នៅពេលដែលអ្នកយល់ដឹងអំពីសេចក្ដីពិត អ្នកគួរយកវាមកអនុវត្ត

កិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់មានបំណងធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងនិស្ស័យរបស់អ្នករាល់គ្នា។ គោលដៅរបស់ទ្រង់មិនគ្រាន់តែធ្វើឱ្យអ្នកយល់ដឹងពីកិច្ចការ និងព្រះបន្ទូលទ្រង់ប៉ុណ្ណោះទេ ព្រោះវាមិនទាន់គ្រប់គ្រាន់ទេ។ អ្នកជាមនុស្សដែលមានសមត្ថភាពយល់ដឹង ដូច្នេះអ្នកមិនគួរមានការលំបាកក្នុងការយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ ព្រោះថាព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានសរសេរឡើងជាភាសារបស់មនុស្ស ហើយទ្រង់ក៏មានបន្ទូលច្បាស់ៗផងដែរ។ តួយ៉ាង អ្នកពិតជាអាចរៀនពីអ្វីដែលព្រះជាម្ចាស់ចង់ឱ្យអ្នកយល់ និងអនុវត្ត ហើយនេះគឺជាអ្វីដែលមនុស្សសាមញ្ញមានសមត្ថភាពយល់ដឹងម្នាក់ គួរតែអាចធ្វើបាន។ ជាពិសេស ព្រះបន្ទូលដែលព្រះជាម្ចាស់កំពុងតែមានបន្ទូលនៅក្នុងដំណាក់កាលបច្ចុប្បន្ននេះ គឺពិតជាច្បាស់ និងមិនស្រពេចស្រពិលនោះទេ ហើយទ្រង់កំពុងតែចង្អុលបង្ហាញរឿងរ៉ាវជាច្រើនដែលមនុស្សមិនបានគិតដល់ រួមទាំងលក្ខណៈគ្រប់យ៉ាងរបស់មនុស្សផង។ ព្រះបន្ទូលរបស់ទ្រង់គឺក្តោបន័យគ្រប់គ្រាន់ ហើយច្បាស់ដូចជាថ្ងៃ ដូច្នេះ បច្ចុប្បន្ន មនុស្សយល់រឿងរ៉ាវជាច្រើន ប៉ុន្តែពួកគេភ្លេចអ្វីម៉្យាង នោះគឺការយកព្រះបន្ទូលរបស់ទ្រង់មកអនុវត្ត។ មនុស្សត្រូវមានបទពិសោធរាល់រឿងរ៉ាវនៃសេចក្តីពិតឱ្យបានលម្អិត ហើយស្រាវជ្រាវ ស្វែងរកឱ្យកាន់តែលម្អិតបន្ថែមទៀត ជាជាងការទន្ទឹងរង់ចាំទទួលយកអ្វីដែលមានស្រាប់ បើមិនដូច្នោះទេ ពួកគេមិនសូវខុសពីសត្វប៉ារ៉ាស៊ីតប៉ុន្មានទេ។ ពួកគេដឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្តែពួកគេពុំយកព្រះបន្ទូលមកអនុវត្តនោះទេ។ មនុស្សប្រភេទនេះ មិនស្រឡាញ់សេចក្តីពិត ហើយទីបំផុតពួកគេនឹងត្រូវផាត់ចោល។ ដើម្បីក្លាយជាពេត្រុសក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ម្នាក់ គឺអ្នករាល់គ្នាគួរយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកអនុវត្ត មានផ្លូវចូលពិតប្រាកដនៅក្នុងបទពិសោធរបស់អ្នក ហើយទទួលយកការបំភ្លឺកាន់តែច្រើន និងកាន់តែប្រសើរជាងមុន នៅក្នុងកិច្ចសហការជាមួយព្រះជាម្ចាស់ ដែលទាំងនេះនឹងជួយបង្កើនជំនួយដល់ជីវិតផ្ទាល់ខ្លួនរបស់អ្នក។ ប្រសិនបើអ្នកបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើន ប៉ុន្តែអ្នកគ្រាន់តែយល់ន័យត្រង់តាមអត្ថបទ ហើយខ្វះចំណេះដឹងខាងព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរយៈបទពិសោធជាក់ស្តែងរបស់អ្នក នោះអ្នកនឹងមិនដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ។ ប្រសិនបើអ្នកគិតដូច្នោះមែន នោះព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនមែនជាជីវិតនោះទេ គ្រាន់តែជាន័យពាក្យដែលគ្មានជីវិតប៉ុណ្ណោះ។ ហើយប្រសិនបើអ្នករស់នៅ ដោយប្រព្រឹត្តតាមន័យពាក្យដែលគ្មានជីវិត នោះអ្នកមិនអាចចាប់យកចំណុចសំខាន់នៃព្រះបន្ទូល និងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ។ មានតែនៅពេលដែលអ្នកជួបប្រទះព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងបទពិសោធជាក់ស្តែងប៉ុណ្ណោះ ទើបន័យខាងវិញ្ញាណនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់បើកបង្ហាញឱ្យអ្នកឃើញ ហើយមានតែតាមរយៈបទពិសោធប៉ុណ្ណោះ ទើបអ្នកអាចចាប់យកន័យខាងវិញ្ញានៃសេចក្តីពិតជាច្រើន និងអាចបើកអាថ៌កំបាំងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន។ ប្រសិនបើអ្នកមិនយកព្រះបន្ទូលមកអនុវត្ត មិនថាព្រះបន្ទូលទ្រង់ច្បាស់ប៉ុនណានោះទេ អ្វីទាំងអស់ដែលអ្នកចាប់បាន គឺជាគោលលទ្ធិ និងពាក្យដែលទទេសូន្យ ដែលបានក្លាយជាបញ្ញាត្តិសាសនាសម្រាប់អ្នករួចទៅហើយ។ តើពួកផារិស៊ី មិនធ្វើបែបនេះទេឬអី? ប្រសិនបើអ្នករាល់គ្នាអនុវត្ត និងមានបទពិសោធជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះវានឹងមានប្រយោជន៍សម្រាប់អ្នករាល់គ្នា។ ប្រសិនបើអ្នកមិនអនុវត្តនោះទេ នោះព្រះបន្ទូលរបស់ព្រះជាម្ចាស់គ្មានអ្វីលើសពីរឿងព្រេងនៃឋានសួគ៌ជាន់ទីបីនោះទេ។ តាមពិតទៅ ដំណើរការនៃការជឿលើព្រះជាម្ចាស់ គឺជាដំណើរការដែលអ្នករាល់គ្នាមានបទពិសោធជាមួយព្រះបន្ទូលរបស់ទ្រង់ និងការទទួលបានព្រះបន្ទូលទ្រង់នោះទេ។ និយាយឱ្យស្រួលស្តាប់ទៅ ការជឿលើព្រះជាម្ចាស់ គឺជាការមានចំណេះដឹង និងការយល់ព្រះបន្ទូលរបស់ទ្រង់ ហើយមានបទពិសោធ និងរស់នៅតាមព្រះបន្ទូលរបស់ទ្រង់។ នេះគឺជាតថភាពនៅពីក្រោយជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់។ ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ ហើយសង្ឃឹមទទួលបានជីវិតអស់កល្ប ដោយពុំបានស្វែងរកការអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចូលទៅក្នុងភាពជាក់ស្ដែងនៃសេចក្ដីពិតនោះទេ អ្នកគឺជាមនុស្សល្ងីល្ងើហើយ។ វាមិនខុសពីទៅចូលរួមពិធីជប់លៀង ហើយគ្រាន់តែសម្លឹង និងទន្ទេញមុខម្ហូបដែលឆ្ងាញ់ៗ ដោយពុំបានភ្លក្សរសជាតិនោះទេ វាប្រាកដជាដូចជាការមិនបានហូប ឬផឹកអ្វីនៅទីនោះសោះ។ តើមនុស្សប្រភេទនេះ មិនល្ងីល្ងើទេឬអី?

សេចក្តីពិតដែលមនុស្សត្រូវមាន គឺមានចែងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយវាជាសេចក្តីពិតដែលមានសារៈសំខាន់ និងមានប្រយោជន៍បំផុតដល់មនុស្សជាតិ។ វាជាម្ហូបអាហារដែលរាងការយរបស់អ្នកត្រូវការ ជាអាហារដែលជួយឱ្យមនុស្សស្តារភាពជាមនុស្សរបស់ខ្លួនឡើងវិញ។ វាគឺជាសេចក្តីពិតដែលមនុស្សគួរតែមាន។ កាលណាអ្នករាល់គ្នាអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែច្រើន នោះជីវិតរបស់អ្នករាល់គ្នានឹងកាន់តែមានផ្លែផ្កា។ នៅពេលដែលអ្នករាល់គ្នាធំដឹងក្តី អ្នកនឹងឃើញរឿងរ៉ាវនៃពិភពខាងវិញ្ញាណកាន់តែច្បាស់ ហើយកាន់តែមានកម្លាំងដើម្បីយកឈ្នះសាតាំង។ នៅពេលអ្នករាល់គ្នាអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះសេចក្តីពិតជាច្រើនដែលអ្នករាល់គ្នាមិនយល់ នឹងត្រូវបើកបង្ហាញយ៉ាងច្បាស់។ មនុស្សភាគច្រើនពេញចិត្ត ដោយគ្រាន់តែយល់ន័យព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយផ្តោតទៅលើការយកគោលលទ្ធិមកដាក់ក្នុងខ្លួន ជាជាងការពង្រឹងបទពិសោធរបស់ខ្លួនដោយការអនុវត្ត។ តើនោះ មិនមែនជាវិធីរបស់ពួកផារិស៊ីទេឬអី? ដូច្នេះ តើឃ្លា «ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាជីវិត» គឺជាការពិតសម្រាប់ពួកគេយ៉ាងដូចម្តេច? ជីវិតរបស់បុគ្គលម្នាក់មិនអាចរីកចម្រើនដោយត្រឹមតែអានព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ លុះត្រាតែពួកគេយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្តប៉ុណ្ណោះ។ ប្រសិនបើអ្នកជឿថា ការយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺគ្រប់គ្រាន់សម្រាប់ជីវិត និងកេរ្ត៍ឈ្មោះ នោះការយល់របស់អ្នកគឺខូចការហើយ។ ការយល់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ កើតឡើងនៅពេលអ្នកអនុវត្តសេចក្តីពិត ហើយអ្នកត្រូវតែយល់ថា «មានតែការអនុវត្តសេចក្តីពិតប៉ុណ្ណោះ ទើបអ្នកអាចយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន។» សព្វថ្ងៃនេះ បន្ទាប់ពីអ្នកអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកគ្រាន់តែអាចនិយាយថា អ្នកស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ប៉ុន្តែអ្នកពុំអាចនិយាយថា អ្នកយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានទេ។ មានអ្នកខ្លះនិយាយថា វិធីតែមួយដើម្បីអនុវត្តសេចក្តីពិត គឺយល់សេចក្តីពិតជាមុនសិន ប៉ុន្តែសម្តីនេះគ្រាន់តែត្រូវមួយផ្នែកប៉ុណ្ណោះ វាពិតជាមិនត្រឹមត្រូវទាំងស្រុងនោះទេ។ មុនពេលដែលអ្នកមានចំណេះដឹងអំពីសេចក្តីពិត គឺអ្នកមិនទាន់មានបទពិសោធអំពីសេចក្តីពិតនោះទេ។ ការមានអារម្មណ៍ថា អ្នកយល់ពីអ្វីមួយដែលអ្នកបានឮនៅក្នុងសេចក្តីអធិប្បាយព្រះបន្ទូល មិនមែនជាការយល់ដ៏ពិតនោះទេ វាគ្រាន់តែជាការទទួលបានន័យត្រង់នៃសេចក្តីពិតប៉ុណ្ណោះ វាមិនដូចជាការយល់អត្ថន័យពិតនៃពាក្យទាំងនោះទេ។ បើគ្រាន់តែមានចំណេះដឹងអំពីសេចក្តីពិតសើរៗ មិនមែនមានន័យថា អ្នកពិតជាយល់ដឹងសេចក្តីពិតនោះទេ។ អត្ថន័យពិតប្រាកដនៃសេចក្តីពិត បានមកពីការមានបទពិសោធជាមួយវា។ ដូច្នេះហើយ មានតែពេលដែលអ្នកមានបទពិសោធជាមួយសេចក្តីពិតប៉ុណ្ណោះ ទើបអ្នកអាចយល់ពីសេចក្តីពិត ហើយពេលនោះអ្នកនឹងអាចចាប់យល់បាននូវចំណុចដែលលាក់បាំងរបស់វា។ ការពង្រឹងបទពិសោធរបស់អ្នក គឺជាវិធីតែមួយគត់ដែលអាចចាប់យកអត្ថន័យ និងយល់ពីសារៈសំខាន់នៃសេចក្តីពិតបាន។ ដូច្នេះហើយ ជាមួយនឹងសេចក្តីពិត អ្នកអាចទៅទីណាក៏បាន ប៉ុន្តែបើអ្នកគ្មានសេចក្តីពិតនោះទេ មិនបាច់ព្យាយាមអូសទាញអ្នកកាន់សាសនានោះទ សូម្បីតែសមាជិកគ្រួសាររបស់អ្នកក៏គេមិនជឿដែរ។ គ្មានសេចក្តីពិត អ្នកប្រៀបបានទៅនឹងគ្រាប់ព្រិលដែលកំពុងធ្លាក់ ប៉ុន្តែបើមានសេចក្តីពិត អ្នកអាចមានសេចក្តីអំណរ និងសេរីភាព ហើយក៏គ្មាននរណាអាចវាយប្រហារអ្នកបានដែរ។ មិនថាទ្រឹស្តីខ្លាំងប៉ុនណានោះទេ វាមិនអាចយកឈ្នះសេចក្តីពិតបានឡើយ។ ដោយសារសេចក្តីពិត ពិភពលោកនេះអាចរង្គោះរង្គើ ហើយភ្នំ និងសមុទ្រអាចផ្លាស់ទីបាន ខណៈពេលដែលគ្មានសេចក្តីពិតអាចធ្វើឱ្យជញ្ជាំងដ៏រឹងមាំរបស់ក្រុង ត្រូវបានដង្កូវស៊ីក្លាយជាកម្ទេចថ្មប៉ុណ្ណោះ។ នេះជាការពិតដ៏ជាក់ស្តែង។

នៅក្នុងដំណាក់កាលបច្ចុប្បន្ន វាមានសារៈសំខាន់ណាស់ដែលត្រូវដឹងសេចក្តីពិតជាមុនសិន បន្ទាប់មកយកសេចក្តីពិតទៅអនុវត្ត ហើយបំពេញខ្លួនឯងដោយអត្ថន័យពិតនៃសេចក្តីពិតឱ្យច្រើនថែមទៀត។ អ្នករាល់គ្នាគួរតែស្វះស្វែងដើម្បីទទួលបានសេចក្តីពិត។ អ្នកគួរតែជំរុញអ្នកដទៃឱ្យអនុវត្តតាមការប្រតិបត្តិរបស់អ្នក ជាជាងគ្រាន់តែព្យាយាមធ្វើឱ្យពួកគេអនុវត្តតាមពាក្យសម្ដីរបស់អ្នក។ មានតែតាមវិធីនេះទេ ទើបអ្នកអាចស្វែងរកអ្វីមួយដែលមានន័យ។ មិនថាមានហេតុការណ៍អ្វីកើតឡើងចំពោះអ្នក ហើយមិនថាអ្នកជួបនរណានោះទេ ដរាបណាអ្នកមានសេចក្តីពិត នោះអ្នកនឹងអាចឈររឹងមាំបាន។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាព្រះបន្ទូលដែលនាំជីវិតដល់មនុស្ស មិនមែនសេចក្តីស្លាប់នោះទេ។ ប្រសិនបើក្រោយពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួចហើយ អ្នកមិនមានជីវិត ហើយនៅតែស្លាប់ នោះអ្នកប្រាកដជាមានអ្វីខុសជាមិនខាន។ ប្រសិនបើមួយរយៈក្រោយមក អ្នកអានព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងច្រើន ហើយបានឮការអធិប្បាយព្រះបន្ទូលដោយផ្ទាល់ ប៉ុន្តែអ្នកនៅតែមានស្ថានភាពដូចស្លាប់ដដែល នោះបញ្ជាក់ថា អ្នកមិនមែនជាមនុស្សដែលផ្តល់គុណតម្លៃដល់សេចក្តីពិត ហើយអ្នកក៏មិនមែនជាមនុស្សដែលស្វែងរកសេចក្តីពិតដែរ។ ប្រសិនបើអ្នករាល់គ្នាពិតជាបានស្វះស្វែងទទួលយកព្រះជាម្ចាស់ នោះអ្នករាល់គ្នានឹងមិនផ្តោតទៅលើការទទួលយកគោលលទ្ធិ ហើយប្រើប្រាស់គោលលទ្ធិដ៏ក្រអឺតក្រទមទាំងនោះដើម្បីបង្រៀនអ្នកដទៃនោះទេ ផ្ទុយទៅវិញ អ្នករាល់គ្នានឹងផ្តោតទៅលើការទទួលយកបទពិសោធជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយយកសេចក្តីពិតទៅអនុវត្តជំនួសវិញ។ តើនេះមិនមែនជាអ្វីដែលអ្នករាល់គ្នាគួរតែស្វែងរកដើម្បីចូលទៅនៅពេលនេះទេឬអី?

ព្រះជាម្ចាស់មានពេលកំណត់ដើម្បីធ្វើកិច្ចការរបស់ទ្រង់ជាមួយមនុស្ស ដូច្នេះប្រសិនបើអ្នកមិនសហការជាមួយព្រះជាម្ចាស់ទេ តើលទ្ធផលនឹងទៅជាយ៉ាងណា? ហេតុអ្វីបានជាព្រះជាម្ចាស់តែងតែចង់ឱ្យអ្នកយកព្រះបន្ទូលទ្រង់មកអនុវត្ត នៅពេលដែលអ្នករាល់គ្នាយល់ព្រះបន្ទូលនោះ? នោះក៏ព្រោះតែព្រះជាម្ចាស់បានបើកសម្ដែងព្រះបន្ទូលរបស់ទ្រង់ដល់អ្នករាល់គ្នា ហើយជំហ៊ានបន្ទាប់របស់អ្នករាល់គ្នា គឺត្រូវយកព្រះបន្ទូលទាំងនោះមកអនុវត្តជាក់ស្តែង។ ពេលដែលអ្នកយកព្រះបន្ទូលទាំងនោះមកអនុវត្ត នោះព្រះជាម្ចាស់នឹងធ្វើកិច្ចការបំភ្លឺ និងដឹកនាំ។ នេះគឺជាវិធីដែលព្រះជាម្ចាស់ធ្វើការ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើឱ្យមនុស្សរីកចម្រើននៅក្នុងជីវិត ហើយមិនមានលក្ខណៈណាមួយដែលបណ្តាលឱ្យពួកគេងាកចេញ ឬអសកម្មឡើយ។ អ្នកនិយាយថា អ្នកបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបានអនុវត្តព្រះបន្ទូលនោះ ប៉ុន្តែអ្នកនៅតែមិនទាន់បានទទួលកិច្ចការណាមួយពីព្រះវិញ្ញាណបរិសុទ្ធ។ ពាក្យសម្តីរបស់អ្នកអាចបោកបានតែក្មេងបៀមដៃប៉ុណ្ណោះ។ អ្នកដទៃអាចមិនដឹងថា បំណងរបស់អ្នកខុស ប៉ុន្តែតើទៅរួចទេដែលព្រះជាម្ចាស់មិនអាចដឹងបាននោះ? ម្តេចបានជាអ្នកដទៃយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកអនុវត្ត ហើយទទួលនូវការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែអ្នកយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកអនុវត្តដូចគ្នា បែរជាមិនទទួលបានការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធទៅវិញ? តើព្រះជាម្ចាស់មានមនោសញ្ចេតនាទេ? ប្រសិនបើបំណងរបស់អ្នកពិតជាត្រឹមត្រូវ ហើយអ្នកមានកិច្ចសហការល្អ នោះព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នឹងនៅជាមួយអ្នក។ មនុស្សមួយចំនួនតែងតែចង់តាំងខ្លួនឯងឡើង ប៉ុន្តែហេតុអ្វីបានជាព្រះជាម្ចាស់មិនអនុញ្ញាតឱ្យពួកគេលូតលាស់ ហើយដឹកនាំពួកជំនុំ? មនុស្សមួយចំនួនគ្រាន់តែបំពេញតួនាទី និងភារកិច្ចរបស់ពួកគេប៉ុណ្ណោះ ហើយទម្រាំតែពួកគេដឹង ពួកគេបានទទួលការអនុញ្ញាតពីព្រះជាម្ចាស់រួចទៅហើយ។ តើរឿងនេះកើតឡើងយ៉ាងដូចម្តេច? ព្រះជាម្ចាស់ពិនិត្យមើលចិត្តខាងក្នុងដ៏ជ្រៅរបស់មនុស្ស ហើយអ្នកណាដែលស្វែងរកសេចក្តីពិត ត្រូវតែធ្វើដូច្នេះប្រកបដោយគោលបំណងត្រឹមត្រូវ។ មនុស្សដែលមិនមានគោលបំណងត្រឹមត្រូវមិនអាចឈររឹងមាំបានទេ។ រឿងដែលសំខាន់បំផុត គោលដៅរបស់អ្នករាល់គ្នាគឺត្រូវអនុញ្ញាតឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើការនៅក្នុងអ្នករាល់គ្នា។ អាចនិយាយម្យ៉ាងទៀតថា គឺត្រូវមានការយល់ដឹងដ៏ពិតប្រាកដអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅពេលដែលអ្នករាល់គ្នាយកព្រះបន្ទូលទាំងនោះមកអនុវត្ត។ ប្រហែលជាសមត្ថភាពរបស់អ្នករាល់គ្នាក្នុងការយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅទន់ខ្សោយនៅឡើយ ប៉ុន្តែនៅពេលដែលអ្នករាល់គ្នាយកព្រះបន្ទូលមកអនុវត្ត ព្រះជាម្ចាស់អាចកែតម្រូវឱ្យប្រសើរ ដូច្នេះអ្នករាល់គ្នាមិនគ្រាន់តែដឹងសេចក្តីពិតជាច្រើននោះទេ ថែមទាំងអនុវត្តសេចក្តីពិតទាំងនោះទៀតផង។ នេះជាការផ្តោតការយកចិត្តទុកដាក់ដ៏ធំបំផុត ដែលមិនអាចបដិសេធបាន។ ព្រះយេស៊ូវទ្រាំនឹងការឈឺចាប់ និងការប្រមាថជាច្រើន នៅក្នុងព្រះជន្មសាមសិបបីវស្សាកន្លះរបស់ទ្រង់។ ទ្រង់បានរងការឈឺចាប់ជាខ្លាំង ដោយសារតែទ្រង់អនុវត្តសេចក្តីពិត ធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់គ្រប់យ៉ាង ហើយទ្រង់យកចិត្តទុកដាក់តែទៅលើបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ នេះគឺជាការឈឺចាប់ដែលទ្រង់មិនអាចឆ្លងផុតទេ ប្រសិនបើទ្រង់ដឹងពីសេចក្តីពិត តែពុំមានការអនុវត្ត។ ប្រសិនបើព្រះយេស៊ូវធ្វើតាមការបង្រៀនរបស់ជនជាតិយូដា ហើយធ្វើតាមពួកផារិស៊ី ម៉្លេះសមទ្រង់មិនទទួលរងការឈឺចាប់នោះទេ។ អ្នកអាចរៀនសូត្រពីទង្វើរបស់ព្រះយេស៊ូវបាន ព្រោះថាប្រសិទ្ធភាពនៃកិច្ចការរបស់ព្រះជាម្ចាស់ចំពោះមនុស្ស គឺបានមកពីការសហការរបស់មនុស្សនេះឯង ហើយនេះជាអ្វីដែលអ្នករាល់គ្នាត្រូវទទួលស្គាល់។ ប្រសិនបើព្រះយេស៊ូវមិនអនុវត្តសេចក្តីពិតនោះទេ តើទ្រង់ទទួលរងការឈឺចាប់នៅលើឈើឆ្កាងឬទេ? ប្រសិនបើព្រះយេស៊ូវមិនបានធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះតើទ្រង់អាចអធិដ្ឋានយ៉ាងស្រងេះស្រងោចបែបនោះបានឬទេ? ដូច្នេះ អ្នករាល់គ្នាគួរតែរងទុក្ខដើម្បីជាប្រយោជន៍ដល់ការអនុវត្តសេចក្ដីពិតនេះហើយគឺជាការរងទុក្ខដែលមនុស្សម្នាក់គួរឆ្លងកាត់។

ខាង​ដើម៖ អំពីការដែលព្រះជាម្ចាស់ប្រើមនុស្ស

បន្ទាប់៖ បុគ្គលម្នាក់ដែលទទួលបានសេចក្ដីសង្គ្រោះ គឺជាបុគ្គលដែលមានឆន្ទៈប្រតិបត្ដិតាមសេចក្ដីពិត

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ