និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)
លើកដំបូងដែលព្រះជាម្ចាស់បានយកកំណើតជាមនុស្ស គឺតាមរយៈការចាប់កំណើតដោយព្រះវិញ្ញាណបរិសុទ្ធ ហើយរឿងនេះគឺមានជាប់ពាក់ព័ន្ធទៅនឹងកិច្ចការដែលទ្រង់មានសព្វព្រះហឫទ័យចង់ធ្វើ។ យុគសម័យនៃព្រះគុណ បានចាប់ផ្ដើមដោយព្រះនាមរបស់ព្រះយេស៊ូវ។ នៅពេលព្រះយេស៊ូវបានចាប់ផ្ដើមបំពេញព័ន្ធកិច្ចរបស់ទ្រង់ ព្រះវិញ្ញាណបរិសុទ្ធបានចាប់ផ្ដើមធ្វើទីបន្ទាល់អំពីព្រះនាមរបស់ព្រះយេស៊ូវ ហើយព្រះនាមរបស់ព្រះយេហូវ៉ា លែងត្រូវបានគេនិយាយទៀតហើយ។ ផ្ទុយទៅវិញ ព្រះវិញ្ញាណបរិសុទ្ធបានបំពេញនូវកិច្ចការថ្មីនេះ ដែលជាគោលការណ៍ក្រោមព្រះនាមព្រះយេស៊ូវ។ ការធ្វើទីបន្ទាល់របស់អ្នកដែលបានជឿលើទ្រង់ កើតចេញពីព្រះយេស៊ូវគ្រីស្ទ ហើយកិច្ចការដែលពួកគេបានធ្វើ ក៏ដើម្បីព្រះយេស៊ូវគ្រីស្ទដែរ។ ការបិទបញ្ចប់យុគសម័យនៃក្រឹត្យវិន័យនៅក្នុងព្រះគម្ពីរសញ្ញាចាស់ មានន័យថាកិច្ចការដែលធ្វើឡើងជាគោលការណ៍ក្រោមព្រះនាមរបស់ព្រះយេហូវ៉ា បានមកដល់ទីបញ្ចប់ហើយ។ ហេតុដូច្នេះ ព្រះនាមរបស់ព្រះជាម្ចាស់ លែងហៅថាជា ព្រះយេហូវ៉ាទៀតហើយ។ ផ្ទុយទៅវិញ ទ្រង់ត្រូវបានហៅថា ព្រះយេស៊ូវ ហើយចាប់ពីចំណុចនេះតទៅ ព្រះវិញ្ញាណបរិសុទ្ធបានចាប់ផ្ដើមកិច្ចការជាគោលការណ៍នៅក្រោមព្រះនាមព្រះយេស៊ូវ។ ដូច្នេះ មនុស្សនៅតែហូប និងផឹកព្រះបន្ទូលរបស់ព្រះយេហូវ៉ាដដែលនាពេលសព្វថ្ងៃនេះ ហើយនៅតែធ្វើគ្រប់យ៉ាងទៅតាមកិច្ចការនៃយុគសម័យនៃក្រឹត្យវិន័យដដែល តើអ្នកមិនមែនកំពុងអនុវត្តតាមក្រឹត្យវិន័យទាំងងងឹតងងល់ទេឬអី? តើអ្នកមិនមែនកំពុងជាប់គាំងនៅក្នុងអតីតកាលទេឬ? អ្នករាល់គ្នាដឹងថា គ្រាចុងក្រោយបានចូលមកដល់ហើយ។ តើវាអាចទេថា នៅពេលដែលព្រះយេស៊ូវយាងមក ទ្រង់នឹងនៅតែត្រូវគេហៅថាព្រះយេស៊ូវដដែល? ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់រាស្រ្តអ៊ីស្រាអែលថា ព្រះមែស្ស៊ីនឹងយាងមក ក៏ប៉ុន្តែនៅពេលដែលទ្រង់យាងមកនោះ ទ្រង់មិនត្រូវគេហៅថាព្រះមែស្ស៊ីទេ ប៉ុន្តែត្រូវគេហៅថា ព្រះយេស៊ូវ វិញ។ ព្រះយេស៊ូវបានមានព្រះបន្ទូលថា ទ្រង់នឹងយាងមកម្ដងទៀត ហើយថាទ្រង់នឹងយាងមកដោយសារទ្រង់បានយាងចាកចេញទៅ។ ទាំងអស់នេះគឺជាព្រះបន្ទូលរបស់ព្រះយេស៊ូវ ប៉ុន្តែតើអ្នកឃើញផ្លូវដែលព្រះយេស៊ូវបានយាងចាកចេញទៅដែរឬទេ? ព្រះយេស៊ូវបានយាងចាកចេញទៅដោយគង់នៅលើដុំពពកស ប៉ុន្តែតើអាចថាទ្រង់នឹងយាងត្រឡប់មកវិញនៅលើដុំពពកសដោយផ្ទាល់ព្រះអង្គក្នុងចំណោមមនុស្សដែរឬទេ? ប្រសិនបើដូច្នេះមែន តើទ្រង់នឹងមិននៅតែត្រូវគេហៅថា ព្រះយេស៊ូវដដែលទេឬអី? នៅពេលដែលព្រះយេស៊ូវយាងមកម្ដងទៀត យុគសម័យនេះ នឹងបានផ្លាស់ប្ដូររួចជាស្រេច ដូច្នេះ តើទ្រង់នៅតែអាចឱ្យគេហៅថា ព្រះយេស៊ូវ បានដែរឬទេ? តើអាចថាព្រះជាម្ចាស់អាចត្រឹមត្រូវបានស្គាល់ដោយព្រះនាមថា ព្រះយេស៊ូវ មែនទេ? តើទ្រង់អាចមិនត្រូវគេហៅដោយព្រះនាមថ្មីនៅក្នុងយុគសម័យថ្មីនេះមែនទេ? តើរូបភាពរបស់មនុស្សម្នាក់ និងឈ្មោះជាក់លាក់ណាមួយ អាចតំណាងឱ្យព្រះជាម្ចាស់បានទាំងស្រុងដែរឬទេ? នៅក្នុងយុគសម័យនីមួយៗ ព្រះជាម្ចាស់បំពេញកិច្ចការថ្មី ហើយទ្រង់ត្រូវគេហៅដោយព្រះនាមថ្មីមួយ។ តើទ្រង់អាចបំពេញកិច្ចការតែមួយនៅក្នុងយុគសម័យផ្សេងគ្នាម្តេចបាន? តើទ្រង់អាចដិតជាប់ទៅនឹងរឿងចាស់បានដោយរបៀបណា? ព្រះនាមរបស់ព្រះយេស៊ូវ ត្រូវបានប្រើដើម្បីជាប្រយោជន៍ដល់កិច្ចការនៃការប្រោសលោះ ដូច្នេះ តើទ្រង់នៅតែត្រូវគេហៅដោយព្រះនាមដដែល នៅពេលដែលទ្រង់យាងត្រឡប់មកវិញនៅគ្រាចុងក្រោយដែរឬទេ? តើទ្រង់នឹងត្រូវនៅបន្តបំពេញកិច្ចការនៃការប្រោសលោះដែរឬទេ? តើហេតុអ្វីបានជាថាព្រះយេហូវ៉ា និងព្រះយេស៊ូវ ជាព្រះជាម្ចាស់តែមួយ ប៉ុន្តែទ្រង់ទាំងពីរត្រូវគេហៅដោយព្រះនាមខុសគ្នានៅក្នុងយុគសម័យផ្សេងគ្នាទៅវិញ? តើនេះមិនមែនដោយសារយុគសម័យនៃកិច្ចការរបស់ទ្រង់ខុសគ្នាទេមែនទេ? តើព្រះនាមតែមួយអាចតំណាងឱ្យព្រះជាម្ចាស់បានទាំងស្រុងដែរឬទេ? បើបែបនេះមែន ព្រះជាម្ចាស់ត្រូវហៅដោយព្រះនាមខុសគ្នានៅយុគសម័យផ្សេងគ្នា ហើយទ្រង់ត្រូវតែប្រើព្រះនាមនេះដើម្បីផ្លាស់ប្ដូរយុគសម័យនេះ និងដើម្បីតំណាងយុគសម័យនេះ។ ដ្បិតគ្មានព្រះនាមណាមួយដែលអាចតំណាងឱ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គពេញលេញនោះឡើយ ហើយព្រះនាមនីមួយៗ គឺអាចត្រឹមតែតំណាងឱ្យទិដ្ឋភាពបណ្ដោះអាសន្ននៃនិស្ស័យរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យណាមួយប៉ុណ្ណោះ។ អ្វីដែលព្រះនាមអាចធ្វើបាន គឺតំណាងដល់កិច្ចការរបស់ទ្រង់។ ហេតុនេះ ព្រះជាម្ចាស់អាចជ្រើសរើសព្រះនាមណាមួយក៏បាន ដែលជាអត្ថប្រយោជន៍ដល់និស្ស័យរបស់ទ្រង់ ដើម្បីតំណាងដល់យុគសម័យទាំងមូល។ មិនខ្វល់ថាតើវាគឺជាយុគសម័យនៃព្រះយេហូវ៉ា ឬជាយុគសម័យនៃព្រះយេស៊ូវទេ យុគសម័យនីមួយៗ គឺត្រូវមានព្រះនាមតំណាងមួយ។ នៅចុងបញ្ចប់យុគសម័យនៃព្រះគុណ យុគសម័យចុងក្រោយបានចូលមកដល់ ហើយព្រះយេស៊ូវក៏បានយាងមកដល់ហើយដែរ។ តើទ្រង់នៅតែអាចត្រូវគេហៅថាព្រះយេស៊ូវបានដោយរបៀបណា? តើទ្រង់នៅតែអាចមានទម្រង់ជាព្រះយេស៊ូវដែលគង់ក្នុងចំណោមមនុស្សដូចម្ដេចបាន? តើអ្នកបានភ្លេចថាព្រះយេស៊ូវ គឺគ្មានអ្វីផ្សេងក្រៅពីរូបអង្គរបស់អ្នកស្រុកណាសារ៉ែតទេឬអី? តើអ្នកបានភ្លេចថាព្រះយេស៊ូវ គឺជាព្រះដ៏ប្រោសលោះរបស់មនុស្សជាតិហើយមែនទេ? តើទ្រង់អាចទទួលយកកិច្ចការនៃការយកឈ្នះ និងការប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍នៅគ្រាចុងក្រោយបានដោយរបៀបណា? ព្រះយេស៊ូវបានយាងចាកចេញទៅដោយគង់នៅលើដុំពពកស (នេះគឺជាការពិត) ប៉ុន្តែតើទ្រង់អាចយាងត្រឡប់មកវិញដោយគង់នៅលើដុំពពកសក្នុងចំណោមមនុស្ស និងនៅតែត្រូវហៅថាព្រះយេស៊ូវបានដោយរបៀបណា? ប្រសិនបើទ្រង់ពិតជាបានយាងមកនៅលើដុំពពកមែននោះ តើមនុស្សអាចមិនស្គាល់ទ្រង់បានដោយរបៀបណា? តើមនុស្សនៅលើពិភពលោកនេះមិនសុទ្ធតែស្គាល់ទ្រង់ទេឬអី? នៅក្នុងករណីនោះ តើព្រះយេស៊ូវតែមួយអង្គឯងមិនមែនជាព្រះជាម្ចាស់ទេឬអី? នៅក្នុងករណីនោះ រូបអង្គរបស់ព្រះជាម្ចាស់ គួរតែជារូបរាងនៃជាតិសាសន៍យូដាម្នាក់ ហើយលើសពីនេះទៀត រូបរាងនេះនឹងនៅដដែលជារៀងរហូត។ ព្រះយេស៊ូវបានមានព្រះបន្ទូលថា ទ្រង់នឹងយាងមកដោយសារទ្រង់បានយាងចាកចេញទៅ ប៉ុន្តែតើអ្នកដឹងពីអត្ថន័យពិតនៃព្រះបន្ទូលរបស់ទ្រង់ដែរឬទេ? តើអាចដោយសារថា ទ្រង់បានមានបន្ទូលប្រាប់ក្រុមអ្នករាល់គ្នានេះមែនទេ? អ្វីគ្រប់យ៉ាងដែលអ្នកដឹងគឺថា ទ្រង់នឹងយាងមកដោយសារទ្រង់បានយាងចាកចេញទៅ ដោយគង់នៅលើដុំពពក ប៉ុន្តែតើអ្នកដឹងច្បាស់ថា ព្រះជាម្ចាស់បំពេញកិច្ចការរបស់ទ្រង់ដោយផ្ទាល់ព្រះអង្គដោយរបៀបណាដែរឬទេ? ប្រសិនបើអ្នកពិតជាអាចមើលឃើញមែន នោះតើព្រះបន្ទូលដែលព្រះយេស៊ូវបានសម្ដែងមកនោះ អាចពន្យល់បានដោយរបៀបណា? ទ្រង់បានមានព្រះបន្ទូលថា៖ នៅពេលដែលកូនមនុស្សមកដល់នៅគ្រាចុងក្រោយ ទ្រង់ផ្ទាល់ព្រះអង្គនឹងមិនជ្រាបពីការនេះទេ ពួកទេវតានឹងមិនដឹង អ្នកនាំសារនៅស្ថានសួគ៌នឹងមិនដឹង ហើយមនុស្សទាំងអស់ក៏នឹងមិនដឹងដែរ។ មានតែព្រះវរបិតាប៉ុណ្ណោះដែលនឹងជ្រាបពីការនេះ ពោលគឺមានតែព្រះវិញ្ញាណប៉ុណ្ណោះដែលនឹងជ្រាបពីការនេះ។ សូម្បីតែបុត្រមនុស្សផ្ទាល់ព្រះអង្គក៏មិនជ្រាបដែរ ក៏ប៉ុន្តែ តើអ្នកអាចមើលឃើញ និងអាចដឹងបានដែរឬទេ? ប្រសិនបើអ្នកអាចដឹងនិងឃើញដោយភ្នែកផ្ទាល់របស់អ្នកបាន តើព្រះបន្ទូលទាំងអស់នេះ មិនត្រូវបានសម្ដែងមកដោយអសារឥតការទេឬអី? ហើយតើព្រះយេស៊ូវបានមានព្រះបន្ទូលអ្វីខ្លះនៅពេលនោះ? «ប៉ុន្តែ ចំពោះថ្ងៃ និងពេលកំណត់នោះ គឺគ្មានមនុស្សណាម្នាក់ដឹងឡើយ សូម្បីតែពួកទេវតានៃស្ថានសួគ៌ និងព្រះរាជបុត្រាក៏មិនជ្រាបផង គឺមានតែព្រះវរបិតារបស់ខ្ញុំមួយប៉ុណ្ណោះដែលជ្រាប។ តែដូចសម័យរបស់លោកណូអេយ៉ាងណា បុត្រមនុស្សក៏នឹងយាងមកយ៉ាងនោះដែរ។ ... ចូរឱ្យអ្នកបានត្រៀមខ្លួនជាស្រេច ដ្បិតក្នុងវេលាមួយដែលអ្នកគិតមិនដល់ បុត្រមនុស្សក៏យាងមកដល់»។ នៅពេលថ្ងៃនោះមកដល់ បុត្រមនុស្សផ្ទាល់ព្រះអង្គ ក៏នឹងមិនជ្រាបដឹងដែរ។ បុត្រមនុស្សសំដៅលើសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដែលជាមនុស្សសាមញ្ញ និងធម្មតាម្នាក់។ សូម្បីតែបុត្រមនុស្សផ្ទាល់ព្រះអង្គ ក៏មិនជ្រាបដឹងដែរ ដូច្នេះ តើអ្នកអាចដឹងបានរបៀបណា? ព្រះយេស៊ូវបានមានព្រះបន្ទូលថា ទ្រង់នឹងយាងមកក្នុងលក្ខណៈដូចដែលទ្រង់បានយាងចាកចេញទៅដែរ។ នៅពេលដែលទ្រង់យាងមក សូម្បីតែទ្រង់ផ្ទាល់ព្រះអង្គក៏មិនជ្រាបដែរ ដូច្នេះ តើទ្រង់អាចមានបន្ទូលប្រាប់ដល់អ្នកជាមុនបានដោយរបៀបណា? តើអ្នកអាចមើលឃើញការយាងមកដល់របស់ទ្រង់ដែរឬទេ? តើនោះមិនមែនជាការកំប្លែងទេឬអី? រៀងរាល់ពេលដែលព្រះជាម្ចាស់យាងមកកាន់ផែនដី ទ្រង់ផ្លាស់ប្ដូរព្រះនាមរបស់ទ្រង់ ផ្លាស់ប្ដូរភេទរបស់ទ្រង់ ផ្លាស់ប្ដូររូបអង្គរបស់ទ្រង់ និងផ្លាស់ប្ដូរកិច្ចការរបស់ទ្រង់។ ទ្រង់មិនដែលបំពេញកិច្ចការដដែលៗនោះទេ។ ទ្រង់គឺជាព្រះជាម្ចាស់ដែលតែងតែថ្មីជានិច្ច និងមិនដែលចាស់ឡើយ។ នៅពេលដែលទ្រង់យាងមកកាលពីមុន ទ្រង់ត្រូវគេហៅថាព្រះយេស៊ូវ។ តើទ្រង់នៅតែអាចត្រូវគេហៅថាព្រះយេស៊ូវម្តងទៀតទេ នៅពេលដែលទ្រង់យាងមកម្ដងទៀតនោះ? នៅពេលដែលទ្រង់បានយាងមកកាលពីលើកមុន ទ្រង់គឺជាមនុស្សប្រុស។ តើនៅពេលនេះ ទ្រង់អាចជាមនុស្សប្រុសម្ដងទៀតដែរឬទេ? កិច្ចការរបស់ទ្រង់នៅពេលដែលទ្រង់បានយាងមកក្នុងអំឡុងយុគសម័យនៃព្រះគុណ គឺដើម្បីឱ្យគេឆ្កាងទៅនឹងឈើឆ្កាង។ នៅពេលដែលទ្រង់យាងមកម្ដងទៀត តើទ្រង់នៅតែអាចប្រោសលោះមនុស្សជាតិឱ្យរួចពីបាបដែរឬទេ? តើទ្រង់អាចត្រូវគេឆ្កាងទៅនឹងឈើឆ្កាងម្ដងទៀតដែរឬទេ? តើនោះនឹងមិនមែនធ្វើឱ្យកិច្ចការរបស់ទ្រង់ទៅជាច្រំដែលទេឬអី? តើអ្នកមិនដឹងថាព្រះជាម្ចាស់គឺតែងតែថ្មីជានិច្ច និងមិនដែលចាស់ទេឬអី? មានអ្នកខ្លះនិយាយថា ព្រះជាម្ចាស់មិនប្រែប្រួលទេ។ នោះគឺត្រឹមត្រូវហើយ ប៉ុន្តែវាសំដៅលើភាពមិនប្រែប្រួលនៃនិស្ស័យរបស់ព្រះជាម្ចាស់ និងលក្ខណៈសំខាន់របស់ទ្រង់ប៉ុណ្ណោះ។ ការផ្លាស់ប្ដូរព្រះនាម និងកិច្ចការរបស់ទ្រង់ មិនបានបញ្ជាក់ថា លក្ខណៈសំខាន់របស់ទ្រង់បានផ្លាស់ប្ដូរនោះទេ។ ម្យ៉ាងវិញទៀត ព្រះជាម្ចាស់នឹងតែងតែជាព្រះជាម្ចាស់ជានិច្ច ហើយចំណុចនេះនឹងមិនដែលផ្លាស់ប្ដូរឡើយ។ ប្រសិនបើអ្នកនិយាយថា កិច្ចការរបស់ព្រះជាម្ចាស់គឺមិនប្រែប្រួល នោះតើទ្រង់នឹងអាចបញ្ចប់ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់បានដោយរបៀបណា? អ្នកគ្រាន់តែដឹងថា ព្រះជាម្ចាស់មិនប្រែប្រួលជារៀងរហូត ប៉ុន្តែតើអ្នកដឹងថាព្រះជាម្ចាស់គឺតែងតែថ្មីជានិច្ច និងមិនដែលចាស់ដែរឬទេ? ប្រសិនបើកិច្ចការរបស់ព្រះជាម្ចាស់គឺមិនប្រែប្រួល តើទ្រង់អាចដឹកនាំមនុស្សជាតិទាំងអស់រហូតមកទល់នឹងបច្ចុប្បន្ននេះបានដែរឬទេ? ប្រសិនបើព្រះជាម្ចាស់គឺមិនប្រែប្រួល តើហេតុអ្វីបានជាទ្រង់បានបញ្ចប់កិច្ចការរបស់ទ្រង់ក្នុងយុគសម័យចំនួនពីរ? កិច្ចការរបស់ទ្រង់មិនដែលឈប់បោះជំហានទៅមុខឡើយ ដែលមានន័យថា និស្ស័យរបស់ទ្រង់ គឺត្រូវបើកសម្ដែងឱ្យមនុស្សបានឃើញបន្ដិចម្ដងៗ ហើយអ្វីដែលត្រូវបើកសម្ដែងនោះ គឺនិស្ស័យរបស់ទ្រង់។ កាលដើមដំបូងឡើយ និស្ស័យរបស់ព្រះជាម្ចាស់ត្រូវបានលាក់បាំងមិនឱ្យមនុស្សដឹងទេ ទ្រង់មិនដែលបើកសម្ដែងនិស្ស័យរបស់ទ្រង់ឱ្យមនុស្សបានឃើញដោយបើកចំហឡើយ ហើយមនុស្សគ្មានចំណេះដឹងអ្វីអំពីទ្រង់នោះទេ។ ដោយសារចំណុចនេះហើយទើបទ្រង់ប្រើកិច្ចការរបស់ទ្រង់ដើម្បីបើកសម្ដែងនិស្ស័យរបស់ទ្រង់ឱ្យមនុស្សបានឃើញបន្ដិចម្ដងៗ ប៉ុន្តែការបំពេញកិច្ចការដោយបែបនេះ ពុំមានន័យថា និស្ស័យរបស់ព្រះជាម្ចាស់ផ្លាស់ប្ដូរនៅគ្រប់យុគសម័យឡើយ។ មិនមែនថានិស្ស័យរបស់ព្រះជាម្ចាស់ប្រែប្រួលឥតឈប់ដោយសារបំណងព្រះហឫទ័យរបស់ទ្រង់ តែងតែផ្លាស់ប្ដូរជានិច្ចនោះឡើយ។ ផ្ទុយទៅវិញ គឺដោយសារយុគសម័យនៃកិច្ចការរបស់ទ្រង់ខុសៗគ្នា ទើបព្រះជាម្ចាស់ទ្រង់យកនិស្ស័យរបស់ទ្រង់ឱ្យបានទាំងស្រុង ដោយបើកសម្ដែងឱ្យមនុស្សឃើញមួយជំហានម្ដងៗ ដើម្បីឱ្យមនុស្សអាចស្គាល់ទ្រង់បាន។ ប៉ុន្តែ នេះពុំមែនជាសេចក្ដីសម្អាងដែលថាព្រះជាម្ចាស់មិនមាននិស្ស័យជាក់លាក់ណាមួយពីដើមមកនោះទេ ឬថានិស្ស័យរបស់ទ្រង់បានផ្លាស់ប្ដូរបន្តិចម្ដងៗនៅពេលដែលយុគសម័យនីមួយៗបានកន្លងផុតទៅនោះទេ ការយល់ដឹងបែបនេះ នឹងក្លាយទៅជាការយល់ដឹងដែលមិនត្រឹមត្រូវ។ ព្រះជាម្ចាស់បើកសម្ដែងនិស្ស័យដែលមានតាំងពីដើមមក និងនិស្ស័យជាក់លាក់របស់ទ្រង់ឱ្យមនុស្សបានឃើញ (លក្ខណៈរបស់ទ្រង់) ស្របទៅតាមយុគសម័យនីមួយៗដែលបានកន្លងផុតទៅ។ កិច្ចការនៃយុគសម័យមួយ មិនអាចសម្ដែងចេញនូវនិស្ស័យទាំងស្រុងរបស់ព្រះជាម្ចាស់បានឡើយ។ ហេតុដូច្នេះហើយ ពាក្យថា «ព្រះជាម្ចាស់តែងតែថ្មីជានិច្ច និងមិនដែលចាស់» សំដៅលើកិច្ចការរបស់ទ្រង់ ហើយពាក្យថា «ព្រះជាម្ចាស់មិនប្រែប្រួល» សំដៅលើកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់។ បើមិនគិតបែបនេះទេ អ្នកមិនអាចធ្វើឱ្យកិច្ចការរយៈពេលប្រាំមួយពាន់ឆ្នាំភ្ជាប់គ្នានឹងចំណុចតែមួយបានទេ ឬវិលវល់ចុះឡើងជាមួយព្រះបន្ទូលដែលស្លាប់ប៉ុណ្ណោះ។ បែបនេះ គឺជាភាពល្ងង់ខ្លៅរបស់មនុស្ស។ ព្រះជាម្ចាស់គឺមិនធម្មតាដូចជាមនុស្សស្រមៃនោះទេ ហើយកិច្ចការរបស់ទ្រង់មិនអាចបង្អែរបង្អង់ក្នុងយុគសម័យណាមួយបានឡើយ។ ឧទាហរណ៍ ព្រះយេហូវ៉ាមិនអាចតែងតែតំណាងឱ្យព្រះនាមរបស់ព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់ក៏អាចបំពេញកិច្ចការរបស់ទ្រង់នៅក្រោមព្រះនាមរបស់ព្រះយេស៊ូវបានដែរ។ នេះគឺជាទីសម្គាល់ដែលថា កិច្ចការរបស់ព្រះជាម្ចាស់ តែងតែចម្រើនទៅមុខជានិច្ច។
ព្រះជាម្ចាស់គឺតែងតែជាព្រះជាម្ចាស់ជានិច្ច ហើយទ្រង់នឹងមិនអាចក្លាយទៅជាសាតាំងជាដាច់ខាត។ សាតាំងនៅតែជាសាតាំង ហើយវានឹងមិនអាចក្លាយជាព្រះជាម្ចាស់បានឡើយ។ ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ការអស្ចារ្យរបស់ព្រះជាម្ចាស់ សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ នឹងមិនផ្លាស់ប្ដូរឡើយ។ សារជាតិរបស់ទ្រង់ និងកម្មសិទ្ធិ ព្រមទាំងលក្ខណៈរបស់ទ្រង់ នឹងមិនដែលផ្លាស់ប្ដូរឡើយ។ ក៏ប៉ុន្តែ ចំពោះកិច្ចការរបស់ទ្រង់វិញ គឺវាតែងតែចម្រើនទៅមុខជានិច្ច តែងតែចូលជ្រៅទៅមុខ ដ្បិតទ្រង់តែងតែថ្មីជានិច្ច និងមិនដែលចាស់ឡើយ។ នៅក្នុងយុគសម័យនីមួយៗ ព្រះជាម្ចាស់តែងយកព្រះនាមថ្មីមួយ នៅក្នុងយុគសម័យនីមួយៗ ទ្រង់បំពេញកិច្ចការថ្មី ហើយនៅក្នុងយុគសម័យនីមួយៗ ទ្រង់អនុញ្ញាតឱ្យអ្វីដែលទ្រង់បានបង្កើតមក មើលឃើញពីបំណងព្រះហឫទ័យថ្មី និងនិស្ស័យថ្មីរបស់ទ្រង់។ នៅក្នុងយុគសម័យថ្មី ប្រសិនបើមនុស្សមិនអាចមើលឃើញការបើកសម្ដែងអំពីនិស្ស័យថ្មីរបស់ព្រះជាម្ចាស់ទេ តើពួកគេអាចនឹងមិនឆ្កាងទ្រង់ទៅនឹងឈើឆ្កាងជារៀងរហូតដែរឬទេ? ហើយការធ្វើបែបនេះ តើពួកគេនឹងមិនកំណត់និយមន័យឱ្យព្រះជាម្ចាស់ទេឬអី? ប្រសិនបើព្រះជាម្ចាស់យកកំណើតជាមនុស្ស តែជាបុរស នោះមនុស្សនឹងកំណត់ថាទ្រង់ គឺជាបុរស ជាព្រះជាម្ចាស់ដែលជាមនុស្សប្រុស ហើយនឹងមិនដែលជឿថាទ្រង់អាចក្លាយជាព្រះជាម្ចាស់ដែលជាមនុស្សស្រីឡើយ។ ក្រោយមក មនុស្សប្រុសនឹងគិតថា ព្រះជាម្ចាស់មានភេទប្រុសដូចមុនដែរ គឺជាបុរស ថាព្រះជាម្ចាស់គឺជាមេនៃមនុស្សប្រុស ប៉ុន្តែ ចុះចំណែកមនុស្សស្រីវិញ? រឿងនេះគឺមិនយុត្តិធម៌ទេ។ តើនេះមិនមែនជាការកំណត់តាមការនិយមចូលចិត្តទេឬអី? ប្រសិនបើនេះគឺជាការពិតមែន នោះអស់អ្នកណាដែលព្រះជាម្ចាស់បានសង្គ្រោះ នឹងក្លាយជាមនុស្សប្រុសដូចជាទ្រង់ដែរ ហើយគ្មានមនុស្សស្រីណាម្នាក់ដែលនឹងត្រូវសង្គ្រោះនោះទេ។ នៅពេលដែលព្រះជាម្ចាស់បានបង្កើតមនុស្សជាតិមក ទ្រង់បានបង្កើតអ័ដាម រួចទ្រង់បានបង្កើតអេវ៉ា។ ទ្រង់មិនត្រឹមតែបានបង្កើតអ័ដាមប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏បានបង្កើតទាំងមនុស្សប្រុស និងមនុស្សស្រីឱ្យដូចរូបអង្គរបស់ទ្រង់ដែរ។ ព្រះជាម្ចាស់មិនគ្រាន់តែជាព្រះជាម្ចាស់របស់មនុស្សប្រុសទេ ប៉ុន្តែទ្រង់ក៏ជាព្រះជាម្ចាស់របស់មនុស្សស្រីដែរ។ ព្រះជាម្ចាស់យាងចូលមកក្នុងយុគសម័យនៃកិច្ចការថ្មីនៅគ្រាចុងក្រោយ។ ទ្រង់នឹងបើកសម្ដែងនិស្ស័យរបស់ទ្រង់កាន់តែច្រើន ហើយនិស្ស័យនោះនឹងមិនមែនជាចិត្តក្ដួលអាណិត និងសេចក្ដីស្រឡាញ់ដូចនៅក្នុងសម័យរបស់ព្រះយេស៊ូវឡើយ។ ដោយសារទ្រង់មានកិច្ចការថ្មីនៅក្នុងព្រះហស្ដរបស់ទ្រង់ កិច្ចការថ្មីនេះនឹងត្រូវមានមកជាមួយនិស្ស័យថ្មីដែរ។ ដូច្នេះ ប្រសិនបើកិច្ចការនេះត្រូវព្រះវិញ្ញាណបំពេញ ប្រសិនបើព្រះជាម្ចាស់មិនបានយកកំណើតជាមនុស្សទេ តែផ្ទុយទៅវិញ ព្រះវិញ្ញាណបានមានព្រះបន្ទូលដោយផ្ទាល់តាមរយៈសំឡេងផ្គរលាន់ ដើម្បីឱ្យមនុស្សគ្មានផ្លូវណាអាចទាក់ទងជាមួយទ្រង់បាន តើមនុស្សអាចស្គាល់ពីនិស្ស័យរបស់ទ្រង់ដែរឬទេ? ប្រសិនបើព្រះវិញ្ញាណបំពេញកិច្ចការតែមួយព្រះអង្គឯង នោះមនុស្សនឹងគ្មានផ្លូវដែលអាចស្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់បានឡើយ។ មនុស្សអាចត្រឹមតែឃើញពីនិស្ស័យរបស់ព្រះជាម្ចាស់ដោយភ្នែករបស់ពួកគេ នៅពេលដែលទ្រង់យកកំណើតជាមនុស្ស នៅពេលដែលព្រះបន្ទូលលេចមកជាសាច់ឈាម ហើយទ្រង់បើកសម្ដែងពីនិស្ស័យរបស់ទ្រង់ទាំងស្រុងតាមរយៈសាច់ឈាមប៉ុណ្ណោះ។ ព្រះជាម្ចាស់ពិតជារស់នៅក្នុងចំណោមមនុស្សពិតប្រាកដមែន។ ទ្រង់គឺរូបី មនុស្សអាចបន្ស៊ីគ្នាជាមួយនិស្ស័យរបស់ទ្រង់បានដោយផ្ទាល់ អាចពាក់ព័ន្ធនឹងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់បាន។ មានតែបែបនេះទេទើបមនុស្សអាចស្គាល់ទ្រង់បានដោយពិតប្រាកដ។ នៅពេលជាមួយគ្នានោះដែរ ព្រះជាម្ចាស់ក៏បានបញ្ចប់កិច្ចការដែល «ព្រះជាម្ចាស់ គឺជាព្រះជាម្ចាស់របស់មនុស្សប្រុស និងជាព្រះជាម្ចាស់របស់មនុស្សស្រី» និងបានបញ្ចប់កិច្ចការរបស់ទ្រង់ទាំងស្រុងនៅខាងសាច់ឈាមដែរ។ ទ្រង់មិនដែលបំពេញកិច្ចការជាន់គ្នានៅក្នុងយុគសម័យណាមួយឡើយ។ ដោយសារគ្រាចុងក្រោយបានចូលមកដល់ហើយ ទ្រង់នឹងបំពេញកិច្ចការដែលទ្រង់ត្រូវបំពេញនៅគ្រាចុងក្រោយ រួចបើកសម្ដែងពីនិស្ស័យរបស់ទ្រង់ទាំងស្រុងនៅគ្រាចុងក្រោយ។ និយាយពីគ្រាចុងក្រោយនេះ គឺសំដៅលើយុគសម័យខុសគ្នា ពោលគឺជាយុគសម័យមួយដែលព្រះយេស៊ូវបានមានព្រះបន្ទូលថា អ្នករាល់គ្នានឹងជួបគ្រោះមហន្តរាយជាប្រាកដ និងជួបគ្រោះរញ្ជួយដី គ្រោះទុរភិក្ស និងរោគពិស ដែលទាំងនេះនឹងបង្ហាញថា នេះគឺជាយុគសម័យថ្មីមួយ គឺលែងជាយុគសម័យនៃព្រះគុណពីមុនទៀតហើយ។ ឧបមាដូចជាមនុស្សនិយាយថា ព្រះជាម្ចាស់មិនប្រែប្រួលជារៀងរហូត និស្ស័យរបស់ទ្រង់គឺតែងតែមានចិត្តក្ដួលអាណិត និងគួរឱ្យស្រឡាញ់ ថាទ្រង់ស្រឡាញ់មនុស្សដូចជារូបអង្គទ្រង់ ហើយទ្រង់ប្រទានសេចក្ដីសង្គ្រោះដល់មនុស្ស និងមិនដែលស្អប់មនុស្សឡើយ តើកិច្ចការរបស់ទ្រង់នឹងអាចចូលដល់ទីបញ្ចប់បានដែរឬទេ? នៅពេលដែលព្រះយេស៊ូវបានយាងមក និងត្រូវគេបោះភ្ជាប់ទៅនឹងឈើឆ្កាង ដោយបានលះបង់អង្គទ្រង់សម្រាប់អ្នកមានបាបទាំងអស់ និងបូជាអង្គទ្រង់ថ្វាយនៅលើអាសនា នោះទ្រង់បានបញ្ចប់កិច្ចការនៃការប្រោសលោះរួចស្រេចហើយ និងបាននាំយុគសម័យនៃព្រះគុណទៅរកទីចុងបញ្ចប់។ ដូច្នេះ តើការធ្វើកិច្ចការនេះម្ដងទៀតនៅយុគសម័យនៃគ្រាចុងក្រោយនេះ នឹងមានប្រយោជន៍អ្វី? តើការធ្វើរឿងដដែលៗ មិនមែនជាការបដិសេធកិច្ចការរបស់ព្រះយេស៊ូវទេឬអី? ប្រសិនបើព្រះជាម្ចាស់មិនបានបំពេញកិច្ចការនៃការជាប់ឆ្កាងនៅពេលដែលទ្រង់យាងមកនៅក្នុងដំណាក់កាលនេះទេ ប៉ុន្តែបែរជាបន្តស្រឡាញ់ និងមានព្រះហឫទ័យក្ដួលអាណិត នោះតើទ្រង់អាចនឹងនាំយុគសម័យនោះទៅរកទីបញ្ចប់បានដោយរបៀបណា? តើព្រះជាម្ចាស់ដែលគួរឱ្យស្រឡាញ់ និងមានព្រះហឫទ័យក្ដួលអាណិត នឹងអាចនាំយុគសម័យនេះទៅរកទីបញ្ចប់បានដែរឬទេ? នៅចុងបញ្ចប់នៃកិច្ចការបិទបញ្ចប់យុគសម័យរបស់ទ្រង់ និស្ស័យរបស់ព្រះជាម្ចាស់ គឺជាការវាយផ្ចាល និងការជំនុំជម្រះ ដែលទ្រង់បើកសម្ដែងពីគ្រប់ការទាំងអស់ដែលមិនសុចរិត គឺដើម្បីធ្វើការជំនុំជម្រះមនុស្សទាំងអស់ជាសាធារណៈ និងដើម្បីប្រោសអ្នកដែលស្រឡាញ់ទ្រង់ដែលមានដួងចិត្តស្មោះឱ្យបានគ្រប់លក្ខណ៍។ មានតែនិស្ស័យបែបនេះទេទើបអាចនាំយុគសម័យនេះទៅរកទីបញ្ចប់បាន។ គ្រាចុងក្រោយបានចូលមកដល់ហើយ។ របស់សព្វសារពើដែលបានបង្កើតមក នឹងត្រូវញែកដាច់ពីគ្នាទៅតាមប្រភេទរបស់វា ហើយត្រូវបែងចែងទៅតាមប្រភេទខុសគ្នាផ្អែកតាមលក្ខណៈរបស់ពួកគេ។ នេះគឺជាពេលវេលាដែលព្រះជាម្ចាស់បើកសម្ដែងពីលទ្ធផលរបស់មនុស្ស និងទិសដៅរបស់ពួកគេ។ ប្រសិនបើមនុស្សមិនបានឆ្លងកាត់ការវាយផ្ចាល និងការជំនុំជម្រះទេ នោះនឹងគ្មានផ្លូវដែលអាចសម្ដែងឱ្យយល់ពីការមិនស្ដាប់បង្គាប់ និងសេចក្ដីទុច្ចរិតរបស់ពួកគេបានឡើយ។ មានតែតាមរយៈការវាយផ្ចាល និងការជំនុំជម្រះប៉ុណ្ណោះទើបលទ្ធផលនៃរបស់សព្វសារពើដែលបានបង្កើតមក អាចត្រូវបើកសម្ដែងឱ្យឃើញបាន។ នៅពេលដែលត្រូវវាយផ្ចាល និងជំនុំជម្រះ មនុស្សគ្រាន់តែបង្ហាញពីពណ៌ពិតប្រាកដរបស់គេប៉ុណ្ណោះ។ មនុស្សអាក្រក់ ត្រូវដាក់ជាមួយមនុស្សអាក្រក់ មនុស្សល្អត្រូវដាក់ជាមួយមនុស្សល្អ ហើយមនុស្សទាំងអស់ត្រូវញែកដាច់ចេញពីគ្នាទៅតាមប្រភេទរបស់ពួកគេ។ តាមរយៈការវាយផ្ចាល និងការជំនុំជម្រះ លទ្ធផលនៃរបស់សព្វសារពើដែលបានបង្កើតមក នឹងត្រូវបើកសម្ដែងឱ្យឃើញ ដើម្បីឱ្យមនុស្សអាក្រក់អាចត្រូវដាក់ទោស ហើយមនុស្សល្អអាចទទួលបានរង្វាន់ ហើយគ្រប់មនុស្សទាំងអស់សុទ្ធតែស្ថិតក្រោមអំណាចត្រួតត្រារបស់ព្រះជាម្ចាស់។ គ្រប់កិច្ចការទាំងអស់នេះ ត្រូវតែសម្រេចឱ្យបានតាមរយៈការវាយផ្ចាល និងការជំនុំជម្រះដោយសុចរិត។ ដោយសារសេចក្ដីពុករលួយរបស់មនុស្សបានឈានដល់កម្រិតកំពូល ហើយការមិនស្ដាប់បង្គាប់របស់ពួកគេកាន់តែខ្លាំងឡើងៗ នោះមានតែនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលជានិស្ស័យមួយដែលបូកផ្សំជាគោលការណ៍នៃការវាយផ្ចាលនិងការជំនុំជម្រះ និងជានិស្ស័យដែលត្រូវបើកបង្ហាញក្នុងអំឡុងគ្រាចុងក្រោយប៉ុណ្ណោះ ទើបអាចបំផ្លាស់បំប្រែ និងធ្វើឱ្យមនុស្សបានពេញខ្នាតទាំងស្រុង។ មានតែនិស្ស័យបែបនេះទេដែលអាចសម្ដែងឱ្យយល់ពីអំពើអាក្រក់ និងដាក់ទោសយ៉ាងធ្ងន់ធ្ងរលើមនុស្សទុច្ចរិតទាំងអស់បាន។ ហេតុនេះ និស្ស័យបែបនេះជ្រួតជ្រាបទៅដោយខ្លឹមសារសំខាន់នៃយុគសម័យនេះ ហើយការបើកសម្ដែង និងការបង្ហាញពីនិស្ស័យរបស់ទ្រង់ គឺធ្វើឡើងដើម្បីតែជាប្រយោជន៍នៃកិច្ចការនៅក្នុងយុគសម័យថ្មីនីមួយៗប៉ុណ្ណោះ។ ព្រះជាម្ចាស់មិនបើកសម្ដែងនិស្ស័យរបស់ទ្រង់តាមតែអំពើចិត្ត និងដោយគ្មានខ្លឹមសារនោះទេ។ ឧបមាថា ក្នុងការបើកសម្ដែងពីលទ្ធផលរបស់មនុស្សក្នុងអំឡុងគ្រាចុងក្រោយ ព្រះជាម្ចាស់នៅតែត្រូវប្រទានដល់មនុស្សនូវព្រះហឫទ័យក្ដួលអាណិត និងសេចក្ដីស្រឡាញ់ឥតគណនា និងបន្តសេចក្ដីស្រឡាញ់ដល់មនុស្ស និងមិនឱ្យមនុស្សស្ថិតក្រោមការជំនុំជម្រះដោយសុចរិត ប៉ុន្តែបែរជាបង្ហាញដល់ពួកគេនូវការអត់ឱន ការអត់ទ្រាំ និងការអត់ទោស និងការលើកលែងទោសដល់មនុស្សទៅវិញ មិនថាពួកគេមានបាបខ្លាំងយ៉ាងណានោះទេ គឺគ្មានការជំនុំជម្រះសុចរិតណាមួយឡើយ៖ ដូច្នេះ តើពេលណាដែលការគ្រប់គ្រងទាំងអស់របស់ព្រះជាម្ចាស់ នឹងអាចចូលដល់ទីបញ្ចប់បានទៅ? តើនៅពេលណាដែលនិស្ស័យបែបនេះ នឹងអាចដឹកនាំមនុស្សទៅរកទិសដៅសមស្របរបស់មនុស្សជាតិបាន? ឧទាហរណ៍ ចៅក្រមម្នាក់ដែលគួរឱ្យស្រឡាញ់ ជាចៅក្រមដែលមានទឹកមុខសប្បុរស និងមានសណ្ដានចិត្តល្អ។ គាត់ស្រឡាញ់មនុស្ស មិនខ្វល់ថាពួកគេបានប្រព្រឹត្តទោសកំហុសអ្វីឡើយ ហើយគាត់ស្រឡាញ់ និងអត់ឱនដល់ពួកគេមិនថាពួកគេជានរណានោះទេ។ នៅក្នុងករណីនោះ តើពេលណាដែលគាត់អាចកាត់ក្ដីដោយយុត្តិធម៌បានទៅ? ក្នុងអំឡុងគ្រាចុងក្រោយ មានតែការជំនុំជម្រះដោយសុចរិតប៉ុណ្ណោះដែលអាចញែកមនុស្សស្របទៅតាមប្រភេទរបស់ពួកគេបាន និងនាំមនុស្សទៅកាន់ពិភពថ្មីមួយ។ តាមរបៀបនេះ យុគសម័យទាំងមូល ត្រូវបាននាំទៅរកទីបញ្ចប់តាមរយៈនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់នៅក្នុងការជំនុំជម្រះ និងការវាយផ្ចាល។
កិច្ចការរបស់ព្រះជាម្ចាស់ក្នុងការគ្រប់គ្រងរបស់ទ្រង់ទាំងមូល គឺច្បាស់លាស់ខ្លាំងណាស់៖ យុគសម័យនៃព្រះគុណ គឺជាយុគសម័យនៃព្រះគុណ ហើយគ្រាចុងក្រោយ គឺជាគ្រាចុងក្រោយ។ មានភាពខុសគ្នាដាច់ស្រឡះរវាងយុគសម័យនីមួយៗ ដ្បិតក្នុងយុគសម័យនីមួយៗ ព្រះជាម្ចាស់បំពេញកិច្ចការដែលជាតំណាងឱ្យយុគសម័យនោះ។ សម្រាប់កិច្ចការនៃគ្រាចុងក្រោយដែលត្រូវបំពេញ គឺត្រូវមានការដុតដោយភ្លើង ការជំនុំជម្រះ ការវាយផ្ចាល សេចក្ដីក្រោធ និងការបំផ្លាញ ដើម្បីនាំយុគសម័យនោះទៅរកទីបញ្ចប់។ គ្រាចុងក្រោយសំដៅលើយុគសម័យចុងក្រោយ។ ក្នុងអំឡុងយុគសម័យចុងក្រោយនេះ តើព្រះជាម្ចាស់នឹងនាំយុគសម័យនោះទៅរកទីបញ្ចប់ដែរឬទេ? ដើម្បីបញ្ចប់យុគសម័យនេះ ព្រះជាម្ចាស់ត្រូវនាំការវាយផ្ចាល និងការជំនុំជម្រះមកជាមួយទ្រង់។ មានតែបែបនេះទេទើបអាចនាំយុគសម័យនេះទៅរកទីបញ្ចប់បាន។ គោលបំណងរបស់ព្រះយេស៊ូវ គឺដើម្បីឱ្យមនុស្សអាចបន្តជីវិតបាន ដើម្បីបន្តរស់នៅ និងដើម្បីឱ្យគេអាចមានជីវិតនៅក្នុងផ្លូវដែលល្អប្រសើរ។ ទ្រង់បានសង្គ្រោះមនុស្សឱ្យរួចពីអំពើបាបដើម្បីឱ្យគេអាចឈប់ធ្លាក់ទៅក្នុងអំពើគ្មានគុណធម៌ និងលែងរស់នៅក្នុងស្ថានឃុំព្រលឹង និងស្ថាននរក ហើយតាមរយៈការសង្គ្រោះមនុស្សពីស្ថានឃុំព្រលឹង និងស្ថាននរកនេះ ព្រះយេស៊ូវបានអនុញ្ញាតឱ្យគេបន្តរស់នៅតទៅទៀត។ បច្ចុប្បន្ននេះ គ្រាចុងក្រោយបានចូលមកដល់ហើយ។ ព្រះជាម្ចាស់នឹងធ្វើឱ្យមនុស្សវិនាសហិនហោច និងបំផ្លាញពូជមនុស្សទាំងស្រុង ពោលគឺទ្រង់នឹងបំផ្លាស់បំប្រែការបះបោររបស់មនុស្សជាតិ។ ដោយព្រោះមូលហេតុនេះ និងតាមរយៈនិស្ស័យនៃចិត្តក្ដួលអាណិត និងគួរឱ្យស្រឡាញ់ពីអតីតកាល វានឹងមិនអាចទៅរួចនោះទេ ដែលព្រះជាម្ចាស់ត្រូវបញ្ចប់យុគសម័យនេះ ឬនាំផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់ឱ្យចេញផលផ្លែ។ នៅគ្រប់យុគសម័យទាំងអស់ មានការតំណាងជាពិសេសអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ហើយគ្រប់យុគសម័យទាំងអស់ សុទ្ធតែមានកិច្ចការដែលព្រះជាម្ចាស់គប្បីត្រូវបំពេញ។ ដូច្នេះ កិច្ចការដែលព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានបំពេញនៅក្នុងយុគសម័យនីមួយៗ មានការបើកសម្ដែងពីនិស្ស័យពិតប្រាកដរបស់ទ្រង់ ហើយព្រះនាមទាំងពីររបស់ទ្រង់ និងកិច្ចការដែលទ្រង់បំពេញ បានផ្លាស់ប្ដូរជាមួយនឹងយុគសម័យនេះ ពោលគឺកិច្ចការទាំងអស់នេះ សុទ្ធតែថ្មីទាំងអស់។ ក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ កិច្ចការនៃការដឹកនាំមនុស្សជាតិ ត្រូវធ្វើឡើងនៅក្រោមព្រះនាមរបស់ព្រះយេហូវ៉ា ហើយដំណាក់កាលដំបូងនៃកិច្ចការនេះ ត្រូវធ្វើឡើងនៅលើផែនដី។ នៅក្នុងដំណាក់កាលនេះ កិច្ចការនេះបានរួមបញ្ចូលនូវសាងសង់ព្រះវិហារ និងអាសនា និងប្រើក្រឹត្យវិន័យដើម្បីដឹកនាំរាស្រ្តអ៊ីស្រាអែល ព្រមទាំងដើម្បីបំពេញកិច្ចការក្នុងចំណោមពួកគេ។ តាមរយៈការដឹកនាំរាស្រ្តអ៊ីស្រាអែល ទ្រង់បានចាប់ផ្ដើមមូលដ្ឋានគ្រឹះនៃកិច្ចការរបស់ទ្រង់នៅលើផែនដី។ ចេញពីមូលដ្ឋានគ្រឹះនេះ ទ្រង់បានពង្រីកកិច្ចការរបស់ទ្រង់នៅក្រៅស្រុកអ៊ីស្រាអែល ដែលនេះចង់និយាយថា ទ្រង់បានពង្រីកកិច្ចការរបស់ទ្រង់ទៅក្រៅចាប់ពីស្រុកអ៊ីស្រាអែលទៅ ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានដឹងថាព្រះយេហូវ៉ាថាជាព្រះជាម្ចាស់ន្តិចម្ដងៗ និងដឹងថាគឺព្រះយេហូវ៉ានេះហើយដែលបានបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើទាំងអស់ ហើយគឺព្រះយេហូវ៉ានេះហើយដែលបានបង្កើតគ្រប់សត្តនិករទាំងអស់មក។ ទ្រង់បានពង្រីកកិច្ចការរបស់ទ្រង់តាមរយៈរាស្រ្តអ៊ីស្រាអែលទៅដល់រាស្រ្តដទៃផ្សេងទៀត។ ដែនដីស្រុកអ៊ីស្រាអែល គឺជាកន្លែងបរិសុទ្ធដំបូងគេនៃកិច្ចការរបស់ព្រះយេហូវ៉ានៅលើផែនដី ហើយគឺដែនដីអ៊ីស្រាអែលនេះហើយ ដែលព្រះជាម្ចាស់បានយាងទៅបំពេញកិច្ចការនៅលើផែនដី។ នោះគឺជាកិច្ចការនៅយុគសម័យនៃក្រឹត្យវិន័យ។ ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវគឺជាព្រះជាម្ចាស់ដែលបានសង្គ្រោះមនុស្ស។ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ គឺព្រះគុណ សេចក្ដីស្រឡាញ់ ព្រះទ័យក្ដួលអាណិត ការអត់ទ្រាំ ការអត់ធ្មត់ ការបន្ទាបខ្លួន ការយកព្រះទ័យទុកដាក់ និងការអត់ឱន ហើយកិច្ចការយ៉ាងច្រើនដែលទ្រង់បានបំពេញ គឺដើម្បីតែជាប្រយោជន៍ដល់ការប្រោសលោះមនុស្សតែប៉ុណ្ណោះ។ និស្ស័យរបស់ទ្រង់ គឺជានិស្ស័យមួយដែលមានចិត្តក្ដួលអាណិត និងសេចក្ដីស្រឡាញ់ ហើយដោយសារទ្រង់មានព្រះហឫទ័យក្ដួលអាណិត និងគួរឱ្យស្រឡាញ់នេះហើយ ទើបទ្រង់ត្រូវគេបោះភ្ជាប់ទៅនឹងឈើឆ្កាងជំនួសមនុស្ស ដើម្បីបង្ហាញថា ព្រះជាម្ចាស់បានស្រឡាញ់មនុស្សដូចជាអង្គទ្រង់ដែរ គឺស្រឡាញ់ខ្លាំងរហូតដល់ទ្រង់បានលះបង់អង្គទ្រង់ទាំងស្រុង។ ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះនាមរបស់ព្រះជាម្ចាស់ គឺព្រះយេស៊ូវ នេះគឺចង់បានន័យថា ព្រះជាម្ចាស់គឺជាព្រះជាម្ចាស់មួយអង្គដែលបានសង្គ្រោះមនុស្ស ហើយទ្រង់គឺជាព្រះជាម្ចាស់ដែលមានព្រះហឫទ័យក្ដួលអាណិត និងគួរឱ្យស្រឡាញ់។ ព្រះជាម្ចាស់គង់នៅជាមួយមនុស្ស។ សេចក្ដីស្រឡាញ់របស់ទ្រង់ ព្រះហឫទ័យក្ដួលអាណិតរបស់ទ្រង់ និងសេចក្ដីសង្គ្រោះរបស់ទ្រង់ បានមកជាមួយមនុស្សគ្រប់គ្នាទាំងអស់។ មានតែតាមរយៈការទទួលយកព្រះនាមរបស់ព្រះយេស៊ូវ និងព្រះវត្តមានរបស់ទ្រង់ប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានសន្ដិភាព និងអំណរ ដើម្បីទួលបានព្រះពររបស់ទ្រង់ ព្រះគុណដ៏ធំធេង និងច្រើនឥតគណនារបស់ទ្រង់ និងសេចក្ដីសង្គ្រោះរបស់ទ្រង់បាន។ តាមរយៈការជាប់ឆ្កាងរបស់ព្រះយេស៊ូវ អស់អ្នកដែលបានដើរតាមទ្រង់ទទួលបាននូវសេចក្ដីសង្គ្រោះ ហើយបាបរបស់ពួកគេត្រូវបានអត់ទោសឱ្យ។ ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវ គឺជាព្រះនាមរបស់ព្រះជាម្ចាស់។ អាចនិយាយម្យ៉ាងទៀតបានថា កិច្ចការនៅយុគសម័យនៃព្រះគុណត្រូវធ្វើឡើងជាគោលការណ៍នៅក្រោមព្រះនាមព្រះយេស៊ូវ។ ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះជាម្ចាស់ត្រូវគេហៅថា ព្រះយេស៊ូវ។ ទ្រង់បានបំពេញកិច្ចការនៅដំណាក់កាលនៃកិច្ចការថ្មីលើសពីព្រះគម្ពីរសញ្ញាចាស់ ហើយកិច្ចការរបស់ទ្រង់បានបញ្ចប់ទៅដោយការជាប់ឆ្កាង។ នេះគឺជាកិច្ចការទាំងស្រុងរបស់ទ្រង់។ ហេតុនេះ ក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ ព្រះយេហូវ៉ាគឺជាព្រះនាមរបស់ព្រះជាម្ចាស់ ហើយនៅក្នុងយុគសម័យនៃព្រះគុណ ព្រះនាមព្រះយេស៊ូវ គឺបានតំណាងឱ្យព្រះជាម្ចាស់។ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ព្រះនាមរបស់ទ្រង់គឺ ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះដ៏មានគ្រប់ចេស្ដា ដែលប្រើព្រះចេស្ដារបស់ទ្រង់ដើម្បីដឹកនាំមនុស្ស យកឈ្នះលើមនុស្ស និងទទួលបានមនុស្ស ហើយចុងក្រោយ នាំយុគសម័យនោះទៅរកទីបញ្ចប់។ នៅគ្រប់ដំណាក់កាលទាំងអស់ នៅគ្រប់ដំណាក់កាលនៃកិច្ចការរបស់ទ្រង់ និស្ស័យរបស់ព្រះជាម្ចាស់ គឺជាភស្ដុតាង។
កាលដើមដំបូងឡើយ ការដឹកនាំមនុស្សក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យនៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺដូចជាការដឹកនាំជីវិតរបស់កូនម្នាក់ដែរ។ មនុស្សជាតិកាលដើមដំបូងឡើយ គឺជាកូនដែលទើបកើតរបស់ព្រះយេហូវ៉ា។ ពួកគេ គឺជាពួកសាសន៍អ៊ីស្រាអែល។ ពួកគេគ្មានការយល់ដឹងថាតើត្រូវគោរពព្រះជាម្ចាស់ ឬថាតើត្រូវរស់នៅលើផែនដីនេះដោយរបៀបណានោះទេ។ នេះចង់មានន័យថា ព្រះយេហូវ៉ាបានបង្កើតមនុស្សជាតិមក ពោលគឺទ្រង់បានបង្កើតអ័ដាម និងអេវ៉ា ប៉ុន្តែទ្រង់មិនបានប្រទានសមត្ថភាពដល់ពួកគេឱ្យយល់ថាតើត្រូវគោរពព្រះយេហូវ៉ា ឬដើរតាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ានៅលើផែនដីនេះដោយរបៀបណានោះទេ។ បើគ្មានការណែនាំដោយផ្ទាល់ពីព្រះយេហូវ៉ាទេ គ្មាននរណាម្នាក់អាចដឹងរឿងនេះដោយផ្ទាល់បានទេ ដ្បិតកាលដើមដំបូងឡើយ មនុស្សមិនមានសមត្ថភាពបែបនោះទេ។ មនុស្សគ្រាន់តែដឹងថា ព្រះយេហូវ៉ាគឺជាព្រះជាម្ចាស់ ប៉ុន្តែថាតើត្រូវគោរពទ្រង់ដោយរបៀបណានោះ ថាការប្រព្រឹត្តបែបណាជាការគោរពទ្រង់នោះ ថាចិត្តបែបណាដែលមនុស្សម្នាក់រាប់ថាគោរពទ្រង់ ឬអ្វីដែលត្រូវលះបង់នៅក្នុងការគោរពទ្រង់នោះ គឺមនុស្សគ្មានដឹងអ្វីទាល់តែសោះ។ មនុស្សគ្រាន់តែដឹងថា ត្រូវអរសប្បាយនឹងរបស់សព្វសារពើដែលព្រះយេហូវ៉ាបានបង្កើតមកប៉ុណ្ណោះ ប៉ុន្តែតើជីវិតនៅលើផែនដីបែបណាដែលមានតម្លៃសម្រាប់សត្តនិកររបស់ព្រះជាម្ចាស់នោះ គឺមនុស្សគ្មានដឹងអ្វីទាល់តែសោះ។ បើគ្មាននរណាម្នាក់ណែនាំពួកគេទេ បើគ្មាននរណាម្នាក់ដឹកនាំផ្លូវពួកគេដោយផ្ទាល់ទេ មនុស្សជាតិនឹងមិនអាចដឹកនាំជីវិតបានត្រឹមត្រូវឱ្យសមនឹងភាពមនុស្សឡើយ ប៉ុន្តែគ្រាន់តែត្រូវបានសាតាំងចាប់ជាចំណាប់ខ្មាំងដោយលាក់លៀមតែប៉ុណ្ណោះ។ ព្រះយេហូវ៉ាបានបង្កើតមនុស្សជាតិមក ពោលគឺទ្រង់បានបង្កើតដូនតារបស់មនុស្សជាតិ គឺអ័ដាម និងអេវ៉ា ប៉ុន្តែទ្រង់មិនបានប្រទានប្រាជ្ញា និងភាពឈ្លៀសវៃដល់ពួកគេបន្ថែមទៀតឡើយ។ ថ្វីបីពួកគេបានរស់នៅលើផែនដីនេះរួចហើយក៏ពិតមែន ប៉ុន្ដែពួកគេមិនបានយល់ដឹងអ្វីទាល់តែសោះ។ ហេតុដូច្នេះហើយ កិច្ចការរបស់ព្រះយេហូវ៉ាក្នុងការបង្កើតមនុស្សជាតិ គឺបានបញ្ចប់ត្រឹមពាក់កណ្ដាលប៉ុណ្ណោះ ហើយនៅឆ្ងាយពីទីបញ្ចប់នៅឡើយ។ ទ្រង់គ្រាន់តែបានសូនរូបមនុស្សចេញពីដីឥដ្ឋ និងបានប្រទានខ្យល់ដង្ហើមជីវិត ប៉ុន្តែ មិនបានប្រទានចេតនាគោរពព្រះជាម្ចាស់ឱ្យបានគ្រប់គ្រាន់នោះទេ។ កាលដើមដំបូងឡើយ មនុស្សគ្មានគំនិតគោរពទ្រង់ ឬកោតខ្លាចទ្រង់ឡើយ។ មនុស្សដឹងត្រឹមថាត្រូវស្ដាប់ព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ ប៉ុន្តែល្ងង់ខ្លៅគ្មានចំណេះដឹងជាមូលដ្ឋានសម្រាប់ជីវិតនៅលើផែនដី និងច្បាប់ធម្មតានៃជីវិតរបស់មនុស្សឡើយ។ ហេតុដូច្នេះហើយ បើទោះបីជាព្រះយេហូវ៉ាបានបង្កើតមនុស្សប្រុស និងមនុស្សស្រី និងបានបញ្ចប់កិច្ចការក្នុងពេលប្រាំពីរថ្ងៃក្ដី ក៏ពុំមានន័យថា ទ្រង់បានបញ្ចប់កិច្ចការនៃការបង្កើតមនុស្សដែរ ដ្បិតមនុស្សមានតែសំបក និងខ្វះខាតភាពពិតនៃការធ្វើជាមនុស្ស។ មនុស្សគ្រាន់តែដឹងថា គឺព្រះយេហូវ៉ានេះហើយដែលបានបង្កើតមនុស្សជាតិមក ប៉ុន្តែគេមិនដឹងថាតើត្រូវគោរពតាមព្រះបន្ទូល ឬក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាដោយរបៀបណានោះទេ។ ដូច្នេះហើយក្រោយពីមនុស្សជាតិមានជីវិត កិច្ចការរបស់ព្រះយេហូវ៉ានៅឆ្ងាយពីទីបញ្ចប់នៅឡើយទេ។ ទ្រង់នៅតែដឹកនាំមនុស្សជាតិដោយពេញលេញដើម្បីឱ្យគេមកចំពោះទ្រង់ ដើម្បីឱ្យពួកគេអាចរស់នៅរួមគ្នានៅលើផែនដី និងគោរពទ្រង់ និងដើម្បីឱ្យពួកគេអាចចូលទៅក្នុងផ្លូវដែលត្រឹមត្រូវនៃជីវិតជាមនុស្សធម្មតានៅលើផែនដីតាមរយៈការណែនាំរបស់ទ្រង់។ មានតែបែបនេះទេទើបកិច្ចការដែលត្រូវធ្វើឡើងជាគោលការណ៍ក្រោមព្រះនាមរបស់ព្រះយេហូវ៉ាអាចបញ្ចប់ទៅបានទាំងស្រុង ពោលគឺមានតែបែបនេះទេទើបកិច្ចការរបស់ព្រះយេហូវ៉ាក្នុងការបង្កើតពិភពលោកនេះបានបញ្ចប់ទាំងស្រុង។ ដូច្នេះហើយ បន្ទាប់ពីបានបង្កើតមនុស្សជាតិមក ទ្រង់ត្រូវដឹកនាំជីវិតមនុស្សជាតិនៅលើផែនដីអស់រយៈពេលជាច្រើនពាន់ឆ្នាំ ដើម្បីឱ្យមនុស្សជាតិអាចគោរពតាមបញ្ញត្តិ និងក្រឹត្យវិន័យ ហើយចូលរួមនៅក្នុងគ្រប់សកម្មភាពទាំងអស់នៃជីវិតជាមនុស្សធម្មតានៅលើផែនដី។ មានតែពេលនោះទេដែលកិច្ចការរបស់ព្រះយេហូវ៉ាត្រូវបានបញ្ចប់ទាំងស្រុង។ ទ្រង់បានបំពេញកិច្ចការនេះក្រោយពេលបង្កើតមនុស្សជាតិមក និងបានបន្តកិច្ចការនេះរហូតដល់សម័យយ៉ាកុប នៅពេលនោះទ្រង់បានធ្វើឱ្យកូនប្រុសទាំងដប់ពីរនាក់របស់យ៉ាកុបក្លាយទៅជាកុលសម្ព័ន្ធទាំងដប់ពីររបស់អ៊ីស្រាអែល។ ចាប់ពីនោះមក រាស្រ្តអ៊ីស្រាអែលទាំងអស់សុទ្ធតែក្លាយជាពូជមនុស្សដែលត្រូវទ្រង់ដឹកនាំជាផ្លូវការនៅលើផែនដី ហើយស្រុកអ៊ីស្រាអែលបានក្លាយជាទីតាំជាក់លាក់មួយនៅលើផែនដីដែលទ្រង់បានបំពេញកិច្ចការរបស់ទ្រង់។ ព្រះយេហូវ៉ាបានធ្វើឱ្យមនុស្សទាំងនេះក្លាយជាក្រុមមនុស្សដំបូងគេដែលទ្រង់បានបំពេញកិច្ចការរបស់ទ្រង់ជាផ្លូវការនៅលើផែនដី ហើយទ្រង់នឹងធ្វើឱ្យដែនដីអ៊ីស្រាអែលទាំងមូលក្លាយជាប្រភពដើមសម្រាប់កិច្ចការរបស់ទ្រង់ ដោយប្រើពួកគេជាចំណុចចាប់ផ្ដើមនៃកិច្ចការកាន់តែធំ ដើម្បីឱ្យមនុស្សទាំងអស់ដែលកើតចេញពីទ្រង់នៅលើផែនដី នឹងដឹងថាតើត្រូវគោរព និងត្រូវរស់នៅលើផែនដីនេះដោយរបៀបណា។ ដូច្នេះហើយទង្វើរបស់ពួកសាសន៍អ៊ីស្រាអែល បានក្លាយជាឧទាហរណ៍សម្រាប់ឱ្យរាស្រ្តនៃជាតិសាសន៍ដទៃយកគំរូតាមបាន ហើយព្រះបន្ទូលដែលបានសម្ដែងឡើងក្នុងចំណោមរាស្រ្តអ៊ីស្រាអែល បានក្លាយជាព្រះបន្ទូលដែលត្រូវរាស្រ្តនៃជាតិសាសន៍ដទៃស្ដាប់តាម។ ដ្បិតពួកគេគឺជាមនុស្សដំបូងគេដែលត្រូវទទួលក្រឹត្យវិន័យ និងបញ្ញត្តិរបស់ព្រះយេហូវ៉ា ហើយពួកគេក៏ជាមនុស្សដំបូងគេដែលដឹងថាត្រូវគោរពផ្លូវរបស់ព្រះយេហូវ៉ាដោយរបៀបណា។ ពួកគេគឺជាដូនតារបស់ពូជមនុស្ស ដែលបានដឹងពីផ្លូវរបស់ព្រះយេហូវ៉ា ក៏ជាតំណាងរបស់ពូជមនុស្សរើសតាំងដោយព្រះយេហូវ៉ាដែរ។ នៅពេលដែលយុគសម័យនៃព្រះគុណបានចូលមកដល់ ព្រះយេហូវ៉ាលែងដឹកនាំមនុស្សដោយបែបនេះទៀតហើយ។ មនុស្សមានអំពើបាប ហើយបានលះបង់ខ្លួនគេក្នុងអំពើបាប ដូច្នេះហើយ ទ្រង់បានចាប់ផ្ដើមស្រោចស្រង់មនុស្សឱ្យរួចពីអំពើបាប។ តាមរបៀបនេះ ទ្រង់បានស្ដីបន្ទោសមនុស្សរហូតដល់មនុស្សត្រូវបានរំដោះពីអំពើបាបទាំងស្រុង។ នៅគ្រាចុងក្រោយ មនុស្សបានលេចចូលក្នុងភាពគ្មានសីលធម៌យ៉ាងខ្លាំង ដែលកិច្ចការនៅក្នុងដំណាក់កាលនេះ អាចអនុវត្តបានតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលតែប៉ុណ្ណោះ។ មានតែបែបនេះទេទើបកិច្ចការនេះអាចសម្រេចជោគជ័យបាន។ នេះគឺជាកិច្ចការនៅក្នុងយុគសម័យជាច្រើន។ អាចនិយាយម្យ៉ាងទៀតបានថា ព្រះជាម្ចាស់ប្រើព្រះនាមរបស់ទ្រង់ កិច្ចការរបស់ទ្រង់ និងរូបអង្គរបស់ព្រះជាម្ចាស់ខុសៗគ្នា ដើម្បីញែកយុគសម័យមួយចេញពីយុគសម័យមួយទៀត និងធ្វើការផ្លាស់ប្ដូរវាក្នុងយុគសម័យទាំងអស់នោះ។ ព្រះនាមរបស់ព្រះជាម្ចាស់ និងកិច្ចការទ្រង់ តំណាងឱ្យយុគសម័យរបស់ទ្រង់ និងតំណាងឱ្យកិច្ចការរបស់ទ្រង់នៅគ្រប់យុគសម័យទាំងអស់។ ឧបមាថា កិច្ចការរបស់ព្រះជាម្ចាស់នៅគ្រប់យុគសម័យនេះ គឺតែងតែដូចគ្នា ហើយទ្រង់គឺតែងតែត្រូវគេហៅដោយព្រះនាមដូចគ្នា តើមនុស្សអាចនឹងស្គាល់ទ្រង់បានដោយរបៀបណា? ព្រះជាម្ចាស់ត្រូវគេហៅថាព្រះយេហូវ៉ា ហើយក្រៅពីព្រះជាម្ចាស់ដែលត្រូវគេហៅថាព្រះយេហូវ៉ានោះ នរណាក៏ដោយដែលត្រូវគេហៅដោយឈ្មោះទីទៃពីនេះ មិនមែនជាព្រះជាម្ចាស់ឡើយ។ ឬបើពុំដូច្នោះទេ ព្រះជាម្ចាស់អាចត្រឹមជាព្រះយេស៊ូវ ហើយក្រៅពីព្រះនាមរបស់ព្រះយេស៊ូវ ទ្រង់មិនអាចមិនត្រូវបានគេហៅដោយព្រះនាមដទៃទៀតឡើយ។ ក្រៅពីព្រះយេស៊ូវ ព្រះយេហូវ៉ាគឺមិនមែនជាព្រះជាម្ចាស់ឡើយ ហើយព្រះដ៏មានគ្រប់ព្រះចេស្ដាក៏មិនមែនជាព្រះជាម្ចាស់ដែរ។ មនុស្សជឿថា វាពិតប្រាកដហើយដែលព្រះជាម្ចាស់មានគ្រប់ព្រះចេស្តានោះ ប៉ុន្តែព្រះជាម្ចាស់ គឺជាព្រះជាម្ចាស់ដែលគង់នៅក្នុងចំណោមមនុស្ស ហើយទ្រង់ត្រូវគេហៅថាព្រះយេស៊ូវ ដ្បិតព្រះជាម្ចាស់គឺគង់នៅជាមួយមនុស្ស។ ការគិតបែបនេះ គឺស្របទៅតាមគោលលទ្ធិ និងបានកំណត់ព្រះជាម្ចាស់ក្នុងកម្រិតជាក់លាក់មួយ។ ដូច្នេះ នៅគ្រប់ដំណាក់កាលទាំងអស់ កិច្ចការដែលព្រះជាម្ចាស់បំពេញ ព្រះនាមដែលគេហៅទ្រង់ និងរូបអង្គដែលទ្រង់ប្រើ កិច្ចការដែលទ្រង់បំពេញនៅគ្រប់ដំណាក់កាលតាំងពីដើមរហូតដល់បច្ចុប្បន្ន គឺចំណុចទាំងអស់នេះមិនអនុវត្តតាមបញ្ញត្តិតែមួយ និងមិនស្ថិតនៅក្រោមដែនកំណត់ណាមួយឡើយ។ ទ្រង់គឺជាព្រះយេហូវ៉ា ប៉ុន្តែទ្រង់ក៏ជាព្រះយេស៊ូវដែរ ហើយក៏ជាព្រះមែស្ស៊ី និងជាព្រះដ៏មានគ្រប់ព្រះចេស្ដាដែរ។ កិច្ចការរបស់ទ្រង់អាចឆ្លងកាត់ការបំផ្លាស់បំប្រែបន្តិចម្ដងៗ ដោយមានការផ្លាស់ប្ដូរទៅតាមព្រះនាមរបស់ទ្រង់។ គ្មានព្រះនាមណាមួយដែលអាចតំណាងដល់ទ្រង់ដោយពេញលេញបានឡើយ ប៉ុន្តែគ្រប់ព្រះនាមទាំងអស់ដែលគេហៅទ្រង់ សុទ្ធតែអាចតំណាងឱ្យទ្រង់បាន ហើយកិច្ចការដែលទ្រង់បំពេញនៅគ្រប់ដំណាក់កាល សុទ្ធតែតំណាងឱ្យនិស្ស័យរបស់ទ្រង់។ ឧបមាថា នៅពេលដែលគ្រាចុងក្រោយមកដល់ ព្រះជាម្ចាស់ដែលអ្នកមើលឃើញ គឺនៅតែជាព្រះយេស៊ូវដដែល ហើយបន្ថែមលើនេះ ទ្រង់កំពុងគង់លើដុំពពកស ហើយទ្រង់នៅតែលេចមកក្នុងរូបអង្គរបស់ព្រះយេស៊ូវដដែល ហើយព្រះបន្ទូលដែលទ្រង់ថ្លែង គឺនៅតែជាព្រះបន្ទូលរបស់ព្រះយេស៊ូវដដែល៖ «អ្នករាល់គ្នាគប្បីស្រឡាញ់អ្នកជិតខាងខ្លួនឱ្យដូចជាខ្លួនអ្នក អ្នកគប្បីត្រូវតមអាហារ និងអធិស្ឋាន ស្រឡាញ់ខ្មាំងសត្រូវរបស់អ្នកឱ្យដូចជាអ្នកអរសប្បាយនឹងជីវិតផ្ទាល់ខ្លួនរបស់អ្នក អត់ទ្រាំជាមួយអ្នកដទៃ និងចេះអត់ធ្មត់ ហើយបន្ទាបខ្លួន។ អ្នករាល់គ្នាត្រូវតែធ្វើរឿងទាំងអស់នេះនៅមុនពេលដែលអ្នកអាចក្លាយជាសិស្សរបស់ខ្ញុំ។ ហើយតាមរយៈការធ្វើបែបនេះ ទើបអ្នកអាចចូលទៅក្នុងនគររបស់ខ្ញុំបាន»។ តើនេះនឹងក្លាយជាកម្មសិទ្ធិនៃកិច្ចការនៅក្នុងយុគសម័យនៃព្រះគុណមែនទេ? តើអ្វីដែលទ្រង់មានព្រះបន្ទូលនឹងមិនមែនជាផ្លូវនៃយុគសម័យនៃព្រះគុណទេឬអី? តើអ្នកនឹងមានអារម្មណ៍បែបណា ប្រសិនបើអ្នករាល់គ្នាស្ដាប់ឮព្រះបន្ទូលទាំងអស់នេះ? តើអ្នកនឹងមិនមានអារម្មណ៍ថា នេះនៅតែជាកិច្ចការរបស់ព្រះយេស៊ូវមែនទេ? តើនេះនឹងមិនមែនជាការបំពេញកិច្ចការជាន់គ្នាទេមែនទេ? តើមនុស្សអាចស្វែងរកសេចក្ដីអរសប្បាយនៅក្នុងនេះបានដែរឬទេ? អ្នករាល់គ្នានឹងមានអារម្មណ៍ថា កិច្ចការរបស់ព្រះជាម្ចាស់អាចបន្តទៅបានតែនៅក្នុងពេលនេះប៉ុណ្ណោះ និងគ្មានការចម្រើនទៅមុខឡើយ។ ទ្រង់មានព្រះចេស្តាយ៉ាងខ្លាំង ហើយគ្មានកិច្ចការថ្មីណាត្រូវបំពេញនោះទេ ហើយទ្រង់បានប្រើព្រះចេស្ដារបស់ទ្រង់ដល់កំណត់របស់វាហើយ។ ពីរបាន់ឆ្នាំមុនពេលនេះ គឺជាយុគសម័យនៃព្រះគុណ ហើយពីរពាន់ឆ្នាំក្រោយ ទ្រង់គឺនៅតែប្រៀនប្រដៅអំពីផ្លូវនៃយុគសម័យនៃព្រះគុណ និងនៅតែត្រូវធ្វើឱ្យមនុស្សមានការប្រែចិត្តដដែល។ មនុស្សនឹងនិយាយថា៖ «ឱ ព្រះជាម្ចាស់អើយ! ទ្រង់មានព្រះចេស្ដាខ្លាំងដល់ម្ល៉េះ។ ទូលបង្គំជឿថាទ្រង់មានព្រះប្រាជ្ញាញាណខ្លាំងណាស់ ក៏ប៉ុន្តែទ្រង់ជ្រាបត្រឹមការអត់ទ្រាំ និងខ្វល់ខ្វាយត្រឹមតែការអត់ធ្មត់ប៉ុណ្ណោះ។ ទ្រង់គ្រាន់តែជ្រាបថាត្រូវស្រឡាញ់សត្រូវរបស់ទ្រង់ដោយបែបណាប៉ុណ្ណោះ ហើយទ្រង់មិនជ្រាបពីអ្វីផ្សេងទៀតឡើយ»។ នៅក្នុងគំនិតរបស់មនុស្ស ព្រះជាម្ចាស់នឹងមានលក្ខណៈដូចកាលនៅក្នុងយុគសម័យនៃព្រគុណជារៀងរហូត ហើយមនុស្សនឹងតែងតែជឿថា ព្រះជាម្ចាស់គឺគួរឱ្យស្រឡាញ់ និងមានព្រះហឫទ័យក្ដួលអាណិត។ តើអ្នកគិតថាកិច្ចការរបស់ព្រះជាម្ចាស់ នឹងតែងតែច្រំដែលជានិច្ចមែនទេ? ដូច្នេះហើយ នៅក្នុងដំណាក់កាលនៃកិច្ចការរបស់ទ្រង់ ទ្រង់នឹងមិនត្រូវគេឆ្កាងឡើយ ហើយគ្រប់ការទាំងអស់ដែលអ្នករាល់គ្នាឃើញ និងប៉ះពាល់ នឹងមិនដូចជាអ្វីៗគ្រប់យ៉ាងដែលអ្នករាល់គ្នាបានស្រមៃ ឬបានស្ដាប់ឮគេនិយាយនោះទេ។ សព្វថ្ងៃនេះ ព្រះជាម្ចាស់មិនបានពាក់ព័ន្ធនឹងពួកផារីស៊ីឡើយ ហើយទ្រង់ក៏មិនបានឱ្យពិភពលោកដឹងដែរ ហើយអស់អ្នកដែលស្គាល់ទ្រង់ គឺជាអ្នករាល់គ្នាដែលដើរតាមទ្រង់នេះហើយ ដ្បិតទ្រង់នឹងមិនត្រូវគេឆ្កាងជាថ្មីម្ដងទៀតឡើយ។ ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវបានបង្រៀនដោយបើកចំហនៅទូទាំងដែនដីទាំងមូល ដើម្បីជាប្រយោជន៍ដល់កិច្ចការផ្សាយដំណឹងល្អរបស់ទ្រង់។ ទ្រង់បានពាក់ព័ន្ធនឹងពួកផារីស៊ីដើម្បីជាប្រយោជន៍ដល់កិច្ចការនៃការជាប់ឆ្កាង។ ប្រសិនបើទ្រង់មិនបានពាក់ព័ន្ធនឹងពួកផារីស៊ី និងអ្នកកាន់អំណាចដែលមិនបានស្គាល់ទ្រង់ទេ តើទ្រង់អាចត្រូវបានគេថ្កោលទោស ហើយបន្ទាប់មក ត្រូវគេក្បត់ និងបោះទ្រង់ភ្ជាប់ទៅនឹងឈើឆ្កាងយ៉ាងដូចម្ដេចកើតទៅ? ដូច្នេះហើយ ទ្រង់បានពាក់ព័ន្ធនឹងពួកផារីស៊ី ដើម្បីជាប្រយោជន៍ដល់កិច្ចការនៃការជាប់ឆ្កាងនេះ។ សព្វថ្ងៃនេះ ទ្រង់បំពេញកិច្ចការរបស់ទ្រង់ដោយសម្ងាត់ ដើម្បីជៀសវាងពីសេចក្ដីល្បួង។ នៅក្នុងការយកកំណើតជាមនុស្សចំនួនពីរដងរបស់ព្រះជាម្ចាស់ កិច្ចការ និងសារៈសំខាន់គឺខុសគ្នា ហើយកាលអាកាសក៏ខុសគ្នាដែរ ដូច្នេះ តើកិច្ចការដែលទ្រង់បំពេញអាចដូចគ្នាទាំងស្រុងបានដោយរបៀបណា?
តើព្រះនាមរបស់ព្រះយេស៊ូវ ដែលថា «ព្រះអង្គគង់ជាមួយនឹងយើងខ្ញុំ» តំណាងឱ្យនិស្ស័យរបស់ព្រះជាម្ចាស់ទាំងស្រុងមែនទេ? តើវាអាចបង្ហាញពីព្រះជាម្ចាស់បានទាំងស្រុងដែរឬទេ? ប្រសិនបើមនុស្សនិយាយថា ព្រះជាម្ចាស់អាចត្រឹមហៅថាព្រះយេស៊ូវ និងមិនមានព្រះនាមអ្វីផ្សេង ដោយសារព្រះជាម្ចាស់មិនអាចផ្លាស់ប្ដូរនិស្ស័យរបស់ទ្រង់បាន ព្រះបន្ទូលទាំងអស់នេះ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរខ្លាំងណាស់! តើអ្នកជឿថា ព្រះនាមព្រះយេស៊ូវ គឺព្រះអង្គគង់ជាមួយនឹងយើងខ្ញុំ តែមួយមុខនេះអាចតំណាងឱ្យព្រះជាម្ចាស់ទាំងស្រុងបានដែរឬទេ? ព្រះជាម្ចាស់អាចត្រូវបានគេហៅដោយព្រះនាមជាច្រើន ប៉ុន្តែក្នុងចំណោមព្រះនាមទាំងអស់នេះ គ្មានព្រះនាមណាមួយដែលអាចគេចផុតពីព្រះជាម្ចាស់ឡើយ គ្មានព្រះនាមណាមួយអាចតំណាងឱ្យព្រះជាម្ចាស់ដោយពេញលេញនោះទេ។ ដូច្នេះហើយ ព្រះជាម្ចាស់មានព្រះនាមជាច្រើន ប៉ុន្តែព្រះនាមទាំងអស់នេះ មិនអាចសម្ដែងចេញពីនិស្ស័យរបស់ព្រះជាម្ចាស់ដោយពេញលេញឡើយ ដ្បិតនិស្ស័យរបស់ព្រះជាម្ចាស់ គឺសម្បូរបែបលើសពីសមត្ថភាពដែលមនុស្សអាចស្គាល់ទ្រង់បាន។ ការប្រើភាសារបស់មនុស្សជាតិ មិនគ្រប់គ្រាន់ដើម្បីបង្ហាញពីព្រះជាម្ចាស់ឱ្យបានពេញលេញនោះទេ។ មនុស្សជាតិគ្មានអ្វីក្រៅពីពាក្យសម្ដីបន្តិចបន្តួចដើម្បីបង្ហាញពីអ្វីទាំងអស់ដែលពួកគេដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់នោះឡើយ ដូចជាពាក្យថា៖ មហិមា កិត្តិយស អស្ចារ្យ មិនអាចយល់បាន ឧត្តុង្គឧត្តម បរិសុទ្ធ សុចរិត ឈ្លាសវៃ និងពាក្យដទៃផ្សេងទៀត។ មានពាក្យជាច្រើនខ្លាំងណាស់! ពាក្យបន្តិចបន្តួចនេះ មិនអាចរៀបរាប់សូម្បីតែនិស្ស័យរបស់ព្រះជាម្ចាស់ដែលមនុស្សបានដឹងដ៏តិចតួចក្ដី។ ពេលកន្លងមក អ្នកដទៃទៀតបានបន្ថែមពាក្យពេចន៍ដែលពួកគេបានគិតថា អាចរៀបរាប់បានកាន់តែប្រសើរអំពីភាពឆេះឆួលដែលនៅក្នុងដួងចិត្តរបស់ពួកគេដូចជាពាក្យដែលថា៖ ព្រះជាម្ចាស់មហិមាខ្លាំងណាស់! ព្រះជាម្ចាស់បរិសុទ្ធខ្លាំងណាស់! ព្រះជាម្ចាស់គួរឱ្យស្រឡាញ់ខ្លាំងណាស់! សព្វថ្ងៃ ការនិយាយរបស់មនុស្សបែបនេះបានដល់កម្រិតកំពូលហើយ ក៏ប៉ុន្តែមនុស្សនៅតែមិនអាចសម្ដែងពីខ្លួនអ្នកឱ្យបានច្បាស់នៅឡើយ។ ដូច្នេះហើយ សម្រាប់មនុស្ស ព្រះជាម្ចាស់មានព្រះនាមជាច្រើន ទ្រង់មិនមែនមានតែព្រះនាមមួយទេ នេះគឺដោយសារសភាវៈរបស់ព្រះជាម្ចាស់ គឺសម្បូរបែបខ្លាំងណាស់ ហើយភាសារបស់មនុស្ស គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ពាក្យមួយម៉ាត់ ឬព្រះនាមមួយពុំអាចតំណាងឱ្យព្រះជាម្ចាស់ទាំងស្រុងបានទេ ដូច្នេះ តើអ្នកគិតថាព្រះនាមរបស់ទ្រង់អាចមិនប្រែប្រួលដែរទេ? ព្រះជាម្ចាស់មហិមា និងបរិសុទ្ធខ្លាំងណាស់ ក៏ប៉ុន្តែតើអ្នកនឹងមិនអនុញ្ញាតឱ្យទ្រង់ផ្លាស់ប្ដូរព្រះនាមរបស់ទ្រង់នៅក្នុងយុគសម័យថ្មីទេឬ? ហេតុនេះ នៅគ្រប់យុគសម័យដែលព្រះជាម្ចាស់បំពេញនូវកិច្ចការរបស់ទ្រង់ដោយផ្ទាល់ព្រះអង្គ គឺទ្រង់ប្រើព្រះនាមមួយ ដែលស័ក្តិសមនឹងយុគសម័យនោះ ដើម្បីបង្ហាញពីកិច្ចការដែលទ្រង់សព្វព្រះហឫទ័យចង់ធ្វើ។ ទ្រង់ប្រើព្រះនាមនេះ ជាព្រះនាមមួយដែលមានលក្ខណៈសំខាន់បណ្ដោះអាសន្ន ដើម្បីតំណាងឱ្យនិស្ស័យរបស់ទ្រង់នៅក្នុងយុគសម័យនោះ។ នេះគឺជាព្រះជាម្ចាស់ដែលប្រើភាសាមនុស្សជាតិដើម្បីបើកសម្ដែងពីនិស្ស័យផ្ទាល់របស់ទ្រង់។ បើទោះបីជាដូច្នេះក្ដី មនុស្សជាច្រើនដែលធ្លាប់មានបទពិសោធខាងវិញ្ញាណ និងធ្លាប់បានឃើញព្រះជាម្ចាស់ដោយផ្ទាល់ក្ដី ក៏នៅតែមានអារម្មណ៍ថា ព្រះនាមមួយនេះមិនអាចតំណាងឱ្យព្រះជាម្ចាស់បានទាំងស្រុងទេ។ វរហើយ! រឿងនេះមិនអាចជួយបានទេ ដូច្នេះ មនុស្សលែងហៅព្រះជាម្ចាស់ដោយព្រះនាមរបស់ទ្រង់តទៅទៀតហើយ ប៉ុន្តែហៅទ្រង់ត្រឹមថា «ព្រះជាម្ចាស់» ប៉ុណ្ណោះ។ ដួងចិត្តរបស់មនុស្ស ហាក់ដូចជាពោរពេញដោយសេចក្ដីស្រឡាញ់ ក៏ប៉ុន្តែក៏មានជាប់ពាក់ព័ន្ធនឹងការជំទាស់ដែរ ដ្បិតមនុស្សពុំបានដឹងថាតើត្រូវពន្យល់អំពីព្រះជាម្ចាស់ដោយរបៀបណានោះទេ។ លក្ខណៈរបស់ព្រះជាម្ចាស់សម្បូរបែបខ្លាំងរហូតដល់គ្មានវិធីណាដែលអាចរៀបរាប់បានឡើយ។ គ្មានព្រះនាមណាមួយដែលអាចសង្ខេបពីនិស្ស័យរបស់ព្រះជាម្ចាស់បាននោះឡើយ ហើយគ្មានព្រះនាមណាមួយដែលអាចរៀបរាប់ពីគ្រប់កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់បានឡើយ។ ប្រសិនបើនរណាម្នាក់សួរខ្ញុំថា៖ «តើទ្រង់ប្រើព្រះនាមអ្វីឱ្យប្រាកដ?» ខ្ញុំនឹងនិយាយប្រាប់ពួកគេថា៖ «ព្រះជាម្ចាស់ គឺជាព្រះជាម្ចាស់!» តើនេះមិនមែនជាព្រះនាមដ៏ល្អបំផុតសម្រាប់ព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនជាការបង្ហាញពីនិស្ស័យរបស់ព្រះជាម្ចាស់ទេឬអី? រឿងគឺបែបនេះហើយ តើហេតុអ្វីបានជាអ្នករាល់គ្នាខំប្រឹងស្វែងរកព្រះនាមរបស់ព្រះជាម្ចាស់ខ្លាំងយ៉ាងនេះ? តើហេតុអ្វីអ្នកត្រូវប្រើខួរក្បាលរបស់អ្នក ដោយគ្មានបានហូបចុក និងដេកពួន ដើម្បីតែជាប្រយោជន៍ដល់ព្រះនាមមួយបែបនេះ? ថ្ងៃនោះនឹងចូលមកដល់ នៅពេលដែលព្រះជាម្ចាស់លែងត្រូវបានគេហៅថា ព្រះយេហូវ៉ា ព្រះយេស៊ូវ ឬព្រះមែស្ស៊ីតទៅទៀត គឺទ្រង់នឹងត្រូវគេហៅត្រឹមថា ព្រះអាទិករ។ នៅពេលនោះ គ្រប់ព្រះនាមទាំងអស់ដែលទ្រង់បានដាក់នៅលើផែនដី នឹងត្រូវចូលដល់ទីបញ្ចប់ ដ្បិតកិច្ចការរបស់ទ្រង់នៅលើផែនដីនឹងត្រូវចូលដល់ទីបញ្ចប់ ក្រោយពេលដែលព្រះនាមរបស់ទ្រង់លែងមានទៀត។ នៅពេលដែលគ្រប់យ៉ាងទាំងអស់មកនៅក្រោមអំណាចត្រួតត្រារបស់ព្រះអាទិករ តើចាំបាច់អ្វីដែលទ្រង់ត្រូវការព្រះនាមសមស្របតែមិនពេញលេញបែបនេះធ្វើអ្វី? តើអ្នកនឹងនៅតែបន្តស្វែងរកព្រះនាមរបស់ព្រះជាម្ចាស់ក្នុងពេលនេះទៀតដែរឬទេ? តើអ្នកនៅតែហ៊ាននិយាយថា ព្រះជាម្ចាស់គឺនៅតែត្រូវបានហៅថា ព្រះយេហូវ៉ា តែមួយប៉ុណ្ណោះទៀតមែនទេ? តើអ្នកនៅតែហ៊ាននិយាយថា ព្រះជាម្ចាស់អាចត្រូវហៅត្រឹម ព្រះយេស៊ូវ តែមួយប៉ុណ្ណោះមែនទេ? តើអ្នកអាចទូលរែកបាបនៃការប្រមាថចំពោះព្រះជាម្ចាស់បានដែរឬទេ? អ្នកគប្បីដឹងថា កាលពីដើមដំបូង ព្រះជាម្ចាស់គ្មានព្រះនាមអ្វីទេ។ ទ្រង់គ្រាន់តែមានព្រះនាមមួយ ឬពីរ ឬច្រើន ដោយសារតែទ្រង់មានកិច្ចការត្រូវបំពេញ និងត្រូវគ្រប់គ្រងមនុស្សជាតិប៉ុណ្ណោះ។ មិនថាគេហៅព្រះនាមទ្រង់បែបណានោះទេ តើទ្រង់មិនជ្រើសយកព្រះនាមនោះដោយផ្ទាល់ព្រះអង្គទេមែនទេ? តើទ្រង់ត្រូវការឱ្យអ្នកដែលជាសត្តនិករមួយដែលទ្រង់បានបង្កើតមកនោះ រៀបរាប់អំពីព្រះនាមនោះដែរឬទេ? ព្រះនាមដែលគេហៅព្រះជាម្ចាស់ គឺជាព្រះនាមមួយដែលស្របនឹងអ្វីដែលមនុស្សអាចយល់ដឹងបាន ស្របតាមភាសារបស់មនុស្សជាតិ ប៉ុន្តែព្រះនាមនេះ គឺមិនមែនជាព្រះនាមដែលមនុស្សអាចសង្ខេបរួមបានទេ។ អ្នកអាចនិយាយបានត្រឹមថា មានព្រះជាម្ចាស់គង់នៅលើស្ថានសួគ៌ ថាទ្រង់ត្រូវគេហៅថា ព្រះជាម្ចាស់ ថាទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលមានព្រះចេស្ដាខ្លាំងពូកែ ដែលមានព្រះប្រាជ្ញាញាណអស្ចារ្យ ខ្ពង់ខ្ពស់ អស្ចារ្យ និងអាថ៌កំបាំងយ៉ាងខ្លាំង និងមានព្រះចេស្តាអស្ចារ្យ ហេតុដូច្នេះហើយ អ្នកមិនអាចនិយាយអ្វីបានឡើយ ហើយអ្នកទាំងគ្នាអាចដឹងបានតែបន្ដិចបន្ដួចនេះប៉ុណ្ណោះ។ រឿងគឺបែបនេះហើយ តើព្រះនាមព្រះយេស៊ូវអាចតំណាងឱ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គមែនទេ? នៅពេលដែលគ្រាចុងក្រោយមកដល់ បើទោះបីជាព្រះជាម្ចាស់គឺជាអ្នកដែលនៅបន្តបំពេញកិច្ចការរបស់ទ្រង់ក្ដី ក៏ព្រះនាមរបស់ទ្រង់ត្រូវតែផ្លាស់ប្ដូរដែរ ដ្បិតវាគឺជាយុគសម័យមួយខុសគ្នា។
ព្រះជាម្ចាស់ដែលអស្ចារ្យបំផុតនៅទូទាំងសាកលលោក និងនៅពិភពខាងលើ តើទ្រង់អាចពន្យល់ពីព្រះអង្គទ្រង់ដោយប្រើរូបអង្គខាងសាច់ឈាមបានដែរឬទេ? ព្រះជាម្ចាស់យកសាច់ឈាមមកគ្រងពីលើទ្រង់ដើម្បីបំពេញកិច្ចការនៅក្នុងដំណាក់កាលមួយនៃកិច្ចការរបស់ទ្រង់។ គ្មានសារៈសំខាន់ជាក់លាក់ណាមួយចំពោះរូបអង្គខាងឯសាច់ឈាមនេះទេ វាគ្មានទំនាក់ទំនងអ្វីក្នុងការឆ្លងកាត់យុគសម័យឡើយ ហើយវាក៏គ្មានអ្វីត្រូវពាក់ព័ន្ធនឹងនិស្ស័យរបស់ព្រះជាម្ចាស់ដែរ។ តើហេតុអ្វីបានជាព្រះយេស៊ូវអនុញ្ញាតឱ្យរូបអង្គទ្រង់នៅរក្សាដូចដើម? តើហេតុអ្វីបានជាមិនព្រមឱ្យមនុស្សគូរគំនូររូបអង្គទ្រង់ ដើម្បីឱ្យរូបអង្គនេះអាចផ្សាយបន្តទៅកាន់ជំនាន់ក្រោយៗទៀត? តើហេតុអ្វីបានជាទ្រង់មិនអនុញ្ញាតឱ្យមនុស្សទទួលស្គាល់ថា រូបអង្គរបស់ទ្រង់ គឺជារូបអង្គរបស់ព្រះជាម្ចាស់? បើទោះបីជារូបកាយរបស់មនុស្សត្រូវបានបង្កើតឡើងជារូបអង្គរបស់ព្រះជាម្ចាស់ តើវាអាចទេដែលឱ្យរូបកាយខាងក្រៅរបស់មនុស្សតំណាងឱ្យរូបអង្គដ៏ខ្ពង់ខ្ពស់របស់ព្រះជាម្ចាស់នោះ? នៅពេលដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស ទ្រង់គ្រាន់តែយាងចុះពីស្ថានសួគ៌ទៅកើតជាមនុស្សណាមួយប៉ុណ្ណោះ។ គឺព្រះវិញ្ញាណរបស់ទ្រង់នេះហើយដែលយាងចុះមកកើតជាមនុស្ស ហើយតាមរយៈការយកកំណើតនេះហើយដែលទ្រង់បំពេញកិច្ចការរបស់ព្រះវិញ្ញាណ។ គឺព្រះវិញ្ញាណនេះហើយដែលបើកសម្ដែងនៅខាងសាច់ឈាម ហើយគឺព្រះវិញ្ញាណនេះហើយដែលបំពេញកិច្ចការរបស់ទ្រង់ខាងឯសាច់ឈាម។ កិច្ចការដែលត្រូវបានធ្វើខាងឯសាច់ឈាមតំណាងឱ្យព្រះវិញ្ញាណទាំងស្រុង ហើយសាច់ឈាមនោះ គឺសម្រាប់តែជាប្រយោជន៍ដល់កិច្ចការនេះប៉ុណ្ណោះ ប៉ុន្តែនោះពុំមានន័យថា រូបអង្គខាងឯសាច់ឈាម ជំនួសរូបអង្គពិតរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនោះឡើយ។ នេះគឺមិនមែនជាគោលបំណង ឬជាខ្លឹមសារសំខាន់របស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឡើយ។ ទ្រង់បានយកកំណើតជាមនុស្សតែដើម្បីឱ្យព្រះវិញ្ញាណអាចស្វែងរកកន្លែងមួយដើម្បីស្នាក់នៅ ដែលសមស្របនឹងកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ ដើម្បីសម្រេចកិច្ចការរបស់ទ្រង់ខាងឯសាច់ឈាមបានកាន់តែប្រសើរ ដើម្បីឱ្យមនុស្សអាចមើលឃើញទង្វើរបស់ទ្រង់ យល់ពីនិស្ស័យរបស់ទ្រង់ ស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ និងស្គាល់ពីការអស្ចារ្យនៃកិច្ចការរបស់ទ្រង់។ ព្រះនាមរបស់ទ្រង់តំណាងឱ្យនិស្ស័យរបស់ទ្រង់ កិច្ចការរបស់ទ្រង់តំណាងឱ្យអត្តសញ្ញាណរបស់ទ្រង់ ប៉ុន្តែទ្រង់មិនដែលបានមានព្រះបន្ទូលថា ការលេចមករបស់ទ្រង់ខាងសាច់ឈាមតំណាងឱ្យរូបអង្គរបស់ទ្រង់ឡើយ។ នោះគ្រាន់តែជាសញ្ញាណរបស់មនុស្សប៉ុណ្ណោះ។ ហេតុដូច្នេះហើយ ទិដ្ឋភាពសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ គឺព្រះនាមរបស់ទ្រង់ កិច្ចការរបស់ទ្រង់ និស្ស័យរបស់ទ្រង់ និងភេទរបស់ទ្រង់។ ទាំងអស់នេះគឺប្រើដើម្បីតំណាងឱ្យការគ្រប់គ្រងរបស់ទ្រង់នៅក្នុងយុគសម័យនេះ។ ការលេចមករបស់ទ្រង់ខាងឯសាច់ឈាមនេះ មិនជាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ទ្រង់ឡើយ គឺគ្រាន់តែដើម្បីជាប្រយោជន៍ដល់កិច្ចការរបស់ទ្រង់នៅពេលនោះប៉ុណ្ណោះ។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សមិនអាចនឹងមានរូបរាងជាក់លាក់ណាមួយឡើយ ដូច្នេះហើយ ទ្រង់ជ្រើសរើសគ្រួសារដែលសមស្របមួយ ដើម្បីកំណត់ពីរូបអង្គរបស់ទ្រង់។ ប្រសិនបើរូបរាងខាងក្រៅរបស់ព្រះជាម្ចាស់ មានសារៈសំខាន់ដែលអាចធ្វើជាតំណាងបាន នោះអស់អ្នកដែលមានទម្រង់មុខស្រដៀងនឹងទ្រង់ ក៏នឹងអាចតំណាងឱ្យព្រះជាម្ចាស់បានដែរ។ តើនោះនឹងមិនក្លាយជាកំហុសដ៏ធ្ងន់ទេឬអី? រូបគំនូររបស់ព្រះយេស៊ូវត្រូវបានមនុស្សគូរដើម្បីឱ្យមនុស្សអាចថ្វាយបង្គំទ្រង់បាន។ នៅពេលនោះ ព្រះវិញ្ញាណបរិសុទ្ធគ្មានការណែនាំអ្វីពិសេសទេ ដូច្នេះហើយ មនុស្សបានចែកចាយរូបគំនូរដែលគេស្រមៃ គូរនោះបន្តគ្នារហូតមកទល់សព្វថ្ងៃនេះ។ តាមពិតទៅ តាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ មនុស្សមិនគួរធ្វើបែបនេះឡើយ។ គឺសទ្ធាដ៏មុតមាំរបស់មនុស្សនេះហើយដែលបង្កើតជារូបគំនូររបស់ព្រះយេស៊ូវឱ្យនៅសល់រហូតដល់សព្វថ្ងៃនេះ។ ព្រះជាម្ចាស់ គឺជាព្រះវិញ្ញាណ ហើយមនុស្សមិនអាចទាញជារួមថារូបអង្គរបស់ទ្រង់បែបណានៅក្នុងការវិភាគចុងក្រោយនោះទេ។ រូបអង្គរបស់ទ្រង់ គឺអាចតំណាងបានត្រឹមនិស្ស័យរបស់ទ្រង់តែប៉ុណ្ណោះ។ សម្រាប់ទម្រង់នៃព្រះនាសារបស់ទ្រង់ ព្រះឱស្ឋរបស់ទ្រង់ ព្រះនេត្ររបស់ទ្រង់ និងព្រះកេសារបស់ទ្រង់ ទាំងអស់នេះគឺមិនអាចឱ្យអ្នករៀបរាប់បាននោះទេ។ នៅពេលដែលការបើកសម្ដែងបានមកដល់យូហាន គាត់បានឃើញរូបអង្គនៃបុត្រមនុស្ស៖ ចេញពីព្រះឱស្ឋរបស់ទ្រង់គឺជាដាវមុខពីរ ព្រះនេត្ររបស់ទ្រង់គឺដូចជាអណ្ដាតភ្លើង ព្រះសិរសានិងព្រះកេសារបស់ទ្រង់ពណ៌សដូចជារោមចៀម ព្រះបាទារបស់ទ្រង់ដូចជាលង្ហិនខាត់រលោងស្រិល ហើយនៅឱរារបស់ទ្រង់ មានក្រវាត់ឈៀងពណ៌មាស។ បើទោះបីជាពាក្យរបស់គាត់ច្បាស់ៗក្ដី ក៏រូបអង្គរបស់ព្រះជាម្ចាស់ដែលគាត់បានរៀបរាប់ មិនមែនជារូបអង្គនៃសត្តនិករដែលបានបង្កើតមកនោះដែរ។ អ្វីដែលគាត់បានឃើញ គឺគ្រាន់តែជានិមិត្តប៉ុណ្ណោះ និងមិនមែនជារូបអង្គនៃមនុស្សមកពីពិភពពិតនោះទេ។ យូហានបានឃើញនិមិត្តមួយ ប៉ុន្តែគាត់មិនបានឃើញរូបរាងខាងក្រៅពិតប្រាកដរបស់ព្រះជាម្ចាស់ឡើយ។ រូបអង្គនៃសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ដែលជារូបអង្គនៃសត្តនិករដែលបានបង្កើតមក គឺមិនអាចតំណាងឱ្យនិស្ស័យរបស់ព្រះជាម្ចាស់ទាំងស្រុងនោះទេ។ នៅពេលដែលព្រះយេហូវ៉ាបានបង្កើតមនុស្សជាតិមក ទ្រង់បានមានព្រះបន្ទូលថា ទ្រង់បានបង្កើតមនុស្សឱ្យដូចជារូបអង្គទ្រង់ និងបានបង្កើតមនុស្សប្រុស និងមនុស្សស្រីមក។ នៅពេលនោះ ទ្រង់បានមានព្រះបន្ទូលថា ទ្រង់បានបង្កើតមនុស្សប្រុស និងមនុស្សស្រីឱ្យដូចរូបអង្គរបស់ព្រះជាម្ចាស់។ បើទោះបីជាលក្ខណៈរូបរបស់មនុស្សស្រដៀងគ្នានឹងរូបអង្គរបស់ព្រះជាម្ចាស់ក្ដី ក៏នេះមិនអាចបកស្រាយថា រូបរាងខាងក្រៅរបស់មនុស្ស គឺជារូបអង្គរបស់ព្រះជាម្ចាស់បានដែរ។ អ្នកក៏មិនអាចប្រើភាសារបស់មនុស្សជាតិដើម្បីធ្វើជាគំរូពេញលេញអំពីរូបអង្គរបស់ព្រះជាម្ចាស់បានដែរ ដ្បិតព្រះជាម្ចាស់ខ្ពង់ខ្ពស់ណាស់ មហិមាណាស់ អស្ចារ្យណាស់ និងមិនអាចយល់បានឡើយ!
នៅពេលដែលព្រះយេស៊ូវយាងមកបំពេញកិច្ចការរបស់ទ្រង់ គឺកិច្ចការនោះស្ថិតនៅក្រោមការណែនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ទ្រង់បានបំពេញកិច្ចការដែលទ្រង់ចង់បំពេញ និងមិនមែនទៅតាមយុគសម័យនៃក្រឹត្យវិន័យក្នុងព្រះគម្ពីរសញ្ញាចាស់ ឬទៅតាមកិច្ចការរបស់ព្រះយេហូវ៉ាឡើយ។ បើទោះបីជាកិច្ចការដែលព្រះយេស៊ូវយាងមកបំពេញនោះ គឺមិនស្របទៅតាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ឬបញ្ញត្តិរបស់ព្រះយេហូវ៉ាក្ដី ក៏ប្រភពរបស់ទ្រង់ គឺតែមួយ និងដូចគ្នាដែរ។ កិច្ចការដែលព្រះយេស៊ូវបានធ្វើ តំណាងឱ្យព្រះនាមរបស់ព្រះយេស៊ូវ ហើយវាតំណាងឱ្យយុគសម័យនៃព្រះគុណ។ សម្រាប់កិច្ចការដែលព្រះយេហូវ៉ាបំពេញ គឺតំណាងឱ្យព្រះយេហូវ៉ា ហើយវាតំណាងឱ្យយុគសម័យនៃក្រឹត្យវិន័យ។ កិច្ចការរបស់ទ្រង់ គឺជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយនៅក្នុងយុគសម័យពីរផ្សេងគ្នា។ កិច្ចការដែលព្រះយេស៊ូវបានបំពេញអាចតំណាងត្រឹមយុគសម័យនៃព្រះគុណប៉ុណ្ណោះ ហើយកិច្ចការដែលព្រះយេហូវ៉ាបានបំពេញ តំណាងត្រឹមយុគសម័យនៃក្រឹត្យវិន័យក្នុងព្រះគម្ពីរសញ្ញាចាស់ប៉ុណ្ណោះ។ ព្រះយេហូវ៉ាបានណែនាំត្រឹមរាស្រ្តអ៊ីស្រាអែល និងរាស្រ្តអេហ្ស៊ីប និងគ្រប់ជាតិសាសន៍ទាំងអស់នៅក្រៅស្រុកអ៊ីស្រាអែលប៉ុណ្ណោះ។ កិច្ចការរបស់ព្រះយេស៊ូវនៅក្នុងយុគសម័យនៃព្រះគុណក្នុងព្រះគម្ពីរសញ្ញាថ្មី គឺជាកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងព្រះនាមរបស់ព្រះយេស៊ូវ នៅពេលដែលទ្រង់បានដឹកនាំយុគសម័យនោះ។ ប្រសិនបើអ្នកនិយាយថា កិច្ចការរបស់ព្រះយេស៊ូវផ្អែកលើកិច្ចការរបស់ព្រះយេហូវ៉ា ថាទ្រង់មិនបានបង្កើតកិច្ចការថ្មីណាមួយ ហើយថាគ្រប់ការដែលទ្រង់បានបំពេញគឺស្របទៅតាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា និងសេចក្ដីទំនាយរបស់អេសាយ នោះព្រះយេស៊ូវនឹងមិនមែនជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឡើយ។ ប្រសិនបើទ្រង់បានបំពេញកិច្ចការរបស់ទ្រង់ដោយបែបនេះមែន ទ្រង់នឹងអាចក្លាយត្រឹមជាសាវ័កមួយរូប ឬជាអ្នកធ្វើការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យប៉ុណ្ណោះ។ ប្រសិនបើដូចជាអ្នកនិយាយមែន នោះព្រះយេស៊ូវមិនអាចចាប់ផ្ដើមយុគសម័យមួយបានឡើយ ហើយទ្រង់ក៏មិនអាចបំពេញកិច្ចការដទៃផ្សេងទៀតបានដែរ។ ដូចគ្នានេះដែរ ព្រះវិញ្ញាណបរិសុទ្ធ ត្រូវបំពេញកិច្ចការរបស់ទ្រង់ជាគោលការណ៍តាមរយៈព្រះយេហូវ៉ា ហើយព្រះវិញ្ញាណបរិសុទ្ធមិនអាចបំពេញកិច្ចការថ្មីបានឡើយលើកលែងតែតាមរយៈព្រះយេហូវ៉ាប៉ុណ្ណោះ។ វាជារឿងខុសសម្រាប់មនុស្សដែលយល់ពីកិច្ចការរបស់ព្រះយេស៊ូវថាបែបនេះ។ ប្រសិនបើមនុស្សជឿថា កិច្ចការដែលព្រះយេស៊ូវបានធ្វើស្របទៅតាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា និងតាមសេចក្ដីទំនាយរបស់អេសាយ នោះតើព្រះយេស៊ូវគឺជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សមែនទេ ឬតើទ្រង់គឺជាហោរាម្នាក់មែនទេ? តាមទស្សនៈនេះ នឹងគ្មានយុគសម័យនៃព្រះគុណទេ ហើយព្រះយេស៊ូវនឹងមិនក្លាយជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឡើយ ដ្បិតកិច្ចការដែលទ្រង់បានបំពេញ មិនអាចតំណាងឱ្យយុគសម័យនៃព្រះគុណបាន និងអាចតំណាងត្រឹមតែយុគសម័យនៃក្រឹត្យវិន័យនៅក្នុងព្រះគម្ពីរសញ្ញាចាស់ប៉ុណ្ណោះ។ អាចនឹងមាននូវយុគសម័យថ្មីមួយនៅពេលដែលព្រះយេស៊ូវយាងមកបំពេញកិច្ចការថ្មី ដើម្បីបើកយុគសម័យថ្មីមួយ ដើម្បីឆ្លងកាត់កិច្ចការដែលបានបំពេញពីមុននៅស្រុកអ៊ីស្រាអែល និងដើម្បីបំពេញកិច្ចការរបស់ទ្រង់មិនឱ្យស្របទៅតាមកិច្ចការដែលព្រះយេហូវ៉ាបានធ្វើនៅស្រុកអ៊ីស្រាអែល ឬស្របតាមក្រឹត្យវិន័យចាស់របស់ទ្រង់ ឬស្របទៅតាមបទបញ្ញត្តិណាមួយឡើយ ប៉ុន្តែផ្ទុយទៅវិញ គឺដើម្បីបំពេញកិច្ចការថ្មីដែលទ្រង់គប្បីបំពេញ។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គយាងមកដើម្បីបើកយុគសម័យនោះ ហើយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ក៏យាងមកដើម្បីនាំយុគសម័យនោះទៅរកទីបញ្ចប់ដែរ។ មនុស្សមិនអាចធ្វើកិច្ចការនៃការចាប់ផ្ដើមយុគសម័យមួយ និងបញ្ចប់យុគសម័យនោះបានទេ។ ប្រសិនបើព្រះយេស៊ូវមិនបាននាំយកកិច្ចការរបស់ព្រះយេហូវ៉ាទៅរកទីបញ្ចប់ ក្រោយពីទ្រង់បានយាងមកទេ នោះនឹងក្លាយជាភស្ដុតាងបញ្ជាក់ថា ទ្រង់គឺគ្រាន់តែជាមនុស្សម្នាក់ប៉ុណ្ណោះ និងមិនអាចតំណាងឱ្យព្រះជាម្ចាស់បានឡើយ។ ច្បាស់ណាស់ថា ដោយសារព្រះយេស៊ូវបានយាងមក និងបានបញ្ចប់កិច្ចការរបស់ព្រះយេហូវ៉ា បានបន្តកិច្ចរបស់ព្រះយេហូវ៉ា និងបន្តកិច្ចការរបស់ព្រះអង្គផ្ទាល់ ដែលជាកិច្ចការថ្មីមួយទៀត នោះបញ្ជាក់ថា នេះគឺជាយុគសម័យថ្មីមួយ ហើយថាព្រះយេស៊ូវគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ទ្រង់បានបំពេញនូវកិច្ចការនៅដំណាក់កាលពីរផ្សេងគ្នា។ ដំណាក់កាលមួយត្រូវធ្វើឡើងនៅក្នុងព្រះវិហារ ហើយដំណាក់កាលមួយត្រូវធ្វើឡើងនៅក្រៅព្រះវិហារ។ ដំណាក់កាលមួយ ត្រូវដឹកនាំមនុស្សស្របទៅតាមក្រឹត្យវិន័យ ហើយដំណាក់កាលមួយទៀត ត្រូវលះបង់ធ្វើជាតង្វាយលោះបាប។ ដំណាក់កាលនៃកិច្ចការទាំងពីរនេះ គឺមានភាពខុសគ្នាយ៉ាងខ្លាំង។ ការនេះបែងចែកយុគសម័យថ្មីចេញពីយុគសម័យចាស់ ហើយវាត្រឹមត្រូវណាស់ដែលនិយាយថា ដំណាក់កាលទាំងពីរ គឺជាយុគសម័យពីរផ្សេងគ្នា។ ទីតាំងនៃកិច្ចការរបស់ទ្រង់គឺខុសគ្នា ខ្លឹមសារនៃកិច្ចការរបស់ទ្រង់ក៏ខុសគ្នា ហើយគោលបំណងនៃកិច្ចការរបស់ទ្រង់ក៏ខុសគ្នាដែរ។ ដូច្នេះ ដំណាក់កាលនៃកិច្ចការនេះអាចបែងចែកជាពីរយុគសម័យ៖ ព្រះគម្ពីរសញ្ញាថ្មី និងព្រះគម្ពីរសញ្ញាចាស់ យុគសម័យសញ្ញាថ្មី និងយុគសម័យសញ្ញាចាស់។ នៅពេលដែលព្រះយេស៊ូវបានយាងមក ទ្រង់មិនបានយាងទៅក្នុងព្រះវិហារទេហើយនេះបញ្ជាក់ថា យុគសម័យរបស់ព្រះយេហូវ៉ាបានបញ្ចប់រួចហើយ។ ទ្រង់មិនបានយាងចូលទៅក្នុងព្រះវិហារទេដោយសារកិច្ចការរបស់ព្រះយេហូវ៉ានៅក្នុងព្រះវិហារបានបញ្ចប់រួចហើយ និងមិនចាំបាច់ត្រូវការធ្វើវាម្ដងទៀតឡើយ ហើយបើធ្វើម្ដងទៀតនឹងជាន់គ្នាមិនខាន។ មានតែតាមរយៈការចាកចេញពីព្រះវិហារ ការចាប់ផ្ដើមកិច្ចការថ្មី និងការចាប់ផ្ដើមមាគ៌ាថ្មីនៅក្រៅព្រះវិហារទេ ទើបទ្រង់អាចនាំកិច្ចការរបស់ព្រះជាម្ចាស់ទៅដល់ចំណុចកំពូលរបស់វាបាន។ ប្រសិនបើទ្រង់មិនបានចាកចេញពីព្រះវិហារដើម្បីបំពេញកិច្ចការរបស់ទ្រង់ទេ នោះកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវជាប់គាំងនៅលើមូលដ្ឋានគ្រឹះនៃព្រះវិហារដដែល ហើយនឹងមិនមានការផ្លាស់ប្ដូរថ្មីណាមួយទេ។ ហេតុដូច្នេះហើយ នៅពេលដែលព្រះយេស៊ូវយាងមក ទ្រង់មិនបានចូលទៅក្នុងព្រះវិហារឡើយ និងមិនបានបំពេញកិច្ចការរបស់ទ្រង់នៅក្នុងព្រះវិហារទេ។ ទ្រង់បានបំពេញកិច្ចការរបស់ទ្រង់នៅក្រៅព្រះវិហារ និងបានដឹកនាំពួកសិស្ស ព្រមទាំងបានបំពេញកិច្ចការរបស់ទ្រង់ដោយសេរី។ ការយាងចាកចេញរបស់ព្រះជាម្ចាស់ពីព្រះវិហារដើម្បីបំពេញកិច្ចការរបស់ទ្រង់ មានន័យថា ព្រះជាម្ចាស់មានផែនការថ្មីមួយ។ កិច្ចការរបស់ទ្រង់ គឺត្រូវបំពេញនៅក្រៅព្រះវិហារ ហើយវាគឺជាកិច្ចការថ្មីដែលមិនជាប់ជំពាក់នឹងការអនុវត្តកិច្ចការនេះក្នុងលក្ខណៈណាមួយឡើយ។ នៅពេលដែលព្រះយេស៊ូវបានយាងមកដល់ ទ្រង់បាននាំកិច្ចការរបស់ព្រះយេហូវ៉ាក្នុងអំឡុងយុគសម័យនៃព្រះគម្ពីរសញ្ញាចាស់ទៅរកទីបញ្ចប់។ បើទោះបីជាទ្រង់ត្រូវហៅដោយព្រះនាមពីរផ្សេងគ្នាក៏ដោយ ក៏ជាព្រះវិញ្ញាណតែមួយដែរ ដែលបានសម្រេចកិច្ចការនៅដំណាក់កាលទាំងពីរនេះ ហើយកិច្ចការដែលបានធ្វើរួចហើយ ក៏បានបន្ត។ ដោយសារព្រះនាមខុសគ្នា ហើយខ្លឹមសារនៃកិច្ចការខុសគ្នា យុគសម័យនោះក៏ខុសគ្នាដែរ។ នៅពេលដែលព្រះយេហូវ៉ាបានយាងមក នោះគឺជាយុគសម័យរបស់ព្រះយេហូវ៉ា ហើយនៅពេលដែលព្រះយេស៊ូវទ្រង់បានយាងមក នោះគឺជាយុគសម័យរបស់ព្រះយេស៊ូវ។ ដូច្នេះហើយ នៅពេលដែលយាងមកម្ដងៗ ព្រះជាម្ចាស់ត្រូវគេហៅដោយព្រះនាមមួយ ទ្រង់ណែនាំយុគសម័យមួយ ហើយទ្រង់ចាប់ផ្ដើមមាគ៌ាថ្មីមួយ ហើយនៅលើមាគ៌ាថ្មីនីមួយៗ ទ្រង់ប្រើព្រះនាមថ្មីមួយ ដែលបង្ហាញថា ព្រះជាម្ចាស់គឺតែងតែថ្មីជានិច្ច និងមិនដែលចាស់ឡើយ ហើយនោះគឺជាកិច្ចការរបស់ទ្រង់ ដែលមិនដែលឈប់ចម្រើនទៅមុខឡើយ។ ប្រវត្តិសាស្រ្តតែងរំកិលទៅមុខ ហើយកិច្ចការរបស់ព្រះជាម្ចាស់ ក៏តែងផ្លាស់ប្ដូរទៅមុខជានិច្ចដែរ។ ដើម្បីឱ្យផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំឈានចូលដល់ទីបញ្ចប់បាន វាត្រូវតែបន្តចម្រើនទៅមុខជានិច្ច។ ទ្រង់ត្រូវតែបំពេញកិច្ចការថ្មីជារៀងរាល់ថ្ងៃ ហើយជារៀងរាល់ឆ្នាំ ទ្រង់ត្រូវតែបំពេញនូវកិច្ចការថ្មីជានិច្ច។ ទ្រង់ត្រូវតែចាប់ផ្ដើមមាគ៌ាថ្មីៗ ចាប់ផ្ដើមសម័យកាលថ្មីៗ ចាប់ផ្ដើមកិច្ចការថ្មី និងកាន់តែអស្ចារ្យ ហើយជាមួយគ្នានោះដែរ ត្រូវនាំព្រះនាមថ្មី និងកិច្ចការថ្មីមកជាមួយ។ ពីពេលមួយទៅពេលមួយ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់កំពុងបំពេញកិច្ចការថ្មី ហើយមិនដែលនៅជាប់នឹងវិធីសាស្ដ្រចាស់ ឬច្បាប់ចាស់ឡើយ។ ហើយកិច្ចការរបស់ទ្រង់ក៏មិនដែលឈប់ដែរ គឺឆ្លងកាត់ពីពេលមួយទៅពេលមួយឥតដាច់ឡើយ។ ប្រសិនបើអ្នកនិយាយថា កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធមិនប្រែប្រួល តើហេតុអ្វីបានជាព្រះយេហូវ៉ាសុំពួកសង្ឃឱ្យបម្រើទ្រង់នៅក្នុងព្រះវិហារ ប៉ុន្តែព្រះយេស៊ូវវិញ បែរជាមិនបានយាងចូលទៅក្នុងព្រះវិហារនៅពេលដែលទ្រង់យាងមក បើទោះបីជាមនុស្សបាននិយាយថា ទ្រង់គឺជាសង្ឃមានឋានៈខ្ពស់ជាងគេ ហើយថាទ្រង់ចេញមកពីដំណាក់របស់ដាវីដ ហើយក៏ជាសង្ឃខ្ពស់ជាងគេ និងជាក្សត្រដ៏ធំជាងគេ? ហើយតើហេតុអ្វីបានទ្រង់មិនថ្វាយយញ្ញបូជា? ការចូលទៅក្នុងព្រះវិហារ ឬការមិនចូលទៅក្នុងព្រះវិហារ តើការទាំងអស់នេះមិនមែនជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេឬអី? ដូចដែលមនុស្សនឹកស្រមៃ ប្រសិនបើព្រះយេស៊ូវនឹងយាងមកម្ដងទៀតនៅគ្រាចុងក្រោយ ហើយនៅតែត្រូវហៅថាព្រះយេស៊ូវ និងនៅតែយាងមកលើដុំពពកស ដោយយាងចុះមកក្នុងចំណោមមនុស្សជារូបអង្គរបស់ព្រះយេស៊ូវ៖ តើនោះមិនមែនជាកិច្ចការដដែលៗរបស់ទ្រង់ទេឬអី? តើព្រះវិញ្ញាណបរិសុទ្ធអាចនៅជាប់នឹងរឿងចាស់បានទេ? អ្វីដែលមនុស្សជឿ គឺជាសញ្ញាណ ហើយអ្វីៗដែលមនុស្សយល់ គឺស្របទៅតាមន័យត្រង់ ហើយក៏ស្របទៅតាមការស្រមៃរបស់ពួកគេដែរ។ អ្វីទាំងនោះ មិនស្របគ្នាជាមួយនឹងគោលការណ៍នៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ ហើយក៏មិនស្របទៅតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ ព្រះជាម្ចាស់នឹងមិនបំពេញកិច្ចការដោយបែបនេះទេ។ ព្រះជាម្ចាស់មិនល្ងង់ខ្លៅ និងល្ងីល្ងើនោះទេ ហើយកិច្ចការរបស់ទ្រង់ គឺមិនធម្មតាដូចជាអ្នកនឹកស្រមៃឡើយ។ ផ្អែកតាមគ្រប់យ៉ាងដែលមនុស្សនឹកស្រមៃ ព្រះយេស៊ូវនឹងយាងមកនៅលើដុំពពក និងយាងចុះមកក្នុងចំណោមពួកអ្នករាល់គ្នា។ អ្នករាល់គ្នានឹងឃើញទ្រង់គង់នៅលើដុំពពក ហើយទ្រង់នឹងមានបន្ទូលប្រាប់អ្នករាល់គ្នាថា ទ្រង់គឺជាព្រះយេស៊ូវ។ អ្នករាល់គ្នាក៏នឹងឃើញស្នាមដែកគោលនៅលើព្រះហស្ដរបស់ទ្រង់ ហើយនឹងស្គាល់ទ្រង់ថាជា ព្រះយេស៊ូវ។ ហើយទ្រង់នឹងសង្គ្រោះអ្នករាល់គ្នាម្ដងទៀត ហើយនិងធ្វើជាព្រះដ៏មានគ្រប់ចេស្ដារបស់អ្នករាល់គ្នា។ ទ្រង់នឹងសង្គ្រោះអ្នករាល់គ្នា ប្រទានឈ្មោះថ្មីដល់អ្នករាល់គ្នា និងប្រទានដុំថ្មសដល់អ្នករាល់គ្នាម្នាក់មួយដុំ ដែលបន្ទាប់ពីនោះមក អ្នករាល់គ្នានឹងត្រូវអនុញ្ញាតឱ្យចូលទៅក្នុងនគរស្ថានសួគ៌ ហើយនឹងត្រូវទទួលយកទៅស្ថានសួគ៌។ តើជំនឿបែបនេះ មិនមែនជាសញ្ញាណរបស់មនុស្សទេឬអី? តើព្រះជាម្ចាស់បំពេញកិច្ចការស្របតាមសញ្ញាណរបស់មនុស្សមែនទេ ឬតើទ្រង់បំពេញកិច្ចការទាស់នឹងសញ្ញាណរបស់មនុស្សមែនទេ? តើសញ្ញាណរបស់មនុស្សសុទ្ធតែមកអំពីសាតាំងមែនទេ? តើមនុស្សទាំងអស់មិនសុទ្ធតែត្រូវសាតាំងធ្វើឱ្យពុករលួយទេឬអី? ប្រសិនបើព្រះជាម្ចាស់បានបំពេញកិច្ចការស្របទៅតាមសញ្ញាណរបស់មនុស្ស តើទ្រង់មិនក្លាយជាសាតាំងទេមែនទេ? តើទ្រង់នឹងមិនមែនជាប្រភេទតែមួយនឹងសត្តនិករដែលទ្រង់បង្កើតមកទេឬអី? ដោយសារសព្វសារពើដែលទ្រង់បង្កើតមកត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងខ្លាំងក្នុងពេលនេះ ទើបមនុស្សបានក្លាយទៅជារូបតំណាងរបស់សាតាំង ប្រសិនបើព្រះជាម្ចាស់ត្រូវធ្វើការស្របទៅតាមអ្វីជារបស់សាតាំង តើទ្រង់នឹងមិនឃុបឃិតគ្នាជាមួយនឹងសាតាំងទេឬអី? តើមនុស្សអាចយល់ពីកិច្ចការរបស់ព្រះជាម្ចាស់បានដោយរបៀបណា? ហេតុដូច្នេះ ព្រះជាម្ចាស់នឹងមិនធ្វើការស្របទៅតាមសញ្ញាណរបស់មនុស្សឡើយ ហើយនឹងមិនដែលធ្វើកិច្ចការដូចដែលអ្នកនឹកស្រមៃនោះទេ។ មានមនុស្សដែលនិយាយថា ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានមានព្រះបន្ទូលថា ទ្រង់នឹងយាងមកនៅលើដុំពពក។ តើវាពិតទេថា ព្រះជាម្ចាស់បានមានព្រះបន្ទូលបែបនេះដោយផ្ទាល់ព្រះអង្គទ្រង់នោះ ប៉ុន្តែតើអ្នកមិនដឹងថា គ្មានមនុស្សណាម្នាក់អាចយល់ពីអាថ៌កំបាំងរបស់ព្រះជាម្ចាស់បានទេឬ? តើអ្នកមិនដឹងទេថា គ្មានមនុស្សណាម្នាក់អាចពន្យល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន? ក្រៅពីស្រមោលនៃការសង្ស័យ តើអ្នកច្បាស់ទេថា អ្នកត្រូវបានបំភ្លឺ និងស្រាយបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធនោះ? ច្បាស់ណាស់ គឺមិនមែនព្រះវិញ្ញាណបរិសុទ្ធទេដែលបានបង្ហាញអ្នកតាមរបៀបមួយដោយផ្ទាល់បែបនេះនោះ? តើព្រះវិញ្ញាណបរិសុទ្ធមែនទេដែលបានណែនាំអ្នក ឬជាសញ្ញាណរបស់អ្នកបានដឹកនាំអ្នកឱ្យគិតបែបនេះ? អ្នកនិយាយថា «ព្រះជាម្ចាស់ទ្រង់មានព្រះបន្ទូលបែបនេះ»។ ប៉ុន្តែ យើងមិនអាចប្រើសញ្ញាណ និងគំនិតផ្ទាល់របស់យើងដើម្បីវាស់ស្ទង់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ សម្រាប់ពាក្យដែលអេសាយបាននិយាយ តើអ្នកអាចពន្យល់ពាក្យរបស់គាត់ឱ្យបានច្បាស់លាស់ដែរឬទេ? តើអ្នកហ៊ានពន្យល់ពាក្យរបស់គាត់ដែរឬទេ? ដោយសារអ្នកមិនហ៊ានពន្យល់សម្ដីរបស់អេសាយ តើហេតុអ្វីបានជាអ្នកហ៊ានពន្យល់ពីព្រះបន្ទូលរបស់ព្រះយេស៊ូវ? តើនរណាខ្ពង់ខ្ពស់ជាង ព្រះយេស៊ូវ ឬអេសាយ? ដោយសារចម្លើយ គឺព្រះយេស៊ូវខ្ពង់ខ្ពស់ជាង តើហេតុអ្វីបានជាអ្នកពន្យល់ព្រះបន្ទូលដែលព្រះយេស៊ូវបានថ្លែងមក? តើព្រះជាម្ចាស់នឹងមានបន្ទូលប្រាប់អ្នកអំពីកិច្ចការរបស់ទ្រង់ជាមុនដែរឬទេ? គ្មានសត្តនិករណាមួយដែលអាចដឹងបានទេ គ្មានអ្នកនាំសារស្ថានសួគ៌ណាមួយដឹងឡើយ ហើយកូនមនុស្សក៏មិនដែរ ដូច្នេះ តើអ្នកអាចដឹងបានដោយរបៀបណា? មនុស្សនៅមានការខ្វះខាតខ្លាំងណាស់។ អ្វីដែលសំខាន់សម្រាប់អ្នករាល់គ្នាក្នុងពេលនេះ គឺត្រូវដឹងអំពីដំណាក់កាលទាំងបីនៃកិច្ចការនេះ។ ចាប់តាំងពីកិច្ចការរបស់ព្រះយេហូវ៉ាទៅដល់កិច្ចការរបស់ព្រះយេស៊ូវ និងពីកិច្ចការរបស់ព្រះយេស៊ូវទៅដល់ដំណាក់កាលបច្ចុប្បន្ននេះ ដំណាក់កាលទាំងបីនេះ គ្របដណ្ដប់លើការគ្រប់គ្រងសព្វគ្រប់បែបយ៉ាងទាំងអស់របស់ព្រះជាម្ចាស់ ហើយកិច្ចការទាំងអស់ គឺសុទ្ធតែជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយ។ ចាប់តាំងពីការបង្កើតពិភពលោកនេះមក ព្រះជាម្ចាស់តែងបំពេញកិច្ចការនៃការគ្រប់គ្រងមនុស្សជាតិ។ ទ្រង់គឺជាការចាប់ផ្ដើម និងជាទីបញ្ចប់ ទ្រង់គឺជាព្រះជាម្ចាស់ដំបូងគេ និងចុងក្រោយគេ ហើយទ្រង់គឺជាព្រះជាម្ចាស់មួយអង្គដែលចាប់ផ្ដើមយុគសម័យមួយ និងជាព្រះជាម្ចាស់ដែលនាំយុគសម័យនោះទៅរកទីបញ្ចប់។ ដំណាក់កាលទាំងបីនៃកិច្ចការនេះ ដែលស្ថិតក្នុងយុគសម័យខុសគ្នា និងទីតាំងខុសគ្នា គឺជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយ។ អស់អ្នកដែលញែកដំណាក់កាលទាំងបីនេះពីគ្នា នោះឈរទទឹងនឹងព្រះជាម្ចាស់ហើយ។ បច្ចុប្បន្ននេះ វាបញ្ជាក់អ្នកឱ្យយល់ថា គ្រប់កិច្ចការទាំងអស់ គឺចាប់តាំងពីដំណាក់កាលដំបូង រហូតដល់សព្វថ្ងៃនេះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់តែមួយព្រះអង្គ ជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយ។ គ្មានអ្វីត្រូវឆ្ងល់ចំពោះចំណុចនេះទេ។