ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការយកកំណើតជាមនុស្ស | សម្រង់សម្ដីទី ១៣៣

22-08-2022

កិច្ចការរបស់ព្រះជាម្ចាស់ គឺជាអ្វីមួយដែលអ្នកមិនអាចយល់បាន។ ប្រសិនបើអ្នកមិនអាចយល់ច្បាស់ទាំងស្រុងថា ជម្រើសរបស់អ្នកត្រឹមត្រូវឬអត់ ក៏មិនអាចដឹងថា កិច្ចការរបស់ព្រះជាម្ចាស់អាចជោគជ័យឬអត់ ហេតុអ្វីក៏មិនផ្សងសំណាងរបស់អ្នក ហើយមើលថា តើមនុស្សធម្មតាម្នាក់នេះអាចជាជំនួយដល់អ្នកច្រើនប៉ុនណា ហើយថា ព្រះជាម្ចាស់ពិតជាបានធ្វើកិច្ចការដ៏អស្ចារ្យមែនឬអត់? ប៉ុន្ដែ ខ្ញុំត្រូវតែប្រាប់អ្នកថា នៅជំនាន់ណូអេមនុស្សបានផឹកស៊ី និងរៀបអាពាហ៍ពិពាហ៍ក្នុងកម្រិតមួយដែលព្រះជាម្ចាស់មិនអាចទ្រាំទតមើលបាន ដូច្នេះទ្រង់ក៏បានបញ្ជូនទឹកជំនន់ដ៏ធំមកបំផ្លាញមនុស្សជាតិ ដោយទុកតែគ្រួសាររបស់ណូអេចំនួន៨នាក់ និងសត្វគ្រប់ប្រភេទប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅគ្រាចុងក្រោយ អស់អ្នកដែលព្រះជាម្ចាស់បានរក្សាទុក គឺជាអស់អ្នកដែលស្មោះត្រង់ចំពោះទ្រង់រហូតដល់ទីបញ្ចប់។ ទោះបីជាសម័យកាលទាំងពីរជាពេលដែលមានសេចក្ដីពុករលួយយ៉ាងខ្លាំងបំផុតដែលព្រះជាម្ចាស់មិនអាចទ្រាំទតមើល ហើយមនុស្សជាតិក្នុងយុគសម័យទាំងពីរបានត្រលប់ជាពុករលួយយ៉ាងខ្លាំង ហើយបដិសេធថាព្រះជាម្ចាស់មិនមែនជាព្រះអម្ចាស់របស់ពួកគេក៏ដោយ ក៏ព្រះជាម្ចាស់បានបំផ្លាញតែមនុស្សដែលនៅជំនាន់ណូអេប៉ុណ្ណោះ។ មនុស្សលោកក្នុងយុគសម័យទាំងពីរ បានធ្វើឲ្យព្រះជាម្ចាស់ព្រួយព្រះហឫទ័យយ៉ាងខ្លាំង ប៉ុន្ដែព្រះជាម្ចាស់នៅតែអត់ធ្មត់ចំពោះមនុស្សលោកនៅគ្រាចុងក្រោយរហូតមកដល់ឥលូវនេះ។ តើហេតុអ្វីបានជាបែបនេះ? តើអ្នករាល់គ្នាមិនដែលឆ្ងល់ថាហេតុអ្វីទេឬ? ប្រសិនអ្នករាល់គ្នាពិតជាមិនដឹងមែន ចាំយើងប្រាប់អ្នករាល់គ្នាទៅចុះ។ មូលហេតុដែលព្រះជាម្ចាស់អាចសម្ដែងព្រះគុណចំពោះមនុស្សនៅគ្រាចុងក្រោយនេះ មិនមែនដោយសារតែពួកគេពុករលួយតិចជាងមនុស្សនៅជំនាន់ណូអេ ឬដោយសារពួកគេបានបង្ហាញការប្រែចិត្តចំពោះព្រះជាម្ចាស់ឡើយ ហើយក៏រឹតតែមិនមែនដោយសារបច្ចេកវិទ្យានៅគ្រាចុងក្រោយនេះទំនើបរហូតដល់ព្រះជាម្ចាស់មិនអាចមកបំផ្លាញពួកគេបាននោះដែរ។ ផ្ទុយទៅវិញ គឺថាព្រះជាម្ចាស់មានកិច្ចការដែលត្រូវធ្វើនៅក្នុងមនុស្សមួយក្រុមនៅគ្រាចុងក្រោយនេះ ហើយគឺថាព្រះជាម្ចាស់នឹងធ្វើកិច្ចការនេះដោយព្រះអង្គទ្រង់ផ្ទាល់តាមរយៈការយកនិស្ស័យជាមនុស្សរបស់ទ្រង់។ លើសពីនេះទៅទៀត ព្រះជាម្ចាស់នឹងជ្រើសរើសមួយផ្នែកនៃមនុស្សមួយក្រុមនេះឲ្យធ្វើជាកម្មវត្ថុនៃសេចក្ដីសង្គ្រោះរបស់ទ្រង់ និងជាផលផ្លែនៃផែនការគ្រប់គ្រងរបស់ទ្រង់ ព្រមទាំងនាំមនុស្សទាំងអស់នេះចូលទៅក្នុងយុគសម័យបន្ទាប់។ ដូច្នេះទោះបីជាយ៉ាងណាក៏ដោយ ក៏តម្លៃដែលព្រះជាម្ចាស់បានបង់នេះ ត្រូវបានបម្រុងទុកជាស្រេចសម្រាប់កិច្ចការដែលរូបកាយសាច់ឈាមរបស់ទ្រង់នឹងធ្វើនៅគ្រាចុងក្រោយដែរ។ ការពិតដែលអ្នករាល់គ្នាបានមកដល់សព្វថ្ងៃនេះ គឺត្រូវអរគុណដល់រូបកាយសាច់ឈាមនេះហើយ។ ដោយសារព្រះជាម្ចាស់គង់នៅក្នុងរូបកាយសាច់ឈាមនេះ ទើបអ្នករាល់គ្នាមានឱកាសរស់រានមានជីវិត។ សំណាងល្អទាំងអស់នេះបានមកដោយសារមនុស្សសាមញ្ញម្នាក់នេះហើយ។ មិនត្រឹមតែប៉ុននេះទេ ប៉ុន្ដែនៅទីបញ្ចប់គ្រប់ជាតិសាសន៍ទាំងអស់នឹងថ្វាយបង្គំមនុស្សសាមញ្ញម្នាក់នេះ ហើយស្ដាប់បង្គាប់ ក៏ដូចជាអរគុណមនុស្សសាមញ្ញម្នាក់នេះដែរ ពីព្រោះដោយសារសេចក្ដីពិត ជីវិត និងផ្លូវដែលទ្រង់បាននាំមកនេះហើយ ដែលបានជួយសង្គ្រោះមនុស្សលោកទាំងអស់ និងបានដោះស្រាយទំនាស់រវាងមនុស្សនិងព្រះជាម្ចាស់ ពង្រួញគម្លាតរវាងមនុស្សនិងទ្រង់ ព្រមទាំងបើកឲ្យមានការផ្សារភ្ជាប់មួយរវាងព្រះតម្រិះរបស់ព្រះជាម្ចាស់និងគំនិតមនុស្ស។ គឺទ្រង់នេះហើយដែលបានទទួលសិរីរុងរឿងរឹតតែអស្ចារ្យ សម្រាប់ថ្វាយដល់ព្រះជាម្ចាស់។ តើមនុស្សសាមញ្ញម្នាក់នេះ មិនស័ក្ដិសមនឹងទទួលបានការទុកចិត្ត និងការគោរពស្រឡាញ់របស់អ្នកទេឬអី? តើរូបកាយសាច់ឈាមដ៏សាមញ្ញមួយនេះមិនសមនឹងហៅថា ព្រះគ្រីស្ទទេឬអី? តើមនុស្សម្នាក់ដ៏សាមញ្ញបែបនេះមិនអាចក្លាយជាការសម្ដែងឲ្យស្គាល់ពីព្រះជាម្ចាស់ នៅក្នុងចំណោមមនុស្សទេឬអី? តើមនុស្សដែលជួយសង្គ្រោះមនុស្សលោកឲ្យរួចពីគ្រោះមហន្ដរាយបែបនេះ មិនសមនឹងឲ្យអ្នករាល់គ្នាស្រឡាញ់ ហើយប្រាថ្នាឱបទ្រង់ជាប់ទេឬអី? ប្រសិនបើអ្នករាល់គ្នាបដិសេធសេចក្ដីពិតដែលចេញពីព្រះឱស្ឋទ្រង់ ហើយស្អប់ខ្ពើមការដែលទ្រង់គង់នៅក្នុងចំណោមអ្នករាល់គ្នា នោះតើអ្នករាល់គ្នានឹងក្លាយទៅជាអ្វីនៅទីបញ្ចប់?

គ្រប់កិច្ចការទាំងអស់របស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ សុទ្ធតែបានសម្រេចតាមរយៈមនុស្សសាមញ្ញម្នាក់នេះ។ ទ្រង់នឹងប្រទានអ្វីៗគ្រប់យ៉ាងមកឲ្យអ្នក ហើយលើសពីនោះទៅទៀត ទ្រង់អាចនឹងសម្រេចអ្វីៗគ្រប់យ៉ាងដែលទាក់ទងនឹងអ្នក។ តើមនុស្សប្រភេទនេះអាចជាអ្វីដែលអ្នករាល់គ្នាជឿអំពីទ្រង់ឬទេថា៖ ទ្រង់ជាមនុស្សម្នាក់ដែលសាមញ្ញមិនស័ក្ដិសមនឹងរំឭកនោះ? តើសេចក្ដីពិតរបស់ទ្រង់មិនគ្រប់គ្រាន់នឹងបញ្ចុះបញ្ចូលឲ្យអ្នករាល់គ្នាជឿទេឬអី? តើស្មរបន្ទាល់អំពីទង្វើរបស់ទ្រង់ មិនគ្រប់គ្រាន់នឹងបញ្ចុះបញ្ចូលឲ្យអ្នករាល់គ្នាជឿទេឬអី? ឬថា ផ្លូវដែលទ្រង់នាំទៅមិនស័ក្ដិសមនឹងឲ្យអ្នករាល់គ្នាដើរលើវាទេឬអី? នៅពេលដែលអ្វីៗគ្រប់យ៉ាងត្រូវបានគេនិយាយ និងបានធ្វើ តើអ្វីទៅដែលជំរុញឲ្យអ្នករាល់គ្នាស្អប់ខ្ពើមទ្រង់ និងបោះបង់ទ្រង់ចោលព្រមទាំងបណ្ដេញទ្រង់ទៅឆ្ងាយ? គឺមនុស្សម្នាក់នេះហើយដែលបង្ហាញនូវសេចក្ដីពិត គឺមនុស្សម្នាក់នេះហើយដែលផ្ដល់សេចក្ដីពិត ហើយគឺមនុស្សម្នាក់នេះហើយដែលផ្ដល់ផ្លូវមួយឲ្យអ្នករាល់គ្នាដើរតាម។ តើអ្នករាល់គ្នានៅតែមិនអាចរកឃើញដាននៃកិច្ចការរបស់ព្រះជាម្ចាស់ នៅក្នុងសេចក្ដីពិតទាំងនេះទៀតឬអី? បើគ្មានកិច្ចការរបស់ព្រះយេស៊ូវទេ មនុស្សលោកមិនអាចចុះពីឈើឆ្កាងបានទេ ប៉ុន្ដែបើគ្មានការយកនិស្ស័យជាមនុស្សនៅសម័យនេះ នោះអស់អ្នកដែលបានចុះពីឈើឆ្កាង ក៏មិនអាចទទួលបានការអនុញ្ញាតរបស់ព្រះជាម្ចាស់ ឬក៏ចូលទៅក្នុងយុគសម័យថ្មីបានឡើយ។ បើគ្មានការមកដល់នៃមនុស្សសាមញ្ញម្នាក់នេះទេ អ្នករាល់គ្នានឹងគ្មានឱកាសមើលឃើញព្រះភក្រ្ដពិតប្រាកដរបស់ព្រះជាម្ចាស់ឡើយ ហើយអ្នករាល់គ្នាក៏មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែរ ដ្បិតអ្នករាល់គ្នាគឺជាកម្មវត្ថុដែលគួរតែត្រូវបានបំផ្លាញចោលជាយូរមកហើយ។ ដោយសារការមកដល់នៃការយកនិស្ស័យជាមនុស្សជាលើកទីពីររបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់បានអត់ទោសឲ្យអ្នករាល់គ្នា ហើយបានបង្ហាញសេចក្ដីមេត្តាករុណាដល់អ្នករាល់គ្នា។ មិនថាយ៉ាងណានោះទេ ព្រះបន្ទូលដែលខ្ញុំត្រូវទុកនៅជាមួយអ្នករាល់គ្នានៅទីបញ្ចប់ គឺនៅតែជាព្រះបន្ទូលទាំងនេះដដែលគឺថា៖ មនុស្សសាមញ្ញម្នាក់នេះ ជាព្រះដែលយកកំណើតជាមនុស្ស ហើយទ្រង់មានសារៈសំខាន់ណាស់សម្រាប់អ្នករាល់គ្នា។ នេះគឺជាកិច្ចការដ៏អស្ចារ្យដែលព្រះជាម្ចាស់បានធ្វើក្នុងចំណោមមនុស្សលោករួចហើយ។

ដកស្រង់ពី «តើអ្នកដឹងទេ? ព្រះជាម្ចាស់បានធ្វើការដ៏អស្ចារ្យមួយ នៅក្នុងចំណោមមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល