។ តើមនុស្សបែបនេះអាចអង្គុយស្ងៀមក្នុងពេលគេអធិប្បាយបានដែរទេ? ពួកគេអាចទទួលបានអ្វីដែរឬទេ? មិនអាចទទួលបានឡើយ។ នេះគឺដោយសារសេចក្ដីអធិប្បាយបង្ហាញពីសភាពពុករលួយជាច្រើនរបស់មនុស្ស។ តាមរយៈការវែកញែកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សទទួលបានការយល់ដឹង ហើយបន្ទាប់មក តាមរយៈការបន្តប្រកបគ្នាអំពីគោលការណ៍នៃការអនុវត្ត ពួកគេក៏ទទួលបានផ្លូវអនុវត្ត ហើយតាមរបៀបនេះ ពួកគេក៏សម្រេចលទ្ធផល។ នៅពេលមនុស្សបែបនេះឮថា សភាពដែលត្រូវបើកសម្ដែងនោះ ពាក់ព័ន្ធនឹងពួកគេ ថាវាពាក់ព័ន្ធនឹងបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេ នោះសេចក្ដីអៀនខ្មាសរបស់ពួកគេ ក៏រុញច្រានពួកគេទៅក្នុងកម្សួលនៃចិត្តខឹង ហើយពួកគេថែមទាំងអាចក្រោកឈរ និងដើរចេញពីការជួបជុំទៀតផង។ ទោះបីជាពួកគេពុំចាកចេញ ក៏ពួកគេអាចនឹងចាប់ផ្ដើមមានអារម្មណ៍មួរម៉ៅ និងគិតក្នុងចិត្តថា គេធ្វើដាក់ខ្លួនពុំសមស្រប ដែលក្នុងករណីនេះ ពួកគេគ្មានហេតុផលណាដែលត្រូវចូលរួមក្នុងការជួបជុំ ឬស្ដាប់សេចក្ដីអធិប្បាយឡើយ។ តើគោលបំណងនៃការស្ដាប់សេចក្ដីអធិប្បាយមិនមែនដើម្បីយល់ពីសេចក្ដីពិត និងដោះស្រាយបញ្ហាជាក់ស្ដែងផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗទេឬអី? ប្រសិនបើអ្នកតែងតែខ្លាចថាបញ្ហាផ្ទាល់ខ្លួនរបស់អ្នកត្រូវបានគេលាតត្រដាង ប្រសិនបើអ្នកចេះតែភ័យខ្លាចជាប់ជានិច្ចថា គេនឹងនិយាយពីអ្នក ដូច្នេះ ហេតុអ្វីចាំបាច់ជឿលើព្រះជាម្ចាស់ធ្វើអី? ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនអាចទទួលយកសេចក្ដីពិតបាន នោះអ្នកមិនជឿលើព្រះជាម្ចាស់ពិតប្រាកដឡើយ។ ប្រសិនបើអ្នកតែងភ័យខ្លាចត្រូវគេលាតត្រដាង តើអ្នកនឹងអាចដោះស្រាយបញ្ហាសេចក្ដីពុករលួយរបស់អ្នកបានយ៉ាងដូចម្ដេចទៅ? ប្រសិនបើអ្នកមិនអាចដោះស្រាយបញ្ហាសេចក្ដីពុករលួយរបស់អ្នកបានទេ តើជឿលើព្រះជាម្ចាស់បានប្រយោជន៍អ្វី? គោលបំណងនៃការសេចក្ដីជំនឿលើព្រះជាម្ចាស់ គឺដើម្បីទទួលយកសេចក្ដីសង្គ្រោះពីព្រះជាម្ចាស់ កម្ចាត់បង់នូវនិស្ស័យពុករលួយរបស់អ្នក និងរស់នៅក្នុងលក្ខណៈដូចជាមនុស្សពិតប្រាកដ ដែលអ្វីទាំងអស់នេះ អាចសម្រេចបានតាមរយៈការទទួលយកសេចក្ដីពិត។ ប្រសិនបើអ្នកមិនអាចទទួលយកសេចក្ដីពិត ឬសូម្បីតែការដោះស្រាយជាមួយ ឬការលាតត្រដាងបានផង ដូច្នេះ អ្នកគ្មានផ្លូវណានឹងសម្រេចបាននូវសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ឡើយ។ ដូច្នេះ ចូរប្រាប់ខ្ញុំមក៖ នៅក្នុងក្រុមជំនុំនីមួយៗ តើមានមនុស្សប៉ុន្មាននាក់ដែលអាចទទួលយកសេចក្ដីពិតបាន? តើអ្នកដែលមិនអាចទទួលយកសេចក្ដីពិតបាន មានច្រើនឬតិច? (មានច្រើន។) នៅក្នុងចំណោមរាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់នៅក្នុងក្រុមជំនុំ តើពិតជាមានស្ថានភាពបែបនេះកើតឡើងមែនដែរឬទេ តើវាជាបញ្ហាជាក់ស្ដែងដែរឬទេ? អស់អ្នកណាដែលមិនអាចទទួលយកសេចក្ដីពិតបាន មិនអាចទទួលយកការដោះស្រាយជាមួយ និងការលួសកាត់បានទេ អ្នកនោះគឺនឿយណាយនឹងសេចក្តីពិតហើយ។ ការនឿយណាយនឹងសេចក្ដីពិត គឺជានិស្ស័យពុករលួយមួយប្រភេទ ហើយប្រសិនបើនិស្ស័យនេះមិនអាចផ្លាស់ប្ដូរបាន តើពួកគេអាចសង្គ្រោះបានទេ? ច្បាស់ជាអត់ហើយ។ សព្វថ្ងៃនេះ មានមនុស្សជាច្រើនដែលពិបាកនឹងទទួលយកសេចក្ដីពិតណាស់។ រឿងនេះមិនមែនងាយស្រួលនោះទេ។ ដើម្បីដោះស្រាយបញ្ហានេះ មនុស្សម្នាក់ត្រូវតែដកពិសោធន៍ការជំនុំជម្រះ ការវាយផ្ចាល ការល្បងល និងការបន្សុទ្ធពីព្រះជាម្ចាស់ខ្លះ ទើបបាន។ ដូច្នេះ តើអ្នករាល់គ្នាយល់យ៉ាងណា៖ នៅពេលដែលមនុស្សមិនអាចទទួលយកការលួសកាត់ និងការដោះស្រាយជាមួយបាន នៅពេលដែលពួកគេពុំយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកប្រៀបធៀបនឹងខ្លួនឯង ឬសភាពដែលត្រូវបើកសម្ដែងតាមរយៈសេចក្ដីអធិប្បាយនោះទេ តើនោះគឺជានិស្ស័យបែបណា? (ជានិស្ស័យនៃការនឿយណាយនឹងសេចក្ដីពិត។) នេះគឺជានិស្ស័យពុករលួយក្នុងប្រភេទទីបួន៖ ការនឿយណាយនឹងសេចក្ដីពិត។ តើពួកគេនឿយណាយប៉ុនណាដែរ? (ពួកគេមិនចង់អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនចង់ស្ដាប់សេចក្ដីអធិប្បាយ ហើយក៏មិនចង់ប្រកបគ្នាពីសេចក្ដីពិតដែរ។) ចំណុចទាំងនេះ គឺជាការបង្ហាញឱ្យឃើញជាក់ស្ដែងបំផុត។ ឧទាហរណ៍ នៅពេលនរណាម្នាក់និយាយថា៖ «អ្នកពិតជាជឿលើព្រះជាម្ចាស់ពិតមែន។ អ្នកបានទុកគ្រួសារនិងការងារចោល ដើម្បីបំពេញភារកិច្ច ហើយបានរងទុក្ខយ៉ាងច្រើន និងបានលះបង់តម្លៃយ៉ាងច្រើនផង កាលពីប៉ុន្មានឆ្នាំកន្លងមកនេះ។ ព្រះជាម្ចាស់ប្រទានពរដល់មនុស្សបែបនេះ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា អស់អ្នកណាដែលលះបង់ដើម្បីព្រះជាម្ចាស់ដោយស្មោះ អ្នកនោះនឹងទទួលបានព្រះពរដ៏អស្ចារមិនខាន» ហើយអ្នកក៏និយាយថា អាម៉ែន និងទទួលយកការពិតទាំងនោះ។ ក៏ប៉ុន្តែ នៅពេលមនុស្សម្នាក់បន្តនិយាយថា៖ «ប៉ុន្តែ អ្នកត្រូវតែខំប្រឹងដើម្បីសេចក្ដីពិត! ប្រសិនបើមនុស្សតែងធ្វើអ្វីដោយមានបំណងបង្កប់ក្នុងនោះ និងតែងធ្វើអ្វីតាមទំនើងចិត្ត ទៅតាមបំណងផ្ទាល់ខ្លួនរបស់ពួកគេ នោះមិនយូរមិនឆាប់ទេ ពួកគេនឹងប្រមាថដល់ព្រះជាម្ចាស់ និងធ្វើឱ្យព្រះអង្គស្អប់មិនខាន» នៅពេលអ្នកនោះនិយាយសម្ដីបែបនេះ អ្នកមិនអាចទទួលយកបានទេ។ ពេលស្ដាប់ឮការប្រកបគ្នាពីសេចក្ដីពិត អ្នកមិនត្រឹមតែមិនអាចទទួលយកបានប៉ុណ្ណោះទេ ប៉ុន្តែអ្នកថែមទាំងកើតមានការខឹងសម្បាទៀតផង ហើយអ្នកនិយាយស៊កសៀតនៅក្នុងចិត្តអ្នកថា៖ «អ្នកចំណាយពេលពេញមួយថ្ងៃប្រកបគ្នាពីសេចក្ដីពិត ប៉ុន្តែ ខ្ញុំមិនដែលឃើញអ្នករាល់គ្នាណាម្នាក់ឡើងទៅស្ថានសួគ៌ឡើយ»។ តើនេះគឺជានិស្ស័យបែបណា? (ជាការនឿយណាយនឹងសេចក្ដីពិត។) នៅពេលសម្ដីក្លាយទៅជាការអនុវត្តជាក់ស្ដែង នៅពេលមនុស្សចាប់ផ្ដើមម៉ឺងម៉ាត់ដាក់អ្នក នៅក្នុងចិត្តអ្នក ក៏លេចចេញនូវការស្អប់ខ្ពើម ការខ្វះក្ដីអំណត់ និងការទាស់ទទឹង។ នេះគឺជាការនឿយណាយនឹងសេចក្ដីពិត។ ហើយតើនិស្ស័យប្រភេទនេះ ពោលគឺនិស្ស័យនឿយណាយនឹងសេចក្ដីពិតនេះ ត្រូវបង្ហាញចេញមកជាចម្បងតាមរបៀបណា? តាមរយៈការបដិសេធមិនទទួលយកការលួសកាត់ និងការដោះស្រាយជាមួយ។ ការដែលមិនទទួលយកការលួសកាត់ និងការដោះស្រាយជាមួយ គឺជាសភាពមួយបែបដែលបង្ហាញចេញតាមរយៈនិស្ស័យប្រភេទនេះ។ នៅក្នុងចិត្តរបស់ពួកគេ មនុស្សទាំងនេះមានការទាស់ទទឹងជាខ្លាំង នៅពេលអ្នកដទៃដោះស្រាយជាមួយពួកគេ។ ពួកគេគិតថា៖ «ខ្ញុំមិនចង់ស្ដាប់រឿងនេះទេ! ខ្ញុំមិនចង់ស្ដាប់រឿងនេះទេ!» ឬ «ម៉េចបានមិនព្រមដោះស្រាយជាមួយអ្នកផ្សេង? ម៉េចបានធ្វើបាបខ្ញុំ?» តើការនឿយណាយនឹងសេចក្ដីពិតមានន័យដូចម្ដេច? ការនឿយណាយនឹងសេចក្ដីពិត គឺនៅពេលមនុស្សម្នាក់មិនចាប់អារម្មណ៍ទាល់តែសោះនឹងអ្វីដែលជាប់ពាក់ ព័ន្ធនឹងរឿងវិជ្ជមាន នឹងសេចក្ដីពិត នឹងអ្វីដែលព្រះជាម្ចាស់ត្រាស់បង្គាប់ ឬនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ជួនកាល ពួកគេមានការស្អប់ខ្ពើមរឿងទាំងនេះណាស់ ជួនកាល ពួកគេមិនសូវរាប់រករឿងទាំងនេះទេ ជួនកាល ពួកគេមិនពាក់ព័ន្ធនិងមិនចាប់អារម្មណ៍ទេ ហើយចាត់ទុករឿងទាំងនេះថាជារឿងមិនសំខាន់ ហើយពួកគេមិនបញ្ចេញអារម្មណ៍ពិត មិនសូវយកចិត្តទុកដាក់ខ្លាំងលើរឿងទាំងនេះ ឬគ្មានទំនួលខុសត្រូវលើរឿងទាំងនេះឡើយ ហាក់ដូចជាសេចក្ដីពិតគ្មានអ្វីពាក់ព័ន្ធនឹងពួកគេដូច្នោះដែរ។ នៅពេលមនុស្សខ្លះប្រកបគ្នាក្នុងអំឡុងពេលនៃការជួបជុំ ពួកគេហាក់ដូចជាសកម្មខ្លាំងណាស់ ពួកគេចូលចិត្តនិយាយពាក្យនៃគោលលទ្ធិដដែលៗ និងនិយាយឃ្លាឃ្លោងខ្ពង់ខ្ពស់ ដើម្បីធ្វើឱ្យអ្នកដទៃវង្វេង និងដើម្បីយកឈ្នះលើពួកគេ។ ពេលពួកគេធ្វើបែបនេះ ពួកគេមើលទៅដូចស្វាហាប់ និងមានស្មារតីល្អណាស់ ហើយពួកគេបន្តធ្វើបែបនេះឥតឈប់។ ចំណែកមនុស្សខ្លះទៀត ចំណាយពេលពេញមួយថ្ងៃ តាមពីព្រលឹមទល់យប់ រវល់នឹងរឿងសេចក្តីជំនឿ ដោយអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ អធិស្ឋាន ស្ដាប់ទំនុកតម្កើង កត់ត្រាទុក ហាក់ដូចជាពួកគេមិនអាចឃ្លាតឆ្ងាយពីព្រះជាម្ចាស់សូម្បីតែមួយវិនាទីណាឡើយ។ តាំងពីព្រលឹមទល់ព្រលប់ ពួកគេមមាញឹកនឹងការបំពេញភារកិច្ចរបស់ខ្លួន។ តើមនុស្សបែបនេះពិតជាស្រឡាញ់សេចក្តីពិត មែនទេ? តើពួកគេគ្មាននិស្ស័យដែលនឿយណាយនឹងសេចក្តីពិតទេមែនទេ? តើអាចមើលឃើញពីសភាពពិតរបស់ពួកគេនៅពេលណា? (នៅពេលដែលត្រូវអនុវត្តសេចក្តីពិត ពួកគេរត់គេច ហើយពួកគេព្រមទទួលយកការលួសកាត់និងការដោះស្រាយជាមួយឡើយ។) តើនេះអាចដោយសារតែពួកគេមិនយល់ពីអ្វីដែលពួកគេស្ដាប់ឮ ឬក៏ដោយសារតែពួកគេមិនយល់ពីសេចក្តីពិត ទើបពួកគេមិនព្រមទទួលយកសេចក្ដីពិត? ចម្លើយគឺមិនបែបទាំងអស់។ ពួកគេត្រូវធម្មជាតិរបស់ពួកគេគ្រប់គ្រងបាន។ នេះគឺជាបញ្ហានិស្ស័យ។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេដឹងយ៉ាងច្បាស់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាសេចក្តីពិត និងជារឿងវិជ្ជមាន ហើយក៏ដឹងទៀតថា ការអនុវត្តសេចក្តីពិត អាចនាំមកនូវការផ្លាស់ប្ដូរនិស្ស័យរបស់មនុស្ស និងអាចឱ្យពួកគេបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន ប៉ុន្តែគ្រាន់តែពួកគេមិនទទួលយក ឬអនុវត្តសេចក្តីទាំងនោះប៉ុណ្ណោះ។ ទង្វើនេះ គឺជាការនឿយណាយនឹងសេចក្តីពិត។ តើអ្នករាល់គ្នាធ្លាប់ឃើញនិស្ស័យនឿយណាយនឹងសេចក្ដីពិតនេះនៅក្នុងខ្លួននណាដែរឬទេ? (នៅក្នុងខ្លួនពួកអ្នកមិនជឿព្រះ។) ពួកអ្នកមិនជឿព្រះ នឿយណាយនឹងសេចក្ដីពិត រឿងនេះគឺច្បាស់លាស់ណាស់។ ព្រះជាម្ចាស់គ្មានផ្លូវសង្គ្រោះពួកគេឡើយ។ ដូច្នេះ ក្នុងចំណោមអ្នកដែលជឿលើព្រះជាម្ចាស់ តើអ្នកឃើញមនុស្សដែលនឿយណាយនឹងសេចក្ដីពិត មានបញ្ហាអ្វី? អាចថា នៅពេលដែលអ្នកប្រកបគ្នាពីសេចក្ដីពិតជាមួយពួកគេ ពួកគេពុំបានក្រោកឈរ និងដើរចាកចេញទៅទេ ហើយនៅពេលការប្រកបគ្នានិយាយប៉ះចំការលំបាកនិងបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេប្រឈមនឹងបញ្ហានោះបានត្រឹមត្រូវ ក៏ប៉ុន្តែ ពួកគេនៅតែមាននិស្ស័យនៃការនឿយណាយនឹងសេចក្ដីពិតដដែល។ តើអាចមើលឃើញនិស្ស័យនេះពីចំណុចណា? (ពួកគេតែងស្ដាប់ការអធិប្បាយជារឿយៗ ប៉ុន្តែ ពួកគេពុំអនុវត្តសេចក្ដីពិតឡើយ។) មនុស្សដែលពុំអនុវត្តសេចក្ដីពិត ច្បាស់ជាមាននិស្ស័យនឿយណាយនឹងសេចក្ដីពិតហើយ។ មនុស្សមួយចំនួនដែលអាចអនុវត្តសេចក្ដីពិតបានបន្តិចបន្ដួចម្ដងម្កាល ដូច្នេះ តើពួកគេមាននិស្ស័យនឿយណាយនឹងសេចក្ដីពិតដែរឬទេ? និស្ស័យបែបនេះ ក៏ឃើញមាននៅក្នុងចំណោមអ្នកដែលអនុវត្តសេចក្ដីពិតដែរ គ្រាន់តែមានកម្រិតខុសគ្នាប៉ុណ្ណោះ។ ការដែលអ្នកអាចអនុវត្តសេចក្ដីពិតបាន ពុំមានន័យថា អ្នកពុំមាននិស្ស័យនឿយណាយនឹងសេចក្ដីពិតនោះទេ។ ការអនុវត្តសេចក្ដីពិត ពុំមានន័យថា និស្ស័យជីវិតរបស់អ្នកបានផ្លាស់ប្ដូរភ្លាមៗនោះទេ គ្មានករណីបែបនេះឡើយ។ អ្នកត្រូវតែដោះស្រាយបញ្ហានិស្ស័យពុករលួយរបស់អ្នក នេះគឺជាផ្លូវតែមួយគត់ក្នុងការសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យជីវិតរបស់អ្នក។ ការអនុវត្តសេចក្ដីពិតម្ដងម្កាល ពុំមានន័យថា អ្នកលែងមាននិស្ស័យពុករលួយទៀតនោះទេ។ អ្នកអាចអនុវត្តសេចក្ដីពិតបាននៅក្នុងផ្នែកណាមួយ ប៉ុន្តែនោះពុំមានន័យថា អ្នកអាចអនុវត្តសេចក្ដីពិតនៅក្នុងផ្នែកផ្សេងទៀតបានឡើយ។ បរិបទនិងហេតុផលក្នុងនោះ គឺខុសៗគ្នា ប៉ុន្តែ អ្វីដែលសំខាន់បំផុតនោះគឺថា និស្ស័យពុករលួយពិតជាមានមែន ដែលជាឫសគល់នៃបញ្ហានេះ។ ហេតុនេះហើយ នៅពេលដែលនិស្ស័យរបស់មនុស្សម្នាក់បានផ្លាស់ប្ដូរ នោះគ្រប់ទាំងការលំបាករបស់ពួកគេ លេសនិងការដោះសាពាក់ព័ន្ធនឹងការអនុវត្តសេចក្ដីពិតជាដើម ពោលគឺបញ្ហាទាំងអម្បាលម៉ាននេះ សុទ្ធតែត្រូវដោះស្រាយទាំងអស់ ហើយគ្រប់ទាំងការមិនស្ដាប់បង្គាប់ ភាពខ្វះចន្លោះ និងកំហុសរបស់ពួកគេ ក៏នឹងត្រូវដោះស្រាយដែរ។ ប្រសិនបើនិស្ស័យរបស់មនុស្សពុំផ្លាស់ប្ដូរទេ ពួកគេមុខជាមានការលំបាកក្នុងការអនុវត្តសេចក្ដីពិត ហើយនឹងតែងតែមានលេសនិងការដោះសាជាប់ជានិច្ចមិនខាន។ ប្រសិនបើអ្នកប្រាថ្នាចង់អនុវត្តសេចក្ដីពិត និងស្ដាប់បង្គាប់ព្រះជាម្ចាស់នៅគ្រប់រឿងទាំងអស់ ដំបូង ត្រូវតែផ្លាស់ប្ដូរនិស្ស័យរបស់អ្នកជាមុនសិន។ មានតែពេលនោះទេ ទើបអ្នកអាចដោះស្រាយឫសគល់នៃបញ្ហារបស់អ្នកបាន។

តើនិស្ស័យនៃការនឿយណាយនឹងសេចក្ដីពិតសំដៅទៅលើអ្វីជាចម្បង? ដំបូង យើងនាំគ្នាពិភាក្សាអំពីសភាពមួយប្រភេទជាមុនសិន។ មនុស្សខ្លះចាប់អារម្មណ៍ក្នុងការស្ដាប់សេចក្ដីអធិប្បាយជាខ្លាំង ហើយកាលណាពួកគេស្ដាប់ការប្រកបគ្នាកាន់តែច្រើនអំពីសេចក្ដីពិត នោះដួងចិត្តរបស់ពួកគេក៏កាន់តែភ្លឺស្វាង ហើយពួកគេក៏កាន់តែអរសប្បាយខ្លាំងឡើង។ ពួកគេមានអាកប្បកិរិយាវិជ្ជមាន និងសកម្មជាខ្លាំង។ តើចំណុចនេះបញ្ជាក់ថា ពួកគេពុំមាននិស្ស័យនឿយណាយនឹងសេចក្ដីពិត មែនទេ? (មិនមែនទេ។) ឧទាហរណ៍ នៅពេលកុមារមួយចំនួនដែលមានអាយុប្រាំពីរ ឬប្រាំបីឆ្នាំ ស្ដាប់ឮពីសេចក្ដីជំនឿលើព្រះជាម្ចាស់ ពួកគេមានការចាប់អារម្មណ៍ ហើយពួកគេតែងអានបន្ទូលរបស់ព្រះជាម្ចាស់ និងចូលរួមការជួបជុំជាមួយឪពុកម្ដាយពួកគេជានិច្ច ហើយមនុស្សខ្លះនិយាយថា៖ «ក្មេងទាំងនេះ ពុំមាននិស្ស័យនឿយណាយនឹងសេចក្ដីពិតទេ ពួកគេឆ្លាតខ្លាំងណាស់ ពួកគេកើតមកដើម្បីជឿលើព្រះជាម្ចាស់ ពួកគេត្រូវបានព្រះជាម្ចាស់រើសតាំង»។ ពួកគេប្រហែលជាត្រូវបានព្រះជាម្ចាស់រើសតាំងមែន ប៉ុន្តែ សម្ដីនេះត្រឹមត្រូវបានពាក់កណ្ដាលប៉ុណ្ណោះ។ នេះគឺដោយសារ ពួកគេនៅក្មេងនៅឡើយ ហើយទិសដៅនៃការដេញតាមរបស់ពួកគេ និងគោលបំណងរបស់ពួកគេនៅក្នុងជីវិត នៅមិនទាន់លេចចេញជារូបរាងនៅឡើយទេ។ នៅពេលដែលទស្សនៈយល់ឃើញរបស់ពួកគេអំពីជីវិតនិងសង្គមមិនទាន់លេចចេញជារូបរាងនៅឡើយ មនុស្សអាចនិយាយបានថា ព្រលឹងក្មេងខ្ចីរបស់ពួកគេ ស្រឡាញ់អ្វីៗដែលវិជ្ជមាន ប៉ុន្តែ អ្នកមិនអាចនិយាយថា ពួកគេពុំមាននិស្ស័យនឿយណាយនឹងសេចក្ដីពិតបានឡើយ។ ហេតុអ្វីបានជាខ្ញុំមានបន្ទូលបែបនេះ? ពួកគេស្ថិតនៅវ័យក្មេងនៅឡើយ។ ភាពជាមនុស្សរបស់ពួកគេ នៅមិនទាន់ចាស់ទុំនៅឡើយទេ ពួកគេខ្វះបទពិសោធ ព្រំដែនរបស់ពួកគេនៅមានកម្រិត ហើយពួកគេពុំយល់ពីអត្ថន័យនៃសេចក្ដីពិតទាល់តែសោះ។ ពួកគេស្គាល់ត្រឹមរសជាតិនៃអ្វីៗដែលវិជ្ជមានប៉ុណ្ណោះ។ អ្នកមិនអាចនិយាយថា ពួកគេស្រឡាញ់សេចក្ដីពិតបានទេ រឹតតែមិនអាចនិយាយថា ពួកគេមានតថភាពនៃសេចក្ដីពិតទៅទៀត។ បន្ថែមលើនេះ ក្មេងៗគ្មានបទពិសោធទេ ហើយគ្មាននរណាអាចដឹងបានថា ក្នុងចិត្តពួកគេមានលាក់បាំងអ្វី ថាតើពួកគេមានធម្មជាតិ និងសារជាតិបែបណាឡើយ។ គ្រាន់តែដោយសារពួកគេចាប់អារម្មណ៍លើសេចក្ដីជំនឿលើព្រះជាម្ចាស់ និងស្ដាប់ការអធិប្បាយ មនុស្សក៏កំណត់ថា ពួកគេស្រឡាញ់សេចក្ដីពិតទៅហើយ។ ទង្វើនេះ គឺជាការបង្ហាញឱ្យឃើញពីភាពល្ងីល្ងើនិងល្ងង់ខ្លៅ ពីព្រោះក្មេងៗពុំដឹងពីអត្ថន័យនៃសេចក្ដីពិតទេ ដូច្នេះហើយ ពួកគេមិនទាំងអាចប្រាប់បានផងថាតើពួកគេស្រឡាញ់សេចក្ដីពិត ឬនឿយណាយនឹងសេចក្ដីពិតនោះ។ ការនឿយណាយនឹងសេចក្ដីពិត សំខាន់គឺសំដៅលើការខ្វះការចាប់អារម្មណ៍ និងការប្រឆាំងទៅនឹងសេចក្ដីពិត ប្រឆាំងនឹងអ្វីៗដែលវិជ្ជមាន។ ការនឿយណាយនឹងសេចក្ដីពិត គឺនៅពេលដែលមនុស្សយល់ពីសេចក្ដីពិត និងដឹងថាអ្វីជារឿងវិជ្ជមានហើយ ប៉ុន្តែ ពួកគេនៅតែមានឥរិយាបថនិងសភាពដែលទាស់ទទឹង ធ្វើការឱ្យតែរួចពីដៃ ស្អប់ខ្ពើម ភូតភរ និងពុំចាប់អារម្មណ៍នឹងសេចក្ដីពិត និងអ្វីៗដែលវិជ្ជមានដដែល។ នេះគឺជានិស្ស័យនឿយណាយនឹងសេចក្ដីពិត។ តើនិស្ស័យប្រភេទនេះ មាននៅក្នុងខ្លួនមនុស្សគ្រប់គ្នាដែរឬទេ? មនុស្សខ្លះនិយាយថា៖ «ទោះបីជាខ្ញុំដឹងថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាសេចក្ដីពិតក៏ដោយ ក៏ខ្ញុំនៅតែពុំចូលចិត្ត ឬទទួលយកដែរ ឬយ៉ាងហោចណាស់ ក៏ខ្ញុំមិនអាចទទួលយកភ្លាមៗដែរ»។ តើត្រង់ចំណុចនេះមានបញ្ហាអ្វី? នេះគឺជាការនឿយណាយនឹងសេចក្ដីពិត។ និស្ស័យនៅក្នុងខ្លួនពួកគេ ពុំអនុញ្ញាតឱ្យពួកគេទទួលយកសេចក្ដីពិតឡើយ។ តើការមិនទទួលយកសេចក្ដីពិត មានការបង្ហាញចេញជាក់លាក់អ្វីខ្លះ? មនុស្សខ្លះថា៖ «ខ្ញុំយល់ពីគ្រប់ទាំងសេចក្ដីពិត ប៉ុន្តែ ខ្ញុំគ្រាន់តែមិនអាចអនុវត្តសេចក្ដីពិតបានប៉ុណ្ណោះ។» សម្ដីនេះបង្ហាញថា បុគ្គលម្នាក់នេះ គឺជាមនុស្សម្នាក់ដែលនឿយណាយនឹងសេចក្ដីពិត ហើយពួកគេពុំស្រឡាញ់សេចក្ដីពិតនោះទេ ដូច្នេះហើយ ពួកគេមិនអាចអនុវត្តសេចក្ដីពិតបានឡើយ។ មនុស្សខ្លះនិយាយថា៖ «ការដែលខ្ញុំអាចរកប្រាក់បានច្រើនបែបនេះ គឺដោយសារតែព្រះជាម្ចាស់។ ព្រះជាម្ចាស់ពិតជាប្រទានពរដល់ខ្ញុំខ្លាំងណាស់ ព្រះជាម្ចាស់ពិតជាល្អដាក់ខ្ញុំណាស់ ព្រះជាម្ចាស់បានប្រទានគ្រប់យ៉ាងដល់ខ្ញុំ។ គ្រួសារខ្ញុំទាំងមូលមានសម្លៀកបំពាក់ស្អាតបាត និងមានអាហារហូបចុកគ្រប់គ្រាន់ ហើយពួកគេមិនចង់បានសម្លៀកបំពាក ឬចំណីអាហារអ្វីទៀតឡើយ»។ ពេលឃើញថា ពួកគេត្រូវបានព្រះជាម្ចាស់ប្រទានពរបែបនេះ មនុស្សទាំងនេះអរព្រះគុណព្រះជាម្ចាស់នៅក្នុងចិត្តពួកគេ ពួកគេដឹងថា អ្វីទាំងនេះគឺសុទ្ធតែត្រូវព្រះជាម្ចាស់គ្រប់គ្រងទាំងអស់ ហើយប្រសិនបើពួកគេមិនត្រូវបានព្រះជាម្ចាស់ប្រទានពរទេ ប្រសិនបើពួកគេពឹងលើទេពកោសល្យផ្ទាល់ខ្លួនរបស់ពួកគេ នោះពួកគេមុខជាមិនអាចរកប្រាក់បានច្រើនដល់ម្ល៉េះទេ។ នេះជាអ្វីដែលពួកគេគិតឃើញនៅក្នុងចិត្តពួកគេ ជាអ្វីដែលពួកគេដឹងពិតប្រាកដ ហើយពួកគេពិតជាអរព្រះគុណព្រះជាម្ចាស់ពិតមែន។ ប៉ុន្តែ មានថ្ងៃមួយដែលការរកស៊ីរបស់ពួកគេត្រូវបរាជ័យ នៅពេលដែលពួកគេជួបការលំបាក ហើយពួកគេត្រូវធ្លាក់ខ្លួនក្រវិញ។ តើហេតុអ្វីបែបនេះ? ដោយសារពួកគេលោភលន់ចង់បានភាពសុខស្រួល ហើយពុំបានគិតពីរបៀបបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ ហើយពួកគេចំណាយពេលទាំងអស់របស់ខ្លួនដេញតាមភាពមានបាន ក្លាយជាទេសកររបស់លុយ ដែលធ្វើឱ្យប៉ះពាល់ដល់ការបំពេញភារកិច្ចរបស់ពួកគេ ដូច្នេះហើយ ព្រះជាម្ចាស់ក៏ដកយកពីពួកគេវិញ។ ក្នុងចិត្តពួកគេ ពួកគេដឹងថា ព្រះជាម្ចាស់បានប្រទានពរដល់ពួកគេច្រើនខ្លាំងណាស់ និងបានប្រទានអ្វីៗជាច្រើន ក៏ប៉ុន្តែ ពួកគេគ្មានបំណងតបស្នងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ឡើយ ពួកគេពុំចង់ចេញក្រៅ និងបំពេញភារកិច្ចរបស់ពួកគេនោះទេ ពួកគេតែងកំសាក និងភ័យខ្លាចត្រូវគេចាប់ខ្លួន ហើយពួកគេខ្លាចបាត់បង់ភាពមានបាន និងការសប្បាយរីករាយទាំងអស់នេះ ហេតុនេះហើយ ទើបព្រះជាម្ចាស់ដកយកពីពួកគេវិញ។ ចិត្តរបស់ពួកគេច្បាស់ដូចជាកញ្ចក់ ពួកគេដឹងថា ព្រះជាម្ចាស់បានដកយកអ្វីទាំងនេះពីពួកគេវិញ និងដឹងថា ពួកគេកំពុងត្រូវព្រះជាម្ចាស់ប្រៀនប្រដៅ ដូច្នេះហើយ ពួកគេក៏អធិស្ឋានទូលទៅព្រះជាម្ចាស់ថា៖ «ឪ ព្រះជាម្ចាស់អើយ! ព្រះអង្គធ្លាប់ប្រទានពរដល់ទូលបង្គំម្ដងរួចមកហើយ ដូច្នេះ ព្រះអង្គអាចប្រទានពរដល់ទូលបង្គំជាលើកទីពីរបាន។ ព្រះវត្តមានដ៏គង់នៅរបស់ទ្រង់ គឺអស់កល្បជានិច្ច ដូច្នេះហើយ ព្រះពររបស់ទ្រង់ ក៏មាននៅជាមួយនឹងមនុស្សជាតិអស់កល្បជានិច្ចដែរ។ ទូលបង្គំសូមអរព្រះគុណព្រះអង្គ! មិនថាមានរឿងអ្វីកើតឡើងនោះទេ ព្រះពរនិងសេចក្ដីសន្យារបស់ទ្រង់ នឹងមិនផ្លាស់ប្ដូរឡើយ។ ប្រសិនបើព្រះអង្គដកយកពីទូលបង្គំវិញ នោះទូលបង្គំក៏នៅតែស្ដាប់បង្គាប់ដដែល»។ ប៉ុន្តែ ពាក្យ «ស្ដាប់បង្គាប់» ចេញពីមាត់ពួកគេ ហាក់មិនចេញពីចិត្តស្មោះទេ។ មាត់ពួកគេនិយាយថា ពួកគេអាចស្ដាប់បង្គាប់បាន តែក្រោយមកទៀត ពួកគេគិតពីរឿងនេះ ហើយក៏មានរឿងខ្លះដែលពួកគេពុំអាចទទួលយកបាន។ «អ្វីៗធ្លាប់តែល្អប្រសើរ។ ហេតុអ្វីបានជាព្រះជាម្ចាស់ដកយកវិញទាំងអស់បែបនេះ? តើការនៅផ្ទះ ហើយបំពេញភារកិច្ចរបស់ខ្ញុំ មិនដូចគ្នាទៅនឹងការចេញទៅក្រៅដើម្បីបំពេញភារកិច្ចរបស់ខ្ញុំទេឬអី? តើខ្ញុំបានធ្វើឱ្យមានការយឺតយ៉ាវអ្វីទៅ? ពួកគេតែងនឹកគិតពីរឿងដើម កាលពីអតីតកាល។ ពួកគេមានការសោកស្ដាយ និងការមិនពេញចិត្តចំពោះព្រះជាម្ចាស់ ហើយមានអារម្មណ៍កើតទុក្ខជាប់ជានិច្ច។ តើនៅក្នុងចិត្តរបស់ពួកគេនៅមានព្រះជាម្ចាស់ដែរឬទេ? អ្វីដែលមាននៅក្នុងចិត្តពួកគេ គឺលុយ ភាពសុខស្រួលខាងសម្ភារៈ និងពេលវេលាល្អៗ។ នៅក្នុងចិត្តរបស់ពួកគេ គ្មានព្រះជាម្ចាស់ឡើយ ព្រះអង្គលែងជាព្រះជាម្ចាស់របស់ពួកគេទៀតហើយ។ ទោះបីជាពួកគេដឹងពីការពិតដែលថា «ព្រះជាម្ចាស់បានប្រទានឱ្យ ហើយព្រះជាម្ចាស់ក៏ដកយកទៅវិញដែរ» តែពួកគេពេញចិត្តពាក្យ «ព្រះជាម្ចាស់បានប្រទានឱ្យ» ហើយស្អប់ពាក្យថា «ព្រះជាម្ចាស់ក៏ដកយកទៅវិញ»។ ច្បាស់ណាស់ថា ពួកគេទទួលយកសេចក្ដីពិត តែរឿងណាដែលល្អៗប៉ុណ្ណោះ។ នៅពេលដែលព្រះជាម្ចាស់ប្រទានពរដល់ពួកគេ ពួកគេទទួលយកសេចក្ដីពិត ប៉ុន្តែ ឱ្យតែព្រះជាម្ចាស់ដកយកពីពួកគេវិញ នោះពួកគេមិនអាចទទួលយកបានឡើយ។ ពួកគេមិនអាចទទួលយកការរៀបចំពីព្រះជាម្ចាស់បានទេ ផ្ទុយទៅវិញ ពួកគេបែរជាទាស់ទទឹង និងប្រែជាអន់ចិត្ត។ នៅពេលសុំឱ្យពួកគេបំពេញភារកិច្ចរបស់ខ្លួន ពួកគេនិយាយថា៖ «ប្រសិនបើព្រះជាម្ចាស់ប្រទានព្រះពរ និងព្រះគុណដល់ខ្ញុំ នោះខ្ញុំនឹងធ្វើ។ បើគ្មានព្រះពររបស់ព្រះជាម្ចាស់ទេ ហើយបើគ្រួសារខ្ញុំស្ថិតក្នុងសភាពក្រីក្របែបនេះ តើឱ្យខ្ញុំបំពេញភារកិច្ចរបស់ខ្ញុំយ៉ាងដូចម្ដេចកើតទៅ? ខ្ញុំមិនចង់បំពេញភារកិច្ចនោះទេ!» តើនេះគឺជានិស្ស័យបែបណា? ទោះបីជានៅក្នុងចិត្តរបស់ពួកគេ ពួកគេបានដកពិសោធន៍ព្រះពររបស់ព្រះជាម្ចាស់ដោយផ្ទាល់ និងដឹងថា ព្រះជាម្ចាស់បានប្រទានដល់ពួកគេជាច្រើនក៏ដោយ ក៏ពួកគេមិនព្រមទទួលយកដែរ នៅពេលដែលព្រះជាម្ចាស់ដកយកពីពួកគេវិញ។ តើហេតុអ្វីទៅ? ពីព្រោះពួកគេមិនអាចលះបង់ប្រាស់កាស និងជីវិតសុខស្រួលរបស់ពួកគេបានទេ។ ទោះបីជាពួកគេអាចមិនបដិសេធរឿងនេះដោយបើកចំហ ទោះបីពួកគេមិនលាដៃសុំជំនួយពីព្រះជាម្ចាស់ ហើយទោះបីពួកគេមិនបានព្យាយាមទាញយកទ្រព្យសម្បត្តិពីមុនរបស់ពួកគេមកវិញ ដោយពឹងលើការខំប្រឹងផ្ទាល់ខ្លួនក៏ដោយ ក៏ពួកគេបានប្រែទៅជាក្រៀមក្រំចិត្តចំពោះទង្វើរបស់ព្រះជាម្ចាស់រួចស្រេចទៅហើយ ពួកគេមិនអាចទទួលយកបានទាល់តែសោះ ហើយនិយាយថា៖ «ការដែលព្រះជាម្ចាស់ធ្វើបែបនេះ គឺទ្រង់ពិតជាគ្មានព្រះតម្រិះពិតមែន។ ទង្វើនេះ ហួសពីលទ្ធភាពដែលអាចយល់បាន។ តើខ្ញុំអាចបន្តជឿព្រះទៀតបានដោយរបៀបណាទៅ? ខ្ញុំលែងចង់ទទួលស្គាល់ថា ព្រះអង្គគឺជាព្រះជាម្ចាស់ទៀតហើយ។ ប្រសិនបើខ្ញុំមិនទទួលស្គាល់ថា ព្រះអង្គគឺជាព្រះជាម្ចាស់ទេ នោះព្រះអង្គមិនមែនជាព្រះជាម្ចាស់ឡើយ»។ តើនេះជានិស្ស័យមួយប្រភេទមែនទេ? (មែនហើយ។) សាតាំងមាននិស្ស័យបែបនេះ សាតាំងបដិសេធព្រះជាម្ចាស់តាមរបៀបនេះឯង។ និស្ស័យបែបនេះ គឺជាការនឿយណាយនឹងសេចក្ដីពិត និងជាការស្អប់សេចក្ដីពិត។ នៅពេលដែលមនុស្សនឿយណាយនឹងសេចក្ដីពិតដល់កម្រិតនេះ តើវានឹងនាំមនុស្សទៅកន្លែងណា? វាធ្វើឱ្យពួកគេទាស់នឹងព្រះជាម្ចាស់ ហើយវាធ្វើឱ្យពួកគេមានះទាស់នឹងព្រះជាម្ចាស់រហូតដល់ទីបញ្ចប់ ដែលនេះមានន័យថា ជាទីអវសានសម្រាប់ពួកគេហើយ។

តើអ្វីទៅជាធម្មជាតិនៃនិស្ស័យដែលនឿយណាយនឹងសេចក្ដីពិត? មនុស្សដែលនឿយណាយនឹងសេចក្ដីពិត ពុំស្រឡាញ់អ្វីៗដែលវិជ្ជមាន ឬអ្វីៗដែលព្រះជាម្ចាស់ធ្វើឡើយ។ យកកិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយមកធ្វើជាឧទាហរណ៍ចុះ៖ គ្មាននរណាម្នាក់ចង់ទទួលយកកិច្ចការនេះឡើយ។ មានមនុស្សតិចតួចណាស់ដែលព្រមស្ដាប់ការអធិប្បាយអំពីការដែលព្រះជាម្ចាស់លាតត្រដាងពីមនុស្ស ថ្កោលទោសមនុស្ស វាយផ្ចាលមនុស្ស សាកល្បងមនុស្ស បន្សុទ្ធមនុស្ស វាយផ្ចាលមនុស្ស និងប្រៀនប្រដៅមនុស្ស ក៏ប៉ុន្តែ ពួកគេពេញចិត្តនឹងស្ដាប់អំពីការដែលព្រះជាម្ចាស់ប្រទានពរដល់មនុស្ស លើកទឹកចិត្តមនុស្ស និងអំពីសេចក្ដីសន្យារបស់ទ្រង់ចំពោះមនុស្ស។ គ្មាននរណាបដិសេធចំណុចទាំងនេះឡើយ។ គឺដូចនៅក្នុងយុគសម័យនៃព្រះគុណដែរ នៅពេលដែលព្រះជាម្ចាស់បំពេញកិច្ចការនៃការអត់ទោស ការលើកលែងទោស ការប្រទានពរ និងការប្រទានព្រះគុណដល់មនុស្ស នៅពេលដែលទ្រង់ប្រោសមនុស្សឈឺឱ្យបានជាសះស្បើយពីជំងឺ និងបណ្ដេញអារក្ស និងបានតាំងសេចក្ដីសន្យាចំពោះមនុស្ស ពេលនោះមនុស្សក៏សុខចិត្តទទួលយកសេចក្ដីគ្រប់យ៉ាង ពួកគេសរសើរព្រះយេស៊ូវ ដ្បិតទ្រង់ស្រឡាញ់មនុស្សខ្លាំងដល់ម្ល៉េះ។ ប៉ុន្តែដោយសារយុគសម័យនៃនគរព្រះបានចូលមកដល់ ហើយព្រះជាម្ចាស់បំពេញកិច្ចការនៃការជំនុំជម្រះ និងសម្ដែងចេញសេចក្ដីពិតជាច្រើន ទើបគ្មាននរណាខ្វាយខ្វល់។ មិនថាព្រះជាម្ចាស់លាតត្រដាង និងជំនុំជម្រះមនុស្សតាមរបៀបណាទេ ពួកគេពុំទទួលយកឡើយ ហើយថែមទាំងនិយាយថា «តើព្រះជាម្ចាស់អាចធ្វើរឿងបែបនេះកើតដែរ? តើព្រះជាម្ចាស់មិនស្រឡាញ់មនុស្សទេឬអី?» ប្រសិនបើពួកគេត្រូវដោះស្រាយជាមួយ និងត្រូវលួសកាត់ ឬត្រូវវាយផ្ចាល និងប្រៀនប្រដៅ ពួកគេនឹងកាន់តែមានសញ្ញាណច្រើនឡើង ហើយនិយាយក្នុងចិត្តថា៖ «តើនេះអាចជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់បានយ៉ាងដូចម្ដេចទៅ? ព្រះបន្ទូលនៃការជំនុំជម្រះ និងការថ្កោលទោស មិនគួរឱ្យស្រឡាញ់សោះ ខ្ញុំមិនទទួលយកព្រះបន្ទូលទាំងនោះឡើយ។ ខ្ញុំមិនមែនល្ងង់នោះទេ!» នេះគឺជានិស្ស័យនឿយណាយនឹងសេចក្ដីពិតហើយ។ នៅពេលស្ដាប់សេចក្ដីពិតនេះរួច មនុស្សខ្លះនិយាយថា៖ «សេចក្ដីពិតស្អីទៅ? នេះគ្រាន់តែជាទ្រឹស្ដីមួយប៉ុណ្ណោះ។ ពាក្យទាំងនេះហាក់ដូចជាថ្លៃថ្នូរណាស់ មានឫទ្ធិចេស្ដាណាស់ បរិសុទ្ធណាស់ ប៉ុន្តែពាក្យទាំងនេះ គ្រាន់តែជាពាក្យពីរោះស្ដាប់ប៉ុណ្ណោះ។ តើនេះមិនមែនជានិស្ស័យនឿយណាយនឹងសេចក្ដីពិតទេឬអី? នេះគឺជានិស្ស័យនឿយណាយនឹងសេចក្ដីពិត។ តើនេះជានិស្ស័យមួយប្រភេទនៅក្នុងខ្លួនអ្នករាល់គ្នាមែនទេ? (មែនហើយ។) ខ្ញុំទើបមានបន្ទលអម្បាញ់មិញថា អ្នករាល់គ្នាទំនងជាធ្លាក់ក្នុងសភាពគ្រោះថ្នាក់ ជាសភាពដែលអ្នករាល់គ្នាយល់ឃើញថាធម្មតាបំផុត និងមានការពេញចិត្តខ្លាំងបំផុត តើនោះគឺជាសភាពអ្វីដែរ? (មិនចង់ជួបប្រទះការលំបាក នៅពេលបំពេញភារកិច្ចរបស់យើង មិនចង់ឱ្យព្រះជាម្ចាស់ជំនុំជម្រះ និងវាយផ្ចាល ចង់ឱ្យអ្វីគ្រប់យ៉ាងដំណើរការទៅដោយរលូន។) ការបដិសេធការត្រួតត្រារបស់ព្រះជាម្ចាស់ ការបដិសេធការប្រៀនប្រដៅនិងការវាយផ្ចាលពីព្រះជាម្ចាស់ ការដឹងច្បាស់ថា ព្រះជាម្ចាស់កំពុងធ្វើល្អក្នុងរឿងនេះ ប៉ុន្តែនៅតែមានចិត្តទាស់ទទឹងដដែល៖ នេះគឺជាការបង្ហាញចេញមួយបែប។ តើមានអ្វីផ្សេងទៀតដែរឬទេ? (ការពេញចិត្តនៅពេលយើងបំពេញភារកិច្ចរបស់យើងមានប្រសិទ្ធភាព ហើយអកម្ម ទន់ជ្រាយ និងមិនអាចសហការបានដោយសកម្ម នៅពេលយើងបំពេញភារកិច្ចមិនបានល្អ។) តើនេះគឺជាការបង្ហាញឱ្យឃើញពីអ្វីដែរ? (ភាពមានះរឹងរូសមិនព្រមកែ។) អ្នកមុខជាយល់ច្បាស់ពីចំណុចនេះហើយ។ មិនត្រូវភាន់ច្រឡំ និងអះអាងទាំងងងឹតងងុលឡើយ។ ពេលខ្លះ សភាពរបស់មនុស្សមានភាពស្មុគ្រស្មាញខ្លាំងណាស់។ សភាពទាំងនោះ មិនមែនមានតែមួយបែបនោះទេ ប៉ុន្តែមានពីរ ឬបីលាយឡំបញ្ចូលគ្នា។ ដូច្នេះ តើអ្នកឱ្យនិយមន័យសភាពនោះយ៉ាងដូចម្ដេច? ពេលខ្លះ និស្ស័យមួយនឹងបង្ហាញខ្លួនចេញមកក្នុងសភាពពីរយ៉ាង ពេលខ្លះ បីយ៉ាងក៏មាន ប៉ុន្តែ ទោះបីជាសភាពទាំងនេះខុសគ្នាក៏ពិតមែន ក៏ប៉ុន្តែចុងបញ្ចប់ទៅ នេះនៅតែជានិស្ស័យមួយប្រភេទដដែល។ អ្នកត្រូវតែដឹងពីនិស្ស័យនឿយណាយនឹងសេចក្ដីពិតនេះ ហើយអ្នករាល់គ្នាគួរពិនិត្យពិច័យឱ្យដឹងថាតើការនឿយណាយនឹងសេចក្ដីពិតនេះ មានការបង្ហាញចេញអ្វីខ្លះ។ បែបនេះ អ្នកនឹងអាចដឹងពីនិស្ស័យនឿយណាយនឹងសេចក្ដីពិតបានយ៉ាងពិតប្រាកដមិនខាន។ អ្នកនឿយណាយនឹងសេចក្ដីពិត។ ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬគោលការណ៍នៃសេចក្ដីពិត និងអ្វីដែលវិជ្ជមាន អ្វីដែលត្រឹមត្រូវ ពាក្យពេចន៍ត្រឹមត្រូវ មិតិយោបល់ត្រឹមត្រូវ អ្នកដឹងច្បាស់ថាអ្វីទាំងអស់នេះត្រឹមត្រូវ ក៏ប៉ុន្តែ អ្នកនៅតែនិយាយថា «នេះមិនមែនជាសេចក្ដីពិតទេ អ្វីទាំងនេះ គ្រាន់តែជាពាក្យត្រឹមត្រូវប៉ុណ្ណោះ។ ខ្ញុំមិនស្ដាប់នោះទេ ខ្ញុំមិនចង់ស្ដាប់សម្ដីរបស់មនុស្សឡើយ!» តើនេះគឺជានិស្ស័យបែបណា? ត្រង់ចំណុចនេះ មានភាពក្រអឺតក្រទម ភាពមានះរឹងរូសមិនព្រមកែ និងការនឿយណាយនឹងសេចក្ដីពិត។ សុទ្ធតែមាននិស្ស័យប្រភេទនេះទាំងអស់។ និស្ស័យមួយប្រភេទៗ អាចបង្កើតសភាពជាច្រើនប្រភេទ។ សភាពមួយអាចពាក់ព័ន្ធនឹងនិស្ស័យខុសគ្នាជាច្រើន។ អ្នកត្រូវតែដឹងឱ្យបានច្បាស់ថាតើសភាពទាំងនេះកើតចេញមកពីនិស្ស័យប្រភេទណា។ បែបនេះ អ្នកនឹងអាចដឹងពីនិស្ស័យពុករលួយជាច្រើនប្រភេទបានមិនខាន។

ក្នុងចំណោមនិស្ស័យពុករលួយទាំងបួនប្រភេទដែលយើងទើបបានប្រកបគ្នាអម្បាញ់មិញនេះ គ្រាន់តែនិស្ស័យពុករលួយណាមួយ ក៏ល្មមនឹងថ្កោលទោសមនុស្សដល់ស្លាប់បានដែរ។ តើនិយាយបែបនេះជ្រុលហួសហេតុពេកទេដឹង? (អត់ទេ។) តើនិស្ស័យពុករលួយរបស់មនុស្សកើតឡើងដោយរបៀបណា? និស្ស័យពុករលួយទាំងអស់ កើតមកពីសាតាំង។ មនុស្សជ្រោតជ្រាបទៅដោយជំនឿខុសឆ្គង និងពាក្យកុហកបោកប្រាស់ដែលបញ្ចេញមកតាមរយៈសាតាំង ពួកអារក្ស និងបុគ្គលល្បីល្បាញនិងខ្ពង់ខ្ពស់មួយចំនួន ហេតុនេះហើយ និស្ស័យពុករលួយទាំងនេះ ក៏កើតមានឡើងតាមពួកគេនោះ។ តើនិស្ស័យទាំងនេះវិជ្ជមាន ឬអវិជ្ជមាន? (អវិជ្ជមាន។) តើអ្នកនិយាយថា និស្ស័យទាំងនោះអវិជ្ជមានដោយផ្អែកលើមូលដ្ឋានអ្វី? (សេចក្ដីពិត។) ដោយសារនិស្ស័យទាំងនេះប្រឆាំងនឹងសេចក្ដីពិត ទាស់ទទឹងនឹងព្រះជាម្ចាស់ ព្រមទាំងផ្ទុយទៅនឹងនិស្ស័យរបស់ព្រះជាម្ចាស់ និងគ្រប់ទាំងកម្មសិទ្ធនិងលក្ខណៈរបស់ព្រះជាម្ចាស់ ហេតុនេះ ប្រសិនបើឃើញមាននិស្ស័យពុករលួយណាមួយក្នុងចំណោមនិស្ស័យពុករលួយទាំងនេះនៅក្នុងខ្លួនមនុស្ស នោះពួកគេនឹងក្លាយជាមនុស្សម្នាក់ដែលទាស់ទទឹងនឹងព្រះជាម្ចាស់មិនខាន។ ប្រសិនបើឃើញមាននិស្ស័យណាមួយក្នុងចំណោមនិស្ស័យទាំងបួននេះ នៅក្នុងខ្លួនមនុស្សណាម្នាក់ នោះនឹងមានបញ្ហាមិនខាន ហើយពួកគេនឹងក្លាយជាសត្រូវរបស់ព្រះជាម្ចាស់ ហើយពួកគេនឹងត្រូវកំណត់ឱ្យស្លាប់ជាក់ជាមិនខាន។ មិនថានោះគឺជានិស្ស័យបែបណាទេ ប្រសិនបើអ្នកថ្លឹងថ្លែងវាដោយប្រើសេចក្ដីពិត អ្នកនឹងឃើញថា សារជាតិដែលមនុស្សម្នាក់ៗបង្ហាញចេញមក គឺសុទ្ធតែត្រូវដឹកនាំទៅរកការប្រឆាំងនឹងព្រះជាម្ចាស់ ទៅរកការទាស់ទទឹងនឹងព្រះជាម្ចាស់ និងជាសត្រូវនឹងព្រះជាម្ចាស់។ ហេតុនេះ ប្រសិនបើនិស្ស័យរបស់អ្នកពុំផ្លាស់ប្ដូរទេ នោះអ្នកនឹងមិនចុះសម្រុងជាមួយព្រះជាម្ចាស់ឡើយ អ្នកនឹងស្អប់សេចក្ដីពិត ហើយអ្នកនឹងក្លាយជាសត្រូវរបស់ព្រះជាម្ចាស់មិនខាន។

បន្ទាប់មកទៀត យើងនាំគ្នានិយាយអំពីនិស្ស័យក្នុងប្រភេទទីប្រាំវិញម្ដង។ ខ្ញុំនឹងលើកជាឧទាហរណ៍មួយ ហើយអ្នករាល់គ្នាអាចព្យាយាមគិតសាកមើលបាន ថាតើនោះគឺជានិស្ស័យអ្វីដែរ។ សាកស្រមៃថា មានមនុស្សពីរនាក់កំពុងជជែកគ្នា ហើយមានម្នាក់និយាយត្រង់ខ្លាំងណាស់ ហើយម្នាក់ទៀតក៏មានការថ្នាំងថ្នាក់ក្នុងចិត្ត។ ក្នុងចិត្តម្នាក់នោះ គេកំពុងគិតថា៖ «ម៉េចបានជាអ្នកឯងនិយាយប៉ះពាល់ដល់មោទនភាពរបស់ខ្ញុំអ៊ីចឹង? តើអ្នកឯងគិតថា ខ្ញុំឱ្យគេចាប់កំហុសខ្លួនឯងបានឬ?» ដូច្នេះហើយ ក្នុងចិត្តម្នាក់នោះក៏កើតមានការស្អប់។ តាមពិត បញ្ហានេះងាយស្រួលដោះស្រាយនោះទេ។ ប្រសិនបើមនុស្សណាម្នាក់បាននិយាយអ្វីធ្វើឱ្យអ្នកដទៃឈឺចាប់ ឱ្យតែអ្នកនិយាយនោះ ធ្វើការសុំទោសទៅអ្នកស្ដាប់ នោះបញ្ហានឹងត្រូវអត់ឱនបានហើយ។ ប៉ុន្តែ ប្រសិនបើភាគីដែលរងការប៉ះពាល់នោះ មិនអាចអធ្យាស្រ័យចំពោះបញ្ហានេះបាន ហើយគេគិតថា៖ «សុភាពបុរស ចង់សងសឹកមិនយឺតពេលទេ» ដូច្នេះ តើនេះជានិស្ស័យបែបណា? (ការព្យាបាទ។) ត្រឹមត្រូវហើយ នេះគឺជាការព្យាបាទ ហើយមនុស្សនេះ គឺមនុស្សដែលមាននិស្ស័យកាចសាហាវ។ នៅក្នុងក្រុមជំនុំ មនុស្សមួយចំនួនត្រូវបានគេលួសកាត់ និងដោះស្រាយជាមួយ ដោយសារពួកគេបំពេញភារកិច្ចពុំបានត្រឹមត្រូវ។ រឿងដែលត្រូវគេលើកយកមកនិយាយ នៅពេលលួសកាត់និងដោះស្រាយជាមួយមនុស្សណាម្នាក់ ជារឿយៗជាប់ព័ន្ធនឹងរឿងដែលបុគ្គលនោះត្រូវគេព្រមាន ហើយប្រហែលអាចដល់ថ្នាក់ត្រូវគេស្រែកគំហកដាក់ផង។ រឿងនេះច្បាស់ជាធ្វើឱ្យពួកគេពិបាកចិត្ត ហើយពួកគេនឹងចង់រកលេស និងធ្វើការឆ្លើយតបទៅវិញ។ ពួកគេនិយាយសម្ដីដូចជា៖ «ទោះបីជាអ្នកដោះស្រាយជាមួយខ្ញុំដោយនិយាយពីអ្វីដែលត្រឹមត្រូវក៏ពិតមែន ក៏ប៉ុន្តែ អ្វីដែលអ្នកបាននិយាយនោះ ពិតជាធ្វើឱ្យខ្ញុំអន់ចិត្តណាស់ ហើយអ្នកបានបំបាក់មុខខ្ញុំ និងធ្វើឱ្យខ្ញុំឈឺចាប់។ ជាច្រើនឆ្នាំមកនេះ ខ្ញុំបានជឿលើព្រះជាម្ចាស់ ដោយខំប្រឹងប្រែងធ្វើការយ៉ាងខ្លាំង ទោះមិនបានរួមចំណែកណាមួយក៏ពិតមែន ក៏ប៉ុន្តែ តើអាចប្រព្រឹត្តដាក់ខ្ញុំដោយរបៀបនេះបានយ៉ាងដូចម្ដេចកើតទៅ? ម៉េចក៏អ្នកមិនព្រមដោះស្រាយជាមួយអ្នកផ្សេងអ៊ីចឹង? ខ្ញុំមិនអាចទទួលយកបានទេ ហើយខ្ញុំក៏មិនអាចអត់ទ្រាំនឹងរឿងនេះបានដែរ!» នេះគឺជានិស្ស័យពុករលួយមួយប្រភេទ មែនទេ? (មែនហើយ។) និស្ស័យពុករលួយនេះ កំពុងបង្ហាញចេញមកតែតាមរយៈការរអ៊ូរទាំ ការមិនស្ដាប់បង្គាប់ និងការប្រឆាំងទាស់ប៉ុណ្ណោះ វាមិនទាន់ឈានដល់កម្រិតកំពូល ឬឈានដល់ចំណុចខ្ពស់បំផុតនៅឡើយទេ ក៏ប៉ុន្តែ វាកំពុងបង្ហាញសញ្ញាខ្លះហើយ និងកំពុងចាប់ផ្ដើមឈានទៅដល់ចំណុចដែលវាជិតនឹងស្រេចបានហើយ។ មិនយូរប៉ុន្មានបន្ទាប់ពីនេះទៅ តើពួកគេមានអាកប្បកិរិយាបែបណា? ពួកគេចចេសរឹងរូស ពួកគេមានអារម្មណ៍មួរម៉ៅ និងរឹងទទឹង ហើយចាប់ផ្ដើមធ្វើអ្វីចេញពីគំនុំសងសឹក។ ពួកគេចាប់ផ្ដើមដេញដោលរកហេតុផល៖ «នៅពេលអ្នកដឹកនាំនិងអ្នកធ្វើការដោះស្រាយជាមួយមនុស្ស ពួកគេមិនមែនសុទ្ធតែត្រូវនោះទេ។ អ្នករាល់គ្នាក្រៅពីនោះ ប្រហែលជាអាចទទួលយកបាន ប៉ុន្តែ ខ្ញុំមិនអាចទទួលយកបានទេ។ ការដែលអ្នករាល់គ្នាអាចទទួលយកចំណុចនេះបាន គឺដោយសារអ្នករាល់គ្នាល្ងង់ខ្លៅ និងកំសាកញី។ ខ្ញុំមិនទទួលយកទេ! យើងនាំគ្នាពិភាក្សាទៅ ចង់ដឹងថាតើនរណាត្រូវ នរណាខុស»។ បន្ទាប់មក មនុស្សក៏ប្រកបគ្នាជាមួយពួកគេ ដោយថា៖ «មិនថាត្រូវ ឬខុសទេ រឿងដែលអ្នកត្រូវធ្វើមុនគេបង្អស់ គឺត្រូវស្ដាប់បង្គាប់។ តើអាចទៅរួចទេដែលថា ការបំពេញភារកិច្ចរបស់អ្នកមិនមានប្រលាក់ប្រឡូសទៅដោយភាពមិនបរិសុទ្ធសូម្បីបន្តិចណាសោះនោះ? តើអ្នកធ្វើអ្វីគ្រប់យ៉ាងបានត្រឹមត្រូវមែនទេ? ទោះបីជាអ្នកធ្វើអ្វីគ្រប់យ៉ាងបានត្រឹមត្រូវក៏ពិតមែន ក៏ប៉ុន្តែ ការដែលត្រូវគេដោះស្រាយជាមួយ គឺនៅតែមានប្រយោជន៍សម្រាប់អ្នកដដែល! យើងបានប្រកបគ្នាជាមួយអ្នកអំពីគោលការណ៍ជាច្រើនដងរួចមកហើយ ប៉ុន្តែអ្នកមិនដែលស្ដាប់ឡើយ ហើយបែរជាជ្រើសរើសធ្វើអ្វីទាំងងងឹតងងុលតាមចិត្តចង់ ដោយបង្កការបង្អាក់ដល់កិច្ចការពួកជំនុំ និងធ្វើឱ្យមានការខាតបង់យ៉ាងច្រើន ដូច្នេះ តើអ្នកអាចមិនប្រឈមមុខនឹងការលួសកាត់និងការដោះស្រាយជាមួយយ៉ាងដូចម្ដេចកើតទៅ? ពាក្យពេចន៍អាចគំរោះគំរើយ និងអាចពិបាកស្ដាប់ ប៉ុន្តែ នោះជារឿងធម្មតាទេ មែនទេ? ដូច្នេះ តើអ្នកកំពុងតវ៉ារឿងអ្វីដែរ? តើគួរអនុញ្ញាតឱ្យអ្នកធ្វើរឿងអាក្រក់ ដោយមិនឱ្យអ្នកដទៃណាដោះស្រាយជាមួយអ្នកឬ?» ប៉ុន្តែ បន្ទាប់ពីបានស្ដាប់រឿងនេះហើយ តើពួកគេនឹងអាចទទួលយកការលួសកាត់បានដែរឬទេ? ពួកគេនឹងមិនទទួលយកឡើយ។ ពួកគេនឹងគ្រាន់តែបន្តរកលេសដោះសា និងទាស់ទទឹងប៉ុណ្ណោះ។ តើពួកគេបានបង្ហាញចេញនូវនិស្ស័យបែបណា? ភាពឃោរឃៅ។ នោះគឺជានិស្ស័យកាចសាហាវ។ តើពួកគេចង់បានន័យថាម៉េច? «ខ្ញុំគ្មានការអត់ធ្មត់នឹងមនុស្សដែលរំខានខ្ញុំឡើយ។ មនុស្សមិនគួរសាកល្បងមកប៉ះសក់ក្បាលខ្ញុំនោះទេ។ ប្រសិនបើខ្ញុំបង្ហាញអ្នកថា ខ្ញុំមិនងាយឱ្យគេធ្វើបាបបានទេ នោះទៅថ្ងៃមុខ អ្នកនឹងមិនហ៊ានដោះស្រាយជាមួយខ្ញុំឡើយ។ ពេលនោះ តើខ្ញុំនឹងមិនឈ្នះទៅហើយទេ?» ចុះចំណែកបែបនេះវិញ? និស្ស័យត្រូវបានលាតត្រដាងហើយ ត្រូវទេ? នេះគឺជានិស្ស័យកាចសាហាវ។ មនុស្សដែលមាននិស្ស័យកាចសាហាវ មិនមែនគ្រាន់តែនឿយណាយនឹងសេចក្ដីពិតប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងស្អប់សេចក្ដីពិតទៀតផង! នៅពេលពួកគេត្រូវទទួលរងការលួសកាត់ និងការដោះស្រាយជាមួយ ពួកគេព្យាយាមគេចខ្លួន បើមិនដូច្នោះទេ ពួកគេធ្វើមិនដឹង។ នៅក្នុងចិត្តពួកគេ ពួកគេពិតជាមិនសុខចិត្តសោះឡើយ។ វាមិនមែនគ្រាន់តែជាករណីដែលពួកគេប្រើលេសដោះសាប៉ុណ្ណោះទេ។ នោះមិនមែនជាអាកប្បកិរិយារបស់ពួកគេសោះឡើយ។ ពួកគេមិនធ្វើតាមទេ និងមានការទាស់ទទឹងផង ហើយពួកគេថែមទាំងប្រកែកតវ៉ាដូចជាស្រីឆ្នាសមួយចំនួនអ៊ីចឹង។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេគិតថា៖ «ខ្ញុំដឹងថា អ្នកកំពុងព្យាយាមបំបាក់មុខខ្ញុំ និងមានចេតនាធ្វើឱ្យខ្ញុំខ្មាសគេ ហើយទោះបីខ្ញុំមិនហ៊ានប្រកែកនៅនឹងមុខអ្នកក៏ដោយ ក៏ខ្ញុំនឹងរកឱកាសសងសឹកវិញដែរ! អ្នកគិតថា អ្នកអាចដោះស្រាយជាមួយខ្ញុំ និងធ្វើបាបខ្ញុំបាន មែនទេ? ខ្ញុំនឹងឱ្យមនុស្សគ្រប់គ្នានៅខាងខ្ញុំ ទុកឱ្យអ្នកនៅតែម្នាក់ឯង ហើយបន្ទាប់មក ខ្ញុំនឹងឱ្យអ្នកភ្លក់រសជាតិដែលអ្នកឯងបានធ្វើដាក់អ្នកដទៃវិញម្ដង!» នៅក្នុងចិត្តពួកគេ ពួកគេគិតបែបនេះឯង។ ចុងក្រោយ និស្ស័យកាចសាហាវរបស់ពួកគេ ក៏បានបង្ហាញខ្លួនចេញមក។ ដើម្បីសម្រេចនូវគោលបំណងរបស់ពួកគេ និងដើម្បីធ្វើសងសឹក ពួកគេខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីរកនឹកលេសដោះសាដែលជួយឱ្យពួកគេរកបានហេតុផលការពារខ្លួន និងដើម្បីឱ្យមនុស្សគ្រប់គ្នានៅឈរខាងពួកគេ។ មានតែពេលនោះទេ ទើបពួកគេបានសប្បាយចិត្ត និងបានធូរស្បើយចិត្ត។ តើនេះមិនមែនជាការព្យាបាទគេទេឬអី? នេះគឺជានិស្ស័យកាចសាហាវ។ នៅពេលមនុស្សបែបនេះមិនទាន់ត្រូវគេលួសកាត់ និងដោះស្រាយជាមួយទេ ពួកគេ គឺដូចជាកូនចៀមអ៊ីចឹង។ នៅពេលពួកគេត្រូវទទួលរងការលួសកាត់និងការដោះស្រាយជាមួយ ឬនៅពេលដែលធាតុពិតរបស់ពួកគេត្រូវបានលាតត្រដាងចេញមក ពួកគេក៏ផ្លាស់ប្ដូរភ្លាមមួយរំពេច ពីចៀមទៅជាចចក ហើយភាពជាចចករបស់ពួកគេក៏លេចចេញមក។ តើនេះមិនមែនជានិស្ស័យកាចសាហាវទេឬអី? (ជានិស្ស័យកាចសាហាវ។) ដូច្នេះ ហេតុអ្វីបានស្ទើរតែគ្រប់ពេល យើងមើលមិនដឹង? (ដោយសារគ្មាននរណាបញ្ឆេះកំហឹងពួកគេ។) ត្រឹមត្រូវហើយ ដោយសារគ្មាននរណាបញ្ឆេះកំហឹងពួកគេ ហើយប្រយោជន៍របស់ពួកគេ ក៏មិនរងការប៉ះពាល់ដែរ។ គឺដូចជាពេលដែលសត្វចចកមិនស៊ីអ្នក នៅពេលដែលវាមិនឃ្លានអ៊ីចឹង។ ពេលនោះ តើអ្នកអាចនិយាយថា វាមិនមែនជាសត្វចចកបានដែរឬទេ? ប្រសិនបើអ្នករង់ចាំរហូតដល់វាស៊ីអ្នក ទើបអ្នកហៅវាថាចចក នោះនឹងយឺតពេលមិនខាន មែនទេ? ទោះបីជាពេលដែលវាមិនបានព្យាយាមស៊ីអ្នកក៏ដោយ ក៏អ្នកគួរមានការប្រុងប្រយ័ត្នគ្រប់ពេលដែរ។ ចចកមិនស៊ីអ្នក ពុំមានន័យថា វាមិនចង់ស៊ីអ្នកនោះទេ គ្រាន់តែពេលវេលាមិនទាន់មកដល់ប៉ុណ្ណោះ ហើយពេលណាពេលវេលាមកដល់ នោះធម្មជាតិជាចចករបស់វា នឹងវាយប្រហារអ្នកមិនខាន។ ការលួសកាត់និងការដោះស្រាយជាមួយ នឹងលាតត្រដាងមនុស្សគ្រប់ប្រភេទខ្ទេចគ្មានសល់។ មនុស្សខ្លះគិតក្នុងចិត្តថា៖ «ហេតុអ្វីជាខ្ញុំគឺជាមនុស្សតែម្នាក់គត់ដែលត្រូវគេដោះស្រាយជាមួយ? ហេតុអ្វីបានជាខ្ញុំតែងត្រូវគេជ្រើសរើសជាប់ជានិច្ចបែបនេះ? តើពួកគេយល់ឃើញថា ខ្ញុំជាគោលដៅងាយស្រួលមែនទេ? ខ្ញុំមិនមែនជាប្រភេទមនុស្សដែលអ្នកអាចធ្វើបាបបាននោះទេ!» តើនេះគឺជានិស្ស័យបែបណា? តើពួកគេអាចជាមនុស្សតែម្នាក់គត់ដែលត្រូវគេដោះស្រាយជាមួយបានយ៉ាងដូចម្ដេចទៅ? រឿងរ៉ាវពិតជាមិនមែនដូច្នោះឡើយ។ ក្នុងចំណោមអ្នករាល់គ្នា តើនរណាដែលមិនត្រូវគេដោះស្រាយជាមួយ ឬលួសកាត់ទៅ? អ្នករាល់គ្នាសុទ្ធតែធ្លាប់។ ពេលខ្លះ អ្នកដឹកនាំនិងអ្នកធ្វើការមានភាពមានះ និងធ្វេសប្រហែសក្នុងការងារ ឬបើមិនដូច្នោះទេ ពួកគេពុំបំពេញកិច្ចការស្របទៅតាមការរៀបចំការងារ ហើយពួកគេភាគច្រើន ត្រូវដោះស្រាយជាមួយនិងត្រូវលួសកាត់។ ការធ្វើបែបនេះ គឺដើម្បីការពារកិច្ចការពួកជំនុំ និងដើម្បីកុំឱ្យមនុស្សប្រព្រឹ្តអំពើទុច្ចរិត។ ការធ្វើបែបនេះ មិនមែនដើម្បីកំណត់គោលដៅលើបុគ្គលណាម្នាក់ឡើយ។ អ្វីដែលពួកគេនិយាយ គឺការបំភ្លៃការពិតច្បាស់ណាស់ ហើយនេះក៏ជាការបង្ហាញចេញនូវនិស្ស័យកាចសាហាវផងដែរ។

តើនិស្ស័យកាចសាហាវបង្ហាញចេញមកតាមវិធីផ្សេងទៀតណាខ្លះ? តើមានជាប់ពាក់ព័ន្ធនឹងការនឿយណាយនឹងសេចក្ដីពិតដោយរបៀបណា? តាមពិតទៅ នៅពេលដែលការនឿយណាយនឹងសេចក្ដីពិតបង្ហាញខ្លួនតាមវិធីជាច្រើន ដោយមានលក្ខណៈជាការទាស់ទទឹងនិងការវិនិច្ឆ័យ នោះបង្ហាញឱ្យឃើញពីនិស្ស័យកាចសាហាវមួយហើយ។ ការនឿយណាយនឹងសេចក្ដីពិត រួមបញ្ចូលនូវសភាពមួយចំនួន រាប់ចាប់តាំងពីការខ្វះការចាប់អារម្មណ៍លើសេចក្ដីពិត រហូតដល់ការមាក់ងាយសេចក្ដីពិត ដែលវិវឌ្ឍទៅជាការវិនិច្ឆ័យព្រះជាម្ចាស់ និងការថ្កោលទោសព្រះជាម្ចាស់ជាដើម។ នៅពេលដែលការនឿយណាយនឹងសេចក្ដីពិតបានឈានដល់ចំណុចជាក់លាក់មួយហើយ មនុស្សមុខជាបដិសេធព្រះជាម្ចាស់ ស្អប់ព្រះជាម្ចាស់ និងទាស់នឹងព្រះជាម្ចាស់មិនខាន។ តើសភាពជាច្រើននេះ ជានិស្ស័យកាចសាហាវ មែនទេ? (មែនហើយ។) ហេតុនេះហើយ អស់អ្នកណាដែលនឿយណាយនឹងសេចក្ដីពិត អ្នកនោះកាន់តែមានសភាពធ្ងន់ធ្ងរ ហើយនៅក្នុងរឿងនេះ គឺមាននិស្ស័យមួយប្រភេទ នោះគឺ និស្ស័យកាចសាហាវ។ ឧទាហរណ៍ មនុស្សមួយចំនួនទទួលស្គាល់ថា គ្រប់យ៉ាងគឺព្រះជាម្ចាស់ជាអ្នកគ្រប់គ្រង ប៉ុន្តែ នៅពេលព្រះជាម្ចាស់ដកយកពីពួកគេវិញ ហើយពួកគេរងការខាតបង់ប្រយោជន៍របស់ខ្លួន ពីសម្បកក្រៅ ពួកគេមិនបានសម្ដែងការស្ដាយក្រោយ និងការប្រឆាំងទាស់អ្វីទេ ប៉ុន្តែក្នុងចិត្តពួកគេវិញ ពួកគេគ្មានការទទួលយក ឬការចុះចូលឡើយ។ អាកប្បកិរិយារបស់ពួកគេ គឺជាអាកប្បកិរិយានៃការអង្គុយស្ងៀមមិនធ្វើអ្វី និងរង់ចាំសេចក្ដីហិនវិនាសមកដល់ ដែលនេះគឺជាការនឿយណាយនឹងសេចក្ដីពិតយ៉ាងច្បាស់ក្រឡែត។ ក៏មានសភាពមួយទៀត ដែលកាន់តែធ្ងន់ធ្ងរជាងនេះផងដែរ៖ ពួកគេមិនមែនអង្គុយស្ងៀមមិនធ្វើអ្វី និងរង់ចាំសេចក្ដីហិនវិនាសមកដល់ទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេបែរជាទាស់ទទឹងនឹងការរៀបចំ និងការចាត់ចែងរបស់ព្រះជាម្ចាស់ ហើយទាស់ទទឹងនឹងការដែលព្រះជាម្ចាស់ដកយកអ្វីៗពីពួកគេវិញផង។ តើពួកគេទាស់ទទឹងដោយរបៀបណា? (តាមរយៈការបង្អាក់និងការជ្រៀតជ្រែកដល់កិច្ចការរបស់ពួកជំនុំ ឬមិនដូច្នេះទេ តាមរយៈការបំផ្លាញអ្វីផ្សេងៗ ដោយព្យាយាមបង្កើតនគរផ្ទាល់ខ្លួនរបស់ពួកគេ។) នេះគឺជាទម្រង់មួយបែប។ បន្ទាប់ពីអ្នកដឹកនាំពួកជំនុំខ្លះ ត្រូវបានប្ដូរចេញ នៅពេលពួកគេដឹកនាំជីវិតពួកជំនុំ ពួកគេតែងតែបង្អាក់កិច្ចការផ្សេងៗ និងជ្រៀតជ្រែកដល់ក្រុមជំនុំ ពួកគេទាស់ទទឹង និងមិនស្ដាប់បង្គាប់តាមសម្ដីគ្រប់យ៉ាងដែលអ្នកដឹកនាំទើបត្រូវគេជ្រើសរើសថ្មីនិយាយនោះទេ ហើយពួកគេព្យាយាមមើលស្រាលពួកគេពីក្រោយខ្នង។ តើនេះគឺជានិស្ស័យបែបណា? នេះគឺជានិស្ស័យកាចសាហាវ។ អ្វីដែលពួកគេកំពុងគិតនោះគឺ៖ «ប្រសិនបើខ្ញុំមិនអាចធ្វើជាអ្នកដឹកនាំបានទេ ដូច្នេះ គ្មាននរណាអាចកាន់តំណែងនេះបានឡើយ ខ្ញុំនឹងបណ្ដេញពួកគេចេញ! ប្រសិនបើខ្ញុំបង្ខំអ្នកឱ្យចេញ ខ្ញុំនឹងទទួលខុសត្រូវដូចកាលពីមុនដដែល!» នេះមិនមែនគ្រាន់តែជានឿយណាយនឹងសេចក្ដីពិតប៉ុណ្ណោះទេ តែវាជាទង្វើកាចសាហាវ! ការប្រជែងដើម្បីឋានៈ ការប្រជែងដើម្បីទឹកដី ការប្រជែងដើម្បីប្រយោជន៍ផ្ទាល់ខ្លួននិងកេរ្តិ៍ឈ្មោះ ការមិនព្រមឈប់សងសឹក ការធ្វើអ្វីគ្រប់យ៉ាងដែលមនុស្សអាចធ្វើបាន ការប្រើប្រាស់ជំនួយគ្រប់យ៉ាងរបស់មនុស្ស ការធ្វើអ្វីៗដើម្បីសម្រេចគោលបំណងរបស់មនុស្ស ដើម្បីយកបានមកវិញនូវកេរ្តិ៍ឈ្មោះ មោទនភាព និងឋានៈ ឬមិនដូច្នោះទេ ដើម្បីបំពេញតាមបំណងចង់សងសឹករបស់ខ្លួន អ្វីទាំងអស់នេះ គឺជាការបង្ហាញចេញនូវភាពកាចសាហាវ។ ឥរិយាបថមួយចំនួននៃនិស្ស័យកាចសាហាវ ពាក់ព័ន្ធនឹងការនិយាយស្ដីច្រើន ដែលមានលក្ខណៈជាការជ្រៀតជ្រែក និងជាការបង្អាក់។ ឥរិយាបថខ្លះពាក់ព័ន្ធនឹងការធ្វើរឿងអាក្រក់ជាច្រើន ដើម្បីសម្រេចគោលបំណងរបស់មនុស្សណាម្នាក់។ មិនថានៅក្នុងពាក្យសម្ដី ឬទង្វើរបស់ពួកគេទេ គ្រប់យ៉ាងដែលមនុស្សបែបនេះធ្វើ គឺមិនស្របគ្នាទៅនឹងសេចក្ដីពិតឡើយ ហើយក៏បំពានសេចក្ដីពិតដែរ ហើយសុទ្ធតែជាការចាក់បង្ហូរនិស្ស័យពុករលួយចេញមកទាំងអស់។ មនុស្សមួយមិនអាចយល់ពីចំណុចទាំងនេះបានឡើយ។ ប្រសិនបើសម្ដីឬឥរិយាបថខុសឆ្គងនោះ មិនមែនឃើញជាក់ស្ដែងទេ នោះពួកគេមិនអាចដឹងបានថា សម្ដីនិងឥរិយាបថនោះយ៉ាងម៉េចឡើយ។ ប៉ុន្តែ ចំពោះមនុស្សដែលយល់ពីសេចក្ដីពិតវិញ គ្រប់យ៉ាងដែលមនុស្សអាក្រក់និយាយនិងធ្វើ គឺសុទ្ធតែជារឿងអាក្រក់ ហើយមិនដែលមានរឿងត្រឹមត្រូវ ឬស្របទៅនឹងសេចក្ដីពិតឡើយ។ អ្វីទាំងអស់ដែលមនុស្សនិយាយនិងធ្វើ អាចនិយាយបានថា ជារឿងអាក្រក់ ១០០% ហើយគឺជាការចាក់បង្ហូរចេញមកនូវនិស្ស័យកាចសាហាវទាំងស្រុង។ មុនពេលដែលមនុស្សអាក្រក់បង្ហាញចេញនូវនិស្ស័យកាចសាហាវនេះ តើពួកគេមានការជំរុញចិត្តអ្វីខ្លះ? តើពួកគេព្យាយាមសម្រេចនូវគោលដៅប្រភេទណា? តើពួកគេអាចធ្វើរឿងបែបនេះបានយ៉ាងដូចម្ដេចទៅ? តើអ្នករាល់គ្នាអាចយល់ពីចំណុចនេះបានដែរឬទេ? ចាំខ្ញុំលើកជាឧទាហរណ៍ចុះ។ ឧបមាថា មានរឿងកើតឡើងនៅផ្ទះរបស់អ្នកណាម្នាក់។ អ្នកនោះត្រូវនាគដ៏ធំមានសម្បុរក្រហមដាក់ឱ្យស្ថិតក្រោមការឃ្លាំមើល ហើយមិនអាចត្រឡប់មកផ្ទះវិញបាន ដែលធ្វើឱ្យគេមានការឈឺចាប់ជាខ្លាំង។ បងប្អូនប្រុសស្រីមួយចំនួនបានទទួលគេឱ្យស្នាក់នៅ ហើយពេលអ្នកនោះឃើញថា នៅក្នុងផ្ទះរបស់អ្នកទទួលគេឱ្យស្នាក់នោះ មានរបស់របរល្អៗជាច្រើន គេក៏គិតក្នុងចិត្តថា៖ «ចុះម៉េចក៏ផ្ទះគាត់គ្មានរឿងអ្វីកើតឡើងបែបនេះ? ម៉េចក៏រឿងកើតឡើងមកលើផ្ទះខ្ញុំទៅវិញ? នោះមិនយុត្តិធម៌សោះ។ បែបនេះមិនបានទេ ខ្ញុំត្រូវគិតរកវិធីដើម្បីធ្វើឱ្យកើតមានរឿងដល់ផ្ទះគាត់ដែរ ដើម្បីកុំឱ្យគាត់អាចត្រឡប់ទៅផ្ទះវិញបាន។ ខ្ញុំនឹងឱ្យគាត់ភ្លក់រសជាតិនៃសភាពទុក្ខលំបាកដូចខ្ញុំបានឆ្លងកាត់ដែរ»។ មិនថាអ្នកនោះបានធ្វើអ្វីឬអត់ ឬមិនថារឿងនេះក្លាយជាការពិតឬអត់នោះទេ ឬមិនថាគេសម្រេចគោលបំណងរបស់ខ្លួនឬអត់នោះទេ ក៏គេនៅតែមានបំណងបែបនេះដដែល។ នេះគឺជានិស្ស័យមួយប្រភេទ មែនទេ? (មែនហើយ។) ប្រសិនបើមនុស្សនេះមិនអាចរស់នៅក្នុងជីវិតល្អប្រសើរបានទេ គេក៏មុខជាមិនឱ្យអ្នកដទៃរស់នៅបានសុខស្រួលដូចគ្នាដែរ។ តើនេះគឺជានិស្ស័យបែបណា? (ការព្យាបាទ។) នេះគឺជានិស្ស័យកាចសាហាវ ពោលគឺមនុស្សនេះ អាក្រក់ណាស់! ដូចពាក្យគេថា ពួកគេរលួយក្នុងអស់ហើយ។ ពាក្យនេះពណនាពីភាពកាចសាហាវខ្លាំងរបស់ពួកគេ។ តើនិស្ស័យបែបនេះ មានធម្មជាតិបែបណា? នៅពេលដែលនិស្ស័យនេះ ត្រូវបានបង្ហាញចេញតាមរយៈខ្លួនពួកគេ ត្រូវព្យាយាមវិភាគវែកញែកថា តើពួកគេមានការជំរុញចិត្ត បំណង និងគោលដៅអ្វីខ្លះ? នៅពេលពួកគេបង្ហាញចេញនិស្ស័យនេះ តើនិស្ស័យនេះកើតចេញពីណា? តើពួកគេចង់សម្រេចអ្វី? នៅផ្ទះរបស់ពួកគេផ្ទាល់ មានរឿងកើតឡើង ហើយពួកគេត្រូវបានម្ចាស់ផ្ទះដែលទទួលគេឱ្យស្នាក់នៅនោះ ទទួលរាក់ទាក់បានយ៉ាងល្អ ដូច្នេះ តើហេតុអ្វីបានជាពួកគេចង់បង្កបញ្ហា? ទាល់តែពួកគេបង្កបញ្ហាដល់ម្ចាស់ផ្ទះដែលទទួលពួកគេឱ្យស្នាក់នៅ ឱ្យមានរឿងកើតឡើងនៅផ្ទះរបស់អ្នកទទួលគេឱ្យស្នាក់នៅ ហើយម្ចាស់ផ្ទះនោះមិនអាចត្រឡប់ទៅវិញបានដូចពួកគេដែរ ទើបពួកគេសប្បាយចិត្តមែនទេ? ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ពួកគេគួរណាស់តែការពារទីកន្លែងនេះ រារាំងមិនឱ្យមានរឿងកើតឡើង ហើយមិនត្រូវបង្កគ្រោះថ្នាក់ដល់ម្ចាស់ផ្ទះទើបត្រូវ ព្រោះការបំផ្លាញដល់ម្ចាស់ផ្ទះ គឺដូចជាការបំផ្លាញពួកគេដែរទេ។ ដូច្នេះ ការដែលពួកគេចង់ធ្វើបែបនេះ តើពួកគេមានគោលបំណងអ្វីឱ្យពិតប្រាកដទៅ? (នៅពេលរឿងរ៉ាវមិនល្អកើតមានចំពោះពួកគេ ពួកគេក៏មិនចង់ឱ្យមានរឿងល្អកើតឡើងចំពោះអ្នកដទៃដែរ។) នេះហៅថាភាពកាចសាហាវ។ អ្វីដែលពួកគេគិតគឺថា៖ «ផ្ទះរបស់ខ្ញុំត្រូវនាគដ៏ធំមានសម្បុរក្រហមបំផ្លាញ ហើយពេលនេះ ខ្ញុំគ្មានផ្ទះសម្បែងនោះទេ។ ប៉ុន្តែ អ្នកនៅតែមានផ្ទះល្អនិងកក់ក្ដៅមួយ ដែលអ្នកអាចត្រឡប់ទៅវិញបានដដែល។ ចំណុចនេះមិនយុត្តិធម៌នោះទេ។ ខ្ញុំមិនអាចទ្រាំមើលអ្នកអាចត្រឡប់ទៅផ្ទះវិញបានឡើយ។ ខ្ញុំនឹងបង្រៀនមេរៀនមួយដល់អ្នក ទើបបាន។ ខ្ញុំនឹងធ្វើឱ្យអ្នកមិនអាចត្រឡប់ទៅផ្ទះវិញបាន ហើយអ្នកនឹងដូចខ្ញុំដែរ។ បែបនេះ អ្វីៗនឹងយុត្តិធម៌មិនខាន»។ តើការធ្វើបែបនេះ មិនមែនព្យាបាទគេ និងមានបំណងអាក្រក់ទេឬអី? តើនេះគឺជាធម្មជាតិបែបណា? (ភាពកាចសាហាវ។) អ្វីគ្រប់យ៉ាងដែលមនុស្សអាក្រក់និយាយនិងធ្វើ គឺដើម្បីសម្រេចគោលបំណងណាមួយ។ តើពួកគេតែងធ្វើរឿងបែបណា? តើមនុស្សមាននិស្ស័យកាចសាហាវ តែងធ្វើរឿងអ្វីច្រើនជាងគេបំផុត? (ពួកគេបង្អាក់ ជ្រៀតជ្រែក និងបំផ្លាញកិច្ចការពួកជំនុំ។) (នៅពេលដែលពួកគេនៅមុខមនុស្ស ពួកគេព្យាយាមផ្គាប់ផ្គុនចិត្តគេ ប៉ុន្តែ ក្រោយមក ពួកគេព្យាយាមមើលស្រាលមនុស្សទាំងនោះពីក្រោយខ្នង។) (ពួកគេវាយប្រហារមនុស្ស មានគំនុំសងសឹក និងបញ្ចេញកំហឹងដាក់មនុស្សដោយការព្យាបាទ។) (ពួកគេផ្សាយពាក្យចចាមអារាម និងពាក្យបង្កាច់បង្ខូច។) (ពួកគេមួលបង្កាច់ វិនិច្ឆ័យ និងថ្កោលទោសអ្នកដទៃ។) ធម្មជាតិនៃទង្វើទាំងនេះ គឺដើម្បីបង្អាក់និងបំផ្លាញដល់កិច្ចការពួកជំនុំ ហើយសុទ្ធតែជាការបង្ហាញចេញនូវការទាស់ទទឹង និងការវាយប្រហារព្រះជាម្ចាស់ សុទ្ធតែជាការបង្ហាញចេញនូវនិស្ស័យកាចសាហាវ។ អ្នកទាំងឡាយដែលអាចធ្វើរឿងទាំងនេះបាន ច្បាស់ណាស់ គឺជាមនុស្សអាក្រក់ ហើយអស់អ្នកណាដែលមានការបង្ហាញចេញនូវនិស្ស័យកាចសាហាវ អាចកំណត់ថា អ្នកនោះគឺជាមនុស្សអាក្រក់បាន។ តើមនុស្សអាក្រក់ មានសារជាតិបែបណា? គឺជាសារជាតិជាអារក្ស សារជាតិជាសាតាំង។ នេះមិនមែនជាការនិយាយបំផ្លើសទេ។ តើអ្នករាល់គ្នាអាចធ្វើទង្វើបែបនេះបានដែរឬទេ? ក្នុងចំណោមទង្វើទាំងនេះ តើអ្នករាល់គ្នាអាចធ្វើទង្វើមួយណាបាន? (មានការវិនិច្ឆ័យ។) ដូច្នេះ តើអ្នកហ៊ានវាយប្រហារ ឬសងសឹកអ្នកដទៃដែរឬទេ? (ពេលខ្លះ ខ្ញុំពិតជាមានគំនិតបែបនេះមែន ប៉ុន្តែ មិនហ៊ានធ្វើបែបនេះដាក់ពួកគេឡើយ។) អ្នករាល់គ្នាគ្រាន់តែមានគំនិតបែបនេះទេ ប៉ុន្តែ អ្នកមិនហ៊ានធ្វើដាក់ពួកគេឡើយ។ ប្រសិនបើមនុស្សម្នាក់ដែលមានឋានៈតូចទាបធ្វើឱ្យអ្នកមានការឈឺចាប់ តើអ្នកហ៊ានសងសឹកទេ? (ពេលខ្លះ ខ្ញុំនឹងសងសឹក ខ្ញុំអាចធ្វើរឿងបែបនេះបាន។) ប្រសិនបើមនុស្សម្នាក់នេះពិតជាគួរឱ្យខ្លាចខ្លាំង ប្រសិនបើគេប៉ិនប្រសប់និយាយ ហើយគេធ្វើឱ្យអ្នកឈឺចាប់ តើអ្នកហ៊ានសងសឹងគេទេ? ប្រហែលមានមនុស្សតែពីរបីនាក់ប៉ុណ្ណោះ ដែលមិនខ្លាចនឹងសងសឹកនោះ។ មនុស្សបែបនេះ ពោលគឺមនុស្សដែលធ្វើបាបអ្នកទន់ខ្សោយ តែខ្លាចអ្នកខ្លាំង តើពួកគេមាននិស្ស័យកាចសាហាវដែរទេ? (មាន។) មិនថានេះជានិស្ស័យបែបណានោះទេ ហើយមិនថាមានគោលបំណងលើអ្នកណានោះទេ ប្រសិនបើអ្នកអាចប្រព្រឹត្តអំពើអាក្រក់ក្នុងការសងសឹងបងប្អូនប្រុសស្រីផ្សេងទៀត នេះបញ្ចាក់ថា នៅក្នុងខ្លួនអ្នកមាននិស្ស័យកាចសាហាវហើយ។ មើលពីសម្បកក្រៅ និស្ស័យកាចសាហាវគ្មានអ្វីខុសគ្នាច្រើននោះទេ ប៉ុន្តែ អ្នកត្រូវតែមានសមត្ថភាពបែងចែកនិស្ស័យនេះពីគ្នា ហើយអ្នកត្រូវតែអាចបែងចែកថានរណាជាគោលដៅរបស់អ្នក។ ប្រសិនបើអ្នកខ្លាំងដាក់សាតាំង ហើយអ្នកអាចបង្រ្កាបនិងបំបាក់មុខសាតាំងបាន តើនេះចាត់ទុកជានិស្ស័យកាចសាហាវដែរឬទេ? មិនមែនទេ។ នេះគឺជាការក្រោកឈរតតាំងដើម្បីរឿងត្រឹមត្រូវ និងជាការមិនខ្លាចរអានៅចំពោះមុខសត្រូវ។ នេះគឺជាការមានស្មារតីសុចរិត។ តើក្នុងកាលៈទេសៈបែបណាដែលចាត់ទុកថា នេះគឺជានិស្ស័កាចសាហាវ? ប្រសិនបើអ្នកធ្វើបាប ជាន់ឈ្លី និងបំបាក់មុខមនុស្សល្អ ឬបងប្អូនប្រុសស្រី ដូច្នេះ ទង្វើនេះនឹងក្លាយជានិស្ស័យកាចសាហាវមិនខាន។ ហេតុនេះហើយ អ្នកត្រូវតែមានសតិសម្បជញ្ញៈនិងហេតុផលក្នុងខ្លួន ត្រូវដោះស្រាយជាមួយមនុស្សនិងបញ្ហាទៅតាមគោលការណ៍ អាចស្គាល់ថានរណាជាមនុស្សអាក្រក់ នរណាជាមនុស្សទុច្ចរិត ត្រូវមានស្មារតីសុចរិត ហើយអ្នកត្រូវតែមានការអត់ធ្មត់ និងការអធ្យាស្រ័យចំពោះរាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់និងបងប្អូនប្រុសស្រី ហើយអ្នកត្រូវតែអនុវត្តស្របទៅតាមសេចក្ដីពិត។ នេះទើបត្រឹមត្រូវទាំងស្រុង ហើយស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ មនុស្សដែលមាននិស្ស័យកាចសាហាវ មិនប្រព្រឹត្តចំពោះមនុស្សស្របទៅតាមគោលការណ៍បែបនេះឡើយ។ មិនថាអ្នកនោះជាមនុស្សបែបណានោះទេ ប្រសិនបើអ្នកនោះធ្វើអ្វីឱ្យពួកគេមានការឈឺចាប់ នោះពួកគេនឹងព្យាយាមសងសឹកវិញមិនខាន។ នេះគឺជាភាពកាចសាហាវ។ មនុស្សអាក្រក់ ធ្វើអ្វីគ្មានគោលការណ៍នោះទេ។ ពួកគេពុំស្វែងរកសេចក្ដីពិតឡើយ។ មិនថានោះជាការធ្វើអ្វីចេញពីគំនុំផ្ទាល់ខ្លួន ឬធ្វើបាបមនុស្សទន់ខ្សោយ និងខ្លាចមនុស្សខ្លាំង ឬហ៊ានសងសឹកមនុស្សគ្រប់គ្នានោះទេ អ្វីទាំងអស់នេះ ពាក់ព័ន្ធនឹងនិស្ស័យកាចសាហាវ ហើយសុទ្ធតែបង្កើតបានជានិស្ស័យពុករលួយទាំងអស់។ ចំណុចនេះ គ្មានអ្វីត្រូវឆ្ងល់ឡើយ។

តើមនុស្សម្នាក់ដែលមាននិស្ស័យកាចសាហាវ មានការបង្ហាញចេញជាក់លាក់អ្វីខ្លះ? គឺនៅពេលដែលពួកគេជួបប្រទះមនុស្សដែលស្លូតត្រង់ ងាយស្រួលធ្វើបាប ពួកគេក៏ចាប់ផ្ដើមធ្វើបាបអ្នកនោះ និងលេងសើចនឹងពួកគេ។ នេះគឺជារឿងដែលកើតមានជាទូទៅ។ នៅពេលដែលមនុស្សម្នាក់មានចិត្តសប្បុរសគួរសម ឃើញមនុស្សដែលគ្មានស្លូតត្រង់និងកំសាក ហើយពួកគេមានអារម្មណ៍អាណិតអាសូរចំពោះអ្នកនោះ ហើយទោះបីពួកគេមិនអាចជួយអ្វីដល់អ្នកទាំងនោះបានក៏ដោយ ក៏ពួកគេនឹងមិនធ្វើបាបអ្នកទាំងនោះដែរ។ នៅពេលដែលអ្នកឃើញថា ក្នុងចំណោមបងប្អូនប្រុសស្រី មានមនុស្សម្នាក់ដែលស្លូតត្រង់ តើអ្នកធ្វើដាក់ពួកគេយ៉ាងដូចម្ដេច? តើអ្នកធ្វើបាបពួកគេ ឬបង្អាប់ពួកគេដែរទេ? (ខ្ញុំប្រហែលជាមើលងាយពួកគេ។) ការមើលងាយមនុស្ស គឺជាវិធីម្យ៉ាងដើម្បីចង់ដឹងពីមនុស្ស ជាវិធីនៃការគិតពីមនុស្ស ជាប្រភេទនៃចិត្តគំនិតមួយបែប ប៉ុន្តែ របៀបដែលអ្នកធ្វើនិងនិយាយដាក់ពួកគេ ពាក់ព័ន្ធនឹងនិស្ស័យរបស់អ្នក។ ប្រាប់ខ្ញុំមកមើល តើអ្នករាល់គ្នាធ្វើដាក់មនុស្សទុយមុយនិងកំសាកញីដោយរបៀបណា? (ខ្ញុំបញ្ជាឱ្យពួកគេធ្វើនេះធ្វើនោះ ហើយធ្វើបាបពួកគេ។) (នៅពេលដែលខ្ញុំឃើញពួកគេបំពេញភារកិច្ចពុំបានត្រឹមត្រូវ ខ្ញុំរើសអើងពួកគេ ហើយឈប់រាប់រកពួកគេ។) អ្វីដែលអ្នករាល់គ្នាលើកឡើងនេះ គឺជាការបង្ហាញចេញនូវនិស្ស័យកាចសាហាវ ហើយជាប់ពាក់ព័ន្ធនឹងនិស្ស័យរបស់មនុស្ស។ នូវមានចំណុចច្រើនទៀតដែលពាក់ព័ន្ធនឹងរឿងនេះ ដូច្នេះ ពុំចាំបាច់ត្រូវនិយាយលម្អិតពីចំណុចទាំងនេះឡើយ។ តើអ្នករាល់គ្នាធ្លាប់ជួបមនុស្សម្នាក់ដែលចង់ឱ្យអ្នកដែលប្រមាថខ្លួនស្លាប់ ហើយថែមទាំងអធិស្ឋានទៅព្រះជាម្ចាស់ ដោយទូលសូមទ្រង់ឱ្យដាក់ទោសពួកគេ ឱ្យកម្ចាត់ពួកគេឱ្យបាត់ពីផែនដីនេះ ដែរឬទេ? ទោះបីជាគ្មាននរណាមានអំណាចបែបនេះក្ដី ក៏ក្នុងចិត្តពួកគេ ពួកគេគិតថា បើពួកគេអាចធ្វើបានពិតមែន នោះពិតជាល្អមិនខាន ឬពុំដូច្នោះទេ ពួកគេនឹងអធិស្ឋានទៅព្រះជាម្ចាស់ និងទូលសូមឱ្យព្រះជាម្ចាស់ធ្វើរឿងនេះ។ តើក្នុងចិត្តអ្នករាល់គ្នាមានគំនិតបែបនេះដែរទេ? (នៅពេលដែលយើងកំពុងផ្សាយដំណឹងល្អ ហើយជួបនឹងមនុស្សអាក្រក់ដែលវាយប្រហារយើង និងរាយការណ៍យើងប្រាប់ប៉ូលិស ខ្ញុំមានអារម្មណ៍ស្អប់ពួកគេណាស់ ហើយមានគំនិតដូចជា៖ «ថ្ងៃដែលព្រះជាម្ចាស់ដាក់ទោសអ្នក គង់តែនឹងមកដល់ទេ»។) នោះគឺជាករណីជាក់ស្ដែងមួយ។ អ្នកត្រូវគេវាយប្រហារ អ្នករងទុក្ខ អ្នកមានអារម្មណ៍ឈឺចាប់ ភាពសុចរិតរបស់អ្នក និងការគោរពខ្លួនឯង ត្រូវបានគេជាន់ឈ្លីទាំងស្រុង។ ក្នុងកាលៈទេសៈបែបនេះ មនុស្សភាគច្រើនពិបាកនឹងទទួលយកបានណាស់។ (មនុស្សខ្លះផ្សាយពាក្យចចាមអារាមអំពីពួកជំនុំរបស់យើងតាមអនឡាញ ពួកគេធ្វើការចោទប្រកាន់ជាច្រើន ហើយពេលខ្ញុំអានការចោទប្រកាន់ទាំងនោះ ខ្ញុំពិតជាខឹងខ្លាំងណាស់ ហើយក្នុងចិត្តខ្ញុំ ក៏មានការស្អប់ខ្ពើមជាខ្លាំងផងដែរ។) តើនេះគឺជាភាពសាហាវ ឬជាការច្រឡោតខឹង ឬជាភាពជាមនុស្សធម្មតា? (វាជាភាពជាមនុស្សធម្មតាទេ។ ការមិនស្អប់អារក្ស និងសត្រូវរបស់ព្រះជាម្ចាស់ ទើបមិនមែនជាភាពជាមនុស្សធម្មតា។) ត្រូវហើយ។ នេះគឺជាការបើកសម្ដែង ការបង្ហាញចេញ និងការឆ្លើយតបនៃភាពជាមនុស្សធម្មតា។ ប្រសិនបើមនុស្សពុំស្អប់អ្វីដែលអវិជ្ជមាន ឬស្រឡាញ់អ្វីដែលវិជ្ជមានទេ ប្រសិនបើពួកគេគ្មានបទដ្ឋានសតិសម្បជញ្ញៈទេ នោះពួកគេមិនមែនជាមនុស្សឡើយ។ ស្ថិតក្រោមកាលៈទេសៈទាំងនេះ តើមនុស្សម្នាក់អាចធ្វើទង្វើអ្វីដែលនាំឱ្យកើមាននិស្ស័យកាចសាហាវបាន? ប្រសិនបើការស្អប់ និងការមិនចូលចិត្តនេះ ផ្លាស់ប្ដូរទៅជាអាកប្បកិរិយាក្នុងប្រភេទជាក់លាក់ណាមួយ ប្រសិនបើអ្នកបាត់បង់ហេតុផលទាំងស្រុង ហើយទង្វើរបស់អ្នកបំពានលើបន្ទាត់ក្រហមជាក់លាក់នៃភាពជាមនុស្ស ប្រសិនបើអ្នកអាចនឹងសម្លាប់អ្នកដទៃ និងប្រព្រឹត្តល្មើសច្បាប់ ដូច្នេះ នេះគឺជាភាពសាហាវ ជាការធ្វើតាមការច្រឡោតខឹងហើយ។ នៅពេលមនុស្សយល់ពីសេចក្ដីពិត ហើយអាចស្គាល់មនុស្សអាក្រក់ ព្រមទាំងស្អប់សេចក្ដីទុច្ចរិតផង នេះគឺជាភាពជាមនុស្សធម្មតាហើយ។ ប៉ុន្តែ ប្រសិនបើមនុស្សដោះស្រាយអ្វីៗទៅតាមការច្រឡោតខឹង នោះពួកគេកំពុងធ្វើអ្វីៗដោយគ្មានគោលការណ៍ហើយ។ តើនេះមានអ្វីខុសគ្នាពីការប្រព្រឹត្តអាក្រក់ទៅ? (មែនហើយ។) មានភាពខុសគ្នាមួយ។ ប្រសិនបើមនុស្សម្នាក់អាក្រក់ខ្លាំង កាចសាហាវខ្លាំង ទុច្ចរិតខ្លាំង អសីលធម៌ខ្លាំង ហើយអ្នកមានអារម្មណ៍ប្រឆាំងនឹងពួកគេជាខ្លាំង ហើយការប្រឆាំងនេះឈានដល់ចំណុចមួយដែលអ្នកទូលសូមឱ្យព្រះជាម្ចាស់ដាក់បណ្ដាសាពួកគេ ដូច្នេះ ចំណុចនេះមិនអីនោះទេ។ ប៉ុន្តែ បន្ទាប់ពីអ្នកបានអធិស្ឋានពីរឬបីដងហើយ ប្រសិនបើព្រះជាម្ចាស់ពុំចាត់ការ ហើយអ្នកក៏ដោះស្រាយបញ្ហានោះដោយខ្លួនឯងវិញ តើនេះមិនអីទេមែនទេ? (អត់ទេ។) អ្នកអាចអធិស្ឋានទៅព្រះជាម្ចាស់ និងសម្ដែងទស្សនៈនិងការយល់ឃើញរបស់អ្នកបាន បន្ទាប់មក ស្រាវជ្រាវរកគោលការណ៍នៃសេចក្ដីពិត ដែលក្នុងករណីនេះ អ្នកនឹងអាចដោះស្រាយអ្វីៗបានត្រឹមត្រូវមិនខាន។ ប៉ុន្តែ អ្នកមិនគួរទាមទារ ឬព្យាយាមបង្ខំឱ្យព្រះជាម្ចាស់ទារបំណុលជំនួសអ្នកឡើយ អ្នកកាន់តែមិនគួរអនុញ្ញាតឱ្យការច្រឡោតខឹងរបស់អ្នកនាំអ្នកឱ្យធ្វើរឿងល្ងង់ខ្លៅនោះដែរ។ អ្នកគួរដោះស្រាយបញ្ហាប្រកបដោយវិចារណញាណ។ អ្នកគួរមានការអត់ធ្មត់ រង់ចាំពេលវេលារបស់ព្រះជាម្ចាស់មកដល់ និងចំណាយពេលអធិស្ឋានទៅព្រះជាម្ចាស់ឱ្យបានច្រើន។ ត្រូវមើលថាតើព្រះជាម្ចាស់ប្រព្រឹត្តដាក់អារក្សសាតាំងដោយរបៀបណា បែបនេះ អ្នកនឹងអាចអត់ធ្មត់បានហើយ។ ការមានតម្រិះប្រកបដោយវិចារណញាណ សំដៅលើការផ្ទុកផ្ដាក់អ្វីទាំងអស់នេះទៅលើព្រះជាម្ចាស់ និងទុកឱ្យព្រះជាម្ចាស់ជាអ្នកចាត់ការ។ ភាវៈដែលព្រះបង្កើតមកគួរធ្វើបែបនេះ។ មិនត្រូវធ្វើអ្វីតាមការច្រឡោតខឹងនោះទេ។ ការធ្វើអ្វីតាមការច្រឡោតខឹង គឺព្រះជាម្ចាសមិនអាចទទួលយកបានឡើយ ជាទង្វើដែលព្រះជាម្ចាស់ថ្កោលទោស។ ក្នុងពេលបែបនេះ និស្ស័យដែលត្រូវបង្ហាញចេញនៅក្នុងខ្លួនមនុស្ស គឺមិនមែនជាភាពទន់ខ្សោយរបស់មនុស្ស ឬការបញ្ចេញកំហឹងនោះទេ តែផ្ទុយទៅវិញ វាជានិស្ស័យកាចសាហាវ។ នៅពេលដែលនិស្ស័យនេះត្រូវបានកំណត់ថាជានិស្ស័យកាចសាហាវ នោះអ្នកមានបញ្ហាមិនខាន ហើយអ្នកទំនងជាមិនអាចសង្គ្រោះបានឡើយ។ នោះគឺដោយសារនៅពេលមនុស្សមាននិស្ស័យកាចសាហាវ ពួកគេទំនងជាធ្វើអ្វីផ្ទុយទៅនឹងសតិសម្បជញ្ញៈនិងហេតុផល ហើយពួកគេមានលទ្ធភាពខ្ពស់ក្នុងការប្រព្រឹត្តល្មើសច្បាប់ និងបំពានលើបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់។ ដូច្នេះ តើចំណុចនេះអាចជៀសវាងបានតាមបៀបណា? យ៉ាងហោចណាស់ ក៏មានបន្ទាត់ក្រហមចំនួនបីដែរ ដែលអ្នកមិនត្រូវឆ្លងកាត់ដាច់ខាត៖ ទីមួយ គឺមិនត្រូវធ្វើអ្វីដែលផ្ទុយទៅនឹងសតិសម្បជញ្ញៈនិងហេតុផល ទីពីរ គឺមិនត្រូវល្មើសច្បាប់ ហើយទីបី គឺមិនត្រូវបំពានលើបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់។ ជាងនេះទៅទៀត មិនត្រូវធ្វើអ្វីដែលជ្រុលហួសហេតុ ឬអ្វីដែលនឹងបង្អាក់ដល់កិច្ចការពួកជំនុំឡើយ។ ប្រសិនបើអ្នកប្រកាន់តាមគោលការណ៍ទាំងនេះ យ៉ាងហោចណាស់ ក៏អាចធានាសុវត្ថិភាពរបស់អ្នកបានដែរ ហើយអ្នកក៏នឹងមិនត្រូវគេផាត់ចោលនោះដែរ។ ប្រសិនបើអ្នកបានប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាង ហើយត្រូវគេលួសកាត់និងដោះស្រាយជាមួយ ហើយអ្នកបែរជាទាស់ទទឹងយ៉ាងកាចសាហាវទៅវិញ នោះកាន់តែគ្រោះថ្នាក់ទៅទៀតហើយ។ អ្នកអាចនឹងប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ដោយផ្ទាល់ ហើយមុខជាត្រូវបោសសម្អាត ឬបណ្ដេញចេញពីពួកជំនុំមិនខាន។ ការដាក់ទោសព្រោះប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ គឺកាន់តែធ្ងន់ធ្ងរជាងការល្មើសច្បាប់ទៅទៀត។ នេះគឺជាវាសនាមួយដែលអាក្រក់ជាងសេចក្ដីស្លាប់ទៅទៀត។ ការល្មើសច្បាប់ យ៉ាងច្រើនណាស់ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ រងទុក្ខប៉ុន្មានឆ្នាំ ហើយក៏ត្រូវគេដោះលែងវិញ គ្មានបញ្ហាអ្វីនោះទេ។ ប៉ុន្តែ ប្រសិនបើអ្នកប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ អ្នកនឹងត្រូវទទួលរងការដាក់ទោសអស់កល្បជានិច្ច។ ហេតុនេះហើយ ប្រសិនបើមនុស្សដែលមាននិស្ស័យកាចសាហាវ គ្មានតម្រិះប្រកបដោយវិចារណញាណទេ ពួកគេមុខជាធ្លាក់ក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរ ពួកគេមុខជាប្រព្រឹត្តអាក្រក់ ហើយពួកគេច្បាស់ជាត្រូវដាក់ទោស និងទទួលរងកម្មពៀរមិនខាន។ ប្រសិនបើមនុស្សមានតម្រិះប្រកបដោយវិចារណញាណតិចតួច អាចស្វែងរកនិងចុះចូលនឹងសេចក្ដិពិតបាន ហើយអាចឃាត់ឃាំងខ្លួនឯងកុំឱ្យប្រព្រឹត្តអំពើអាក្រក់ច្រើនពេក នោះពួកគេច្បាស់ជាមានសង្ឃឹមត្រូវបានសង្គ្រោះមិនខាន។ មនុស្សចាំបាច់ត្រូវមានតម្រិះប្រកបដោយវិចារណញាណ និងមានហេតុផល។ មនុស្សដែលមានហេតុផល នឹងទទួលយកសេចក្ដីពិត ហើយប្រឈមនឹងការលួសកាត់និងការដោះស្រាយជាមួយតាមវិធីដែលត្រឹមត្រូវ។ បុគ្គលដែលគ្មានហេតុផលទេ គឺស្ថិតក្នុងគ្រោះថ្នាក់ នៅពេលដែលពួកគេត្រូវបានលួសកាត់និងដោះស្រាយជាមួយ។ ឧទាហរណ៍ ឧបមាថាមនុស្សម្នាក់ខឹងខ្លាំង បន្ទាប់ពីត្រូវអ្នកដឹកនាំដោះស្រាយជាមួយនិងលួសកាត់រួច។ ពួកគេមានអារម្មណ៍ចង់ផ្សាយពាក្យចចាមអារាម និងវាយប្រហារអ្នកដឹកនាំនោះ ប៉ុន្តែពុំហ៊ានបង្កបញ្ហា។ ទោះយ៉ាងណា និស្ស័យបែបនេះមាននៅក្នុងចិត្តពួកគេរួចស្រេចហើយ ហើយពិបាកនឹងនិយាយថាតើពួកគេនឹងធ្វើតាមនិស្ស័យនេះឬអត់ណាស់។ ឱ្យតែក្នុងចិត្តរបស់មនុស្សម្នាក់មាននិស្ស័យប្រភេទនេះ ឱ្យតែកើតមានគំនិតទាំងនេះ នោះទោះបីពួកគេមិនធ្វើតាមនិស្ស័យនេះក៏ដោយ ក៏ពួកគេស្ថិតក្នុងគ្រោះថ្នាក់រួចស្រេចទៅហើយ។ នៅពេលកាលៈទេសៈអំណោយផល នៅពេលពួកគេមានឱកាស ពួកគេអាចនឹងធ្វើបែបនេះមែន។ ឱ្យតែពួកគេមាននិស្ស័យកាចសាហាវ ប្រសិនបើនិស្ស័យនេះមិនបានដោះស្រាយនោះទេ នោះមិនយូរមិនឆាប់ទេ បុគ្គលម្នាក់នេះនឹងប្រព្រឹត្តអាក្រក់មិនខាន។ ដូច្នេះ តើមានស្ថានភាពដទៃផ្សេងទៀតអ្វីខ្លះដែលមនុស្សបង្ហាញចេញនិស្ស័យកាចសាហាវ? ប្រាប់ខ្ញុំមក។ (ខ្ញុំបំពេញភារកិច្ចឱ្យតែរួចពីដៃ ហើយមិនទទួលបានលទ្ធផលអ្វីទេ ហើយបន្ទាប់មក ខ្ញុំត្រូវបានអ្នកដឹកនាំប្ដូរចេញស្របទៅតាមគោលការណ៍ ហើយខ្ញុំមានអារម្មណ៍មិនសុខចិត្តខ្លះដែរ។ ក្រោយមក នៅពេលខ្ញុំឃើញថា គាត់បានបង្ហាញចេញនិស្ស័យពុករលួយ ខ្ញុំគិតចង់សរសេរលិខិតរាយការណ៍ពីគាត់។) តើគំនិតនេះ សុខៗស្រាប់តែកើតចេញមកមែនទេ? អត់ជាដាច់ខាត។ គំនិតនេះកើតចេញពីធម្មជាតិរបស់អ្នក។ មិនយូរមិនឆាប់ទេ អ្វីៗនៅក្នុងធម្មជាតិរបស់មនុស្សត្រូវបង្ហាញចេញ ដោយពុំដឹងថាធម្មជាតិទាំងនោះនឹងត្រូវបង្ហាញចេញ និងសម្ដែងចេញមកតាមករណី ឬបរិបទបែបណានោះទេ។ ពេលខ្លះ មនុស្សមិនបានធ្វើអ្វីនោះទេ ប៉ុន្តែ នោះគឺដោយសារស្ថានភាពពុំអំណោយផលប៉ុណ្ណោះ។ ប្រសិនបើពួកគេគឺជាមនុស្សដែលដេញតាមសេចក្ដីពិតមែន ដូច្នេះ ទោះបីជាបែបណាក៏ដោយ ក៏ពួកគេនឹងអាចស្វែងរកសេចក្ដីពិតមកដោះស្រាយបញ្ហានេះបានដែរ។ ប្រសិនបើពួកគេមិនមែនជាមនុស្សដែលដេញតាមសេចក្ដីពិតទេ នោះពួកគេនឹងធ្វើអ្វីតាមចិត្តចង់ ហើយឱ្យតែកាលៈទេសៈអំណោយផល នោះពួកគេនឹងប្រព្រឹត្តអាក្រក់មិនខាន។ ហេតុនេះហើយ ប្រសិនបើនិស្ស័យពុករលួយមិនត្រូវបានដោះស្រាយទេ នោះមានលទ្ធភាពខ្ពស់ដែលមនុស្សនឹងធ្វើឱ្យខ្លួនគេធ្លាក់ចូលក្នុងបញ្ហាណាស់ ដែលក្នុងករណីនេះ ពួកគេនឹងប្រមូលផលនូវអ្វីដែលពួកគេបានសាបព្រោះមិនខាន។ មនុស្សខ្លះពុំដេញតាមសេចក្ដីពិតទេ ហើយតែងបំពេញភារកិច្ចរបស់ខ្លួនឱ្យតែរួចពីដៃជាប់ជានិច្ច។ ពេលត្រូវអ្នកដទៃលួសកាត់និងដោះស្រាយជាមួយ ពួកគេពុំទទួលយកឡើយ ពួកគេមិនដែលប្រែចិត្តនោះទេ ហើយចុងក្រោយ ពួកគេត្រូវបណ្ដេញចេញដើម្បីឱ្យធ្វើការឆ្លុះបញ្ចាំង។ មនុស្សខ្លះត្រូវគេបោសសម្អាតចេញពីក្រុមជំនុំ ដោយសារពួកគេតែងជ្រៀតជ្រែកជីវិតពួកជំនុំជាប់ជានិច្ច និងដោយសារពួកគេបានក្លាយជាមនុស្សអាក្រក់ ហើយមនុស្សខ្លះត្រូវគេបណ្ដេញចេញដោយសារពួកគេប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាង។ ហេតុនេះហើយ មិនថាពួកគេជាមនុស្សបែបណានោះទេ ប្រសិនបើមនុស្សបង្ហាញបង្ហាញចេញនូវនិស្ស័យពុករលួយជាញឹកញាប់ ហើយពុំស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហានេះទេ នោះពួកគេមុខជាប្រព្រឹត្តអំពើអាក្រក់មិនខាន។ និស្ស័យពុករលួយរបស់មនុស្ស ពុំមែនមានតែភាពក្រអឺតក្រទមមួយមុខប៉ុណ្ណោះទេ ប៉ុន្តែក៏មានភាពទុច្ចរិត និងភាពកាចសាហាវផងដែរ។ ភាពក្រអឺតក្រទមនិងភាពកាចសាហាវ គឺគ្រាន់តែជាកត្តាកើតមានទូទៅប៉ុណ្ណោះ។

ដូច្នេះ តើគួរដោះស្រាយបញ្ហានៃការបង្ហាញចេញនិស្ស័យកាចសាហាវតាមរបៀបណា? មនុស្សត្រូវដឹងថា អ្វីខ្លះជានិស្ស័យពុករលួយរបស់ពួកគេ។ និស្ស័យរបស់មនុស្សមួយចំនួន គឺកាចសាហាវ ព្យាបាទ និងក្រអឺតក្រទមខ្លាំងណាស់ ហើយពួកគេគ្មានភាពទៀងត្រង់ទាល់តែសោះ។ នេះគឺជានិស្ស័យរបស់មនុស្សទុច្ចរិត ហើយមនុស្សទាំងនេះ គឺជាមនុស្សគ្រោះថ្នាក់ជាងគេបំផុត។ នៅពេលដែលមនុស្សបែបនេះកាន់អំណាច នោះអារក្សក៏កាន់អំណាច ហើយសាតាំងក៏អំណាចដែរ។ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ មនុស្សទុច្ចរិតទាំងអស់ត្រូវបានលាតត្រដាងនិងផាត់ចោល ដោយសារពួកគេប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាង។ នៅពេលអ្នកព្យាយាមប្រកបគ្នាពីសេចក្ដីពិតទៅកាន់មនុស្សទុច្ចរិត ឬលួសកាត់ពួកគេ និងដោះស្រាយជាមួយពួកគេ នោះមានឱកាសខ្ពស់ដែលពួកគេនឹងវាយប្រហារអ្នក ឬវិនិច្ឆ័យអ្នកវិញ ឬថែមទាំងសងសឹកអ្នកទៀតផង ដែលទាំងអស់នេះសុទ្ធតែជាផលវិបាកដែលកើតចេញពីនិស្ស័យកាចសាហាវខ្លាំងរបស់ពួកគេ។ តាមពិតទៅ រឿងនេះកើតមានទូទៅខ្លាំងណាស់។ ឧទាហរណ៍ មនុស្សពីរនាក់អាចចុះសម្រុងគ្នាបានល្អ ដែលមានការគិតគូរនិងការយោគយល់គ្នាទៅវិញទៅមក ប៉ុន្តែ ចុងក្រោយ ពួកគេក៏ត្រូវបែកបាក់គ្នាដោយសាររឿងផលប្រយោជន៍របស់ពួកគេតែម្យ៉ាង ហើយពួកគេក៏កាត់ផ្ដាច់ទំនាក់ទំនងជាមួយគ្នា។ មនុស្សខ្លះថែមទាំងក្លាយជាសត្រូវនឹងគ្នា និងព្យាយាមសងសឹកគ្នាទៅវិញទៅមកទៀតផង។ ពួកគេសុទ្ធកាចសាហាវខ្លាំងណាស់។ នៅពេលនិយាយដល់ការបំពេញភារកិច្ចរបស់មនុស្ស តើអ្នករាល់គ្នាធ្លាប់បានកត់សម្គាល់ឃើញមានការបង្ហាញចេញនិងការបើកសម្ដែងអ្វីខ្លះនៅក្នុងខ្លួនពួកគេ ដែលជាប្រភេទនៃនិស្ស័យកាចសាហាវដែរឬទេ? ចំណុចទាំងនេះពិតជាមានប្រាកដមែន ហើយអ្នកត្រូវតែដករម្លើងឫសគល់វាចេញ។ បែបនេះនឹងជួយអ្នករាល់គ្នាឱ្យចេះបែងចែកនិងស្គាល់ពីចំណុចទាំងនេះបាន។ ប្រសិនបើអ្នកមិនដឹងថាត្រូវដករម្លើងឫសគល់ និងបែងចែកចំណុចទាំងនេះតាមរបៀបណាទេ នោះអ្នករាល់គ្នានឹងមិនដែលអាចស្គាល់មនុស្សអាក្រក់បានឡើយ។ បន្ទាប់ពីត្រូវពួកទទឹងនឹងព្រះគ្រីស្ទនាំឱ្យវង្វេង និងធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់ពួកវាហើយ ជីវិតរបស់មនុស្សចំនួនក៏ត្រូវរងគ្រោះថ្នាក់ ហើយមានតែពេលនោះប៉ុណ្ណោះ ទើបពួកគេដឹងថា នរណាជាពួកគេទទឹងនឹងព្រះគ្រីស្ទ ហើយអ្វីជានិស្ស័កាចសាហាវ។ ការយល់ដឹងពីសេចក្ដីពិតរបស់អ្នករាល់គ្នា នៅរាក់កំភែលខ្លាំងណាស់។ ការយល់ដឹងរបស់អ្នករាល់គ្នាអំពីសេចក្ដីពិតភាគច្រើន ឈប់នៅត្រឹមកម្រិតនៃពាក្យសម្ដីឬការសរសេរ ឬអ្នកគ្រាន់តែយល់ពីពាក្យនៃគោលលទ្ធិប៉ុណ្ណោះ ហើយការយល់ដឹងបែបនេះ ពុំស្របទៅតាមតថភាពនោះទេ។ បន្ទាប់ពីបានស្ដាប់សេចក្ដីអធិប្បាយជាច្រើនរួចមក នៅក្នុងចិត្តអ្នក ហាក់ដូចជាមានការយល់ដឹងនិងការបំភ្លឺហើយ ប៉ុន្តែនៅពេលប្រឈមនឹងតថភាព អ្នកនៅតែមិនអាចបែងចែងបានថា អ្វីទាំងនោះគឺជាអ្វីឱ្យប្រាកដដដែល។ និយាយតាមទ្រឹស្ដីទៅ អ្នករាល់គ្នាសុទ្ធតែដឹងថាអ្វីជាការបង្ហាញចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែ នៅពេលអ្នកដាក់ភ្នែកចំលើពួកគេទទឹងនឹងព្រះគ្រីស្ទពិតប្រាកដ អ្នកមិនស្គាល់ពួកគេថាជាពួកទទឹងនឹងព្រះគ្រីស្ទឡើយ។ នេះគឺដោយសារអ្នកមានបទពិសោធតិចតួចខ្លាំងពេក។ នៅពេលដែលអ្នកមានបទពិសោធច្រើន នៅពេលដែលអ្នកត្រូវពួកទទឹងនឹងព្រះគ្រីស្ទធ្វើបាបគ្រប់គ្រាន់ហើយ នោះអ្នកនឹងអាចស្គាល់ច្បាស់ថា ពួកគេជាមនុស្សបែបណាពិតប្រាកដមិនខាន។ សព្វថ្ងៃនេះ ទោះបីមនុស្សភាគច្រើនស្ដាប់ការអធិប្បាយដោយយកចិត្តទុកដាក់ក្នុងអំឡុងពេលនៃការជួបជុំក៏ដោយ ហើយខំប្រឹងដើម្បីសេចក្ដីពិតក៏ដោយ ក៏នៅពេលដែលពួកគេបានស្ដាប់ឮសេចក្ដីពិតអធិប្បាយហើយ ពួកគេគ្រាន់តែដឹងពីន័យត្រង់ប៉ុណ្ណោះ ពួកគេពុំយល់ដឹងជ្រាលជ្រៅលើសពីកម្រិតទ្រឹស្ដីឡើយ ហើយពួកគេមិនអាចដកពិសោធន៍តថភាពនៃសេចក្ដីពិតបានឡើយ។ ហេតុនេះហើយ ច្រកចូលទៅក្នុងតថភាពនៃសេចក្ដីពិតរបស់ពួកគេ នៅរាល់កំភែលខ្លាំងណាស់ ដែលនេះមានន័យថា ពួកគេពុំស្គាល់មនុស្សទុច្ចរិតនិងពួកទទឹងនឹងព្រះគ្រីស្ទឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទ មានសារជាតិជាអ្នកប្រព្រឹត្តទុច្ចរិត ប៉ុន្តែ ក្រៅពួកទទឹងនឹងព្រះគ្រីស្ទនិងពួកប្រព្រឹត្តទុច្ចរិត តើមនុស្សដទៃគ្មាននិស្ស័យកាចសាហាវទេមែនទេ? តាមពិតទៅ គ្មានមនុស្សល្អនោះទេ។ នៅពេលដែលគ្មានអ្វីខុស ពួកគេញញឹម ប៉ុន្តែ នៅពេលពួកគេជួបប្រទះនឹងអ្វីដែលប៉ះពាល់ដល់ប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេប្រែជាអាក្រក់។ នេះគឺជានិស្ស័យកាចសាហាវ។ និស្ស័យកាចសាហាវនេះ អាចបង្ហាញចេញមកគ្រប់ពេល។ វាកើតឡើងដោយឯកឯង។ ដូច្នេះ តើនៅទីនេះមានរឿងអ្វីកើតឡើង? តើនេះជាបញ្ហានៃការត្រូវវិញ្ញាណអាក្រក់សណ្ឋិតមែនទេ? តើនេះជាបញ្ហានៃការចាប់ជាតិជាថ្មីរបស់អារក្សមែនទេ? ប្រសិនបើមិនមែនជាបញ្ហាទាំងពីរនេះទេ ដូច្នេះ មនុស្សនោះគឺមានសារជាតិនៃអ្នកប្រព្រឹត្តទុច្ចរិត ហើយពួកគេលែងអាចជួយបានទៀតហើយ។ ប្រសិនបើសារជាតិរបស់ពួកគេមិនមែនជាអ្នកប្រព្រឹត្តទុច្ចរិតទេ ហើយពួកគេគ្រាន់តែមានិស្ស័យពុករលួយ ដូច្នេះស្ថានភាពរបស់ពួកគេមិនអាក្រក់ខ្លាំងឡើយ ហើយប្រសិនបើពួកគេអាចទទួលយកសេចក្ដីពិតបាន នោះនៅមានសង្ឃឹមថានឹងអាចសង្គ្រោះពួកគេបាន។ ដូច្នេះ តើនិស្ស័យពុករលួយនិងកាចសាហាវ ត្រូវដោះស្រាយតាមរបៀបណា? ដំបូង ពេលអ្នកជួបប្រទះបញ្ហា អ្នកត្រូវតែអធិស្ឋានជារឿយ ហើយធ្វើការឆ្លុះបញ្ចាំងថាតើអ្នកមានការជំរុញចិត្ត និងបំណងប្រាថ្នាអ្វី។ អ្នកត្រូវទទួលយកការពិនិត្យពិច័យពីព្រះជាម្ចាស់ ហើយត្រូវធ្វើការត្រួតពិនិត្យឥរិយាបថរបស់អ្នកជាប្រចាំ។ ជាងនេះទៅទៀត អ្នកមិនត្រូវបង្ហាញចេញនូវពាក្យឬឥរិយាបថអាក្រក់ណាមួយឡើយ។ ប្រសិនបើមនុស្សម្នាក់ឃើញថាខ្លួនគេមានគោលបំណងពុំត្រឹមត្រូវ និងមានការព្យាបាទនៅក្នុងចិត្ត ដោយចង់ធ្វើរឿងអាក្រក់ នោះពួកគេត្រូវតែស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហានេះ ពួកគេត្រូវស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលពាក់ព័ន្ធ ដើម្បីស្វែងយល់និងដោះស្រាយបញ្ហានេះ ពួកគេត្រូវតែអធិស្ឋានទៅព្រះជាម្ចាស់ ទូលសូមការការពារពីទ្រង់ ស្បថចំពោះព្រះជាម្ចាស់ ហើយពួកគេត្រូវតែដាក់បណ្ដាសាខ្លួនឯង នៅពេលពួកគេពុំទទួលយកសេចក្ដីពិត និងប្រព្រឹត្តអាក្រក់។ ការប្រកបគ្នាជាមួយព្រះជាម្ចាស់តាមរបៀបនេះ ផ្ដល់នូវការការពារ និងរារាំងមនុស្សកុំឱ្យប្រព្រឹត្តអាក្រក់។ ប្រសិនបើមានរឿងអ្វីមួយកើតឡើងចំពោះនរណាម្នាក់ ហើយបំណងអាក្រក់ក៏លេចចេញមក ប៉ុន្តែពួកគេពុំបានយកចិត្តទុកដាក់ ឬពុំសូវខ្វាយខ្វល់ថា នេះគឺជាវិធីដែលពួកគេប្រព្រឹត្ត ដូច្នេះ ពួកគេគឺជាមនុស្សអាក្រក់ហើយ ហើយពួកគេមិនមែនជាមនុស្សម្នាក់ដែលជឿលើព្រះជាម្ចាស់ពិតប្រាកដ និងស្រឡាញ់សេចក្ដីពិតឡើយ។ មនុស្សបែបនេះ គឺនៅតែចង់ជឿលើព្រះជាម្ចាស់ និងដើរតាមព្រះជាម្ចាស់ ហើយចង់បានព្រះពរ និងចូលទៅក្នុងនគរស្ថានសួគ៌ដដែល។ តើអាចទៅរួចដែរឬទេ? ពួកគេកំពុងយល់សប្ដិហើយ។ និស្ស័យក្នុងប្រភេទទីប្រាំនេះ គឺភាពកាចសាហាវ។ នេះក៏ជាបញ្ហាដែលជាប់ពាក់ព័ន្ធនឹងនិស្ស័យពុករលួយ ហើយច្រើនឬតិច ក៏សម្រាប់ប្រធានបទនេះដែរ។

អ្នកក៏គួរតែធ្លាប់បានដឹងបានឮពីនិស្ស័យពុករលួយក្នុងប្រភេទទីប្រាំមួយនេះរួចហើយ នោះគឺ សេចក្ដីទុច្ចរិត។ យើងចាប់ផ្ដើមនិយាយពីពេលដែលមនុស្សផ្សាយដំណឹងល្អទៅចុះ។ មនុស្សខ្លះបញ្ចេញឱ្យឃើញនូវនិស្ស័យទុច្ចរិត នៅពេលពួកគេផ្សាយដំណឹងល្អ។ ពួកគេពុំផ្សាយដំណឹងល្អទៅតាមគោលការណ៍នោះទេ ហើយពួកគេក៏មិនដឹងថា មនុស្សប្រភេទណាដែលស្រឡាញ់សេចក្ដីពិត និងមានភាពជាមនុស្សនោះដែរ។ ពួកគេធ្លាប់ត្រឹមរកមើលមនុស្សមានភេទផ្ទុយគ្នា ដែលពួកគេមានទំនាក់ទំនងល្អជាមួយ ដែលពួកគេចូលចិត្ត និងចុះសម្រុងគ្នាប៉ុណ្ណោះ។ ពួកគេពុំផ្សាយដំណឹងល្អប្រាប់មនុស្សដែលពួកគេមិនចូលចិត្ត ឬអ្នកដែលពួកគេពុំចុះសម្រុងជាមួយឡើយ។ មិនថាបុគ្គលនោះ មានលក្ខណៈស្របតាមគោលការណ៍នៃការផ្សាយដំណឹងល្អឬអត់នោះទេ ក៏នោះមិនមែនជាបញ្ហាដែរ។ ប្រសិនបើអ្នកនោះជាមនុស្សម្នាក់ដែលពួកគេចាប់អារម្មណ៍ នោះពួកគេនឹងមិនព្រមបោះបង់អ្នកនោះចោលឡើយ។ អ្នកដទៃអាចប្រាប់ពួកគេថា បុគ្គលម្នាក់នោះពុំត្រូវនឹងគោលការណ៍នៃការផ្សាយដំណឹងល្អទេ ប៉ុន្តែ ពួកគេនៅតែទទូចចង់ផ្សាយដំណឹងល្អប្រាប់អ្នកនោះដដែល។ នៅក្នុងខ្លួនពួកគេ មាននិស្ស័យមួយដែលគ្រប់គ្រងលើទង្វើរបស់ពួកគេ ដែលធ្វើឱ្យពួកគេបំពេញតាមបំណងស្រើបស្រាលរបស់ខ្លួន និងសម្រេចគោលបំណងផ្ទាល់ខ្លួនរបស់ពួកគេក្រោមលេសនៃការផ្សាយដំណឹងល្អនេះ។ នេះគឺគ្មានអ្វីក្រៅពីនិស្ស័យទុច្ចរិតឡើយ។ ក៏មានមនុស្សមួយចំនួនដែលដឹងច្បាស់ថា អ្វីដែលពួកគេកំពុងធ្វើនោះគឺមិនត្រឹមត្រូវទេ និងដឹងថា ការធ្វើបែបនេះ ប្រមាថដល់ព្រះជាម្ចាស់ និងបំពានលើបញ្ញត្តិរដ្ឋបាលរបស់ទ្រង់ ក៏ប៉ុន្តែ ពួកគេមិនព្រមឈប់នោះទេ។ តើនេះគឺជានិស្ស័យមួយប្រភេទ មែនទេ? (មែនហើយ។) នេះគឺជាការបង្ហាញចេញនូវនិស្ស័យទុច្ចរិតមួយបែប ប៉ុន្តែ អ្វីដែលគួរចាត់ទុកជាសេចក្ដីទុច្ចរិតនោះ មិនមែនមានត្រឹមការចាក់បង្ហូរនូវបំណងត្រេកត្រអាលប៉ុណ្ណោះទេ។ វិសាលភាពនៃសេចក្ដីទុច្ចរិតនេះ គឺធំធេងជាងការត្រេកត្រអាលខាងសាច់ឈាមទៅទៀត។ សាកគិតលមើល៖ តើនិស្ស័យទុច្ចរិតមានការបង្ហាញចេញអ្វីផ្សេងទៀតដែរឬទេ? ដោយសារនេះគឺជានិស្ស័យមួយបែប ដូច្នេះ វាមិនមែនគ្រាន់តែជាវិធីធ្វើសកម្មភាពមួយបែបនោះទេ វាពាក់ព័ន្ធនឹងសភាព ការបង្ហាញចេញ និងការចាក់បង្ហូរជាច្រើនប្រភេទផ្សេងទៀត ដែលទាំងអស់នោះ រាប់ថាជានិស្ស័យមួយបែប។ (ការធ្វើតាមនិន្នាការខាងលោកីយ៍ ការមិនព្រមលះបង់អ្វីៗដែលពាក់ព័ន្ធនឹងនិន្នាការខាងលោកីយ៍។) ការមិនព្រមលះបង់និន្នាការផ្សេងៗ គឺជាប្រភេទមួយបែប។ ការដក់ចិត្តជាប់ទៅនឹងនិន្នាការទុច្ចរិតខាងលោកីយ៍ ការដេញតាមនិន្នាការទាំងនោះ ការត្រូវនិន្នាការទាំងនោះគ្រប់គ្រងបាន ការដេញតាមនិន្នាការទាំងនោះដោយចិត្តឆេះឆួលខ្លាំង។ មានមនុស្សមួយចំនួន ទោះគេប្រកបគ្នាពីសេចក្ដីពិតប្រាប់យ៉ាងណា ទោះពួកគេត្រូវគេលួសកាត់និងដោះស្រាយជាមួយយ៉ាងណាក៏ដោយ ក៏ពួកគេពុំព្រមលះបង់អ្វីទាំងនេះចោលដែរ ហើយពួកគេថែមទាំងឈានដល់ចំណុចនៃការជាប់ចិត្តខ្លាំងមិនលែងទៀតផង។ នេះគឺជាសេចក្ដីទុច្ចរិត។ ដូច្នេះ នៅពេលដែលមនុស្សដើរតាមនិន្នាការអាក្រក់ តើមានការបង្ហាញចេញបែបណាដែលបញ្ជាក់ថា ពួកគេមាននិស្ស័យទុច្ចរិត? ហេតុអ្វីបានជាពួកគេស្រឡាញ់អ្វីទាំងនេះ? តើមានអ្វីនៅក្នុងនិន្នាការអាក្រក់ខាងលោកីយ៍ទាំងនេះ ដែលធ្វើឱ្យពួកគេមានការពេញចិត្តខាងផ្លូវចិត្ត ដែលបំពេញតាមតម្រូវការរបស់ពួកគេ និងបំពេញតាមចំណូលចិត្ត និងបំណងប្រាថ្នារបស់ពួកគេ? ឧទាហរណ៍ ឧបមាថា ពួកគេចូលចិត្តតារាភាពយន្ត៖ តើតារាភាពយន្តទាំងនោះមានអ្វីដែលជំរុញឱ្យមានការស្រឡាញ់ជាប់ចិត្តខ្លាំងបែបនេះ និងធ្វើឱ្យពួកគេធ្វើតាមពួកតារាងទាំងនោះ? គឺដោយសារតែអ្នកទាំងនោះស្រេកឃ្លានចង់បានភាពទាន់សម័យ ភាពឈ្លាសវៃ សម្រស់ និងភាពល្បីល្បាញ ក៏ដូចជាប្រភេទនៃជីវិតហ៊ឺហារបស់ពួកតារាងទាំងនោះឯង។ អ្វីៗទាំងអម្បាលម៉ាននេះ ដែលពួកគេធ្វើតាម តើមិនមែនសុទ្ធតែជាសេចក្ដីទុច្ចរិតទេឬអី? (ជាសេចក្ដីទុច្ចរិត។) ហេតុអ្វីបានជានិយាយថា អ្វីទាំងនោះជាសេចក្ដីទុច្ចរិត? (ដោយសារអ្វីទាំងនោះប្រឆាំងនឹងសេចក្ដីពិត ប្រឆាំងនឹងអ្វីៗដែលវិជ្ជមាន ហើយអ្វីទាំងនោះ មិនស្របតាមអ្វីដែលព្រះជាម្ចាស់ត្រាស់បង្គាប់ឡើយ។) នេះគឺជាគោលលទ្ធិហើយ។ សាកល្បងធ្វើការវិភាគពួកតារាល្បី និងពួកតារាភាពយន្តទាំងនេះលមើល ដូចជា បែបផែននៃការរស់នៅរបស់ពួកគេ ចរិតឫកពាពួកគេ រួមទាំងបុគ្គលិកលក្ខណៈនៅទីសាធារណៈ និងសម្លៀកបំពាក់របស់ពួកគេផង ដែលមនុស្សគ្រប់គ្នាស្រឡាញ់ពេញចិត្តជាខ្លាំង។ ហេតុអ្វីបានជាពួកគេដឹកនាំជីវិតបែបនេះ? ហើយហេតុអ្វីបានជាពួកគេជំរុញឱ្យអ្នកដទៃធ្វើតាមពួកគេ? ពួកគេខំប្រឹងប្រែងខ្លាំងណាស់នៅក្នុងរឿងទាំងអស់នេះ។ ពួកគេមានជាងផាត់មុខ និងអ្នករចនាម៉ូដផ្ទាល់ខ្លួន ដើម្បីបង្កើតជារូបភាពរបស់ពួកគេ។ ដូច្នេះ តើពួកគេមានគោលបំណងអ្វីក្នុងការបង្កើតរូបភាពផ្ទាល់ខ្លួនបែបនេះ? គឺដើម្បីទាក់ទាញចិត្តមនុស្ស ដើម្បីនាំមនុស្សឱ្យវង្វេង ដើម្បីឱ្យមនុស្សធ្វើតាមពួកគេ និងដើម្បីទាញប្រយោជន៍ពីរឿងនេះ។ ដូច្នេះហើយ មិនថាមនុស្សស្រឡាញ់ពេញចិត្តនឹងកេរ្តិ៍ឈ្មោះ ឬរូបសម្រស់ ឬជីវិតរបស់ពួកតារាភាពយន្តទាំងនោះឬអត់នោះទេ ទង្វើទាំងនេះ ពិតជាល្ងង់ខ្លៅនិងគ្មានហេតុផលមែន។ ប្រសិនបើមនុស្សម្នាក់ពិតជាមានតម្រិះប្រកបដោយវិចារណញាណមែន តើពួកគេនឹងស្រឡាញ់ពេញចិត្តនឹងពួកអារក្សបានយ៉ាងដូចម្ដេចទៅ? ពួកអារក្ស គឺជាអ្វីៗដែលបំភាន់ បោកប្រាស់ និងបង្កគ្រោះថ្នាក់ដល់មនុស្ស។ ពួកអារក្សពុំជឿលើព្រះជាម្ចាស់ឡើយ ហើយពួកវាពុំទទួលយកសេចក្ដីពិតសោះឡើយ។ ពួកអារក្សសុទ្ធតែដើរតាមសាតាំង។ តើមនុស្សដែលដើរតាមនិងស្រឡាញ់ពេញចិត្តនឹងពួកអារក្សនិងសាតាំង មានគោលបំណងអ្វី? ពួកគេចង់ត្រាប់តាមពួកអារក្សទាំងនេះ ដើម្បីយកគំរូតាមពួកនោះ ដោយសង្ឃឹមថា ថ្ងៃណាមួយ ពួកគេនឹងក្លាយជាអារក្សមួយដែរ ដោយមានសម្រស់ស្រស់ស្អាតនិងស៊ិចស៊ីដូចពួកអារក្សនិងពួកតារាល្បីទាំងនេះដែរ។ ពួកគេពេញចិត្តនឹងអារម្មណ៍បែបនេះ។ មិនថាបុគ្គលម្នាក់ស្រឡាញ់ពេញចិត្តតារាល្បី ឬបុគ្គលលេចធ្លោណាទេ គោលដៅចុងក្រោយរបស់ពួកតារាទាំងនេះ គឺដូចគ្នាទេ ពោលគឺដើម្បីបំភាន់មនុស្ស ដើម្បីទាញ់ទាញចិត្តមនុស្ស និងដើម្បីធ្វើឱ្យមនុស្សស្រឡាញ់ពេញចិត្ត និងដើរតាមពួកគេ។ តើនេះមិនមែនជានិស្ស័យទុច្ចរិតទេឬអី? គ្មានអ្វីច្បាស់ជាងនេះទៀតទេ នេះគឺជានិស្ស័យទុច្ចរិត។

និស្ស័យទុច្ចរិត ក៏ត្រូវបានបង្ហាញចេញមកតាមវិធីមួយបែបផ្សេងទៀតផងដែរ។ មនុស្សខ្លះយល់ឃើញថា ការជួបជុំនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ តែងពាក់ព័ន្ធនឹងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការប្រកបគ្នាពីសេចក្ដីពិត និងការពិភាក្សាគ្នាអំពីការស្គាល់ខ្លួនឯង ការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ របៀបប្រព្រឹត្តស្របទៅតាមគោលការណ៍ របៀបកោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ របៀបយល់និងអនុវត្តសេចក្ដីពិត និងទិដ្ឋភាពនៃសេចក្ដីពិតជាច្រើនផ្សេងទៀត។ បន្ទាប់ពីបានស្ដាប់អស់ពេលជាច្រើនឆ្នាំរួចមក ពេលណាពួកគេស្ដាប់កាន់តែច្រើន ពួកគេចាប់ផ្ដើមធុញទ្រាន់កាន់តែខ្លាំង ហើយពួកគេចាប់ផ្ដើមរអ៊ូរទាំ ដោយសួរថា៖ «តើគោលបំណងនៃការជឿលើព្រះជាម្ចាស់ មិនមែនដើម្បីទទួលបានព្រះពរទេឬអី? ហេតុអ្វីបានជាពួកយើងតែងនិយាយគ្នាអំពីសេចក្ដីពិត និងប្រកបគ្នាពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាប់រហូតបែបនេះ? តើរឿងនេះចេះចប់ឬអត់? ខ្ញុំនឿយណាយនឹងរឿងនេះហើយ!» ប៉ុន្តែ ពួកគេមិនចង់ត្រឡប់ទៅកាន់ពិភពខាងលោកីយ៍វិញទេ។ ពួកគេគិតក្នុងចិត្តថា៖ «សេចក្ដីជំនឿលើព្រះជាម្ចាស់ពិតជាគ្មានអ្វីគួរឱ្យចាប់អារម្មណ៍សោះ និងគួរឱ្យធុញខ្លាំងណាស់។ តើខ្ញុំអាចធ្វើឱ្យរឿងនេះគួរឱ្យចាប់អារម្មណ៍ជាងនេះបន្តិចបានយ៉ាងដូចម្ដេចទៅ? ខ្ញុំត្រូវរកអ្វីដែលគួរឱ្យចាប់អារម្មណ៍ ទើបបាន» ដូច្នេះ ពួកគេដើរសួរគេឯងថា៖ «តើនៅក្នុងក្រុមជំនុំនេះ មានអ្នកជឿព្រះជាម្ចាស់ប៉ុន្មាននាក់? តើមានអ្នកដឹកនាំ និងអ្នកធ្វើការប៉ុន្មាននាក់? តើមានមនុស្សប៉ុន្មាននាក់ដែលត្រូវបានគេប្ដូរចេញ? តើមានប៉ុន្មាននាក់ជានិស្ស័យសាកលវិទ្យាល័យឆ្នាំដំបូង និងជានិស្សិតបញ្ចប់ការសិក្សា? តើមានអ្នកណាដឹងចំនួននេះទេ?» ពួកគេចាត់ទុករឿងទាំងនេះ និងទិន្នន័យនេះថាជាសេចក្ដីពិត។ តើនេះគឺជានិស្ស័យបែបណា? នេះគឺជាសេចក្ដីទុច្ចរិត ដែលគេហៅជាទូទៅថា «អំពើថោកទាប»។ ពួកគេបានស្ដាប់ឮសេចក្ដីពិតជាច្រើន ប៉ុន្តែក្នុងចំណោមពួកគេ គ្មាននរណាមានការចាប់អារម្មណ៍ ឬផ្ដោតសំខាន់លើសេចក្ដីពិតឱ្យបានពេញលេញឡើយ។ ឱ្យតែមាននរណាម្នាក់មានរឿងនិយាយដើមគេ ឬដំណឹងផ្ទៃក្នុងអ្វី ត្រចៀករបស់ពួកគេក៏ផ្ទៀងស្ដាប់ភ្លាម ពួកគេខ្លាចខកខានមិនបានដឹងរឿងនេះ។ តើនេះមិនមែនជាអំពើថោកទាបទេឬអី? (ជាអំពើថោកទាប។) តើមនុស្សថោកទាបមានលក្ខណៈបែបណា? ពួកគេពុំចាប់អារម្មណ៍លើសេចក្ដីពិតសូម្បីតែបន្តិចណាឡើយ។ ពួកគេចាប់អារម្មណ៍តែលើបញ្ហាពីខាងក្រៅប៉ុណ្ណោះ ហើយចូលចិត្តស្វែងរករឿងនិយាយដើមគេ និងរឿងដែលមិនជះឥទ្ធិពលដល់ច្រកចូលទៅក្នុងជីវិត ឬសេចក្ដីពិត ដោយចេះនឿយហត់សោះឡើយ។ ពួកគេគិតថា ការគិតយល់ពីបញ្ហានេះ គិតពីគ្រប់ព័ត៌មានទាំងនេះ និងរក្សាទុករឿងទាំងនេះនៅក្នុងចិត្តពួកគេ មានន័យថា ពួកគេមានតថភាពនៃសេចក្ដីពិត ថាពួកគេគឺជាសមាជិកល្អនិងពិតប្រាកដនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ថាពួកគេមុខជាត្រូវព្រះជាម្ចាស់លើកសរសើរ និងអាចចូលទៅក្នុងនគរព្រះបានជាក់ជាមិនខាន។ តើអ្នករាល់គ្នាគិតថា រឿងរ៉ាវគឺពិតជាបែបនោះមែនឬ? (អត់ទេ។) អ្នករាល់គ្នាអាចមើលធ្លុះរឿងនេះបាន ប៉ុន្តែអ្នកជឿព្រះថ្មីថ្មោង ពុំអាចមើលធ្លុះបានឡើយ។ ពួកគេប្រកាន់តាមព័ត៌មាននេះមិនលែងទេ ពួកគេគិតថា ការដឹងពីរឿងទាំងនេះ ធ្វើឱ្យពួកគេក្លាយជាសមាជិកនៃដំណាក់របស់ព្រះជាម្ចាស់ ប៉ុន្តែ តាមការពិត ព្រះជាម្ចាស់ស្អប់មនុស្សបែបនេះជាទីបំផុត ពួកគឺជាមនុស្សល្ងង់ខ្លៅ ខ្វះការគិតគូរល្អិតល្អន់ និងឥតបានការជាងគេបំផុត។ ព្រះជាម្ចាស់បានលេចមកជាសាច់ឈាមនៅគ្រាចុងក្រោយ ដើម្បីបំពេញកិច្ចការនៃការជំនុំជម្រះ និងបន្សុទ្ធមនុស្ស ហើយផលនៃកិច្ចការនេះ គឺដើម្បីប្រទានសេចក្ដីពិតដល់មនុស្សទុកជាជីវិត។ ប៉ុន្តែ ប្រសិនបើមនុស្សពុំផ្ដោតលើការហូបនិងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ហើយតែងព្យាយាមស្វែងរករឿងនិយាយដើមគេ និងព្យាយាមចង់ដឹងកាន់តែច្រើនអំពីកិច្ចការផ្ទៃក្នុងរបស់ក្រុមជំនុំ តើពួកគេដេញតាមសេចក្ដីពិតដែរឬទេ? តើពួកគេជាមនុស្សដែលធ្វើកិច្ចការត្រឹមត្រូវដែរឬទេ? ចំពោះខ្ញុំ ពួកគេទាំងនេះ គឺជាមនុស្សទុច្ចរិត។ ពួកគេមិនមែនជាអ្នកជឿព្រះទេ។ មនុស្សបែបនេះ ក៏អាចហៅថាជាមនុស្សថោកទាបបានផងដែរ។ ពួកគេផ្ដោតតែលើជំនឿខុសឆ្គងប៉ុណ្ណោះ។ ធ្វើបែបនេះ ផ្គាប់តាមចិត្តចង់ដឹងចង់ឮរបស់ពួកគេ ប៉ុន្តែទង្វើនេះ ត្រូវព្រះជាម្ចាស់ស្អប់ខ្ពើមវិញទេ។ ពួកគេមិនមែនជាមនុស្សដែលជឿព្រះជាម្ចាស់ពិតប្រាកដឡើយ កាន់តែមិនមែនជាមនុស្សដែលដេញតាមសេចក្ដីពិតទៅទៀត។ និយាយឱ្យងាយស្ដាប់ទៅ ពួកគេគឺជាបាវបម្រើរបស់សាតាំង ជាអ្នកដែលមកដើម្បីបង្អាក់កិច្ចការរបស់ពួកជំនុំ។ ក្រៅពីនេះ មនុស្សដែលតែងតែពិនិត្យពិច័យនិងស៊ើបអង្កេតព្រះជាម្ចាស់ជាប់បែបនេះ គឺសុទ្ធតែជាខ្ញុំបម្រើ និងបាវព្រាវរបស់នាគដ៏ធំមានសម្បុរក្រហមទាំងអស់។ មនុស្សទាំងអស់នេះ ស្អប់ខ្ពើមព្រះជាម្ចាស់ខ្លាំងជាងគេបំផុត។ ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ ហេតុអ្វីបានជាអ្នកមិនទុកចិត្តព្រះជាម្ចាស់? នៅពេលអ្នកពិនិត្យពិច័យនិងស៊ើបអង្កេតព្រះជាម្ចាស់ តើអ្នកកំពុងស្រាវជ្រាវរកសេចក្ដីពិតមែនទេ? តើការស្រាវជ្រាវរកសេចក្ដីពិត មានជាប់ពាក់ព័ន្ធនឹងគ្រួសារដែលព្រះគ្រីស្ទចាប់កំណើត ឬមជ្ឈដ្ឋានដែលទ្រង់ធំធាត់ឡើងដែរឬទេ? មនុស្សដែលតែងដាក់ព្រះជាម្ចាស់ចូលក្នុងមីក្រូទស្សន៍ដើម្បីពិនិត្យពិច័យឱ្យល្អិតល្អន់តើពួកគេមិនគួរឱ្យស្អប់ទេឬអី? ប្រសិនបើអ្នកចេះតែមានសញ្ញាណអំពីអ្វីៗដែលពាក់ព័ន្ធនឹងភាពជាមនុស្សរបស់ព្រះគ្រីស្ទជាប់ជានិច្ចបែបនេះ អ្នកគួរចំណាយពេលដេញតាមការស្គាល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្ថែមទៀត។ មានតែពេលដែលអ្នកយល់ពីសេចក្ដីពិតទេ ទើបអ្នកនឹងអាចដោះស្រាយបញ្ហាសញ្ញាណរបស់អ្នកបាន។ តើការពិនិត្យពិច័យពីសាវតារគ្រួសាររបស់ព្រះគ្រីស្ទ ឬកាលៈទេសៈដែលទ្រង់ចាប់កំណើត នឹងជួយឱ្យអ្នកបានស្គាល់ព្រះជាម្ចាស់ដែរឬទេ? តើធ្វើបែបនេះ នឹងជួយឱ្យអ្នកបានដឹងពីសារជាតិជាព្រះរបស់ព្រះគ្រីស្ទដែរឬទេ? អត់ជាដាច់ខាត។ មនុស្សដែលជឿលើព្រះជាម្ចាស់ពិតប្រាកដ លះបង់ខ្លួនដើម្បីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិត មានតែបែបនេះទេ ទើបនាំទៅរកការស្គាល់ពីសារជាតិជាព្រះរបស់ព្រះគ្រីស្ទបាន។ ប៉ុន្តែ ហេតុអ្វីបានជាអ្នកដែលចេះតែពិនិត្យពិច័យព្រះជាម្ចាស់ជាប់ជានិច្ច ចេះតែពាក់ព័ន្ធនឹងអំពើថោកទាបជាប់ជានិច្ចទៅវិញ? មនុស្សសំរាមទាំងនេះ ដែលពុំដឹងពីបញ្ហាខាងវិញ្ញាណ គួរតែប្រញាប់ចាកចេញពីដំណាក់របស់ព្រះជាម្ចាស់ទៅ! ក្នុងអំឡុងការជួបជុំនិងការអធិប្បាយ មានការសម្ដែងចេញពីសេចក្ដីពិតជាច្រើន ហើយក៏មានការប្រកបគ្នាពីសេចក្ដីពិតជាច្រើនផងដែរ ដូច្នេះ តើហេតុអ្វីបានជាអ្នកចាំបាច់ត្រូវពិនិត្យពិច័យព្រះជាម្ចាស់ទៀត? តើការដែលអ្នកតែងពិនិត្យពិច័យព្រះជាម្ចាស់ជាប់ជានិច្ចបែបនេះមានន័យដូចម្ដេច? មានន័យថា អ្នកពិតជាទុច្ចរិតខ្លាំងណាស់! ជាងនេះទៅទៀត ក៏មានមនុស្សដែលដល់ថ្នាក់គិតថា ការដឹងពីព័ត៌មានមិនសំខាន់ទាំងនេះ ធ្វើឱ្យពួកគេមានទុន ហើយពួកគេអាចដើរអួតរឿងនេះប្រាប់គេឯងបានទៀតផង។ ហើយចុងក្រោយ តើមានរឿងអ្វីកើតឡើង? ពួកគេត្រូវព្រះជាម្ចាស់ស្អប់ខ្ពើមនិងជិនឆ្អន់ជាខ្លាំង។ តើពួកគេនៅជាមនុស្សទៀតដែរទេ? តើពួកគេមិនមែនជាពួកអារក្សរស់ទេឬអី? តើពួកគេអាចជាអ្នកជឿលើព្រះជាម្ចាស់បានយ៉ាងដូចម្ដេចទៅ? ពួកគេលះបង់គ្រប់ទាំងគំនិតរបស់ពួកគេទៅលើផ្លូវអាក្រក់និងទុច្ចរិត។ មើលទៅ ពួកគេហាក់ដូចជាគិតថា កាលណាពួកគេដឹងពីជំនឿខុសឆ្គងបានកាន់តែច្រើន នោះពួកគេកាន់តែក្លាយជាសមាជិកនៃដំណាក់របស់ព្រះជាម្ចាស់ ហើយពួកគេកាន់តែយល់ពីសេចក្ដីពិតបានច្រើន។ មនុស្សបែបនេះ ពិតជាគ្មានហេតុផលមែន។ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ គ្មាននរណាគួរឱ្យស្អប់ជាងពួកគេនេះទៀតទេ។

មនុស្សមួយចំនួនតែងចំនួនផ្ដោតសំខាន់លើរឿងមិនជាក់ស្ដែងនៅក្នុងសេចក្ដីជំនឿរបស់ពួកគេជានិច្ច។ ឧទាហរណ៍ មនុស្សខ្លះតែងពិនិត្យពិច័យថាតើនគរព្រះមានលក្ខណៈបែបណា ថាតើស្ថានសួគ៌ជាន់ទីបីនៅឯណា ថាតើស្ថានក្រោមមានលក្ខណៈបែបណា និងថាតើស្ថាននរកស្ថិតនៅទីណាជាដើម។ ពួកគេតែងពិនិត្យពិច័យពីសេចក្ដីអាថ៌កំបាំងជាប់រហូត ដោយមិនផ្ដោតលើច្រកចូលទៅក្នុងជីវិតឡើយ។ នេះគឺជាអំពើថោកទាប និងជាសេចក្ដីអាក្រក់។ មិនថាពួកគេបានស្ដាប់សេចក្ដីអធិប្បាយនិងការប្រកបគ្នាច្រើនប៉ុនណានោះទេ ក៏ពួកគេនៅតែជាមនុស្សដែលមិនយល់ពីអត្ថន័យនៃសេចក្ដីពិតដដែល ហើយពួកគេក៏មិនបានចាប់អារម្មណ៍ថាតើពួកគេគួរអនុវត្តសេចក្ដីពិតនោះតាមរបៀបណាដែរ។ នៅពេលណាដែលពួកគេមានពេល ពួកគេស្រាវជ្រាវព្រះបន្ទូលរបស់ព្រះជាម្ចាស់ អានព្រះបន្ទូលដោយយកចិត្តទុកដាក់ ស្រាវជ្រាវដើម្បីមានការយល់ដឹងខ្លះ ហើយពួកគេក៏តែងពិនិត្យពិច័យជាប់ជានិច្ចថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់សម្រេចការពិតឬអត់។ ប្រសិនបើព្រះបន្ទូលទ្រង់សម្រេចការពិត នោះពួកគេជឿថា នេះគឺជាកិច្ចការរបស់ព្រះជាម្ចាស់ ហើយប្រសិនបើមិនសម្រេចទេ នោះពួកគេបដិសេធថា នេះមិនមែនជាកិច្ចការរបស់ព្រះជាម្ចាស់ទេ។ តើពួកគេមិនមែនគ្មានហេតុផលទេឬអី? តើនេះមិនមែនជាអំពើថោកទាបទេឬអី? ពេលព្រះបន្ទូលរបស់ព្រះជាម្ចាស់សម្រេចការពិត តើមនុស្សតែងតែអាចមើលឃើញរហូតមែនទេ? ពេលព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួនសម្រេចការពិត មនុស្សមិនចាំបាច់ត្រូវតែអាចមើលឃើញនោះទេ។ ចំពោះមនុស្ស ព្រះបន្ទូលរបស់ទ្រង់ខ្លះ ដូចជាមិនបានសម្រេចការពិតឡើយ ប៉ុន្តែចំពោះព្រះជាម្ចាស់វិញ ព្រះបន្ទូលទាំងនោះបានសម្រេចការពិតហើយ។ មនុស្សគ្មានផ្លូវណាអាចយល់ពីរឿងទាំងនេះបានច្បាស់លាស់នោះទេ។ ប្រសិនបើពួកគេអាចយល់បានសូម្បីតែ ២០% នោះក៏ចាត់ទុកថាពួកគេមានសិទ្ធិពិសេសណាស់ទៅហើយ។ មនុស្សមួយចំនួនចំណាយពេលទាំងស្រុងសិក្សាពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្តែពុំបានយកចិត្តទុកដាក់ក្នុងការអនុវត្តសេចក្ដីពិត ឬចូលទៅក្នុងតថភាពនៃសេចក្ដីពិតឡើយ។ តើនេះមិនមែនខ្វះការយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវទេឬអី? ពួកគេបានស្ដាប់សេចក្ដីពិតជាច្រើន ក៏ប៉ុន្តែ ពួកគេពុំយល់ពីសេចក្ដីពិតទាំងនោះឡើយ ហើយពួកគេស្រាវជ្រាវឥតឈប់ដើម្បីរកមើលភស្តុតាងនៃពាក្យទំនាយដែលបានសម្រេចការពិត ដោយចាត់ទុករឿងនេះថាជាជីវិតនិងជាការជំរុញចិត្ត។ ឧទាហរណ៍ នៅពេលមនុស្សអធិស្ឋាន ពួកគេនិយាយបែបនេះថា៖ «ព្រះជាម្ចាស់ ប្រសិនបើទ្រង់សព្វព្រះហឫទ័យចង់ឱ្យទូលបង្គំធ្វើកិច្ចការនេះមែន សូមឱ្យទូលបង្គំភ្ញាក់ពីគេងនៅម៉ោងប្រាំមួយព្រឹកស្អែក។ ប្រសិនបើទ្រង់មិនសព្វព្រះហឫទ័យទេ សូមឱ្យទូលបង្គំដេកលក់ដល់ម៉ោងប្រាំពីរចុះ»។ ពួកគេតែងតែធ្វើរបៀបនេះឯង ពួកគេប្រើរឿងនេះជាគោលការណ៍ផ្ទាល់ខ្លួន អនុវត្តវាដូចជាសេចក្ដីពិតដូច្នោះដែរ។ នេះហៅថាអំពើថោកទាប។ ក្នុងសកម្មភាពរបស់ពួកគេ ពួកគេតែងពឹងផ្អែកលើអារម្មណ៍ ផ្ដោតសំខាន់លើរឿងអធិធម្មជាតិ ពឹងផ្អែកលើជំនឿខុសឆ្គង និងអ្វីៗដែលមិនជាក់ស្ដែង។ ពួកគេតែងយកកម្លាំងរបស់ពួកគេទៅធ្វើរឿងថោកទាបជាច្រើនឥតឈប់។ នេះគឺជាសេចក្ដីទុច្ចរិត។ មិនថាអ្នកប្រកបគ្នាពីសេចក្ដីពិតជាមួយពួកគេតាមរបៀបណានោះទេ ក៏ពួកគេគិតថា សេចក្ដីពិតគ្មានបានការទេ ហើយមិនច្បាស់លាស់ដូចការពឹងផ្អែកលើអារម្មណ៍ ឬការបញ្ជាក់ភាពត្រឹមត្រូវតាមរយៈការប្រៀបធៀបឡើយ។ នេះគឺជាអំពើថោកទាប។ ពួកគេមិនជឿថា ព្រះជាម្ចាស់គ្រប់គ្រងនិងរៀបចំវាសនាមនុស្សឡើយ ហើយទោះបីពួកគេនិយាយថា ពួកគេទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិតក៏ដោយ ក៏ក្នុងចិត្តពួកគេ ពួកគេនៅតែមិនទទួលយកសេចក្ដីពិតដដែល ពួកគេមិនដែលប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីឆ្លុះមើលពីរឿងផ្សេងៗឡើយ។ ប្រសិនបើមនុស្សល្បីឈ្មោះម្នាក់និយាយរឿងអ្វីមួយ ពួកគេជឿថា អ្នកនោះនិយាយការពិត ហើយក៏យល់ស្របតាមរឿងនោះ។ ប្រសិនបើគ្រូទាយ ឬអ្នកទស្សន៍ទាយទឹកមុខ ប្រាប់ពួកគេថា ពួកគេនឹងត្រូវដំឡើងឋានៈជាអ្នកគ្រប់គ្រងនៅឆ្នាំក្រោយ ពួកគេក៏ជឿគ្រូទាយទាំងនោះ។ តើនេះមិនមែនជាអំពើថោកទាបទេឬអី? ពួកគេជឿលើការទស្សន៍ទាយ ការមើលព្រេងសំណាង និងរឿងដែលហួសវិស័យធម្មជាតិ និងអ្វីៗដែលថោកទាបទាំងនេះ។ គឺដូចជាសម្ដីមនុស្សនិយាយថា៖ «ខ្ញុំយល់ពីសេចក្ដីពិតគ្រប់យ៉ាង គ្រាន់តែខ្ញុំមិនអាចអនុវត្តសេចក្ដីពិតទាំងនោះបានប៉ុណ្ណោះ។ ខ្ញុំមិនដឹងថាមានបញ្ហាអ្វីនោះទេ»។ ពេលនេះ យើងមានចម្លើយសម្រាប់សំណួរនេះហើយ។ ពួកគេជាមនុស្សថោកទាប។ មិនថាអ្នកប្រកបគ្នាពីសេចក្ដីពិតប្រាប់មនុស្សបែបនេះតាមរបៀបណានោះទេ ពួកគេស្ដាប់មិនចូលត្រចៀកឡើយ ហើយអ្នកក៏នឹងមិនទទួលបានផលអ្វីដែរ។ មនុស្សទាំងនេះមិនត្រឹមតែនឿយណាយនឹងសេចក្ដីពិតប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏មាននិស្ស័យទុច្ចរិតផងដែរ។ តើការនឿយណាយនឹងសេចក្ដីពិតមានការបង្ហាញចេញពិសេសជាងគេអ្វីដែរ? ចំណុចនេះគឺថា មនុស្សយល់ពីសេចក្ដីពិត ប៉ុន្តែពួកគេពុំអនុវត្តសេចក្ដីពិតទេ។ ពួកគេមិនចង់ស្ដាប់ពីសេចក្ដីពិតទេ ពួកគេទាស់ទទឹង ហើយមិនពេញចិត្តនឹងសេចក្ដីពិតឡើយ។ ពួកគេដឹងថា សេចក្ដីពិតគឺត្រឹមត្រូវនិងល្អ ប៉ុន្តែ ពួកគេពុំអនុវត្តសេចក្ដីពិតនោះទេ ពួកគេមិនសុខចិត្តដើរតាមផ្លូវនេះទេ ហើយពួកគេក៏មិនចង់រងទុក្ខ ឬលះបង់តម្លៃអ្វីដែរ កាន់តែមិនចង់រងការខាតបង់អ្វីទៀត។ មនុស្សទុច្ចរិត មិនមែនបែបនេះទេ។ ពួកគេគិតថា អ្វីៗដែលទុច្ចរិត គឺជាសេចក្ដីពិត ថានោះគឺជាផ្លូវត្រឹមត្រូវ ហើយពួកគេដេញតាមអ្វីទាំងនោះ និងព្យាយាមយកតម្រាប់តាមរបស់ទាំងនោះ និងខំប្រឹងប្រែងបញ្ចេញកម្លាំងដើម្បីរឿងទាំងនោះ។ ដំណាក់របស់ព្រះជាម្ចាស់ តែងប្រកបគ្នាពីគោលការណ៍នៃការអធិស្ឋានជារឿយៗថា មនុស្សអាចអធិស្ឋានបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែង តាមចិត្តពួកគេចង់ ដោយពុំមានការរឹតត្បិតពេលវេលាណាមួយឡើយ ពួកគេគ្រាន់តែមកចំពោះព្រះជាម្ចាស់ និយាយពាក្យក្នុងចិត្តពួកគេ និងស្វែងរកសេចក្ដីពិត គឺជាការស្រេច។ ពួកគេគួរតែស្ដាប់ឮពាក្យសម្ដីទាំងនេះជាញឹកញាប់ និងគួរតែអាចយល់បានដោយងាយ ប៉ុន្តែ តើមនុស្សអាក្រក់យកពាក្យសម្ដីទាំងនេះទៅអនុវត្តបែបណា? រាល់ព្រឹក ក្នុងអំឡុងពេលច្រៀងរួមគ្នាពេលព្រលឹម ពួកគេតែងបែរមុខទៅខាងលិចជានិច្ច លុតជង្គង់ចុះ ហើយដាក់ដៃទាំងពីរនៅលើកម្រាលឥដ្ឋ ក្រាបចុះនៅចំពោះព្រះជាម្ចាស់ ធ្វើការអធិស្ឋានយ៉ាងច្រើនតាមដែលពួកគេអាចធ្វើបាន។ ពួកគេគិតថា មានតែពេលបែបនេះទេ ទើបព្រះជាម្ចាស់នឹងអាចស្ដាប់ឮការអដិស្ឋានរបស់ពួកគេបាន ដោយសារនេះគឺជាពេលដែលព្រះជាម្ចាស់មិនជាប់រវល់ ទ្រង់មានពេល ដូច្នេះហើយ ទ្រង់ក៏ស្ដាប់ការអធិស្ឋាន។ តើនេះមិនមែនគួរឱ្យអស់សំណើចទេឬអី? តើនេះមិនមែនទុច្ចរិតទេឬអី? មានមនុស្សដែលនិយាយថា ពេលវេលាដែលមានប្រសិទ្ធភាពបំផុតសម្រាប់អធិស្ឋាន គឺម៉ោងមួយ ឬម៉ោងពីរយប់ នៅពេលដែលស្ងប់ស្ងាត់ល្អ។ តើហេតុអ្វីបានជាពួកគេនិយាយដូចនេះ? ពួកគេក៏មានហេតុផលរបស់ពួកគេដែរ។ ពួកគេនិយាយថា នៅពេលនោះ មនុស្សគ្រប់គ្នាកំពុងដេកលង់លក់អស់។ មានតែពេលដែលព្រះជាម្ចាស់ពុំជាប់រវល់ទេ ទើបព្រះអង្គមានពេលដោះស្រាយកិច្ចការរបស់ពួកគេ។ តើនេះមិនមែនគ្មានហេតុផលទេឬអី? តើនេះមិនមែនទុច្ចរិតទេឬអី? មិនថាអ្នកប្រកបគ្នាពីសេចក្ដីពិតជាមួយពួកគេយ៉ាងណានោះទេ ក៏ពួកគេបដិសេធមិនទទួលយកដែរ។ ពួកគេគឺជាមនុស្សគ្មានហេតុផលជាងគេបំផុត ហើយពួកគេមិនអាចយល់ពីសេចក្ដីពិតបានឡើយ។ មានមនុស្សខ្លះទៀតនិយាយថា៖ «នៅពេលដែលមនុស្សជឿលើព្រះជាម្ចាស់ ពួកគេត្រូវតែប្រព្រឹត្តអំពើល្អ និងមានចិត្តសប្បុរស ហើយពួកគេមិនត្រូវសម្លាប់សត្វ ឬបរិភោគសាច់សត្វឡើយ។ ការបរិភោគសាច់សត្វស្មើនឹងការសម្លាប់សត្វដែរ ស្មើនឹងការសាងអំពើបាបដែរ ហើយព្រះជាម្ចាស់ពុំចង់បានមនុស្សដែលប្រព្រឹត្តបែបនេះឡើយ»។ តើសម្ដីទាំងនេះមានមូលដ្ឋានណាមួយដែរឬទេ? តើព្រះជាម្ចាស់ធ្លាប់មានបន្ទូលបែបនេះដែរឬទេ? (អត់ទេ។) ដូច្នេះ តើនរណានិយាយបែបនេះ? គឺពួកអ្នកមិនជឿព្រះ និងមនុស្សដែលគ្មានហេតុផល ដែលនិយាយបែបនេះ។ តាមពិត មនុស្សដែលនិយាយបែបនេះ ពុំមានន័យថា ពួកគេមិនបរិភោគសាច់សត្វនោះទេ ឬអាចថា ពួកគេពុំបរិភោគនៅនឹងមុខអ្នកដទៃ ប៉ុន្តែ នៅកន្លែងស្ងាត់ ពួកគេប្រហែលបរិភោគច្រើនផង ក៏មិនដឹង។ មនុស្សទាំងនេះពិតជាពូកែធ្វើពុតណាស់ ហើយពួកគេទៅកន្លែងណា ពួកគេផ្សាយពាក្យកុហកបោកប្រាស់នៅកន្លែងនោះ។ នេះគឺជាសេចក្ដីទុច្ចរិត។ មនុស្សបែបនេះ ពិតជាថោកទាបខ្លាំងណាស់។ ពួកគេចាត់ទុកជំនឿខុសឆ្គងនិងពាក្យកុហកទាំងនេះ ថាជាបញ្ញត្តិនិងក្បួនច្បាប់ ហើយពួកគេថែមទាំងអនុវត្ត និងប្រកាន់តាមអ្វីទាំងនេះ ហាក់ដូចជាជំនឿខុសឆ្គងនិងពាក្យកុហកទាំងនេះ គឺជាសេចក្ដីពិត ឬជាសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ដូច្នេះដែរ ដោយមានសេចក្ដីក្លៀវក្លាបង្រៀនអ្នកដទៃឱ្យធ្វើដូចពួកគេទាំងឥតអៀនខ្មាស។ ហេតុអ្វីបានជាខ្ញុំមានបន្ទូលថា វិធីដែលមនុស្សទាំងនេះធ្វើអ្វីៗ វិធីដែលពួកគេនិយាយពីរឿងផ្សេងៗ និងមធ្យោបាយដែលពួកគេដេញតាម គឺសុទ្ធតែទុច្ចរិត? (ពីព្រោះរឿងទាំងអស់នេះ គ្មានជាប់ពាក់ព័ន្ធនឹងសេចក្ដីពិតឡើយ។) ដូច្នេះ អ្វីក៏ដោយដែលមិនជាប់ពាក់ព័ន្ធនឹងសេចក្ដីពិត គឺសុទ្ធតែទុច្ចរិត មែនទេ? ការបកស្រាយបែបនេះ មិនដាច់ស្រេចនោះទេ។ មានរឿងជាច្រើននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្ស ដែលមិនជាប់ពាក់ព័ន្ធនឹងសេចក្ដីពិត។ តើការនិយាយថា អ្វីដែលមិនជាប់ពាក់ព័ន្ធនឹងសេចក្ដីពិត គឺជារឿងទុច្ចរិត មិនមែនជាការបំភ្លៃការពិតទេឬអី? អ្វីដែលព្រះជាម្ចាស់ពុំបានថ្កោលទោស អ្វីទាំងនោះពុំអាចចាត់ទុកថាទុច្ចរិតបានឡើយ មានតែអ្វីដែលព្រះជាម្ចាស់ថ្កោលទោសប៉ុណ្ណោះ ទើបអាចរាប់ថាទុច្ចរិតបាន។ ការកំណត់និយមន័យថាអ្វីគ្រប់យ៉ាងដែលមិនជាប់ពាក់ព័ន្ធនឹងសេចក្ដីពិតថាជារឿងទុច្ចរិត នឹងមានបញ្ហាធំមិនខាន។ ចំណុចលម្អិតអំពីតម្រូវការចាំបាច់នៃជីវិតរស់នៅ ឧទាហរណ៍ដូចជា ការហូបចុក ការគេង ការផឹក ការសម្រាក តើអ្វីទាំងនេះមានជាប់ពាក់ព័ន្ធនឹងសេចក្ដីពិតដែរឬទេ? តើអ្វីទាំងនេះទុច្ចរិតដែរឬទេ? អ្វីទាំងអស់នេះ គឺជាតម្រូវការធម្មតាទេ ជាផ្នែកនៃរបបប្រចាំថ្ងៃរបស់មនុស្ស មិនមែនជារឿងទុច្ចរិតនោះទេ។ ដូច្នេះ ហេតុអ្វីបានជាទង្វើដែលខ្ញុំទើបលើកឡើងអម្បាញ់មិញនេះ ត្រូវចាត់ទុកថាទុច្ចរិត? ដោយសារវិធីនៃការធ្វើអ្វីៗទាំងអម្បាលម៉ាននោះ នាំមនុស្សដើរនៅលើផ្លូវខុស និងគួរឱ្យស្អប់ខ្ពើម ហើយនាំមនុស្សដើរនៅលើផ្លូវសាសនា។ ការដែលពួកគេអនុវត្តតាមវិធីបែបនេះ និងការដែលពួកគេបង្រៀនអ្នកដទៃឱ្យធ្វើតាមរបៀបនេះ នាំមនុស្សឱ្យដើរនៅលើផ្លូវអាក្រក់។ នេះគឺជាលទ្ធផលដែលមិនអាចជៀសផុតបានឡើយ។ នៅពេលមនុស្សស្រឡាញ់ពេញចិត្តនឹងនិន្នាការអាក្រក់ខាងលោកីយ៍ និងដើរតាមផ្លូវអាក្រក់ តើចុងក្រោយ ពួកគេនឹងទៅជាយ៉ាងណា? ពួកគេប្រែជាអន់ទៅៗ ពួកគេបាត់បង់ហេតុផល ពួកគេគ្មានការអៀនខ្មាស ហើយចុងក្រោយ ពួកគេត្រូវនិន្នាការខាងលោកីយ៍ដឹកនាំបានទាំងស្រុង ហើយពួកគេដើរទៅរកសេចក្ដីហិនវិនាស គ្មានអ្វីខុសគ្នាពីពួកអ្នកមិនជឿឡើយ។ មនុស្សខ្លះមិនត្រឹមតែចាត់ទុកជំនឿខុសឆ្គងនិងពាក្យកុហកទាំងនេះថាជាក្បួនច្បាប់ដែលត្រូវអនុវត្តតាម ឬជាបញ្ញត្តិដែលត្រូវគោរពតាមប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេក៏ចាត់ទុកសេចក្ដីទាំងនេះថាជាសេចក្ដីពិតផងដែរ។ នេះគឺជាមនុស្សគ្មានហេតុផល ដែលខ្វះការយល់ដឹងខាងវិញ្ញាណទាំងស្រុង។ ចុងក្រោយ ពួកគេអាចត្រឹមត្រូវគេផាត់ចោលប៉ុណ្ណោះ។ តើព្រះវិញ្ញាណបរិសុទ្ធអាចកែខៃមនុស្សដែលមានការយល់ដឹងពីសេចក្ដីពិតទាំងខុសទំនងបែបនេះទេ? (អត់ទេ។) ព្រះវិញ្ញាណបរិសុទ្ធ ពុំកែខៃមនុស្សទាំងនេះឡើយ ក្នុងករណីនេះ មានតែពួកវិញ្ញាណអាក្រក់ទេជាអ្នកកែខៃ ដោយសារផ្លូវដែលពួកគេដើរ គឺជាផ្លូវអាក្រក់ ហើយពួកគេកំពុងប្រញាប់ដើរនៅលើផ្លូវរបស់ពួកវិញ្ញាណអាក្រក់។ អ្វីទាំងនេះ គឺជាអ្វីដែលពួកវិញ្ញាណអាក្រក់ត្រូវការច្បាស់ណាស់។ ហើយចុះចំណែកលទ្ធផលវិញ? មនុស្សទាំងនេះត្រូវពួកវិញ្ញាណអាក្រក់សណ្ឋិត។ កាលពីមុន ខ្ញុំមានបន្ទូលថា៖ «អារក្សសាតាំង គឺដូចជាតោដែលកំពុងគ្រហឹម ក្រវែលពីខាងក្រៅដោយស្វែងរកមនុស្សដើម្បីត្របាក់លេប»។ នៅពេលដែលមនុស្សដើរលើផ្លូវវៀចវេនិងអាក្រក់ ពួកគេមុខជាគេចមិនផុតពីត្រូវពួកវិញ្ញាណអាក្រក់កញ្ឆក់យកទៅបាត់នោះទេ។ ព្រះជាម្ចាស់ពុំមានការចាំបាច់អ្វីក្នុងការប្រគល់អ្នកទៅឱ្យពួកវិញ្ញាណអាក្រក់ឡើយ។ ប្រសិនបើអ្នកពុំដេញតាមសេចក្ដីពិតទេ នោះអ្នកនឹងមិនទទួលបានការការពារទេ ហើយព្រះជាម្ចាស់នឹងមិនគង់នៅជាមួយអ្នកឡើយ។ ប្រសិនបើទ្រង់មិនអាចទទួលយកអ្នកបាន នោះព្រះជាម្ចាស់នឹងមិនខ្វល់ព្រះទ័យចំពោះអ្នកទេ ហើយពួកវិញ្ញាណអាក្រក់ នឹងយកឱកាសនេះ ដើម្បីជ្រៀតចូល និងសណ្ឋិតក្នុងខ្លួនអ្នក។ តើនេះមិនមែនជាផលវិបាកទេឬអី? អស់អ្នកណាដែលនឿយណាយនឹងសេចក្ដីពិត និងអ្នកដែលតែងថ្កោលទោសកិច្ចការនៃការយកកំណើតរបស់ព្រះជាម្ចាប់ជាប់ជានិច្ច ព្រមទាំងអ្នកដែលធ្វើតាមនិន្នាការខាងលោកីយ៍ អ្នកដែលបកស្រាយព្រះបន្ទូលព្រះជាម្ចាស់និងព្រះគម្ពីរទាំងខុសដោយបើកចំហ អ្នកដែលផ្សាយជំនឿខុសឆ្គងនិងពាក្យកុហក ទង្វើដែលអ្នកទាំងនេះធ្វើទាំងអម្បាលម៉ាននេះ កើតចេញពីនិស្ស័យទុច្ចរិត។ មនុស្សខ្លះដេញតាមបញ្ហាខាងវិញ្ញាណ ហើយដោយសារការយល់ដឹងរបស់ពួកគេពុំត្រឹមត្រូវ ទើបពួកគេប្រឌិតពាក្យកុហកជាច្រើន ដើម្បីបំភាន់មនុស្ស ហើយពួកគេក៏បានក្លាយជាមនុស្សរវើរវាយ និងអ្នកទ្រឹស្ដី ដែលទង្វើនេះ ក៏ជាការប្រព្រឹត្តអំពើថោកទាបផងដែរ។ ពួកគេជាមនុស្សទុច្ចរិត។ គ្រប់យ៉ាងដែលពួកគេបានធ្វើ ដូចពួកផារិស៊ីដែរ គឺជាអំពើលាក់ពុត ពួកគេពុំអនុវត្តសេចក្ដីពិតទេ ហើយបំភាន់មនុស្សឱ្យកោតសរសើរពួកគេ និងថ្វាយបង្គំពួកគេ។ នៅពេលដែលព្រះជាម្ចាសលេចមកដើម្បីបំពេញកិច្ចការ ពួកគេថែមទាំងឆ្កាងទ្រង់ទៀតផង។ នេះគឺជាសេចក្ដីអាក្រក់ ហើយចុងក្រោយ ពួកគេត្រូវព្រះជាម្ចាស់ដាក់បណ្ដាសា។ សព្វថ្ងៃនេះ ពិភពសាសនាមិនត្រឹមតែធ្វើការវិនិច្ឆ័យនិងថ្កោលទោសការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលគួរឱ្យស្អប់ខ្លាំងជាងគេបំផុតនោះគឺ ពួកគេឈរនៅខាងនាគដ៏ធំមានសម្បុរក្រហម ដោយចូលរួមនឹងកម្លាំងអាក្រក់ក្នុងការបៀតបៀនរាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់ ហើយក្នុងពេលជាមួយគ្នានោះ ក៏ធ្វើជាសត្រូវនឹងព្រះជាម្ចាស់ផងដែរ។ នេះគឺជាទង្វើទុច្ចរិត។ សហគមន៍សាសនា មិនដែលស្អប់កម្លាំងទុច្ចរិតរបស់សាតាំងឡើយ ពួកគេពុំស្អប់សេចក្ដីទុច្ចរិតរបស់ប្រទេសនៃនាគដ៏ធំមានសម្បុរក្រហមឡើយ តែផ្ទុយទៅវិញ ពួកគេអធិស្ឋានឱ្យពួកនោះ និងជូនពរពួកនោះទៀត។ នេះគឺជាទង្វើទុច្ចរិត។ ឥរិយាបថណាមួយដែលជាប់ទាក់ទង ឬសហការជាមួយសាតាំង និងពួកវិញ្ញាណអាក្រក់ អាចហៅជារួមបានថា ឥរិយាបថទុច្ចរិត។ វិធីអនុវត្តទាំងអស់ដែលខុសពីធម្មតា អាក្រក់ ជ្រុលនិយម និងហួសហេតុ ក៏ចាត់ទុកថាទុច្ចរិតដែរ។ មនុស្សមួយចំនួនយល់ខុសចំពោះព្រះជាម្ចាស់ជាប់ជានិច្ច ហើយការយល់ខុសទាំងនេះ មិនអាចកម្ចាត់បានឡើយ មិនថាបានប្រកបគ្នាពីសេចក្ដីពិតប្រាប់ពួកគេយ៉ាងណានោះទេ។ ពួកគេតែងតែបង្រៀនពីហេតុផលផ្ទាល់ខ្លួនរបស់ពួកគេ ដោយទទូចប្រកាន់តាមពាក្យភូតភរផ្ទាល់ខ្លួនពួកគេ។ ហើយតើចំណុចនេះគ្មានសេចក្ដីទុច្ចរិតបន្តិចបន្តួចក្នុងនោះទេឬអី? មនុស្សខ្លះមានសញ្ញាណអំពីព្រះជាម្ចាស់។ បន្ទាប់ពីបានប្រកបគ្នាពីសេចក្ដីពិតប្រាប់ពួកគេជាច្រើនដងរួចមក ពួកគេនិយាយថា ពួកគេយល់ហើយ ហើយថាសញ្ញាណរបស់ពួកគេបានកម្ចាត់អស់ហើយ ក៏ប៉ុន្តែ បន្ទាប់មកទៀត ពួកគេនៅតែប្រកាន់តាមសញ្ញាណរបស់ពួកគេដដែល តែងតែអវិជ្ជមានជាប់ជានិច្ច និងប្រកាន់តាមលេសដោះសាផ្ទាល់ខ្លួនពួកគេមិនលែងឡើយ។ តើនេះមិនមែនជាសេចក្ដីទុច្ចរិតទេឬអី? នេះក៏ជាសេចក្ដីទុច្ចរិតមួយបែបដែរ។ ជារួមមក មនុស្សណាដែលបានធ្វើអ្វីដែលគ្មានហេតុផល និងបដិសេធមិនព្រមទទួលស្គាល់ទង្វើនេះទេ ទោះបីបានប្រកបគ្នាពីសេចក្ដីពិតប្រាប់ពួកគេយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែជាមនុស្សថោកទាប និងជាមនុស្សទុច្ចរិតដដែល។ មនុស្សដែលមាននិស្ស័យទុច្ចរិតបែបនេះ មិនងាយនឹងត្រូវព្រះជាម្ចាស់សង្គ្រោះឡើយ ដោយសារពួកគេមិនអាចទទួលយកសេចក្ដីពិតបាន ហើយបដិសេធមិនព្រមលះបង់ពាក្យភូតភរទុច្ចរិតរបស់ពួកគេចោល។ ពិតជាពុំអាចធ្វើអ្វីដើម្បីពួកគេបាននោះទេ។

យើងទើបបានប្រកបគ្នាអំពីនិស្ស័យសរុបទាំងប្រាំមួយ ដូចជា ភាពមានះរឹងរូសមិនព្រមកែ ភាពក្រអឺតក្រទម ការបោកបញ្ឆោត ការនឿយណាយនឹងសេចក្ដីពិត ភាពកាចសាហាវ និងសេចក្ដីទុច្ចរិត។ តើការវិភាគវែកញែកអំពីនិស្ស័យទាំងប្រាំមួយនេះ បានជួយឱ្យអ្នករាល់គ្នាមានចំណេះដឹងនិងការយល់ដឹងថ្មីមួយអំពីការផ្លាស់ប្ដូរនិស្ស័យដែរឬទេ? តើការផ្លាស់ប្ដូរនិស្ស័យមានអ្វីខ្លះ? តើនេះមានន័យថាជាការឈប់ប្រព្រឹត្តកំហុស ការកែតម្រូវឥរិយាបថ ឬការផ្លាស់ប្ដូរលក្ខណៈអត្តចរិតជាក់លាក់ណាមួយមែនទេ? មិនមែនជាដាច់ខាត។ ដូច្នេះ តើពេលនេះ អ្នករាល់គ្នាយល់ច្បាស់ខ្លះហើយឬនៅ ថាតើនិស្ស័យសំដៅលើអ្វីដែរ? តើនិស្ស័យទាំងប្រាំមួយនេះអាចចាត់ទុកជានិស្ស័យពុករលួយរបស់មនុស្ស ជាធម្មជាតិ និងជាសារជាតិរបស់មនុស្សបានដែរឬទេ? (អាចចាត់ទុកបែបនេះបាន។) តើនិស្ស័យទាំងប្រាំមួយនេះ ជារឿងវិជ្ជមាន ឬអវិជ្ជមាន? (ជារឿងអវិជ្ជមាន។) ងាយស្រួលណាស់ និស្ស័យទាំងនេះ គឺជានិស្ស័យពុករលួយ ជាទិដ្ឋភាពសំខាន់ៗនៃនិស្ស័យពុករលួយរបស់មនុស្ស។ និស្ស័យពុករលួយទាំងនេះ គ្មានមួយណាដែលមិនប្រឆាំងនឹងព្រះជាម្ចាស់ មិនប្រឆាំងនឹងសេចក្ដីពិតឡើយ ហើយគ្មានមួយណា ជារឿងវិជ្ជមាននោះទេ។ ហេតុនេះហើយ និស្ស័យទាំងប្រាំមួយនេះ គឺជាទិដ្ឋភាពទាំងប្រាំមួយ ដែលហៅជារួមថា និស្ស័យពុករលួយ។ និស្ស័យពុករលួយ គឺជាធម្មជាតិនិងជាសារជាតិរបស់មនុស្ស។ តើអាចពន្យល់ពាក្យ «សារជាតិ» នេះបានតាមរបៀបណា? សារជាតិសំដៅលើធម្មជាតិរបស់មនុស្ស។ ធម្មជាតិរបស់មនុស្ស សំដៅលើអ្វីៗដែលមនុស្សពឹងអាស្រ័យដើម្បីរស់រានមានជីវិត ជាអ្វីដែលគ្រប់គ្រងលើរបៀបរស់នៅរបស់ពួកគេ។ មនុស្សរស់នៅតាមធម្មជាតិរបស់ពួកគេ។ មិនថាអ្នករស់នៅតាមរបៀបណា មិនថាអ្នកមានគោលដៅ និងទិសដៅបែបណា មិនថាអ្នករស់នៅតាមក្បួនច្បាប់ណានោះទេ ធម្មជាតិនិងសារជាតិរបស់អ្នក មិនផ្លាស់ប្ដូរឡើយ។ ចំណុចនេះ មិនអាចប្រកែកបានទេ។ ដូច្នេះហើយ នៅពេលដែលអ្នកពុំមានសេចក្ដីពិត ហើយអ្នករស់នៅតាមការពឹងផ្អែកលើនិស្ស័យពុករលួយទាំងនេះ នោះគ្រប់យ៉ាងដែលអ្នករស់នៅ គឺប្រឆាំងនឹងព្រះជាម្ចាស់ ផ្ទុយទៅនឹងសេចក្ដីពិត ហើយមិនស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ឥឡូវ អ្នកគួរយល់ពីចំណុចនេះហើយ៖ ប្រសិនបើនិស្ស័យរបស់មនុស្សពុំបានផ្លាស់ប្ដូរទេ តើពួកគេអាចទទួលបានសេចក្ដីសង្គ្រោះដែរឬទេ? (អត់ទេ។) រឿងនោះមុខជាមិនអាចទៅរួចឡើយ។ ដូច្នេះ ប្រសិនបើនិស្ស័យរបស់មនុស្សពុំបានផ្លាស់ប្ដូរទេ តើពួកគេអាចចុះសម្រុងជាមួយព្រះជាម្ចាស់បានដែរឬទេ? (អត់ទេ។) រឿងនេះមុខជាពិបាកខ្លាំងមិនខាន។ នៅពេលនិយាយដល់និស្ស័យទាំងប្រាំមួយនេះ មិនថាជានិស្ស័យមួយណានោះទេ ហើយមិនគិតពីទំហំដែលនិស្ស័យនោះត្រូវបង្ហាញចេញ ឬបង្ហាញឱ្យឃើញតាមរយៈខ្លួនអ្នកឡើយ ប្រសិនបើអ្នកមិនអាចរំដោះខ្លួនចេញពីចំណងនៃនិស្ស័យពុករលួយទាំងនេះបានទេ នោះមិនថាអ្នកធ្វើសកម្មភាពដោយមានបំណងឬគោលបំណងអ្វីនោះទេ ហើយមិនថាអ្នកកំពុងធ្វើសកម្មភាពនោះដោយចេតនាឬអចេតនានោះទេ ក៏ធម្មជាតិនៃគ្រប់កិច្ចការដែលអ្នកធ្វើនោះ នឹងជៀសមិនផុតពីប្រឆាំងនឹងព្រះជាម្ចាស់ ហើយជៀសមិនផុតពីត្រូវព្រះជាម្ចាស់ថ្កោលទោសឡើយ។ រឿងនេះគឺមានផលវិបាកធ្ងន់ធ្ងរខ្លាំងណាស់។ តើការដែលត្រូវព្រះជាម្ចាស់ថ្កោលទោសជារឿងដែលមនុស្សគ្រប់គ្នាដែលជឿលើព្រះជាម្ចាស់ប្រាថ្នាចង់បានជាចុងក្រោយមែនទេ? (អត់ទេ។) ដោយសារមនុស្សមិនប្រាថ្នាចង់បានលទ្ធផលបែបនេះ ដូច្នេះ តើមានអ្វីដែលសំខាន់ជាងគេបំផុត ដែលមនុស្សត្រូវធ្វើទៅ? ពួកគេគួរស្គាល់ពីនិស្ស័យពុករលួយនិងសារជាតិពុករលួយផ្ទាល់ខ្លួនពួកគេ យល់ពីសេចក្ដីពិត ហើយបន្ទាប់មក ពួកគេគួរទទួលយកសេចក្ដីពិត ដោយរំដោះខ្លួនពួកគេចេញពីនិស្ស័យពុករលួយទាំងនេះបណ្ដើរៗនិងបន្តិចម្ដងៗ នៅក្នុងមជ្ឈដ្ឋានដែលព្រះជាម្ចាស់បានបង្កើតឡើងសម្រាប់ពួកគេ ហើយសម្រេចបាននូវការចុះសម្រុងគ្នាជាមួយព្រះជាម្ចាស់និងសេចក្ដីពិត។ នេះគឺជាផ្លូវទៅរកការផ្លាស់ប្ដូរនិស្ស័យរបស់មនុស្ស។

កាលពីមុន មានមនុស្សដែលធ្លាប់គិតថា ការផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេ ងាយស្រួលនិងគ្មានអ្វីស្មុគ្រស្មាញឡើយ។ ពួកគេជឿថា «ឱ្យតែខ្ញុំបង្ខំខ្លួនឯងកុំឱ្យនិយាយអ្វីដែលប្រឆាំងនឹងព្រះជាម្ចាស់ ឬធ្វើអ្វីដែលនឹងបង្អាក់ឬរំខានដល់កិច្ចការពួកជំនុំ ហើយឱ្យតែខ្ញុំមានទស្សនៈយល់ឃើញត្រឹមត្រូវ មានចិត្តដែលត្រឹមត្រូវ ហើយខ្ញុំយល់ពីសេចក្ដីពិតបានច្រើនបន្តិច ខំប្រឹងប្រែងឱ្យបានច្រើន រងទុក្ខឱ្យបានច្រើន និងលះបង់តម្លៃឱ្យបានច្រើន នោះបន្ទាប់ពីបានពីរបីឆ្នាំហើយ ខ្ញុំច្បាស់ជាអាចសម្រេចនូវការផ្លាស់ប្ដូរនិស្ស័យបានមិនខាន»។ តើសម្ដីទាំងនេះ សមហេតុផលដែរឬទេ? (អត់នោះទេ។) តើពួកគេមានកំហុសត្រង់ណា? (ពួកគេពុំស្គាល់ពីនិស្ស័យពុករលួយរបស់ខ្លួនឯងឡើយ។) តើការស្គាល់ពីនិស្ស័យពុករលួយរបស់អ្នក ដើម្បីគោលបំណងអ្វី? (ដើម្បីធ្វើការផ្លាស់ប្ដូរ។) ហើយតើការផ្លាស់ប្ដូរនេះមានលទ្ធផលបែបណា? ដើម្បីទទួលបានសេចក្ដីពិត។ ការវាស់ស្ទង់ថាតើអ្នកបានផ្លាស់ប្ដូរនិស្ស័យហើយឬនៅ តម្រូវឱ្យមានការពិនិត្យមើលថាតើទង្វើរបស់អ្នកស្របគ្នាជាមួយនឹងសេចក្ដីពិត ឬក៏ប្រឆាំងទៅនឹងសេចក្ដីពិត ថាតើទង្វើនោះកើតចេញពីបំណងរបស់មនុស្ស ឬពីការបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដើម្បីចង់ដឹងថាតើនិស្ស័យរបស់អ្នកបានផ្លាស់ប្ដូរក្នុងទំហំប៉ុនណាហើយ គឺត្រូវពិនិត្យមើល នៅពេលអ្នកបញ្ចេញឱ្យឃើញនិស្ស័យពុករលួយ ថាតើអ្នកអាចឆ្លុះបញ្ចាំងពីខ្លួនឯង អាចលះបង់សាច់ឈាម បំណង និងមហិច្ចតាធំៗ និងបំណងប្រាថ្នារបស់អ្នកបានឬអត់ ហើយនៅពេលអ្នកធ្វើបែបនេះ ថាតើអ្នកអាចអនុវត្តស្របទៅតាមសេចក្ដីពិតបានឬអត់។ ទំហំសមត្ថភាពរបស់អ្នកក្នុងការអនុវត្តស្របទៅតាមសេចក្ដីពិត និងតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងថាតើការអនុវត្តរបស់អ្នកស្របទៅតាមបទដ្ឋាននៃសេចក្ដីពិតទាំងស្រុងឬអត់នោះ សបញ្ជាក់ឱ្យឃើញពីទំហំនៃការផ្លាស់ប្ដូរនិស្ស័យរបស់អ្នកហើយ។ ចំណុចនេះគឺមានភាពសមមាត្រគ្នា។ យើងលើកឧទាហរណ៍អំពីនិស្ស័យមានះរឹងរូសមិនព្រមកែចុះ។ ដំបូងឡើយ នៅពេលដែលនិស្ស័យរបស់អ្នកមិនទាន់បានផ្លាស់ប្ដូរ អ្នកពុំយល់ពីសេចក្ដីពិតទេ ហើយអ្នកក៏មិនចាប់ភ្លឹកថា អ្នកមាននិស្ស័យមានះរឹងរូសមិនព្រមកែនេះដែរ ហើយនៅពេលអ្នកស្ដាប់សេចក្ដីពិត អ្នកគិតក្នុងចិត្តថា៖ «ហេតុអ្វីបានជាសេចក្ដីពិតតែងលាតត្រដាងស្លាកស្នាមរបស់មនុស្សបែបនេះ?» បន្ទាប់ពីស្ដាប់រួច អ្នកយល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រឹមត្រូវ ប៉ុន្តែបន្ទាប់ពីបានមួយឆ្នាំឬពីរឆ្នាំហើយ ប្រសិនបើអ្នកមិនបានយកព្រះបន្ទូលទាំងនោះមកដាក់ក្នុងចិត្តទេ ប្រសិនបើអ្នកមិនបានទទួលយកព្រះបន្ទូលណាមួយទេ ដូច្នេះ នេះគឺជាភាពមានះរឹងរូសមិនព្រមកែហើយ ត្រូវទេ? បន្ទាប់ពីបានពីរឬបីឆ្នាំ ប្រសិនបើគ្មានការទទួលយក ប្រសិនបើគ្មានការផ្លាស់ប្ដូរសភាពនៅក្នុងខ្លួនអ្នក ទោះបីជាការបំពេញភារកិច្ចរបស់អ្នកមិនបានថយចុះក៏ដោយ ហើយទោះបីជាអ្នកបានរងទុក្ខច្រើនក៏ដោយ ក៏សភាពមានះរឹងរូសមិនព្រមកែរបស់អ្នក នៅមិនទាន់បានដោះស្រាយរួច ឬបានកាត់បន្ថយបន្តិចណាសោះឡើយ ដូច្នេះ តើមានការផ្លាស់ប្ដូរនិស្ស័យរបស់អ្នកនៅក្នុងទិដ្ឋភាពនេះហើយឬនៅ? (នៅទេ។) ដូច្នេះ ហេតុអ្វីបានជាអ្នករត់ចុះរត់ឡើង និងបំពេញការងារធ្វើអី? មិនថាអ្នកធ្វើបែបនេះដោយសារមូលហេតុអ្វីនោះទេ ក៏អ្នកបានរត់ចុះរត់ឡើង និងបំពេញការងារទាំងងងឹតងងុលប៉ុណ្ណោះ ដោយសារអ្នកបានបានរត់ចុះរត់ឡើង និងបានបំពេញការងារច្រើនដល់ម្ល៉េះហើយ ក៏ប៉ុន្តែ អ្នកនៅតែគ្មានការផ្លាស់ប្ដូរនិស្ស័យរបស់អ្នកទៀត។ រហូតដល់មានថ្ងៃមួយ ដែលអ្នកស្រាប់តែគិតក្នុងចិត្តថា៖ «ម៉េចបានជាខ្ញុំមិនអាចនិយាយពីទីបន្ទាល់បានសូម្បីតែមួយម៉ាត់អ៊ីចឹង? និស្ស័យជីវិតរបស់ខ្ញុំមិនបានផ្លាស់ប្ដូរទាល់តែសោះ»។ នៅពេលនោះ ទើបអ្នកដឹងថា បញ្ហានេះធ្ងន់ធ្ងរប៉ុនណ ហើយអ្នកគិតក្នុងចិត្តថា៖ «ខ្ញុំពិតជាបះបោរ និងមានះរឹងរូសមិនព្រមកែពិតមែន! ខ្ញុំមិនមែនជាមនុស្សដែលដេញតាមសេចក្ដីពិតនោះទេ! នៅក្នុងចិត្តខ្ញុំ គ្មានព្រះជាម្ចាស់ឡើយ! តើនេះអាចហៅថាជាការជឿលើព្រះជាម្ចាស់បានយ៉ាងដូចម្ដេចកើតទៅ? ខ្ញុំបានជឿលើព្រះជាម្ចាស់អស់ពេលជាច្រើនឆ្នាំមកហើយ ក៏ប៉ុន្តែខ្ញុំនៅតែមិនទាន់បានរស់នៅក្នុងរូបភាពជាមនុស្សនៅឡើយទេ ហើយដួចចិត្តរបស់ខ្ញុំ ក៏មិនបានស្និទ្ធស្នាលនឹងព្រះជាម្ចាស់ដែរ! ខ្ញុំមិនបានយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកទុកក្នុងចិត្តទេ ហើយនៅពេលដែលខ្ញុំធ្វើអ្វីខុស ខ្ញុំក៏គ្មានអារម្មណ៍សោកស្ដាយ ឬអារម្មណ៍ចង់ប្រែចិត្តដែរ។ តើនេះមិនមែនជាភាពមានះរឹងរូសមិនព្រមកែទេឬអី? តើខ្ញុំមិនមែនជាកូននៃពួកបះបោរទេឬអី?» អ្នកមានការព្រួយបារម្ភក្នុងចិត្ត។ ហើយតើការដែលមានការព្រួយបារម្ភក្នុងចិត្តនេះ មានន័យដូចម្ដេច? មានន័យថា អ្នកប្រាថ្នាចង់ប្រែចិត្ត។ អ្នកដឹងពីភាពមានះរឹងរូសមិនព្រមកែ និងការបះបោរផ្ទាល់ខ្លួនរបស់អ្នក។ ហើយនៅពេលនោះ និស្ស័យរបស់អ្នកចាប់ផ្ដើមផ្លាស់ប្ដូរ។ មានគំនិតនិងបំណងប្រាថ្នាជាក់លាក់ខ្លះនៅក្នុងសតិសម្បជញ្ញៈរបស់អ្នក ដែលអ្នកចង់ផ្លាស់ប្ដូរដោយមិនដឹងខ្លួន ហើយអ្នកលែងយល់ថា ខ្លួនអ្នកដើរដល់ផ្លូវទ័លច្រកជាមួយនឹងព្រះជាម្ចាស់ទៀតហើយ។ អ្នកយល់ថា ខ្លួនអ្នកចង់កែលម្អទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់ លែងចង់មានះរឹងរូសមិនព្រមកែខ្លាំងទៀតហើយ ចង់អនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកឱ្យបាន ចង់អនុវត្តព្រះបន្ទូលទុកជាគោលការណ៍នៃសេចក្ដីពិត ពោលគឺអ្នកមានសតិសម្បជញ្ញៈបែបនេះ។ ការដែលអ្នកដឹងរឿងទាំងនេះ គឺជារឿងល្អទេ ប៉ុន្តែតើនេះមានន័យថា អ្នកនឹងអាចផ្លាស់ប្ដូរបានភ្លាមៗមែនទេ? (អត់ទេ។) អ្នកត្រូវឆ្លងកាត់បទពិសោធរាប់សិបឆ្នាំ ដែលក្នុងអំឡុងពេលនោះ អ្នកនឹងមានការយល់ដឹងបានកានតែច្បាស់នៅក្នុងចិត្ត ហើយអ្នកនឹងមានតម្រូវការកាន់តែខ្លាំង ហើយនៅក្នុងចិត្តរបស់អ្នក អ្នកនឹងគិតថា៖ «រឿងនេះមិនត្រូវទេ។ ខ្ញុំត្រូវឈប់ចំណាយពេលឥតប្រយោជន៍ ទើបបាន។ ខ្ញុំត្រូវតែដេញតាមសេចក្ដីពិត ខ្ញុំត្រូវតែធ្វើអ្វីដែលត្រឹមត្រូវ។ កាលពីមុន ខ្ញុំមិនយកចិត្តទុកដាក់បំពេញភារកិច្ចឱ្យបានត្រឹមត្រូវទេ ដោយគិតតែរឿងសម្ភារៈ ដូចជា ម្ហូបអាហារ និងសម្លៀកបំពាក់ ហើយខ្ញុំដេញតាមតែកេរ្តិ៍ឈ្មោះនិងផលប្រយោជន៍ប៉ុណ្ណោះ។ ហេតុនេះហើយ ខ្ញុំមិនទទួលបានសេចក្ដីពិតសោះឡើយ។ ខ្ញុំសោកស្ដាយណាស់ ហើយខ្ញុំត្រូវតែប្រែចិត្ត!» ត្រង់ចំណុចនេះ អ្នកចាប់ផ្ដើមដើរនៅលើផ្លូវត្រឹមត្រូវនៃការជឿលើព្រះជាម្ចាស់ហើយ។ ឱ្យតែមនុស្សចាប់ផ្ដើមផ្ដោតលើការអនុវត្តសេចក្ដីពិត តើនេះមិនមែនជាការនាំពួកគេខិតជិតទៅរកការផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេមួយជំហានទៀតទេឬអី? មិនថាអ្នកបានជឿលើព្រះជាម្ចាស់យូរប៉ុនណានោះទេ ប្រសិនបើអ្នកអាចដឹងពីភាពសៅហ្មងផ្ទាល់ខ្លួនរបស់អ្នកបាន អ្នកអាចដឹងបានថា អ្នកតែងតែបណ្ដែតបណ្ដោយខ្លួនជាប់ជានិច្ច ហើយបន្ទាប់ពីបណ្ដែតបណ្ដោយខ្លួនអស់ពេលជាច្រើនឆ្នាំរួចមក អ្នកមិនបានទទួលអ្វីសោះ ហើយអ្នកនៅតែមានអារម្មណ៍ឥតន័យខ្លឹមសារដដែល ហើយប្រសិនបើរឿងនេះធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រណុកចិត្ត ហើយអ្នកចាប់ផ្ដើមធ្វើការឆ្លុះបញ្ចាំងពីខ្លួនឯង ហើយអ្នកមានអារម្មណ៍ថា ការមិនដេញតាមសេចក្ដីពិត គឺជាការចំណាយពេលឥតប្រយោជន៍ ដូច្នេះ នៅពេលនោះ អ្នកនឹងដឹងថា ព្រះបន្ទូលក្រើនរំឮករបស់ព្រះជាម្ចាស់ គឺជាសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះមនុស្ស ហើយអ្នកនឹងស្អប់ខ្លួនឯងដែលមិនស្ដាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ស្អប់ខ្លួនឯងដែលខ្វះសតិសម្បជញ្ញៈនិងហេតុផលបែបនេះ។ អ្នកនឹងមានអារម្មណ៍ស្ដាយក្រោយ ហើយបន្ទាប់មក អ្នកនឹងចង់ប្រព្រឹត្តខ្លួនតាមរបៀបថ្មី និងចង់រស់នៅចំពោះព្រះជាម្ចាស់ដោយពិតប្រាកដ ហើយអ្នកនឹងនិយាយក្នុងចិត្តថា៖ «ខ្ញុំមិនអាចធ្វើឱ្យព្រះជាម្ចាស់ឈឺចាប់ទៀតឡើយ។ ព្រះជាម្ចាស់បានថ្លែងព្រះបន្ទូលច្រើនណាស់ ហើយព្រះបន្ទូលគ្រប់ព្រះឱស្ឋ គឺដើម្បីជាប្រយោជន៍ដល់មនុស្ស និងដើម្បីចង្អុលបង្ហាញឱ្យមនុស្សដើរនៅលើផ្លូវត្រឹមត្រូវ។ ព្រះជាម្ចាស់គួរឱ្យស្រឡាញ់ជាខ្លាំង ហើយស័ក្តិសមនឹងឱ្យមនុស្សស្រឡាញ់ទ្រង់ណាស់!» នេះគឺជាការចាប់ផ្ដើមនៃការបំផ្លាស់បំប្រែរបស់មនុស្សហើយ។ ការដែលមានការយល់ឃើញបែបនេះ គឺជារឿងល្អមួយ! ប្រសិនបើអ្នកស្ពឹកស្រពន់ខ្លាំងរហូតដល់ថ្នាក់មិនដឹងរឿងទាំងនេះទេ តើអ្នកមិនមែនកំពុងមានបញ្ហាទេឬអី? សព្វថ្ងៃនេះ មនុស្សដឹងថា គន្លឹះសំខាន់ក្នុងការជឿលើព្រះជាម្ចាស់ គឺត្រូវអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានច្រើន ដឹងថា ការយល់ពីសេចក្ដីពិត គឺជារឿងសំខាន់ជាងគេបំផុត ដឹងថា ការយល់ពីសេចក្ដីពិត និងការស្គាល់ខ្លួនឯង គឺជារឿងបាច់បំផុត និងដឹងថា មានតែការអនុវត្តសេចក្ដីពិត និងការធ្វើឱ្យសេចក្ដីពិតក្លាយជាតថភាពរបស់ពួកគេប៉ុណ្ណោះ ទើបជាការដើរនៅលើផ្លូវត្រឹមត្រូវនៃការជឿលើព្រះជាម្ចាស់។ ដូច្នេះ តើអ្នករាល់គ្នាគិតថា អ្នករាល់គ្នាត្រូវមានបទពិសោធប៉ុន្មានឆ្នាំដើម្បីមានការយល់ដឹង និងមានអារម្មណ៍បែបនេះនៅក្នុងចិត្តរបស់អ្នក? មនុស្សដែលមានប្រាជ្ញាឈ្លាសវៃ ដែលចេះដឹងជ្រៅជ្រះ ដែលមានបំណងប្រាថ្នាចង់បានព្រះជាម្ចាស់ជាខ្លាំង មនុស្សបែបនេះប្រហែលជាអាចកែប្រែខ្លួនពួកបានក្នុងរយៈពេលមួយឆ្នាំ ឬពីរឆ្នាំ ហើយក៏ចាប់ផ្ដើមច្រកចូល។ ប៉ុន្តែ មនុស្សវង្វេងស្មារតី មនុស្សដែលស្ពឹកស្រពន់ និងខ្សោយប្រាជ្ញា មនុស្សដែលខ្វះការយល់ដឹងជ្រៅជ្រះវិញ នឹងចំណាយពេលបីឬប្រាំឆ្នាំនៅក្នុងភាពពុំច្បាស់លាស់ ដោយមិនដឹងខ្លួនថា ពួកគេមិនបានទទួលអ្វីសោះឡើយ។ ប្រសិនបើពួកគេមានសេចក្ដីក្លៀវក្លាក្នុងការបំពេញភារកិច្ចរបស់ខ្លួន ពួកគេអាចចំណាយជាងដប់ឆ្នាំនៅភាពពុំច្បាស់លាស់ ហើយនៅតែមិនទទួលបានអ្វីជាក់ស្ដែង ឬមិនអាចនិយាយពីទីបន្ទាល់បទពិសោធរបស់ពួកគេបានដដែល។ រហូតទាល់តែពួកគេត្រូវបានបណ្ដេញចេញ ឬផាត់ចោល ទើបចុងក្រោយ ពួកគេភ្ញាក់ខ្លួន និងគិតក្នុងចិត្តថា៖ «ខ្ញុំពិតជាគ្មានតថភាពនៃសេចក្ដីពិតពិតមែន។ កន្លងមក ខ្ញុំមិនមែនជាមនុស្សដែលដេញតាមសេចក្ដីពិតនោះទេ!» មកដល់ចំណុចនេះ តើការភ្ញាក់រឮករបស់ពួកគេ មិនមែនយឺតពេលទៅហើយទេ? មនុស្សមួយចំនួនបណ្ដែតបណ្ដោយខ្លួនក្នុងភាពមិនច្បាស់លាស់ ដោយតែងសង្ឃឹមចង់បានថ្ងៃដែលព្រះជាម្ចាស់យាងមក ប៉ុន្តែមិនដែលដេញតាមសេចក្ដីពិតសោះឡើយ។ ហេតុនេះហើយ ដប់ឆ្នាំជាងក៏បានកន្លងផុតទៅ ដោយពួកគេពុំទទួលបានអ្វីទាល់តែសោះ ហើយក៏មិនអាចចែករំលែកទីបន្ទាល់ណាមួយបានដែរ។ ទាល់តែពួកគេត្រូវបានលួសកាត់ ដោះស្រាយជាមួយ និងត្រូវព្រមានខ្លាំងៗ ទើបចុងក្រោយ ពួកគេដឹងថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ចាក់ទម្លុះដួងចិត្តរបស់ពួកគេ។ ដួងចិត្តរបស់ពួកគេពិតជាមានះរឹងរូសមិនព្រមកែពិតមែន! តើឱ្យពួកគេរួចផុតពីការដោះស្រាយជាមួយ ការលួសកាត់ និងដាក់ទោសបានយ៉ាងដូចម្ដេចកើតទៅ? តើឱ្យពួកគេរួចផុតពីការប្រៀនប្រដៅខ្លាំងៗបានយ៉ាងដូចម្ដេចកើតទៅ? តើត្រូវធ្វើបែបណាដើម្បីឱ្យពួកគេដឹងខ្លួន ដើម្បីឱ្យពួកគេមានប្រតិកម្ម? អស់អ្នកណាដែលពុំដេញតាមសេចក្ដីពិតទេ អ្នកនោះនឹងមិនសម្រក់ទឹកភ្នែកឡើយ ទាល់ពួកគេបានឃើញក្ដារមឈូស។ ទាល់តែពួកគេបានធ្វើរឿងអាក្រក់បែបសាតាំងជាច្រើន ទើបពួកគេបានដឹងខ្លួន ហើយពួកគេនិយាយក្នុងចិត្តថា៖ «តើសេចក្ដីជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់ត្រូវចប់ហើយមែនទេ? តើព្រះជាម្ចាស់លែងត្រូវការខ្ញុំទៀតហើយមែនទេ? តើខ្ញុំបានទទួលនូវការថ្កោលទោសហើយមែនទេ?» ពួកគេចាប់ផ្ដើមធ្វើការឆ្លុះបញ្ចាំង។ នៅពេលដែលពួកគេអវិជ្ជមាន ពួកគេមានអារម្មណ៍ថា ការជឿព្រះជាម្ចាស់ជាច្រើនឆ្នាំមកនេះ គឺចំណាយពេលឥតប្រយោជន៍មែន ហើយពួកគេពេញដោយការស្ដាយក្រោយ និងមានអារម្មណ៍ចង់បោះបង់ខ្លួនឯងដោយសារក្ដីអស់សង្ឃឹម។ ប៉ុន្តែ នៅពេលដែលពួកគេភ្ញាក់ស្មារតីឡើងវិញ ពួកគេក៏ដឹងថា៖ «តើខ្ញុំមិនមែនបានត្រឹមធ្វើបាបខ្លួនឯងទេឬអី? ខ្ញុំត្រូវតែក្រោកឈរសាជាថ្មី។ មានគេប្រាប់ខ្ញុំថា ខ្ញុំពុំស្រឡាញ់សេចក្ដីពិតទេ។ ហេតុអ្វីបានជាគេប្រាប់ខ្ញុំបែបនេះ? តើខ្ញុំមិនស្រឡាញ់សេចក្ដីពិតយ៉ាងដូចម្ដេចកើតទៅ? អូ មិនបានទេ! ខ្ញុំមិនត្រឹមតែមិនស្រឡាញ់សេចក្ដីពិតប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំថែមទាំងមិនអាចអនុវត្តសេចក្ដីពិតដែលខ្ញុំយល់នោះបានទៀតផង! នេះគឺជាការបង្ហាញចេញនូវការនឿយណាយនឹងសេចក្ដីពិតហើយ!» ពេលគិតបែបនេះ ពួកគេក៏មានអារម្មណ៍ស្ដាយក្រោយ និងភ័យខ្លាចខ្លះដែរ៖ «ប្រសិនបើខ្ញុំបន្តធ្វើបែបនេះទៀត ខ្ញុំច្បាស់ជាត្រូវគេដាក់ទោសមិនខាន។ មិនបានទេ ខ្ញុំត្រូវប្រញាប់ប្រែចិត្ត។ មិនត្រូវប្រមាថនិស្ស័យព្រះជាម្ចាស់ឡើយ»។ នៅពេលនោះ តើកម្រិតនៃភាពមានះរឹងរូសមិនព្រមកែរបស់ពួកគេបានកាត់បន្ថយដែរឬទេ? ពួកគេមានអារម្មណ៍ដឹងបាន គឺដូចជាម្ជុលដែលបានចាក់ទម្លុះបេះដូងរបស់ពួកគេដូច្នោះដែរ។ ហើយនៅពេលដែលអ្នកមានអារ្មណ៍បែបនេះ ចិត្តរបស់អ្នកនៅមិនស្ងប់ទេ ហើយអ្នកចាប់ផ្ដើមមានការចាប់អារម្មណ៍នឹងសេចក្ដីពិត។ ហេតុអ្វីបានជាអ្នកមានការចាប់អារម្មណ៍បែបនេះ? ពីព្រោះអ្នកត្រូវការសេចក្ដីពិត។ បើគ្មានសេចក្ដីពិតទេ នៅពេលអ្នកត្រូវគេលួសកាត់និងដោះស្រាយជាមួយ អ្នកមិនអាចចុះចូលឬទទួលយកសេចក្ដីពិតបានឡើយ ហើយនៅពេលអ្នកត្រូវបានគេសាកល្បង នោះអ្នកមិនអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនបានទេ។ ប្រសិនបើអ្នកត្រូវក្លាយជាអ្នកដឹកនាំមែន តើអ្នកនឹងអាចឃាត់ខ្លួនឯងកុំឱ្យធ្វើជាអ្នកដឹកនាំក្លែងក្លាយ និងមិនដើរលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទបានទេ? អ្នកនឹងមិនអាចធ្វើបានឡើយ។ តើអ្នកអាចយកឈ្នះលើការមានឋានៈ និងការត្រូវអ្នកដទៃលើកសរសើរបានដែរឬទេ? តើអ្នកអាចយកឈ្នះលើស្ថានភាពដែលអ្នកកំពុងស្ថិតនៅ និងការសាកល្បងដែលបានដាក់មកលើអ្នក បានដែរឬទេ? អ្នកដឹងនិងស្គាល់ខ្លួនឯងច្បាស់ណាស់ ហើយអ្នកនឹងនិយាយថា៖ «ប្រសិនបើខ្ញុំមិនយល់ពីសេចក្ដីពិតទេ ខ្ញុំមិនអាចយកឈ្នះលើរឿងទាំងអស់នេះបានឡើយ។ ខ្ញុំគឺជាសំរាម ខ្ញុំគ្មានសមត្ថភាពអ្វីទេ»។ តើនេះជាចិត្តគំនិតបែបណា? នេះគឺជាតម្រូវការសេចក្ដីពិត។ នៅពេលអ្នកមានសេចក្ដីត្រូវការ នៅពេលអ្នកអស់សង្ឃឹមខ្លាំងបំផុត នោះអ្នកនឹងចង់តែពឹងលើសេចក្ដីពិតតែមួយមុខប៉ុណ្ណោះ។ អ្នកនឹងមានអារម្មណ៍ថា គ្មានអ្នកផ្សេងណាអាចពឹងពាក់បានឡើយ ហើយថា មានតែការពឹងលើសេចក្ដីពិតតែមួយមុខប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហារបស់អ្នក និងអាចឱ្យអ្នកឆ្លងកាត់ការលួសកាត់ និងការដោះស្រាយជាមួយ ព្រមទាំងការល្បងល និងសេចក្ដីល្បួងផ្សេងៗបាន ហើយជួយឱ្យអ្នកឆ្លងផុតស្ថានភាពទាំងអស់បាន។ ហើយកាលណាអ្នកពឹងផ្អែកលើសេចក្ដីពិតកាន់តែច្រើន នោះអ្នកនឹងកាន់តែមានអារម្មណ៍ថា សេចក្ដីពិត គឺល្អ មានប្រយោជន៍ និងជួយអ្នកបានច្រើនបំផុត ហើយសេចក្ដីពិតអាចជួយដោះស្រាយគ្រប់ទាំងការលំបាករបស់អ្នកបានទាំងអស់។ នៅពេលនោះ អ្នកនឹងចាប់ផ្ដើមស្រេកឃ្លានចង់បានសេចក្ដីពិតមិនខាន។ នៅពេលដែលមនុស្សឈានដល់ចំណុចនេះ តើនិស្ស័យពុករលួយរបស់ពួកគេចាប់ផ្ដើមរលាយបាត់ ឬផ្លាស់ប្ដូរបន្តិចម្ដងៗហើយឬនៅ? ចាប់ពីពេលដែលពួកគេយល់និងទទួលយកសេចក្ដីពិត របៀបដែលពួកគេគិតពីអ្វីៗចាប់ផ្ដើមមានការផ្លាស់ប្ដូរ ហើយបន្ទាប់មក និស្ស័យរបស់ពួកគេ ក៏ចាប់ផ្ដើមផ្លាស់ប្ដូរដែរ។ នេះគឺជាដំណើរការមួយសន្សឹមៗ។ នៅដំណាក់កាលដំបូង មនុស្សមិនអាចដឹងពីការផ្លាស់ប្ដូរដ៏តិចតួចស្ដួចស្ដើងនេះបានទេ ប៉ុន្តែ នៅពេលពួកគេយល់ច្បាស់ និងអាចអនុវត្តសេចក្ដីពិតបានពិតប្រាកដ នោះនឹងចាប់ផ្ដើមមានការផ្លាស់ប្ដូរសំខាន់ៗ ហើយពួកគេអាចមានអារម្មណ៍ដឹងពីការផ្លាស់ប្ដូរនោះមិនខាន។ ចាប់ពីចំណុចដែលមនុស្សចាប់ផ្ដើមមានការទន្ទឹងរង់ចាំនិងការស្រេកឃ្លានចង់បានសេចក្ដីពិត និងប្រាថ្នាចង់ស្វែងរកសេចក្ដីពិត មកដល់ចំណុចដែលមានរឿងអ្វីកើតឡើងមកលើពួកគេ ហើយពួកគេអាចអនុវត្តសេចក្ដីពិត ផ្អែកតាមការយល់ដឹងរបស់ពួកគេអំពីសេចក្ដីពិតនោះ និងអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន ហើយមិនធ្វើអ្វីទៅតាមបំណងផ្ទាល់ខ្លួនរបស់ពួកគេ និងអាចយកឈ្នះលើបំណងផ្ទាល់ខ្លួន និងយកឈ្នះលើភាពក្រអឺតក្រទម ការបះបោរ ភាពមានះរឹងរូសមិនព្រមកែ និងចិត្តផិតក្បត់របស់ពួកគេបាន ពេលនោះ តើសេចក្ដីពិតមិនមែនក្លាយជាជីវិតរបស់ពួកគេបន្តិចម្ដងៗទេឬអី? ហើយនៅពេលដែលសេចក្ដីពិតក្លាយជាជីវិតរបស់អ្នក នោះនិស្ស័យក្រអឺតក្រទម បះបោរ មានះរឹងរូសមិនព្រមកែ និងផិតក្បត់នៅក្នុងខ្លួនអ្នក នឹងលែងជាជីវិតរបស់អ្នកទៀតហើយ ហើយក៏មិនអាចគ្រប់គ្រងលើអ្នកបានទៀតដែរ។ ហើយនៅពេលនោះ តើអ្វីដែលដឹកនាំការប្រព្រឹត្តរបស់អ្នកទៅ? គឺព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅពេលដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បានក្លាយជាជីវិតរបស់អ្នក តើមានការផ្លាស់ប្ដូរហើយឬនៅ? (មានហើយ។) ហើយបន្ទាប់មកទៀត កាលណាអ្នកផ្លាស់ប្ដូរកាន់តែច្រើន នោះអ្វីៗនឹងកាន់តែប្រសើរ។ និស្ស័យរបស់មនុស្សផ្លាស់ប្ដូរតាមដំណើរបែបនេះឯង ហើយការសម្រេចលទ្ធផលនេះ ត្រូវការពេលវេលាយូរ។

ត្រង់ថាតើការផ្លាស់ប្ដូរនិស្ស័យនោះ ត្រូវការពេលយូរប៉ុនណា គឺអាស្រ័យលើបុគ្គលនោះខ្លួនឯង។ ពុំមានពេលវេលាកំណត់សម្រាប់រឿងនេះឡើយ។ ប្រសិនបើអ្នកនោះជាអ្នកដែលស្រឡាញ់និងដេញតាមសេចក្ដីពិត នោះការផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេ នឹងអាចឃើញលទ្ធផលក្នុងពេលប្រាំពីរ ប្រាំបី ឬដប់ឆ្នាំ។ ប្រសិនបើពួកគេមានគុណសម្បត្តិមធ្យម ហើយមានឆន្ទៈក្នុងការដេញតាមសេចក្ដីពិត នោះអាចត្រូវការពេលប្រហែលដប់ប្រាំ ឬម្ភៃឆ្នាំ ទម្រាំអាចមើលឃើញការផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេបាន។ អ្វីដែលជាគន្លឹះសំខាន់ គឺការតាំងចិត្តរបស់មនុស្សក្នុងការដេញតាមសេចក្ដីពិត និងថាតើពួកគេមានការយល់ដឹងជ្រាលជ្រៅប៉ុនណា ទាំងនេះគឺជាកត្ដាកំណត់។ និស្ស័យពុករលួយគ្រប់ប្រភេទ មាននៅក្នុងខ្លួនមនុស្សគ្រប់គ្នា គ្រាន់តែមានកម្រិតខុសគ្នាប៉ុណ្ណោះ។ និស្ស័យទាំងនោះ ជាធម្មជាតិរបស់មនុស្ស ហើយវាចាក់ឫសយ៉ាងជ្រៅ។ ក៏ប៉ុន្តែ តាមរយៈការដេញតាម និងការអនុវត្តសេចក្ដីពិត និងតាមរយៈការទទួលយកការជំនុំជម្រះ និងការវាយផ្ចាលពីព្រះជាម្ចាស់ តាមរយៈការដោះស្រាយជាមួយនិងការលួសកាត់ និងតាមរយៈការទទួលយកការល្បងល និងការបន្សុទ្ធពីព្រះជាម្ចាស់ នោះការផ្លាស់ប្ដូរនិស្ស័យគ្របយ៉ាង អាចសម្រេចបានក្នុងកម្រិតខុសៗគ្នា។ មនុស្សខ្លះនិយាយថា៖ «ប្រសិនបើអ្វីៗ គឺបែបនោះមែន ដូច្នេះ តើការផ្លាស់ប្ដូរនិស្ស័យមិនមែនគ្រាន់តែត្រូវការពេលវេលាទេឬអី? នៅពេលដែលពេលវេលាមកដល់ ខ្ញុំនឹងដឹងថា អ្វីជាការផ្លាស់ប្ដូរនិស្ស័យហើយ ហើយខ្ញុំអាចចូលទៅក្នុងបានមិនខាន»។ តើករណីគឺបែបនេះមែនឬ? (អត់ទេ។) មិនមែនជាដាច់ខាត។ ប្រសិនបើពេលវេលា គឺជាអ្វីគ្រប់យ៉ាងដែលសម្រេចនូវការផ្លាស់ប្ដូរនិស្ស័យមែន នោះមនុស្សគ្រប់គ្នាដែលបានជឿលើព្រះជាម្ចាស់ពេញមួយជីវិតរបស់ខ្លួន គួរណាស់តែបានសម្រេចនូវការផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេហើយ។ ប៉ុន្តែ តើអ្វីៗពិតជាបែបនេះទេ? តើមនុស្សទាំងនេះបានទទួលសេចក្ដីពិតហើយឬនៅ? តើពួកគេបានសម្រេចនូវការផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេហើយឬនៅ? ពួកគេមិនទាន់សម្រេចនៅឡើយទេ។ មនុស្សដែលជឿលើព្រះជាម្ចាស់ គឺច្រើនដូចជារោមដុះលើគោបា ប៉ុន្តែ មនុស្សដែលបានផ្លាស់ប្ដូរនិស្ស័យរបស់ខ្លួនរួច គឺកម្រនឹងមានដូចជាសេះដុះស្នែងអ៊ីចឹង។ ដើម្បីឱ្យនិស្ស័យរបស់មនុស្សមានការផ្លាស់ប្ដូរពិតប្រាកដ ពួកគេត្រូវពឹងលើការដេញតាមសេចក្ដីពិតដើម្បីសម្រេចរឿងនេះឱ្យបាន។ ពួកគេត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍តាមរយៈការពឹងលើកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ការផ្លាស់ប្ដូរនិស្ស័យអាចសម្រេចទៅបាន តាមរយៈការដេញតាមសេចក្ដីពិត។ ម្យ៉ាងវិញទៀត មនុស្សត្រូវលះបង់តម្លៃ ហើយនៅពេលនិយាយដល់ការដេញតាមសេចក្ដីពិត គឺពួកគេត្រូវតែលះបង់តម្លៃ ហើយទំហំនៃសេចក្ដីទុក្ខដើម្បីទទួលបានសេចក្ដីពិត គឺមិនតិចនោះទេ។ បន្ថែមលើនេះ ពួកគេត្រូវទទួលបានការបញ្ជាក់ពីព្រះជាម្ចាស់ថាជាប្រភេទមនុស្សត្រឹមត្រូវ ជាមនុស្សម្នាក់ដែលមានចិត្តសប្បុរស និងជាមនុស្សម្នាក់ដែលស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដ ដើម្បីឱ្យព្រះវិញ្ញាណបរិសុទ្ធកែខៃ និងប្រោសពួកគេឱ្យបានគ្រប់លក្ខណ៍។ កិច្ចសហប្រតិបត្តិការរបស់មនុស្សមិនអាចខ្វះបានឡើយ ក៏ប៉ុន្តែ ការទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺរឹតតែសំខាន់ចាំបាច់ទៅទៀត។ ប្រសិនបើមនុស្សពុំដេញតាម ឬស្រឡាញ់សេចក្ដីពិតទេ ប្រសិនបើពួកគេមិនដែលដឹងថា ត្រូវយកចិត្តទុកដាក់នឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់តាមរបៀបណា កាន់តែមិនដឹងថាត្រូវស្រឡាញ់ព្រះជាម្ចាស់យ៉ាងដូចម្ដេច ក៏គ្មានសេចក្ដីស្រឡាញ់ចំពោះអ្នកដទៃ ហើយជាពិសេស ប្រសិនបើពេលកំពុងបំពេញភារកិច្ចរបស់ខ្លួន ពួកគេគ្មានការលះបង់ទេ នោះព្រះជាម្ចាស់នឹងមិនសព្វព្រះទ័យពួកគេឡើយ ហើយព្រះជាម្ចាស់ក៏មិនប្រោសពួកគេឱ្យគ្រប់លក្ខណ៍នោះដែរ។ ដូច្នេះ មនុស្សមិនត្រូវធ្វើការអះអាងទាំងងងឹតងងុលនោះទេ តែត្រូវយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ មិនថាព្រះជាម្ចាស់មានបន្ទូលបែបណា ឬធ្វើអ្វីនោះទេ ពួកគេត្រូវតែអាចស្ដាប់បង្គាប់ និងការពារកិច្ចការរបស់ពួកជំនុំឱ្យបាន ចិត្តរបស់ពួកគេត្រូវតែត្រឹមត្រូវ ហើយមានតែពេលនោះទេ ទើបព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការ។ ប្រសិនបើមនុស្សប្រាថ្នាចង់ឱ្យព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍ នោះពួកគេត្រូវតែមានចិត្តដែលស្រឡាញ់ព្រះជាម្ចាស់ ជាចិត្តដែលស្ដាប់បង្គាប់ព្រះជាម្ចាស់ ចិត្តដែលកោតខ្លាចព្រះជាម្ចាស់ ហើយនៅពេលកំពុងបំពេញភារកិច្ចរបស់ខ្លួន ពួកគេត្រូវតែស្មោះត្រង់នឹងព្រះជាម្ចាស់ និងធ្វើឱ្យព្រះជាម្ចាស់បានគាប់ព្រះហឫទ័យ។ មានតែពេលនោះទេ ទើបពួកគេនឹងអាចទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នៅពេលមនុស្សមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ពួកគេនឹងទទួលបានការបំភ្លឺ នៅពេលដែលពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពេលពួកគេមានបញ្ហា ពួកគេនឹងមានផ្លូវដើម្បីអនុវត្តសេចក្ដីពិត និងមានគោលការណ៍ក្នុងការបំពេញភារកិច្ចរបស់ពួកគេ ព្រះជាម្ចាស់នឹងណែនាំពួកគេ ហើយមិនថាពួកគេរងទុក្ខច្រើនប៉ុនណាទេ ក៏ដួងចិត្តរបស់ពួកគេពេញដោយក្ដីអំណរនិងក្ដីសុខសាន្តដែរ។ នៅពេលពួកគេឆ្លងកាត់ការណែនាំពីព្រះវិញ្ញាណបរិសុទ្ធតាមរបៀបនេះបានដប់ឬម្ភៃឆ្នាំ នោះពួកគេនឹងមានការផ្លាស់ប្ដូរដោយពុំដឹងខ្លួន។ កាលណាមានការផ្លាស់ប្ដូរកាន់តែលឿន នោះក៏ឆាប់មានសេចក្ដីសុខសាន្តដែរ។ កាលណាមានការផ្លាស់ប្ដូរកាន់តែលឿន នោះពួកគេក៏ឆាប់មានសេចក្ដីរីករាយដែរ។ ទាល់តែពេលដែលនិស្ស័យរបស់មនុស្សផ្លាស់ប្ដូរ ទើបពួកគេអាចស្វែងរកសេចក្ដីស្ងប់សុខនិងសេចក្ដីអំណរបាន ហើយមានតែពេលនោះទេ ទើបពួកគេអាចដឹកនាំជីវិតដែលមានក្ដីរីករាយពិតប្រាកដបាន។ អស់អ្នកណាដែលពុំដេញតាមសេចក្ដីពិតទេ អ្នកនោះគ្មានសេចក្ដីស្ងប់សុខឬសេចក្ដីអំណរខាងវិញ្ញាណឡើយ ពេលវេលារបស់ពួកគេកាន់តែគ្មានន័យទៅៗ ហើយកាន់តែពិបាកទ្រាំទៅៗ។ អស់អ្នកណាដែលជឿលើព្រះជាម្ចាស់ ប៉ុន្តែពុំដេញតាមសេចក្ដីពិតទេ អ្នកនោះនឹងមានពេលវេលាពេញទៅដោយការឈឺចាប់ និងសេចក្ដីទុក្ខ។ ដូច្នេះហើយ នៅពេលដែលមនុស្សជឿលើព្រះជាម្ចាស់ គ្មានអ្វីដែលសំខាន់ជាងការទទួលបានសេចក្ដីពិតឡើយ។ ទទួលបានសេចក្ដីពិត គឺទទួលបានជីវិត ហើយទទួលបានសេចក្ដីពិតកាន់តែឆាប់ នោះកាន់តែប្រសើរ។ បើគ្មានសេចក្ដីពិតទេ ជីវិតមនុស្សក៏គ្មានន័យខ្លឹមសារដែរ។ ទទួលបានសេចក្ដីពិត គឺស្វែងរកសេចក្ដីស្ងប់សុខនិងសេចក្ដីអំណរ គឺដើម្បីអាចរស់នៅចំពោះព្រះជាម្ចាស់ ដើម្បីទទួលបានការបំភ្លឺ ការណែនាំ និងការដឹកនាំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ក្នុងចិត្តរបស់អ្នក នឹងកាន់តែមានពន្លឺច្រើនឡើងៗ ហើយសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់ នឹងកាន់តែច្រើនឡើងៗ។ ដូច្នេះ ពេលនេះ តើអ្នកយល់ពីសេចក្ដីពិតពាក់ព័ន្ធនឹងការផ្លាស់ប្ដូរនិស្ស័យនេះបានច្បាស់លាស់ហើយឬនៅ? (ពេលនេះ ពួកយើងយល់ហើយ។) ប្រសិនបើអ្នកពិតជាយល់ច្បាស់មែន ដូច្នេះ អ្នកមានផ្លូវមួយហើយ ហើយអ្នកក៏ដឹងថាត្រូវធ្វើយ៉ាងម៉េចដើម្បីដេញតាមសេចក្ដីពិតឱ្យមានប្រសិទ្ធភាពដែរ។

ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧

បន្ទាប់៖ មានតែតាមរយៈការយល់ដឹងពីសេចក្តីពិតប៉ុណ្ណោះ ទើបមនុស្សអាចស្គាល់ពីកិច្ចការរបស់ព្រះជាម្ចាស់បាន

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ