ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ២០៧
15-01-2026
សព្វថ្ងៃនេះ នៅតែមានមនុស្សដែលនៅតែមិនយល់ពីកិច្ចការថ្មីដែលព្រះជាម្ចាស់បានចាប់ផ្តើមនៅឡើយ។ ព្រះជាម្ចាស់បានបើកការចាប់ផ្ដើមថ្មីក្នុងចំណោមសាសន៍ដទៃ។ ទ្រង់បានចាប់ផ្តើមសករាជថ្មី ហើយបានចាប់ផ្តើមកិច្ចការថ្មី ហើយទ្រង់បំពេញកិច្ចការនេះលើកូនចៅរបស់ម៉ូអាប់។ តើនេះមិនមែនជាកិច្ចការថ្មីបំផុតរបស់ទ្រង់ទេឬអី? នៅក្នុងប្រវត្តិសាស្ត្រទាំងមូល គ្មាននរណាម្នាក់ធ្លាប់មានបទពិសោធអំពីកិច្ចការនេះពីមុនមកទេ។ គ្មានអ្នកណាម្នាក់ធ្លាប់បានឮអំពីរឿងនេះទេ ហើយរឹតតែមិនឱ្យតម្លៃចំពោះកិច្ចការនេះ។ ប្រាជ្ញាញាណ ភាពអស្ចារ្យ ភាពមិនអាចយល់បាន ភាពមហិមា និងភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ សុទ្ធតែត្រូវបានបង្ហាញតាមរយៈដំណាក់កាលនៃកិច្ចការនេះ គឺជាកិច្ចការនៃគ្រាចុងក្រោយ។ តើនេះមិនមែនជាកិច្ចការថ្មី កិច្ចការដែលកម្ចាត់កម្ចាយសញ្ញាណរបស់មនុស្សទេឬអី? ក៏មានមនុស្សដែលគិតយ៉ាងដូច្នេះថា «ដោយសារព្រះជាម្ចាស់បានដាក់បណ្ដាសាពួកម៉ូអាប់ និងបានមានបន្ទូលថា ទ្រង់នឹងបោះបង់កូនចៅម៉ូអាប់ តើពេលនេះទ្រង់អាចសង្គ្រោះពួកគេដូចម្ដេចបាន?» មនុស្សទាំងអស់នេះ គឺជាសាសន៍ដទៃដែលត្រូវបណ្ដាសាពីព្រះជាម្ចាស់ និងត្រូវបណ្ដេញចេញពីអ៊ីស្រាអែល។ សាសន៍អ៊ីស្រាអែលហៅពួកគេថា «សុនខសាសន៍ដទៃ»។ នៅក្នុងទស្សនៈរបស់មនុស្សគ្រប់គ្នា ពួកគេមិនគ្រាន់តែជាសុនខសាសន៍ដទៃប៉ុណ្ណោះទេ តែគេអាក្រក់ជាងសុនខទៅទៀត គឺកូននៃសេចក្ដីហិនវិនាស មានន័យថា ពួកគេមិនមែនជារាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់នោះឡើយ។ ពួកគេប្រហែលជាកើតនៅក្នុងទឹកដីអ៊ីស្រាអែល ក៏ប៉ុន្តែពួកគេមិនមែនជាសាសន៍អ៊ីស្រាអែលទេ ហើយត្រូវបណ្ដេញឱ្យទៅក្នុងចំណោមសាសន៍ដទៃផង។ ពួកគេ គឺជាមនុស្សតូចទាបជាងគេក្នុងចំណោមមនុស្សទាំងអស់។ ប្រាកដណាស់ ដោយសារតែពួកគេជាមនុស្សតូចទាបជាងគេនៅក្នុងចំណោមមនុស្សដែលព្រះជាម្ចាស់អនុវត្តកិច្ចការរបស់ទ្រង់អំពីការចាប់ផ្ដើមយុគសម័យថ្មីនៅក្នុងចំណោមពួកគេ ដ្បិតពួកគេជាតំណាងមនុស្សពុករលួយ។ កិច្ចការរបស់ព្រះជាម្ចាស់សម្រិតសម្រាំង និងមានគោលដៅច្បាស់លាស់ណាស់។ កិច្ចការដែលទ្រង់ធ្វើនៅក្នុងមនុស្សទាំងនេះនៅថ្ងៃនេះ ក៏ជាកិច្ចការដែលត្រូវបានធ្វើចំពោះភាវៈដែលព្រះបានបង្កើតដែរ។ ណូអេ គឺជាភាវៈដែលព្រះបង្កើត ចំណែកឯកូនចៅរបស់គាត់ក៏ដូច្នោះដែរ។ ក្នុងពិភពលោកនេះ នរណាក៏ដោយដែលមានសាច់មានឈាម គឺសុទ្ធតែជាភាវៈដែលព្រះបានបង្កើតមក។ កិច្ចការរបស់ព្រះជាម្ចាស់មានទិសដៅសម្រាប់ភាវៈដែលព្រះបានបង្កើតមក មិនមែនផ្អែកលើមនុស្សដែលត្រូវបណ្ដាសា ឬក៏មិនត្រូវបណ្ដាសា បន្ទាប់ពីពួកគេត្រូវបានបង្កើតមកនោះទេ។ កិច្ចការគ្រប់គ្រងរបស់ទ្រង់មានទិសដៅសម្រាប់ភាវៈដែលព្រះបានបង្កើតមកទាំងអស់ មិនមែនសម្រាប់តែមនុស្សជ្រើសរើសដែលមិនត្រូវបណ្ដាសានោះទេ។ ដោយសារព្រះជាម្ចាស់ចង់អនុវត្តកិច្ចការរបស់ទ្រង់នៅក្នុងចំណោមភាវៈដែលព្រះបង្កើតនោះ ទ្រង់ច្បាស់ជានឹងអនុវត្តកិច្ចការនេះឱ្យសម្រេចដោយជោគជ័យ ហើយទ្រង់នឹងធ្វើការក្នុងចំណោមមនុស្សដែលមានប្រយោជន៍ដល់កិច្ចការរបស់ទ្រង់។ ដូច្នេះ ទ្រង់បំផ្លាញបទបញ្ញត្តិទាំងអស់ នៅពេលដែលកិច្ចការរបស់ទ្រង់ក្នុងចំណោមមនុស្ស។ ចំពោះព្រះអង្គ ពាក្យថា «ត្រូវបណ្ដាសា» «ត្រូវវាយផ្ចាល» និង «ត្រូវប្រទានពរ» មិនមានន័យចំពោះទ្រង់ទេ! ជនជាតិយូដា គឺជាមនុស្សល្អ ចំណែកឯជនជាតិអ៊ីស្រាអែលដែលជារាស្ត្ររើសតាំង ក៏ជាមនុស្សល្អដែរ។ ពួកគេគឺជាមនុស្សដែលមានគុណសម្បត្តិល្អ និងមានភាពជាមនុស្ស។ កាលពីដំបូង ព្រះយេហូវ៉ាបានចាប់ផ្តើមកិច្ចការរបស់ទ្រង់ ហើយនិងបានបំពេញកិច្ចការដំបូងបំផុតរបស់ទ្រង់ក្នុងចំណោមពួកគេ ប៉ុន្តែការអនុវត្តកិច្ចការយកឈ្នះលើពួកគេនាបច្ចុប្បន្ននេះ គឺគ្មានន័យទេ។ ពួកគេក៏អាចជាផ្នែកមួយនៃភាវៈដែលព្រះបានបង្កើតនេះដែរ ហើយអាចមានរឿងរ៉ាវវិជ្ជមានអំពីពួកគេជាច្រើនទៀត ប៉ុន្តែការអនុវត្តដំណាក់កាលនៃកិច្ចការនេះក្នុងចំណោមពួកគេ គ្មានប្រយោជន៍ឡើយ។ ព្រះជាម្ចាស់នឹងមិនអាចយកឈ្នះមនុស្សបានទេ ហើយព្រះអង្គក៏នឹងមិនអាចបញ្ចុះបញ្ចូលភាវៈដែលព្រះបានបង្កើតទាំងអស់ឱ្យជឿបានដែរ ដែលជាអត្ថន័យនៃការបង្វែរកិច្ចការរបស់ទ្រង់ មករកប្រជាជននៃប្រទេសនាគដ៏ធំមានសម្បុរក្រហមនេះ។ សារៈសំខាន់ដ៏វិសេសវិសាលនេះ គឺជាការចាប់ផ្តើមសករាជមួយរបស់ទ្រង់ ជាការដែលទ្រង់បំផ្លាញបទប្បញ្ញត្តិ និងសញ្ញាណទាំងអស់របស់មនុស្ស ព្រមទាំងការបញ្ចប់កិច្ចការយុគសម័យនៃព្រះគុណទាំងមូលរបស់ទ្រង់។ ប្រសិនបើកិច្ចការបច្ចុប្បន្នរបស់ទ្រង់ត្រូវបានអនុវត្តក្នុងចំណោមប្រជាជនអ៊ីស្រាអែលនោះ លុះដល់ពេលដែលផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់ដល់ទីបញ្ចប់ មនុស្សគ្រប់គ្នានឹងជឿថាព្រះជាម្ចាស់ គឺជាព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែលតែមួយប៉ុណ្ណោះ មានតែប្រជាជនអ៊ីស្រាអែលមួយប៉ុណ្ណោះ គឺជាមនុស្សដែលព្រះជាម្ចាស់បានជ្រើសរើស មានតែជនជាតិអ៊ីស្រាអែលមួយប៉ុណ្ណោះ ដែលសមនឹងទទួលព្រះពរ និងការសន្យារបស់ព្រះជាម្ចាស់ជាមរតក។ ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ នៅក្នុងសាសន៍ដទៃនៃប្រទេសរបស់នាគដ៏ធំមានសម្បុរក្រហម សម្រេចបាននូវកិច្ចការក្លាយជាព្រះជាម្ចាស់នៃភាវៈដែលព្រះបានបង្កើតមកទាំងអស់។ ទ្រង់បញ្ចប់កិច្ចការគ្រប់គ្រងរបស់ទ្រង់ទាំងអស់បានពេញលេញ និងបញ្ចប់កិច្ចការស្នូលរបស់ព្រះអង្គនៅក្នុងប្រទេសនៃនាគដ៏ធំមានសម្បុរក្រហម។ ចំណុចស្នូលដ៏សំខាន់នៃកិច្ចការទាំងបីដំណាក់កាលនេះ គឺការសង្គ្រោះមនុស្សលោក ពោលគឺការធ្វើឱ្យភាវៈដែលព្រះបង្កើតមកទាំងអស់ ថ្វាយបង្គំព្រះអាទិករ។ ដូច្នេះ មានអត្ថន័យដ៏ជ្រាលជ្រៅណាស់សម្រាប់ដំណាក់កាលនៃកិច្ចការនីមួយៗ។ ព្រះជាម្ចាស់មិនធ្វើអ្វីដែលគ្មានន័យ ឬគ្មានតម្លៃទេ។ ម្យ៉ាងទៀត ដំណាក់កាលនៃកិច្ចការនេះ គឺជាការចាប់ផ្តើមសករាជថ្មី និងបញ្ចប់សករាជមុនចំនួនពីរ។ ម៉្យាងវិញទៀត កិច្ចការនេះបំផ្លាញចោលនូវសញ្ញាណរបស់មនុស្ស និងរបៀបរបបនៃជំនឿ និងចំណេះដឹងចាស់គំរឹលទាំងអស់របស់មនុស្ស។ កិច្ចការនៃយុគសម័យមុនចំនួនពីរ ត្រូវបានអនុវត្តស្របទៅតាមសញ្ញាណខុសៗគ្នារបស់មនុស្ស។ ប៉ុន្តែដំណាក់កាលនេះ ផាត់ចោលទាំងស្រុងនូវសញ្ញាណរបស់មនុស្ស ហើយដោយហេតុនេះ ក៏បានជាការយកឈ្នះមនុស្សលោកទាំងស្រុង។ ព្រះជាម្ចាស់នឹងយកឈ្នះមនុស្សទាំងអស់លើសាកលលោកទាំងមូល តាមរយៈការយកឈ្នះពូជពង្សរបស់ម៉ូអាប់ និងតាមរយៈកិច្ចការដែលព្រះជាម្ចាស់បានអនុវត្ត ក្នុងចំណោមពូជពង្សម៉ូអាប់។ នេះគឺជាសារៈសំខាន់ដ៏ជ្រាលជ្រៅបំផុតនៃកិច្ចការរបស់ព្រះជាម្ចាស់នៅដំណាក់កាលនេះ ហើយវាគឺជាចំណែកដ៏មានតម្លៃបំផុតនៃកិច្ចការរបស់ទ្រង់ ក្នុងដំណាក់កាលនេះ ទោះបីជានៅពេលនេះអ្នកដឹងថា ឋានៈរបស់អ្នកតូចទាប ហើយអ្នកមានតម្លៃតិចតួចក៏ដោយ ក៏អ្នកនៅតែមានអារម្មណ៍ថា អ្នកបានជួបរឿងរីករាយបំផុត៖ អ្នកបានទទួលព្រះពរដ៏ប្រសើរទុកជាមរតក ទទួលបានការសន្យាដ៏ប្រសើរ ហើយអ្នកអាចជួយសម្រេចនូវកិច្ចការដ៏វិសេសវិសាលមួយនេះរបស់ព្រះជាម្ចាស់បាន។ អ្នកបានឃើញនូវព្រះភក្ត្រពិតរបស់ព្រះជាម្ចាស់ អ្នកស្គាល់និស្ស័យដើមរបស់ព្រះជាម្ចាស់ ហើយអ្នកដើរតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ពីរដំណាក់កាលមុននៃកិច្ចការរបស់ព្រះជាម្ចាស់ ត្រូវបានអនុវត្តនៅអ៊ីស្រាអែល។ បើដំណាក់កាលនៃកិច្ចការរបស់ទ្រង់នៅគ្រាចុងក្រោយនេះ ក៏ត្រូវបានអនុវត្តនៅក្នុងចំណោមជនជាតិអ៊ីស្រាអែលទៀត នោះភាវៈដែលព្រះបានបង្កើតទាំងអស់ មិនត្រឹមតែជឿថាមានតែជនជាតិអ៊ីស្រាអែលមួយប៉ុណ្ណោះទើបជារាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់នោះទេ ប៉ុន្តែផែនការគ្រប់គ្រងទាំងមូលរបស់ព្រះជាម្ចាស់ នឹងមិនសម្រេចនូវលទ្ធផលដូចដែលទ្រង់ចង់បាននោះឡើយ។ ក្នុងអំឡុងពេលដែលដំណាក់កាលពីរនៃកិច្ចការរបស់ទ្រង់ ត្រូវបានអនុវត្តនៅក្នុងប្រទេសអ៊ីស្រាអែល គ្មានកិច្ចការថ្មី ឬកិច្ចការនៃការបើកសករាជថ្មី ត្រូវបានអនុវត្តក្នុងចំណោមជាតិសាសន៍ដទៃឡើយ។ ដំណាក់កាលនៃកិច្ចការបច្ចុប្បន្ន ពោលគឺកិច្ចការនៃការចាប់ផ្តើមសករាជថ្មី ត្រូវបានអនុវត្តដំបូងក្នុងចំណោមជាតិសាសន៍ដទៃ ហើយលើសពីនេះទៀត ត្រូវបានអនុវត្តក្នុងចំណោមពូជពង្សរបស់ម៉ូអាប់ពីដំបូងនេះ ហើយជាការចាប់ផ្តើមនៃសករាជនេះទាំងមូល។ ព្រះជាម្ចាស់បានបំផ្លាញចំណេះដឹងដែលមាននៅក្នុងសញ្ញាណរបស់មនុស្ស មិនឱ្យនៅសេសសល់ឡើយ។ នៅក្នុងកិច្ចការនៃការយកឈ្នះរបស់ទ្រង់ ព្រះជាម្ចាស់បានបំផ្លាញសញ្ញាណរបស់មនុស្ស ដែលជារបៀបរបបចាស់បុរាណនៃចំណេះដឹងរបស់មនុស្សពីដើម។ ទ្រង់អនុញ្ញាតឱ្យមនុស្សឃើញថា នៅក្នុងព្រះជាម្ចាស់គ្មានបទប្បញ្ញត្តិទេ ឃើញថាគ្មានអ្វីចាស់គំរឹលអំពីព្រះជាម្ចាស់ ឃើញថាកិច្ចការដែលទ្រង់ធ្វើគឺគ្មានគំនាបទាំងស្រុង មានសេរីភាពពេញទី ហើយឃើញថាទ្រង់ត្រឹមត្រូវក្នុងគ្រប់សព្វសារពើដែលទ្រង់ធ្វើ។ អ្នកត្រូវតែចុះចូលចំពោះកិច្ចការដែលទ្រង់ធ្វើ នៅក្នុងចំណោមភាវៈដែលព្រះបង្កើតមកទាំងអស់ឱ្យបានពេញលេញ។ កិច្ចការគ្រប់យ៉ាងដែលទ្រង់ធ្វើ មានអត្ថន័យ ហើយត្រូវបានអនុវត្តស្របតាមបំណងព្រះហឫទ័យ និងប្រាជ្ញាញាណរបស់ទ្រង់ផ្ទាល់ ហើយមិនអនុលោមតាមការសម្រេចចិត្ត និងសញ្ញាណរបស់មនុស្សឡើយ។ ប្រសិនបើមានអ្វីមួយដែលមានប្រយោជន៍ដល់កិច្ចការរបស់ទ្រង់ ទ្រង់នឹងធ្វើកិច្ចការនោះ ហើយប្រសិនបើមានអ្វីមួយមិនមានប្រយោជន៍ដល់កិច្ចការរបស់ទ្រង់ នោះទ្រង់មិនធ្វើទេ មិនថាកិច្ចការល្អយ៉ាងណាទេ! ទ្រង់ធ្វើការ និងជ្រើសរើសអ្នកទទួល និងជ្រើសរើសទីតាំងនៃកិច្ចការរបស់ទ្រង់ ស្របតាមអត្ថន័យ និងគោលបំណងនៃកិច្ចការរបស់ទ្រង់។ ទ្រង់មិនប្រកាន់តាមច្បាប់បុរាណឡើយ នៅពេលដែលទ្រង់ធ្វើការ ហើយទ្រង់ក៏មិនធ្វើតាមរូបមន្តចាស់ដែរ។ ផ្ទុយទៅវិញ ទ្រង់រៀបផែនការនៃកិច្ចការរបស់ទ្រង់យោងទៅតាមសារៈសំខាន់នៃកិច្ចការនោះ។ នៅទីបំផុត ទ្រង់នឹងទទួលបានប្រសិទ្ធភាពពិតប្រាកដ និងសម្រេចគោលដៅដែលបានរំពឹងទុក។ ប្រសិនបើអ្នកមិនយល់ពីកិច្ចការទាំងនេះនៅថ្ងៃនេះទេ កិច្ចការនេះនឹងមិនមានឥទ្ធិពលលើអ្នកឡើយ។
ដកស្រង់ពី «ព្រះជាម្ចាស់ គឺជាព្រះអម្ចាស់នៃភាវៈទាំងអស់ដែលព្រះបានបង្កើត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត