ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការយកកំណើតជាមនុស្ស | សម្រង់សម្ដីទី ១៣២

22-08-2022

នៅសម័យនេះ ព្រះជាម្ចាស់មិនយាងមកធ្វើកិច្ចការក្នុងរូបកាយខាងព្រលឹងវិញ្ញាណទេ ប៉ុន្ដែគឺក្នុងរូបកាយដ៏សាមញ្ញមួយវិញ។ លើសពីនេះទៅទៀត វាមិនត្រឹមតែជារូបកាយរបស់ព្រះជាម្ចាស់ដែលមកយកនិស្ស័យជាមនុស្សជាលើកទីពីរប៉ុណ្ណោះទេ តែក៏ជារូបកាយដែលព្រះជាម្ចាស់ត្រលប់មកជាសាច់ឈាមវិញដែរ។ វាជាសាច់ឈាមដ៏សាមញ្ញមួយ។ អ្នកមិនអាចមើលឃើញអ្វីៗដែលធ្វើឲ្យទ្រង់លេចធ្លោជាងអ្នកដទៃទេ ប៉ុន្ដែអ្នកអាចទទួលបានពីទ្រង់នូវសេចក្ដីពិតដែលមិនធ្លាប់ឮពីមុនមក។ រូបកាយសាច់ឈាមមិនសំខាន់នេះ តំណាងអស់ទាំងព្រះបន្ទូលនៃសេចក្ដីពិតដែលមកពីព្រះជាម្ចាស់ ក៏អនុវត្តកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ និងបង្ហាញពីនិស្ស័យរបស់ព្រះជាម្ចាស់ឲ្យមនុស្សបានយល់ទៀតផង។ តើអ្នកមិនប្រាថ្នាចង់ឃើញព្រះជាម្ចាស់នៅលើស្ថានសួគ៌ជាខ្លាំងទេឬអី? តើអ្នកមិនប្រាថ្នាចង់យល់ពីព្រះជាម្ចាស់នៅលើស្ថានសួគ៌ជាខ្លាំងទេឬអី? តើអ្នកមិនប្រាថ្នាចង់ឃើញទិសដៅរបស់មនុស្សលោកជាខ្លាំងទេឬអី? ទ្រង់នឹងប្រាប់អ្នកអំពីអាថ៌កំបាំងទាំងអស់នេះ ជាអាថ៌កំបាំងដែលគ្មានមនុស្សណាអាចប្រាប់អ្នកបានឡើយ ហើយទ្រង់ក៏នឹងប្រាប់អ្នកអំពីសេចក្ដីពិតដែលអ្នកមិនយល់ដែរ។ ទ្រង់ជាក្លោងទ្វាររបស់អ្នក សម្រាប់ចូលទៅក្នុងនគរស្ថានសួគ៌ និងជាមគ្គុទេសក៏របស់អ្នកសម្រាប់ចូលទៅក្នុងយុគសម័យថ្មី។ រូបកាយសាច់ឈាមដ៏សាមញ្ញមួយនេះ ផ្ទុកនូវអាថ៌កំបាំងជាច្រើនដែលមិនអាចយល់បាន។ ទង្វើរបស់ទ្រង់អាចនឹងពិបាកយល់សម្រាប់អ្នក ប៉ុន្ដែគោលដៅទាំងមូលនៃកិច្ចការដែលទ្រង់ធ្វើ ល្មមគ្រប់គ្រាន់នឹងឲ្យអ្នកមើលឃើញថា ទ្រង់មិនមែនជារូបកាយសាច់ឈាមធម្មតាមួយដូចដែលមនុស្សជឿនោះទេ។ ដ្បិតទ្រង់តំណាងឲ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងការថែរក្សាដែលព្រះជាម្ចាស់បានបង្ហាញចំពោះមនុស្សលោកនៅគ្រាចុងក្រោយ។ ទោះបីជាអ្នកមិនអាចស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ ដែលហាក់ដូចជាអង្រួនឲ្យផ្ទៃមេឃ និងផែនដីរញ្ជួយ ទោះបីជាអ្នកមិនអាចមើលឃើញព្រះនេត្ររបស់ទ្រង់ ថាជាអណ្ដាតភ្លើងឆេះសន្ធោរសន្ធៅ ហើយទោះបីជាអ្នកមិនអាចទទួលការដាក់វិន័យដោយដំបងដែករបស់ទ្រង់ក៏ដោយ ក៏អ្នកអាចស្ដាប់ឮពីព្រះបន្ទូលរបស់ទ្រង់ថា ព្រះជាម្ចាស់ទ្រង់ព្រះពិរោធ ហើយដឹងថា ព្រះជាម្ចាស់កំពុងបង្ហាញព្រះហឫទ័យក្ដួលអាណិតចំពោះមនុស្សលោកដែរ។ អ្នកអាចមើលឃើញនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ និងព្រះប្រាជ្ញាញាណរបស់ទ្រង់ ហើយលើសពីនេះទៀត អ្នកក៏អាចដឹងពីការយកព្រះហឫទ័យទុកដាក់របស់ព្រះជាម្ចាស់ សម្រាប់មនុស្សលោកទាំងអស់ដែរ។ កិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ គឺដើម្បីឲ្យមនុស្សមើលឃើញព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ កំពុងរស់នៅជាមួយមនុស្សលោកលើផែនដី និងដើម្បីជួយឲ្យមនុស្សអាចស្គាល់ ស្ដាប់បង្គាប់ គោរព និងស្រលាញ់ព្រះជាម្ចាស់។ នេះហើយជាមូលហេតុដែលទ្រង់បានយាងត្រលប់មកយកនិស្ស័យសាច់ឈាមជាលើកទីពីរ។ ទោះបីជាអ្វីដែលមនុស្សមើលឃើញសព្វថ្ងៃនេះ គឺជាព្រះមួយអង្គដែលមានលក្ខណៈដូចមនុស្ស ជាព្រះដែលមានច្រមុះមួយនិងភ្នែកពីរ និងជាព្រះមួយអង្គដែលមិនគួរឲ្យកត់សម្គាល់ក៏ដោយ ក៏នៅទីបញ្ចប់ ព្រះជាម្ចាស់នឹងបង្ហាញឲ្យអ្នករាល់គ្នាឃើញថា ប្រសិនបើគ្មានព្រះមួយអង្គនេះទេ នោះផ្ទៃមេឃនិងផែនដីនឹងមានការផ្លាស់ប្ដូរយ៉ាងខ្លាំង។ ប្រសិនបើគ្មានព្រះមួយអង្គនេះទេ នោះផ្ទៃមេឃនឹងប្រែជាស្រអាប់ ផែនដីនឹងធ្លាក់ទៅក្នុងភាពវឹកវរ ហើយមនុស្សជាតិទាំងអស់នឹងរស់នៅក្នុងភាពទុរ្ភិក្ស និងគ្រោះកាចនានាផង។ ទ្រង់នឹងបង្ហាញឲ្យអ្នករាល់គ្នាឃើញថា ប្រសិនព្រះជាម្ចាស់មិនបានយកនិស្ស័យជាមនុស្សមកជួយសង្គ្រោះអ្នករាល់គ្នានៅគ្រាចុងក្រោយទេ នោះព្រះជាម្ចាស់ច្បាស់ជាបំផ្លាញមនុស្សលោកទាំងអស់ ទៅក្នុងស្ថាននរកជាយូរមកហើយ។ ប្រសិនបើគ្មានរូបកាយសាច់ឈាមនេះទេ នោះអ្នករាល់គ្នានឹងក្លាយទៅជាមនុស្សមានបាបយ៉ាងធំ ហើយក្លាយទៅជាសាកសពជារៀងរហូតដែរ។ អ្នករាល់គ្នាគួរតែដឹងថា ប្រសិនបើគ្មានរូបកាយសាច់ឈាមនេះទេ មនុស្សលោកទាំងអស់នឹងជួបនូវគ្រោះមហន្ដរាយមួយដែលចៀសមិនរួច និងរឹតតែឃើញថា មិនអាចគេចផុតពីទណ្ឌកម្មដ៏ធ្ងន់ធ្ងរដែលព្រះជាម្ចាស់ដាក់ចំពោះមនុស្សលោកនៅគ្រាចុងក្រោយដែរ។ ប្រសិនបើរូបកាយសាច់ឈាមធម្មតានេះមិនបានកើតមកទេ នោះអ្នករាល់គ្នានឹងស្ថិតនៅក្នុងសភាពមួយដែលអ្នករាល់គ្នាអង្វរសុំជីវិតដែលមិនអាចរស់នៅបាន និងអធិស្ឋានសុំសេចក្ដីស្លាប់ដែលមិនអាចស្លាប់បាន ហើយប្រសិនបើរូបកាយសាច់ឈាមនេះមិនបានកើតមកទេ នោះអ្នករាល់គ្នានឹងមិនអាចទទួលបានសេចក្ដីពិត និងមិនអាចចូលមកចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់នៅថ្ងៃនេះបានឡើយ ប៉ុន្ដែផ្ទុយទៅវិញ អ្នកនឹងត្រូវព្រះជាម្ចាស់ដាក់ទោសដោយព្រោះបាបដ៏ធ្ងន់ធ្ងររបស់អ្នក។ តើអ្នករាល់គ្នាបានដឹងទេថា ប្រសិនបើព្រះជាម្ចាស់មិនបានត្រលប់មកយកនិស្ស័យជាមនុស្សទេ នោះគ្មានអ្នកណាម្នាក់មានឱកាសទទួលបានសេចក្ដីសង្គ្រោះឡើយ ហើយប្រសិនបើមិនមែនដោយសារការមកដល់នៃរូបកាយសាច់ឈាមនេះទេ នោះព្រះជាម្ចាស់ច្បាស់ជាបញ្ចប់យុគសម័យចាស់ជាយូរមកហើយ? ដូច្នេះ តើអ្នករាល់គ្នានៅតែអាចបដិសេធចំពោះការមកយកនិស្ស័យជាមនុស្សជាលើកទីពីររបស់ព្រះជាម្ចាស់បានដែរឬអី? ដោយព្រោះអ្នករាល់គ្នាអាចទាញយកអត្ថប្រយោជន៍ជាច្រើន ចេញពីមនុស្សធម្មតាម្នាក់នេះ តើហេតុអ្វីបានជាអ្នករាល់គ្នាមិនទទួលយកទ្រង់ដោយរីករាយ?

ដកស្រង់ពី «តើអ្នកដឹងទេ? ព្រះជាម្ចាស់បានធ្វើការដ៏អស្ចារ្យមួយ នៅក្នុងចំណោមមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល