ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ២៣
19-11-2025
ទោះបីក្នុងការយកកំណើតជាមនុស្សរបស់ទ្រង់ ព្រះយេស៊ូវគ្មានអារម្មណ៍ខាងសាច់ឈាមក៏ដោយ ក៏ទ្រង់តែងតែកម្សាន្តចិត្តសិស្សទ្រង់ ទំនុកបម្រុងពួកគេ ជួយពួកគេ និងគាំទ្រពួកគេជានិច្ចដែរ។ តែមិនថាទ្រង់ធ្វើកិច្ចការច្រើនប៉ុនណា ឬមិនថាទ្រង់រងទុក្ខច្រើនប៉ុនណាទេ ក៏ទ្រង់មិនដែលទាមទារអ្វីឱ្យច្រើនលើសលុបពីមនុស្សដែរ។ ទ្រង់តែងតែមានការអត់ឱន និងការត្រាប្រណីចំពោះអំពើបាបរបស់មនុស្សជានិច្ច។ ហេតុនេះហើយទើបមនុស្សក្នុងយុគសម័យនៃព្រះគុណ ហៅទ្រង់ទាំងស្រឡាញ់ពេញចិត្តថា «ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះជាទីស្រឡាញ់»។ ចំពោះមនុស្សនាសម័យនោះ ក៏ដូចជាមនុស្សទាំងអស់ដែរ កម្មសិទ្ធិនិងលក្ខណៈរបស់ព្រះយេស៊ូវ គឺសេចក្ដីមេត្តាករុណា និងសេចក្ដីសប្បុរស។ ព្រះអង្គមិនដែលនឹកចាំពីអំពើរំលងរបស់មនុស្សឡើយ ហើយការប្រព្រឹត្តដែលទ្រង់មានចំពោះគេ ក៏មិនមែនផ្អែកលើអំពើរំលងរបស់គេដែរ។ ទ្រង់តែងប្រទានអាហារជាច្រើនដល់មនុស្សដើម្បីឱ្យគេបានបរិភោគឆ្អែត ដ្បិតយុគសម័យនោះ គឺជាយុគសម័យមួយដោយឡែក។ ទ្រង់ប្រព្រឹត្តដាក់អ្នកដែលដើរតាមទ្រង់ប្រកបដោយព្រះគុណ ដោយព្យាបាលជំងឺ បណ្ដេញវិញ្ញាណអាក្រក់ ប្រោសមនុស្សស្លាប់ឱ្យរស់ឡើងវិញជាដើម។ ដើម្បីឱ្យមនុស្សជឿទ្រង់ និងមើលឃើញថា កិច្ចការដែលទ្រង់បានធ្វើ គឺសុទ្ធតែធ្វើចេញពីព្រះទ័យស្មោះត្រង់ឥតលាក់លៀម។ ទ្រង់ថែមទាំងបានប្រោសសាកសពស្អុយរលួយឱ្យរស់ឡើងវិញផង ដោយបង្ហាញឱ្យគេឃើញថា នៅក្នុងព្រះហស្តទ្រង់ សូម្បីតែមនុស្សស្លាប់ក៏អាចរស់ឡើងវិញបានដែរ។ ព្រះអង្គបានរងទុក្ខ និងបានបំពេញកិច្ចការនៃការប្រោសលោះយ៉ាងស្ងៀមស្ងាត់នៅក្នុងចំណោមពួកគេ តាមវិធីនេះឯង។ ព្រះយេស៊ូវបានយកអំពើបាបរបស់មនុស្សមកដាក់លើព្រះកាយទ្រង់ និងបានក្លាយជាតង្វាយលោះបាបដើម្បីមនុស្ស ទាំងមុនពេលដែលទ្រង់ត្រូវគេឆ្កាងទៅនឹងឈើឆ្កាងទៅទៀត។ ទ្រង់បានបើកផ្លូវទៅរកឈើឆ្កាង ដើម្បីប្រោសលោះមនុស្សជាតិ តាំងពីមុនពេលដែលទ្រង់ត្រូវគេឆ្កាងម្ល៉េះ។ ទីបំផុត ទ្រង់ក៏ត្រូវគេឆ្កាង ដោយលះបង់រូបអង្គទ្រង់ផ្ទាល់ដើម្បីតែឈើឆ្កាង ហើយទ្រង់បានប្រទានគ្រប់ទាំងសេចក្ដីមេត្តាករុណា សេចក្ដីសប្បុរស និងភាពបរិសុទ្ធរបស់ទ្រង់ទៅដល់មនុស្សជាតិ។ ព្រះអង្គតែងតែត្រាប្រណី មិនចងគំនុំ អត់ទោសបាបឱ្យគេ ទូន្មានគេឱ្យប្រែចិត្ត ព្រមទាំងបង្រៀនគេឱ្យចេះអត់ធ្មត់ ចេះស៊ូទ្រាំ និងចេះស្រឡាញ់ ដើម្បីឱ្យគេដើរតាមស្នាមព្រះបាទារបស់ទ្រង់ ហើយថ្វាយខ្លួនគេដើម្បីឈើឆ្កាង។ សេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះបងប្អូនប្រុសស្រី ច្រើនលើសលុបជាងសេចក្ដីស្រឡាញ់ដែលទ្រង់មានចំពោះនាងម៉ារីទៅទៀត។ កិច្ចការដែលទ្រង់បានយកធ្វើជាគោលការណ៍ដ៏សំខាន់ដូចជាការព្យាបាលជំងឺ និងការបណ្ដេញវិញ្ញាណអាក្រក់ជាដើមនោះ គឺសុទ្ធតែដើម្បីការប្រោសលោះរបស់ទ្រង់។ មិនថាទ្រង់យាងទៅកន្លែងណាទេ ទ្រង់តែងប្រព្រឹត្តដាក់មនុស្សដែលដើរតាមទ្រង់ទាំងអស់ដោយព្រះគុណ។ ទ្រង់ប្រោសឱ្យអ្នកក្រក្លាយជាមាន ប្រោសមនុស្សខ្វិនឱ្យដើរបាន ប្រោសមនុស្សខ្វាក់ឱ្យមើលឃើញ និងប្រោសមនុស្សថ្លង់ឱ្យស្ដាប់ឮ។ ទ្រង់ថែមទាំងបានហៅមនុស្សតូចទាបបំផុត មនុស្សទុរគត មនុស្សមានបាបឱ្យមកអង្គុយនៅរួមតុជាមួយនឹងទ្រង់ផង។ ព្រះអង្គមិនដែលគេចពីពួកគេឡើយ តែទ្រង់តែងអត់ឱនជានិច្ច ថែមទាំងមានបន្ទូលថា៖ កាលណាអ្នកគង្វាលបាត់ចៀម ១ ក្បាលក្នុងចំណោមចៀមមួយរយក្បាល គាត់នឹងទុកចៀម ៩៩ ក្បាលទៀតចោល ដើម្បីតាមរកចៀម ១ ក្បាលដែលបាត់ ហើយនៅពេលដែលគាត់រកវាឃើញ គាត់នឹងអរសប្បាយយ៉ាងក្រៃលែង។ ព្រះអង្គស្រឡាញ់អ្នកដើរតាមទ្រង់ ដូចជាចៀមញីស្រឡាញ់កូនវាដែរ។ ថ្វីបើក្នុងព្រះនេត្រទ្រង់ ពួកគេជាមនុស្សលេលា ល្ងង់ខ្លៅ ជាមនុស្សមានបាប និងជាសមាជិកដ៏តូចទាបបំផុតនៅក្នុងសង្គមក៏ដោយ ក៏ទ្រង់នៅចាត់ទុកមនុស្សមានបាបដែលអ្នកដទៃស្អប់ខ្ពើម ជាកែវព្រះនេត្ររបស់ទ្រង់ដដែល។ ដោយសារទ្រង់សព្វព្រះទ័យនឹងពួកគេ ទើបទ្រង់លះបង់ព្រះជន្មទ្រង់ដើម្បីពួកគេ ដោយធ្វើជាកូនចៀមដែលត្រូវថ្វាយជាយញ្ញបូជានៅលើអាសនា។ ទ្រង់ធ្វើកិច្ចការនៅកណ្ដាលចំណោមពួកគេ ប្រៀបដូចទ្រង់ជាអ្នកបម្រើគេ ទាំងបណ្ដោយឱ្យគេប្រើទ្រង់ និងធ្វើគុតទ្រង់ផង ដោយស្ដាប់បង្គាប់តាមពួកគេដោយឥតលក្ខខណ្ឌ។ ចំពោះអ្នកដើរតាមទ្រង់ ព្រះអង្គគឺជាព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះជាទីស្រឡាញ់ ប៉ុន្តែ ព្រះអង្គមិនបានបង្ហាញសេចក្ដីមេត្តាករុណា និងសេចក្ដីសប្បុរសដល់ពួកផារិស៊ីដែលបង្រៀនមនុស្សពីលើវេទិកាឡើយ ទ្រង់មានតែបង្ហាញការស្អប់ខ្ពើម និងការមិនពេញព្រះទ័យប៉ុណ្ណោះ។ ទ្រង់មិនបានធ្វើកិច្ចការអ្វីច្រើនក្នុងចំណោមពួកផារិស៊ីទេ គ្រាន់តែបង្រៀន និងស្ដីបន្ទោសពួកគេម្ដងម្កាលប៉ុណ្ណោះ។ ទ្រង់មិនបានបំពេញកិច្ចការនៃការប្រោសលោះនៅកណ្ដាលចំណោមពួកគេឡើយ ហើយទ្រង់ក៏មិនបានធ្វើទីសម្គាល់និងការអស្ចារ្យអ្វីដែរ។ ព្រះអង្គបានប្រទានសេចក្ដីមេត្តាករុណា និងសេចក្ដីសប្បុរសរបស់ទ្រង់ដល់អ្នកដែលដើរតាមទ្រង់ ដោយទ្រាំរងទុក្ខលំបាកដើម្បីមនុស្សបាបទាំងអស់នេះរហូតដល់ទីបំផុត ជាពេលដែលទ្រង់ត្រូវគេឆ្កាងទៅនឹងឈើឆ្កាង ព្រមទាំងត្រូវរងការប្រមាថគ្រប់បែបយ៉ាង រហូតដល់ទ្រង់បានប្រោសលោះមនុស្សជាតិទាំងអស់ជាបរិបូរ។ នេះគឺជាសេចក្ដីសរុបរួមនៃកិច្ចការរបស់ព្រះអង្គ។
បើគ្មានការប្រោសលោះរបស់ព្រះយេស៊ូវទេ មនុស្សជាតិច្បាស់ជារស់នៅក្នុងអំពើបាបអស់កល្បជានិច្ច ហើយក្លាយជាពូជពង្សនៃអំពើបាប ជាតំណវង្សរបស់វិញ្ញាណអាក្រក់មិនខាន។ បើនៅតែបន្តបែបនេះទៀត ពិភពលោកទាំងមូលនឹងក្លាយជាទឹកដីដែលសាតាំងរស់នៅ ជាកន្លែងតាំងទីលំនៅរបស់វាមិនខាន។ យ៉ាងណាមិញ កិច្ចការនៃការប្រោសលោះនេះ តម្រូវឱ្យមានការបង្ហាញសេចក្ដីមេត្តាករុណា និងសេចក្ដីសប្បុរសដល់មនុស្ស។ មានតែតាមរយៈមធ្យោបាយនេះទេ ទើបមនុស្សអាចទទួលបានការអត់ទោស ហើយចុងក្រោយមានសិទ្ធិឱ្យព្រះជាម្ចាស់ប្រោសឱ្យបានពេញខ្នាត ហើយត្រូវទ្រង់ទទួលយកទាំងស្រុង។ ប្រសិនគ្មានកិច្ចការក្នុងដំណាក់កាលនេះទេ ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ មុខជាមិនអាចរីកចម្រើនទៅមុខបានឡើយ។ ប្រសិនបើព្រះយេស៊ូវពុំត្រូវបានគេឆ្កាងទេ ប្រសិនបើទ្រង់គ្រាន់តែព្យាបាលជំងឺ និងបណ្ដេញវិញ្ញាណអាក្រក់ចេញ ម្ល៉េះសមមនុស្សមិនអាចទទួលបានការអត់ទោសបាបរបស់គេទាំងស្រុងឡើយ។ ក្នុងរយៈពេលបីឆ្នាំកន្លះដែលព្រះយេស៊ូវបានចំណាយក្នុងការបំពេញកិច្ចការរបស់ទ្រង់នៅលើផែនដី ទ្រង់បានសម្រេចកិច្ចការនៃការប្រោសលោះរបស់ទ្រង់ត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះ។ បន្ទាប់មក តាមរយៈការឱ្យគេឆ្កាងទ្រង់ និងត្រលប់ជាសាច់ឈាមដូចមនុស្សមានបាប និងតាមរយៈការប្រគល់អង្គទ្រង់ទៅឱ្យមេកំណាច ទើបទ្រង់សម្រេចកិច្ចការនៃការសុគតលើឈើឆ្កាង និងបានធ្វើជាម្ចាស់លើវាសនាមនុស្ស។ ទាល់តែពេលដែលទ្រង់ត្រូវបានគេប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់សាតាំងហើយ ទើបទ្រង់បានប្រោសលោះមនុស្សជាតិ។ អស់រយៈពេលសាមសិបបីឆ្នាំកន្លះដែលទ្រង់បានរងទុក្ខនៅលើផែនដី ដោយត្រូវគេចំអក ត្រូវគេមួលបង្កាច់ ហើយត្រូវគេបោះបង់ចោល រហូតដល់ថ្នាក់រកកន្លែងដាក់ព្រះសិរផ្ទំគ្មាន រកកន្លែងសម្រាកគ្មានផង។ ក្រោយមក ទ្រង់ក៏ត្រូវគេឆ្កាងរូបអង្គទ្រង់ទាំងមូល ជារូបអង្គបរិសុទ្ធគ្មានទោស។ ទ្រង់បានរងទុក្ខវេទនាគ្រប់បែបយ៉ាង។ ពួកអ្នកមានអំណាចចំអកដាក់ទ្រង់ ព្រមទាំងវាយទ្រង់នឹងរំពាត់ផង ចំណែកឯពួកទាហានវិញ ថែមទាំងស្ដោះទឹកមាត់ដាក់ទ្រង់ទៀតផង។ ប៉ុន្តែទ្រង់នៅតែមិនស្ដីអ្វី ហើយស៊ូទ្រាំរហូតដល់ទីបញ្ចប់ ចុះចូលឥតលក្ខខណ្ឌរហូតដល់សោយព្រះទិវង្គត ជាពេលដែលទ្រង់បានប្រោសលោះមនុស្សជាតិទាំងមូល។ មកដល់ពេលនោះឯង ទើបទ្រង់ត្រូវបានអនុញ្ញាតឱ្យសម្រាក។ កិច្ចការដែលព្រះយេស៊ូវបានធ្វើ តំណាងត្រឹមតែយុគសម័យនៃព្រះគុណប៉ុណ្ណោះ។ កិច្ចការនេះមិនតំណាងឱ្យយុគសម័យនៃក្រឹត្យវិន័យឡើយ ក៏មិនមែនជាកិច្ចការសម្រាប់ជំនួសឱ្យកិច្ចការនៃគ្រាចុងក្រោយដែរ។ នេះហើយជាសារជាតិនៃកិច្ចការរបស់ព្រះយេស៊ូវនៅក្នុងយុគសម័យនៃព្រះគុណ (យុគសម័យនៃការប្រោសលោះ) ជាយុគសម័យទីពីរដែលមនុស្សបានឆ្លងកាត់។
ដកស្រង់ពី «រឿងពិតពីក្រោយកិច្ចការនាយុគសម័យនៃការប្រោសលោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត