មានតែការយកសេចក្ដីពិតទៅអនុវត្ដប៉ុណ្ណោះ ទើបមានភាពជាក់ស្ដែង

ការប្រកាន់ខ្ជាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការអាចពន្យល់អំពីព្រះបន្ទូលទាំងនេះដោយគ្មានការលាក់លៀម មិនមែនមានន័យថាអ្នកមានភាពជាក់ស្ដែងនោះទេ ព្រោះអ្វីៗមិនមែនសុទ្ធតែធម្មតាដូចដែលអ្នកស្រមើស្រមៃនោះឡើយ។ មិនថាអ្នកមានភាពជាក់ស្ដែងឬអត់នោះទេ គឺវាមិនអាស្រ័យលើអ្វីដែលអ្នកនិយាយឡើយ តែវាគឺអាស្រ័យលើអ្វីដែលអ្នករស់នៅវិញ។ មានតែក្នុងគ្រាដែលព្រះបន្ទូលក្លាយជាជីវិតរបស់អ្នក និងជាការបើកសម្ដែងពីលក្ខណៈដើមរបស់អ្នកទេ ទើបអាចនិយាយបានថាអ្នកមាននូវភាពជាក់ស្ដែង ហើយមានតែបែបនេះទេ ទើបអ្នកអាចត្រូវបានរាប់ថាបានទទួលការយល់ដឹងអំពីការពិត និងភាពខ្ពង់ខ្ពស់ពិតប្រាកដ។ អ្នកត្រូវតែអាចទ្រាំទ្រការសាកល្បងក្នុងរយៈពេលយូរ ហើយអ្នកត្រូវតែអាចរស់នៅក្នុងលក្ខណៈដែលព្រះជាម្ចាស់ត្រូវការ។ សេចក្ដីនេះមិនមែនត្រឹមតែជាការប្រព្រឹត្ដផ្នែកឥរិយាបថទេ តែវាត្រូវតែកើតចេញពីអ្នកដោយរលូន។ មានតែបែបនេះទេ ទើបអ្នកនឹងមានការពិត ហើយពេលនោះអ្នកនឹងទទួលបាននូវជីវិត។ ខ្ញុំនឹងប្រើប្រាស់ឧទាហរណ៍មួយអំពីការល្បងលរបស់អ្នកស៊ីឈ្នួលដែលគ្រប់គ្នាបានដឹង៖ គ្រប់គ្នាសុទ្ធតែអាចផ្ដល់នូវទ្រឹស្ដីដ៏ប្រសើរបំផុតទាក់ទិននឹងអ្នកស៊ីឈ្នួល ហើយគ្រប់គ្នាមានការយល់ដឹងគួរសមអំពីការងារនេះ ពួកគេនិយាយពីការងារនេះ ហើយពាក្យសម្ដីនីមួយៗរបស់គេសុទ្ធតែប្រសើរជាងអ្នកនិយាយចុងក្រោយ គឺដូចជាការប្រកួតប្រជែងយ៉ាងនោះដែរ។ យ៉ាងណាក្ដី ប្រសិនបើមនុស្សមិនបានឆ្លងកាត់ការល្បងលដ៏ធំមួយទេ នោះវាជាការលំបាកណាស់ក្នុងការពោលថា គេមានទីបន្ទាល់ល្អនៅជាប់នឹងខ្លួន។ សរុបមក ការរស់នៅរបស់មនុស្សនៅតែមានចំណុចខ្វះខាត គឺមានភាពផ្ទុយទៅនឹងការយល់ដឹងរបស់គេទាំងស្រុង។ ដូចនេះ វាមិនទាន់ក្លាយជាភាពខ្ពង់ខ្ពស់ពិតប្រាកដរបស់មនុស្សនៅឡើយទេ ហើយវាក៏មិនទាន់ជាជីវិតរបស់ពួកគេដែរ។ ដ្បិតការយល់ដឹងរបស់មនុស្សមិនទាន់បានចូលមកដល់ការពិត ភាពខ្ពង់ខ្ពស់របស់គេនៅតែប្រៀបដូចជាវិមានមួយដែលត្រូវបានសង់ឡើងនៅលើដីខ្សាច់ ងេកងោក និងកំពុងជិតដួលរលំផង។ មនុស្សមានការពិតតិចតួចណាស់ គឺវាស្ទើរតែមិនអាចរកឃើញការពិតនៅក្នុងមនុស្សឡើយ។ មានការពិតតិចតួចណាស់ដែលហូរចេញពីមនុស្សមកតាមលក្ខណៈធម្មជាតិ ហើយគ្រប់ទាំងភាពជាក់ស្ដែងដែលពួកគេរស់នៅ គ្រាន់តែធ្វើដោយបង្ខំប៉ណ្ណោះ។ នេះជាមូលហេតុដែលខ្ញុំថ្លែងថា មនុស្សគ្មានការពិតឡើយ។ ទោះបីជាមនុស្សអះអាងថាសេចក្ដីស្រលាញ់របស់ខ្លួនចំពោះព្រះជាម្ចាស់មិនដែលប្រែប្រួលក្ដី ក៏សេចក្ដីនេះគ្រាន់តែជាអ្វីដែលពួកគេនិយាយមុនពេលដែលពួកគេបានប្រឈមនឹងការល្បងលនានាប៉ុណ្ណោះ។ នៅពេលដែលពួកគេប្រឈមនឹងទុក្ខលំបាកនៅថ្ងៃណាមួយ នោះអ្វីៗដែលគេនិយាយចេញមកនឹងខុសស្រលះពីការពិត ហើយការនេះនឹងបង្ហាញឡើងវិញថា មនុស្សមិនមានការពិតទេ។ គឺអាចនិយាយបានថា នៅពេលជួបប្រទះនឹងរឿងរ៉ាវដែលមិនត្រូវគ្នានឹងការយល់ឃើញរបស់ខ្លួន ហើយការនោះតម្រូវឱ្យអ្នកទុកខ្លួនឯងចោលមួយឡែកសិន រឿងទាំងនោះគឺជាការល្បងលរបស់អ្នក។ មុនពេលបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ត្រូវបានបើកសម្ដែងឱ្យ មនុស្សគ្រប់គ្នាឆ្លងកាត់នូវការសាកល្បងដែលតឹងរឹង និងការល្បងលដ៏ធំ។ តើអ្នកអាចវាស់ស្ទង់ទុក្ខលំបាកនេះបានទេ? នៅពេលព្រះជាម្ចាស់ចង់ល្បងលមនុស្ស ព្រះអង្គតែងតែអនុញ្ញាតឱ្យពួកគេធ្វើការជ្រើសរើសដោយខ្លួនឯង មុននឹងសេចក្ដីពិតយ៉ាងជាក់លាក់ត្រូវបានលាតត្រដាងឡើង។ ការនេះមានន័យថា នៅពេលព្រះជាម្ចាស់អនុញ្ញាតឱ្យមនុស្សស្ថិតក្នុងការល្បងលនានា ព្រះអង្គនឹងមិនប្រាប់អ្នកពីសេចក្ដីពិតទេ នេះគឺជារបៀបរបបដែលបង្ហាញចេញមកឱ្យមនុស្សឃើញ។ នេះជារបៀបមួយដែលព្រះជាម្ចាស់អនុវត្ដកិច្ចការរបស់ទ្រង់ ដើម្បីឱ្យដឹងថាតើអ្នកស្គាល់ព្រះជាម្ចាស់ដែលគង់នៅសព្វថ្ងៃនេះដែរឬទេ ដ៏ដូចជាដើម្បីដឹងថាតើអ្នកមានការពិតដែរឬទេ។ តើអ្នកពិតជាមិនមានការសង្ស័យចំពោះកិច្ចការរបស់ព្រះជាម្ចាស់ទេឬ? តើអ្នកអាចនឹងឈររឹងមាំយ៉ាងពិតប្រាកដនៅពេលមានការល្បងលយ៉ាងធំកើតឡើងចំពោះអ្នកដែរឬទេ? តើនរណាហ៊ានពោលថា «ទូលបង្គំសូមធានាថានឹងគ្មានបញ្ហាអ្វីទាំងអស់»? តើនរណាហ៊ានអះអាងថា «មនុស្សឯទៀតៗអាចនឹងមានការសង្ស័យ តែទូលបង្គំនឹងមិនដែលសង្ស័យឡើយ»? នេះគ្រាន់តែដូចជាគ្រាដែលពេត្រុសជួបនឹងទុក្ខលំបាកដែរ៖ លោកតែងតែអួតអាងមុនពេលដែលការពិតត្រូវបានលាតត្រដាង។ នេះមិនមែនជាចំណុចខ្វះចន្លោះផ្ទាល់ខ្លួនដែលកើតឡើងខុសប្លែកចំពោះតែពេត្រុសម្នាក់ប៉ុណ្ណោះទេ នេះគឺជាបញ្ហាលំបាកខ្លាំងបំផុតដែលថ្មីៗនេះមនុស្សម្នាក់កំពុងប្រឈម។ ប្រសិនបើខ្ញុំត្រូវទៅមើលកន្លែងមួយចំនួន ឬទៅលេងបងប្អូនប្រុសស្រី ដើម្បីមើលពីការយល់ដឹងរបស់អ្នករាល់គ្នាចំពោះកិច្ចការរបស់ព្រះជាម្ចាស់ដែលគង់នៅសព្វថ្ងៃនេះ នោះអ្នករាល់គ្នាប្រាកដជាអាចបរិយាយបានយ៉ាងច្រើនអំពីការចេះដឹងរបស់ខ្លួន ហើយអ្នកប្រហែលជាមិនមានអ្វីឆ្ងល់ឡើយ។ ប្រសិនបើខ្ញុំសួរអ្នកថា «តើអ្នកពិតជាអាចកំណត់ថាកិច្ចការថ្ងៃនេះគឺព្រះជាម្ចាស់ជាអ្នកសម្ដែងឱ្យកើតមានឡើងដោយព្រះអង្គផ្ទាល់មែនឬ? ដោយគ្មានការសង្ស័យឬ?» នោះអ្នកប្រាកដជានឹងឆ្លើយថា «មិនមានអ្វីគួរឱ្យសង្ស័យឡើយ គឺព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ជាអ្នកសម្ដែងកិច្ចការនេះឡើង។» នៅពេលដែលអ្នកបានឆ្លើយរបៀបនេះ នោះអ្នកប្រាកដជាមិនមានអារម្មណ៍សង្ស័យសូម្បីបន្ដិចឡើយ ហើយអ្នកថែមទាំងមានអារម្មណ៍ថាពេញចិត្ដយ៉ាងខ្លាំងផង ដោយគិតថាអ្នកទទួលបានការពិតបន្ដិចបន្តួចហើយ។ អស់អ្នកណាដែលមានទំនោរយល់ឃើញបែបនេះ គឺជាមនុស្សដែលមានការពិតតិចតួចណាស់ ព្រោះអ្នកណាកាន់តែគិតថាខ្លួនទទួលបានវា អ្នកនោះរឹតតែមានការឈររឹងមាំកាន់តែតិចនៅពេលប្រឈមនឹងការល្បងល។ វេទនាហើយអស់អ្នកណាដែលក្រអឺតក្រទម ហើយព្រហើន វេទនាហើយអស់អ្នកណាដែលមិនស្គាល់ខ្លួនឯង ដ្បិតអ្នកនោះជាមនុស្សដែលពូកែតែនិយាយ តែគ្មានបានការអ្វីនៅពេលយកពាក្យទាំងនោះទៅប្រតិបត្ដិ។ មនុស្សទាំងនេះចាប់ផ្ដើមមានការសង្ស័យនៅពេលមានបញ្ហាតូចបំផុតប៉ុណ្ណោះ ហើយគេក៏ចាប់ផ្ដើមមានគំនិតបោះបង់ចោល។ ពួកគេមិនមានការពិតឡើយ ពួកគេមានត្រឹមតែទ្រឹស្ដីអំពីសាសនា ប៉ុន្ដែគ្មានការពិតណាមួយដែលព្រះជាម្ចាស់ត្រូវការនៅពេលនេះឡើយ។ អស់អ្នកដែលមានតែទ្រឹស្ដី ប៉ុន្ដែគ្មានការពិតនៅក្នុងខ្លួន ស្អប់ខ្ញុំខ្លាំងបំផុត។ ពួកគេស្រែកខ្លាំងៗ ក្នុងពេលអនុវត្ដកិច្ចការរបស់ខ្លួន ប៉ុន្ដែនៅពេលពួកគេប្រឈមនឹងភាពជាក់ស្ដែង ពួកគេក៏ងាកចេញ។ តើការនេះមិនបង្ហាញថាមនុស្សមិនមានភាពប្រាកដប្រជាទេឬ? មិនថាខ្យល់បក់បោកខ្លាំងក្លាប៉ុនណានោះទេ ប្រសិនបើអ្នកអាចនៅឈរដោយមិនអនុញ្ញាណឱ្យភាពសង្ស័យសូម្បីបន្ដិចចូលក្នុងគំនិតរបស់អ្នក ហើយអ្នកអាចឈរយ៉ាងមាំ ព្រមទាំងមិនបដិសេធ សូម្បីក្នុងគ្រាដែលគ្មាននរណាម្នាក់នៅសល់ក្ដី នោះអ្នកនឹងត្រូវបានរាប់ថាមានការយល់ដឹងពិតប្រាកដ និងមានការពិតយ៉ាងជាក់លាក់។ ប្រសិនបើអ្នកត្រលប់ទិសខ្យល់បក់ ប្រសិនបើអ្នកដើរតាមមនុស្សភាគច្រើន និងរៀននិយាយយកតម្រាប់តាមគេតាមឯង នោះនឹងគ្មានភស្ដុតាងបង្ហាញថាអ្នកមានការពិតឡើយ បើទោះបីជាអ្នកពូកែវោហារយ៉ាងណាក្ដី។ ដូចនេះ អញ្សូមប្រាប់ថា អ្នកមិនចាំបាច់ប្រញាប់ពោលពាក្យឥតបានការនោះទេ។ តើអ្នកដឹងថាព្រះជាម្ចាស់នឹងធ្វើអ្វីឬទេ? ចូរកុំប្រព្រឹត្ដដូចជាពេត្រុសម្នាក់ទៀត ក្រែងលោអ្នកត្រូវអាម៉ាស់មុខ និងបាត់បង់សមត្ថភាពការពារមុខមាត់របស់អ្នក ហើយមិនប្រព្រឹត្ដល្អចំពោះនរណាម្នាក់ទៀត។ មនុស្សភាគច្រើនគ្មានភាពខ្ពង់ខ្ពស់ពិតប្រាកដទេ។ ទោះបីជាព្រះជាម្ចាស់បានសម្ដែងកិច្ចការជាច្រើនមកហើយក្ដី ក៏ព្រះអង្គមិនបាននាំការពិតមកលើមនុស្សឡើយ រឹតតែច្បាស់ជាងនេះទៅទៀតនោះ គឺព្រះអង្គមិនដែលស្តីបន្ទោសនរណាម្នាក់ឡើយ។ មនុស្សខ្លះបានជួបប្រទះនឹងការល្បងលបែបនេះ ដោយដៃដែលពោរពេញដោយអំពើបាបរបស់គេបែរជារឹតតែប្រឡាក់ខ្លាំងទៅៗ ដោយគិតថាវារឹតតែងាយស្រួលក្នុងការធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ ដោយគេអាចធ្វើអ្វីៗតាមដែលខ្លួនឯងចង់ធ្វើបាន។ ដោយសារតែពួកគេមិនអាចស៊ូទ្រាំសូម្បីតែការល្បងលបែបនេះ នោះគ្មានអ្វីត្រូវឆ្ងល់ឡើយថាតើពួកគេមានការពិតឬទេ នៅពេលប្រឈមនឹងការល្បងលច្រើនជាងនេះ។ តើពួកគេមិនមែនកំពុងបញ្ឆោតព្រះជាម្ចាស់ទេឬ? ការមានការពិតមិនមែនជាអ្វីមួយដែលអាចក្លែងបន្លំបានទេ ហើយការពិតនេះក៏មិនមែនជាអ្វីដែលអ្នកអាចមានវាដោយគ្រាន់តែស្គាល់តែប៉ុណ្ណោះដែរ។ វាអាស្រ័យលើភាពខ្ពង់ខ្ពស់ពិតប្រាកដរបស់អ្នក ហើយមិនអាស្រ័យលើថាតើអ្នកអាចស៊ូទ្រាំនឹងការល្បងលទាំងអស់បានឬក៏អត់នោះទេ។ តើអ្នកយល់ដែរឬទេ?

ព្រះជាម្ចាស់មិនតម្រូវឱ្យមនុស្សមានសមត្ថភាពនិយាយអំពីភាពជាក់ស្ដែងនោះទេ នោះជាការងាយស្រួលពេកហើយ មែនឬទេ? ដូចនេះ ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលពីច្រកចូលទៅកាន់ជីវិត? ហេតុអ្វីបានជាព្រះអង្គមានបន្ទូលអំពីការបំផ្លាស់បំប្រែ? ប្រសិនបើមនុស្សគ្រាន់តែអាចមានសមត្ថភាពនិយាយពីការពិតដោយឥតបានការ នោះតើគេអាចទទួលបានការបំផ្លាស់បំប្រែផ្នែកនិស្ស័យរបស់ខ្លួនដែរឬទេ? ទាហានដ៏ល្អនៅក្នុងនគរព្រះ មិនមែនត្រូវបានបង្វឹកបង្វឺនឱ្យធ្វើជាក្រុមមនុស្សដែលអាចត្រឹមតែនិយាយពីការពិត ឬក៏អួតអាងប៉ុណ្ណោះទេ តែពួកគេបានទទួលការបង្វឹកបង្វឺនឱ្យចេះរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់គ្រប់ពេលវេលា ដើម្បីធ្វើយ៉ាងណាឱ្យគ្មានបញ្ហាកើតឡើង បើទោះបីជាពួកគេប្រឈមនឹងភាពបរាជ័យក្ដី និងដើម្បីរស់នៅឱ្យបានខ្ជាប់ខ្ជួនស្របតាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ ហើយមិនត្រូវវិលត្រលប់ទៅរកលោកីយ៍វិញឡើយ។ នេះជាការពិតដែលព្រះជាម្ចាស់មានព្រះបន្ទូល នេះជាតម្រូវការរបស់ព្រះជាម្ចាស់ចំពោះមនុស្ស។ យ៉ាងណាក្ដី ចូរកុំចាត់ទុកការពិតដែលព្រះជាម្ចាស់មានបន្ទូលថាជារឿងធម្មតាឱ្យសោះ។ សេចក្ដីបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធមិនស្មើនឹងការមានការពិតឡើយ។ នេះមិនមែនជាភាពខ្ពង់ខ្ពស់របស់មនុស្សទេ វាជាព្រះគុណរបស់ព្រះជាម្ចាស់ ដែលមនុស្សមិនបានចូលរួមអ្វីទាល់តែសោះ។ បុគ្គលម្នាក់ៗត្រូវតែស៊ូទ្រាំនឹងការរងទុក្ខរបស់ពេត្រុស ហើយលើសពីនេះទៅទៀតនោះ គឺមាននូវសិរីល្អរបស់ពេត្រុស ដែលពួកគេរស់នៅ ក្រោយពីបានទទួលនូវកិច្ចការរបស់ព្រះជាម្ចាស់។ មានតែបែបនេះទេ ទើបអាចហៅថាជាការពិត។ ចូរកុំគិតថាអ្នកមានការពិត ដោយគ្រាន់តែអ្នកអាចនិយាយពីការភាពជាក់ស្ដែងបានឱ្យសោះ នោះគ្រាន់តែជាការដោះសាប៉ុណ្ណោះ។ គំនិតបែបនេះមិនសមស្របនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយគ្មានសារៈសំខាន់ពិតប្រាកដផង។ នៅថ្ងៃខាងមុខ មិនត្រូវពោលពាក្យបែបនេះឡើយ ចូរឈប់ប្រើពាក្យសម្ដីបែបនេះ! អស់អ្នកណាដែលមានការយល់ដឹងខុសអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ សុទ្ធតែជាអ្នកមិនជឿ។ ពួកគេមិនមានចំណេះដឹងពិតប្រាកដទេ ក៏ខ្វះភាពខ្ពង់ខ្ពស់ពិតប្រាកដដែរ គឺពួកគេជាមនុស្សល្ងង់ខ្លៅដែលខ្វះនូវការពិត។ ម្យ៉ាងទៀត អស់អ្នកណាដែលរស់នៅក្រៅខ្លឹមសារនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាអ្នកមិនជឿ។ អស់អ្នកដែលមនុស្សចាត់ទុកថាជាអ្នកមិនជឿ គឺជាពួកសត្វសាហាវនៅចំពោះព្រះភ័ក្ររបស់ព្រះជាម្ចាស់ ហើយអស់អ្នកដែលព្រះជាម្ចាស់ចាត់ទុកថាជាពួកអ្នកមិនជឿ គឺជាមនុស្សដែលមិនមានព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់ខ្លួន។ ដូចនេះ អាចនិយាយបានថា អស់អ្នកណាដែលមិនមានការពិតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអ្នកណាដែលមិនបានរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះអង្គ គឺជាអ្នកមិនជឿ។ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់គឺ ដើម្បីឱ្យគ្រប់គ្នារស់នៅក្នុងការពិតតាមព្រះបន្ទូលរបស់ទ្រង់ មិនមែនឱ្យគ្រប់គ្នាបានត្រឹមតែនិយាយអំពីការពិតនោះទេ ប៉ុន្ដែលើសពីនេះទៅទៀត គឺដើម្បីជួយឱ្យគ្រប់គ្នាអាចរស់នៅក្នុងការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ការពិតដែលមនុស្សយល់ឃើញនោះគឺគ្រាន់តែដឹងសើៗប៉ុណ្ណោះ វាគ្មានគុណតម្លៃ និងមិនអាចបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ។ វាហាក់ដូចជាមានភាពអន់ថយណាស់ ហើយថែមទាំងមិនសមនឹងលើកមកនិយាយផង។ វាមានកង្វះខាតច្រើនណាស់ ហើយមិនគ្រប់គ្រាន់តាមស្ដង់ដារនៃតម្រូវការរបស់ព្រះជាម្ចាស់ឡើយ។ អ្នកនឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យដ៏ធំមួយដើម្បីដឹងថានរណាក្នុងចំណោមអ្នកចេះត្រឹមតែនិយាយពីការយល់ដឹងរបស់ខ្លួនឯង ដោយមិនអាចលើកឡើងពីចំណុចខ្វះចន្លោះ និងដើម្បីដឹងថាតើនរណាក្នុងចំណោមអ្នកជាកម្ទេចសម្រាមដែលគ្មានប្រយោជន៍។ ចាប់ពីពេលនេះតទៅ ចូរអ្នកនឹកចាំពីចំណុចនេះ! មិនត្រូវពោលតែពីចំណេះដឹងទទេនោះឡើយ ចូរនិយាយតែពីរបៀបនៃការអនុវត្ដ និងការពិតតែប៉ុណ្ណោះ។ ការផ្លាស់ប្ដូរពីចំណេះដឹងជាក់លាក់ មកជាការអនុវត្ដពិតប្រាកដ ហើយក្រោយមកទៀត ផ្លាស់ប្ដូរពីការអនុវត្ដមកជាការរស់នៅពិតប្រាកដ។ ចូរកុំប្រដៅអ្នកដទៃ ហើយកុំនិយាយពីចំណេះដឹងពិតប្រាកដ។ ប្រសិនបើការយល់ដឹងរបស់អ្នកគឺជាមាគ៌ាដែលត្រូវដើរ នោះចូរអ្នកនិយាយពីការយល់ដឹងនេះដោយសេរី បើមិនបែបនេះទេ ចូរបិទមាត់របស់អ្នក ហើយឈប់និយាយទៀត! អ្វីដែលអ្នកនិយាយគឺសុទ្ធតែឥតប្រយោជន៍។ អ្នកនិយាយពីការចេះដឹងដើម្បីបោកបញ្ឆោតព្រះជាម្ចាស់ ហើយធ្វើឱ្យអ្នកដទៃទៀតច្រណែននឹងអ្នក។ តើនោះមិនមែនជាមហិច្ឆតារបស់អ្នកទេឬ? តើអ្នកមិនមែនកំពុងចាត់ទុកអ្នកដទៃជាឧបករណ៍លេងសើចមែនទេឬ? តើធ្វើបែបនេះមានតម្លៃដែរឬទេ? ប្រសិនបើអ្នកនិយាយអំពីការយល់ដឹង ក្រោយពីទទួលបានបទពិសោធពីវា នោះឃើញថាអ្នកមិនមែនកំពុងអួតអាងនោះទេ។ បើមិនដូច្នេះទេ អ្នកជាម្នាក់ដែលខ្ជាក់មកតែពាក្យក្រអឺតក្រទម។ មានរឿងជាច្រើននៅក្នុងបទពិសោធផ្ទាល់ខ្លួនរបស់អ្នកដែលអ្នកមិនអាចយកឈ្នះបាន ហើយអ្នកមិនអាចប្រឆាំងទាស់នឹងសាច់ឈាមខ្លួនឯងបានឡើយ អ្នកតែងតែធ្វើអ្វីដែលអ្នកចង់ធ្វើ គឺមិនដែលបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ប៉ុន្ដែអ្នកនៅតែមានបញ្ហាក្នុងការនិយាយពីការយល់ដឹងផ្នែកទ្រឹស្ដីដដែល។ អ្នកពិតជាមិនចេះអៀនខ្មាសមែន! អ្នកនៅតែហ៊ាននិយាយពីការយល់ដឹងរបស់ខ្លួនអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្នកពិតជាឥតអៀនខ្មាសមែន! ការចេះតែបន្លើស និងអួតបំប៉ោងបានក្លាយជាលក្ខណៈធម្មជាតិរបស់អ្នកទៅហើយ ហើយអ្នកក៏ទម្លាប់ក្នុងការធ្វើវាទៅហើយ។ គ្រប់ពេលដែលអ្នកចង់និយាយ អ្នកក៏ធ្វើដោយងាយ តែដល់ពេលអនុវត្ដវិញ អ្នកក៏បណ្ដោយខ្លួនតាមភាពល្អពីខាងក្រៅ។ តើនេះមិនមែនជារបៀបបញ្ឆោតអ្នកដទៃទេឬ? អ្នកអាចបញ្ឆោតមនុស្សបាន តែមិនអាចបោកបញ្ឆោតព្រះជាម្ចាស់បានឡើយ។ មនុស្សមិនដឹងខ្លួន និងគ្មានការវែកញែកទេ តែព្រះជាម្ចាស់ទ្រង់ហ្មត់ចត់ចំពោះបញ្ហានេះណាស់ ហើយព្រះអង្គនឹងមិនទុកអ្នកឡើយ។ បងប្អូនប្រុសស្រីរបស់អ្នកអាចជួយនិយាយឱ្យអ្នក សរសើរពីការយល់ដឹងរបស់អ្នក និងសរសើរអ្នក ប៉ុន្ដែប្រសិនបើអ្នកគ្មានការពិតទេ នោះព្រះវិញ្ញាណបរិសុទ្ធនឹងមិនទុកអ្នកឡើយ។ ប្រហែលជាព្រះដ៏ជាក់ស្ដែងនឹងមិនស្វែងរកកំហុសអ្នកទេ តែព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នឹងមិនអើពើចំពោះអ្នក ហើយអ្នកនឹងមានភាពលំបាកក្នុងការស្ពាយវាជាប់នឹងខ្លួន។ តើអ្នកជឿលើសេចក្ដីនេះឬទេ? ចូរនិយាយពីការអនុវត្ដជាក់ស្ដែងវិញ តើអ្នកបានភ្លេចហើយមែនទេ? «ចូរផ្ដល់នូវទ្រឹស្ដីខ្ពង់ខ្ពស់ និងការនិយាយបំប៉ោងគ្មានតម្លៃឱ្យបានតិចជាងមុន នេះជាការចាប់ផ្ដើមអនុវត្ដពីពេលនេះតទៅ។» តើអ្នកភ្លេចពាក្យទាំងនេះហើយឬ? តើអ្នកមិនយល់បន្ដិចសោះទេឬ? តើអ្នកមិនយល់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេឬ?

ខាង​ដើម៖ អ្នកគួរដឹងថា ព្រះដ៏ជាក់ស្ដែង គឺជាព្រះជាម្ចាស់

បន្ទាប់៖ ការដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ