ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ១៦៦

យ៉ូហានបានត្រួសត្រាយផ្លូវសម្រាប់ព្រះយេស៊ូវ ក្នុងយុគសម័យនៃព្រះគុណ។ យ៉ូហានមិនអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់បានទេ ប៉ុន្តែបានត្រឹមតែអាចបំពេញភារកិច្ចរបស់មនុស្សតែប៉ុណ្ណោះ។ ទោះបីយ៉ូហាន គឺជាអ្នកដើរមុនព្រះអម្ចាស់ ក៏គាត់មិនអាចតំណាងឱ្យព្រះជាម្ចាស់បានដែរ។ គាត់គ្រាន់តែជាមនុស្សម្នាក់ដែលត្រូវបានព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់តែប៉ុណ្ណោះ។ បន្ទាប់ពីព្រះយេស៊ូវបានទទួលពិធីជ្រមុជទឹករួច ព្រះវិញ្ញាណបរិសុទ្ធក៏បានយាងចុះមកសណ្ឋិតលើទ្រង់ ក្នុងសណ្ឋានដូចជាសត្វព្រាប។ បន្ទាប់មក ទ្រង់ក៏បានចាប់ផ្ដើមកិច្ចការរបស់ទ្រង់ គឺទ្រង់បានចាប់ផ្ដើមបំពេញព័ន្ធកិច្ចរបស់ព្រះគ្រីស្ទ។ នោះហើយជាហេតុផលដែលព្រះអង្គចាប់ផ្ដើមមានអត្តសញ្ញាណជាព្រះជាម្ចាស់ ដ្បិតទ្រង់យាងមកពីព្រះជាម្ចាស់។ ទោះបីកាលពីមុន សេចក្ដីជំនឿរបស់ទ្រង់មានលក្ខណៈបែបណាក៏ដោយ អាចថា ពេលខ្លះខ្សោយ ឬពេលខ្លះរឹងមាំ ក៏សេចក្ដីជំនឿទាំងអស់នោះ សុទ្ធតែជាកម្មសិទ្ធិនៃជីវិតដែលទ្រង់ជាមនុស្សធម្មតា មុនពេលទ្រង់បំពេញព័ន្ធកិច្ចរបស់ទ្រង់។ បន្ទាប់ពីទ្រង់បានទទួលពិធីជ្រមុជទឹក (គឺបន្ទាប់ពីត្រូវបានចាក់ប្រេងតាំង) ព្រះចេស្ដា និងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ក៏មកសណ្ឋិតនឹងទ្រង់ភ្លាម ហើយព្រះអង្គក៏បានចាប់ផ្ដើមបំពេញព័ន្ធកិច្ចរបស់ទ្រង់ដែរ។ ព្រះអង្គអាចធ្វើទីសម្គាល់ និងការអស្ចារ្យ ទាំងសម្ដែងឫទ្ធិបារមីនានា ហើយទ្រង់មានទាំងព្រះចេស្ដា និងសិទ្ធិអំណាច ដ្បិតទ្រង់កំពុងធ្វើការជំនួសមុខឱ្យព្រះជាម្ចាស់ដោយផ្ទាល់។ ព្រះអង្គកំពុងធ្វើកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធជំនួសទ្រង់ ព្រមទាំងបញ្ចេញព្រះសូរសៀងរបស់ព្រះវិញ្ញាណផង។ ដូច្នេះ ព្រះអង្គគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ នេះគឺជារឿងដែលមិនអាចប្រកែកបាន។ យ៉ូហាន គឺជាមនុស្សម្នាក់ដែលព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់។ គាត់មិនអាចតំណាងឱ្យព្រះជាម្ចាស់បានទេ ហើយការតំណាងឱ្យព្រះជាម្ចាស់ ក៏ជារឿងដែលមិនអាចទៅរួចសម្រាប់គាត់ដែរ។ ប្រសិនបើគាត់ចង់ធ្វើបែបនេះ ព្រះវិញ្ញាណបរិសុទ្ធ ក៏មុខជាមិនអនុញ្ញាតដែរ ដ្បិតគាត់មិនអាចធ្វើកិច្ចការដែលព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ចង់សម្រេចបាននោះដែរ។ ប្រហែលជានៅក្នុងគាត់ មាននូវឆន្ទះរបស់មនុស្សច្រើនពេក ឬមានអ្វីម្យ៉ាងដែលខុសឆ្គង។ ក្នុងកាលៈទេសៈណាក៏ដោយ ក៏គាត់មិនអាចតំណាងឱ្យព្រះជាម្ចាស់ដោយផ្ទាល់បានដែរ។ កំហុស និងភាពឆ្គាំឆ្គងរបស់គាត់ តំណាងឱ្យតែខ្លួនគាត់ផ្ទាល់ប៉ុណ្ណោះ តែកិច្ចការរបស់គាត់គឺជាតំណាងឱ្យព្រះវិញ្ញាណបរិសុទ្ធ។ ដោយឡែក អ្នកមិនអាចនិយាយថា ជីវិតរបស់គាត់ទាំងមូល តំណាងឱ្យព្រះជាម្ចាស់នោះទេ។ តើគំនិតខុសឆ្គងរបស់គាត់ អាចបង្ហាញពីព្រះជាម្ចាស់បានដែរឬទេ? វាជារឿងធម្មតាទេ ប្រសិនបើមនុស្សត្រូវបានបង្ហាញក្នុងផ្លូវខុស ប៉ុន្តែប្រសិនបើព្រះជាម្ចាស់ត្រូវបានបង្ហាញក្នុងផ្លូវខុស តើនោះមិននាំឲ្យព្រះជាម្ចាស់អាម៉ាស់ទេឬអី? តើនោះមិនមែនជាការប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? ព្រះវិញ្ញាណបរិសុទ្ធមិនអនុញ្ញាតឱ្យមនុស្សជំនួសតំណែងរបស់ព្រះជាម្ចាស់ ដោយធ្វេសប្រហែសឡើយ បើទោះបីគេត្រូវបានអ្នកដទៃលើកសរសើរក៏ដោយ។ ប្រសិនបើគេពុំមែនជាព្រះជាម្ចាស់ គេមុខជាមិនអាចឈរមាំនៅទីបញ្ចប់ឡើយ។ ព្រះវិញ្ញាណបរិសុទ្ធមិនអនុញ្ញាតឱ្យមនុស្សតំណាងឱ្យព្រះជាម្ចាស់ ស្រេចតែមនុស្សចង់ធ្វើនោះឡើយ! ឧទាហរណ៍ គឺព្រះវិញ្ញាណបរិសុទ្ធហើយដែលបានធ្វើបន្ទាល់ពីយ៉ូហាន ហើយព្រះវិញ្ញាណក៏ជាអ្នកបើកសម្ដែងថា គាត់គឺជាមនុស្សម្នាក់ដែលត្រួសត្រាយផ្លូវថ្វាយព្រះយេស៊ូវ ប៉ុន្តែកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធធ្វើចំពោះគាត់ ត្រូវបានវាស់ស្ទង់យ៉ាងច្បាស់លាស់។ អស់ទាំងសេចក្ដីដែលត្រូវបានបង្គាប់ពីយ៉ូហាន គឺឱ្យគាត់ធ្វើជាអ្នកត្រួសត្រាយផ្លូវសម្រាប់ព្រះយេស៊ូវ គឺដើម្បីរៀបចំផ្លូវថ្វាយទ្រង់។ មានន័យថា ព្រះវិញ្ញាណបរិសុទ្ធរក្សាតែកិច្ចការរបស់គាត់ ក្នុងការត្រួសត្រាយផ្លូវ និងអនុញ្ញាតឱ្យគាត់ធ្វើតែកិច្ចការនេះប៉ុណ្ណោះ គឺគាត់មិនត្រូវបានអនុញ្ញាតឱ្យធ្វើកិច្ចការផ្សេងពីនេះឡើយ។ យ៉ូហានតំណាងឱ្យអេលីយ៉ា ហើយគាត់តំណាងឱ្យហោរាម្នាក់ដែលត្រួសត្រាយផ្លូវ។ ព្រះវិញ្ញាណបរិសុទ្ធបានរក្សាគាត់ទុកក្នុងរឿងនេះ ដរាបណាកិច្ចការរបស់គាត់ គឺជាការត្រួសត្រាយផ្លូវ នោះព្រះវិញ្ញាណបរិសុទ្ធនឹងរក្សាគាត់រហូត។ យ៉ាងណាមិញ ប្រសិនបើគាត់អះអាងថា គាត់ជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយនិយាយថា គាត់មកនេះដើម្បីបង្ហើយកិច្ចការនៃការប្រោសលោះ នោះព្រះវិញ្ញាណបរិសុទ្ធមុខជាត្រូវដាក់វិន័យគាត់មិនខាន។ ទោះបីកិច្ចការរបស់យ៉ូហានអស្ចារ្យយ៉ាងណា ហើយទោះបីជាកិច្ចការរបស់គាត់ត្រូវបានព្រះវិញ្ញាណបរិសុទ្ធរក្សាទុក ក៏កិច្ចការនោះពុំមែនជាកិច្ចការដែលគ្មានព្រំដែនកំណត់នោះដែរ។ ដោយសំអាងថា ព្រះវិញ្ញាណបរិសុទ្ធពិតជារក្សាកិច្ចការរបស់គាត់មែន ក៏អំណាចដែលត្រូវបានប្រទានឱ្យគាត់នៅពេលនោះ គឺកំណត់ត្រឹមតែការត្រួសត្រាយផ្លូវរបស់គាត់ប៉ុណ្ណោះ។ គាត់មិនអាចធ្វើកិច្ចការណាផ្សេងទាល់តែសោះ ដ្បិតគាត់គ្រាន់តែជាយ៉ូហាន ដែលត្រួសត្រាយផ្លូវតែប៉ុណ្ណោះ គឺពុំមែនជាព្រះយេស៊ូវទេ។ ដូច្នេះ ទីបន្ទាល់ព្រះវិញ្ញាណបរិសុទ្ធ គឺជាគន្លឹះសំខាន់ ប៉ុន្តែកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធអនុញ្ញាតឱ្យមនុស្សធ្វើ គឺរឹតតែសំខាន់ជាងទៅទៀត។ តើយ៉ូហានមិនបានទទួលនូវសក្ខីភាពដ៏ល្បីរន្ទឺនៅពេលនោះទេឬអី? តើកិច្ចការរបស់គាត់ មិនអស្ចារ្យដែរទេឬអី? ប៉ុន្តែ កិច្ចការដែលគាត់បានធ្វើ មិនអាចលើសកិច្ចការរបស់ព្រះយេស៊ូវឡើយ ដ្បិតគាត់គ្រាន់តែជាមនុស្សម្នាក់ដែលព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់ និងមិនអាចតំណាងឱ្យព្រះជាម្ចាស់ដោយផ្ទាល់បានឡើយ ដូច្នេះហើយ កិច្ចការដែលគាត់បានធ្វើក៏មានកម្រិត។ បន្ទាប់ពីគាត់បានបញ្ចប់កិច្ចការត្រួសត្រាយផ្លូវរួចហើយ ព្រះវិញ្ញាណបរិសុទ្ធលែងរក្សាទីបន្ទាល់របស់គាត់ទៀតហើយ ក្រោយមកទៀត គាត់ក៏គ្មានកិច្ចការអ្វីថ្មីដែរ ហើយគាត់បានចាកចេញទៅ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ បានចាប់ផ្ដើម។

មានមនុស្សខ្លះត្រូវវិញ្ញាណអាក្រក់សណ្ឋិត ហើយស្រែកយ៉ាងកងរំពងថា «ខ្ញុំគឺជាព្រះជាម្ចាស់!» ប៉ុន្តែនៅទីបញ្ចប់ ពួកគេក៏ត្រូវបានបើកបង្ហាញ ដ្បិតពួកគេខុសពីអ្វីដែលគេតំណាង។ ពួកគេតំណាងឱ្យមារសាតាំង ហើយព្រះវិញ្ញាណបរិសុទ្ធមិនយកព្រះទ័យទុកដាក់នឹងពួកគេទេ។ ទោះបីអ្នកលើកតម្កើងខ្លួនឯងខ្ពស់យ៉ាងណា ឬទោះបីអ្នកស្រែកខ្លាំងយ៉ាងណា ក៏អ្នកនៅតែជាមនុស្ស ហើយជាមនុស្សដែលជាកម្មសិទ្ធិរបស់សាតាំងផង។ ខ្ញុំមិនដែលស្រែកថា «ខ្ញុំគឺជាព្រះជាម្ចាស់ ខ្ញុំគឺជាព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះជាម្ចាស់!» ឡើយ ប៉ុន្តែកិច្ចការដែលខ្ញុំធ្វើ គឺជាកិច្ចការរបស់ព្រះជាម្ចាស់។ តើខ្ញុំចាំបាច់អីត្រូវស្រែកដែរឬទេ? មិនចាំបាច់មានការលើកតម្កើងទេ។ ព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ផ្ទាល់ដោយអង្គទ្រង់ ហើយមិនត្រូវការឱ្យមនុស្សថ្វាយឋានៈដល់ទ្រង់ ឬថ្វាយគោរមងារជាកិត្តិយសដល់ទ្រង់ឡើយ៖ កិច្ចការរបស់ទ្រង់បង្ហាញឱ្យឃើញពីអត្តសញ្ញាណ និងឋានៈរបស់ទ្រង់។ មុនពេលព្រះយេស៊ូវធ្វើពិធីជ្រមុជទឹក តើព្រះអង្គមិនមែនជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេឬអី? តើព្រះអង្គមិនមែនជាសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ទេឬអី? ប្រាកដណាស់ មិនអាចនិយាយបានថា ទាល់តែក្រោយពេលដែលទ្រង់បានទទួលសក្ខីភាព ទើបទ្រង់បានក្លាយជាព្រះរាជបុត្រាតែមួយរបស់ព្រះជាម្ចាស់នោះឡើយ មែនទេ? មុនពេលដែលព្រះអង្គបានចាប់ផ្ដើមកិច្ចការរបស់ព្រះអង្គជាយូរមកហើយនោះ តើពុំមានមនុស្សម្នាក់ ដែលមានឈ្មោះថា យេស៊ូវ ស្រេចទៅហើយទេឬអី? អ្នកមិនអាចនាំមកនូវផ្លូវថ្មី ឬបង្ហាញឱ្យឃើញព្រះវិញ្ញាណបានឡើយ។ អ្នកមិនអាចបង្ហាញពីកិច្ចការរបស់ព្រះវិញ្ញាណ ឬព្រះបន្ទូលដែលទ្រង់ថ្លែងបានឡើយ។ អ្នកមិនអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់បានឡើយ ហើយអ្នកក៏មិនអាចធ្វើកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ។ ព្រះប្រាជ្ញាញាណ ការអស្ចារ្យ និងភាពយល់មិនបានរបស់ព្រះជាម្ចាស់ ព្រមទាំងនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់ ដែលទ្រង់ប្រើមកវាយផ្ចាលមនុស្ស ទាំងអស់នេះសុទ្ធតែលើសពីសមត្ថភាពដែលអ្នកអាចបង្ហាញឱ្យឃើញបាន។ ដូច្នេះ ការព្យាយាមអះអាងខ្លួនឯងជាព្រះជាម្ចាស់ គឺមុខជាឥតប្រយោជន៍ទទេ។ អ្នកមានតែត្រឹមឈ្មោះ ហើយចំណែកឯលក្ខណៈវិញ គឺគ្មានសោះ។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានយាងមកហើយ ប៉ុន្តែគ្មាននរណាម្នាក់ទទួលស្គាល់ព្រះអង្គឡើយ ដោយឡែក ទ្រង់បន្តធ្វើកិច្ចការរបស់ព្រះអង្គ ហើយធ្វើកិច្ចការនោះក្នុងការសម្ដែងឱ្យឃើញពីព្រះវិញ្ញាណបរិសុទ្ធ។ ទោះបីជាអ្នកហៅទ្រង់ថា មនុស្ស ឬព្រះជាម្ចាស់ ព្រះអម្ចាស់ ឬព្រះគ្រីស្ទ ឬហៅទ្រង់ថា បងស្រី ក៏គ្មានបញ្ហាអ្វីដែរ។ ប៉ុន្តែ កិច្ចការដែលទ្រង់ធ្វើ គឺជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងតំណាងឱ្យកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ទ្រង់មិនខ្វល់ពីឈ្មោះដែលមនុស្សហៅទ្រង់នោះឡើយ។ តើឈ្មោះនោះអាចកំណត់កិច្ចការរបស់ទ្រង់ដែរឬទេ? ទោះបីជាអ្នកហៅទ្រង់តាមព្រះនាមអ្វីក៏ដោយ តាមព្រះតម្រិះព្រះជាម្ចាស់ ទ្រង់នៅតែជាសាច់ឈាមជាមនុស្សនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដដែល។ ប្រសិនបើអ្នកមិនអាចរៀបចំផ្លូវ សម្រាប់យុគសម័យថ្មីមួយ ឬមិនអាចបញ្ចប់យុគសម័យចាស់ ឬមិនអាចចាប់ផ្ដើមយុគសម័យថ្មីមួយ ឬមិនអាចធ្វើកិច្ចការថ្មី នោះអ្នកមិនអាចឱ្យគេហៅថាជាព្រះជាម្ចាស់បានឡើយ!

ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលេចមកនិងកិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ៧៥

តើអ្នករាល់គ្នាចង់ដឹងអំពីឫសគល់នៃមូលហេតុ ដែលពួកផារិស៊ីប្រឆាំងទាស់ជាមួយព្រះយេស៊ូវដែរឬទេ? តើអ្នករាល់គ្នាចង់ដឹងពីសារជាតិរបស់ពួកផារិស៊ីទេ?...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ២២១

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ នឹងផ្សាយទៅក្នុងចំណោមផ្ទះជាច្រើនរាប់មិនអស់ ព្រះបន្ទូលនឹងត្រូវអ្នករាល់គ្នាដឹង ដល់ពេលនោះ...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ៤០

រៀងរាល់ពេលដែលព្រះជាម្ចាស់យាងមកកាន់ផែនដី ទ្រង់ផ្លាស់ប្ដូរព្រះនាមរបស់ទ្រង់ ផ្លាស់ប្ដូរភេទរបស់ទ្រង់ ផ្លាស់ប្ដូររូបអង្គរបស់ទ្រង់...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ៣៤

សេចក្ដីសន្យារបស់ព្រះជាម្ចាស់ចំពោះលោកអ័ប្រាហាំ លោកុប្បត្តិ ២២:១៦-១៨ ព្រះយេហូវ៉ាមានបន្ទូលថា ខ្ញុំបានស្បថដោយនាមរបស់ខ្ញុំហើយថា...