ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ១៤២

នៅគ្រាចុងក្រោយ ព្រះជាម្ចាស់បានយកកំណើតជាមនុស្ស ក្នុងគោលបំណងចម្បង ដើម្បីថ្លែងនូវព្រះបន្ទូលរបស់ទ្រង់ ដើម្បីពន្យល់អំពីសេចក្តីគ្រប់យ៉ាងដែលចាំបាច់ចំពោះជីវិតរបស់មនុស្ស ដើម្បីបង្ហាញថា មនុស្សណាគួរតែចូលទៅ ដើម្បីបង្ហាញដល់មនុស្សអំពីទង្វើរបស់ព្រះជាម្ចាស់ និងដើម្បីបង្ហាញដល់មនុស្សអំពីព្រះប្រាជ្ញាញាណ ព្រះចេស្ដា និងភាពអស្ចារ្យរបស់ព្រះជាម្ចាស់។ តាមរយៈរបៀបជាច្រើនដែលព្រះជាម្ចាស់មានបន្ទូល មនុស្សមើលឃើញអំពីភាពខ្ពង់ខ្ពស់ និងភាពមហិមារបស់ព្រះជាម្ចាស់ ហើយលើសពីនេះទៅទៀត ពួកគេក៏មើលឃើញពីការបន្ទាបខ្លួន និងការលាក់កំបាំងរបស់ព្រះជាម្ចាស់ផងដែរ។ មនុស្សមើលឃើញថា ព្រះជាម្ចាស់មានឋានៈខ្ពង់ខ្ពស់ ប៉ុន្តែក៏ឃើញដែរថា ទ្រង់បន្ទាបខ្លួន និងលាក់កំបាំង ហើយទ្រង់អាចក្លាយជាបុគ្គលទន់ទាបបំផុតផងដែរ។ ព្រះបន្ទូលខ្លះរបស់ទ្រង់ត្រូវបានថ្លែងដោយផ្ទាល់ចេញពីការយល់ឃើញនៃព្រះវិញ្ញាណ ខ្លះទៀតថ្លែងដោយផ្ទាល់ចេញពីការយល់ឃើញរបស់មនុស្ស ហើយខ្លះផ្សេងទៀតចេញពីទិដ្ឋភាពបុគ្គលទីបី។ នៅក្នុងការនេះ វាអាចត្រូវបានមើលឃើញថា ឥរិយាបថនៃកិច្ចការរបស់ព្រះជាម្ចាស់មានលក្ខណៈខុសគ្នាយ៉ាងខ្លាំង ហើយភាពខុសគ្នានោះគឺតាមរយៈព្រះបន្ទូលដែលទ្រង់អនុញ្ញាតឱ្យមនុស្សមើលឃើញ។ កិច្ចការរបស់ព្រះជាម្ចាស់ ក្នុងអំឡុងគ្រាចុងក្រោយ គឺមានទាំងភាពសាមញ្ញផង និងភាពជាក់ស្ដែងផង ដូច្នេះ ក្រុមមនុស្សនៅគ្រាចុងក្រោយ ត្រូវទទួលសេចក្តីល្បងលដ៏ធំបំផុតគ្រប់យ៉ាង។ ដោយសារតែភាពសាមញ្ញ និងភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់ មនុស្សទាំងអស់បានធ្លាក់ចូលទៅក្នុងសេចក្តីល្បងលបែបនេះ ហើយការដែលមនុស្សបានធ្លាក់ចូលទៅក្នុងសេចក្តីល្បងលរបស់ព្រះជាម្ចាស់ នោះគឺដោយសារតែភាពសាមញ្ញ និងភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់។ ក្នុងអំឡុងយុគសម័យរបស់ព្រះយេស៊ូវ គ្មាននូវសញ្ញាណ ឬសេចក្តីល្បងលឡើយ។ ដោយសារតែកិច្ចការភាគច្រើនដែលព្រះយេស៊ូវបានធ្វើ ស្របជាមួយសញ្ញាណរបស់មនុស្ស មនុស្សដើរតាមទ្រង់ ហើយពួកគេគ្មានសញ្ញាណអំពីទ្រង់ឡើយ។ សេចក្តីល្បងលនាពេលបច្ចុប្បន្ន គឺជាសេចក្តីល្បងលដ៏ខ្លាំងបំផុតដែលមនុស្សនឹងត្រូវជួប ហើយនៅពេលដែលគេនិយាយថា មនុស្សទាំងនេះបានចេញពីទុក្ខវេទនាដ៏ធំ នេះជាទុក្ខវេទនាដែលគេចង់សំដៅលើការនោះហើយ។ បច្ចុប្បន្ននេះ ព្រះជាម្ចាស់មានបន្ទូល ដើម្បីបង្កើតឱ្យមានសេចក្តីជំនឿ សេចក្តីស្រឡាញ់ ការទទួលយកទុក្ខវេទនា និងការចុះចូលនៅក្នុងមនុស្សទាំងនេះ។ ព្រះបន្ទូលដែលត្រូវបានថ្លែងចេញពីព្រះដែលយកកំណើតជាមនុស្សនៅគ្រាចុងក្រោយ ត្រូវបានថ្លែងមកដោយស្របតាមសារជាតិនៃនិស្ស័យរបស់មនុស្ស ឥរិយាបថរបស់មនុស្ស ហើយនោះជាអ្វីដែលមនុស្សគួរតែចូលទៅក្នុងនាពេលសព្វថ្ងៃ។ ព្រះបន្ទូលរបស់ទ្រង់មានទាំងសាមញ្ញផង និងភាពជាក់ស្ដែងផង៖ ទ្រង់មិនមានបន្ទូលពីថ្ងៃស្អែក ហើយទ្រង់ក៏មិនមើលពីថ្ងៃម្សិលមិញដែរ។ ព្រះអង្គមានបន្ទូលតែអ្វីដែលគួរចូលទៅរក អ្វីដែលគួរអនុវត្ដ និងអ្វីដែលគួរស្វែងយល់នៅថ្ងៃនេះប៉ុណ្ណោះ។ ក្នុងអំឡុងពេលបច្ចុប្បន្ននេះ ប្រសិនបើមានការលេចឡើងនូវមនុស្សម្នាក់ដែលអាចសម្ដែងទីសម្គាល់ និងឫទ្ធិបារមី បណ្ដេញអារក្ស ប្រោសអ្នកជំងឺឱ្យជា និងធ្វើការអស្ចារ្យជាច្រើនផ្សេងទៀត ហើយប្រសិនបើបុគ្គលនោះអះអាងថា ខ្លួនជាព្រះយេស៊ូវដែលបានយាងមក នោះវាជាការក្លែងបន្លំ ដែលពួកវិញ្ញាណអាក្រក់បានធ្វើ ដើម្បីក្លែងខ្លួនជាព្រះយេស៊ូវហើយ។ សូមចងចាំអំពីការនេះ! ព្រះជាម្ចាស់ទ្រង់មិនធ្វើកិច្ចការដដែលម្ដងទៀតឡើយ។ ដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវបានបញ្ចប់ទាំងស្រុងរួចហើយ ហើយព្រះជាម្ចាស់នឹងមិនធ្វើដំណាក់កាលនៃកិច្ចការនោះម្ដងទៀតឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់ខុសស្រឡះពីសញ្ញាណរបស់មនុស្ស។ ឧទាហរណ៍ ព្រះគម្ពីរសញ្ញាចាស់បានថ្លែងទំនាយទស្សន៍ទាយអំពីការយាងមករបស់ព្រះមែស្ស៊ី ហើយលទ្ធផលនៃសេចក្តីទំនាយនេះ គឺជាការយាងមករបស់ព្រះយេស៊ូវ។ ការនេះបានកើតឡើងរួចហើយ ដូច្នេះ វាជារឿងខុសឆ្គងដែលមានព្រះមែស្ស៊ីមួយទៀតបានយាងមកម្ដងទៀត។ ព្រះយេស៊ូវបានយាងមករួចហើយ ហើយវាជារឿងខុសឆ្គង ប្រសិនបើព្រះយេស៊ូវត្រូវយាងមកម្ដងទៀតនាពេលបច្ចុប្បន្ន។ មានព្រះនាមសម្រាប់គ្រប់យុគសម័យ ហើយព្រះនាមនីមួយៗមានផ្ទុកនូវចរិតលក្ខណៈនៃយុគសម័យនោះ។ នៅក្នុងសញ្ញាណរបស់មនុស្ស ព្រះជាម្ចាស់ត្រូវតែសម្ដែងទីសម្គាល់ និងឫទ្ធិបារមីជានិច្ច ទ្រង់ត្រូវតែប្រោសអ្នកជំងឺឱ្យជា និងបណ្ដេញអារក្ស ហើយទ្រង់ត្រូវតែដូចជាព្រះយេស៊ូវជានិច្ច។ ប៉ុន្តែ លើកនេះ ព្រះជាម្ចាស់មិនដូចជាពេលនោះឡើយ។ ក្នុងអំឡុងនៃគ្រាចុងក្រោយ ប្រសិនបើព្រះជាម្ចាស់នៅតែបង្ហាញទីសម្គាល់ និងឫទ្ធិបារមី ហើយនៅតែបណ្ដេញអារក្ស និងប្រោសអ្នកជំងឺឱ្យជា ប្រសិនបើទ្រង់បានធ្វើដូចដែលព្រះយេស៊ូវបានធ្វើ នោះព្រះជាម្ចាស់នឹងធ្វើកិច្ចការដដែលម្ដងទៀតហើយ បើដូច្នេះ កិច្ចការរបស់ព្រះយេស៊ូវនឹងគ្មានតម្លៃ ឬសំខាន់នោះឡើយ។ ដូច្នេះ ព្រះជាម្ចាស់អនុវត្តដំណាក់កាលនៃកិច្ចការមួយនៅគ្រប់យុគសម័យ។ នៅពេលដែលដំណាក់កាលនីមួយៗនៃកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ នោះពួកវិញ្ញាណអាក្រក់នឹងយកតម្រាប់តាមភ្លាមៗមិនខាន ហើយក្រោយពេលអារក្សសាតាំងចាប់ផ្ដើមចម្លងកិច្ចការរបស់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងផ្លាស់ប្ដូរទៅប្រើប្រាស់វិធីសាស្ត្រផ្សេងវិញ។ នៅពេលដែលព្រះជាម្ចាស់បានបញ្ចប់ដំណាក់កាលនៃកិច្ចការរបស់ទ្រង់ ពួកវិញ្ញាណអាក្រក់ក៏ចម្លងតាមកិច្ចការរបស់ទ្រង់។ អ្នករាល់គ្នាត្រូវតែប្រាកដច្បាស់ពីរឿងនេះ។ ហេតុអ្វីបានជាកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ ខុសប្លែកអំពីកិច្ចការរបស់ព្រះយេស៊ូវ? ហេតុអ្វីបានជាព្រះជាម្ចាស់នាពេលសព្វថ្ងៃមិនសម្ដែងទីសម្គាល់ និងឫទ្ធិបារមី មិនបណ្ដេញអារក្ស និងប្រោសអ្នកជំងឺឱ្យជា? ប្រសិនបើកិច្ចការរបស់ព្រះយេស៊ូវជាកិច្ចការដែលបានធ្វើរួចហើយនៅក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ តើទ្រង់អាចតំណាងឱ្យព្រះជាម្ចាស់នៅយុគសម័យនៃព្រះគុណបានដែរឬទេ? តើទ្រង់អាចបញ្ចប់កិច្ចការនៃការជាប់ឆ្កាងបានដែរឬទេ? ដូចនៅក្នុងយុគសម័យនៃក្រឹត្យវិន័យដែរ ប្រសិនបើព្រះយេស៊ូវបានចូលទៅក្នុងព្រះវិហារ និងកាន់តាមថ្ងៃសប្ប័ទ នោះវានឹងគ្មាននរណាម្នាក់បៀតបៀនទ្រង់ ហើយមនុស្សគ្រប់គ្នានឹងស្វាគមន៍ទទួលយកទ្រង់មិនខាន។ បើដូច្នេះ តើទ្រង់អាចត្រូវបានគេឆ្កាងដែរឬទេ? តើទ្រង់អាចបញ្ចប់កិច្ចការប្រោសលោះបានដែរឬទេ? ប្រសិនបើព្រះដែលយកកំណើតជាមនុស្សនៃគ្រាចុងក្រោយ បានបង្ហាញទីសម្គាល់ និងការអស្ចារ្យ ដូចព្រះយេស៊ូវបានធ្វើដែរ តើនោះនឹងបានប្រយោជន៍អ្វីទៅ? លុះត្រាតែព្រះជាម្ចាស់ធ្វើផ្នែកមួយទៀតនៃកិច្ចការរបស់ទ្រង់ ក្នុងអំឡុងនៃគ្រាចុងក្រោយ ជាផ្នែកមួយដែលតំណាងឱ្យផ្នែកនៃផែនការគ្រប់គ្រងរបស់ទ្រង់ ទើបមនុស្សអាចទទួលបានចំណេះដឹងកាន់តែស៊ីជម្រៅអំពីព្រះជាម្ចាស់ ហើយមានតែធ្វើបែបនេះទេ ទើបផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់អាចត្រូវបានបញ្ចប់។

ដកស្រង់ពី «ការដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការយកកំណើតជាមនុស្ស | សម្រង់សម្ដីទី ១៣៨

ព្រះជាម្ចាស់មិនយាងមកផែនដី ដើម្បីធ្វើឱ្យភាពជាមនុស្សសាមញ្ញរបស់ទ្រង់ ទៅជាគ្រប់លក្ខណ៍ឡើយ ហើយទ្រង់ក៏មិនធ្វើកិច្ចការនៃភាពជាមនុស្សសាមញ្ញនោះដែរ។...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់សម្ដីទី ៥៥៥

ការដែលត្រូវបានកែប្រែឲ្យបានគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ មិនអាចកំណត់ត្រឹមភាពគ្រប់លក្ខណ៍ដែលបានមកពីការបរិភោគ...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ សេចក្ដីអាថ៌កំបាំងអំពីព្រះគម្ពីរ | សម្រង់​សម្ដីទី ២៦៨

ប្រសិនបើអ្នកចង់ឃើញកិច្ចការនៃយុគសម័យនៃក្រឹត្យវិន័យ និងចង់ឃើញពីរបៀបដែលសាសន៍អ៊ីស្រាអែលធ្វើតាមផ្លូវរបស់ព្រះយេហូវ៉ា នោះ...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់សម្ដីទី ៣៩១

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...