ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់សម្ដីទី ៤០៥

ខ្ញុំបានមានបន្ទូលពីខាងដើមរួចហើយថា «អស់អ្នកណាដែលផ្ដោតលើការមើលឃើញទីសម្គាល់ និងការអស្ចារ្យនឹងត្រូវបោះបង់ចោល។ ពួកគេមិនមែនជាមនុស្សដែលត្រូវធ្វើឱ្យបានគ្រប់លក្ខណ៍ឡើយ»។ ខ្ញុំបានថ្លែងព្រះបន្ទូលច្រើនណាស់ ប៉ុន្តែមនុស្សមិនស្គាល់កិច្ចការនេះសូម្បីបន្តិចសោះ ហើយមកដល់ពេលនេះហើយ មនុស្សទាំងនោះនៅតែទូលសុំទីសម្គាល់ និងការអស្ចារ្យដដែល។ តើសេចក្ដីជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់ គ្មានអ្វីផ្សេងក្រៅពីចង់បានទីសម្គាល់ និងការអស្ចារ្យ ឬមួយដើម្បីទទួលបានជីវិត? ព្រះយេស៊ូវក៏បានមានបន្ទូលជាច្រើនដែរ ហើយព្រះបន្ទូលខ្លះ គឺនៅមិនទាន់សម្រេចនៅឡើយទេ។ តើអ្នកអាចនិយាយថា ព្រះយេស៊ូវមិនមែនជាព្រះជាម្ចាស់បានដែរឬទេ? ព្រះជាម្ចាស់បានធ្វើបន្ទាល់បញ្ជាក់ថា ទ្រង់គឺជាព្រះគ្រីស្ទ ហើយជាព្រះរាជបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះជាម្ចាស់។ តើអ្នកអាចបដិសេធរឿងនេះទេ? សព្វថ្ងៃនេះ ព្រះជាម្ចាស់ថ្លែងតែព្រះបន្ទូល ហើយប្រសិនបើអ្នកមិនដឹងរឿងនេះឱ្យពិស្ដារទេ គឺអ្នកមិនអាចឈរជាប់បានឡើយ។ តើអ្នកជឿលើទ្រង់ ដោយសារទ្រង់ជាព្រះជាម្ចាស់ ឬក៏អ្នកជឿលើទ្រង់ ដោយផ្អែកលើការសម្រេច ឬមិនសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គ? តើអ្នកជឿលើទីសម្គាល់ និងការអស្ចារ្យ ឬមួយអ្នកជឿលើព្រះជាម្ចាស់? សព្វថ្ងៃនេះ ទ្រង់មិនធ្វើទីសម្គាល់ និងការអស្ចារ្យទេ តើព្រះអង្គពិតជាព្រះជាម្ចាស់ដែរឬទេ? ប្រសិនបើព្រះបន្ទូលដែលទ្រង់ថ្លែង មិនត្រូវបានសម្រេច តើព្រះអង្គពិតជាព្រះជាម្ចាស់ដែរឬទេ? តើលក្ខណៈពិតរបស់ព្រះជាម្ចាស់ ត្រូវបានកំណត់ដោយការសម្រេច ឬមិនសម្រេចតាមព្រះបន្ទូលដែលទ្រង់ថ្លែងមែនទេ? ហេតុអ្វីក៏មនុស្សមួយចំនួនតែងតែរង់ចាំនូវផលសម្រេចនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ មុនពេលដែលគេជឿដល់ទ្រង់ដូច្នេះ? តើនេះមិនមែនមានន័យថា ពួកគេមិនស្គាល់ទ្រង់ទេឬអី? មនុស្សទាំងអស់ដែលមានការយល់ដឹងបែបនេះ គឺជាមនុស្សដែលបដិសេធព្រះជាម្ចាស់។ គេប្រើការយល់ដឹងមកវាស់ស្ទង់ព្រះជាម្ចាស់ ប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសម្រេច គេក៏ជឿដល់ទ្រង់ ហើយប្រសិនមិនបានសម្រេចវិញ គេក៏មិនជឿដល់ទ្រង់ ហើយពួកគេរមែងដេញតាមទីសម្គាល់ និងការអស្ចារ្យ។ តើអ្នកទាំងនេះ មិនមែនជាពួកផារិស៊ីសម័យទំនើបទេឬអី? អ្នកអាចឈរមាំឬមិនមាំ គឺអាស្រ័យត្រង់ថា អ្នកស្គាល់ឬមិនស្គាល់ព្រះដ៏ជាក់ស្ដែង ពោលគឺ កត្តានេះពិតជាសំខាន់ណាស់! តថភាពនៃព្រះបន្ទូលរឹតតែវិសេសវិសាលនៅក្នុងអ្នក នោះការដែលអ្នកស្គាល់ពីភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់ ក៏រឹតតែអស្ចារ្យ ហើយអ្នកក៏រឹតតែអាចឈរមាំពេលត្រូវល្បងល។ កាលណាអ្នករឹតតែផ្ដោតលើទីសម្គាល់ និងការអស្ចារ្យ នោះអ្នករឹតតែមិនអាចឈរមាំបាន ហើយអ្នកនឹងដួលចុះពេលត្រូវល្បងល។ ទីសម្គាល់ និងការអស្ចារ្យមិនមែនជាគ្រឹះទេ មានតែភាពជាក់ស្ដែងនៃព្រះជាម្ចាស់ទេទើបជាជីវិត។ មនុស្សមួយចំនួនមិនដឹងពីលទ្ធផលដែលត្រូវបានសម្រេចដោយកិច្ចការរបស់ព្រះជាម្ចាស់ផង។ ពួកគេចំណាយជីវិតរបស់គេក្នុងភាពវង្វេងវង្វាន់ មិនមែនព្យាយាមស្គាល់ពីកិច្ចការរបស់ព្រះជាម្ចាស់នោះឡើយ។ គោលបំណងនៃការដេញតាមរបស់គេ នោះគឺគ្រាន់តែធ្វើឱ្យព្រះជាម្ចាស់បំពេញនូវសេចក្ដីប៉ងប្រាថ្នារបស់គេប៉ុណ្ណោះ។ ហើយមានតែដូច្នេះទេ ទើបពួកគេហ្មត់ចត់នៅក្នុងសេចក្តីជំនឿរបស់ខ្លួន។ ពួកគេនិយាយថា ពួកគេនឹងតាមរកជីវិត ប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានសម្រេច ប៉ុន្តែប្រសិនបើព្រះបន្ទូលទ្រង់មិនបានសម្រេចទេ នោះលទ្ធភាពនៃការតាមរកជីវិតក៏គ្មានដែរ។ មនុស្សគិតថា ជំនឿលើព្រះជាម្ចាស់ គឺជាការតាមរក ការមើលឃើញទីសម្គាល់និងការអស្ចារ្យ និងការដេញតាមការឡើងទៅស្ថានសួគ៌និងស្ថានសួគ៌ជាន់ទីបី។ ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់ពោលថា ជំនឿគឺជាការតាមរកច្រកចូលទៅក្នុងតថភាពជាក់ស្ដែង ការតាមរកជីវិត និងការតាមរកការដែលត្រូវបានព្រះជាម្ចាស់ទទួលយកទេ។ តើអ្វីទៅជាតម្លៃនៃការតាមរកបែបនេះ? អស់អ្នកណាដែលមិនដេញតាមដើម្បីបានស្គាល់ព្រះជាម្ចាស់ និងដើម្បីគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ អ្នកនោះគឺជាមនុស្សដែលមិនជឿលើព្រះជាម្ចាស់ ហើយពួកគេគឺជាអ្នកដែលប្រមាថព្រះជាម្ចាស់!

ពេលនេះ តើអ្នករាល់គ្នាយល់ហើយឬនៅថា ជំនឿលើព្រះជាម្ចាស់គឺជាអ្វី? តើជំនឿលើព្រះជាម្ចាស់គឺជាការមើលឃើញទីសម្គាល់ និងការអស្ចារ្យមែនទេ? តើជំនឿនេះគឺជាការឡើងទៅស្ថានសួគ៌មែនទេ? ការជឿលើព្រះជាម្ចាស់ មិនមែនងាយស្រួលបន្តិចណាឡើយ។ ទម្លាប់សាសនាទាំងអស់នោះគួរតែបោះបង់ចោលទៅ ការដេញតាមការប្រោសជំងឺ និងការបណ្ដេញវិញ្ញាណអាក្រក់ ការផ្ដោតសំខាន់លើទីសម្គាល់ និងការអស្ចារ្យ ការលោភចង់បានព្រះគុណរបស់ព្រះជាម្ចាស់ ភាពសុខសាន្ត និងក្ដីអំណរថែមទៀត ការដេញតាមក្ដីរំពឹងសម្រាប់អនាគត និងសេចក្ដីសុខខាងសាច់ឈាម ទាំងអស់នេះ គឺសុទ្ធតែជាទម្លាប់សាសនា ហើយទម្លាប់សាសនាទាំងអស់នេះ គឺជាជំនឿស្រពេចស្រពិល។ សព្វថ្ងៃនេះ តើអ្វីគឺជាជំនឿពិតលើព្រះជាម្ចាស់? នោះគឺជាទទួលយកព្រះបន្ទូលព្រះជាម្ចាស់ធ្វើជាតថភាពនៃជីវិតរបស់អ្នក និងការស្គាល់ព្រះជាម្ចាស់តាមរយៈព្រះបន្ទូលរបស់ទ្រង់ ដើម្បីសម្រេចឱ្យបាននូវសេចក្ដីស្រឡាញ់ពិតរបស់ទ្រង់។ ដើម្បីឱ្យកាន់តែច្បាស់៖ ជំនឿលើព្រះជាម្ចាស់ គឺដើម្បីឱ្យអ្នកចុះចូលតាមទ្រង់ ស្រឡាញ់ទ្រង់ និងបំពេញភារកិច្ចដែលគួរបំពេញដោយភាវៈដែលព្រះបង្កើតមក។ នេះហើយគឺជាគោលបំណងនៃការជឿលើព្រះជាម្ចាស់។ អ្នកត្រូវសម្រេចឱ្យបាននូវចំណេះដឹងអំពី ភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់ ទំហំនៃភាពស័ក្ដិសមនឹងទទួលនូវការគោរពកោតខ្លាចរបស់ព្រះជាម្ចាស់ ស្គាល់អំពីរបៀបដែលទ្រង់ធ្វើកិច្ចការនៃសេចក្ដីសង្គ្រោះ និងធ្វើឱ្យពួកគេបានគ្រប់លក្ខណ៍នៅក្នុងភាវៈដែលព្រះបង្កើតមក។ ទាំងអស់នេះ គឺសុទ្ធតែជាសារៈសំខាន់នៃជំនឿរបស់អ្នកលើព្រះជាម្ចាស់។ ជំនឿលើព្រះជាម្ចាស់សំខាន់បំផុត គឺជាការផ្លាស់ប្ដូរពីជីវិតខាងសាច់ឈាម ទៅកាន់ជីវិតដែលស្រឡាញ់ព្រះជាម្ចាស់ ពីការរស់នៅក្នុងសេចក្ដីពុករលួយ ទៅកាន់ការរស់នៅក្នុងជីវិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ វាគឺជាការចាកចេញពីអំណាចគ្រប់គ្រងរបស់សាតាំង ហើយមករស់នៅក្រោមការថែរក្សា និងការការពាររបស់ព្រះជាម្ចាស់វិញ។ វាជាលទ្ធភាពដែលអាចចុះចូលតាមព្រះជាម្ចាស់ និងមិនមែនជាការចុះចូលតាមសាច់ឈាមនោះទេ។ វាជាការទុកឱកាសឱ្យព្រះជាម្ចាស់ទទួលបានដួងចិត្តរបស់អ្នកទាំងមូល ទុកឱ្យព្រះជាម្ចាស់ធ្វើឱ្យអ្នកបានគ្រប់លក្ខណ៍ និងរំដោះអ្នកឱ្យរួចពីនិស្ស័យពុករលួយបែបសាតាំង។ ជំនឿលើព្រះជាម្ចាស់ គឺច្រើនតែបែបនេះ ដើម្បីឱ្យព្រះចេស្ដាដ៏ធំធេង និងសិរីរុងរឿងរបស់ព្រះជាម្ចាស់ អាចនឹងត្រូវបានស្ដែងនៅក្នុងអ្នក ដើម្បីឱ្យអ្នកអាចធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយសម្រេចផែនការរបស់ព្រះជាម្ចាស់ និងអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់នៅចំពោះមុខសាតាំង។ ជំនឿលើព្រះជាម្ចាស់មិនគួរផ្ដោតសំខាន់លើចិត្តប្រាថ្នាចង់ឃើញទីសម្គាល់ និងការអស្ចារ្យឡើយ ក៏មិនគួរផ្ដោតលើប្រយោជន៍នៃសាច់ឈាមផ្ទាល់ខ្លួនរបស់អ្នកដែរ។ ជំនឿគួរតែជាការដេញតាមឱ្យបានស្គាល់ព្រះជាម្ចាស់ និងជាការដែលអាចចុះចូលតាមព្រះជាម្ចាស់ គឺចុះចូលរហូតដល់អស់ជីវិត ដូចជាពេត្រុស។ ទាំងអស់នេះ គឺជាគោលបំណងសំខាន់ៗនៃការជឿលើព្រះជាម្ចាស់។ មនុស្សហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីស្គាល់ព្រះអង្គ និងផ្គាប់ព្រះហឫទ័យទ្រង់។ ការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ធ្វើឱ្យអ្នកស្គាល់ព្រះអង្គកាន់តែច្បាស់ ហើយទាល់តែអាចបានស្គាល់ទ្រង់ច្បាស់ ទើបអ្នកអាចចុះចូលទ្រង់បាន។ ទាល់តែអ្នកស្គាល់ព្រះជាម្ចាស់ ទើបអ្នកអាចស្រឡាញ់ទ្រង់បាន ហើយនេះគឺជាគោលដៅដែលមនុស្សគួរមាននៅក្នុងជំនឿរបស់គេចំពោះព្រះជាម្ចាស់។ ប្រសិនបើអ្នកនៅតែព្យាយាមរកមើលទីសម្គាល់ និងការអស្ចារ្យនៅក្នុងជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់ ទស្សនៈនៃជំនឿចំពោះព្រះជាម្ចាស់បែបនេះ គឺពិតជាខុសហើយ។ ជំនឿលើព្រះជាម្ចាស់ផ្ដោតសំខាន់លើការទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើជាតថភាពនៃជីវិត​។ គោលបំណងរបស់ព្រះជាម្ចាស់អាចនឹងត្រូវគេទទួលបានតាមរយៈការអនុវត្តន៍ព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ ហើយយកមកអនុវត្តនៅក្នុងជីវិតរបស់អ្នកផ្ទាល់។ នៅក្នុងជំនឿលើព្រះជាម្ចាស់ មនុស្សគួរព្យាយាមទុកឱ្យព្រះជាម្ចាស់កែច្នៃគេឱ្យបានគ្រប់លក្ខណ៍ ឱ្យគេអាចចុះចូលចំពោះព្រះជាម្ចាស់ និងដើម្បីចុះចូលតាមព្រះជាម្ចាស់ទាំងស្រុង។ ប្រសិនបើអ្នកអាចចុះចូលតាមព្រះជាម្ចាស់ដោយគ្មានការរអ៊ូរទាំ អាចគិតគូរពីបំណងព្រះហឫទ័យរបស់់ព្រះជាម្ចាស់ សម្រេចបានកម្ពស់ដូចពេត្រុស និងទទួលបានព្រះបន្ទូលសរសើរពីព្រះជាម្ចាស់ដូចពេត្រុស ពេលនោះទើបអ្នកសម្រេចបានជោគជ័យនៅក្នុងជំនឿ ដែលអ្នកមានចំពោះព្រះជាម្ចាស់ ហើយជំនឿនេះនឹងប្រាប់ឱ្យដឹងថា ព្រះជាម្ចាស់ទទួលបានអ្នកហើយ។

ដកស្រង់ពី «គ្រប់យ៉ាងសម្រេចបានដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលេចមកនិងកិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ៧១

ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ កំពុងខិតទៅរកទីបញ្ចប់...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ២៣

ទោះបីក្នុងការយកកំណើតជាមនុស្សរបស់ទ្រង់ ព្រះយេស៊ូវគ្មានអារម្មណ៍ខាងសាច់ឈាម​ក៏ដោយ ក៏ទ្រង់តែងតែកម្សាន្តចិត្តសិស្សទ្រង់ ទំនុកបម្រុងពួកគេ ជួយពួកគេ...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលាតត្រដាងសញ្ញាណសាសនា | សម្រង់​សម្ដីទី ២៩១

គោលបំណងនៃការយកឈ្នះលើអ្នកនៅថ្ងៃនេះគឺដើម្បីឱ្យអ្នកទទួលស្គាល់ថា ព្រះជាម្ចាស់គឺជាព្រះរបស់អ្នក និងជាព្រះរបស់អ្នកដទៃទៀតដែរ...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់សម្ដីទី ៤៨៣

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំងកាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏ជាក់ស្ដែង...