ការកសាងសម្ពន្ធភាពដ៏ត្រឹមត្រូវមួយជាមួយព្រះជាម្ចាស់ គឺពិតជាសំខាន់ឥតឧបមា
ការដែលមនុស្សជឿលើព្រះ ស្រឡាញ់ព្រះ និងផ្គាប់ព្រះហឫទ័យព្រះទៅបាន គឺតាមរយៈការពាល់ព្រះវិញ្ញាណនៃព្រះដោយដួងចិត្តរបស់ពួកគេ ហើយដោយហេតុនេះ ក៏ទទួលបាននូវការពេញព្រះហឫទ័យនៃទ្រង់ ហើយតាមរយៈការប្រើដួងចិត្តរបស់ពួកគេនេះ ដើម្បីប្រាស្រ័យទាក់ទងជាមួយព្រះបន្ទូលរបស់ព្រះ ទើបទទួលបាននូវការបណ្ដាលចិត្តដោយព្រះវិញ្ញាណនៃព្រះ។ ប្រសិនបើអ្នកចង់សម្រេចបាននូវជីវិតខាងវិញ្ញាណដ៏ត្រឹមត្រូវ និងបង្កើតសម្ពន្ធភាពដ៏ត្រឹមត្រូវជាមួយព្រះ ដូចនេះ អ្នកចាំបាច់ត្រូវប្រគល់ដួងចិត្តរបស់អ្នកថ្វាយទ្រង់ជាមុនសិន។ ទាល់តែអ្នកធ្វើចិត្តឱ្យស្ងប់នៅចំពោះទ្រង់ និងថ្វាយដួងចិត្តទាំងមូលរបស់អ្នកដល់ទ្រង់ជាមុនសិន ទើបអ្នកនឹងអាចបង្កើតជីវិតខាងវិញ្ញាណដ៏ត្រឹមត្រូវបានបន្តិចម្តងៗ។ ប្រសិនបើក្នុងជំនឿរបស់មនុស្សចំពោះព្រះ ពួកគេពុំបានប្រគល់ដួងចិត្តរបស់ពួកគេថ្វាយដល់ទ្រង់ទេ ហើយប្រសិនបើចិត្តរបស់ពួកគេមិនបានថ្វាយដល់ទ្រង់ទេ ហើយពួកគេពុំបានចាត់ទុកបន្ទុករបស់ទ្រង់ដូចជាបន្ទុករបស់ខ្លួនទេ នោះគ្រប់យ៉ាងដែលពួកគេធ្វើ គឺជាទង្វើបញ្ឆោតព្រះ ជាទង្វើនៃមនុស្សជឿសាសនាធម្មតាៗ និងមិនអាចទទួលបានការសរសើរតម្កើងរបស់ព្រះឡើយ។ ព្រះមិនអាចទាញយកអ្វីបានសោះឡើយពីមនុស្សជំពូកនេះ។ មនុស្សជំពូកនេះ អាចធ្វើត្រឹមជាសម្រោបនៃកិច្ចការរបស់ព្រះប៉ុណ្ណោះ គឺដូចជាគ្រឿងតុបតែងលម្អនៅក្នុងលំនៅដ្ឋានរបស់ព្រះ គឺជាចំណែកដែលលើស និងគ្មានបានការសោះឡើយ។ ព្រះមិនប្រើមនុស្សជំពូកនេះទេ។ នៅក្នុងមនុស្សជំពូកនេះ កុំថាឡើយគ្មានឱកាសសម្រាប់កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ សូម្បីតែតម្លៃណាមួយក្នុងការកែឱ្យគេបានគ្រប់លក្ខណ៍ ក៏គ្មានដែរ។ ជាការពិត មនុស្សជំពូកនេះ ជាសាកសពចេះដើរ។ មនុស្សជំពូកនេះ គ្មានអ្វីដែលព្រះវិញ្ញាណបរិសុទ្ធអាចប្រើបានឡើយ តែផ្ទុយទៅវិញ ពួកគេគ្រប់គ្នា ត្រូវសាតាំងប្រើប្រាស់ និងធ្វើឲ្យអាក្រក់ខិលខូចខ្ទេចខ្ទី។ ព្រះនឹងដកមនុស្សទាំងនេះចេញ។ ក្នុងការប្រើប្រាស់មនុស្សនាពេលបច្ចុប្បន្ន ព្រះវិញ្ញាណបរិសុទ្ធមិនត្រឹមតែប្រើប្រាស់ចំណែកខ្លះដែលគួរឱ្យចង់បានរបស់ពួកគេ មកសម្រេចកិច្ចការនោះទេ ទ្រង់ក៏ផ្លាស់ប្ដូរ និងកែប្រែចំណែកដែលមិនគួរឱ្យចង់បានរបស់គេ ឱ្យគ្រប់លក្ខណ៍ផងដែរ។ ប្រសិនបើចិត្តរបស់អ្នក អាចថ្វាយទៅព្រះជាម្ចាស់បាន ហើយនៅស្ងៀមស្ងាត់នៅចំពោះព្រះ នោះអ្នកនឹងមានឱកាស ហើយមានលក្ខណសម្បត្តិឱ្យព្រះវិញ្ញាណបរិសុទ្ធប្រើ ដើម្បីទទួលនូវការបើកសម្ដែង និងការបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធ ហើយលើសពីនេះទៅទៀត អ្នកនឹងមានឱកាសឲ្យព្រះវិញ្ញាណបរិសុទ្ធកែប្រែចំណុចខ្វះខាតរបស់អ្នកឲ្យបានល្អផងដែរ។ នៅពេលអ្នកប្រគល់ដួងចិត្តរបស់អ្នកថ្វាយដល់ព្រះ ចំណុចវិជ្ជមាននោះ អ្នកអាចចូលបានកាន់តែជ្រៅ និងឈានដល់កម្រិតកាន់តែខ្ពស់នៃការយល់ដឹងដ៏ទូលំទូលាយ ឯចំណុចអវិជ្ជមានវិញ អ្នកនឹងមានការយល់ដឹងកាន់តែច្រើនអំពីកំហុស និងចំណុចខ្វះខាតរបស់ខ្លួន អ្នកនឹងរឹតតែចង់ផ្គាប់បំណងព្រះហឫទ័យព្រះ ហើយអ្នកនឹងចូលទៅដោយសកម្ម លែងអសកម្មទៀតហើយ។ ហេតុនេះ អ្នកនឹងក្លាយជាមនុស្សត្រឹមត្រូវម្នាក់។ ឧបមាថា ដួងចិត្តរបស់អ្នកនៅតែអាចស្ងៀមស្ងាត់នៅចំពោះព្រះជាម្ចាស់ គន្លឹះដែលអាចឱ្យអ្នកទទួលបានការសរសើរពីព្រះវិញ្ញាណបរិសុទ្ធឬអត់ ហើយអាចឱ្យអ្នកផ្គាប់ព្រះហឫទ័យព្រះឬអត់ គឺស្ថិតត្រង់ថា តើអ្នកអាចចូលទៅបានយ៉ាងសកម្មដែរឬទេ។ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបំភ្លឺគំនិតដល់មនុស្សណាម្នាក់ ហើយប្រើគេ ទ្រង់មិនដែលធ្វើឲ្យពួកគេអវិជ្ជមានឡើយ ប៉ុន្តែ ទ្រង់ធ្វើឲ្យពួកគេរីកចម្រើនទៅមុខយ៉ាងសកម្មជានិច្ច។ បើទោះបីជាបុគ្គលនេះមានចំណុចខ្សោយច្រើនក៏ដោយ ក៏ពួកគេអាចបញ្ចៀសជីវិតរស់នៅរបស់គេ ឱ្យចេញឆ្ងាយពីការពឹងអាងលើចំណុចខ្សោយទាំងនេះបានដែរ។ ពួកគេអាចគេចចេញពីការការពន្យាការលូតលាស់ក្នុងជីវិតរបស់ពួកគេ ហើយបន្តព្យាយាមផ្គាប់បំណងព្រះហឫទ័យរបស់ព្រះ។ នេះគឺជាខ្នាតគំរូមួយ។ ប្រសិនបើអ្នកអាចសម្រេចបានខ្នាតគំរូនេះ វាជាភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា អ្នកបានទទួលបានវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធហើយ។ ប្រសិនបើមនុស្សម្នាក់រមែងមានគំនិតអវិជ្ជមាន ហើយប្រសិនបើគេនៅតែមានគំនិតអវិជ្ជមាន និងអសកម្ម ហើយមិនអាចក្រោកឈរ និងធ្វើការរួមជាមួយព្រះបាន បើទោះជាគេបានទទួលការបើកសម្ដែង និងបានស្គាល់ខ្លួនឯងទៅហើយក្តី នោះមនុស្សជំពូកនេះទទួលបានត្រឹមតែព្រះគុណរបស់ព្រះប៉ុណ្ណោះ ប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធមិនគង់ជាមួយនឹងគេឡើយ។ នៅពេលមនុស្សម្នាក់មានគំនិតអវិជ្ជមាន នេះមានន័យថា ចិត្តរបស់ពួកគេមិនបានងាកទៅរកព្រះឡើយ ហើយវិញ្ញាណរបស់ពួកគេ ក៏មិនត្រូវបានបណ្ដាលដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែរ។ រឿងនេះគប្បីមនុស្សទាំងអស់គ្នាត្រូវយល់។
តាមរយៈបទពិសោធន៍ គេអាចមើលឃើញថា ការរក្សាចិត្តឲ្យស្ងប់ស្ងៀមនៅចំពោះព្រះ គឺជាបញ្ហាសំខាន់បំផុតមួយ។ នេះគឺជាបញ្ហាមួយដែលពាក់ព័ន្ធនឹងជីវិតខាងវិញ្ញាណរបស់មនុស្ស និងការរីកចម្រើននៅក្នុងជីវិតរបស់ពួកគេ។ លុះត្រាចិត្តរបស់អ្នកបានស្ងប់ស្ងៀមនៅចំពោះព្រះ ទើបការស្វះស្វែងតាមរកសេចក្តីពិត និងការផ្លាស់ប្រែចិត្តគំនិតរបស់អ្នក នឹងលេចចេញជាផលផ្លែបាន។ ដោយសារអ្នកមកនៅចំពោះព្រះភ័ក្រព្រះជាម្ចាស់ ទាំងរែកបន្ទុកផង ហើយដោយសារអ្នកតែងមានអារម្មណ៍ថា អ្នកមានចំណុចខ្វះខាតច្រើន ទើបគំនិតរបស់អ្នកគិតជានិច្ចថា មានសេចក្តីពិតជាច្រើនដែលអ្នកត្រូវតែដឹង មានរឿងពិតជាច្រើនដែលអ្នកត្រូវតែឆ្លងកាត់ ហើយអ្នកគប្បីយកចិត្តទុកដាក់នឹងបំណងព្រះហឫទ័យព្រះជាម្ចាស់គ្រប់ចំណុច។ រឿងរ៉ាវទាំងអស់នេះ តែងមាននៅក្នុងចិត្តគំនិតរបស់អ្នកជានិច្ច។ គំនិតទាំងអស់នេះ ហាក់ដូចជាកំពុងសង្កត់លើអ្នកដោយកម្លាំងមួយ ដែលធ្វើឲ្យអ្នកមិនអាចដកដង្ហើមបាន ហេតុនេះ ទើបអ្នកមានអារម្មណ៍ធ្ងន់ក្នុងចិត្ត (ទោះបីជាអ្នកមិនស្ថិតក្នុងស្ថានភាពអវិជ្ជមានក៏ដោយ)។ មានតែមនុស្សជំពូកនេះទេ ទើបមានលក្ខណសម្បត្តិគ្រប់គ្រាន់នឹងទទួលយកការបើកសម្ដែងដោយព្រះបន្ទូលរបស់ព្រះ ហើយត្រូវបានបណ្ដាលចិត្ត ដោយវិញ្ញាណរបស់ព្រះ។ ដោយសារបន្ទុករបស់ពួកគេ ដោយសារពួកគេមានបន្ទុកធ្ងន់នៅក្នុងចិត្ត ហើយដោយសារតម្លៃដែលពួកគេលះបង់ ព្រមទាំងទារុណកម្មដែលពួកគេបានរងទុក្ខនៅចំពោះព្រះ ទើបអាចនិយាយបានថា ពួកគេទទួលបានការបើកសម្ដែង និងការស្រាយបំភ្លឺរបស់ទ្រង់។ ដ្បិតព្រះមិនដែលប្រព្រឹត្តចំពោះអ្នកណាម្នាក់ ជាពិសេសឡើយ។ ទ្រង់តែងប្រព្រឹត្តចំពោះមនុស្សដោយស្មើភាពជានិច្ច តែទ្រង់ក៏មិនដែលប្រទានអ្វីមួយដល់មនុស្សដោយឥតហេតុ ឬដោយឥតលក្ខខណ្ឌដែរ។ នេះគឺជាផ្នែកមួយនៃព្រះទ័យដ៏សុចរិតរបស់ទ្រង់។ នៅក្នុងជីវិតជាក់ស្តែង មនុស្សភាគច្រើនមិនទាន់សម្រេចបាននូវការគាប់ព្រះទ័យបែបនេះទេ។ យ៉ាងហោចណាស់ក៏ចិត្តរបស់ពួកគេពុំទាន់បានបែរទៅរកព្រះទាំងស្រុងដែរ ហេតុនេះ ទើបពុំទាន់មានការផ្លាស់ប្តូរជាដុំកំភួនណាមួយខាងចិត្តគំនិតអំពីជីវិតរបស់ពួកគេឡើយ។ នេះមកពីពួកគេរស់នៅតែក្នុងព្រះគុណរបស់ព្រះ និងមិនទាន់ទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធនៅឡើយ។ លក្ខណវិនិច្ឆ័យដែលមនុស្សត្រូវតែមាន ដើម្បីឲ្យព្រះអាចប្រើបាន មានដូចខាងក្រោម៖ ដួងចិត្តរបស់ពួកគេត្រូវតែបែរទៅរកព្រះ ពួកគេរែកបន្ទុកនៃព្រះបន្ទូលរបស់ព្រះ ពួកគេមានចិត្តនឹងធឹង ហើយពួកគេមានការតាំងចិត្ត ក្នុងការស្វែងរកសេចក្តីពិត។ មានតែមនុស្សបែបនេះទេ ទើបអាចទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ហើយជារឿយៗ ពួកគេទទួលបាននូវការបើកសម្ដែង និងការស្រាយបំភ្លឺពីទ្រង់។ មនុស្សដែលព្រះជាម្ចាស់ប្រើ មានលក្ខណៈខាងក្រៅជាមនុស្សគ្មានហេតុផល និងគ្មានសម្ពន្ធភាពត្រឹមត្រូវជាមួយអ្នកដទៃទេ បើទោះបីជាពួកគេនិយាយស្ដីសមរម្យ មិននិយាយប្រហែស និងរមែងរក្សាចិត្តស្ងប់នៅចំពោះព្រះបានជាប់ជានិច្ចក៏ដោយ។ នេះទើបពិតជាមនុស្សដែលស័ក្ដិសមនឹងឱ្យព្រះវិញ្ញាណបរិសុទ្ធប្រើ។ បុគ្គល “គ្មានហេតុផល” ដែលព្រះមានបន្ទូលនេះ ហាក់ដូចជាគ្មានសម្ពន្ធភាពត្រឹមត្រូវជាមួយអ្នកដទៃឡើយ ហើយពួកគេក៏ពុំយកចិត្តទុកដាក់ចំពោះសេចក្តីស្រឡាញ់ ឬការប្រព្រឹត្តតែសម្បកក្រៅនោះដែរ ប៉ុន្តែនៅពេលពួកគេជជែកពីរឿងព្រលឹងវិញ្ញាណវិញ គឺ ពួកគេអាចបើកដួងចិត្តរបស់ពួកគេ និងផ្តល់ជូនអ្នកដទៃនូវការបើកសម្ដែង និងការបំភ្លឺគំនិតដែលគេបានទទួលតាមបទពិសោធន៍ជាក់ស្តែងនៅចំពោះព្រះ ដោយមិនកំណាញ់ឡើយ។ នេះហើយគឺជារបៀបដែលពួកគេបង្ហាញអំពីក្តីស្រឡាញ់ចំពោះព្រះ និងផ្គាប់បំណងព្រះហឫទ័យព្រះ។ ពេលដែលអ្នកដទៃនិយាយបង្ខូច និងសើចចំអកដាក់ពួកគេ ពួកគេអាចគេចចេញពីការគ្រប់គ្រង ដោយមនុស្ស ដោយបញ្ហា ឬរឿងរ៉ាវផ្សេងៗពីខាងក្រៅ និងនៅតែអាចស្ងៀមស្ងាត់នៅចំពោះព្រះបានដដែល។ បុគ្គលបែបនេះ ហាក់មានការយល់ដឹងផ្ទាល់ខ្លួនជាពិសេស។ មិនថាអ្នកដទៃធ្វើអ្វីនោះទេ ដួងចិត្តរបស់ពួកគេមិនដែលបោះបង់ចោលព្រះឡើយ។ ទោះបីជាអ្នកដទៃធ្វើអ្វីក៏ដោយ ក៏ដួងចិត្តរបស់ពួកគេមិនដែលចាកឆ្ងាយពីព្រះជាម្ចាស់ដែរ។ ពេលដែលអ្នកដទៃកំពុងជជែកគ្នាដោយសប្បាយក្អាកក្អាយ ដួងចិត្តរបស់ពួកគេនៅនឹងធឹងនៅចំពោះព្រះ ដោយសញ្ជឹងគិតអំពីព្រះបន្ទូលរបស់ព្រះ ឬដោយអធិដ្ឋានយ៉ាងស្ងៀមស្ងាត់ក្នុងចិត្តទៅចំពោះព្រះ ទាំងព្យាយាមយល់អំពីបំណងព្រះហឫទ័យរបស់ទ្រង់។ ពួកគេមិនដែលផ្ដល់សារៈសំខាន់ដល់ការរក្សាសម្ពន្ធភាពដ៏ត្រឹមត្រូវជាមួយមនុស្សដទៃឡើយ។ បុគ្គលបែបនេះ ហាក់មិនប្រកាន់នូវទស្សនវិជ្ជាសម្រាប់ការរស់នៅឡើយ។ មើលពីខាងក្រៅ បុគ្គលនេះរស់រវើក គួរឲ្យស្រឡាញ់ និងមានចិត្តស្មោះ តែក៏មានស្មារតីនឹងធឹងផងដែរ។ នេះគឺជាលក្ខណៈដូចគ្នានៃជំពូកមនុស្សដែលព្រះជាម្ចាស់ប្រើ។ គោលការណ៍នានា ដូចជា ទស្សនវិជ្ជាសម្រាប់ការរស់នៅ ឬ “ហេតុផលធម្មតា” ពុំមានឥទ្ធពលលើបុគ្គលប្រភេទនេះសោះឡើយ។ បុគ្គលប្រភេទនេះ គឺជាអ្នកដែលបានថ្វាយដួងចិត្តរបស់គេទាំងស្រុងតាមព្រះបន្ទូលរបស់ព្រះ និងហាក់ដូចជាមានតែព្រះប៉ុណ្ណោះនៅក្នុងដួងចិត្តរបស់ពួកគេ។ នេះហើយជាបុគ្គលដែលព្រះរាប់ថា ជាបុគ្គល “គ្មានហេតុផល” ហើយបុគ្គលប្រភេទនេះហើយ ជាបុគ្គលដែលព្រះទ្រង់ប្រើប្រាកដណាស់។ សញ្ញាសម្គាល់នៃបុគ្គលដែលព្រះកំពុងប្រើគឺ៖ មិនថានៅពេលណា ឬនៅទីណា ដួងចិត្តរបស់ពួកគេ តែងនឹកដល់ព្រះជានិច្ច ហើយមិនថា អ្នកដទៃប្រព្រឹត្តខុសយ៉ាងណា មិនថា អ្នកទាំងនោះបណ្តោយខ្លួនទៅតាមសេចក្ដីស្រើបស្រាល និងសាច់ឈាមរបស់ពួកគេប៉ុនណា ក៏ដួងចិត្តរបស់មនុស្សជំពូកនេះ នៅតែមិនដែលបោះបង់ចោលព្រះជាម្ចាស់ ហើយក៏មិនប្រព្រឹត្តតាមមនុស្សទាំងអស់នោះដែរ។ គឺមានតែមនុស្សជំពូកនេះទេ ទើបសមនឹងឱ្យព្រះប្រើ ហើយមានតែមនុស្សជំពូកនេះទេ ដែលព្រះវិញ្ញាណបរិសុទ្ធធ្វើឲ្យគ្រប់លក្ខណ៍។ ប្រសិនបើអ្នកមិនអាចសម្រេចចំណុចទាំងនេះបានទេ ដូចនេះ អ្នកមិនមានលក្ខណសម្បត្តិនឹងឲ្យព្រះជាម្ចាស់ទទួលយក និងឲ្យព្រះវិញ្ញាណបរិសុទ្ធធ្វើឲ្យល្អគ្រប់លក្ខណ៍បានឡើយ។
ប្រសិនបើអ្នកចង់មានសម្ពន្ធភាពដ៏ត្រឹមត្រូវជាមួយព្រះ អ្នកត្រូវដាក់ចិត្តទៅបែរទៅរកព្រះ។ នៅពេលមានមូលដ្ឋាននេះជាបង្អែក អ្នកនឹងមានសម្ពន្ធភាពត្រឹមត្រូវជាមួយមនុស្សដទៃទៀត។ ប្រសិនបើអ្នកពុំមានសម្ពន្ធភាពដ៏ត្រឹមត្រូវជាមួយព្រះទេ ទោះអ្នកខំធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីរក្សាសម្ពន្ធភាពរបស់អ្នកជាមួយអ្នកដទៃ មិនថាអ្នកខិតខំព្យាយាមខ្លាំងប៉ុនណា ឬមិនថាអ្នកខំចំណាយកម្លាំងច្រើនប៉ុនណានោះទេ ក៏វាគ្រាន់តែជាគំនិតសម្រាប់ការរស់នៅរបស់មនុស្សលោកតែប៉ុណ្ណោះ។ អ្នកកំពុងរក្សាជំហររបស់ខ្លួន នៅក្នុងចំណោមមនុស្សដទៃ តាមរយៈទស្សនៈវិស័យ និងគំនិតបែបមនុស្សលោក ដើម្បីឲ្យមនុស្សនឹងកោតសរសើរដល់អ្នក ប៉ុន្តែ អ្នកពុំបានគោរពតាមព្រះបន្ទូលនៃព្រះក្នុងការបង្កើតសម្ពន្ធភាពត្រឹមត្រូវជាមួយអ្នកដទៃឡើយ។ ប្រសិនបើអ្នកពុំផ្តោតសំខាន់លើសម្ពន្ធភាពរបស់អ្នកជាមួយនឹងមនុស្ស ប៉ុន្តែ អ្នករក្សាសម្ពន្ធភាពដ៏ត្រឹមត្រូវជាមួយព្រះ ប្រសិនបើអ្នកអាចប្រគល់ដួងចិត្តថ្វាយដល់ព្រះ និងរៀនគោរពតាមទ្រង់ នោះសម្ពន្ធភាពរបស់អ្នកជាមួយអ្នកដទៃក៏នឹងត្រឹមត្រូវល្អបានដោយឯកឯងដែរ។ ហេតុនេះ សម្ពន្ធភាពអស់ទាំងនេះមិនមែនបង្កើតឡើងខាងសាច់ឈាមនោះទេ ប៉ុន្តែត្រូវបង្កើតឡើងដោយលើមូលដ្ឋានគ្រឹះនៃសេចក្តីស្រឡាញ់របស់ព្រះ។ សម្ពន្ធភាពខាងសាច់ឈាម គឺសឹងតែគ្មាន ចំណែកខាងឯវិញ្ញាណវិញ គឺរមែងមាននូវមេត្រីភាព សេចក្តីស្រឡាញ់ ការកម្សាន្តចិត្ត និងការទំនុកបម្រុងឲ្យគ្នាទៅវិញទៅមក។ អ្វីទាំងអស់នេះសម្រេចទៅបាន ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃដួងចិត្តដែលស្រឡាញ់ពេញចិត្តចំពោះព្រះ។ សម្ពន្ធភាពអស់ទាំងនេះ មិនអាចរក្សាបានដោយការពឹងផ្អែកលើគំនិតសម្រាប់ការរស់នៅតាមបែបមនុស្សលោកឡើយ ប៉ុន្តែ ត្រូវបង្កើតឡើងដោយការរែកបន្ទុកសម្រាប់ព្រះ។ ការនេះមិនតម្រូវឲ្យមានការខំប្រឹងប្រែងតាមបែបមនុស្សឡើយ។ អ្នកគ្រាន់តែអនុវត្តវាទៅតាមគោលការណ៍នៃព្រះបន្ទូលរបស់ព្រះតែប៉ុណ្ណោះ។ តើអ្នកសុខចិត្តគិតដល់ព្រះហឫទ័យរបស់ព្រះដែរឬទេ? តើអ្នកសុខចិត្តធ្វើជាមនុស្សម្នាក់ដែល “គ្មានហេតុផល” នៅចំពោះព្រះដែរឬទេ? តើអ្នកសុខចិត្តប្រគល់ដួងចិត្តរបស់អ្នកទាំងស្រុងថ្វាយដល់ព្រះ និងឈប់គិតពីឋានៈរបស់ខ្លួន ក្នុងចំណោមមនុស្សផងទាំងពួងដែរឬទេ? ក្នុងចំណោមមនុស្សផងទាំងពួងដែលអ្នកមានទំនាក់ទំនងជាមួយ តើអ្នកមានសម្ពន្ធភាពល្អជាងគេជាមួយអ្នកណា? តើអ្នកមានសម្ពន្ធភាពមិនល្អជាងគេជាមួយអ្នកណា? តើសម្ពន្ធភាពរបស់អ្នកជាមួយអ្នកដទៃ ត្រឹមត្រូវដែរឬទេ? តើអ្នកប្រព្រឹត្តចំពោះមនុស្សគ្រប់គ្នា ដោយស្មើភាពដែរឬទេ? តើសម្ពន្ធភាពរបស់អ្នកជាមួយអ្នកដទៃ រក្សាបានស្របទៅតាមគំនិតសម្រាប់ការរស់នៅរបស់អ្នកដែរឬទេ ឬមួយក៏សម្ពន្ធភាពនោះ បង្កើតឡើងដោយផ្អែកលើមូលដ្ឋានគ្រឹះនៃសេចក្តីស្រឡាញ់របស់ព្រះមែន? នៅពេលមនុស្សម្នាក់មិនបានប្រគល់ដួងចិត្តថ្វាយដល់ព្រះ ព្រលឹងវិញ្ញាណរបស់ពួកគេក្លាយជាល្ងីល្ងើ ស្ពឹកស្រពន់ និងគ្មានសតិ។ មនុស្សជំពូកនេះ នឹងមិនយល់ពីព្រះបន្ទូលរបស់ព្រះឡើយ និងមិនអាចមានសម្ពន្ធភាពដ៏ត្រឹមត្រូវជាមួយព្រះនោះទេ។ ចិត្តគំនិតនៃមនុស្សជំពូកនេះ នឹងមិនអាចផ្លាស់ប្រែបានឡើយ។ ការផ្លាស់ប្តូរចិត្តគំនិតរបស់មនុស្សម្នាក់ គឺជាដំណើរនៃការប្រគល់ដួងចិត្តរបស់គេទាំងស្រុងថ្វាយដល់ព្រះ និងទទួលនូវការបំភ្លឺគំនិត និងការបំភ្លឺផ្លូវតាមព្រះបន្ទូលនៃព្រះ។ កិច្ចការរបស់ព្រះ អាចឲ្យមនុស្សម្នាចូលរួមបានយ៉ាងសកម្ម ហើយក៏អាចឲ្យពួកគេលុបបំបាត់នូវចំណុចអវិជ្ជមាននានាបានផងដែរ ក្រោយពីទទួលបាននូវចំណេះដឹងទាំងនេះ។ នៅពេលដែលអ្នកឈានដល់ចំណុចនៃការប្រគល់ដួងចិត្តថ្វាយដល់ព្រះ អ្នកនឹងអាចដឹងច្បាស់អំពីការផ្លាស់ប្តូរសំខាន់ៗនៅក្នុងវិញ្ញាណរបស់អ្នក ហើយអ្នកនឹងដឹងនូវរាល់ការបំភ្លឺគំនិត និងការបំភ្លឺផ្លូវដែលព្រះទ្រង់ប្រទាន។ ចូរអនុវត្តតាមនេះ នោះអ្នកនឹងធ្វើដំណើរបន្តិចម្តងៗនៅក្នុងមាគ៌ាមួយដែលព្រះវិញ្ញាណបរិសុទ្ធជួយធ្វើឲ្យបានល្អបរិបូរណ៍។ នៅពេលចិត្តរបស់អ្នកកាន់តែស្ងប់នៅចំពោះព្រះ នោះវិញ្ញាណរបស់អ្នកនឹងកាន់តែឆាប់ដឹង និងឆាប់ទោរទន់ ហើយវិញ្ញាណរបស់អ្នកកាន់តែអាចយល់នូវវិធីបណ្តាលចិត្តពីព្រះវិញ្ញាណបរិសុទ្ធដែរ បន្ទាប់មក សម្ពន្ធភាពរបស់អ្នកជាមួយព្រះ ក៏កាន់តែល្អត្រឹមត្រូវជាងមុនទៀត។ សម្ពន្ធភាពដ៏ត្រឹមត្រូវរវាងមនុស្ស និងមនុស្ស ត្រូវបង្កើតឡើងលើមូលដ្ឋាននៃការប្រគល់ដួងចិត្តរបស់ពួកគេថ្វាយដល់ព្រះ និងមិនមែនតាមរយៈការខិតខំរបស់មនុស្សនោះទេ។ បើគ្មានព្រះនៅក្នុងដួងចិត្តរបស់ពួកគេទេ សម្ពន្ធភាពអន្តរបុគ្គល រវាងបុគ្គលម្នាក់នឹងបុគ្គលម្នាក់ទៀត គឺគ្រាន់តែជាសម្ពន្ធភាពខាងសាច់ឈាម តែប៉ុណ្ណោះ។ សម្ពន្ធភាពទាំងនេះ គឺមិនត្រឹមត្រូវនោះទេ ផ្ទុយទៅវិញ វាគ្រាន់តែជាការបំពេញចំណង់ស្រើបស្រាលប៉ុណ្ណោះ។ សម្ពន្ធភាពនេះ ជាសម្ពន្ធភាពដែលព្រះស្អប់ខ្ពើម ហើយទាស់ព្រះទ័យណាស់។ ប្រសិនបើអ្នកនិយាយថា វិញ្ញាណរបស់អ្នកត្រូវបានបណ្ដាលដោយព្រះវិញ្ញាណ ប៉ុន្តែ អ្នកតែងតែចង់មានសម្ពន្ធភាពជាមួយមនុស្សដែលអ្នកចូលចិត្ត និងជាមួយមនុស្សដែលអ្នកគោរពសរសើរ ហើយប្រសិនបើមនុស្សម្នាក់ផ្សេងទៀត កំពុងតែព្យាយាមចងសម្ពន្ធភាពជាមួយអ្នក ហើយអ្នកមិនចូលចិត្តគេ ថែមទាំងមានការរើសអើងចំពោះពួកគេ និងមិនព្រមរាប់អានគេនោះ នេះគឺភស្តុតាងបញ្ជាក់ថា អ្នកកំពុងស្ថិតក្រោមឥទ្ធិពលនៃអារម្មណ៍ខ្លួនឯង ហើយអ្នកពុំមានសម្ពន្ធភាពត្រឹមត្រូវជាមួយនឹងព្រះទាល់តែសោះ។ អ្នកកំពុងតែប៉ុនប៉ងបោកប្រាស់ព្រះជាម្ចាស់ និងលាក់បាំងភាពស្មោគគ្រោកខ្លួនឯងផ្ទាល់។ បើទោះបីជាអ្នកអាចមានយល់ដឹងដូចគ្នាខ្លះក៏ដោយ ក៏ប៉ុន្តែអ្នកមានចេតនាអាក្រក់ នោះគ្រប់យ៉ាងដែលអ្នកធ្វើ គឺល្អតែតាមខ្នាតគំរូរបស់មនុស្សតែប៉ុណ្ណោះ។ ព្រះជាម្ចាស់នឹងមិនសរសើរតម្កើងអ្នកឡើយ។ អ្នកកំពុងធ្វើតាមសាច់ឈាម មិនមែនធ្វើតាមបន្ទុករបស់ព្រះនោះទេ។ ល្គឹកណាអ្នកអាចរំងាប់ចិត្តខ្លួនឯងឱ្យស្ងប់នៅចំពោះព្រះ ហើយមានការប្រាស្រ័យទាក់ទងដ៏ត្រឹមត្រូវជាមួយអស់អ្នកដែលស្រឡាញ់ព្រះ នោះទើបអ្នកស័ក្តិសមនឹងឲ្យព្រះប្រើ។ ហេតុនេះ មិនថាអ្នកសេពគប់អ្នកដទៃដោយវិធីណា ក៏ការសេពគប់នោះ វាមិនត្រូវទៅតាមទស្សនវិជ្ជា សម្រាប់ការរស់នៅណាមួយឡើយ ប៉ុន្តែ ការរស់នៅដោយសញ្ជឹងគិតអំពីបន្ទុករបស់ព្រះ វានឹងសមស្របនៅចំពោះព្រះវិញ។ ក្នុងចំណោមអ្នករាល់គ្នា តើមានមនុស្សជំពូកនេះចំនួនប៉ុន្មាននាក់? តើសម្ពន្ធភាពរបស់អ្នកជាមួយអ្នកដទៃ ពិតជាត្រឹមត្រូវដែរឬទេ? តើសម្ពន្ធភាពទាំងនោះ ត្រូវបានបង្កើតឡើង ដោយផ្អែកលើមូលដ្ឋានអ្វី? តើមានទស្សនវិជ្ជានៃការរស់នៅប៉ុន្មានយ៉ាង នៅក្នុងចំណោមអ្នករាល់គ្នា? តើទស្សនវិជ្ជាទាំងនោះធ្លាប់ត្រូវបានគេទាត់ចោលដែរឬទេ? ប្រសិនបើដួងចិត្តរបស់អ្នក មិនអាចបែរទៅរកព្រះជាម្ចាស់ បានទាំងស្រុងទេ នោះអ្នកមិនមែនជាកម្មសិទ្ធិរបស់ទ្រង់ឡើយ។ អ្នកមកពីសាតាំង ហើយចុងបញ្ចប់ អ្នកនឹងត្រូវត្រឡប់ទៅរកសាតាំងវិញ។ អ្នកមិនសមនឹងធ្វើជារាស្រ្តរបស់ព្រះឡើយ។ កត្តាទាំងអស់នេះ ទាមទារឲ្យអ្នកមានការគិតគូរដោយប្រុងប្រយ័ត្ន។