ភាពខុសគ្នារវាងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងភារកិច្ចរបស់មនុស្ស

ឯងរាល់គ្នាត្រូវស្គាល់ពីនិមិត្តនៃកិច្ចការរបស់ព្រះជាម្ចាស់ និងត្រូវយល់ពីទិសដៅទូទៅនៃកិច្ចការរបស់ទ្រង់។ នេះគឺជាច្រកចូលវិជ្ជមាន។ នៅពេលណាដែលឯងបានយល់ច្បាស់ពីសេចក្ដីពិតនៃនិមិត្តទាំងនោះ ច្រកចូលរបស់ឯងនឹងមានសុវត្ថិភាព។ មិនថាកិច្ចការរបស់ព្រះជាម្ចាស់ផ្លាស់ប្ដូរយ៉ាងណានោះទេ នៅក្នុងដួងចិត្តរបស់ឯង នឹងមិនប្រែប្រួលជាដាច់ខាត ត្រូវមានភាពប្រាកដប្រជាចំពោះនិមិត្តទាំងនោះ និងត្រូវមានគោលដៅមួយសម្រាប់ច្រកចូលរបស់ឯង និងការស្វែងរករបស់ឯង។ តាមរបៀបនេះ គ្រប់បទពិសោធន៍ និងចំណេះដឹងទាំងអស់នៅក្នុងខ្លួនរបស់ឯងនឹងកាន់តែស៊ីជម្រៅ ហើយល្អិតល្អន់ទៅៗ។ នៅពេលណាដែលឯងបានចាប់យល់ពីរូបភាពធំនៅក្នុងកិច្ចការនេះទាំងស្រុង ឯងនឹងលែងជួបប្រទះការបាត់បង់ជីវិតទៀតហើយ ហើយឯងក៏នឹងលែងដើរផ្លូវខុសទៀតដែរ។ ប្រសិនបើឯងមិនស្គាល់ពីជំហាននៃកិច្ចការទាំងនេះទេ ឯងនឹងត្រូវបាត់បង់នៅគ្រប់ជំហាននីមួយៗ ហើយឯងនឹងត្រូវចំណាយពេលវេលាជាច្រើនថ្ងៃដើម្បីបំផ្លាស់បំប្រែរឿងមួយចំនួនឲ្យមករកភាពល្អប្រសើរវិញ ហើយឯងនឹងមិនអាចដើរនៅលើផ្លូវត្រូវឡើយ សូម្បីតែត្រឹមប៉ុន្មានសប្ដាហ៍ក៏ដោយ។ តើនេះនឹងមិនធ្វើឲ្យមានការយឺតយ៉ាវទេឬអី? មានច្រកចូលវិជ្ជមាន និងការអនុវត្តជាច្រើន ដែលឯងរាល់គ្នាត្រូវរៀនសូត្រឲ្យបានពូកែ។ សម្រាប់និមិត្តនៃកិច្ចការរបស់ព្រះជាម្ចាស់ ឯងត្រូវចាប់យល់ពីចំណុចខាងក្រោម៖ សារៈសំខាន់នៃកិច្ចការយកឈ្នះរបស់ទ្រង់ ផ្លូវទៅអនាគតដើម្បីត្រូវធ្វើឲ្យបានគ្រប់លក្ខណ៍ អ្វីដែលត្រូវសម្រេចឲ្យបានតាមរយៈការដកពិសោធន៍ក្នុងការល្បងល និងទុក្ខវេទនា ខ្លឹមសារសំខាន់នៃការជំនុំជម្រះ និងការវាយផ្ចាល គោលការណ៍នៅពីខាងក្រោយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងគោលការណ៍នៅពីខាងក្រោយការធ្វើឲ្យបានគ្រប់លក្ខណ៍ និងការយកឈ្នះ។ ទាំងអស់នេះ ជាសេចក្តីពិតនៃនិមិត្តទាំងនោះ។ ក្រៅពីនោះ គឺជាដំណាក់កាលទាំងបីនៃកិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ យុគសម័យនៃព្រះគុណ និងយុគសម័យនៃនគរព្រះ ក៏ដូចជាការធ្វើទីបន្ទាល់នាពេលអនាគតដែរ។ កិច្ចការទាំងអស់នេះក៏ជាសេចក្តីពិតនៃនិមិត្តដែរ ហើយកិច្ចការទាំងនេះ ក៏ជាមូលដ្ឋានគ្រឹះសំខាន់ជាងគេ ក៏ដូចជាមានសារៈសំខាន់ជាងគេបំផុតដែរ។ បច្ចុប្បន្ននេះ មានរឿងជាច្រើនដែលឯងរាល់គ្នាគប្បីចូលរួម និងអនុវត្ត ហើយបច្ចុប្បន្ននេះ វាមានច្រើនស្រទាប់ និងល្អិតល្អន់ជាងមុន។ ប្រសិនបើឯងគ្មានចំណេះដឹងអំពីសេចក្ដីពិតទាំងនេះទេ នេះបញ្ចាក់ថា ឯងមិនទាន់សម្រេចនូវច្រកចូលបានទេ។ ភាគច្រើន ចំណេះដឹងរបស់មនុស្សអំពីសេចក្ដីពិត គឺរាក់កំភែលខ្លាំងណាស់។ ពួកគេមិនអាចអនុវត្តនូវសេចក្ដីពិតជាមូលដ្ឋានជាក់លាក់ណាមួយ និងមិនដឹងថាតើត្រូវដោះស្រាយយ៉ាងដូចម្ដេចឡើយ សូម្បីតែបញ្ហាបន្តិចបន្តួច។ មូលហេតុដែលមនុស្សមិនអាចអនុវត្តសេចក្ដីពិតបាន គឺដោយសារនិស្ស័យបះបោររបស់ពួកគេ ហើយដោយសារចំណេះដឹងរបស់ពួកគេអំពីកិច្ចការបច្ចុប្បន្ន គឺរាក់កំភែលខ្លាំងពេក និងលម្អៀងទៅតែម្ខាង។ ហេតុនេះ វាមិនមែនជាកិច្ចការងាយស្រួលទេសម្រាប់ឲ្យមនុស្សត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍នោះ។ ឯងពិតជាបះបោរខ្លាំងណាស់ ហើយឯងរក្សានូវធាតុចាស់របស់ឯងច្រើនខ្លាំងណាស់។ ឯងមិនអាចឈរនៅខាងសេចក្ដីពិតបានទេ ហើយឯងមិនអាចអនុវត្តសូម្បីតែសេចក្ដីពិតដែលអាចបញ្ជាក់ដោយខ្លួនឯង។ មនុស្សបែបនេះ មិនអាចត្រូវសង្គ្រោះបានទេ ហើយក៏ជាអស់អ្នកដែលមិនត្រូវបានយកឈ្នះដែរ។ ប្រសិនបើច្រកចូលរបស់ឯងគ្មានភាពល្អិតល្អន់ និងគ្មានគោលដៅទេ នោះការរីកធំធាត់ដែលមកចំពោះឯងនឹងត្រូវយឺតយ៉ាវ។ ប្រសិនបើគ្មានភាពពិតសូម្បីបន្តិចចំពោះច្រកចូលរបស់ឯង នោះការស្វែងរករបស់ឯងនឹងទៅជាអាសារឥតការមិនខាន។ ប្រសិនបើឯងមិនដឹងអំពីខ្លឹមសារនៃសេចក្ដីពិតទេ ឯងនឹងមិនផ្លាស់ប្ដូរជាដាច់ខាត។ ការរីកធំធាត់នៅក្នុងជីវិតមនុស្ស និងការផ្លាស់ប្ដូរនិស្ស័យរបស់គេ គឺសម្រេចទៅបានដោយការចូលទៅក្នុងភាពពិត និងតាមរយៈការចូលទៅក្នុងបទពិសោធន៍ល្អិនល្អន់។ ប្រសិនបើឯងមានបទពិសោធន៍ល្អិតល្អន់ក្នុងអំឡុងពេលនៃការចូលរួមរបស់ឯង ហើយឯងមានចំណេះដឹងជាក់ស្ដែង និងច្រកចូល នោះនិស្ស័យរបស់ឯងនឹងត្រូវបំផ្លាស់បំប្រែយ៉ាងឆាប់រហ័ស។ បច្ចុប្បន្ននេះ សូម្បីតែឯងមិនទាន់ច្បាស់ទាំងស្រុងអំពីការអនុវត្តនេះក្ដី ក៏ប៉ុន្តែឯងក៏ត្រូវច្បាស់លាស់អំពីនិមិត្តនៃកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ ប្រសិនបើមិនដូច្នេះទេ ឯងនឹងគ្មានសមត្ថភាពចូលពាក់ព័ន្ធបានឡើយ។ ច្រកចូលគឺអាចមានបាន ឲ្យតែឯងមានចំណេះដឹងអំពីសេចក្ដីពិត។ ប្រសិនបើព្រះវិញ្ញាណបរិសុទ្ធបំភ្លឺផ្លូវឯងតាមរយៈបទពិសោធន៍របស់ឯង នោះឯងនឹងទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីសេចក្ដីពិត និងការចូលកាន់តែជ្រៅ។ ឯងរាល់គ្នាត្រូវស្គាល់ពីកិច្ចការរបស់ព្រះជាម្ចាស់។

នៅគ្រាដំបូងឡើយ ក្រោយការបង្កើតមនុស្សជាតិ គឺពួកសាសន៍អ៊ីស្រាអែលដែលធ្វើជាមូលដ្ឋានគ្រឹះនៃកិច្ចការរបស់ព្រះជាម្ចាស់។ ប្រទេសអ៊ីស្រាអែលទាំងមូល គឺជាមូលដ្ឋាននៃកិច្ចការរបស់ព្រះយេហូវ៉ានៅលើផែនដី។ កិច្ចការរបស់ព្រះយេហូវ៉ា គឺត្រូវដឹកនាំ និងឃ្វាលមនុស្សដោយផ្ទាល់ តាមរយៈការកំណត់ក្រឹត្យវិន័យ ដើម្បីឲ្យមនុស្សអាចរស់នៅក្នុងជីវិតសាមញ្ញធម្មតា និងថ្វាយបង្គំព្រះយេហូវ៉ានៅក្នុងភាពសាមញ្ញធម្មតានៅលើផែនដីនេះ។ ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ មិនអាចឲ្យមនុស្សមើលឃើញ និងបះពាល់បានឡើយ។ ដោយសារគ្រប់ការដែលទ្រង់បំពេញ គឺដើម្បីណែនាំមនុស្សកាលពីដើមដំបូងបង្អស់ដែលត្រូវសាតាំងធ្វើឲ្យខូចអាក្រក់ ដោយបង្រៀននិងឃ្វាលពួកគេ ព្រះបន្ទូលរបស់ទ្រង់ គ្មានអ្វីផ្សេងក្រៅពីក្រឹត្យវិន័យ បញ្ញត្តិ និងក្បួនខ្នាតនៃអាកប្បកិរិយារបស់មនុស្សឡើយ និងមិនបានផ្ដល់ឲ្យពួកគេនូវសេចក្ដីពិតនៃជីវិតនោះទេ។ ពួកសាសន៍អ៊ីស្រាអែលស្ថិតក្រោមការដឹកនាំរបស់ទ្រង់ មិនត្រូវបានសាតាំងធ្វើឲ្យពុករលួយដល់ឆ្អឹងបែបនេះទេ។ កិច្ចការនៃក្រឹត្យវិន័យរបស់ទ្រង់ គឺគ្រាន់តែជាដំណាក់កាលដំបូងបង្អស់នៅក្នុងកិច្ចការនៃការប្រោសលោះប៉ុណ្ណោះ ដែលជាការចាប់ផ្ដើមដំបូងនៃកិច្ចការប្រោសលោះ ហើយគ្មានអ្វីផ្សេងក្រៅពីការបំផ្លាស់បំប្រែនិស្ស័យជីវិតរបស់មនុស្សឡើយ។ ហេតុនេះ នៅដើមដំបូងនៃកិច្ចការប្រោសលោះរបស់ទ្រង់នៅក្នុងប្រទេសអ៊ីស្រាអែល ពុំចាំបាច់ត្រូវការឲ្យទ្រង់យកកំណើតជាមនុស្សឡើយ។ នេះហើយជាមូលហេតុដែលទ្រង់ត្រូវការមធ្យោបាយដែលជាឧបករណ៍មួយដើម្បីឲ្យទ្រង់អាចភ្ជាប់ទំនាក់ទំនងជាមួយមនុស្សបាន។ ហេតុនេះ នៅក្នុងចំណោមភាវៈដែលបានបង្កើតមក មានលេចមកនូវអស់អ្នកដែលនិយាយ និងធ្វើការជំនួសមុខឲ្យព្រះយេហូវ៉ា ហើយនេះជាមូលហេតុដែលនាំឲ្យកូនមនុស្ស និងពួកហោរាបានមកធ្វើការក្នុងចំណោមមនុស្ស។ កូនមនុស្សបានធ្វើការក្នុងចំណោមមនុស្សជំនួសមុខឲ្យព្រះយេហូវ៉ា។ ដើម្បីឲ្យព្រះយេហូវ៉ាហៅថា “កូនមនុស្ស” បាន មានន័យថា មនុស្សបែបនោះ ត្រូវកំណត់ក្រឹត្យវិន័យជំនួសមុខឲ្យព្រះយេហូវ៉ា។ ពួកគេក៏ជាពួកសង្ឃក្នុងចំណោមប្រជាជនអ៊ីស្រាអែលដែរ ជាពួកសង្ឃដែលត្រូវព្រះយេហូវ៉ាទតមើល និងការពារ និងជាអ្នកដែលព្រះវិញ្ញាណនៃព្រះយេហូវ៉ាសណ្ឋិតនៅ។ ពួកគេគឺជាមេដឹកនាំនៅក្នុងចំណោមមនុស្ស និងបម្រើដល់ព្រះយេហូវ៉ាដោយផ្ទាល់។ ម្យ៉ាងវិញទៀត ពួកហោរាបានថ្វាយខ្លួនក្នុងការនិយាយទៅកាន់មនុស្សនៅគ្រប់ទឹកដី និងពូជអំបូរទាំងអស់ជំនួសមុខឲ្យព្រះយេហូវ៉ា។ ពួកគេក៏បានថ្លែងទំនាយអំពីកិច្ចការរបស់ព្រះយេហូវ៉ាដែរ។ មិនថាពួកគេជាកូនមនុស្ស ឬជាហោរានោះទេ ពួកគេទាំងអស់ត្រូវបានព្រះវិញ្ញាណនៃព្រះយេហូវ៉ាលើកតម្កើងដោយផ្ទាល់ព្រះអង្គ និងត្រូវបានប្រគល់កិច្ចការរបស់ព្រះយេហូវ៉ាឲ្យ។ ក្នុងចំណោមមនុស្ស ពួកគេគឺជាមនុស្សដែលតំណាងព្រះយេហូវ៉ាដោយផ្ទាល់។ ពួកគេបំពេញកិច្ចការរបស់ពួកគេ ក៏ព្រោះតែពួកគេត្រូវបានព្រះយេហូវ៉ាលើកតម្កើង និងមិនមែនដោយព្រោះតែពួកគេជាសាច់ឈាមដែលព្រះវិញ្ញាណបរិសុទ្ធបានមកយកកំណើតជាមនុស្សដោយផ្ទាល់ព្រះអង្គនោះឡើយ។ ហេតុនេះ ទោះបីជាពួកគេនិយាយ និងបំពេញកិច្ចការជំនួសមុខឲ្យព្រះជាម្ចាស់ក្ដី ក៏កូនមនុស្ស និងពួកហោរានៅក្នុងយុគសម័យនៃក្រឹត្យវិន័យ មិនមែនជាសាច់ឈាមនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សដែរ។ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃព្រះគុណ និងដំណាក់កាលចុងក្រោយ គឺផ្ទុយគ្នាស្រឡះ ដ្បិតកិច្ចការនៃការសង្គ្រោះ និងការជំនុំជម្រះលើមនុស្ស ត្រូវបំពេញដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សដោយផ្ទាល់ព្រះអង្គទ្រង់ ហើយដូចនេះ ពុំត្រូវការឲ្យមានការលើកតម្កើងពួកហោរា និងកូនមនុស្សជាថ្មីម្ដងទៀត ដើម្បីបំពេញកិច្ចការជំនួសមុខឲ្យទ្រង់នោះទេ។ នៅក្នុងភ្នែករបស់មនុស្ស ពុំមានភាពខុសគ្នាពិតប្រាកដរវាងអត្ថន័យ និងវិធីសាស្រ្តនៃកិច្ចការរបស់ពួកគេឡើយ។ ហើយគឺមូលហេតុនេះហើយដែលមនុស្សមានការភ័ន្តច្រឡំមិនចេះចប់អំពីកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងកិច្ចការរបស់ពួកហោរា និងកូនមនុស្ស។ ការលេចមករបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺមានមូលដ្ឋានដូចគ្នានឹងពួកហោរា និងកូនមនុស្សដែរ។ ហើយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺកាន់តែសាមញ្ញ និងកាន់តែជាក់ស្តែងជាងពួកហោរាទៅទៀត។ ហេតុដូច្នេះ មនុស្សមិនអាចបែងចែកភាពខុសគ្នារវាងពួកគេបានឡើយ។ មនុស្សផ្ដោតសំខាន់តែទៅលើរូបរាងខាងក្រៅ មិនបានដឹងសោះថា សូម្បីតែមនុស្សពីរនាក់ដែលដូចគ្នានៅក្នុងការបំពេញកិច្ចការ និងការនិយាយស្ដី ក៏មានភាពខុសគ្នាដាច់ស្រឡះរវាងពួកគេដែរ។ ដោយសារសមត្ថភាពរបស់មនុស្សក្នុងការបែងចែកភាពខុសគ្នានៅខ្សោយខ្លាំងពេក ទើបគេមិនអាចធ្វើការបែងចែកភាពខុសគ្នារវាងបញ្ហាសាមញ្ញៗបាន ហើយកាន់តែមិនអាចយល់ពីការងារស្មុគ្រស្មាញបានឡើយ។ នៅពេលដែលពួកហោរា និង អស់អ្នកដែលព្រះវិញ្ញាណបរិសុទ្ធបានប្រើ បាននិយាយ និងបំពេញកិច្ចការ នេះគឺដើម្បីអនុវត្តនូវភារកិច្ចរបស់មនុស្ស ពោលគឺដើម្បីបំពេញមុខងាររបស់ភាវៈដែលបានបង្កើតមក ហើយវាគឺជាកិច្ចការដែលមនុស្សគប្បីត្រូវធ្វើ។ ក៏ប៉ុន្តែ ព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺត្រូវបំពេញព័ន្ធកិច្ចរបស់ទ្រង់។ ថ្វីបើទម្រង់ខាងក្រៅរបស់ទ្រង់ គឺជាទម្រង់នៃភាវៈមួយដែលបានបង្កើតមកក៏ពិតមែន ក៏កិច្ចការរបស់ទ្រង់ មិនមែនដើម្បីអនុវត្តមុខងាររបស់ទ្រង់នោះទេ ប៉ុន្តែគឺដើម្បីបំពេញព័ន្ធកិច្ចរបស់ទ្រង់វិញ។ ពាក្យថា “ភារកិច្ច” ត្រូវបានប្រើទាក់ទងនឹងភាវៈដែលបានបង្កើតមក រីឯពាក្យ “ព័ន្ធកិច្ច” គឺត្រូវបានប្រើទាក់ទងនឹងខាងសាច់ឈាមនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ មានភាពខុសគ្នាយ៉ាងខ្លាំងរវាងពាក្យទាំងពីរនេះ។ ពាក្យទាំងពីរនេះមិនអាចប្រើជំនួសគ្នាបានឡើយ។ កិច្ចការរបស់មនុស្ស គឺគ្រាន់តែត្រូវបំពេញភារកិច្ចរបស់ខ្លួនតែប៉ុណ្ណោះ ចំណែកឯកិច្ចការរបស់ព្រះជាម្ចាស់វិញ គឺត្រូវគ្រប់គ្រង និងត្រូវបំពេញព័ន្ធកិច្ចរបស់ទ្រង់។ ហេតុនេះ ថ្វីបើពួកសាវ័កជាច្រើនត្រូវបានព្រះវិញ្ញាណបរិសុទ្ធប្រើ ហើយពួកហារាជាច្រើនត្រូវបំពេញដោយទ្រង់ក្ដី ក៏កិច្ចការ និងពាក្យសម្ដីរបស់ពួកគេ គឺគ្រាន់តែដើម្បីបំពេញភារកិច្ចរបស់ពួកគេក្នុងនាមជាភាវៈដែលបានបង្កើតមកប៉ុណ្ណោះ។ សេចក្ដីទំនាយរបស់ពួកគេ អាចហួសពីមាគ៌ាជីវិតដែលបានមានបន្ទូលដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហើយភាពជាមនុស្សរបស់ពួកគេអាចមានលក្ខណៈខ្ពង់ខ្ពស់ជាងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ប៉ុន្តែពួកគេនៅតែបំពេញភារកិច្ចរបស់ពួកគេដដែល និងមិនមែនបំពេញព័ន្ធកិច្ចនោះទេ។ ភារកិច្ចរបស់មនុស្សសំដៅលើមុខងាររបស់មនុស្ស។ វាជាកិច្ចការដែលមនុស្សអាចសម្រេចបាន។ ក៏ប៉ុន្តែ ព័ន្ធកិច្ចដែលបានបំពេញដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ទ្រង់ ហើយកិច្ចការនេះមិនអាចសម្រេចដោយមនុស្សបានទេ។ មិនថាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សមានបន្ទូល បំពេញការងារ ឬបើកសម្ដែងពីការអស្ចារ្យអ្វីនោះទេ គឺទ្រង់នឹងធ្វើកិច្ចការដ៏អស្ចារ្យក្នុងការគ្រប់គ្រងរបស់ទ្រង់ ហើយកិច្ចការបែបនេះមិនអាចឲ្យមនុស្សធ្វើជំនួសទ្រង់បានឡើយ។ កិច្ចការរបស់មនុស្សគឺគ្រាន់តែបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាភាវៈមួយដែលបានបង្កើតមកនៅក្នុងដំណាក់កាលណាមួយនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ។ បើគ្មានការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ពោលគឺ ប្រសិនបើព័ន្ធកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សត្រូវបាត់បង់ទៅ នោះភារកិច្ចរបស់ភាវៈមួយដែលបានបង្កើតមកក៏នឹងត្រូវបាត់បងទៅដែរ។ កិច្ចការរបស់ព្រះជាម្ចាស់ក្នុងការបំពេញព័ន្ធកិច្ចរបស់ទ្រង់ គឺត្រូវគ្រប់គ្រងលើមនុស្ស រីឯការបំពេញភារកិច្ចរបស់មនុស្ស គឺជាការបំពេញកាតព្វកិច្ចផ្ទាល់ខ្លួនរបស់ពួកគេដើម្បីបំពេញតាមការចង់បានរបស់ព្រះអាទិករ ហើយគ្មានផ្លូវដែលអាចចាត់ទុកថាជាការបំពេញព័ន្ធកិច្ចរបស់នរណាម្នាក់ឡើយ។ ចំពោះសារជាតិដែលមានស្រាប់របស់ព្រះជាម្ចាស់ ចំពោះព្រះវិញ្ញាណរបស់ទ្រង់ កិច្ចការរបស់ព្រះជាម្ចាស់ គឺជាការគ្រប់គ្រងរបស់ទ្រង់ ប៉ុន្តែចំពោះព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដែលពាក់ទម្រង់ខាងក្រៅនៃភាវៈមួយដែលបានបង្កើតមកវិញ កិច្ចការរបស់ទ្រង់ គឺអនុវត្តព័ន្ធកិច្ចរបស់ទ្រង់។ មិនថាកិច្ចការអ្វីដែលទ្រង់បំពេញនោះទេ គឺសុទ្ធតែដើម្បីអនុវត្តព័ន្ធកិច្ចរបស់ទ្រង់ ហើយគ្រប់ការដែលមនុស្សអាចធ្វើបាន គឺត្រូវផ្ដល់នូវអ្វីដែលល្អបំផុតនៅក្នុងទំហំនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងនៅក្រោមការណែនាំរបស់ទ្រង់។

ការបំពេញភារកិច្ចរបស់មនុស្ស តាមពិតទៅ គឺជាការសម្រេចនូវគ្រប់កិច្ចការទាំងអស់ដែលត្រូវធ្វើក្នុងនាមជាមនុស្ស ដែលនេះមានន័យថា ជាកិច្ចការដែលមនុស្សអាចធ្វើបាន។ គឺនៅពេលនោះហើយដែលគេអាចបំពេញកិច្ចការរបស់គេបាន។ ភាពខ្វះខាតរបស់មនុស្សក្នុងអំឡុងពេលនៃការបម្រើរបស់គេ គឺត្រូវកាត់បន្ថយបន្តិចម្ដងៗតាមរយៈបទពិសោធន៍ជឿនលឿនទៅមុខ និងដំណើរការនៃការឆ្លងកាត់ការជំនុំជម្រះ។ ពួកគេពុំបង្កការរំខាន ឬប៉ះពាល់ដល់ភារកិច្ចរបស់មនុស្សឡើយ។ អស់អ្នកណាដែលឈប់បម្រើ ឬផ្ដល់ផល និងធ្លាក់ទៅវិញដោយខ្លាចថា អាចនឹងមានកំហុសចំពោះការបម្រើរបស់ពួកគេ គឺជាមនុស្សកំសាកខ្លាំងជាងគេបំផុត។ ប្រសិនបើមនុស្សមិនអាចសម្ដែងឲ្យឃើញនូវអ្វីដែលពួកគេគួរសម្ដែងឲ្យឃើញក្នុងអំឡុងពេលនៃការបម្រើ ឬសម្រេចនូវអ្វីដែលមនុស្សអាចធ្វើបានពីកំណើត ហើយផ្ទុយទៅវិញ បែរជាចំណាយពេលវេលាឥតប្រយោជន៍ និងធ្វើឲ្យរួចតែពីដៃ នោះពួកគេបានបាត់បង់មុខងារដែលភាវៈត្រូវបានបង្កើតមក គប្បីត្រូវមានហើយ។ មនុស្សបែបនេះ គេហៅថា “មនុស្សធុនកណ្តាល”។ ពួកគេគឺជាកាកសំណល់ដែលគ្មានបានការ។ តើមនុស្សបែបនេះអាចហៅថាជាភាវៈដែលបានបង្កើតមកឲ្យបានត្រឹមត្រូវដោយរបៀបណាទៅ? តើពួកគេមិនមែនជាភាវៈពុករលួយដែលចាំងចែងតែខាងក្រៅ ប៉ុន្តែរលួយក្នុងទេឬអី? ប្រសិនបើមនុស្សហៅខ្លួនឯងថាព្រះជាម្ចាស់ ប៉ុន្តែមិនអាចបើកសម្ដែងនូវភាពជាព្រះ បំពេញកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ឬតំណាងឲ្យព្រះជាម្ចាស់បានទេ នោះមិនបាច់ឆ្ងល់ទេ គេមិនមែនជាព្រះជាម្ចាស់ឡើយ ដ្បិតគេមិនមានសារជាតិរបស់ព្រះជាម្ចាស់ឡើយ ហើយអ្វីដែលព្រះជាម្ចាស់អាចសម្រេចបាន គឺពុំមានពិតនៅក្នុងខ្លួនរបស់គេទេ។ ប្រសិនបើមនុស្សបាត់បង់អ្វីដែលគេអាចទទួលបានពីកំណើតមក គេនឹងមិនអាចហៅថាជាមនុស្សបានទៀតទេ ហើយគេគ្មានតម្លៃដើម្បីឈរក្នុងនាមជាភាវៈមួយដែលបានបង្កើតមក ឬត្រូវមកចំពោះព្រះជាម្ចាស់ និងបម្រើទ្រង់ឡើយ។ បន្ថែមលើនេះ គេមិនមានតម្លៃដើម្បីទទួលនូវព្រះគុណរបស់ព្រះជាម្ចាស់ ឬដើម្បីឲ្យព្រះជាម្ចាស់ឃ្លាំមើល ការពារ និងធ្វើឲ្យគេបានគ្រប់លក្ខណ៍ឡើយ។ មនុស្សជាច្រើនដែលបានបាត់បង់ទំនុកចិត្តចំពោះព្រះជាម្ចាស់ ក៏បន្តបាត់បង់ព្រះគុណរបស់ព្រះជាម្ចាស់ដែរ។ ពួកគេមិនត្រឹមតែមិនស្អប់ខ្ពើមអំពើខុសឆ្គងរបស់ពួកគេទេ ប៉ុន្តែពួកគេថែមទាំងផ្សព្វផ្សាយគំនិតរបស់ពួកគេដោយឥតញញើត ថាផ្លូវរបស់ព្រះជាមិនត្រឹមត្រូវ ហើយពួកបះបោរថែមទាំងបដិសេធអត្ថិភាពរបស់ព្រះជាម្ចាស់ទៀតផង។ តើមនុស្ស ដែលមានការបះបោរបែបនេះ អាចមានសិទ្ធិត្រេកអរសប្បាយនឹងព្រះគុណរបស់ព្រះជាម្ចាស់បានដោយរបៀបណា? អស់អ្នកណាដែលមិនបំពេញភារកិច្ចរបស់ខ្លួន គឺបះបោរប្រឆាំងនឹងព្រះជាម្ចាស់ ហើយជំពាក់ទ្រង់យ៉ាងច្រើន ប៉ុន្តែពួកគេបែរខ្នង និងស្ដីបន្ទោសខ្លាំងៗថា ព្រះជាម្ចាស់មិនត្រឹមត្រូវ។ តើមនុស្សបែបនេះ អាចមានតម្លៃដើម្បីធ្វើឲ្យបានគ្រប់លក្ខណ៍ដោយរបៀបណាទៅ? តើនេះមិនមែនជាការនាំឆ្ពោះទៅកាន់ការត្រូវលុបបំបាត់ចោល និងការដាក់ទោសទេឬអី? មនុស្សមិនបំពេញភារកិច្ចរបស់ពួកគេនៅចំពោះព្រះជាម្ចាស់ គឺមានអារម្មណ៍ខុសឆ្គង់ជាស្រេចនៅក្នុងបទឧក្រិដ្ឋយ៉ាងធ្ងន់ធ្ងរ ដ្បិតសូម្បីតែការដាក់ទោសដល់ស្លាប់ក្ដី ក៏នៅមិនទាន់គ្រប់គ្រាន់ដែរ ប៉ុន្តែ ពួកគេមានលេសក្នុងការតវ៉ាជាមួយព្រះជាម្ចាស់ និងប្រៀបធៀបខ្លួនពួកគេជាមួយនឹងទ្រង់ទៀតផង។ តើការធ្វើឲ្យមនុស្សបែបនេះបានគ្រប់លក្ខណ៍មានតម្លៃអ្វីទៅ? នៅពេលដែលមនុស្សមិនបានបំពេញភារកិច្ចរបស់ពួកគេ ពួកគេគួរតែមានអារម្មណ៍ដឹងកំហុស និងជាប់ជំពាក់។ ពួកគេគប្បីស្អប់ខ្ពើមចំណុចខ្សោយ និងភាពមិនបានការរបស់ពួកគេ ស្អប់ខ្ពើមការបះបោរ និងសេចក្ដីពុករលួយរបស់ពួកគេ ហើយថែមទាំងត្រូវប្រគល់ជីវិតរបស់ពួកគេថ្វាយដល់ព្រះជាម្ចាស់ទៀតផង។ មានតែពេលនោះប៉ុណ្ណោះដែលពួកគេមានលក្ខណៈជាភាវៈមួយដែលបានបង្កើតមក ដែលស្រឡាញ់ព្រះជាម្ចាស់ដោយពិតប្រាកដ ហើយមានតែមនុស្សបែបនេះទេ ដែលមានតម្លៃក្នុងការត្រេកអរសប្បាយនឹងព្រះពរនិងការសន្យារបស់ព្រះជាម្ចាស់ និងអាចឲ្យទ្រង់ធ្វើឲ្យបានគ្រប់លក្ខណ៍។ ហើយចុះភាគច្រើននៃឯងរាល់គ្នាវិញ? តើឯងរាល់គ្នាប្រព្រឹត្តដាក់ព្រះជាម្ចាស់ដែលគង់នៅក្នុងចំណោមឯងរាល់គ្នាដូចម្តេច? តើឯងរាល់គ្នាបានបំពេញភារកិច្ចរបស់ឯងរាល់គ្នានៅចំពោះទ្រង់ដោយរបៀបណា? តើឯងបានបំពេញគ្រប់ការទាំងអស់ ដែលឯងត្រូវបានត្រាស់ហៅឲ្យទៅបំពេញ ទោះបីជាត្រូវលះបង់ជីវិតផ្ទាល់ខ្លួនរបស់ឯងក្ដី ហើយឬនៅ? តើឯងរាល់គ្នាបានលះបង់អ្វីខ្លះហើយ? តើឯងរាល់គ្នាមិនបានទទួលច្រើនគ្រប់គ្រាន់ពីអញទេឬអី? តើឯងរាល់គ្នាយល់ដែរឬទេ? តើឯងរាល់គ្នាស្មោះត្រង់ចំពោះអញដល់កម្រិតណា? តើឯងបានបម្រើដល់អញដូចម្តេចខ្លះ? ហើយតើអញបានប្រទានអ្វីខ្លះដល់ឲ្យឯងរាល់គ្នា និងបានធ្វើអ្វីខ្លះសម្រាប់ឯងរាល់គ្នា? តើឯងរាល់គ្នាបានវាស់ស្ទង់កិច្ចការទាំងអស់នោះហើយឬនៅ? តើឯងរាល់គ្នាបានវិនិច្ឆ័យ និងប្រៀបធៀបកិច្ចការទាំងអស់នេះ ដោយប្រើមនសិការតិចតួចដែលឯងមាននៅក្នុងខ្លួនឯងហើយឬនៅ? តើពាក្យសម្ដី និងទង្វើរបស់ឯងអាចមានតម្លៃចំពោះនរណាខ្លះ? តើវាអាចទេដែលការលះបង់តិចតួចរបស់ឯងរាល់គ្នាមានតម្លៃចំពោះគ្រប់អ្វីៗដែលអញបានប្រទានដល់ឯងរាល់គ្នានោះ? អញគ្មានជម្រើសអ្វីផ្សេងទៀតឡើយ ហើយអញបានលះបង់អស់ពីព្រះហឫទ័យចំពោះឯងរាល់គ្នា ប៉ុន្តែឯងរាល់គ្នាវិញ នៅជាប់ដោយបំណងអាក្រក់ និងមានការស្ទាក់ស្ទើរចំពោះអញ។ នេះគឺជាទំហំនៃភារកិច្ចរបស់ឯងរាល់គ្នា ជាមុខងារតែមួយគត់របស់ឯងរាល់គ្នា។ តើវាមិនមែនបែបនេះទេឬអី? តើឯងរាល់គ្នាមិនដឹងថា ឯងរាល់គ្នាមិនបានបំពេញភារកិច្ចជាភាវៈមួយដែលបានបង្កើតមកនេះទេឬអី? តើឯងរាល់គ្នាអាចចាត់ទុកជាភាវៈដែលបង្កើតមកបានដោយរបៀបណាទៅ? តើឯងរាល់គ្នាមិនច្បាស់អំពីអ្វីដែលឯងរាល់គ្នាកំពុងបើកបង្ហាញ និងកំពុងស្ដែងចេញតាមរយៈការរស់នៅទេឬអី? ឯងរាល់គ្នាមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនឡើយ ប៉ុន្តែឯងព្យាយាមចង់បាននូវការអត់ឱន និងព្រះគុណដ៏ច្រើនសន្ធឹកសន្ធាប់របស់ព្រះជាម្ចាស់។ ព្រះគុណបែបនេះមិនធ្លាប់បានរៀបចំសម្រាប់នរណាម្នាក់ដែលគ្មានតម្លៃ និងថោកទាប ដូចជាឯងរាល់គ្នាទេ ប៉ុន្តែគឺសម្រាប់អស់អ្នកណាដែលមិនស្នើសុំអ្វីសោះ និងជាអ្នកដែលលះបង់ដោយរីករាយ។ មនុស្សដូចជាឯងរាល់គ្នា មនុស្សធុនកណ្ដាលបែបនេះ គឺគ្មានតម្លៃនឹងអរសប្បាយចំពោះព្រះគុណនៃស្ថានសួគ៌សូម្បីតែបន្តិចសោះឡើយ។ មានតែទុក្ខលំបាក និងការដាក់ទោសមិនចេះចប់មិនចេះហើយប៉ុណ្ណោះ ដែលត្រូវកើតមាននៅសម័យរបស់ឯងរាល់គ្នា! ប្រសិនបើឯងរាល់គ្នាមិនអាចស្មោះត្រង់ចំពោះអញបានទេ វាសនារបស់ឯងរាល់គ្នា នឹងត្រូវជាវាសនាមួយដែលរងទុក្ខវេទនា។ ប្រសិនបើឯងមិនអាចទទួលខុសត្រូវចំពោះព្រះបន្ទូលរបស់អញ និងកិច្ចការរបស់អញបានទេ លទ្ធផលរបស់ឯងរាល់គ្នានឹងទៅជាលទ្ធផលនៃការដាក់ទោស។ គ្រប់ព្រះគុណ ព្រះពរ និងជីវិតដ៏អស្ចារ្យនៃនគរព្រះ គឺគ្មានអ្វីពាក់ព័ន្ធជាមួយនឹងឯងរាល់គ្នាឡើយ។ នេះគឺជាចុងបញ្ចប់ដែលឯងរាល់គ្នាត្រូវជួបប្រទះ និងជាលទ្ធផលនៃការប្រព្រឹត្តរបស់ឯងផ្ទាល់។ ភាពល្ងង់ខ្លៅ និងភាពក្រអឺតក្រទមទាំងអស់នេះ មិនធ្វើឲ្យពួកគេល្អនោះទេ ហើយក៏មិនឲ្យពួកគេបំពេញភារកិច្ចរបស់ពួកគេដែរ ពួកគេលាដៃរបស់ពួកគេសុំព្រះគុណ ហាក់ដូចជាអ្វីដែលពួកគេសុំនោះ គឺសមនឹងឲ្យពួកគេទទួលបានដូច្នោះដែរ។ ហើយប្រសិនបើពួកគេមិនបានទទួលនូវអ្វីដែលពួកគេស្នើសុំទេ នោះពួកគេនឹងកាន់តែមានភាពស្មោះត្រង់តិចតួចទៅៗ។ តើមនុស្សបែបនេះអាចត្រូវចាត់ទុកថាមានហេតុផលបានដោយរបៀបណា? ឯងរាល់គ្នាជាអ្នកដែលមានគុណសម្បត្តិអន់ខ្សោយ និងគ្មានហេតុផលសោះ គឺគ្មានសមត្ថភាពទាំងស្រុងក្នុងការបំពេញកាតព្វកិច្ចដែលឯងរាល់គ្នាគប្បីត្រូវបំពេញក្នុងអំឡុងពេលនៃកិច្ចការការគ្រប់គ្រងនេះ។ តម្លៃរបស់ឯងរាល់គ្នា បានធ្លាក់ចុះយ៉ាងខ្លាំង។ ការដែលឯងរាល់គ្នាមិនបានតបស្នងមកកាន់រូបអញសម្រាប់ការបង្ហាញដល់ឯងរាល់គ្នានូវព្រះគុណបែបនេះ គឺជាអំពើបះបោរយ៉ាងខ្លាំងរួចបាត់ទៅហើយ គឺគ្រប់គ្រាន់ដើម្បីដាក់ទោសដល់ឯងរាល់គ្នា និងបើកឲ្យឃើញនូវភាពកំសាកញី ភាពអសមត្ថភាព ភាពថោកទាប និងភាពគ្មានតម្លៃរបស់ឯងរាល់គ្នា។ តើឯងមានសិទ្ធិអ្វីទៅលាដៃរបស់ឯងចេញមកក្រៅទៀតនោះ? ការដែលឯងរាល់គ្នាមិនអាចជួយដល់កិច្ចការរបស់អញ មិនអាចស្មោះត្រង់ និងមិនអាចធ្វើទីបន្ទាល់សម្រាប់អញបានសូម្បីបន្តិចនោះ គឺជាអំពើខុសឆ្គង និងការបរាជ័យរបស់ឯងរាល់គ្នា តែផ្ទុយទៅវិញ ឯងរាល់គ្នាវាយប្រហារមកលើអញ និយាយមិនពិតអំពីអញ និងរអ៊ូរទាំថាអញមិនសុចរិត។ តើនេះរាប់បញ្ចូលថាជាសេចក្ដីស្មោះត្រង់របស់ឯងដែរឬអី? តើនេះរាប់បញ្ចូលថាជាសេចក្ដីស្រឡាញ់របស់ឯងដែរឬអី? តើមានកិច្ចការអ្វីផ្សេងទៀតដែលឯងរាល់គ្នាអាចធ្វើបានក្រៅពីនេះ? តើឯងរាល់គ្នាបានរួមចំណែកដល់កិច្ចការដែលបានបំពេញរួចរាល់ហើយនោះដោយរបៀបណា? តើឯងបានលះបង់ច្រើនប៉ុនណាហើយ? អញបានបង្ហាញនូវការអត់ឱនយ៉ាងខ្លាំង ដោយមិនបានស្ដីបន្ទោសដល់ឯងរាល់គ្នាទេ ប៉ុន្តែឯងរាល់គ្នានៅតែមិនអៀនខ្មាស់ ក្នុងការដោះសារចំពោះអញ និងរអ៊ូរទាំអំពីអញដោយស្ងាត់កំបាំង។ តើឯងរាល់គ្នាមានដានជាមនុស្សសូម្បីបន្តិចបន្តួចដែរឬទេ? បើទោះបីជាភារកិច្ចរបស់មនុស្ស ប្រឡាក់ប្រឡូកទៅដោយគំនិតរបស់មនុស្ស និងសញ្ញាណរបស់គេក្ដី ក៏ប៉ុន្តែឯងត្រូវតែបំពេញភារកិច្ចរបស់ឯង និងបង្ហាញពីភាពស្មោះត្រង់របស់ឯង។ ភាពមិនបរិសុទ្ធនៅក្នុងកិច្ចការរបស់មនុស្ស គឺជាបញ្ហាគុណសម្បត្តិរបស់គេ ផ្ទុយទៅវិញ ប្រសិនបើមនុស្សមិនបានបំពេញភារកិច្ចរបស់ខ្លួនទេ វាបង្ហាញឲ្យឃើញនូវភាពបះបោររបស់គេ។ ភារកិច្ចរបស់មនុស្ស និងការដែលគេត្រូវទទួលបានព្រះពរ ឬបណ្ដាសានោះ គឺពុំមានជាប់ទាក់ទងគ្នាទេ។ ភារកិច្ចគឺជាអ្វីដែលមនុស្សត្រូវបំពេញ។ វាជារបរចិញ្ចឹមជីវិតដែលប្រទានពីស្ថានសួគ៌មក ហើយមិនគប្បីត្រូវពឹងផ្អែកលើរង្វាន់ លក្ខខណ្ឌ ឬមូលហេតុអ្វីឡើយ។ មានតែពេលនោះប៉ុណ្ណោះដែលគេនឹងបំពេញភារកិច្ចរបស់គេ។ ការទទួលបានព្រះពរ គឺនៅពេលដែលមនុស្សម្នាក់ត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ ហើយត្រេកអរសប្បាយនឹងព្រះពររបស់ព្រះជាម្ចាស់ ក្រោយពីឆ្លងកាត់ការជំនុំជម្រះរួច។ ការទទួលបណ្ដាសាគឺនៅពេលដែលនិស្ស័យរបស់មនុស្សម្នាក់មិនបានផ្លាស់ប្ដូរ ក្រោយពេលដែលពួកគេឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាលរួច គឺនៅពេលដែលពួកមិនបានឆ្លងកាត់នូវការធ្វើឲ្យបានគ្រប់លក្ខណ៍ ប៉ុន្តែត្រូវរងនូវការដាក់ទោសទៅវិញ។ ប៉ុន្តែ មិនថាពួកគេត្រូវទទួលបានព្រះពរ ឬការដាក់បណ្ដាសានោះទេ ភាវៈដែលត្រូវបង្កើតមក គប្បីបំពេញភារកិច្ចរបស់ពួកគេ ធ្វើអ្វីដែលពួកគេត្រូវធ្វើ និងធ្វើអ្វីដែលពួកគេអាចធ្វើបាន។ នេះគឺជាកិច្ចការតិចតួចបំផុតដែលមនុស្សម្នាក់ ជាមនុស្សដែលស្វែងរកព្រះជាម្ចាស់ គប្បីត្រូវធ្វើ។ ឯងមិនគួរបំពេញភារកិច្ចរបស់ឯង ដើម្បីតែការប្រទានពរនោះទេ ហើយឯងមិនគួរបដិសេធមិនបំពេញកិច្ចការដោយការភ័យខ្លាចចំពោះការដាក់បណ្ដាសានោះទេ។ អញប្រាប់ឯងរាល់គ្នាពីរឿងមួយនេះចុះ៖ ការបំពេញភារកិច្ចផ្ទាល់ខ្លួនរបស់មនុស្ស គឺជាអ្វីដែលគេត្រូវធ្វើ ហើយប្រសិនបើគេមិនអាចបំពេញភារកិច្ចរបស់គេបានទេ នោះគឺដោយសារតែការបះបោររបស់ពួកគេ។ គឺតាមរយៈដំណើរការនៃការបំពេញភារកិច្ចរបស់គេនេះហើយ ដែលមនុស្សបានបំផ្លាស់បំប្រែបន្តិចម្ដងៗ ហើយគឺដំណើរការនេះហើយ ដែលគេបានបង្ហាញនូវភាពស្មោះត្រង់របស់គេ។ ដោយបែបនេះ កាលណាដែលឯងអាចបំពេញកិច្ចការរបស់ឯងបានកាន់តែច្រើន នោះឯងនឹងកាន់តែទទួលបានសេចក្ដីពិតកាន់តែច្រើនដែរ ហើយការបើកបង្ហាញរបស់ឯងក៏កាន់តែជាក់ស្ដែងជាងមុនដែរ។ អស់អ្នកណាដែលគ្រាន់តែឆ្លងកាត់សកម្មភាពក្នុងការបំពេញកិច្ចការរបស់ពួកគេ និងមិនស្វែងរកសេចក្ដីពិត នឹងត្រូវលុបបំបាត់ចោលនៅចុងបំផុត ដ្បិតមនុស្សបែបនេះមិនបំពេញភារកិច្ចរបស់ពួកគេនៅក្នុងការអនុវត្តសេចក្ដីពិតទេ ហើយក៏មិនអនុវត្តសេចក្ដីពិតនៅក្នុងបំពេញភារកិច្ចរបស់ពួកគេឡើយ។ ពួកគេជាមនុស្សដែលមិនព្រមបំផ្លាស់បំប្រែ ហើយនឹងត្រូវបណ្ដាសា។ មិនត្រឹមតែការបើកបង្ហាញរបស់ពួកគេមិនបរិសុទ្ធនោះទេ ប៉ុន្តែគ្រប់យ៉ាងដែលពួកគេបង្ហាញមក គឺសុទ្ធតែអាក្រក់ទាំងអស់។

នៅក្នុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវគ្រីស្ទក៏បានមានបន្ទូលជាច្រើន និងបានបំពេញកិច្ចការជាច្រើនដែរ។ តើទ្រង់ខុសគ្នាពីលោកអេសាយយ៉ាងណាខ្លះ? តើទ្រង់ខុសគ្នាពីលោកដានីញ៉ែលយ៉ាងណាខ្លះ? តើទ្រង់ជាហោរាម្នាក់មែនទេ? តើហេតុអ្វីបានជាគេហៅទ្រង់ថាព្រះគ្រីស្ទ? តើពួកគាត់មានអ្វីខុសគ្នាខ្លះទៅ? ពួកគេជាមនុស្សដែលបាននិយាយពីព្រះបន្ទូល ហើយព្រះបន្ទូលរបស់ពួកគេសម្រាប់មនុស្ស គឺគ្មានអ្វីខុសគ្នានោះទេ។ ពួកគេបាននិយាយពីព្រះបន្ទូល និងបានបំពេញកិច្ចការ។ ពួកហោរានៃព្រះគម្ពីរសញ្ញាចាស់ បាននិយាយអំពីសេចក្ដីទំនាយ ហើយព្រះយេស៊ូវក៏អាចធ្វើស្រដៀងគ្នានេះបានដែរ។ តើហេតុអ្វីបានជាដូច្នេះទៅវិញ? ភាពខុសគ្នានៅត្រង់នេះ គឺផ្អែកលើធម្មជាតិនៃកិច្ចការនោះ។ ដើម្បីអាចស្វែងយល់អំពីបញ្ហានេះបាន ឯងមិនត្រូវពិចារណាអំពីធម្មជាតិនៃសាច់ឈាមនោះទេ ហើយឯងក៏មិនត្រូវគិតពិចារណាអំពីជម្រៅ ឬភាពរាក់កំភែលនៃសម្ដីរបស់ពួកគេដែរ។ ជានិច្ចកាល ឯងត្រូវគិតពិចារណាអំពីកិច្ចការរបស់ពួកគេជាមុន ហើយតើកិច្ចការរបស់ពួកគេនោះ ត្រូវសម្រេចជាលទ្ធផលបែបណាចំពោះមនុស្ស។ ពួកហោរា បាននិយាយអំពីសេចក្ដីទំនាយនៅពេលមួយដែលមិនអាចទំនុកបម្រុងដល់ជីវិតរបស់មនុស្សបាន ហើយការជំរុញលើកចិត្តពីមនុស្សមួយចំនួន ដូចជា លោកអេសាយ និងលោកដានីយ៉ែល គឺគ្រាន់តែជាសេចក្ដីទំនាយប៉ុណ្ណោះ និងមិនមែនជាមាគ៌ាជីវិតឡើយ។ ប្រសិនបើមិនមែនជាការបើកសម្ដែងដោយផ្ទាល់ពីព្រះយេហូវ៉ាទេ គ្មាននណាម្នាក់អាចសម្រេចកិច្ចការនោះបានឡើយ មនុស្សសាមញធម្មតាមិនអាចធ្វើវាបានឡើយ។ ព្រះយេស៊ូវក៏បានថ្លែងពីព្រះបន្ទូលជាច្រើនដែរ ប៉ុន្តែព្រះបន្ទូលទាំងអស់នោះ គឺជាមាគ៌ាជីវិត ដែលមនុស្សអាចស្វែងរកផ្លូវសម្រាប់ការអនុវត្តបាន។ នេះគឺចង់បានន័យថា ដំបូង ទ្រង់អាចទំនុកបម្រុងដល់ជីវិតមនុស្សបាន ដ្បិតព្រះយេស៊ូវគឺជាជីវិត។ ទីពីរ ទ្រង់អាចកែប្រែភាពវៀចវេររបស់មនុស្សបាន។ ទីបី កិច្ចការរបស់ទ្រង់ អាចសម្រេចបាននូវកិច្ចការរបស់ព្រះយេហូវ៉ា ដើម្បីបន្តសម័យកាលនោះតទៅទៀត។ ទីបួន ទ្រង់អាចយល់ពីតម្រូវការនៅក្នុងមនុស្ស និងជ្រាបពីអ្វីដែលមនុស្សខ្វះខាត។ ទីប្រាំ ទ្រង់អាចនាំទៅក្នុងយុគសម័យថ្មីមួយ និងបញ្ចប់យុគសម័យចាស់។ នេះគឺជាមូលហេតុដែលទ្រង់ត្រូវបានគេហៅថាព្រះជាម្ចាស់ និងព្រះគ្រីស្ទ។ ទ្រង់មិនត្រឹមតែខុសពីលោកអេសាយប៉ុណ្ណោះទេ ប៉ុន្តែក៏ខុសគ្នាពីពួកហោរាដទៃទៀតដែរ។ ចូរយកលោកអេសាយមកធ្វើការប្រៀបធៀបអំពីកិច្ចការរបស់ពួកហោរា។ ដំបូង គាត់មិនអាចទំនុកបម្រុងដល់ជីវិតរបស់មនុស្សបានឡើយ។ គាត់មិនអាចចូលទៅក្នុងយុគសម័យថ្មីមួយបានឡើយ។ គាត់បំពេញកិច្ចការនៅក្រោមការដឹកនាំរបស់ព្រះយេហូវ៉ា មិនមែនដើម្បីនាំចូលទៅក្នុងយុគសម័យថ្មីមួយទេ។ ទីបី ព្រះបន្ទូលដែលគាត់បានថ្លែង គឺហួសព្រំដែនរបស់គាត់។ គាត់ទទួលបានការបើកសម្ដែងដោយផ្ទាល់ពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយមនុស្សផ្សេងទៀតនឹងមិនអាចយល់បានឡើយ ទោះបីជាបានស្ដាប់ព្រះបន្ទូលទាំងអស់នោះក្ដី។ ចំណុចទាំងអស់នេះ គឺគ្រប់គ្រាន់សម្រាប់បញ្ជាក់ថា សម្ដីរបស់គាត់ គឺមិនលើសពីសេចក្ដីទំនាយនោះទេ គ្មានអ្វីក្រៅពីទិដ្ឋភាពមួយនៃកិច្ចការដែលបានធ្វើជំនួសព្រះយេហូវ៉ាឡើយ។ ក៏ប៉ុន្តែ គាត់មិនអាចតំណាងឲ្យព្រះយេហូវ៉ាបានទាំងស្រុងឡើយ។ គាត់គឺជាបាវបម្រើរបស់ព្រះយេហូវ៉ា ជាឧបករណ៍មួយនៅក្នុងកិច្ចការរបស់ព្រះយេហូវ៉ា។ គាត់គ្រាន់តែធ្វើកិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ និងនៅក្នុងទំហំនៃកិច្ចការរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ។ គាត់មិនបានបំពេញកិច្ចការហួសពីយុគសម័យនៃក្រឹត្យវិន័យឡើយ។ ផ្ទុយទៅវិញ កិច្ចការរបស់ព្រះយេស៊ូវ ខុសគ្នាពីនេះ។ ទ្រង់បានធ្វើហួសពីទំហំនៃកិច្ចការរបស់ព្រះយេហូវ៉ា។ ទ្រង់បានធ្វើជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងបានឆ្លងកាត់ការជាប់ឆ្កាង ដើម្បីប្រោសលោះមនុស្សជាតិទាំងអស់។ នេះចង់មានន័យថា ទ្រង់បានបំពេញកិច្ចការថ្មីក្រៅពីកិច្ចការដែលព្រះយេហូវ៉ាបានបំពេញ។ នេះគឺជាការនាំចូលទៅក្នុងយុគសម័យថ្មីមួយ។ បន្ថែមលើនេះ ទ្រង់អាចមានបន្ទូលអំពីអ្វីដែលមនុស្សមិនអាចសម្រេចទៅដល់បាន។ កិច្ចការរបស់ទ្រង់ គឺជាកិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយពាក់ព័ន្ធនឹងមនុស្សជាតិទាំងមូល។ ទ្រង់មិនបានបំពេញកិច្ចការនេះសម្រាប់តែមនុស្សពីរបីនាក់នោះទេ ហើយកិច្ចការរបស់ទ្រង់ គឺជាមធ្យោបាយដើម្បីដឹកនាំមនុស្សនៅក្នុងចំនួនដែលមានកំណត់។ ចំពោះរបៀបដែលព្រះជាម្ចាស់បានយកកំណើតជាមនុស្ស របៀបដែលព្រះវិញ្ញាណបានប្រទាននូវការបើកសម្ដែងនៅពេលនោះ និងរបៀបដែលព្រះវិញ្ញាណបានយាងចុះមកសណ្ឋិតលើមនុស្សម្នាក់ដើម្បីបំពេញកិច្ចការគឺទាំងអស់នេះសុទ្ធតែជាបញ្ហាដែលមនុស្សមិនអាចមើលឃើញ ឬប៉ះបានឡើយ។ សេចក្ដីពិតទាំងអស់នេះមិនអាចធ្វើជាសេចក្ដីសម្អាងថា ទ្រង់គឺជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបាននោះឡើយ។ ដោយបែបនេះ ភាពប្លែកគ្នារអាចបែងចែកបានតែនៅក្នុងព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ ដែលមានលក្ខណៈរូបីចំពោះមនុស្សប៉ុណ្ណោះ។ មានតែចំណុចនេះប៉ុណ្ណោះដែលជាក់ស្ដែង។ នេះគឺដោយសារតែឯងមិនអាចមើលឃើញបញ្ហារបស់ព្រះវិញ្ញាណបានឡើយ ហើយមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះដែលជ្រាបអំពីបញ្ហានេះបានច្បាស់លាស់ ហើយសូម្បីតែការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ក៏ខាងសាច់ឈាមមិនដឹងបានគ្រប់គ្នាដែរ។ ឯងគ្រាន់តែអាចបញ្ជាក់បានថា តើទ្រង់គឺជាព្រះជាម្ចាស់មែនឬអត់ តាមរយៈកិច្ចការដែលទ្រង់បានបំពេញប៉ុណ្ណោះ។ តាមរយៈកិច្ចការរបស់ទ្រង់ គេអាចមើលឃើញថា ទីមួយ គឺទ្រង់អាចចាប់ផ្ដើមយុគសម័យថ្មីមួយបាន។ ទីពីរ ទ្រង់អាចទំនុកបម្រុងដល់ជីវិតមនុស្ស និងអាចបង្ហាញផ្លូវឲ្យមនុស្សដើរតាមបាន។ នេះគឺគ្រប់គ្រាន់ក្នុងការ បញ្ជាក់ថា ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទ្រង់តែម្តង។ យ៉ាងហោចណាស់ កិច្ចការដែលទ្រង់បំពេញអាចតំណាងឲ្យព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានពេញលេញ ហើយតាមរយៈកិច្ចការនេះ គេអាចមើលឃើញថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ សណ្ឋិតនៅក្នុងទ្រង់។ ចំពោះកិច្ចការដែលបំពេញដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស សំខាន់គឺដើម្បីនាំទៅកាន់យុគសម័យថ្មីមួយ ដឹកនាំកិច្ចការថ្មី និងចាប់ផ្ដើមសម័យថ្មី ចំណុចទាំងអស់នេះ គឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ហេតុនេះ វាអាចបញ្ជាក់ពីភាពខុសគ្នារវាងទ្រង់ និងលោកអេសាយ លោកដានីយ៉ែល និងពួកហោរាធំៗដទៃទៀត។ លោកអេសាយ លោកដានីយ៉ែល និងមនុស្សដទៃទៀត គឺជាក្រុមមនុស្សដែលមានការអប់រំ និងមានវប្បធម៌ខ្ពង់ខ្ពស់ ហើយពួកគេគឺជាមនុស្សពិសេស ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ សាច់ឈាមនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ក៏មានចំណេះដឹងដែរ និងមិនខ្វះនូវការយល់ដឹងឡើយ ប៉ុន្តែភាពជាមនុស្សរបស់ទ្រង់ គឺមានភាពសាមញ្ញធម្មតាជាពិសេស។ ទ្រង់ជាមនុស្សសាមញ្ញធម្មតា ហើយភ្នែកទទេមិនអាចយល់បានឡើយនូវលក្ខណៈពិសេសនៃភាពជាមនុស្សរបស់ទ្រង់ ឬយល់បានពីអ្វីគ្រប់យ៉ាងនៅក្នុងភាពជាមនុស្សរបស់ទ្រង់ ដែលខុសពីអ្នកដទៃទៀត។ ទ្រង់មិនហួសពីនិស្ស័យធម្មជាតិ ឬពិសេសអ្វីនោះទេ ហើយទ្រង់មិនមានការអប់រំ ចំណេះដឹង ឬទ្រឹស្ដីខ្ពង់ខ្ពស់អ្វីឡើយ។ ជីវិតដែលទ្រង់បានមានព្រះបន្ទូល និងផ្លូវដែលទ្រង់ដឹកនាំ មិនអាចសម្រេចបានតាមទ្រឹស្ដី តាមចំណេះដឹង តាមបទពិសោធន៍ជីវិត ឬតាមរយៈការអប់រំរបស់គ្រួសារឡើយ។ ផ្ទុយទៅវិញ វាជាកិច្ចការផ្ទាល់របស់ព្រះវិញ្ញាណ ដែលជាកិច្ចការនៃការយកកំណើតជាមនុស្ស។ ដោយសារមនុស្សមានសញ្ញាណយ៉ាងច្រើនអំពីព្រះជាម្ចាស់ ហើយជាពិសេសដោយសារសញ្ញាណទាំងអស់ត្រូវបានបង្កើតឡើងដោយធាតុស្រពិចស្រពិល និងហួសពីនិស្ស័យធម្មជាតិ បានជានៅក្នុងភ្នែករបស់មនុស្ស ព្រះជាម្ចាស់ដែលសាមញ្ញធម្មតា ដែលមានចំណុចខ្សោយរបស់មនុស្ស ដែលមិនអាចធ្វើទីសម្គាល់ និងការអស្ចារ្យបាន គឺច្បាស់ណាស់ មិនជាព្រះជាម្ចាស់ទេ។ តើនេះមិនមែនជាសញ្ញាណខុសរបស់មនុស្សទេឬអី? ប្រសិនបើសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មិនមែនជាមនុស្សធម្មតាទេ ដូច្នេះ តើគេអាចនិយាយថាទ្រង់បានត្រលប់ជាសាច់ឈាមដោយរបៀបណា? ដើម្បីត្រលប់ជាសាច់ឈាមបាន គឺត្រូវក្លាយជាមនុស្សសាមញ្ញធម្មតា។ ប្រសិនបើទ្រង់មានលក្ខណៈជាមនុស្សដែលខ្ពង់ខ្ពស់វិសេសវិសាល នោះទ្រង់នឹងមិនអាចក្លាយជាសាច់ឈាមបានឡើយ។ ដើម្បីបញ្ជាក់ថា ទ្រង់បានត្រលប់ជាសាច់ឈាម ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ចាំបាច់ត្រូវមានសាច់ឈាមធម្មតា។ នេះគឺដើម្បីបំពេញនូវអត្ថន័យនៃការយកកំណើតជាមនុស្ស។ ក៏ប៉ុន្តែ នេះមិនមែនជាករណីសម្រាប់ពួកហោរា និងកូនមនុស្សទេ។ ពួកគេគឺជាមនុស្សមានអំណោយទានដែលព្រះវិញ្ញាណបរិសុទ្ធបានប្រើ។ នៅក្នុងភ្នែករបស់មនុស្ស ភាពជាមនុស្សរបស់ពួកគេ គឺអស្ចារ្យខ្លាំងណាស់ ហើយពួកគេធ្វើទង្វើជាច្រើនដែលហួសពីសមត្ថភាពរបស់មនុស្សធម្មតា។ ដោយព្រោះហេតុផលនេះ បានជាមនុស្សចាត់ទុកពួកគេជាព្រះជាម្ចាស់។ សព្វថ្ងៃនេះ ឯងរាល់គ្នាត្រូវយល់ពីបញ្ហានេះឲ្យបានច្បាស់ ដ្បិតវាធ្លាប់ជាបញ្ហាដែលមនុស្សនៅជំនាន់មុនងាយនឹងយល់ច្រឡំបំផុត។ បន្ថែមលើនេះ ការយកកំណើតជាមនុស្ស គឺមានអាថ៌កំបាំងលើសរឿងអ្វីទាំងអស់ ហើយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺពិបាកនឹងឲ្យមនុស្សទទួលយកបានខ្លាំងណាស់។ អ្វីដែលអញមានបន្ទូលនេះ គឺចាំបាច់ដើម្បីបំពេញមុខងាររបស់ឯងរាល់គ្នា និងសម្រាប់ការយល់ដឹងរបស់ឯងរាល់គ្នាចំពោះអាថ៌កំបាំងនៃការយកកំណើតជាមនុស្សនេះ។ អ្វីទាំងអស់នេះ ពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ពាក់ព័ន្ធនឹងនិមិត្តទាំងនោះ។ ការយល់ដឹងរបស់ឯងរាល់គ្នាអំពីបញ្ហានេះ នឹងកាន់តែមានប្រយោជន៍ចំពោះការទទួលបានចំណេះដឹងអំពីនិមិត្តទាំងនោះ ពោលគឺកិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ តាមរបៀបនេះ ឯងរាល់គ្នាក៏ទទួលបាននូវការយល់ដឹងយ៉ាងច្រើនអំពីភារកិច្ចដែលមនុស្សខុសៗគ្នាគួរបំពេញដែរ។ ថ្វីបើព្រះបន្ទូលទាំងអស់នេះ មិនបានបង្ហាញឲ្យឯងរាល់គ្នាឃើញពីផ្លូវនោះដោយផ្ទាល់ក្ដី ក៏ព្រះបន្ទូលទាំងអស់នេះ នៅតែជាជំនួយយ៉ាងសំខាន់ចំពោះការចូលរួមរបស់ឯងរាល់គ្នាដែរ ដ្បិតឯងរាល់គ្នារស់នៅក្នុងពេលបច្ចុប្បន្ននេះ មានការខ្វះខាតនូវនិមិត្តទាំងនេះខ្លាំងណាស់ ហើយកង្វះខាតនេះនឹងក្លាយជាឧបសគ្គយ៉ាងធំ ដែលរារាំងការចូលរួមរបស់ឯងរាល់គ្នា។ ប្រសិនបើឯងរាល់គ្នាមិនអាចយល់ពីបញ្ហាទាំងអស់នេះបានទេ នឹងគ្មានការបណ្ដាលចិត្តណាដែលជំរុញការចូលរួមរបស់ឯងបានឡើយ។ ហើយតើការស្វែងរកដោយបែបនេះ អាចឲ្យឯងបំពេញភារកិច្ចរបស់ខ្លួនបានល្អឥតខ្ចោះយ៉ាងដូចម្តេចទៅ?

ខាង​ដើម៖ មានតែអស់អ្នកណាដែលស្គាល់ព្រះជាម្ចាស់ និងស្គាល់កិច្ចការរបស់ទ្រង់ប៉ុណ្ណោះដែលអាចគាប់ព្រះហឫទ័យព្រះជាម្ចាស់បាន

បន្ទាប់៖ ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ