ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១០១

01-05-2021

តើសិទ្ធិអំណាចរបស់ព្រះជាម្ចាស់តំណាងឲ្យអ្វី? តើវាតំណាងឲ្យអត្តសញ្ញាណរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គឬ? តើវាតំណាងឲ្យអំណាចរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គឬ? តើវាតំណាងឲ្យឋានៈតែមួយគត់របស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គឬ? នៅក្នុងចំណោមរបស់សព្វសារពើ តើអ្នកបានឃើញសិទ្ធិអំណាចរបស់ព្រះជាម្ចាស់នៅក្នុងអ្វី? តើអ្នកឃើញវាដោយរបៀបណា? ពាក់ព័ន្ធនឹងរដូវទាំងបួនដែលមនុស្សធ្លាប់មានបទពិសោធន៍ តើមាននរណាម្នាក់អាចផ្លាស់ប្តូរច្បាប់នៃការផ្លាស់វេនគ្នារវាងរដូវផ្ការីក រដូវក្តៅ រដូវស្លឹកឈើជ្រុះ និងរដូវរងារបានទេ? នៅក្នុងរដូវផ្ការីក ដើមឈើចេញផ្កា ហើយរីក។ នៅក្នុងរដូវក្តៅ ពួកវាគ្របដណ្តប់ទៅដោយស្លឹក។ នៅក្នុងរដូវស្លឹកឈើជ្រុះ ពួកវាមានផ្លែ ហើយនៅក្នុងរដូវរងារ ស្លឹកឈើជ្រុះ។ តើមាននរណាម្នាក់អាចកែប្រែច្បាប់នេះបានទេ? តើនេះមិនឆ្លុះបញ្ចាំងពីទិដ្ឋភាពមួយនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ទេឬ? ព្រះជាម្ចាស់ទ្រង់មានព្រះបន្ទូលថា «ចូរឲ្យមានពន្លឺ» នោះពន្លឺក៏កើតឡើង។ តើពន្លឺនេះនៅតែស្ថិតនៅឬទេ? តើមូលហេតុអ្វីទើបវាស្ថិតនៅ? ពិតណាស់ វាស្ថិតនៅដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដោយសារតែសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ តើខ្យល់ដែលព្រះជាម្ចាស់បានបង្កើតនៅតែស្ថិតនៅឬទេ? តើខ្យល់ដែលមនុស្សដកដង្ហើមមកពីព្រះជាម្ចាស់មែនទេ? តើមាននរណាម្នាក់អាចយកអ្វីៗដែលមកពីព្រះជាម្ចាស់ចេញបានទេ? តើមាននរណាម្នាក់អាចកែប្រែលក្ខណៈសំខាន់ និងតួនាទីរបស់ពួកគេបានទេ? តើនរណាម្នាក់អាចធ្វើឲ្យរំខានដល់យប់ និងថ្ងៃដែលព្រះជាម្ចាស់បែងចែកឲ្យ និងធ្វើឲ្យរំខានដល់ច្បាប់នៃពេលយប់ និងពេលថ្ងៃ ដែលព្រះជាម្ចាស់បានបញ្ជាឬទេ? តើសាតាំងធ្វើរឿងបែបនេះបានទេ? ទោះបីជាអ្នកមិនគេងពេលយប់ ហើយយកយប់ធ្វើជាថ្ងៃក៏ដោយ ក៏វានៅតែជាពេលយប់ដដែល។ អ្នកអាចផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃរបស់អ្នកបាន ប៉ុន្តែអ្នកមិនអាចផ្លាស់ប្តូរច្បាប់នៃការប្តូរវេនរវាងយប់ និងថ្ងៃបានទេ។ ការពិតនេះ គឺមិនកែប្រែបានដោយមនុស្សណាម្នាក់នោះឡើយ តើមិនអ៊ីចឹងទេឬ? តើមាននរណាម្នាក់អាចធ្វើឲ្យសត្វតោភ្ជួរដីដូចសត្វគោបានទេ? តើមាននរណាម្នាក់អាចប្តូរឲ្យសត្វដំរីក្លាយជាសត្វលាបានទេ? តើមាននរណាម្នាក់អាចធ្វើឲ្យសត្វមាន់ហោះហើរនៅលើអាកាសដូចសត្វឥន្ទ្រីបានទេ? តើមាននរណាម្នាក់អាចធ្វើឲ្យសត្វចចកស៊ីស្មៅដូចជាសត្វចៀមបានទេ? (ទេ)។ តើមាននរណាម្នាក់អាចធ្វើឲ្យមច្ឆានៅក្នុងទឹករស់នៅលើដីគោកបានទេ? មនុស្សមិនអាចធ្វើរឿងទាំងនោះបានទេ។ ហេតុអ្វីមិនបាន? គឺដោយសារតែព្រះជាម្ចាស់បានបញ្ជាមច្ឆាឲ្យរស់នៅក្នុងទឹក ដូច្នេះពួកវាក៏រស់នៅក្នុងទឹក។ នៅលើដី ពួកវាមិនអាចរស់បានទេ ហើយពួកវានឹងស្លាប់។ ពួកវាមិនអាចបំពានដែនកំណត់នៃការបញ្ជារបស់ព្រះជាម្ចាស់បានទេ។ របស់សព្វសារពើមានច្បាប់ និងដែនកំណត់ចំពោះអត្ថិភាពរបស់ពួកវា ហើយពួកវានីមួយៗមានសភាវគតិផ្ទាល់ខ្លួនរបស់ពួកវា។ ទាំងអស់ត្រូវបានគ្រប់គ្រង់ដោយព្រះអាទិករ ហើយគ្មានមនុស្សណាអាចកែប្រែ និងធ្វើឲ្យហួសនេះបានទេ។ ឧទាហរណ៍ សត្វតោនឹងតែងតែរស់នៅក្នុងព្រៃ ដោយនៅឆ្ងាយពីសហគមន៍របស់មនុស្ស ហើយនឹងមិនដែលស្លូត និងស្មោះត្រង់ដូចសត្វគោដែលរស់នៅជាមួយមនុស្ស និងធ្វើការសម្រាប់មនុស្សនោះទេ។ ទោះបីជាសត្វដំរី និងសត្វលា ទាំងពីរនេះគឺជាសត្វ ទាំងពីរនេះមានជើងបួន និងជាសត្តនិករដែលដកដង្ហើមដូចគ្នាក៏ដោយ ក៏ពួកវាមានពូជខុសគ្នាដែរ ព្រោះពួកវាត្រូវបានព្រះជាម្ចាស់ញែកទៅក្នុងប្រភេទខុសគ្នា។ ពួកវានីមួយៗមានសភាវគតិផ្ទាល់ខ្លួនរបស់ពួកវា ហេតុដូច្នេះ ពួកវានឹងមិនអាចដោះដូរគ្នាបានឡើយ។ ទោះបីជាសត្វមាន់មានជើងពីរ និងស្លាបពីរដូចជាសត្វឥន្ទ្រីក៏ដោយ ក៏វាមិនអាចហើរនៅលើអាកាសបានដែរ។ យ៉ាងច្រើនណាស់ វាអាចត្រឹមតែហើរទៅលើដើមឈើប៉ុណ្ណោះ ដែលនេះត្រូវបានកំណត់ដោយសភាវគតិរបស់វា។ ពិតណាស់ ទាំងអស់នេះគឺដោយសារតែការបញ្ជានៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។

នៅក្នុងការអភិវឌ្ឍន៍របស់មនុស្សជាតិសព្វថ្ងៃនេះ វិទ្យាសាស្ត្ររបស់មនុស្សជាតិអាចនិយាយបានថា កំពុងតែរីកចម្រើនលូតលាស់ ហើយសមិទ្ធផលនៃការរុករកបែបវិទ្យាសាស្ត្ររបស់មនុស្ស អាចពណ៌នាបានថា គួរឲ្យចាប់អារម្មណ៍។ វាត្រូវតែត្រូវបាននិយាយថា សមត្ថភាពរបស់មនុស្សកំពុងតែរីកចម្រើនកាន់តែប្រសើរឡើង ប៉ុន្តែមានការរកឃើញបែបវិទ្យាសាស្ត្រមួយដែលមនុស្សជាតិមិនអាចធ្វើបាន៖ មនុស្សជាតិបានផលិតយន្តហោះ នាវាផ្ទុកយន្តហោះ គ្រាប់បែកនុយក្លេអ៊ែរ មនុស្សជាតិបានទៅដល់ឋានអវកាស បានដើរនៅលើភពព្រះចន្ទ និងបានបង្កើតអ៊ិនធឺណែត ហើយបានរស់នៅក្នុងរបៀបរស់នៅបែបបច្ចេកវិទ្យាទាន់សម័យ ប៉ុន្តែមនុស្សជាតិមិនអាចបង្កើតវត្ថុដែលអាចដកដង្ហើម និងវត្ថុមានជីវិតបានទេ។ សភាវគតិរបស់សត្តនិករមានជីវិតនីមួយៗ និងច្បាប់ដែលពួកវារស់នៅ ព្រមទាំងវដ្ដនៃជីវិត និងសេចក្តីស្លាប់របស់វត្ថុមានជីវិតនីមួយៗ ទាំងអស់នេះគឺហួសពីអំណាចនៃវិទ្យាសាស្ត្ររបស់មនុស្សជាតិ ហើយមនុស្សជាតិមិនអាចគ្រប់គ្រងបានទេ។ នៅត្រង់ចំណុចនេះ ត្រូវនិយាយថា មិនថាវិទ្យាសាស្ត្ររបស់មនុស្សឈានដល់កម្រិតខ្ពស់អស្ចារ្យប៉ុនណានោះទេ គឺវាមិនអាចប្រៀបធៀបជាមួយព្រះតម្រិះណាមួយរបស់ព្រះអាទិករបានឡើយ ហើយវាក៏មិនអាចយល់ពីភាពអស្ចារ្យនៃការបង្កើតរបស់ព្រះជាម្ចាស់ និងសព្វានុភាពនៃសិទ្ធិអំណាចរបស់ទ្រង់បានដែរ។ មានមហាសមុទ្រជាច្រើននៅលើផែនដី ប៉ុន្តែពួកវាមិនដែលបំពានដែនកំណត់របស់ពួកវា ហើយមកនៅលើដីតាមអំពើចិត្តនោះឡើយ ហើយនោះគឺដោយសារតែព្រះជាម្ចាស់ដែលបានកំណត់ព្រំដែនសម្រាប់ពួកវានីមួយៗ។ ពួកវាបានស្នាក់នៅទីកន្លែងដែលទ្រង់បានបញ្ជាពួកវាឲ្យនៅ ហើយបើគ្មានការអនុញ្ញាតរបស់ព្រះជាម្ចាស់នោះទេ ពួកវាមិនអាចផ្លាស់ទីដោយសេរីបានឡើយ។ បើគ្មានការអនុញ្ញាតរបស់ព្រះជាម្ចាស់ ពួកវាមិនអាចប៉ះពាល់គ្នាបានទេ ហើយពួកវាអាចត្រឹមតែផ្លាស់ទីនៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូលឲ្យផ្លាស់ទីប៉ុណ្ណោះ ហើយទីកន្លែងដែលពួកវាទៅ និងស្នាក់នៅត្រូវបានកំណត់ដោយសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។

និយាយឲ្យសាមញ្ញទៅ «សិទ្ធិអំណាចរបស់ព្រះជាម្ចាស់» មានន័យថា គឺអាស្រ័យលើព្រះជាម្ចាស់។ ព្រះជាម្ចាស់មានសិទ្ធិក្នុងការសម្រេចព្រះទ័យអំពីវិធីដើម្បីធ្វើអ្វីមួយ ហើយវានឹងសម្រេចបានទៅតាមវិធីណាមួយដែលទ្រង់សព្វព្រះហឫទ័យ។ ច្បាប់នៃរបស់សព្វសារពើគឺអាស្រ័យលើព្រះជាម្ចាស់ ហើយមិនអាស្រ័យលើមនុស្សនោះទេ។ មនុស្សក៏មិនអាចកែប្រែច្បាប់នេះបានដែរ។ វាមិនត្រូវបានផ្លាស់ទីដោយបំណងរបស់មនុស្សនោះទេ ផ្ទុយទៅវិញវាត្រូវបានផ្លាស់ប្តូរដោយព្រះតម្រិះរបស់ព្រះជាម្ចាស់ ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ និងបទបញ្ជារបស់ព្រះជាម្ចាស់។ នេះគឺជាការពិតដែលមនុស្សមិនអាចបដិសេធបាន។ ស្ថានសួគ៌ និងផែនដី ព្រមទាំងរបស់សព្វសារពើ សាកលលោក ផ្ទៃមេឃដែលពេញដោយផ្កាយ រដូវទាំងបួនរបស់ឆ្នាំដែលមនុស្សមើលឃើញ និងមើលមិនឃើញ គឺទាំងអស់នេះសុទ្ធតែស្ថិតនៅ បំពេញតួនាទី និងផ្លាស់ប្តូរដោយគ្មានការខុសឆ្គងសូម្បីតែបន្តិច នៅក្រោមសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ទៅតាមការបញ្ជារបស់ព្រះជាម្ចាស់ ទៅតាមបទបញ្ជារបស់ព្រះជាម្ចាស់ និងទៅតាមច្បាប់នៃការចាប់ផ្តើមការបង្កើត។ គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចផ្លាស់ប្តូរច្បាប់របស់ពួកវា ឬផ្លាស់ប្តូរមាគ៌ាដែលមានពីកំណើត ដែលពួកវាបំពេញតួនាទីឡើយ។ ពួកវាក្លាយជាភាវៈដោយសារសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយស្លាប់ទៅវិញដោយសារតែសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ នេះគឺជាសិទ្ធិអំណាចតែមួយគត់របស់ព្រះជាម្ចាស់។ ពេលនេះ យើងបាននិយាយអំពីបញ្ហានេះច្រើនហើយ តើអ្នកមានអារម្មណ៍ថា សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ គឺជានិមិត្តសញ្ញានៃអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់ឬទេ? តើភាវៈត្រូវបានបង្កើត និងភាវៈមិនត្រូវបានបង្កើតអាចមានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ឬទេ? តើមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចយកតម្រាប់តាម ដើរតួជាតំណាង ឬជំនួសសិទ្ធិអំណាចរបស់ព្រះជាម្ចាស់បានទេ?

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល